លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គោលសំខាន់ៗពីសៀវភៅរបាក្សត្រទី២

គោលសំខាន់ៗពីសៀវភៅរបាក្សត្រទី២

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់​ៗ​ពី​សៀវភៅ​របាក្សត្រទី២

សៀវភៅ​របាក្សត្រទី២​ចាប់​ផ្ដើម​ដោយ​រៀប​រាប់​ជា​បន្ត​អំពី​ការ​សោយ​រាជ្យ​របស់​ស្តេច​សាឡូម៉ូន​ទៅ​លើ​ស្រុក​អ៊ីស្រាអែល។ សៀវភៅ​នេះ​បញ្ចប់​ដោយ​រៀប​រាប់​អ្វី​ដែល​ស៊ី​រូស ជា​ស្តេច​ពើ​ស៊ី​បាន​មាន​បន្ទូល​ទៅ​ដល់​សាសន៍​យូដា ដែល​រស់​នៅ​បាប៊ីឡូន​ជា​ឈ្លើយ។ ទ្រង់​មាន​បន្ទូល​ថា​៖ ​«​[​ព្រះ​យេហូវ៉ា​]បាន​បង្គាប់​ឲ្យ​យើង​ស្អាង​ព្រះ​វិហារ​ថ្វាយ​ទ្រង់ នៅ​ក្រុង​យេរូសាឡិម​ក្នុង​ស្រុក​យូដា ដូច្នេះ​នៅ​ក្នុង​ពួក​ប្រជាជន​ទាំង​ឡាយ បើ​មាន​អ្នក​ណា​ជា​របស់​ផង​ព្រះ​យេហូវ៉ា នោះ​សូម​ឲ្យ​ព្រះ​នៃ​អ្នក​នោះ​បាន​គង់​ជា​មួយ ហើយ​ឲ្យ​អ្នក​នោះ​ឡើង​ទៅ[​ក្រុង​យេរូសាឡិម​]ចុះ​»។ (​របាក្សត្រទី២ ៣៦:២៣​) លោក​អែសរ៉ា​ដែល​ជា​សង្ឃ​បាន​សរសេរ​សៀវភៅ​នេះ​ចប់​នៅ​ឆ្នាំ​៤៦០ មុនគ.ស.។ របាក្សត្រទី២​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​រយៈ​ពេល​៥០០​ឆ្នាំ ចាប់​ផ្ដើម​ពី​ឆ្នាំ​១០៣៧ មុនគ.ស. រហូត​ដល់​ឆ្នាំ​៥៣៧ មុនគ.ស.។

សាសន៍​យូដា​អាច​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​និង​ស្ថាបនា​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​នោះ​វិញ ដោយសារ​រាជ្យ​ក្រឹត្យ​របស់​ស៊ី​រូស។ ប៉ុន្តែ សាសន៍​យូដា​បាន​ជាប់​ជា​ឈ្លើយ​យ៉ាង​យូរ​ឆ្នាំ​នៅ​បាប៊ីឡូន ហើយ​នេះ​មាន​ឥទ្ធិពល​ដ៏​អាក្រក់​ទៅ​លើ​ពួក​គេ។ ពួក​ដែល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ពួក​គេ​មិន​ដឹង​អំពី​ប្រវត្ដិ​សាសន៍​ខ្លួន​ទេ។ របាក្សត្រទី២​សង្ខេប​យ៉ាង​ក្បោះក្បាយ​ឲ្យ​សាសន៍​យូដា​ទាំង​នេះ​ដែល​ត្រឡប់​មក​វិញ​ដឹង​អំពី​ព្រឹត្ដិការណ៍ ដែល​បាន​កើត​ឡើង​ក្រោម​ការ​គ្រប់គ្រង​នៃ​ស្តេច​ផ្សេង​ៗ​ក្នុង​វង្ស​ត្រកូល​របស់​ដាវីឌ។ កំណត់​ហេតុ​នេះ​ក៏​ជា​ទី​ចាប់​អារម្មណ៍​ដល់​យើង​ដែរ ពីព្រោះ​កំណត់​ហេតុ​នេះ​លើក​បញ្ជាក់​អំពី​ពរ​ដែល​យើង​ទទួល​បើ​ស្ដាប់​បង្គាប់​ព្រះ​ដ៏​ពិត ហើយ​ក៏​បញ្ជាក់​លទ្ធផល​មិន​ល្អ​ដែល​មក​ពី​ការ​មិន​ស្ដាប់​បង្គាប់​ទ្រង់។

ស្តេច​មួយ​អង្គ​ដែល​ស្អាង​ព្រះ​វិហារ​ថ្វាយ​ព្រះ​យេហូវ៉ា

(​របាក្សត្រទី២ ១:១​–​៩:៣១)

ព្រះ​យេហូវ៉ា​ប្រទាន​ស្តេច​សាឡូម៉ូន​នូវ​អ្វី​ដែល​ទ្រង់​ចង់​បាន​ជា​ទីបំផុត ពោល​គឺ​ប្រាជ្ញា​និង​យោបល់ ថែម​ទាំង​ទ្រព្យ​សម្បត្ដិ​និង​កិត្ដិយស​ទៀត​ផង។ ស្តេច​សាឡូម៉ូន​បាន​ស្អាង​ព្រះ​វិហារ​ដ៏​ល្អ​អស្ចារ្យ​ថ្វាយ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម ហើយ​ប្រជាជន​«​រីករាយ​សប្បាយ​ហើយ​មាន​ចិត្ត​ត្រេកអរ​»។ (​របាក្សត្រទី២ ៧:១០​) ស្តេច​សាឡូម៉ូន​ក៏​«​មាន​ព្រះ​រាជ​ទ្រព្យ នឹង​ប្រាជ្ញា​លើស​ជាង​អស់​ទាំង​ស្តេច​នៅ​ផែនដី​ »។—របាក្សត្រទី២ ៩:២២

ក្រោយ​ពី​ស្តេច​សាឡូម៉ូន​បាន​សោយ​រាជ្យ​អស់​៤០​ឆ្នាំ នោះ​ទ្រង់​ក៏‹ផ្ទំ​លក់​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ ហើយ​រេហូបោម ជា​ព្រះ​រាជបុត្រា ក៏​ឡើង​សោយ​រាជ្យ​ជំនួស​ព្រះ​បិតា›។ (​របាក្សត្រទី២ ៩:​៣១​) លោក​អែសរ៉ា​មិន​រៀប​រាប់​អំពី​ស្តេច​សាឡូម៉ូន​បាន​បែរ​ចេញ​ពី​ការ​ថ្វាយ​បង្គំ​ពិត​នោះ​ទេ។ កំហុស​របស់​ស្តេច​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​កំណត់​ហេតុ​នេះ មាន​តែ​ការ​ទិញ​សេះ​ជា​ច្រើន​ពី​ស្រុក​អេស៊ីប​ដោយ​ឥត​គិត​វែង​ឆ្ងាយ និង​អំពី​ការ​រៀប​អភិសេក​ជា​មួយ​នឹង​បុត្រី​របស់​ស្តេច​នៃ​ស្រុក​អេស៊ីប​ប៉ុណ្ណោះ​ទេ។ ធ្វើ​ដូច្នេះ លោក​អែសរ៉ា​បាន​កត់​ទុក​នូវ​កំណត់​ហេតុ​ដែល​លើក​ទឹក​ចិត្ត​វិញ។

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

២:១៤—ហេតុ​អ្វី​ក៏​ពូជ​អំបូរ​នៃ​អ្នក​ជំនាញ​ដែល​បាន​រៀប​រាប់​នៅ​ទី​នេះ គឺ​ខុស​គ្នា​ពី​ពូជ​អំបូរ​ដែល​បាន​រៀប​រាប់​នៅ​ពង្សាវតារក្សត្រទី១ ៧:១៤? ពង្សាវតារក្សត្រទី១​រៀប​រាប់​អំពី​ម្ដាយ​នៃ​អ្នក​ជំនាញ​ជា​«​ស្រី​មេម៉ាយ​ម្នាក់ ក្នុង​ពូជ​អំបូរ​ណែបថាលី​»​ពីព្រោះ​គាត់​បាន​រៀប​ការ​បុរស​ម្នាក់​ពី​កុលសម្ព័ន្ធ​នោះ ប៉ុន្តែ​ខ្លួន​គាត់​វិញ គឺ​មក​ពី​កុលសម្ព័ន្ធ​ដាន់​ទេ។ ក្រោយ​ពី​ប្ដី​គាត់​បាន​ទទួល​មរណភាព នោះ​គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​បុរស​ម្នាក់​ពី​ក្រុង​ទី​រ៉ុស ហើយ​អ្នក​ជំនាញ​នេះ​គឺ​ជា​កូន​ដែល​ស្រី​នោះ​មាន​ក្រោយ​រៀប​ការ​ជា​មួយ​បុរស​ពី​ក្រុង​ទី​រ៉ុស​នោះ។

២:១៨; ៨:១០—​ខ​ទាំង​នេះ​ចែង​ថា ចំនួន​នៃ​ពួក​នាយ​សម្រាប់​ត្រួតត្រា​ការ និង​ចំនួន​នៃ​ពួក​អ្នក​បង្គាប់​ការ​គឺ​៣​.​៦០០​នាក់​និង​២៥០​នាក់​ទៀត។ ប៉ុន្តែ​ពង្សាវតារក្សត្រទី១ ៥:១៦និង​៩:២៣ សរសេរ​ថា​ចំនួន​គឺ​៣​.​៣០០​នាក់ និង​៥៥០​នាក់​វិញ។ ហេតុ​អ្វី​សរសេរ​ចំនួន​ខុស​គ្នា​ដូច្នេះ? តាម​មើល ហេតុ​ដែល​សរសេរ​ចំនួន​ខុស​គ្នា គឺ​ដោយសារ​របៀប​ពួក​នាយ​ត្រួតត្រា​ការ​ត្រូវ​បំបែក​ទៅ​ជា​ក្រុម។ ប្រហែល​ជា​របាក្សត្រទី២​ចង់​បញ្ជាក់​ថា​អ្នក​ត្រួតត្រា​ការ​មាន​៣​.​៦០០​នាក់​ជា​សាសន៍​ដទៃ និង​២៥០​នាក់​ជា​សាសន៍​អ៊ីស្រាអែល រីឯ​ពង្សាវតារក្សត្រទី១​ចង់​បញ្ជាក់​ថា​ពួក​អ្នក​បង្គាប់​ការ​មាន​៣​.​៣០០​នាក់ និង​ពួក​នាយ​ត្រួតត្រា​ការ​មាន​ចំនួន​៥៥០​នាក់​វិញ។ យ៉ាង​ណា​ក៏​ដោយ ចំនួន​សរុប​នៃ​អ្នក​ដែល​បម្រើ​ជា​ពួក​នាយ​ត្រួតត្រា​ការ​គឺ​មាន​៣​.​៨៥០​នាក់។

៤:២​-​៤—ហេតុ​អ្វី​សមុទ្រ​លង្ហិន​ដែល​ត្រូវ​សិត​ធ្វើ​នោះ​បាន​ដាក់​នៅ​លើ​រូប​គោ​ឈ្មោល? នៅ​ក្នុង​ព្រះ​គម្ពីរ សត្វ​គោ​ឈ្មោល​តំណាង​កម្លាំង។ (​អេសេគាល ១:១០; វិវរណៈ ៤:៦, ៧​) ការ​សិត​រូប​គោ​ទុក​ជា​ការ​តំណាង​នេះ​គឺ​សមរម្យ ពីព្រោះ​«​សមុទ្រ​»​ឬ​អាង​ដ៏​ធំ​សម្បើម​នេះ ដែល​មាន​ទម្ងន់​៣០​តោន ត្រូវ​បាន​ទ្រ​ដោយ​រូប​គោ​ឈ្មោល​១២។ ការ​សិត​រូប​គោ​ឈ្មោល​សម្រាប់​គោល​បំណង​នេះ​គឺ​មិន​បំពាន​លើ​ក្រិត្យ​វិន័យ​ទីពីរ​ឡើយ ដែល​ហាម​ឆ្លាក់​ធ្វើ​រូប​ណា​សម្រាប់​ការ​ថ្វាយ​បង្គំ។—និក្ខមនំ ២០:៤, ៥

៤:៥—តើ​សមុទ្រ​លង្ហិន​នោះ​មាន​ចំណុះ​ប៉ុន្មាន? ពេល​ដាក់​ទឹក​បាន​ពេញ នោះ​សមុទ្រ​នេះ​អាច​ដាក់​បាន​ទឹក​បី​ពាន់​អម្រែក ឬ​ប្រហែល​ជា​៦៦.០០០​លី​ត្រ។ ប៉ុន្តែ បរិមាណ​ទឹក​ដែល​នៅ​ក្នុង​នោះ​តាម​ធម្មតា គឺ​ត្រឹម​តែ​ពីរ​ភាគ​បី​នៃ​ចំណុះ​វា​ប៉ុណ្ណោះ។ ពង្សាវតារក្សត្រទី១ ៧:២៦ ចែង​ថា​៖ ​«​តួ​សុម​ទ្រ . . . មាន​ចំណុះ​បាន​ទឹក​២​ពាន់​អម្រែក [​ឬ​៤៤.០០០​លី​ត្រ​]​»។

៥:៤, ៥, ១០—តើ​មាន​អ្វី​ខ្លះ​ពី​រោង​ឧបោសថ​ដំបូង ដែល​ត្រូវ​យក​មក​ដាក់​នៅ​ព្រះ​វិហារ​នៃ​ស្តេច​សាឡូម៉ូន? របស់​ក្នុង​ត្រសាល​ជំនុំ​ពីដើម​ដែល​ត្រូវ​យក​មក​ដាក់​នៅ​ព្រះ​វិហារ​នៃ​ស្តេច​សាឡូម៉ូន គឺ​មាន​តែ​ហឹប​នៃ​សេចក្ដី​សញ្ញា​ទេ។ ក្រោយ​ពី​សាង​សង់​ព្រះ​វិហារ​ហើយ នោះ​រោង​ឧបោសថ​ត្រូវ​បាន​នាំ​ពី​ក្រុង​គីបៀន​ទៅ​ក្រុង​យេរូសាឡិម ហើយ​តាម​មើល​ទៅ​ហិប​បាន​ត្រូវ​ទុក​នៅ​ទី​នោះ។—របាក្សត្រទី២ ១:៣, ៤

មេ​រៀន​សម្រាប់​យើង:

១:១១, ១២: សំណូម​ពរ​របស់​ស្តេច​សាឡូម៉ូន បាន​បង្ហាញ​ព្រះ​យេហូវ៉ា​ថា ការ​មាន​ប្រាជ្ញា​និង​យោបល់​គឺ​ជា​អ្វី​ដែល​សាឡូម៉ូន​ប្រាថ្នា​ចង់​បាន​ខ្លាំង​ជា​ទីបំផុត។ សេចក្ដី​អធិស្ឋាន​របស់​យើង​ថ្វាយ​ព្រះ​យេហូវ៉ា ក៏​បង្ហាញ​ថា​យើង​មាន​ចិត្ត​ប្រាថ្នា​អ្វី​មួយ​ដែរ។ យក​ល្អ​យើង​គិត​ពិចារណា​ពី​អ្វី​ដែល​យើង​អធិស្ឋាន​សូម។

៦:៤: បើ​យើង​មាន​កតញ្ញូ​ធម៌​ចេញ​ពី​ដួង​ចិត្ត​ចំពោះ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​និង​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា នេះ​នឹង​ជំរុញ​យើង​ឲ្យ​សរសើរ​ព្រះ​យេហូវ៉ា ទាំង​មាន​ចិត្ត​ស្រឡាញ់​និង​ការ​ដឹង​គុណ។

៦:១៨​-​២១: ទោះ​ជា​គ្មាន​អាគារ​ណា​ដែល​ល្មម​ឲ្យ​ព្រះ​យេហូវ៉ា​គង់​នៅ​ក៏​ដោយ តែ​ព្រះ​វិហារ​នោះ​គឺ​មាន​បំណង​ទុក​ជា​មណ្ឌល​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​វិញ។ សព្វ​ថ្ងៃ​នេះ សាលព្រះរាជាណាចក្រ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គឺ​ជា​មណ្ឌល​នៃ​ការ​ថ្វាយ​បង្គំ​ពិត​ក្នុង​សហគមន៍។

៦:១៩, ២២, ៣២: ព្រះ​យេហូវ៉ា​ធ្លាប់​ព្រះ​សណ្ដាប់​ការ​អធិស្ឋាន​នៃ​មនុស្ស​គ្រប់​គ្នា ពោល​គឺ​ពី​ស្តេច​រហូត​ដល់​មនុស្ស​តូចតាច សូម្បី​តែ​មនុស្ស​សាសន៍​ដទៃ ដែល​ទូល​ថ្វាយ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​នោះ។ aទំនុកដំកើង ៦៥:២

បណ្ដា​ស្តេច​ពី​វង្ស​ត្រកូល​របស់​ដាវីឌ

(​របាក្សត្រទី២ ១០:១​–​៣៦:២៣)

ព្រះ​រាជាណាចក្រ​នៃ​សាសន៍​អ៊ីស្រាអែល​ដែល​ធ្លាប់​ឯកភាព ត្រូវ​បែក​គ្នា​ជា​ពីរ ពោល​គឺ​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុលសម្ព័ន្ធ​១០​នៅ​តំបន់​ខាង​ជើង និង​ព្រះ​រាជាណាចក្រ​ខាង​ត្បូង ដែល​មាន​កុលសម្ព័ន្ធ​ពីរ គឺ​យូដា​និង​បេនយ៉ាមីន។ ពួក​សង្ឃ​និង​ពួក​លេវី​នៅ​ទូទាំង​ស្រុក​អ៊ីស្រាអែល​បង្ហាញ​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​កិច្ច​ព្រម​ព្រៀង​ខាង​ព្រះ​រាជាណាចក្រ​ជាជាង​បង្ហាញ​ជាតិនិយម និង​បាន​គាំទ្រ​រេហូបោម​ដែល​ជា​បុត្រា​របស់​ស្តេច​សាឡូម៉ូន។ ប្រមាណ​៣០​ឆ្នាំ​ក្រោយ​ព្រះ​វិហារ​នេះ​ត្រូវ​បាន​សាង​សង់​ចប់ ទ្រព្យ​ទាំង​ប៉ុន្មាន​ក្នុង​នោះ​បាន​ត្រូវ​រឹប​អូស។

ក្រោយ​ពី​ស្តេច​រេហូបោម​នោះ មាន​ស្តេច​១៩​អង្គ​ទៀត។ ក្នុង​នោះ​ប្រាំ​អង្គ​បាន​បង្ហាញ​ចិត្ត​ស្មោះ​ត្រង់​រហូត​អស់​មួយ​ជីវិត បី​អង្គ​ទៀត​មាន​ចិត្ត​ស្មោះ​ត្រង់​នៅ​ដើម​ដំបូង តែ​ក្លាយ​ទៅ​ជា​ឥត​ស្មោះ​ត្រង់​វិញ ហើយ​មួយ​អង្គ​គឺ​អាក្រក់​តែ​បាន​កែ​ប្រែ​ឈប់​ធ្វើ​អំពើ​អាក្រក់​វិញ។ ស្តេច​ទាំង​ប៉ុន្មាន​ទៀត​ចេះ​តែ​ធ្វើ​អ្វី​ដែល​អាក្រក់​ចំពោះ​ព្រះ​យេហូវ៉ា​ជានិច្ច។ b កំណត់​ហេតុ​នេះ​ដៅ​បញ្ជាក់​លើ​ការ​ប្រព្រឹត្ត​នៃ​ស្តេច​ប្រាំ​អង្គ​ដែល​មាន​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា។ កំណត់​ហេតុ​អំពី​ស្តេច​ហេសេគា​ដែល​បាន​រៀបចំ​ឲ្យ​មាន​ការ​បម្រើ​នៅ​ឯ​ព្រះ​វិហារ​ឡើង​វិញ ហើយ​ស្តេច​យ៉ូសៀស​ដែល​បាន​រៀបចំ​ពិធី​បុណ្យ​រំលង​ដ៏​ធំ ពិត​ជា​បាន​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ដល់​សាសន៍​យូដា ដែល​បាន​ចាប់​អារម្មណ៍​នឹង​ការ​ស្ថាបនា​ឡើង​វិញ​នូវ​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម។

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១៣:៥—តើ​«​សេចក្ដី​សញ្ញា​ដែល​តាំង​ដោយ​អំបិល​»​បាន​ន័យ​យ៉ាង​ណា? ដោយសារ​អំបិល​គឺ​អាច​យក​ទៅ​ប្រឡាក់​អ្វី​ផ្សេង​ៗ​ដើម្បី​ទុក​ឲ្យ​បាន​យូរ នោះ​អំបិល​ក្លាយ​ជា​និមិត្តរូប​នៃ​ភាព​អចិន្ត្រៃយ៍​និង​ការ​មិន​ប្រែប្រួល។ ហេតុ​នេះ​ហើយ​«​សេចក្ដី​សញ្ញា​ដែល​តាំង​ដោយ​អំបិល​»​គឺ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​មាន​សុពល​ភាព​ជាប់​រហូត។

១៤:២​-​៥; ១៥:១៧—តើ​ស្តេច​អេសា​បាន​បំបាត់​អស់​ទាំង​«​ទី​ខ្ពស់​»​ឬ​ទេ? តាម​មើល​ទៅ ស្តេច​អេសា​ឥត​បាន​ធ្វើ​ដូច្នេះ​ទេ។ ស្តេច​អេសា​ប្រហែល​ជា​បំបាត់​តែ​ទី​ខ្ពស់​ដែល​ទាក់ទង​នឹង​ការ​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត​ប៉ុណ្ណោះ តែ​មិន​កំទេច​ចោល​ទី​ខ្ពស់​ដែល​ជា​កន្លែង​ដែល​មនុស្ស​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ទេ។ ម្យ៉ាង​ទៀត ប្រហែល​ជា​នៅ​គ្រា​ចុង​ក្រោយ​នៃ​ការ​សោយ​រាជ្យ​របស់​ស្តេច​អេសា មនុស្ស​បាន​សាង​សង់​ទី​ខ្ពស់​ម្ដង​ទៀត។ ទី​ខ្ពស់​ៗ​ទាំង​នេះ​ត្រូវ​បាន​បំបាត់​ចោល​ដោយ​បុត្រា​ទ្រង់ ស្តេច​យ៉ូសាផាត​វិញ។ តាម​ការ​ពិត ទី​ខ្ពស់​ៗ​មិន​បាន​បំបាត់​ចោល​អស់​រលីង​ទេ សូម្បី​តែ​ក្នុង​រាជ្យ​របស់​ស្តេច​យ៉ូសាផាត​ក៏​ដោយ។—របាក្សត្រទី២ ១៧:៥, ៦; ២០:៣១​-​៣៣

១៥:៩; ៣៤:៦—ស្តី​អំពី​ការ​បែក​ខ្ញែក​នៃ​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល តើ​កុលសម្ព័ន្ធ​ស៊ី​ម្មាន​មាន​ជំហរ​យ៉ាង​ណា? ដោយសារ​ស៊ី​ម្មាន​បាន​ទទួល​ជា​មត៌ក​នូវ​តំបន់​ខ្លះ​ៗ​ក្នុង​ស្រុក​យូដា នោះ​កុលសម្ព័ន​ស៊ី​ម្មាន​គឺ​ស្ថិត​ក្នុង​ទឹក​ដី​នៃ​ព្រះ​រាជាណាចក្រ​ខាង​ត្បូង ដែល​មាន​កុលសម្ព័ន្ធ​យូដា​និង​បេនយ៉ាមីន​វិញ។ (​យ៉ូស្វេ ១៩:១​) ក៏​ប៉ុន្តែ បើ​និយាយ​ខាង​សាសនា​និង​ខាង​នយោបាយ នោះ​កុលសម្ព័ន្ធ​ស៊ី​ម្មាន​បាន​គាំទ្រ​ព្រះ​រាជាណាចក្រ​ខាង​ជើង។ (​ពង្សាវតារក្សត្រទី១ ១១:៣០​-​៣៣; ១២:២០​-​២៤​) ហេតុ​ដូច្នេះ​ហើយ កុលសម្ព័ន្ធ​ស៊ី​ម្មាន​ត្រូវ​បាន​រាប់​បញ្ចូល​ជា​មួយ​នឹង​ព្រះ​រាជាណាចក្រ​ដែល​មាន​កុលសម្ព័ន្ធ​១០​វិញ។

១៦:១៣, ១៤—តើ​សព​នៃ​ស្តេច​អេសា​ត្រូវ​គេ​ដុត​ឬ​ទេ? អត់​ទេ។ ការ​«​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ជា​ការ​យ៉ាង​ធំ​»​សំដៅ​ទៅ​គ្រឿង​ក្រអូប​ផ្សេង​ៗ​វិញ មិន​មែន​ការ​ដុត​សព​នោះ​ទេ។

៣៥:៣—តើ​ពី​កន្លែង​ណា​ដែល​ស្តេច​យ៉ូសៀស​បាន​បង្គាប់​ឲ្យ​គេ​យក​ហឹប​បរិសុទ្ធ​ទៅ​តាំង​ក្នុង​ព្រះ​វិហារ? ព្រះ​គម្ពីរ​មិន​ចែង​ប្រាប់ ថា​ហឹប​នេះ​ត្រូវ​បាន​យក​ចេញ​ដោយសារ​ស្តេច​អាក្រក់​មួយ​អង្គ ឬ​ក៏​ត្រូវ​ស្តេច​យ៉ូសៀស​យក​ចេញ​ដើម្បី​ការពារ​ទុក ក្នុង​កំ​លុង​កិច្ចការ​សាង​សង់​ព្រះ​វិហារ​នោះ​ទេ។ ឯកសារ​យោង​តែ​មួយ​ចំពោះ​ហឹប​នេះ​បន្ទាប់​ពី​សម័យ​ស្តេច​សាឡូម៉ូន គឺ​នៅ​ពេល​ដែល​ស្តេច​យ៉ូសៀស​យក​មក​ដាក់​តាំង​ក្នុង​ព្រះ​វិហារ​ប៉ុណ្ណោះ។

មេ​រៀន​សម្រាប់​យើង:

១៣:១៣​-​១៨; ១៤:១១, ១២; ៣២:៩​-​២៣: យើង​អាច​ទាញ​យក​មេ​រៀន​ដ៏​ល្អ​ណាស់! ពី​កំណត់​ហេតុ​ទាំង​នេះ​ស្តី​អំពី​ការ​ពឹង​លើ​ព្រះ​យេហូវ៉ា។

១៦:១​-​៥, ៧; ១៨:១​-​៣, ២៨​-​៣២; ២១:៤​-​៦; ២២:១០​-​១២; ២៨:១៦​-​២២: ការ​ធ្វើ​សម្ព័ន្ធ​ភាព​ជា​មួយ​នឹង​សាសន៍​ដទៃ​ឬ​មនុស្ស​ឥត​រួម​ជំនឿ នាំ​ឲ្យ​ទទួល​លទ្ធផល​ដ៏​អាក្រក់។ យើង​ប្រកប​ដោយ​ប្រាជ្ញា​បើ​ជៀស​វាង​ការ​ប្រឡូក​ដោយ​ឥត​ចាំបាច់​ជា​មួយ​នឹង​មនុស្ស​ក្នុង​លោកិយ​នេះ។—យ៉ូហាន ១៧:១៤, ១៦; យ៉ាកុប ៤:៤

១៦:៧​-​១២; ២៦:១៦​-​២១; ៣២:២៥, ២៦: ចិត្ត​អំណួ​ត​បាន​នាំ​ឲ្យ​ស្តេច​អេសា​ប្រព្រឹត្ត​យ៉ាង​អាក្រក់​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នៃ​ព្រះ​ជន្ម​ទ្រង់។ អូសៀស​ក៏​ទទួល​លទ្ធផល​មិន​ល្អ​ដែរ​ដោយសារ​មាន​ចិត្ត​អំណួ​ត​ឬ​ចិត្ត​ព្រហើន។ ស្តេច​ហេសេគា​បាន​ប្រព្រឹត្ត​ដោយ​ឥត​ប្រាជ្ញា​និង​ប្រហែល​ជា​អួត​ទៀត​ផង ពេល​ដែល​ទ្រង់​បង្ហាញ​ទ្រព្យ​សម្បត្ដិ​ដល់​បេ​សក​ជនជាតិ​បាប៊ីឡូន។ (​អេសាយ ៣៩:១​-​៧​) ព្រះ​គម្ពីរ​ព្រមាន​យើង​ថា​៖ ​«​សេចក្ដី​ឆ្មើងឆ្មៃ​នាំ​មុខ​សេចក្ដី​ហិនវិនាស ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ​»។—សុភាសិត ១៦:១៨

១៦:៩: ព្រះ​យេហូវ៉ា​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ចំពោះ​ទ្រង់ ហើយ​ទ្រង់​ចង់​ប្រើ​ព្រះ​ចេស្ដា​របស់​ទ្រង់​ដើម្បី​ជា​ប្រយោជន៍​ដល់​គេ។

១៨:១២, ១៣, ២៣, ២៤, ២៧: ដូច​មីកា​យ៉ា គប្បី​ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន​ពេល​និយាយ​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​ទ្រង់។

១៩:១​-​៣: ព្រះ​យេហូវ៉ា​ពិនិត្យ​មើល​លក្ខណៈ​ល្អ​ៗ​របស់​យើង ទោះ​ជា​ជួន​កាល​យើង​មិន​ផ្គាប់​ព្រះ​ហឫទ័យ​ទ្រង់​ក៏​ដោយ។

២០:១​-​២៨: យើង​អាច​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង ពេល​ដែល​យើង​បន្ទាប​ខ្លួន​រក​ការ​ដឹក​នាំ​ពី​ទ្រង់​នោះ។—សុភាសិត ១៥:២៩

២០:១៧: ដើម្បី​«​ចាំ​មើល​សេចក្ដី​សង្គ្រោះ​ដែល​ព្រះ​យេហូវ៉ា​នឹង​ប្រោស​»​យើង​ត្រូវ​តែ​«​ដំរៀប​គ្នា​»​ពោល​គឺ​គាំទ្រ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​សកម្ម។ យើង​ត្រូវ​តែ​«​ឈរ​ស្ងៀម​»​ដោយ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា ជាជាង​ចាត់​វិធានការ​ធ្វើ​តាម​តែ​ចិត្ត​យើង​នោះ។

២៤:១៧​-​១៩; ២៥:១៤: ការ​ថ្វាយ​បង្គំ​រូប​ព្រះ​បាន​បង្វែរ​អារម្មណ៍​យ៉ូអា​ស​និង​បុត្រា​នាម​អ័ម៉ាស៊ីយ៉ា​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា ហាក់​ដូច​ជា​ជាប់​អន្ទាក់​ដែរ។ សព្វ​ថ្ងៃ​នេះ ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ក៏​មាន​ឥទ្ធិពល​ទាក់ទាញ​ចិត្ត​ដូច​សម័យ​មុន​ដែរ ជា​ពិសេស​សេចក្ដី​លោភ​ឬ​ក៏​ជាតិនិយម​ដែល​ជា​ប្រភេទ​នៃ​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ដ៏​ពិបាក​កត់​សម្គាល់។—កូល៉ុស ៣:៥; វិវរណៈ ១៣:៤

៣២:៦, ៧: យើង​ក៏​ត្រូវ​មាន​កម្លាំង​និង​ចិត្ត​ក្លាហាន​ដែរ កាល​ដែល​យើង​«​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ​»​និង​តយុទ្ធ​ក្នុង​សង្គ្រាម​ខាង​វិញ្ញាណ​នោះ។—អេភេសូរ ៦:១១​-​១៨

៣៣:២​-​៩, ១២, ១៣, ១៥, ១៦: បុគ្គល​ម្នាក់​បង្ហាញ​នូវ​ការ​ប្រែ​ចិត្ត​ដ៏​ស្មោះ ដោយ​លះបង់​ចោល​នូវ​ការ​ប្រព្រឹត្ត​អាក្រក់ និង​ខំ​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ ដោយ​ផ្អែក​ទៅ​លើ​ការ​ប្រែ​ចិត្ត​ដ៏​ស្មោះ​នេះ សូម្បី​តែ​បុគ្គល​ម្នាក់ ដែល​ធ្លាប់​ប្រព្រឹត្ត​អាក្រក់​ជួជាតិ​ដូច​ស្តេច​ម៉ាន៉ាសេ​ក៏​ដោយ ក៏​អាច​ទទួល​នូវ​សេចក្ដី​មេត្ដាករុណា​ពី​ព្រះ​យេហូវ៉ា​ដែរ។

៣៤:១​-​៣: ទោះ​បើ​យើង​ស្ថិត​ក្នុង​ស្ថានការណ៍​ដ៏​មិន​ល្អ​ពេល​នៅ​កុមារ​ក៏​ដោយ ក៏​នេះ​មិន​បង្ការ​យើង​ពី​ការ​ក្រេប​យក​ចំណេះ​ដឹង​អំពី​ព្រះ និង​បម្រើ​ទ្រង់​ឡើយ។ ស្តេច​យ៉ូសៀស​បាន​ទទួល​ឥទ្ធិពល​ដ៏​ល្អ​ក្នុង​កាល​នៅ​ក្មេង ប្រហែល​ជា​ដោយសារ​ជីតា​ខ្លួន គឺ​ស្តេច​ម៉ាន៉ាសេ​ដែល​បាន​ប្រែ​ចិត្ត​នោះ។ មិន​ថា​យ៉ូសៀស​បាន​ទទួល​ឥទ្ធិពល​ល្អ​ពី​កន្លែង​ណា​ក៏​ដោយ នៅ​ទីបំផុត​នោះ​បាន​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ។ ចំពោះ​យើង​ក៏​អាច​មាន​លទ្ធផល​ល្អ​ដូច្នេះ​ដែរ។

៣៦:១៥​-​១៧: ព្រះ​យេហូវ៉ា​មាន​ព្រះ​ហឫទ័យ​អាណិត​មេត្ដា​និង​អត់ធ្មត់។ ប៉ុន្តែ ព្រះ​ហឫទ័យ​អាណិត​មេត្ដា​និង​ការ​អត់ធ្មត់​របស់​ព្រះ​យេហូវ៉ា​គឺ​មាន​កម្រិត។ មនុស្ស​ត្រូវ​ស្ដាប់​តាម​សារ​ព្រះ​រាជាណាចក្រ ប្រសិន​បើ​ពួក​គេ​ចង់​រួច​រស់​ជីវិត នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​កំទេច​ចោល​របប​លោកិយ​ដ៏​អាក្រក់​នេះ។

៣៦:១៧, ២២, ២៣: បន្ទូល​របស់​ព្រះ​យេហូវ៉ា​តែង​សម្រេច​ជាក់​ជា​ពុំ​ខាន។—ពង្សាវតារក្សត្រទី១ ៩:៧, ៨; យេរេមា ២៥:៩​-​១១

សៀវភៅ​មួយ​ដែល​បាន​ជំរុញ​ស្តេច​ឲ្យ​ប្រព្រឹត្ត​តាម

របាក្សត្រទី២ ៣៤:៣៣ ចែង​ថា​៖ ​«​យ៉ូសៀស ទ្រង់​ដក​យក​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម​ចេញ​ពី​ស្រុក​ទាំង​ប៉ុន្មាន ដែល​ជា​របស់​ផង​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​ក៏​បង្គាប់​ឲ្យ​អស់​អ្នក​ដែល​នៅ​ស្រុក​អ៊ីស្រាអែល គោរព​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​គេ​»។ តើ​អ្វី​ដែល​បាន​ជំរុញ​ស្តេច​យ៉ូសៀស​ឲ្យ​ធ្វើ​ដូច្នេះ? នៅ​ពេល​ដែល​សាផាន​ជា​ស្មៀន​បាន​យក​សៀវភៅ​ដែល​ទើប​តែ​រក​ឃើញ ដែល​ក្នុង​នោះ​មាន​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​មក​ថ្វាយ​ស្តេច​យ៉ូសៀស នោះ​ស្តេច​ឲ្យ​គេ​អាន​ថ្វាយ​ទ្រង់​ស្ដាប់។ អ្វី​ៗ​ដែល​ទ្រង់​បាន​ឮ​មាន​ឥទ្ធិពល​លើ​ព្រះទ័យ​ទ្រង់​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ទ្រង់​ខ្នះខ្នែង​គាំទ្រ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​រហូត​អស់​មួយ​ជីវិត។

បើ​យើង​អាន​បន្ទូល​របស់​ព្រះ​និង​រំពឹង​គិត​លើ​នោះ ព្រះ​បន្ទូល​ក៏​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​យើង​ផង​ដែរ។ ការ​ពិនិត្យ​មើល​កំណត់​ហេតុ​អំពី​ស្តេច​ទាំង​ប៉ុន្មាន​ក្នុង​វង្ស​ត្រកូល​ដាវីឌ បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​យក​តម្រាប់​តាម​ស្តេច​ដែល​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា ហើយ​មិន​យក​តម្រាប់​តាម​ស្តេច​ដែល​ឥត​ទុក​ចិត្ត​លើ​ទ្រង់ មែន​ទេ? របាក្សត្រទី២​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ផ្ដល់​ភក្ដីភាព​ផ្ដាច់​មុខ​ថ្វាយ​ព្រះ​ដ៏​ពិត និង​រមែង​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​ជានិច្ច។ ប្រាកដ​ហើយ សារ​ដែល​មាន​ក្នុង​របាក្សត្រទី២​ពិត​ជា​រស់​នៅ ហើយ​ពូកែ​មែន។—ហេព្រើរ ៤:១២

[កំណត់​សម្គាល់]

a ចំពោះ​សំណួរ​ដែល​ទាក់ទង​នឹង​ការ​ធ្វើ​សម្ពោធ​នៃ​ព្រះ​វិហារ​និង​មេ​រៀន​ផ្សេង​ៗ​ពី​សេចក្ដី​អធិស្ឋាន​របស់​ស្តេច​សាឡូម៉ូន សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​២០០៥ ទំព័រ​២៩​-​៣២

b បើ​ចង់​ដឹង​ឈ្មោះ​នៃ​ស្តេច​នៅ​ស្រុក​យូដា សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០០៥ ទំព័រ​៣២

[រូបភាព​នៅ​ទំព័រ​២៩]

តើ​អ្នក​ដឹង​នូវ​ហេតុ​ដែល​រូប​គោ​ឈ្មោល​ដែល​ទ្រ​សមុទ្រ​លង្ហិន​នោះ​ជា​តំណាង​ដ៏​ត្រឹម​ត្រូវ​ទេ?

[រូបភាព​នៅ​ទំព័រ​៣១]

ទោះ​ជា​យ៉ូសៀស​មាន​ជំនួយ​តិច​តួច​កាល​នៅ​ក្មេង​ក៏​ដោយ តែ​ទ្រង់​បាន​ធំ​ឡើង​ជា​អ្នក​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា