លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរក្លាយជាអ្នកបម្រើ ដែលរីកចម្រើននិងចេះប្រែប្រួល

ចូរក្លាយជាអ្នកបម្រើ ដែលរីកចម្រើននិងចេះប្រែប្រួល

ចូរ​ក្លាយ​ជា​អ្នក​បម្រើ ដែល​រីក​ចម្រើន​និង​ចេះ​ប្រែប្រួល

​«​ខ្ញុំ​បាន​ត្រឡប់ . . . ជា​គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ដល់​អ្នក​ខ្លះ​»។—កូរិនថូសទី១ ៩:២២

១, ២​. (​ក​) តើ​សាវ័ក​ប៉ុល​ជា​អ្នក​បម្រើ​ដែល​មាន​ប្រសិទ្ធភាព​ដូច​ម្ដេច​ខ្លះ? (​ខ​) តើ​ប៉ុល​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​ស្តី​អំពី​ទស្សនៈ​របស់​គាត់​ចំពោះ​កិច្ចការ​បម្រើ​ព្រះ?

 គាត់​មាន​អារម្មណ៍​ស្រួល​ពេល​ទាក់ទង​ជា​មួយ​នឹង​មនុស្ស​ដែល​មាន​ប្រាជ្ញា​ខ្ពង់​ខ្ពស់ ហើយ​ក៏​ចេះ​ទាក់ទង​ជា​មួយ​នឹង​ជាង​ត្រសាល​ជា​មនុស្ស​ក្រ​ខ្សត់​ដែរ។ គាត់​ចេះ​និយាយ​បញ្ចុះបញ្ចូល​ពួក​ជាតិ​រ៉ូម​ដែល​មាន​យស​ស័ក្ដិ​ធំ ព្រម​ទាំង​ដល់​ពួក​សាសន៍​ព្រីគី​ដែល​ជា​អ្នក​ស្រែ​ចំ​ការ។ សំណេរ​របស់​គាត់​បាន​ជំរុញ​ចិត្ត​ពួក​ក្រិច​ដែល​ប្រកាន់​សេរី​និយម​និង​ពួក​យូដា​ដែល​ប្រកាន់​អភិរក្ស​និយម។ ការ​ពន្យល់​របស់​គាត់​គឺ​សម​ហេតុ​ផល​ដែល​ពុំ​អាច​ប្រកែក​បាន ហើយ​គាត់​ក៏​ពូកែ​ទាក់ទាញ​អារម្មណ៍​មនុស្ស​ដែរ។ គាត់​ខំ​ព្យាយាម​បង្កើត​ឲ្យ​មាន​ការ​យល់​ស្រប​គ្នា​ទៅ​លើ​ចំណុច​ណា​មួយ​ជា​មួយ​មនុស្ស​ទាំង​អស់ ដោយ​ធ្វើ​ដូច្នោះ គាត់​អាច​ជួយ​មនុស្ស​ខ្លះ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ​គ្រីស្ទ។—កិច្ចការ ២០:២១

បុរស​នេះ​គឺ​សាវ័ក​ប៉ុល ជា​អ្នក​បម្រើ​ព្រះ​ដែល​រីក​ចម្រើន​និង​មាន​ប្រសិទ្ធភាព។ (​ធីម៉ូថេទី១ ១:១២​) ព្រះ​យេស៊ូ​បាន​បង្គាប់​គាត់​ឲ្យ​«​ប្រកាស​ឈ្មោះ[​ព្រះ​គ្រីស្ទ​]ដល់​ពួក​សាសន៍​ដទៃ នឹង​ពួក​ស្តេច ហើយ​នឹង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ផង​»។ (​កិច្ចការ ៩:១៥​) តើ​សាវ័ក​ប៉ុល​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​កិច្ចការ​នេះ? គាត់​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ . . . បាន​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ដល់​អ្នក​ខ្លះ ដោយសារ​សណ្ឋាន​ទាំង​នោះ​ឯង ខ្ញុំ​ធ្វើ​ការ​ទាំង​នោះ ដោយ​យល់​ដល់​តែ​ដំណឹង​ល្អ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចំណែក​ជា​មួយ​គ្នា​ក្នុង​ដំណឹង​ល្អ​»។ (​កូរិនថូសទី១ ៩:១៩​-​២៣​) តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​គំរូ​របស់​សាវ័ក​ប៉ុល ដែល​អាច​ជួយ​យើង​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​ក្នុង​ការ​ផ្សព្វផ្សាយ​និង​ការ​បង្រៀន?

បាន​កែ​ខ្លួន​ហើយ​សម្រេច​កិច្ចការ​ដ៏​ពិបាក

៣​. មុន​ប៉ុល​ក្លាយ​ជា​គ្រីស្ទាន តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ដល់​ពួក​គ្រីស្ទាន?

តើ​ប៉ុល​តែង​ធ្លាប់​ជា​មនុស្ស​ដែល​ចេះ​អត់ធន់ ចេះ​គិត​ដល់​អ្នក​ដទៃ សម​ទទួល​កិច្ចការ​នេះ​ទេ? គឺ​មិន​មែន​ទេ! ប៉ុល(​ដែល​ពីដើម​ឈ្មោះ​សុល​) ធ្លាប់​ជា​អ្នក​និយម​ជ្រុល​ខាង​សាសនា ហើយ​នេះ​បាន​ធ្វើ​ឲ្យ​គាត់​បៀតបៀន​យ៉ាង​កាច​សាហាវ​នូវ​អ្នក​កាន់​តាម​របស់​ព្រះ​គ្រីស្ទ។ កាល​នៅ​ជា​យុវជន គាត់​បាន​យល់​ព្រម​ឲ្យ​គេ​សម្លាប់​ស្ទេផាន។ ក្រោយ​មក គាត់​បាន​ដេញ​ចាប់​ទាញ​អូស​ពួក​គ្រីស្ទាន​ដោយ​គ្មាន​មេត្ដា​ឡើយ។ (​កិច្ចការ ៧:៥៨; ៨:១, ៣; ធីម៉ូថេទី១ ១:១៣​) គាត់​បាន​បន្ត​បញ្ចេញ​«​សេចក្ដី​គំរាម នឹង​ពាក្យ​កំហែង ព្រម​ទាំង​ការ​សំឡាប់ ដល់​ពួក​សិស្ស​នៃ​ព្រះ​អម្ចាស់​»។ គាត់​មិន​អស់​ចិត្ត​រក​ចាប់​ពួក​គ្រីស្ទាន​នៅ​ក្រុង​យេរូសាឡិម​ទេ ក៏​ទៅ​កន្លែង​ផ្សេង​ៗ​រហូត​ដល់​ទី​ក្រុង​ដាម៉ាស​ឆ្ងាយ​ទៅ​ទិស​ខាង​ជើង ដើម្បី​រក​ចាប់​ពួក​គ្រីស្ទាន​នៅ​ទី​នោះ។—កិច្ចការ ៩:១, ២

៤​. តើ​ប៉ុល​ត្រូវ​តែ​កែ​ប្រែ​អ្វី​ដើម្បី​បំពេញ​កិច្ចការ​របស់​គាត់?

ដើម​ហេតុ​ដែល​ប៉ុល​ស្អប់​សាសនា​គ្រីស្ទាន​យ៉ាង​ខ្លាំង​នោះ ប្រហែល​ជា​គាត់​បាន​ជឿ​ស៊ប់​ថា​សាសនា​គ្រីស្ទាន​នឹង​មាន​អានុភាព​អាក្រក់​លើ​សាសនា​យូដា បើ​ដាក់​បញ្ចូល​គំនិត​នៃ​សាសន៍​ដទៃ​នោះ។ តាម​ការ​ពិត ប៉ុល​ធ្លាប់​ជា​សមាជិក​គណៈ​«​ពួក​ផារិស៊ី​»​ដែរ ហើយ​ពាក្យ​ថា​ផារិស៊ី​នេះ​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​ញែក​ចេញ​»។ (​កិច្ចការ ២៣:៦​) នៅ​ពេល​ដែល​ប៉ុល​ដឹង​ថា​ព្រះ​បាន​រើស​តាំង​គាត់​ឲ្យ​ផ្សព្វផ្សាយ​អំពី​ព្រះ​គ្រីស្ទ​ដល់​ពួក​សាសន៍​ដទៃ​តែ​ម្ដង គាត់​ច្បាស់​ជា​ភ្ញាក់ផ្អើល​យ៉ាង​ណា​ទៅ​ហ្ន៎! (​កិច្ចការ ២២:១៤, ១៥; ២៦:១៦​-​១៨​) ពួក​ផារិស៊ី​បដិសេធ​មិន​ទាំង​បរិភោគ​ជា​មួយ​នឹង​អ្នក​ដែល​ពួក​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​ប្រព្រឹត្ត​អំពើ​បាប! (​លូកា ៧:៣៦​-​៣៩​) គាត់​ច្បាស់​ជា​ត្រូវ​ខំ​ប្រឹង​យ៉ាង​ខ្លាំង ទើប​អាច​កែ​ប្រែ​គំនិត​របស់​គាត់ ដើម្បី​ឲ្យ​សម​ស្រប​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​វិញ ពោល​គឺ ឲ្យ​មនុស្ស​ទាំង​អស់​ទទួល​សេចក្ដី​សង្គ្រោះ​ដែរ។—កាឡាទី ១:១៣​-​១៧

៥​. តើ​យើង​អាច​យក​តម្រាប់​តាម​ប៉ុល​ក្នុង​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

ដូច​សាវ័ក​ប៉ុល យើង​ក៏​ប្រហែល​ជា​ត្រូវ​កែ​ប្រែ​គំនិត​យើង​ដែរ។ កាល​ដែល​យើង​ជួប​មនុស្ស​ពី​ប្រទេស​ផ្សេង​ៗ​ក្នុង​កិច្ច​បម្រើ​ផ្សាយ យើង​ត្រូវ​តែ​ខំ​ប្រឹង​ពិនិត្យ​មើល​ចិត្ត​គំនិត​យើង និង​លះ​ចោល​នូវ​ការ​ប្រកាន់​ឲ្យ​អស់​ចេញ។ (​អេភេសូរ ៤:២២​-​២៤​) សង្គម​ដែល​យើង​រស់​នៅ​និង​ការ​អប់រំ​ដែល​យើង​បាន​ទទួល​តាំង​ពី​តូច គឺ​មាន​អានុភាព​លើ​គំនិត​របស់​យើង ទោះ​ជា​យើង​ដឹង​ឬ​មិន​ដឹង​ក៏​ដោយ។ ហើយ​នេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​គំនិត​អគតិ ទស្សនៈ​លម្អៀង និង​មិន​ព្រម​ប្រែប្រួល​ឡើយ។ យើង​ត្រូវ​តែ​យក​ឈ្នះ​នូវ​គំនិត​បែប​នេះ បើ​យើង​ចង់​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រក​និង​ជួយ​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ចៀម។ (​រ៉ូម ១៥:៧​) ប៉ុល​បាន​កែ​ប្រែ​ចិត្ត​គំនិត​របស់​គាត់។ គាត់​ព្រម​ទទួល​កិច្ចការ​ពិបាក​នេះ ដែល​ជា​ការ​ពង្រីក​កិច្ច​ផ្សព្វផ្សាយ។ ដោយសារ​គាត់​មាន​សេចក្ដី​ស្រឡាញ់ នោះ​គាត់​បាន​បណ្ដុះ​នូវ​បំនិន​ខាង​ការ​បង្រៀន ដែល​សម​ឲ្យ​យើង​យក​តម្រាប់​តាម។ មែន​ហើយ ការ​ពិនិត្យ​មើល​កិច្ច​បម្រើ​ផ្សាយ​របស់​ប៉ុល ដែល​ជា​«​សា​វក​ដល់​សាសន៍​ដទៃ​»​ បង្ហាញ​ថា​ប៉ុល​ចេះ​យក​ចិត្ត​ទុក​ដាក់ ចេះ​ប្រែប្រួល​តាម​កាលៈទេសៈ និង​មាន​គំនិត​ឈ្លាស​វៃ​ក្នុង​ការ​ផ្សព្វផ្សាយ​និង​ការ​បង្រៀន។ aរ៉ូម ១១:១៣

របៀប​ដែល​ប៉ុល​ប្រែប្រួល​តាម​កាលៈទេសៈ

៦​. តើ​ប៉ុល​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​មជ្ឈដ្ឋាន​របស់​អ្នក​ស្ដាប់​យ៉ាង​ណា? តើ​មាន​លទ្ធផល​យ៉ាង​ណា?

ប៉ុល​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ជំនឿ​និង​មជ្ឈដ្ឋាន​នៃ​អ្នក​ស្ដាប់។ ពេល​និយាយ​ទៅ​កាន់​ស្តេច​អ័គ្រីប៉ា​ទី២ ប៉ុល​បាន​ទទួល​ស្គាល់​ថា​ស្តេច​នេះ​«​ជ្រាប​គ្រប់​ទាំង​ទំលាប់ នឹង​សេចក្ដី​ជជែក​របស់​ពួក​សាសន៍​យូដា​»។ រួច​មក ដោយ​ផ្អែក​លើ​ជំនឿ​របស់​ស្តេច​អ័គ្រីប៉ា ប៉ុល​បាន​ពិគ្រោះ​ជា​មួយ​ស្តេច​អំពី​រឿង​ដែល​ស្តេច​នោះ​យល់​ច្បាស់។ ប៉ុល​ពូកែ​ពន្យល់​និង​ពូកែ​វែកញែក​ដល់​ម្ល៉េះ ដែល​ស្តេច​អ័គ្រីប៉ា​មាន​បន្ទូល​ថា​៖ ​«​បន្ដិច​ទៀត ឯង​នឹង​នាំ​ឲ្យ​យើង​ត្រឡប់​ទៅ​ជា​អ្នក​គ្រីស្ទាន​ដែរ​»។—កិច្ចការ ២៦:២, ៣, ២៧, ២៨

៧​. នៅ​ពេល​ដែល​ផ្សព្វផ្សាយ​ដល់​ហ្វូង​មនុស្ស​នៅ​ក្រុង​លីស្ដ្រា តើ​ប៉ុល​បាន​ប្រែប្រួល​តាម​កាលៈទេសៈ​យ៉ាង​ដូច​ម្ដេច?

ប៉ុល​ក៏​ចេះ​ប្រែប្រួល​តាម​កាលៈទេសៈ​ដែរ។ ចូរ​កត់​សម្គាល់​របៀប​ដែល​គាត់​បាន​និយាយ ពេល​ដែល​ខំ​ឃាត់​មនុស្ស​មួយ​ហ្វូង​នៅ​ក្នុង​ក្រុង​លីស្ដ្រា កុំ​ឲ្យ​ថ្វាយ​បង្គំ​គាត់​និង​បាណាបាស​ដូច​ជា​ព្រះ​នោះ។ មនុស្ស​ទាំង​នេះ​ដែល​និយាយ​ភាសា​លូកៅនា ត្រូវ​គេ​ចាត់​ទុក​ជា​មនុស្ស​ដែល​ពុំ​សូវ​ចេះ​ដឹង​និង​មាន​ជំនឿ​ឆ្វេង។ យោង​ទៅ​តាម​កិច្ចការ ១៤:១៤​-​១៨ ប៉ុល​បាន​ប្រាប់​អំពី​ការ​បង្កើត និង​របស់​ល្អ​ៗ​គ្រប់​បែប​យ៉ាង​នៅ​ផែនដី ជា​ទី​សំអាង​ដែល​បញ្ជាក់​ភាព​ខ្ពង់​ខ្ពស់​នៃ​ព្រះ​ពិត។ ការ​ពន្យល់​វែកញែក​នេះ​គឺ​ស្រួល​យល់ ហើយ​តាម​មើល​ទៅ​នោះ​បាន​«​ឃាត់​គេ មិន​ឲ្យ​ថ្វាយ​យញ្ញបូជា​ដល់​»​ប៉ុល​និង​បាណាបាស។

៨​. តើ​តាម​របៀប​ណា​ដែល​ប៉ុល​ចេះ​ប្រែប្រួល​តាម​កាលៈទេសៈ ទោះ​ជា​ជួន​កាល​គាត់​ទាស់​ចិត្ត​ទាស់​អារម្មណ៍​ក៏​ដោយ?

ប៉ុល​មិន​មែន​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​ទេ ហើយ​ជួន​កាល គាត់​ទាស់​ចិត្ត​ទាស់​អារម្មណ៍​អំពី​រឿង​ខ្លះ​ៗ។ ជា​ឧទាហរណ៍ នៅ​ពេល​មួយ​មនុស្ស​ម្នាក់​ឈ្មោះ​អាន្ន៉ានាស​ជាតិ​យូដា​បាន​ធ្វើ​ទុក្ខ​ទោស​គាត់​តាម​របៀប​អយុត្ដិធម៌​និង​គួរ​ឲ្យ​អាម៉ាស់​មុខ​នោះ ប៉ុល​បាន​ខឹង​ស្តី​ឲ្យ​គាត់​ភ្លាម​ៗ​វិញ។ ប៉ុន្តែ ពេល​ដែល​គេ​ប្រាប់​ថា​គាត់​បាន​ស្តី​បន្ទោស​សម្ដេច​សង្ឃ​ដោយ​ឥត​ដឹង​ខ្លួន នោះ​គាត់​បាន​សុំ​អត់​ឱន​ទោស​ភ្លាម។ (​កិច្ចការ ២៣:១​-​៥​) នៅ​ក្រុង​អាថែន មុន​ដំបូង​គាត់​«​មាន​សេចក្ដី​រំជួល​ក្នុង​ចិត្ត[​ឬ​«​តឹង​ទ្រូង​»​, ខ.ស.​]ជា​ខ្លាំង ដោយ​ឃើញ​មាន​រូប​ព្រះ​នៅ​ពេញ​ក្នុង​ទី​ក្រុង​នោះ​»។ ប៉ុន្តែ ពេល​គាត់​អធិប្បាយ​នៅ​កណ្ដាល​ទី​អើរីយ៉ូស ប៉ុល​មិន​បាន​បង្ហាញ​នូវ​កំហឹង​គាត់​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​និយាយ​ដល់​ពួក​អ្នក​នៅ​ក្រុង​អាថែន ទាំង​លើក​ឡើង​ចំណុច​ដែល​អ្នក​ស្ដាប់​យល់​ព្រម ដោយ​សំដៅ​ទៅ​អាសនៈ​របស់​គេ​ដែល​ថ្វាយ​«​ព្រះ​ដ៏​ពុំ​ស្គាល់​»​ ហើយ​និយាយ​អំពី​កវី​ម្នាក់​របស់​គេ​ផង។—កិច្ចការ ១៧:១៦​-​២៨

៩​. តើ​ប៉ុល​បង្ហាញ​ថា​គាត់​មាន​គំនិត​ឈ្លាស​វៃ​យ៉ាង​ណា ពេល​និយាយ​ទៅ​កាន់​ក្រុម​មនុស្ស​ផ្សេង​ៗ​?

នៅ​ពេល​ដែល​ប៉ុល​និយាយ​ទៅ​កាន់​មនុស្ស​ផ្សេង​ៗ នោះ​គាត់​ក៏​មាន​គំនិត​ឈ្លាស​វៃ​ណាស់។ គាត់​បាន​គិត​អំពី​ទំនៀម​ទម្លាប់​និង​មជ្ឈដ្ឋាន​ដែល​មាន​អានុភាព​លើ​គំនិត​របស់​អ្នក​ស្ដាប់។ នៅ​ពេល​ដែល​គាត់​បាន​សរសេរ​ទៅ​កាន់​ជន​គ្រីស្ទាន​នៅ​ក្រុង​រ៉ូម គាត់​បាន​ដឹង​ច្បាស់​ថា ពួក​គេ​រស់​នៅ​ក្នុង​រដ្ឋធានី​នៃ​មហា​អំណាច​នៅ​សម័យ​នោះ។ គោល​ចំណុច​នៃ​សំបុត្រ​របស់​ប៉ុល​ទៅ​កាន់​ពួក​គ្រីស្ទាន​នៅ​ក្រុង​រ៉ូម គឺ​ថា​អំណាច​នៃ​បាប​របស់​អ័ដាម​ដែល​នាំ​ឲ្យ​ខូច​ទៅ នោះ​ត្រូវ​បាន​ឈ្នះ​ដោយ​អំណាច​របស់​ព្រះ​គ្រីស្ទ​ដែល​អាច​រំដោះ​យើង។ គាត់​បាន​និយាយ​ទៅ​កាន់​ជន​គ្រីស្ទាន​នៅ​ក្រុង​រ៉ូម​និង​មនុស្ស​ឯ​ទៀត ដោយ​ប្រើ​ពាក្យ​សំដី​ដែល​ទាក់ទាញ​ទឹក​ចិត្ត​របស់​គេ។—រ៉ូម ១:៤; ៥:១៤, ១៥

១០, ១១​. តើ​ប៉ុល​បាន​កែ​សម្រួល​ឧទាហរណនិទស្សន៍​សម្រាប់​អ្នក​ស្ដាប់​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​សម្គាល់​ហេតុ​)

១០ តើ​ប៉ុល​បាន​ធ្វើ​អ្វី នៅ​ពេល​ដែល​គាត់​ចង់​ពន្យល់​សេចក្ដី​ពិត​ដ៏​ជ្រាល​ជ្រៅ​ដល់​ពួក​អ្នក​ស្ដាប់? សាវ័ក​ប៉ុល​ពូកែ​ប្រើ​ឧទាហរណនិទស្សន៍​ស្រួល​យល់​ដែល​មនុស្ស​ដឹង​ទូទៅ ដើម្បី​បញ្ជាក់​នូវ​រឿង​ខាង​វិញ្ញាណ​ដែល​ស៊ី​ជម្រៅ។ ជា​ឧទាហរណ៍ ប៉ុល​បាន​ដឹង​ថា​មនុស្ស​នៅ​ក្រុង​រ៉ូម​ដឹង​អំពី​រឿង​បាវ​បម្រើ​នៅ​ទូទាំង​ចក្រភព​រ៉ូម។ តាម​ការ​ពិត គាត់​បាន​សរសេរ​ទៅ​កាន់​មនុស្ស​ដែល​ពួក​គេ​ភាគ​ច្រើន​ប្រហែល​ជា​បាវ​បម្រើ។ ហេតុ​ដូច្នេះ​ហើយ ប៉ុល​បាន​ប្រើ​ឧទាហរណនិទស្សន៍​នេះ​អំពី​បាវ​បម្រើ ដើម្បី​លើក​ឡើង​នូវ​ចំណុច​ដែល​មនុស្ស​ម្នាក់​សម្រេច​ប្រគល់​ខ្លួន​បម្រើ​បាប ឬ​ធ្វើ​ជា​បាវ​បម្រើ​នៃ​សេចក្ដី​សុចរិត​វិញ។—រ៉ូម ៦:១៦​-​២០

១១ ឯកសារ​យោង​មួយ​ចែង​ថា​៖ ​«​ក្នុង​ចំណោម​មនុស្ស​រស់​នៅ​ក្រុង​រ៉ូម ម្ចាស់​អាច​ដោះ​លែង​បាវ​បម្រើ​ឲ្យ​រួច ឬ​បាវ​បម្រើ​នោះ​អាច​មាន​សេរីភាព​ដោយ​បង់ថ្លៃ​ដល់​ម្ចាស់។ គាត់​ក៏​អាច​រៀបចំ​ឲ្យ​មាន​សេរីភាព បើ​ព្រះ​មួយ​អង្គ​ទៅ​ជា​ម្ចាស់​គាត់​វិញ​»។ បាវ​បម្រើ​ដែល​មាន​សេរីភាព​អាច​បន្ត​ធ្វើ​ការ​ឲ្យ​ម្ចាស់​ដើម្បី​ទទួល​ប្រាក់​ខែ។ តាម​មើល​ទៅ ប៉ុល​ចង់​សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ត​នេះ នៅ​ពេល​ដែល​គាត់​បាន​សរសេរ​អំពី​ការ​សម្រេច​ចិត្ត​របស់​បុគ្គល​ម្នាក់​ថា ត្រូវ​បម្រើ​ចៅហ្វាយ​ណា​មួយ បាប​ឬ​សេចក្ដី​សុចរិត។ ជន​គ្រីស្ទាន​នៅ​ក្រុង​រ៉ូម​ត្រូវ​បាន​រំដោះ​ចេញ​ពី​បាប ហើយ​ឥឡូវ​គឺ​ព្រះ​ជា​ម្ចាស់​របស់​ពួក​គេ​វិញ។ ពួក​គេ​មាន​សេរីភាព​អាច​បម្រើ​ព្រះ​បាន ប៉ុន្តែ ពួក​គេ​ក៏​អាច​សម្រេច​ចិត្ត​ធ្វើ​ជា​បាវ​បម្រើ​របស់​បាប ដែល​ជា​ចៅហ្វាយ​ដើម ប្រសិន​បើ​ចង់​នោះ។ ឧទាហរណនិទស្សន៍​នេះ​ដែល​ស្រួល​យល់​និង​មនុស្ស​ដឹង​ទូទៅ នឹង​ជំរុញ​ជន​គ្រីស្ទាន​នៅ​ក្រុង​រ៉ូម​ឲ្យ​សួរ​ខ្លួន​ឯង​ថា‹តើ​ចៅហ្វាយ​មួយ​ណា​ដែល​ខ្ញុំ​កំពុង​តែ​បម្រើ?›។ b

ចូរ​រៀន​ពី​គំរូ​របស់​សាវ័ក​ប៉ុល

១២, ១៣​. (​ក​) សព្វ​ថ្ងៃ​នេះ តើ​យើង​ត្រូវ​ខំ​ប្រឹង​យ៉ាង​ណា​ដើម្បី​និយាយ​ទាក់ទាញ​ទឹក​ចិត្ត​មនុស្ស​ផ្សេង​ៗ​? (​ខ​) ពេល​ផ្សាយ​ដល់​មនុស្ស​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ តើ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​មាន​ប្រសិទ្ធភាព?

១២ ពេល​និយាយ​ជា​មួយ​មនុស្ស​ផ្សេង​ៗ ដូច​សាវ័ក​ប៉ុល​យើង​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ចេះ​ប្រែប្រួល​តាម​កាលៈទេសៈ និង​មាន​គំនិត​ឈ្លាស​វៃ​ដើម្បី​ទាក់ទាញ​ទឹក​ចិត្ត​របស់​អ្នក​ស្ដាប់។ យើង​ចង់​ជួយ​អ្នក​ស្ដាប់​ឲ្យ​យល់​នូវ​ដំណឹង​ល្អ មិន​គ្រាន់​តែ​ទៅ​ជួប​គេ​ឲ្យ​តែ​បង្គ្រប់​កិច្ច ប្រាប់​នូវ​សារ​ដែល​បាន​រៀបចំ​ហើយ ឬ​ទុក​សៀវភៅ​ខ្លះ​ៗ​ឲ្យ​គេ​នោះ​ទេ។ យើង​ខំ​ឲ្យ​យល់​នូវ​តម្រូវ​ការ​និង​កង្វល់​របស់​ពួក​គេ អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត​និង​មិន​ចូល​ចិត្ត អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខ្លាច​និង​ធ្វើ​ឲ្យ​ប្រកាន់។ ទោះ​ជា​នេះ​តម្រូវ​ឲ្យ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ក៏​ពិត​មែន តែ​អ្នក​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​នៅ​ជុំវិញ​ពិភពលោក មាន​ចិត្ត​រីករាយ​ធ្វើ​ដូច្នេះ។ ជា​ឧទាហរណ៍ ការិយាល័យ​សាខា​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​ហុងគ្រី​ប្រាប់​ថា​៖ ​«​បងប្អូន​ទី​នេះ​បង្ហាញ​ការ​គោរព​ដល់​ទំនៀម​ទម្លាប់​និង​ជីវភាព​រស់​នៅ​របស់​មនុស្ស​ពី​ប្រទេស​ផ្សេង​ៗ និង​មិន​តម្រូវ​ឲ្យ​មនុស្ស​កែ​ប្រែ​ធ្វើ​តាម​ទំនៀម​ទម្លាប់​ក្នុង​ប្រទេស​នេះ​ទេ​»។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​កន្លែង​ផ្សេង​ៗ​ក៏​ធ្វើ​ដូច្នេះ​ដែរ។

១៣ នៅ​ប្រទេស​មួយ​នៅ​ទ្វីប​អាស៊ី មនុស្ស​ភាគ​ច្រើន​ខ្វល់ខ្វាយ​អំពី​សុខភាព ការ​អប់រំ​កូន និង​ការ​រៀន​សូត្រ។ អ្នក​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​នៅ​ទី​នោះ​លើក​ចំណុច​នេះ​មក​និយាយ ជាជាង​ពិគ្រោះ​អំពី​រឿង​ផ្សេង​ៗ​ដូច​ស្ថានភាព​មិន​ល្អ​ក្នុង​ពិភពលោក ឬ​រឿង​ស្មុគស្មាញ​ក្នុង​សង្គម។ ស្រដៀង​គ្នា​ដែរ អ្នក​ផ្សព្វផ្សាយ​ក្នុង​ទី​ក្រុង​មួយ​នៅ​សហរដ្ឋ​អាមេរិក បាន​កត់​សម្គាល់​ថា នៅ​កន្លែង​មួយ​ក្នុង​តំបន់​ផ្សព្វផ្សាយ នោះ​មាន​មនុស្ស​ខ្វល់ខ្វាយ​នឹង​រឿង​ពុក​រលួយ ការ​ស្ទះ​ចរាចរ និង​ឧក្រិដ្ឋកម្ម​ជា​ដើម។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ពិគ្រោះ​ព្រះ​គម្ពីរ ដោយ​លើក​ប្រធាន​បែប​នេះ​មក​និយាយ​វិញ ហើយ​ពួក​គេ​ទទួល​បាន​លទ្ធផល​ល្អ​ដែរ។ អ្នក​បង្រៀន​ដែល​មាន​ប្រសិទ្ធភាព​នឹង​ខំ​ធ្វើ​ឲ្យ​ប្រាកដ​ថា ទោះ​ជា​ពួក​គាត់​លើក​ប្រធាន​អ្វី​មក​និយាយ​ក៏​ដោយ ក៏​ពួក​គាត់​នៅ​តែ​មាន​គំនិត​សុទិដ្ឋិនិយម​និង​លើក​ទឹក​ចិត្ត ដោយ​បញ្ជាក់​នូវ​ប្រយោជន៍​ដែល​មក​ពី​ការ​អនុវត្ត​តាម​គោលការណ៍​ព្រះ​គម្ពីរ​នៅ​ឥឡូវ​នេះ និង​អនាគត​ដ៏​ភ្លឺ​ស្វាង​ដែល​ព្រះ​នឹង​ប្រទាន។—អេសាយ ៤៨:១៧, ១៨; ៥២:៧

១៤​. ចូរ​រៀប​រាប់​នូវ​របៀប​ដែល​យើង​ត្រូវ​ប្រែប្រួល​តាម​តម្រូវ​ការ​នៃ​មនុស្ស​និង​ស្ថានការណ៍​ផ្សេង​ៗ។

១៤ យើង​ត្រូវ​ចេះ​ប្រែប្រួល​តាម​កាលៈទេសៈ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដែរ ដ្បិត​មនុស្ស​មាន​ទំនៀម​ទម្លាប់ ការ​អប់រំ និង​សាសនា​ផ្សេង​ពី​គ្នា។ របៀប​ដែល​យើង​និយាយ​ដល់​មនុស្ស​ដែល​ជឿ​លើ​ព្រះ តែ​មិន​ជឿ​ព្រះ​គម្ពីរ គឺ​ខុស​គ្នា​ពី​របៀប​ដែល​យើង​និយាយ​ជា​មួយ​អ្នក​ដែល​ជឿ​ថា​គ្មាន​ព្រះ​វិញ។ ចំពោះ​មនុស្ស​ម្នាក់​ដែល​មាន​អារម្មណ៍​ថា សៀវភៅ​ទាំង​អស់​ខាង​សាសនា​គ្រាន់​តែ​ជា​របៀប​បញ្ចុះបញ្ចូល​មនុស្ស នោះ​របៀប​ដែល​យើង​និយាយ​ដល់​មនុស្ស​បែប​នេះ នឹង​ខុស​គ្នា​ពី​របៀប​ដែល​យើង​និយាយ​ដល់​មនុស្ស​ដែល​ជឿ​លើ​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ។ ពេល​យើង​និយាយ​ដល់​មនុស្ស​គ្រប់​កម្រិត​វប្បធម៌ នោះ​ក៏​យើង​ត្រូវ​ចេះ​ប្រែប្រួល​តាម​កាលៈទេសៈ​ដែរ។ គ្រូ​ដែល​ប៉ិនប្រសប់​នឹង​ពន្យល់​វែកញែក​ហើយ​ប្រើ​ឧទាហរណនិទស្សន៍​ដែល​សមរម្យ​នឹង​ស្ថានការណ៍​នោះ។—យ៉ូហានទី១ ៥:២០

ចូរ​ជួយ​អ្នក​បម្រើ​ថ្មី

១៥, ១៦​. ហេតុ​អ្វី​ក៏​ត្រូវ​ការ​បង្ហាត់​បង្រៀន​អ្នក​បម្រើ​ថ្មី​ៗ​?

១៥ ប៉ុល​មិន​គ្រាន់​តែ​គិត​អំពី​វិធី​បង្រៀន​របស់​គាត់​ប៉ុណ្ណោះ​ទេ។ គាត់​ចង់​ជួយ​បង្ហាត់​បង្រៀន​មនុស្ស​តំណ​ក្រោយ​ៗ ដូច​ជា​ធីម៉ូថេ​និង​ទីតុស ឲ្យ​ក្លាយ​ជា​អ្នក​បម្រើ​ដែល​មាន​ប្រសិទ្ធភាព​ដែរ។ (​ធីម៉ូថេទី២ ២:២; ៣:១០, ១៤; ទីតុស ១:៤​) ស្រដៀង​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ត្រូវ​បង្ហាត់​បង្រៀន​និង​ទទួល​ការ​បង្ហាត់​បង្រៀន​ជា​បន្ទាន់។

១៦ នៅ​ឆ្នាំ​១៩១៤ អ្នក​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​នៅ​ទូទាំង​ផែនដី​មាន​៥​.​០០០​នាក់ តែ​សព្វ​ថ្ងៃ​នេះ ជា​រៀង​រាល់​សប្ដាហ៍​មាន​៥.០០០​នាក់​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក! (​អេសាយ ៥៤:២, ៣; កិច្ចការ ១១:២១​) នៅ​ពេល​ដែល​អ្នក​ថ្មី​ចាប់​ផ្ដើម​ចូល​រួម​ក្រុមជំនុំ​គ្រីស្ទាន និង​ចង់​រួម​ចំណែក​ក្នុង​កិច្ច​បម្រើ​ផ្សាយ នោះ​ពួក​គាត់​ត្រូវ​ការ​នូវ​ការ​បង្ហាត់​បង្រៀន​និង​ការ​ណែនាំ។ (​កាឡាទី ៦:៦​) គឺ​សំខាន់​ណាស់​ដែល​យើង​ប្រើ​វិធី​បង្រៀន​របស់​ព្រះ​យេស៊ូ​ដែល​ជា​អម្ចាស់​យើង ក្នុង​ការ​បង្ហាត់​បង្រៀន​សិស្ស។ c

១៧, ១៨​. តើ​យើង​អាច​ជួយ​សិស្ស​ថ្មី​មាន​ទំនុក​ចិត្ត​ក្នុង​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

១៧ ព្រះ​យេស៊ូ​មិន​គ្រាន់​តែ​រក​មនុស្ស​មួយ​ក្រុម រួច​ប្រាប់​សាវ័ក​ទ្រង់​ឲ្យ​ចាប់​ផ្ដើម​និយាយ​ដល់​មនុស្ស​ទាំង​នោះ​ឡើយ។ មុន​ដំបូង ទ្រង់​បាន​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​កិច្ចការ​ផ្សព្វផ្សាយ ហើយ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​ព្យាយាម​អធិស្ឋាន​អំពី​កិច្ច​បម្រើ​ផ្សាយ​ដែរ។ រួច​មក ដើម្បី​ជួយ​ពួក​គេ​ទ្រង់​បាន​ប្រទាន​អ្វី​បី​យ៉ាង​សម្រាប់​សិស្ស​ទ្រង់​គឺ ដៃ​គូ តំបន់​ផ្សាយ និង​សារ។ (​ម៉ាថាយ ៩:៣៥​-​៣៨; ១០:៥​-​៧; ម៉ាកុស ៦:៧; លូកា ៩:២, ៦​) យើង​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ។ មិន​ថា​យើង​ជួយ​កូន​យើង សិស្ស​ថ្មី​ម្នាក់ ឬ​បុគ្គល​ណា​ម្នាក់​ដែល​មិន​បាន​ចូល​រួម​កិច្ច​ផ្សាយ​យូរ​ហើយ​ក្ដី​នោះ​គឺ​សម​ហេតុ​ផល​ឲ្យ​យើង​ខំ​ប្រឹង​បង្ហាត់​ពួក​គេ​តាម​របៀប​នេះ​ដែរ។

១៨ សិស្ស​ថ្មី​ត្រូវ​ការ​ជំនួយ​ច្រើន​ដើម្បី​ឲ្យ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ផ្សព្វ​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ។ តើ​អ្នក​អាច​ជួយ​ពួក​គេ​ឲ្យ​រៀបចំ​វិធី​និយាយ​ដែល​ស្រួល​យល់​និង​ទាក់ទាញ​ចិត្ត ហើយ​ក្រោយ​មក​ហាត់​ពាក្យ​និយាយ​នោះ​បាន​ឬ​ទេ? នៅ​កន្លែង​ផ្សព្វផ្សាយ អនុញ្ញាត​ឲ្យ​គេ​រៀន​ពី​គំរូ​របស់​អ្នក ពេល​ដែល​អ្នក​និយាយ​នៅ​ផ្ទះ​បី​បួន​ដំបូង​នោះ។ អ្នក​អាច​យក​តម្រាប់​តាម​លោក​គេឌាន ដែល​បាន​ប្រាប់​ទាហាន​គាត់​ថា​៖ ​«​ចូរ​មើល​មក​អញ ហើយ​ធ្វើ​តាម​អញ​ចុះ​»។ (​ពួក​ចៅហ្វាយ ៧:១៧​) រួច​មក អនុញ្ញាត​ឲ្យ​សិស្ស​មាន​ឱកាស​ចូល​រួម​ផ្សព្វផ្សាយ​ដែរ។ ចូរ​សរសើរ​សិស្ស​ដោយ​បាន​ខំ​ប្រឹង​ផ្សព្វផ្សាយ ហើយ​ពេល​សមរម្យ ផ្ដល់​នូវ​យោបល់​យ៉ាង​សង្ខេប​ឲ្យ​រីក​ចម្រើន។

១៩​. កាល​ដែល​អ្នក​ខំ‹បំពេញ​កិច្ចបំរើ​របស់​ខ្លួន​គ្រប់​ជំពូក› តើ​អ្នក​នឹង​ប្ដេជ្ញា​ធ្វើ​អ្វី?

១៩ ដើម្បី‹បំពេញ​កិច្ចបំរើ​របស់​ខ្លួន​គ្រប់​ជំពូក› យើង​ប្ដេជ្ញា​ឲ្យ​ចេះ​ប្រែប្រួល​តាម​កាលៈទេសៈ និង​យើង​ចង់​បង្ហាត់​បង្រៀន​សិស្ស​ថ្មី​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ នៅ​ពេល​ដែល​យើង​គិត​អំពី​សារៈ​សំខាន់​នៃ​គោល​ដៅ​យើង ពោល​គឺ​ដើម្បី​ផ្ដល់​ចំណេះ​អំពី​ព្រះ​ដែល​នាំ​ទៅ​ដល់​សេចក្ដី​សង្គ្រោះ នោះ​យើង​ជឿជាក់​ថា​គឺ​សម​ឲ្យ​យើង​ខំ​ប្រឹង​ដើម្បី​«​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ដល់​អ្នក​ខ្លះ​»។—ធីម៉ូថេទី២ ៤:៥; កូរិនថូសទី១ ៩:២២

[កំណត់​សម្គាល់]

a ចំពោះ​ឧទាហរណ៍​នៃ​គុណសម្បត្ដិ​បែប​នេះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​ប៉ុល សូម​មើល​កិច្ចការ ១៣:៩, ១៦​-​៤២; ១៧:២​-​៤; ១៨:១​-​៤; ១៩:១១​-​២០; ២០:៣៤; រ៉ូម ១០:១១​-​១៥; កូរិនថូសទី២ ៦:១១​-​១៣

b ប៉ុល​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ ពេល​ពន្យល់​នូវ​ទំនាក់ទំនង​ថ្មី​រវាង​ព្រះ​និង​«​ពួក​កូន​»​ចាក់​ប្រេង​តាំង​ខាង​វិញ្ញាណ គាត់​បាន​ប្រើ​គំនិត​ខាង​ច្បាប់​ដែល​អ្នក​អាន​ក្នុង​ចក្រភព​រ៉ូម​ស្រួល​យល់។ (​រ៉ូម ៨:១៤​-​១៧​) សៀវភៅ​មួយ​ចែង​ថា​៖ ​«​ការ​យក​មក​ចិញ្ចឹម​ជា​កូន​គឺ​ជា​ទំនៀម​ទម្លាប់​រ៉ូម ហើយ​ក៏​ផ្សា​ជាប់​នឹង​គំនិត​របស់​ជនជាតិ​រ៉ូម​ស្តី​អំពី​ក្រុម​គ្រួសារ​»។​—St. Paul at Rome

c ឥឡូវ​ក្នុង​គ្រប់​ក្រុមជំនុំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា មាន​កម្មវិធី​ដែល​ហៅ​ថា​អ្នក​ត្រួសត្រាយ​ជួយ​អ្នក​ឯ​ទៀត។ កម្មវិធី​នេះ​ប្រើ​អ្នក​ត្រួសត្រាយ​ពេញ​ពេល​ដែល​មាន​បទ​ពិសោធន៍ ដើម្បី​ជួយ​អ្នក​ផ្សាយ​ដែល​មិន​សូវ​មាន​បទ​ពិសោធន៍។

តើ​អ្នក​នៅ​ចាំ​ឬ​ទេ?

• ក្នុង​កិច្ច​បម្រើ​ផ្សាយ តើ​យើង​អាច​យក​តម្រាប់​តាម​សាវ័ក​ប៉ុល​យ៉ាង​ដូច​ម្ដេច?

• តើ​យើង​ប្រហែល​ជា​ត្រូវ​កែ​ប្រែ​គំនិត​អ្វី​ខ្លះ?

• តើ​យើង​អាច​រក្សា​សារ​របស់​យើង​ឲ្យ​ប្រកប​ដោយ​សុទិដ្ឋិនិយម​យ៉ាង​ដូច​ម្ដេច?

• តើ​សិស្ស​ថ្មី​ត្រូវ​ការ​អ្វី ដើម្បី​បណ្ដុះ​ឲ្យ​មាន​ទំនុក​ចិត្ត?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២១]

សាវ័ក​ប៉ុល​បាន​ជោគជ័យ​ក្នុង​ការ​ផ្សព្វផ្សាយ​ដល់​មនុស្ស​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ ដោយ​ប្រែប្រួល​តាម​តម្រូវ​ការ​របស់​ពួក​គេ

[រូបភាព​នៅ​ទំព័រ​២៣]

អ្នក​ផ្សព្វផ្សាយ​ដែល​មាន​ប្រសិទ្ធភាព​គិត​អំពី​វប្បធម៌​របស់​អ្នក​ដែល​ពួក​គេ​ជួប

[រូបភាព​នៅ​ទំព័រ​២៤]

អ្នក​ផ្សព្វផ្សាយ​ដែល​រីក​ចម្រើន​ជួយ​អ្នក​ថ្មី​ឲ្យ​រៀបចំ​សម្រាប់​កិច្ច​ផ្សព្វផ្សាយ