ចូរដើរជាមួយនឹងព្រះនិងច្រូតបានផលល្អ
ចូរដើរជាមួយនឹងព្រះនិងច្រូតបានផលល្អ
«គេបានសាបព្រោះជាខ្យល់ ហើយនឹងច្រូតកាត់បានជាខ្យល់គួចវិញ»។—ហូសេ ៨:៧
១. តើយើងអាចដើរជាមួយនឹងព្រះយេហូវ៉ាយ៉ាងដូចម្ដេចបាន?
បើយើងត្រូវដើរកាត់តំបន់គ្រោះថ្នាក់មួយ យើងនឹងមានសុវត្ថិភាពច្រើនជាងបើដើរតាមអ្នកនាំផ្លូវដែលមានបទពិសោធន៍។ យើងបង្ហាញថាយើងមានប្រាជ្ញាដោយដើរជាមួយនឹងអ្នកនាំផ្លូវជាជាងរកផ្លូវដោយខ្លួនឯង។ ឧទាហរណ៍នេះគឺស្រដៀងនឹងស្ថានភាពរបស់យើងនៅសព្វថ្ងៃនេះ។ គឺហាក់ដូចជាព្រះយេហូវ៉ាបានសុំនាំផ្លូវយើងឲ្យឆ្លងកាត់លោកិយដ៏អាក្រក់នេះដែលប្រៀបដូចជាវាលខ្សាច់ដ៏ហួតហែង។ យកល្អយើងដើរជាមួយនឹងទ្រង់ជាជាងខំតម្រង់ជំហានរបស់ខ្លួន។ តើយើងអាចដើរជាមួយនឹងព្រះយេហូវ៉ាយ៉ាងដូចម្ដេចបាន? គឺដោយធ្វើតាមការណែនាំដែលទ្រង់ប្រទានតាមរយៈព្រះបន្ទូលរបស់ទ្រង់។
២. តើអត្ថបទនេះនឹងពិភាក្សាអំពីអ្វី?
២ អត្ថបទមុននេះបានពន្យល់អំពីរឿងមួយក្នុងសៀវភៅហូសេជំពូកទីមួយដល់ប្រាំដែលមានលក្ខណៈប្រៀបធៀបឬបង្កប់អត្ថន័យតំណាងអ្វីផ្សេងទៀត។ យើងឃើញថា រឿងនោះមានមេរៀនល្អៗដែលអាចជួយយើងដើរជាមួយនឹងព្រះយេហូវ៉ាបាន។ ឥឡូវ យើងសូមពិនិត្យមើលគោលសំខាន់ៗពីជំពូកទី៦ដល់៩ក្នុងសៀវភៅហូសេ។ ជាការល្អបើយើងសង្ខេបសេចក្ដីក្នុងជំពូកទាំងបួននេះជាមុនសិន។
ការសង្ខេបសេចក្ដី
៣. សូមសង្ខេបសេចក្ដីក្នុងសៀវភៅហូសេជំពូក៦ដល់៩។
៣ ព្រះយេហូវ៉ាបានចាត់ហូសេឲ្យទៅផ្សាយទំនាយជាពិសេសដល់ពួកអ្នកស្រុកអ៊ីស្រាអែលដែលជារាជាណាចក្រខាងជើងដែលមានកុលសម្ព័ន្ធ១០។ រាជាណាចក្រនោះក៏បានត្រូវហៅថា អេប្រាអិមដែរ ដោយសារអេប្រាអិមជាកុលសម្ព័ន្ធធំជាងគេក្នុងចំណោមកុលសម្ព័ន្ធទាំង១០នោះ។ ពួកអេប្រាអិមបានបែរចេញពីព្រះហើយ។ សៀវភៅហូសេជំពូក៦ដល់៩បង្ហាញថា ប្រជាជនមិនបានបង្ហាញភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ាពីព្រោះពួកគេបានប្រព្រឹត្តកន្លងនឹងសេចក្ដីសញ្ញាឬបំពានលើកិច្ចព្រមព្រៀងរបស់ទ្រង់ជាមួយពួកគេ ហើយពួកគេក៏បានប្រព្រឹត្តអំពើទុច្ចរិតផង។ (ហូសេ ៦:៧) ពួកគេបានពឹងផ្អែកលើបក្សសម្ព័ន្ធជាមួយសាសន៍ដទៃជាជាងត្រឡប់មកឯព្រះយេហូវ៉ាវិញ។ ដោយសារពួកគេបានសាបព្រោះសេចក្ដីអាក្រក់ នោះពួកគេនឹងច្រូតបានសេចក្ដីអាក្រក់ដែរ ពោលគឺ ត្រូវទទួលទោស! ប៉ុន្តែ បទទំនាយរបស់ហូសេក៏មានសារមួយដ៏គួរឲ្យលើកទឹកចិត្តផង។ ហូសេបានពង្រឹងទំនុកចិត្តរបស់ប្រជាជនថា បើពួកគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះទ្រង់នឹងបង្ហាញព្រះទ័យមេត្ដាករុណាដល់គេ ឲ្យតែពួកគេប្រែចិត្តយ៉ាងស្មោះ។
៤. ពេលមើលទំនាយរបស់ហូសេ តើមានមេរៀនបួនអ្វីដែលមានប្រយោជន៍?
៤ ជំពូកទាំងបួននេះក្នុងបទទំនាយរបស់ហូសេផ្ដល់ការណែនាំបន្ថែមទៀតដែលនឹងជួយយើងដើរជាមួយនឹងព្រះយេហូវ៉ា។ សូមយើងពិចារណាមេរៀនបួនយ៉ាងដែលមានប្រយោជន៍ ពោលគឺ (១) ការប្រែចិត្តយ៉ាងស្មោះត្រូវសម្ដែងមកដោយការប្រព្រឹត្ត មិនមែនដោយពាក្យសម្ដីប៉ុណ្ណោះទេ (២) ការថ្វាយដង្វាយប៉ុណ្ណោះ មិនផ្គាប់ព្រះហឫទ័យព្រះ (៣) ព្រះយេហូវ៉ាព្រួយព្រះទ័យពេលដែលអ្នកថ្វាយបង្គំបោះបង់ទ្រង់ចោល ហើយ (៤) យើងត្រូវសាបព្រោះសេចក្ដីល្អ ទើបអាចច្រូតផលល្អបាន។
របៀបបង្ហាញថាខ្លួនបានប្រែចិត្តយ៉ាងស្មោះ
៥. សូមសង្ខេបសេចក្ដីក្នុងសៀវភៅហូសេ ៦:១-៣។
៥ បទទំនាយរបស់ហូសេបង្រៀនយើងចំណុចជាច្រើនអំពីការប្រែចិត្តនិងក្ដីមេត្ដាករុណា។ នៅហូសេ ៦:១-៣ យើងអានថា៖ «ចូរមក យើងវិលត្រឡប់ទៅឯព្រះយេហូវ៉ាចុះ! ដ្បិតទ្រង់បានហែកហួរយើងហើយ [តែ]ទ្រង់ក៏នឹងប្រោសឲ្យជាផង។ ទ្រង់បានវាយឲ្យរបួស ហើយទ្រង់នឹងរុំបិទវិញ។ នៅតែ២ថ្ងៃ នោះទ្រង់នឹងប្រោសឲ្យយើងរាល់គ្នាបានរស់ ហើយលុះដល់ថ្ងៃទី៣ ទ្រង់នឹងឲ្យយើងក្រោកឡើង នោះយើងនឹងរស់នៅចំពោះព្រះភក្ដ្រទ្រង់។ ចូរឲ្យយើងបានស្គាល់ព្រះយេហូវ៉ាចុះ! ហើយមានព្យាយាមនឹងស្គាល់ទ្រង់តទៅ។ ឯដំណើរដែលទ្រង់យាងចេញមក នោះទៀងដូចជាអរុណរះហើយទ្រង់នឹងយាងមកឯយើងរាល់គ្នាដូចជាទឹកភ្លៀង គឺដូចជាភ្លៀងចុងរដូវដែលតែងតែស្រោចស្រពផែនដី»។
៦-៨. ហេតុអ្វីក៏ព្រះយេហូវ៉ាមិនទទួលស្គាល់ការប្រែចិត្តរបស់ប្រជាជនអ៊ីស្រាអែល?
៦ តើអ្នកណាបានពោលពាក្យក្នុងខទាំងនោះ? បណ្ឌិតខ្លះស្មានថា ប្រជាជនអ៊ីស្រាអែលដ៏មិនស្មោះត្រង់នោះបានមានប្រសាសន៍ដូច្នេះ ហើយថាពួកអ្នកមិនស្ដាប់បង្គាប់នោះបានធ្វើពុតជាអ្នកប្រែចិត្តដោយ សង្ឃឹមថាព្រះយេហូវ៉ានឹងបង្ហាញព្រះទ័យមេត្ដាករុណាដល់គេ។ ប៉ុន្តែ បណ្ឌិតឯទៀតស្មានថា ព្យាការីហូសេបានពោលពាក្យទាំងនោះដើម្បីអង្វរប្រជាជនឲ្យត្រឡប់មកឯព្រះយេហូវ៉ាវិញ។ មិនថាអ្នកណាបានពោលពាក្យទាំងនោះក៏ដោយ មានសំណួរសំខាន់នេះថា តើប្រជាជនក្នុងរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១០នោះ សុខចិត្តប្រែចិត្តយ៉ាងស្មោះហើយត្រឡប់មកឯព្រះយេហូវ៉ាវិញឬទេ? ពួកគេមិនព្រមប្រែចិត្តទេ។ ព្រះយេហូវ៉ាបានមានបន្ទូលតាមរយៈហូសេថា៖ «ឱអេប្រាអិមអើយ! តើគួរឲ្យអញប្រោសដល់ឯងជាយ៉ាងណា? ឱយូដាអើយ! តើគួរឲ្យអញប្រោសដល់ឯងជាយ៉ាងណា? ដ្បិតសេចក្ដីសប្បុរសរបស់ឯង នោះប្រៀបដូចជាពពកនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលបាត់ទៅយ៉ាងបន្ទាន់»។ (ហូសេ ៦:៤) រាស្ត្ររបស់ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យសុខុមាលភាពខាងវិញ្ញាណរបស់ខ្លួនធ្លាក់អាប់ឱនយ៉ាងគួរឲ្យសោកស្ដាយណាស់! សេចក្ដីសប្បុរសឬសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ពួកគេស្ទើរតែគ្មានសោះ ដូចជាអ័ព្ទនៅពេលព្រលឹមដែលហួតបាត់ទៅពេលថ្ងៃរះ។ បើមើលតែសំបកក្រៅ ពួកគេមើលទៅដូចជាបានប្រែចិត្តមែន តែគ្មានហេតុសោះឲ្យព្រះយេហូវ៉ាបង្ហាញព្រះទ័យមេត្ដាករុណាដល់គេទេ។ ហេតុអ្វី?
៧ គឺពីព្រោះពួកអ៊ីស្រាអែលមិនបានប្រែចិត្តយ៉ាងស្មោះទេ។ ហូសេ ៧:១៤ បង្ហាញថាព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យចំពោះរាស្ត្រទ្រង់ដោយចែងថា៖ «គេមិនបានអំពាវនាវដល់អញដោយស្មោះពីចិត្តទេ គឺបានស្រែកទ្រហោនៅលើដំណេកគេវិញ»។ ខ១៦បន្ថែមសេចក្ដីថា៖ «គេត្រឡប់មក តែមិនមែនមកឯព្រះដ៏ខ្ពស់បំផុតទេ» ឬបើយោងតាមសម្គាល់ហេតុក្នុងសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធថា គេ«មិនមកឯការថ្វាយបង្គំដ៏ខ្ពស់ថ្កើងទេ»។ ប្រជាជនអ៊ីស្រាអែលមិនព្រមត្រឡប់មកចូលរួមក្នុងការថ្វាយបង្គំដ៏ខ្ពស់ថ្កើងរបស់ព្រះយេហូវ៉ាដោយកែប្រែខ្លួនដើម្បីផ្សះផ្សាចំណងមេត្រីភាពជាមួយនឹងទ្រង់ទេ។ តាមពិត ពួកគេមិនចង់ដើរជាមួយនឹងព្រះយេហូវ៉ាឡើយ!
៨ ពេលដែលពួកអ៊ីស្រាអែលបង្ហាញការប្រែចិត្តតែសំបកក្រៅដូច្នេះ គេមានកំហុសមួយទៀត ពោលគឺ ពួកគេនៅតែប្រព្រឹត្តអំពើបាបយ៉ាងឥតឈប់ឈរ។ តាមពិត ពួកគេបានប្រព្រឹត្តអំពើបាបច្រើនបែបច្រើនយ៉ាងដែលរួមទាំងការបោកប្រាស់ ឃាតកម្ម ការលួចប្លន់ ការថ្វាយបង្គំរូបព្រះនិងការធ្វើបក្សសម្ព័ន្ធជាមួយនឹងសាសន៍ដទៃដែលគេមិនគួរធ្វើទេ។ សៀវភៅហូសេ ៧:៤ ប្រៀបធៀបប្រជាជនអ៊ីស្រាអែលទៅនឹង«ឡ»សម្រាប់ដុតនំ។ តាមមើលទៅ ពាក្យប្រៀបប្រដូចនេះបានត្រូវប្រើដើម្បីសំដៅទៅលើតណ្ហាអាក្រក់ដែលឆួលឡើងក្នុងចិត្តគេ ប្រៀបដូចជាភ្លើងឆេះក្ដៅគគុក។ សាសន៍នោះមានសុខុមាលភាពទ្រុឌទ្រោមណាស់ខាងវិញ្ញាណ ដូច្នេះ តើពួកគេគួរនឹងទទួលសេចក្ដីមេត្ដាករុណាឬទេ? ពួកគេមិនគួរទទួលក្ដីអាណិតមេត្ដាទេ! ហូសេប្រាប់ដល់ប្រជាជនដែលជាអ្នកបះបោរនោះថា ព្រះយេហូវ៉ានឹង«នឹកចាំពីអំពើទុច្ចរិតរបស់គេ» ហើយនឹង«តបស្នងចំពោះបាបគេដែរ»។ (ហូសេ ៩:៩) ពួកគេមិនអាចទទួលសេចក្ដីមេត្ដាករុណាសោះឡើយ!
៩. តើពាក្យរបស់ហូសេបង្រៀនអ្វីខ្លះអំពីការប្រែចិត្តនិងសេចក្ដីមេត្ដាករុណា?
៩ ពេលយើងអានពាក្យរបស់ហូសេ តើយើងរៀនអ្វីខ្លះអំពីការប្រែចិត្តនិងសេចក្ដីមេត្ដាករុណា? គំរូរបស់សាសន៍អ៊ីស្រាអែលដែលមិនបង្ហាញចិត្តស្មោះភក្ដីនោះ ជាការព្រមានដែលបង្រៀនយើងថា យើងត្រូវតែប្រែចិត្តយ៉ាងស្មោះពីចិត្តទើបអាចទទួលសេចក្ដីមេត្ដាករុណាពីព្រះយេហូវ៉ាបាន។ តើការប្រែចិត្តនេះត្រូវសម្ដែងយ៉ាងដូចម្ដេច? មនុស្សពុំអាចបញ្ឆោតព្រះយេហូវ៉ាដោយស្រក់ទឹកភ្នែកឬគ្រាន់តែស្រដីថាបានប្រែចិត្តនោះឡើយ។ មនុស្សត្រូវតែមានការប្រព្រឹត្តដែលបង្ហាញពីការប្រែចិត្តដ៏ស្មោះ។ ដើម្បីទទួលសេចក្ដីមេត្ដាករុណានោះ ពួកអ្នកដែលធ្វើខុសត្រូវតែលះចោលអំពើបាបទាំងស្រុង ហើយកែប្រែជីវិតស្របទៅតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាស្តីអំពីការថ្វាយបង្គំដ៏បរិសុទ្ធ។
ព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យចំពោះដង្វាយតែប៉ុណ្ណោះ
១០, ១១. ដូចបានបង្ហាញដោយស្ថានភាពក្នុងស្រុកអ៊ីស្រាអែល ហេតុអ្វីក៏ព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យចំពោះដង្វាយតែប៉ុណ្ណោះ?
១០ ឥឡូវ សូមយើងពិចារណាមេរៀនទីពីរដែលអាចជួយយើងដើរជាមួយនឹងព្រះយេហូវ៉ា ពោលគឺ ព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យចំពោះដង្វាយតែប៉ុណ្ណោះ។ សៀវភៅហូសេ ៦:៦ ចែងថា៖ «អញ[ព្រះយេហូវ៉ា]ពេញចិត្តចំពោះសេចក្ដីសប្បុរស មិនមែនចំពោះយញ្ញបូជាទេ ហើយពេញចិត្តចំពោះការស្គាល់ព្រះ ជាជាងការថ្វាយដង្វាយដុតទៅទៀត»។ សូមកត់សម្គាល់ថា ព្រះយេហូវ៉ាមានព្រះទ័យរីករាយពេល ដែលមនុស្សស្គាល់ទ្រង់និងបង្ហាញសេចក្ដីសប្បុរសឬសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ ដែលជាគុណសម្បត្ដិដែលផុសចេញពីចិត្ត។ ប៉ុន្តែ ប្រហែលជាអ្នកឆ្ងល់ថា ‹ហេតុអ្វីបានជាខនេះចែងថា ព្រះយេហូវ៉ាមិនពេញចិត្តឬសព្វព្រះហឫទ័យចំពោះ«យញ្ញបូជា»និង«ដង្វាយដុត»? ក្រឹត្យវិន័យលោកម៉ូសេតម្រូវឲ្យប្រជាជនថ្វាយដង្វាយទាំងនោះ មែនទេ?›។
១១ ក្រឹត្យវិន័យម៉ូសេតម្រូវឲ្យប្រជាជនថ្វាយដង្វាយមែន ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលនៅសម័យហូសេមានកំហុសឆ្គង។ តាមមើលទៅ ប្រជាជនអ៊ីស្រាអែលខ្លះបានថ្វាយដង្វាយតាមក្រឹត្យវិន័យដើម្បីធ្វើឫកពាជាអ្នកគោរពប្រតិបត្ដិដល់ព្រះតែសំបកក្រៅទេ។ មិនត្រឹមតែប៉ុណ្ណោះ ដំណាលគ្នានោះពួកគេបានប្រព្រឹត្តអំពើបាបដែរ។ ដោយប្រព្រឹត្តអំពើបាប ពួកគេបង្ហាញថា គេគ្មានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់នៅក្នុងចិត្តឡើយ។ ពួកគេក៏បានបង្ហាញថា គេមិនព្រមស្គាល់ព្រះ ដ្បិតពួកគេមិនប្រព្រឹត្តតាមបន្ទូលទ្រង់ទេ។ បើពួកបណ្ដាជនគ្មានបំណងចិត្តល្អ ហើយមិនព្រមរស់នៅដោយរបៀបត្រឹមត្រូវនោះ តើដង្វាយរបស់ពួកគេមានតម្លៃទេ? តាមពិត ដង្វាយរបស់ពួកគេនាំឲ្យព្រះយេហូវ៉ាប្រកាន់ទៀត!
១២. តើហូសេ ៦:៦ មានការព្រមានអ្វីសម្រាប់មនុស្សដែលរស់នៅសម័យនេះ?
១២ ពាក្យរបស់ហូសេជាការព្រមានដល់មនុស្សជាច្រើនដែលចូលវិហារគ្រីស្ទានផ្សេងៗនៅសព្វថ្ងៃនេះដែរ។ ពួកគេធ្វើតាមទំនៀមទម្លាប់សាសនាមែន ដែលប្រៀបដូចជាដង្វាយថ្វាយព្រះ តែការថ្វាយបង្គំនោះមិនសូវមានឥទ្ធិពលទៅលើការប្រព្រឹត្តរបស់ពួកគេក្នុងជីវិតប្រចាំថ្ងៃទេ។ បើគ្មានចិត្តជំរុញឲ្យទទួលចំណេះដើម្បីស្គាល់ព្រះពិតនិងប្រព្រឹត្តតាមចំណេះនោះដោយបែរចេញពីអំពើបាប តើមនុស្សបែបនោះពិតជាផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ាឬទេ? កុំឲ្យយើងនឹកស្មានថា ការប្រព្រឹត្តតាមធម៌សាសនាប៉ុណ្ណោះនឹងនាំឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យទេ។ ព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យចំពោះមនុស្សដែលរកផ្គាប់ព្រះហឫទ័យទ្រង់ដោយបង្គ្រប់កិច្ចប៉ុណ្ណោះក្នុងការថ្វាយបង្គំជាជាងប្រព្រឹត្តតាមព្រះបន្ទូលរបស់ទ្រង់!—ធីម៉ូថេទី២ ៣:៥
១៣. តើយើងថ្វាយដង្វាយបែបណា? តើយើងត្រូវចាំអ្វីស្តីអំពីតម្លៃនៃដង្វាយនោះ?
១៣ ដោយសារយើងជាគ្រីស្ទានពិត យើងក៏ត្រូវចាំដែរថា ដង្វាយតែប៉ុណ្ណោះគឺមិនធ្វើឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យឡើយ។ យើងមិនថ្វាយសត្វជាដង្វាយនៅសព្វថ្ងៃនេះទេ តែយើង«ថ្វាយពាក្យសរសើរ»វិញ «ទុកជាគ្រឿងបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ដែលថ្លែងប្រាប់ពីព្រះនាមទ្រង់»។ (ហេព្រើរ ១៣:១៥) សំខាន់ណាស់ កុំឲ្យយើងមានគំនិតដូចប្រជាជនអ៊ីស្រាអែលនៅសម័យហូសេ ដោយស្មានថាការថ្វាយដង្វាយដល់ព្រះយេហូវ៉ាអាចទូទាត់នឹងអំពើបាបដែលយើងប្រព្រឹត្ត។ សូមគិតអំពីឧទាហរណ៍តទៅនេះ។ យុវនារីម្នាក់បានលួចធ្វើអំពើអសីលធម៌ តែក្រោយៗមកបានសារភាពថា៖ «ខ្ញុំខំផ្សព្វផ្សាយច្រើនម៉ោងជាងមុនៗដោយគិតថា នេះអាចសងទូទាត់នឹងអំពើខុសឆ្គងរបស់ខ្ញុំបាន»។ ប្រជាជនអ៊ីស្រាអែលវង្វេងវង្វាន់នោះបានខិតខំធ្វើដូចគ្នាដែរ។ ក៏ប៉ុន្តែ សូមចាំថា យើងត្រូវមានបំណងចិត្តត្រឹមត្រូវនិងអាកប្បកិរិយាស្របទៅតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា ទើបទ្រង់សព្វព្រះហឫទ័យចំពោះដង្វាយរបស់យើងដែលជាពាក្យសរសើរនោះ។
ព្រះយេហូវ៉ាព្រួយព្រះទ័យ ពេលដែលអ្នកថ្វាយបង្គំបោះបង់ទ្រង់ចោល
១៤. តើបទទំនាយរបស់ហូសេបង្ហាញយ៉ាងណាអំពីអារម្មណ៍របស់ព្រះយេហូវ៉ា?
១៤ មេរៀនទីបីដែលយើងរៀនពីសៀវភៅហូសេជំពូក៦ដល់៩ គឺសំដៅទៅលើអារម្មណ៍របស់ព្រះយេហូវ៉ាពេលដែលអ្នកថ្វាយបង្គំបែរចេញពីទ្រង់។ ព្រះយេហូវ៉ាចេះបង្ហាញអារម្មណ៍ម៉ឺងម៉ាត់ផង តែក៏ចេះអាណិតមេត្ដាប្រោសប្រណីផងដែរ។ ព្រះយេហូវ៉ាត្រេកអរចំពោះអស់អ្នកដែលប្រែចិត្តពីអំពើបាបរបស់ខ្លួន ហើយទ្រង់ក៏មានព្រះទ័យអាណិតអាសូរដល់គេដែរ។ ប៉ុន្តែ ពេលដែលរាស្ត្រទ្រង់មិនប្រែចិត្តវិញ ទ្រង់ក៏ចាត់វិធានការណ៍ដោយម៉ឺងម៉ាត់។ ដោយសារព្រះយេហូវ៉ាខ្វល់ខ្វាយអំពីសុខុមាលភាពរបស់យើង នោះទ្រង់ក៏មានព្រះទ័យរីករាយពេលដែលយើងដើរជាមួយនឹងទ្រង់ដោយចិត្តស្មោះភក្ដី។ ទំនុកដំកើង ១៤៩:៤ ចែងថា៖ «ព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងរាស្ត្រទ្រង់»។ ប៉ុន្តែ តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលអ្នកបម្រើទ្រង់បែរជាឥតស្មោះត្រង់វិញ?
១៥. យោងទៅតាមហូសេ ៦:៧ តើប្រជាជនអ៊ីស្រាអែលខ្លះបានប្រព្រឹត្តបែបណា?
១៥ ព្រះយេហូវ៉ាមានបន្ទូលសំដៅទៅលើសាសន៍អ៊ីស្រាអែលដ៏ឥតស្មោះត្រង់នោះថា៖ «គេបានប្រព្រឹត្តដូចជាមនុស្សល្មើស គឺបានកន្លងនឹងសេចក្ដីសញ្ញា។ គេបានក្បត់នឹងអញក្នុងសេចក្ដីនោះឯង»។ (ហូសេ ៦:៧) ពាក្យភាសាហេព្រើរដែលបកប្រែថា«ក្បត់»នេះ ក៏មានន័យថា‹បោកបញ្ឆោត ឬប្រព្រឹត្តដោយឥតស្មោះត្រង់›។ ម៉ាឡាគី ២:១០-១៦ប្រើពាក្យដដែលនេះពេលសំដៅទៅលើប្រជាជនអ៊ីស្រាអែលដែលមិនមានចិត្តស្មោះត្រង់ចំពោះគូអាពាហ៍ពិពាហ៍របស់ខ្លួន។ ឯកសារយោងមួយរៀបរាប់អំពីពាក្យដែលគេប្រើក្នុងសៀវភៅហូសេ ៦:៧ នេះថា៖ «ជាពាក្យដែលបញ្ជាក់ពីអារម្មណ៍ក្នុងចំណងអាពាហ៍ពិពាហ៍ . . . ថាមានស្ថានភាពក្បត់នឹងសេចក្ដីស្រឡាញ់ដែលម្នាក់បានបង្ហាញ»។
១៦, ១៧. (ក) តើពួកអ៊ីស្រាអែលបានប្រព្រឹត្តយ៉ាងណា ស្តីអំពីកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាជាមួយពួកគេ? (ខ) តើយើងគួរចងចាំអ្វីស្តីអំពីការប្រព្រឹត្តរបស់យើង?
១៦ ដោយសារព្រះយេហូវ៉ាបានចុះសេចក្ដីសញ្ញាឬកិច្ចព្រមព្រៀងជាមួយនឹងសាសន៍អ៊ីស្រាអែល ទ្រង់ក៏ចាត់ទុកសាសន៍នោះជាភរិយារបស់ទ្រង់ក្នុងន័យជាអត្ថបដិរូប។ ដូច្នេះ ពេលដែលរាស្ត្រទ្រង់បំពានលើកិច្ចព្រមព្រៀង នោះ គឺហាក់ដូចជាពួកគេបានប្រព្រឹត្តអំពើផិតក្បត់។ ព្រះយេហូវ៉ាប្រៀបដូចជាស្វាមីដ៏ស្មោះត្រង់ តែរាស្ត្ររបស់ទ្រង់បានបោះបង់ទ្រង់ចោល!
១៧ ចុះយ៉ាងណាចំពោះយើងវិញ? ព្រះយេហូវ៉ាច្បាស់ជាយកព្រះទ័យទុកដាក់ថា តើយើងនឹងដើរជាមួយនឹងទ្រង់ឬក៏អត់? យកល្អយើងចងចាំមិនភ្លេចថា «ព្រះទ្រង់ជាតួសេចក្ដីស្រឡាញ់» ហើយការប្រព្រឹត្តរបស់យើងមានឥទ្ធិពលលើព្រះទ័យទ្រង់។ (យ៉ូហានទី១ ៤:១៦) ដូច្នេះ បើយើងកំពុងតែរស់នៅដោយរបៀបខុសច្បាប់ព្រះយេហូវ៉ា នោះយើងក៏ធ្វើឲ្យទ្រង់ព្រួយព្រះទ័យហើយមិនផ្គាប់ព្រះហឫទ័យទេ។ ការចងចាំចំណុចនេះគួរជំរុញយើងយ៉ាងខ្លាំងកុំឲ្យចុះចាញ់នឹងការល្បួងណាឡើយ។
របៀបដែលយើងអាចច្រូតផលល្អបាន
១៨, ១៩. តើហូសេ ៨:៧ មានគោលការណ៍សំខាន់អ្វី? តើពួកអ៊ីស្រាអែលបានជួបប្រទះអ្វី ស្របទៅតាមគោលការណ៍នោះ?
១៨ សូមយើងពិចារណាមេរៀនទីបួនដែលយើងអាចទាញយកពីទំនាយរបស់ហូសេបាន ពោលគឺ របៀបដែលយើងអាចច្រូតផលល្អបាន។ ហូសេបានរៀបរាប់អំពីការប្រព្រឹត្តរបស់ពួកអ៊ីស្រាអែលដែលគ្មានជំនឿនោះ ថាជាពួកល្ងីល្ងើដែលឥតមានប្រយោជន៍សោះ។ ហូសេសរសេរថា៖ «គេបានសាបព្រោះជាខ្យល់ ហើយនឹងច្រូតកាត់បានជាខ្យល់គួចវិញ»។ (ហូសេ ៨:៧) ពាក្យទាំងនេះលើកបញ្ជាក់ពីគោលការណ៍មួយដែលយើងគួរចងចាំជានិច្ច ពោលគឺ អ្វីដែលយើងធ្វើឥឡូវនេះពិតជាមានអានុភាពទៅលើអ្វីដែលនឹងកើតឡើងដល់យើងក្រោយៗមក។ តើពួកអ៊ីស្រាអែលដ៏មិនស្មោះត្រង់នោះបានច្រូតផលអ្វីស្របទៅតាមគោលការណ៍នេះ?
១៩ ពួកអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាបដែលបានន័យថា សាបព្រោះសេចក្ដីអាក្រក់។ តើពួកគេអាចធ្វើដូច្នេះជារៀងរហូតដោយមិនទទួលផលអាក្រក់បានទេ? អត់បានទេ! ពួកគេត្រូវទទួលទោសជាមិនខាន! ហូសេ ៨:១៣ ចែងថា៖ «ទ្រង់[ព្រះយេហូវ៉ា]នឹងនឹកចាំពីអំពើទុច្ចរិតរបស់គេឥឡូវ ហើយតបស្នងនឹងអំពើបាបរបស់គេ»។ ហើយនៅហូសេ ៩:១៧ យើងអានថា៖ «ព្រះនៃខ្ញុំទ្រង់នឹងបោះគេចោលពីព្រោះគេមិនបានស្ដាប់តាមទ្រង់ នោះគេនឹងបានជាមនុស្សសាត់អណ្ដែតនៅកណ្ដាលអស់ទាំងសាសន៍»។ ព្រះយេហូវ៉ាពិតជាមានបំណងដាក់ទោសលើប្រជាជនអ៊ីស្រាអែលដោយសារអំពើបាបរបស់គេ។ ពួកគេបានសាបព្រោះនូវសេចក្ដីអាក្រក់ ដូច្នេះពួកគេក៏ត្រូវច្រូតផលអាក្រក់ដែរ។ ព្រះយេហូវ៉ាបានកាត់ទោសពួកគេនៅឆ្នាំ៧៤០ មុនគ.ស. ពេលដែលពួកសាសន៍អាសស៊ើរបានឈ្លានពានរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១០នោះ ហើយយកប្រជាជនទៅធ្វើនិរទេស។
២០. តើយើងអាចរៀនអ្វីពីគំរូរបស់ពួកអ៊ីស្រាអែល?
២០ អ្វីដែលប្រជាជនអ៊ីស្រាអែលបានជួបប្រទះនោះ បង្រៀនយើងនូវសេចក្ដីពិតមួយ ពោលគឺ យើងតែងច្រូតផលតាមដែលយើងសាបព្រោះ។ ព្រះបន្ទូលរបស់ព្រះព្រមានយើងថា៖ «កុំឲ្យច្រឡំឡើយ នឹងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ»។ (កាឡាទី ៦:៧) បើយើងសាបព្រោះសេចក្ដីអាក្រក់ យើងនឹងច្រូតបានផលអាក្រក់ជាមិនខាន! ជាឧទាហរណ៍ មនុស្សដែលធ្វើអំពើអសីលធម៌ នឹងច្រូតបានផលល្វីងជូរចត់។ មិនយូរមិនឆាប់ ពួកអ្នកដែលមិនប្រែចិត្តនោះ នឹងទទួលផលវិបាក។
២១. តើយើងត្រូវធ្វើអ្វីដើម្បីច្រូតផលល្អ?
២១ បើដូច្នេះ តើយើងអាចច្រូតបានផលល្អយ៉ាងដូចម្ដេច? យើងអាចឆ្លើយសំណួរនេះដោយឧទាហរណ៍មួយដ៏ស្រួលយល់។ បើកសិករម្នាក់ចង់ច្រូតផ្លែពោត តើគាត់នឹងសាបព្រោះគ្រាប់ស្រូវឬទេ? គាត់ពិតជាមិនព្រោះគ្រាប់ស្រូវទេ! កសិករដឹងថាគាត់ត្រូវដាំអ្វីដែលគាត់ចង់ច្រូតបាន។ ស្រដៀងគ្នាដែរ បើយើងចង់ច្រូតបាននូវផលល្អ នោះយើងត្រូវសាបព្រោះសេចក្ដីល្អ។ ចុះអ្នកវិញ? តើអ្នកចង់ច្រូតផលល្អជានិច្ចឬទេ? តើអ្នកចង់បានជីវិតសប្បាយដែលគាប់ចិត្តពេលឥឡូវនេះ និងសេចក្ដីសង្ឃឹមទទួលជីវិតជារៀងរហូតក្នុងពិភពលោកថ្មីរបស់ព្រះដែរឬទេ? បើចង់មែន អ្នកត្រូវបន្តសាបព្រោះនូវសេចក្ដីល្អដោយដើរជាមួយនឹងព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តតាមខ្នាតតម្រាដ៏សុចរិតរបស់ទ្រង់ជារៀងរាល់ថ្ងៃ។
២២. តើយើងបានរៀនមេរៀនអ្វីខ្លះពីសៀវភៅហូសេជំពូក៦ដល់៩?
២២ យើងបានរៀនមេរៀនបួនយ៉ាងពីជំពូក៦ដល់៩ក្នុងសៀវភៅហូសេ ដែលអាចជួយយើងដើរជាមួយនឹងព្រះ ពោលគឺ (១) ការប្រែចិត្តយ៉ាងស្មោះត្រូវសម្ដែងមកដោយការប្រព្រឹត្ត (២) ការថ្វាយដង្វាយប៉ុណ្ណោះ មិនផ្គាប់ព្រះហឫទ័យព្រះ (៣) ព្រះយេហូវ៉ាព្រួយព្រះទ័យពេលដែលអ្នកថ្វាយបង្គំបោះបង់ទ្រង់ចោល ហើយ (៤) យើងត្រូវសាបព្រោះសេចក្ដីល្អ ទើបអាចច្រូតផលល្អបាន។ តើព័ត៌មានក្នុងជំពូកទាំងប្រាំចុងក្រោយនៃសៀវភៅហូសេអាចជួយយើងដើរជាមួយនឹងព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើការប្រែចិត្តយ៉ាងស្មោះត្រូវសម្ដែងមកដោយរបៀបណា?
• ហេតុអ្វីក៏ព្រះវរបិតារបស់យើងនៅស្ថានសួគ៌មិនសព្វព្រះហឫទ័យចំពោះដង្វាយតែប៉ុណ្ណោះ?
• តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលដែលអ្នកថ្វាយបង្គំរបស់ទ្រង់បោះបង់ទ្រង់ចោល?
• តើយើងត្រូវសាបព្រោះអ្វីដើម្បីច្រូតផលល្អបាន?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ៩]
ហេតុអ្វីបានជាព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យចំពោះដង្វាយដែលរាស្ត្រទ្រង់ថ្វាយ?