លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មនុស្ស«ពីភាសាផ្សេងៗ»ឮដំណឹងល្អ

មនុស្ស«ពីភាសាផ្សេងៗ»ឮដំណឹងល្អ

មនុស្ស​«​ពី​ភាសា​ផ្សេង​ៗ​»​ឮ​ដំណឹង​ល្អ

​«​នៅ​គ្រា​នោះ​មនុស្ស​១០​នាក់​ពី​ភាសា​ផ្សេង​ៗ​នឹង[​ថា​]​៖‹យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពីព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា› ​»។—សាការី ៨:២៣

១​. ហេតុ​អ្វី​បាន​ជា​ពេល​និង​ទី​កន្លែង​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើសរើស​ដើម្បី​ចាប់​ផ្ដើម​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ពី​ភូមិភាគ​ដទៃ​ដែល​និយាយ​ភាសា​ផ្សេង​ៗ​នោះ ជា​ពេល​និង​ទី​កន្លែង​ល្អ​បំផុត?

 ព្រឹត្ដិការណ៍​នោះ​បាន​កើត​ឡើង​ក្នុង​ពេល​ដ៏​ល្អ​មែន។ តើ​ព្រឹត្ដិការណ៍​នោះ​ជា​អ្វី​ទៅ? ហើយ​ហេតុ​អ្វី? ព្រឹត្ដិការណ៍​នោះ​គឺ​ជា​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣ គ.ស.។ ប៉ុន្មាន​សប្ដាហ៍​មុន​នេះ មាន​បណ្ដាជន​ច្រើន​កុះករ គឺ​ពួក​ជនជាតិ​យូដា​និង​ជនជាតិ​ផ្សេង​ដែល​បាន​ចូល​សាសនា​យូដា បាន​មក​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​បុណ្យ​រំលង។ បណ្ដាជន​ទាំង​នេះ យ៉ាង​ហោច​ណាស់​មក​ពី​តំបន់​១៥​ឆ្ងាយ​ៗ​ក្នុង​និង​ក្រៅ​ចក្រភព​រ៉ូម។ នៅ​ថ្ងៃ​នោះ បណ្ដាជន​រាប់​ពាន់​នាក់​បាន​ឮ​មនុស្ស​ធម្មតា​ដែល​បាន​ពេញ​ដោយ​វិញ្ញាណ​បរិសុទ្ធ ប្រកាស​ដំណឹង​ល្អ​ក្នុង​ភាសា​ផ្សេង​ៗ​របស់​មនុស្ស​ក្នុង​ចក្រភព​រ៉ូម មិន​មែន​ដូច​នៅ​ក្រុង​បាបិល​ពី​បុរាណ ពេល​នោះ​មនុស្ស​ស្ដាប់​គ្នា​ពុំ​បាន​ឡើយ។ (​កិច្ចការ ២:១​-​១២​) គ្រា​នោះ​ជា​ទី​ចាប់​ផ្ដើម​នៃ​ក្រុមជំនុំ​គ្រីស្ទាន ព្រម​ទាំង​កិច្ចការ​អប់រំ​នៅ​ទូទាំង​ពិភពលោក​ដោយ​ប្រើ​ភាសា​ផ្សេង​ៗ ដែល​មាន​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

២​. នៅ​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣​គ.ស. តើ​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ពី​សាសន៍​ផ្សេង​«​មាន​សេចក្ដី​អស្ចារ្យ​»​យ៉ាង​ណា?

សិស្ស​របស់​ព្រះ​យេស៊ូ​ប្រហែល​ជា​ចេះ​និយាយ​ភាសា​ក្រិច​ដែល​មនុស្ស​ទូទៅ​និយម​ប្រើ​នៅ​សម័យ​នោះ។ ពួក​គាត់​ក៏​ចេះ​និយាយ​ភាសា​ហេព្រើរ​ដែរ ជា​ភាសា​ដែល​ត្រូវ​ប្រើ​នៅ​ឯ​ព្រះ​វិហារ។ ក៏​ប៉ុន្តែ នៅ​បុណ្យ​ថ្ងៃ​ទី៥០ ពួក​សិស្ស​បាន​ធ្វើ​ឲ្យ​បណ្ដាជន​ដែល​ស្ដាប់​ពួក​គាត់​«​មាន​សេចក្ដី​អស្ចារ្យ​»​មែន ដោយ​និយាយ​ភាសា​ផ្សេង​ៗ​ដែល​ជា​ភាសា​កំណើត​របស់​អ្នក​ស្ដាប់​ទាំង​នោះ។ តើ​មាន​លទ្ធផល​យ៉ាង​ណា? ពួក​អ្នក​ស្ដាប់​បាន​ឮ​សេចក្ដី​ពិត​សំខាន់​ៗ​ជា​ភាសា​កំណើត​របស់​ខ្លួន ហើយ​នេះ​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​ពួក​គេ។ នៅ​ថ្ងៃ​ដដែល​នោះ ពួក​សិស្ស​ដែល​ដំបូង​មាន​ចំនួន​តិច បាន​កើន​ឡើង​ជាង​៣​.​០០០​នាក់!—កិច្ចការ ២:៣៧​-​៤២

៣, ៤​. កាល​ដែល​គ្រីស្ទាន​ផ្លាស់ប្ដូរ​ទីលំនៅ​ពី​ក្រុង​យេរូសាឡិម ស្រុក​យូដា និង​ស្រុក​កាលីឡេ តើ​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ត្រូវ​បាន​ពង្រីក​យ៉ាង​ដូច​ម្ដេច?

បន្ដិច​ក្រោយ​ពី​ព្រឹត្ដិការណ៍​ដ៏​សំខាន់​នោះ​កើត​ឡើង មាន​ការ​បៀតបៀន​ជា​ខ្លាំង​ផ្ទុះ​ឡើង​នៅ​ក្រុង​យេរូសាឡិម ហើយ​«​ចំណែក​អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់ខ្ចាយ​នោះ គេ​ដើរ​ចុះ​ឡើង​ទាំង​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​ព្រះ​បន្ទូល​»។ (​កិច្ចការ ៨:១​-​៤​) ជា​ឧទាហរណ៍ យើង​អាន​នៅ​កិច្ចការ​ជំពូក​៨​អំពី​អ្នក​ដែល​ផ្សាយ​ដំណឹង​ល្អ​ម្នាក់​ឈ្មោះ​ភីលីព ដែល​តាម​មើល​ទៅ​ចេះ​និយាយ​ភាសា​ក្រិច។ ភីលីព​បាន​ផ្សព្វផ្សាយ​ទៅ​ដល់​មនុស្ស​នៅ​ស្រុក​សាម៉ារី។ គាត់​ក៏​បាន​ផ្សព្វផ្សាយ​ដល់​មន្ត្រី​សាសន៍​អេចូពី​ម្នាក់ ដែល​បាន​ស្ដាប់​តាម​សារ​អំពី​ព្រះ​គ្រីស្ទ។—កិច្ចការ ៦:១​-​៥; ៨:៥​-​១៣, ២៦​-​៤០; ២១:៨, ៩

កាល​ដែល​គ្រីស្ទាន​ផ្លាស់ប្ដូរ​ទីលំនៅ​ពី​ក្រុង​យេរូសាឡិម ស្រុក​យូដា និង​ស្រុក​កាលីឡេ​ទៅ​រស់​នៅ​កន្លែង​ផ្សេង នោះ​ពួក​គាត់​ក៏​ជួបប្រទះ​ឧបសគ្គ​ថ្មី​ៗ​ដែរ ពោល​គឺ​សាសន៍​និង​ភាសា​ផ្សេង។ គ្រីស្ទាន​ខ្លះ​ប្រហែល​ជា​ធ្លាប់​ធ្វើ​បន្ទាល់​ដល់​សាសន៍​យូដា​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ សិស្ស​ម្នាក់​របស់​ព្រះ​យេស៊ូ​ឈ្មោះ​លូកា​បាន​រាយ​ការណ៍​ថា​៖ ​«​ក្នុង​ពួក​អ្នក​នោះ មាន​អ្នក​ខ្លះ​ពី​កោះ​គីប្រុស នឹង​ស្រុក​គីរេន គេ​បាន​ទៅ​ដល់​ក្រុង​អាន់ទីយ៉ូក ក៏​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ​អម្ចាស់​យេស៊ូ​វ ដល់​ពួក​សាសន៍​ក្រេក​ដែរ​»។—កិច្ចការ ១១:១៩​-​២១

ព្រះ​ដែល​មិន​រើស​មុខ​មាន​សារ​សម្រាប់​មនុស្ស​គ្រប់​សាសន៍

៥​. ស្តី​អំពី​ដំណឹង​ល្អ តើ​យើង​អាច​ឃើញ​នូវ​ភាព​មិន​លំអៀង​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

ព្រឹត្ដិការណ៍​ទាំង​នេះ​គឺ​សម​ស្រប​តាម​ព្រះទ័យ​របស់​ព្រះ ដ្បិត​ទ្រង់​មិន​ប្រកាន់​ពូជ​សាសន៍​ឡើយ។ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​ជួយ​សាវ័ក​ពេត្រុស​ឲ្យ​កែ​ប្រែ​គំនិត​គាត់​អំពី​សាសន៍​ដទៃ នោះ​គាត់​បាន​កត់​សម្គាល់​ដោយ​ត្រេកអរ​ថា​៖ ​«​ប្រាកដ​មែន ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ដែរ​»។ (​កិច្ចការ ១០:៣៤, ៣៥; ទំនុកដំកើង ១៤៥:៩​) នៅ​ពេល​សាវ័ក​ប៉ុល ដែល​ពីដើម​ជា​អ្នក​បៀតបៀន​គ្រីស្ទាន មាន​ប្រសាសន៍​ថា​ព្រះ​«​សព្វ​ព្រះ​ហឫទ័យ ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ​»​ នោះ​គាត់​បាន​បញ្ជាក់​ថា ព្រះ​គ្មាន​ភាព​លំអៀង​ទេ។ (​ធីម៉ូថេទី១ ២:៤​) យើង​ឃើញ​នូវ​ភាព​មិន​លំអៀង​របស់​ព្រះ​យេហូវ៉ា ពីព្រោះ​សេចក្ដី​សង្ឃឹម​អំពី​ព្រះ​រាជាណាចក្រ គឺ​សម្រាប់​មនុស្ស​គ្រប់​ភេទ ជាតិ​សាសន៍ ឬ​ភាសា។

៦, ៧​. តើ​ទំនាយ​ណា​ខ្លះ​ក្នុង​ព្រះ​គម្ពីរ ដែល​ទាយ​អំពី​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ជា​ភាសា​ផ្សេង​ៗ​ដល់​មនុស្ស​គ្រប់​សាសន៍?

ការ​ពង្រីក​កិច្ច​ផ្សាយ​ទៅ​ដល់​ជាតិ​សាសន៍​ផ្សេង​ៗ បាន​ត្រូវ​ទាយ​ប្រាប់​ច្រើន​សតវត្សរ៍​មុន។ យោង​ទៅ​តាម​ទំនាយ​របស់​ដានីយ៉ែល ​«​នោះ​បាន​ប្រទាន​ឲ្យ​ទ្រង់[​ព្រះ​យេស៊ូ​]មាន​អំណាច​គ្រប់គ្រង នឹង​សិរី​ល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​ផង ដើម្បី​ឲ្យ​បណ្ដាជន​ទាំង​ឡាយ សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា បាន​គោរព​ដល់​ទ្រង់​»។ (​ដានីយ៉ែល ៧:១៤​) យើង​អាច​ដឹង​ថា​ទំនាយ​នោះ​ពី​បទ​គម្ពីរ​កំពុង​តែ​សម្រេច ដោយសារ​ទស្សនាវដ្ដី​នេះ​ត្រូវ​បាន​បោះ​ពុម្ព​ក្នុង​១៥១​ភាសា និង​ត្រូវ​បាន​ចែក​ចាយ​ទូទាំង​ពិភពលោក ដើម្បី​ឲ្យ​យើង​អាច​អាន​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។

ព្រះ​គម្ពីរ​បាន​ទាយ​អំពី​គ្រា ដែល​មនុស្ស​នឹង​អាច​ស្ដាប់​សារ​ដែល​ផ្ដល់​នូវ​ជីវិត​នេះ​ជា​ភាសា​ផ្សេង​ៗ។ សាការី​បាន​ទាយ​ថា ការ​ថ្វាយ​បង្គំ​ពិត​នឹង​មាន​ឥទ្ធិពល​ល្អ​លើ​មនុស្ស​ជា​ច្រើន ដោយ​សរសេរ​ថា​៖ ​«​នៅ​គ្រា​នោះ​មនុស្ស​១០​នាក់​ពី​ភាសា​ផ្សេង​ៗ​នឹង​ចាប់​តោង ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់[​គ្រីស្ទាន​ដែល​បាន​ត្រូវ​តែងតាំង​ដោយ​វិញ្ញាណ​របស់​ព្រះ ដែល​ជា​ផ្នែក​នៃ​«​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ​»​] ដោយ​ពាក្យ​ថា​៖‹យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពីព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា› ​»។ (​សាការី ៨:២៣, កំណែ​ជា​អក្សរ​ទ្រេត; កាឡាទី ៦:១៦​) សាវ័ក​យ៉ូហាន​បាន​រៀប​រាប់​នូវ​អ្វី​ដែល​គាត់​ឃើញ​ក្នុង​ចក្ខុនិមិត្ត​ថា​៖ ​«​ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា ក៏​ឈរ​នៅ​មុខ​បល្ល័ង្ក នឹង​កូន​ចៀម​»។ (​វិវរណៈ ៧:៩, កំណែ​ជា​អក្សរ​ទ្រេត​) យើង​បាន​ឃើញ​នូវ​ការ​សម្រេច​នៃ​ទំនាយ​ទាំង​នេះ​មែន!

ការ​ផ្សព្វផ្សាយ​ដល់​មនុស្ស​គ្រប់​ប្រភេទ

៨​. សព្វ​ថ្ងៃ​នេះ​តើ​មាន​អ្វី​ដែល​តម្រូវ​ឲ្យ​យើង​កែ​ប្រែ​កិច្ចការ​ផ្សព្វផ្សាយ​របស់​យើង?

សព្វ​ថ្ងៃ​នេះ មនុស្ស​កាន់​តែ​ច្រើន​ផ្លាស់ប្ដូរ​ទីលំនៅ​ទៅ​រស់​នៅ​កន្លែង​ផ្សេង។ ជំនួញ​រវាង​ប្រទេស​បាន​បើក​ផ្លូវ​ឲ្យ​មនុស្ស​ផ្លាស់ប្ដូរ​ទីលំនៅ​ដែរ។ មនុស្ស​ច្រើន​កកកុញ​ពី​កន្លែង​ដែល​មាន​សង្គ្រាម​និង​ភាព​អន់ថយ​ខាង​សេដ្ឋកិច្ច បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ទៅ​កន្លែង​មាន​ស្ថេរ​ភាព ដើម្បី​ជីវភាព​រស់​នៅ​ដែល​ស្រួល​ជាង។ នៅ​ប្រទេស​ជា​ច្រើន មាន​ជន​អន្ដោប្រវេសន៍​និង​ជន​ភៀស​ខ្លួន​ចូល​មក​ជា​ច្រើន​សន្ធឹក ហើយ​ជា​លទ្ធផល​នោះ កកើត​មាន​សហគមន៍​ជន​បរទេស​ដែល​និយាយ​ភាសា​ផ្សេង។ ជា​ឧទាហរណ៍ នៅ​ប្រទេស​ហ្វាំងឡង់ មាន​១២០​ភាសា នៅ​ប្រទេស​អូស្ដ្រាលី​ក៏​មាន​ចំនួន​ជាង​២០០​ភាសា​ដែរ ហើយ​គ្រាន់​តែ​នៅ​ក្រុង​មួយ​នៃ​សហរដ្ឋ​អាមេរិក គឺ​ក្រុង​សែន​ឌីអេហ្គ មាន​ភាសា​ផ្សេង​ៗ​ជាង​១០០​ភាសា!

៩​. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​មនុស្ស​ក្នុង​តំបន់​ផ្សាយ​ដែល​និយាយ​ភាសា​ផ្សេង?

ជា​គ្រីស្ទាន តើ​យើង​ចាត់​ទុក​វត្តមាន​នៃ​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង ជា​ឧបសគ្គ​ដល់​កិច្ច​បម្រើ​ផ្សាយ​យើង​ឬ? មិន​ទាល់តែ​សោះ! ផ្ទុយ​ទៅ​វិញ យើង​ចាត់​ទុក​នេះ​ជា​ការ​ពង្រីក​តំបន់​ផ្សាយ​យើង ពោល​គឺ‹ស្រែ​ដែល​បាន​ក្រហម​ល្មម​ច្រូត​ហើយ›។ (​យ៉ូហាន ៤:៣៥​) យើង​ខំ​ប្រឹង​ជួយ​មនុស្ស​ឲ្យ​ទទួល​ស្គាល់​សេចក្ដី​កំសត់​ឬ​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​ខាង​វិញ្ញាណ មិន​ថា​ពួក​គេ​ជា​ជនជាតិ​ណា​ឬ​និយាយ​ភាសា​ណា​ក៏​ដោយ។ (​ម៉ាថាយ ៥:៣​) ជា​លទ្ធផល ជា​រៀង​រាល់​ឆ្នាំ មនុស្ស​កាន់​តែ​ច្រើន​ពី​«​គ្រប់​ភាសា​»​ក្លាយ​ទៅ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ។ (​វិវរណៈ ១៤:៦​) ជា​ឧទាហរណ៍ តាំង​ពី​ខែ​សីហា ឆ្នាំ​២០០៤ កិច្ចការ​ផ្សព្វផ្សាយ​នៅ​ប្រទេស​អាឡឺម៉ង់ ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រើ​ប្រមាណ​៤០​ភាសា។ នៅ​ពេល​ដដែល​នេះ ដំណឹង​ល្អ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ប្រទេស​អូស្ដ្រាលី ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​ៗ​ជិត​៣០​ភាសា តែ​១០​ឆ្នាំ​មុន​មាន​ត្រឹម​តែ​១៨​ទេ។ នៅ​ប្រទេស​ក្រិច ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ផ្សព្វផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​ៗ​ជិត​២០​ភាសា។ នៅ​ទូទាំង​ពិភពលោក ៨០​ភាគ​រយ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​និយាយ​ភាសា​ផ្សេង​ក្រៅ​ពី​ភាសា​អង់គ្លេស ដែល​ជា​ភាសា​អន្តរជាតិ​សព្វ​ថ្ងៃ​នេះ។

១០​. ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​ពី​«​មនុស្ស​ទាំង​អស់​»​ តើ​អ្នក​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​ម្នាក់​ៗ​មាន​មុខ​នាទី​អ្វី?

១០ ប្រាកដ​មែន! សិស្ស​របស់​ព្រះ​យេស៊ូ​កំពុង​តែ​ធ្វើ​តាម​បញ្ជា​របស់​ទ្រង់ ដែល​ឲ្យ​«​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍​»។ (​ម៉ាថាយ ២៨:១៩, កំណែ​ជា​អក្សរ​ទ្រេត​) ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​សកម្មភាព​ក្នុង​២៣៥​ប្រទេស ហើយ​ធ្វើ​តាម​បញ្ជា​នេះ​ដោយ​ចិត្ត​ខ្នះខ្នែង និង​ដោយ​ចែក​ចាយ​សៀវភៅ​ជាង​៤០០​ភាសា។ អង្គការ​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​សៀវភៅ​ដែល​ត្រូវ​ការ​ដើម្បី​ផ្សព្វផ្សាយ តែ​អ្នក​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​ម្នាក់​ៗ​ត្រូវ​តែ​ប្រាប់​សារ​ព្រះ​គម្ពីរ​ដល់​«​មនុស្ស​ទាំង​អស់​»​ ដោយ​ប្រើ​ភាសា​ដែល​មនុស្ស​ស្ដាប់​បាន​ជាង​គេ​បំផុត។ (​យ៉ូហាន ១:៧​) ការ​ខំ​ប្រឹង​ធ្វើ​នេះ បាន​ជួយ​មនុស្ស​រាប់​លាន​នាក់​ដែល​និយាយ​ភាសា​ផ្សេង​ឲ្យ​ទទួល​ប្រយោជន៍​ពី​ដំណឹង​ល្អ។ (​រ៉ូម ១០:១៤, ១៥​) ត្រូវ​ហើយ យើង​ម្នាក់​ៗ​មាន​មុខ​នាទី​ដ៏​សំខាន់​ក្នុង​រឿង​នេះ!

ការ​យក​ឈ្នះ​ការ​ពិបាក​ក្នុង​ការ​ផ្សាយ

១១, ១២​. (​ក​) តើ​យើង​ត្រូវ​យក​ឈ្នះ​ការ​ពិបាក​អ្វី? តើ​វិញ្ញាណ​បរិសុទ្ធ​ជួយ​យ៉ាង​ដូច​ម្ដេច? (​ខ​) ហេតុ​អ្វី​ក៏​មាន​ប្រយោជន៍​បើ​ផ្សព្វផ្សាយ​ដោយ​ប្រើ​ភាសា​កំណើត​របស់​មនុស្ស?

១១ សព្វ​ថ្ងៃ​នេះ អ្នក​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​ជា​ច្រើន​នាក់​ចង់​រៀន​ភាសា​មួយ​ទៀត ប៉ុន្តែ​វិញ្ញាណ​របស់​ព្រះ មិន​ផ្ដល់​ឲ្យ​ពួក​គេ​ចេះ​និយាយ​ភាសា​ផ្សេង​ភ្លាម​ៗ​ជា​អព្ភូតហេតុ​នោះ​ទេ។ (​កូរិនថូសទី១ ១៣:៨​) ការ​រៀន​ភាសា​មួយ​ទៀត គឺ​ជា​អ្វី​ដ៏​ពិបាក​ណាស់។ សូម្បី​តែ​អស់​អ្នក​ដែល​និយាយ​ភាសា​ពីរ​ក៏​ដោយ ក៏​ត្រូវ​ចេះ​ប្រែប្រួល​គំនិត​និង​វិធី​ផ្សាយ ដើម្បី​ឲ្យ​សារ​ព្រះ​គម្ពីរ​ជា​ទី​ទាក់ទាញ​ចិត្ត​ដល់​មនុស្ស​ដែល​និយាយ​ភាសា​នោះ ពីព្រោះ​មនុស្ស​មាន​មជ្ឈដ្ឋាន​និង​វប្បធម៌​ផ្សេង​គ្នា។ ម្យ៉ាង​វិញ​ទៀត ជន​អន្ដោប្រវេសន៍​តែង​អៀន​ប្រៀន ដូច្នេះ​ហើយ​បើ​យើង​ចង់​យល់​គំនិត​របស់​គេ យើង​ត្រូវ​តែ​ខំ​ប្រឹង​ណាស់។

១២ យ៉ាង​ណា​ក៏​ដោយ វិញ្ញាណ​បរិសុទ្ធ​ក៏​នៅ​ជួយ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ក្នុង​ការ​ផ្សព្វផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង។ (​លូកា ១១:១៣​) ជាជាង​ផ្ដល់​នូវ​សមត្ថភាព​ខាង​ភាសា​ដោយ​អព្ភូតហេតុ នោះ​វិញ្ញាណ​បរិសុទ្ធ​អាច​បង្កើន​ក្ដី​ប៉ង​ប្រាថ្នា​ឲ្យ​និយាយ​ជា​មួយ​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង។ (​ទំនុកដំកើង ១៤៣:១០​) ការ​ផ្សព្វផ្សាយ​ឬ​បង្រៀន​សារ​ព្រះ​គម្ពីរ​ដល់​មនុស្ស​ដោយ​ប្រើ​ភាសា​ដែល​គេ​ស្ដាប់​មិន​សូវ​បាន ប្រហែល​មាន​អានុភាព​លើ​គំនិត ប៉ុន្តែ ដើម្បី​ឲ្យ​មាន​អានុភាព​លើ​ចិត្ត​អ្នក​ស្ដាប់​វិញ គឺ​ល្អ​ជាង​បើ​យើង​ប្រើ​ភាសា​កំណើត​របស់​ពួក​គេ ជា​ភាសា​ដែល​មាន​ឥទ្ធិពល​លើ​សេចក្ដី​ប្រាថ្នា​កប់​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត គោល​បំណង និង​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ។—លូកា ២៤:៣២

១៣, ១៤​. (​ក​) តើ​អ្វី​ដែល​ជំរុញ​ចិត្ត​ឲ្យ​បងប្អូន​ខ្លះ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង? (​ខ​) តើ​អ្វី​បង្ហាញ​ឲ្យ​ឃើញ​ថា​បងប្អូន​មាន​គំនិត​ចេះ​លះបង់​ប្រយោជន៍​ខ្លួន?

១៣ អ្នក​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​ជា​ច្រើន​នាក់ បាន​ចាប់​ផ្សព្វផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង កាល​ដែល​ពួក​គេ​ឃើញ​មនុស្ស​ប្រតិកម្ម​យ៉ាង​ល្អ​ដល់​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ។ ចំណែក​បងប្អូន​ឯ​ទៀត ពេល​ដែល​កិច្ច​បម្រើ​ផ្សាយ​របស់​ពួក​គេ​តម្រូវ​ឲ្យ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​និង​មាន​លក្ខណៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង នោះ​ធ្វើ​ឲ្យ​ពួក​គេ​មាន​កម្លាំង​ចិត្ត។ ការិយាល័យ​សាខា​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​មួយ​នៃ​ទ្វីប​អឺរ៉ុប​ខាង​ត្បូង​រាយ​ការណ៍​ថា​៖ ​«​មនុស្ស​ជា​ច្រើន​នាក់​ដែល​មក​ពី​ប្រទេស​ផ្សេង​នៅ​ទ្វីប​អឺរ៉ុប​ខាង​កើត​កំពុង​តែ​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​ពិត​»។ យើង​មាន​ចិត្ត​សប្បាយ​រីករាយ​ណាស់ ក្នុង​ការ​ជួយ​មនុស្ស​បែប​នេះ!—អេសាយ ៥៥:១, ២

១៤ ប៉ុន្តែ ដើម្បី​ចូល​រួម​ក្នុង​កិច្ចការ​នេះ​ដែល​បង្កើត​ផល យើង​ត្រូវ​ប្ដេជ្ញា​ចិត្ត​និង​ចេះ​លះបង់​ប្រយោជន៍​ខ្លួន។ (​ទំនុកដំកើង ១១០:៣​) ជា​ឧទាហរណ៍ ក្រុម​គ្រួសារ​ជនជាតិ​ជប៉ុន​មួយ​ចំនួន​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ពី​កន្លែង​សុខ​ស្រួល​នៅ​ក្រុង​ធំ​ៗ ហើយ​ទៅ​រស់​នៅ​កន្លែង​ដាច់​ស្រយាល​ដើម្បី​ជួយ​ក្រុម​អន្ដោប្រវេសន៍​ជនជាតិ​ចិន​ឲ្យ​យល់​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ។ នៅ​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក អ្នក​ផ្សាយ​បើក​រថយន្ត​អស់​មួយ​ដល់​ពីរ​ម៉ោង​ដើម្បី​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​មនុស្ស​ដែល​មក​ពី​ប្រទេស​ហ្វីលីពីន។ នៅ​ប្រទេស​ណរវែស គូ​ស្វាមី​ភរិយា​សិក្សា​ជា​មួយ​ក្រុម​គ្រួសារ​ពី​ប្រទេស​អាប់​កានី​ស្ថាន។ គូ​ស្វាមី​ភរិយា​នេះ​ប្រើ​សៀវភៅ​តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង? a ក្រុម​គ្រួសារ​នោះ​អាន​វគ្គ​ជា​ភាសា​ពើ​ស៊ី ដែល​ជា​ភាសា​ស្រដៀង​នឹង​ភាសា​កំណើត​របស់​ពួក​គេ​ហៅ​ថា ដារី។ ពេល​ពិភាក្សា​វគ្គ​នីមួយ​ៗ ពួក​គេ​និយាយ​ភាសា​អង់គ្លេស​ផង​និង​ភាសា​ណរវែស​ផង។ គំនិត​លះបង់​បែប​នេះ​និង​ការ​ចេះ​ប្រែប្រួល​គឺ​ពិត​ជា​បាន​ពរ​យ៉ាង​វិសេស ពេល​ដែល​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​ស្ដាប់​តាម​ដំណឹង​ល្អ។

១៥​. តើ​យើង​គ្រប់​គ្នា​អាច​ចូល​រួម​ការ​ផ្សព្វផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​យ៉ាង​ដូច​ម្ដេច?

១៥ តើ​អ្នក​អាច​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​បាន​ដែរ​ឬ​ទេ? ចូរ​កត់​សម្គាល់​ថា​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក តើ​មាន​មនុស្ស​និយាយ​ភាសា​ផ្សេង​ណា​ច្រើន​ជាង​គេ? រួច​មក អ្នក​អាច​យក​ខិត្តប័ណ្ណ​ឬ​សៀវភៅ​ស្តើង​ខ្លះ​ៗ​ជាប់​ខ្លួន​ជា​ភាសា​នោះ។ កូន​សៀវភៅ ដំណឹង​ល្អ​សម្រាប់​មនុស្ស​គ្រប់​សាសន៍ ដែល​ចេញ​នៅ​ឆ្នាំ​២០០៤ គឺ​មាន​ប្រយោជន៍​យ៉ាង​សំខាន់​ចំពោះ​ការ​ផ្សាយ​នូវ​សេចក្ដី​សង្ឃឹម​អំពី​ព្រះ​រាជាណាចក្រ ពីព្រោះ​កូន​សៀវភៅ​នេះ​មាន​សារ​ដែល​ស្រួល​យល់​ហើយ​លើក​ទឹក​ចិត្ត​ជា​ភាសា​ច្រើន។

ចូរ​«​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ​»​

១៦​. តើ​អ្នក​ចាស់​ទុំ​អាច​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ជួយ​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​យ៉ាង​ដូច​ម្ដេច?

១៦ ទោះ​ជា​យើង​រៀន​ភាសា​មួយ​ទៀត​ឬ​ក៏​អត់ យើង​ទាំង​អស់​គ្នា​អាច​ជួយ​ក្នុង​ការ​អប់រំ​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​ក្នុង​តំបន់​យើង​ឲ្យ​យល់​អំពី​រឿង​ខាង​វិញ្ញាណ។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​រាស្ត្រ​ទ្រង់​ឲ្យ​«​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ​»។ (​ចោទិយកថា ១០:១៨, ១៩​) ជា​ឧទាហរណ៍ នៅ​ក្រុង​ដ៏​ធំ​មួយ​នៅ​អាមេរិក​ខាង​ជើង នោះ​មាន​ប្រាំ​ក្រុមជំនុំ​ដែល​ប្រើ​សាល​ប្រជុំ​តែ​មួយ។ ជា​រៀង​រាល់​ឆ្នាំ​មាន​ការ​ផ្លាស់ប្ដូរ​ម៉ោង​ប្រជុំ។ ដូច្នេះ​ម៉ោង​ប្រជុំ​ជា​ភាសា​ចិន​ត្រូវ​ប្ដូរ​ទៅ​ពេល​ល្ងាច​នៅ​ថ្ងៃ​អាទិត្យ​វិញ។ ប៉ុន្តែ នេះ​បាន​ន័យ​ថា​ជន​អន្ដោប្រវេសន៍​ជនជាតិ​ចិន​ជា​ច្រើន​នាក់​ដែល​ធ្វើ​ការ​នៅ​ភោជនីយដ្ឋាន​មិន​អាច​ចូល​រួម​ប្រជុំ​បាន​ទេ។ អ្នក​ចាស់​ទុំ​នៅ​ក្រុមជំនុំ​ឯ​ទៀត បាន​បង្ហាញ​ក្ដី​សប្បុរស​ដោយ​ទុក​ឲ្យ​មាន​ប្រជុំ​ជា​ភាសា​ចិន​នៅ​ពេល​ព្រឹក​ថ្ងៃ​អាទិត្យ​វិញ។

១៧​. តើ​យើង​គួរ​មាន​អារម្មណ៍​យ៉ាង​ណា បើ​អ្នក​ខ្លះ​សម្រេច​ចិត្ត​ទៅ​ជួយ​ក្រុម​ដែល​និយាយ​ភាសា​ផ្សេង?

១៧ អ្នក​ត្រួត​ពិនិត្យ​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់ សរសើរ​បងប្អូន​ប្រុស​ស្រី​ដែល​មាន​សមត្ថភាព​និង​លក្ខណៈ​គ្រប់គ្រាន់ ហើយ​ចង់​ផ្លាស់ប្ដូរ​ទីលំនៅ​ទៅ​ជួយ​ក្រុម​ដែល​និយាយ​ភាសា​ផ្សេង។ ក្រុមជំនុំ​ប្រហែល​ជា​មាន​ការ​សោក​ស្ដាយ​ពេល​គ្រូ​បង្រៀន​ព្រះ​គម្ពីរ​ដែល​មាន​បទពិសោធន៍​បែប​នេះ​ទៅ​កន្លែង​ផ្សេង។ ប៉ុន្តែ​អ្នក​ត្រួត​ពិនិត្យ​នឹង​មាន​អារម្មណ៍​ដូច​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុង​លីស្ដ្រា​និង​អ៊ី​កូ​នាម។ ពួក​អ្នក​ចាស់​ទុំ​ទាំង​នេះ​មិន​បាន​ឃាត់​ធីម៉ូថេ​ពី​ការ​ធ្វើ​ដំណើរ​ជា​មួយ​នឹង​ប៉ុល​ទេ ទោះ​ជា​ធីម៉ូថេ​មាន​ប្រយោជន៍​យ៉ាង​សំខាន់​ដល់​ក្រុមជំនុំ​របស់​គេ​ក៏​ដោយ។ (​កិច្ចការ ១៦:១​-​៤​) បន្ថែម​ទៅ​ទៀត បងប្អូន​ដែល​នាំ​មុខ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​មិន​គិត​ថា​ជា​ឧបសគ្គ​ទេ ដោយសារ​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​មាន​គំនិត ទំនៀម​ទម្លាប់​និង​ការ​ប្រព្រឹត្ត​ផ្សេង។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ស្វាគមន៍​នូវ​ភាព​ផ្សេង​គ្នា​នេះ​និង​រក​វិធី​ដើម្បី​បណ្ដុះ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ប្រយោជន៍​ដល់​ដំណឹង​ល្អ។—កូរិនថូសទី១ ៩:២២, ២៣

១៨​. តើ​ទ្វារ​យ៉ាង​ធំ​អ្វី​ដែល​បើ​ចំហ​ដល់​បងប្អូន​គ្រប់​គ្នា?

១៨ រាស្ត្រ​របស់​ព្រះ​កំពុង​តែ​ផ្សាយ​ដំណឹង​ល្អ​ដល់​«​ភាសា​ផ្សេង​ៗ​»​ដូច​បាន​ទាយ​មែន។ តំបន់​ផ្សាយ​ដែល​មាន​មនុស្ស​និយាយ​ភាសា​ផ្សេង នៅ​មាន​លទ្ធភាព​រីក​ចំរើន​យ៉ាង​អស្ចារ្យ​ថែម​ទៀត។ អ្នក​ផ្សាយ​ប៉ិនប្រសប់​រាប់​ពាន់​នាក់​បាន​ចូល‹ទ្វារ​បើក​ចំហ​យ៉ាង​ធំ​សំរាប់​បំពេញ​កិច្ចការ›។ (​កូរិនថូសទី១ ១៦:៩, ខ.ស.​) ប៉ុន្តែ គឺ​ត្រូវ​ការ​ច្រើន​ទៀត​ដើម្បី​ឲ្យ​តំបន់​ផ្សាយ​បែប​នេះ​មាន​ផល​ល្អ ហើយ​អត្ថបទ​ជា​បន្ទាប់​នឹង​បង្ហាញ​អំពី​រឿង​នេះ។

[កំណត់​សម្គាល់]

a បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

• តើ​យើង​អាច​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​ក្នុង​ការ​មិន​បង្ហាញ​ភាព​លំអៀង​ចំពោះ​មនុស្ស​គ្រប់​គ្នា​យ៉ាង​ដូច​ម្ដេច?

• ចំពោះ​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​ក្នុង​តំបន់​ផ្សាយ​របស់​យើង តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា?

• ហេតុ​អ្វី​ក៏​មាន​ប្រយោជន៍​ឲ្យ​ផ្សព្វផ្សាយ​ដល់​មនុស្ស​ជា​ភាសា​កំណើត​របស់​ពួក​គេ?

• តើ​យើង​អាច​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ផែនទី/​រូបភាព​នៅ​ទំព័រ​១៧]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​សៀវភៅ)

ចក្រភព​រ៉ូម

កោះ​ក្រេត

អាស៊ី

ព្រីគា

ប៉ាមភីលា

ប៉ុនតុស

កាប៉ាដូគា

មេ​សូប៉ូ​តា​មី

មេឌី

ផារថុស

អេឡាំ

អារ៉ាប់

លីប៊ី

អេស៊ីប

យូដា

ក្រុង​យេរូសាឡិម

[សមុទ្រ]

មេឌី​ទែរ៉ានេ

សមុទ្រ​ខ្មៅ

សមុទ្រ​ក្រហម

ឈូង​សមុទ្រ​ពែក

[រូបភាព]

នៅ​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣​គ.ស. មនុស្ស​ពី​១៥​តំបន់​ក្នុង​និង​ក្រៅ​ចក្រភព​រ៉ូម​បាន​ស្ដាប់​ដំណឹង​ល្អ​ជា​ភាសា​កំណើត​របស់​ខ្លួន