លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់»

«អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់»

«​អស់​ទាំង​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​សុទ្ធតែ​ទៀងត្រង់​»​

​«​អស់​ទាំង​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​សុទ្ធតែ​ទៀងត្រង់ ពួក​អ្នក​សុចរិត​នឹង​ដើរ​ក្នុង​ផ្លូវ​ទាំង​នោះ​»។—ហូសេ ១៤:៩

១, ២​. នៅ​ដើម​ដំបូង​នោះ តើ​ព្រះ​យេហូវ៉ា​ចាត់​ទុក​ប្រជាជន​អ៊ីស្រាអែល​ជា​សាសន៍​បែប​ណា? ក្រោយ​ៗ​មក តើ​ពួក​អ៊ីស្រាអែល​បាន​ក្លាយ​ជា​មនុស្ស​ដែល​ប្រព្រឹត្ត​បែប​ណា?

 នៅ​ដើម​ដំបូង​នោះ នា​សម័យ​របស់​ព្យាការី​ម៉ូសេ ព្រះ​យេហូវ៉ា​ចាត់​ទុក​ប្រជាជន​អ៊ីស្រាអែល​ជា​សាសន៍​មួយ​ដ៏​សុចរិត។ ប៉ុន្តែ មក​ដល់​ដើម​សតវត្សរ៍​ទី៨ មុនគ.ស. ពួក​អ៊ីស្រាអែល​បាន​ធ្លាក់​ខ្លួន​ធ្វើ​អំពើ​បាប​ខ្លាំង​ដល់​ម្ល៉េះ​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ពួក​គេ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ដ៏​លា​មក​អាក្រក់​វិញ។ សៀវភៅ​ហូសេ​ជំពូក​១០​ដល់​១៤​បង្ហាញ​ពី​ស្ថានភាព​នេះ​យ៉ាង​ច្បាស់​លាស់។

ប្រជាជន​អ៊ីស្រាអែល​បាន​ក្លាយ​ជា​មាន​ចិត្ត​ពីរ។ ប្រជាជន​ក្នុង​រាជាណាចក្រ​ដែល​មាន​កុលសម្ព័ន្ធ​១០​នោះ​បាន‹ភ្ជួរ​អំពើ​អាក្រក់› ដូច្នេះ​បាន​ច្រូត​សេចក្ដី​ទុច្ចរិត​វិញ។ (​ហូសេ ១០:១, ១៣​) ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​៖ ​«​ក្នុង​គ្រា​ដែល​អ៊ីស្រាអែល​នៅ​ក្មេង​នៅ​ឡើយ នោះ​អញ​បាន​ស្រឡាញ់​វា ក៏​បាន​ហៅ​កូន​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​»។ (​ហូសេ ១១:១​) ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​រំដោះ​សាសន៍​អ៊ីស្រាអែល​ចេញ​ពី​ទាសភាព​នៅ​ស្រុក​អេស៊ីប​ក៏​ដោយ ពួក​គេ​បាន​សង​គុណ​ទ្រង់​ដោយ​ពាក្យ​ភូតភរ​និង​សេចក្ដី​ឆបោក។ (​ហូសេ ១២:១​) ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ទូន្មាន​ពួក​អ៊ីស្រាអែល​ថា​៖ ​«​ចូរ​វិល​មក​ឯ​ព្រះ​នៃ​ឯង​វិញ​ចុះ! ចូរ​កាន់​តាម​សេចក្ដី​សប្បុរស​នឹង​សេចក្ដី​យុត្ដិធម៌​»។—ហូសេ ១២:៧

៣​. តើ​អ្វី​ត្រូវ​កើត​ឡើង​ចំពោះ​សាសន៍​សាម៉ារី​ដែល​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ? តើ​ពួក​អ៊ីស្រាអែល​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​បាន​សេចក្ដី​មេត្ដាករុណា?

សាសន៍​សាម៉ារី​និង​ស្តេច​របស់​ពួក​គេ​ដែល​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា ត្រូវ​វិនាស​អន្តរាយ។ (​ហូសេ ១៣:១១, ១៦​) ជំពូក​ចុង​ក្រោយ​បង្អស់​ក្នុង​បទ​ទំនាយ​របស់​ហូសេ​ចាប់​ផ្ដើម​ដោយ​ទំនូល​អង្វរ​ថា​៖ ​«​ឱ​អ៊ីស្រាអែល​អើយ! ចូរ​វិល​មក​ឯ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ​ចុះ!​»។ បើ​ពួក​អ៊ីស្រាអែល​ប្រែ​ចិត្ត​ហើយ​សូម​ព្រះ​យេហូវ៉ា​អត់​ឱន​ទោស​ឲ្យ​ពួក​គេ​នោះ ទ្រង់​ពិត​ជា​នឹង​បង្ហាញ​ព្រះទ័យ​មេត្ដា​ដល់​គេ​មែន។ ប៉ុន្តែ ពួក​គេ​ត្រូវ​ទទួល​ស្គាល់​ថា ​«​អស់​ទាំង​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​សុទ្ធតែ​ទៀងត្រង់​»​ ហើយ​គេ​ក៏​ត្រូវ​ដើរ​តាម​ផ្លូវ​ទ្រង់​ដែរ។—ហូសេ ១៤:១​-​៦, ៩

៤​. តើ​យើង​នឹង​ពិចារណា​គោលការណ៍​អ្វី​ខ្លះ​ពី​បទ​ទំនាយ​របស់​ហូសេ?

ជំពូក​ទាំង​ប៉ុន្មាន​នេះ​នៃ​បទ​ទំនាយ​របស់​ហូសេ​មាន​គោលការណ៍​ជា​ច្រើន​ដែល​អាច​ជួយ​យើង​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​បាន។ យើង​នឹង​ពិចារណា​គោលការណ៍​ខ្លះ​ៗ​ដូច​ត​ទៅ: (​១​) ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​បម្រើ​ទ្រង់​ដោយ​ឥត​មាន​ចិត្ត​ពីរ (​២​) ព្រះ​យេហូវ៉ា​តែង​តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ដល់​រាស្ត្រ​ទ្រង់ (​៣​) យើង​ត្រូវ​រង់ចាំ​ព្រះ​យេហូវ៉ា​ជានិច្ច (​៤​) អស់​ទាំង​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​សុទ្ធតែ​ទៀងត្រង់ ហើយ (​៥​) ពួក​អ្នក​ដែល​ភ្លាត់​ធ្វើ​អំពើ​បាប​អាច​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ​បាន។

ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​បម្រើ​ទ្រង់​ដោយ​ឥត​មាន​ចិត្ត​ពីរ

៥​. តើ​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​បម្រើ​ទ្រង់​ដោយ​របៀប​ណា?

ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​បម្រើ​ទ្រង់​ដោយ​របៀប​ស្អាត​ស្អំ ហើយ​ដោយ​ឥត​មាន​ចិត្ត​ពីរ។ ក៏​ប៉ុន្តែ រាជាណាចក្រ​អ៊ីស្រាអែល​បាន​ក្លាយ​ជា​«​ដើម​ទំពាំង​បាយ​ជូរ​ទ្រុបទ្រុល​»​វិញ។ ពួក​អ្នក​នៅ​ស្រុក​អ៊ីស្រាអែល​បាន‹ចំរើន​អាសនៈ​ជា​ច្រើន​ឡើង›សម្រាប់​ការ​ថ្វាយ​បង្គំ​មិន​ពិត។ ពួក​អ្នក​ក្បត់​នោះ​ក៏​បាន​លើក​បង្គោល​នានា​ដែល​ប្រហែល​ជា​សសរ​ថ្ម​សម្រាប់​ធ្វើ​ការ​ថ្វាយ​បង្គំ​ដ៏​ស្មោកគ្រោក។ ព្រះ​យេហូវ៉ា​នឹង​បំបាក់​បំបែក​អាសនៈ​និង​សសរ​ថ្ម​របស់​ពួក​គេ​ចោល។—ហូសេ ១០:១, ២

៦​. បើ​យើង​ចង់​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា តើ​យើង​មិន​គួរ​មាន​ចិត្ត​បែប​ណា?

ព្រះ​យេហូវ៉ា​មិន​សព្វ​ព្រះ​ហឫទ័យ​សោះ​ឡើយ ចំពោះ​រាស្ត្រ​ទ្រង់​ដែល​មាន​ចិត្ត​ពីរ។ ប៉ុន្តែ តើ​ប្រជាជន​អ៊ីស្រាអែល​បាន​ក្លាយ​ជា​មនុស្ស​បែប​ណា? ​«​ចិត្ត​គេ​ចែក​ជា​ពីរ[​ឬ​«​ពួក​គេ​មាន​ចិត្ត​មិន​ស្មោះ​»​, ខ.ស.​]​»​! ដើម​ដំបូង​នោះ ពួក​គេ​បាន​ចូល​កិច្ច​ព្រម​ព្រៀង​ជា​អ្នក​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​មែន តែ​ក្រោយ​ៗ​មក​ទ្រង់​កត់​សម្គាល់​ថា ពួក​គេ​មិន​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​ទេ តែ​មាន​ចិត្ត​ពីរ​វិញ។ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​គំរូ​នេះ? មាន​មេ​រៀន​ថា បើ​យើង​បាន​ថ្វាយ​ខ្លួន​ជា​អ្នក​បម្រើ​ព្រះ កុំ​ឲ្យ​យើង​មាន​ចិត្ត​ពីរ! សុភាសិត ៣:៣២ ព្រមាន​ថា​៖ ​«​មនុស្ស​វៀច​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ព្រះ​យេហូវ៉ា តែ​ឯ​មនុស្ស​ទៀងត្រង់ នោះ​ទ្រង់​ជា​មិត្រ​នឹង​គេ​វិញ​»។ បើ​យើង​ចង់​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា យើង​ត្រូវ​តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​«​ពី​ចិត្ត​ស្អាត ពី​បញ្ញា​ចិត្ត​ជ្រះថ្លា ហើយ​ពី​សេចក្ដី​ជំនឿ​ដ៏​ស្មោះ​ត្រង់​»​ពោល​គឺ ឥត​មាន​ចិត្ត​ពីរ។—ធីម៉ូថេទី១ ១:៥

ព្រះ​យេហូវ៉ា​តែង​តែ​បង្ហាញសេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ដល់​រាស្ត្រ​ទ្រង់

៧, ៨​. (​ក​) តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ពី​ព្រះ? (​ខ​) បើ​យើង​ភ្លាត់​ធ្វើ​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ តើ​យើង​គួរ​ធ្វើ​អ្វី?

បើ​យើង​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​ត្រង់​ឥត​មាន​ចិត្ត​ពីរ​នោះ ទ្រង់​នឹង​បង្ហាញ​ព្រះទ័យ​សប្បុរស​ឬ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដល់​យើង។ ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ពួក​អ៊ីស្រាអែល​វង្វេងវង្វាន់​នោះ​ថា​៖ ​«​ចូរ​សាប​ព្រោះ​សំរាប់​ខ្លួន​ដោយ​សុចរិត ហើយ​ច្រូត​កាត់​ដោយ​សេចក្ដី​សប្បុរស។ ចូរ​កំ​សុល​ដី​របស់​ឯង​រាល់​គ្នា​ឡើង ដ្បិត​ដល់​ពេល​ដែល​គួរ​ស្វែង​រក​ព្រះ​យេហូវ៉ា ទាល់តែ​ទ្រង់​យាង​មក​បង្អុរ​ឲ្យ​ភ្លៀង​ជា​សេចក្ដី​សុចរិត​មក​លើ​ឯង​រាល់​គ្នា​»។—ហូសេ ១០:១២

បើ​សាសន៍​អ៊ីស្រាអែល​ប្រែ​ចិត្ត​ហើយ​ស្វែង​រក​ព្រះ​យេហូវ៉ា នោះ​គឺ​ល្អ​ហើយ! បើ​ដូច្នេះ ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​«​បង្អុរ​ឲ្យ​ភ្លៀង​ជា​សេចក្ដី​សុចរិត​»​ ឬ​បង្រៀន​គេ​ពី​ផ្លូវ​សុចរិត។ បើ​យើង​ភ្លាត់​ធ្វើ​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ ចូរ​ស្វែង​រក​ព្រះ​យេហូវ៉ា​និង​អធិស្ឋាន​សូម​ទ្រង់​អត់​ទោស​ឲ្យ​យើង ព្រម​ទាំង​សុំ​ជំនួយ​ខាង​វិញ្ញាណ​ពី​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន។ (​យ៉ាកុប ៥:១៣​-​១៦​) ចូរ​ឲ្យ​យើង​សូម​វិញ្ញាណ​បរិសុទ្ធ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​នាំ​ផ្លូវ​យើង ដ្បិត​«​អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​សាច់​ឈាម​របស់​ខ្លួន នឹង​ច្រូត​បាន​សេចក្ដី​ពុក​រលួយ​ពី​សាច់​ឈាម​នោះ​ឯង តែ​អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​ព្រះ​វិញ្ញាណ​នោះ​នឹង​ច្រូត​បាន​ជីវិត​អស់កល្ប​ជានិច្ច​ពី​ព្រះ​វិញ្ញាណ​វិញ​»។ (​កាឡាទី ៦:៨​) ដរាប​ណា​ដែល​យើង​«​ព្រោះ​ខាង​ឯ​ព្រះ​វិញ្ញាណ​»​ ដរាប​នោះ​យើង​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ពី​ព្រះ។

៩, ១០​. តើ​ការ​ពណ៌នា​ក្នុង​សៀវភៅ​ហូសេ ១១:១​-​៤ សំដៅ​ទៅ​លើ​សាសន៍​អ៊ីស្រាអែល​យ៉ាង​ដូច​ម្ដេច?

យើង​អាច​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​តែង​តែ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​រាស្ត្រ​ទ្រង់។ សៀវភៅ​ហូសេ ១១:១​-​៤ មាន​ភ័ស្តុតាង​ដែល​បញ្ជាក់​ចំណុច​នេះ​ថា​៖ ​«​ក្នុង​គ្រា​ដែល​អ៊ីស្រាអែល​នៅ​ក្មេង​នៅ​ឡើយ នោះ​អញ​បាន​ស្រឡាញ់​វា ក៏​បាន​ហៅ​កូន​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។ . . . គេ​បាន​ថ្វាយ​យញ្ញបូជា​ដល់​អស់​ទាំង​ព្រះ​បាល ព្រម​ទាំង​ដុត​កំញ៉ាន​ថ្វាយ​ដល់​រូប​ឆ្លាក់​ផង។ ប៉ុន្តែ គឺ​អញ​ដែល​បង្ហាត់​ឲ្យ​អេប្រាអិម[​សាសន៍​អ៊ីស្រាអែល​]ចេះ​ដើរ ក៏​បាន​បី[​ឬ​«​កាន់​ដៃ​»​, ខ.ស.​]​គេ តែ​គេ​មិន​បាន​ដឹង​ថា គឺ​អញ​ដែល​មើល​គេ​ឲ្យ​ជា​ទេ។ អញ​បាន​ទាញ​នាំ​គេ​ដោយ​ខ្សែ​ជា​សេចក្ដី​ទទូច​របស់​មនុស្ស គឺ​ដោយ​ចំណង​នៃ​សេចក្ដី​ស្រឡាញ់ អញ​បាន​ធ្វើ​ដល់​គេ​ដូច​ជា​អ្នក​ដែល​លើក​បង្ហើប​នឹម​នៅ​ក​គោ ហើយ​ដាក់​ស្មៅ​នៅ​មុខ​វា​»។

១០ ក្នុង​ខ​ទាំង​នេះ សាសន៍​អ៊ីស្រាអែល​ត្រូវ​បាន​ប្រៀបប្រដូច​នឹង​ក្មេង​តូច​មួយ។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​បង្រៀន​សាសន៍​អ៊ីស្រាអែល​ឲ្យ​ចេះ​ដើរ​ដោយ​កាន់​ដៃ​ពួក​គេ។ ព្រះ​យេហូវ៉ា​ក៏​បាន​ទាញ​នាំ​គេ​ដោយ​«​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​»។ ការ​ពណ៌នា​នេះ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​កក់ក្ដៅ​ក្នុង​ចិត្ត​ណាស់! សូម​ស្រមៃ​គិត​ថា អ្នក​ជា​មាតា​ឬ​បិតា​ដែល​កំពុង​តែ​ជួយ​កូន​តូច​បោះ​ជំហាន​ដើរ​ជា​លើក​ដំបូង។ ប្រហែល​ជា​អ្នក​ហុច​ដៃ​ទាំង​ពីរ​ឲ្យ​កូន។ អ្នក​ក៏​ប្រហែល​ជា​ប្រើ​ខ្សែ​ឲ្យ​កូន​តោង​កុំ​ឲ្យ​ដួល។ ដូច​គ្នា​ដែរ ព្រះ​យេហូវ៉ា​ក៏​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​កក់ក្ដៅ​ចំពោះ​អ្នក។ ទ្រង់​មាន​ព្រះទ័យ​រីករាយ​ណាស់​ក្នុង​ការ​នាំ​អ្នក​ដោយ​«​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​»។

១១​. តើ​ព្រះ​យេហូវ៉ា​ប្រៀប​«​ដូច​ជា​អ្នក​ដែល​លើក​បង្ហើប​នឹម​»​យ៉ាង​ដូច​ម្ដេច?

១១ ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​លើ​សាសន៍​អ៊ីស្រាអែល​ប្រៀប​«​ដូច​ជា​អ្នក​ដែល​លើក​បង្ហើប​នឹម​នៅ​ក​គោ ហើយ​ដាក់​ស្មៅ​នៅ​មុខ​វា​»។ ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​អ្នក​ថែ​សត្វ​ដែល​លើក​នឹម​ចេញ​ឬ​ស្រាយ​ឲ្យ​ល្មម​អាច​នឹង​ស៊ី​ចំណី​បាន​ដោយ​មិន​ពិបាក។ ពេល​សាសន៍​អ៊ីស្រាអែល​បោះ​ចោល​នឹម​របស់​ព្រះ​យេហូវ៉ា​ដោយ​មិន​ព្រម​ចុះ​ចូល​ចំពោះ​ទ្រង់ នោះ​ពួក​គេ​ធ្លាក់​ជាប់​នឹម​របស់​ពួក​សត្រូវ​ដែល​ជិះជាន់​គេ​វិញ។ (​ចោទិយកថា ២៨:៤៥, ៤៨; យេរេមា ២៨:១៤​) កុំ​ឲ្យ​យើង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​សាតាំង​ដែល​ជា​មេ​សត្រូវ​របស់​យើង ទាំង​រង​ការ​ឈឺ​ចាប់​ហាក់​ដូច​ជា​ពាក់​នឹម​របស់​វា​ដែល​ជិះជាន់​មនុស្ស។ ផ្ទុយ​ទៅ​វិញ ចូរ​ឲ្យ​យើង​បន្ត​ដើរ​យ៉ាង​ស្មោះ​ត្រង់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែល​ស្រឡាញ់​យើង។

ចូរ​រង់ចាំ​ព្រះ​យេហូវ៉ា​ជានិច្ច!

១២​. យោង​ទៅ​តាម​ហូសេ ១២:៧ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ដើរ​ជា​បន្ត​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា?

១២ បើ​យើង​ចង់​ដើរ​ជា​បន្ត​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា យើង​ត្រូវ​រង់ចាំ​ទ្រង់​ឬ​សង្ឃឹម​ទៅ​លើ​ទ្រង់​ជានិច្ច។ ពួក​អ៊ីស្រាអែល​បាន​ត្រូវ​បង្គាប់​ថា​៖ ​«​ចូរ​វិល​មក​ឯ​ព្រះ​នៃ​ឯង​វិញ​ចុះ! ចូរ​កាន់​តាម​សេចក្ដី​សប្បុរស​នឹង​សេចក្ដី​យុត្ដិធម៌ ព្រម​ទាំង​រង់ចាំ​ព្រះ​នៃ​ឯង​ជានិច្ច​ផង​»។ (​ហូសេ ១២:៧​) សាសន៍​អ៊ីស្រាអែល​អាច​បង្ហាញ​ថា​ពួក​គេ​បាន​វិល​មក​ឯ​ព្រះ​យេហូវ៉ា​ដោយ​ប្រែ​ចិត្ត​នោះ ដោយ​បង្ហាញ​សេចក្ដី​សប្បុរស ប្រព្រឹត្ត​ដោយ​យុត្ដិធម៌ និង‹រង់ចាំ​ព្រះ​យេហូវ៉ា​ជានិច្ច›។ មិន​ថា​យើង​បាន​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​យូរ​ប៉ុន្មាន​ក៏​ដោយ យើង​ត្រូវ​ប្ដេជ្ញា​បង្ហាញ​សេចក្ដី​សប្បុរស ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​និង​រង់ចាំ​ទ្រង់​ជានិច្ច។—ទំនុកដំកើង ២៧:១៤

១៣, ១៤​. តើ​ប៉ុល​ពន្យល់​អត្ថន័យ​នៃ​ហូសេ ១៣:១៤ យ៉ាង​ណា? តើ​នេះ​ផ្ដល់​ហេតុ​អ្វី​ឲ្យ​យើង​សង្ឃឹម​ទៅ​លើ​ព្រះ​យេហូវ៉ា?

១៣ បទ​ទំនាយ​របស់​ហូសេ​អំពី​ពួក​អ៊ីស្រាអែល​ក៏​ផ្ដល់​ហេតុ​ពិសេស​ឲ្យ​យើង​រង់ចាំ​ឬ​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា​ដែរ។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​៖ ​«​អញ​នឹង​ដោះ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​នឹង​លោះ​គេ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​ដែរ។ ឱ​សេចក្ដី​ស្លាប់​អើយ! ទុក្ខ​វេទនា​របស់​ឯង​នៅ​ឯ​ណា? ឱ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​អើយ! អំណាច​បំផ្លាញ​របស់​ឯង តើ​នៅ​ឯ​ណា?​»។ (​ហូសេ ១៣:១៤​) ព្រះ​យេហូវ៉ា​គ្មាន​បំណង​សង្គ្រោះ​សាសន៍​អ៊ីស្រាអែល​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​នៅ​សម័យ​នោះ​ទេ តែ​នៅ​ទីបំផុត​ទ្រង់​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ជ័យ​ជម្នះ​ទៀត។

១៤ ប៉ុល​បាន​សរសេរ​ទៅ​កាន់​អ្នក​ចាក់​ប្រេង​តាំង​គ្នីគ្នា​ដោយ​ដក​ស្រង់​ពាក្យ​ពី​បទ​ទំនាយ​របស់​ហូសេ​ថា​៖ ​«​កាល​ណា​រូប​កាយ​ពុក​រលួយ​នេះ​បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ពុក​រលួយ ហើយ​រូប​កាយ​ដែល​តែង​តែ​ស្លាប់​នេះ​បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ចេះ​ស្លាប់​វិញ នោះ​ទើប​នឹង​បាន​សំ​រេ​ច​តាម​ពាក្យ​ដែល​ចែង​ទុក​មក​ថា​៖ ‹សេចក្ដី​ជ័យជំនះ​បាន​លេប​សេចក្ដី​ស្លាប់​បាត់​ហើយ›។ ‹ឱ​សេចក្ដី​ស្លាប់​អើយ! ទ្រនិច​ឯង​នៅ​ឯ​ណា? សេចក្ដី​ស្លាប់​អើយ! ជ័យជំនះ​របស់​ឯង​នៅ​ឯ​ណា?›។ រីឯ​ទ្រនិច​នៃ​សេចក្ដី​ស្លាប់ គឺ​ជា​អំពើ​បាប ហើយ​អំណាច​របស់​បាប​គឺ​ជា​ក្រិត្យ​វិន័យ។ តែ​អរ​ព្រះ​គុណ​ដល់​ព្រះ​អង្គ ពីព្រោះ​ទ្រង់​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ជ័យជំនះ​ដោយសារ​ព្រះ​យេស៊ូ​វ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់​នៃ​យើង!​»។ (​កូរិនថូសទី១ ១៥:៥៤​-​៥៧​) ព្រះ​យេហូវ៉ា​បាន​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ។ នេះ​ជា​ការ​ធានា​ដែល​សម្រាល​ទុក្ខ​យើង​ថា ព្រះ​នឹង​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នូវ​អស់​អ្នក​ណា​ដែល​ទ្រង់​នឹក​ចាំ។ (​យ៉ូហាន ៥:២៨, ២៩​) នេះ​ជា​មូលហេតុ​ដ៏​អស្ចារ្យ​មែន! ឲ្យ​យើង​រង់ចាំ​និង​សង្ឃឹម​ទៅ​លើ​ព្រះ​យេហូវ៉ា។ ក៏​ប៉ុន្តែ មាន​ហេតុ​មួយ​ទៀត​ក្រៅ​ពី​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ​ដែល​ជំរុញ​យើង​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។

អស់​ទាំង​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​សុទ្ធតែ​ទៀងត្រង់

១៥, ១៦​. តើ​ហូសេ​បាន​ទាយ​អ្វី​អំពី​ស្រុក​សាម៉ារី? តើ​បទ​ទំនាយ​នេះ​បាន​សម្រេច​យ៉ាង​ណា?

១៥ ការ​ជឿជាក់​ថា«​អស់​ទាំង​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​សុទ្ធតែ​ទៀង​ត្រង់​»​នោះ ជួយ​យើង​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ជានិច្ច។ ពួក​អ្នក​ស្រុក​សាម៉ារី​មិន​បាន​ដើរ​ក្នុង​ផ្លូវ​សុចរិត​របស់​ព្រះ​យេហូវ៉ា​ទេ។ ជា​លទ្ធផល ពួក​គេ​ត្រូវ​ទទួល​ទោស​ដោយ​ព្រោះ​ការ​ខ្វះ​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​បាន​ប្រព្រឹត្ត​អំពើ​បាប។ ហូសេ​ទាយ​ថា​៖ ​«​ឯ​សាម៉ារី នឹង​ត្រូវ​រងទ្រាំ​ទោស​របស់​ខ្លួន​ពីព្រោះ​បាន​បះបោរ​នឹង​ព្រះ​នៃ​ខ្លួន។ គេ​នឹង​ដួល​ស្លាប់​ដោយ​ដាវ។ កូន​ខ្ចី​របស់​គេ​នឹង​ត្រូវ​បោក​ខ្ទេចខ្ទី ហើយ​ពួក​ស្រី​ៗ​ដែល​មាន​ទំងន់​នឹង​ត្រូវ​វះ​ពោះ​ចោល​»។ (​ហូសេ ១៣:១៦​) កំណត់​ហេតុ​ប្រវត្ដិសាស្ត្រ​បង្ហាញ​ថា សាសន៍​អាសស៊ើរ​ដែល​បាន​ដណ្ដើម​យក​ស្រុក​សាម៉ារី​នោះ ពិត​ជា​បាន​ធ្វើ​អំពើ​សាហាវ​ព្រៃផ្សៃ​បែប​នោះ​មែន។

១៦ ក្រុង​សាម៉ារី​ជា​រាជធានី​របស់​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុលសម្ព័ន្ធ​១០។ ប៉ុន្តែ ក្នុង​ទំនាយ​នេះ​របស់​ហូសេ ឈ្មោះ​សាម៉ារី​ប្រហែល​ជា​សំដៅ​ទៅ​លើ​ទឹក​ដី​ទាំង​មូល​នៃ​រាជាណាចក្រ​អ៊ីស្រាអែល។ (​ពង្សាវតារក្សត្រទី១ ២១:១​) ស្តេច​អាសស៊ើរ​ដែល​មាន​ព្រះ​នាម​សាល​ម៉ានេស៊ើរ​ទី​ប្រាំ បាន​ឡោមព័ទ្ធ​ទី​ក្រុង​សាម៉ារី​នៅ​ឆ្នាំ​៧៤២ មុនគ.ស.។ ពេល​ដែល​ពួក​អាសស៊ើរ​ទន្ទ្រាន​ចូល​ទី​ក្រុង​សាម៉ារី​នៅ​ឆ្នាំ​៧៤០ មុនគ.ស. ប្រជាជន​ជា​ច្រើន​ដែល​មាន​មុខ​មាត់​ធំដុំ​នៅ​ទី​ក្រុង​នោះ ត្រូវ​នាំ​ទៅ​ស្រុក​មេ​សូប៉ូ​តា​មី​និង​មេឌី​ជា​និរទេស​ជន។ យើង​មិន​ដឹង​ច្បាស់​ថា ស្តេច​មួយ​ណា​ជា​អ្នក​ដណ្ដើម​យក​ស្រុក​សាម៉ារី​នោះ​ទេ គឺ​ស្តេច​សាល​ម៉ានេស៊ើរ​ទី​ប្រាំ​ឬ​ក៏​ស្តេច​សើកុន​ទីពីរ​ដែល​ជា​អ្នក​ស្នង​រាជ្យ​ក្ដី។ (​ពង្សាវតារក្សត្រទី២ ១៧:១​-​៦, ២២, ២៣; ១៨:៩​-​១២​) យ៉ាង​ណា​ក៏​ដោយ របាយ​ការណ៍​របស់​ស្តេច​សើកុន​រៀប​រាប់​ថា ប្រជាជន​អ៊ីស្រាអែល​២៧​.​២៩០​នាក់​បាន​ត្រូវ​បំបរបង់​ទៅ​ស្រុក​មេឌី​និង​តំបន់​ផ្សេង​ៗ​នៅ​ក្បែរ​ទន្លេ​អ៊ើប្រាត​ប៉ែក​ខាង​ជើង។

១៧​. ជាជាង​មើលងាយ​ខ្នាត​តម្រា​របស់​ព្រះ តើ​យើង​គួរ​ធ្វើ​អ្វី?

១៧ ពួក​អ្នក​ស្រុក​សាម៉ារី​ពិត​ជា​បាន​ទទួល​ទោស​ដ៏​ធ្ងន់​មែន ដោយ​សារ​ពួក​គេ​មិន​បាន​ធ្វើ​តាម​ផ្លូវ​ទៀងត្រង់​របស់​ព្រះ​យេហូវ៉ា។ ក្នុង​នាម​ជា​គ្រីស្ទាន​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ហើយ យើង​នឹង​ជួប​អន្តរាយ​ដែរ បើ​យើង​ប្រព្រឹត្ត​អំពើ​បាប​និង​មើលងាយ​ខ្នាត​តម្រា​សុចរិត​របស់​ព្រះ​យេហូវ៉ា។ កុំ​ឲ្យ​យើង​ដើរ​តាម​ផ្លូវ​អាក្រក់​បែប​នេះ​សោះ​ឡើយ! ផ្ទុយ​ទៅ​វិញ ចូរ​ឲ្យ​យើង​ធ្វើ​តាម​យោបល់​ពេត្រុស​ដែល​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​បី​ឲ្យ​អ្នក​រាល់​គ្នា​ណា​មួយ​រង​ទុក្ខ​ទោស​ដោយ​ព្រោះ​សំឡាប់​គេ ឬ​លួច​គេ ឬ​ធ្វើ​ការ​អាក្រក់ ឬ​សៀត​ចូល​ក្នុង​ការ​របស់​អ្នក​ដទៃ​ឡើយ។ តែ​បើ​រង​ទុក្ខ​ដោយ​ព្រោះ​ជា​ពួក​គ្រីស្ទាន​វិញ នោះ​កុំ​ឲ្យ​ខ្មាស​ឲ្យ​សោះ។ ចូរ​សរសើរ​ដំកើង​ដល់​ព្រះ​ដោយ​ព្រោះ​នាម​នោះ​វិញ​»។—ពេត្រុសទី១ ៤:១៥, ១៦

១៨​. តើ​យើង​អាច​«​សរសើរ​ដំកើង​ដល់​ព្រះ​»​យ៉ាង​ដូច​ម្ដេច?

១៨ យើង​«​សរសើរ​ដំកើង​ដល់​ព្រះ​»​ដោយ​ដើរ​តាម​ផ្លូវ​ដ៏​ទៀងត្រង់​របស់​ទ្រង់​ជាជាង​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត។ កា​អ៊ី​ន​បាន​ធ្វើ​អំពើ​ឃាតកម្ម​ពីព្រោះ​គាត់​ប្រព្រឹត្ត​តាម​ទំនើង​ចិត្ត​ខ្លួន ហើយ​មិន​ព្រម​ស្ដាប់​តាម​ការ​ព្រមាន​របស់​ព្រះ​យេហូវ៉ា​ដែល​ថា អំពើ​បាប​ហៀប​នឹង​សង្គ្រុប​គាត់។ (​លោកុប្បត្តិ ៤:១​-​៨​) លោក​បាឡាម​បាន​ទទួល​ប្រាក់​ពី​ស្តេច​ស្រុក​ម៉ូអាប់ ហើយ​ខិតខំ​ដាក់​បណ្ដាសា​លើ​សាសន៍​អ៊ីស្រាអែល តែ​ជា​ការ​ឥត​អំពើ​វិញ។ (​ជនគណនា ២៤:១០​) ហើយ​ព្រះ​យេហូវ៉ា​បាន​ប្រហារ​ជីវិត​លោក​កូ​រេ​ដែល​ជា​ពូជ​លេវី​ម្នាក់ និង​អ្នក​ឯ​ទៀត​ដែល​បាន​បះបោរ​ប្រឆាំង​នឹង​អំណាច​របស់​ម៉ូសេ​និង​អើរ៉ុន។ (​ជនគណនា ១៦:១​-​៣, ៣១​-​៣៣​) យើង​ប្រាកដ​ជា​មិន​ចង់‹ទៅ​តាម​ផ្លូវ​អា​ឃាត​របស់​កាអ៊ីន ឬ​ស្ទុះ​ទៅ​ក្នុង​សេចក្ដី​ខុស​ឆ្គង​របស់​បាឡាម ឬ​វិនាស​ក្នុង​ការ​បះបោរ​របស់​កូ​រេ​ទេ›! (​យូដាស ១១​) ប៉ុន្តែ បើ​កាល​ណា​យើង​ធ្វើ​ខុស នោះ​បទ​ទំនាយ​របស់​ហូសេ​ក៏​សម្រាល​ទុក្ខ​យើង​មែន។

ពួក​អ្នក​ដែល​ភ្លាត់​ធ្វើ​អំពើ​បាប​អាច​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ​បាន

១៩, ២០​. តើ​ប្រជាជន​អ៊ីស្រាអែល​ដែល​បាន​ប្រែ​ចិត្ត​នោះ មាន​លទ្ធភាព​ថ្វាយ​ដង្វាយ​បែប​ណា?

១៩ សូម្បី​តែ​មនុស្ស​ដែល​ភ្លាត់​ធ្វើ​អំពើ​បាប​យ៉ាង​ធ្ងន់ធ្ងរ​ក៏​អាច​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ​បាន។ នៅ​សៀវភៅ​ហូសេ ១៤:១, ២​យើង​អាន​សេចក្ដី​អង្វរ​នេះ​ថា​៖ ​«​ឱ​អ៊ីស្រាអែល​អើយ! ចូរ​វិល​មក​ឯ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ​ចុះ! ដ្បិត​ឯង​បាន​ភ្លាត់​ដួល​ទៅ​ដោយ​អំពើ​ទុច្ចរិត​របស់​ឯង។ ចូរ​ប្រុង​ប្រៀប​ពាក្យ​សំដី​ហើយ​វិល​មក​ឯ​ព្រះ​យេហូវ៉ា​ចុះ! ត្រូវ​ឲ្យ​ទូល​ដល់​ទ្រង់​ថា​៖ ‹សូម​លើក​អស់​ទាំង​អំពើ​ទុច្ចរិត​ចោល​ចេញ ហើយ​ទទួល​យើង​ខ្ញុំ​ដោយ​ព្រះ​គុណ យ៉ាង​នោះ​យើង​ខ្ញុំ​នឹង​ថ្វាយ​ដង្វាយ​នៃ​បបូរ​មាត់​យើង​ខ្ញុំ​ជំនួស​គោ​ឈ្មោល​ដែល​សំរាប់​យញ្ញបូជា› ​»។

២០ ប្រជាជន​អ៊ីស្រាអែល​ដែល​បាន​ប្រែ​ចិត្ត​នោះ មាន​លទ្ធភាព​ថ្វាយ​ដល់​ព្រះ​នូវ‹ដង្វាយ​នៃ​បបូរ​មាត់​ជំនួស​គោ​ឈ្មោល›។ ដង្វាយ​ទាំង​នេះ​ជា​ពាក្យ​សរសើរ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ប៉ុល​បាន​សំដៅ​លើ​ទំនាយ​នេះ​នៅ​ពេល​ដែល​គាត់​ដាស់​តឿន​ពួក​គ្រីស្ទាន​ឲ្យ​«​ថ្វាយ​ពាក្យ​សរសើរ​ដោយសារ​ទ្រង់ ទុក​ជា​គ្រឿង​បូជា​ដល់​ព្រះ​ជានិច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់​ដែល​ថ្លែង​ប្រាប់​ពី​ព្រះ​នាម​ទ្រង់​»។ (​ហេព្រើរ ១៣:១៥​) ការ​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ព្រម​ទាំង​ថ្វាយ​ដង្វាយ​បែប​នេះ​នៅ​សព្វ​ថ្ងៃ ពិត​ជា​ឯកសិទ្ធិ​វិសេស​ណាស់!

២១, ២២​. តើ​ប្រជាជន​អ៊ីស្រាអែល​ដែល​ប្រែ​ចិត្ត​នោះ ត្រូវ​ស្ដារ​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច?

២១ ពួក​អ៊ីស្រាអែល​ដែល​សុខ​ចិត្ត​វៀរ​ចាក​គន្លង​ខុស​ឆ្គង​និង​វិល​មក​ឯ​ព្រះ​យេហូវ៉ា​វិញ បាន​ថ្វាយ‹ដង្វាយ​នៃ​បបូរ​មាត់​ជំនួស​គោ​ឈ្មោល›។ ជា​លទ្ធផល ពួក​គេ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា​សា​ឡើង​វិញ ដូច​ទ្រង់​បាន​សន្យា។ ហូសេ ១៤:៤​-​៧​ចែង​ថា​៖ ​«​អញ[​ព្រះ​យេហូវ៉ា​]​នឹង​កែ​ការ​រា​ថយ​របស់​គេ​ឲ្យ​ជា ហើយ​អញ​នឹង​ស្រឡាញ់​គេ​ស្ម័គ្រ​ពី​ចិត្ត ដ្បិត​សេចក្ដី​កំហឹង​របស់​អញ​បាន​បែរ​ចេញ​ពី​គេ​ហើយ។ អញ​នឹង​បាន​ដូច​ជា​ទឹក​សន្សើម​ដល់​អ៊ីស្រាអែល គេ​នឹង​ផ្កា​ឡើង​ដូច​ជា​ផ្កា​ច័ន្ធូ ហើយ​ចាក់​ឫស​ទៅ​ដូច​ជា​ព្រៃ​ល្បាណូន។ មែក​គេ​នឹង​ត្រសាយ​ចេញ​ទៅ ឯ​លំអ​របស់​គេ​នឹង​បាន​ដូច​ជា​ដើម​អូលីវ ហើយ​នឹង​មាន​ក្លិន​ដូច​ជា​ព្រៃ​ល្បាណូន។ ពួក​អ្នក​ដែល​ធ្លាប់​នៅ​ក្រោម​ម្លប់ គេ​នឹង​វិល​មក​វិញ ហើយ​នឹង​លាស់​ឡើង​ថ្មី​ដូច​ជា​សំទូង ព្រម​ទាំង​ចេញ​ផ្កា​ដូច​ជា​ដើម​ទំពាំង​បាយ​ជូរ​ដែល​មាន​ក្លិន ដូច​ជា​ស្រា​ទំពាំង​បាយ​ជូរ​មក​ពី​ភ្នំ​ល្បាណូន​»។

២២ ប្រជាជន​អ៊ីស្រាអែល​ដែល​ប្រែ​ចិត្ត​នោះ ត្រូវ​បាន​ប្រោស​ឲ្យ​ជា​ខាង​វិញ្ញាណ ហើយ​ទទួល​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា​ម្ដង​ទៀត។ ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​ទឹក​សន្សើម​ដ៏​ត្រជាក់​ស្រួល​ចំពោះ​ពួក​គេ​ក្នុង​ន័យ​ថា​ទ្រង់​នឹង​ប្រទាន​ពរ​យ៉ាង​បរិបូរ​លើ​ពួក​គេ។ រាស្ត្រ​ដែល​ព្រះ​យេហូវ៉ា​ស្ដារ​ឡើង​វិញ​នោះ នឹង​មាន​លម្អ​«​ដូច​ជា​ដើម​អូលីវ​»​ ហើយ​ពួក​គេ​នឹង​ដើរ​តាម​ផ្លូវ​របស់​ព្រះ។ ដោយសារ​យើង​បាន​តាំង​ចិត្ត​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា តើ​នេះ​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី?

ចូរ​ដើរ​ជានិច្ច​តាម​ផ្លូវ​ដ៏​ទៀងត្រង់​របស់​ព្រះ​យេហូវ៉ា

២៣, ២៤​. នៅ​ចុង​បញ្ចប់​នោះ តើ​សៀវភៅ​ហូសេ​មាន​ទំនាយ​អ្វី​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត? តើ​ទំនាយ​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​យើង?

២៣ បើ​យើង​ចង់​ដើរ​ជានិច្ច​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា យើង​ត្រូវ​តែ​មាន​«​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​»​ ហើយ​ប្រព្រឹត្ត​តាម​ផ្លូវ​ដ៏​ទៀងត្រង់​របស់​ទ្រង់​ជានិច្ច​ជា​កាល។ (​យ៉ាកុប ៣:១៧, ១៨​) ខ​ចុង​ក្រោយ​បង្អស់​ក្នុង​បទ​ទំនាយ​របស់​ហូសេ​អាន​ថា​៖ ​«​តើ​មាន​អ្នក​ណា​ដែល​មាន​ប្រាជ្ញា​ឲ្យ​យល់​សេចក្ដី​ទាំង​នេះ​បាន? ឬ​មាន​គំនិត​វាងវៃ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ទាំង​នេះ​ផង? ដ្បិត​អស់​ទាំង​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​សុទ្ធតែ​ទៀងត្រង់ ពួក​អ្នក​សុចរិត​នឹង​ដើរ​ក្នុង​ផ្លូវ​ទាំង​នោះ តែ​មនុស្ស​ទុច្ចរិត​នឹង​ចំពប់​ដួល​ក្នុង​ផ្លូវ​នោះ​វិញ​»។—ហូសេ ១៤:៩

២៤ ចូរ​ឲ្យ​យើង​តាំង​ចិត្ត​ដើរ​តាម​ផ្លូវ​ដ៏​ទៀងត្រង់​របស់​ព្រះ​យេហូវ៉ា ជាជាង​ទុក​ចិត្ត​លើ​ប្រាជ្ញា​និង​ខ្នាត​តម្រា​របស់​លោកិយ​នេះ​ឲ្យ​នាំ​ផ្លូវ​យើង។ (​ចោទិយកថា ៣២:៤​) ហូសេ​បាន​ដើរ​តាម​ផ្លូវ​ដ៏​ទៀងត្រង់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ហោច​ណាស់ ៥៩​ឆ្នាំ។ គាត់​បាន​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ដោយ​ដឹង​ថា អស់​អ្នក​ដែល​មាន​ប្រាជ្ញា​និង​គំនិត​វាងវៃ​នឹង​យល់​បន្ទូល​នោះ។ ចុះ​យ៉ាង​ណា​ចំពោះ​យើង​វិញ? ដរាប​ណា​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​យើង​ធ្វើ​បន្ទាល់ នោះ​យើង​នឹង​បន្ត​ក្នុង​ការ​ព្យាយាម​រក​អស់​អ្នក​ដែល​បង្ហាញ​ថា​ខ្លួន​មាន​ប្រាជ្ញា​ដោយ​ព្រម​ទទួល​សេចក្ដី​សប្បុរស​ពី​ព្រះ​ដែល​យើង​គ្មាន​សិទ្ធិ​ទទួល។ ហើយ​យើង​មាន​ចិត្ត​រំភើប​ណាស់​ដែល​យើង​អាច​រួម​ចំណែក​ក្នុង​កិច្ចការ​នេះ​ជា​មួយ​នឹង‹អ្នក​បម្រើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។—ម៉ាថាយ ២៤:៤៥​-​៤៧

២៥​. តើ​ការ​ពិចារណា​បទ​ទំនាយ​របស់​ហូសេ​គួរ​ជួយ​យើង​ឲ្យ​ធ្វើ​អ្វី?

២៥ ការ​ពិចារណា​បទ​ទំនាយ​របស់​ហូសេ​គួរ​ជួយ​យើង​ដើរ​ជា​បន្ត​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ដោយ​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ជា​រៀង​រហូត​ក្នុង​ពិភពលោក​ថ្មី​របស់​ទ្រង់។ (​ពេត្រុសទី២ ៣:១៣; យូដាស ២០, ២១​) នេះ​ជា​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ណាស់! ហើយ​សេចក្ដី​សង្ឃឹម​នេះ​នឹង​សម្រេច​បាន ឲ្យ​តែ​យើង​មាន​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​ថា យើង​ពិត​ជា​ជឿ​ថា ​«​អស់​ទាំង​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​សុទ្ធតែ​ទៀងត្រង់​»។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• បើ​យើង​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដោយ​របៀប​ស្អាត​ស្អំ​នោះ តើ​ទ្រង់​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​លើ​យើង?

• ហេតុ​អ្វី​ក៏​យើង​គួរ​រង់ចាំ​ព្រះ​យេហូវ៉ា​ជានិច្ច?

• តើ​មាន​ហេតុ​អ្វី​ខ្លះ​ឲ្យ​អ្នក​ជឿជាក់​ថា អស់​ទាំង​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​សុទ្ធតែ​ទៀងត្រង់?

• តើ​យើង​អាច​ដើរ​ជានិច្ច​តាម​ផ្លូវ​ដ៏​ទៀងត្រង់​របស់​ព្រះ​យេហូវ៉ា​ដោយ​របៀប​ណា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៣]

ទំនាយ​របស់​ហូសេ​ផ្ដល់​ហេតុ​ឲ្យ​យើង​សង្ឃឹម​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​អំពី​ដំណើរ​រស់​ឡើង​វិញ