លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើការរួមភេទនឹងធ្វើឲ្យស្នេហាស្អិតរមួតឬ?

តើការរួមភេទនឹងធ្វើឲ្យស្នេហាស្អិតរមួតឬ?

ជំពូក​ទី​២៤

តើ​ការ​រួម​ភេទ​នឹង​ធ្វើ​ឲ្យ​ស្នេហា​ស្អិត​រមួត​ឬ?

នារី​ម្នាក់​ឈ្មោះ​ហេធើ​មាន​សង្សារ​ឈ្មោះ​ម៉ៃ។ ពួក​គេ​ទើប​តែ​ស្គាល់​គ្នា​ត្រឹម​តែ​ពីរ​ខែ​ប៉ុណ្ណោះ តែ​ហាក់​ដូច​ជា​ស្គាល់​គ្នា​យូរ​ហើយ។ ពួក​គេ​ផ្ញើ​សារ​ឲ្យ​គ្នា​គ្រប់​ពេល។ បើ​និយាយ​ទូរស័ព្ទ​ជា​មួយ​គ្នា​ម្ដង​ៗ​សឹង​តែ​រាប់​ម៉ោង ថែម​ទាំង​អាច​ដឹង​ចិត្ត​ដឹង​ថ្លើម​គ្នា​ទៀត​ផង។ ប៉ុន្តែ​ឥឡូវ ខណៈ​ដែល​ពួក​គេ​អង្គុយ​ក្នុង​ឡាន​ក្រោម​ពន្លឺ​ដួង​ចន្ទ ម៉ៃ​មិន​ស្កប់​ចិត្ត​ត្រឹម​តែ​ការ​និយាយ​គ្នា​ប៉ុណ្ណោះ​ទេ។

រយៈ​ពេល​ពីរ​ខែ​កន្លង​មក​នេះ ម៉ៃ​និង​ហេធើ​មិន​បាន​ធ្វើ​ហួស​ពី​ការ​កាន់​ដៃ​និង​ថើប​ថ្ពាល់​គ្នា​ឡើយ។ ហេធើ​មិន​ចង់​ធ្វើ​លើស​ពី​នេះ តែ​ក៏​មិន​ចង់​បាត់​បង់​ម៉ៃ​ដែរ។ ពី​មុន​មក មិន​ដែល​មាន​អ្នក​ណា​ធ្វើ​ឲ្យ​នាង​ស្រស់​ស្រាយ​និង​ពិសេស​ដូច​នេះ​ទេ។ នាង​ប្រាប់​ខ្លួន​ថា​‹យើង​ទាំង​ពីរ​នាក់​ស្រឡាញ់​គ្នា ដូច្នេះ​យើង​អាច . . . ›។

ប្អូន​អាច​ស្មាន​ដឹង​ហើយ​ថា អ្នក​ទាំង​ពីរ​នោះ​នឹង​ធ្វើ​អ្វី​ជា​មួយ​គ្នា។ ប៉ុន្តែ ប្អូន​ប្រហែល​ជានឹក​ស្មាន​មិន​ដល់​ថា បន្ទាប់​ពី​ម៉ៃ​និង​ហេធើ​រួម​ភេទ​ជា​មួយ​គ្នា​ហើយ ជីវិត​របស់​ពួក​គេ​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង គឺ​មិន​មែន​ផ្លាស់​ប្ដូរ​ទៅ​ជា​ប្រសើរ​ជាង​ឡើយ។ ហេតុ​អ្វី? សូម​ពិចារណា​ដូច​ត​ទៅ​៖

បើ​ប្អូន​ប្រឆាំង​ច្បាប់​ធម្មជាតិ​ដូច​ជា​ច្បាប់​ទំនាញ​ផែន​ដី នោះ​ប្អូន​នឹង​ជួប​គ្រោះ​ថ្នាក់។ ច្បាប់​សីលធម៌​ក៏​ដូច​គ្នា​ដែរ។ ឧទាហរណ៍​ច្បាប់​មួយ​ចែង​ថា​៖ ​«​[​ចូរ​]​ជៀស​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ (​ថែស្សាឡូនិច​ទី​១ ៤:៣​) តើ​ការ​មិន​ធ្វើ​តាម​បង្គាប់​នោះ​នាំ​ឲ្យ​មាន​ផល​វិបាក​អ្វី? គម្ពីរ​ចែង​ទៀត​ថា​៖ ​«​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អ្នក​នោះ​កំពុង​ធ្វើ​ខុស​ចំពោះ​រូប​កាយ​ខ្លួន​»។ (​កូរិនថូស​ទី​១ ៦:​១៨​) ហេតុ​អ្វី​នោះ​ជា​ការ​ពិត? តើ​ការ​រួម​ភេទ​មុន​រៀប​ការ​នាំ​ឲ្យ​មាន​ផល​វិបាក​អ្វី​ខ្លះ? សូម​ប្អូន​សរសេរ​ផល​វិបាក​បី​៖

១ ․․․․․

២ ․․․․․

៣ ․․․․․

សូម​មើល​អ្វី​ដែល​ប្អូន​បាន​សរសេរ។ តើ​ក្នុង​នោះ​មាន​ជំងឺ​កាមរោគ ការ​មាន​ផ្ទៃ​ពោះ​ដែល​មិន​ចង់​បាន ឬ​ការ​មិន​ពេញ​ចិត្ត​ពី​ព្រះ​ឬ​ទេ? នេះ​ជា​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​អស់​អ្នក​ដែល​បំពាន​ច្បាប់​របស់​ព្រះ ស្ដី​អំពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។

ប៉ុន្តែ ប្អូន​ប្រហែល​ជា​វែក​ញែក​ថា​‹ខ្ញុំ​គ្មាន​ថ្ងៃ​ជួប​លទ្ធផល​បែប​នោះ​ទេ›។ អ្នក​ណា​ៗ​ក៏​រួម​ភេទ​ដែរ។ មិត្ត​ភក្តិ​នៅ​សាលា​អួត​គ្នា​អំពី​រឿង​ដែល​ពួក​គេ​បាន​រួម​ភេទ ហើយ​មើល​ទៅ​ពួក​គេ​មិន​ជួប​បញ្ហា​អ្វី​សោះ។ ប្រហែល​ដូច​ហេធើ ប្អូន​អាច​គិត​ថា​ការ​រួម​ភេទ​នឹង​ធ្វើ​ឲ្យ​ស្នេហា​របស់​ប្អូន​ជា​មួយ​សង្សារ​កាន់​តែ​ផ្អែម​ល្ហែម។ ម្យ៉ាង​ទៀត គ្មាន​អ្នក​ណា​ម្នាក់​ចង់​ឲ្យ​គេ​ចំអក​ថា​មនុស្ស​ព្រហ្មចារី​ឡើយ ដូច្នេះ​ល្អ​ជាង បើ​ធ្វើ​តាម​គេ មែន​ទេ?

ប៉ុន្តែ សូម​គិត​បន្តិច​សិន! ជា​ដំបូង មិន​មែន​អ្នក​ណា​ៗ​ក៏​រួម​ភេទ​ទេ! ប្អូន​ប្រហែល​ជា​បាន​ដឹង​អំពី​រឿង​នេះ តាម​ស្ថិតិ​បញ្ជាក់​ថា​យុវវ័យ​មួយ​ចំនួន​ធំ​ធ្លាប់​រួម​ភេទ។ ជា​ឧទាហរណ៍ ការ​ស្ទង់​មតិ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក​បាន​រក​ឃើញ​ថា យុវវ័យ​ពីរ​នាក់​ក្នុង​ចំណោម​បី​នាក់​នៅ​អាម៉េរិក​បាន​រួម​ភេទ​មុន​រៀន​ចប់​វិទ្យាល័យ។ តួ​លេខ​នេះ​បង្ហាញ​ថា​ចំនួន​មនុស្ស​ដែល​មិន​ធ្លាប់​រួម​ភេទ នៅ​តែ​ជា​ចំនួន​មួយ​ខ្ពស់។ ចុះ​យុវវ័យ​ដែល​ធ្លាប់​រួម​ភេទ យ៉ាង​ណា​ដែរ? តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា ពួក​គេ​ភាគ​ច្រើន​ត្រូវ​ឆ្លង​កាត់​ផល​វិបាក​ជា​ច្រើន​ដូច​ជា​៖

ផល​វិបាក​ទី​១ ខូច​ចិត្ត។ យុវវ័យ​ភាគ​ច្រើន​ដែល​រួម​ភេទ​មុន​រៀប​ការ​និយាយ​ថា ពួក​គេ​ស្ដាយ​ក្រោយ។

ផល​វិបាក​ទី​២ មិន​ទុក​ចិត្ត​គ្នា។ ក្រោយ​ពី​រួម​ភេទ​រួច អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​សង្ស័យ​គ្នា​ថា​‹តើ​គាត់​ធ្លាប់​រួម​ភេទ​ជា​មួយ​អ្នក​ផ្សេង​ឬ​ទេ?›។

ផល​វិបាក​ទី​៣ ខក​ចិត្ត។ នារី​ស្ទើរ​តែ​ទាំង​អស់​ចង់​បាន​បុរស​ដែល​អាច​ជួយ​ការ​ពារ​នាង មិន​មែន​កេង​ប្រយោជន៍​ពី​នាង​ទេ។ ចំណែក​ឯ​យុវជន​ភាគ​ច្រើន​ក្រោយ​បាន​ខ្លួន​សង្សារ​ហើយ ពួក​គេ​មិន​សូវ​ចាប់​អារម្មណ៍​នាង​ទៀត​ឡើយ។

បន្ថែម​ទៅ​ទៀត យុវជន​មួយ​ចំនួន​ប្រាប់​ថា ពួក​គេ​នឹង​មិន​រៀប​ការ​ជា​មួយ​មនុស្ស​ស្រី​ដែល​ពួក​គេ​ធ្លាប់​រួម​ភេទ​ទេ។ ហេតុ​អ្វី? ពីព្រោះ​ពួក​គេ​ចង់​រៀប​ការ​ជា​មួយ​មនុស្ស​ស្រី​ដែល​ចេះ​ឲ្យ​តម្លៃ​ព្រហ្មចារី!

បើ​ប្អូន​ជា​នារី​វិញ សម្ដី​ដូច​នោះ​អាច​ធ្វើ​ឲ្យ​ប្អូន​ភ្ញាក់​ផ្អើល ឬ​រហូត​ដល់​ខឹង។ សូម​ចាំថា​ក្នុង​ជីវិត​ពិត ការ​ជ្រុល​ជ្រួស​ខ្លួន​ប្រាណ​«​ឬ​ទុំ​មុន​ស្រគាល​»​ គឺ​ខុស​គ្នា​ឆ្ងាយ​ពី​ក្នុង​ខ្សែ​ភាពយន្ត​ឬ​ទូរទស្សន៍។ ឧស្សាហ៍​កម្ម​កម្សាន្ត​ច្រើន​តែ​បង្ហាញ​ពី​ការ​រួមភេទ​របស់​យុវវ័យ ថា​ជា​ការ​សប្បាយ ជា​មនោសញ្ចេតនា និង​ជា​ស្នេហ៍​ពិត​ទៀតផង។ ប៉ុន្តែ កុំ​ឆាប់​ជឿ​គេ​ឲ្យ​សោះ! អ្នក​ដែល​ខំ​លួង​លោម​ប្អូន​ឲ្យ​រួម​ភេទ​មុន​រៀប​ការ គឺ​គិត​តែ​ពី​ខ្លួន​ឯង​ប៉ុណ្ណោះ។ (​កូរិនថូស​ទី​១ ១៣:៤, ៥​) បើ​អ្នក​ណា​ម្នាក់​ពិត​ជា​ស្រឡាញ់​ប្អូន​មែន គាត់​នឹង​មិន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ប្អូន​ឈឺ​ចាប់​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ទេ។ (​សុភាសិត ៥:៣, ៤​) ម្យ៉ាង​ទៀត បើ​នរណា​ម្នាក់​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្អូន​មែន គាត់​នឹង​មិន​ព្យាយាម​បញ្ចុះ​បញ្ចូល​ប្អូន​ឲ្យ​ធ្វើ​អ្វី​ដែល​ព្រះ​មិន​ពេញ​ចិត្ត​ឡើយ។—ហេប្រឺ ១៣:៤

បើ​ប្អូន​ជា​បុរស ហើយ​កំពុង​មើល​ចិត្ត​គ្នា​ជា​មួយ​នារី​ណា​ម្នាក់ សូម​ប្អូន​គិត​ពី​ទំនាក់​ទំនង​របស់​ប្អូន​ជា​មួយ​នឹង​នាង ដោយ​ផ្អែក​លើ​អ្វី​ដែល​មាន​ក្នុង​ជំពូក​នេះ។ សូម​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​សង្សារ​ឬ​ទេ?› បើ​ប្អូន​ឆ្លើយ​ថា​មែន តើ​ប្អូន​ធ្វើដូច្នោះ​ដោយ​របៀប​ណា? គឺ​ភាព​ម៉ឺង​ម៉ាត់​ជួយ​ប្អូន​ឲ្យ​ប្រកាន់​ខ្ជាប់​ច្បាប់​របស់​ព្រះ ហើយប្រាជ្ញា​ជួយ​ប្អូន​ឲ្យ​ជៀស​វាង​ពី​ស្ថានភាព​ដែល​ល្បង​ល និង​សេចក្ដី​ស្រឡាញ់​ជួយ​ប្អូន​ឲ្យ​គិត​អំពី​ប្រយោជន៍​នាង​ច្រើន​ជាង​ខ្លួន​ឯង។ បើ​ប្អូន​មាន​គុណ​សម្បត្តិ​ដូច​នោះ សង្សារ​របស់​ប្អូន​ទំនង​ជា​មាន​អារម្មណ៍​ដូច​ក្រមុំ​ក្រុង​ស៊ូឡាម​ដ៏​ថ្លៃ​ថ្នូរ​ម្នាក់ ដែល​បាន​ពោល​ថា​៖ ​«​ម្ចាស់​ស្នេហ៍​ខ្ញុំ​ជា​របស់​ខ្ញុំ ហើយ​ខ្ញុំ​ជា​របស់​គាត់​»។ (​បទ​ចម្រៀង​សាឡូម៉ូន ២:១៦​) និយាយ​ឲ្យ​ចំ​ទៅ គឺ​ប្អូន​នឹង​ក្លាយ​ជា​វីរៈ​បុរស​ក្នុង​បេះ​ដូង​របស់​នាង!

មិន​ថា​ជា​បុរស​ឬ​ស្ត្រី​ទេ បើ​ប្អូន​រួម​ភេទ​មុន​រៀប​ការ នោះ​ប្អូន​នឹង​បន្ថោក​ខ្លួន ដោយ​បោះ​ចោល​នូវ​របស់​ដ៏​មាន​តម្លៃ។ (​រ៉ូម ១:​២៤​) ក្រោយ​ពី​«​ទុំ​មុន​ស្រគាល​»​ មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា​ខ្លួន​ទទេ​ស្អាត ហើយ​ភាព​បរិសុទ្ធ​ដ៏​មាន​តម្លៃ​ហាក់​ដូច​ជា​ត្រូវ​គេ​លួច​ត្រឹម​តែ​មួយ​ប៉ព្រិច​ភ្នែក! កុំ​ឲ្យ​រឿង​បែប​នោះ​កើត​ឡើង​ចំពោះ​ប្អូន​ឡើយ។ ពេល​នរណា​ម្នាក់​ពោល​ពាក្យ​ផ្អែម​ល្ហែម​លួង​លោម​ប្អូន​ថា​«​បើ​អូន​ស្រឡាញ់​បង អូន​មុខ​ជា​គេង​ជា​មួយ​បង​»​ ពេល​នោះ​ប្អូន​ត្រូវ​តប​យ៉ាង​ម៉ឺង​ម៉ាត់​ថា​«​បើ​បង​ពិត​ជា​ស្រឡាញ់​អូន​មែន បង​មិន​គួរ​និយាយ​ពាក្យ​បែប​នេះ​ទេ!​»។

រូប​កាយ​របស់​ប្អូន​មាន​តម្លៃ​ខ្លាំង​ណាស់ កុំ​ចុះ​ចាញ់​សម្ដី​គេ​ឲ្យ​សោះ។ សូម​បង្ហាញ​ភាព​ម៉ឺង​ម៉ាត់​ក្នុង​ការ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ ដើម្បី​មិន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ បើ​ថ្ងៃ​ណា​មួយ​ប្អូន​រៀប​ការ ប្អូន​អាច​រួម​ភេទ​ជា​ប្ដី​ប្រពន្ធ​ដោយ​ក្ដី​សប្បាយ​រីករាយ។ ប្អូន​នឹង​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង ដោយ​សារ​ប្អូន​បាន​រក្សា​ភាព​បរិសុទ្ធ ប្អូន​នឹង​រស់​នៅ​ដោយ​គ្មាន​មន្ទិល គ្មាន​វិប្បដិសារី និង​គ្មាន​ការ​ព្រួយ​បារម្ភ​ដែល​ជា​ញឹក​ញយ​បណ្ដាល​មក​ពី​ការ​រួម​ភេទ​មុន​រៀប​ការ​ឡើយ។—សុភាសិត ៧:២២, ២៣; កូរិនថូស​ទី​១ ៧:៣

សូម​អាន​ប្រធានបទ​នេះ​ថែម​ទៀត នៅ​ជំពូក​ទី​៤ និង​ទី​៥ ក្នុង​ក្បាល​ទី​២

នៅ​ជំពូក​បន្ទាប់

ហេតុ​អ្វី​ការ​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​ខ្លួន​គឺ​ជា​រឿង​ធ្ងន់​ធ្ងរ?

បទ​គម្ពីរ​សំខាន់

​«​ចូរ​រត់​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ! . . . អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អ្នក​នោះ​កំពុង​ធ្វើ​ខុស​ចំពោះ​រូប​កាយ​ខ្លួន​»។—កូរិនថូស​ទី​១ ៦:១៨

យោបល់

ស្ដី​អំពី​ទំនាក់​ទំនង​ជា​មួយ​នឹង​មនុស្ស​ភេទ​ផ្ទុយ អ្វី​ដែល​ត្រូវ​ចង​ចាំ​គឺ​៖ ប្រសិន​បើ​ប្អូន​មិន​ចង់​ឲ្យ​ឪពុក​ម្ដាយ​ឃើញ​រឿង​ណា​មួយ​របស់​ប្អូន នោះ​ប្អូន​មិន​គួរ​ធ្វើ​រឿង​នោះ​ឡើយ។

តើ​ប្អូន​ដឹង​ទេ . . . ?

ក្រោយ​ពី​បាន​ខ្លួន​ប្រាណ​ហើយ មនុស្ស​ប្រុស​ច្រើន​តែ​ចង់​ដោះ​ដៃ​ចោល​សង្សារ​ស្រវា​រក​អ្នក​ថ្មី។

គម្រោង​អនុវត្ត!

ពេល​ខ្ញុំ​នៅ​ជា​មួយ​មនុស្ស​ភេទ​ផ្ទុយ ខ្ញុំ​នឹង​ជៀស​វាង​ស្ថានភាព​ដូច​ជា ․․․․․

បើ​មនុស្ស​ភេទ​ផ្ទុយ​ចង់​ជួប​ខ្ញុំ​នៅ​កន្លែង​ស្ងាត់ ខ្ញុំ​នឹង​ប្រាប់​ថា ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● ទោះ​ជា​ប្អូន​ប្រហែល​ចង់​រួម​ភេទ​មុន​រៀប​ការ​ក្ដី ហេតុ​អ្វី​នោះ​ខុស?

● បើ​អ្នក​ណា​ម្នាក់​សុំ​ប្អូន​រួម​ភេទ តើ​ប្អូន​នឹង​និយាយ​អ្វី?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៧៦​]

​«​ប្អូន​ប្រុស​យ៉ូស្វេ ប្រាប់​ថា​៖ ‹ដោយ​សារ​យើង​ជា​គ្រិស្ត​សាសនិក យើង​មាន​គុណ​សម្បត្តិ​ដែល​ទាក់​ទាញ​ចិត្ត​អ្នក​ឯ​ទៀត។ ដូច្នេះ ពេល​អ្នក​ណា​ម្នាក់​ព្យាយាម​បបួល​យើង​ឲ្យ​ធ្វើ​អ្វី​មិន​សមរម្យ នោះ​យើង​ត្រូវ​បដិសេធ​យ៉ាង​ម៉ឺង​ម៉ាត់។ យើង​ត្រូវ​ចេះ​ឲ្យ​តម្លៃ​និង​ការ​ពារ​គុណ​សម្បត្តិ​របស់​យើង!›​»​

[​រូបភាព​នៅ​ទំព័រ​១៧៦, ១៧៧​]

ការ​រួម​ភេទ​មុន​រៀប​ការ ប្រៀប​ដូច​ជា​ការ​យក​ផ្ទាំង​គំនូរ​ដ៏​មាន​តម្លៃ​មក​ធ្វើ​ជា​កម្រាល​ជើង