លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើខ្ញុំគួរប្រព្រឹត្តយ៉ាងណាចំពោះគ្រូ?

តើខ្ញុំគួរប្រព្រឹត្តយ៉ាងណាចំពោះគ្រូ?

ជំពូក​ទី​២០

តើ​ខ្ញុំ​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​គ្រូ?

សរសេរ​ឈ្មោះ​គ្រូ​ដែល​ប្អូន​ចូល​ចិត្ត។ ․․․․․

ហេតុ​អ្វី​បាន​ជា​ប្អូន​ចូល​ចិត្ត​គ្រូ​នោះ? ․․․․․

សរសេរ​ឈ្មោះ​គ្រូ​ដែល​ប្អូន​មិន​ចូល​ចិត្ត។ ․․․․․

បើ​និយាយ​ពី​មិត្ត​ភក្ដិ ប្អូន​អាច​ជ្រើស​រើស​បាន។ ប៉ុន្តែ បើ​និយាយ​ពី​ការ​រៀន​នៅ​សាលា ភាគ​ច្រើន​ប្អូន​មិន​អាច​ជ្រើស​រើស​គ្រូ​បាន​ទេ។ ប្អូន​ប្រហែល​ជា​ចូល​ចិត្ត​គ្រូ​ទាំង​អស់ ដូច​ដាវីឌ អាយុ​១៨​ឆ្នាំ ដែល​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ដែល​មាន​បញ្ហា​ជា​មួយ​គ្រូ​ឡើយ។ ខ្ញុំ​គោរព​ពួក​គាត់ ហើយ​ពួក​គាត់​ចូល​ចិត្ត​ខ្ញុំ​»។

ឬ​មួយ​ប្អូន​ប្រហែល​ជា​ដូច​សារ៉ា អាយុ​១១​ឆ្នាំ ដែល​បាន​ពោល​អំពី​គ្រូ​របស់​នាង​ថា​៖ ​«​គ្រូ​នោះ​យ៉ាប់​ណាស់។ ខ្ញុំ​មិន​យល់​សោះ​ថា​គាត់​ចង់​បង្រៀន​អ្វី។ ជួន​កាល គាត់​មិន​ពន្យល់​អ្វី​ទាំង​អស់ ហើយ​ជួន​កាល​ទៀត គាត់​ពន្យល់​បែក​អូរ​ហូរ​ស្ទឹង​»។ ដើម្បី​ជួយ​ប្អូន​ឲ្យ​ចុះ​សម្រុង​ជា​មួយ​គ្រូ ដំបូង​ប្អូន​ត្រូវ​ស្វែង​យល់​ថា តើ​បញ្ហា​ពិត​ប្រាកដ​របស់​ប្អូន​គឺ​ជា​អ្វី។ ពេល​ដឹង​ច្បាស់​ហើយ នោះ​ប្អូន​ស្រួល​ដោះ​ស្រាយ។ តើ​ឃ្លា​នៅ​ខាង​ក្រោម​នេះ មួយ​ណា​ជា​បញ្ហា​របស់​ប្អូន? សូម​ដាក់​សញ្ញា ✔ នៅ​ខាង​មុខ​ឃ្លា​នោះ ឬ​សរសេរ​ក្នុង​ប្រអប់​ផ្សេង​ទៀត។

□ ខ្ញុំ​គិត​ថា​ការ​បង្រៀន​របស់​គ្រូ​គឺ​ពិបាក​យល់​ណាស់

□ ខ្ញុំ​គួរ​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង

□ ខ្ញុំ​គិត​ថា​គ្រូ​មាន​ភាព​លម្អៀង

□ ខ្ញុំ​មិន​សម​នឹង​ទទួល​ការ​ដាក់​ពិន័យ​បែប​នេះ​ទេ

□ ខ្ញុំ​មាន​អារម្មណ៍​ថា​គ្រូ​រើស​អើង​ខ្ញុំ

□ ផ្សេង​ទៀត ․․․․․

តើ​អ្វី​អាច​ជួយ​ប្អូន​បាន? ជំហាន​ដំបូង សូម​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​សាវ័ក​ពេត្រុស ដែល​បាន​សរសេរ​ថា​៖ ​«​ចូរ​អ្នក​ទាំង​អស់​គ្នា​មាន​ចិត្ត​គំនិត​តែ​មួយ ចូរ​កើត​ទុក្ខ​ជា​មួយ​គ្នា​»។ (​ពេត្រុស​ទី​១ ៣:៨​) តាម​ខ​គម្ពីរ​នោះ តើ​តាម​របៀប​ណា​ប្អូន​អាច​យល់​អារម្មណ៍​របស់​គ្រូ​ដែល​ប្អូន​គិត​ថា​«​យ៉ាប់​»​? សូម​ពិចារណា​ចំណុច​មួយ​ចំនួន។

គ្រូ​អាច​ធ្វើ​ខុស។ គ្រូ​ក៏​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ដែរ គាត់​ប្រហែល​ជា​មាន​លក្ខណៈ​ចម្លែក មាន​ការ​ពិបាក​ផ្សេង​ៗ និង​មាន​ចិត្ត​រើស​អើង​ជា​ដើម។ យ៉ាកុប​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ បាន​សរសេរ​ថា​៖ ​«​ប្រសិន​បើ​អ្នក​ណា​មិន​ដែល​ជំពប់​ដួល​ខាង​ពាក្យ​សម្ដី អ្នក​នោះ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​អាច​កាន់​កាប់​រូប​កាយ​ទាំង​មូល​របស់​ខ្លួន​»។ (​យ៉ាកុប ៣:២​) យុវតី​ប៊្រីអានណា អាយុ​១៩​ឆ្នាំ និយាយ​ថា​៖ ​«​គ្រូ​គណិត​របស់​ខ្ញុំ​មិន​ចេះ​អត់​ធ្មត់​ឡើយ គាត់​ឧស្សាហ៍​ស្រែក​ដាក់​យើង​ខ្លាំង​ណាស់។ ដូច្នេះ យើង​មិន​សូវ​គោរព​គាត់​ទេ​»។ តើ​មាន​មូលហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​គ្រូ​មាន​ប្រតិកម្ម​បែប​នេះ? ប៊្រីអានណា និយាយ​ទៀត​ថា​៖ ​«​ជា​រឿយ​ៗ​នៅ​ក្នុង​ថ្នាក់ កូន​សិស្ស​ធ្វើ​អ្វី​ៗ​តាម​ចិត្ត ហើយ​មិន​ព្រម​ស្ដាប់​គ្រូ​សោះ។ សិស្ស​ខ្លះ​ថែម​ទាំង​ផ្គើន​ដាក់​គ្រូ​ទៀត​»។

សូម​គិត ពេល​ប្អូន​ធ្វើ​ខុស ប្អូន​ប្រាកដ​ជា​ចង់​ឲ្យ​គ្រូ​មើល​រំលង​កំហុស​របស់​ប្អូន ជា​ពិសេស​នៅ​ពេល​ប្អូន​ស្ថិត​នៅ​ក្រោម​ស្ថានភាព​តាន​តឹង​ចិត្ត​ខ្លាំង។ ដូច្នេះ ប្អូន​ក៏​គួរ​ធ្វើ​ដូច​គ្នា​ចំពោះ​គ្រូ​ដែរ។ សូម​សរសេរ​អ្វី​ដែល​បាន​កើត​ឡើង​ថ្មី​ៗ​នេះ​នៅ​ក្នុង​ថ្នាក់​រៀន​របស់​ប្អូន និង​អ្វី​ដែល​នាំ​ឲ្យ​គ្រូ​មាន​ប្រតិកម្ម​បែប​នោះ។

․․․․․

គ្រូ​មាន​សិស្ស​ដែល​គាត់​ចូល​ចិត្ត។ សូម​ពិចារណា​ការ​ពិបាក​ខ្លះ​ដែល​គ្រូ​កំពុង​ប្រឈម​មុខ​៖ តើ​មាន​សិស្ស​ប៉ុន្មាន​នាក់​នៅ​ក្នុង​ថ្នាក់​របស់​ប្អូន ដែល​មក​សាលា​ដោយ​សារ​ចង់​រៀន? តើ​មាន​សិស្ស​ប៉ុន្មាន​នាក់​ដែល​អាច​ផ្ដោត​អារម្មណ៍​ស្ដាប់​គ្រូ​ពន្យល់​មេ​រៀន​ឲ្យ​បាន​កន្លះ​ម៉ោង? តើ​មាន​សិស្ស​ប៉ុន្មាន​នាក់​ដែល​តែង​បង្ក​រឿង​ក្ដៅ​ក្រហាយ ហើយ​និយាយ​មើល​ងាយ​គ្រូ? ឥឡូវ​សូម​គិត បើ​ប្អូន​ជា​គ្រូ​វិញ ហើយ​ត្រូវ​បង្រៀន​សិស្ស​២០​នាក់​ឬ​៣០​នាក់ ហើយ​មុខ​វិជ្ជា​ដែល​ប្អូន​បង្រៀន មាន​តែ​សិស្ស​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ចាប់​អារម្មណ៍។ ដូច្នេះ ប្អូន​ច្បាស់​ជា​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជាង​ចំពោះ​សិស្ស​ដែល​ចង់​រៀន​មុខ​វិជ្ជា​របស់​ប្អូន មែន​ទេ?

បើ​ឃើញ​ជាក់​ស្ដែង​ថា​គ្រូ​មាន​ភាព​លំ​អៀង នោះ​ជា​រឿង​ធម្មតា​ទេ​ដែល​ប្អូន​ខឹង។ ប្អូន​ណាតាស្សា បាន​និយាយ​អំពី​គ្រូ​ម្នាក់​ថា​៖ ​«​គាត់​បាន​បញ្ជា​សិស្ស​ទាំង​អស់​ឲ្យ​ប្រគល់​លំហាត់​មក​គាត់​វិញ​នៅ​ថ្ងៃ​ដែល​គាត់​បាន​កំណត់។ ប៉ុន្តែ គាត់​តែង​តែ​យោគ​យល់​ជា​និច្ច​ដល់​សិស្ស​ដែល​នៅ​ក្នុង​ក្រុម​បាល់​ទាត់។ នេះ​គឺ​ដោយ​សារ​គាត់​ជា​ជំនួយ​ការ​របស់​គ្រូ​បង្វឹក​ក្រុម​បាល់​ទាត់​នោះ​»។ បើ​ប្អូន​ស្ថិត​ក្នុង​ស្ថានភាព​ស្រដៀង​គ្នា​នេះ សូម​សួរ​ខ្លួន​ថា​‹តើ​ទង្វើ​របស់​គ្រូ​ប៉ះ​ពាល់​ដល់​ការ​រៀន​សូត្រ​របស់​ខ្ញុំ​ឬ​ទេ?›។ បើ​មិន​មែន​ទេ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​ខឹង​ឬ​ច្រណែន?

សរសេរ​អ្វី​ដែល​ប្អូន​អាច​ធ្វើ​បាន ដើម្បី​ឲ្យ​គ្រូ​ដឹង​ច្បាស់​ថា​ប្អូន​ចាប់​អារម្មណ៍​រៀន​មុខ​វិជ្ជា​របស់​គាត់។

․․․․․

គ្រូ​អាច​យល់​ខុស​ចំពោះ​សិស្ស។ ជួន​កាល​បុគ្គលិក​លក្ខណៈ​ខុស​គ្នា ឬ​ការ​យល់​ច្រឡំ អាច​ជា​កត្តា​មួយ​ដែល​នាំ​ឲ្យ​គ្រូ​មិន​ចូល​ចិត្ត​ប្អូន។ បើ​ប្អូន​រមែង​សួរ​គ្រូ​នូវ​សំណួរ​ផ្សេង​ៗ ប្រហែល​ជា​គេ​គិត​ថា​ប្អូន​ប្រឆាំង​ឬ​ផ្ចាញ់​គ្រូ ឬ​បើ​ប្អូន​លេង​សើច​ច្រើន ប្រហែល​ជា​គេ​គិត​ថា​ប្អូន​ឈ្លើយ​មិន​គោរព​គ្រូ។

បើ​គ្រូ​មាន​ការ​យល់​ខុស តើ​ប្អូន​គួរ​ធ្វើ​យ៉ាង​ណា? គម្ពីរ​ចែង​ថា​៖ ​«​កុំ​តប​ស្នង​ការ​អាក្រក់​ដល់​អ្នក​ណា​ដែល​ធ្វើ​អាក្រក់​ចំពោះ​អ្នក។ . . . ចូរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន​»។ (​រ៉ូម ១២:១៧, ១៨​) ដូច្នេះ ចូរ​ព្យាយាម​កុំ​មាន​បញ្ហា​ជា​មួយ​គ្រូ។ បើ​មិន​ចាំ​បាច់ កុំ​តវ៉ា​ជា​មួយ​គាត់។ ផ្ទុយ​ទៅ​វិញ សូម​ព្យាយាម​រួស​រាយ​ដាក់​គាត់។ ប្អូន​ប្រហែល​ជា​ឆ្ងល់​ថា​‹តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​រួស​រាយ​ដាក់​គ្រូ?›។ ពេល​ប្អូន​ចូល​ក្នុង​ថ្នាក់ សូម​ជម្រាប​សួរ​គ្រូ​ដោយ​ក្ដី​គោរព។ ពេល​ប្អូន​បង្ហាញ​សុជីវធម៌​ជាប់​ជា​និច្ច ហើយ​ឧស្សាហ៍​ញញឹម​ដាក់​គ្រូ នោះ​គ្រូ​ប្រហែល​ជា​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​គាត់​ចំពោះ​ប្អូន។—រ៉ូម ១២:២០, ២១

សូម​គិត​ករណី​របស់​ប្អូន​ខេណ។ កាល​ពី​មុន គ្រូ​ខ្លះ​បាន​យល់​ខុស​ចំពោះ​គាត់។ ខេណ​រំលឹក​ថា​៖ ​«​ខ្ញុំ​ជា​មនុស្ស​អៀន​ណាស់ ហើយ​មិន​ដែល​និយាយ​ជា​មួយ​គ្រូ​ទេ​»។ តើ​ខេណ​ដោះ​ស្រាយ​បញ្ហា​នោះ​ដោយ​វិធី​ណា? ខេណ​បន្ថែម​ទៀត​ថា​៖ ​«​ក្រោយ​មក​ខ្ញុំ​ដឹង​ថា​គ្រូ​ភាគ​ច្រើន​ពិត​ជា​ចង់​ជួយ​ខ្ញុំ។ ដូច្នេះ ខ្ញុំ​សម្រេច​ចិត្ត​ព្យាយាម​ស្គាល់​គ្រូ​ម្នាក់​ៗ​ឲ្យ​កាន់​តែ​ច្បាស់។ បន្ទាប់​មក ខ្ញុំ​ឃើញ​ថា​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​រៀន​បាន​ល្អ​ជាង​មុន​»។

ពិត​ណាស់ ភាព​រួស​រាយ​រាក់​ទាក់​និង​សម្ដី​គួរ​សម មិន​តែង​តែ​ឈ្នះ​ចិត្ត​របស់​គ្រូ​នោះ​ទេ។ ប៉ុន្តែ ចូរ​អត់​ធ្មត់។ ស្ដេច​សាឡូម៉ូន​សរសេរ​ថា​៖ ​«​ចិត្ត​អត់​ធ្មត់​អាច​បន្ទន់​ចិត្ត​មេ​បញ្ជាការ​[​ឬ​គ្រូ​បង្រៀន​] ហើយ​សម្ដី​ទន់ភ្លន់​អាច​បំបាក់​ឆ្អឹង​បាន​»។ (​សុភាសិត ២៥:១៥​) ពេល​ប្អូន​រង​ភាព​អយុត្តិធម៌ ចូរ​រក្សា​ចិត្ត​ស្ងប់ ហើយ​និយាយ​ដោយ​ទន់ភ្លន់។ នេះ​អាច​ធ្វើ​ឲ្យ​គ្រូ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​វាយ​តម្លៃ​របស់​គាត់​ចំពោះ​ប្អូន។—សុភាសិត ១៥:១

បើ​គ្រូ​យល់​ខុស​ឬ​លម្អៀង​ចំពោះ​ប្អូន តើ​ភ្លាម​ៗ​ប្អូន​មាន​ប្រតិកម្ម​យ៉ាង​ណា?

․․․․․

ចុះ​ប្អូន​គិត​ថា ប្រតិកម្ម​បែប​ណា​ល្អ​ជាង?

․․․․․

វិធី​ដោះ​ស្រាយ​បញ្ហា​ជាក់​លាក់

ការ​យល់​ដឹង​អំពី​កម្រិត ឬ​ដែន​កំណត់​របស់​គ្រូ គឺ​គ្រាន់​តែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ។ បើ​ប្អូន​មាន​បញ្ហា​ជាក់​លាក់​ជា​មួយ​គ្រូ តើ​ប្អូន​គួរ​ធ្វើ​អ្វី? ជា​ឧទាហរណ៍ តើ​ប្អូន​នឹង​ដោះ​ស្រាយ​បញ្ហា​ខាង​ក្រោម​នេះ​ដោយ​របៀប​ណា?

ខ្ញុំ​គួរ​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​នេះ។ ប្អូន​ខឺទ្រីណឺ និយាយ​ថា​៖ ​«​រាល់​ឆ្នាំ មុខ​វិជ្ជា​ផ្នែក​វិទ្យា​សាស្ត្រ ខ្ញុំ​តែង​ទទួល​បាន​និទ្ទេស A។ ប៉ុន្តែ​នៅ​ឆ្នាំ​មួយ គ្រូ​បាន​ឲ្យ​ខ្ញុំ​និទ្ទេស F។ ខ្ញុំ​គួរ​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​នេះ។ ម្ល៉ោះ​ហើយ ឪពុក​ម្ដាយ​ខ្ញុំ​បាន​ទៅ​និយាយ​ជា​មួយ​នាយក​សាលា។ ពេល​នោះ​ពួក​គាត់​បាន​ឲ្យ​ខ្ញុំ​ត្រឹម​និទ្ទេស D។ ខ្ញុំ​មិន​ពេញ​ចិត្ត​ទេ ខ្ញុំ​នៅ​តែ​ខឹង​មិន​បាត់​»។ បើ​ប្អូន​មាន​ស្ថានភាព​ដូច​គ្នា កុំ​ប្រញាប់​រិះ​គន់​ឬ​ចោទ​ប្រកាន់​គ្រូ។ ផ្ទុយ​ទៅ​វិញ សូម​រៀន​ពី​គំរូ​របស់​ណាថាន់​ក្នុង​គម្ពីរ។ គាត់​មាន​ភារកិច្ច​ដ៏​ពិបាក​មួយ គឺ​ទៅ​លាត​ត្រដាង​កំហុស​ដ៏​ធ្ងន់​របស់​ស្ដេច​ដាវីឌ។ ណាថាន់​មិន​បាន​ស្ទុះ​ចូល​ទៅ​ក្នុង​វិមាន​ដាវីឌ ហើយ​ស្រែក​ចោទ​ប្រកាន់​គាត់​ឡើយ តែ​ណាថាន់​បាន​និយាយ​តាម​របៀប​ដែល​មិន​ធ្វើ​ឲ្យ​ដាវីឌ​ទើស​ចិត្ត។—សាំយូអែល​ទី​២ ១២:១​-​៧

ដូច​គ្នា​ដែរ ប្អូន​អាច​និយាយ​ជា​មួយ​គ្រូ​ដោយ​ចិត្ត​ស្ងប់ និង​ដោយ​រាប​ទាប។ បើ​ប្អូន​ខឹង​ឬ​រិះ​គន់​ចោទ​ប្រកាន់​គ្រូ នោះ​បញ្ហា​នឹង​រីក​ធំ​ឡើង។ សូម​សាក​ល្បង​វិធី​សាស្ត្រ​ដែល​ប្រសើរ​ជាង។ ដំបូង ប្អូន​អាច​សុំ​គ្រូ​ឲ្យ​ជួយ​ពន្យល់​ពី​របៀប​ដែល​គាត់​ដាក់​ពិន្ទុ។ សាឡូម៉ូន​បាន​សរសេរ​ថា​៖ ​«​អ្នក​ណា​ដែល​តប​ឆ្លើយ​មុន​ដឹង​រឿង​ពិត អ្នក​នោះ​ជា​មនុស្ស​ល្ងង់​ខ្លៅ ហើយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​អាម៉ាស់​មុខ​»។ (​សុភាសិត ១៨:១៣​) ក្រោយ​ពី​ប្អូន​ស្ដាប់​គ្រូ​ពន្យល់​ហើយ ប្អូន​អាច​បង្ហាញ​គ្រូ​នូវ​ចំណុច​ដែល​ប្អូន​ចង់​សុំ​គាត់​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ។ ទោះ​ជា​គ្រូ​មិន​បាន​កែ​ពិន្ទុ​ឲ្យ​ប្អូន​ក៏​ដោយ ភាព​ចាស់​ទុំ​របស់​ប្អូន​ប្រហែល​ជា​ធ្វើ​ឲ្យ​គ្រូ​ស្ងើច​សរសើរ​ប្អូន។

ខ្ញុំ​មាន​អារម្មណ៍​ថា​គ្រូ​មាន​ការ​រើស​អើង។ សូម​មើល​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ប្អូន​ស្រី​រេឆឺល។ នាង​ជា​សិស្ស​ពូកែ​ម្នាក់​នៅ​ក្នុង​ថ្នាក់។ ក្រោយ​មក ពេល​នាង​ចូល​រៀន​ថ្នាក់​ទី​៧ អ្វី​ៗ​ក៏​បាន​ផ្លាស់​ប្ដូរ។ រេឆឺល​និយាយ​ថា​៖ ​«​គ្រូ​ប្រចាំ​ថ្នាក់​បាន​ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​ឲ្យ​ខ្ញុំ​ប្រឡង​ធ្លាក់​មុខ​វិជ្ជា​របស់​គាត់​»។ តើ​នេះ​ដោយ​សារ​អ្វី? ក្រោយ​មក គ្រូ​បាន​ប្រាប់​រេឆឺល​និង​ម្ដាយ​នាង​យ៉ាង​ច្បាស់​ថា គាត់​មិន​ចូល​ចិត្ត​សាសនា​របស់​ពួក​គេ​ទេ។

តើ​មាន​អ្វី​កើត​ឡើង​បន្ទាប់​មក? រេឆឺល​ប្រាប់​ថា​៖ ​«​រាល់​លើក​ខ្ញុំ​ឃើញ​ច្បាស់​ថា​គ្រូ​ដាក់​ពិន្ទុ​មិន​ត្រឹម​ត្រូវ​ឲ្យ​ខ្ញុំ ដោយ​សារ​គាត់​រើស​អើង​ខ្ញុំ។ ដូច្នេះ ម៉ាក់​និង​ខ្ញុំ​តែង​តែ​ទៅ​ជួប​គ្រូ​នោះ​ដើម្បី​ដោះ​ស្រាយ​គ្នា។ នៅ​ទី​បំផុត គ្រូ​ក៏​ឈប់​រើស​អើង​ខ្ញុំ​ទៀត​»។ បើ​ប្អូន​ប្រឈម​មុខ​បញ្ហា​ស្រដៀង​គ្នា សូម​ប្រាប់​ឪពុក​ម្ដាយ​របស់​ប្អូន។ ឪពុក​ម្ដាយ​ប្រាកដ​ជា​នឹង​រក​វិធី​និយាយ​ជា​មួយ​គ្រូ ឬ​រហូត​ដល់​ទៅ​ជួប​នាយក​សាលា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ​ទៀត​ផង។

មើល​ទៅ​អនាគត

យើង​ត្រូវ​ទទួល​ស្គាល់​ថា មិន​មែន​បញ្ហា​ទាំង​អស់​អាច​ដោះ​ស្រាយ​បាន​ទេ។ ពេល​ខ្លះ​រឿង​តែ​មួយ​គត់​ដែល​ប្អូន​អាច​ធ្វើ​បាន គឺ​ខាំ​មាត់​សង្កត់​ចិត្ត។ ប្អូន​ស្រី​ថានយ៉ា ប្រាប់​ថា​៖ ​«​គ្រូ​ម្នាក់​មាន​អាកប្បកិរិយា​មិន​ល្អ​សោះ​ដាក់​សិស្ស។ ជា​ញឹក​ញយ គាត់​ប្រើ​សម្ដី​ប្រមាថ​យើង ដោយ​និយាយ​ថា​យើង​ល្ងង់។ ដំបូង​ឡើយ​ខ្ញុំ​យំ តែ​ក្រោយ​មក​ខ្ញុំ​មិន​ខ្ចី​ខ្វល់​នឹង​សម្ដី​របស់​គាត់​ទៀត។ ខ្ញុំ​ផ្ដោត​ទៅ​លើ​ការ​រៀន​សូត្រ​និង​ភារកិច្ច​របស់​ខ្ញុំ។ បន្តិច​ម្ដង​ៗ គ្រូ​មិន​សូវ​រក​រឿង​ខ្ញុំ​ខ្លាំង​ពេក​ទេ។ នៅ​ក្នុង​ថ្នាក់​របស់​ខ្ញុំ មាន​សិស្ស​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​រៀន​បាន​ពិន្ទុ​ល្អ ក្នុង​នោះ​ក៏​មាន​ខ្ញុំ​ដែរ។ ពីរ​ឆ្នាំ​ក្រោយ​មក គ្រូ​ម្នាក់​នោះ​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​សាលា​»។

ពេល​ប្អូន​ចេះ​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​គ្រូ​ដែល​ពិបាក ប្អូន​កំពុង​រៀន​ជំនាញ​ដែល​ជួយ​ប្អូន​នៅ​ពេល​ក្រោយ​មក គឺ​នៅ​ពេល​ដែល​ប្អូន​ធ្វើ​ការ​ជួប​ថៅកែ​មិន​សូវ​ល្អ។ ក្នុង​កាល​ដែល​ប្អូន​ជួប​គ្រូ​ល្អ​ៗ ប្អូន​មុខ​ជា​ដឹង​គុណ ហើយ​ឲ្យ​តម្លៃ​ពួក​គាត់។

នៅ​ជំពូក​បន្ទាប់

តើ​ប្អូន​គិត​ថា​រាល់​ថ្ងៃ​ប្អូន​ហាក់​ដូច​ជា​គ្មាន​ពេល​គ្រប់​គ្រាន់​ឬ​ទេ? បើ​ដូច្នេះ សូម​មើល​ពី​របៀប​ដែល​ប្អូន​អាច​គ្រប់​គ្រង​ពេល​វេលា មិន​មែន​ឲ្យ​ពេល​វេលា​គ្រប់​គ្រង​ប្អូន​ទេ។

បទ​គម្ពីរ​សំខាន់

​«​ម្ល៉ោះ​ហើយ អ្នក​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក អ្នក​ក៏​ត្រូវ​ប្រព្រឹត្ត​យ៉ាង​នោះ​ចំពោះ​ពួក​គេ​ដែរ​»។—ម៉ាថាយ ៧:១២

យោបល់

បើ​ប្អូន​គិត​ថា​គ្រូ​គួរ​ឲ្យ​ធុញ ចូរ​ប្អូន​ផ្ដោត​ទៅ​លើ​មេ​រៀន​វិញ។ សូម​ចាំ​ថា ការ​សួរ​សំណួរ​ដោយ​សុជីវធម៌ និង​ចិត្ត​រីករាយ​ក្នុង​ការ​រៀន​សូត្រ អាច​មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​គ្រូ​និង​សិស្ស​ឯ​ទៀត។

តើ​ប្អូន​ដឹង​ទេ . . . ?

គ្រូ​របស់​ប្អូន​ទំនង​ជា​ត្រូវ​បង្រៀន​មុខ​វិជ្ជា​ដដែល​ៗ​រាប់​សិប​ដង ឬ​រាប់​រយ​ដង​សម្រាប់​ថ្នាក់​ផ្សេង​ៗ​ទៀត។ ដូច្នេះ ប្រហែល​មិន​ស្រួល​ឲ្យ​គាត់​បង្រៀន​យ៉ាង​រស់​រវើក​ដូច​លើក​ដំបូង​ៗ​ឡើយ។

គម្រោង​អនុវត្ត!

ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ប្រធានបទ​ដែល​គួរ​ឲ្យ​ធុញ ទៅ​ជា​ប្រធានបទ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដោយ ․․․․․

បើ​ខ្ញុំ​មាន​អារម្មណ៍​ថា​គ្រូ​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​ដោយ​អយុត្តិធម៌ ខ្ញុំ​នឹង ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● ហេតុ​អ្វី​ប្អូន​គួរ​ផ្ដោត​ទៅ​លើ​មេ​រៀន​ជា​ជាង​ផ្ដោត​ទៅ​លើ​គ្រូ?

● មិន​ថា​ប្អូន​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​រៀន​ឬ​អត់ ហេតុ​អ្វី​នេះ​អាច​ប៉ះ​ពាល់​ដល់​អាកប្បកិរិយា​របស់​គ្រូ​ចំពោះ​ប្អូន?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៤៦​]

​«​ប្អូន​ខាមែន ស្រដី​ថា​៖ ‹ខ្ញុំ​ព្យាយាម​រាក់​ទាក់​ជា​មួយ​គ្រូ​ទាំង​អស់។ ខ្ញុំ​ស្គាល់​ឈ្មោះ​គ្រូ​ម្នាក់​ៗ។ បើ​ខ្ញុំ​ជួប​ពួក​គាត់​តាម​ផ្លូវ ខ្ញុំ​ជម្រាប​សួរ ហើយ​សួរ​សុខ​ទុក្ខ​ពួក​គាត់›​»​

[​រូបភាព​នៅ​ទំព័រ​១៤៥​]

គ្រូ​ប្រៀប​ដូច​ជា​ថ្ម​មួយ​ដុំ​ៗ​ដែល​ចម្លង​ប្អូន​ពី​ភាព​អវិជ្ជា​ទៅ​កាន់​ចំណេះ​ដឹង។ ប៉ុន្តែ ប្អូន​ក៏​ត្រូវ​ប្រឹង​លោត​ដោយ​ខ្លួន​ឯង​ដែរ