លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីមិនគួរផឹកស្រាច្រើនពេក?

ហេតុអ្វីមិនគួរផឹកស្រាច្រើនពេក?

ជំពូក​ទី​៣៤

ហេតុ​អ្វី​មិន​គួរ​ផឹក​ស្រា​ច្រើន​ពេក?

តើ​ប្អូន​នឹង​ឆ្លើយ​យ៉ាង​ណា​ចំពោះ​សំណួរ​ខាង​ក្រោម​នេះ? សូម​ដាក់​សញ្ញា ✔ ជិត​ចម្លើយ​របស់​ប្អូន។

តើ​មាន​មិត្ត​ណា​ម្នាក់​របស់​ប្អូន​ផឹក​ស្រា​ទាំង​មិន​ទាន់​គ្រប់​អាយុ ឬ​ផឹក​ច្រើន​ពេក​ទេ?

□ មាន □ មិន​មាន

តើ​មាន​មិត្ត​ភក្តិ​ដែល​បង្ខំ​ប្អូន​ឲ្យ​ផឹក​ស្រា​ឬ​ទេ?

□ មាន □ មិន​មាន

តើ​ប្អូន​ធ្លាប់​ផឹក​ស្រា​ច្រើន​ពេក​ឬ​ទេ?

□ មាន □ មិន​មាន

តើ​ការ​ផឹក​ស្រា​ច្រើន​ពេក​មាន​ន័យ​ដូច​ម្ដេច? អ្នក​ខ្លះ​ឲ្យ​និយមន័យ​ថា ជា​ការ​ផឹក​រហូត​ដល់​ស្រវឹង។ ប៉ុន្តែ របាយការណ៍​ពី​វិទ្យាស្ថាន​ជាតិ​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​និង​ការ​ញៀន​ស្រា​របស់​សហរដ្ឋ​អាម៉េរិក​មាន​ភាព​ជាក់​លាក់​ជាង ដោយ​បញ្ជាក់​ថា ការ​ផឹក​ស្រា​ច្រើន​ពេក​មាន​ន័យ​ថា​«​ផឹក​ជា​ប្រចាំ​ចំនួន​ប្រាំ​ដប​ឬ​ច្រើន​ជាង​នេះ​(​បើ​ជា​បុរស​) និង​បួន​ដប​ឬ​ច្រើន​ជាង​នេះ​(​បើ​ជា​នារី​)​»​ (​មួយ​ដប​មាន​ចំណុះ​៧៥០​មីលី​លីត្រ​)។

តើ​ប្អូន​ធ្លាប់​ចង់​ផឹក​ស្រា​ច្រើន ឬ​ក៏​ផឹក​ទាំង​មិន​ទាន់​គ្រប់​អាយុ​ឬ​ទេ? បើ​មែន មិន​មែន​មាន​តែ​ប្អូន​ឡើយ។ យុវវ័យ​ជា​ច្រើន​ក៏​ប្រើ​គ្រឿង​ស្រវឹង​ដែរ។ a ប៉ុន្តែ សូម​ប្អូន​សួរ​ខ្លួន​ថា​‹តើ​អ្វី​ជា​មូលហេតុ​ពិត​ដែល​ខ្ញុំ​ចង់​ផឹក​ស្រា? ហើយ​តើ​ស្រា​ប៉ះ​ពាល់​ដល់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច?›។ សូម​ដាក់​សញ្ញា ✔ នៅ​ជិត​ចម្លើយ​ដែល​ប្អូន​បាន​ជ្រើស​រើស​ខាង​ក្រោម។ បន្ទាប់​មក សូម​ពិចារណា​ការ​ពិត។

ក. យុវវ័យ​ផឹក​ស្រា​ដោយ​សារ​តែ​ពួក​គេ​ចូល​ចិត្ត​រសជាតិ​របស់​វា។

□ ត្រូវ □ ខុស

ខ. យុវវ័យ​នៅ​ក្មេង​និង​រឹង​មាំ ដូច្នេះ​ទោះ​ជា​ពួក​គេ​ផឹក​ស្រា​ក៏​មិន​សូវ​មាន​បញ្ហា​ធ្ងន់​ដូច​មនុស្ស​ធំ​ដែរ។

□ ត្រូវ □ ខុស

គ. ការ​ផឹក​ស្រា​ច្រើន​មិន​នាំ​ឲ្យ​ស្លាប់​ទេ។

□ ត្រូវ □ ខុស

ឃ. គម្ពីរ​ហាម​ប្រើ​គ្រឿង​ស្រវឹង​ទាំង​អស់។

□ ត្រូវ □ ខុស

ង. ការ​ផឹក​ស្រា​ច្រើន​ប៉ះ​ពាល់​ដល់​សុខភាព​តែ​ប៉ុណ្ណោះ។

□ ត្រូវ □ ខុស

ក. យុវវ័យ​ផឹក​ស្រា​ដោយ​សារ​តែ​ពួក​គេ​ចូល​ចិត្ត​រសជាតិ​របស់​វា។ ចម្លើយ​គឺ​៖ ខុស។ យោង​តាម​ការ​ស្ទង់​មតិ​អំពី​គ្រឿង​ស្រវឹង​នៅ​ប្រទេស​អូស្ត្រាលី យុវវ័យ​ជាង​៣៦​ភាគ​រយ​បាន​ឆ្លើយ​ថា​មូល​ហេតុ​ចម្បង​ដែល​ពួក​គេ​ផឹក​ស្រា គឺ​ដោយ​សារ​ចង់​ចូល​គេ​ចុះ។ ចំណែក​នៅ​សហរដ្ឋ​អាម៉េរិក​វិញ ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា​យុវវ័យ​៦៦​ភាគ​រយ​ឆ្លើយ​ថា ពួក​គេ​ផឹក​ស្រា​ដោយ​សារ​មិត្ត​ភក្តិ​បង្ខំ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជាង​ពាក់​កណ្ដាល​បាន​និយាយ​ថា ពួក​គេ​ផឹក​ស្រា​គឺ​ដើម្បី​បំបាត់​ទុក្ខ។

ខ. យុវវ័យ​នៅ​ក្មេង​និង​រឹង​មាំ ដូច្នេះ​ទោះ​ជា​ពួក​គេ​ផឹក​ស្រា​ក៏​មិន​សូវ​មាន​បញ្ហា​ធ្ងន់​ដូច​មនុស្ស​ធំ​ដែរ។ ចម្លើយ​គឺ​៖ ខុស។ អត្ថបទ​មួយ​ក្នុង​ទស្សនាវដ្ដី​Discover បាន​ប្រាប់​ថា​៖ ​«​ការ​ស្រាវ​ជ្រាវ​ថ្មី​ជាង​គេ​បង្ហាញ​ថា អ្នក​ដែល​ផឹក​ស្រា​តាំង​ពី​ក្មេង​កំពុង​បង្ខូច​សុខភាព​ខ្លួន​»។ ហេតុ​អ្វី? នេះ​គឺ​ដោយ​សារ​តែ​«​យុវវ័យ​ដែល​ផឹក​ស្រា​ច្រើន​ហួស​ប្រមាណ អាច​ធ្វើ​ឲ្យ​មុខ​ងារ​ខួរ​ក្បាល​របស់​ពួក​គេ​ខូច​»។

ការ​ផឹក​ស្រា​ជាប់​ជា​ប្រចាំ អាច​នាំ​ឲ្យ​កើត​មុន ស្បែក​ជ្រីវជ្រួញ​មុន​អាយុ ឡើង​ទម្ងន់ ញៀន​ស្រា ហើយ​ក៏​អាច​ញៀន​ថ្នាំ​ដែរ។ ម្យ៉ាង​ទៀត គ្រឿង​ស្រវឹង​អាច​បង្ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ បង្ខូច​ថ្លើម និង​បេះ​ដូង។

គ. ការ​ផឹក​ស្រា​ច្រើន​មិន​នាំ​ឲ្យ​ស្លាប់​ទេ។ ចម្លើយ​គឺ​៖ ខុស។ ការ​ផឹក​ស្រា​ច្រើន​ពេក​ធ្វើ​ឲ្យ​ខួរ​ក្បាល​ខ្វះ​អុកស៊ីសែន ហើយ​មុខ​ងារ​សំខាន់​ៗ​ក្នុង​រាង​កាយ​ចាប់​ផ្ដើម​ដំណើរ​ការ​ខុស​ប្រក្រតី ហើយ​ទី​បំផុត​ឈប់​ដំណើរ​ការ​តែ​ម្ដង។ ណា​មួយ​ទៀត អាច​កើត​មាន​រោគ​សញ្ញា​ដូច​ជា ក្អួត សន្លប់ ដក​ដង្ហើម​យឺត​ៗ ឬ​មិន​ទៀង​ទាត់។ ក្នុង​ករណី​ខ្លះ​អាច​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត។

ឃ. គម្ពីរ​ហាម​ប្រើ​គ្រឿង​ស្រវឹង​ទាំង​អស់។ ចម្លើយ​គឺ​៖ ខុស។ គម្ពីរ​មិន​ហាម​ការ​ផឹក​ស្រា ឬ​ហាម​មនុស្ស​វ័យ​ក្មេង​មិន​ឲ្យ​សប្បាយ​នោះ​ទេ។ (​ចម្រៀង​សរសើរ​ព្រះ ១០៤:១៥; អ្នក​ទូន្មាន ១០:១៩​) ប៉ុន្តែ បើ​ប្អូន​មិន​ទាន់​គ្រប់​អាយុ​តាម​ច្បាប់ ប្អូន​មិន​ត្រូវ​ផឹក​ស្រា​ឡើយ។—រ៉ូម ១៣:១

យ៉ាង​ណា​ក៏​ដោយ គម្ពីរ​ព្រមាន​កុំ​ឲ្យ​ផឹក​ស្រា​ហួស​ប្រមាណ។ សុភាសិត ២០:១ ចែង​ថា​៖ ​«​ស្រា​នាំ​ឲ្យ​មាន​ការ​ចំអក​មើល​ងាយ ហើយ​គ្រឿង​ស្រវឹង​នាំ​ឲ្យ​មាន​ការ​ឡូឡា អ្នក​ណា​ដែល​វង្វេង​ដោយ​សារ​គ្រឿង​ទាំង​នោះ អ្នក​នោះ​គ្មាន​ប្រាជ្ញា​ទេ​»។ ស្រា​អាច​ធ្វើ​ឲ្យ​ប្អូន​មាន​ការ​ប្រព្រឹត្ត​ដែល​នាំ​ឲ្យ​គេ​ចំអក​មើល​ងាយ! ស្រា​ប្រហែល​ជា​ធ្វើ​ឲ្យ​ប្អូន​សប្បាយ​ក្នុង​រយៈ​ពេល​ខ្លី តែ​បើ​ប្អូន​ផឹក​ច្រើន​ពេក នោះ​វា​នឹង​«​ចឹក​[​ប្អូន​]​ដូច​ពស់​»​ដែល​បង្ក​បញ្ហា​ជា​ច្រើន​ដល់​ប្អូន។—សុភាសិត ២៣:៣២

ង. ការ​ផឹក​ស្រា​ច្រើន​ប៉ះ​ពាល់​ដល់​សុខភាព​តែ​ប៉ុណ្ណោះ។ ចម្លើយ​គឺ​៖ ខុស។ បើ​ប្អូន​ផឹក​ស្រា​ដល់​ស្រវឹង ប្អូន​ងាយ​នឹង​ត្រូវ​គេ​ធ្វើ​បាប ឬ​រហូត​ដល់​ត្រូវ​គេ​ចាប់​រំលោភ​ទៀត​ផង។ ណា​មួយ​ទៀត ប្អូន​ក៏​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ ដោយ​ធ្វើ​អ្វី​ដែល​មិន​មែន​ជា​ចរិត​របស់​ប្អូន។ គម្ពីរ​ព្រមាន​ថា​ពេល​ផឹក​ស្រា​ហួស​ប្រមាណ ​«​អ្នក​នឹង​មើល​ឃើញ​អ្វី​ចម្លែក​ៗ ហើយ​អ្នក​នឹង​និយាយ​សម្ដី​អាក្រក់​»។ (​សុភាសិត ២៣:​៣៣​) និយាយ​ឲ្យ​ចំ​ទៅ ប្អូន​នឹង​ធ្វើ​អ្វី​ដែល​ល្ងង់​ខ្លៅ ហើយ​នាំ​ឲ្យ​ខ្លួន​បាត់​បង់​កិត្តិយស! គ្រោះ​ថ្នាក់​មួយ​ទៀត គឺ​ប្អូន​អាច​បាត់​បង់​មិត្ត​ភក្ដិ ការ​សិក្សា និង​ការ​ងារ ហើយ​ក៏​អាច​មាន​កំណត់​ត្រា​បទ​ល្មើស និង​ធ្លាក់​ខ្លួន​ក្រ​ដែរ។—សុភាសិត ២៣:២១

សំខាន់​បំផុត ការ​ផឹក​ស្រា​ហួស​ប្រមាណ​នឹង​បង្ខូច​ចំណង​មិត្តភាព​របស់​ប្អូន​ជា​មួយ​ព្រះ​យេហូវ៉ា។ ព្រះ​ចង់​ឲ្យ​ប្អូន​បម្រើ​លោក​ដោយ​«​អស់​ពី​សមត្ថភាព​រិះ​គិត​»​ មិន​មែន​គំនិត​ដែល​ត្រូវ​បង្ខូច​ដោយ​គ្រឿង​ស្រវឹង​នោះ​ឡើយ។ (​ម៉ាថាយ ២២:៣៧​) បណ្ដាំ​របស់​ព្រះ​មិន​គ្រាន់​តែ​ផ្ដន្ទា​ទោស​«​ការ​ផឹក​ស្រា​ច្រើន​ហួស​ប្រមាណ​»​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្ដន្ទា​ទោស​«​ការ​ប្រកួត​គ្នា​ផឹក​ស្រា​»​ដែរ។ (​ពេត្រុស​ទី​១ ៤:៣​) ដូច្នេះ ការ​ផឹក​ស្រា​ច្រើន​ពេក​គឺ​ប្រឆាំង​នឹង​គោល​បំណង​របស់​ព្រះ​ដែល​ជា​អ្នក​បង្កើត ហើយ​រា​រាំង​យើង​មិន​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​លោក។

តើ​ប្អូន​នឹង​ជ្រើស​រើស​មួយ​ណា?

តើ​ប្អូន​នឹង​ផឹក​ស្រា​ច្រើន​ដូច​មិត្ត​ភក្ដិ​របស់​ប្អូន​ឬ​ទេ? គម្ពីរ​ចែង​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រគល់​ខ្លួន​ធ្វើ​ជា​ខ្ញុំ​បម្រើ​ដោយ​ធ្វើ​តាម​បង្គាប់​របស់​អ្នក​ណា អ្នក​រាល់​គ្នា​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​នោះ?​»។ (​រ៉ូម ៦:១៦​) តើ​ប្អូន​ពិត​ជា​ចង់​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​មិត្ត​ភក្ដិ​និង​គ្រឿង​ស្រវឹង​ឬ?

ចុះ​យ៉ាង​ណា​បើ​ប្អូន​មាន​ទម្លាប់​ផឹក​ស្រា​ច្រើន? សូម​និយាយ​ជា​មួយ​ឪពុក​ម្ដាយ ឬ​មិត្ត​ភក្ដិ​ដែល​មាន​ភាព​ចាស់​ទុំ ដើម្បី​ឲ្យ​ពួក​គាត់​ជួយ​ប្អូន។ កុំ​ភ្លេច​អធិដ្ឋាន​អង្វរ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ពីព្រោះ​«​លោក​រមែង​ជួយ​យើង​ក្នុង​គ្រា​មាន​ទុក្ខ​លំបាក​»។ (​ចម្រៀង​សរសើរ​ព្រះ ៤៦:១​) ជា​ញឹក​ញយ ការ​ផឹក​ស្រា​ច្រើន​ពេក​ឬ​ផឹក​ទាំង​មិន​ទាន់​គ្រប់​អាយុ គឺ​កើត​ឡើង​ដោយ​សារ​ការ​បង្ខិត​បង្ខំ​ពី​មិត្ត​ភក្ដិ។ ដូច្នេះ ប្អូន​ត្រូវ​ចេះ​ជ្រើស​រើស​មិត្ត​ភក្ដិ​ឲ្យ​បាន​ល្អ។ b នេះ​មិន​ស្រួល​ទេ តែ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ប្អូន​ប្រាកដ​ជា​អាច​ធ្វើ​បាន។

នៅ​ជំពូក​បន្ទាប់

បើ​ប្អូន​ញៀន​ថ្នាំ តើ​ប្អូន​អាច​ផ្ដាច់​ដោយ​របៀប​ណា? សូម​ពិនិត្យ​មើល​ចម្លើយ។

[​កំណត់​សម្គាល់​]

a សូម​មើល​ប្រអប់​«​ តើ​អ្នក​ណា​ខ្លះ​ផឹក​ស្រា?​»​ នៅ​ទំព័រ​២៤៩។

b ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត សូម​មើល​ជំពូក​ទី​៨​និង​​ក្នុង​សៀវភៅ​នេះ និង​ជំពូក​ទី​១៥​ក្នុង​ក្បាល​ទី​២

បទ​គម្ពីរ​សំខាន់

​«​មនុស្ស​ប្រមឹក . . . នឹង​ធ្លាក់​ខ្លួន​ក្រ​»។—សុភាសិត ២៣:២១

យោបល់

ដំបូង​ប្អូន​គួរ​យល់​ពី​មូលហេតុ​ដែល​ប្អូន​ចង់​ផឹក​ស្រា។ រួច​មក ព្យាយាម​គិត​វិធី​ផ្សេង​ទៀត​ដែល​អាច​ជួយ​ប្អូន​ឲ្យ​បន្ធូរ​ការ​តាន​តឹង​ចិត្ត និង​មាន​ភាព​រីករាយ​ដោយ​មិន​ប៉ះ​ពាល់​ដល់​សុខភាព។

តើ​ប្អូន​ដឹង​ទេ . . . ?

យោង​តាម​ការ​សិក្សា​មួយ​នៅ​សហរដ្ឋ​អាម៉េរិក​បង្ហាញ​ថា​៖ ​«​ជា​ញឹក​ញាប់​អ្នក​ដែល​ផឹក​ស្រា​ច្រើន ទំនង​ជា​ខក​ខាន​ចូល​រៀន សិក្សា​មិន​ទាន់​គេ រង​របួស និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​៨​ដង​ច្រើន​ជាង​អ្នក​ដែល​មិន​សូវ​ផឹក​ស្រា​»។

គម្រោង​អនុវត្ត!

បើ​មិត្ត​ភក្តិ​បង្ខំ​ខ្ញុំ​ឲ្យ​ផឹក​ស្រា ខ្ញុំ​នឹង​និយាយ​ថា ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● ហេតុ​អ្វី​យុវវ័យ​ចូល​ចិត្ត​បបួល​គ្នា​ផឹក?

● បើ​ប្អូន​ផឹក​ស្រា តើ​ប្អូន​គិត​ថា​មនុស្ស​ភេទ​ផ្ទុយ​នឹង​ចាប់​អារម្មណ៍​ប្អូន​ទេ? ហេតុ​អ្វី​ប្អូន​ឆ្លើយ​ដូច្នេះ?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២៥០​]

​«​ប្អូន​ម៉ាក និយាយ​ថា​៖ ‹ពេល​សិស្ស​រួម​ថ្នាក់​បបួល​ខ្ញុំ​ផឹក​ស្រា ខ្ញុំ​ប្រាប់​ពួក​គេ​ថា ទោះ​ជា​ខ្ញុំ​មិន​ផឹក​ស្រា​ក៏​ខ្ញុំ​សប្បាយ​ដែរ›​»​

[​ប្រអប់​នៅ​ទំព័រ​២៤៩​]

 តើ​អ្នក​ណា​ខ្លះ​ផឹក​ស្រា?

យោង​តាម​ការ​សិក្សា​មួយ​របស់​សិស្ស​អនុ​វិទ្យាល័យ​ក្នុង​ប្រទេស​អង់គ្លេស ស្កុតឡែន និង​វេល​បាន​រក​ឃើញ​ថា ក្មេង​ពី​អាយុ​១៣​ទៅ​១៤​ឆ្នាំ មាន​ម្នាក់​ក្នុង​ចំណោម​បួន​នាក់​«​បាន​ផឹក​ស្រា​យ៉ាង​ហោច​ណាស់​៥​កែវ​ជាប់​ៗ​គ្នា​»។ ចំណែក​ពាក់​កណ្ដាល​នៃ​ក្មេង​អាយុ​១៥​ទៅ​១៦​ឆ្នាំ​បាន​ធ្វើ​ដូច​គ្នា។ យោង​តាម​ក្រសួង​មនុស្ស​សាស្ត្រ​និង​សុខភាព​នៃ​សហរដ្ឋ​អាម៉េរិក ​«​ក្មេង​ជំទង់​ប្រហែល​១០,៤​លាន​នាក់ ដែល​មាន​អាយុ​ចាប់​ពី​១២​ដល់​២០​ឆ្នាំ​ផឹក​គ្រឿង​ស្រវឹង។ ក្នុង​ចំណោម​នោះ មាន​៥,១​លាន​នាក់​ផឹក​ស្រា​ច្រើន និង​មាន​២,៣​លាន​នាក់​ផឹក​ស្រា​ស្រវឹង​ជោក​ជាំ យ៉ាង​ហោច​ណាស់​៥​ដង​ក្នុង​មួយ​ខែ​»។ ការ​សិក្សា​មួយ​នៅ​ប្រទេស​អូស្ត្រាលី​បង្ហាញ​ថា ក្មេង​ស្រី​ផឹក​ស្រា​ពី​១៣​ទៅ​៣០​កែវ​ជាប់​ៗ​គ្នា ចំនួន​នេះ​គឺ​ច្រើន​ជាង​ក្មេង​ប្រុស!

[​រូបភាព​នៅ​ទំព័រ​២៥១​]

ការ​ផឹក​ស្រា​ច្រើន នោះ​វា​នឹង​ចឹក​ប្អូន​ដូច​សត្វ​ពស់