លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចុះការរួមភេទឲ្យតែបានសប្បាយ?

ចុះការរួមភេទឲ្យតែបានសប្បាយ?

ជំពូក​ទី​២៦

ចុះ​ការ​រួម​ភេទ​ឲ្យ​តែ​បាន​សប្បាយ?

ប្អូន​ផេននី ប្រាប់​ថា​៖ ​«​ក្មេង​ៗ​ជា​ច្រើន​ទាក់​ទង​គ្នា គ្រាន់​តែ​ចង់​មើល​ថា​តើ​ទំនាក់​ទំនង​ពួក​គេ​អាច​ឈាន​ដល់​កម្រិត​ណា? ឬ​ចង់​ដឹង​ថា តើ​អ្នក​ណា​ខ្លះ​ដែល​ខ្លួន​អាច​រួម​ភេទ​បាន?​»។

ប្អូន​អេឌវ៉ាដ ប្រាប់​ថា​៖ ​«​យុវជន​ជា​ច្រើន​និយាយ​អំពី​រឿង​រួម​ភេទ​ដោយ​គ្មាន​ក្រែង​រអែង​ចិត្ត។ ពួក​គេ​អួត​គ្នា​ថា ទោះ​ជា​មាន​សង្សារ​ហើយ ក៏​ពួក​គេ​នៅ​តែ​ដេក​ជា​មួយ​ស្រី​ៗ​ផ្សេង​ទៀត​ដែរ​»។

យុវវ័យ​សម័យ​នេះ​ច្រើន​តែ​អួត​គ្នា​ថា ពួក​គេ​បាន​រួម​ភេទ​ជា​មួយ​អ្នក​នេះ ឬ​ជា​មួយ​អ្នក​នោះ​ដើម្បី​តែ​ការ​សប្បាយ ដោយ​គ្មាន​អារម្មណ៍​ស្នេហា​ឡើយ។ យុវវ័យ​មួយ​ចំនួន​ថែម​ទាំង​ត្រៀម​ខ្លួន​ក្នុង​ការ​រួម​ភេទ​ជា​មួយ​អ្នក​ស្គាល់​គ្នា ដោយ​មិន​ចង់​មាន​ស្នេហា​ទេ។

បើ​ប្អូន​ចង់​ធ្វើ​បែប​នោះ គឺ​មិន​មែន​ជា​រឿង​ប្លែក​ឡើយ! (​យេរេមា ១៧:៩​) ប្អូន​ប្រុស​អេឌវ៉ាដ​ដែល​រៀប​រាប់​ខាង​លើ បាន​ពោល​ទៀត​ថា​៖ ​«​ស្រី​ៗ​ជា​ច្រើន​សុំ​រួម​ភេទ​ជា​មួយ​ខ្ញុំ។ នេះ​ជា​រឿង​ពិបាក​បំផុត​ដែល​ខ្ញុំ​បាន​ជួប​តាំង​ពី​ក្លាយ​ជា​គ្រិស្ត​សាសនិក។ និយាយ​ត្រង់​ទៅ គឺ​មិន​ស្រួល​ឡើយ​ឲ្យ​ខ្ញុំ​បដិសេធ!​»។ បើ​មាន​គេ​បបួល​ប្អូន​ឲ្យ​រួម​ភេទ តើ​គម្ពីរ​មាន​គោល​ការណ៍​អ្វី​ខ្លះ​ដែល​ប្អូន​គួរ​ចង​ចាំ?

ចូរ​ដឹង​ពី​មូលហេតុ​ដែល​ការ​រួម​ភេទ​ឲ្យ​តែ​បាន​សប្បាយ​គឺ​ជា​ការ​ខុស

អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​គឺ​ជា​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​មួយ។ មិន​ថា​ការ​រួម​ភេទ​កើត​ឡើង​ដោយ​សារ​«​ស្នេហា​»​ ឬ​កើត​ឡើង​ដោយ​សារ​ការ​សប្បាយ​ទេ អ្នក​ដែល​ធ្វើ​ទង្វើ​បែប​នោះ​«​នឹង​មិន​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក​ឡើយ​»។ (​កូរិនថូស​ទី​១ ៦:៩, ១០​) បើ​ប្អូន​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ប្អូន​អាច​យក​ឈ្នះ​ការ​ល្បង​ល​នោះ​បាន។

ប្អូន​ខារិន​នៅ​កាណាដា និយាយ​ថា​៖«​ខ្ញុំ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា ការ​រស់​នៅ​តាម​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​របៀប​រស់​នៅ​ល្អ​បំផុត​»។

ប្អូន​ភីធើ​នៅ​អង់គ្លេស និយាយ​ថា​៖«​សូម​ចាំ​ថា អ្នក​មាន​ឪពុក​ម្ដាយ មិត្ត​ភក្តិ និង​បង​ប្អូន​ជា​ច្រើន​ក្នុង​ក្រុម​ជំនុំ ហើយ​បើ​អ្នក​ចុះ​ចាញ់​ការ​ល្បង​ល អ្នក​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ខក​ចិត្ត​»។

ពេល​ប្អូន​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ នោះ​ប្អូន​នឹង​«​ស្អប់​អ្វី​ដែល​អាក្រក់​»​ មិន​ថា​រឿង​នោះ​ទាក់​ទាញ​ចិត្ត​ប្អូន​ខ្លាំង​យ៉ាង​ណា​ទេ។—ចម្រៀង​សរសើរ​ព្រះ ៩៧:១០

សូម​អាន​បទ​គម្ពីរ ដើម​កំណើត ៣៩:៧​-​៩ ហើយ​កត់​សម្គាល់​អំពី​របៀប​ដែល​យ៉ូសែប​បង្ហាញ​ចិត្ត​ក្លាហាន​ក្នុង​ការ​បដិសេធ​ការ​រួម​ភេទ និង​អ្វី​ដែល​បាន​ជួយ​គាត់​ឲ្យ​ធ្វើ​ដូច្នេះ។

ចូរ​មាន​មោទនភាព​ចំពោះ​ជំនឿ​របស់​ខ្លួន

ជា​ញឹក​ញយ យុវវ័យ​តែង​តែ​មាន​មោទនភាព​ចំពោះ​ឧត្តម​គតិ​ឬ​ជំនឿ​របស់​ខ្លួន។ ប្អូន​មាន​កិត្តិយស​គាំទ្រ​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​ប្អូន។ ដូច្នេះ ប្អូន​មិន​ចាំ​បាច់​ខ្មាស​អៀន​ក្នុង​ការ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ទស្សនៈ​របស់​ប្អូន​ចំពោះ​ការ​រួម​ភេទ​មុន​រៀប​ការ​ឡើយ។

ប្អូន​អាឡិន​នៅ​អាល្លឺម៉ង់ ប្រាប់​ថា​៖«​តាំង​ពី​ដំបូង​អ្នក​ត្រូវ​បញ្ជាក់​ឲ្យ​គេ​ដឹង​ច្បាស់​ថា អ្នក​មាន​គោល​ការណ៍​សីលធម៌​ផ្ទាល់​ខ្លួន​»។

ប្អូន​វីកគី​នៅ​សហរដ្ឋ​អាម៉េរិក ប្រាប់​ថា​៖«​ពេល​រៀន​នៅ​វិទ្យាល័យ ប្រុស​ៗ​ដឹង​ថា​ខ្ញុំ​មាន​គោល​ជំហរ​បែប​ណា ហើយ​ពួក​គេ​ក៏​ដឹង​ដែរ​ថា ទោះ​ជា​ពួក​គេ​ខំ​ចែ​ចង់​ខ្ញុំ​យ៉ាង​ណា ក៏​គ្មាន​ប្រយោជន៍​ដែរ​»។

ការ​ប្រកាន់​ខ្ជាប់​តាម​ជំនឿ​របស់​ខ្លួន​ជា​សញ្ញា​បង្ហាញ​ថា ប្អូន​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ។—កូរិនថូស​ទី​១ ១៤:២០

សូម​អាន​បទ​គម្ពីរ សុភាសិត ២៧:១១ ហើយ​មើល​អំពី​របៀប​ដែល​ការ​ប្រព្រឹត្ត​ល្អ​របស់​ប្អូន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត!

ចូរ​តាំង​ចិត្ត​រឹង​មាំ!

ការ​ចេះ​បដិសេធ​គឺ​សំខាន់។ ប៉ុន្តែ មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​យល់​ខុស​ថា ការ​បដិសេធ​របស់​ប្អូន គ្រាន់​តែ​ជា​ការ​«​លេង​ខ្លួន​ប៉ុណ្ណោះ​»។

ប្អូន​ជយ​នៅ​នីហ្សេរីយ៉ា ប្រាប់​ថា​៖«​ក្រោយ​ពី​អ្នក​បដិសេធ អ្នក​ត្រូវ​បង្ហាញ​ថា​អ្នក​តាំង​ចិត្ត​ធ្វើ​តាម​ពាក្យ​របស់​ខ្លួន រួម​ទាំង​ការ​ស្លៀក​ពាក់ ការ​និយាយ​ស្ដី និង​ការ​ប្រព្រឹត្ត​របស់​អ្នក។ អ្នក​ក៏​ត្រូវ​គិត​ដែរ​អំពី​មនុស្ស​បែប​ណា​ដែល​អ្នក​ចង់​និយាយ​ជា​មួយ​»។

ប្អូន​ឡារ៉ា​នៅ​អង់គ្លេស ប្រាប់​ថា​៖«​អ្នក​ត្រូវ​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​បុគ្គល​នោះ​ថា អ្នក​គ្មាន​ថ្ងៃ​រួម​ភេទ​ជា​មួយ​គាត់​ឡើយ។ កុំ​ទទួល​យក​អំណោយ​ពី​មនុស្ស​ប្រុស​ដែល​ចង់​គេង​ជា​មួយ​អ្នក ព្រោះ​បើ​អ្នក​ទទួល នោះ​គាត់​ចាត់​ទុក​ថា​អ្នក​ត្រូវ​សង​គាត់​វិញ​ដោយ​ការ​គេង​ជា​មួយ​គ្នា​»។

បើ​ប្អូន​តាំង​ជំហរ​មាំ​មួន នោះ​ព្រះ​យេហូវ៉ា​នឹង​ជួយ​ប្អូន។ តាម​រយៈ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន ដាវីឌ​បាន​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​លោក​ស្មោះ​ត្រង់​ចំពោះ​អ្នក​ដែល​ស្មោះ​ត្រង់​»។—ចម្រៀង​សរសើរ​ព្រះ ១៨:២៥

សូម​អាន​បទ​គម្ពីរ ប្រវត្តិហេតុ​ទី​២ ១៦:៩ ហើយ​កត់​សម្គាល់​ថា ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​ជួយ​អស់​អ្នក​ដែល​ខំ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។

ចូរ​គិត​ទុក​ជា​មុន

គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​ឈ្លាស​វៃ​ឃើញ​អន្តរាយ​មក​ក៏​ពួន​ខ្លួន​»។ (​សុភាសិត ២២:៣​) តើ​ប្អូន​អាច​ធ្វើ​តាម​គោល​ការណ៍​នេះ​ដោយ​របៀប​ណា? គឺ​ដោយ​គិត​ទុក​ជា​មុន!

ប្អូន​ណាអូមី​នៅ​ជប៉ុន រៀប​រាប់​ថា​៖«​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ដែល​ចូល​ចិត្ត​និយាយ​រឿង​បែប​នោះ​»។

ប្អូន​ដាយអាណា​នៅ​អង់គ្លេស រៀប​រាប់​ថា​៖«​កុំ​ប្រាប់​ព័ត៌មាន​ផ្ទាល់​ខ្លួន រួម​ទាំង​អាសយដ្ឋាន និង​លេខ​ទូរស័ព្ទ​របស់​អ្នក​»។

សូម​គិត​ពី​ពាក្យ​សម្ដី​ដែល​ប្អូន​និយាយ អាកប្បកិរិយា​ដែល​ប្អូន​បង្ហាញ និង​មនុស្ស​ដែល​ប្អូន​សេព​គប់ រួម​ទាំង​កន្លែង​ដែល​ប្អូន​ចូល​ចិត្ត​ទៅ។ បន្ទាប់​មក សូម​សួរ​ខ្លួន​ថា​‹តើ​ខ្ញុំ​កំពុង​និយាយ​ឬ​ធ្វើ​អ្វី​មួយ​ដែល​នាំ​ឲ្យ​គេ​គិត​ថា​ខ្ញុំ​ចង់​រួម​ភេទ​ជា​មួយ​ឬ​ទេ?›។

សូម​អាន​បទ​គម្ពីរ ដើម​កំណើត ៣៤:១, ២ ហើយ​ពិចារណា​អំពី​លទ្ធផល​ដ៏​ខ្លោច​ផ្សា​ដែល​នារី​ម្នាក់​ឈ្មោះ​ឌីណា​បាន​បង្ក​ឡើង ដោយ​សារ​នាង​បាន​ទៅ​កន្លែង​ដែល​នាង​មិន​គួរ​ទៅ។

សូម​ចាំ​ថា ការ​រួម​ភេទ​ឲ្យ​តែ​បាន​សប្បាយ​គឺ​ជា​រឿង​ធ្ងន់​ធ្ងរ​សម្រាប់​ព្រះ​យេហូវ៉ា។ ដូច្នេះ ប្អូន​ក៏​ត្រូវ​មាន​ទស្សនៈ​ដូច​លោក​ដែរ។ បើ​ប្អូន​ប្រកាន់​ខ្ជាប់​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ នោះ​ប្អូន​អាច​រក្សា​តម្លៃ​ខ្លួន និង​បន្ត​មាន​សមត្ថភាព​វិនិច្ឆ័យ​ស្អាត​ស្អំ​នៅ​ចំពោះ​ព្រះ។ យុវតី​ម្នាក់​ឈ្មោះ​ខាលី និយាយ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​ត្រូវ​ធ្វើ​ជា​ឧបករណ៍​ដើម្បី​បំពេញ​ការ​សប្បាយ​របស់​មនុស្ស​ឯ​ទៀត? ពី​មុន​អ្នក​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​រក្សា​ភាព​ស្អាត​ស្អំ ដូច្នេះ​សូម​បន្ត​ធ្វើ​បែប​នេះ​ទៀត!​»។

នៅ​ជំពូក​បន្ទាប់

តើ​មនុស្ស​ស្រី​បែប​ណា​ដែល​មនុស្ស​ប្រុស​ចូល​ចិត្ត? ប្អូន​ប្រហែល​ជា​ភ្ញាក់​ផ្អើល​ពេល​ដឹង​ចម្លើយ​នោះ!

បទ​គម្ពីរ​សំខាន់

​«​ចូរ​ខំ​អស់​ពី​សមត្ថភាព ដើម្បី​នៅ​ទី​បំផុត​[​ព្រះ​]​នឹង​ឃើញ​ថា អ្នក​រាល់​គ្នា​គឺ​ឥត​ស្នាម​ប្រឡាក់ ស្អាត​ស្អំ និង​មាន​សន្តិភាព​»។—ពេត្រុស​ទី​២ ៣:១៤

យោបល់

សូម​បណ្ដុះ​គុណ​សម្បត្តិ​ដ៏​មាន​តម្លៃ។ (​ពេត្រុស​ទី​១ ៣:៣, ៤​) បើ​ប្អូន​មាន​ចរិត​ល្អ​មារយាទ​បាន នោះ​មនុស្ស​ល្អ​នឹង​ចាប់​អារម្មណ៍​ប្អូន។

តើ​ប្អូន​ដឹង​ទេ . . . ?

សុភមង្គល​នៃ​កា​រួម​ភេទ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ គឺ​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា។ ដូច្នេះ ដល់​ពេល​រៀប​ការ ប្អូន​អាច​សប្បាយ​រីករាយ​នឹង​អំណោយ​នោះ ដោយ​គ្មាន​កា​រ​បារម្ភ ការ​ភ័យ​ខ្លាច និង​ការ​សោក​ស្ដាយ​ទៅ​ថ្ងៃ​ក្រោយ ព្រោះ​តែ​ការ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ឡើយ។

គម្រោង​អនុវត្ត!

ខ្ញុំ​ព្យាយាម​ធ្វើ​តាម​គំរូ​យ៉ូសែប​ដើម្បី​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌ ដោយ ․․․․․

ខ្ញុំ​នឹង​មិន​ធ្វើ​ខុស​ដូច​ឌីណា​ទេ បើ​ខ្ញុំ ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● ទោះ​ជា​ប្អូន​ប្រហែល​ចង់​រួម​ភេទ​មុន​រៀប​ការ​ឬ​រួម​ភេទ​ឲ្យ​តែ​បាន​សប្បាយ​ក្ដី ហេតុ​អ្វី​នោះ​ជា​ការ​ខុស?

● បើ​នរណា​ម្នាក់​សុំ​រួម​ភេទ​ជា​មួយ​ប្អូន តើ​ប្អូន​នឹង​ធ្វើ​អ្វី?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៨៥​]

​«​ប្អូន​អិលអិន ប្រាប់​ថា​៖ ‹យើង​ត្រូវ​រឹង​មាំ កុំ​ទន់​ជ្រាយ​ឲ្យ​សោះ។ មាន​ពេល​មួយ ប្រុស​ម្នាក់​បាន​ដាក់​ដៃ​លើ​ស្មា​ខ្ញុំ​ដូច​ជា​ចង់​គេង​ជា​មួយ​ខ្ញុំ ភ្លាម​នោះ​ខ្ញុំ​និយាយ​ថា​«​ដក​ដៃ​ចេញ​ពី​ស្មា​ខ្ញុំ​ឲ្យ​លឿន!​»​ រួច​ខ្ញុំ​ក៏​ដើរ​ចេញ​ទាំង​មុខ​មាំ›​»​

[​រូបភាព​នៅ​ទំព័រ​១៨៧​]

បើ​ប្អូន​រួម​ភេទ​ដើម្បី​ឲ្យ​តែ​បាន​សប្បាយ នោះ​ប្អូន​កំពុង​បន្ថោក​តម្លៃ​ខ្លួន​ហើយ