លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើតាមរបៀបណាខ្ញុំអាចពន្យល់ទស្សនៈក្នុងគម្ពីរអំពីការស្រឡាញ់ភេទដូចគ្នា?

តើតាមរបៀបណាខ្ញុំអាចពន្យល់ទស្សនៈក្នុងគម្ពីរអំពីការស្រឡាញ់ភេទដូចគ្នា?

ជំពូក​ទី​២៣

តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ពន្យល់​ទស្សនៈ​ក្នុង​គម្ពីរ​អំពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា?

នៅ​ក្នុង​កម្ម​វិធី​ប្រគល់​ពាន​រង្វាន់​មួយ តារា​ស្រី​ពីរ​ដួង​ថើប​គ្នា​យ៉ាង​ផ្អែម​ល្ហែម​នៅ​លើ​ឆាក នោះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល ហើយ​ស្រែក​ហ៊ោ​យ៉ាង​កង​រំពង! អស់​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ចាត់​ទុក​ថា នេះ​គឺ​ជា​មោទនភាព​ខ្លាំង​ណាស់​សម្រាប់​ពួក​គេ។ ចំណែក​អ្នក​ខ្លះ​ទៀត​គិត​ថា នេះ​គ្រាន់​តែ​ជា​ការ​សម្ដែង​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ប៉ុណ្ណោះ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក វីដេអូ​ឃ្លី​ប​ដែល​តារា​ស្រី​ទាំង​ពីរ​ដួង​នោះ​ថើប​គ្នា បាន​ត្រូវ​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ម្ដង​ហើយ​ម្ដង​ទៀត និង​បាន​ទាក់​ទាញ​អ្នក​ទស្សនា​រាប់​លាន​នាក់​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត។

ដូច​ទិដ្ឋភាព​ដែល​បាន​រៀប​រាប់​ខាង​លើ ព័ត៌មាន​មួយ​ចំនួន​បាន​បង្ក​ឲ្យ​មាន​ភាព​រំជើប​រំជួល ដូច​ជា​នៅ​ពេល​ដែល​តារា​ល្បី​ម្នាក់​និយាយ​បញ្ឆិត​បញ្ឆៀង ឬ​និយាយ​ដោយ​បើក​ចំហ​ថា​ខ្លួន​ជា​ខ្ទើយ ឬ​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ឬ​ថា​ខ្លួន​អាច​ស្រឡាញ់​ភេទ​មួយ​ណា​ក៏​បាន។ មនុស្ស​ខ្លះ​កោត​សរសើរ​ថា​តារា​ទាំង​នោះ​មាន​ចិត្ត​ក្លាហាន រីឯ​មនុស្ស​ខ្លះ​ទៀត​និយាយ​ថា​តារា​ទាំង​នោះ​គ្មាន​ភាព​អៀន​ខ្មាស​សោះ។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​ទៀត​គិត​ថា​នោះ​គ្មាន​អ្វី​ខុស​ទេ វា​គ្រាន់​តែ​ជា​ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​ប៉ុណ្ណោះ។ ប្អូន​ដានីយ៉ែល អាយុ​២១​ឆ្នាំ និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​រៀន​នៅ​សាលា សូម្បី​តែ​កូន​សិស្ស​ដែល​មិន​ស្រឡាញ់​ភេទ​ដូច​គ្នា​ក៏​គិត​ថា បើ​អ្នក​ចាត់​ទុក​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ជា​រឿង​មិន​ប្រក្រតី នោះ​អ្នក​កំពុង​មាន​ការ​រើស​អើង និង​មាន​ចិត្ត​ចង្អៀត​ចង្អល់​»។

ផ្នត់​គំនិត​អំពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា ប្រហែល​ជា​ខុស​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ឬ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។ ប៉ុន្តែ សម្រាប់​គ្រិស្ត​សាសនិក​មិន​ត្រូវ​«​បក់​ផាត់​ទៅ​នេះ​ទៅ​នោះ​ដោយ​ខ្យល់​នៃ​សេចក្ដី​បង្រៀន​គ្រប់​បែប​យ៉ាង​»​ឡើយ។ (​អេភេសូរ ៤:១៤​) ផ្ទុយ​ទៅ​វិញ ពួក​គេ​ត្រូវ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​យ៉ាង​ដិត​ដល់។

តើ​គម្ពីរ​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា? បើ​ប្អូន​កំពុង​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​សីលធម៌​ក្នុង​គម្ពីរ តើ​ប្អូន​អាច​ពន្យល់​យ៉ាង​ណា​ចំពោះ​អស់​អ្នក​ដែល​និយាយ​ថា​ប្អូន​ជា​មនុស្ស​រើស​អើង ចង្អៀត​ចង្អល់ ឬ​មិន​ចេះ​យោគ​យល់​ចំពោះ​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា? សូម​ពិចារណា​សំណួរ​មួយ​ចំនួន និង​ពាក្យ​តប​ឆ្លើយ​ដែរ។

«​តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា?​»​

​«​គម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា ព្រះ​អនុញ្ញាត​ឲ្យ​មាន​ការ​រួម​ភេទ​រវាង​តែ​បុរស​និង​ស្ត្រី​ដែល​បាន​រៀប​ការ​ប៉ុណ្ណោះ។ (​ដើម​កំណើត ១:​២៧, ២៨; ច្បាប់​លេវី ១៨:២២; សុភាសិត ៥:​១៨, ១៩​) ពេល​គម្ពីរ​ផ្ដន្ទា​ទោស​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ នេះ​រួម​បញ្ចូល​ទាំង​ការ​រួម​ភេទ​ជា​មួយ​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា និង​ការ​រួម​ភេទ​ជា​មួយ​មនុស្ស​ដែល​មិន​បាន​រៀប​ការ​តាម​ផ្លូវ​ច្បាប់​»។ aកាឡាទី ៥:១៩​-​២១

«​តើ​ប្អូន​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា?​»​

​«​ខ្ញុំ​មិន​ស្អប់​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ទេ តែ​ខ្ញុំ​មិន​យល់​ស្រប​នឹង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​»។

សូម​ចាំ​ថា​៖ បើ​ប្អូន​ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌​ក្នុង​គម្ពីរ នោះ​គឺ​ជា​របៀប​រស់​នៅ​ដែល​ប្អូន​បាន​ជ្រើស​រើស ដូច្នេះ​ប្អូន​មាន​សិទ្ធិ​ធ្វើ​តាម​ជម្រើស​របស់​ប្អូន។ (​យ៉ូស្វេ ២៤:​១៥​) កុំ​ខ្មាស​នឹង​គោល​ជំហរ​របស់​ខ្លួន​ឡើយ។—ចម្រៀង​សរសើរ​ព្រះ ១១៩:៤៦

«​តើ​គ្រិស្ត​សាសនិក​គួរ​បង្ហាញ​ការ​គោរព​ចំពោះ​មនុស្ស​ទាំង​អស់ មិន​ថា​ពួក​គេ​មាន​ទំនោរ​ផ្លូវ​ភេទ​បែប​ណា​ឬ​ទេ?​»​

​«​ប្រាកដ​ណាស់។ គម្ពីរ​ចែង​ថា​៖ ‹ចូរ​គោរព​មនុស្ស​គ្រប់​ប្រភេទ›។ (​ពេត្រុស​ទី​១ ២:​១៧​) ដូច្នេះ គ្រិស្ត​សាសនិក​មិន​រើស​អើង​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ឡើយ។ ពួក​គេ​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​មនុស្ស​ទាំង​អស់ រួម​ទាំង​មនុស្ស​ខ្ទើយ​ដែរ​»។—ម៉ាថាយ ៧:១២

«​តើ​ទស្សនៈ​របស់​អ្នក​ចំពោះ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ធ្វើ​ឲ្យ​មាន​ការ​រើស​អើង​ប្រឆាំង​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ឬ​ទេ?​»​

​«​មិន​ដូច្នេះ​ទាល់​តែ​សោះ។ ខ្ញុំ​បដិសេធ​ទង្វើ​ស្រឡាញ់​ភេទ​ដូច​គ្នា មិន​មែន​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ឡើយ​»។

ប្អូន​អាច​និយាយ​ថែម​ទៀត​ថា​៖ ​«​ជា​ឧទាហរណ៍ ខ្ញុំ​មិន​ជក់​បារី។ គ្រាន់​តែ​គិត​អំពី​បារី​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល​សោះ។ ប៉ុន្តែ បើ​អ្នក​ជក់​បារី អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ខុស​គ្នា។ ខ្ញុំ​មិន​រើស​អើង​អ្នក​ដោយ​សារ​អ្នក​គិត​បែប​នោះ​ទេ ហើយ​អ្នក​ក៏​ប្រាកដ​ជា​មិន​រើស​អើង​ខ្ញុំ​ដោយ​សារ​ខ្ញុំ​គិត​បែប​នេះ​ដែរ មែន​ទេ? នេះ​ដូច​គ្នា​ចំពោះ​ទស្សនៈ​អំពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​»។

«​លោក​យេស៊ូ​បង្រៀន​យើង​ឲ្យ​បើក​ចិត្ត​ទទួល​យក​មនុស្ស​គ្រប់​ប្រភេទ។ បើ​ដូច្នេះ អ្នក​កាន់​តាម​លោក​ក៏​គួរ​ទទួល​យក​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ដែរ មែន​ទេ?​»​

​«​លោក​យេស៊ូ​មិន​បាន​លើក​ទឹក​ចិត្ត​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ទទួល​យក​របៀប​រស់​នៅ​បែប​ណា​ក៏​បាន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​បង្រៀន​ថា ផ្លូវ​ដែល​នាំ​ទៅ​ដល់​សេចក្ដី​សង្គ្រោះ គឺ​បើក​ចំហ​សម្រាប់​‹អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​លោក›។ (​យ៉ូហាន ៣:១៦​) ការ​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ រួម​បញ្ចូល​ការ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ។ ព្រះ​បាន​ហាម​ឃាត់​ការ​ប្រព្រឹត្ត​មួយ​ចំនួន រួម​ទាំង​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​»។—រ៉ូម ១:២៦, ២៧

«​អារម្មណ៍​ស្រឡាញ់​ភេទ​ដូច​គ្នា​គឺ​មិន​អាច​កែ​ប្រែ​បាន​ទេ ព្រោះ​វា​មាន​តាំង​ពី​កំណើត​មក​»​

​«​គម្ពីរ​មិន​មាន​ការ​ពន្យល់​អំពី​វេជ្ជសាស្ត្រ​នៃ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ឡើយ។ ប៉ុន្តែ គម្ពីរ​ទទួល​ស្គាល់​ថា​មាន​លក្ខណៈ​ខ្លះ​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ។ (​កូរិនថូស​ទី​២ ១០:៤, ៥​) ទោះ​ជា​មនុស្ស​ខ្លះ​មាន​ទំនោរ​ចិត្ត​ស្រឡាញ់​ភេទ​ដូច​គ្នា​ក៏​ដោយ គម្ពីរ​ដាស់​តឿន​គ្រិស្ត​សាសនិក​ឲ្យ​ជៀស​ឆ្ងាយ​ពី​ការ​ប្រព្រឹត្ត​បែប​នោះ​»។

យោបល់​៖ ជា​ជាង​ជជែក​តវ៉ា​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ស្រឡាញ់​ភេទ​ដូច​គ្នា សូម​ប្រាប់​ពួក​គេ​ថា​គម្ពីរ​ហាម​ឃាត់​ចំពោះ​ទង្វើ​នៃ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា។ ជា​ឧទាហរណ៍ ប្អូន​អាច​និយាយ​ថា​៖ ​«​មនុស្ស​ជា​ច្រើន​អះអាង​ថា អ្នក​ដែល​ប្រើ​អំពើ​ហិង្សា​គឺ​មក​ពី​ហ្សែន​ឬ​តំណ​ពូជ​របស់​គាត់ នេះ​ជា​មូលហេតុ​ដែល​មនុស្ស​ខ្លះ​មាន​ទំនោរ​ចិត្ត​ធ្វើ​ដូច្នោះ។ (​សុភាសិត ២៩:២២​) តើ​នេះ​ជា​ការ​ពិត​ទេ? អ្នក​ប្រហែល​ជា​ដឹង​ថា គម្ពីរ​ផ្ដន្ទា​ទោស​ការ​ផ្ទុះ​កំហឹង។ (​ចម្រៀង​សរសើរ​ព្រះ ៣៧:៨; អេភេសូរ ៤:៣១​) តើ​ខ្នាត​តម្រា​ក្នុង​គម្ពីរ​មិន​ល្អ​ដោយ​សារ​មាន​អ្នក​ខ្លះ​ចូល​ចិត្ត​ប្រើ​អំពើ​ហិង្សា​ឬ?​»។

«​បើ​មនុស្ស​ម្នាក់​មាន​អារម្មណ៍​ស្រឡាញ់​ភេទ​ដូច​គ្នា ហេតុ​អ្វី​បាន​ជា​ព្រះ​ហាម​គាត់​មិន​ឲ្យ​ធ្វើ​ដូច្នោះ? មើល​ទៅ​ព្រះ​គ្មាន​ចិត្ត​មេត្តា​សោះ!​»​

​«​ការ​វែក​ញែក​បែប​នេះ​គឺ​កើត​ចេញ​ពី​ការ​យល់​ខុស​ថា មនុស្ស​ត្រូវ​តែ​ធ្វើ​តាម​ចំណង់​ផ្លូវ​ភេទ​របស់​ខ្លួន។ គម្ពីរ​បង្ហាញ​ថា​ព្រះ​ឲ្យ​កិត្តិយស​ដល់​មនុស្ស លោក​បាន​មាន​ប្រសាសន៍​ថា បើ​មនុស្ស​ពិត​ជា​ចង់ ពួក​គេ​អាច​ជ្រើស​រើស​មិន​ធ្វើ​តាម​ចំណង់​ផ្លូវ​ភេទ​មិន​ត្រឹម​ត្រូវ​របស់​ខ្លួន​បាន​»។—កូឡុស ៣:៥

«​ទោះ​ជា​ប្អូន​មិន​មែន​ស្រឡាញ់​ភេទ​ដូច​គ្នា​ក៏​ដោយ ប្អូន​គួរ​ផ្លាស់​ប្ដូរ​ទស្សនៈ​ចំពោះ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​»​

​«​ឧទាហរណ៍ ខ្ញុំ​គិត​ថា​ការ​លេង​ល្បែង​ស៊ីសង​គឺ​ខុស តែ​អ្នក​មិន​គិត​ដូច្នោះ​ឡើយ។ តើ​សម​ហេតុ​ផល​ទេ​ដែល​អ្នក​ទាម​ទារ​ឲ្យ​ខ្ញុំ​ផ្លាស់​ប្ដូរ​ទស្សនៈ ដោយ​សារ​អ្នក​ឃើញ​មនុស្ស​រាប់​លាន​នាក់​យល់​ថា​ការ​លេង​ល្បែង​ស៊ីសង​គឺ​គ្មាន​បញ្ហា?​»។

សូម​ចាំ​ថា​៖ មនុស្ស​ជា​ច្រើន​រួម​ទាំង​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា ក៏​មាន​រឿង​ខ្លះ​ដែល​ពួក​គេ​មិន​ចូល​ចិត្ត​ដែរ ដូច​ជា​ការ​បោក​បញ្ឆោត អំពើ​អយុត្តិធម៌ ឬ​សង្គ្រាម។ គម្ពីរ​ហាមប្រាម​ចំពោះ​ការ​ប្រព្រឹត្ត​បែប​នោះ ហើយ​ក៏​ផ្ដន្ទា​ទោស​ទង្វើ​ផ្លូវ​ភេទ​មួយ​ចំនួន រួម​ទាំង​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ជា​ដើម។—កូរិនថូស​ទី​១ ៦:៩, ១០

គម្ពីរ​គឺ​សម​ហេតុ​សម​ផល ហើយ​ក៏​មិន​លើក​ស្ទួយ​ឲ្យ​មាន​ការ​រើស​អើង​ដែរ។ គម្ពីរ​ផ្ដល់​ដំបូន្មាន​ដូច​គ្នា​ដល់​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា និង​អ្នក​ដែល​ស្រឡាញ់​ភេទ​ផ្ទុយ​គ្នា​ថា​៖ ​«​ចូរ​រត់​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ!​»។—កូរិនថូស​ទី​១ ៦:១៨

ជា​ការ​ពិត​ណាស់ មនុស្ស​រាប់​លាន​នាក់​ដែល​ស្រឡាញ់​ភេទ​ផ្ទុយ ក៏​ព្យាយាម​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្លួន​ដែរ ពីព្រោះ​ពួក​គេ​ចង់​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ។ ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​នៅ​លីវ​ជា​ច្រើន​ដែល​ពិបាក​រក​គូ​ដើម្បី​រៀប​ការ ហើយ​អ្នក​ខ្លះ​ទៀត​ដែល​បាន​រៀប​ការ​ហើយ គូ​របស់​ខ្លួន​បែរ​ជា​អសមត្ថភាព​ខាង​ផ្លូវ​ភេទ។ ប៉ុន្តែ ពួក​គេ​ទាំង​នោះ​នៅ​តែ​អាច​រស់​នៅ​ដោយ​សប្បាយ​រីករាយ ទោះ​ជា​មិន​អាច​បំពេញ​តម្រូវ​ការ​ផ្លូវ​ភេទ​របស់​ខ្លួន​ក្ដី។ ដូច្នេះ អស់​អ្នក​ដែល​មាន​ទំនោរ​ចិត្ត​ស្រឡាញ់​ភេទ​ដូច​គ្នា​ក៏​អាច​ធ្វើ​ដូច​អ្នក​ទាំង​នោះ​ដែរ បើ​ពួក​គេ​ពិត​ជា​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។—ការ​បំភ្លឺ​ច្បាប់ ៣០:១៩

សូម​អាន​ប្រធានបទ​នេះ​ថែម​ទៀត ក្នុង​ជំពូក​ទី​២៨ ក្បាល​ទី​២

នៅ​ជំពូក​បន្ទាប់

ក្មេង​ស្រី​ខ្លះ​ជឿ​ថា ការ​រួម​ភេទ​ជា​មួយ​សង្សារ​នឹង​ធ្វើ​ឲ្យ​ស្នេហា​ពួក​គេ​កាន់​តែ​ស្អិត​រ​មួ​ត។ នោះ​ជា​ការ​ច្រឡំ​ធំ​ហើយ! សូម​ឲ្យ​យើង​ស្វែង​យល់​មូលហេតុ។

[​កំណត់​សម្គាល់​]

a ក្នុង​គម្ពីរ ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​មិន​គ្រាន់​តែ​សំដៅ​លើ​ការ​រួម​ភេទ​ដែល​មិន​បាន​រៀប​ការ​ប៉ុណ្ណោះ​ទេ តែ​ក៏​សំដៅ​លើ​សកម្មភាព​មួយ​ចំនួន ដូច​ជា​ការ​រួម​ភេទ​តាម​មាត់ ការ​រួម​ភេទ​តាម​ផ្លូវ​បាត និង​ការ​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​អ្នក​ឯ​ទៀត​ជា​ដើម។

បទ​គម្ពីរ​សំខាន់

​«​ដូច្នេះ ចូរ​រម្ងាប់​ភាព​ទោរ​ទន់​ដែល​មាន​នៅ​ក្នុង​អវយវៈ​រូប​កាយ​របស់​អ្នក​រាល់​គ្នា គឺ​ភាព​ទោរ​ទន់​ទៅ​រក​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អំពើ​ស្មោក​គ្រោក ការ​មិន​គ្រប់​គ្រង​លើ​ចំណង់​ផ្លូវ​ភេទ សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់ និង​ការ​លោភ​លន់​ដែល​ប្រៀប​ដូច​ជា​ការ​គោរព​បូជា​រូប​ព្រះ​»។—កូឡុស ៣:៥

យោបល់

បើ​ទោះ​ជា​ប្អូន​មិន​យល់​ស្រប​ចំពោះ​ទង្វើ​របស់​អ្នក​ឯ​ទៀត​ក្ដី សូម​កុំ​រើស​អើង​ឬ​មើល​ងាយ​ពួក​គេ ពីព្រោះ​ដូច​ប្អូន​ដែរ​ពួក​គេ​មាន​សេរី​ភាព​ជ្រើស​រើស​ផ្លូវ​របស់​ខ្លួន។

តើ​ប្អូន​ដឹង​ទេ . . . ?

គ្រិស្ត​សាសនិក​ខ្លះ​នៅ​សតវត្សរ៍​ទី​១​ដែល​ធ្លាប់​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ពួក​គេ​អាច​កែ​ប្រែ​របៀប​រស់​នៅ​មិន​ស្អាត​ស្អំ​របស់​ខ្លួន​បាន ហើយ​ព្រះ​បាន​ចាត់​ទុក​ពួក​គេ​ថា​«​បាន​ត្រូវ​លាង​សម្អាត​»។—កូរិនថូស​ទី​១ ៦:៩​-​១១

គម្រោង​អនុវត្ត!

បើ​អ្នក​ណា​ម្នាក់​និយាយ​ថា​ទស្សនៈ​ក្នុង​គម្ពីរ​អំពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​គឺ​ហួស​សម័យ នោះ​ខ្ញុំ​នឹង​តប​វិញ​ថា ․․․․․

ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា ខ្ញុំ​មិន​យល់​ស្រប​ចំពោះ​ទង្វើ​ស្រឡាញ់​ភេទ​ដូច​គ្នា តែ​ខ្ញុំ​មិន​ស្អប់​មនុស្ស​បែប​នោះ​ឡើយ នោះ​ខ្ញុំ​នឹង​និយាយ​ថា ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● ហេតុ​អ្វី​ព្រះ​មាន​សិទ្ធិ​កំណត់​ខ្នាត​តម្រា​សីលធម៌​សម្រាប់​មនុស្ស?

● តើ​ការ​ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌​ក្នុង​គម្ពីរ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៧០​]

​«​ប្អូន​អូប្រី ប្រាប់​ថា​៖ ‹ក្មេង​ប្រុស​ម្នាក់​នៅ​សាលា​ធ្លាប់​គិត​ថា​ខ្ញុំ​អាក្រក់​ណាស់ ដោយ​សារ​ខ្ញុំ​មិន​យល់​ស្រប​នឹង​របៀប​រស់​នៅ​របស់​គាត់។ ប៉ុន្តែ ខ្ញុំ​បាន​ពន្យល់​គាត់​ថា ខ្ញុំ​មិន​ស្អប់​គាត់​ទេ តែ​ខ្ញុំ​មិន​ទទួល​យក​អំពើ​ប្រាស​ចាក​សីលធម៌​គ្រប់​ប្រភេទ រួម​ទាំង​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ដែរ។ ក្រោយ​មក គាត់​ចាប់​ផ្ដើម​គោរព​ខ្ញុំ ហើយ​ការ​ពារ​ខ្ញុំ​ពេល​ខ្ញុំ​ជួប​បញ្ហា›​»​

[​ប្រអប់​នៅ​ទំព័រ​១៦៨​]

ចុះ​បើ​ស្រឡាញ់​ទាំង​ពីរ​ភេទ?

មាន​ប្រុស​និង​ស្រី​ដែល​ស្រឡាញ់​ទាំង​ពីរ​ភេទ។ ប៉ុន្តែ តាម​មើល​ទៅ​មាន​ស្រី​ៗ​កាន់​តែ​ច្រើន​មាន​ចំណង់​ចំណូល​ចិត្ត​បែប​នេះ។ មូលហេតុ​ខ្លះ​អាច​មក​ពី​ការ​ចង់​ដឹង​ចង់​ឃើញ។ នារី​ម្នាក់​ឈ្មោះ​លីសា អាយុ​២៦​ឆ្នាំ ប្រាប់​ថា​៖ ​«​នៅ​ពេល​មើល​ភាពយន្ត កម្ម​វិធី​ទូរទស្សន៍ ឬ​ចម្រៀង​វីដេអូ​ដែល​បង្ហាញ​ពី​ស្រី​ៗ​ថើប​គ្នា នោះ​បាន​ទាក់​ទាញ​ចិត្ត​យុវវ័យ​ឲ្យ​ចង់​សាក​ល្បង ជា​ពិសេស​បើ​ពួក​គេ​គិត​ថា​វា​មិន​ខុស​ទេ​»។

សម្រាប់​អ្នក​ខ្លះ​ទៀត ហាក់​ដូច​ជា​ចូល​ចិត្ត​ភេទ​ទាំង​ពីរ។ ក្មេង​ស្រី​ឈ្មោះ​វីកគី អាយុ​១៣​ឆ្នាំ និយាយ​ថា​៖ ​«​ក្នុង​ពិធី​ជប់​លៀង​មួយ ខ្ញុំ​បាន​ជួប​ក្មេង​ស្រី​ពីរ​នាក់។ រួច​មក មិត្ត​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា ក្មេង​ស្រី​ពីរ​នាក់​នោះ​ចូល​ចិត្ត​ខ្ញុំ។ បន្តិច​ម្ដង​ៗ ខ្ញុំ​ចាប់​ផ្ដើម​ផ្ញើ​សារ​ទៅ​ក្មេង​ស្រី​ម្នាក់ ហើយ​ក៏​កើត​មាន​អារម្មណ៍​ស្នេហា​ចំពោះ​នាង​»។

តើ​ប្អូន​ធ្លាប់​មាន​អារម្មណ៍​ដូច​វីកគី​ទេ? មនុស្ស​ជា​ច្រើន​ប្រហែល​ជា​នឹង​ប្រាប់​ប្អូន​ថា​‹បើ​អ្នក​មាន​ទំនោរ​ស្រឡាញ់​ភេទ​មួយ​ណា អ្នក​ត្រូវ​បញ្ចេញ​ឲ្យ​អ្នក​ឯ​ទៀត​ដឹង›។ ក៏​ប៉ុន្តែ ប្អូន​គួរ​ដឹង​ថា​ការ​ទាក់​ទាញ​ឲ្យ​ស្រឡាញ់​ភេទ​ដូច​គ្នា ជា​ញឹក​ញយ​វា​គ្រាន់​តែ​ជា​អារម្មណ៍​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ នោះ​ជា​អ្វី​ដែល​វីកគី​បាន​ជួប​ប្រទះ។ ដូច​គ្នា​ដែរ ប្អូន​ស្រី​ឈ្មោះ​លីសេត អាយុ​១៦​ឆ្នាំ បាន​ពោល​ថា​៖ ​«​គ្រាន់​តែ​និយាយ​ប្រាប់​ប៉ា​ម៉ាក់​ខ្ញុំ​អំពី​រឿង​នោះ ខ្ញុំ​ក៏​មាន​អារម្មណ៍​ប្រសើរ​ឡើង​វិញ។ បន្ថែម​ទៀត ពេល​រៀន​ម៉ោង​ជីវវិទ្យា ខ្ញុំ​បាន​ដឹង​ថា​ក្នុង​វ័យ​ជំទង់ កម្រិត​អ័រម៉ូន​ប្រែ​ប្រួល​ខ្លាំង​ខុស​ពី​ធម្មតា។ បើ​យុវវ័យ​មាន​ចំណេះ​ថែម​ទៀត​ពី​រាង​កាយ​របស់​ខ្លួន ពួក​គេ​នឹង​ដឹង​ថា​ការ​ទាក់​ទាញ​ឲ្យ​ស្រឡាញ់​ភេទ​ដូច​គ្នា​គឺ​ជា​អារម្មណ៍​តែ​មួយ​រយៈ​ទេ។ ដូច្នេះ ពួក​គេ​មិន​ចាំ​បាច់​មាន​សម្ពាធ​ថា​ខ្លួន​ត្រូវ​តែ​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ឡើយ​»។

ទោះ​ជា​ប្អូន​គិត​ថា​ប្អូន​ពិត​ជា​ចូល​ចិត្ត​ភេទ​ទាំង​ពីរ​យ៉ាង​ខ្លាំង​ក្ដី វា​មិន​មែន​ជា​អារម្មណ៍​ដែល​នៅ​ជាប់​យូរ​ទេ។ សូម​ជឿ​ជាក់​លើ​ពាក្យ​ដែល​គម្ពីរ​ធានា​ថា ប្អូន​អាច​ធ្វើ​បាន គឺ​ប្អូន​អាច​ជ្រើស​រើស​មិន​ធ្វើ​តាម​បំណង​ប្រាថ្នា​ខុស​ឆ្គង​របស់​ខ្លួន។

[​រូបភាព​នៅ​ទំព័រ​១៦៩​]

គ្រិស្ត​សាសនិក​ក្លាហាន​ដើរ​ចេញ​ពី​ចំណោម​មនុស្ស​ដែល​ធ្វើ​តាម​មតិ​ដ៏​ពេញ​និយម