លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើធ្វើដូចម្ដេចអាចព្យាបាលរបួសបេះដូង?

តើធ្វើដូចម្ដេចអាចព្យាបាលរបួសបេះដូង?

ជំពូក​ទី​៣១

តើ​ធ្វើ​ដូច​ម្ដេច​អាច​ព្យាបាល​របួស​បេះ​ដូង?

ប្អូន​រ៉ាជែល រៀប​រាប់​ថា​៖ ​«​យើង​បាន​រាប់​អាន​គ្នា​ជា​មិត្ត​ភក្តិ​អស់​ប្រាំ​ឆ្នាំ ហើយ​បាន​ទៅ​ជា​សង្សារ​នឹង​គ្នា​អស់​ប្រាំ​មួយ​ខែ។ នៅ​ពេល​គាត់​ចង់​បែក​ពី​ខ្ញុំ គាត់​មិន​ហ៊ាន​ប្រាប់​ខ្ញុំ​ទេ តែ​គាត់​ឈប់​និយាយ​ជា​មួយ​ខ្ញុំ​តែ​ម្ដង។ ខ្ញុំ​ខូច​ចិត្ត​ណាស់ ហើយ​ចេះ​តែ​បន្ទោស​ខ្លួន​ថា​‹តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស?›​»។

ពេល​ប្អូន​និង​សង្សារ​បែក​គ្នា នោះ​ធ្វើ​ឲ្យ​អារម្មណ៍​ដែល​ធ្លាប់​តែ​សប្បាយ​ប្រែ​ក្លាយ​ទៅ​ជា​អស់​សង្ឃឹម។ នេះ​ជា​រឿង​មួយ​ដែល​បាន​កើត​ឡើង​ចំពោះ​ចេហ្វ​និង​ស៊ូសាន ដែល​បាន​ស្រឡាញ់​គ្នា​អស់​ពីរ​ឆ្នាំ។ ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​ទាក់​ទង​គ្នា ស្នេហា​ពួក​គេ​រឹត​តែ​ផ្អែម​ល្ហែម។ ជា​រៀង​រាល់​ថ្ងៃ ចេហ្វ​ផ្ញើ​សារ​ស្នេហា​ច្រើន​ដង​ឲ្យ​ស៊ូសាន ព្រម​ទាំង​ទិញ​អំណោយ​ជូន​នាង ដើម្បី​បង្ហាញ​ថា​គាត់​នឹក​នាង ហើយ​ស្រឡាញ់​នាង​ខ្លាំង​ប៉ុនណា។ ស៊ូសាន​ប្រាប់​ថា​៖ ​«​ពេល​ខ្ញុំ​និយាយ​អ្វី​មួយ គាត់​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ហើយ​យល់​អំពី​ខ្ញុំ។ គាត់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ពិសេស​សម្រាប់​គាត់​»។

មិន​យូរ​ក្រោយ​មក ចេហ្វ​និង​ស៊ូសាន​បាន​និយាយ​គ្នា​អំពី​រឿង​រៀប​ការ និង​កន្លែង​ណា​ដែល​ពួក​គេ​ចង់​កសាង​គ្រួសារ​ជា​មួយ​គ្នា។ ចេហ្វ​ថែម​ទាំង​សួរ​អំពី​ទំហំ​ចិញ្ចៀន​របស់​ស៊ូសាន​ទៀត​ផង។ ប៉ុន្តែ​បន្ទាប់​មក ស្រាប់​តែ​ចេហ្វ​សុំ​បែក​គ្នា! ពេល​នោះ​ស៊ូសាន​ភាំង​ស្មារតី​និយាយ​មិន​ចេញ បេះ​ដូង​នាង​ស្ពឹក​អស់​ហើយ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នាង​ត្រូវ​រស់​នៅ​ទាំង​ឈឺ​ពើត​ផ្សា។ នាង​និយាយ​ថា​៖ ​«​រាល់​ថ្ងៃ​ខ្ញុំ​រស់​ប្រៀប​ដូច​ជា​ស្លាប់​»។ a

ហេតុ​អ្វី​ឈឺ​ចាប់​ម្ល៉េះ?

បើ​ប្អូន​ធ្លាប់​ជួប​ស្ថានភាព​ដូច​ស៊ូសាន ប្អូន​ប្រហែល​ឆ្ងល់​ថា​‹តើ​ខ្ញុំ​អាច​ក្រោក​ឡើង ហើយ​រស់​នៅ​ដូច​ធម្មតា​វិញ​ឬ​ទេ?›។ ពេល​របួស​បេះ​ដូង គឺ​មិន​ប្លែក​ទេ​ដែល​ប្អូន​ឈឺ​ចាប់។ ស្ដេច​សាឡូម៉ូន​បាន​សរសេរ​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​មាន​អំណាច​ខ្លាំង​ដូច​សេចក្ដី​ស្លាប់​»។ (​បទ​ចម្រៀង​សាឡូម៉ូន ៨:៦​) ដូច្នេះ ការ​បែក​គ្នា​គឺ​ជា​របួស​ផ្លូវ​ចិត្ត​ដ៏​ធ្ងន់​មួយ។ អ្នក​ខ្លះ​និយាយ​ថា ការ​បែក​គ្នា​ប្រៀប​ដូច​ជា​ការ​ស្លាប់​មួយ​ចំហៀង​ខ្លួន។ បើ​ប្អូន​កំពុង​ខូច​ចិត្ត ប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​ខាង​ក្រោម​៖

មិន​ទទួល​ស្គាល់​ការ​ពិត។ ‹យើង​មិន​ទាន់​បែក​គ្នា​ទេ។ ប៉ុន្មាន​ថ្ងៃ​ទៀត​គាត់​នឹង​ត្រឡប់​មក​រក​ខ្ញុំ​វិញ›។

ខឹង។ ‹ម៉េច​បាន​ជា​គាត់​ធ្វើ​បែប​នេះ​ដាក់​ខ្ញុំ? ខ្ញុំ​ស្អប់​គាត់!›។

បាក់​ទឹក​ចិត្ត។ ‹ខ្ញុំ​មិន​ស្អាត។ គ្មាន​អ្នក​ណា​ស្រឡាញ់​ខ្ញុំ​ទេ›។

ព្រម​ទទួល​យក។ខ្ញុំ​មិន​អី​ទេ។ ដំបូង​វា​ឈឺ តែ​បន្តិច​ទៀត​លែង​អី​ហើយ›។

ប៉ុន្តែ ទី​បំផុត​ប្អូន​អាច​ទទួល​យក​ការ​ពិត​បាន គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា។ តើ​ត្រូវ​ការ​ពេល​យូរ​ប៉ុណ្ណា? នោះ​គឺ​អាស្រ័យ​ទៅ​លើ​កត្តា​មួយ​ចំនួន​ដូច​ជា រយៈ​ពេល​ដែល​ប្អូន​ទាក់​ទង​គ្នា និង​ទំនាក់​ទំនង​រវាង​ប្អូន​ទាំង​ពីរ​ស៊ី​ជម្រៅ​ដល់​កម្រិត​ណា។ ប៉ុន្តែ ក្នុង​អំឡុង​ពេល​នេះ តើ​ប្អូន​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ព្យាបាល​បេះ​ដូង​ប្រេះ​ស្រាំ?

ខំ​ព្យាយាម​បោះ​ជំហាន

ប្អូន​ប្រហែល​ជា​ធ្លាប់​ឮ​ពាក្យ​ថា​‹ពេល​វេលា​នឹង​ព្យាបាល​របួស›។ ប៉ុន្តែ ពេល​ដែល​ប្អូន​ទើប​នឹង​ខូច​ចិត្ត ពាក្យ​នោះ​ស្ដាប់​ទៅ​ហាក់​ដូច​ជា​គ្មាន​ប្រយោជន៍​សោះ។ ហេតុ​ផល​គឺ​ថា ពេល​វេលា​ជួយ​បាន​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ។ ដូច​ពេល​ដែល​ប្អូន​មុត​កាំបិត ប្អូន​ដឹង​ថា​បន្តិច​ម្ដង​ៗ​មុខ​របួស​នឹង​ជា​សះ​ស្បើយ តែ​ពេល​ដែល​មុត​ភ្លាម​នោះ ប្អូន​ឈឺ។ ដូច្នេះ ប្អូន​ក៏​រក​វិធី​ឃាត់​ឈាម​និង​បន្ថយ​ការ​ឈឺ​ចាប់ ថែម​ទាំង​ថែ​មុខ​របួស​កុំ​ឲ្យ​ឆ្លង​មេ​រោគ​ទៀត​ផង។ នេះ​ក៏​ដូច​គ្នា​នឹង​របួស​បេះ​ដូង​ដែរ។ ឥឡូវ​ប្អូន​គ្រាំ​គ្រា​ចិត្ត។ ប៉ុន្តែ អ្វី​ដែល​ប្អូន​អាច​ធ្វើ​បាន គឺ​រក​វិធី​បន្ថយ​ការ​ឈឺ​ចាប់​និង​អារម្មណ៍​សោកសៅ។ ពិត​មែន​ថា​ពេល​វេលា​អាច​ជួយ​មួយ​ផ្នែក តែ​ប្អូន​ក៏​ត្រូវ​ខំ​ប្រឹង​ដោយ​ខ្លួន​ឯង​ដែរ។ សូម​សាក​ល្បង​ធ្វើ​តាម​វិធី​ដូច​ត​ទៅ​៖

ទម្លាយ​អារម្មណ៍​សោកសៅ។ ការ​យំ​គឺ​មិន​ខុស​ទេ។ គម្ពីរ​ចែង​ថា​៖ ​«​មាន​ពេល​យំ​»​ និង​«​មាន​ពេល​សោយ​សោក​»។ (​អ្នក​ទូន្មាន ៣:១,​) ពេល​ប្អូន​យំ​មិន​មាន​ន័យ​ថា ប្អូន​ខ្សោយ​ឡើយ។ សូម្បី​តែ​ដាវីឌ​ជា​អ្នក​ចម្បាំង​ដ៏​ក្លាហាន ពេល​គាត់​ពិបាក​ចិត្ត​ខ្លាំង គាត់​និយាយ​ចេញ​មក​ថា​៖ ​«​ពេញ​មួយ​យប់ ទឹក​ភ្នែក​ខ្ញុំ​ហូរ​ជោក​គ្រែ។ ខ្ញុំ​យំ​ឡើង​លិច​ដំណេក​»។—ចម្រៀង​សរសើរ​ព្រះ ៦:៦

ថែ​សុខភាព។ ការ​ហាត់​ប្រាណ និង​ការ​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ​នឹង​ជួយ​ប្អូន​ឲ្យ​មាន​កម្លាំង​ឡើង​វិញ។ គម្ពីរ​ចែង​ថា​៖ ​«​ការ​ហ្វឹក​ហាត់​ខ្លួន​ប្រាណ​មាន​ប្រយោជន៍​»។—ធីម៉ូថេ​ទី​១ ៤:៨

តើ​ប្អូន​ចង់​ធ្វើ​អ្វី​ដើម្បី​ថែ​រក្សា​សុខភាព​របស់​ខ្លួន?

․․․․․

ធ្វើ​ខ្លួន​ឲ្យ​រវល់។ សូម​បន្ត​ធ្វើ​អ្វី​ដែល​ប្អូន​ចូល​ចិត្ត។ កុំ​ផ្ដាច់​ខ្លួន​ពី​អ្នក​ឯ​ទៀត។ (​សុភាសិត ១៨:១​) ការ​សេព​គប់​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្អូន​នឹង​ជួយ​ប្អូន​ឲ្យ​គិត​តែ​អំពី​អ្វី​ល្អ​ៗ។

តើ​ប្អូន​ចង់​មាន​គោល​ដៅ​អ្វី​ខ្លះ?

․․․․․

ជម្រាប​ព្រះ​អំពី​អារម្មណ៍​របស់​ប្អូន។ នេះ​ប្រហែល​ជា​មិន​ស្រួល​ទេ។ ពីព្រោះ​ក្រោយ​ពេល​បែក​គ្នា អ្នក​ខ្លះ​រហូត​ដល់​មាន​អារម្មណ៍​ថា​ព្រះ​បាន​ក្បត់​ខ្លួន ដោយ​លើក​ហេតុ​ផល​ថា​‹ខ្ញុំ​បាន​អធិដ្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត សូម​ឲ្យ​ខ្ញុំ​រក​បាន​មនុស្ស​ល្អ​សម​នឹង​ខ្ញុំ។ ឥឡូវ​មើល នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង!›។ (​ចម្រៀង​សរសើរ​ព្រះ ១០:១​) តើ​ជា​ការ​ត្រឹម​ត្រូវ​ទេ ដែល​គិត​ថា​ព្រះ​ជា​អ្នក​ផ្គូផ្គង? ពិត​ជា​មិន​ត្រឹម​ត្រូវ​ទេ។ មិន​មែន​ជា​កំហុស​របស់​ព្រះ​ឡើយ កាល​ដែល​ប្អូន​និង​សង្សារ​បែក​គ្នា។ ប៉ុន្តែ អ្វី​ដែល​យើង​ដឹង​ច្បាស់ គឺ​ព្រះ​យេហូវ៉ា​«​រមែង​គិត​»​អំពី​យើង​ម្នាក់​ៗ។ (​ពេត្រុស​ទី​១ ៥:៧​) ដូច្នេះ សូម​អធិដ្ឋាន​ជម្រាប​ព្រះ​អំពី​អារម្មណ៍​របស់​ប្អូន។ គម្ពីរ​ចែង​ថា​៖ ​«​អធិដ្ឋាន អង្វរ​សុំ . . . ។ យ៉ាង​នេះ សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការ​ពារ​ចិត្ត​និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​រាល់​គ្នា តាម​រយៈ​គ្រិស្ត​យេស៊ូ​»។—ភីលីព ៤:៦, ៧

បើ​ប្អូន​កំពុង​ត​ស៊ូ​នឹង​អារម្មណ៍​ឈឺ​ចាប់​ដែល​មក​ពី​ការ​បែក​គ្នា តើ​ប្អូន​នឹង​អធិដ្ឋាន​យ៉ាង​ចំ​ៗ​អំពី​រឿង​អ្វី​ខ្លះ​ដល់​ព្រះ​យេហូវ៉ា?

․․․․․

មើល​ទៅ​ខាង​មុខ

ក្រោយ​ពី​ប្អូន​បាន​ធូរ​ស្រាល​ពី​របួស​បេះ​ដូង ប្អូន​ប្រហែល​ជា​ចង់​ពិនិត្យ​មើល​ឡើង​វិញ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ទំនាក់​ទំនង​ស្នេហា​របស់​ប្អូន។ ជា​ការ​ល្អ សូម​ប្អូន​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ផ្សេង​ៗ​ក្នុង​ប្រអប់​«​ តើ​ខ្ញុំ​អាច​ទាញ​មេ​រៀន​អ្វី​ពី​ការ​ខូច​ចិត្ត?​»​ នៅ​ទំព័រ​២២៤។

ជា​ការ​ពិត​ណាស់ ចំណង​ស្នេហ៍​របស់​ប្អូន មិន​បាន​រលូន​ដូច​អ្វី​ដែល​ប្អូន​សង្ឃឹម​ទុក​ទេ។ ប៉ុន្តែ សូម​ចាំ​ចំណុច​នេះ​៖ ក្នុង​ពេល​មាន​ព្យុះ ធម្មតា​យើង​មើល​ឃើញ​តែ​មេឃ​ខ្មៅ​ងងឹត និង​ធ្លាក់​ភ្លៀង​ខ្លាំង។ ប៉ុន្តែ ទី​បំផុត​ក្រោយ​ពី​ភ្លៀង​ហើយ មេឃ​ក៏​ស្រឡះ។ យុវវ័យ​ដែល​បាន​រៀប​រាប់​ក្នុង​ជំពូក​នេះ​បាន​ឃើញ​ថា បន្តិច​ម្ដង​ៗ​ពួក​គេ​បាន​ធូរ​ស្រាល​ពី​ការ​ខូច​ចិត្ត។ ប្អូន​ក៏​ប្រាកដ​ជា​ដូច​ពួក​គេ​ដែរ!

នៅ​ជំពូក​បន្ទាប់

តើ​ប្អូន​អាច​ធ្វើ​អ្វី​ដើម្បី​ការ​ពារ​ខ្លួន​ពី​មនុស្ស​ដែល​រំលោភ​បំពាន​ផ្លូវ​ភេទ?

[​កំណត់​សម្គាល់​]

a ទោះ​ជា​បទ​ពិសោធន៍​ក្នុង​ជំពូក​នេះ​គឺ​អំពី​ស្ត្រី​ក៏​ដោយ គោល​ការណ៍​ក៏​បាន​ត្រូវ​អនុវត្ត​ចំពោះ​បុរស​ដែរ។

បទ​គម្ពីរ​សំខាន់

​«​[​ព្រះ​យេហូវ៉ា​]​មើល​ថែ​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ លោក​រុំ​របួស​ឲ្យ​ពួក​គេ​»។—ចម្រៀង​សរសើរ​ព្រះ ១៤៧:៣

យោបល់

ប្អូន​ស៊ូសាន​ដែល​បាន​រៀប​រាប់​នៅ​ដើម​ជំពូក​នេះ បាន​កត់​ទុក​បទ​គម្ពីរ​មួយ​ចំនួន។ នាង​តែង​តែ​ដាក់​បទ​គម្ពីរ​ទាំង​នោះ​ជាប់​ខ្លួន ដើម្បី​ទុក​អាន​នៅ​ពេល​នាង​ពិបាក​ចិត្ត។ ប្អូន​ក៏​អាច​ធ្វើ​ដូច​នាង​ដែរ ដោយ​ជ្រើស​រើស​បទ​គម្ពីរ​ខ្លះ​ពី​ក្នុង​ជំពូក​នេះ។

តើ​ប្អូន​ដឹង​ទេ . . . ?

គូ​ស្នេហ៍​វ័យ​ជំទង់​ភាគ​ច្រើន​មិន​បាន​រៀប​ការ​ជា​មួយ​គ្នា​ទេ ហើយ​បើ​ពួក​គេ​រៀប​ការ អត្រា​នៃ​ការ​លែង​លះ​គ្នា​ក៏​ខ្ពស់​ដែរ។

គម្រោង​អនុវត្ត!

ដើម្បី​ព្យាបាល​របួស​បេះ​ដូង ហើយ​បន្ត​ដើរ​ទៅ​មុខ​ទៀត ខ្ញុំ​នឹង ․․․․․

ដើម្បី​ឲ្យ​ស្នេហា​លើក​ក្រោយ​កាន់​តែ​រលូន ខ្ញុំ​នឹង​ព្យាយាម ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● តាម​រយៈ​រឿង​របស់​ខ្លួន តើ​ប្អូន​បាន​ស្គាល់​អ្វី​ខ្លះ​អំពី​ខ្លួន​ឯង?

● តើ​ប្អូន​យល់​អ្វី​ថែម​ទៀត​អំពី​មនុស្ស​ភេទ​ផ្ទុយ?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២២៧​]

​«​ប្អូន​ខឺរីណឺ ប្រាប់​ថា​៖ ‹ពេល​វេលា​ជួយ​អ្នក​ឲ្យ​យល់​កាន់​តែ​ច្បាស់ ហើយ​អារម្មណ៍​របស់​អ្នក​នឹង​ប្រសើរ​ឡើង។ ដូច្នេះ អ្នក​អាច​គិត​បាន​ដិត​ដល់​ជាង ហើយ​ព្រម​ទទួល​យក​ការ​ពិត។ អ្នក​ក៏​នឹង​ស្គាល់​ខ្លួន​ឯង​ច្បាស់​ជាង​មុន​ដែរ ហើយ​ដឹង​ថា​ខ្លួន​ចង់​បាន​គូ​បែប​ណា ដើម្បី​កុំ​ឲ្យ​ខូច​ចិត្ត​ម្ដង​ទៀត›​»​

[​ប្រអប់​នៅ​ទំព័រ​២២៤​]

 ក្រដាស​លំហាត់

តើ​ខ្ញុំ​អាច​ទាញ​មេ​រៀន​អ្វី​ពី​ការ​ខូច​ចិត្ត?

តើ​សង្សារ​ប្រាប់​ពី​មូលហេតុ​ដែល​គាត់​សុំ​បែក​ទេ? បើ​ប្រាប់ សូម​សរសេរ​នៅ​ខាង​ក្រោម មិន​ថា​នោះ​ជា​មូលហេតុ​ល្អ​ឬ​មិន​ល្អ​ក្ដី។ ․․․․․

តើ​ប្អូន​គិត​ថា​មាន​មូលហេតុ​ផ្សេង​ទៀត​ទេ? ․․․․․

បើ​ប្អូន​អាច​បង្វិល​ពេល​វេលា​ឲ្យ​ត្រឡប់​ក្រោយ តើ​ប្អូន​គិត​ថា​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​មាន​លទ្ធផល​បែប​នេះ? ․․․․․

តាម​រយៈ​អ្វី​ដែល​ប្អូន​ឆ្លង​កាត់ តើ​ប្អូន​ចង់​កែ​លម្អ​ខ្លួន​យ៉ាង​ណា ដើម្បី​មាន​ភាព​ចាស់​ទុំ​និង​មាន​គុណ​សម្បត្តិ​ជា​អ្នក​កាន់​តាម​គ្រិស្ត? ․․․․․

បើ​ប្អូន​ចង់​មាន​សង្សារ​ម្ដង​ទៀត តើ​ប្អូន​នឹង​ធ្វើ​អ្វី​ដើម្បី​កុំ​ឲ្យ​មាន​ប្រវត្តិ​ច្រំ​ដែល? ․․․․․

[​រូបភាព​នៅ​ទំព័រ​២២៣​]

ការ​បែក​គ្នា​ប្រៀប​ដូច​ជា​របួស​ដ៏​ឈឺ​ផ្សា។ តែ​យូរ​ៗ​ទៅ វា​នឹង​ជា​សះ​ស្បើយ