លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើយើងបានត្រៀមខ្លួនរៀបការហើយឬនៅ?

តើយើងបានត្រៀមខ្លួនរៀបការហើយឬនៅ?

ជំពូក​ទី​៣០

តើ​យើង​បាន​ត្រៀម​ខ្លួន​រៀប​ការ​ហើយ​ឬ​នៅ?

ប្អូន​គិត​ថា ប្អូន​បាន​ជួប​មនុស្ស​ដែល​ស័ក្តិ​សម​នឹង​ខ្លួន។ ប្អូន​បាន​មើល​ចិត្ត​គ្នា​ល្មម​គ្រប់​គ្រាន់ ហើយ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ឥឡូវ​ដល់​ពេល​ដែល​ប្អូន​ចង់​រៀប​ការ​ជា​មួយ​គ្នា។ ប៉ុន្តែ នៅ​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត ប្អូន​ចាប់​ផ្ដើម​ឆ្ងល់​ថា . . .

តើ​យើង​បាន​ត្រៀម​ខ្លួន​រៀប​ការ​ហើយ​ឬ​នៅ?

ទោះ​ជា​ប្អូន​ស្រឡាញ់​គ្នា​ក៏​ដោយ នោះ​ជា​រឿង​ធម្មតា​ទេ​ដែល​ប្អូន​ឆ្ងល់​ថា ក្រោយ​រៀប​ការ​ហើយ តើ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ប្អូន​នឹង​ទៅ​ជា​យ៉ាង​ណា? ពីព្រោះ​មនុស្ស​ជា​ច្រើន​ដែល​រៀប​ការ​ហើយ មាន​ភាព​រកាំ​រកូស​នឹង​គ្នា ហើយ​អត្រា​នៃ​ការ​លែង​លះ​ក៏​កើន​ឡើង​ខ្ពស់​ដែរ។ ដូច្នេះ មិន​ចម្លែក​ទេ​ដែល​ប្អូន​ចង់​គិត​ឲ្យ​បាន​ហ្មត់​ចត់​មុន​សម្រេច​ចិត្ត​រៀប​ការ។ តើ​ប្អូន​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ប្អូន​បាន​ត្រៀម​ខ្លួន​រួច​ហើយ? ប្អូន​ប្រហែល​ជា​ស្រមៃ​ថា ជីវិត​គូ​របស់​ប្អូន​ពោរ​ពេញ​ដោយ​ភាព​ផ្អែម​ល្ហែម ហើយ​អ្វី​ៗ​ក៏​ល្អ។ ប៉ុន្តែ សូម​គិត​អំពី​ការ​ពិត​នៃ​ជីវិត​អាពាហ៍ពិពាហ៍។ ជា​ឧទាហរណ៍​៖

ការ​ស្រមើ​ស្រមៃ​ទី​១«​សំខាន់​ឲ្យ​តែ​យើង​ស្រឡាញ់​គ្នា​»​

ការ​ពិត​៖ ស្នេហា​តែ​មួយ​មុខ​មិន​អាច​បង់​ថ្លៃ​ចំណាយ ឬ​ដោះ​ស្រាយ​បញ្ហា​សេដ្ឋកិច្ច​បាន​ទេ។ តាម​ពិត​ក៏​ត្រូវ​ការ​លុយ​ដែរ។ ប៉ុន្តែ យោង​តាម​ការ​ស្រាវ​ជ្រាវ​មួយ​បង្ហាញ​ថា លុយ​គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​ប្រេះ​ឆា ហើយ​ឈាន​ទៅ​ដល់​ការ​លែង​លះ។ ការ​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​អំពី​លុយ​អាច​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត និង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ ហើយ​បន្តិច​ម្ដង​ៗ​អាច​បំផ្លាញ​ទំនាក់​ទំនង​រវាង​ប្ដី​ប្រពន្ធ។ (​ធីម៉ូថេ​ទី​១ ៦:៩, ១០​) តើ​មាន​មេ​រៀន​អ្វី? កុំ​ចាំ​រហូត​ដល់​ក្រោយ​រៀប​ការ ទើប​ពិភាក្សា​គ្នា​អំពី​រឿង​លុយ!

គម្ពីរ​ចែង​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​ចង់​សង់​ប៉ម​មួយ តើ​មាន​អ្នក​ណា​ដែល​មិន​អង្គុយ​គិត​គូរ​ជា​មុន​សិន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​សង់​ឲ្យ​បាន​រួច​រាល់?​»។—លូកា ១៤:២៨

យោបល់​៖ មុន​រៀប​ការ សូម​ពិគ្រោះ​ជា​មួយ​គូ​អនាគត​របស់​ប្អូន​អំពី​រឿង​លុយ​កាក់។ (​សុភាសិត ១៣:១០​) ជា​ឧទាហរណ៍ ‹តើ​យើង​នឹង​រៀប​ចំ​គម្រោង​ចំណាយ​តាម​របៀប​ណា? តើ​យើង​គួរ​មាន​គណនី​ធនាគារ​រួម​គ្នា ឬ​ផ្សេង​គ្នា? តើ​អ្នក​ណា​ជា​អ្នក​ទូទាត់​ចំណូល​និង​ចំណាយ? a តើ​ម្នាក់​ៗ​អាច​ចាយ​លុយ​ប៉ុន្មាន​ដោយ​មិន​ចាំ​បាច់​សួរ​គ្នា?›។ ឥឡូវ​នេះ ដល់​ពេល​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ពិចារណា​សំណួរ​ទាំង​នេះ​ជា​មួយ​គ្នា!—អ្នក​ទូន្មាន ៤:៩, ១០

ការ​ស្រមើ​ស្រមៃ​ទី​២«​យើង​នឹង​ក្លាយ​ជា​គូ​ស្នេហ៍​ដ៏​ល្អ​ឥត​ខ្ចោះ ព្រោះ​យើង​យល់​ស្រប​គ្នា​គ្រប់​រឿង ហើយ​មិន​ដែល​ឈ្លោះ​គ្នា​ទេ!​»​

ការ​ពិត​៖ បើ​ប្អូន​មិន​ដែល​ខ្វែង​គំនិត​គ្នា នោះ​ប្រហែល​ជា​មក​ពី​ប្អូន​ទាំង​ពីរ​ព្យាយាម​ជៀស​វាង​និយាយ​អំពី​រឿង​ដែល​អាច​នាំ​ឲ្យ​ឈ្លោះ​គ្នា។ ប៉ុន្តែ ក្រោយ​ពី​រៀប​ការ ប្អូន​ប្រហែល​ជា​ជៀស​មិន​រួច​ទេ! ពីព្រោះ​គ្មាន​ផ្លូវ​ដែល​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ពីរ​នាក់ អាច​ត្រូវ​គ្នា​បាន​ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ។ ភាព​រកាំ​រកូស​មួយ​ចំនួន​នឹង​កើត​ឡើង​ជា​មិន​ខាន។ (​រ៉ូម ៣:២៣; យ៉ាកុប ៣:២​) ដូច្នេះ​កុំ​មើល​តែ​ថា អ្នក​ទាំង​ពីរ​ត្រូវ​គ្នា​ខ្លាំង​ប៉ុណ្ណា តែ​ក៏​ត្រូវ​គិត​ដែរ​ថា នឹង​មាន​អ្វី​កើត​ឡើង​ពេល​មាន​ការ​ខ្វែង​គំនិត​គ្នា។ ចំណង​អាពាហ៍ពិពាហ៍​រឹង​មាំ​កើត​ចេញ​ពី​ការ​ដែល​អ្នក​ទាំង​ពីរ​ទទួល​ស្គាល់​នូវ​ភាព​ខុស​គ្នា ហើយ​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​ដោយ​សន្តិ​វិធី។

គម្ពីរ​ចែង​ថា​៖ ​«​កុំ​ទុក​កំហឹង​រហូត​ដល់​ថ្ងៃ​លិច​ឡើយ​»។—អេភេសូរ ៤:២៦

យោបល់​៖ សូម​គិត​អំពី​វិធី​ដែល​ប្អូន​ធ្លាប់​ដោះ​ស្រាយ​បញ្ហា​ណា​មួយ​ជា​មួយ​ឪពុក​ម្ដាយ និង​បង​ប្អូន​បង្កើត​របស់​ប្អូន។ សូម​ធ្វើ​តារាង​មួយ​ដូច​តារាង​នៅ​ទំព័រ​៩៣​ក្នុង​សៀវភៅ​នេះ ឬ​ទំព័រ​២២១​ក្នុង​ក្បាល​ទី​២។ រួច​មក សរសេរ​អំពី​បញ្ហា​នោះ អំពី​ប្រតិកម្ម​របស់​ប្អូន និង​វិធី​ដែល​ប្អូន​អាច​ធ្វើ​ឲ្យ​បាន​ល្អ​ជាង។ ជា​ឧទាហរណ៍ ពេល​ឈ្លោះ​គ្នា​ម្ដង​ៗ ប្អូន​តែង​ស្ទុះ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ​ក្ឌាំង។ ដូច្នេះ សូម​គិត​អំពី​វិធី​ដែល​ប្អូន​អាច​ដោះ​ស្រាយ​បញ្ហា​ឲ្យ​បាន​ប្រសើរ​ជាង។ បើ​ប្អូន​ដឹង​អំពី​របៀប​ដោះ​ស្រាយ​ជម្លោះ​នៅ​ឥឡូវ​នេះ នោះ​ប្អូន​នឹង​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​អាច​មាន​សុភមង្គល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ខាង​មុខ។

ការ​ស្រមើ​ស្រមៃ​ទី​៣«​ក្រោយ​រៀប​ការ ខ្ញុំ​អាច​បំពេញ​ចំណង់​ផ្លូវ​ភេទ​ពេល​ណា​ក៏​បាន​»​

ការ​ពិត​៖ ការ​រៀប​ការ​មិន​មែន​មាន​ន័យ​ថា ប្អូន​អាច​‹រួម​ភេទ​តាម​តែ​ចំណង់›​របស់​ខ្លួន​នោះ​ទេ។ សូម​ចាំ​ថា គូ​របស់​ប្អូន​ក៏​ជា​មនុស្ស​មាន​អារម្មណ៍​ដែរ ដូច្នេះ​ប្អូន​ត្រូវ​គិត​អំពី​អារម្មណ៍​របស់​គាត់។ ពិត​ណាស់ ពេល​ខ្លះ​ប្ដី​ឬ​ប្រពន្ធ​មិន​ចង់​រួម​ភេទ​ទេ។ ហេតុ​នេះ អាពាហ៍ពិពាហ៍​មិន​តែង​តែ​បំពេញ​ចំណង់​ផ្លូវ​ភេទ​របស់​ប្អូន​គ្រប់​ពេល​នោះ​ឡើយ។ (​កូរិនថូស​ទី​១ ១០:២៤​) មិន​ថា​ប្អូន​នៅ​លីវ ឬ​រៀប​ការ​ទេ ការ​ចេះ​ទប់​ចិត្ត​គឺ​សំខាន់​ណាស់។—កាឡាទី ៥:២២, ២៣

គម្ពីរ​ចែង​ថា​៖ ​«​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ត្រូវ​ចេះ​គ្រប់​គ្រង​រូប​កាយ​របស់​ខ្លួន ដោយ​សេចក្ដី​បរិសុទ្ធ​និង​កិត្តិយស មិន​មែន . . . រក​បំពេញ​កាម​តណ្ហា​ដោយ​មិន​ចេះ​ឆ្អែត​ឆ្អន់​»​ឡើយ។—ថែស្សាឡូនិច​ទី​១ ៤:៤, ៥

យោបល់​៖ សូម​គិត​ឡើង​វិញ​អំពី​ទំនោរ​ចិត្ត​និង​ចំណង់​ផ្លូវ​ភេទ​របស់​ប្អូន ហើយ​សូម​ពិចារណា​ដែរ​ថា តើ​អ្វី​ទាំង​នោះ​អាច​ប៉ះ​ពាល់​យ៉ាង​ណា​ដល់​អាពាហ៍ពិពាហ៍​របស់​ប្អូន​នៅ​ថ្ងៃ​អនាគត? ជា​ឧទាហរណ៍ តើ​ប្អូន​មាន​ទម្លាប់​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​ខ្លួន ឬ​មើល​រូប​អាសអាភាស​ឬ​ទេ? តើ​ប្អូន​តែង​តែ​មើល​មនុស្ស​ភេទ​ផ្ទុយ​ដោយ​មាន​អារម្មណ៍​ស្រើប​ស្រាល​ឬ​ទេ? សូម​សួរ​ខ្លួន​ថា ‹បើ​មុន​រៀប​ការ​ខ្ញុំ​មិន​អាច​គ្រប់​គ្រង​តណ្ហា​របស់​ខ្លួន​បាន តើ​ក្រោយ​រៀប​ការ​ខ្ញុំ​អាច​គ្រប់​គ្រង​យ៉ាង​ដូច​ម្ដេច​បាន?›។ (​ម៉ាថាយ ៥:២៧, ២៨​) មាន​ចំណុច​មួយ​ទៀត តើ​ប្អូន​មាន​កេរ្តិ៍​ឈ្មោះ​ជា​មនុស្ស​ញ៉ែ​មិន​រើស​មុខ ឬ​ខ្លួន​មួយ​ជិះ​ទូក​ពីរ​ទេ? បើ​មែន តើ​ក្រោយ​រៀប​ការ​ប្អូន​អាច​បំបាត់​ចោល​ទំនោរ​ចិត្ត​មិន​ល្អ​ទាំង​នោះ​យ៉ាង​ដូច​ម្ដេច​បាន? ព្រោះ​ក្រោយ​រៀប​ការ ប្អូន​ត្រូវ​ស្មោះ​ត្រង់​ចំពោះ​គូ​របស់​ប្អូន។—សុភាសិត ៥:១៥​-​១៧

ការ​ស្រមើ​ស្រមៃ​ទី​៤«​អាពាហ៍ពិពាហ៍​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សុភមង្គល​»​

ការ​ពិត​៖ បើ​ពេល​នៅ​លីវ ប្អូន​មិន​សប្បាយ​ចិត្ត ក្រោយ​រៀប​ការ​ប្អូន​ក៏​នៅ​តែ​មិន​សប្បាយ​ចិត្ត​ដដែល។ ហេតុ​អ្វី? ដោយ​សារ​សុភមង្គល​អាស្រ័យ​ទៅ​លើ​ទស្សនៈ​របស់​យើង មិន​មែន​ស្ថានភាព​របស់​យើង​ទេ។ (​សុភាសិត ១៥:១៥​) មនុស្ស​ដែល​មាន​ទស្សនៈ​អវិជ្ជមាន​ចំពោះ​ជីវិត ច្រើន​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ពួក​គេ​គ្មាន ជា​ជាង​អ្វី​ដែល​ពួក​គេ​មាន។ ដូច្នេះ ពេល​ប្អូន​នៅ​លីវ ប្អូន​គួរ​ព្យាយាម​ឲ្យ​មាន​ទស្សនៈ​វិជ្ជមាន ពីព្រោះ​ក្រោយ​រៀប​ការ​ប្អូន​អាច​ធ្វើ​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ប្អូន​ស្រស់បំព្រង ដោយ​សារ​ចិត្ត​គំនិត​វិជ្ជមាន​របស់​ប្អូន។

គម្ពីរ​ចែង​ថា​៖ ​«​បើ​សប្បាយ​នឹង​អ្វី​ដែល​ភ្នែក​មើល​ឃើញ នោះ​ប្រសើរ​ជាង​ដេញ​តាម​អ្វី​ដែល​ចិត្ត​ប្រាថ្នា​ចង់​បាន​»។—អ្នក​ទូន្មាន ៦:៩

យោបល់​៖ ជួន​កាល​ចិត្ត​គំនិត​អវិជ្ជមាន កើត​ចេញ​ពី​អ្វី​ដែល​ខ្លួន​សង្ឃឹម​ចង់​បាន។ សូម​សរសេរ​ចំណុច​ពីរ​ឬ​បី​ដែល​ប្អូន​ចង់​បាន​ពី​ជីវិត​គូ។ រួច​អាន ហើយ​សួរ​ខ្លួន​ថា​៖ ‹តើ​អ្វី​ដែល​ខ្ញុំ​សង្ឃឹម​ចង់​បាន ផ្អែក​ទៅ​លើ​ការ​ស្រមើ​ស្រមៃ​ឬ​លើ​ការ​ពិត? តើ​ខ្ញុំ​ទទួល​ឥទ្ធិពល​ពី​ការ​មើល​ភាពយន្ត​មនោសញ្ចេតនា ឬ​រឿង​ប្រលោម​លោក​ឬ​ទេ? តើ​ខ្ញុំ​រំពឹង​តែ​ទៅ​លើ​អ្វី​ដែល​ខ្ញុំ​នឹង​ទទួល​ក្រោយ​ពី​រៀប​ការ​ដូច​ជា ខ្ញុំ​លែង​ឯកោ ខ្ញុំ​អាច​បំពេញ​ចំណង់​ផ្លូវ​ភេទ​របស់​ខ្លួន ហើយ​ខ្ញុំ​នឹង​លេច​ធ្លោ​ជាង​គេ​ក្នុង​ចំណោម​មិត្ត​ភក្តិ​ឬ​ទេ?›។ បើ​ដូច្នេះ​មែន ប្អូន​ត្រូវ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ពី​«​ខ្ញុំ​»​ ទៅ​ជា​«​យើង​»​វិញ។ ដើម្បី​ធ្វើ​ដូច្នោះ សូម​សរសេរ​ចំណុច​ពីរ​ឬ​បី​ដែល​ប្អូន​និង​គូ​អនាគត​របស់​ប្អូន សង្ឃឹម​ចង់​បាន​ពី​ចំណង​អាពាហ៍ពិពាហ៍។

បើ​ប្អូន​ស្រមើ​ស្រមៃ​ថា ប្អូន​នឹង​មាន​ភាព​ផ្អែម​ល្ហែម​ដូច​នោះ​ក្រោយ​ពី​រៀប​ការ​ហើយ នេះ​អាច​ធ្វើ​ឲ្យ​ប្អូន​ខក​ចិត្ត។ ដូច្នេះ សូម​ព្យាយាម​បោះ​ចោល​ការ​រំពឹង​គិត​បែប​នោះ ហើយ​ងាក​មក​គិត​ពី​ជីវិត​ពិត​វិញ។ ក្រដាស​លំហាត់​នៅ​ទំព័រ​២១៦​និង​២១៧ អាច​ជួយ​ប្អូន​និង​គូ​អនាគត​របស់​ប្អូន​ឲ្យ​សម្រេច​នូវ​អ្វី​ល្អ​បំផុត​ក្នុង​ជីវិត ដែល​ជា​អាពាហ៍ពិពាហ៍​ដ៏​សប្បាយ​រីករាយ!—ការ​បំភ្លឺ​ច្បាប់ ២៤:៥; សុភាសិត ៥:១៨

នៅ​ជំពូក​បន្ទាប់

ការ​បែក​គ្នា​ប្រៀប​ដូច​ជា​ការ​ហែក​បេះ​ដូង។ តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​យក​ឈ្នះ​ការ​ឈឺ​ចាប់​នេះ?

[​កំណត់​សម្គាល់​]

a សុភាសិត ៣១:១០​-​២៨ រៀប​រាប់​ថា​«​ប្រពន្ធ​ល្អ​»​ គឺ​ជា​ស្ត្រី​ដែល​បំពេញ​ភារកិច្ច​ច្រើន​នៅ​ក្នុង​ផ្ទះ ហើយ​ភារកិច្ច​មួយ​គឺ​ការ​ជួយ​ចាត់​ចែង​លុយ​កាក់​ក្នុង​គ្រួសារ (​សូម​មើល​ខ​១៣, ១៤, ១៦, ១៨ និង​២៤​)។

បទ​គម្ពីរ​សំខាន់

​«​បុរស​នឹង​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ខ្លួន ហើយ​នៅ​ជាប់​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់ រួច​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ​»។—ដើម​កំណើត ២:២៤

យោបល់

សុំ​យោបល់​ពី​ប្ដី​ប្រពន្ធ​ដែល​បាន​រៀប​ការ​យូរ​ឆ្នាំ​ហើយ។ រួច​សួរ​ពួក​គាត់​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​មាន​អាពាហ៍ពិពាហ៍​ដ៏​រីករាយ។—សុភាសិត ២៧:១៧

តើ​ប្អូន​ដឹង​ទេ . . . ?

អាពាហ៍ពិពាហ៍​ដ៏​រីករាយ គឺ​ប្ដី​ប្រពន្ធ​ចាត់​ទុក​គ្នា​ជា​មិត្ត​ភក្តិ ជា​ដៃ​គូ​សន្ទនា​ល្អ និង​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា ហើយ​ក៏​យល់​ថា​ពួក​គាត់​ត្រូវ​រស់​នៅ​ជា​មួយ​គ្នា​អស់​មួយ​ជីវិត។

គម្រោង​អនុវត្ត!

ដើម្បី​មាន​សុភមង្គល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​នា​ពេល​ខាង​មុខ ខ្ញុំ​ចង់​បណ្ដុះ​គុណ​សម្បត្តិ​នៅ​ឥឡូវ​នេះ​គឺ ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● នៅ​ប្រទេស​មួយ​ចំនួន អត្រា​នៃ​ការ​លែង​លះ​គឺ​ខ្ពស់​ណាស់។ តើ​ប្អូន​គិត​ថា​អ្វី​ជា​មូលហេតុ?

● បើ​រៀប​ការ​ដើម្បី​គេច​ចេញ​ពី​បញ្ហា​នៅ​ក្នុង​ផ្ទះ តើ​នេះ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​អ្វី​ខ្លះ?

● ពេល​ប្អូន​រៀប​ការ ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​ប្អូន​ត្រូវ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ឲ្យ​ដិត​ដល់?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២២០​]

​«​ប្អូន​អ៊ូឌ្រា ប្រាប់​ថា​៖ ‹អាពាហ៍ពិពាហ៍​គឺ​ជា​រឿង​សំខាន់​បំផុត​មួយ​ក្នុង​ជីវិត។ ដូច្នេះ អ្នក​ត្រូវ​ដឹង​អំពី​ជីវិត​រៀប​ការ និង​គូ​ដែល​អ្នក​នឹង​រៀប​ការ​ជា​មួយ›​»​

[​ប្រអប់​/​រូបភាព​នៅ​ទំព័រ​២១៦, ២១៧​]

ក្រដាស​លំហាត់

តើ​ប្អូន​ត្រៀម​ខ្លួន​រៀប​ការ​ហើយ​ឬ​នៅ?

សូម​ពិចារណា​សំណួរ​ក្នុង​ទំព័រ​ទាំង​ពីរ​នេះ។ ប្អូន​ក៏​អាច​ពិភាក្សា​សំណួរ​ទាំង​នេះ​ជា​មួយ​គូ​អនាគត​របស់​ប្អូន​ដែរ។ កុំ​ភ្លេច​អាន​បទ​គម្ពីរ​ដែល​បាន​ត្រូវ​ដក​ស្រង់។

អំពី​លុយ​កាក់

□ តើ​ប្អូន​យល់​យ៉ាង​ណា​អំពី​លុយ?—ហេប្រឺ ១៣:៥, ៦

□ តើ​ប្អូន​អាច​បង្ហាញ​យ៉ាង​ណា​ថា​ប្អូន​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​រឿង​លុយ​កាក់?—ម៉ាថាយ ៦:១៩​-​២១

□ តើ​ប្អូន​ជំពាក់​លុយ​គេ​ទេ? បើ​មាន តើ​ប្អូន​ចាត់​វិធាន​ការណ៍​អ្វី​ខ្លះ​ដើម្បី​សង​គេ​វិញ?—សុភាសិត ២២:៧

□ តើ​ពិធី​រៀប​ការ​នឹង​ត្រូវ​ចាយ​លុយ​អស់​ប៉ុន្មាន? ហើយ​បើ​ត្រូវ​ខ្ចី​លុយ​គេ តើ​ប្អូន​គិត​ថា​បំណុល​ប៉ុន្មាន​អាច​សង​គេ​បាន?—លូកា ១៤:២៨

□ ក្រោយ​ពី​រៀប​ការ​ហើយ តើ​ប្អូន​ទាំង​ពីរ​ត្រូវ​ធ្វើ​ការ​ទេ? បើ​មែន តើ​ប្អូន​នឹង​រៀប​ចំ​យ៉ាង​ដូច​ម្ដេច ករណី​បើ​ប្អូន​ទាំង​ពីរ​ធ្វើ​ការ​ម៉ោង​ខុស​គ្នា ឬ​ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេង​ពី​គ្នា?—សុភាសិត ១៥:២២

□ ក្រោយ​ពី​រៀប​ការ​ហើយ តើ​ប្អូន​ទាំង​ពីរ​នឹង​រស់​នៅ​កន្លែង​ណា? តើ​ថ្លៃ​ជួល​ផ្ទះ ថ្លៃ​អាហារ សម្លៀក​បំពាក់ និង​ការ​ចំណាយ​ផ្សេង​ទៀត​អស់​ប៉ុន្មាន? ហើយ​តើ​ប្អូន​នឹង​បង់​ថ្លៃ​ចំណាយ​ទាំង​នោះ​តាម​របៀប​ណា?—សុភាសិត ២៤:២៧

អំពី​ក្រុម​គ្រួសារ

□ តើ​ប្អូន​ចុះ​សម្រុង​ជា​មួយ​ឪពុក​ម្ដាយ​និង​បង​ប្អូន​បង្កើត​បាន​ល្អ​ប៉ុនណា?—ដំណើរ​ចាក​ចេញ ២០:១២; រ៉ូម ១២:១៨

□ តើ​ថ្មី​ៗ​នេះ​ប្អូន​ដោះ​ស្រាយ​ជម្លោះ​នៅ​ក្នុង​ផ្ទះ​ដោយ​វិធី​ណា?—កូឡុស ៣:១៣

□ បើ​ប្អូន​ជា​នារី តើ​ប្អូន​បង្ហាញ​«​ចិត្ត​ស្ងៀម​ស្ងាត់​និង​ស្លូត​បូត​»​យ៉ាង​ដូច​ម្ដេច?—ពេត្រុស​ទី​១ ៣:៤

□ តើ​ប្អូន​មាន​គម្រោង​យក​កូន​ទេ? (​ចម្រៀង​សរសើរ​ព្រះ ១២៧:៣​) បើ​គ្មាន​ទេ តើ​ប្អូន​នឹង​ប្រើ​វិធី​អ្វី​ដើម្បី​ពន្យារ​កំណើត?

□ បើ​ប្អូន​ជា​បុរស តើ​ប្អូន​នឹង​ធ្វើ​គម្រោង​បែប​ណា​ដើម្បី​ដឹក​នាំ​ក្រុម​គ្រួសារ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ?—ម៉ាថាយ ៥:៣

អំពី​គុណ​សម្បត្តិ

□ តើ​ប្អូន​បាន​ធ្វើ​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា​ប្អូន​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម?—សុភាសិត ៦:៩​-​១១; ៣១:១៧, ១៩, ២១, ២២, ២៧

□ តើ​ប្អូន​ចេះ​លះ​បង់​ប្រយោជន៍​ខ្លួន​ដោយ​របៀប​ណា?—ភីលីព ២:៤

□ បើ​ប្អូន​ជា​បុរស តើ​ប្អូន​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ប្អូន​ប្រើ​សិទ្ធិ​អំណាច​តាម​គំរូ​របស់​គ្រិស្ត?—អេភេសូរ ៥:២៥, ២៨, ២៩

□ បើ​ប្អូន​ជា​នារី តើ​ប្អូន​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ប្អូន​ចុះ​ចូល​ក្រោម​អំណាច​ដែល​គម្ពីរ​បាន​ចែង?—អេភេសូរ ៥:២២​-​២៤

[​រូបភាព​នៅ​ទំព័រ​២១៩​]

ការ​ប្រញាប់​រៀប​ការ ប្រៀប​ដូច​ជា​ការ​លោត​ចុះ​«​ទឹក​»​ ដោយ​មិន​ដឹង​ថា​មាន​អ្វី​នៅ​ក្នុង​ទឹក