ហេតុអ្វីស្រីៗមិនចូលចិត្តខ្ញុំ?
ជំពូកទី២៨
ហេតុអ្វីស្រីៗមិនចូលចិត្តខ្ញុំ?
នាងប្រាកដជាចូលចិត្តខ្ញុំ។ខ្ញុំប្រាប់នាងទាំងអស់អំពីអ្វីដែលខ្ញុំមាន កន្លែងដែលខ្ញុំទៅ និងមនុស្សដែលខ្ញុំស្គាល់។ ច្បាស់ណាស់ថានាងចង់ធ្វើជាមិត្តស្រីខ្ញុំ!
ខ្ញុំខំប្រាប់យ៉ាងគួរសមឲ្យគាត់ដឹងថាខ្ញុំមិនចាប់អារម្មណ៍គាត់ឡើយ។ ប៉ុន្តែ គាត់នៅតែមិនយល់។ ខ្ញុំមិនដឹងធ្វើយ៉ាងណាទេ?
កូរិនថូសទី១ ៧:៣៩) ប៉ុន្តែ រាល់លើកដែលប្អូនព្យាយាមទាក់ទងនារីណាម្នាក់ គឺមិនដែលបានសម្រេចសោះ។ ហេតុអ្វីបានជាដូច្នេះ? តើស្រីៗចាប់អារម្មណ៍តែប្រុសសង្ហាឬ? យុវតីលីសា ប្រាប់ថា៖ «ខ្ញុំចូលចិត្តប្រុសដែលមានសាច់ដុំ»។ ប៉ុន្តែ មិនមែនស្រីៗទាំងអស់ចូលចិត្តដូចគ្នាទេ។ យុវនារីឈ្មោះខារី អាយុ១៨ឆ្នាំ និយាយថា៖ «ប្រុសសង្ហា មិនតែងតែជាប្រុសល្អឡើយ»។
តើប្អូនមានអាយុល្មមដើម្បីមានសង្សារហើយឬនៅ? បើមែន ប្អូនមុខជាចង់ស្វែងរកនារីល្អណាម្នាក់ដែលមានជំនឿដូចប្អូន។ (តើធ្វើដូចម្ដេចដើម្បីទៅជា«ប្រុសល្អ»ក្នុងក្រសែភ្នែកមនុស្សស្រី? បើប្អូនចង់ណាត់ជួបនារីណាម្នាក់ តើមានចំណុចអ្វីដែលប្អូនត្រូវពិចារណា? ហើយតើប្អូនគួរចងចាំគោលការណ៍គម្ពីរណាខ្លះ?
ជំហានដំបូង
មុននឹងសម្រេចចិត្តចង់មានទំនាក់ទំនងជាមួយនារីណាម្នាក់ ប្អូនត្រូវដឹងពីគន្លឹះមួយចំនួនសិន។ គន្លឹះទាំងនេះក៏នឹងជួយប្អូនក្នុងការចងមិត្តជាមួយអ្នកឯទៀតដែរ។ សូមពិចារណាដូចតទៅ៖
● មានសុជីវធម៌។ គម្ពីរចែងថា សេចក្ដីស្រឡាញ់«មិនប្រព្រឹត្តឥតសមរម្យ»។ (កូរិនថូសទី១ ១៣:៥) ការមានសុជីវធម៌បង្ហាញថា ប្អូនចេះគោរពអ្នកឯទៀត ហើយកំពុងបណ្ដុះឲ្យមានភាពចាស់ទុំ និងគុណសម្បត្តិដូចគ្រិស្ត។ ប៉ុន្តែ ការមានសុជីវធម៌ខុសគ្នាពីឈុតសម្លៀកបំពាក់ដែលយើងស្លៀកដើម្បីទាក់ទាញអ្នកឯទៀត។ ហេតុអ្វី? ពីព្រោះពេលយើងមកដល់ផ្ទះ យើងក៏ដោះឈុតចេញ តែសុជីវធម៌ យើងមិនដោះចេញទេ។ សូមប្អូនសួរខ្លួនថា‹តើខ្ញុំបង្ហាញសុជីវធម៌ ឬការគួរសមចំពោះអ្នកផ្ទះរបស់ខ្ញុំឬទេ?›។ បើអត់ទេ ប្អូនកំពុងធ្វើពុតជាមានសុជីវធម៌ ពេលទាក់ទងជាមួយមនុស្សឯទៀត។ សូមចាំថា ស្ត្រីដែលចេះគិតពិចារណានឹងមើលពីរបៀបដែលប្អូនប្រព្រឹត្តចំពោះក្រុមគ្រួសាររបស់ប្អូន ហើយនាងនឹងដឹងថាប្អូនជាមនុស្សបែបណា។—អេភេសូរ ៦:១, ២
អ្វីដែលស្រីៗនិយាយ។ ប្អូនធីណា
រៀបរាប់ថា៖ «ខ្ញុំចូលចិត្តមនុស្សប្រុសដែលចេះគួរសម ដូចជាបើកទ្វារឲ្យខ្ញុំ ចិត្តល្អចំពោះក្រុមគ្រួសារខ្ញុំ និងមានសុជីវធម៌ទាំងក្នុងរឿងតូច ទាំងក្នុងរឿងធំ»។ប្អូនខេតធី រៀបរាប់ថា៖ «ខ្ញុំមិនចូលចិត្តមនុស្សប្រុសដែលជួបគ្នាលើកដំបូង សួរសំណួរផ្ទាល់ខ្លួនហួសហេតុពេក ដូចជាសួរថា‹មានមិត្តប្រុសនៅ?› ហើយ‹ចូលចិត្តបុរសបែបណា?›។ ខ្ញុំហួសចិត្តណាស់ដែលគាត់សួរបែបនោះ។ នេះពិតជាមិនគួរសមទាល់តែសោះ!»។
ប្អូនអាឡិចសឺស រៀបរាប់ថា៖ «ខ្ញុំស្អប់មនុស្សប្រុសដែលចូលចិត្តលលេងនឹងអារម្មណ៍របស់មនុស្សស្រី ដោយមិនខ្វល់ថាយើងមានអារម្មណ៍បែបណា។ ប្រុសដូចនោះគិតថាស្រីៗចង់រៀបការខ្លាំងណាស់ រហូតដល់មនុស្សប្រុសធ្វើអ្វីក៏បាន»។
● រក្សាអនាម័យ។ ការមានអនាម័យមិនត្រឹមតែជាការគោរពចំពោះអ្នកឯទៀតប៉ុណ្ណោះទេ តែក៏ជាការគោរពខ្លួនឯងដែរ។ (ម៉ាថាយ ៧:១២) បើប្អូនគោរព ខ្លួនឯង នោះអ្នកឯទៀតទំនងជានឹងគោរពប្អូនដូចគ្នា។ ផ្ទុយទៅវិញ បើប្អូនខ្វះអនាម័យ ទោះជាប្អូនព្យាយាមទាក់ទាញចិត្តមនុស្សស្រីខ្លាំងយ៉ាងណា ប្អូននឹងមិនបានជោគជ័យឡើយ។
អ្វីដែលស្រីៗនិយាយ។ ប្អូនឃែលី និយាយថា៖ «មានប្រុសម្នាក់ចង់ទាក់ទងជាមួយខ្ញុំ តែគាត់ធំក្លិនមាត់ណាស់។ ខ្ញុំមិនអាចទទួលយកបានទេ»។
● រៀនឲ្យចេះសន្ទនា។ ការប្រាស្រ័យទាក់ទងល្អជាចំណុចសំខាន់ ដើម្បីរក្សាទំនាក់ទំនងយូរអង្វែង។ ប្អូនមិនត្រូវនិយាយអំពីខ្លួនឯងរហូតទេ តែក៏ត្រូវចេះសួរនាំអំពីអ្នកឯទៀតដែរ។ (ភីលីព ២:៣, ៤) ប្អូនគួរស្ដាប់នាងដោយយកចិត្តទុកដាក់ ហើយគោរពទស្សនៈរបស់នាង។
អ្វីដែលស្រីៗនិយាយ។ ប្អូនគ្រីស្ទីន ពោលថា៖ «ខ្ញុំចូលចិត្តមនុស្សប្រុសដែលមានលក្ខណៈធម្មជាតិ ពេលនិយាយជាមួយខ្ញុំ។ គាត់ចាំអ្វីដែលខ្ញុំនិយាយ ហើយដឹងពីរបៀបសួរសំណួរដើម្បីបន្តសាច់រឿង»។
ប្អូនឡរ៉ា ពោលថា៖ «ខ្ញុំគិតថា មនុស្សប្រុសចាប់ចិត្តនារីដោយសារសម្រស់ តែនារីចាប់ចិត្តបុរសដោយសារសម្ដី»។
ប្អូនអេមី ពោលថា៖ «ការជូនអំណោយដល់មនុស្សស្រីគឺជារឿងល្អ តែបើមនុស្សប្រុសចេះនិយាយ ចេះលួងលោម និងចេះលើកទឹកចិត្ត នោះគាត់កាន់តែមានភាពទាក់ទាញ!»។
ប្អូនបេត ពោលថា៖ «ខ្ញុំស្គាល់មនុស្សប្រុសម្នាក់ គាត់មានសុជីវធម៌ ហើយមិនដៃដល់។ យើងមានការសន្ទនាល្អជាមួយគ្នា។ សូម្បីតែគាត់មិននិយាយថា‹ក្លិនអ្នកក្រអូបណាស់› ឬ‹អ្នកស្អាតណាស់
ថ្ងៃនេះ› តែខ្ញុំសប្បាយចិត្តនិយាយជាមួយគាត់ ព្រោះគាត់ពូកែស្ដាប់។ ស្រីណាក៏ចូលចិត្តមនុស្សប្រុសដែលយកចិត្តទុកដាក់ស្ដាប់ដែរ»។ប្អូនឃែលី ពោលថា៖ «ខ្ញុំចូលចិត្តមនុស្សប្រុសចេះនិយាយកំប្លែង តែពេលមានរឿងសំខាន់ដែលត្រូវនិយាយ គាត់ស្ដាប់ដោយយកចិត្តទុកដាក់»។
● មានទំនួលខុសត្រូវ។ គម្ពីរចែងថា៖ «ម្នាក់ៗត្រូវទទួលភារៈរបស់ខ្លួន»។ (កាឡាទី ៦:៥) មនុស្សស្រីមិនចូលចិត្តមនុស្សប្រុសដែលគ្មានការងារជាប់លាប់ឡើយ។ នេះប្រហែលជាដោយសារពួកគេខ្ជិលច្រអូស ឬចូលចិត្តលេងសើចច្រើនពេក។
អ្វីដែលស្រីៗនិយាយ។ ប្អូនខារី និយាយថា៖ «ខ្ញុំចង់ឲ្យប្រុសៗមានទំនួលខុសត្រូវ។ បើគាត់មិនចេះទទួលខុសត្រូវ ខ្ញុំគ្មានចំណាប់អារម្មណ៍ទាល់តែសោះ។
ប្អូនបេត និយាយថា៖ «យុវជនខ្លះមិនមានគោលដៅច្បាស់លាស់ទេ។ ពេលចាប់អារម្មណ៍នារីណាម្នាក់ ក៏ធ្វើជាសួរនាំអំពីគោលដៅរបស់នាង រួចនិយាយថា‹អូ! ខ្ញុំក៏មានគោលដៅដូចនោះដែរ!›។ ប៉ុន្តែ ប្រុសបែបនោះនិយាយផ្សេង ធ្វើផ្សិង»។
ការមានទំនួលខុសត្រូវនឹងជួយប្អូនឲ្យមានមិត្តភាពល្អជាមួយអ្នកឯទៀត។ ប៉ុន្តែ ចុះយ៉ាងណាបើប្អូនមានលក្ខណៈគ្រប់គ្រាន់ដើម្បីចាប់ផ្ដើមទំនាក់ទំនងជាមួយនារីណាម្នាក់ តើប្អូនគួរធ្វើដូចម្ដេច?
ជំហានបន្ទាប់
● ហ៊ានសារភាព។ បើប្អូនពេញចិត្តនារីណាម្នាក់ រួចគិតថានាងអាចទៅជាប្រពន្ធល្អសម្រាប់ប្អូន សូមប្រាប់នាងឲ្យដឹងថាប្អូនចូលចិត្តនាង ហើយបង្ហាញពីភាពច្បាស់លាស់ដែលប្អូនមានចំពោះនាង។ ពិតមែនថាប្អូនប្រហែលជាបារម្ភខ្លាចនាងបដិសេធពេលដែលប្អូនសារភាព តែបើប្អូនហ៊ានប្រាប់នាង នោះបង្ហាញថាប្អូន
ចាប់ផ្ដើមមានភាពចាស់ទុំ។ សូមប្អូនចាំថា នេះមិនមែនជាការសុំរៀបការទេ។ ដូច្នេះ កុំតានតឹងពេក ឬផ្លូវការពេក ព្រោះនេះអាចធ្វើឲ្យនាងមានអារម្មណ៍មិនស្រួល រហូតដល់ដកខ្លួនចេញ។អ្វីដែលស្រីៗនិយាយ។ ប្អូននីណា ប្រាប់ថា៖ «ខ្ញុំមិនអាចមើលចិត្តមនុស្សធ្លុះទេ។ ដូច្នេះ បើបុរសណាចាប់អារម្មណ៍ខ្ញុំ គាត់ត្រូវតែមានភាពស្មោះត្រង់ ហើយហ៊ានសារភាពប្រាប់ខ្ញុំ»។
ប្អូនហិឡឺន ប្រាប់ថា៖ «នៅពេលមនុស្សពីរនាក់ប្ដូរពី«មិត្តភក្តិ» មកជា«គូស្នេហ៍» ខ្ញុំហាក់ដូចជាធ្វើខ្លួនមិនសូវត្រូវ។ ប៉ុន្តែ ខ្ញុំសរសើរគាត់ដែលហ៊ានប្រាប់ខ្ញុំត្រង់ថា គាត់ចង់មានទំនាក់ទំនងជាមួយខ្ញុំលើសពីមិត្ត»។
● គោរពការសម្រេចចិត្តរបស់នាង។ ចុះបើនាងប្រាប់ថា នាងមិនចង់មានទំនាក់ទំនងលើសពីមិត្ត? សូមគោរពតាមការសម្រេចចិត្តរបស់នាង។ បើប្អូននៅតែទទូចសុំនាងធ្វើជាសង្សារ នោះបង្ហាញថាប្អូននៅមានគំនិតក្មេងខ្ចីនៅឡើយ។ សូមគិត បើប្អូនមិនព្រមទទួលយកការបដិសេធរបស់នាង ហើយបែរជាខឹងនាងវិញ តើនេះមានន័យថាប្អូនគិតអំពីនាង ឬគិតអំពីខ្លួនឯងប៉ុណ្ណោះ?—កូរិនថូសទី១ ១៣:១១
អ្វីដែលស្រីៗនិយាយ។ ប្អូនខូលីន និយាយថា៖ «ខ្ញុំធុញថប់ណាស់ ពេលខ្ញុំប្រាប់ថា‹ទេ›ហើយ គាត់នៅតែតាប៉ែតាមសុំខ្ញុំធ្វើជាសង្សារទៀត»។
ប្អូនសារ៉ា និយាយថា៖ «មានប្រុសម្នាក់តាមសុំលេខទូរស័ព្ទខ្ញុំ ទោះជាខ្ញុំពន្យល់ប្រាប់គាត់ថា ខ្ញុំមិនចាប់អារម្មណ៍គាត់ក៏ដោយ។ ខ្ញុំមិនចង់ប្រើសម្ដីខ្លាំងដាក់គាត់ទេ ព្រោះខ្ញុំដឹងថាគាត់ខំប្រឹងណាស់ដើម្បីបង្ហាញពីអារម្មណ៍ដែលគាត់មានចំពោះខ្ញុំ។ ប៉ុន្តែ ទីបំផុត ខ្ញុំត្រូវបដិសេធគាត់យ៉ាងម៉ឺងម៉ាត់»។
អ្វីដែលមិនត្រូវធ្វើ
យុវជនខ្លះគិតថា ការយកឈ្នះចិត្តមនុស្សស្រីគឺជារឿងងាយស្រួល។ ពួកគេថែមទាំងប្រកួតគ្នាមើលថា តើអ្នកណាអាចទាក់ទាញចិត្តមនុស្សស្រីបានច្រើនជាងគេ? ប៉ុន្តែ ពេលមនុស្សប្រុសធ្វើបែបនោះ វាជារឿងឃោរឃៅចំពោះបេះដូងមនុស្សស្រី ថែមទាំងអាចធ្វើឲ្យបុរសនោះមានកេរ្តិ៍ឈ្មោះមិនល្អទៀតផង។ សុភាសិត ២០:១១) ប្អូនអាចជៀសវាងពីរឿងនោះបាន បើប្អូនចាំអំពីចំណុចដូចតទៅ៖
(● កុំចែចង់។ បុរសពូកែចែចង់ឬឧស្សាហ៍ញ៉ែស្រី រមែងពោលពាក្យផ្អែមល្ហែម និងបង្ហាញកាយវិការដែលទាក់ទាញចំណាប់អារម្មណ៍មនុស្សស្រី។ ប៉ុន្តែ គាត់គ្មានចិត្តស្នេហាលើនាងទេ។ ចិត្តគំនិតនិងការប្រព្រឹត្តបែបនេះ ផ្ទុយពីដំបូន្មានក្នុងគម្ពីរដែលឲ្យ«និយាយជាមួយនឹងស្ត្រីវ័យក្មេង ដូចនិយាយជាមួយនឹងបងប្អូនស្រី ដោយសេចក្ដីបរិសុទ្ធគ្រប់ជំពូក»។ (ធីម៉ូថេទី១ ៥:២) បុគ្គលដែលចែចង់មិនមែនជាមិត្តល្អ ឬសូម្បីតែជាគូអាពាហ៍ពិពាហ៍ល្អ។ នារីដែលចេះគិតពិចារណាតែងយល់អំពីរឿងនេះ។
អ្វីដែលស្រីៗនិយាយ។ ប្អូនហិឡឺន ប្រាប់ថា៖ «ខ្ញុំគិតថាប្រុសនេះមិនល្អសោះ ព្រោះគាត់ទើបតែនិយាយពាក្យផ្អែមល្ហែមញ៉ែមិត្តរបស់ខ្ញុំកាលពីខែមុន ឥឡូវគាត់ប្រើពាក្យដដែលនេះញ៉ែខ្ញុំម្ដង»។
ប្អូនធីណា ប្រាប់ថា៖ «ប្រុសសង្ហាម្នាក់ចាប់ផ្ដើមញ៉ែខ្ញុំ ដោយអួតពីរឿងផ្សេងៗរបស់គាត់។ តែពេលនារីម្នាក់ទៀតចូលមកដល់ គាត់ក៏ធ្វើដូចគ្នាចំពោះ
នារីនោះ។ រួចមក នារីទី៣ចូលមក គាត់ក៏ធ្វើដូចគ្នាទៀត។ ឃើញដូចនោះខ្ញុំចង់ក្អួត!»។● កុំលេងសើចជាមួយអារម្មណ៍មនុស្សស្រី។ មិនត្រូវសន្និដ្ឋានថាមិត្តភាពជាមួយមនុស្សស្រី គឺដូចគ្នានឹងមិត្តភាពជាមួយមនុស្សប្រុសឡើយ។ ហេតុអ្វី? សូមគិត បើប្អូនសរសើរមិត្តភក្តិប្រុសថាស្លៀកពាក់ខោអាវនេះសង្ហាណាស់ ឬចូលចិត្តជួបនិយាយគ្នាញឹកញាប់ មិត្តភក្តិនោះច្បាស់ជាមិនគិតថាប្អូនចាប់ចិត្តស្រឡាញ់គាត់ទេ។ ប៉ុន្តែ បើប្អូននិយាយសរសើរមិត្តភក្តិស្រីថា នាងស្អាតណាស់ ហើយឧស្សាហ៍និយាយទាក់ទងនាង នោះនាងអាចគិតថាប្អូនចាប់ចិត្តចង់មានស្នេហាជាមួយនាង។
អ្វីដែលស្រីៗនិយាយ។ ប្អូនសេរិល ប្រាប់ថា៖ «មនុស្សប្រុសហាក់ដូចជាមិនយល់ថា ពួកគេមិនគួរប្រព្រឹត្តចំពោះមនុស្សស្រី ដូចចំពោះមនុស្សប្រុសនោះទេ»។
ប្អូនម៉ាឡូរី ប្រាប់ថា៖ «ប្រុសម្នាក់បានសុំលេខទូរស័ព្ទខ្ញុំ ហើយផ្ញើសារមកខ្ញុំ។ អ៊ីចឹង . . . តើគាត់ចង់មានន័យអ្វី? ជួនកាល ការបន្តផ្ញើសារអាចធ្វើឲ្យអ្នកចាប់ផ្ដើមលង់ចិត្តលើបុរសនោះ។ ប៉ុន្តែ សារប៉ុណ្ណោះមិនអាចជួយអ្នកឲ្យដឹងច្រើនអំពីបុរសនោះឡើយ»។
ប្អូនអាលីសុន ប្រាប់ថា៖ «ប្រុសៗមិនដឹងទេថា ធម្មតាមនុស្សស្រីឆាប់ញាប់ញ័របេះដូងចំពោះមនុស្សប្រុសដែលចិត្តល្អ និងដែលខ្លួនស្រួលនិយាយជាមួយ។ មិនមែនថា មនុស្សស្រីចង់បានគូទេ តែនារីភាគច្រើនចង់មានស្នេហា និងចង់ឲ្យ‹បុរសជិះសេះស›បង្ហាញខ្លួននៅចំពោះមុខនាង»។
សូមអានប្រធានបទនេះថែមទៀត ក្នុងជំពូកទី៣ ក្បាលទី២
តើប្អូនយល់យ៉ាងណារវាងស្នេហានិងការឈ្លក់វង្វេង?
បទគម្ពីរសំខាន់
«ត្រូវពាក់បុគ្គលិកលក្ខណៈថ្មី ដែលបានត្រូវបង្កើតស្របតាមបំណងប្រាថ្នារបស់ព្រះ ហើយស្របតាមសេចក្ដីសុចរិតនិងភក្ដីភាពដ៏ពិតប្រាកដ»។—អេភេសូរ ៤:២៤
យោបល់
សូមប្អូនសួរបុគ្គលដែលមានភាពចាស់ទុំថា តើគុណសម្បត្តិដ៏សំខាន់បំផុតរបស់បុរសគឺជាអ្វី? រួចស្វែងយល់ពីវិធីដើម្បីមានគុណសម្បត្តិនោះ។
តើប្អូនដឹងទេ . . . ?
ចិត្តគំនិតរបស់ប្អូនសំខាន់ជាងរូបសម្បត្តិ ឬរូបរាងខាងក្រៅ។
គម្រោងអនុវត្ត!
ដើម្បីខ្ញុំមានអាកប្បកិរិយាល្អជាង ខ្ញុំចង់ ․․․․․
ដើម្បីកែលម្អរបៀបនិយាយរបស់ខ្ញុំ ខ្ញុំនឹង ․․․․․
អ្វីដែលខ្ញុំចង់សួរឪពុកម្ដាយរបស់ខ្ញុំអំពីរឿងនេះគឺ ․․․․․
តើប្អូនគិតយ៉ាងណា?
● តើប្អូនអាចបង្ហាញថាប្អូនគោរពខ្លួនឯងដោយរបៀបណា?
● តើប្អូនធ្វើយ៉ាងណាដើម្បីបង្ហាញថាប្អូនគោរពទស្សនៈនិងអារម្មណ៍របស់មនុស្សស្រី?
[ឃ្លាអក្សរធំនៅទំព័រ១៩៨]
«ប្អូនខេត និយាយថា៖ ‹មនុស្សប្រុសច្រើនតែគិតថា ដើម្បីឲ្យមនុស្សស្រីចូលចិត្ត ពួកគេត្រូវចេះធ្វើខ្លួនឲ្យឡូយ និងចេះលេងស្ទីលសម្លៀកបំពាក់។ គំនិតនេះត្រូវមួយផ្នែក តែតាមទស្សនៈខ្ញុំ ប្រុសចរិតល្អទាក់ទាញចិត្តមនុស្សស្រីខ្លាំងជាង›»
[រូបភាពនៅទំព័រ១៩៧]
ពេលទៅដល់ផ្ទះយើងដោះឈុតដែលយើងស្លៀកចេញ តែយើងមិនដោះសុជីវធម៌ចេញទេ