លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើខុសទេដែលខ្ញុំចង់បានភាពផ្ទាល់ខ្លួន?

តើខុសទេដែលខ្ញុំចង់បានភាពផ្ទាល់ខ្លួន?

ជំពូក​ទី​១៥

តើ​ខុស​ទេ​ដែល​ខ្ញុំ​ចង់​បាន​ភាព​ផ្ទាល់​ខ្លួន?

ពេល​ជួប​ស្ថានភាព​ដូច​ខាង​ក្រោម តើ​ប្អូន​គិត​យ៉ាង​ណា? សូម​ដាក់​សញ្ញា ✔ នៅ​ជិត​ចម្លើយ​របស់​ប្អូន។

១. ប្អូន​កំពុង​នៅ​ក្នុង​បន្ទប់​គេង​របស់​ខ្លួន ស្រាប់​តែ​បង​ឬ​ប្អូន​បង្កើត​ចូល​មក​បន្ទប់​ប្អូន ដោយ​មិន​គោះ​ទ្វារ។

□ ‹គ្មាន​បញ្ហា​ទេ។ ពេល​ខ្លះ​ខ្ញុំ​ក៏​ធ្វើ​ដូច​គ្នា​ដែរ›។

□ ‹គ្មាន​សុជីវធម៌​សោះ! ចុះ​យ៉ាង​ណា​បើ​ខ្ញុំ​កំពុង​ផ្លាស់​ខោ​អាវ?›។

២. ប្អូន​ទើប​តែ​មក​ដល់​ផ្ទះ ហើយ​ក៏​ត្រូវ​ឪពុក​ម្ដាយ​សួរ​ថា​៖«​ទើប​មក​ពី​ណា? ធ្វើ​អ្វី? ទៅ​ជា​មួយ​អ្នក​ណា?​»។

□ ‹គ្មាន​បញ្ហា​ទេ។ ធម្មតា​ខ្ញុំ​ប្រាប់​ពួក​គាត់​ទាំង​អស់›។

□ ‹ស្រងាក​ចិត្ត​ណាស់! ប៉ា​ម៉ាក់​មិន​ទុក​ចិត្ត​ខ្ញុំ​សោះ!›។

កាល​នៅ​ក្មេង ប្អូន​ប្រហែល​ជា​មិន​សូវ​ខ្វល់​អំពី​ភាព​ផ្ទាល់​ខ្លួន​ទេ។ ទោះ​ជា​បង​ឬ​ប្អូន​បង្កើត​ស្រាប់​តែ​ចូល​ក្នុង​បន្ទប់​ប្អូន ក៏​ប្អូន​មិន​ប្រកាន់​ដែរ។ បើ​ឪពុក​ម្ដាយ​សួរ​អ្វី​មួយ ប្អូន​ឆ្លើយ​ភ្លាម​ៗ។ ពេល​នោះ​ជីវិត​ប្អូន​ដូច​ជា​ទ្វារ​ដែល​បើក​ចំហ។ ប៉ុន្តែ ពេល​ធំ​ឡើង​គឺ​មិន​ដូច្នេះ​ឡើយ។ ប្អូន​ខូរី អាយុ​១៤​ឆ្នាំ និយាយ​ថា​៖ ​«​មាន​រឿង​ខ្លះ​ខ្ញុំ​ចង់​រក្សា​ទុក​សម្រាប់​ខ្លួន​ខ្ញុំ​ប៉ុណ្ណោះ​»។ សូម​ពិចារណា​ស្ថានភាព​ពីរ​យ៉ាង​ដែល​ភាព​ផ្ទាល់​ខ្លួន​ក្លាយ​ជា​បញ្ហា។

ពេល​ប្អូន​ចង់​នៅ​ម្នាក់​ឯង

អាច​មាន​មូលហេតុ​ផ្សេង​ៗ​ដែល​ប្អូន​ចង់​នៅ​ស្ងាត់​តែ​ឯង។ ជា​ឧទាហរណ៍ ប្អូន​គ្រាន់​តែ​ចង់​«​សម្រាក​បន្តិច​»។ (​ម៉ាកុស ៦:៣១​) ឬ​មួយ​ប្អូន​ប្រហែល​ចង់​ធ្វើ​តាម​ដំបូន្មាន​របស់​លោក​យេស៊ូ ដែល​បាន​ឲ្យ​ដល់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​ចូល​ទៅ​ក្នុង​បន្ទប់​ផ្ទាល់​ខ្លួន ហើយ​បិទ​ទ្វារ រួច​អធិដ្ឋាន​ជម្រាប​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ទី​ស្ងាត់​កំបាំង​»។ (​ម៉ាថាយ ៦:៦; ម៉ាកុស ១:៣៥​) ប៉ុន្តែ​បញ្ហា​ត្រង់​ថា ឪពុក​ម្ដាយ​ប្រហែល​ជា​មិន​គិត​ថា ពេល​ប្អូន​បិទ​ទ្វារ​បន្ទប់​(​បើ​មាន​បន្ទប់​ផ្ទាល់​ខ្លួន​) ប្អូន​កំពុង​អធិដ្ឋាន​នោះ​ទេ! ចំណែក​បង​ប្អូន​បង្កើត​វិញ ក៏​ប្រហែល​ជា​មិន​យល់​ពី​មូលហេតុ​ដែល​ប្អូន​ចង់​នៅ​ស្ងាត់​តែ​ឯង​ដែរ។

អ្វី​ដែល​ប្អូន​អាច​ធ្វើ។ ជា​ជាង​បង្ក​ឲ្យ​មាន​ការ​ប្រកែក​គ្នា សូម​សាក​ធ្វើ​តាម​យោបល់​ខាង​ក្រោម​៖

● ស្ដី​អំពី​បង​ប្អូន​បង្កើត សូម​ប្អូន​កំណត់​ច្បាប់​សម​ហេតុ​សម​ផល​មួយ​ចំនួន ដើម្បី​ប្អូន​អាច​មាន​ពេល​វេលា​ផ្ទាល់​ខ្លួន​ខ្លះ។ បើ​ចាំ​បាច់ ចូរ​សុំ​ជំនួយ​ពី​ឪពុក​ម្ដាយ។ a

● ស្ដី​អំពី​ឪពុក​ម្ដាយ សូម​ប្អូន​ព្យាយាម​ស្វែង​យល់​ទស្សនៈ​របស់​ពួក​គាត់។ យុវតី​រេបិកា អាយុ​១៦​ឆ្នាំ និយាយ​ថា​៖ ​«​ឪពុក​ម្ដាយ​ឧស្សាហ៍​មក​ឆែក​មើល​ថា​ខ្ញុំ​សម្ងំ​ធ្វើ​អ្វី។ ប៉ុន្តែ និយាយ​ឲ្យ​ត្រង់​ទៅ បើ​ខ្ញុំ​មាន​កូន​ជំទង់ ខ្ញុំ​ក៏​ធ្វើ​ដូច​ពួក​គាត់​ដែរ។ ជា​ពិសេស យុវវ័យ​សម័យ​នេះ​មាន​ការ​ល្បង​ល​ច្រើន!​»។ ដូច​រេបិកា តើ​ប្អូន​យល់​ចិត្ត​ឪពុក​ម្ដាយ​របស់​ប្អូន​ឬ​ទេ?—សុភាសិត ១៩:១១

● សូម​ប្អូន​សួរ​ខ្លួន​ដោយ​ស្មោះ​ត្រង់​ថា​៖ ‹ពេល​ខ្ញុំ​បិទ​ទ្វារ​បន្ទប់ ហេតុ​អ្វី​ឪពុក​ម្ដាយ​សង្ស័យ​ថា​ខ្ញុំ​កំពុង​ធ្វើ​អ្វី​មិន​ល្អ? តើ​ខ្ញុំ​ជា​ហេតុ​នាំ​ឲ្យ​ពួក​គាត់​សង្ស័យ​ឬ​ទេ? តើ​ខ្ញុំ​លាក់​លៀម​រឿង​ផ្ទាល់​ខ្លួន​ជ្រុល​ពេក​បាន​ជា​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​តាម​ដាន​ខ្ញុំ​ឬ?›។ បើ​ប្អូន​ឆ្លើយ​ថា​‹ទេ› ហើយ​ឪពុក​ម្ដាយ​នៅ​តែ​មិន​ទុក​ចិត្ត​ប្អូន នោះ​សូម​និយាយ​ជា​មួយ​ពួក​គាត់​ដោយ​ចិត្ត​ស្ងប់ និង​ដោយ​គួរ​សម​អំពី​អារម្មណ៍​របស់​ប្អូន។ រួច​មក សូម​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អ្វី​ដែល​ឪពុក​ម្ដាយ​ប្អូន​ប្រាប់ ហើយ​ព្យាយាម​យល់​ពី​មូលហេតុ​ដែល​ពួក​គាត់​ព្រួយ​បារម្ភ។—យ៉ាកុប ១:១៩

ពេល​ប្អូន​ចង់​មាន​មិត្ត​ភក្ដិ

ពេល​នៅ​វ័យ​ជំទង់ ជា​ការ​ធម្មតា​ទេ​ដែល​ប្អូន​ចង់​មាន​មិត្ត​ភក្ដិ។ មិន​មែន​ជា​រឿង​ចម្លែក​ឡើយ ដែល​ឪពុក​ម្ដាយ​ចង់​ដឹង​ថា​មិត្ត​ភក្ដិ​របស់​ប្អូន​ជា​អ្នក​ណា ហើយ​ប្អូន​ទៅ​ធ្វើ​អ្វី​ជា​មួយ​ពួក​គេ។ ប៉ុន្តែ ពេល​ខ្លះ​ប្អូន​ប្រហែល​ជា​គិត​ថា ឪពុក​ម្ដាយ​បារម្ភ​ជ្រុល​ពេក។ ប្អូន​ស្រី​អេមី អាយុ​១៦​ឆ្នាំ និយាយ​ថា​៖ ​«​រៀង​រាល់​១០​នាទី​ម្ដង នៅ​ពេល​ដែល​ខ្ញុំ​និយាយ​ទូរស័ព្ទ​ឬ​ផ្ញើ​សារ ប៉ា​ម៉ាក់​ចេះ​តែ​មក​ក្បែរ​ខ្ញុំ ហើយ​សួរ​ថា​‹ខ្ញុំ​កំពុង​និយាយ​ជា​មួយ​អ្នក​ណា›​»។

អ្វី​ដែល​ប្អូន​អាច​ធ្វើ។ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ជា​មួយ​ឪពុក​ម្ដាយ​ដោយ​សារ​តែ​មិត្ត​ភក្ដិ សូម​សាក​ធ្វើ​តាម​យោបល់​ខាង​ក្រោម​៖

● ណែនាំ​មិត្ត​ភក្ដិ​ឲ្យ​ឪពុក​ម្ដាយ​ស្គាល់​៖ ប្អូន​មិន​ចង់​ឲ្យ​ឪពុក​ម្ដាយ​តាម​ស៊ើប​អង្កេត​ប្អូន​ដូច​ជា​ប៉ូលិស​ទេ។ ហេតុ​នេះ ជា​ការ​ល្អ​ឲ្យ​ឪពុក​ម្ដាយ​ស្គាល់​មិត្ត​ភក្តិ​ប្អូន​ឲ្យ​បាន​ច្រើន ក្រោយ​មក​ពួក​គាត់​ទំនង​ជា​ទុក​ចិត្ត​ប្អូន​កាន់​តែ​ខ្លាំង។

● សូម​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង​៖ តើ​ការ​ដែល​ប្អូន​ចង់​បាន​ភាព​ផ្ទាល់​ខ្លួន ពិត​ជា​អ្វី​ដែល​ប្អូន​ត្រូវ​ការ​មែន​ឬ? ឬ​ក៏​ប្អូន​គ្រាន់​តែ​ចង់​ធ្វើ​រឿង​លួច​លាក់? ប្អូន​ស្រី​ប៊្រីថានី អាយុ​២២​ឆ្នាំ និយាយ​ថា​៖ ​«​បើ​អ្នក​រស់​នៅ​ផ្ទះ​ជា​មួយ​ឪពុក​ម្ដាយ ហើយ​មាន​រឿង​ដែល​ឪពុក​ម្ដាយ​សួរ​អ្នក អ្នក​គួរ​គិត​ក្នុង​ចិត្ត​ថា​‹ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​លាក់?›។ ប៉ុន្តែ បើ​អ្នក​គិត​ថា​‹ខ្ញុំ​ត្រូវ​លាក់› នោះ​មាន​ន័យ​ថា​អ្នក​កំពុង​ធ្វើ​អ្វី​មួយ​ខុស​ហើយ​»។

ប្អូន​និង​ភាព​ផ្ទាល់​ខ្លួន​របស់​ប្អូន

បើ​ប្អូន​បារម្ភ​អំពី​ភាព​ផ្ទាល់​ខ្លួន សូម​គិត​អំពី​ដំណោះ​ស្រាយ​ខ្លះ​ដែល​ប្អូន​អាច​ធ្វើ​បាន។ សូម​សរសេរ​ចម្លើយ​នៅ​ខាង​ក្រោម​សំណួរ​ដូច​ត​ទៅ​៖

ជំហាន​ទី​១ ចេះ​សម្គាល់​បញ្ហា។ តើ​ប្អូន​ចង់​បាន​ភាព​ផ្ទាល់​ខ្លួន​ក្នុង​រឿង​អ្វី​ជាង​គេ?

․․․․․

ជំហាន​ទី​២ គិត​អំពី​ទស្សនៈ​របស់​ឪពុក​ម្ដាយ​ប្អូន។ ហេតុ​អ្វី​បាន​ជា​ឪពុក​ម្ដាយ​និយាយ​ឬ​ធ្វើ​ដូច្នេះ? ហើយ​តើ​អ្វី​ជា​មូលហេតុ​ពិត​ប្រាកដ?

․․․․․

ជំហាន​ទី​៣ ស្វែង​រក​ដំណោះ​ស្រាយ។ តើ​ប្អូន​បាន​ធ្វើ​អ្វី​ដោយ​ចៃដន្យ​ដែល​បណ្ដាល​ឲ្យ​ឪពុក​ម្ដាយ​សង្ស័យ​ឬ​ទេ? ហើយ​តើ​ប្អូន​អាច​ដោះ​ស្រាយ​បញ្ហា​នោះ​តាម​វិធី​ណា? តើ​ប្អូន​ចង់​ឲ្យ​ឪពុក​ម្ដាយ​ធ្វើ​យ៉ាង​ណា​ចំពោះ​រឿង​នោះ?

․․․․․

ជំហាន​ទី​៤ និយាយ​ចេញ​មក។ តើ​តាម​របៀប​ណា​ប្អូន​អាច​ពន្យល់​ឪពុក​ម្ដាយ​អំពី​មូលហេតុ​ដែល​ប្អូន​ចង់​មាន​ភាព​ផ្ទាល់​ខ្លួន?

․․․․․

នៅ​ជំពូក​បន្ទាប់

បើ​ឪពុក​ឬ​ម្ដាយ​របស់​ប្អូន​ស្លាប់ តើ​ប្អូន​អាច​ទទួល​ការ​សម្រាល​ទុក្ខ​នៅ​ឯ​ណា?

[​កំណត់​សម្គាល់​]

a ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត សូម​មើល​ជំពូក​ទី​៦ ក្នុង​សៀវភៅ​នេះ។

បទ​គម្ពីរ​សំខាន់

​«​ចូរ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាញ​ខ្លួន​អ្នក​នៅ​ចំពោះ​មុខ​ព្រះ​ថា អ្នក​ជា​មនុស្ស​ដែល​លោក​ពេញ​ចិត្ត និង​ជា​អ្នក​ធ្វើ​ការ​ដែល​គ្មាន​ហេតុ​អៀន​ខ្មាស​»។—ធីម៉ូថេ​ទី​២ ២:១៥

យោបល់

កុំ​រអ៊ូ​រទាំ ពេល​ប្អូន​និយាយ​ជា​មួយ​ឪពុក​ម្ដាយ​អំពី​ភាព​ផ្ទាល់​ខ្លួន។ ផ្ទុយ​ទៅ​វិញ សូម​ប្រាប់​ពួក​គាត់​អំពី​អារម្មណ៍​របស់​ប្អូន។ តើ​ចំណុច​ទាំង​ពីរ​នេះ​ខុស​គ្នា​យ៉ាង​ណា? ការ​រអ៊ូ​រទាំ គឺ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​ប្អូន​គិត​ថា​ឪពុក​ម្ដាយ​បាន​ធ្វើ​ខុស។ ប៉ុន្តែ ការ​ប្រាប់​អំពី​អារម្មណ៍ អាច​ជួយ​គ្រួសារ​ទាំង​មូល​ឲ្យ​ស្វែង​រក​វិធី​ដោះ​ស្រាយ។

តើ​ប្អូន​ដឹង​ទេ . . . ?

ការ​និយាយ​ដោយ​បើក​ចំហ​ជា​មួយ​ឪពុក​ម្ដាយ ធ្វើ​ឲ្យ​ពួក​គាត់​មិន​សូវ​សង្ស័យ។

គម្រោង​អនុវត្ត!

ដើម្បី​ទទួល​បាន​(​ឬ​ទទួល​បាន​ម្ដង​ទៀត​)​នូវ​ទំនុក​ចិត្ត​ពី​ឪពុក​ម្ដាយ ខ្ញុំ​នឹង ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● ហេតុ​អ្វី​ឪពុក​ម្ដាយ​មាន​សិទ្ធិ​សួរ​នាំ​អំពី​ជីវិត​របស់​ប្អូន?

● បើ​ប្អូន​ខំ​ព្យាយាម​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ឪពុក​ម្ដាយ តើ​ប្អូន​គិត​ថា​នេះ​អាច​ជួយ​ប្អូន​យ៉ាង​ណា​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​មនុស្ស​ធំ​ផ្សេង​ទៀត?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១០៨​]

​«​យុវតី​អេឡាណឺ ប្រាប់​ថា​៖ ‹ឪពុក​ម្ដាយ​របស់​អ្នក​មិន​ចង់​ឲ្យ​មាន​រឿង​អាក្រក់​កើត​ឡើង​ចំពោះ​អ្នក​ទេ។ ហេតុ​នេះ ពេល​ខ្លះ​ពួក​គាត់​ហាក់​ដូច​ជា​ជ្រៀត​ជ្រែក​ក្នុង​រឿង​ផ្ទាល់​ខ្លួន​របស់​អ្នក។ ពិត​មែន​ថា​នេះ​មើល​ទៅ​ជ្រុល​បន្តិច តែ​និយាយ​ឲ្យ​ត្រង់​ទៅ បើ​ខ្ញុំ​ជា​ឪពុក​ម្ដាយ ខ្ញុំ​ក៏​ធ្វើ​ដូច​គ្នា​ដែរ›​»​

[​រូបភាព​នៅ​ទំព័រ​១០៩​]

ទំនុក​ចិត្ត​គឺ​ប្រៀប​ដូច​ជា​ប្រាក់​ខែ។ យើង​មិន​អាច​ទទួល​បាន​ដោយ​គ្មាន​ការ​ខំ​ប្រឹង​នោះ​ទេ