តើខ្ញុំអាចយកឈ្នះការល្បួងដោយវិធីណា?
ជំពូកទី៩
តើខ្ញុំអាចយកឈ្នះការល្បួងដោយវិធីណា?
ខារិនមកដល់ពិធីជប់លៀងមិនដល់១០នាទីផង នាងឃើញប្រុសជំទង់ពីរនាក់ចូលមកទាំងកាន់ថង់ក្រដាសធំៗ។ នាងក្រឡេកឃើញថង់នោះភ្លាម ក៏ដឹងថាជាអ្វីហើយ។ មុននោះបន្តិច នាងបានឮប្រុសជំទង់ពីរនាក់នោះនិយាយគ្នាថា៖ «ជប់លៀងថ្ងៃនេះ ផឹកឲ្យអស់ដៃទៅយើង!»។
រំពេចនោះ ខារិនឮសំឡេងពីក្រោយនាងថា៖ «មកឈរធ្វើអីនៅត្រង់នេះ ឯង‹គួរឲ្យធុញ›!»។ ខារិនបែរទៅឃើញមិត្តនាងឈ្មោះជេស៊ីកាកំពុងកាន់ភេសជ្ជៈពីរដបដែលគាស់ហើយ ខារិនដឹងថាភេសជ្ជៈនោះមានជាតិស្រា។ ប៉ុន្តែ ជេស៊ីកាបានហុចមួយដបឲ្យនាង ដោយនិយាយថា៖ «ឯងមិនមែនក្មេងពេកទេ ចេះសប្បាយខ្លះទៅ!»។
ខារិនចង់បដិសេធ តែនាងពិបាកនិយាយ ពីព្រោះជេស៊ីកាគឺជាមិត្តភក្ដិនាង ហើយនាងមិនចង់ធ្វើជាមនុស្សដែល‹គួរឲ្យធុញ› ដូចដែលមិត្តនាងហៅនោះទេ។ ណាមួយទៀត ជេស៊ីកាជាមនុស្សល្អ បើជេស៊ីកាផឹកបាន នាងក៏អាចផឹកបានដែរ។ ខារិនប្រាប់ខ្លួនឯងថា៖ ‹វាគ្រាន់តែជាស្រាបៀរ។ មិនមែនជាគ្រឿងញៀន ឬការរួមភេទឡើយ›។
ក្នុងវ័យជំទង់ ប្អូនប្រឈមមុខការល្បងលផ្សេងៗជាច្រើន។ ជាពិសេសពីមនុស្សដែលមានភេទផ្ទុយ។ យុវជនឈ្មោះរ៉ាម៉ន អាយុ១៧ឆ្នាំ រៀបរាប់ថា៖ «ស្រីៗនៅសាលាហ៊ានណាស់ ពួកនាងចូលចិត្តយកដៃប៉ះខ្ញុំ រួចចាំអ៊ុតមើលថាតើខ្ញុំនៅស្ងៀមឲ្យពួកនាងប៉ះដល់កម្រិតណា។ ខ្ញុំប្រាប់ថាកុំធ្វើដូច្នេះ តែពួកនាងមិនខ្ចីខ្វល់ទេ!»។ យុវតីឈ្មោះឌៀនណឺ អាយុ១៧ឆ្នាំ ក៏បានជួបនឹងស្ថានភាពស្រដៀងគ្នាដែរ។ នាងនិយាយថា៖ «មានក្មេងប្រុសម្នាក់បានដើរមកជិតខ្ញុំ រួចឱបខ្ញុំពីក្រោយ។ ខ្ញុំបានវាយដៃគាត់ ហើយស្រែកថា‹ចង់ធ្វើអី? ខ្ញុំមិនស្គាល់អ្នកទេ!›»។
ប្អូនក៏ប្រហែលជួបនឹងការល្បងលដែរ ហើយនោះហាក់ដូចជាកើតឡើងមិនចេះចប់។ ការល្បងលអាចប្រៀបដូចជានរណាម្នាក់មកគោះទ្វារប្អូនឥតឈប់ ទោះជាប្អូនបានដាក់ស្លាកនៅមាត់ទ្វារថា«កុំរំខាន»ក៏ដោយ។ តើប្អូនជួបប្រទះការល្បួងមួយណាញឹកញាប់ជាងគេ? ជាឧទាហរណ៍ ដូចបានរៀបរាប់នៅខាងក្រោម តើប្អូនកំពុងប្រឈមមុខការល្បួងណាខ្លះ?
□ ការជក់បារី
□ ការមើលរូបអាសអាភាស
□ ការផឹកស្រា
□ ការរួមភេទ
□ ការប្រើគ្រឿងញៀន
□ ផ្សេងទៀត ․․․․․
បើប្អូនគូសសញ្ញា ✔ នេះក្នុងចំណុចណាមួយនៅខាងលើ កុំឆាប់សន្មតថាប្អូនមិនស័ក្តិសមធ្វើជាគ្រិស្តសាសនិកនោះឡើយ។ ប្អូនអាចរៀនគ្រប់គ្រងសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ ហើយយកឈ្នះការល្បងលបាន។ តើតាមរបៀបណា? អ្វីមួយដែលជួយ គឺការដឹងពីមូលហេតុដែលនាំឲ្យមានការល្បងល។ សូមពិចារណាកត្តាបីយ៉ាង។
១. ភាពមិនល្អឥតខ្ចោះ។ ដោយសារភាពមិនល្អឥតខ្ចោះ មនុស្សគ្រប់រូបងាយនឹងធ្វើខុស។ សូម្បីតែសាវ័កប៉ូលជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ បានសារភាពត្រង់ៗថា៖ «ពេលខ្ញុំចង់ធ្វើអ្វីដែលត្រឹមត្រូវ នោះអ្វីដែលអាក្រក់នៅជាប់ជាមួយនឹងខ្ញុំ»។ (រ៉ូម ៧:២១) ម្ដងម្កាល សូម្បីតែមនុស្សដែលគួរឲ្យគោរពបំផុតក៏ដឹងថាខ្លួនគាត់មាន«សេចក្ដីប៉ងប្រាថ្នាខុសឆ្គង [និង]ការចង់បានអ្វីដែលទាក់ទាញភ្នែក»ដែរ។ (យ៉ូហានទី១ ២:១៦) ប៉ុន្តែ ការបណ្ដោយឲ្យសេចក្ដីប៉ងប្រាថ្នាខុសឆ្គងបន្តមាននៅក្នុងចិត្តអាចនាំឲ្យមានគ្រោះថ្នាក់ ដូចគម្ពីរចែងថា៖ «ពេលដែលសេចក្ដីប៉ងប្រាថ្នានោះចាប់មានគភ៌ នោះក៏សម្រាលចេញជាអំពើខុសឆ្គង»។—យ៉ាកុប ១:១៥
២. បរិយាកាសជុំវិញ។ ការល្បងលមាននៅគ្រប់ទីកន្លែង។ ប្អូនត្រូឌីប្រាប់ថា៖ «មិនថានៅសាលា ឬនៅកន្លែងធ្វើការទេ មនុស្សនិយាយតែអំពីរឿងរួមភេទ»។ គាត់បន្ថែមទៀតថា៖ «កម្មវិធីទូរទស្សន៍និងខ្សែភាពយន្តធ្វើឲ្យសាច់រឿងទាំងនោះទៅជាការសើចសប្បាយ និងគួរឲ្យរំភើបចិត្ត។ កម្រណាស់ដែលកម្មវិធីបង្ហាញអំពីផលវិបាកដែលមកពីការរួមភេទ!»។ ត្រូឌីធ្លាប់ឆ្លងកាត់ហើយដឹងថាប្រព័ន្ធផ្សាយព័ត៌មាននិងមិត្តភក្តិ គឺមានឥទ្ធិពលខ្លាំងណាស់។ នាងរំលឹកអតីតកាលខ្លួនថា៖ «ពេលអាយុ១៦ឆ្នាំ ខ្ញុំបានធ្លាក់ក្នុងអន្លង់ស្នេហ៍បុរសម្នាក់។ ម៉ាក់ខ្ញុំប្រាប់ថា បើខ្ញុំនៅតែធ្វើដូច្នេះទៀត ថ្ងៃណាមួយខ្ញុំនឹងមានផ្ទៃពោះ។ ខ្ញុំភ្ញាក់ផ្អើលណាស់ដែលម៉ាក់និយាយបែបនេះ! ប៉ុន្តែ ពីរខែក្រោយមក ខ្ញុំមានផ្ទៃពោះមែន»។
៣. «សេចក្ដីប៉ងប្រាថ្នាដែលកើតមានក្នុងគ្រាយុវវ័យ»។ (ធីម៉ូថេទី២ ២:២២) ឃ្លានេះអាចរួមបញ្ចូលចំណង់ចំណូលចិត្តឬអារម្មណ៍ដែលកើតមានជាទូទៅក្នុងគ្រាយុវវ័យ ដូចជាការចង់ឲ្យអ្នកឯទៀតរាប់អាន ឬចង់រស់នៅជាខ្លួនឯង។ ការប៉ងប្រាថ្នាដូចនេះមិនខុសទេ តែបើយើងបណ្ដោយតាមចិត្តចង់ នោះយើងមិនអាចយកឈ្នះការល្បងលបានឡើយ។ ជាឧទាហរណ៍ ការចង់រស់នៅជាខ្លួនឯង អាចធ្វើឲ្យប្អូនមិនព្រមទទួលយកការប្រៀនប្រដៅពីឪពុកម្ដាយ។ នេះជាអ្វីដែលបានកើតឡើងដល់ប្អូនប្រុសឈ្មោះស្ទេវ ពេលគាត់អាយុ១៧ឆ្នាំ។ គាត់ប្រាប់ថា៖ «ក្រោយពីខ្ញុំទទួលការជ្រមុជទឹកថ្មីៗ ខ្ញុំចាប់ផ្ដើមផ្គើនឪពុកម្ដាយរបស់ខ្ញុំ បើគាត់ហាមខ្ញុំមិនឲ្យធ្វើអ្វី ខ្ញុំធ្វើហ្នឹង»។
វិធីយកឈ្នះ
ប្រាកដណាស់ អ្វីដែលបានរៀបរាប់នៅខាងលើពិតជាមានឥទ្ធិពលខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ប្អូនអាចយកឈ្នះបាន។ តើតាមរបៀបណា?
● ដំបូង ត្រូវចេះសម្គាល់ថាការល្បួងមួយណាដែលប្អូនពិបាកយកឈ្នះ (ប្អូនប្រហែលជាបានធ្វើរួចហើយ នៅទំព័រ៦៥)។
● បន្ទាប់មក សូមសួរខ្លួនថា‹តើការល្បួងនេះច្រើនតែកើតឡើងនៅពេលណា?›។ ក្រោយមកសូមដាក់សញ្ញា ✔ នេះក្នុងប្រអប់ណាមួយនៅខាងក្រោម៖
□ ពេលនៅសាលា
□ ពេលនៅម្នាក់ឯង
□ ពេលនៅកន្លែងធ្វើការ
□ ផ្សេងទៀត ․․․․․
ការដឹងថាការល្បួងទំនងជាកើតឡើងនៅពេលណា នោះអាចជួយប្អូនឲ្យជៀសវាងពីការល្បួងនោះ។ ជាឧទាហរណ៍ សូមគិតអំពីរឿងដែលបានរៀបរាប់នៅដើមជំពូកនេះ។ តើតម្រុយអ្វីដែលធ្វើឲ្យខារិនដឹងថានាងអាចនឹងជួបបញ្ហានៅក្នុងពិធីជប់លៀងនោះ?
․․․․․
ខារិនអាចជៀសវាងពីការល្បងលបាន បើពីដំបូងនាង
․․․․․
● មកដល់ត្រឹមនេះ ប្អូនបានកំណត់មុខសញ្ញានៃការល្បងលដែលប្អូនអាចនឹងជួបប្រទះ និងពេលណាដែលវាទំនងជានឹងកើតឡើង។ ឥឡូវដល់ពេលដែលប្អូនត្រៀមខ្លួនទប់ទល់។ ជំហានដំបូងដែលប្អូនត្រូវធ្វើ គឺគិតអំពីវិធីជៀសវាង ឬការមិនបណ្ដោយខ្លួនឲ្យធ្លាក់ទៅក្នុងស្ថានភាពដែលនាំទៅដល់ការល្បងល។ សូមសរសេរអ្វីដែលប្អូនអាចធ្វើបាន។
․․․․․
(ជាឧទាហរណ៍ ពេលចេញពីរៀន បើប្អូនឧស្សាហ៍ជួបសិស្សរួមថ្នាក់ដែលបង្ខំប្អូនឲ្យជក់បារី នោះប្អូនអាចដើរវាងទៅតាមផ្លូវផ្សេងដែលមិនជួបពួកគេ។ បើជាញឹកញយ រូបអាសអាភាសចេះតែលេចមកតាមប្រព័ន្ធអ៊ីនធឺណិតក្នុងទូរស័ព្ទឬគ្រឿងអេឡិចត្រូនិករបស់ប្អូន ឬមានគេផ្ញើមកឲ្យប្អូន នោះប្អូនអាចដាក់កម្មវិធីទប់ស្កាត់កុំឲ្យរូបទាំងនោះចូលមកក្នុងប្រព័ន្ធរបស់ប្អូន។ បន្ថែមទៅទៀត ពេលប្អូនស្វែងរកព័ត៌មានណាមួយក្នុងអ៊ីនធឺណិត ប្អូនគួរវាយពាក្យចំៗដើម្បីជៀសវាងរូបភាពមិនល្អចេញមក)។
ពិតណាស់ ប្អូនមិនអាចជៀសវាងពីការល្បងលទាំងអស់បានទេ។ ជួនកាល ប្អូនអាចនឹងជួបការល្បងលដ៏ខ្លាំង នៅពេលដែលប្អូនមិននឹកស្មាន។ ដូច្នេះ តើប្អូននឹងធ្វើអ្វី?
ចូរត្រៀមខ្លួន
ពេល‹សាថានមកល្បួង›លោកយេស៊ូ លោកបានបដិសេធភ្លាមៗ។ (ម៉ាកុស ១:១៣) ហេតុអ្វី? ដោយសារលោកយេស៊ូបាន ត្រៀមខ្លួនទុកជាមុនចំពោះការល្បងល។ លោកបានប្ដេជ្ញាចិត្តស្ដាប់បង្គាប់បិតាលោកគ្រប់ពេលវេលា។ (យ៉ូហាន ៨:២៨, ២៩) លោកបានធ្វើដូចដែលលោកបានមានប្រសាសន៍ថា៖ «ខ្ញុំបានចុះមកពីស្ថានសួគ៌ ដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោកដែលបានចាត់ខ្ញុំឲ្យមក មិនមែនដើម្បីធ្វើតាមបំណងប្រាថ្នារបស់ខ្ញុំទេ»។—យ៉ូហាន ៦:៣៨
នៅទំព័របន្ទាប់ សូមគិតអំពីការល្បួងដែលប្អូនជួបប្រទះជាញឹកញាប់ រួចសរសេរមូលហេតុពីរដែលប្អូនចង់ទប់ទល់ និងវិធីពីរយ៉ាងដែលប្អូនត្រូវធ្វើដើម្បីយកឈ្នះការល្បងលនោះ។
មូលហេតុដែលប្អូនចង់ទប់ទល់៖
១ ․․․․․
២ ․․․․․
វិធីដែលប្អូនត្រូវធ្វើដើម្បីយកឈ្នះ៖
១ ․․․․․
២ ․․․․․
សូមចាំថាពេលប្អូនចុះចាញ់ការល្បងល ប្អូននឹងក្លាយជាខ្ញុំបម្រើនៃសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន។ (ទីតុស ៣:៣) ប្អូនមិនត្រូវឲ្យសេចក្ដីប៉ងប្រាថ្នាគ្រប់គ្រងប្អូនឡើយ។ បើប្អូនគ្រប់គ្រងវាបាន នោះបង្ហាញថាប្អូនមានភាពចាស់ទុំ។ (កូឡុស ៣:៥) សូមអធិដ្ឋានទៅព្រះយេហូវ៉ាឲ្យលោកជួយប្អូនបន្តធ្វើដូច្នេះ។—ម៉ាថាយ ៦:១៣ a
សូមអានប្រធានបទនេះថែមទៀត ក្នុងជំពូកទី១៥ ក្បាលទី២
តើថ្មីៗនេះប្អូនមានអារម្មណ៍នឿយហត់ឬទេ? សូមមើលពីវិធីដែលអាចជួយប្អូនឲ្យមានសុខភាពល្អនិងមានកម្លាំងឡើងវិញ!
[កំណត់សម្គាល់]
a សូមមើលដែរ ជំពូកទី៣៣និង៣៤ ក្នុងសៀវភៅនេះ។
បទគម្ពីរសំខាន់
«ព្រះគឺស្មោះត្រង់ ហើយលោកនឹងមិនឲ្យអ្នករាល់គ្នារងការល្បួងហួសពីសមត្ថភាពស៊ូទ្រាំរបស់អ្នករាល់គ្នាឡើយ តែលោកនឹងរៀបចំផ្លូវចេញ ដើម្បីឲ្យអ្នករាល់គ្នាអាចស៊ូទ្រាំនៅពេលជួបសេចក្ដីល្បួងនោះ»។—កូរិនថូសទី១ ១០:១៣
យោបល់
ប្រើ«វិធីទប់ទល់សម្ពាធពីមិត្តភក្តិ» នៅទំព័រ១៣២និង១៣៣ ក្នុងក្បាលទី២ ដើម្បីគិតទុកជាមុនអំពីរបៀបតបឆ្លើយពេលអ្នកណាម្នាក់ព្យាយាមល្បួងប្អូនឲ្យធ្វើខុស។
តើប្អូនដឹងទេ . . . ?
ព្រះបានប្រាប់ទុកជាមុនថាលោកយេស៊ូនឹងស្មោះត្រង់។ ប៉ុន្តែ នេះមិនមានន័យថាលោកយេស៊ូត្រូវធ្វើតាមបញ្ជាដូចមនុស្សយន្តទេ។ ផ្ទុយទៅវិញ លោកមានសេរីភាពសម្រេចចិត្តថាចង់ស្មោះត្រង់ឬមិនចង់។ នេះជាមូលហេតុមួយដែលលោកបានអធិដ្ឋានយ៉ាងអស់ពីចិត្តពេលជួបការល្បងល។—ហេប្រឺ ៥:៧
គម្រោងអនុវត្ត!
ដើម្បីប្ដេជ្ញាចិត្តកាន់តែខ្លាំងក្នុងការយកឈ្នះការល្បងល ខ្ញុំនឹង ․․․․․
ទីកន្លែង ស្ថានភាព និងមនុស្សខ្លះដែលខ្ញុំត្រូវជៀសវាងគឺ ․․․․․
អ្វីដែលខ្ញុំចង់សួរឪពុកម្ដាយរបស់ខ្ញុំអំពីរឿងនេះគឺ ․․․․․
តើប្អូនគិតយ៉ាងណា?
● តើបុគ្គលល្អឥតខ្ចោះអាចត្រូវល្បងលឲ្យធ្វើខុសឬទេ?—ដើមកំណើត ៦:១-៣; យ៉ូហាន ៨:៤៤
● ពេលប្អូនរក្សាភាពស្មោះត្រង់ដោយយកឈ្នះការល្បងល តើនោះមានឥទ្ធិពលយ៉ាងណាទៅលើអ្នកឯទៀត?—សុភាសិត ២៧:១១; ធីម៉ូថេទី១ ៤:១២
[ឃ្លាអក្សរធំនៅទំព័រ៦៨]
«គ្រិស្តតូហ្វើ ប្រាប់ថា៖ ‹អ្វីដែលជួយខ្ញុំគឺការដឹងថាមានបុគ្គលដ៏ខ្លាំងក្លាបំផុតក្នុងសកលលោកនៅក្បែរខ្ញុំ ហើយខ្ញុំអាចសុំជំនួយពីលោកនៅពេលណាក៏បាន!›»
[ប្រអប់/រូបភាពនៅទំព័រ៦៧]
សាកវិធីនេះ!
ដាក់ត្រីវិស័យមួយនៅលើតុ។ ធម្មតាទ្រនិចវាចង្អុលទៅទិសខាងជើងជានិច្ច។ ប៉ុន្តែ បើដាក់មេដែកនៅជិតនោះ។ តើអ្វីនឹងកើតឡើង? ទ្រនិចត្រីវិស័យលែងចង្អុលទៅទិសត្រឹមត្រូវទៀត តែវាបែរជាចង្អុលទៅមេដែកវិញ។
សមត្ថភាពវិនិច្ឆ័យប្រៀបដូចជាត្រីវិស័យ។ បើទទួលការបង្ហាត់បង្រៀនល្អ នោះវានឹងចង្អុលទៅទិសដៅត្រឹមត្រូវ ហើយជួយប្អូនឲ្យធ្វើការសម្រេចចិត្តដោយប្រាជ្ញា។ ប៉ុន្តែ ការសេពគប់មិនល្អប្រៀបដូចជាមេដែក ដែលទាញប្អូនឲ្យធ្វើអ្វីដែលខុសពីខ្នាតសីលធម៌របស់ប្អូន។ ដូច្នេះ សូមព្យាយាមជៀសវាងពីមនុស្សនិងស្ថានភាពដែលអាចបង្ខូចខ្នាតសីលធម៌ល្អដែលប្អូនបានត្រូវបង្វឹកបង្ហាត់។—សុភាសិត ១៣:២០
[រូបភាពនៅទំព័រ៦៩]
ពេលប្អូនចុះចាញ់ការល្បងល ប្អូនក្លាយជាខ្ញុំបម្រើនៃសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន