តើតាមរបៀបណាខ្ញុំអាចមានទំនុកចិត្តជាង?
ជំពូកទី១២
តើតាមរបៀបណាខ្ញុំអាចមានទំនុកចិត្តជាង?
មែន ទេ
ពេលប្អូនឆ្លុះកញ្ចក់ តើប្អូនពេញចិត្តខ្លួនឯងឬទេ? □ □
តើប្អូនគិតថាខ្លួនមានទេពកោសល្យណាមួយទេ? □ □
តើប្អូនអាចយកឈ្នះការបង្ខិតបង្ខំពីមិត្តភក្តិឬទេ? □ □
តើប្អូនព្រមទទួលយកពាក្យរិះគន់ក្នុងន័យស្ថាបនាទេ? □ □
ពេលអ្នកឯទៀតយល់ខុសចំពោះប្អូន តើប្អូនអាចគ្រប់គ្រងអារម្មណ៍ខ្លួនបានឬទេ? □ □
តើប្អូនមានអារម្មណ៍ថាអ្នកឯទៀតស្រឡាញ់ប្អូនឬទេ? □ □
តើប្អូនថែសុខភាពខ្លួនទេ? □ □
ពេលអ្នកឯទៀតជោគជ័យ តើប្អូនសប្បាយចិត្តទេ? □ □
តើប្អូនគិតថាខ្លួនធ្វើបានល្អឬទេ? □ □
បើប្អូនឆ្លើយថា«ទេ»ចំពោះសំណួរមួយចំនួនខាងលើ នេះបង្ហាញថាប្អូនខ្វះទំនុកចិត្តលើខ្លួនឯង រហូតដល់មិនអាចមើលឃើញពីភាពខ្លាំងរបស់ខ្លួន។ ជំពូកនេះនឹងជួយប្អូនឲ្យរកឃើញភាពខ្លាំងរបស់ប្អូន!
យុវវ័យភាគច្រើនមិនពេញចិត្តរូបរាង និងសមត្ថភាពរបស់ខ្លួនទេ ហើយថែមទាំងចូលចិត្តប្រៀបធៀបខ្លួនជាមួយអ្នកឯទៀត។ តើប្អូនមានអារម្មណ៍ដូចនោះទេ? តាមពិត យុវវ័យជាច្រើនមានអារម្មណ៍ដូចនោះ!
ឡេទីស្យា និយាយថា៖ «ចំណុចខ្វះខាតរបស់ខ្ញុំធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្លួនគ្មានតម្លៃ។ ខ្ញុំជាអ្នកដែលរិះគន់ខ្លួនឯងខ្លាំងជាងគេ»។
ហេលី និយាយថា៖ «មិនថាយើងស្អាតឬសង្ហាប៉ុណ្ណាទេ យើងនៅតែគិតថាខ្លួនមិនស្អាតដូចអ្នកឯទៀត»។
រេឆឺល និយាយថា៖ «ខ្ញុំចេះតែខ្មាសពេលនៅមុខគេ។ ខ្ញុំខ្លាចគេគិតថា ខ្ញុំជាមនុស្សឥតបានការ»។
បើប្អូនមានអារម្មណ៍បែបនោះ កុំបាក់ទឹកចិត្ត។ សូមពិចារណាវិធីបីយ៉ាងដែលនឹងជួយប្អូនឲ្យមានទំនុកចិត្ត និងមានទស្សនៈវិជ្ជមានចំពោះខ្លួនច្រើនជាង។
ជួយអ្នកឯទៀត
បទគម្ពីរគោល៖ «ការឲ្យគេ នោះមានសុភមង្គលច្រើនជាងការទទួល»។—សកម្មភាព ២០:៣៥
នេះមានន័យថា៖ ពេលប្អូនជួយអ្នកឯទៀត នោះប្រៀបដូចជាប្អូនកំពុងជួយខ្លួនឯង។ តើតាមរបៀបណា? សុភាសិតក្នុងគម្ពីរចែងថា៖ «មនុស្សចិត្តល្អនឹងចម្រុងចម្រើន ហើយអ្នកណាដែលផ្ដល់កម្លាំងចិត្តដល់អ្នកឯទៀត អ្នកនោះនឹងទទួលកម្លាំងចិត្តដែរ»។ (សុភាសិត ១១:២៥) ជាការពិតណាស់ ពេលប្អូនជួយអ្នកឯទៀត ប្អូននឹងមានអារម្មណ៍ថាពេញចិត្តខ្លួនឯង ហើយឃើញថាខ្លួនជាមនុស្សមានប្រយោជន៍! a
ប៊្រីអាណា និយាយថា៖ «ខ្ញុំព្យាយាមជួយគេ ហើយធ្វើអ្វីដែលខ្ញុំអាចធ្វើបានដើម្បីជួយបងប្អូនក្នុងក្រុមជំនុំដែលត្រូវការជំនួយ។ ពេលខ្ញុំបង្ហាញសេចក្ដីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះអ្នកឯទៀត នេះធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយជាង»។
ចាវ៉ុន និយាយថា៖ «ពេលខ្ញុំចូលរួមផ្សព្វផ្សាយ ខ្ញុំអាចឈប់គិតអំពីខ្លួនឯង ហើយចាប់ផ្ដើមគិតអំពីអ្នកឯទៀតវិញ។ នេះពិតជាជួយខ្ញុំច្រើនណាស់»។
ប្រយ័ត្ន៖ ពេលជួយគេ កុំហុតទឹកសម្លឹងកាក។ (ម៉ាថាយ ៦:២-៤) គឺគ្មានប្រយោជន៍ឡើយ បើឲ្យដោយចេតនាមិនត្រឹមត្រូវ។ ជារឿយៗ គេអាចដឹងថាការជួយនោះ ធ្វើឡើងដោយចិត្តស្មោះឬមិនស្មោះ!—ថែស្សាឡូនិចទី១ ២:៥, ៦
ចាត់វិធានការ៖ នឹកគិតអំពីមនុស្សដែលប្អូនធ្លាប់ជួយ។ តើគាត់ជានរណា? ហើយតើប្អូនបានធ្វើអ្វីសម្រាប់គាត់?
․․․․․
បន្ទាប់ពីបានជួយគាត់ តើប្អូនមានអារម្មណ៍យ៉ាងណា?
․․․․․
សូមគិតអំពីអ្នកផ្សេងទៀតដែលប្អូនអាចជួយ ហើយសរសេរអំពីរបៀបដែលប្អូនអាចជួយគាត់។
․․․․․
ការរាប់អានមិត្តភក្តិ
បទគម្ពីរគោល៖ «មិត្តពិតបង្ហាញសេចក្ដីស្រឡាញ់គ្រប់ពេលវេលា ហើយគាត់ប្រៀបដូចជាបងប្អូនដែលកើតមក ដើម្បីជួយគ្នានៅពេលមានទុក្ខលំបាក»។—សុភាសិត ១៧:១៧
នេះមានន័យថា៖ មិត្តល្អអាចជាជំនួយដ៏ប្រសើរក្នុងគ្រាលំបាក។ (សាំយូអែលទី១ ១៨:១; ១៩:២) គ្រាន់តែគិតថាមានមនុស្សដែលយកចិត្តទុកដាក់ចំពោះយើង នោះក៏ អាចធ្វើឲ្យយើងមានកម្លាំងចិត្តដែរ។ (កូរិនថូសទី១ ១៦:១៧, ១៨) ដូច្នេះ សូមនៅជិតស្និទ្ធនឹងអស់អ្នកដែលមានឥទ្ធិពលល្អមកលើប្អូន និងដែលអាចជួយលើកទឹកចិត្តប្អូន។
ឌនអឺល ប្រាប់ថា៖ «មិត្តពិតមិនបំបាក់ទឹកចិត្តយើងឡើយ»។
ហេធើ ប្រាប់ថា៖ «ពេលខ្លះការដឹងថាមាននរណាម្នាក់យកចិត្តទុកដាក់ចំពោះយើងដោយស្មោះ នោះគឺជាការគាំទ្រធំបំផុត ព្រោះវាអាចធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនមានតម្លៃ»។
ប្រយ័ត្ន៖ សូមជ្រើសរើសមិត្តដែលឲ្យប្អូនធ្វើជាខ្លួនប្អូន មិនមែនជាមិត្តដែលបង្ខំប្អូនឲ្យធ្វើតាមគេឡើយ។ (សុភាសិត ១៣:២០; ១៨:២៤; កូរិនថូសទី១ ១៥:៣៣) ការធ្វើអ្វីឆោតល្ងង់ដើម្បីទ្រគេឬធ្វើឲ្យគេពេញចិត្ត មានតែធ្វើឲ្យប្អូនមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ និងឲ្យគេប្រើប្រាស់ប៉ុណ្ណោះ។—រ៉ូម ៦:២១
ចាត់វិធានការ៖ សរសេរឈ្មោះមិត្តម្នាក់ដែលអាចជួយប្អូនឲ្យកាន់តែមានទំនុកចិត្តលើខ្លួនឯង។
․․․․․
សូមចំណាយពេលសេពគប់ជាមួយគាត់ដើម្បីស្គាល់គ្នាកាន់តែច្បាស់ (ចំណាំ៖ គាត់មិនចាំបាច់តែមានអាយុស្រករប្អូនទេ)។
បើដួល ត្រូវក្រោកឡើងវិញ
បទគម្ពីរគោល៖ «គ្រប់គ្នាធ្លាប់ធ្វើខុស ហើយមិនដល់កម្រិតកំណត់នៃសិរីរុងរឿងរបស់ព្រះទេ»។—រ៉ូម ៣:២៣
នេះមានន័យថា៖ មនុស្សទាំងអស់ រួមទាំងប្អូនដែរគឺមិនល្អឥតខ្ចោះ។ ដូច្នេះ ពេលខ្លះប្អូនអាចនិយាយឬធ្វើខុស។ (រ៉ូម ៧:២១-២៣; យ៉ាកុប ៣:២) គ្មានអ្នកណាម្នាក់មិនចេះធ្វើខុសទេ តែសំខាន់ពេលដែលប្អូនធ្វើខុស តើប្អូននឹងធ្វើយ៉ាងណា? គម្ពីរចែងថា៖ «មនុស្សសុចរិតដួល៧ដងក៏ដោយ គង់តែគាត់នឹងក្រោកឡើងវិញបាន»។—សុភាសិត ២៤:១៦
ខេវិន និយាយថា៖ «ពេលខ្លះខ្ញុំបាត់បង់ទំនុកចិត្តលើខ្លួនឯង ដោយសារខ្ញុំប្រៀបធៀបចំណុចខ្សោយរបស់ខ្ញុំជាមួយនឹងចំណុចខ្លាំងរបស់អ្នកឯទៀត»។
ឡូរេន និយាយថា៖ «មនុស្សទាំងអស់មានគុណសម្បត្តិនិងគុណវិបត្តិ។ ដូច្នេះ យើងគួរមានមោទនភាពចំពោះចំណុចល្អរបស់ខ្លួន ហើយព្យាយាមកែប្រែចំណុចមិនល្អ»។
ប្រយ័ត្ន៖ កុំប្រើចំណុចខ្វះខាតឬភាពខ្សោយរបស់ខ្លួនជាលេស ដើម្បីប្រព្រឹត្តអំពើអាក្រក់ឡើយ។ (កាឡាទី ៥:១៣) បើយើងធ្វើខុសដោយចេតនា យើងនឹងបាត់បង់អ្វីដែលមានតម្លៃបំផុត នោះគឺការពេញចិត្តពីព្រះយេហូវ៉ា!—ហេប្រឺ ១០:២៦, ២៧
ចាត់វិធានការ៖ សរសេរគុណសម្បត្តិមួយដែលប្អូនចង់រីកចម្រើន។
․․․․․
សូមកត់ថ្ងៃខែនៅជិតគុណសម្បត្តិនោះ។ រួចស្រាវជ្រាវរកវិធីបណ្ដុះគុណសម្បត្តិនោះ។ បន្ទាប់ពីបានមួយខែ សូមមើលថាប្អូនបានរីកចម្រើនប៉ុណ្ណាហើយ។
តម្លៃពិតរបស់ប្អូន
គម្ពីរចែងថា៖ «ព្រះធំជាងចិត្តរបស់យើង»។ (យ៉ូហានទី១ ៣:២០) នេះមានន័យថា ព្រះអាចឃើញតម្លៃរបស់ប្អូន ទោះជាប្អូនប្រហែលជាមិនឃើញតម្លៃរបស់ខ្លួន ក៏ដោយ។ ប៉ុន្តែ តើចំណុចខ្វះខាតរបស់ប្អូននឹងធ្វើឲ្យប្អូនលែងមានតម្លៃឬ? សូមគិតឧទាហរណ៍មួយ បើប្អូនមានក្រដាសប្រាក់១០០ដុល្លាអាម៉េរិក តែលុយនោះមានស្នាមរហែកបន្តិច តើប្អូននឹងបោះវាចោលឬគិតថាវាគ្មានតម្លៃទេ? ប្រាកដជាអត់ទេ! វានៅតែមានតម្លៃ១០០ដុល្លាអាម៉េរិក មិនថាមានស្នាមរហែកឬមិនមាន។
ស្រដៀងគ្នាដែរ ចំណុចខ្វះខាតរបស់ប្អូនមិនបានធ្វើឲ្យប្អូនលែងមានតម្លៃក្នុងក្រសែភ្នែករបស់ព្រះឡើយ។ នៅពេលប្អូនខិតខំធ្វើអ្វីដែលលោកពេញចិត្ត ទោះជានោះហាក់ដូចជាតូចតាចសម្រាប់ប្អូនក្ដី តែលោកកត់សម្គាល់និងដឹងគុណប្អូន! បន្ថែមទៅទៀត គម្ពីរពង្រឹងទំនុកចិត្តប្អូនថា៖ «ព្រះមិនប្រព្រឹត្តដោយអយុត្ដិធម៌ ដោយបំភ្លេចការដែលអ្នករាល់គ្នាបានធ្វើ និងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានបង្ហាញចំពោះនាមរបស់លោកឡើយ»។—ហេប្រឺ ៦:១០
តើពេលខ្លះប្អូនមានអារម្មណ៍ក្រៀមក្រំខ្លាំងឬទេ? បើដូច្នេះ តើប្អូនគួរធ្វើអ្វី?
[កំណត់សម្គាល់]
a បើប្អូនជាសាក្សីព្រះយេហូវ៉ា សូមគិតអំពីអំណរដ៏លើសលប់ដែលប្អូនអាចទទួលបានពីការប្រាប់អ្នកឯទៀតអំពីដំណឹងរាជាណាចក្រ។—អេសាយ ៥២:៧
បទគម្ពីរសំខាន់
«ចូរឲ្យម្នាក់ៗពិនិត្យមើលការប្រព្រឹត្តរបស់ខ្លួន រួចគ្រប់គ្នានឹងមានហេតុត្រេកអរអំពីខ្លួនផ្ទាល់ ដោយមិនប្រៀបធៀបខ្លួននឹងអ្នកឯទៀត»។—កាឡាទី ៦:៤
យោបល់
កុំវាយតម្លៃខ្លួនថាជា‹មនុស្សមិនបានការ› ឬ‹ធ្វើអ្វីតែងតែខុស›។ ការមានទស្សនៈបំផ្លើសបែបនេះ មានតែធ្វើឲ្យប្អូនបាក់ទឹកចិត្តកាន់តែខ្លាំង។ ទោះជាប្អូនដឹងថាខ្លួនមានគុណវិបត្តិក៏ដោយ ប្អូនក៏ត្រូវដឹងថាខ្លួនមានគុណសម្បត្តិដែរ។
តើប្អូនដឹងទេ . . . ?
របៀបដែលប្អូនវាយតម្លៃខ្លួន អាចមានឥទ្ធិពលទៅលើរបៀបដែលអ្នកឯទៀតគិត និងប្រព្រឹត្តមកលើប្អូន។
គម្រោងអនុវត្ត!
ពេលមនុស្សស្រករគ្នាមើលងាយខ្ញុំ ខ្ញុំនឹង ․․․․․
ពេលខ្ញុំមើលឃើញតែចំណុចខ្សោយរបស់ខ្លួន ខ្ញុំនឹង ․․․․․
អ្វីដែលខ្ញុំចង់សួរឪពុកម្ដាយរបស់ខ្ញុំអំពីរឿងនេះគឺ ․․․․․
តើប្អូនគិតយ៉ាងណា?
● ហេតុអ្វីជារឿយៗយុវវ័យខ្វះទំនុកចិត្តលើខ្លួនឯង?
● ហេតុអ្វីជាការសំខាន់ដែលប្អូនត្រូវឲ្យតម្លៃខ្លួន?
[ឃ្លាអក្សរធំនៅទំព័រ៨៨]
«អាលីសឺ ប្រាប់ថា៖ ‹មានមនុស្សខ្លះស្អាតណាស់ តែគិតថាខ្លួនអាក្រក់។ មានមនុស្សខ្លះទៀតមិនសូវស្អាតទេ តែគិតថាខ្លួនឯងស្អាតជាងគេ។ អ្វីៗទាំងនេះទាក់ទងនឹងការយល់ឃើញរបស់ខ្លួន›»
[រូបភាពនៅទំព័រ៩០]
តម្លៃលុយមិនបាត់បង់ ព្រោះតែវារហែកបន្តិចនោះទេ។ តម្លៃរបស់ប្អូនក៏មិនបានបាត់បង់ក្នុងក្រសែភ្នែករបស់ព្រះ ដោយសារតែចំណុចខ្វះខាតរបស់ប្អូនដែរ