ហេតុអ្វីត្រូវខ្វល់ពីសុខភាព?
ជំពូកទី១០
ហេតុអ្វីត្រូវខ្វល់ពីសុខភាព?
ដាក់សញ្ញា ✔ នៅមុខគោលដៅដែលប្អូនចង់ធ្វើឲ្យបាន។
□ កុំបារម្ភច្រើនពេក
□ ចេះទប់កំហឹង
□ កាន់តែមានទំនុកចិត្ត
□ ចេះផ្ដោតអារម្មណ៍ខ្លាំងជាង
□ ស្វាហាប់ជាងមុន
□ ថែស្បែកឲ្យស្រស់ថ្លា
□ ស្រកគីឡូ
នៅក្នុងជីវិតមានរឿងខ្លះប្អូនមិនអាចជ្រើសរើសបានឡើយ ដូចជាជ្រើសរើសឪពុកម្ដាយ បងប្អូនបង្កើត និងកន្លែងរស់នៅជាដើម។ ប៉ុន្តែ បើនិយាយពីសុខភាព គឺជារឿងផ្សេង។ សុខភាពរាងកាយមិនត្រឹមតែ a
កំណត់ដោយសារកត្តាហ្សែនប៉ុណ្ណោះទេ តែជារឿយៗក៏ដោយសាររបៀបរស់នៅរបស់យើងដែរ។ប្អូនប្រហែលនិយាយថា៖ ‹តែខ្ញុំនៅក្មេង មិនបាច់ខ្វល់ពីសុខភាពទេ!›។ តើប្អូនពិតជាគិតបែបនោះមែនឬ? សូមមើលគោលដៅនៅទំព័រ៧១។ តើប្អូនបានគូសប៉ុន្មានចំណុច? ទោះជាប្អូនជឿឬមិនជឿ សុខភាពល្អគឺជាគន្លឹះក្នុងការសម្រេចគោលដៅរបស់ប្អូន។
ប្អូនប្រហែលជាមានអារម្មណ៍ស្រដៀងនឹងអាំប៊ឺ អាយុ១៧ឆ្នាំ ដែលនិយាយថា៖ «ទៅមិនរួចទេ បើឲ្យខ្ញុំញាំតែអាហារធ្វើពីគ្រាប់ធញ្ញជាតិ គ្មានជាតិស្ករ គ្មានជាតិខ្លាញ់នោះ!»។ បើប្អូនមានអារម្មណ៍បែបនេះ សូមកុំបារម្ភ ប្អូនមិនចាំបាច់កាត់បន្ថយជាតិស្ករទាំងស្រុង ឬត្រូវរត់រាប់សិបគីឡូជារៀងរាល់សប្ដាហ៍នោះឡើយ។ តាមពិតទៅ បើគ្រាន់តែកែសម្រួលអ្វីធម្មតាខ្លះៗ ក៏ប្អូនអាចទទួលបានរាងកាយមាំមួន អារម្មណ៍ស្រស់ស្រាយ និងភាពស្វាហាប់បានដែរ។ សូមពិចារណាវិធីដែលយុវវ័យខ្លះបានធ្វើ។
របបអាហារត្រឹមត្រូវនាំមកនូវសុខភាពល្អ!
គម្ពីរលើកទឹកចិត្តយើងឲ្យមានតុល្យភាពក្នុងការទទួលទានអាហារ។ សុភាសិត ២៣:២០ ចែងថា៖ «កុំទៅជាមនុស្សល្មោភស៊ី»។ យោបល់នេះមិនសូវស្រួលធ្វើតាមទេ។
អេនទ្រូ អាយុ១៥ឆ្នាំ រៀបរាប់ថា៖ «ខ្ញុំក៏ដូចជាក្មេងជំទង់ឯទៀតដែរ ខ្ញុំឃ្លានឥតឈប់។ ប៉ាម៉ាក់ខ្ញុំនិយាយថា ក្រពះរបស់ខ្ញុំប្រៀបដូចជាធុងដែលគ្មានបាត!»។
ដាញែល អាយុ១៩ឆ្នាំ រៀបរាប់ថា៖ «ខ្ញុំមិនដែលឈឺព្រោះតែញាំអាហារទេ ដូច្នេះមិនសមហេតុសមផលក្នុងការនិយាយថា‹អាហារនេះមិនល្អសម្រាប់អ្នក›»។
តើប្អូនចង់ចេះទប់ចិត្តក្នុងការបរិភោគអាហារឬទេ? សូមមើលពីរបៀបដែលយុវវ័យខ្លះបានធ្វើ។
គិតអំពីក្រពះ។ ជូលា អាយុ១៩ឆ្នាំ និយាយ
ថា៖ «ពីមុន ពេលញាំម្ដងៗខ្ញុំត្រូវគិតចំនួនកាឡូរី តែឥឡូវបើញាំឆ្អែតហើយ ខ្ញុំមិនញាំទៀតទេ»។ជៀសវាងអាហារដែលគ្មានជីវជាតិ។ ភីធើ អាយុ២១ឆ្នាំ និយាយថា៖ «គ្រាន់តែខ្ញុំឈប់ផឹកភេសជ្ជៈផ្អែមត្រឹមតែមួយខែប៉ុណ្ណោះ ខ្ញុំស្រកអស់ប្រាំគីឡូ!»។
កែទម្លាប់នៃការញាំ។ អ៊ែរិន អាយុ១៩ឆ្នាំ និយាយថា៖ «ពេលដែលខ្ញុំញាំឆ្អែតល្មម ខ្ញុំមិនប្រឹងញាំថែមទៀតឡើយ»។
គន្លឹះ៖ កុំខានបរិភោគអាហារ! ពីព្រោះនោះនឹងធ្វើឲ្យប្អូនឃ្លានកាន់តែខ្លាំង ហើយងាយនឹងញាំកាន់តែច្រើន។
លំហាត់ប្រាណជួយឲ្យអារម្មណ៍ស្រស់ស្រាយ!
គម្ពីរចែងថា៖ «ការហ្វឹកហាត់ខ្លួនប្រាណមានប្រយោជន៍»។ (ធីម៉ូថេទី១ ៤:៨) ប៉ុន្តែ ប្អូនៗវ័យក្មេងជាច្រើនមិនសូវចង់ហាត់ប្រាណទេ។
រីឆឺដ អាយុ២១ឆ្នាំ រៀបរាប់ថា៖ «ពេលខ្ញុំរៀននៅវិទ្យាល័យ ខ្ញុំស្ទើរតែមិនជឿសោះថាសិស្សជាច្រើននាក់ប្រឡងធ្លាក់មុខវិជ្ជាកីឡា។ តាមពិតមុខវិជ្ជានោះ ស្រួលដូចបកចេក!»។
រូថ អាយុ២២ឆ្នាំ រៀបរាប់ថា៖ «មនុស្សខ្លះគិតថា‹ចាំបាច់ទៅប្រឹងរត់ក្រោមកម្ដៅថ្ងៃឲ្យបែកញើសអស់កម្លាំងធ្វើអី យកពេលនោះមកលេងវីដេអូហ្គេម ហើយគិតថាខ្លួនកំពុងហាត់ប្រាណទៅបានហើយ!›»។
គ្រាន់តែឮពាក្យ«ហាត់ប្រាណ» តើប្អូនមានអារម្មណ៍ថាហត់ទេ? បើមែន សូមគិតអំពីប្រយោជន៍បីយ៉ាង ដែលមកពីការហាត់ប្រាណជាទៀតទាត់។
ប្រយោជន៍ទី១ លំហាត់ប្រាណធ្វើឲ្យប្រព័ន្ធការពាររាងកាយរឹងមាំ។ រេឆឺល អាយុ១៩ឆ្នាំ និយាយថា៖ «ប៉ាខ្ញុំតែងតែប្រាប់ថា‹បើកូនមិនឆ្លៀតពេលហាត់ប្រាណទេ ត្រៀមលុយចូលពេទ្យឲ្យហើយទៅ›»។
ប្រយោជន៍ទី២ លំហាត់ប្រាណធ្វើឲ្យខួរក្បាលបញ្ចេញសារធាតុគីមីដែលនាំឲ្យមានអារម្មណ៍ស្ងប់។ អេមេលី អាយុ១៦ឆ្នាំ និយាយថា៖ «ពេលខ្ញុំរត់ ខ្ញុំបាត់ភាពតានតឹង ហើយមានអារម្មណ៍ធូរស្រាលក្នុងចិត្ត»។
ប្រយោជន៍ទី៣ លំហាត់ប្រាណបង្កើនភាពរីករាយ។ រូថ អាយុ២២ឆ្នាំ និយាយថា៖ «ខ្ញុំចូលចិត្តហាត់ប្រាណនៅខាងក្រៅផ្ទះដូចជា ទៅហែលទឹក ឡើងភ្នំ ជិះស្គីទឹកកក និងជិះកង់»។
គន្លឹះ៖ សូមហាត់ប្រាណឬលេងកីឡាដែលប្អូនចូលចិត្តឲ្យបានបីដងក្នុងមួយសប្ដាហ៍ ហើយក្នុងមួយដងយ៉ាងហោចណាស់២០នាទី។
គេងគ្រប់គ្រាន់ធ្វើឲ្យខួរក្បាលស្រឡះ!
គម្ពីរចែងថា៖ «បើសម្រាកបន្តិច នោះប្រសើរជាងប្រឹងធ្វើការហួសប្រមាណ ដែលប្រៀបដូចជាការដេញចាប់ខ្យល់»។ (អ្នកទូន្មាន ៤:៦) បើប្អូនសម្រាកមិនគ្រប់គ្រាន់ ខួរក្បាលរបស់ប្អូនដំណើរការមិនល្អឡើយ!
រេឆឺល អាយុ១៩ឆ្នាំ និយាយថា៖ «បើខ្ញុំគេងមិនគ្រប់គ្រាន់ទេ ខួរក្បាលខ្ញុំគិតអត់ចេញ ហើយធ្វើអ្វីក៏មិនបានល្អដែរ!»។
គ្រីស្ទីន អាយុ១៩ឆ្នាំ និយាយថា៖ «ឲ្យតែដល់ម៉ោង២រសៀល ខ្ញុំអស់កម្លាំងខ្លាំងណាស់ ស្ទើរតែបិទភ្នែកនិយាយជាមួយគេ!»។
តើប្អូនគេងមិនសូវឆ្អែតឬទេ? បើដូច្នេះ សូមសាកធ្វើតាមវិធីដែលយុវវ័យឯទៀតបានធ្វើ។
កុំចូលគេងយប់ពេក។ កេតរ៉ឹន អាយុ១៨ឆ្នាំ ប្រាប់ថា៖ «ខ្ញុំព្យាយាមចូលគេងឲ្យបានលឿន»។
កុំនិយាយគ្នាដល់យប់ជ្រៅ។ រីឆឺដ អាយុ២១ឆ្នាំ ប្រាប់ថា៖ «ពេលខ្លះមិត្តភក្តិផ្ញើសារ ឬទូរស័ព្ទនិយាយជាមួយខ្ញុំរហូតដល់យប់ជ្រៅ។ តែថ្មីៗនេះ ខ្ញុំស្គាល់ពីរបៀបបញ្ចប់ការសន្ទនាជាមួយមិត្តភក្តិ រួចចូលគេងតែម្ដង»។
ទៀងពេល។ ជេននីហ្វើ អាយុ២០ឆ្នាំ ប្រាប់ថា៖ «ថ្មីៗនេះ រាល់ថ្ងៃខ្ញុំព្យាយាមចូលគេង និងក្រោកពីគេងនៅម៉ោងដូចគ្នា»។
គន្លឹះ៖ ព្យាយាមគេងឲ្យបានយ៉ាងហោចណាស់៨ម៉ោងក្នុងមួយយប់។
គ្រាន់តែប្អូនធ្វើតាមជំហានងាយៗមួយចំនួនក្នុងការថែរក្សាសុខភាព នោះប្អូននឹងទទួលបានអត្ថប្រយោជន៍ជាច្រើន។ សូមចាំថា សុខភាពល្អនឹងជួយប្អូនឲ្យមានរាងកាយមាំមួន អារម្មណ៍ស្រស់ថ្លា ប្រាជ្ញាវាងវៃ។ រឿងខ្លះប្អូនមិនអាចគ្រប់គ្រងបានទេ តែសុខភាព ប្អូនអាចគ្រប់គ្រងបានមួយកម្រិត។ អ៊ែរិន អាយុ១៩ឆ្នាំ និយាយថា៖ «សរុបទៅ សុខភាពរបស់អ្នក អាស្រ័យទៅលើអ្នកផ្ទាល់»។
ពេលនិយាយអំពីសម្លៀកបំពាក់ តើប្អូននិងឪពុកម្ដាយខ្វែងគំនិតគ្នាឬទេ? បើមែន សូមមើលអំពីវិធីដែលប្អូននិងឪពុកម្ដាយអាចយល់ស្របគ្នា!
[កំណត់សម្គាល់]
a យើងដឹងថាមនុស្សជាច្រើនមានពិការភាពឬបញ្ហាសុខភាព ដែលមិនអាចព្យាបាលបាន។ ជំពូកនេះអាចជួយមនុស្សបែបនោះឲ្យថែសុខភាពស្របតាមសមត្ថភាពរបស់ពួកគេ។
បទគម្ពីរសំខាន់
«ការហ្វឹកហាត់ខ្លួនប្រាណមានប្រយោជន៍»។—ធីម៉ូថេទី១ ៤:៨
យោបល់
រកមិត្តភក្តិហាត់ប្រាណជាមួយ។ បើប្អូនបានណាត់មិត្តហាត់ប្រាណ ប្អូនមុខជានឹងទៅ ព្រោះមិនចង់ឲ្យមិត្តអន់ចិត្ត។
តើប្អូនដឹងទេ . . . ?
ការហាត់ប្រាណជំរុញរាងកាយឲ្យបញ្ចេញសារធាតុគីមីពីក្នុងខួរក្បាល ហើយនេះជួយកាត់បន្ថយការឈឺចាប់ និងធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ។
គម្រោងអនុវត្ត!
ទាក់ទងនឹងរបបអាហារ គោលដៅរបស់ខ្ញុំគឺ ․․․․․
ទាក់ទងនឹងលំហាត់ប្រាណ គោលដៅរបស់ខ្ញុំគឺ ․․․․․
ចាប់ពីខែក្រោយ ខ្ញុំនឹងព្យាយាមចូលគេងឲ្យបាន ․․․․․ ក្នុងមួយយប់។
អ្វីដែលខ្ញុំចង់សួរឪពុកម្ដាយរបស់ខ្ញុំអំពីរឿងនេះគឺ ․․․․․
តើប្អូនគិតយ៉ាងណា?
● ហេតុអ្វីការថែសុខភាពអាចជួយប្អូនឲ្យកាន់តែមានទំនុកចិត្ត?
● តើអ្វីសំខាន់ជាងការថែរក្សាសុខភាពផ្លូវកាយរបស់ប្អូន?—ធីម៉ូថេទី១ ៤:៨
[ឃ្លាអក្សរធំនៅទំព័រ៧៤]
«អេមេលី និយាយថា៖ ‹ការហាត់ប្រាណធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អ ហើយធ្វើឲ្យខ្ញុំមើលទៅកាន់តែស្រស់ស្អាត និងមានទំនុកចិត្ត!›»
[ប្រអប់នៅទំព័រ៧៣]
«ខ្ញុំបានផ្លាស់ប្ដូររបៀបរស់នៅ»
ប្អូនកេតរ៉ឹន អាយុ១៨ឆ្នាំ រៀបរាប់ថា៖ «ពេលនៅវ័យជំទង់ ខ្ញុំធាត់ជ្រុល។ ខ្ញុំមិនចង់ទៅជាបែបនោះទេ។ ខ្ញុំមិនសប្បាយចិត្តសោះ ពេលឃើញរូបរាងខ្លួនឯង! ខ្ញុំបានព្យាយាមសម្រកទម្ងន់ម្ដងហើយម្ដងទៀតដោយប្រើវិធីតមអាហារ តែចុះឡើងៗធាត់ដដែល។ ដូច្នេះ ពេលខ្ញុំអាយុ១៥ឆ្នាំ ខ្ញុំបានដាក់កំហិតខ្លួនថាខ្ញុំត្រូវតែសម្រកគីឡូឲ្យបាន។ ប៉ុន្តែ ខ្ញុំចង់ស្រកតាមវិធីត្រឹមត្រូវ ដើម្បីកុំឲ្យធាត់ម្ដងទៀត។ ខ្ញុំបានទិញសៀវភៅស្ដីអំពីរបបអាហារមានជីវជាតិ និងរបៀបហាត់ប្រាណត្រឹមត្រូវ រួចខ្ញុំអនុវត្តតាម។ ទោះជាពេលខ្លះខ្ញុំ‹មិនអាចធ្វើតាម› ឬធ្លាក់ទឹកចិត្តក៏ដោយ ខ្ញុំនៅតែតាំងចិត្តមិនរាថយ។ ទីបំផុត ពិតជាបានផលមែន! ក្នុងរយៈពេលតែមួយឆ្នាំ ខ្ញុំស្រកអស់ប្រហែល២៧គីឡូ។ អស់ពីរឆ្នាំមកហើយដែលខ្ញុំអាចរក្សាទម្ងន់ដែលខ្ញុំចង់បាន។ ខ្ញុំមិនដែលគិតថា វាអាចទៅរួចឡើយ! តាមគំនិតខ្ញុំ ការសម្រកទម្ងន់មិនគ្រាន់តែត្រូវផ្លាស់ប្ដូររបបអាហារប៉ុណ្ណោះទេ តែក៏ត្រូវផ្លាស់ប្ដូររបៀបរស់នៅដែរ»។
[រូបភាពនៅទំព័រ៧៤]
សុខភាពរបស់ប្អូនប្រៀបដូចជាឡាន បើប្អូនមិនថែទាំវាឲ្យបានល្អទេ នោះវានឹងខូច