លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើខ្ញុំគួរឈប់រៀនទេ?

តើខ្ញុំគួរឈប់រៀនទេ?

ជំពូក​ទី​១៩

តើ​ខ្ញុំ​គួរ​ឈប់​រៀន​ទេ?

តើ​ប្អូន​គិត​ថា​ប្អូន​គួរ​ឈប់​រៀន​នៅ​ថ្នាក់​ទី​ប៉ុន្មាន? ․․․․․

តើ​ឪពុក​ម្ដាយ​ប្អូន​ចង់​ឲ្យ​ប្អូន​រៀន​ដល់​ថ្នាក់​ណា? ․․․․․

តើ​ចម្លើយ​របស់​ប្អូន​និង​ឪពុក​ម្ដាយ​ប្អូន​ដូច​គ្នា​ឬ​ទេ? ទោះ​ជា​ដូច​គ្នា​ក៏​ដោយ តែ​ឥឡូវ​មិន​ទាន់​ដល់​ពេល​ដែល​ប្អូន​ត្រូវ​ឈប់​រៀន​ឡើយ។ ប៉ុន្តែ អាច​នឹង​មាន​ថ្ងៃ​ខ្លះ​ដែល​ប្អូន​ចង់​រត់​ចោល​សាលា។ តើ​ប្អូន​ធ្លាប់​មាន​អារម្មណ៍​ដូច​យុវវ័យ​ខ្លះ​ដែល​បាន​រៀប​រាប់​នៅ​ខាង​ក្រោម​នេះ​ឬ​ទេ?

ប្អូន​រេឆឺល ពោល​ថា​៖«​មាន​ថ្ងៃ​ខ្លះ​ខ្ញុំ​តាន​តឹង​ចិត្ត​មែន​ទែន រហូត​ដល់​មិន​ចង់​ក្រោក​ពី​គ្រែ។ ខ្ញុំ​ឆ្ងល់​ថា​ហេតុ​អ្វី​ទៅ​សាលា ហើយ​រៀន​មុខ​វិជ្ជា​ដែល​ខ្ញុំ​មិន​ប្រើ?​»។

ប្អូន​ចន រៀប​រាប់​ថា​៖«​ខ្ញុំ​ធុញ​សាលា​ណាស់ ច្រើន​ដង​ខ្ញុំ​ចង់​ឈប់​រៀន ហើយ​ទៅ​រក​ការ​ងារ​ធ្វើ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ទៅ​រៀន​គ្មាន​ប្រយោជន៍​សោះ ទៅ​ធ្វើ​ការ​រក​លុយ​វិញ​ល្អ​ជាង​»។

ប្អូន​រ៉ាយអិន ប្រាប់​ថា​៖«​ខ្ញុំ​បាន​ទៅ​វិទ្យាល័យ​មួយ​នៅ​ទី​ក្រុង។ តែ​ខ្ញុំ​ពិបាក​ចូល​គេ​ចុះ​ណាស់។ រឿង​រៀន​គ្មាន​បញ្ហា​ទេ​សម្រាប់​ខ្ញុំ តែ​បញ្ហា​គឺ​ខ្ញុំ​គ្មាន​មិត្ត​ភក្តិ ហើយ​ធ្វើ​អ្វី​តែ​ឯង។ សូម្បី​តែ​អ្នក​ដែល​គ្មាន​មិត្ត​ភក្តិ​ក៏​មិន​និយាយ​រក​ខ្ញុំ​ដែរ! ដូច្នេះ ខ្ញុំ​មិន​ចង់​ទៅ​សាលា​ទៀត​ទេ​»។

ប្អូន​ស៊ីនឌី ស្រដី​ថា​៖«​ខ្ញុំ​ត្រូវ​ធ្វើ​លំហាត់​សាលា​អស់​បួន​ម៉ោង​ជា​រៀង​រាល់​យប់។ ជីវិត​របស់​ខ្ញុំ​មាន​តែ​លំហាត់ ប្រឡង លំហាត់ ប្រឡង។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ទ្រាំ​លែង​បាន រហូត​ដល់​ចង់​បោះ​បង់​ចោល​ការ​សិក្សា​»។

ប្អូន​រ៉ូស និយាយ​ថា​៖«​នៅ​សាលា​ដែល​ខ្ញុំ​រៀន មាន​ការ​គំរាម​បោក​គ្រាប់​បែក​មួយ​ដង មាន​ករណី​ប៉ុន​ប៉ង​ធ្វើ​អត្តឃាត​បី​ដង មាន​សិស្ស​ម្នាក់​សម្លាប់​ខ្លួន​បាន​សម្រេច និង​មាន​ក្រុម​បង​ធំ​កាប់​ចាក់​គ្នា។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ណាស់ ហើយ​មិន​ចង់​ទៅ​រៀន​ទេ!​»។

តើ​ប្អូន​ធ្លាប់​ជួប​ប្រទះ​បញ្ហា​ស្រដៀង​នោះ​ទេ? បើ​ដូច្នេះ តើ​មូលហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​ប្អូន​ចង់​ឈប់​រៀន?

․․․․․

ឥឡូវ​ប្អូន​ប្រហែល​ជា​មាន​គម្រោង​ចង់​ឈប់​រៀន។ តើ​ប្អូន​មាន​គំនិត​បែប​នេះ​ដោយ​សារ​ប្អូន​គិត​ថា​ខ្លួន​មាន​ចំណេះ​ដឹង​ល្មម​ហើយ ឬ​ក៏​ដោយ​សារ​ធុញ​សាលា? ដើម្បី​ឆ្លើយ​សំណួរ​នេះ ដំបូង​យើង​ត្រូវ​ស្គាល់​ថា តើ​ការ​ឈប់​រៀន​មាន​ន័យ​យ៉ាង​ណា?

រៀន​ចប់ ឬ​ឈប់​រៀន?

តើ​ប្អូន​យល់​យ៉ាង​ណា​រវាង​ការ​រៀន​ចប់ និង​ការ​ឈប់​រៀន?

․․․․․

តើ​ប្អូន​ដឹង​ទេ ប្រទេស​ខ្លះ​តម្រូវ​ឲ្យ​សិស្ស​រៀន​ត្រឹម​តែ​រយៈ​ពេល​៥​ឆ្នាំ​ទៅ​៨​ឆ្នាំ​ប៉ុណ្ណោះ។ រីឯ​ប្រទេស​ខ្លះ​ទៀត គេ​តម្រូវ​ឲ្យ​សិស្ស​រៀន​យ៉ាង​ហោច​ណាស់​រយៈ​ពេល​១០​ឆ្នាំ។ ដូច្នេះ ប្រទេស​នីមួយ​ៗ​មាន​ច្បាប់​ខុស​ៗ​គ្នា ស្ដី​អំពី​អាយុ​កំណត់​ដែល​កុមារ​ត្រូវ​ចូល​រៀន ឬ​ត្រូវ​រៀន​ដល់​ថ្នាក់​ណា។

បន្ថែម​ទៅ​ទៀត នៅ​ប្រទេស​ឬ​នៅ​តំបន់​មួយ​ចំនួន គេ​អនុញ្ញាត​ឲ្យ​សិស្ស​រៀន​មុខ​វិជ្ជា​ខ្លះ ឬ​មុខ​វិជ្ជា​ទាំង​អស់​នៅ​ផ្ទះ​ដោយ​មិន​ចាំ​បាច់​ទៅ​រៀន​នៅ​សាលា​ផ្ទាល់​ទេ។ ប៉ុន្តែ សិស្ស​ដែល​រៀន​នៅ​ផ្ទះ​ត្រូវ​មាន​ការ​យល់​ព្រម​និង​ការ​សហការ​ពី​ឪពុក​ម្ដាយ​ឬ​អាណាព្យាបាល ហើយ​នេះ​មិន​មែន​ជា​ការ​ឈប់​រៀន​ឡើយ។

ក៏​ប៉ុន្តែ បើ​ប្អូន​គិត​អំពី​ការ​បោះ​បង់​ចោល​ការ​សិក្សា​ទាំង​មិន​ទាន់​រៀន​ចប់ មិន​ថា​រៀន​នៅ​សាលា​ឬ​នៅ​ផ្ទះ​ទេ ប្អូន​ត្រូវ​សួរ​ខ្លួន​នូវ​សំណួរ​ដូច​ត​ទៅ​នេះ​៖

តើ​ច្បាប់​តម្រូវ​អ្វី? ដូច​បាន​រៀប​រាប់​ខាង​លើ ចំនួន​ឆ្នាំ​ដែល​ច្បាប់​តម្រូវ​ឲ្យ​សិស្ស​រៀន​គឺ​ខុស​គ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ ក្នុង​ប្រទេស​របស់​ប្អូន តើ​ច្បាប់​តម្រូវ​ឲ្យ​រៀន​យ៉ាង​ហោច​ណាស់​ប៉ុន្មាន​ឆ្នាំ? តើ​ប្អូន​រៀន​ដល់​កម្រិត​នោះ​ហើយ​ឬ​នៅ? បើ​ប្អូន​មិន​អើពើ​នឹង​យោបល់​ក្នុង​គម្ពីរ​ដែល​ឲ្យ​«​ចុះ​ចូល​នឹង​ពួក​អាជ្ញាធរ​»​ ហើយ​បោះ​បង់​ចោល​ការ​សិក្សា​មុន​រៀន​ចប់ នោះ​មាន​ន័យ​ថា​ប្អូន​ឈប់​រៀន​ហើយ។—រ៉ូម ១៣:១

តើ​ខ្ញុំ​បាន​សម្រេច​គោល​ដៅ​ក្នុង​ការ​រៀន​សូត្រ​របស់​ខ្ញុំ​ហើយ​ឬ​នៅ? តើ​អ្វីជា​គោល​ដៅ​របស់​ប្អូន​ក្នុង​ការ​រៀន​សូត្រ? តើ​ប្អូន​មិន​ទាន់​ដឹង​ពី​គោល​ដៅ​របស់​ខ្លួនឬទេ? ប្អូន​ចាំ​បាច់​ត្រូវ​ដឹង​ថា​ខ្លួន​មាន​គោល​ដៅ​អ្វី! បើ​មិន​ដូច្នោះ​ទេ ប្អូន​នឹង​ដូច​ជា​អ្នក​ដំណើរដែល​ជិះ​រថ​ភ្លើង​ទាំង​មិន​ដឹង​ថា​ខ្លួន​ចង់​ទៅ​ណា។ ដូច្នេះ សូម​និយាយ​ជា​មួយ​ឪពុក​ម្ដាយ​របស់​ប្អូន ហើយ​បំពេញ​តារាង​«​ គោល​ដៅ​របស់​ខ្ញុំ​ក្នុង​ការ​រៀន​សូត្រ​»​នៅ​ទំព័រ​១៣៩។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​ប្អូន​ឲ្យ​បន្ត​ផ្ដោត​ទៅ​លើ​គោល​ដៅ​របស់​ប្អូន ថែម​ទាំង​ជួយ​ប្អូន​និង​ឪពុក​ម្ដាយ​ឲ្យ​រៀប​គម្រោង​ថា​ប្អូន​គួរ​រៀន​ដល់​ថ្នាក់​ទី​ប៉ុន្មាន។—សុភាសិត ២១:៥

គ្រូ​របស់​ប្អូន​និង​អ្នក​ឯ​ទៀត​មុខ​ជា​នឹង​ផ្ដល់​យោបល់​ឲ្យ​ប្អូន អំពី​កម្រិត​ការ​អប់រំ​ដែល​ប្អូន​គួរ​ទទួល។ យ៉ាង​ណា​ក៏​ដោយ ឪពុក​ម្ដាយ​របស់​ប្អូន​ជា​អ្នក​សម្រេច​ចិត្ត​ចុង​ក្រោយ​ថា​ធ្វើ​យ៉ាង​ណា។ (​សុភាសិត ១:៨; កូឡុស ៣:២០​) បើ​ប្អូន​បោះ​បង់​ចោល​ការ​សិក្សា​មុន​ឈាន​ទៅ​ដល់​គោល​ដៅ​ដែល​ប្អូន និង​ឪពុក​ម្ដាយ​បាន​កំណត់ នោះ​មាន​ន័យ​ថា​ប្អូន​ឈប់​រៀន​ហើយ។

ហេតុ​អ្វី​ខ្ញុំ​ចង់​ឈប់​រៀន? ចូរ​ប្រយ័ត្ន​កុំ​បញ្ឆោត​ខ្លួន​ឡើយ។ (​យេរេមា ១៧:៩​) មនុស្ស​មាន​ទំនោរ​រក​ហេតុ​ផល​ដើម្បី​គាំទ្រ​នូវ​ការ​គិត​តែ​ពី​ប្រយោជន៍​ខ្លួន។—យ៉ាកុប ១:២២

តើ​ប្អូន​មាន​មូលហេតុ​ល្អ​អ្វី​ខ្លះ​ដែល​ចង់​ឈប់​រៀន? សូម​សរសេរ។

․․․․․

តើ​ប្អូន​មាន​មូលហេតុ​មិន​ល្អ​អ្វី​ខ្លះ​ដែល​ចង់​ឈប់​រៀន? សូម​សរសេរ។

․․․․․

មូលហេតុ​ល្អ​មួយ​ចំនួន​អាច​ជា​ការ​ជួយ​ទំនុក​បម្រុង​ក្រុម​គ្រួសារ ឬ​ចូល​រួម​ធ្វើ​កិច្ច​ការ​ស្ម័គ្រ​ចិត្ត។ ចំណែក​មូលហេតុ​មិន​ល្អ​វិញ​អាច​ជា​ការ​គេច​វេះ​ពី​ការ​ប្រឡង ឬ​ពី​ការ​ធ្វើ​លំហាត់​សាលា។ ដូច្នេះ ប្អូន​ត្រូវ​បែង​ចែក​ឲ្យ​បាន​ច្បាស់​លាស់​ថា តើ​មូលហេតុ​ចម្បង​មួយ​ណា​ដែល​ធ្វើ​ឲ្យ​ប្អូន​ចង់​ឈប់​រៀន? តើ​ជា​មូលហេតុ​ល្អ ឬ​មូលហេតុ​មិន​ល្អ?

សូម​មើល​ម្ដង​ទៀត​នូវ​អ្វី​ដែល​ប្អូន​បាន​សរសេរ ហើយ​វាយ​តម្លៃ​យ៉ាង​ស្មោះ​ត្រង់​នូវ​មូលហេតុ​ដែល​ប្អូន​ចង់​ឈប់​រៀន ដោយ​ដាក់​លេខ​រៀង​ចាប់​ពី​១​ដល់​៥ (​លេខ​១​សម្រាប់​មូលហេតុ​ដែល​មិន​សំខាន់​ជាង​គេ និង​លេខ​៥​សម្រាប់​មូលហេតុ​ដែល​សំខាន់​បំផុត​)។ បើ​ប្អូន​បោះ​បង់​ចោល​ការ​សិក្សា​ដោយ​គ្រាន់​តែ​ចង់​គេច​វេះ​ពី​បញ្ហា នោះ​ប្អូន​នឹង​ស្ដាយ​ក្រោយ​ជា​មិន​ខាន។

តើ​ការ​ឈប់​រៀន​ខុស​ទេ?

ការ​ឈប់​រៀន​ប្រៀប​ដូច​ជា​ការ​លោត​ចេញ​ពី​រថ​ភ្លើង មុន​ទៅ​ដល់​គោល​ដៅ។ ពិត​មែន​ថា​រថ​ភ្លើង​ប្រហែល​ជា​មិន​ស្រួល​ជិះ ហើយ​អ្នក​ដំណើរ​ឯ​ទៀត​ក៏​មិន​រាក់​ទាក់​ដែរ តែ​បើ​ប្អូន​លោត​ចេញ​ពី​រថ​ភ្លើង នោះ​ប្អូន​នឹង​មិន​អាច​ទៅ​ដល់​គោល​ដៅ​របស់​ខ្លួន​បាន​ឡើយ ថែម​ទាំង​ធ្វើ​ឲ្យ​ប្អូន​រង​របួស​ធ្ងន់​ទៀត​ផង។ ស្រដៀង​គ្នា​ដែរ បើ​ប្អូន​ឈប់​រៀន ប្អូន​មិន​ត្រឹម​តែ​មិន​អាច​សម្រេច​គោល​ដៅ​របស់​ប្អូន​ប៉ុណ្ណោះ​ទេ តែ​នោះ​នឹង​ធ្វើ​ឲ្យ​ប្អូន​ជួប​ផល​វិបាក​ភ្លាម​ៗ និង​ផល​វិបាក​នៅ​ថ្ងៃ​មុខ។

ផល​វិបាក​ភ្លាម​ៗ​៖ ប្អូន​ទំនង​ជា​ពិបាក​រក​បាន​ការ​ងារ​ធ្វើ ហើយ​ប្រសិន​បើ​ប្អូន​រក​បាន ការ​ងារ​នោះ​ប្រហែល​ជា​មាន​ប្រាក់​ខែ​តិច​ជាង​អ្នក​ដែល​រៀន​ចប់។ ណា​មួយ​ទៀត ដើម្បី​អាច​ចិញ្ចឹម​ជីវិត​បាន ប្អូន​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​ច្រើន​ម៉ោង​នៅ​ក្នុង​ស្ថានភាព​ដែល​ទំនង​ជា​អាក្រក់​ជាង​ស្ថានភាព​ដែល​ប្អូន​ជួប​ក្នុង​សាលា​រៀន។

ផល​វិបាក​នៅ​ថ្ងៃ​មុខ​៖ ការ​ស្រាវ​ជ្រាវ​ផ្សេង​ៗ​បាន​បង្ហាញ​ថា អ្នក​ដែល​បោះ​បង់​ចោល​ការ​សិក្សា​អាច​ប្រឈម​មុខ​នឹង​សុខភាព​ចុះ​ខ្សោយ ឬ​ចុង​ក្រោយ​ជាប់​គុក និង​ច្រើន​តែ​រស់​នៅ​ដោយ​ពឹង​លើ​ជំនួយ​ពី​សង្គម។

ពិត​ណាស់​ថា​ការ​រៀន​ចប់​ឬ​ការ​សិក្សា​ល្អ​មិន​ធានា​ថា​ប្អូន​នឹង​ជៀស​ផុត​ពី​បញ្ហា​ទាំង​នោះ​ទេ។ ប៉ុន្តែ ហេតុ​អ្វី​ចាំ​បាច់​ធ្វើ​បាប​ខ្លួន​ដោយ​ការ​ឈប់​រៀន​ដែល​ប្រៀប​ដូច​ជា​ការ​យក​ក​ទៅ​ល​អន្ទាក់?

ប្រយោជន៍​នៃ​ការ​មិន​បោះ​បង់​ការ​សិក្សា

បើ​ប្អូន​ប្រឡង​ធ្លាក់ ឬ​ជួប​បញ្ហា​នៅ​សាលា ប្អូន​ប្រហែល​ជា​គិត​ចង់​ឈប់​រៀន។ ប្អូន​អាច​នឹង​គិត​ថា​បញ្ហា​ផ្សេង​ៗ​នៅ​ពេល​អនាគត​លែង​សំខាន់​ទៀត​ហើយ បើ​ប្រៀប​ធៀប​នឹង​ការលំបាក​ដែល​ប្អូន​មាន​នៅ​ពេល​នេះ។ ប៉ុន្តែ មុន​នឹង​ប្អូន​ជ្រើស​រើស​«​ផ្លូវ​ស្រួល​»​ សូម​ពិចារណា​មើល​ថែម​ទៀត​នូវ​សម្ដី​របស់​សិស្ស​នៅ​ដើម​ជំពូក​នេះ ដែល​និយាយ​អំពី​អត្ថប្រយោជន៍​មក​ពី​ការ​មិន​បោះ​បង់​ការ​សិក្សា។

ប្អូន​រេឆឺល និយាយ​ថា​៖«​ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​អត់​ធ្មត់ និង​មាន​ឆន្ទៈ​ខ្លាំង​ជាង​មុន។ ខ្ញុំ​ក៏​បាន​រៀន​ដែរ​ថា មនុស្ស​ម្នាក់​សប្បាយ​ឬ​មិន​សប្បាយ​គឺ​អាស្រ័យ​ទៅ​លើ​ចិត្ត​គំនិត​ផ្ទាល់​ខ្លួន។ កាល​ដែល​ខ្ញុំ​កំពុង​រៀន​ផ្នែក​សិល្បៈ ខ្ញុំ​ព្យាយាម​អភិវឌ្ឍ​ជំនាញ​នោះ ដើម្បី​ខ្ញុំ​អាច​យក​មក​ប្រើ​ការ ពេល​រៀន​ចប់​»។

ប្អូន​ចន និយាយ​ថា​៖«​ឥឡូវ​ខ្ញុំ​បាន​ដឹង​ហើយ។ បើ​អ្នក​ខំ​ប្រឹង​រៀន អ្នក​អាច​ឈាន​ទៅ​ដល់​គោល​ដៅ​របស់​ខ្លួន។ វគ្គ​សិក្សា​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​ពេល​ខ្ញុំ​នៅ​រៀន បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​អនុវត្ត​ជំនាញ​ដែល​នឹង​មាន​ប្រយោជន៍​ក្នុង​នាម​ជា​ជាង​ជួស​ជុល​ម៉ាស៊ីន​បោះ​ពុម្ព។ នេះ​ជា​ការ​ងារ​ដែល​ខ្ញុំ​ចូល​ចិត្ត​»។

ប្អូន​រ៉ាយអិន និយាយ​ថា​៖«​ដោយ​សារ​ខ្ញុំ​ត​ស៊ូ​រៀន ឥឡូវ​ខ្ញុំ​អាច​អាន​និង​សរសេរ​បាន​យ៉ាង​ស្ទាត់។ សាលា​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​តប​ឆ្លើយ​ចំពោះ​ពាក្យ​រិះ​គន់ ហើយ​បង្ហាត់​ខ្ញុំ​ឲ្យ​ចេះ​ពន្យល់​យ៉ាង​ច្បាស់​លាស់​និង​សម​ហេតុ​សម​ផល។ នេះ​មាន​ប្រយោជន៍​សម្រាប់​ខ្ញុំ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​»។

ប្អូន​ស៊ីនឌី និយាយ​ថា​៖«​សាលា​ជួយ​ខ្ញុំ​ឲ្យ​ចេះ​ដោះ​ស្រាយ​បញ្ហា​បាន​ប្រសើរ​ជាង​មុន។ មិន​ថា​បញ្ហា​នៅ​ក្នុង​ថ្នាក់​ឬ​នៅ​កន្លែង​ផ្សេង​ទៀត​ទេ ការ​ដឹង​ពី​វិធី​ដោះ​ស្រាយ​ចំពោះ​ការ​ពិបាក​ក្នុង​ការ​រៀន​សូត្រ ទំនាក់​ទំនង​ជា​មួយ​អ្នក​ឯ​ទៀត និង​រឿង​សុខភាព ពិត​ជា​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ភាព​ចាស់​ទុំ​»។

ប្អូន​រ៉ូស និយាយ​ថា​៖«​សាលា​បាន​ជួយ​ខ្ញុំ​ឲ្យ​ចេះ​ត្រៀម​ខ្លួន​ចំពោះ​ការ​លំបាក​នៅ​កន្លែង​ធ្វើ​ការ។ ណា​មួយ​ទៀត បញ្ហា​ផ្សេង​ៗ​ដែល​ខ្ញុំ​ជួប​នៅ​សាលា​បាន​នាំ​ឲ្យ​ខ្ញុំ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​អ្វី​ដែល​ខ្ញុំ​ជឿ។ ដូច្នេះ ការ​ទៅ​សាលា​បាន​ពង្រឹង​ជំនឿ​របស់​ខ្ញុំ​»។

ស្ដេច​សាឡូម៉ូន​ដ៏​ឈ្លាស​វៃ បាន​សរសេរ​ថា​៖ ​«​ពេល​បញ្ចប់​ប្រសើរ​ជាង​ពេល​ចាប់​ផ្ដើម។ ចិត្ត​អត់​ធ្មត់​ល្អ​ជាង​ចិត្ត​អំណួត​»។ (​អ្នក​ទូន្មាន ៧:៨​) ដូច្នេះ​ជា​ជាង​ឈប់​រៀន ចូរ​ដោះ​ស្រាយ​បញ្ហា​ដែល​ប្អូន​ជួប​នៅ​សាលា​ដោយ​ចិត្ត​អត់​ធ្មត់។ បើ​ប្អូន​ត​ស៊ូ​ដល់​ទី​បំផុត នោះ​ប្អូន​នឹង​ឃើញ​ថា ពេល​បញ្ចប់​គឺ​ពិត​ជា​ប្រសើរ​ជាង​មែន!

នៅ​ជំពូក​បន្ទាប់

ចុះ​យ៉ាង​ណា​បើ​ប្អូន​មិន​ចង់​ទៅ​សាលា ដោយ​សារ​មិន​ចុះ​សម្រុង​នឹង​គ្រូ​ព្រោះ​តែ​មូលហេតុ​ណា​មួយ?

បទ​គម្ពីរ​សំខាន់

​«​អស់​អ្នក​ដែល​ធ្វើ​អ្វី​ដោយ​តក់​ក្រហល់ ប្រាកដ​ជា​នឹង​ទ័ល​ក្រ​»។—សុភាសិត ២១:៥

យោបល់

បើ​ប្អូន​ពិបាក​ទ្រាំ​រៀន​នៅ​សាលា ចូរ​រក​មើល​ថា​តើ​ប្អូន​អាច​ចុះ​ឈ្មោះ​រៀន​តាម​កម្ម​វិធី​ណា​មួយ ដែល​នឹង​ជួយ​ប្អូន​ឲ្យ​បញ្ចប់​ការ​សិក្សា​បាន​ឆាប់​ជាង​ឬ​ទេ?

តើ​ប្អូន​ដឹង​ទេ . . . ?

យុវវ័យ​ដែល​គេច​សាលា ច្រើន​តែ​បោះ​បង់​ចោល​ការ​សិក្សា​ពាក់​កណ្ដាល​ទី។

គម្រោង​អនុវត្ត!

បើ​មាន​មុខ​វិជ្ជា​ដែល​ខ្ញុំ​ពិបាក​រៀន ជា​ជាង​ឈប់​រៀន ខ្ញុំ​នឹង ․․․․․

បើ​ខ្ញុំ​ហត់​នឿយ រហូត​ដល់​ចង់​ឈប់​រៀន ខ្ញុំ​នឹង​សាក​ល្បង​វិធី​ដូច​ជា ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● ហេតុ​អ្វី​ការ​រៀន​ឲ្យ​ចេះ​គិត​លេខ ចេះ​អាន និង​ចេះ​សរសេរ​ស្ទាត់ ជា​រឿង​សំខាន់?

● ហេតុ​អ្វី​ការ​មាន​គោល​ដៅ​ខ្លី​ៗ​ឬ​ចង់​ចេះ​អ្វី​មួយ​ក្នុង​ពេល​ប្អូន​រៀន​នៅ​សាលា​អាច​ជួយ​ប្អូន​ឲ្យ​តាំង​ចិត្ត​រៀន?

● ហេតុ​អ្វី​ជា​ការ​សំខាន់​ក្នុង​ការ​គិត​ទុក​ជា​មុន​ថា ការ​ងារ​បែប​ណា​ដែល​ប្អូន​ចង់​ធ្វើ​ក្រោយ​ពី​រៀន​ចប់?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៤០​]

«​ប្អូន​រ៉ាម៉ូណា រៀប​រាប់​ថា​៖ ‹យើង​មិន​អាច​គេច​ផុត​ពី​បញ្ហា​ទាំង​អស់​បាន​ឡើយ។ ការ​ទៅ​សាលា​ជួយ​យើង​ឲ្យ​ដឹង​ពី​របៀប​ដោះ​ស្រាយ​បញ្ហា និង​រៀន​ក្រោក​ឈរ​ដោយ​ខ្លួន​ឯង។ ជំនាញ​នោះ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​យើង​ទាំង​នៅ​កន្លែង​ធ្វើ​ការ និង​នៅ​កន្លែង​ផ្សេង​ទៀត›​»​

[​ប្រអប់​នៅ​ទំព័រ​១៣៩​]

 ក្រដាស​លំហាត់

គោល​ដៅ​របស់​ខ្ញុំ​ក្នុង​ការ​រៀន​សូត្រ

គោល​ដៅ​ចម្បង​របស់​ប្អូន​ក្នុង​ការ​សិក្សា​គឺ​ចង់​មាន​ការ​ងារ​ធ្វើ ដើម្បី​ផ្គត់​ផ្គង់​ខ្លួន​និង​ក្រុម​គ្រួសារ​របស់​ប្អូន​នៅ​ថ្ងៃ​មុខ។ (​ថែស្សាឡូនិច​ទី​២ ៣:១០, ១២​) តើ​ប្អូន​បាន​គិត​ហើយ​ឬ​នៅ ថា​ចង់​ធ្វើ​ការ​ងារ​បែប​ណា ហើយ​ចង់​រៀន​ប៉ុន្មាន​ឆ្នាំ​ដើម្បី​បាន​ការ​ងារ​នោះ? ដើម្បី​ជ្រើស​រើស​មុខ​វិជ្ជា​ដែល​ស័ក្តិ​សម​នឹង​ប្អូន សូម​ពិចារណា​សំណួរ​ដូច​ខាង​ក្រោម​៖

តើ​ខ្ញុំ​មាន​ចំណុច​ខ្លាំង​អ្វី​ខ្លះ? (​ជា​ឧទាហរណ៍ តើ​ប្អូន​ចេះ​ប្រាស្រ័យ​ទាក់​ទង​ល្អ​ទេ? តើ​ប្អូន​ចូល​ចិត្ត​សិប្បកម្ម សាង​សង់ ឬ​ចូល​ចិត្ត​រចនា​ម៉ូត ឬ​ជួស​ជុល​ទេ? តើ​ប្អូន​ពូកែ​វិភាគ​និង​ដោះ​ស្រាយ​បញ្ហា​ទេ?​) ․․․․․

តើ​ការ​ងារ​បែប​ណា​ដែល​ត្រូវ​នឹង​ចំណុច​ខ្លាំង​របស់​ខ្ញុំ? ․․․․․

តើ​មាន​ឱកាស​ការ​ងារ​ណា​ខ្លះ​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ? ․․․․․

តើ​ខ្ញុំ​ត្រូវ​រៀន​វគ្គ​សិក្សា​មួយ​ណា​ដើម្បី​ស្រួល​រក​ការ​ងារ​ធ្វើ? ․․․․․

តើ​មាន​មុខ​វិជ្ជា​អ្វី​ខ្លះ​ដែល​អាច​ជួយ​ខ្ញុំ​ឲ្យ​ងាយ​ស្រួល​សម្រេច​គោល​ដៅ​របស់​ខ្ញុំ? ․․․․․

សូម​ចាំ​ថា គោល​ដៅ​របស់​ប្អូន​គឺ​បញ្ចប់​ការ​សិក្សា​អម​ជា​មួយ​នឹង​ចំណេះ​ដឹង ដែល​ប្អូន​អាច​យក​មក​ប្រើ​ប្រាស់​នា​ពេល​អនាគត។ ដូច្នេះ កុំ​ចេះ​តែ​បន្ត​រៀន​ដោយ​គ្មាន​គោល​ដៅ​ឡើយ ព្រោះ​នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​«​ជិះ​រថ​ភ្លើង​»​មិន​ព្រម​ចុះ ដោយ​សារ​តែ​ចង់​គេច​ពី​ទំនួល​ខុស​ត្រូវ​ជា​មនុស្ស​ពេញ​វ័យ។ a

[​កំណត់​សម្គាល់​]

a ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត សូម​មើល​ជំពូក​ទី​៣៨ ក្នុង​ក្បាល​ទី​២

[​រូបភាព​នៅ​ទំព័រ​១៣៨, ១៣៩​]

ការ​ឈប់​រៀន​ប្រៀប​ដូច​ជា​ការ​លោត​ចេញ​ពី​រថ​ភ្លើង មុន​ទៅ​ដល់​គោល​ដៅ