លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើខ្ញុំគួរធ្វើអ្វីពេលមានវប្បធម៌ខុសគ្នា?

តើខ្ញុំគួរធ្វើអ្វីពេលមានវប្បធម៌ខុសគ្នា?

ជំពូក​ទី​២២

តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ពេល​មាន​វប្បធម៌​ខុស​គ្នា?

តើ​ឪពុក​ឬ​ម្ដាយ​ប្អូន​ជា​ជន​អន្តោប្រវេសន៍​ឬ​ទេ?

□ មែន □ ទេ

តើ​ភាសា​ឬ​វប្បធម៌​នៅ​សាលា​ខុស​គ្នា​ពី​នៅ​ផ្ទះ​ប្អូន​ឬ​ទេ?

□ មែន □ ទេ

ប្អូន​ជីអូស៊ូ​ដែល​រស់​នៅ​អង់គ្លេស ប្រាប់​ថា​៖ ​«​ក្រុម​គ្រួសារ​ខ្ញុំ​ជា​ជន​ជាតិ​អ៊ីតាលី។ ដូច្នេះ ពួក​គាត់​ចូល​ចិត្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់។ តែ​ឥឡូវ​យើង​រស់​នៅ​អង់គ្លេស។ មើល​ទៅ​ប្រជាជន​នៅ​ទី​នេះ​មាន​សណ្ដាប់​ធ្នាប់​និង​មាន​សុជីវធម៌។ ប៉ុន្តែ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​វប្បធម៌​មួយ​ណា​ឲ្យ​ច្បាស់​លាស់​សោះ ទាំង​អង់គ្លេស​ទាំង​អ៊ីតាលី​»។

ប្អូន​ផាទ្រីក​កើត​នៅ​បារាំង ហើយ​ឪពុក​ម្ដាយ​ជា​ជន​អន្តោប្រវេសន៍​មក​ពី​អាល់ហ្សេរី។ គាត់​ប្រាប់​ថា​៖ ​«​នៅ​សាលា គ្រូ​ប្រាប់​ខ្ញុំ​ឲ្យ​មើល​មុខ​គាត់​ពេល​គាត់​និយាយ។ ប៉ុន្តែ ពេល​ប៉ា​ខ្ញុំ​និយាយ ខ្ញុំ​មើល​មុខ​គាត់ គាត់​ប្រាប់​ថា​ខ្ញុំ​នេះ​ឈ្លើយ។ ដូច្នេះ ខ្ញុំ​ពិបាក​ធ្វើ​ខ្លួន​ឲ្យ​ត្រូវ​រវាង​វប្បធម៌​ទាំង​ពីរ​នេះ​»។

ពេល​ឪពុក​ម្ដាយ​ប្អូន​ធ្វើ​អន្តោប្រវេសន៍​ទៅ​រស់​នៅ​ប្រទេស​ក្រៅ ពួក​គាត់​ប្រឈម​មុខ​នឹង​បញ្ហា​ធំ​ៗ​ជា​ច្រើន។ ភ្លាម​ៗ​នោះ ពួក​គាត់​ត្រូវ​រស់​នៅ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ដែល​មាន​ភាសា វប្បធម៌ និង​សម្លៀក​បំពាក់​ផ្សេង​ពី​ពួក​គាត់។ នេះ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ប្អូន​ខុស​ប្លែក​ពី​គេ​ក្នុង​ក្រសែ​ភ្នែក​អ្នក​នៅ​ជុំ​វិញ។ ដូច្នេះ មនុស្ស​ភាគ​ច្រើន​ទំនង​ជា​រើស​អើង​និង​មើល​ងាយ​ពួក​គាត់។

តើ​រឿង​បែប​នេះ​ធ្លាប់​កើត​ឡើង​ចំពោះ​ប្អូន​ដែរ​ឬ​ទេ? នៅ​ខាង​ក្រោម​នេះ​មាន​ប្រាប់​ពី​បញ្ហា​មួយ​ចំនួន​ដែល​យុវវ័យ​ឯ​ទៀត​ធ្លាប់​ប្រឈម​មុខ។ សូម​ប្អូន​ដាក់​សញ្ញា ✔ នៅ​ខាង​មុខ​បញ្ហា​ដែល​ប្អូន​គិត​ថា​ពិបាក​ដោះ​ស្រាយ​ជាង​គេ។

ត្រូវ​គេ​សើច​ចំអក។ ពេល​ប្អូន​ស្រី​ន័រ​នៅ​ក្មេង ក្រុម​គ្រួសារ​របស់​នាង​បាន​ធ្វើ​ចំណាក​ស្រុក​ពី​ហ៊្ស៊កដានី​ទៅ​អាម៉េរិក​ខាង​ជើង។ ន័រ​រៀប​រាប់​ថា​៖ ​«​អ្នក​នៅ​ទី​នោះ​សើច​ចំអក​ឲ្យ​យើង ដោយ​សារ​យើង​ស្លៀក​ពាក់​ខុស​ពី​គេ។ ណា​មួយ​ទៀត យើង​មិន​យល់​ការ​និយាយ​លេង​របស់​ជន​ជាតិ​អាម៉េរិក​ទេ​»។

មិន​ដឹង​ថា​ខ្លួន​ឯង​ជន​ជាតិ​អ្វី​ឲ្យ​ប្រាកដ។ យុវតី​ឈ្មោះ​ណាឌីយ៉ា ប្រាប់​ថា​៖ ​«​ខ្ញុំ​កើត​នៅ​អាល្លឺម៉ង់។ ប៉ុន្តែ ដោយ​សារ​ឪពុក​ម្ដាយ​ខ្ញុំ​ជា​ជន​ជាតិ​អ៊ីតាលី ដូច្នេះ​ពេល​ខ្ញុំ​និយាយ​អាល្លឺម៉ង់ ចេញ​តុង​អ៊ីតាលី ហើយ​ក្មេង​ៗ​នៅ​សាលា​ហៅ​ខ្ញុំ​ថា​‹ក្មេង​បរទេស​ល្ងី​ល្ងើ›។ ប៉ុន្តែ ពេល​ខ្ញុំ​ទៅ​លេង​អ៊ីតាលី ខ្ញុំ​ខំ​និយាយ​ភាសា​អ៊ីតាលី​បែរ​ជា​ចេញ​តុង​អាល្លឺម៉ង់​វិញ។ ខ្ញុំ​មិន​ដឹង​ថា​ខ្លួន​ឯង​ជា​ជន​ជាតិ​មួយ​ណា​ឲ្យ​ប្រាកដ។ មិន​ថា​ខ្ញុំ​ទៅ​ណា​ទេ ខ្ញុំ​ជា​ជន​បរទេស​រហូត​»។

វប្បធម៌​ខុស​គ្នា​នៅ​ក្នុង​ផ្ទះ។ ពេល​អាណា​និង​ក្រុម​គ្រួសារ​ផ្លាស់​ទៅ​រស់​នៅ​អង់គ្លេស ពេល​នោះ​នាង​មាន​អាយុ​៨​ឆ្នាំ។ អាណា​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​និង​ប្អូន​ប្រុស​សម្រប​ខ្លួន​រស់​នៅ​ក្រុង​ឡុងដ៍​បាន​យ៉ាង​ងាយ។ ប៉ុន្តែ សម្រាប់​ឪពុក​ម្ដាយ​របស់​ខ្ញុំ​មិន​ងាយ​ស្រួល​ទេ ពីព្រោះ​ពួក​គាត់​ធំ​ធាត់​នៅ​លើ​កោះ​ម៉ាឌីរ៉ា ដែល​ជា​កោះ​តូច​មួយ​ក្នុង​ប្រទេស​ព័រទុយហ្គាល់​»។

ប្អូន​ស្រី​វឿន មាន​អាយុ​៣​ឆ្នាំ ពេល​ប្អូន​និង​ក្រុម​គ្រួសារ​ចាក​ចេញ​ពី​កម្ពុជា​ទៅ​រស់​នៅ​អូស្ត្រាលី។ ប្អូន​វឿន​ប្រាប់​ថា​៖ ​«​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ពិបាក​សម្រប​ខ្លួន​ក្នុង​ទឹក​ដី​ថ្មី​ណាស់។ និយាយ​ឲ្យ​ត្រង់​ទៅ ប៉ា​ឧស្សាហ៍​អន់​ចិត្ត​ហើយ​ខឹង​ខ្ញុំ ដោយ​សារ​ខ្ញុំ​មិន​យល់​សម្ដី​របស់​គាត់​»។

បញ្ហា​ភាសា​នៅ​ក្នុង​ផ្ទះ។ ប្អូន​អ៊ាន​មាន​អាយុ​៨​ឆ្នាំ ពេល​គាត់​និង​ក្រុម​គ្រួសារ​ផ្លាស់​ពី​អេក្វាទ័រ​ទៅ​រស់​នៅ​ក្រុង​ញូវយ៉ក។ ក្រោយ​ពី​រស់​នៅ​សហរដ្ឋ​អាម៉េរិក​បាន​៦​ឆ្នាំ គាត់​និយាយ​ថា​៖ ​«​ឥឡូវ​ខ្ញុំ​ចេះ​ភាសា​អង់គ្លេស​ច្រើន​ជាង​ភាសា​អេស្ប៉ាញ។ នៅ​សាលា គ្រូ​និយាយ​ភាសា​អង់គ្លេស មិត្ត​ភក្ដិ​និយាយ​ភាសា​អង់គ្លេស ហើយ​ខ្ញុំ​ក៏​និយាយ​ភាសា​អង់គ្លេស​ជា​មួយ​ប្អូន​ប្រុស​របស់​ខ្ញុំ​ដែរ។ ក្នុង​ខួរ​ក្បាល​ខ្ញុំ​មាន​តែ​ភាសា​អង់គ្លេស គ្មាន​ភាសា​អេស្ប៉ាញ​ទាល់​តែ​សោះ​»។

ប្អូន​ស្រី​ម្នាក់​ឈ្មោះ​លី កើត​នៅ​ប្រទេស​អូស្ត្រាលី តែ​ឪពុក​ម្ដាយ​ជា​ជន​ជាតិ​ខ្មែរ រៀប​រាប់​ថា​៖ ​«​ពេល​ខ្ញុំ​និយាយ​ជា​មួយ​ប៉ា​ម៉ាក់ ហើយ​ចង់​ពន្យល់​ពួក​គាត់​អំពី​អារម្មណ៍​របស់​ខ្ញុំ ខ្ញុំ​រក​ពាក្យ​និយាយ​ជា​ភាសា​ខ្មែរ​អត់​ចេញ​»។

ប្អូន​ន័រ​ដែល​បាន​លើក​ឡើង​ខាង​លើ ប្រាប់​ទៀត​ថា​៖ ​«​ប៉ា​របស់​ខ្ញុំ​ព្យាយាម​បង្ខំ​កូន​ៗ​ឲ្យ​និយាយ​ភាសា​អារ៉ាប់​នៅ​ក្នុង​ផ្ទះ តែ​ពួក​ខ្ញុំ​មិន​ចង់​និយាយ​ទេ។ ការ​រៀន​ភាសា​អារ៉ាប់​ហាក់​ដូច​ជា​បន្ទុក​ធ្ងន់​មួយ​ថែម​ទៀត​សម្រាប់​ពួក​ខ្ញុំ។ គិត​ទៅ​មើល មិត្ត​ភក្តិ​និយាយ​អង់គ្លេស ហើយ​កម្ម​វិធី​ទូរទស្សន៍​ទាំង​អស់​ក៏​សុទ្ធ​តែ​អង់គ្លេស ហេតុ​អ្វី​បាន​ជា​ពួក​ខ្ញុំ​ត្រូវ​និយាយ​ភាសា​អារ៉ាប់?​»។

តើ​ប្អូន​អាច​ធ្វើ​អ្វី?

ដូច​សម្ដី​ដែល​បាន​រៀប​រាប់​នៅ​ខាង​លើ មិន​មែន​មាន​តែ​ប្អូន​ទេ​ដែល​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​នេះ។ ជំនួស​ឲ្យ​ការ​ស្វែង​រក​ដំណោះ​ស្រាយ ប្អូន​ប្រហែល​ជា​ព្យាយាម​ចង់​លុប​បំបាត់​ចោល​វប្បធម៌​ដើម​របស់​ប្អូន ហើយ​សម្រប​ខ្លួន​ជា​មួយ​នឹង​វប្បធម៌​ថ្មី​ទាំង​ស្រុង។ ក៏​ប៉ុន្តែ បើ​ប្អូន​ធ្វើ​បែប​នេះ ឪពុក​ម្ដាយ​របស់​ប្អូន​ទំនង​ជា​អាក់​អន់​ចិត្ត ហើយ​ប្អូន​ក៏​អាច​ជួប​ការ​ពិបាក​កាន់​តែ​ខ្លាំង​ដែរ។ ជា​ជាង​ធ្វើ​ដូច្នោះ សូម​រៀន​របៀប​ដោះ​ស្រាយ​បញ្ហា ហើយ​ប្រែ​ក្លាយ​វិបត្តិ​នោះ​ឲ្យ​ទៅ​ជា​ប្រយោជន៍​វិញ។ សូម​ពិចារណា​យោបល់​ដូច​ត​ទៅ​៖

ពេល​គេ​សើច​ចំអក។ មិន​ថា​ប្អូន​ធ្វើ​អ្វី​ក៏​ដោយ ប្អូន​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​គ្រប់​គ្នា​បាន​ទេ។ មនុស្ស​ដែល​ចូល​ចិត្ត​សើច​ចំអក​ឲ្យ​អ្នក​ឯ​ទៀត តែង​តែ​រក​លេស​ដើម្បី​ធ្វើ​បែប​នោះ។ (​សុភាសិត ១៨:២៤​) ប្អូន​មិន​ចាំ​បាច់​ខ្ជះ​ខ្ជាយ​កម្លាំង​ដើម្បី​កែ​ទស្សនៈ​របស់​ពួក​គេ​ឡើយ។ ស្ដេច​សាឡូម៉ូន​ដ៏​មាន​ប្រាជ្ញា​និយាយ​ថា​៖ ​«​មនុស្ស​មាន​អំណួត​មិន​ស្រឡាញ់​អ្នក​ដែល​កែ​តម្រង់​គាត់​ទេ​»។ (​សុភាសិត ១៥:១២​) មនុស្ស​ដែល​រើស​អើង​គេ តាម​ពិត​ទៅ​កំពុង​បង្ហាញ​នូវ​ភាព​ល្ងង់​ខ្លៅ​របស់​ខ្លួន ហើយ​មនុស្ស​ដែល​ត្រូវ​គេ​រើស​អើង​មិន​មាន​កំហុស​ឡើយ។

ពេល​មិន​ដឹង​ថា​ខ្លួន​មាន​វប្បធម៌​មួយ​ណា។ ជា​រឿង​ធម្មតា​ទេ ពេល​ដែល​យើង​ទៅ​រស់​នៅ​កន្លែង​ណា យើង​ចង់​ទៅ​ជា​មនុស្ស​ក្នុង​សង្គម​នោះ ដូច​ជា​គ្រួសារ ឬវប្បធម៌​ជា​ដើម។ បើ​ប្អូន​គិត​ថា​តម្លៃ​របស់​ប្អូន​អាស្រ័យ​ទៅ​លើ​ប្រវត្តិ​គ្រួសារ​ឬ​វប្បធម៌​របស់​ប្អូន នោះ​ប្អូន​គិត​ខុស​ហើយ។ មនុស្ស​ប្រហែល​ជា​វាយ​តម្លៃ​ប្អូន​ផ្អែក​ទៅ​លើ​កត្តា​ទាំង​នោះ តែ​ព្រះ​មិន​ដូច្នោះ​ឡើយ។ សាវ័ក​ពេត្រុស​និយាយ​ថា​៖ ​«​ព្រះ​មិន​រើស​មុខ​ទេ។ ប៉ុន្តែ នៅ​គ្រប់​ប្រជា​ជាតិ អ្នក​ណា​ដែល​កោត​ខ្លាច​លោក ហើយ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ លោក​ពេញ​ចិត្ត​អ្នក​នោះ​»។ (​សកម្មភាព ១០:​៣៤, ៣៥​) បើ​ប្អូន​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត នោះ​លោក​នឹង​ចាត់​ទុក​ប្អូន​ថា​ជា​ក្រុម​គ្រួសារ​របស់​លោក។ (​អេសាយ ៤៣:១០; ម៉ាកុស ១០:២៩, ៣០​) នេះ​ជា​អ្វី​ដ៏​អស្ចារ្យ​ដែល​ប្អូន​អាច​ទទួល​បាន។

ពេល​មាន​គម្លាត​វប្បធម៌​នៅ​ក្នុង​ផ្ទះ។ ស្ទើរ​តែ​គ្រប់​ក្រុម​គ្រួសារ ឪពុក​ម្ដាយ​និង​កូន​តែង​តែ​មាន​ការ​យល់​ឃើញ​ខុស​ៗ​គ្នា។ នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ប្អូន ការ​ខ្វែង​គំនិត​គ្នា​ប្រហែល​ជា​មាន​ច្រើន​ជាង ដោយ​សារ​ឪពុក​ម្ដាយ​ចង់​ឲ្យ​ប្អូន​រស់​នៅ​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ប្រទេស​កំណើត​របស់​ប្អូន តែ​ប្អូន​ចង់​សម្រប​ខ្លួន​ទៅ​នឹង​ប្រទេស​ថ្មី​ដែល​ប្អូន​កំពុង​រស់​នៅ។ យ៉ាង​ណា​ក្ដី បើ​ប្អូន​ចង់​មាន​សេចក្ដី​សុខ​ក្នុង​ជីវិត ប្អូន​ត្រូវ​«​គោរព​ឪពុក​និង​ម្ដាយ​»​របស់​ប្អូន។—អេភេសូរ ៦:២, ៣

ជា​ជាង​ប្រឆាំង​នឹង​ទំនៀម​ទម្លាប់​របស់​ឪពុក​ម្ដាយ ព្រោះ​ប្អូន​គិត​ថា​នោះ​មិន​សម​នឹង​ប្អូន សូម​ព្យាយាម​គិត​ពី​មូលហេតុ​ដែល​ឪពុក​ម្ដាយ​ប្អូន​បន្ត​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ពួក​គាត់។ (​សុភាសិត ២:១០, ១១​) សូម​សួរ​ខ្លួន​ប្អូន​ដូច​ត​ទៅ​៖ ‹តើ​ទំនៀម​ទម្លាប់​ទាំង​នោះ​ផ្ទុយ​ពី​គោល​ការណ៍​ក្នុង​គម្ពីរ​ឬ​ទេ? បើ​មិន​មែន​ទេ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ពេញ​ចិត្ត? តើ​តាម​របៀប​ណា​ខ្ញុំ​អាច​និយាយ​យ៉ាង​គួរ​សម​ប្រាប់​ឪពុក​ម្ដាយ​អំពី​អារម្មណ៍​របស់​ខ្ញុំ?›។ (​សកម្មភាព ៥:២៩​) ជា​ការ​ពិត​ណាស់ បើ​ប្អូន​ចេះ​ភាសា​របស់​ឪពុក​ម្ដាយ​បាន​ល្អ នោះ​ប្អូន​នឹង​កាន់​តែ​ស្រួល​និយាយ​តាម​របៀប​ដែល​លើក​កិត្តិយស​ពួក​គាត់ ពោល​គឺ​ប្អូន​ស្រួល​យល់​អារម្មណ៍​និង​គំនិត​របស់​ពួក​គាត់។

ជម្នះ​ឧបសគ្គ​ភាសា​នៅ​ក្នុង​ផ្ទះ។ ក្រុម​គ្រួសារ​ខ្លះ​យល់​ឃើញ​ថា បើ​នៅ​ក្នុង​ផ្ទះ​កូន​ៗ​និយាយ​តែ​ភាសា​របស់​ឪពុក​ម្ដាយ នោះ​កូន​ៗ​នឹង​ចេះ​ស្ទាត់​ទាំង​ពីរ​ភាសា។ សូម​សាក​ល្បង​ធ្វើ​ដូច​នោះ​នៅ​ក្នុង​ផ្ទះ។ ប្អូន​ក៏​អាច​សុំ​ឪពុក​ម្ដាយ​ជួយ​បង្រៀន​ប្អូន​ឲ្យ​ចេះ​សរសេរ​ភាសា​របស់​ពួក​គាត់​ដែរ។ ប្អូន​ស្ទីលីស​ធំ​ឡើង​នៅ​ប្រទេស​អាល្លឺម៉ង់ តែ​ឪពុក​ម្ដាយ​គាត់​ជា​ជន​ជាតិ​ក្រិច។ ស្ទីលីស​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​នៅ​ក្មេង រាល់​ថ្ងៃ​ឪពុក​ម្ដាយ​ខ្ញុំ​តែង​តែ​ពិគ្រោះ​ខ​គម្ពីរ​មួយ​ជា​មួយ​ខ្ញុំ។ ពួក​គាត់​អាន​ឮ​ៗ រួច​ខ្ញុំ​សរសេរ​តាម។ មក​ដល់​ឥឡូវ ខ្ញុំ​អាច​អាន​និង​សរសេរ​ទាំង​ភាសា​ក្រិច​ទាំង​ភាសា​អាល្លឺម៉ង់​»។

តើ​មាន​ប្រយោជន៍​អ្វី​ខ្លះ​ទៀត? ប្អូន​ជីអូស៊ូ​ដែល​បាន​រៀប​រាប់​ខាង​លើ ប្រាប់​ថា​៖ ​«​ខ្ញុំ​បាន​រៀន​ភាសា​កំណើត​របស់​ប៉ា​ម៉ាក់​ខ្ញុំ ព្រោះ​ខ្ញុំ​ចង់​នៅ​ជិត​ពួក​គាត់ ចង់​យល់​អារម្មណ៍ និង​ជំនឿ​របស់​ពួក​គាត់។ នេះ​ក៏​ជួយ​ពួក​គាត់​ឲ្យ​យល់​អំពី​ខ្ញុំ​ដែរ​»។

ជា​ស្ពាន​មិន​មែន​ជា​ឧបសគ្គ​ទេ

តើ​ប្អូន​ចាត់​ទុក​វប្បធម៌​កំណើត​របស់​ប្អូន​ថា​ជា​ឧបសគ្គ ឬ​ក៏​ជា​ស្ពាន​ត​ភ្ជាប់​ប្អូន​ជា​មួយ​នឹង​អ្នក​ឯ​ទៀត? យុវវ័យ​គ្រិស្ត​សាសនិក​ជា​ច្រើន​ព្យាយាម​បិទ​ភ្ជាប់​គម្លាត​វប្បធម៌​ដោយ​មូលហេតុ​បន្ថែម​ទៀត។ តើ​ជា​មូលហេតុ​អ្វី? គឺ​ពួក​គេ​ចង់​ប្រាប់​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ដល់​ជន​អន្តោប្រវេសន៍​ផ្សេង​ៗ។ (​ម៉ាថាយ ២៤:១៤; ២៨:១៩, ២០​) ប្អូន​សាឡូម៉ៅ​ដែល​ផ្លាស់​ទៅ​រស់​នៅ​ក្រុង​ឡុងដ៍​ពេល​គាត់​អាយុ​ប្រាំ​ឆ្នាំ និយាយ​ថា​៖ ​«​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​ខ្ញុំ​អាច​ពន្យល់​គម្ពីរ​ជា​ពីរ​ភាសា! តាម​ពិត​ខ្ញុំ​ស្ទើរ​តែ​ភ្លេច​ភាសា​ព័រទុយហ្គាល់​ដែល​ជា​ភាសា​កំណើត​របស់​ខ្ញុំ។ ប៉ុន្តែ ឥឡូវ​ដោយ​សារ​ខ្ញុំ​បម្រើ​នៅ​ក្នុង​ក្រុម​ជំនុំ​ភាសា​ព័រទុយហ្គាល់ ខ្ញុំ​អាច​និយាយ​បាន​ទាំង​អង់គ្លេស​ទាំង​ព័រទុយហ្គាល់​យ៉ាង​ស្ទាត់​»។

ប្អូន​ន័រ​បាន​យល់​ឃើញ​ថា ក្នុង​តំបន់​ផ្សាយ​របស់​នាង​ត្រូវ​ការ​អ្នក​ផ្សាយ​ដែល​ចេះ​ភាសា​អារ៉ាប់។ នាង​ប្រាប់​ថា​៖ ​«​ខ្ញុំ​កំពុង​រៀន ហើយ​ព្យាយាម​រំលឹក​ភាសា​ដែល​ខ្ញុំ​ភ្លេច​មក​វិញ។ ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​របស់​ខ្លួន។ បើ​ខ្ញុំ​និយាយ​ខុស​ឬ​បញ្ចេញ​សំឡេង​មិន​ត្រឹម​ត្រូវ ខ្ញុំ​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​កែ​ខ្ញុំ​»។

បើ​ប្អូន​ស្គាល់​វប្បធម៌​ពីរ ហើយ​ចេះ​និយាយ​ភាសា​ពីរ​ឬ​ច្រើន​ជាង នោះ​ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង​ណាស់។ ហេតុ​អ្វី? ពីព្រោះ​ប្អូន​អាច​យល់​អារម្មណ៍​អ្នក​ដទៃ ហើយ​អាច​ឆ្លើយ​សំណួរ​របស់​ពួក​គេ​អំពី​ព្រះ។ (​សុភាសិត ១៥:២៣​) ប្អូន​ប៊្រីតធី​ដែល​ជា​ជន​ជាតិ​ឥណ្ឌា តែ​កើត​នៅ​អង់គ្លេស​ប្រាប់​ថា​៖ ​«​ដោយ​សារ​ខ្ញុំ​យល់​វប្បធម៌​ទាំង​ពីរ ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ស្រួល​ពេល​ផ្សព្វ​ផ្សាយ។ ខ្ញុំ​អាច​យល់​អំពី​ជំនឿ​និង​ទស្សនៈ​របស់​ពួក​គេ មិន​ថា​ពួក​គេ​ជា​ជន​ជាតិ​ឥណ្ឌា ឬ​ជា​ជន​ជាតិ​អង់គ្លេស​ទេ​»។

តើ​ប្អូន​អាច​ចាត់​ទុក​ស្ថានភាព​របស់​ប្អូន​ថា​ជា​ចំណុច​វិជ្ជមាន​ជា​ជាង​អវិជ្ជមាន​ឬ​ទេ? សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ប្អូន មិន​មែន​ដោយ​សារ​ប្អូន​មក​ពី​កន្លែង​ណា​ឬ​មាន​វប្បធម៌​អ្វី​នោះ​ឡើយ។ ដូច​យុវវ័យ​ដែល​បាន​រៀប​រាប់​នៅ​ជំពូក​នេះ សូម​ប្អូន​ប្រើ​បទ​ពិសោធន៍​និង​ចំណេះ​ដឹង​ដើម្បី​ជួយ​មនុស្ស​ឯ​ទៀត ជា​ពិសេស​អ្នក​ដែល​មាន​វប្បធម៌​ដូច​ប្អូន ដើម្បី​ឲ្យ​ពួក​គេ​ដឹង​អំពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​មិន​រើស​មុខ។ ពេល​ប្អូន​ធ្វើ​ដូច្នេះ ប្អូន​នឹង​មាន​សុភមង្គល​ពិត​ប្រាកដ!—សកម្មភាព ២០:៣៥

បទ​គម្ពីរ​សំខាន់

​«​ព្រះ​មិន​រើស​មុខ​ទេ​»។—សកម្មភាព ១០:៣៤

យោបល់

បើ​មនុស្ស​ស្រករ​គ្នា​ចំអក​លេង​អំពី​វប្បធម៌​ឬ​ជាតិ​សាសន៍​របស់​ប្អូន សូម​កុំ​ប្រកាន់​ខឹង តែ​និយាយ​បែប​កំប្លែង​ទៅ​ពួក​គេ​វិញ។ នេះ​ទំនង​ជា​ធ្វើ​ឲ្យ​ពួក​គេ​ឈប់​ចំអក​ឲ្យ​ប្អូន​ទៀត។

តើ​ប្អូន​ដឹង​ទេ . . . ?

បើ​ប្អូន​ចេះ​ពីរ​ភាសា ប្អូន​នឹង​មាន​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​ទទួល​បាន​ការ​ងារ។

គម្រោង​អនុវត្ត!

ដើម្បី​យល់​ភាសា​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ឲ្យ​បាន​ល្អ​ជាង ខ្ញុំ​នឹង ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● ហេតុ​អ្វី​ការ​ដឹង​អំពី​ប្រពៃណី​វប្បធម៌​របស់​ឪពុក​ម្ដាយ​ប្អូន​អាច​ជួយ​ប្អូន​ឲ្យ​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់?

● តើ​ការ​ធំ​ឡើង​ក្នុង​ពហុ​វប្បធម៌​អាច​ផ្ដល់​ប្រយោជន៍​ឲ្យ​ប្អូន​ច្រើន​ជាង​យុវវ័យ​ផ្សេង​ទៀត​យ៉ាង​ដូច​ម្ដេច?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៦០​]

​«​ប្អូន​អូឡិស រៀប​រាប់​ថា​៖ ‹ខ្ញុំ​សប្បាយ​ក្នុង​ការ​ជួយ​អ្នក​ឯ​ទៀត។ ខ្ញុំ​អាច​ពន្យល់​គម្ពីរ​ដល់​អ្នក​ដែល​និយាយ​ភាសា​រុស្ស៊ី ភាសា​បារាំង និង​ភាសា​ម៉ុលដូវ៉ា›​»​

[​រូបភាព​នៅ​ទំព័រ​១៦១​]

ប្អូន​គួរ​ចាត់​ទុក​វប្បធម៌​កំណើត​របស់​ប្អូន​ថា ជា​ស្ពាន​ត​ភ្ជាប់​ប្អូន​ជា​មួយ​នឹង​អ្នក​ឯ​ទៀត