តើខ្ញុំអាចចាត់ចែងពេលវេលាយ៉ាងណា?
ជំពូកទី២១
តើខ្ញុំអាចចាត់ចែងពេលវេលាយ៉ាងណា?
តើប្អូនចង់បានប៉ុន្មានម៉ោងថែមទៀតក្នុងមួយថ្ងៃ? ․․․․․
តើប្អូននឹងប្រើម៉ោងថែមនោះដើម្បីធ្វើអ្វីខ្លះ?
□ ដើរលេងជាមួយមិត្តភក្តិ
□ គេង
□ រៀន
□ ផ្សេងទៀត ․․․․․
ពេលវេលាប្រៀបដូចជាសេះដែលបោលយ៉ាងលឿន បើប្អូនចង់ជិះវា ទាល់តែប្អូនចេះគ្រប់គ្រងវា។ បើប្អូនចេះចាត់ចែងពេលវេលា នោះប្អូនអាចកាត់បន្ថយការតានតឹងចិត្ត អាចសិក្សាបានល្អជាង ហើយក៏អាចធ្វើឲ្យឪពុកម្ដាយទុកចិត្តប្អូនច្រើនជាងដែរ។ ប្អូនប្រហែលជាគិតថា«បើដូច្នេះមែនល្អណាស់។ តែនិយាយវាស្រួល ដល់ពេលធ្វើវាពិបាក»។ យ៉ាងណាក៏ដោយ ប្អូនពិតជាអាចធ្វើបាន។ សូមពិចារណាឧទាហរណ៍ខ្លះ។
ការពិបាកទី១៖ រៀបចំកាលវិភាគ
តើអ្វីប្រហែលជារារាំងប្អូន? គ្រាន់តែគិតអំពីការធ្វើកាលវិភាគ ក៏ធ្វើឲ្យប្អូនមានអារម្មណ៍ថាខ្លួនគ្មានសេរីភាព! ប្អូនប្រហែលចូលចិត្តធ្វើតាមអ្វីដែលខ្លួនចង់ធ្វើ មិនចូលចិត្តស្អិតជាប់នឹងគម្រោងទេ។
ហេតុអ្វីត្រូវរៀបចំកាលវិភាគ? ស្ដេចសាឡូម៉ូននិយាយថា៖ «គម្រោងរបស់មនុស្សឧស្សាហ៍នឹងបានជោគជ័យជាមិនខាន»។ (សុភាសិត ២១:៥) សាឡូម៉ូនជា បុរសម្នាក់ដែលរវល់ណាស់ ពីព្រោះគាត់មានតួនាទីជាប្ដី ជាឪពុក និងជាស្ដេច។ កាលដែលគាត់អាយុកាន់តែច្រើន គាត់រវល់កាន់តែខ្លាំង។ ស្រដៀងគ្នាដែរ ឥឡូវប្អូនប្រហែលជាមានកិច្ចការច្រើនដែលត្រូវធ្វើ ប៉ុន្តែនៅពេលប្អូនកាន់តែធំឡើង ប្អូននឹងមានកិច្ចការកាន់តែច្រើនដែលត្រូវបំពេញ។ ដូច្នេះ ជាការល្អបើប្អូនមានទម្លាប់រៀបចំកាលវិភាគពីឥឡូវ!
ទស្សនៈពីមនុស្សស្រករប្អូន។ ប្អូនជោអ៊ី និយាយថា៖ «ខ្ញុំមានទម្លាប់រៀបចំកាលវិភាគតាំងពី៦ខែមុន។ ការមានកាលវិភាគជួយខ្ញុំឲ្យស្រួលធ្វើកិច្ចការផ្សេងៗ!»។
ប្អូនម៉ាឡូរី និយាយថា៖ «ដើម្បីធ្វើតាមកាលវិភាគ ខ្ញុំត្រូវរៀបចំបញ្ជីមួយអំពីអ្វីដែលខ្ញុំត្រូវធ្វើ។ បើចៃដន្យមានអ្វីផ្សេងទៀតដែលត្រូវធ្វើ នោះម៉ាក់និងខ្ញុំសរសេរអ្វីទាំងនោះទៅក្នុងបញ្ជី ហើយមើលថាតើយើងអាចជួយគ្នាដើម្បីសម្រេចកិច្ចការនោះដោយរបៀបណា»។
អ្វីដែលអាចជួយប្អូន។ សូមស្រមៃថាប្អូននិងក្រុមគ្រួសារកំពុងរៀបចំទៅវិស្សមកាល។ ម្នាក់ៗបានបោះកាបូបអីវ៉ាន់ទៅក្នុងឡាន។ មើលទៅអីវ៉ាន់ឡើងណែនពេញឡាន តែនៅមានអីវ៉ាន់ច្រើនទៀតដែលមិនទាន់បានដាក់ចូលទេ។ តើប្អូននឹងធ្វើយ៉ាងណា? ប្អូនប្រហែលជារើអីវ៉ាន់ចេញ ហើយរៀបដាក់ក្នុងឡានម្ដងទៀត ដោយដាក់កាបូបធំៗចូលមុន រួចទើបដាក់របស់តូចៗចូលតាមក្រោយ ឬស៊កសៀតវាតាមប្រឡោះដែលនៅសល់។
ប្អូនក៏អាចប្រើវិធីដូចគ្នាដើម្បីចាត់ចែងពេលវេលារបស់ប្អូនដែរ។ បើប្អូនចាប់ផ្ដើមចំណាយពេលលើរឿងតូចតាច នោះប្អូននឹងអស់ពេលសម្រាប់ធ្វើរឿងសំខាន់ៗ។ ដូច្នេះ សូមប្អូនទុកពេលសម្រាប់កិច្ចការសំខាន់ជាមុនសិន។ រួចមក ប្អូននឹងភ្ញាក់ផ្អើលដោយសារប្អូននៅសល់ពេលសម្រាប់កិច្ចការផ្សេងទៀត។—ភីលីព ១:១០
តើមានកិច្ចការសំខាន់អ្វីខ្លះដែលប្អូនត្រូវធ្វើជាមុន?
․․․․․
ឥឡូវ សូមប្អូនដាក់លេខតាមលំដាប់សម្រាប់កិច្ចការណាដែលប្អូនគិតថាសំខាន់ជាងគេ។ បើប្អូនធ្វើកិច្ចការសំខាន់មុនគេ ប្អូននឹងឃើញថាខ្លួននៅសល់ពេលច្រើនសម្រាប់កិច្ចការបន្ទាប់បន្សំ។
អ្វីដែលប្អូនអាចធ្វើ។ សរសេរអំពីរឿងសំខាន់ដែលប្អូនត្រូវធ្វើក្នុងកូនសៀវភៅមួយ ឬសរសេរនៅលើឧបករណ៍ណាមួយដូចខាងក្រោមនេះ៖
□ ប្រតិទិនក្នុងទូរស័ព្ទ
□ សៀវភៅកត់ត្រា
□ ប្រតិទិនក្នុងកុំព្យូទ័រ
□ ប្រតិទិននៅលើតុ
ការពិបាកទី២៖ ធ្វើតាមកាលវិភាគ
តើអ្វីប្រហែលជារារាំងប្អូន? ពេលប្អូនមកពីសាលាវិញ ប្អូនទំនងជាចង់សម្រាកនិងមើលទូរទស្សន៍បន្តិច។ ឬប្អូនគ្រោងនឹងរៀនដើម្បីត្រៀមប្រឡង ស្រាប់តែមិត្តភក្តិផ្ញើសារមកបបួលប្អូនទៅមើលកុន។ ប្អូនគិតថា‹ខ្ញុំមិនអាចប្ដូរម៉ោងគេបញ្ចាំងកុនបានទេ តែខ្ញុំអាចប្ដូរម៉ោងរៀនខ្លួនឯង ដូច្នេះចាំយប់ រៀនក៏បាន។ សម្រាប់ខ្ញុំ ទាល់តែទឹកដល់ច្រមុះ បានរៀនចូល›។
ហេតុអ្វីត្រូវធ្វើតាមកាលវិភាគ? ប្អូនអាចទទួលបានពិន្ទុល្អជាង បើប្អូនរៀនពេលដែលខួរក្បាលនៅស្រឡះ។ ហេតុអ្វីចាំបាច់បន្ថែមសម្ពាធឲ្យខ្លួនឯងដោយត្រូវប្រឹងរៀននៅពេលយប់ជ្រៅ? ចុះយ៉ាងណាស្អែកឡើង? ប្អូនប្រហែលជាក្រោកពីគេងយឺត ហើយតានតឹងចិត្ត ព្រោះត្រូវចេញពីផ្ទះលឿនៗ ហើយទម្រាំទៅដល់សាលាអាចនឹងហួសម៉ោងចូលរៀន។—សុភាសិត ៦:១០, ១១
ទស្សនៈពីមនុស្សស្រករប្អូន។ ប្អូនជូលាន ប្រាប់ថា៖ «ខ្ញុំចូលចិត្តមើលទូរទស្សន៍ លេងហ្គីតា និងជួបមិត្តភក្តិ។ អ្វីទាំងនេះមិនខុសទេ តែជួនកាលវាស៊ីពេលខ្ញុំច្រើនពេក រហូតដល់ខ្ញុំត្រូវរត់ជើងបីជើងបួនដើម្បីបង្ហើយកិច្ចការសំខាន់ដែលខ្លួនត្រូវធ្វើ»។
អ្វីដែលអាចជួយប្អូន។ មិនគ្រាន់តែធ្វើកាលវិភាគអំពីអ្វីដែលប្អូនត្រូវធ្វើប៉ុណ្ណោះទេ តែក៏អំពីអ្វីដែលប្អូនចង់ធ្វើដែរ។ ប្អូនជូលាន ប្រាប់ទៀតថា៖ «ពេលដឹងថាមានរឿងរីករាយកំពុងរង់ចាំខ្ញុំ នោះខ្ញុំងាយស្រួលជាង
ក្នុងការធ្វើអ្វីដែលខ្ញុំត្រូវធ្វើ»។ យោបល់មួយទៀត៖ មុនដំបូងកំណត់គោលដៅធំសិន រួចកំណត់គោលដៅតូចៗដើម្បីជួយប្អូនឲ្យឆ្ពោះទៅដល់គោលដៅធំ។អ្វីដែលប្អូនអាចធ្វើ។ តើគោលដៅជាក់លាក់អ្វីខ្លះដែលប្អូនអាចធ្វើបានក្នុងរយៈពេល៦ខែក្រោយ?
․․․․․
តើគោលដៅជាក់លាក់អ្វីខ្លះដែលប្អូនអាចធ្វើបានក្នុងរយៈពេលពីរឆ្នាំខាងមុខ? ហើយតើប្អូនត្រូវធ្វើអ្វីនៅឥឡូវនេះដើម្បីសម្រេចគោលដៅនោះ? a
․․․․․
ការពិបាកទី៣៖ មានសណ្ដាប់ធ្នាប់
តើអ្វីប្រហែលជារារាំងប្អូន? ប្អូនអាចនឹងឆ្ងល់ថា‹ហេតុអ្វីការមានសណ្ដាប់ធ្នាប់ក្នុងបន្ទប់អាចជួយខ្ញុំឲ្យចេះចាត់ចែងពេលវេលា? តាមពិត បើមិនសម្អាតបន្ទប់ នោះចំណេញពេលជាង ឬចាំស្អែកធ្វើក៏បានដែរ។ គ្រាន់តែបន្ទប់រញ៉េរញ៉ៃ វាមិនទាស់ខុសអ្វីឡើយ!›។ ប៉ុន្តែ តើនោះជាការពិតទេ?
ហេតុអ្វីត្រូវមានសណ្ដាប់ធ្នាប់? ពីព្រោះនេះជួយសន្សំពេលវេលាប្អូនក្នុងការស្វែងរករបស់ណាមួយដែលប្អូនបាត់។ អត្ថប្រយោជន៍មួយទៀត គឺប្អូនមានអារម្មណ៍ស្រួល ហើយមិនឆាប់មួម៉ៅ។—ទស្សនៈពីមនុស្សស្រករប្អូន។ ប្អូនមេនឌី ពោលថា៖ «ជួនកាលខ្ញុំគ្មានពេលរៀបចំខោអាវទេ ខ្ញុំគរវាទុកចោល។ របស់ដែលខ្ញុំគិតថាបាត់ តាមពិតគឺវាកប់នៅក្នុងគំនរខោអាវសោះ»។
ប្អូនហ្វ្រេង ប្រាប់ថា៖ «ខ្ញុំរកកាបូបអស់មួយសប្ដាហ៍ហើយ តែរកមិនឃើញឡើយ ខ្ញុំតានតឹងចិត្តណាស់។ តែក្រោយពីខ្ញុំសម្អាតបន្ទប់ ខ្ញុំក៏រកឃើញកាបូបវិញ»។
អ្វីដែលអាចជួយប្អូន។ ក្រោយពីប្រើរបស់ណាមួយរួច សូមដាក់របស់នោះនៅកន្លែងដើមវិញឲ្យបានឆាប់តាមដែលអាចធ្វើបាន។ សូមធ្វើបែបនេះជាប្រចាំ មិនមែនធ្វើបន្ទាប់ពីអីវ៉ាន់រប៉ាត់រប៉ាយនោះទេ។
អ្វីដែលប្អូនអាចធ្វើ។ ចូរមានទម្លាប់រៀបចំឲ្យបានរៀបរយ ហើយមើលថាតើការធ្វើបែបនេះជួយប្អូនឲ្យមានផាសុកភាពជាងឬយ៉ាងណា។
ពេលវេលាគឺជាមាសប្រាក់។ ជារៀងរាល់ថ្ងៃ ទាំងប្អូន ទាំងមិត្តភក្តិ ទាំងឪពុកម្ដាយប្អូន គឺមានពេលវេលាដូចគ្នា។ បើប្អូនខ្ជះខ្ជាយពេលវេលា នោះប្អូននឹងជួបបញ្ហា។ ប៉ុន្តែ បើប្អូនចេះចាត់ចែងពេលវេលា នោះប្អូននឹងទទួលបានផលចំណេញ។ ការសម្រេចចិត្តអាស្រ័យទៅលើប្អូន។
តើឪពុកម្ដាយប្អូនជាជនអន្តោប្រវេសន៍ឬទេ? តើប្អូនមានអារម្មណ៍ថាពិបាកធ្វើខ្លួនឲ្យត្រូវទាំងនៅក្នុងផ្ទះទាំងនៅសាលាឬទេ? សូមមើលអំពីរបៀបដែលប្អូនអាចប្រែក្លាយវិបត្តិទៅជាឱកាសល្អសម្រាប់ប្អូន។
[កំណត់សម្គាល់]
a ដើម្បីបានព័ត៌មានថែមទៀត សូមមើលជំពូកទី៣៩ ក្នុងសៀវភៅនេះ។
បទគម្ពីរសំខាន់
«[ចូរ]ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»។—ភីលីព ១:១០
យោបល់
ប្អូនអាចធ្វើតាមយោបល់ក្នុងជំពូកនេះម្ដងមួយៗ។ ឧទាហរណ៍ ខែក្រោយប្អូនជ្រើសរើសយោបល់មួយ។ ពេលធ្វើបានល្អហើយ ប្អូនអាចជ្រើសរើសយោបល់មួយទៀត។
តើប្អូនដឹងទេ . . . ?
បើប្អូនត្រូវធ្វើកិច្ចការច្រើនពេកក្នុងមួយថ្ងៃ នោះប្អូនអាចតានតឹងចិត្ត។ ជាការល្អដែលប្អូនត្រូវដឹងពីរឿងណាមួយត្រូវធ្វើមុន និងរឿងណាមួយត្រូវធ្វើក្រោយ។
គម្រោងអនុវត្ត!
ខ្ញុំចង់ចំណាយពេលតិចជាងទៅលើ ․․․․․
ខ្ញុំចង់ប្រើពេលវេលាច្រើនជាងទៅលើ ․․․․․
អ្វីដែលខ្ញុំចង់សួរឪពុកម្ដាយរបស់ខ្ញុំអំពីរឿងនេះគឺ ․․․․․
តើប្អូនគិតយ៉ាងណា?
● ហេតុអ្វីការដឹងអំពីរបៀបចាត់ចែងពេលវេលារបស់ប្អូននៅឥឡូវនេះនឹងជួយប្អូននៅថ្ងៃអនាគត?
● ស្ដីអំពីរឿងនោះ តើប្អូនអាចរៀនអ្វីខ្លះពីឪពុកម្ដាយ?
● បើប្អូនមានកាលវិភាគរួចហើយ តើប្អូនអាចកែសម្រួលវាឲ្យកាន់តែល្អជាងដោយរបៀបណា?
[ឃ្លាអក្សរធំនៅទំព័រ១៥៤]
«ប្អូនរីកគី ប្រាប់ថា៖ ‹ខ្ញុំបានឮគេនិយាយលេងអំពីខ្ញុំថា បើណាត់ជួបគាត់ម៉ោងបួន ត្រូវប្រាប់គាត់ថាជួបគ្នាម៉ោងបី។ ពេលខ្ញុំឮដូច្នោះខ្ញុំដឹងថា ខ្ញុំត្រូវរៀនចាត់ចែងពេលវេលាឲ្យបានល្អជាងមុន›»
[ប្រអប់នៅទំព័រ១៥៥]
តើខ្ញុំចំណាយពេលទៅលើអ្វីខ្លះ?
មនុស្សវ័យក្មេងអាយុពី៨ឆ្នាំទៅ១៨ឆ្នាំ បានចំណាយម៉ោងជាមធ្យមក្នុងមួយសប្តាហ៍គឺ៖
១៧
ជាមួយឪពុកម្ដាយ
៣០
នៅសាលា
៤៤
មើលទូរទស្សន៍ លេងហ្គេម ផ្ញើសារ និងស្ដាប់ចម្រៀង
គណនាមើលថាប្អូនបានចំណាយពេលប៉ុន្មានក្នុងមួយសប្តាហ៍
មើលទូរទស្សន៍ ․․․․․
លេងហ្គេមវីដេអូ ․․․․․
មើលអ៊ីនធឺណិត ․․․․․
ស្ដាប់ចម្រៀង ․․․․․
សរុប ․․․․․
ចំនួនម៉ោងដែលខ្ញុំចង់កាត់បន្ថយពីរឿងទាំងនោះ ដើម្បីធ្វើកិច្ចការដែលសំខាន់ជាងគឺ ․․․․․
[រូបភាពនៅទំព័រ១៥៣]
ពេលវេលាប្រៀបដូចជាសេះដែលបោលយ៉ាងលឿន ប្អូនត្រូវរៀនឲ្យចេះគ្រប់គ្រងវា