លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើខ្ញុំត្រៀមខ្លួនរើចេញពីផ្ទះហើយឬនៅ?

តើខ្ញុំត្រៀមខ្លួនរើចេញពីផ្ទះហើយឬនៅ?

ជំពូក​ទី​៧

តើ​ខ្ញុំ​ត្រៀម​ខ្លួន​រើ​ចេញ​ពី​ផ្ទះ​ហើយ​ឬ​នៅ?

ខេធី​ប្រាប់​ថា​៖ ​«​ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា​អ្នក​ឯ​ទៀត​មើល​ងាយ​ខ្ញុំ ដោយ​ចាត់​ទុក​ខ្ញុំ​ដូច​ជា​កូន​ក្មេង ព្រោះ​ខ្ញុំ​អាយុ​១៩​ឆ្នាំ​ហើយ នៅ​តែ​រស់​នៅ​ផ្ទះ​ជា​មួយ​ឪពុក​ម្ដាយ​»។

ហ្វីអូណា​ប្រាប់​ថា​៖ ​«​ខ្ញុំ​អាយុ​ជិត​២០​ហើយ តែ​ខ្ញុំ​មិន​សូវ​មាន​សិទ្ធិ​ធ្វើ​អ្វី​តាម​ចិត្ត​ខ្លួន​ទេ ដោយ​សារ​ខ្ញុំ​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ។ ខ្ញុំ​ធុញ​នឹង​ជីវិត​បែប​នេះ​ណាស់ ខ្ញុំ​ក៏​ធ្លាប់​គិត​ដែរ​អំពី​ការ​រើ​ចេញ​ពី​ផ្ទះ​»។

មុន​ពេល​ប្អូន​ត្រៀម​ខ្លួន​រើ​ចេញ​ពី​ផ្ទះ ប្អូន​ប្រហែល​ជា​បាន​គិត​យូរ​មក​ហើយ​ថា ប្អូន​ចង់​មាន​សេរី​ភាព​ធ្វើ​អ្វី​តាម​ចិត្ត។ មិន​ប្លែក​ទេ​ដែល​ប្អូន​ចង់​បាន​បែប​នោះ។ ដូច​យើង​បាន​ពិភាក្សា​នៅ​ជំពូក​ទី​៣ នោះ​គឺ​ជា​គោល​បំណង​របស់​ព្រះ​តាំង​ពី​ដំបូង ដែល​មនុស្ស​វ័យ​ក្មេង​ហើយ​ធំ​ឡើង រួច​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ក្រោយ​មក​កសាង​ក្រុម​គ្រួសារ​ដោយ​ខ្លួន​ឯង។ (​ដើម​កំណើត ២:២៣, ២៤; ម៉ាកុស ១០:៧, ៨​) ប៉ុន្តែ តើ​ប្អូន​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ពេល​ណា​ប្អូន​ពិត​ជា​អាច​រើ​ចេញ​ពី​ផ្ទះ​បាន? សូម​ពិចារណា​សំណួរ​សំខាន់​បី​ដែល​ប្អូន​ត្រូវ​ឆ្លើយ​ជា​មុន​សិន។ សំណួរ​ទី​១ គឺ . . .

ហេតុ​អ្វី​ខ្ញុំ​ចង់​ចេញ​ទៅ​រស់​នៅ​ដោយ​ខ្លួន​ឯង?

សូម​មើល​បញ្ជី​ខាង​ក្រោម ហើយ​សរសេរ​លេខ​តាម​លំដាប់​នូវ​មូលហេតុ​ដែល​ប្អូន​ចង់​រើ​ចេញ​ពី​ផ្ទះ។

․․․․․ ចង់​គេច​ពី​បញ្ហា​ក្នុង​ផ្ទះ

․․․․․ ចង់​មាន​សេរី​ភាព​ច្រើន​ជាង

․․․․․ ចង់​ឲ្យ​មិត្ត​ភក្តិ​កោត​សរសើរ

․․․․․ ចង់​ជួយ​មិត្ត​ភក្តិ​ដែល​ត្រូវ​ការ​អ្នក​ស្នាក់​នៅ​ជា​មួយ

․․․․․ ចង់​ធ្វើ​កិច្ច​ការ​ស្ម័គ្រ​ចិត្ត​នៅ​កន្លែង​ផ្សេង​ទៀត

․․․․․ ចង់​មាន​បទ​ពិសោធន៍​រស់​នៅ​ដោយ​ខ្លួន​ឯង

․․․․․ ចង់​សម្រាល​បន្ទុក​ឪពុក​ម្ដាយ

․․․․․ ផ្សេង​ទៀត ․․․․․

មូលហេតុ​ទាំង​នោះ​មិន​មែន​មិន​ល្អ​ទេ។ ប៉ុន្តែ តើ​នោះ​ពិត​ជា​មូលហេតុ​របស់​ប្អូន​មែន​ឬ? ជា​ឧទាហរណ៍ បើ​ប្អូន​ចង់​រើ​ចេញ​ពី​ផ្ទះ​ដោយ​គ្រាន់​តែ​ចង់​គេច​ពី​ច្បាប់​ក្នុង​គ្រួសារ នោះ​ប្អូន​ទំនង​ជា​ចង់​សាក​មើល​ថា តើ​ជីវិត​នៅ​ខាង​ក្រៅ​និង​ជីវិត​នៅ​ជា​មួយ​ក្រុម​គ្រួសារ​ខុស​គ្នា​យ៉ាង​ណា?

ប្អូន​ដាញែល​ដែល​បាន​រើ​ចេញ​ពី​ផ្ទះ​អស់​មួយ​រយៈ​នៅ​អាយុ​២០​ឆ្នាំ បាន​រៀន​ច្រើន​ពី​បទ​ពិសោធន៍​នោះ។ នាង​និយាយ​ថា​៖ ​«​ក្នុង​ជីវិត​តែង​តែ​មាន​ការ​រឹត​បន្តឹង​មួយ​ចំនួន។ ជា​ឧទាហរណ៍ ពេល​អ្នក​ចេញ​ទៅ​រស់​នៅ​ដោយ​ខ្លួន​ឯង អ្នក​ត្រូវ​ធ្វើ​ការ ហើយ​បើ​អ្នក​គ្មាន​លុយ អ្នក​មិន​អាច​ធ្វើ​តាម​ចិត្ត​ខ្លួន​ឡើយ​»។ ខាមែន​ដែល​បាន​រើ​ទៅ​រស់​នៅ​ប្រទេស​ក្រៅ​អស់​រយៈ​ពេល​៦​ខែ បាន​និយាយ​ថា​៖ ​«​នោះ​ជា​បទ​ពិសោធន៍​ដ៏​រីករាយ​មួយ តែ​ជា​រឿយ​ៗ​ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​ពេល​ទំនេរ​សោះ! ព្រោះ​ខ្ញុំ​ត្រូវ​សម្អាត​បន្ទប់ ជួស​ជុល​អ្វី​ដែល​ខូច ថែ​សួន​មុខ​ផ្ទះ និង​បោក​ខោ​អាវ​ដោយ​ខ្លួន​ឯង​ជា​ដើម​»។

កុំ​សម្រេច​ចិត្ត​ដោយ​សារ​តែ​សម្ពាធ​ពីអ្នក​ដទៃ។ (​សុភាសិត ២៩:២០​) ទោះ​ជា​ប្អូន​មាន​មូលហេតុ​ល្អ​ក្នុង​ការ​រើ​ចេញ​ពី​ផ្ទះ​ក៏​ដោយ នោះ​មិន​គ្រប់​គ្រាន់​ទេ តែ​ប្អូន​ត្រូវ​រៀន​ធ្វើ​ការ​និង​ចេះ​មើល​ថែ​ខ្លួន​ជា​មុន​សិន។ ចំណុច​នេះ​នាំ​ទៅ​ដល់​សំណួរ​ទី​២ គឺ . . .

តើ​ខ្ញុំ​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ?

ការ​ចេញ​ទៅ​រស់​នៅ​ដោយ​ខ្លួន​ឯង គឺ​ប្រៀប​ដូច​ជា​ការ​ដើរ​ព្រៃ។ តើ​ប្អូន​ហ៊ាន​ចូល​ទៅ​ក្នុង​ព្រៃ​ទេ បើ​ប្អូន​មិន​ចេះ​បោះ​តង់ បង្កាត់​ភ្លើង ធ្វើ​ម្ហូប ឬ​មើល​ផែន​ទី? ទំនង​ជា​មិន​ហ៊ាន​ទេ! ប៉ុន្តែ ប្អូន​ៗ​វ័យ​ក្មេង​ជា​ច្រើន​រើ​ចេញ​ពី​ផ្ទះ ទាំង​ដែល​មិន​ចេះ​មើល​ថែ​និង​ចិញ្ចឹម​ខ្លួន​ឯង។

ស្ដេច​សាឡូម៉ូន​ដ៏​មាន​ប្រាជ្ញា​និយាយ​ថា​៖ ​«​មនុស្ស​ឆោត​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​ឈ្លាស​វៃ​រមែង​គិត​ពិចារណា​ជា​មុន​សិន​»។ (​សុភាសិត ១៤:១៥​) ដើម្បី​ដឹង​ថា​ប្អូន​ពិត​ជា​បាន​ត្រៀម​ខ្លួន​ហើយ សូម​ពិចារណា​ចំណុច​ដូច​ត​ទៅ។ សូម​ដាក់​សញ្ញា ✔ លើ​ចំណុច​ដែល​ប្អូន​ចេះ ហើយ​ដាក់​សញ្ញា X លើ​ចំណុច​ដែល​ប្អូន​ត្រូវ​បន្ត​ព្យាយាម។

ចេះ​ចាត់​ចែង​លុយ​កាក់​៖ សឺរីណឺ អាយុ​១៩​ឆ្នាំ និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ធ្លាប់​ធ្វើ​ការ​ទូទាត់​ដោយ​ខ្លួន​ឯង​លើ​រឿង​អ្វី​ឡើយ។ ខ្ញុំ​ខ្លាច​ការ​រើ​ចេញ​ពី​ផ្ទះ ហើយ​ភ័យ​ដែល​ត្រូវ​ចាត់​ចែង​លុយ​កាក់​ដោយ​ខ្លួន​ឯង​»។ តើ​ប្អូន​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ចេះ​ចាត់​ចែង​លុយ​កាក់?

សុភាសិត​ក្នុង​គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​ដែល​មាន​ប្រាជ្ញា​នឹង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ដើម្បី​រៀន​ថែម​ទៀត​»។ (​សុភាសិត ១:៥​) ដូច្នេះ សូម​សួរ​ឪពុក​ម្ដាយ​របស់​ប្អូន​ថា មួយ​សប្តាហ៍​សម្រាប់​មនុស្ស​ម្នាក់​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន ក្នុង​ការ​បង់​ថ្លៃ​ជួល​ផ្ទះ ថ្លៃ​អាហារ ថ្លៃ​សាំង ឬ​ថ្លៃ​ធ្វើ​ដំណើរ​ផ្សេង​ទៀត។ បន្ទាប់​មក សូម​ឲ្យ​ពួក​គាត់​បង្រៀន​ប្អូន​អំពី​របៀប​ចាត់​ចែង​លុយ​កាក់ និង​ទូទាត់​វិក្កយបត្រ​ផ្សេង​ៗ។ a

ចេះ​ធ្វើ​កិច្ច​ការ​ផ្ទះ​៖ ប្រាយអេន អាយុ​១៧​ឆ្នាំ និយាយ​ថា បើ​គាត់​ចេញ​ទៅ​រស់​នៅ​ដោយ​ខ្លួន​ឯង អ្វី​ដែល​ពិបាក​បំផុត​គឺ​បោក​ខោ​អាវ។ តើ​ប្អូន​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ប្អូន​អាច​មើល​ថែ​ខ្លួន​បាន? អេរឺន អាយុ​២០​ឆ្នាំ បាន​ជូន​យោបល់​មួយ​ថា​៖ ​«​សូម​សាក​ល្បង​រស់​នៅ​ដោយ​ខ្លួន​ឯង​មួយ​សប្ដាហ៍​សិន ដើម្បី​មើល​ថា​តើ​អ្នក​អាច​បង់​ចំណាយ​ទៅ​លើ​អាហារ ចេះ​ធ្វើ​ម្ហូប និង​ចេះ​ទៅ​ផ្សារ​ដោយ​ខ្លួន​ឯង​ឬ​យ៉ាង​ណា។ អ្នក​ក៏​ត្រូវ​បោក​ខោ​អាវ អ៊ុត​ខោ​អាវ និង​សម្អាត​ផ្ទះ​ដោយ​ខ្លួន​ឯង​ដែរ ហើយ​ពេល​ទៅ​ណា​មក​ណា មិន​ចាំ​បាច់​មាន​អ្នក​ជូន​ទៅ ឬ​អ្នក​មក​ទទួល​ឡើយ​»។ បើ​ប្អូន​ធ្វើ​តាម​យោបល់​នោះ (​១​) ប្អូន​អាច​ចិញ្ចឹម​និង​មើល​ថែ​ខ្លួន​បាន ហើយ​(​២​) ប្អូន​នឹង​ដឹង​គុណ​ឪពុក​ម្ដាយ​កាន់​តែ​ខ្លាំង​ចំពោះ​កិច្ចការ​ដែល​ពួក​គាត់​បាន​ធ្វើ​សម្រាប់​ប្អូន។

ចេះ​ចុះ​សម្រុង​៖ តើ​ប្អូន​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ឪពុក​ម្ដាយ​និង​បង​ប្អូន​បង្កើត​របស់​ប្អូន​ឬ​ទេ? បើ​អត់​ទេ ប្អូន​ប្រហែល​ជា​គិត​ថា ការ​រើ​ទៅ​នៅ​ជា​មួយ​មិត្ត​ភក្តិ​ប្រហែល​ជា​ស្រួល​ជាង។ ប៉ុន្តែ សូម​ពិចារណា​អ្វី​ដែល​ប្អូន​អេវ៉ា អាយុ​១៨​ឆ្នាំ បាន​ប្រាប់​ថា​៖ ​«​មិត្ត​ភក្តិ​របស់​ខ្ញុំ​ពីរ​នាក់​បាន​រើ​ទៅ​រស់​នៅ​ជា​មួយ​គ្នា។ ពួក​គេ​ធ្លាប់​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា។ ប៉ុន្តែ ក្រោយ​មក​ពួក​គេ​មិន​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​ឡើយ ព្រោះ​ម្នាក់​មាន​របៀប​រៀប​រយ តែ​ម្នាក់​ទៀត​គ្មាន​សណ្ដាប់​ធ្នាប់។ ម្នាក់​យក​ចិត្ត​ទុក​ដាក់​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ ហើយ​ម្នាក់​ទៀត​មិន​សូវ​ទេ។ ពួក​គេ​ផ្ទុយ​គ្នា​ទាំង​ស្រុង!​»។

តើ​មាន​ដំណោះ​ស្រាយ​អ្វី? អ៊ែរិន អាយុ​១៨​ឆ្នាំ និយាយ​ថា​៖ ​«​ពេល​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ អ្នក​អាច​រៀន​ច្រើន​អំពី​របៀប​សម្រប​ខ្លួន​ជា​មួយ​អ្នក​ដទៃ។ អ្នក​រៀន​ពី​របៀប​ដោះ​ស្រាយ​បញ្ហា និង​ចេះ​យល់​យោគ។ ខ្ញុំ​សង្កេត​ឃើញ​ថា ពួក​អ្នក​ដែល​ចាក​ចេញ​ពី​ផ្ទះ​ដើម្បី​ជៀស​វាង​ជម្លោះ​ជា​មួយ​នឹង​ឪពុក​ម្ដាយ គឺ​គ្រាន់​តែ​រៀន​រត់​គេច​ពី​បញ្ហា​ប៉ុណ្ណោះ មិន​មែន​រៀន​ឲ្យ​ចេះ​ដោះ​ស្រាយ​បញ្ហា​ទេ​»។

រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​៖ អ្នក​ខ្លះ​រើ​ចេញ​ពី​ផ្ទះ​ដោយ​សារ​មិន​ចង់​ចូល​រួម​សកម្មភាព​ខាង​សាសនា​របស់​ឪពុក​ម្ដាយ។ រីឯ​អ្នក​ខ្លះ​ទៀត​មាន​បំណង​រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់។ ប៉ុន្តែ បន្តិច​ម្ដង​ៗ​ពួក​គេ​ឈប់​ធ្វើ​ត​ទៅ​ទៀត។ តើ​ប្អូន​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​‹ជំនឿ​របស់​ប្អូន​ខូច​ទៅ ដូច​សំពៅ​ដែល​លិច​លង់›។ bធីម៉ូថេ​ទី​១ ១:១៩

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ទាំង​អស់​គ្នា​ពិសោធ​មើល​ដោយ​ផ្ទាល់​ខ្លួន ដើម្បី​ឲ្យ​ដឹង​ប្រាកដ​នូវ​អ្វី​ដែល​យើង​ជឿ។ (​រ៉ូម ១២:១, ២​) ដូច្នេះ ចូរ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន ចូល​រួម​កិច្ច​ប្រជុំ និង​កិច្ច​ផ្សព្វ​ផ្សាយ​យ៉ាង​ទៀង​ទាត់។ ប្អូន​អាច​សរសេរ​កាល​វិភាគ​នៅ​ក្នុង​ប្រតិទិន​របស់​ប្អូន ហើយ​ព្យាយាម​ធ្វើ​តាម​ក្នុង​រយៈ​ពេល​មួយ​ខែ ដោយ​មិន​ចាំ​បាច់​មាន​ការ​ដាស់​តឿន​ពី​ឪពុក​ម្ដាយ។

ចុង​ក្រោយ សំណួរ​ទី​៣​ដែល​ប្អូន​ត្រូវ​ពិចារណា គឺ . . .

តើ​ខ្ញុំ​មាន​គោល​ដៅ​អ្វី​ខ្លះ?

តើ​ប្អូន​ចង់​រើ​ចេញ​ពី​ផ្ទះ​ដើម្បី​គេច​ពី​បញ្ហា ឬ​មិន​ចង់​នៅ​ក្រោម​ឱវាទ​របស់​ឪពុក​ម្ដាយ​ឬ​ទេ? បើ​ដូច្នេះ​មែន ប្អូន​គ្រាន់​តែ​ផ្ដោត​ទៅ​លើ​ស្ថានភាព​ដែល​ធ្វើ​ឲ្យ​ប្អូន​ចង់​ចាក​ចេញ​ពី​ផ្ទះ​ប៉ុណ្ណោះ មិន​មែន​ផ្ដោត​ទៅ​លើ​គោល​ដៅ​ដែល​នៅ​ខាង​មុខ​ឡើយ។ នេះ​ប្រៀប​ដូច​ជា​ប្អូន​ខំ​ប្រឹង​បើក​បរ តែ​ភ្នែក​សំឡឹង​មើល​កញ្ចក់​ខាង​ក្រោយ​ជាប់ រហូត​ដល់​មិន​មើល​អ្វី​ដែល​នៅ​ខាង​មុខ។ តើ​មាន​មេ​រៀន​អ្វី? កុំ​ផ្ដោត​ខ្លាំង​ពេក​ទៅ​លើ​មូលហេតុ​ដែល​ប្អូន​ចង់​រើ​ចេញ​ពី​ផ្ទះ តែ​ត្រូវ​សម្លឹង​មើល​ទៅ​គោល​ដៅ​ល្អ​ដែល​នៅ​ខាង​មុខ។

យុវវ័យ​ខ្លះ​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​បាន​រើ​ទៅ​តំបន់​ផ្សេង ឬ​ទៅ​ប្រទេស​ក្រៅ​ដើម្បី​ផ្សព្វ​ផ្សាយ។ យុវវ័យ​ខ្លះ​ទៀត​បាន​ផ្លាស់​ទៅ​ជួយ​សាង​សង់​សាល​ប្រជុំ ឬ​ទៅ​បម្រើ​នៅ​ការិយាល័យ​សាខា​របស់​សាក្សី​ព្រះ​យេហូវ៉ា។ រីឯ​ប្អូន​ៗ​ខ្លះ​ទៀត ពួក​គេ​មាន​អារម្មណ៍​ថា​ចង់​រស់​នៅ​ដោយ​ខ្លួន​ឯង​មួយ​រយៈ​សិន មុន​ពេល​រៀប​ការ។ c

មិន​ថា​ប្អូន​មាន​គោល​ដៅ​បែប​ណា​ទេ សូម​គិត​ឲ្យ​បាន​ដិត​ដល់។ សុភាសិត​ក្នុង​គម្ពីរ​ចែង​ថា​៖ ​«​គម្រោង​របស់​មនុស្ស​ឧស្សាហ៍​នឹង​បាន​ជោគ​ជ័យ​ជា​មិន​ខាន តែ​អស់​អ្នក​ដែល​ធ្វើ​អ្វី​ដោយ​តក់​ក្រហល់ ប្រាកដ​ជា​នឹង​ទ័ល​ក្រ​»។ (​សុភាសិត ២១:៥​) សូម​ស្ដាប់​តាម​ដំបូន្មាន​របស់​ឪពុក​ម្ដាយ។ (​សុភាសិត ២៣:២២​) សូម​អធិដ្ឋាន​អំពី​រឿង​នោះ។ បន្ថែម​ទៅ​ទៀត មុន​សម្រេច​ចិត្ត សូម​គិត​អំពី​គោល​ការណ៍​គម្ពីរ​ដែល​ទើប​តែ​បាន​លើក​ឡើង។

ជា​ជាង​គិត​សំណួរ​ថា ‹តើ​ខ្ញុំ​ត្រៀម​ខ្លួន​រើ​ចេញ​ពី​ផ្ទះ​ហើយ​ឬ​នៅ?› សូម​គិត​សំណួរ​ថា​‹តើ​ខ្ញុំ​ចេះ​មើល​ថែ​ខ្លួន​ឯង​ហើយ​ឬ​នៅ?›។ បើ​ប្អូន​ឆ្លើយ​ថា​បាទ/ចាស ចំពោះ​សំណួរ​ចុង​ក្រោយ នោះ​មាន​ន័យ​ថា​ប្អូន​ប្រហែល​ជា​បាន​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​ចេញ​ទៅ​រស់​នៅ​ដោយ​ខ្លួន​ឯង។

[​កំណត់​សម្គាល់​]

a ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត សូម​មើល​ជំពូក​ទី​១៩ ក្បាល​ទី​២

b ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត សូម​មើល​ជំពូក​ទី​៣៤​និង​៣៥ ក្បាល​ទី​២

c ក្នុង​វប្បធម៌​ខ្លះ ជា​ពិសេស​កូន​ស្រី​ត្រូវ​រស់​នៅ​ជា​មួយ​នឹង​ឪពុក​ម្ដាយ​រហូត​ដល់​ថ្ងៃ​រៀប​ការ។ គម្ពីរ​មិន​បាន​ផ្ដល់​ការ​ណែនាំ​ជាក់​លាក់​ស្ដី​អំពី​រឿង​នេះ​ឡើយ។

បទ​គម្ពីរ​សំខាន់

​«​បុរស​នឹង​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ខ្លួន​»។—ម៉ាថាយ ១៩:៥

យោបល់

សាក​ល្បង​បង់​ប្រាក់​ឲ្យ​ឪពុក​ម្ដាយ​របស់​ប្អូន​សម្រាប់​ថ្លៃ​អាហារ ស្នាក់​នៅ និង​ចំណាយ​ផ្សេង​ទៀត​មួយ​រយៈ​សិន។ បើ​ប្អូន​មិន​អាច​បង់​ឬ​មិន​ចង់​បង់​ប្រាក់ នោះ​ប្អូន​ទំនង​ជា​មិន​ទាន់​ត្រៀម​ខ្លួន​រើ​ចេញ​ពី​ផ្ទះ​ទេ។

តើ​ប្អូន​ដឹង​ទេ . . . ?

ការ​រើ​ចេញ​ពី​ផ្ទះ​អាច​ធ្វើ​ឲ្យ​ប្អូន​សប្បាយ​ចិត្ត​តិច​ឬ​ច្រើន គឺ​អាស្រ័យ​លើ​មូលហេតុ​ដែល​ជំរុញ​ចិត្ត​ប្អូន​ឲ្យ​ធ្វើ​ដូច្នោះ។

គម្រោង​អនុវត្ត!

ខ្ញុំ​ចង់​រើ​ចេញ​ពី​ផ្ទះ ដោយ​សារ​ខ្ញុំ​ចង់​សម្រេច​គោល​ដៅ​គឺ ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● តើ​ការ​ស្នាក់​នៅ​មួយ​រយៈ​ជា​មួយ​ក្រុម​គ្រួសារ​មាន​ប្រយោជន៍​អ្វី​ខ្លះ ទោះ​ជា​ប្អូន​ពិបាក​រស់​នៅ​ជា​មួយ​ពួក​គាត់​ក៏​ដោយ?

● ពេល​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ តើ​ប្អូន​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ពួក​គាត់ និង​ដើម្បី​ត្រៀម​ខ្លួន​រើ​ចេញ​ពី​ផ្ទះ?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៥២​]

​«​អេរឺន និយាយ​ថា​៖ ‹ជា​រឿង​ធម្មតា​ទេ​ដែល​មនុស្ស​ចង់​បាន​សេរី​ភាព។ ប៉ុន្តែ បើ​អ្នក​រើ​ចេញ​ពី​ផ្ទះ​ដោយ​សារ​តែ​គេច​ចេញ​ពី​ច្បាប់​ក្នុង​គ្រួសារ នោះ​បង្ហាញ​ថា​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​រើ​ចេញ​ទៅ​នៅ​ក្រៅ​ឡើយ›​»​

[​រូបភាព​នៅ​ទំព័រ​៥០, ៥១​]

ការ​រើ​ចេញ​ពី​ផ្ទះ​គឺ​ប្រៀប​ដូច​ជា​ការ​ដើរ​ព្រៃ ប្អូន​ត្រូវ​ស្គាល់​ពី​វិធី​រស់​ក្នុង​ព្រៃ មុន​ចាប់​ផ្ដើម​ចេញ​ដំណើរ