តើខ្ញុំអាចនិយាយយ៉ាងណាឲ្យឪពុកម្ដាយយល់ចិត្ត?
ជំពូកទី១
តើខ្ញុំអាចនិយាយយ៉ាងណាឲ្យឪពុកម្ដាយយល់ចិត្ត?
រ៉ូសារៀបរាប់ថា៖ «ខ្ញុំព្យាយាមប្រាប់ប៉ាម៉ាក់ពីអារម្មណ៍របស់ខ្ញុំ។ ប៉ុន្តែ ខ្ញុំមិនទាន់ទាំងបានចូលសាច់រឿងផង ស្រាប់តែពួកគាត់កាត់សម្ដីខ្ញុំភ្លាម។ នេះធ្វើឲ្យខ្ញុំពិបាកនិយាយអស់ពីចិត្តប្រាប់ពួកគាត់ណាស់!»។
ជាធម្មតាពេលនៅវ័យកុមារ មិនថាមានរឿងតូចឬរឿងធំទេ ប្អូននិយាយប្រាប់ឪពុកម្ដាយជានិច្ច។ ប្អូនប្រាប់ពួកគាត់ដោយឥតលាក់លៀមអំពីគំនិតនិងអារម្មណ៍របស់ប្អូន ហើយប្អូនតែងទុកចិត្តយោបល់របស់ពួកគាត់។
ប៉ុន្តែ ឥឡូវប្អូនប្រហែលជាមានអារម្មណ៍ថា ឪពុកម្ដាយលែងយល់ពីប្អូនទៀត។ យុវតីម្នាក់ឈ្មោះអេឌី ប្រាប់ថា៖ «នៅល្ងាចមួយពេលកំពុងញាំបាយ ខ្ញុំស្រាប់តែយំ ហើយប្រាប់ប៉ាម៉ាក់អំពីអារម្មណ៍របស់ខ្ញុំ។ ពួកគាត់បានស្ដាប់ខ្ញុំ ប៉ុន្តែ
មើលទៅពួកគាត់មិនយល់ពីខ្ញុំទេ»។ តើមានលទ្ធផលអ្វី? «ខ្ញុំក៏រត់ទៅបន្ទប់គេង ហើយយំកាន់តែខ្លាំង!»។ផ្ទុយទៅវិញ ពេលខ្លះប្អូនប្រហែលជាមិនចង់ប្រាប់ឪពុកម្ដាយឡើយ។ ប្អូនប្រុសម្នាក់ឈ្មោះគ្រិស្តតូហ្វើ រៀបរាប់ថា៖ «ខ្ញុំចូលចិត្តនិយាយជាមួយឪពុកម្ដាយអំពីរឿងជាច្រើន តែជួនកាលរឿងខ្លះ ខ្ញុំមិនប្រាប់ពួកគាត់ឲ្យដឹងទេ»។
តើខុសទេ ដែលប្អូនធ្វើដូច្នេះ? មិនខុសទេ ដរាបណាប្អូនមិននិយាយកុហក។ (សុភាសិត ៣:៣២) ប៉ុន្តែ ទោះជាឪពុកម្ដាយហាក់ដូចជាមិនយល់ពីប្អូន ឬក៏ប្អូនមិនចង់ឲ្យពួកគាត់ដឹងរឿងទាំងអស់ក្ដី ប្អូនគួរនិយាយប្រាប់ឪពុកម្ដាយ ហើយឪពុកម្ដាយគួរស្ដាប់ប្អូននិយាយ។
កុំឈប់ព្យាយាម!
ការនិយាយជាមួយនឹងឪពុកម្ដាយ ប្រៀបដូចជាការបើកបរ។ បើប្អូនជួបឧបសគ្គនៅលើផ្លូវ ប្អូនមុខជាមិនឈប់បើកបរទេ ប្អូនច្បាស់ជារកវិធីផ្សេងទៀតដើម្បីបន្តដំណើរ។ សូមពិចារណាឧទាហរណ៍ពីរ។
ឧបសគ្គទី១ ប្អូនមានរឿងចង់ប្រាប់ តែឪពុកម្ដាយហាក់ដូចជាមិនស្ដាប់។ យុវតីម្នាក់ឈ្មោះលេអា ពោលថា៖ «ខ្ញុំពិបាកប្រាប់រឿងណាមួយដល់ប៉ារបស់ខ្ញុំណាស់ ព្រោះច្រើនដងពេលខ្ញុំនិយាយជាមួយគាត់បានមួយសន្ទុះ គាត់ក៏សួរថា‹អំបាញ់មិញ កូននិយាយរឿងអ្វី?›»។
សំណួរ៖ បើលេអាពិតជាមានរឿងដែលត្រូវនិយាយជាមួយនឹងប៉ាមែន តើនាងគួរធ្វើយ៉ាងណា? យ៉ាងហោចណាស់ នាងមានជម្រើសបី។
ជម្រើស ក
ស្រែកដាក់ប៉ា។ លេអានិយាយខ្លាំងៗថា៖ «ប៉ា ខ្ញុំមានរឿងសំខាន់។ ហេតុអ្វីប៉ាមិនស្ដាប់ខ្ញុំ?»។
ជម្រើស ខ
ឈប់និយាយជាមួយប៉ា។ លេអាលែងចង់ប្រាប់អំពីបញ្ហារបស់ខ្លួន។
ជម្រើស គ
ស្វែងរកពេលដែលល្អជាងដើម្បីនិយាយម្ដងទៀត។ លេអាប្រាប់ប៉ានៅពេលក្រោយ ឬសរសេរសំបុត្រប្រាប់ប៉ាអំពីបញ្ហារបស់នាង។
តើប្អូនគិតថាលេអាគួរយកជម្រើសមួយណា? ․․․․․
សូមគិតមើលថាជម្រើសនីមួយៗនឹងនាំឲ្យមានលទ្ធផលបែបណា។
ប៉ារបស់លេអាកំពុងរវល់គិតរឿងផ្សេង ហើយមិនបានកត់សម្គាល់ថាកូនអន់ចិត្តទេ។ ម្ល៉ោះហើយ បើលេអាធ្វើតាមជម្រើស ក ប៉ារបស់នាងនឹងមិនយល់ពីមូលហេតុដែលនាងស្រែកដាក់គាត់ឡើយ។ ជម្រើសនេះមិនត្រឹមតែធ្វើឲ្យប៉ាមិនចង់ស្ដាប់អ្វីដែលកូននិយាយប៉ុណ្ណោះទេ តែក៏បង្ហាញថាកូនមិនគោរពប៉ាផងដែរ។ (អេភេសូរ ៦:២) ដូច្នេះ នេះមិនមែនជាជម្រើសល្អឡើយ។
ជម្រើស ខ ប្រហែលជាស្រួលជាងគេ តែមើលទៅមិនមែនជាជម្រើសឈ្លាសវៃឡើយ។ ហេតុអ្វី? ពីព្រោះ«បើគ្មានការប្រឹក្សាទេ នោះគម្រោងនឹងបរាជ័យ»។ (សុភាសិត ១៥:២២) បើលេអាចង់ដោះ ស្រាយបញ្ហារបស់ខ្លួន នាងត្រូវនិយាយជាមួយប៉ា ហើយប៉ាអាចជួយកូនបាន លុះត្រាតែគាត់ដឹងថាកូនមានរឿងអ្វី។ ដូច្នេះ ការឈប់និយាយជាមួយប៉ាក៏ជាវិធីមិនល្អដូចគ្នា។
ជម្រើស គ ទោះជាលេអាជួបឧបសគ្គក៏ដោយ នាងមិនឈប់ព្យាយាមទេ។ ផ្ទុយទៅវិញ នាងរកឱកាសនិយាយអំពីរឿងនោះនៅពេលផ្សេងទៀត ឬនាងសរសេរសំបុត្រប្រាប់ប៉ារបស់នាង។ ការធ្វើដូច្នេះអាចជួយនាងឲ្យស្រួលចិត្តជាងក្នុងការប្រាប់អំពីអារម្មណ៍របស់ខ្លួន។ ពេលប៉ាអានសំបុត្ររបស់កូន នោះគាត់នឹងដឹងនូវអ្វីដែលកូនចង់និយាយ ហើយនេះអាចជួយគាត់ឲ្យយល់ពីបញ្ហារបស់កូនកាន់តែច្បាស់។ ដូច្នេះ ជម្រើស គ គឺល្អសម្រាប់លេអានិងប៉ារបស់នាង។
ក្រៅពីជម្រើសទាំងនោះ តើលេអាអាចមានជម្រើសអ្វីទៀតទេ? សូមប្អូនគិតជម្រើសមួយ ហើយសរសេរនៅខាងក្រោមនេះ និងលទ្ធផលផងដែរ។
․․․․․
ឧបសគ្គទី២ ឪពុកម្ដាយចង់និយាយ តែប្អូនមិនចង់និយាយ។ ប្អូនស្រីឈ្មោះសារ៉ា ប្រាប់ថា៖ «ខ្ញុំធុញជាងគេ គឺពេលចេញពីសាលាមកដល់ផ្ទះវិញ ត្រូវប៉ាម៉ាក់សួរនាំច្រើន។ ខ្ញុំមិនចង់គិតអំពីសាលាទេ តែភ្លាមៗប៉ាម៉ាក់ខ្ញុំសួរថា៖ ‹ទៅរៀនថ្ងៃនេះម៉េចដែរ? តើមានបញ្ហាអ្វីទេ?›»។ ឪពុកម្ដាយប្រាកដជាយកចិត្តទុកដាក់ចំពោះសារ៉ា បានជាពួកគាត់សួរបែបនោះ។ ប៉ុន្តែ សារ៉ាត្អូញត្អែរថា៖
«ពេលខ្ញុំហត់ ហើយតានតឹងចិត្ត ខ្ញុំមិនចង់និយាយអំពីរឿងនៅសាលាទាល់តែសោះ!»។សំណួរ៖ តើសារ៉ាអាចធ្វើអ្វីក្នុងស្ថានភាពបែបនេះ? ដូចករណីខាងលើដែរ យ៉ាងហោចណាស់នាងមានជម្រើសបី។
ជម្រើស ក
មិននិយាយ។ សារ៉ាប្រាប់ថា៖ «ពេលនេះខ្ញុំមិនចង់និយាយអ្វីទាំងអស់។ ខ្ញុំចង់នៅស្ងាត់ម្នាក់ឯង!»។
ជម្រើស ខ
និយាយទាំងបង្ខំចិត្ត។ ទោះជាសារ៉ាមានអារម្មណ៍តានតឹងក្ដី នាងឆ្លើយសំណួរឪពុកម្ដាយដោយទើសទាល់។
ជម្រើស គ
និយាយ«អំពីរឿងនៅសាលា»ក្នុងពេលផ្សេង តែបន្តនិយាយអំពីរឿងមួយទៀត។ សារ៉ាប្រាប់ឪពុកម្ដាយថានាងនឹងនិយាយអំពីរឿងនៅសាលា ក្នុងកាលដែលនាងមានអារម្មណ៍ល្អជាង។ រួចនាងសួរឪពុកម្ដាយដោយចិត្តស្មោះថា៖ «តើថ្ងៃនេះប៉ាម៉ាក់ម៉េចដែរ?»។
តើប្អូនគិតថាសារ៉ាគួរយកជម្រើសមួយណា? ․․․․․
ម្ដងទៀត សូមគិតមើលថាជម្រើសនីមួយៗនឹងនាំឲ្យមានលទ្ធផលបែបណា។
សារ៉ាកំពុងតានតឹងចិត្ត ហើយមិនចង់និយាយអ្វីសោះ។ បើនាងជ្រើសរើសធ្វើតាមជម្រើស ក នាងនឹងនៅតែតានតឹងចិត្ត ថែមទាំងមានអារម្មណ៍ថាខ្លួនខុសដែលបញ្ចេញកំហឹងដាក់ឪពុកម្ដាយ។—សុភាសិត ២៩:១១
ទន្ទឹមនឹងនោះដែរ ឪពុកម្ដាយមុខជាឈឺចិត្ត ដោយសារសារ៉ាផ្ទុះកំហឹងដាក់
ពួកគាត់ ឬនៅស្ងៀមមិនតបឆ្លើយមកពួកគាត់វិញ។ ពួកគាត់ប្រហែលជាសង្ស័យថាសារ៉ាមានរឿងលាក់បាំង ដូច្នេះពួកគាត់នឹងព្យាយាមជជីកសួរ ដែលធ្វើឲ្យសារ៉ាតានតឹងចិត្តរឹតតែខ្លាំង។ ទីបំផុត ជម្រើសនេះមិនអាចជួយដោះស្រាយបញ្ហាឡើយ។ជម្រើស ខ ល្អជាងជម្រើស ក។ យ៉ាងហោចណាស់ សារ៉ានិងឪពុកម្ដាយអាចនិយាយគ្នាបាន។ ប៉ុន្តែ ដោយសារសារ៉ាបង្ខំខ្លួននិយាយ នោះទាំងនាងទាំងឪពុកម្ដាយប្រហែលជាពិបាកមានអារម្មណ៍ស្រួលក្នុងសន្ទនាគ្នាឲ្យអស់ពីចិត្ត។
ប៉ុន្តែ បើសារ៉ាធ្វើតាមជម្រើស គ នោះនាងនឹងមានអារម្មណ៍ប្រសើរជាង ព្រោះនាងមិនចាំបាច់ត្រូវនិយាយអំពីរឿងនៅ«សាលា»ឥឡូវទេ។ ឪពុកម្ដាយនាងក៏នឹងសប្បាយចិត្តដែរ ពេលឃើញកូនព្យាយាមនិយាយជាមួយពួកគាត់។ ជម្រើសនេះទំនងជានាំឲ្យមានលទ្ធផលល្អបំផុត ដោយសារភាគីទាំងសងខាងធ្វើតាមគោលការណ៍នៅភីលីព ២:៤ ដែលថា៖ «ចូរបន្តយកចិត្តទុកដាក់ចំពោះអ្នកឯទៀត មិនត្រូវគិតតែអំពីរឿងផ្ទាល់ខ្លួនប៉ុណ្ណោះទេ»។
កុំនិយាយអ្វីដែលនាំឲ្យយល់ន័យខុស
សូមចាំថា ពេលខ្លះអ្វីដែលប្អូននិយាយនាំឲ្យឪពុកម្ដាយយល់ន័យផ្សេង។ ជាឧទាហរណ៍ ឪពុកម្ដាយសួរប្អូនថា‹ហេតុអ្វីមើលទៅកូនមិនសប្បាយចិត្ត?› ប្អូនឆ្លើយថា«ខ្ញុំមិនចង់និយាយទេ»។ ប៉ុន្តែ ឪពុកម្ដាយប្រហែលជាយល់ន័យថា«ខ្ញុំមិនទុកចិត្តប៉ាម៉ាក់ទេ ដូច្នេះខ្ញុំមិនចង់ប្រាប់»។ ឥឡូវសូមប្អូនស្រមៃថា ប្អូនកំពុងជួបរឿងពិបាកមួយ ហើយឪពុកម្ដាយប្រាប់ថាចង់ជួយប្អូន។ ប៉ុន្តែ បើប្អូនឆ្លើយតបពាក្យបែបនេះ តើពួកគាត់នឹងយល់ន័យអ្វី? សូមបំពេញចម្លើយនៅបន្ទាត់ខាងក្រោម។
បើប្អូនតបថា៖ «កុំបារម្ភ ខ្ញុំអាចដោះស្រាយដោយខ្លួនឯងបាន»។
ឪពុកម្ដាយប្អូនប្រហែលជាយល់ន័យថា៖ ․․․․․
ល្អជាងបើប្អូនតបថា៖ ․․․․․
តើប្អូនគួរចាំចំណុចអ្វី? ចូរជ្រើសរើសពាក្យឲ្យបានល្អ ហើយនិយាយដោយសុជីវធម៌។ (កូឡុស ៤:៦) សូមចាត់ទុកឪពុកម្ដាយថាជាអ្នកចាំជួយប្អូន មិនមែនជាអ្នកប្រឆាំងប្អូនទេ។ ប្អូនក៏ត្រូវដឹងដែរថា ដើម្បីអាចដោះស្រាយបញ្ហាបាន ប្អូនត្រូវការជំនួយពីគ្រប់ភាគី។
ចុះបើបញ្ហាមិនមែនដោយសារប្អូនមិននិយាយជាមួយឪពុកម្ដាយ តែបញ្ហាគឺថារាល់ដងឲ្យតែនិយាយ គឺឈ្លោះគ្នារហូត?
បទគម្ពីរសំខាន់
«សម្ដីរបស់ខ្ញុំបញ្ជាក់ថាចិត្តខ្ញុំទៀងត្រង់ ហើយបបូរមាត់ខ្ញុំនិយាយពាក្យពិតស្មោះអស់ពីចិត្ត»។—យ៉ូប ៣៣:៣
យោបល់
បើប្អូនពិបាកអង្គុយនិយាយជាមួយឪពុកម្ដាយអំពីបញ្ហាណាមួយ ប្អូនអាចប្រាប់ពួកគាត់ពីបញ្ហានោះនៅពេលដើរលេង ពេលដើរផ្សារ ឬពេលជិះឡានជាមួយគ្នា។
តើប្អូនដឹងទេ . . . ?
បើប្អូនពិបាកនិយាយជាមួយឪពុកម្ដាយអំពីបញ្ហាណាមួយ នោះឪពុកម្ដាយក៏ប្រហែលជាពិបាកនិយាយជាមួយប្អូនអំពីបញ្ហានោះដូចគ្នា។
គម្រោងអនុវត្ត!
លើកក្រោយ បើខ្ញុំមិនចង់និយាយជាមួយឪពុកម្ដាយ ខ្ញុំនឹង ․․․․․
បើឪពុកម្ដាយបង្ខំខ្ញុំឲ្យនិយាយអំពីរឿងដែលខ្ញុំមិនចង់ប្រាប់ ខ្ញុំនឹង ․․․․․
អ្វីដែលខ្ញុំចង់សួរឪពុកម្ដាយរបស់ខ្ញុំអំពីរឿងនេះគឺ ․․․․․
តើប្អូនគិតយ៉ាងណា?
● ហេតុអ្វីការចេះជ្រើសរើសពេលដើម្បីសន្ទនាជាការសំខាន់?—សុភាសិត ២៥:១១
● តើការព្យាយាមនិយាយជាមួយឪពុកម្ដាយនាំឲ្យមានប្រយោជន៍អ្វី?—យ៉ូប ១២:១២
[ឃ្លាអក្សរធំនៅទំព័រ១០]
«ប្អូនប្រុសដេវើនី ប្រាប់ថា៖ ‹ពេលខ្លះការនិយាយជាមួយឪពុកម្ដាយមិនតែងតែស្រួលទេ។ ប៉ុន្តែ ពេលយើងបើកចិត្តនិយាយជាមួយពួកគាត់ នោះហាក់ដូចជាមានគេដកបន្ទុកដ៏ធ្ងន់ចេញពីទ្រូងរបស់យើង›»
[រូបភាពនៅទំព័រ៨]
ឧបសគ្គនៅលើផ្លូវ មិនមានន័យថាទាល់ច្រកទេ។ ប្អូនអាចរកដំណោះស្រាយបាន បើប្អូននិយាយជាមួយឪពុកម្ដាយ!