លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីឪពុកម្ដាយខ្ញុំបែកគ្នា?

ហេតុអ្វីឪពុកម្ដាយខ្ញុំបែកគ្នា?

ជំពូក​ទី​៤

ហេតុ​អ្វី​ឪពុក​ម្ដាយ​ខ្ញុំ​បែក​គ្នា?

អ៊ីឡេន អាយុ​១៩​ឆ្នាំ រៀប​រាប់​ថា​៖ ​«​ថ្ងៃ​ដែល​ប៉ា​ចាក​ចោល​ពួក​យើង ខ្ញុំ​ក៏​នៅ​ផ្ទះ​ដែរ។ ពេល​នោះ​ខ្ញុំ​អាយុ​តែ​៦​ឆ្នាំ​ប៉ុណ្ណោះ ខ្ញុំ​មិន​យល់​ពី​អ្វី​ដែល​កើត​ឡើង​ទេ។ ខ្ញុំ​កំពុង​អង្គុយ​មើល​ទូរទស្សន៍ ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​ម៉ាក់​យំ ទាំង​អង្វរ​ប៉ា​កុំ​ឲ្យ​ទៅ។ ប៉ា​ចុះ​មក​ក្រោម​ទាំង​កាន់​កាបូប​ខោ​អាវ ហើយ​ឱន​មក​ថើប​ខ្ញុំ រួច​និយាយ​ថា​‹ប៉ា​ស្រឡាញ់​កូន​រហូត›។ បន្ទាប់​មក គាត់​ក៏​ចាក​ចេញ ហើយ​ខ្ញុំ​លែង​បាន​ឃើញ​មុខ​ប៉ា​អស់​រយៈ​ពេល​ជា​យូរ។ ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​ភ័យ​ខ្លាច​ឥត​ឈប់​ថា នៅ​ថ្ងៃ​ណា​មួយ​ម៉ាក់​ក៏​នឹង​ចាក​ចេញ​ពី​ខ្ញុំ​ដែរ​»។

បើ​ឪពុក​ម្ដាយ​ប្អូន​លែង​លះ​គ្នា ប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ពិភព​លោក​ទាំង​មូល​ក្រឡាប់​ចាក់ ហើយ​ថា​ខ្លួន​នឹង​រង​ទុក្ខ​វេទនា​ពេញ​មួយ​ជីវិត។ ការ​លែង​លះ​ច្រើន​តែ​នាំ​ឲ្យ​មាន​កំហឹង អាម៉ាស់​មុខ ថប់​បារម្ភ ភ័យ​ខ្លាច​ការ​បាត់​បង់ បន្ទោស​ខ្លួន បាក់​ទឹក​ចិត្ត ឈឺ​ចាប់ និង​រហូត​ដល់​ចង់​សង​សឹក​ទៀត​ផង។

បើ​ឪពុក​ម្ដាយ​ប្អូន​ទើប​តែ​បែក​បាក់​គ្នា ប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ស្រដៀង​នោះ​ដែរ ហើយ​នេះ​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ដោយ​សារ​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង ចង់​ឲ្យ​កូន​ៗ​ធំ​ឡើង​ក្រោម​ការ​ចិញ្ចឹម​បី​បាច់​ពី​ឪពុក​និង​ម្ដាយ។ (​អេភេសូរ ៦:១​-​៣​) ឥឡូវ​នេះ ឪពុក​ម្ដាយ​ជា​ទី​ស្រឡាញ់​របស់​ប្អូន​មិន​រស់​នៅ​ជុំ​គ្នា​ជា​មួយ​ប្អូន​ទៀត​ឡើយ។ ឪពុក​ម្ដាយ​របស់​ដានីយ៉ែល​បាន​លែង​លះ​គ្នា ពេល​គាត់​មាន​អាយុ​៧​ឆ្នាំ។ ដានីយ៉ែល​ប្រាប់​ថា​៖ ​«​ខ្ញុំ​ពិត​ជា​ស្រឡាញ់​ឪពុក​ខ្ញុំ​ខ្លាំង​ណាស់ ហើយ​ចង់​ទៅ​នៅ​ជា​មួយ​គាត់។ ប៉ុន្តែ ម្ដាយ​ខ្ញុំ​បាន​ទទួល​សិទ្ធិ​ចិញ្ចឹម​ពួក​យើង​»។

មូលហេតុ​ដែល​ឪពុក​ម្ដាយ​បែក​បាក់​គ្នា

ជា​រឿយ​ៗ ពេល​កូន​ដឹង​ថា​ឪពុក​ម្ដាយ​បែក​បាក់​គ្នា នេះ​ធ្វើ​ឲ្យ​កូន​ខក​ចិត្ត​ជា​ខ្លាំង ព្រោះ​មុន​ពេល​នោះ​កូន​មិន​ដឹង​ថា​ឪពុក​ម្ដាយ​មាន​បញ្ហា​នឹង​គ្នា​ទេ ដោយ​សារ​ពួក​គាត់​លាក់​រឿង​យ៉ាង​ជិត។ ឪពុក​ម្ដាយ​រ៉ាជែល​លែង​លះ​គ្នា ពេល​នាង​អាយុ​១៥​ឆ្នាំ។ រ៉ាជែល​ប្រាប់​ថា​៖ ​«​ខ្ញុំ​ពិត​ជា​តក់​ស្លុត​ណាស់ ពេល​ដឹង​ថា​ឪពុក​ម្ដាយ​ខ្ញុំ​លែង​លះ​គ្នា។ ខ្ញុំ​មិន​ដែល​គិត​ថា​ពួក​គាត់​ឈប់​ស្រឡាញ់​គ្នា​ទេ​»។ តាម​ពិត​ទៅ សូម្បី​តែ​ឪពុក​ម្ដាយ​ដែល​ឈ្លោះ​គ្នា​មិន​លួស​ថ្ងៃ នៅ​ពេល​ពួក​គាត់​បែក​គ្នា​ក៏​នៅ​តែ​អាច​ធ្វើ​ឲ្យ​កូន​សោកសៅ​ជា​ខ្លាំង​ដែរ!

ប្ដី​ប្រពន្ធ​ភាគ​ច្រើន​ចែក​ផ្លូវ​គ្នា ដោយ​សារ​គូ​ម្ខាង​បាន​ផិត​ក្បត់។ ក្រោម​កាលៈទេសៈ​បែប​នោះ ព្រះ​អនុញ្ញាត​ឲ្យ​គូ​ម្ខាង​ទៀត​ដែល​គ្មាន​កំហុស​អាច​លែង​លះ ហើយ​រៀប​ការ​ម្ដង​ទៀត​បាន។ (​ម៉ាថាយ ១៩:៩​) ក្នុង​ករណី​ខ្លះ​ទៀត ប្ដី​ប្រពន្ធ​បែក​គ្នា ដោយ​សារ​ពួក​គេ​មាន​«​ចិត្ត​ក្ដៅ​ក្រហាយ ស្រែក​គំហក និង​[​និយាយ​]​ពាក្យ​ប្រមាថ​មើល​ងាយ​»​ដល់​គូ​របស់​ខ្លួន រហូត​ឈាន​ទៅ​ដល់​ការ​ប្រើ​ហិង្សា ដែល​បណ្ដាល​ឲ្យ​គូ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​សុវត្ថិភាព​របស់​ខ្លួន​និង​កូន​ៗ។—អេភេសូរ ៤:៣១

បើ​និយាយ​ឲ្យ​ត្រង់​ទៅ គូ​អាពាហ៍ពិពាហ៍​ខ្លះ​បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ទាំង​មិន​សម​ហេតុ​សម​ផល។ ជា​ជាង​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា ពួក​គេ​គិត​តែ​ពី​ខ្លួន​ឯង ដោយ​គិត​ថា​បើ​«​មិន​សប្បាយ​ចិត្ត​រស់​នៅ​ជា​មួយ​គ្នា​»​ ឬ​«​ឈប់​ស្រឡាញ់​គ្នា​ទៀត​»​ ក៏​លែង​គ្នា​ទៅ។ នេះ​ធ្វើ​ឲ្យ​ព្រះ​មិន​ពេញ​ចិត្ត​ឡើយ ព្រោះ​លោក​«​ស្អប់​ការ​លែង​លះ​»​ដោយ​សារ​មូលហេតុ​ដូច​នោះ។ (​ម៉ាឡាគី ២:១៦​) បន្ថែម​ទៅ​ទៀត លោក​យេស៊ូ​មាន​ប្រសាសន៍​ថា ក្រុម​គ្រួសារ​ខ្លះ​អាច​បាក់​បែក​គ្នា ពេល​ដែល​គូ​ម្ខាង​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។—ម៉ាថាយ ១០:៣៤​-​៣៦

ទោះ​បើ​ឪពុក​ម្ដាយ​ប្អូន​មិន​និយាយ​សូម្បី​តែ​មួយ​ម៉ាត់ អំពី​មូលហេតុ​ដែល​ពួក​គាត់​លែង​លះ​គ្នា នេះ​មិន​មាន​ន័យ​ថា​ពួក​គាត់​ឈប់​ស្រឡាញ់​ប្អូន​ឡើយ។ ពួក​គាត់​ប្រហែល​ជា​ពិបាក​ចិត្ត​ដល់​ម្ល៉េះ បាន​ជា​មិន​ចង់​និយាយ​អំពី​រឿង​នោះ។ (​សុភាសិត ២៤:១០​) ណា​មួយ​ទៀត ពួក​គាត់​ប្រហែល​ជា​មាន​អារម្មណ៍​ខ្មាស​ក្នុង​ការ​ទទួល​ស្គាល់​ភាព​បរាជ័យ​របស់​ខ្លួន។

អ្វី​ដែល​ប្អូន​អាច​ធ្វើ

ដឹង​ពី​អ្វី​ដែល​ប្អូន​ភ័យ​ខ្លាច។ ដោយ​សារ​ឪពុក​ម្ដាយ​លែង​លះ​គ្នា នេះ​ធ្វើ​ឲ្យ​ជីវិត​ប្អូន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។ តើ​ប្អូន​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​ប្អូន​មិន​ធ្លាប់​គិត​ពី​មុន​ឬ​ទេ? បើ​មែន ប្អូន​អាច​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​បាន បើ​ប្អូន​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ប្អូន​មាន​អារម្មណ៍​ដូច្នេះ។ សូម​ដាក់​សញ្ញា ✔ នេះ​នៅ​ក្នុង​ប្រអប់​ដែល​ប្អូន​គិត​ថា​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ប្អូន​ភ័យ​ខ្លាច​បំផុត ឬ​សរសេរ​ការ​ភ័យ​ខ្លាច​របស់​ប្អូន​នៅ​ក្នុង​ប្រអប់​ដែល​មាន​ពាក្យ​ថា​«​ផ្សេង​ទៀត​»។

□ ថ្ងៃ​ណា​មួយ ឪពុក​ឬ​ម្ដាយ​ដែល​នៅ​ជា​មួយ​ខ្ញុំ​ក៏​នឹង​បោះ​បង់​ចោល​ខ្ញុំ​ដែរ។

□ ក្រុម​គ្រួសារ​ខ្ញុំ​មុខ​ជា​ខ្វះ​លុយ​ចិញ្ចឹម​ជីវិត។

□ ខ្ញុំ​ប្រហែល​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​លែង​លះ​គ្នា។

□ បើ​ខ្ញុំ​រៀប​ការ ជីវិត​ខ្ញុំ​ក៏​នឹង​បរាជ័យ​ដែរ។

□ ផ្សេង​ទៀត ․․․․․

ប្រាប់​កង្វល់​របស់​ប្អូន។ ស្ដេច​សាឡូម៉ូន​ស្រដី​ថា​៖ ​«​មាន​ពេល​និយាយ​»។ (​អ្នក​ទូន្មាន ៣:៧​) ដូច្នេះ សូម​ស្វែង​រក​ពេល​ត្រឹម​ត្រូវ ដើម្បី​ពិភាក្សា​ជា​មួយ​ឪពុក​ម្ដាយ​អំពី​ការ​ភ័យ​ខ្លាច​របស់​ប្អូន។ សូម​ប្រាប់​ពួក​គាត់​ឲ្យ​ដឹង​ថា​ប្អូន​កំពុង​សោកសៅ​ឬ​ច្របូក​ច្របល់​ក្នុង​ចិត្ត​ខ្លាំង​ប៉ុណ្ណា។ យ៉ាង​នេះ ពួក​គាត់​អាច​ពន្យល់​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង ហើយ​នេះ​អាច​ជួយ​ប្អូន​មិន​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ពេក។ បើ​ឪពុក​ម្ដាយ​មិន​ចង់​ឬ​មិន​អាច​ជួយ​ដោះ​ស្រាយ​កង្វល់​របស់​ប្អូន​ភ្លាម​ៗ​បាន ប្អូន​គួរ​ទៅ​ពិគ្រោះ​ជា​មួយ​នឹង​មនុស្ស​ដែល​មាន​ភាព​ចាស់​ទុំ។ គ្រាន់​តែ​មាន​អ្នក​ណា​ម្នាក់​ស្ដាប់​ប្អូន​និយាយ នោះ​ក៏​ជួយ​ប្អូន​ឲ្យ​មាន​អារម្មណ៍​ប្រសើរ​ឡើង​វិញ​ដែរ។—សុភាសិត ១៧:១៧

សំខាន់​ជាង​នោះ​ទៅ​ទៀត ប្អូន​មាន​បិតា​នៅ​ស្ថាន​សួគ៌ ជា​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិដ្ឋាន​»​ លោក​ត្រៀម​ខ្លួន​ចាំ​ស្ដាប់​ប្អូន​និយាយ។ (​ចម្រៀង​សរសើរ​ព្រះ ៦៥:២​) សូម​ប្អូន​ប្រាប់​លោក​នូវ​អ្វី​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ចិត្ត​ប្អូន ​«​ពីព្រោះ​លោក​រមែង​គិត​អំពី​[​ប្អូន​]​»។—ពេត្រុស​ទី​១ ៥:៧

អ្វី​ដែល​ត្រូវ​ជៀស​វាង

កុំ​ចង​កំហឹង។ ដានីយ៉ែល​ប្រាប់​ថែម​ទៀត​ថា​៖ ​«​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អាត្មា​និយម​ណាស់។ ពួក​គាត់​មិន​គិត​អំពី​កូន​ៗ​ទេ ហើយ​ក៏​មិន​ខ្វល់​ថា​ទង្វើ​របស់​ពួក​គាត់​ប៉ះ​ពាល់​យ៉ាង​ណា​មក​លើ​កូន​ៗ​ដែរ​»។ យើង​អាច​យល់​អារម្មណ៍​របស់​ដានីយ៉ែល ហើយ​អ្វី​ដែល​គាត់​និយាយ​ក៏​អាច​ត្រូវ​ខ្លះ​ដែរ។ ប៉ុន្តែ សូម​ប្អូន​ពិចារណា​សំណួរ​ដូច​ត​ទៅ រួច​សរសេរ​ចម្លើយ​នៅ​ខាង​ក្រោម​សំណួរ​នីមួយ​ៗ។

បើ​ដានីយ៉ែល​នៅ​តែ​ខឹង​សម្បារ​និង​ចង​កំហឹង ហេតុ​អ្វី​នេះ​គឺ​ជា​ការ​ធ្វើ​បាប​ខ្លួន? (​សូម​អាន សុភាសិត ២៩:២២​) ․․․․․

ទោះ​ជា​ឪពុក​ម្ដាយ​បាន​ធ្វើ​ឲ្យ​ដានីយ៉ែល​ឈឺ​ចិត្ត​ខ្លាំង​ក៏​ដោយ ហេតុ​អ្វី​ដានីយ៉ែល​គួរ​ខំ​ព្យាយាម​អភ័យ​ទោស​ឲ្យ​ពួក​គាត់? (​សូម​អាន អេភេសូរ ៤:៣១, ៣២​) ․․․․․

តើ​ពាក្យ​ពិត​ដែល​ចែង​នៅ រ៉ូម ៣:២៣ អាច​ជួយ​ដានីយ៉ែល​ឲ្យ​មាន​ទស្សនៈ​សម​ហេតុ​សម​ផល​ចំពោះ​ឪពុក​ម្ដាយ​គាត់​យ៉ាង​ដូច​ម្ដេច? ․․․․․

កុំ​ធ្វើ​អ្វី​ដែល​បំផ្លាញ​អនាគត​ខ្លួន។ ដេននី​និយាយ​ថា​៖ ​«​ក្រោយ​ពី​ឪពុក​ម្ដាយ​ខ្ញុំ​លែង​លះ​គ្នា ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត ហើយ​ក្រៀម​ក្រំ​ណាស់។ ខ្ញុំ​ចាប់​ផ្ដើម​មាន​បញ្ហា​ច្រើន​នៅ​សាលា ហើយ​ក៏​រៀន​ឌុប​ថ្នាក់​អស់​មួយ​ឆ្នាំ​ដែរ។ បន្ទាប់​មក​ទៀត . . . ខ្ញុំ​ចាប់​ផ្ដើម​ឡេះឡោះ ហើយ​ឈ្លោះ​ជា​មួយ​គេ​ឯង​ជា​ញឹក​ញាប់​»។

តើ​មូលហេតុ​អ្វី​ដេននី​ធ្វើ​ខ្លួន​ជា​មនុស្ស​ឡេះឡោះ? ․․․․․

ហេតុ​អ្វី​ដេននី​ឧស្សាហ៍​ឈ្លោះ​ជា​មួយ​គេ? ․․․․․

បើ​ប្អូន​គិត​ថា​ចង់​ធ្វើ​ខ្លួន​មិន​ល្អ​ដើម្បី​ឲ្យ​ឪពុក​ម្ដាយ​ឈឺ​ចិត្ត តើ​គោល​ការណ៍​នៅ​កាឡាទី ៦:៧ អាច​ជួយ​ប្អូន​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​យ៉ាង​ដូច​ម្ដេច? ․․․․․

តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ក្រោយ​មក?

បើ​បាក់​ឆ្អឹង ប្រហែល​ជា​ត្រូវ​ចំណាយ​ពេល​រាប់​សប្ដាហ៍​ឬ​រាប់​ខែ​ដើម្បី​ជា​សះ​ស្បើយ។ ចំណែក​របួស​ផ្លូវ​ចិត្ត​ក៏​ត្រូវ​ការ​ពេល​ដើម្បី​ជា​ឡើង​វិញ​ដែរ។ អ្នក​ជំនាញ​ខ្លះ​និយាយ​ថា ការ​ឈឺ​ចាប់​ដែល​មក​ពី​ការ​លែង​លះ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ប្រហែល​បី​ឆ្នាំ។ នេះ​មើល​ទៅ​ហាក់​ដូច​ជា​យូរ​ណាស់ តែ​សូម​ចាំ​ថា​ទម្រាំ​ជីវិត​របស់​ប្អូន​មាន​ភាព​នឹង​នរ​ឡើង​វិញ ប្អូន​ប្រហែល​ជា​ត្រូវ​ឆ្លង​កាត់​រឿង​ជា​ច្រើន​ទៀត។

ជា​ឧទាហរណ៍ ក្រោយ​ពី​ឪពុក​ម្ដាយ​លែង​លះ ទម្លាប់​ប្រចាំ​ថ្ងៃ​ក្នុង​ក្រុម​គ្រួសារ​ត្រូវ​រៀប​ចំ​សា​ជា​ថ្មី។ ម្យ៉ាង​ទៀត ឪពុក​ម្ដាយ​ប្អូន​ក៏​ត្រូវ​ការ​ពេល​ដើម្បី​ព្យាបាល​ផ្លូវ​ចិត្ត​របស់​ពួក​គាត់​ដែរ។ ទាល់​តែ​ផុត​ពី​គ្រា​នោះ​មក ទើប​ពួក​គាត់​អាច​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្អូន​បាន​ច្រើន​ជាង។ យ៉ាង​ណា​ក៏​ដោយ ពេល​ដែល​ប្អូន​ស៊ាំ​នឹង​ស្ថានភាព​ថ្មី នោះ​ប្អូន​នឹង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ធម្មតា​ឡើង​វិញ។

សូម​អាន​ថែម​ទៀត​អំពី​ប្រធានបទ​នេះ ក្នុង​ជំពូក​ទី​២៥ ក្បាល​ទី​២

នៅ​ជំពូក​បន្ទាប់

តើ​ប្អូន​ព្រួយ​បារម្ភ​ដោយ​សារ​ឪពុក​ម្ដាយ​ប្អូន​រៀប​ការ​ថ្មី​ឬ​ទេ? បើ​ដូច្នេះ តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

បទ​គម្ពីរ​សំខាន់

‹មាន​ពេល​ជា​សះ​ស្បើយ›។—អ្នក​ទូន្មាន ៣:៣

យោបល់

បើ​ឪពុក​ម្ដាយ​លែង​លះ​គ្នា អាច​មក​ពី​កំហុស​របស់​ភាគី​ម្ខាង ឬ​ភាគី​ទាំង​ពីរ។ ចូរ​ស្វែង​យល់​ថា​នោះ​បណ្ដាល​មក​ពី​រឿង​អ្វី ដើម្បី​ប្អូន​អាច​ជៀស​វាង​ពី​រឿង​នោះ ពេល​ប្អូន​ចង់​ចិត្ត​រៀប​ការ។—សុភាសិត ២៧:១២

តើ​ប្អូន​ដឹង​ទេ . . . ?

ជីវិត​អាពាហ៍ពិពាហ៍​របស់​ឪពុក​ម្ដាយ​ប្អូន​ប្រេះ​ឆា មិន​បាន​ន័យ​ថា​ជីវិត​ប្អូន​នឹង​ដូច​ពួក​គាត់​នោះ​ទេ។

គម្រោង​អនុវត្ត!

ខ្ញុំ​ចង់​ប្រាប់​អារម្មណ៍​ភ័យ​ខ្លាច​របស់​ខ្ញុំ​ដល់ (​សរសេរ​ឈ្មោះ​បុគ្គល​មាន​ភាព​ចាស់​ទុំ​ដែល​ប្អូន​ចង់​និយាយ​ជា​មួយ​) ․․․․․

បើ​ខ្ញុំ​គិត​ចង់​ធ្វើ​អាក្រក់​ដើម្បី​តប​ស្នង​ឪពុក​ម្ដាយ នោះ​ខ្ញុំ​នឹង​ឈប់​គិត​ដោយ​៖ ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● ហេតុ​អ្វី​ឪពុក​ម្ដាយ​ប្រហែល​ជា​មិន​ចង់​ប្រាប់​ប្អូន​អំពី​រឿង​ដែល​ពួក​គាត់​លែង​លះ​គ្នា?

● ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​ប្អូន​គួរ​ចាំ​ថា ការ​លែង​លះ​គឺ​ជា​បញ្ហា​រវាង​ឪពុក​និង​ម្ដាយ​ប្អូន មិន​មែន​រវាង​ប្អូន​ទេ?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៣២​]

​«​ណាថាលី ប្រាប់​ថា​៖ ‹ក្រោយ​ពី​ម្ដាយ​ចាក​ចោល​យើង ខ្ញុំ​បាក់​ទឹក​ចិត្ត ហើយ​យំ​រាល់​ថ្ងៃ។ ប៉ុន្តែ ដោយ​សារ​ខ្ញុំ​អធិដ្ឋាន​ជា​រឿយ​ៗ ជាប់​រវល់​ជួយ​អ្នក​ឯ​ទៀត និង​នៅ​ជិត​ស្និទ្ធ​ជា​មួយ​មិត្ត​ភក្ដិ​ដែល​មាន​ភាព​ចាស់​ទុំ នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​យេហូវ៉ា​កំពុង​ជួយ​ខ្ញុំ​ឲ្យ​ស៊ូ​ទ្រាំ›​»​

[​រូបភាព​នៅ​ទំព័រ​៣៣​]

ពេល​ឪពុក​ម្ដាយ​លែង​លះ​គឺ​ប្រៀប​ដូច​ជា​ឆ្អឹង​ដែល​បាក់។ នេះ​នឹង​ធ្វើ​ឲ្យ​ឈឺ​ចាប់​អស់​មួយ​រយៈ តែ​ទី​បំផុត​របួស​នឹង​ជា​សះ​ស្បើយ