លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីឪពុកម្ដាយនិងខ្ញុំឈ្លោះគ្នាគ្រប់ពេល?

ហេតុអ្វីឪពុកម្ដាយនិងខ្ញុំឈ្លោះគ្នាគ្រប់ពេល?

ជំពូក​ទី​២

ហេតុ​អ្វី​ឪពុក​ម្ដាយ​និង​ខ្ញុំ​ឈ្លោះ​គ្នា​គ្រប់​ពេល?

ក្នុង​សាច់​រឿង​នេះ ការ​ប្រកែក​គ្នា​មួយ​បាន​ចាប់​ផ្ដើម។ រ៉ាជែល​មាន​ចំណែក​ដែល​នាំ​ឲ្យ​មាន​ការ​ប្រកែក​គ្នា។ នៅ​បន្ទាត់​ខាង​ក្រោម សូម​សរសេរ​ចំណុច​មិន​ល្អ​បី​យ៉ាង​របស់​រ៉ាជែល រួច​ប្រៀប​ធៀប​ជា​មួយ​នឹង​«​ ចម្លើយ​»​ក្នុង​ប្រអប់​នៅ​ទំព័រ​ទី​២០។

․․․․․

កាល​ពី​យប់​ថ្ងៃ​ពុធ រ៉ាជែល អាយុ​១៧​ឆ្នាំ ទើប​តែ​ធ្វើ​ការ​ងារ​ផ្ទះ​រួច ហើយ​ចង់​សម្រាក។ ដូច្នេះ នាង​ក៏​ទៅ​បើក​ទូរទស្សន៍ ហើយ​ទម្រេត​ខ្លួន​លើ​កៅអី!

ភ្លាម​នោះ ម្ដាយ​ចូល​មក​ទាំង​ទឹក​មុខ​មិន​សប្បាយ ហើយ​និយាយ​ថា​៖ ​«​រ៉ាជែល! ហេតុ​អ្វី​មក​អង្គុយ​មើល​ទូរទស្សន៍​ឥត​ប្រយោជន៍​ចឹង ម៉េច​មិន​ទៅ​ជួយ​ធ្វើ​លំហាត់​ប្អូន? ម៉ាក់​ប្រាប់​អី​កូន​មិន​ដែល​ធ្វើ​តាម​ទេ!​»។

រ៉ាជែល​រអ៊ូ​ថា​៖ ​«​ហឺយ ទៀត​ហើយ​»។

ម្ដាយ​មើល​មុខ ហើយ​សួរ​ថា​៖ ​«​ថា​ម៉េច​មិញ?​»។

រ៉ាជែល​ធ្វើ​មុខ​ឌឺ ទាំង​ដក​ដង្ហើម​ធំ​ថា​៖ ​«​គ្មាន​អី​ទេ​ម៉ាក់​»។

ម្ដាយ​ខឹង​ណាស់ ក៏​ប្រាប់​ថា​៖ ​«​កុំ​បញ្ចេញ​សំ​ឡេ​ង​ចឹង​ដាក់​ម៉ាក់​ឲ្យ​សោះ!​»។

រ៉ាជែល​បក​សង​ទៅ​ម្ដាយ​វិញ​ថា​៖ ​«​ចុះ​ឥឡូវ ម៉ាក់​កំពុង​ប្រើ​សំឡេង​បែប​ណា​ដាក់​ខ្ញុំ?​»។

រ៉ាជែល​មិន​បាន​សម្រាក​ទេ . . . ជម្លោះ​ក៏​ផ្ទុះ​ឡើង​ម្ដង​ទៀត។

តើ​ប្អូន​ធ្លាប់​ជួប​រឿង​ដូច​នោះ​ទេ? តើ​ប្អូន​និង​ឪពុក​ម្ដាយ​ឧស្សាហ៍​ឈ្លោះ​គ្នា​ទេ? បើ​មែន សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​គិត​អំពី​ស្ថានភាព​របស់​ប្អូន។ តើ​អ្វី​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​រឿង​ប្រកែក​គ្នា​ញឹក​ញាប់? សូម​គូស​សញ្ញា ✔ នៅ​ក្នុង​ប្រអប់​ដែល​ត្រូវ​នឹង​រឿង​របស់​ប្អូន ឬ​សរសេរ​មូលហេតុ​នៅ​បន្ទាត់​ក្បែរ​ពាក្យ​«​ផ្សេង​ទៀត​»។

□ អាកប្បកិរិយា

□ ការ​ងារ​ផ្ទះ

□ សម្លៀក​បំពាក់

□ ដល់​ម៉ោង​ទៅ​ផ្ទះ

□ ការ​កម្សាន្ត

□ មិត្ត​ភក្ដិ

□ ភេទ​ផ្ទុយ

□ ផ្សេង​ទៀត ․․․․․

មិន​ថា​មូល​ហេតុ​អ្វី​ក៏​ដោយ ការ​ឧស្សាហ៍​ប្រកែក​គ្នា​ធ្វើ​ឲ្យ​ប្អូន​និង​ឪពុក​ម្ដាយ​មាន​អារម្មណ៍​មិន​ល្អ។ ជា​ការ​ពិត ពេល​ខ្លះ​ប្អូន​ប្រហែល​ជា​ធ្វើ​ពុត​យល់​ស្រប​នឹង​សម្ដី​ទាំង​អស់​របស់​ឪពុក​ម្ដាយ ដោយ​មិន​ប្រាប់​ពី​គំនិត​របស់​ប្អូន​ដល់​ពួក​គាត់​ឡើយ។ ប៉ុន្តែ តើ​ព្រះ​ចង់​ឲ្យ​ប្អូន​ធ្វើ​ដូច្នោះ​ទេ? មិន​មែន​ទេ។ តាម​ពិត គម្ពីរ​បង្គាប់​ប្អូន​ឲ្យ​«​គោរព​ឪពុក​និង​ម្ដាយ​»។ (​អេភេសូរ ៦:២, ៣​) គម្ពីរ​ក៏​លើក​ទឹក​ចិត្ត​ប្អូន​ឲ្យ​បង្វឹក​បង្ហាត់ និង​ចេះ​ប្រើ​«​សមត្ថភាព​រិះ​គិត​»​របស់​ខ្លួន​ដែរ។ (​សុភាសិត ១:១​-​៤; រ៉ូម ១២:១​) ពេល​ប្អូន​ធ្វើ​ដូច្នេះ ប្អូន​នឹង​មាន​គោល​ជំហរ​ឬ​គំនិត​របស់​ខ្លួន ហើយ​គោល​ជំហរ​ខ្លះ​អាច​នឹង​ខុស​គ្នា​ពី​ឪពុក​ម្ដាយ​ប្អូន។ យ៉ាង​ណា​ក៏​ដោយ ក្នុង​ក្រុម​គ្រួសារ​ដែល​អនុវត្ត​តាម​គោល​ការណ៍​គម្ពីរ ឪពុក​ម្ដាយ​និង​កូន​អាច​និយាយ​គ្នា​ដោយ​ចិត្ត​ស្ងប់ ទោះ​ជា​ពួក​គេ​ម្នាក់​ៗ​មាន​គំនិត​ខុស​គ្នា​ក្ដី។—កូឡុស ៣:១៣

តើ​តាម​របៀប​ណា​ប្អូន​អាច​និយាយ​ជា​មួយ​ឪពុក​ម្ដាយ​ដោយ​មិន​ឈ្លោះ​ប្រកែក? ស្រួល​ឲ្យ​ប្អូន​និយាយ​ថា​៖ ​«​នោះ​ជា​កំហុស​របស់​ប៉ា​ម៉ាក់​ខ្ញុំ។ ពួក​គាត់​ស្ដី​នេះ​ស្ដី​នោះ​ឲ្យ​ខ្ញុំ​ឥត​ឈប់!​»។ ប៉ុន្តែ សូម​គិត ប្អូន​មិន​អាច​ផ្លាស់​ប្ដូរ​អ្នក​ឯ​ទៀត និង​ឪពុក​ម្ដាយ​តាម​ចិត្ត​ប្អូន​បាន​ទេ។ តាម​ពិត មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​ផ្លាស់​ប្ដូរ​បាន គឺ​ប្អូន​ខ្លួន​ឯង។ បើ​ប្អូន​ព្យាយាម​រក្សា​អារម្មណ៍​ល្អ នោះ​ឪពុក​ម្ដាយ​ទំនង​ជា​ត្រជាក់​ចិត្ត​ជាង ហើយ​ស្ដាប់​ប្អូន​បក​ស្រាយ។

ដូច្នេះ សូម​ពិនិត្យ​មើល​អ្វី​ដែល​ប្អូន​អាច​ធ្វើ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ប្រកែក​គ្នា។ បើ​ប្អូន​អនុវត្ត​យោបល់​ខាង​ក្រោម ប្អូន​នឹង​ទទួល​បាន​ជំនាញ​ថ្មី​ក្នុង​ការ​សន្ទនា ដែល​សូម្បី​តែ​ឪពុក​ម្ដាយ​ប្អូន​ក៏​ភ្ញាក់​ផ្អើល​នឹង​របៀប​និយាយ​របស់​ប្អូន​ដែរ។

គិត​មុន​ឆ្លើយ។ ពេល​ឪពុក​ម្ដាយ​ស្ដី​បន្ទោស ប្អូន​មិន​ត្រូវ​ឆ្លើយ​ផាំង​ទៅ​វិញ​ដោយ​មិន​គិត​ឡើយ។ ឧបមា​ម្ដាយ​និយាយ​ថា​៖ ​«​ហេតុ​អី​មិន​លាង​ចាន?។ កូន​មិន​ដែល​ជួយ​ស្អី​សោះ!​»។ ប្អូន​ប្រហែល​តប​ភ្លាម​ថា​៖ ​«​ហេតុ​អី​ម៉ាក់​ចេះ​តែ​ស្ដី​ឲ្យ​ខ្ញុំ​ចឹង?​»។ ប៉ុន្តែ ពេល​នោះ​សូម​ប្រើ​សមត្ថភាព​រិះ​គិត ដោយ​ព្យាយាម​យល់​ពី​អារម្មណ៍​ដែល​នាំ​ឲ្យ​ម្ដាយ​និយាយ​បែប​នោះ។ ជា​ធម្មតា ពេល​និយាយ​ពាក្យ​«​តែង​តែ​»​ឬ​«​មិន​ដែល​»​ តាម​ពិត​មិន​មាន​ន័យ​ដូច្នេះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្ដី​របស់​ពួក​គាត់​បញ្ជាក់​ពី​អារម្មណ៍​មួយ​ដែល​នៅ​ក្នុង​ចិត្ត។ តើ​អាច​ជា​អារម្មណ៍​អ្វី?

ម្ដាយ​ប្អូន​ប្រហែល​ជា​មួម៉ៅ ដោយ​សារ​គាត់​មាន​ការ​ងារ​ផ្ទះ​ច្រើន​ពេក ហើយ​ចង់​ប្រាកដ​ថា​កូន​អាច​ជួយ​សម្រាល​កិច្ច​ការ​គាត់​បាន​ខ្លះ។ ដូច្នេះ ការ​ពោល​ពាក្យ​ថា​៖ ​«​ហេតុ​អី​ម៉ាក់​ចេះ​តែ​ស្ដី​ឲ្យ​ខ្ញុំ​ចឹង?​»​ ប្រហែល​ជា​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​យ៉ាប់! ជា​ជាង​និយាយ​ដូច្នោះ សូម​ប្អូន​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​ម្ដាយ​មាន​អារម្មណ៍​ស្រួល។ ជា​ឧទាហរណ៍ ប្អូន​អាច​និយាយ​ថា​៖ ​«​ខ្ញុំ​សុំ​ទោស​ម៉ាក់។ ខ្ញុំ​នឹង​ទៅ​លាង​ចាន​ភ្លាម​»។ ប៉ុន្តែ សូម​ប្រយ័ត្ន កុំ​និយាយ​ឌឺ។ ការ​តប​ឆ្លើយ​ដោយ​យល់​ចិត្ត​ម្ដាយ នោះ​ទំនង​ជា​ធ្វើ​ឲ្យ​គាត់​ត្រជាក់​ចិត្ត​ជាង ហើយ​គាត់​អាច​ប្រាប់​ប្អូន​ពី​បញ្ហា​ពិត​ប្រាកដ ដែល​នាំ​ឲ្យ​គាត់​មាន​អារម្មណ៍​ដូច​នោះ។ a

តើ​ឪពុក​ឬ​ម្ដាយ​របស់​ប្អូន​ប្រហែល​ជា​និយាយ​ពាក្យ​ណា​ខ្លះ​ដែល​ធ្វើ​ឲ្យ​ប្អូន​ខឹង? សូម​សរសេរ​ពាក្យ​ទាំង​នោះ​នៅ​បន្ទាត់​ខាង​ក្រោម។

․․․․․

ឥឡូវ​សូម​គិត​អំពី​របៀប​តប​ឆ្លើយ​ដែល​បង្ហាញ​ថា ប្អូន​យល់​ពី​អារម្មណ៍​របស់​ឪពុក​ម្ដាយ។

․․․․․

និយាយ​ដោយ​មាន​សុជីវធម៌។ តាម​រយៈ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន ប្អូន​ស្រី​មីសែល​បាន​រៀន​ថា​របៀប​ដែល​នាង​និយាយ​ទៅ​កាន់​ម្ដាយ គឺ​សំខាន់​ណាស់។ មីសែល​ប្រាប់​ថា​៖ ​«​មិន​ថា​យើង​មាន​គំនិត​ខុស​គ្នា​រឿង​អ្វី​ទេ តែ​អ្វី​ដែល​ម្ដាយ​ខ្ញុំ​មិន​ចូល​ចិត្ត​គឺ​ទំហំ​សំឡេង​របស់​ខ្ញុំ​»។ បើ​ប្អូន​ឧស្សាហ៍​មាន​រឿង​បែប​នេះ សូម​រៀន​និយាយ​ដោយ​ប្រើ​ទំហំ​សំឡេង​ល្មម បែប​ទន់ភ្លន់ ហើយ​ជៀស​វាង​ប្រើ​ទឹក​មុខ​ឌឺ ឬ​កាយ​វិការ​ដែល​មិន​គួរ​សម។ (​សុភាសិត ៣០:១៧​) បើ​ប្អូន​ឃើញ​ថា​ខ្លួន​ពិបាក​ទប់​អារម្មណ៍ សូម​អធិដ្ឋាន​ខ្លី​ៗ​នៅ​ក្នុង​ចិត្ត។ (​នេហេមា ២:៤​) ប្រាកដ​ណាស់ មិន​មែន​ប្អូន​អធិដ្ឋាន​សុំ​ព្រះ​‹ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ឈប់​ស្ដី​បន្ទោស​ប្អូន​នោះ​ទេ› តែ​អធិដ្ឋាន​សុំ​លោក​ជួយ​ប្អូន​ឲ្យ​ចេះ​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​ប្អូន​បន្ថែម​សាំង​ទៅ​លើ​ភ្លើង។—យ៉ាកុប ១:២៦

នៅ​បន្ទាត់​ខាង​ក្រោម សូម​សរសេរ​ប្រតិកម្ម​មិន​ល្អ​ដែល​ប្អូន​ឧស្សាហ៍​មាន ពេល​និយាយ​ជា​មួយ​នឹង​ឪពុក​ម្ដាយ។

ពាក្យ​សម្ដី​៖

․․․․․

ទឹក​មុខ​និង​កាយ​វិការ​៖

․․․․․

ស្ដាប់។ គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​និយាយ​ច្រើន គង់​តែ​មាន​កំហុស​ជា​មិន​ខាន​»។ (​សុភាសិត ១០:១៩​) សូម​ប្អូន​ទុក​ឲ្យ​ឪពុក​ឬ​ម្ដាយ​និយាយ​ផង ហើយ​ពេល​គាត់​និយាយ សូម​ប្អូន​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់។ ប្អូន​មិន​ត្រូវ​កាត់​សម្ដី​គាត់​ដើម្បី​ដោះ​សា​ខ្លួន​ទេ។ ពេល​គាត់​និយាយ​ចប់ ប្អូន​អាច​សួរ​សំណួរ ហើយ​ប្រាប់​ពី​ទស្សនៈ​របស់​ប្អូន។ ផ្ទុយ​ទៅ​វិញ បើ​ឪពុក​ឬ​ម្ដាយ​កំពុង​និយាយ ហើយ​ដំណាល​គ្នា​ប្អូន​ក៏​ប្រឹង​បញ្ចេញ​ទស្សនៈ​ខ្លួន​តប​ទៅ​វិញ​ដែរ នោះ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​ធ្ងន់​ធ្ងរ។ ទោះ​ជា​ប្អូន​មាន​អ្វី​ដែល​ត្រូវ​និយាយ​ក៏​ដោយ នោះ​ប្រហែល​ជា​ពេល​ដែល​ប្អូន​គួរ​«​នៅ​ស្ងៀម​»។—អ្នក​ទូន្មាន ៣:៧

សុខ​ចិត្ត​សុំ​ទោស។ បើ​ប្អូន​បាន​ធ្វើ​អ្វី​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​ប្រកែក​គ្នា ការ​និយាយ​«​ខ្ញុំ​សុំ​ទោស​»​តែង​តែ​ជា​ការ​សមរម្យ។ (​រ៉ូម ១៤:១៩​) ទោះ​ជា​ប្អូន​មិន​បាន​បង្ក​ជម្លោះ​ក្ដី ប្អូន​អាច​សុំ​ទោស​ដែល​បណ្ដោយ​ឲ្យ​ជម្លោះ​កើត​ឡើង។ បើ​ប្អូន​ពិបាក​និយាយ​សុំ​ទោស​ឪពុក​ម្ដាយ​ដោយ​ផ្ទាល់ ប្អូន​អាច​សរសេរ​សារ​ប្រាប់​ពួក​គាត់។ បន្ទាប់​មក សូម​‹បន្ត​កែ​ប្រែ​ថែម​ទៀត›​នូវ​ពាក្យ​សម្ដី​ឬ​ទង្វើ​ណា​មួយ​ដែល​នាំ​ឲ្យ​តឹង​សរសៃ​ក​ដាក់​ឪពុក​ម្ដាយ។ (​ម៉ាថាយ ៥:៤១​) ជា​ឧទាហរណ៍ បើ​សង្គ្រាម​ពាក្យ​សម្ដី​ផ្ទុះ​ឡើង​ដោយ​សារ​ប្អូន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​ងារ​ផ្ទះ នោះ​ប្អូន​គួរ​ខំ​ធ្វើ​កិច្ច​ការ​នោះ​ឲ្យ​បាន​ល្អ ដើម្បី​ឲ្យ​ឪពុក​ម្ដាយ​សប្បាយ​ចិត្ត។ ការ​សុខ​ចិត្ត​ធ្វើ​កិច្ចការ​ដែល​ខ្លួន​មិន​ពេញ​ចិត្ត នោះ​ប្រសើរ​ជាង​ត្រូវ​ឪពុក​ម្ដាយ​ស្ដី​បន្ទោស មែន​ទេ? (​ម៉ាថាយ ២១:២៨​-​៣១​) សូម​គិត​អំពី​អត្ថប្រយោជន៍​ដែល​ប្អូន​អាច​ទទួល​បាន ពេល​ប្អូន​ខំ​បំពេញ​កិច្ច​ការ​របស់​ប្អូន ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​ជា​មួយ​ឪពុក​ម្ដាយ។

សូម្បី​តែ​ក្នុង​គ្រួសារ​ដែល​មាន​សុភមង្គល ក៏​នៅ​តែ​មាន​ការ​ទាស់​សម្ដី​គ្នា​ដែរ តែ​ពួក​គេ​ដឹង​ពី​វិធី​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី។ ពេល​ប្អូន​ព្យាយាម​ធ្វើ​តាម​យោបល់​ក្នុង​ជំពូក​នេះ ប្អូន​ប្រហែល​ជា​ឃើញ​ថា ប្អូន​អាច​ពិភាក្សា​អំពី​បញ្ហា​ពិបាក​ៗ​ជា​មួយ​នឹង​ឪពុក​ម្ដាយ​ដោយ​មិន​ចាំ​បាច់​ប្រកែក​គ្នា!

នៅ​ជំពូក​បន្ទាប់

តើ​ប្អូន​គិត​ថា​ឪពុក​ម្ដាយ​គួរ​ឲ្យ​ប្អូន​មាន​សេរី​ភាព​ច្រើន​ជាង​ឬ​ទេ? បើ​ដូច្នេះ តើ​ប្អូន​ត្រូវ​ធ្វើ​អ្វី?

[​កំណត់​សម្គាល់​]

a ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត សូម​មើល​ជំពូក​ទី​២១ ក្បាល​ទី​២

បទ​គម្ពីរ​សំខាន់

​«​មនុស្ស​សុចរិត​គិត​សិន​មុន​នឹង​ឆ្លើយ​»។—សុភាសិត ១៥:២៨

យោបល់

ពេល​ឪពុក​ម្ដាយ​និយាយ​ជា​មួយ​ប្អូន ប្អូន​គួរ​បិទ​សំឡេង​តន្ត្រី ទុក​សៀវភៅ​ឬ​ទស្សនាវដ្ដី​សិន ហើយ​ស្ដាប់​ទាំង​មើល​មុខ​ពួក​គាត់​ផង។

តើ​ប្អូន​ដឹង​ទេ . . . ?

ការ​ទប់​ចិត្ត​មិន​ឈ្លោះ​ប្រកែក​នឹង​ជួយ​ប្អូន​ឲ្យ​មាន​ជីវិត​រីករាយ​ជាង។ តាម​ពិត គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​សប្បុរស​នឹង​នាំ​ឲ្យ​ខ្លួន​ជួប​តែ​អ្វី​ល្អ​ៗ​»។—សុភាសិត ១១:១៧

គម្រោង​អនុវត្ត!

ក្នុង​ជំពូក​នេះ យោបល់​ដែល​ខ្ញុំ​ចង់​ធ្វើ​តាម​ជាង​គេ​គឺ ․․․․․

ខ្ញុំ​តាំង​ចិត្ត​ធ្វើ​តាម​យោបល់​នេះ ចាប់​ពី​ថ្ងៃ​ទី ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● ហេតុ​អ្វី​យុវវ័យ​ខ្លះ​ចូល​ចិត្ត​អួត​ថា​ខ្លួន​ពូកែ​ឈ្លោះ?

● ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ចាត់​ទុក​មនុស្ស​ដែល​ឈ្លោះ​ប្រកែក​គ្នា​ថា ជា​មនុស្ស​ល្ងង់​ខ្លៅ?—សុភាសិត ២០:៣

● បើ​ប្អូន​ព្យាយាម​កាត់​បន្ថយ​ភាព​តាន​តឹង​ជា​មួយ​នឹង​ឪពុក​ម្ដាយ តើ​ប្អូន​អាច​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៨​]

​«​ប្អូន​ស្រី​ឡូរេន ប្រាប់​ថា​៖ ‹ជួន​កាល​ម៉ាក់​ខ្ញុំ​និយាយ​ថា​«​ម៉ាក់​សុំ​ទោស​»​ ហើយ​ឱប​ខ្ញុំ។ បន្ទាប់​មក យើង​ឈប់​គិត​អំពី​រឿង​ដែល​បាន​កើត​ឡើង។ ខ្ញុំ​ក៏​ខំ​ធ្វើ​ដូច្នោះ​ដែរ ដោយ​កាត់​កេរ្ដិ៍​កាត់​ខ្មាស​ប្រាប់​ម៉ាក់​ថា​«​កូន​សុំ​ទោស​»។ នោះ​ពិត​ជា​ជួយ​ច្រើន​ណាស់ ទោះ​ជា​មិន​ងាយ​ស្រួល​និយាយ​ក៏​ដោយ›​»​

[​ប្រអប់​នៅ​ទំព័រ​២០​]

 ចម្លើយ

១. រអ៊ូ​ថា​(​«​ហឺយ ទៀត​ហើយ​»​) ជា​សម្ដី​ដែល​បន្ថែម​សាំង​ទៅ​ក្នុង​ភ្លើង ធ្វើ​ឲ្យ​ម្ដាយ​ខឹង​កាន់​តែ​ខ្លាំង។

២. ដោយ​(​ធ្វើ​មុខ​ឌឺ​ដាក់​ម្ដាយ​) រ៉ាជែល​កំពុង​រក​រឿង​ដាក់​ខ្លួន។

៣. និយាយ​បក​សង​ទៅ​ម្ដាយ​វិញ​ថា​(​«​ចុះ​ឥឡូវ ម៉ាក់​កំពុង​ប្រើ​សំឡេង​បែប​ណា​ដាក់​ខ្ញុំ?​»​) នេះ​ច្រើន​តែ​ធ្វើ​ឲ្យ​រឿង​កាន់​តែ​រីក​ធំ​ទៅ។

[​រូបភាព​នៅ​ទំព័រ​១៩​]

ការ​ឈ្លោះ​ជា​មួយ​ឪពុក​ម្ដាយ​ប្រៀប​ដូច​ជា​ប្អូន​ខំ​រត់​នៅ​លើ​ម៉ាស៊ីន​ហាត់​ប្រាណ​ដែល​នៅ​តែ​មួយ​កន្លែង