លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីឪពុកម្ដាយមិនឲ្យខ្ញុំដើរលេងសប្បាយ?

ហេតុអ្វីឪពុកម្ដាយមិនឲ្យខ្ញុំដើរលេងសប្បាយ?

ជំពូក​ទី​៣៧

ហេតុ​អ្វី​ឪពុក​ម្ដាយ​មិន​ឲ្យ​ខ្ញុំ​ដើរ​លេង​សប្បាយ?

សម្រាប់​អាលីសុន​ដែល​ជា​សិស្ស​វិទ្យាល័យ​នៅ​ប្រទេស​អូស្ត្រាលី ឲ្យ​តែ​ថ្ងៃ​ច័ន្ទ​ពេល​ព្រឹក​ទៅ​សាលា គឺ​ជា​ថ្ងៃ​ដែល​នាង​តាន​តឹង​ចិត្ត​ខ្លាំង​ណាស់។

នាង​រំលឹក​រឿង​ប្រាប់​ថា​៖ ​«​សិស្ស​គ្រប់​គ្នា​តែង​តែ​អួត​អំពី​ការ​កម្សាន្ត​ដែល​ពួក​គេ​បាន​ធ្វើ​នៅ​ចុង​សប្ដាហ៍។ ពួក​គេ​និយាយ​អំពី​រឿង​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត​ដូច​ជា ពួក​គេ​ទៅ​ជប់​លៀង​ប៉ុន្មាន​កន្លែង ថើប​ប្រុស​ប៉ុន្មាន​នាក់ ហើយ​សូម្បី​តែ​រឿង​ដែល​ពួក​គេ​រត់​គេច​ពី​ប៉ូលិស . . . ដែល​ស្ដាប់​ទៅ​គួរ​ឲ្យ​ខ្លាច បែរ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយ​រីករាយ​ទៅ​វិញ! ពួក​គេ​ចូល​ផ្ទះ​នៅ​ម៉ោង​ប្រាំ​ទៀប​ភ្លឺ ហើយ​ឪពុក​ម្ដាយ​ពួក​គេ​មិន​ថា​អ្វី​មួយ​ម៉ាត់​សោះ។ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​ចូល​ដេក នៅ​ម៉ោង​ដែល​ពួក​គេ​ចេញ​ដើរ!

​«​បន្ទាប់​ពី​និយាយ​ចប់ ពួក​គេ​ងាក​មក​សួរ​ខ្ញុំ​ថា​‹បាន​ធ្វើ​អ្វី​ខ្លះ​ដែរ?›។ . . . ខ្ញុំ​ប្រាប់​ថា ‹ខ្ញុំ​អត់​មាន​អ្វី​ដែល​គួរ​ឲ្យ​សប្បាយ​ទេ គ្រាន់​តែ​ទៅ​កិច្ច​ប្រជុំ និង​ផ្សព្វ​ផ្សាយ​ប៉ុណ្ណោះ›។ ដូច្នេះ ពួក​គេ​ក៏​និយាយ​ថា ‹ហេតុ​អ្វី​មិន​ចេញ​ទៅ​ដើរ​លេង​សប្បាយ​ជា​មួយ​នឹង​យើង?›

​«​ថ្ងៃ​ច័ន្ទ​កន្លង​ផុត​ទៅ ខ្ញុំ​គិត​ថា​ធូរ​ទ្រូង​បន្តិច តែ​មាន​ឯ​ណា នៅ​ថ្ងៃ​អង្គារ​គ្រប់​គ្នា​ចាប់​ផ្ដើម​និយាយ​អំពី​គម្រោង​នៅ​ចុង​សប្ដាហ៍​ខាង​មុខ​នេះ! ខ្ញុំ​គ្រាន់​តែ​អង្គុយ​ស្ដាប់​ពួក​គេ​និយាយ ហើយ​មាន​អារម្មណ៍​ថា​ខ្លួន​ដូច​មនុស្ស​មក​ពី​ភព​ផ្សេង!​»។

តើ​នៅ​សាលា ប្អូន​ជួប​រឿង​ដូច​នេះ​ដែរ​ទេ? ប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ថា មាន​អ្វី​សប្បាយ​ៗ​ជា​ច្រើន​នៅ​ខាង​ក្រៅ ប៉ុន្តែ​ឪពុក​ម្ដាយ​បែរ​ជា​មិន​ព្រម​ឲ្យ​ប្អូន​ចេញ​ទៅ​លេង​នឹង​គេ។ នេះ​ប្រៀប​ដូច​ជា​ប្អូន​ទៅ​លេង​ក្នុង​សួន​កម្សាន្ត តែ​បែរ​ជា​ត្រូវ​ហាម​ជិះ​នេះ​ជិះ​នោះ ឬ​មិន​ឲ្យ​ប៉ះ​អ្វី​សោះ​ក្នុង​សួន​នោះ។ តាម​ពិត​ប្អូន​មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់​ដូច​មិត្ត​ភក្តិ​របស់​ប្អូន​ទេ ប្អូន​គ្រាន់​តែ​ចង់​មាន​ពេល​សប្បាយ​ខ្លះ​ប៉ុណ្ណោះ! ជា​ឧទាហរណ៍ នៅ​ចុង​សប្ដាហ៍​ខាង​មុខ តើ​ប្អូន​ចង់​ធ្វើ​អ្វី​ជាង​គេ?

□ ទៅ​ក្លិប

□ ទៅ​ជប់​លៀង

□ ទៅ​ខារ៉ាអូខេ

□ ទៅ​មើល​កុន

□ ផ្សេង​ទៀត ․․․․․

អ្នក​ណា​ក៏​ត្រូវ​ការ​ការ​កម្សាន្ត​ដែរ។ ព្រះ​ដែល​ជា​អ្នក​បង្កើត​ចង់​ឲ្យ​ប្អូន​សប្បាយ​នឹង​ភាព​យុវវ័យ​របស់​ប្អូន។ (​អ្នក​ទូន្មាន ៣:១,​) សូម​ដឹង​ថា ឪពុក​ម្ដាយ​ប្អូន​ក៏​ចង់​ឲ្យ​ប្អូន​សប្បាយ​ដែរ។ ប៉ុន្តែ ក្នុង​នាម​ជា​ឪពុក​ម្ដាយ ពួក​គាត់​ព្រួយ​បារម្ភ​អំពី​រឿង​ពីរ​យ៉ាង​៖ (​១​) អ្វី​ដែល​ប្អូន​នឹង​ធ្វើ និង​(​២​) អ្នក​ណា​ដែល​ប្អូន​នឹង​ទៅ​ជា​មួយ។

ចុះ​បើ​មិត្ត​ភក្តិ​បបួល​ប្អូន​ឲ្យ​ទៅ​ដើរ​លេង​ជា​មួយ​ពួក​គេ ប៉ុន្តែ​ប្អូន​មិន​ប្រាកដ​ថា​ឪពុក​ម្ដាយ​នឹង​ឲ្យ​ប្អូន​ទៅ​ឬ​អត់ តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា? សូម​ពិចារណា​ជម្រើស​បី​យ៉ាង​និង​លទ្ធផល​នៃ​ជម្រើស​នីមួយ​ៗ។

ជម្រើស ក ទៅ​ដោយ​មិន​ចាំ​បាច់​សុំ

មូលហេតុ​ដែល​ប្អូន​ជ្រើស​រើស​ជម្រើស​នេះ ព្រោះ​ប្អូន​ចង់​ឲ្យ​មិត្ត​ភក្តិ​ឃើញ​ថា​ប្អូន​មាន​ឯករាជ្យ​ដល់​កម្រិត​ណា។ ម្យ៉ាង​ទៀត ប្អូន​គិត​ថា​ខ្លួន​ចេះ​ដឹង​ច្រើនជាង​ឪពុក​ម្ដាយ ឬ​មើល​ស្រាល​យោបល់​របស់​ពួក​គាត់។—សុភាសិត ១៤:១៨

លទ្ធផល មិត្ត​ភក្តិ​អាច​នឹង​សរសើរ​ប្អូន តែ​ពួក​គេ​នឹង​ឃើញ​ថា ប្អូន​ជា​មនុស្ស​កុហក។ បើ​ប្អូន​កុហក​ឪពុក​ម្ដាយ នោះ​ប្អូន​ក៏អាច​នឹង​កុហក​មិត្ត​ភក្តិ​របស់​ប្អូន​ដែរ។ ក្រោយ​មក បើ​ឪពុក​ម្ដាយ​ដឹង ពួក​គាត់​នឹង​ឈឺ​ចិត្ត​ហើយ​ខក​ចិត្ត រហូត​ដល់​តឹង​រ៉ឹង​ចំពោះ​ប្អូន​កាន់​តែ​ខ្លាំង! ការ​មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ ហើយ​លួច​ចេញ​ទៅ​ដើរ​លេង គឺ​ជា​ជម្រើស​ដ៏​ល្ងង់​ខ្លៅ។—សុភាសិត ១២:១៥

ជម្រើស ខ មិន​សុំ ហើយ​ក៏​មិន​ទៅ

មូលហេតុ​ដែល​ប្អូន​ជ្រើស​រើស​ជម្រើស​នេះ ព្រោះ​ប្អូន​គិត​ថា ការ​កម្សាន្ត​នោះ​មិន​សម​នឹង​គោល​ការណ៍​របស់​ប្អូន ឬ​គិត​ថា​មិត្ត​ភក្តិ​ខ្លះ​ដែល​បបួល​ប្អូន មិន​គួរ​ឲ្យ​សេព​គប់។ (​កូរិនថូស​ទី​១ ១៥:៣៣; ភីលីព ៤:៨​) ណា​មួយ​ទៀត ប្អូន​ប្រហែល​ជា​ចង់​ទៅ តែ​មិន​ហ៊ាន​សុំ​ឪពុក​ម្ដាយ។

លទ្ធផល បើ​ប្អូន​មិន​ទៅ ព្រោះ​ដឹង​ថា​វា​មិន​ល្អ នោះ​ប្អូន​អាច​ប្រាប់​មិត្ត​ភក្តិ​ដោយ​មាន​ទំនុក​ចិត្ត​ជាង។ ប៉ុន្តែ បើ​ប្អូន​មិន​ទៅ​ដោយ​សារ​មិន​ហ៊ាន​សុំ​ឪពុក​ម្ដាយ នោះ​ប្អូន​ប្រហែល​ជា​អង្គុយ​ចាំ​ផ្ទះ​ដោយ​ក្ដី​មួរ​ហ្មង​ក្នុង​ចិត្ត ហើយ​គិត​ថា​មាន​តែ​ប្អូន​ក្នុង​លោក​នេះ​ដែល​គ្មាន​ការ​សប្បាយ។

ជម្រើស គ សុំ​ហើយ​រង់​ចាំ

មូលហេតុ​ដែល​ប្អូន​ជ្រើស​រើស​ជម្រើស​នេះ ព្រោះ​ប្អូន​ទទួល​ស្គាល់​សិទ្ធិ​អំណាច​របស់​ឪពុក​ម្ដាយ ហើយ​ជឿ​ជាក់​លើ​យោបល់​របស់​ពួក​គាត់។ (​កូឡុស ៣:​២០​) ប្អូន​ស្រឡាញ់​ឪពុក​ម្ដាយ ហើយ​មិន​ចង់​ធ្វើ​ឲ្យ​ពួក​គាត់​ខូច​ចិត្ត ដោយ​ការ​លួច​ចេញ​ទៅ​ដើរ​លេង​ឡើយ។ (​សុភាសិត ១០:​១​) ប្អូន​នៅ​តែ​មាន​ពេល​ដើម្បី​ពន្យល់​ពួក​គាត់​អំពី​មូលហេតុ​ដែល​ប្អូន​ចង់​ទៅ។

លទ្ធផល ឪពុក​ម្ដាយ​មាន​អារម្មណ៍​ថា ប្អូន​គោរព​ស្រឡាញ់​ពួក​គាត់។ បើ​ពួក​គាត់​យល់​ឃើញ​ថា​ការ​ស្នើ​សុំ​របស់​ប្អូន​សម​ហេតុ​សម​ផល នោះ​ពួក​គាត់​ប្រហែល​ជា​នឹង​ឲ្យ​ប្អូន​ទៅ។

មូលហេតុ​ដែល​ឪពុក​ម្ដាយ​មិន​អនុញ្ញាត

ចុះ​បើ​ឪពុក​ម្ដាយ​មិន​ព្រម​ឲ្យ​ប្អូន​ទៅ​ដើរ​លេង? នេះ​អាច​ធ្វើ​ឲ្យ​ប្អូន​អន់​ចិត្ត។ ប៉ុន្តែ បើ​ប្អូន​យល់​អំពី​ទស្សនៈ​របស់​ពួក​គាត់ នោះ​អាច​ជួយ​ប្អូន​ឲ្យ​មាន​អារម្មណ៍​ស្រួល​ជាង។ ជា​ឧទាហរណ៍ ពួក​គាត់​មិន​ឲ្យ​ប្អូន​ទៅ​ប្រហែល​ដោយ​ហេតុ​ផល​ដូច​ត​ទៅ​៖

មាន​បទ​ពិសោធន៍​និង​យល់​ដឹង​ច្រើន​ជាង​ប្អូន។ ជា​ឧទាហរណ៍ បើ​ប្អូន​ទៅ​ហែល​ទឹក​នៅ​សមុទ្រ តើ​ប្អូន​ចង់​ហែល​នៅ​កន្លែង​ដែល​មាន​ឆ្មាំ​សមុទ្រ​ឬ​ទេ? ហេតុ​អ្វី? ព្រោះ​ពេល​ហែល​ទឹក​សប្បាយ ប្អូន​មិន​សូវ​កត់​សម្គាល់​ពី​គ្រោះ​ថ្នាក់​ឡើយ។ ប៉ុន្តែ ឆ្មាំ​សមុទ្រ​នៅ​កន្លែង​ខ្ពស់ ងាយ​នឹង​ឃើញ​គ្រោះ​ថ្នាក់​ឆាប់​ជាង​ប្អូន។

ស្រដៀង​គ្នា​ដែរ ដោយ​សារ​ឪពុក​ម្ដាយ​មាន​បទ​ពិសោធន៍​និង​យល់​ដឹង​ច្រើន​ជាង​ប្អូន នោះ​ពួក​គាត់​អាច​ឃើញ​គ្រោះ​ថ្នាក់​ដែល​ប្អូន​មិន​បាន​ឃើញ។ ដូច​ឆ្មាំ​សមុទ្រ ឪពុក​ម្ដាយ​ព្យាយាម​ការ​ពារ​ប្អូន​ពី​គ្រោះ​ថ្នាក់ មិន​មែន​រា​រាំង​ប្អូន​មិន​ឲ្យ​សប្បាយ​ទេ។

ស្រឡាញ់​ប្អូន។ ឪពុក​ម្ដាយ​ពិត​ជា​ចង់​ការ​ពារ​ប្អូន។ បើ​អាច​ធ្វើ​បាន ឪពុក​ម្ដាយ​នឹង​យល់​ព្រម តែ​បើ​ពួក​គាត់​មិន​យល់​ព្រម នោះ​បង្ហាញ​ថា​ពួក​គាត់​ចាំ​បាច់​ត្រូវ​ធ្វើ​ដូច្នេះ នេះ​គឺ​ដោយ​សារ​ពួក​គាត់​ស្រឡាញ់​ប្អូន។ មុន​នឹង​ធ្វើ​តាម​សំណូម​ពររបស់​ប្អូន ឪពុក​ម្ដាយ​តែង​តែ​គិត​ពិចារណា ពីព្រោះ​ពួក​គាត់​មិន​ចង់​ស្ដាយ​ក្រោយ​បើ​មានអ្វី​មិន​ល្អ​កើត​ឡើង​ចំពោះ​ប្អូន។ នៅ​ពេល​ពួក​គាត់​ជឿ​ជាក់​ថា​គ្មាន​គ្រោះ​ថ្នាក់​ចំពោះ​ប្អូន នោះ​ពួក​គាត់​មុខ​ជា​យល់​ព្រម។

តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឲ្យ​ឪពុក​ម្ដាយ​យល់​ព្រម?

សូម​មើល​កត្តា​បួន​យ៉ាង។

ស្មោះ​ត្រង់​៖ ជា​ដំបូង សូម​សួរ​ខ្លួន​ប្អូន​ថា​៖ ‹ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ចង់​ទៅ? តើ​នេះ​ដោយ​សារ​ខ្ញុំ​ចូល​ចិត្ត ឬ​ដោយ​សារ​ខ្ញុំ​ចង់​ចូល​គេ​ចុះ? ឬ​ដោយ​សារ​មាន​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​ទៅ​ទី​នោះ​ដែរ?›។ រួច​មក សូម​ប្រាប់​ឪពុក​ម្ដាយ​យ៉ាង​ស្មោះ ពីព្រោះ​ពួក​គាត់​ក៏​ធ្លាប់​ក្មេង ហើយ​ស្គាល់​ប្អូន​ច្បាស់។ ឪពុក​ម្ដាយ​អាច​មើល​ដឹង​ពី​បំណង​ចិត្ត​របស់​ប្អូន។ ពួក​គាត់​ឲ្យ​តម្លៃ​ភាព​ស្មោះ​ត្រង់​របស់​ប្អូន ហើយ​ប្អូន​ក៏​អាច​ទទួល​ប្រយោជន៍​ពី​ប្រាជ្ញា​របស់​ពួក​គាត់​ដែរ។ (​សុភាសិត ៧:១, ២​) ផ្ទុយ​ទៅ​វិញ បើ​ប្អូន​មិន​ស្មោះ​ត្រង់ ពួក​គាត់​នឹង​លែង​ទុក​ចិត្ត​ប្អូន ហើយ​មិន​យល់​ព្រម​ឲ្យ​ប្អូន​ទៅ​ឡើយ។

ចេះ​មើល​កាលៈទេសៈ​៖ កុំ​ប្រញាប់​ទៅ​សុំ​ឪពុក​ម្ដាយ ពេល​ពួក​គាត់​ទើប​ត្រឡប់​មក​ពី​ធ្វើ​ការ ឬ​កំពុង​រវល់​ធ្វើ​អ្វី​មួយ។ សូម​និយាយ​ជា​មួយ​ពួក​គាត់​នៅ​ពេល​ដែល​ពួក​គាត់​ទំនេរ​ដៃ ឬ​មាន​អារម្មណ៍​ស្រួល។ ប៉ុន្តែ ប្អូន​មិន​ត្រូវ​ចាំ​រហូត​ដល់​កៀក​ថ្ងៃ​ទើប​ទៅ​សុំ​ពួក​គាត់ ហើយ​បង្ខំ​ពួក​គាត់​ឲ្យ​ឆ្លើយ​ភ្លាម​ៗ​នោះ​ទេ។ ឪពុក​ម្ដាយ​ចង់​មាន​ពេល​គិត​សិន មុន​នឹង​ឆ្លើយ​តប។ ពួក​គាត់​នឹង​សប្បាយ​ចិត្ត បើ​ប្អូន​ចេះ​យល់​អារម្មណ៍​របស់​ពួក​គាត់។

ត្រូវ​ច្បាស់​លាស់​៖ ជៀស​វាង​ពី​ភាព​ស្រពេចស្រពិល។ ផ្ទុយ​ទៅ​វិញ សូម​ប្រាប់​ពួក​គាត់​ឲ្យ​ជាក់​លាក់​អំពី​អ្វី​ដែល​ប្អូន​ចង់​ធ្វើ។ ឪពុក​ម្ដាយ​របស់​ប្អូន​មុខ​ជា​មិន​ចង់​ឮ​ប្អូន​ឆ្លើយ​ថា​«​ខ្ញុំ​មិន​ដឹង​»​ ជា​ពិសេស​ពេល​ពួក​គាត់​សួរ​ថា​៖ ​«​តើ​មាន​អ្នក​ណា​ទៅ​ខ្លះ?​»​ ​«​តើ​មាន​មនុស្ស​ពេញ​វ័យ​ជួយ​មើល​ការ​ខុស​ត្រូវ​ទេ?​»​ ឬ​«​កម្ម​វិធី​នោះ​ចប់​ម៉ោង​ប៉ុន្មាន?​»។

អាកប្បកិរិយា​៖ កុំ​ចាត់​ទុក​ឪពុក​ម្ដាយ​ថា​ជា​អ្នក​រា​រាំង តែ​ចូរ​ចាត់​ទុក​ពួក​គាត់​ថា​ជា​អ្នក​នៅ​ខាង​ប្អូន​ដែល​ធ្វើ​អ្វី​ៗ​ដើម្បី​ប្អូន ហើយ​ពួក​គាត់​គឺ​ពិត​ជា​ដូច្នោះ​មែន។ បើ​ប្អូន​ចាត់​ទុក​ពួក​គាត់​ថា​នៅ​ខាង​ប្អូន នោះ​ប្អូន​ទំនង​ជា​មិន​សូវ​មាន​ការ​ឈ្លោះ​ប្រកែក​ជា​មួយ​ពួក​គាត់​ឡើយ ហើយ​ពួក​គាត់​ទំនង​ជា​ចង់​ស្ដាប់​ប្អូន​ច្រើន​ជាង។ ប្អូន​មិន​ត្រូវ​និយាយ​ពាក្យ​ដូច​ជា​«​ប៉ា​ម៉ាក់​មិន​ទុក​ចិត្ត​ខ្ញុំ​ទេ​»​ ឬ​«​អ្នក​ណា​ៗ​ក៏​ទៅ​ដែរ​»​ ឬ​«​ប៉ា​ម៉ាក់​របស់​មិត្ត​ភក្ដិ​ខ្ញុំ ឲ្យ​កូន​ៗ​ទៅ​ទាំង​អស់​ហ្នឹង!​»។ ចូរ​បង្ហាញ​ឪពុក​ម្ដាយ​ថា​ប្អូន​មាន​ភាព​ចាស់​ទុំ​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​យក និង​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់។ បើ​ប្អូន​ធ្វើ​ដូច្នេះ ពួក​គាត់​នឹង​ទុក​ចិត្ត​ប្អូន ហើយ​លើក​ក្រោយ​ពួក​គាត់​ទំនង​ជា​យល់​ព្រម​ឲ្យ​ប្អូន​ទៅ។

សូម​អាន​ប្រធានបទ​នេះ​ថែម​ទៀត ក្នុង​ជំពូក​ទី​៣២ ក្បាល​ទី​២

បទ​គម្ពីរ​សំខាន់

​«​កូន​អើយ ចូរ​មាន​ប្រាជ្ញា ហើយ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ត្រេក​អរ​»។—សុភាសិត ២៧:១១

យោបល់

ពេល​ប្អូន​ទៅ​ចូល​រួម​កម្ម​វិធី​ជួប​ជុំ​មិត្ត​ភក្តិ ចូរ​ត្រៀម​វិធី​«​រក​ផ្លូវ​ចេញ​»។ បើ​នៅ​ទី​នោះ​មាន​អ្វី​ដែល​ខុស​ពី​សមត្ថភាព​វិនិច្ឆ័យ​របស់​ប្អូន សូម​គិត​ទុក​ជា​មុន​អំពី​អ្វី​ដែល​ប្អូន​នឹង​ធ្វើ ឬ​និយាយ។

តើ​ប្អូន​ដឹង​ទេ . . . ?

ឪពុក​ម្ដាយ​ដែល​ស្រឡាញ់​កូន នឹង​ទុក​សុវត្ថិភាព​របស់​កូន​ជា​ធំ។ បើ​ប្អូន​មិន​អាច​ពន្យល់​ច្បាស់​លាស់​ពី​មូលហេតុ ឬ​ប្រាប់​ព័ត៌មាន​លម្អិត​ដល់​ឪពុក​ម្ដាយ​ទេ នោះ​ពួក​គាត់​មុខ​ជា​មិន​ព្រម​តាម​ការ​សុំ​របស់​ប្អូន​ឡើយ។

គម្រោង​អនុវត្ត!

ពេល​ខ្ញុំ​ទៅ​មើល​កុន ឬ​ទៅ​ជប់​លៀង បើ​ឃើញ​ឬ​ឮ​អ្វី​មួយ​ដែល​ផ្ទុយ​ពី​សមត្ថភាព​វិនិច្ឆ័យ​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● ពេល​ប្អូន​សុំ​ការ​អនុញ្ញាត​ពី​ឪពុក​ម្ដាយ ហេតុ​អ្វី​បាន​ជា​ប្អូន​មិន​ចង់​ប្រាប់​ព័ត៌មាន​ទាំង​អស់​ឲ្យ​ពួក​គាត់​ដឹង?

● បើ​ប្អូន​មិន​ប្រាប់​ព័ត៌មាន​សំខាន់​ដល់​ឪពុក​ម្ដាយ​ទេ តើ​អាច​នាំ​ឲ្យ​មាន​ផល​វិបាក​អ្វី​ខ្លះ?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២៦៨​]

​«​ប្អូន​ប្រាយអេន រៀប​រាប់​ថា​៖ ‹ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ឆោត​ល្ងង់​ណាស់។ រឿង​ខ្លះ​ដែល​ខ្ញុំ​ធ្វើ ខ្ញុំ​គិត​ថា​‹សប្បាយ› តែ​វា​មិន​មែន​សប្បាយ​ទេ។ យើង​មិន​អាច​គេច​ផុត​ពី​លទ្ធផល​នៃ​ទង្វើ​របស់​ខ្លួន​បាន​ឡើយ។ ខ្ញុំ​ស្ដាយ​ក្រោយ​ដែល​មិន​បាន​ស្ដាប់​តាម​ឪពុក​ម្ដាយ›​»​

[​រូបភាព​នៅ​ទំព័រ​២៦៩​]

ដូច​ឆ្មាំ​សមុទ្រ ឪពុក​ម្ដាយ​អាច​សម្គាល់​ឃើញ​គ្រោះ​ថ្នាក់​ប្រសើរ​ជាង​កូន