សេចក្ដីពន្យល់បន្ថែម សំណួរពីឪពុកម្ដាយ
សេចក្ដីពន្យល់បន្ថែម
សំណួរពីឪពុកម្ដាយ
«តើធ្វើដូចម្ដេចឲ្យកូននិយាយជាមួយខ្ញុំ?»
«តើខ្ញុំគួរកំណត់ពេលឲ្យកូនមកផ្ទះវិញឬទេ?»
«តើខ្ញុំគួរធ្វើយ៉ាងណាដើម្បីជួយកូនឲ្យមានតុល្យភាពក្នុងការតមអាហារ?»
ទាំងនេះជាសំណួរខ្លះក្នុងចំណោមសំណួរទាំង១៧ ដែលមានចម្លើយនៅក្នុងសេចក្ដីពន្យល់បន្ថែមនេះ។ សេចក្ដីពន្យល់បន្ថែមនេះចែកចេញជា៦ផ្នែក ហើយក្នុងផ្នែកនីមួយៗមានប្រអប់បង្ហាញថា ព័ត៌មាននេះមាននៅក្នុងជំពូកណាមួយក្នុងក្បាលទី១ ឬក្បាលទី២ នៃសៀវភៅសំណួរយុវវ័យចង់ដឹង និងចម្លើយដែលស្រាយចម្ងល់។
សូមអានផ្នែកទាំងនេះ។ បើអាចធ្វើបាន សូមពិគ្រោះជាមួយនឹងគូរបស់អ្នក ហើយប្រើយោបល់ក្នុងនោះដើម្បីជួយកូនរបស់អ្នក។ ចម្លើយដែលអ្នករកឃើញគឺអាចទុកចិត្តបាន ពីព្រោះព័ត៌មានទាំងនោះមានមូលដ្ឋានលើគម្ពីរដែលជាបណ្ដាំរបស់ព្រះ មិនមែនផ្អែកលើប្រាជ្ញាឬចំណេះដឹងរបស់មនុស្សឡើយ។—ធីម៉ូថេទី២ ៣:១៦, ១៧
២៩៧ ច្បាប់
៣០២ សេរីភាព
៣០៧ ការរួមភេទនិងការមានសង្សារ
ការប្រាស្រ័យទាក់ទង
បើខ្ញុំឈ្លោះជាមួយគូ ឬជាមួយកូន តើពិតជានាំឲ្យមានបញ្ហាមែនឬ?
ក្នុងជីវិតអាពាហ៍ពិពាហ៍ ការមិនចុះសម្រុងគ្នាគឺជៀសមិនរួចទេ។ ប៉ុន្តែ ដំណោះស្រាយគឺអាស្រ័យទៅលើអ្នក។ ការឈ្លោះប្រកែករវាងឪពុកម្ដាយជះឥទ្ធិពលយ៉ាងខ្លាំងដល់កូនៗរបស់ពួកគេ។ នេះជារឿងដែលឪពុកម្ដាយត្រូវយកចិត្តទុកដាក់ ដោយសារក្រោយពេលកូនរៀបការ ពួកគេទំនងជាធ្វើតាមគំរូរបស់អ្នក។ ដូច្នេះ បើឪពុកនិងម្ដាយមានការខ្វែងគំនិតគ្នា សូមប្រើឱកាសនោះដើម្បីបង្ហាញកូនពីរបៀបដោះស្រាយបញ្ហា។ សូមសាកធ្វើតាមវិធីដូចនេះ៖
ស្ដាប់។ គម្ពីរប្រាប់យើងឲ្យ«រហ័សស្ដាប់ មិនរហ័សនិយាយ មិនរហ័សខឹង»។ (យ៉ាកុប ១:១៩) កុំបន្ថែមសាំងទៅក្នុងភ្លើង ដោយ«តបស្នងការអាក្រក់»ចំពោះគ្នាឡើយ។ (រ៉ូម ១២:១៧) ទោះជាគូរបស់អ្នកមិនចង់ស្ដាប់អ្នកក៏ដោយ អ្នកមិនចាំបាច់ធ្វើដូចគាត់ទេ។
ព្យាយាមពន្យល់ជាជាងរិះគន់។ សូមប្រាប់គូរបស់អ្នកដោយចិត្តស្ងប់ថា ការប្រព្រឹត្តរបស់គាត់បានប៉ះពាល់ដល់អារម្មណ៍របស់អ្នក។ ជាឧទាហរណ៍ អ្នកអាចនិយាយថា«ខ្ញុំឈឺចិត្ត ពេលបង/អូន . . . »។ កុំរិះគន់ឬស្ដីបន្ទោស ដោយនិយាយពាក្យដូចជា«បង/អូនមិនខ្វល់អំពីខ្ញុំទេ» ឬ«បង/អូនមិនដែលស្ដាប់ខ្ញុំឡើយ»។
ទុកបញ្ហាមួយឡែកសិន។ ពេលខ្លះដំណោះស្រាយល្អបំផុត គឺទុករឿងនោះមួយឡែក ហើយរង់ចាំដល់អ្នកទាំងពីរត្រជាក់ចិត្តសិន ចាំនិយាយគ្នា។ គម្ពីរចែងសុភាសិត ១៧:១៤
ថា៖ «ការបង្កទំនាស់ប្រៀបដូចជាការបើកទំនប់ទឹក មុននឹងជម្លោះផ្ទុះឡើង ចូរដកខ្លួនចេញ»។—សុំទោសគ្នា ហើយក៏អាចសុំទោសកូនដែរ។ ប្អូនប្រេននី អាយុ១៤ឆ្នាំ ប្រាប់ថា៖ «ជួនកាលប៉ាម៉ាក់បានសុំទោសខ្ញុំនិងបងប្រុសខ្ញុំ បន្ទាប់ពីពួកគាត់ឈ្លោះគ្នា ពីព្រោះពួកគាត់ដឹងថាទង្វើរបស់ពួកគាត់បានប៉ះពាល់ដល់អារម្មណ៍របស់ពួកខ្ញុំដែលជាកូនៗ»។ ដូច្នេះ មេរៀនដ៏មានតម្លៃមួយដែលអ្នកអាចបង្រៀនកូន គឺបង្ហាញចិត្តរាបទាបដោយនិយាយពាក្យ«សុំទោស»។
ចុះបើសង្គ្រាមពាក្យសម្ដីផ្ទុះឡើងរវាងអ្នកនិងកូន? គិតឡើងវិញ ហើយមើលថាតើអ្នកបានបន្ថែមសាំងទៅក្នុងភ្លើងដោយគ្មានចេតនាឬទេ? ជាឧទាហរណ៍ ពេលអ្នកអានរឿងដែលបានកើតឡើងនៅដើមជំពូកទី២ ក្នុងទំព័រ១៥ តើអ្នកគិតថាម្ដាយរ៉ាជែលបានពោលពាក្យអ្វីដែលនាំឲ្យមានជម្លោះជាមួយកូន? តើអ្នកអាចជៀសវាងការឈ្លោះជាមួយកូនដោយរបៀបណា? សូមសាកធ្វើតាមវិធីទាំងនេះ៖
● ជៀសវាងការនិយាយបំផ្លើសដូចជា៖ «កូនតែងតែ . . . » ឬ«កូនមិនដែល . . . »។ ពាក្យសម្ដីបែបនោះច្រើនតែនាំឲ្យមានការតមាត់វិញ។ កូនអាចមើលឃើញថា អ្នកកំពុងបំផ្លើសការពិត ហើយក៏អាចដឹងដែរថាអ្នកកំពុងបញ្ចេញកំហឹងរបស់អ្នក មិនមែនដោយសារកូនមិនបានបំពេញភារកិច្ចរបស់ខ្លួនឡើយ។
● ជំនួសការស្ដីបន្ទោសដោយប្រយោគចាប់ផ្ដើមដោយពាក្យថា«កូនឯង» សូមព្យាយាមពន្យល់កូនពីរបៀបដែលអាកប្បកិរិយារបស់កូនប៉ះពាល់ដល់អារម្មណ៍អ្នក។ ជាឧទាហរណ៍ អ្នកអាចនិយាយថា«ម៉ាក់មានអារម្មណ៍ថា . . . ពេលកូន . . . »។ ទោះជាកូនពិបាកចិត្តបន្តិច តែកូនអាចយល់ពីអារម្មណ៍របស់អ្នក។ ម្យ៉ាងទៀត ពេលអ្នកប្រាប់ពីអារម្មណ៍របស់ខ្លួន នោះក៏អាចជួយកូនឲ្យស្រួលស្ដាប់បង្គាប់របស់អ្នកជាងមុនដែរ។ a
● ពិតមែនថាមិនស្រួល តែសូមចាំរហូតដល់អ្នករម្ងាប់កំហឹងសិន ចាំនិយាយជាមួយកូន។ (សុភាសិត ២៩:២២) បើអ្នកតឹងសរសៃកដាក់កូន ដោយសារកូនមិនបានជួយធ្វើកិច្ចការផ្ទះ នោះសូមពិភាក្សាជាមួយកូន។ សូមសរសេរ ច្បាស់លាស់អំពីអ្វីដែលអ្នកតម្រូវឲ្យកូនធ្វើ ហើយបើចាំបាច់ សូមសរសេរពីពិន័យដែរ ក្នុងករណីដែលកូនមិនបានបំពេញភារកិច្ចរបស់ខ្លួន។ សូមស្ដាប់មតិរបស់កូនដោយចិត្តអត់ធ្មត់ ទោះជាអ្នកគិតថាគំនិតរបស់កូនខុសក៏ដោយ។ សម្រាប់ក្មេងជំទង់ភាគច្រើន ការស្ដាប់ពួកគេនិយាយ មានប្រសិទ្ធភាពខ្លាំងជាងការបង្រៀន។
● មុននឹងសន្មតថាកូនជាមនុស្សក្បាលរឹងឬលែងចង់ស្ដាប់បង្គាប់ ចូរយល់ថាអ្វីដែលអ្នកឃើញ ភាគច្រើនគឺជាផ្នែកមួយនៃការរីកធំធាត់របស់កូនជំទង់។ ជួនកាលកូនប្រកែកតវ៉ាដើម្បីបង្ហាញថាខ្លួនធំហើយ! ដូច្នេះ អ្នកមិនគួរឈ្លោះប្រកែកជាមួយកូនឡើយ។ កុំភ្លេចថា ក្រោយមកកូននឹងធ្វើតាមប្រតិកម្មរបស់ក្នុងការអ្នកដោះស្រាយបញ្ហា។ ជាឧទាហរណ៍ បើអ្នកឆាប់ខឹង ហើយមិនចេះទប់ចិត្ត នោះកូនទំនងជានឹងយកតម្រាប់អ្នក។—កាឡាទី ៥:២២, ២៣
សូមមើលជំពូកទី២ក្នុងក្បាលទី១ និងជំពូកទី២៤ក្នុងក្បាលទី២
តើខ្ញុំគួរឲ្យកូនដឹងច្រើនប៉ុណ្ណាអំពីអតីតកាលរបស់ខ្ញុំ?
សូមស្រមៃថាអ្នកកំពុងបរិភោគអាហារជាមួយប្ដី កូនស្រី និងមិត្តភក្តិខ្លះ។ ពេលនោះមិត្តរបស់អ្នកបាននិយាយអំពីឈ្មោះសង្សារចាស់របស់អ្នក ហើយនិយាយទៀតថា ក្រោយមកអ្នកបានបែកគ្នាជាមួយសង្សារ រួចមកក៏បានជួបប្ដីរបស់អ្នក។ ឮដូច្នោះ កូនស្រីអ្នកស្រឡាំងកាំង ហើយសួរថា«ម៉ាក់ធ្លាប់មានសង្សារ?»។ អ្នកមិនដែលប្រាប់រឿងនេះដល់កូនពីមុនទេ។ ប៉ុន្តែ ឥឡូវកូនស្រីចង់ដឹងថែមទៀត។ ដូច្នេះ តើអ្នកនឹងធ្វើយ៉ាងណា?
ការបើកឲ្យកូនសួរសំណួរផ្សេងៗ គឺជាវិធីល្អបំផុត។ ពេលកូនសួរ ហើយអ្នកឆ្លើយសំណួរកូន គឺជាឱកាសសម្រាប់ភាគីទាំងសងខាងក្នុងការប្រាស្រ័យទាក់ទងគ្នា។ នោះជាអ្វីដែលឪពុកម្ដាយគ្រប់រូបចង់បាន។
តើអ្នកគួរប្រាប់កូនច្រើនប៉ុណ្ណាអំពីអតីតកាលរបស់អ្នក? ជាការពិតណាស់ ដែលអ្នកចង់រក្សារឿងអាម៉ាស់របស់ខ្លួនទុកជាអាថ៌កំបាំង។ ប៉ុន្តែ បើជាការសមរម្យ សូមប្រាប់បញ្ហាខ្លះដែលអ្នកបានឆ្លងកាត់និងតស៊ូយកឈ្នះ ព្រោះនេះអាចជួយកូនរបស់អ្នក។ តើតាមរបៀបណា?
រ៉ូម ៧:២១-២៤) ព្រះយេហូវ៉ាបានដឹកនាំមនុស្សឲ្យកត់ពាក្យទាំងនេះក្នុងគម្ពីរ ដើម្បីជាប្រយោជន៍ដល់យើង។ ពិតណាស់ យើងទទួលប្រយោជន៍ពីពាក្យរបស់ប៉ូល ព្រោះយើងទាំងអស់គ្នាប្រហែលធ្លាប់មានអារម្មណ៍ដូចគាត់ មែនទេ?
សូមពិចារណាឧទាហរណ៍មួយ។ សាវ័កប៉ូលធ្លាប់លាតត្រដាងអំពីខ្លួនគាត់ថា៖ «ពេលខ្ញុំចង់ធ្វើអ្វីដែលត្រឹមត្រូវ នោះអ្វីដែលអាក្រក់នៅជាប់ជាមួយនឹងខ្ញុំ។ . . . ពិបាកចិត្តណាស់ខ្ញុំ!»។ (ដូចគ្នាដែរ នៅពេលឪពុកម្ដាយនិយាយអំពីភាពបរាជ័យ ក៏ដូចជាភាពជោគជ័យរបស់ពួកគេ នោះកូននឹងឃើញពីភាពស្រដៀងគ្នារវាងខ្លួនឯងនិងឪពុកម្ដាយ។ ពិតមែនថាសម័យកាលនៃការចិញ្ចឹមអប់រំកូនបានផ្លាស់ប្ដូរ តែធម្មជាតិរបស់មនុស្សមិនបានផ្លាស់ប្ដូរទេ ហើយគោលការណ៍ក្នុងគម្ពីរក៏មិនបានផ្លាស់ប្ដូរដែរ។ (ចម្រៀងសរសើរព្រះ ១១៩:១៤៤) បើអ្នកប្រាប់កូនអំពីការពិបាកដែលអ្នកធ្លាប់ជួប និងវិធីដែលអ្នកបានយកឈ្នះ នោះអាចជួយកូនឲ្យដោះស្រាយបញ្ហារបស់ពួកគេបាន។ យុវជនម្នាក់ឈ្មោះខេមរិន បានប្រាប់ថា៖ «ពេលដឹងថាឪពុកម្ដាយរបស់អ្នកធ្លាប់ជួបទុក្ខលំបាកស្រដៀងនឹងអ្នក នោះអ្នកមានអារម្មណ៍ជិតស្និទ្ធជាមួយពួកគាត់ច្រើនជាងមុន។ លើកក្រោយពេលដែលអ្នកមានបញ្ហា អ្នកមុខជាទៅសួរពួកគាត់ ព្រោះអ្នកចង់ដឹងថា‹តើឪពុកម្ដាយធ្លាប់ឆ្លងកាត់រឿងដូចនេះដែរឬទេ?›»។
ប្រយ័ត្ន៖ រាល់ពេលដែលអ្នកនិយាយរឿងមួយ មិនតែងតែត្រូវបញ្ចប់ដោយការជូនឱវាទឡើយ។ ជួនកាលអ្នកប្រហែលជាខ្លាចថាកូនជំទង់របស់អ្នកយល់ខុស ឬក៏ខ្លាចថាកូននឹងគិតថា‹បើឪពុកម្ដាយខ្ញុំធ្វើខុស ខ្ញុំក៏អាចធ្វើខុសដែរ។ វាគ្មានបញ្ហាទេ!›។ ទោះជាយ៉ាងនោះក្ដី អ្នកមិនត្រូវប្រញាប់សន្និដ្ឋានពីអ្វីដែលកូនគួរធ្វើឬមិនគួរធ្វើ ដោយប្រាប់កូននូវពាក្យដូចជា«ហេតុនេះហើយកូនមិនគួរ . . . »នោះឡើយ។ ផ្ទុយទៅវិញ អ្នកគ្រាន់តែប្រាប់យ៉ាងខ្លីពីអារម្មណ៍របស់អ្នកថា«ពេលគិតអំពីរឿងនេះ ប៉ា/ម៉ាក់មិនគួរធ្វើបែបនោះទេ ដោយសារ . . . »។ បន្ទាប់មក កូនរបស់អ្នកអាចរៀនមេរៀនដ៏មានតម្លៃពីបទពិសោធន៍របស់អ្នក ដោយមិនមានអារម្មណ៍ថាអ្នកកំពុងឲ្យឱវាទប្រដៅពួកគេឡើយ។—អេភេសូរ ៦:៤
សូមមើលជំពូកទី១ ក្បាលទី១
តើធ្វើដូចម្ដេចឲ្យកូននិយាយជាមួយខ្ញុំ?
ពេលកូននៅក្មេង កូនតែងតែប្រាប់អ្នកអំពីរឿងទាំងអស់។ បើអ្នកសួរកូន កូននឹងឆ្លើយវិញភ្លាមៗដោយមិនស្ទាក់ស្ទើរ។ តាមពិតទៅ ជួនកាលអ្នកមិនចាំបាច់សួរ ក៏កូននិយាយហូរដូចទឹកដែរ។ ប៉ុន្តែ ពេលកូនឈានដល់វ័យជំទង់ ទោះជាអ្នកខំសន្ទនាជាមួយកូនយ៉ាងណា កូនដូចជាមិនសូវឆ្លងឆ្លើយមកអ្នកវិញទេ ប្រៀបដូចជាអណ្ដូងស្ងួតទឹក។ ក៏ប៉ុន្តែ អ្នកឃើញកូនឧស្សាហ៍និយាយជាមួយមិត្តភក្តិ ដូច្នេះអ្នកឆ្ងល់ថា‹ហេតុអ្វីកូនមិននិយាយជាមួយខ្ញុំ?›។
កុំដោយសារតែភាពស្ងប់ស្ងាត់របស់កូន នាំឲ្យអ្នកសន្មតថាកូនមិនខ្វល់ពីអ្នក ឬធុញអ្នកឡើយ។ តាមពិតកូនជំទង់ត្រូវការអ្នកជាងពេលណាទាំងអស់។ យោងតាមការស្រាវជ្រាវបង្ហាញថា ក្មេងជំទង់ភាគច្រើននៅតែឲ្យតម្លៃដំបូន្មានពីឪពុកម្ដាយច្រើនជាងពីមិត្តភក្តិ និងប្រព័ន្ធផ្សាយព័ត៌មាន។
ប៉ុន្តែ ហេតុអ្វីបានជាកូនពិបាកនិយាយរឿងក្នុងចិត្តជាមួយឪពុកម្ដាយ? សូមពិចារណាពីមូលហេតុដែលយុវវ័យខ្លះមិនហ៊ានប្រាប់ឪពុកម្ដាយអំពីអារម្មណ៍របស់ពួកគេ។ រួចមក សូមសួរខ្លួនអ្នកនូវសំណួរខាងក្រោម ហើយក៏សូមអានបទគម្ពីរដកស្រង់ដែរ។
ប្អូនអេនទ្រូ រៀបរាប់ថា៖ «ប៉ាខ្ញុំមានកិច្ចការច្រើនណាស់ ទាំងនៅកន្លែងធ្វើការ ទាំងនៅក្រុមជំនុំ។ មើលទៅប៉ាគ្មានពេលនិយាយជាមួយខ្ញុំឡើយ»។
‹ដោយមិនដឹងខ្លួន តើខ្ញុំធ្វើឲ្យកូនគិតថាខ្ញុំរវល់ពេកគ្មានពេលនិយាយជាមួយកូនឬទេ? បើមែន តើតាមរបៀបណាខ្ញុំអាចធ្វើឲ្យកូនដឹងថាកូនអាចនិយាយជាមួយខ្ញុំពេលណាក៏បាន? តើពេលណាជាវេលាល្អដែលខ្ញុំអាចសន្ទនាជាទៀងទាត់ជាមួយកូនៗ?›។—ការបំភ្លឺច្បាប់ ៦:៧
ប្អូនខេនជី រៀបរាប់ថា៖ «ខ្ញុំនិយាយទាំងទឹកភ្នែកទៅកាន់ម៉ាក់ ដោយសារខ្ញុំទើបតែឈ្លោះជាមួយមិត្តភក្តិនៅសាលា។ ខ្ញុំចង់ឲ្យម៉ាក់លួងខ្ញុំ តែបែរជាត្រូវម៉ាក់ស្ដីបន្ទោសទៅវិញ។ ចាប់ពីពេលនោះមក មិនថាមានរឿងសំខាន់យ៉ាងណាទេ ខ្ញុំមិនដែលប្រាប់ម៉ាក់ឡើយ»។
‹នៅពេលកូនជួបបញ្ហា ហើយមកប្រាប់ខ្ញុំ តើខ្ញុំគួរមានប្រតិកម្មបែបណា? ទោះជាខ្ញុំត្រូវនិយាយប្រដៅកូនក្ដី តើខ្ញុំអាចស្ដាប់ដោយយល់អារម្មណ៍របស់កូនជាមុនសិនបានទេ?›។—ប្អូនរេឆឺល រៀបរាប់ថា៖ «រាល់ដងប៉ាម៉ាក់និយាយថា‹កូនប្រាប់មក ប៉ាម៉ាក់មិនខឹងទេ›។ ប៉ុន្តែ ពេលខ្ញុំប្រាប់ ពួកគាត់ខឹងឆេវ។ ដូច្នេះ ខ្ញុំក៏លែងចង់ប្រាប់ពួកគាត់ទៀត»។
‹បើកូននិយាយអ្វីដែលធ្វើខ្ញុំឲ្យខឹង តើតាមរបៀបណាខ្ញុំអាចទប់អារម្មណ៍ដោយមិនបង្ហាញប្រតិកម្មភ្លាមៗ?›។—សុភាសិត ១០:១៩
ប្អូនចាន់ថេល រៀបរាប់ថា៖ «ខ្ញុំធ្លាប់ប្រាប់ម៉ាក់អំពីរឿងផ្ទាល់ខ្លួនរបស់ខ្ញុំ តែរាល់ដងគាត់យករឿងខ្ញុំទៅប្រាប់មិត្តភក្តិរបស់គាត់។ ដូច្នេះ អស់ជាយូរហើយដែលខ្ញុំមិនទុកចិត្តម៉ាក់»។
‹តើខ្ញុំយកចិត្តទុកដាក់នឹងអារម្មណ៍របស់កូន ដោយមិនប្រាប់រឿងផ្ទាល់ខ្លួនរបស់កូនដល់អ្នកឯទៀតឬទេ?›។—សុភាសិត ២៥:៩
ប្អូនឃុតនី រៀបរាប់ថា៖ «ខ្ញុំមានរឿងជាច្រើនចង់ប្រាប់ប៉ាម៉ាក់។ តែខ្ញុំចាំឲ្យពួកគាត់មកសួរខ្ញុំជាមុនសិន»។
‹ខ្ញុំចង់ផ្ដើមទៅនិយាយលេងជាមួយកូនរបស់ខ្ញុំ តើខ្ញុំអាចធ្វើដូច្នេះតាមរបៀបណា? ហើយតើពេលណាជាពេលល្អបំផុត?›។—អ្នកទូន្មាន ៣:៧
ក្នុងនាមជាឪពុកម្ដាយ អ្នកនឹងទទួលអត្ថប្រយោជន៍ច្រើន បើអ្នកបង្កើតស្ពានក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងកូនរបស់អ្នក។ សូមពិចារណាបទពិសោធន៍របស់យុវតីម្នាក់ឈ្មោះជុងកុ អាយុ១៧ឆ្នាំ នៅប្រទេសជប៉ុន និយាយថា៖ «មានពេលមួយ ខ្ញុំបានប្រាប់ម្ដាយថា ខ្ញុំមានអារម្មណ៍ស្រួលពេលនៅសាលាជាមួយមិត្តភក្ដិ ជាជាងនៅជាមួយបងប្អូនរួមជំនឿ។ លុះថ្ងៃបន្ទាប់ ខ្ញុំបានឃើញសំបុត្រដែលម្ដាយបានទុកឲ្យខ្ញុំនៅលើតុ។ ក្នុងសំបុត្រនោះ ម្ដាយប្រាប់ថា គាត់ក៏ធ្លាប់មានអារម្មណ៍ថាលែងចង់ទាក់ទងជាមួយបងប្អូនរួមជំនឿដែរ។ ប៉ុន្តែ គាត់បានសុំខ្ញុំឲ្យគិតអំពីគំរូខ្លះក្នុងគម្ពីរ ទោះជាពួកគេគ្មានអ្នកនៅជុំវិញចាំជួយលើកទឹកចិត្តនិងគាំទ្រពួកគេក៏ដោយ ពួកគេនៅតែបន្តបម្រើព្រះ។ ម្ដាយថែមទាំងបានសរសើរ
ខ្ញុំចំពោះការខំប្រឹងប្រែងដើម្បីមានមិត្តភក្តិដែលស្រឡាញ់ព្រះ។ ខ្ញុំរំភើប រហូតដល់ស្រក់ទឹកភ្នែក ពេលដឹងថាម្ដាយក៏ធ្លាប់ជួបប្រទះរឿងដូចខ្ញុំដែរ។ រឿងដែលម្ដាយប្រាប់ បានជំរុញចិត្តខ្ញុំឲ្យចង់បន្តធ្វើអ្វីដែលត្រឹមត្រូវ»។បទពិសោធន៍ជុងកុបង្ហាញថា ជារឿយៗក្មេងជំទង់ចង់និយាយអស់ពីចិត្តអំពីអារម្មណ៍និងគំនិតរបស់ពួកគេប្រាប់ឪពុកម្ដាយ បើពួកគេជឿជាក់ថាឪពុកម្ដាយនឹងមិនរិះគន់ឬស្ដីបន្ទោសពួកគេ។ ចុះយ៉ាងណាបើកូនអន់ចិត្តឬខឹងនៅពេលនិយាយជាមួយអ្នក? កុំជះកំហឹងទៅកូនវិញ។ (រ៉ូម ១២:២១; ពេត្រុសទី១ ២:២៣) ប៉ុន្តែ សូមទុកគំរូដល់កូនតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្ត ទោះជាការធ្វើដូច្នេះមិនស្រួលក្ដី។
សូមចាំថា ក្មេងជំទង់ស្ថិតនៅក្នុងដំណាក់កាលឈានទៅរកភាពពេញវ័យ។ អ្នកជំនាញខ្លះបានរកឃើញថា ក្នុងអំឡុងគ្រានោះ ក្មេងជំទង់មានទំនោរផ្លាស់ប្ដូរឥរិយាបថ គឺពេលខ្លះធ្វើដូចមនុស្សពេញវ័យ ពេលខ្លះទៀតធ្វើដូចកូនក្មេង។ បើអ្នកបានកត់សម្គាល់ឃើញកូនជំទង់របស់អ្នកបែបនេះ តើអ្នកគួរធ្វើអ្វី ជាពិសេសបើកូនរបស់អ្នកមានអាកប្បកិរិយាដូចកូនក្មេង?
ជាជាងស្ដីបន្ទោសឬឈ្លោះជាមួយកូនជំទង់ដូចជាកូនក្មេង ចូរវែកញែកជាមួយកូនជំទង់ ដូច«គាត់ជាមនុស្សធំពេញវ័យ»។ (កូរិនថូសទី១ ១៣:១១) ជាឧទាហរណ៍ បើកូនរបស់អ្នកចាប់ផ្ដើមធ្វើដូចកូនក្មេង ដោយនិយាយថា«ហេតុអ្វីម៉ាក់ចេះតែរអ៊ូរទាំដាក់ខ្ញុំឥតឈប់?» ពេលនោះអ្នកប្រហែលជាចង់តបទៅវិញដោយកំហឹង។ ប៉ុន្តែ បើអ្នកធ្វើដូច្នេះ អ្នកនឹងបាត់បង់ការគ្រប់គ្រងស្ថានការណ៍ បន្ទាប់មកការសន្ទនាប្រែក្លាយទៅជាសមរភូមិ។ ផ្ទុយទៅវិញ អ្នកគ្រាន់តែនិយាយថា៖ «មើលទៅកូនកំពុងមានអារម្មណ៍មិនល្អ។ ដូច្នេះ ពេលកូនត្រជាក់ចិត្ត ចាំយើងនិយាយគ្នាណា៎កូន!»។ វិធីនេះអាចជួយអ្នកឲ្យគ្រប់គ្រងស្ថានការណ៍បាន។ នេះជាដំណាក់កាលបង្កើតនូវបរិយាកាសសម្រាប់ការសន្ទនា មិនមែនសម្រាប់ការប្រកែកគ្នាទេ។
សូមមើលជំពូកទី១និងទី២ ក្នុងក្បាលទី១
ច្បាប់
តើខ្ញុំគួរកំណត់ពេលឲ្យកូនមកផ្ទះវិញឬទេ?
ដើម្បីឆ្លើយសំណួរនោះ សូមស្រមៃឃើញខ្លួនអ្នកនៅក្នុងស្ថានភាពនេះ៖ កន្លងផុតទៅ៣០នាទីហើយ កូនប្រុសរបស់អ្នកនៅតែមិនទាន់ត្រឡប់មកផ្ទះវិញ។ រួចមក អ្នកបានឮសំឡេងកូនបើកទ្វារថ្នមៗ។ អ្នកគិតក្នុងចិត្តថា‹កូនមុខជាស្មានថាខ្ញុំចូលគេងហើយ›។ ប៉ុន្តែ អ្នកមិនទាន់គេងទេ តែកំពុងអង្គុយចាំកូននៅក្បែរមាត់ទ្វារតាំងពីកន្លះម៉ោងមុនម្ល៉េះ។ ស្រាប់តែទ្វារបើកខ្វាក អ្នកនិងកូនក៏ប្រទះភ្នែកគ្នា។ តើពេលនោះអ្នកនឹងនិយាយអ្វី ហើយធ្វើអ្វី?
មានជម្រើសមួយចំនួន។ អ្នកអាចចាត់ទុកជារឿងតូចតាចដោយគិតថា‹ក្មេងសម័យនេះតែប៉ុណ្ណឹង› ឬធ្វើឲ្យកើតជារឿងធំ ដោយនិយាយថា«ចាប់ពីពេលនេះទៅ កូនមិនអាចចេញទៅណាទាំងអស់!»។ ជាជាងបញ្ចេញប្រតិកម្មលឿនពេក ដំបូងអ្នកត្រូវស្ដាប់កូននិយាយសិន កូនច្បាស់ជាមានមូលហេតុដែលមកផ្ទះយឺត។ បន្ទាប់មក អ្នកអាចឆ្លៀតយកឱកាសនេះដើម្បីបង្រៀនកូននូវមេរៀនសំខាន់មួយ។ តើតាមរបៀបណា?
យោបល់៖ ប្រាប់កូនរបស់អ្នកថា អ្នកនឹងនិយាយជាមួយកូនអំពីរឿងនោះនៅថ្ងៃស្អែក។ បន្ទាប់មក នៅពេលសមស្រប សូមនិយាយជាមួយកូនអំពីវិធីដែលអ្នកចង់ដោះស្រាយរឿងនោះ។ ឪពុកម្ដាយខ្លះបានសាកល្បងវិធីដូចជា៖ បើកូនមកផ្ទះយឺត នោះលើកក្រោយអ្នកត្រូវប្រាប់កូនឲ្យមកផ្ទះវិញ៣០នាទីមុនម៉ោងកំណត់។ ផ្ទុយទៅវិញ បើកូនតែងតែមកផ្ទះទាន់ពេល ហើយធ្វើខ្លួនគួរឲ្យទុកចិត្ត នោះអ្នកអាចផ្ដល់សេរីភាពដល់កូនច្រើនជាង ដោយពន្យារពេលកំណត់ដែលកូន
ត្រូវត្រឡប់មកផ្ទះវិញ។ ជាការសំខាន់ដែលកូនរបស់អ្នកត្រូវយល់ច្បាស់នូវម៉ោងដែលពួកគេត្រូវមកផ្ទះឲ្យទាន់ពេល និងពិន័យដែលពួកគេត្រូវទទួល បើមកផ្ទះមិនទាន់ពេល។ បន្ទាប់មក អ្នកត្រូវធ្វើតាមពិន័យដែលអ្នកបានដាក់។យ៉ាងណាក៏ដោយ សូមធ្វើតាមពាក្យដាស់តឿនក្នុងគម្ពីរថា៖ «ចូរឲ្យមនុស្សទាំងអស់ឃើញថាអ្នករាល់គ្នាជាមនុស្សសមហេតុសមផល»។ (ភីលីព ៤:៥) ដូច្នេះ ជាការល្អដែលអ្នកគួរពិភាក្សាជាមួយកូនសិន មុននឹងកំណត់ពេល ដើម្បីឲ្យកូនអាចប្រាប់ពីយោបល់ និងមូលហេតុដែលកូនចង់មកវិញនៅម៉ោងនោះ។ រួចមក អ្នកអាចយកយោបល់របស់កូនមកគិតពិចារណា។ បើកូនបង្ហាញថាខ្លួនមានទំនួលខុសត្រូវ និងអ្វីដែលកូននិយាយសមហេតុសមផល នោះអ្នកគួរធ្វើតាមសំណើរបស់កូន។
ទម្លាប់នៃការមកទាន់ពេល គឺមានសារៈសំខាន់ណាស់។ ការកំណត់ពេលដែលកូនត្រូវត្រឡប់មកផ្ទះវិញ មិនគ្រាន់តែការពារកូនពីបញ្ហាដែលអាចកើតមានប៉ុណ្ណោះទេ តែក៏បង្រៀនកូនឲ្យរក្សាទម្លាប់ល្អដែលជាប្រយោជន៍ដល់កូន ទោះជាក្រោយមកកូនបែកផ្ទះពីអ្នកក្ដី។—សុភាសិត ២២:៦
សូមមើលជំពូកទី៣ ក្នុងក្បាលទី១ និងជំពូកទី២២ ក្នុងក្បាលទី២
ចុះបើខ្ញុំនិងកូនខ្វែងគំនិតគ្នាអំពីសម្លៀកបំពាក់?
សូមមើលទិដ្ឋភាពនៅទំព័រ៧៧ ក្នុងសៀវភៅនេះ។ សូមស្រមៃថាហេធើជាកូនស្រីរបស់អ្នក។ អ្នកឃើញកូនស្រីស្លៀកពាក់រឹបរាង លេចលើលេចក្រោម អ្នកមុខជានឹងនិយាយថា៖ «ឆាប់ទៅដូរខោអាវចេញភ្លាម បើមិនដូរទេ មិនបាច់ទៅណាទាំងអស់!»។ ពេលនោះកូនស្រីគ្មានជម្រើសទេ នាងត្រូវតែធ្វើតាមបញ្ជារបស់អ្នក។ ប៉ុន្តែ តើតាមរបៀបណាអ្នកអាចជួយកូនឲ្យផ្លាស់ប្ដូរគំនិត មិនត្រឹមតែជាការផ្លាស់ប្ដូរសម្លៀកបំពាក់របស់កូនប៉ុណ្ណោះ?
● ទី១ សូមចាំថា៖ កូនជំទង់គឺដូចអ្នកដែរ ពោលគឺគាត់មិនចង់ឲ្យអ្នកណាមកនិយាយថា សម្លៀកបំពាក់របស់ខ្លួនមិនសមរម្យនោះទេ។ ក្នុងចិត្ត កូនច្បាស់ជាមិនចង់ឲ្យគេសើចចំអក ឬទាក់ទាញចំណាប់អារម្មណ៍របស់គេឡើយ។ សូមអត់ធ្មត់វែកញែកប្រាប់កូនពីមូលហេតុដែលម៉ូតសម្លៀកបំពាក់នោះ ពិតជា b រួចមក ជួយប្រាប់កូនពីសម្លៀកបំពាក់សមរម្យដែលកូនគួរពាក់។
មិនសមរម្យមែន។● ទី២ ត្រូវសមហេតុសមផល។ សូមសួរខ្លួនអ្នកថា‹តើសម្លៀកបំពាក់នោះបំពានគោលការណ៍គម្ពីរឬទេ? ឬមួយក៏ដោយសារនោះខុសពីចំណង់ចំណូលចិត្តរបស់ខ្ញុំ?›។ (កូរិនថូសទី២ ១:២៤; ធីម៉ូថេទី១ ២:៩, ១០) បើវាគ្រាន់តែជាបញ្ហាចំណូលចិត្ត តើអ្នកអាចសម្របតាមកូនបានទេ?
● ទី៣ កុំគ្រាន់តែប្រាប់កូនថា កុំស្លៀកពាក់បែបនេះ តែគួរជួយកូនឲ្យដឹងពីសម្លៀកបំពាក់បែបណាដែលសមរម្យ។ អ្នកអាចប្រើកម្រងសំណួរអំពីសម្លៀកបំពាក់នៅទំព័រ៨២និង៨៣ ដើម្បីពិភាក្សាជាមួយកូន។ ការខិតខំរបស់អ្នកនិងកូនគឺមិនឥតប្រយោជន៍ឡើយ!
សូមមើលជំពូកទី១១ ក្បាលទី១
តើខ្ញុំគួរអនុញ្ញាតឲ្យកូនលេងវីដេអូហ្គេមឬទេ?
វីដេអូហ្គេមកាលពីសម័យអ្នកនៅក្មេង និងវីដេអូហ្គេមនៅសម័យទំនើបនេះ គឺខុសគ្នាឆ្ងាយណាស់។ ដូច្នេះ ក្នុងនាមជាឪពុកម្ដាយ តើតាមរបៀបណាអ្នកអាចជួយកូនឲ្យជៀសវាង និងយល់ពីគ្រោះថ្នាក់ដែលអាចកើតឡើងដោយសារការលេងហ្គេម?
វាគ្មានប្រសិទ្ធិភាពទេ ក្នុងការនិយាយរិះគន់ឬអះអាងថាហ្គេមអេឡិចត្រូនិកគ្រប់បែបយ៉ាងសុទ្ធតែមិនល្អ។ នោះគ្រាន់តែជាការខ្ជះខ្ជាយពេលវេលាប៉ុណ្ណោះ។ សូមចាំថា មិនមែនហ្គេមទាំងអស់សុទ្ធតែអាក្រក់នោះទេ។ ប៉ុន្តែ ហ្គេមអាចធ្វើឲ្យមនុស្សញៀនបាន។ ម្ល៉ោះហើយ សូមស្វែងយល់ថា តើកូនរបស់អ្នកចំណាយពេលច្រើនប៉ុណ្ណាក្នុងការលេងហ្គេមវីដេអូ? ហើយតើពួកគេចូលចិត្តលេងហ្គេមប្រភេទណា? អ្នកអាចសួរកូននូវសំណួរដូចជា៖
● តើហ្គេមមួយណាដែលពេញនិយមបំផុតនៅសាលា?
● តើតួអង្គក្នុងហ្គេមធ្វើអ្វីខ្លះ?
● ហេតុអ្វីបានជាកូនគិតថាមនុស្សជាច្រើនចូលចិត្តលេងហ្គេមបែបនេះ?
រួចមក អ្នកអាចឃើញថាកូនរបស់អ្នកដឹងអំពីហ្គេមអេឡិចត្រូនិកច្រើនជាងអ្វីដែលអ្នកគិតទៅទៀត! កូនប្រហែលជាធ្លាប់លេងហ្គេមដែលអ្នកគិតថាមិនសមរម្យ។ បើមែន កុំប្រតិកម្មហួសហេតុពេក ព្រោះនេះជាឱកាសដែលអ្នកអាចជួយកូនឲ្យអភិវឌ្ឍន៍នូវសមត្ថភាពវែកញែករបស់កូន។—ហេប្រឺ ៥:១៤
អ្នកអាចសួរកូននូវសំណួរខ្លះ ដើម្បីជួយកូនឲ្យពន្យល់មូលហេតុដែលកូនចូលចិត្តហ្គេមបែបនោះ ទោះជាហ្គេមនោះមិនល្អក្ដី។ អ្នកអាចសួរថា៖
● បើកូនមិនលេងហ្គេមនេះ តើកូនមានមានអារម្មណ៍ថាកូនមិនអាចចុះចំណោមមិត្តភក្តិឬទេ?
យុវវ័យខ្លះលេងហ្គេមប្រហែលជាដើម្បីពួកគេមានរឿងនិយាយជាមួយមិត្តភក្តិ។ បើនេះជាករណីកូនរបស់អ្នក នោះអ្នកទំនងជាប្រើវិធីសាស្ត្រនិយាយជាមួយកូន ខុសគ្នាពីវិធីសាស្ត្រដែលអ្នកប្រើក្នុងករណីដែលកូនចូលចិត្តលេងហ្គេមមានអំពើឃោរឃៅ អំពើប្រាសចាកសីលធម៌ ឬនិយាយពាក្យសម្ដីអសុរោះ។—កូឡុស ៤:៦
ចុះយ៉ាងណាបើកូនរបស់អ្នកចូលចិត្តលេងហ្គេមដែលមានលាយឡំខ្លឹមសារប្រាសចាកសីលធម៌ឬអំពើហិង្សា? យុវវ័យខ្លះប្រហែលជាអះអាងភ្លាមៗថា អ្វីដែលពួកគេលេងគ្មានឥទ្ធិពលមកលើពួកគេឡើយ ដោយលើកហេតុផលថា៖ ‹វាគ្រាន់តែជាហ្គេម ខ្ញុំមិនបានប្រព្រឹត្តមែនទែនឡើយ!›។ បើកូនមានប្រតិកម្មបែបនោះ សូមបង្ហាញចម្រៀងសរសើរព្រះ ១១:៥។ បទគម្ពីរនេះបញ្ជាក់យ៉ាងច្បាស់ថា មិនត្រឹមតែអ្នកដែលប្រព្រឹត្តអំពើឃោរឃៅប៉ុណ្ណោះទេដែលព្រះស្អប់ តែអ្នកដែលចូលចិត្តអំពើឃោរឃៅ ក៏ព្រះស្អប់ដូចគ្នា។ គោលការណ៍នេះក៏អនុវត្តចំពោះអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ឬអំពើខុសឆ្គងផ្សេងទៀតដែលគម្ពីរផ្ដន្ទាទោសដែរ។—ចម្រៀងសរសើរព្រះ ៩៧:១០
បើកូនរបស់អ្នកទទួលឥទ្ធិពលមិនល្អពីការលេងហ្គេម សូមសាកល្បងវិធីដូចតទៅ៖
● កុំឲ្យកូនរបស់អ្នកលេងហ្គេមនៅកន្លែងដាច់តែឯង ដូចជាក្នុងបន្ទប់គេងជាដើម។
● កំណត់ច្បាប់ជាក់លាក់។ ជាឧទាហរណ៍ កូនអាចលេងហ្គេមបាន លុះត្រាតែកូនធ្វើលំហាត់សាលា បរិភោគអាហារ ឬធ្វើកិច្ចការសំខាន់ផ្សេងទៀតឲ្យរួចជាមុនសិន។
● បង្រៀនកូនអំពីអត្ថប្រយោជន៍ដែលមកពីការធ្វើចលនារាងកាយឬធ្វើសកម្មភាពផ្សេងៗ។
● មើលកូនលេងហ្គេម ហើយជាការល្អ ម្ដងម្កាលចូលរួមលេងហ្គេមជាមួយកូន។
ជាការពិតណាស់ ដើម្បីអាចជួយណែនាំកូនឲ្យចេះជ្រើសរើសលេងវីដេអូហ្គេមដែលសមរម្យ ឪពុកម្ដាយត្រូវទុកគំរូល្អសម្រាប់កូន។ ដូច្នេះ ឪពុកម្ដាយត្រូវសួរខ្លួនថា‹តើខ្ញុំឧស្សាហ៍មើលភាពយន្ត ឬកម្មវិធីទូរទស្សន៍បែបណា?›។ បើឪពុកម្ដាយប្រាប់កូនថាកុំធ្វើរឿងបែបនេះ តែខ្លួនឯងបែរជាធ្វើរឿងនោះ កូនៗមុខជាកត់សម្គាល់ដឹង!
សូមមើលជំពូកទី៣០ ក្បាលទី២
ចុះបើកូនរបស់ខ្ញុំញៀននឹងទូរស័ព្ទ កុំព្យូទ័រ ឬគ្រឿងអេឡិចត្រូនិកផ្សេងទៀត?
តើកូនជំទង់របស់អ្នកចំណាយពេលច្រើនពេកទៅលើអ៊ីនធឺណិត ឬផ្ញើសារទៅមកឥតឈប់ឬទេ? ឬមួយកូនស្ដាប់ចម្រៀងច្រើនជាងការនិយាយជាមួយអ្នកឬទេ? បើមែន តើអ្នកអាចធ្វើអ្វី?
អ្នកអាចដកគ្រឿងអេឡិចត្រូនិកឈប់ឲ្យកូនប្រើ តែសូមកុំសន្និដ្ឋានថាគ្រឿងអេឡិចត្រូនិកទាំងអស់សុទ្ធតែមិនល្អឡើយ ពីព្រោះអ្នកក៏ទំនងជាកំពុងប្រើគ្រឿងអេឡិចត្រូនិកមួយចំនួន ដែលមិនមាននៅសម័យឪពុកម្ដាយរបស់អ្នកដែរ។ ហេតុនេះ ជាជាងដកគ្រឿងអេឡិចត្រូនិកឈប់ឲ្យកូនប្រើ (លុះត្រាតែមានមូលហេតុសមហេតុសមផល) សូមប្រើឱកាសនោះដើម្បីបង្រៀនកូនឲ្យប្រើគ្រឿងអេឡិចត្រូនិកដោយឈ្លាសវៃ និងដោយមានតុល្យភាព។ តើអ្នកអាចធ្វើដូច្នោះតាមរបៀបណា?
អង្គុយចុះ ហើយពិភាក្សារឿងនេះជាមួយកូន។ ទី១ សូមប្រាប់កូនអំពីក្ដីបារម្ភរបស់អ្នកពេលឃើញកូនចំណាយពេលច្រើនពេកទៅលើគ្រឿងអេឡិចត្រូនិក។ សុភាសិត ១៨:១៣) ទី៣ សូមស្វែងរកដំណោះស្រាយជាមួយគ្នា។ កុំខ្លាចក្នុងការដាក់កម្រិតច្បាស់លាស់ ប៉ុន្តែក៏ត្រូវសមហេតុសមផលដែរ។ ក្មេងជំទង់ម្នាក់ឈ្មោះអិលអិន បានប្រាប់ថា៖ «ឪពុកម្ដាយរបស់ខ្ញុំមិនបានដកទូរស័ព្ទរបស់ខ្ញុំទេ តែពួកគាត់បានដាក់ច្បាប់ឲ្យខ្ញុំធ្វើតាម។ ពេលពួកគាត់ធ្វើដូច្នេះ នេះជួយខ្ញុំឲ្យចេះប្រើទូរស័ព្ទដោយមានតុល្យភាព សូម្បីតែមិនមានឪពុកម្ដាយនៅជិត»។
ទី២ សូមស្ដាប់កូននិយាយ។ (ចុះបើកូនមិនធ្វើតាមបង្គាប់របស់អ្នក? សូមកុំឆាប់សន្និដ្ឋានថា សម្ដីរបស់អ្នកដូចចាក់ទឹកលើក្បាលទា។ ផ្ទុយទៅវិញ សូមអត់ធ្មត់ ហើយទុកពេលឲ្យកូនគិតពិចារណា។ ក្រោយមក កូនអាចនឹងយល់ថាអ្វីដែលអ្នកនិយាយគឺត្រឹមត្រូវ ហើយសុខចិត្តព្យាយាមកែលម្អ។ យុវវ័យជាច្រើនមានគំនិតស្រដៀងនឹងហេលី ដែលបានលើកឡើងថា៖ «ដំបូង ពេលឪពុកម្ដាយប្រាប់ខ្ញុំថា ខ្ញុំញៀននឹងកុំព្យូទ័រ ខ្ញុំខឹងខ្លាំងណាស់។ ប៉ុន្តែ ក្រោយមកពេលខ្ញុំគិតអំពីរឿងនោះ ខ្ញុំទទួលស្គាល់ថាអ្វីដែលពួកគាត់និយាយគឺត្រឹមត្រូវ»។
សូមមើលជំពូកទី៣៦ ក្បាលទី១
សេរីភាព
តើខ្ញុំគួរផ្ដល់សេរីភាពឲ្យកូនច្រើនប៉ុណ្ណា?
នេះប្រហែលជាសំណួរពិបាកមួយ នៅពេលអ្នកពិចារណាបញ្ហាទាក់ទងនឹងភាពផ្ទាល់ខ្លួនរបស់កូន។ ជាឧទាហរណ៍ បើកូនប្រុសរបស់អ្នកនៅក្នុងបន្ទប់គេង ហើយបិទទ្វារ តើអ្នកនឹងបើកទ្វារចូលដោយមិនគោះទ្វារឬទេ? ឬបើកូនស្រីរបស់
អ្នកប្រញាប់ទៅសាលា ហើយភ្លេចយកទូរស័ព្ទ តើអ្នកនឹងលួចមើលសាររបស់កូនឬទេ?សំណួរនោះមិនស្រួលឆ្លើយទេ ពីព្រោះក្នុងនាមជាឪពុកម្ដាយ អ្នកមានសិទ្ធិដឹងអំពីអ្វីដែលកូនកំពុងធ្វើ ហើយអ្នកក៏មានទំនួលខុសត្រូវដើម្បីការការពារកូនដែរ។ ប៉ុន្តែ អ្នកមិនគួរតាមដានរាល់សកម្មភាពរបស់កូនដូចប៉ូលិសស៊ើបអង្កេតឡើយ។ ដូច្នេះ តើមានវិធីណាខ្លះដែលអាចជួយអ្នកកុំឲ្យធ្វើហួសហេតុពេក?
ទី១ សូមចាំថា ពេលកូនជំទង់ចង់បានភាពផ្ទាល់ខ្លួន នេះមិនតែងតែមានន័យថាកូនធ្វើអ្វីដែលមិនត្រឹមត្រូវទេ។ ជារឿងធម្មតាពេលដែលក្មេងធំលូតលាស់ ពួកគេរមែងចង់បានភាពផ្ទាល់ខ្លួន ពីព្រោះនេះអាចជួយពួកគេឲ្យរៀនដើរដោយខ្លួនឯង ដូចជាឲ្យចេះបង្កើតមិត្តភក្តិ និងចេះរកវិធីដោះស្រាយបញ្ហាដោយប្រើ«សមត្ថភាពរិះគិត»។ (រ៉ូម ១២:១, ២) ម្យ៉ាងទៀត ភាពផ្ទាល់ខ្លួនជួយក្មេងជំទង់ឲ្យអភិវឌ្ឍន៍សមត្ថភាពរិះគិត។ នេះជាគុណសម្បត្តិដ៏សំខាន់មួយដែលនឹងជួយគាត់ទៅជាមនុស្សពេញវ័យដែលមានទំនួលខុសត្រូវ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ផ្ដល់ឱកាសឲ្យក្មេងជំទង់គិតយ៉ាងហ្មត់ចត់មុននឹងធ្វើការសម្រេចចិត្ត ឬស្វែងរកចម្លើយចំពោះសំណួរពិបាកៗ។—សុភាសិត ១៥:២៨
ទី២ ឪពុកម្ដាយត្រូវយល់ថា បើអ្នកព្យាយាមត្រួតត្រាជីវិតកូនខ្លាំងពេក សូម្បីតែក្នុងរឿងតូចតាច នោះអាចធ្វើឲ្យកូនមួម៉ៅរហូតដល់លែងចង់ស្ដាប់បង្គាប់អ្នក។ (អេភេសូរ ៦:៤; កូឡុស ៣:២១) តើនេះមានន័យថាអ្នកគួរបណ្ដោយតាមចិត្តកូនទាំងអស់ឬ? មិនមែនទេ ព្រោះអ្នកនៅតែជាឪពុកម្ដាយ ហើយគោលដៅរបស់អ្នកគឺជួយកូនឲ្យចេះប្រើសមត្ថភាពវិនិច្ឆ័យ។ (ការបំភ្លឺច្បាប់ ៦:៦, ៧; សុភាសិត ២២:៦) សរុបទៅ ការណែនាំគឺមានប្រសិទ្ធភាពជាងការតាមដាន។
ទី៣ ចូរពិភាក្សាបញ្ហានោះជាមួយកូនរបស់អ្នក ហើយសូមស្ដាប់កូនប្រាប់ពីអារម្មណ៍របស់ខ្លួន។ បើគិតថាស័ក្តិសម សូមធ្វើតាមសំណូមពរខ្លះរបស់កូន ដោយប្រាប់កូនថា អ្នកនឹងផ្ដល់ភាពផ្ទាល់ខ្លួនដល់កូនមួយកម្រិត បើកូនមិនបំពានលើទំនុកចិត្តរបស់អ្នក។ សូមពន្យល់ដែរថា បើកូនមិនធ្វើតាមនឹងមានផលវិបាកយ៉ាងណា ហើយអ្នកត្រូវដាក់ពិន័យតាមអ្វីដែលអ្នកបានប្រាប់កូន។ ទោះជា
អ្នកអាចឲ្យកូនមានភាពផ្ទាល់ខ្លះក៏ដោយ អ្នកក៏នៅតែត្រូវបំពេញតួនាទីរបស់ខ្លួនជាឪពុកម្ដាយដែរ។សូមមើលជំពូកទី៣ និងទី១៥ ក្នុងក្បាលទី១
តើខ្ញុំគួរឲ្យកូនឈប់រៀនត្រឹមថ្នាក់ទីប៉ុន្មាន?
«គ្រូខ្ញុំគួរឲ្យធុញណាស់!»«ខ្ញុំមានលំហាត់សាលាច្រើនពេក!»«ខ្ញុំរៀនវិះធ្លាក់រហូត ដូច្នេះចាំបាច់ប្រឹងធ្វើអ្វី?»។ ដោយសារតែអារម្មណ៍ធុញទ្រាន់បែបនេះ យុវវ័យមួយចំនួនចង់ឈប់រៀនដោយមិនមានជំនាញច្បាស់លាស់ដើម្បីចិញ្ចឹមជីវិត។ បើកូនរបស់អ្នកចង់ឈប់រៀន តើអ្នកគួរធ្វើអ្វី? សូមសាកល្បងវិធីទាំងនេះ៖
● ពិនិត្យមើលទស្សនៈរបស់អ្នកចំពោះការអប់រំ។ តើអ្នកគិតថា ការទៅសាលារៀនជាការខ្ជះខ្ជាយពេលវេលាឬទេ? តើនេះប្រៀបដូចជាការ‹ជាប់គុក›ដែលអ្នកត្រូវតែទ្រាំរហូតដល់ពេលដែលគេដោះលែងឲ្យមានសេរីភាពឬទេ? បើដូច្នេះមែន ទស្សនៈរបស់អ្នកក៏នឹងជះឥទ្ធិពលទៅលើកូនរបស់អ្នកដែរ។ តាមពិត ការអប់រំល្អអាចជួយកូនរបស់អ្នកឲ្យមាន‹ប្រាជ្ញានិងសមត្ថភាពរិះគិត› ដែលជាគុណសម្បត្តិមិនអាចខ្វះបានដើម្បីសម្រេចគោលដៅរបស់ពួកគេ។—សុភាសិត ៣:២១
● សម្រួលដល់ការរៀនសូត្ររបស់កូន។ ក្មេងខ្លះពិបាករៀន ដោយសារពួកគេមិនស្គាល់វិធីសាស្ត្រក្នុងការរៀន ឬដោយសារគ្មានបរិយាកាសល្អ។ ជាធម្មតាដើម្បីស្រួលរៀន គឺត្រូវមានតុ មានអំពូលភ្លើង និងមានសៀវភៅផ្សេងៗសម្រាប់សិក្សាដែលបានត្រូវរៀបចំយ៉ាងរៀបរយ។ ដូច្នេះ អ្នកអាចជួយកូនឲ្យរីកចម្រើនទាំងការរៀនសូត្រទាំងការគោរពប្រណិប័តន៍ព្រះ ដោយរៀបចំឲ្យមានកន្លែងសមរម្យសម្រាប់កូន ដើម្បីឲ្យកូនស្រួលប្រមូលអារម្មណ៍រៀននិងរំពឹងគិត។—សូមពិនិត្យបន្ថែមធីម៉ូថេទី១ ៤:១៥
● យកចិត្តទុកដាក់ថែមទៀត។ សូមចាត់ទុកគ្រូបង្រៀននិងជំនួយការគ្រូថា ជាសម្ព័ន្ធមិត្ត មិនមែនជាសត្រូវទេ។ សូមទៅជួបពួកគាត់ ហើយព្យាយាមស្គាល់ពួកគាត់។ រួចមក ប្រាប់ពួកគាត់អំពីគោលដៅនិងការពិបាករបស់កូន។ បើកូនរបស់អ្នកសិក្សាមិនបានល្អ សូមស្វែងយល់ពីមូលហេតុ។ ជាឧទាហរណ៍ តើកូន
របស់អ្នកមានអារម្មណ៍ថា បើខ្លួនរៀនពូកែនឹងត្រូវមិត្តភក្ដិធ្វើបាបឬទេ? តើកូនមានបញ្ហាជាមួយគ្រូឬទេ? តើមានមុខវិជ្ជាណាមួយដែលធ្វើឲ្យកូនពិបាករៀនពេកទេ? ឬតើកូនរៀនមិនសូវពូកែដោយសារភ្នែកខ្សោយ ឬដោយសារខួរក្បាលក្រិនឬទេ?បើអ្នកយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះការរៀនសូត្ររបស់កូន មិនថាការសិក្សាឬការគោរពប្រណិប័តន៍ព្រះទេ នោះកូនរបស់អ្នកទំនងជានឹងទទួលបានជោគជ័យ។—ចម្រៀងសរសើរព្រះ ១២៧:៤, ៥
សូមមើលជំពូកទី១៩ ក្បាលទី១
តើខ្ញុំដឹងយ៉ាងដូចម្ដេចថា កូនអាចរើចេញពីផ្ទះទៅរស់នៅដោយខ្លួនឯងបាន?
ប្អូនស្រីសឺរីណឺដែលបានរៀបរាប់នៅជំពូកទី៧ ក្នុងសៀវភៅនេះ មានការភ័យខ្លាចក្នុងការចេញទៅរស់នៅដោយខ្លួនឯង។ មូលហេតុមួយ នាងបាននិយាយថា៖ «ជាធម្មតា ទោះជាខ្ញុំចង់ចេញលុយផ្ទាល់ខ្លួនទិញរបស់ណាមួយ ក៏ប៉ាខ្ញុំមិនឲ្យខ្ញុំចេញដែរ។ ប៉ាប្រាប់ថា‹នេះជាភារកិច្ចរបស់ប៉ា›។ ដូច្នេះ គ្រាន់តែគិតថាត្រូវចិញ្ចឹមជីវិតដោយខ្លួនឯង ធ្វើឲ្យខ្ញុំភ័យរហូត»។ ប្រាកដណាស់ ឪពុកសឺរីណឺធ្វើដូច្នេះ ដោយសារគាត់ស្រឡាញ់កូន។ ប៉ុន្តែ តើអ្នកគិតថាគាត់កំពុងជួយកូនឲ្យចេះរស់នៅដោយខ្លួនឯងឬទេ?—សុភាសិត ៣១:១០, ១៨, ២៧
តើអ្នកការពារកូនជ្រុលពេក បានជាកូនមិនអាចត្រៀមខ្លួនបែកពីផ្ទះឬទេ? តើអ្នកអាចដឹងរឿងនេះដោយរបៀបណា? សូមពិចារណាជំនាញទាំងបួនដែលបានរៀបរាប់នៅក្នុងជំពូកទី៧ ក្រោមចំណងជើងតូច«តើខ្ញុំត្រៀមខ្លួនហើយឬនៅ?»។ ប៉ុន្តែ ឥឡូវសូមគិតតាមទស្សនៈរបស់ឪពុកម្ដាយវិញម្ដង។
ចេះចាត់ចែងលុយកាក់។ ប្រសិនបើកូនរបស់អ្នកធំហើយ តើពួកគេដឹងថារាល់ខែត្រូវបង់ថ្លៃទឹក ថ្លៃភ្លើង ថ្លៃអាហារ និងថ្លៃផ្ទះអស់ប៉ុន្មានទេ? (រ៉ូម ១៣:៧) តើកូនរបស់អ្នកចេះចាយវាយដោយមានទំនួលខុសត្រូវឬទេ? (សុភាសិត ២២:៧) តើកូនស្គាល់អំពីរបៀបសន្សំសំចៃ និងចេះទុកដាក់លុយកាក់ឬទេ? (លូកា ១៤:២៨-៣០) តើកូនរីករាយពេលទិញអ្វីមួយដោយប្រើលុយដែលខ្លួន ឯងរកបានឬទេ? តើកូនសប្បាយចិត្តខ្លាំងដោយសារបានចំណាយពេលនិងលុយកាក់ក្នុងការជួយអ្នកឯទៀតឬទេ?—សកម្មភាព ២០:៣៥
ចេះធ្វើកិច្ចការផ្ទះ។ តើកូនស្រី សូម្បីតែកូនប្រុសចេះធ្វើម្ហូបទេ? តើអ្នកបានបង្រៀនកូនឲ្យចេះបោកអ៊ុតខោអាវឬទេ? បើកូនចេះបើកបរ តើពួកគេចេះថែរក្សាយានជំនិះដូចជា ដឹងថាពេលណាត្រូវប្ដូរប្រេងម៉ាស៊ីន ឬប្ដូរសម្បកកង់ឬទេ?
ចេះចុះសម្រុង។ ពេលដែលកូនរបស់អ្នកមានជម្លោះ តើអ្នកតែងតែចេញមុខសម្របសម្រួល ឬដោះស្រាយបញ្ហាជួសកូនទេ? ឬក៏អ្នកបានបង្រៀនកូនឲ្យចេះដោះស្រាយបញ្ហារបស់ពួកគេដោយសន្តិវិធី រួចរាយការណ៍ប្រាប់អ្នកវិញ?—ម៉ាថាយ ៥:២៣-២៥
រក្សាទម្លាប់ល្អក្នុងការគោរពប្រណិប័តន៍ព្រះ។ តើអ្នកបង្ខំកូនឲ្យធ្វើតាមជំនឿរបស់អ្នក ឬបញ្ចុះបញ្ចូលកូនឲ្យជឿទេ? (ធីម៉ូថេទី២ ៣:១៤, ១៥) ជាជាងឆ្លើយសំណួររបស់កូនរាល់លើកអំពីសាសនានិងសីលធម៌ តើអ្នកបង្រៀនកូនឲ្យបង្កើន«សមត្ថភាពរិះគិត»ឬទេ? (សុភាសិត ១:៤) តើអ្នកចង់ឲ្យកូនធ្វើតាមកម្មវិធីសិក្សាគម្ពីរផ្ទាល់ខ្លួនរបស់អ្នក ឬចង់ឲ្យកូនរៀនចេះរៀបចំដោយខ្លួនឯង? c
ប្រាកដណាស់ ដែលអ្នកត្រូវចំណាយពេលវេលា និងការប្រឹងប្រែងដើម្បីបង្ហាត់បង្រៀនកូនតាមអ្វីដែលបានរៀបរាប់នៅខាងលើ។ ប៉ុន្តែ នោះមានតម្លៃ ពីព្រោះពេលដែលកូនរបស់អ្នកចេញទៅរស់នៅខាងក្រៅ អ្នកនឹងមានមោទនភាពដោយឃើញកូនចេះរស់នៅដោយខ្លួនឯង។
សូមមើលជំពូកទី៧ ក្បាលទី១
ការរួមភេទនិងការមានសង្សារ
តើខ្ញុំគួរនិយាយជាមួយកូនអំពីរឿងផ្លូវភេទឬទេ?
សព្វថ្ងៃ កូនក្មេងស្រួលស្គាល់ និងស្រួលដឹងអំពីប្រធានបទនៃការរួមភេទបានយ៉ាងឆាប់រហ័ស។ តាំងពីយូរយារមកហើយ គម្ពីរប្រាប់ថា«នៅគ្រាចុងក្រោយបង្អស់នឹងលំបាកខ្លាំងណាស់» ជាគ្រាដែលមនុស្ស«មិនចេះទប់ចិត្ត» និង«ស្រឡាញ់ការសប្បាយជាជាងស្រឡាញ់ព្រះ»។ (ធីម៉ូថេទី២ ៣:១, ៣, ៤) ការដែលមនុស្សរួមភេទដើម្បីឲ្យតែបានសប្បាយ សូម្បីតែមិនមែនជាគូអាពាហ៍ពិពាហ៍របស់ខ្លួន បង្ហាញថាទំនាយក្នុងគម្ពីរកំពុងក្លាយជាការពិត។
សង្គមបច្ចុប្បន្នគឺខុសគ្នាឆ្ងាយពីកាលដែលអ្នកនៅក្មេង ប៉ុន្តែបញ្ហាជារួមមិនបានផ្លាស់ប្ដូរទេ។ ដូច្នេះ កុំបារម្ភហួសហេតុពេកអំពីឥទ្ធិពលអាក្រក់ដែលមាននៅជុំវិញកូន។ ផ្ទុយទៅវិញ សូមតាំងចិត្តជួយកូនឲ្យធ្វើតាមពាក្យរបស់សាវ័កប៉ូលដែលបានដាស់តឿនគ្រិស្តសាសនិកប្រហែល២.០០០ឆ្នាំមុនថា៖ «ចូរពាក់គ្រប់គ្រឿងចម្បាំងពីព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចកាន់ជំហរមាំមួនក្នុងការប្រឈមមុខនឹងកលល្បិចទាំងប៉ុន្មានរបស់មេកំណាច»។ (អេភេសូរ ៦:១១) ពិតជាគួរឲ្យសរសើរណាស់ យុវវ័យគ្រិស្តសាសនិកជាច្រើនព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ ទោះជាពួកគេរស់នៅក្នុងបរិយាកាសដែលពោរពេញដោយឥទ្ធិពលមិនល្អក្ដី។ តើឪពុកម្ដាយអាចជួយកូនឲ្យធ្វើដូចយុវវ័យទាំងនោះតាមវិធីណា?
វិធីមួយ គឺនិយាយជាមួយកូន ដោយជ្រើសរើសជំពូកណាមួយពីផ្នែកទី៤ក្នុងសៀវភៅនេះ និងពីផ្នែកទី១និងទី៧ក្នុងក្បាលទី២។ ជំពូកទាំងនោះមានបទ
គម្ពីរដែលជួយអ្នកឲ្យគិតពិចារណា។ ក៏មានបទពិសោធន៍របស់អស់អ្នកដែលតាំងចិត្តធ្វើអ្វីដែលត្រឹមត្រូវ ហើយបានទទួលលទ្ធផលល្អ និងអស់អ្នកដែលមិនធ្វើតាមច្បាប់របស់ព្រះ ហើយបានទទួលផលវិបាកយ៉ាងធ្ងន់ធ្ងរ។ បទគម្ពីរខ្លះទៀត មានគោលការណ៍ដែលអាចជួយកូនឲ្យដឹងថា ការរស់នៅតាមច្បាប់របស់ព្រះជាឯកសិទ្ធិដ៏អស្ចារ្យមួយ។ សូមពិគ្រោះចំណុចទាំងនោះជាមួយកូនឲ្យបានឆាប់តាមដែលអាចធ្វើបាន។សូមមើលជំពូកទី២៣ ទី២៥ និងទី៣២ ក្នុងក្បាលទី១ និងជំពូកទី៤ដល់ទី៦ ទី២៨ និងទី២៩ ក្នុងក្បាលទី២
តើខ្ញុំគួរឲ្យកូនមានសង្សារឬទេ?
មិនយូរមិនឆាប់ កូនរបស់អ្នកនឹងត្រូវមានសង្សារ។ ប្អូនប្រុសហ្វីលីព បានប្រាប់ថា៖ «ខ្ញុំមិនទាន់ទាំងបាននិយាយឬធ្វើអ្វីផង ស្រីៗក៏មកសុំខ្ញុំធ្វើជាសង្សារ។ ខ្ញុំឆ្ងល់ថា ‹តើខ្ញុំគួរធ្វើយ៉ាងណា?› បើបដិសេធដូចជាស្ដាយ ព្រោះម្នាក់ៗសុទ្ធតែស្អាត!»។
អ្វីល្អបំផុតដែលឪពុកម្ដាយអាចធ្វើ គឺនិយាយដោយស្មោះជាមួយកូនអំពីការមានសង្សារ។ អ្នកអាចប្រើជំពូកទី១ ក្នុងក្បាលទី២ ដើម្បីពិភាក្សាជាមួយកូន។ សូមសួរកូនថា តើកូនមានអារម្មណ៍យ៉ាងណាចំពោះសម្ពាធដែលកូនជួបនៅសាលារៀន ឬសូម្បីតែនៅក្នុងក្រុមជំនុំ។ ពេលខ្លះអ្នកអាចនិយាយជាមួយកូនអំពីរឿងបែបនេះ ដូចជា«ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះ» និង«ក្នុងកាលដែលដើរតាមផ្លូវ»ជាដើម។ (ការបំភ្លឺច្បាប់ ៦:៦, ៧) មិនថាក្នុងស្ថានភាពបែបណាក៏ដោយ អ្នកត្រូវ«រហ័សស្ដាប់ មិនរហ័សនិយាយ»។—យ៉ាកុប ១:១៩
បើកូនរបស់អ្នកប្រាប់ថាគាត់បានចាប់ចិត្តលើអ្នកណាម្នាក់ នោះសូមកុំភ្ញាក់ផ្អើលខ្លាំងពេក។ យុវតីម្នាក់និយាយថា៖ «ពេលប៉ាដឹងថាខ្ញុំមានសង្សារ គាត់ពិបាកចិត្តណាស់! គាត់ជជីកសួរខ្ញុំនូវសំណួរផ្សេងៗដើម្បីធ្វើឲ្យខ្ញុំទទួលស្គាល់ថា ខ្ញុំមិនទាន់ត្រៀមខ្លួនដើម្បីរៀបការទេ។ ប៉ុន្តែ វិធីនេះមិនបានសម្រេចឡើយចំពោះក្មេងជំទង់។ ផ្ទុយទៅវិញ បែរជាធ្វើឲ្យក្មេងជំទង់ចង់បន្តទំនាក់ទំនងជាមួយសង្សារដើម្បីបញ្ជាក់ថា ឪពុកម្ដាយរបស់ពួកគេនិយាយខុស!»។
បើកូនដឹងថាឪពុកម្ដាយមិនចូលចិត្តឲ្យកូននិយាយអំពីរឿងសង្សារ នោះអាច
នឹងមានលទ្ធផលមិនល្អកើតឡើង ដោយសារកូនប្រហែលជាណាត់ជួបសង្សារដោយមិនឲ្យឪពុកម្ដាយដឹង។ ក្មេងស្រីម្នាក់ប្រាប់ថា៖ «ពេលឪពុកម្ដាយមានប្រតិកម្មខ្លាំងពេក នោះអាចធ្វើឲ្យកូនលាក់លៀមអំពីទំនាក់ទំនងរបស់ខ្លួនជាមួយសង្សារ។ កូនមិនត្រឹមតែមិនឈប់ទេ ថែមទាំងលួចជួបគ្នាទៀតផង»។ប៉ុន្តែ លទ្ធផលនឹងប្រសើរជាង បើអ្នកបើកចិត្តនិយាយជាមួយកូន។ ប្អូនស្រីប៊្រីថានី អាយុ២០ឆ្នាំ ប្រាប់ថា៖ «ប៉ាម៉ាក់ខ្ញុំតែងតែនិយាយដោយបើកចំហអំពីការមានសង្សារ។ ពួកគាត់ចង់ដឹងថាខ្ញុំចាប់អារម្មណ៍អ្នកណា។ ខ្ញុំសប្បាយចិត្ត ពេលពួកគាត់ចង់ដឹង ហើយនិយាយរឿងនេះជាមួយខ្ញុំ! រួចប៉ាប្រាប់ថា គាត់នឹងទៅនិយាយលេងជាមួយអ្នកដែលខ្ញុំចាប់អារម្មណ៍ ហើយបើមានអ្វីគួរឲ្យសង្ស័យ ប៉ាម៉ាក់នឹងប្រាប់ខ្ញុំ។ តាមធម្មតា ខ្ញុំសម្រេចចិត្តឈប់ចាប់អារម្មណ៍បុគ្គលនោះទៀត មុននឹងឈានទៅដល់ទំនាក់ទំនងជាសង្សារ»។
បន្ទាប់ពីអានជំពូកទី២ ក្នុងក្បាលទី២ អ្នកប្រហែលជាឆ្ងល់ថា‹តើកូនរបស់ខ្ញុំកំពុងលួចមានសង្សារឬទេ?›។ សូមមើលមូលហេតុដែលយុវវ័យមួយចំនួនចង់មានស្នេហាដោយមិនឲ្យអ្នកណាដឹង។ រួចមក សូមគិតអំពីសំណួរដែលមានភ្ជាប់មកជាមួយ។
ប្អូនវ៉េនឌី ប្រាប់ថា៖ «យុវវ័យខ្លះសម្រេចចិត្តមានសង្សារ ដោយសារក្នុងផ្ទះគ្មានអ្នកយល់ចិត្ត»។
ក្នុងនាមជាឪពុកម្ដាយ តើអ្នកអាចបំពេញតម្រូវការផ្លូវចិត្តរបស់កូនដោយរបៀបណា? តើមានអ្វីដែលអ្នកត្រូវកែលម្អខ្លួននៅក្នុងរឿងនេះទេ? បើមាន តើជាចំណុចអ្វី?
ប្អូនដាយអេន ប្រាប់ថា៖ «ពេលខ្ញុំអាយុ១៤ឆ្នាំ និស្សិតប្រទេសក្រៅម្នាក់ដែលបានត្រូវបញ្ជូនមកសិក្សានៅសាលាខ្ញុំ បានសុំខ្ញុំធ្វើសង្សារ។ ខ្ញុំយល់ព្រម ព្រោះខ្ញុំគិតថាការនៅក្នុងរង្វង់ដៃដ៏កក់ក្ដៅរបស់គាត់ ធ្វើឲ្យខ្ញុំមានក្ដីសុខ»។
ចុះបើដាយអេនជាកូនស្រីរបស់អ្នក តើអ្នកនឹងធ្វើយ៉ាងណា?
ប្អូនអាណេត ប្រាប់ថា៖ «ខ្ញុំសប្បាយចិត្តដែលមានទូរស័ព្ទដៃ ព្រោះស្រួលឲ្យខ្ញុំលួចណាត់ជួបសង្សារ។ ឪពុកម្ដាយមិនដឹងថាខ្ញុំធ្វើអ្វីទេ!»។
ពេលអ្នកឲ្យកូនប្រើទូរស័ព្ទ តើអ្នកគួរមានវិធានការអ្វីខ្លះទុកជាមុន?
ប្អូនថូម៉ាស់ ប្រាប់ថា៖ «ពេលឪពុកម្ដាយមិនសូវយកចិត្តទុកដាក់ចំពោះអ្វីដែលកូនកំពុងធ្វើ ឬអ្នកណាដែលកូនកំពុងសេពគប់ នោះងាយស្រួលឲ្យកូនលួចមានសង្សារ»។
តើមានវិធីអ្វីដែលអាចជួយអ្នកឲ្យយកចិត្តទុកដាក់ថែមទៀតចំពោះកូន តែដំណាលគ្នានោះអ្នកក៏ផ្ដល់សេរីភាពសមល្មមឲ្យកូនដែរ?
ប្អូននីកូឡាស ប្រាប់ថា៖ «ជាញឹកញយ ពេលកូននៅផ្ទះ ឪពុកម្ដាយច្រើនតែមិននៅផ្ទះទេ។ ឯឪពុកម្ដាយខ្លះទៀត ជួនកាលបណ្ដោយឲ្យកូនទៅខាងក្រៅជាមួយអ្នកឯទៀតដោយមិនសួរនាំអ្វីសោះ»។
សូមគិត តើអ្នកណាខ្លះជាមិត្តជិតស្និទ្ធរបស់កូន? ហើយតើអ្នកដឹងច្បាស់ទេថាពួកគេធ្វើអ្វីខ្លះជាមួយគ្នា?
ប្អូនផល ប្រាប់ថា៖ «បើឪពុកម្ដាយតឹងរឹងពេក កូនប្រហែលជាលាក់បាំងរឿងស្នេហារបស់ខ្លួន»។
បើមិនខុសច្បាប់និងគោលការណ៍ក្នុងគម្ពីរទេ តើអ្នកអាចបង្ហាញ‹ឲ្យគ្រប់គ្នាឃើញថាអ្នកជាមនុស្សសមហេតុសមផល›ដោយរបៀបណា?—ភីលីព ៤:៥
ប្អូនលីនដា ប្រាប់ថា៖ «ពេលទើបចូលវ័យជំទង់ ខ្ញុំគិតថាខ្លួនមិនសូវមានតម្លៃ ហើយចង់បានការយកចិត្តទុកដាក់ពីអ្នកឯទៀត។ ដូច្នេះ ខ្ញុំចាប់ផ្ដើមផ្ញើសារទៅយុវជនម្នាក់ដែលនៅក្រុមជំនុំក្បែរខ្ញុំ ហើយខ្ញុំបានលង់ស្រឡាញ់គាត់។ គាត់ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំជាមនុស្សពិសេស»។
តើអ្នកគិតថាក្រុមគ្រួសាររបស់លីនដាគួរធ្វើអ្វី ដើម្បីកុំឲ្យនាងមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ?
សូមសាកប្រើផ្នែកនៃសេចក្ដីពន្យល់បន្ថែមនេះ និងជំពូកទី២ក្នុងក្បាលទី២ ដើម្បីពិភាក្សាជាមួយកូនរបស់អ្នក។ មធ្យោបាយល្អបំផុតដើម្បីការពារកូនកុំឲ្យធ្វើអ្វីដោយលួចលាក់ គឺអ្នកត្រូវបើកចិត្តនិយាយជាមួយកូនដោយស្មោះត្រង់ និងដោយអារម្មណ៍ស្រួល។—សុភាសិត ២០:៥
សូមមើលជំពូកទី១ដល់ទី៣ ក្នុងក្បាលទី២
បញ្ហាផ្លូវចិត្ត
តើខ្ញុំគួរធ្វើយ៉ាងណាបើកូននិយាយអំពីការចង់សម្លាប់ខ្លួន?
នៅប្រទេសខ្លះ ការធ្វើអត្តឃាតក្នុងចំណោមមនុស្សវ័យក្មេងគឺជាបញ្ហាមួយដ៏គួរឲ្យព្រួយបារម្ភ។ ជាឧទាហរណ៍ នៅសហរដ្ឋអាម៉េរិក ការធ្វើអត្តឃាតគឺជាមូលហេតុចម្បងទី៣ដែលកើតឡើងក្នុងចំណោមយុវវ័យដែលមានអាយុពី១៥ឆ្នាំទៅ២៥ឆ្នាំ ហើយក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ អត្រាសម្លាប់ខ្លួនក្នុងចំណោមក្មេងអាយុពី១០ឆ្នាំទៅ១៤ឆ្នាំ បានកើនឡើងទ្វេដង។ យុវវ័យដែលងាយនឹងសម្លាប់ខ្លួន ច្រើនតែជាអ្នកដែលមានជំងឺផ្លូវចិត្ត អ្នកដែលធ្លាប់មានសមាជិកគ្រួសារសម្លាប់ខ្លួន និងអ្នកដែលប៉ុនប៉ងធ្វើអត្តឃាត។ នៅខាងក្រោមនេះជាសញ្ញាព្រមានមួយចំនួន ដែលយុវវ័យប្រហែលជាគិតចង់បញ្ចប់ជីវិតខ្លួន៖
● ចូលចិត្តសម្ងំនៅតែម្នាក់ឯង ដោយមិនអើពើនឹងអ្នកណា
● ផ្លាស់ប្ដូរការហូបចុកនិងការដេកពួន
● លែងចង់ធ្វើអ្វីដែលខ្លួនធ្លាប់ចូលចិត្ត
● ផ្លាស់ប្ដូរបុគ្គលិកលក្ខណៈយ៉ាងខ្លាំង
● ប្រើគ្រឿងញៀនឬសេពគ្រឿងស្រវឹង
● ចែករបស់មានតម្លៃដល់អ្នកឯទៀត
● ចូលចិត្តនិយាយអំពីការស្លាប់ឬរឿងដែលទាក់ទងនឹងការសម្លាប់ខ្លួន
បើឪពុកម្ដាយព្រងើយកន្តើយនឹងសញ្ញាព្រមានទាំងនោះ ពួកគាត់នឹងស្ដាយ
ក្រោយជាមិនខាន។ កុំមើលស្រាលរឿងនោះឲ្យសោះ ហើយមិនត្រូវសន្និដ្ឋានភ្លាមៗថា វារឿងធម្មតារបស់ក្មេងជំទង់ឡើយ។បើកូនរបស់អ្នកមានជំងឺបាក់ទឹកចិត្តឬជំងឺផ្លូវចិត្ត សូមកុំខ្មាសក្នុងការសុំជំនួយ។ បើអ្នកសង្ស័យថាកូនកំពុងគិតខ្លី សូមនិយាយជាមួយកូន។ កុំគិតថាការនិយាយជាមួយកូនអំពីរឿងសម្លាប់ខ្លួនជាការជំរុញចិត្តកូនឲ្យធ្វើដូច្នោះឡើយ។ យុវវ័យភាគច្រើនមានអារម្មណ៍ធូរស្រាល ពេលឪពុកម្ដាយលើកយកប្រធានបទនោះមកនិយាយ។ ដូច្នេះ បើកូនប្រាប់ថាកូនកំពុងគិតចង់សម្លាប់ខ្លួន ចូរខំស្វែងយល់ថាកូនបានរៀបចំគម្រោងនោះល្អិតល្អន់ខ្លាំងយ៉ាងណា។ ពេលអ្នកដឹងច្បាស់លាស់ សូមចាត់វិធានការជាបន្ទាន់។
កុំគិតថាការធ្លាក់ទឹកចិត្តរបស់កូននឹងបាត់ទៅវិញដោយស្វ័យប្រវត្តិ។ បើស្ថានភាពរបស់កូនហាក់ដូចជាបានប្រសើរឡើង កុំច្រឡំថាបញ្ហាបានត្រូវដោះស្រាយឡើយ។ តាមពិតនោះអាចជាពេលគ្រោះថ្នាក់បំផុត។ ហេតុអ្វី? ពីព្រោះពេលក្មេងជំទង់ធ្លាក់ទឹកចិត្តខ្លាំងពេក ពួកគេគ្មានកម្លាំងធ្វើអត្តឃាតខ្លួនទេ តែពេលអារម្មណ៍នោះថយចុះ កម្លាំងពួកគេនឹងត្រឡប់មកវិញ ហើយពួកគេអាចនឹងសម្លាប់ខ្លួន។
ពិតជាគួរឲ្យស្ដាយណាស់ យុវវ័យខ្លះអស់សង្ឃឹមរហូតដល់ចង់បញ្ចប់ជីវិតខ្លួន។ ដូច្នេះ បើឪពុកម្ដាយនិងអ្នកដែលនៅជុំវិញពួកគេបានកត់សម្គាល់ឃើញសញ្ញាណាមួយមិនស្រួល អ្នកទាំងនោះគួរចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីជួយយុវវ័យដូចនោះ ដោយ«និយាយលួងលោមនិងលើកទឹកចិត្ត» ហើយត្រៀមខ្លួនជាទីពឹងសម្រាប់ពួកគេ។—ថែស្សាឡូនិចទី១ ៥:១៤
សូមមើលជំពូកទី១៣និងទី១៤ ក្នុងក្បាលទី១ និងជំពូកទី២៦ ក្នុងក្បាលទី២
តើខ្ញុំគួរលាក់ភាពសោកសៅមិនឲ្យកូនដឹងឬទេ?
ការបាត់បង់ដៃគូជីវិត ពិតជារឿងដ៏ឈឺចាប់ណាស់។ ក្នុងអំឡុងពេលនោះ កូនរបស់អ្នកក៏ត្រូវការជំនួយពីអ្នកដែរ។ ប៉ុន្តែ តើអ្នកអាចជួយកូនឲ្យឆ្លងផុតទុក្ខក្រៀមក្រំដោយរបៀបណា ដោយសារអ្នកក៏សោកសៅដែរ? សូមសាកធ្វើតាមវិធីទាំងនេះ៖
● កុំព្យាយាមលាក់អារម្មណ៍របស់អ្នក។ មេរៀនដ៏មានតម្លៃបំផុតដែលកូនៗរៀនក្នុងជីវិត មិនថាការស៊ូទ្រាំឬរបៀបយកឈ្នះការឈឺចាប់ទេ ភាគច្រើនបានមកពីការ
មើលគំរូរបស់ឪពុកម្ដាយ។ ដូច្នេះ អ្នកមិនចាំបាច់មានអារម្មណ៍ថាត្រូវលាក់ទុក្ខព្រួយដើម្បីកុំឲ្យកូនឃើញភាពទន់ខ្សោយរបស់ខ្លួនឡើយ ពីព្រោះកូនអាចនឹងធ្វើតាមគំរូរបស់អ្នក។ ផ្ទុយទៅវិញ បើអ្នកបង្ហាញក្ដីសោកសៅ នោះកូននឹងដឹងថាការបញ្ចេញអារម្មណ៍របស់ខ្លួនគឺប្រសើរជាងការបៀមទុក្ខតែម្នាក់ឯង ហើយកូនក៏នឹងដឹងដែរថាការបង្ហាញអារម្មណ៍ពិបាកចិត្ត អន់ចិត្ត ឬខឹងគឺជារឿងធម្មតាទេ។● លើកទឹកចិត្តកូនឲ្យនិយាយចេញមក។ កុំធ្វើឲ្យកូនមានសម្ពាធ តែនិយាយតាមរបៀបដែលធ្វើឲ្យកូនចង់ប្រាប់ពីអារម្មណ៍របស់ខ្លួន។ បើកូនហាក់ដូចជាមិនចង់និយាយ សូមសាកល្បងប្រើជំពូកទី១៦ក្នុងសៀវភៅនេះ។ អ្នកអាចប្រាប់កូននូវអនុស្សាវរីយ៍ល្អៗអំពីប្ដីឬប្រពន្ធជាទីស្រឡាញ់របស់អ្នកដែលបានស្លាប់ទៅ ហើយក៏ប្រាប់កូនដែរថា អ្នកលំបាកខ្លាំងប៉ុណ្ណាក្នុងការស្ពាយបន្ទុកតែម្នាក់ឯងដោយគ្មានគូជីវិត។ នៅពេលកូនបានស្ដាប់និងដឹងពីអារម្មណ៍របស់អ្នក នោះកូននឹងចង់ធ្វើដូចអ្នកដែរ។
● ទទួលស្គាល់នូវកម្រិតរបស់អ្នក។ ពិតមែនថាអ្នកចង់ជួយកូនក្នុងអំឡុងពេលដ៏ពិបាកនេះ តែសូមចាំថាអ្នកក៏រងផលប៉ះពាល់ខ្លាំងពីការបាត់បង់មនុស្សជាទីស្រឡាញ់ដែរ។ ដូច្នេះ ក្នុងមួយរយៈពេល រាងកាយ ចិត្តគំនិត និងអារម្មណ៍របស់អ្នកប្រហែលជាមិនរឹងមាំទេ។ (សុភាសិត ២៤:១០) ម្ល៉ោះហើយ អ្នកត្រូវការការគាំទ្រនិងជំនួយពីសាច់ញាតិឬពីមិត្តភក្តិ។ ការចេះសុំជំនួយពីអ្នកឯទៀតជារឿងមួយដែលល្អ ដូចសុភាសិត ១១:២ ចែងថា៖ «មនុស្សដែលមានចិត្តសុភាពបង្ហាញថាខ្លួនមានប្រាជ្ញា»។
ជំនួយដ៏ធំបំផុតរបស់យើង គឺមកពីព្រះយេហូវ៉ា។ លោកបានសន្យានឹងអ្នកគោរពប្រណិប័តន៍លោកថា៖ «ខ្ញុំជាយេហូវ៉ាជាព្រះរបស់អ្នក ខ្ញុំនឹងស្រវាចាប់ដៃស្ដាំរបស់អ្នក ខ្ញុំនឹងនិយាយមកអ្នកថា៖ ‹កុំខ្លាចឡើយ ខ្ញុំនឹងជួយអ្នក›»។—អេសាយ ៤១:១៣
សូមមើលជំពូកទី១៦ ក្បាលទី១
តើខ្ញុំគួរធ្វើយ៉ាងណាដើម្បីជួយកូនឲ្យមានតុល្យភាពក្នុងការតមអាហារ?
បើកូនរបស់អ្នកមានបញ្ហាក្នុងការបរិភោគ តើអ្នកអាចធ្វើយ៉ាងណា? ដំបូង សូមព្យាយាមយល់ពីមូលហេតុដែលកូនធ្វើបែបនេះ។
មនុស្សជាច្រើនដែលមានបញ្ហាក្នុងការញាំ គឺដោយសារពួកគេមិនសូវមានទំនុកចិត្ត មិនពេញចិត្តនឹងរូបរាងរបស់ខ្លួន និងទាមទារច្រើនពេកពីខ្លួនឯង។ ឪពុកម្ដាយ សូមមានការប្រុងប្រយ័ត្នកុំធ្វើឲ្យកូនមានអារម្មណ៍បែបនោះ។ ផ្ទុយទៅវិញ សូមជួយពង្រឹងទំនុកចិត្តរបស់កូន។—ថែស្សាឡូនិចទី១ ៥:១១
ណាមួយទៀត ស្ដីអំពីរបបអាហារនិងទម្ងន់ ឪពុកម្ដាយក៏គួរពិនិត្យមើលទស្សនៈរបស់ខ្លួនដែរ។ តាមរយៈពាក្យសម្ដីនិងសកម្មភាពរបស់អ្នក តើដោយអចេតនា អ្នកបានយកចិត្តទុកដាក់ខ្លាំងពេកទៅលើបញ្ហាទាំងនោះឬទេ? សូមចាំថា យុវវ័យមានភាពរសើបខ្លាំងចំពោះរូបរាងរបស់ខ្លួន។ ដូច្នេះ ការនិយាយលេងសើចថាកូនធាត់កន្ទ្រល ឬស្គមស្គាំង នោះប្រៀបដូចជាអ្នកកំពុងដាំគ្រាប់ពូជមិនល្អនៅក្នុងចិត្តរបស់កូន។
សូមអធិដ្ឋាន ហើយគិតរឿងនោះយ៉ាងដិតដល់ មុននឹងពិភាក្សាជាមួយកូន។ អ្នកអាចសាកល្បងធ្វើតាមចំណុចដូចតទៅ៖
● គិតឲ្យបានគ្រប់ជ្រុងជ្រោយអំពីពាក្យសម្ដី និងពេលណាដែលគួរនិយាយ។
● ប្រាប់កូនឲ្យយល់ច្បាស់ពីកង្វល់ និងបំណងដែលអ្នកចង់ជួយកូន។
● កុំភ្ញាក់ផ្អើល បើកូនមិនទទួលស្គាល់ភ្លាមៗអំពីរឿងនោះ។
● ស្ដាប់ដោយចិត្តអត់ធ្មត់។
សំខាន់បំផុត គ្រួសារទាំងមូលរួមគ្នាជួយកូនឲ្យយកឈ្នះបញ្ហានោះ!
សូមមើលជំពូកទី១០ ក្នុងក្បាលទី១ និងជំពូកទី៧ ក្នុងក្បាលទី២
ចំណងមិត្តភាពជាមួយព្រះ
ពេលកូនចូលវ័យជំទង់ តើខ្ញុំអាចបន្ដបង្រៀនកូនអំពីព្រះដោយរបៀបណា?
គម្ពីរចែងថា ធីម៉ូថេបានទទួលការបង្ហាត់បង្រៀនអំពីព្រះ‹តាំងពីនៅជាទារក›។ ក្នុងនាមជាឪពុកម្ដាយ អ្នកក៏ចង់ធ្វើដូចគ្នាសម្រាប់កូនរបស់អ្នកដែរ។ (ធីម៉ូថេទី២ ៣:១៥) ប៉ុន្តែ ពេលកូនរបស់អ្នកឈានដល់វ័យជំទង់ អ្នកប្រហែលជាត្រូវកែសម្រួលវិធីសាស្ត្រក្នុងការបង្រៀន។ នេះក៏ព្រោះតែកូនធំឡើង ពួកគេចង់យល់ពីរឿងដែលស្មុគស្មាញ និងដែលកាន់តែស៊ីជម្រៅ។ ឥឡូវនេះ ជាពេលដែលអ្នកត្រូវជួយកូនឲ្យចេះប្រើ«សមត្ថភាពរិះគិត» ឬចេះវែកញែកជាងពេលមុនៗទៅទៀត។—រ៉ូម ១២:១
ពេលប៉ូលសរសេរសំបុត្រទៅធីម៉ូថេ ប៉ូលលើកឡើងអំពីអ្វីដែលធីម៉ូថេ«បានរៀននិងដែលបានត្រូវនាំឲ្យជឿជាក់»។ (ធីម៉ូថេទី២ ៣:១៤) ឥឡូវកូនរបស់អ្នកប្រហែលជាត្រូវការមូលហេតុ ឬអ្វី«ដែលបានត្រូវនាំឲ្យជឿជាក់»អំពីសេចក្ដីពិតក្នុងគម្ពីរ ដែលកូនបានរៀនតាំងពីតូចមក។ ដើម្បីឲ្យសេចក្ដីពិតចូលទៅក្នុងចិត្តរបស់កូន អ្នកមិនត្រឹមតែប្រាប់កូនអំពីអ្វីដែលកូនត្រូវធ្វើ ឬត្រូវជឿនោះទេ តែត្រូវបង្រៀនកូនឲ្យស្វែងយល់ដោយខ្លួនឯង។ តើអ្នកអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? ជាដំបូង អ្នកត្រូវបង្កើតឱកាសឲ្យបានច្រើនដើម្បីឲ្យកូនគិតពិចារណានិងពិភាក្សាជាមួយអ្នកនូវសំណួរដូចជា៖
● តើមានភ័ស្តុតាងអ្វីដែលនាំឲ្យខ្ញុំជឿជាក់ថាមានព្រះ?—រ៉ូម ១:២០
● តើខ្ញុំដឹងដោយរបៀបណាថាអ្វីដែលឪពុកម្ដាយខ្ញុំបង្រៀនពីគម្ពីរគឺជាការពិត?—សកម្មភាព ១៧:១១
● តើអ្វីធ្វើឲ្យខ្ញុំជឿថាខ្នាតតម្រាក្នុងគម្ពីរគឺមានប្រយោជន៍សម្រាប់ខ្ញុំ?—● តើខ្ញុំអាចដឹងយ៉ាងដូចម្ដេចថាទំនាយក្នុងគម្ពីរនឹងក្លាយជាការពិត?—យ៉ូស្វេ ២៣:១៤
● ហេតុអ្វីខ្ញុំអាចប្រាកដថាគ្មានអ្វីក្នុងពិភពលោកនេះអាចប្រៀបផ្ទឹមជាមួយនឹង«តម្លៃដ៏លើសលប់នៃចំណេះអំពីគ្រិស្តយេស៊ូ»?—ភីលីព ៣:៨
● តើថ្លៃលោះរបស់គ្រិស្តមានសារៈសំខាន់យ៉ាងណាចំពោះខ្ញុំ?—កូរិនថូសទី២ ៥:១៤, ១៥; កាឡាទី ២:២០
អ្នកប្រហែលជាមិនហ៊ានសួរសំណួរបែបនេះឲ្យកូនគិតទេ ពីព្រោះអ្នកខ្លាចថាកូនមិនអាចឆ្លើយបាន។ នេះប្រៀបដូចជាអ្នកមិនហ៊ានមើលកុងទ័រសាំងនៅក្នុងឡានរបស់អ្នក ព្រោះអ្នកខ្លាចថាឃើញឡានអស់សាំង។ តាមពិតគឺជាការប្រសើរជាង បើអ្នកពិនិត្យមើលកុងទ័រសាំងជាមុន។ ស្រដៀងគ្នាដែរ ខណៈពេលដែលកូនជំទង់មិនទាន់បែកផ្ទះនៅឡើយ នោះជាឱកាសដែលអ្នកត្រូវជួយកូនឲ្យសិក្សាស្វែងយល់ចំពោះសំណួរដែលទាក់ទងនឹងជំនឿរបស់កូន ហើយបន្ទាប់មកជួយកូន«ឲ្យជឿជាក់»អំពីអ្វីដែលកូនបានរៀន។ d
សូមចាំថា វាមិនខុសទេបើកូនរបស់អ្នកឆ្ងល់ ហើយសួរថា«តើអ្វីដែលខ្ញុំជឿគឺជាការពិតទេ?»។ ប្អូនស្រីឈ្មោះដាយអេន អាយុ២២ឆ្នាំ មានការសង្ស័យដូចនោះពេលនាងនៅជំទង់។ នាងនិយាយថា៖ «ខ្ញុំចង់ច្បាស់ក្នុងចិត្តថាជំនឿរបស់ខ្ញុំពិតជាត្រឹមត្រូវ។ ដូច្នេះ ខ្ញុំបានសិក្សាស្រាវជ្រាវ។ ក្រោយពីរកបានចម្លើយច្បាស់លាស់និងជឿជាក់ហើយ ខ្ញុំចង់ក្លាយទៅជាសាក្សីព្រះយេហូវ៉ា! ពេលមានគេសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំមិនធ្វើបែបនេះឬបែបនោះ? ជាជាងឆ្លើយថា‹សាសនារបស់ខ្ញុំមិនឲ្យខ្ញុំធ្វើទេ› ខ្ញុំតែងឆ្លើយថា‹ព្រោះខ្ញុំគិតថាខ្ញុំមិនគួរធ្វើ›។ បើនិយាយឲ្យចំទៅ ខ្ញុំបានឲ្យទស្សនៈក្នុងគម្ពីរទៅជាទស្សនៈរបស់ខ្ញុំ»។
យោបល់៖ នៅពេលមានបញ្ហាកើតឡើង អ្នកអាចជួយកូនជំទង់របស់អ្នកឲ្យចេះវែកញែកអំពីខ្នាតតម្រាក្នុងគម្ពីរ ដោយលើកទឹកចិត្តកូនឲ្យដាក់ខ្លួនក្នុងតួនាទីជំពូកទី៣៧ក្នុងសៀវភៅនេះ និងជំពូកទី៣២ក្នុងក្បាលទី២)។ បន្ទាប់មក សូមពិភាក្សាជាមួយគ្នាម្ដងទៀតនៅថ្ងៃស្អែក។ ប៉ាម៉ាក់នឹងដើរតួជាកូន ហើយសុំទៅពិធីជប់លៀងនោះ។ រីឯកូនវិញដើរតួជាប៉ាម៉ាក់ ហើយប្រាប់ថា‹តើប៉ានិងម៉ាក់ដែលដើរតួជាកូន គួរទៅពិធីនោះឬមិនគួរ?›។
ជាឪពុកម្ដាយ។ ជាឧទាហរណ៍ បើកូនសុំការអនុញ្ញាតទៅចូលរួមជប់លៀងមួយដែលអ្នក (ហើយប្រហែលជាកូនដែរ)ដឹងថា ពិធីនោះមិនសូវសមរម្យឡើយ តែជាជាងនិយាយថា«ទេ» អ្នកអាចសួរកូនថា‹បើកូនជាប៉ាម៉ាក់ តើកូននឹងនិយាយយ៉ាងណាក្នុងស្ថានភាពនេះ? សូមគិតអំពីពិធីជប់លៀងដែលកូនចង់ទៅ រួចសូមធ្វើការស្រាវជ្រាវខ្លះ (ប្រហែលនៅសូមមើលជំពូកទី៣៨ ក្នុងក្បាលទី១ និងជំពូកទី៣៤ដល់ទី៣៦ ក្នុងក្បាលទី២
បើកូនជំទង់លែងមានចំណាប់អារម្មណ៍ចំពោះការគោរពប្រណិប័តន៍ព្រះ តើអ្នកគួរធ្វើអ្វី?
ជាបឋម សូមកុំប្រញាប់សន្និដ្ឋានថាកូនមិនចូលចិត្តសាសនារបស់អ្នក។ ក្នុងករណីជាច្រើន តែងមានអ្វីមួយដែលធ្វើឲ្យកូនមានអារម្មណ៍ដូច្នេះ។ ជាឧទាហរណ៍ កូនរបស់អ្នកប្រហែលជា
● ទទួលការបង្ខិតបង្ខំពីមិត្តភក្តិ និងភ័យខ្លាចថាខ្លួនខុសពីគេដោយសារធ្វើតាមគោលការណ៍គម្ពីរ
● ប្រៀបធៀបខ្លួនជាមួយយុវវ័យគ្រិស្តសាសនិកឯទៀត (សូម្បីតែជាមួយបងប្អូនបង្កើតរបស់ខ្លួន) ដែលកំពុងរីកចម្រើនក្នុងការបម្រើព្រះ តែខ្លួនឯងវិញមិនអាចធ្វើបានដូចពួកគេ
● មានអារម្មណ៍ឯកោដោយសារគ្មានមិត្តភក្តិក្នុងក្រុមជំនុំ
● ឃើញយុវវ័យ«គ្រិស្តសាសនិក»ឯទៀត មានរបៀបរស់នៅធ្វើជាមនុស្សមុខពីរ
● កូនរបស់អ្នកចង់រស់នៅជាខ្លួនឯង ហើយចាប់ផ្ដើមចោទសួរអំពីជំនឿរបស់អ្នក
● ឃើញសិស្សរួមថ្នាក់ធ្វើខុស តែមិនឃើញពួកគេជួបផលវិបាកអ្វីសោះ
● ចង់ផ្គាប់ចិត្តឪពុកឬម្ដាយដែលមិនមែនជាអ្នកជឿ
បញ្ហាដែលបានរៀបរាប់មកនេះ បង្ហាញឲ្យឃើញច្បាស់ថា មូលហេតុមិនមែនដោយសារជំនឿនៃសាសនារបស់អ្នកទេ។ ប៉ុន្តែ ជាស្ថានភាពដែលនៅជុំវិញកូនច្រើនជាង ដែលធ្វើឲ្យកូនពិបាកអនុវត្តតាមអ្វីដែលកូនជឿ។ ដូច្នេះ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីលើកទឹកចិត្តកូន?
ព្យាយាមយល់ ហើយចាត់វិធានការ។ ស្វែងយល់អំពីអ្វីដែលបណ្ដាលឲ្យកូនធ្លាក់ទឹកចិត្ត ហើយបង្កើតបរិយាកាសដែលនឹងជួយកូនឲ្យរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះ។ (សុភាសិត ១៦:២០) ជាឧទាហរណ៍ សូមពិចារណាអត្ថបទ«ផែនការពេលមានការបង្ខិតបង្ខំពីមិត្តភក្តិ» នៅទំព័រ១៣២ និង១៣៣ ក្នុងក្បាលទី២។ អត្ថបទនោះអាចជួយកូនឲ្យមានទំនុកចិត្ត ឬមិនសូវភ័យខ្លាច ពេលប្រឈមមុខនឹងសម្ពាធពីសិស្សរួមថ្នាក់។ ណាមួយទៀត បើកូនរបស់អ្នកមានអារម្មណ៍ឯកោដោយសារគ្មានមិត្តភក្តិ អ្នកប្រហែលជាត្រូវចាត់វិធានការដើម្បីជួយកូនឲ្យរកបានមិត្តភក្តិល្អ។
រកអ្នកណាម្នាក់ដែលអាចជួយកូន។ ពេលខ្លះជាការល្អ បើមានអ្នកក្រៅរង្វង់គ្រួសារជួយលើកទឹកចិត្តកូនជំទង់របស់អ្នក។ តើអ្នកស្គាល់បងប្អូនណាម្នាក់ដែលមានចំណងមិត្តភាពរឹងមាំជាមួយព្រះ ដែលអាចជួយជំរុញចិត្តកូនរបស់អ្នកឬទេ? បើមាន សូមរៀបចំឲ្យពួកគាត់សេពគប់គ្នា។ ការធ្វើដូច្នេះមិនមានន័យថា អ្នកកំពុងគេចវេះពីភារកិច្ចក្នុងការជួយកូននោះឡើយ។ សូមគិតអំពីគំរូរបស់ធីម៉ូថេ។ គាត់បានទទួលប្រយោជន៍ច្រើនណាស់ពីគំរូរបស់សាវ័កប៉ូល ហើយប៉ូលខ្លួនឯងក៏ទទួលប្រយោជន៍យ៉ាងខ្លាំងពីការរួមការងារជាមួយធីម៉ូថេដែរ។—ភីលីព ២:២០, ២២
កាលដែលកូនវ័យជំទង់នៅតែរស់នៅក្រោមការគ្រប់គ្រងរបស់អ្នក អ្នកមានសិទ្ធិតម្រូវឲ្យកូនធ្វើតាមជំនឿសាសនារបស់អ្នក។ ប៉ុន្តែ គោលដៅរបស់អ្នកគឺ ជួយកូនឲ្យបណ្ដុះសេចក្ដីស្រឡាញ់ចំពោះព្រះ មិនមែនធ្វើតាមតែបញ្ជារបស់អ្នកដូចមនុស្សយន្តនោះទេ។ បន្ថែមទៅទៀត អ្នកត្រូវទុកគំរូល្អសម្រាប់កូន ដើម្បីជួយកូនឲ្យទទួលយកការគោរពប្រណិប័តន៍ពិត។ កុំរំពឹងច្រើនពេកពីកូន។ ចូរស្វែងរកអ្នកណាម្នាក់ដែលអាចជួយកូន និងរៀបចំឲ្យកូនមានការសេពគប់ល្អ។ ប្រសិនបើអ្នកធ្វើដូច្នេះ ថ្ងៃណាមួយកូនរបស់អ្នកប្រហែលជានិយាយពាក្យដូចដែលអ្នកតែងចម្រៀងសរសើរព្រះបានពោលថា៖ «ព្រះយេហូវ៉ាជាថ្មដា និងជាទីមាំមួនរបស់ខ្ញុំ ហើយលោកជាអ្នកសង្គ្រោះខ្ញុំ»។—ចម្រៀងសរសើរព្រះ ១៨:២
សូមមើលជំពូកទី៣៩ ក្នុងក្បាលទី១ និងជំពូកទី៣៧និងទី៣៨ ក្នុងក្បាលទី២
[កំណត់សម្គាល់]
a ប៉ុន្តែ ជៀសវាងធ្វើឲ្យកូនមានអារម្មណ៍ថាដោយសារកូនធ្វើខុស ទើបកូនត្រូវបង្ខំខ្លួនស្ដាប់បង្គាប់អ្នកនោះឡើយ។
b ក្មេងជំទង់ច្រើនតែផ្ដោតខ្លាំងទៅលើរូបសម្ផស្សរបស់ខ្លួន។ ដូច្នេះ សូមប្រយ័ត្នក្នុងការលើកឡើងអំពីរូបរាងមិនស្អាតរបស់ពួកគេ។
c សូមមើល ទំព័រ៣១៥-៣១៨។
d ជំពូកទី៣៦ ក្បាលទី២ អាចជួយកូនជំទង់ឲ្យប្រើសមត្ថភាពវែកញែក ដើម្បីបណ្ដុះភាពជឿជាក់ថាពិតជាមានព្រះមែន។