តើឪពុកអាចធ្វើយ៉ាងណាដើម្បីមានភាពជិតស្និទ្ធជាមួយនឹងកូនប្រុស?
តើឪពុកអាចធ្វើយ៉ាងណាដើម្បីមានភាពជិតស្និទ្ធជាមួយនឹងកូនប្រុស?
«ប៉ា! ហេតុអ្វីប៉ាស្គាល់ច្រើនម្ល៉េះ?»។ តើកូនប្រុសរបស់អ្នកធ្លាប់សួរសំណួរដ៏គួរឲ្យរំភើបបែបនេះទេ? ពេលនោះអ្នកប្រហែលជាមានអារម្មណ៍ថាមានមោទនភាពក្នុងនាមជាឪពុកម្នាក់។ ប៉ុន្តែបើកូនប្រុសរបស់អ្នកធ្វើតាមឱវាទរបស់អ្នកហើយទទួលប្រយោជន៍ នោះអ្នកនឹងកាន់តែសប្បាយចិត្តជាងនោះទៅទៀត។ *—សុភាសិត ២៣:១៥, ២៤
កាលដែលកូនប្រុសអ្នកកាន់តែធំឡើង តើគាត់នៅតែធ្វើតាមឱវាទរបស់អ្នកទេ? ឬក៏គាត់លែងចង់ធ្វើតាមឱវាទរបស់អ្នកទៀតហើយ? តើតាមរបៀបណាអ្នកនៅតែអាចរក្សាភាពជិតស្និទ្ធជាមួយកូនប្រុសរបស់អ្នកតាំងពីគាត់នៅក្មេងរហូតដល់គាត់ធំពេញវ័យ? ដំបូង សូមពិចារណាអំពីការពិបាកខ្លះៗដែលឪពុកភាគច្រើនតែងតែជួបប្រទះ។
ការពិបាកបីយ៉ាងដែលឪពុកជាទូទៅជួបប្រទះ
១. គ្មានពេលវេលាគ្រប់គ្រាន់: នៅប្រទេសជាច្រើនឪពុកគឺជាជំហរក្នុងការផ្គត់ផ្គង់ក្រុមគ្រួសារ។ ដូច្នេះពួកគេត្រូវចំណាយពេលវេលាច្រើននៅខាងក្រៅដើម្បីធ្វើការ។ នៅប្រទេសខ្លះទៀត ឪពុកចំណាយពេលបន្តិចបន្តួចប៉ុណ្ណោះជាមួយកូនៗរបស់ពួកគេ។ យោងតាមការស្ទង់មតិមួយនៅប្រទេសបារាំងបានរកឃើញថា ឪពុកចំណាយពេលតិចជាង១២នាទីក្នុងមួយថ្ងៃជាមួយកូនៗរបស់ពួកគេ។
សូមគិតអំពីនេះ: តើអ្នកចំណាយពេលប៉ុន្មានជាមួយកូនប្រុសរបស់អ្នក? ក្នុងមួយសប្ដាហ៍ឬពីរសប្ដាហ៍បន្ទាប់សូមកត់ទុកចំនួនម៉ោងសរុបដែលអ្នកបានចំណាយពេលជាមួយកូនប្រុសរបស់អ្នកក្នុងមួយថ្ងៃៗ។ លទ្ធផលប្រហែលជាធ្វើឲ្យអ្នកភ្ញាក់ផ្អើល។
២. ការគ្មានគំរូល្អ: ក្មេងប្រុសពេញវ័យខ្លះមិនសូវចំណាយពេលជាមួយឪពុករបស់ពួកគេទេ។ បងប្រុសម្នាក់ឈ្មោះជីន ម៉ារៀដែលរស់នៅប្រទេសបារាំងបាននិយាយថា៖«ខ្ញុំមិនសូវទាក់ទងជាមួយឪពុករបស់ខ្ញុំទេ»។ តើនេះនាំឲ្យមានលទ្ធផលអ្វី? គាត់បាននិយាយថា៖«នេះធ្វើឲ្យមានបញ្ហាដែលខ្ញុំនឹកស្មានមិនដល់ ជាឧទាហរណ៍ ខ្ញុំពិបាកនិយាយយ៉ាងអស់ពីចិត្តជាមួយកូនប្រុសរបស់ខ្ញុំ»។ ក្នុងករណីខ្លះ ទោះជាប្អូនប្រុសពេញវ័យស្គាល់ឪពុករបស់ពួកគេយ៉ាងច្បាស់ក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាងឪពុកនិងកូនបានត្រូវបំផ្លាញ។ បងភីលីពដែលមានអាយុ៤៣ឆ្នាំបាននិយាយថា៖«ឪពុករបស់ខ្ញុំពិបាកក្នុងការបង្ហាញសេចក្ដីស្រឡាញ់ចំពោះខ្ញុំ។ ជាលទ្ធផល ខ្ញុំពិបាកបង្ហាញសេចក្ដីស្រឡាញ់ចំពោះកូនប្រុសរបស់ខ្ញុំដែរ»។
សូមគិតអំពីនេះ: តើអ្នកមានអារម្មណ៍ថារបៀបដែលឪពុករបស់អ្នកប្រព្រឹត្តចំពោះអ្នកមានឥទ្ធិពលមកលើរបៀបដែលអ្នកប្រព្រឹត្តចំពោះកូនប្រុសរបស់អ្នកឬទេ? តើអ្នកបានកត់សម្គាល់ថាអ្នកបានធ្វើតាមគំរូល្អឬអាក្រក់ណាមួយរបស់ឪពុកអ្នកឬទេ? ហើយតាមរបៀបណា?
៣. ការគ្មានតុល្យភាពចំពោះតួនាទីក្នុងការប្រដៅអប់រំកូន: ក្នុងវប្បធម៌ខ្លះឪពុកមិនសូវយកចិត្តទុកដាក់ចំពោះការបំពេញតួនាទីក្នុងការប្រដៅអប់រំកូនៗនោះទេ។ បងប្រុសលូកាដែលធំឡើងនៅទ្វីបអឺរ៉ុបប៉ែកខាងលិចបាននិយាយថា៖«កន្លែងដែលខ្ញុំធំឡើង គេចាត់ទុកភារកិច្ចក្នុងការប្រដៅអប់រំកូនគឺជាតួនាទីរបស់ប្រពន្ធ»។ ក្នុងវប្បធម៌ខ្លះ ឪពុកបានត្រូវលើកទឹកចិត្តឲ្យដាក់វិន័យតឹងរឹងចំពោះកូនៗ។ រីឯវប្បធម៌នៅប្រទេសខ្លះទៀតដូចជា នៅប្រទេសអាហ្វ្រិក បងចចបាននិយាយថា៖«ក្នុងវប្បធម៌របស់ខ្ញុំ ឪពុកមិនលេងជាមួយកូនៗរបស់ពួកគេទេ ដោយសារពួកគេខ្លាចថានេះធ្វើឲ្យកូនមិនគោរពឪពុក។ ដូច្នេះខ្ញុំមានអារម្មណ៍ពិបាកក្នុងការចំណាយពេលលេងជាមួយកូនប្រុសរបស់ខ្ញុំ ព្រោះខ្លាចកូនមិនគោរពខ្ញុំ»។
សូមគិតអំពីនេះ: នៅក្នុងសហគមន៍របស់អ្នក តើឪពុកមានតួនាទីអ្វីខ្លះ? តើពួកគេបានត្រូវបង្ហាត់បង្រៀនឲ្យគិតថាការប្រដៅអប់រំកូនជាតួនាទីរបស់ម្ដាយប៉ុណ្ណោះឬ? តើពួកគេគិតថាពួកគេត្រូវបង្ហាញសេចក្ដីស្រឡាញ់ចំពោះកូន ឬក៏ពួកគេគិតថាការធ្វើដូច្នេះធ្វើឲ្យកូនមិនគោរពពួកគេ?
បើអ្នកជាឪពុកដែលកំពុងជួបប្រទះនឹងបញ្ហាណាមួយក្នុងចំណោមបញ្ហាខាងលើនេះ តើតាមរបៀបណាអ្នកអាចយកឈ្នះបាន? សូមពិចារណាយោបល់ខាងក្រោម។
ចូរចាប់ផ្ដើមតាំងពីពេលដែលកូនប្រុសរបស់អ្នកនៅតូច
ធម្មតាក្មេងប្រុសចង់ធ្វើតាមគំរូរបស់ឪពុកខ្លួន។ ដូច្នេះ សូមធ្វើឲ្យគាត់ចង់ធ្វើតាមគំរូរបស់អ្នកតាំងពីគាត់នៅក្មេង។ ប៉ុន្តែតើតាមរបៀបណាអ្នកអាចធ្វើដូច្នេះ? ហើយតើពេលណាដែលអ្នកអាចចំណាយពេលជាមួយគាត់?
ពេលណាដែលអាចធ្វើបាន សូមឲ្យកូនប្រុសរបស់អ្នកចូលរួមសកម្មភាពប្រចាំថ្ងៃជាមួយអ្នក។ ជាឧទាហរណ៍ បើអ្នកកំពុងធ្វើកិច្ចការផ្សេងៗក្នុងផ្ទះ សូមឲ្យកូនរបស់អ្នកជួយដែរ។ បើអ្នកកំពុងបោសផ្ទះ សូមឲ្យអំបោសតូចមួយដើម្បីគាត់អាចជួយអ្នក ឬបើអ្នកកំពុងជីកដី សូមឲ្យចបជីកតូចមួយដល់គាត់ដើម្បីគាត់អាចជីកដែរ។ កូនរបស់អ្នកនឹងសប្បាយចិត្តដែលអាចធ្វើការជាមួយឪពុកដ៏អស្ចារ្យរបស់ពួកគេ ជាអ្នកដែលពួកគេចង់យកតម្រាប់តាម។ អ្នកប្រហែលជាត្រូវចំណាយពេលយូរជាងដើម្បីបញ្ចប់កិច្ចការ ប៉ុន្តែនេះនឹងពង្រឹងចំណងមិត្តភាពរវាងអ្នកនិងកូនប្រុសរបស់អ្នក ហើយអ្នកនឹងបង្ហាត់បង្រៀនគាត់អំពីរបៀបធ្វើកិច្ចការឲ្យបានល្អ។ ជាយូរមកហើយគម្ពីរលើកទឹកចិត្តឪពុកឲ្យបង្ហាត់បង្រៀនកូនៗរបស់ពួកគេក្នុងសកម្មភាពប្រចាំថ្ងៃ ហើយប្រើឱកាសនោះដើម្បីចំណាយពេលជាមួយកូនៗ និងបង្ហាត់បង្រៀនពួកគេ។ (ការបំភ្លឺច្បាប់ ៦:៦-៩) នេះគឺជាយោបល់ដ៏ល្អសម្រាប់យើងនៅសព្វថ្ងៃនេះ។
ដើម្បីកាន់តែជិតស្និទ្ធជាមួយកូនប្រុសរបស់អ្នក អ្នកត្រូវចំណាយពេលកម្សាន្តជាមួយពួកគេ។ ការលេងកម្សាន្តជាមួយកូនផ្ដល់ឱកាសឲ្យមានភាពជិតស្និទ្ធជាមួយគ្នា។ ការស្រាវជ្រាវបានបង្ហាញថា ពេលឪពុកចំណាយពេលលេងកម្សាន្តជាមួយកូនៗ នេះជួយឲ្យកូនមានភាពក្លាហាន។
ការចំណាយពេលកម្សាន្តជាមួយកូនៗគឺពិតជាសំខាន់ណាស់។ អ្នកស្រាវជ្រាវម្នាក់ឈ្មោះ មីសែល ហ្វាយ បាននិយាយថា៖«ការកម្សាន្តគឺជាពេលល្អបំផុតដែលជួយឲ្យកូនប្រុសទំនាក់ទំនងជាមួយឪពុករបស់ពួកគេ»។ ក្នុងអំឡុងពេលកម្សាន្តជាមួយគ្នា ឪពុកអាចបង្ហាញសេចក្ដីស្រឡាញ់តាមរយ:ពាក្យសម្ដីនិងការប្រព្រឹត្ត។ ការធ្វើដូច្នេះគឺអាចបង្រៀនកូនឲ្យចេះបង្ហាញសេចក្ដីស្រឡាញ់ដែរ។ បងប្រុសម្នាក់ឈ្មោះអាន់ទ្រេដែលជាឪពុកម្នាក់រស់នៅប្រទេសអាល្លឺម៉ង់បាននិយាយថា៖«ពេលដែលកូនប្រុសខ្ញុំនៅតូច យើងតែងតែលេងជាមួយគ្នា។ ខ្ញុំឱបគាត់ហើយគាត់ក៏បានរៀនឲ្យចេះបង្ហាញសេចក្ដីស្រឡាញ់ដល់ខ្ញុំវិញដែរ»។
មុនចូលគេងគឺជាពេលល្អមួយទៀតដែលឪពុកអាចពង្រឹងសេចក្ដីស្រឡាញ់ជាមួយកូនប្រុសរបស់គាត់។ ការអានសៀវភៅឲ្យគាត់ស្ដាប់ និងស្ដាប់កូនរៀបរាប់ពីអ្វីដែលធ្វើឲ្យគាត់សប្បាយចិត្តឬពិបាកចិត្តក្នុងថ្ងៃនោះ នឹងជួយគាត់ឲ្យមានអារម្មណ៍ស្រួលក្នុងការទាក់ទងជាមួយអ្នកកាលដែលគាត់ធំឡើង។
ចូរបន្តបង្ហាញការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក
ក្មេងប្រុសយុវវ័យមិនសូវចាប់អារម្មណ៍ចំពោះការព្យាយាមរបស់ឪពុកដើម្បីមានទំនាក់ទំនងជាមួយពួកគេទេ។ បើសិនជាកូនប្រុសរបស់អ្នកមើលទៅដូចជាមិនចង់ឆ្លើយសំណួររបស់អ្នក នោះកុំឆាប់សន្មតថាគាត់មិនចង់ឆ្លើយរាល់សំណួរផ្សេងទៀតរបស់អ្នកឡើយ។ គាត់ប្រហែលជាងាយស្រួលប្រាប់អ្នកពីអារម្មណ៍របស់គាត់ជាងបើអ្នកផ្លាស់ប្ដូររបៀបដែលអ្នកសន្ទនាជាមួយគាត់។
បងហ្សាកដែលជាឪពុកម្នាក់រស់នៅប្រទេសបារាំងពិបាកក្នុងការសន្ទនាជាមួយកូនប្រុសគាត់ហ្សារុំ។ ប៉ុន្តែជាជាងបង្ខំកូនប្រុសគាត់ឲ្យនិយាយជាមួយគាត់ គាត់បានផ្លាស់ប្ដូររបៀបផ្សេងដើម្បីទាក់ទងជាមួយកូនប្រុសរបស់គាត់គឺដោយលេងបាល់ជាមួយគ្នា។ បងហ្សាកបាននិយាយថា៖«បន្ទាប់ពីលេងបាល់រួច យើងតែងអង្គុលនៅលើស្មៅជាមួយគ្នាដើម្បីសម្រាកបន្តិច ពេលនោះកូនប្រុសរបស់ខ្ញុំស្រួលប្រាប់អំពីអារម្មណ៍របស់គាត់មកខ្ញុំ។ ការធ្វើដូច្នេះ ធ្វើឲ្យគាត់ដឹងថាគាត់អាចចំណាយពេលតែពីរនាក់ជាមួយខ្ញុំ នេះធ្វើឲ្យយើងមានភាពជិតស្និទ្ធជាមួយគ្នា»។
ចុះបើកូនប្រុសអ្នកមិនចូលចិត្តលេងកីឡា? អាន់ទ្រេចាំពីពេលដ៏សប្បាយមួយដែលគាត់បានចំណាយពេលមើលផ្កាយជាមួយកូនប្រុសគាត់។ អាន់ទ្រេនិយាយថា៖«យើងរៀបចំកៅអីហើយអង្គុយដណ្ដប់ភួយនៅពេលយប់ត្រជាក់ ហើយយើងផឹកតែជាមួយគ្នា និងនិយាយគ្នាអំពីអ្នកដែលបានបង្កើតផ្កាយ ព្រមទាំងនិយាយអំពីរឿងផ្ទាល់ខ្លួន និងរឿងផ្សេងៗដែរ»។—អេសាយ ៤០:២៥, ២៦
ចុះបើអ្នកមានចំណង់ចំណូលចិត្តផ្ទុយពីកូនប្រុសរបស់អ្នក? ក្នុងករណីនេះអ្នកគួរតែចំណាយពេលធ្វើអ្វីទាំងនោះ ទោះជាអ្នកមិនចូលចិត្តក៏ដោយ។ (ភីលីព ២:៤) បងប្រុសម្នាក់ឈ្មោះអៀនដែលរស់នៅភាគខាងត្បូងនៃប្រទេសអាហ្វ្រិកបាននិយាយថា៖«ខ្ញុំចូលចិត្តលេងកីឡា ចំណែកវ៉ុនកូនប្រុសខ្ញុំវិញចូលចិត្តលេងយន្តហោះនិងកុំព្យូទ័រ។ ដូច្នេះខ្ញុំបណ្ដុះឲ្យមានចំណង់ចំណូលចិត្តដូចកូនប្រុសរបស់ខ្ញុំដែរ ខ្ញុំនាំគាត់ទៅមើលកន្លែងដែលគេតាំងបង្ហាញអំពីការបើកយន្តហោះនិងលេងហ្គេមបើកយន្តហោះតាមកុំព្យូទ័រជាមួយគ្នា។ ខ្ញុំមានអារម្មណ៍ថា ដោយសារយើងចំណាយពេលលេងកម្សាន្តជាមួយគ្នា នេះធ្វើឲ្យកូនប្រុសខ្ញុំអាចនិយាយយ៉ាងអស់ពីចិត្តជាងជាមួយខ្ញុំ»។
ចូរជួយគាត់ឲ្យមានទំនុកចិត្តលើខ្លួនឯង
«ប៉ាមើលនេះ!»។ តើកូនប្រុសតូចរបស់អ្នកធ្លាប់ស្រែកហៅអ្នកឲ្យមកមើលពេលដែលពួកគេចេះធ្វើអ្វីមួយថ្មីទេ? ប៉ុន្តែទោះជាឥឡូវគាត់មានវ័យជំទង់ក៏ដោយ តើគាត់នៅតែស្វែងរកការសរសើរពីអ្នកទេ? ប្រហែលជាអត់ទេ ប៉ុន្តែគាត់ច្បាស់ជាត្រូវការការសរសើរពីអ្នក ដើម្បីឲ្យគាត់ធំឡើងទៅជាបុគ្គលដែលមានភាពចាស់ទុំ។
សូមមើលគំរូរបស់ព្រះយេហូវ៉ាពេលដែលលោកប្រព្រឹត្តជាមួយនឹងបុត្រលោក។ ពេលដែលលោកយេស៊ូហៀបនឹងចាប់ផ្ដើមកិច្ចការដ៏សំខាន់នៅផែនដី ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះបុត្រលោកជាសាធារណៈដោយនិយាយថា៖«នេះជាបុត្រដែលជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់»។ (ម៉ាថាយ ៣:១៧; ៥:៤៨) មែនហើយ អ្នកមានភារកិច្ចប្រដៅតម្រង់និងបង្រៀនកូនប្រុសរបស់អ្នក។ (អេភ. ៦:៤) ប៉ុន្តែ តើអ្នកស្វែងរកឱកាសដើម្បីសរសើរចំពោះអ្វីល្អៗដែលកូនប្រុសរបស់អ្នកបានធ្វើនិងនិយាយឬទេ?
ឪពុកខ្លះប្រហែលជាពិបាកសរសើរនិងបង្ហាញសេចក្ដីស្រឡាញ់ចំពោះកូនប្រុសរបស់ពួកគេ។ ពួកគេប្រហែលជាធំឡើងនៅក្នុងក្រុមគ្រួសារដែលតែងតែបន្ទោសពេលដែលធ្វើអ្វីមួយខុស ប៉ុន្តែមិនសរសើរពេលពួកគេធ្វើអ្វីមួយល្អនោះទេ។ ដូច្នេះបើអ្នកធំឡើងនៅក្នុងក្រុមគ្រួសារដែលមានស្ថានភាពដូចនេះ សូមបន្តខំព្យាយាមដើម្បីជួយកូនឲ្យមានទំនុកចិត្តលើខ្លួនឯង។ ប៉ុន្តែ តើតាមរបៀបណាអ្នកអាចធ្វើដូច្នេះ? បងប្រុសលូកាដែលបានរៀបរាប់ខាងលើតែងតែធ្វើកិច្ចការផ្សេងៗជាមួយកូនប្រុសអាយុ១៥ឆ្នាំរបស់គាត់ឈ្មោះមេនវេល គាត់បាននិយាយថា៖«ពេលខ្លះខ្ញុំប្រាប់កូនប្រុសខ្ញុំឲ្យធ្វើកិច្ចការផ្សេងៗដោយខ្លួនឯង ហើយបើគាត់ត្រូវការជំនួយ គាត់អាចហៅខ្ញុំឲ្យជួយបាន។ ភាគច្រើនគាត់អាចធ្វើកិច្ចការនោះដោយខ្លួនឯង។ ជាលទ្ធផលគាត់ពេញចិត្តនូវអ្វីដែលគាត់បានធ្វើ ហើយមានទំនុកចិត្តលើខ្លួនឯង។ ពេលគាត់សម្រេចកិច្ចការខ្ញុំសរសើរគាត់ ហើយទោះជាគាត់ធ្វើមិនបានជោគជ័យក៏ដោយ ខ្ញុំប្រាប់គាត់ឲ្យដឹងថា ខ្ញុំពេញចិត្តនឹងការខំព្យាយាមរបស់គាត់»។
អ្នកអាចជួយកូនប្រុសរបស់អ្នកឲ្យមានទំនុកចិត្តលើខ្លួនឯង ដោយជួយគាត់ឲ្យសម្រេចគោលដៅធំជាងក្នុងជីវិត។ ប៉ុន្តែចុះបើកូនប្រុសរបស់អ្នកសម្រេចគោលដៅយឺតជាងអ្វីដែលអ្នកបានរំពឹងទុក? ឬក៏គោលដៅរបស់គាត់ខុសពីគោលដៅរបស់អ្នក? ក្នុងករណីនេះ អ្នកប្រហែលជាត្រូវផ្លាស់ប្ដូរគំនិត។ បងប្រុសហ្សាកដែលបានត្រូវរៀបរាប់នៅខាងលើបាននិយាយថា៖«ខ្ញុំព្យាយាមជួយកូនប្រុសរបស់ខ្ញុំកំណត់គោលដៅដែលគាត់អាចសម្រេចបាន។ តែខ្ញុំព្យាយាមធ្វើឲ្យប្រាកដថា គោលដៅទាំងនោះជាគោលដៅរបស់គាត់មិនមែនគោលដៅរបស់ខ្ញុំទេ។ ហើយខ្ញុំរំលឹកគាត់ថា គាត់ត្រូវព្យាយាមសម្រេចគោលដៅរបស់គាត់ដោយខ្លួនឯង»។ បើអ្នកស្ដាប់គំនិតរបស់កូនអ្នកហើយសរសើរនិងលើកទឹកចិត្តគាត់ នេះនឹងជួយគាត់ឲ្យសម្រេចគោលដៅបាន។
មិនងាយស្រួលទេដើម្បីរក្សាទំនាក់ទំនងល្អជាមួយកូនប្រុសរបស់អ្នក។ ប៉ុន្តែកាលដែលអ្នកខំព្យាយាមជួយគាត់ដើម្បីទទួលជោគជ័យ នោះគាត់នឹងចង់មានភាពជិតស្និទ្ធជាមួយអ្នក។
[កំណត់សម្គាល់]
^ វគ្គ 2 ទោះជាអត្ថបទនេះផ្ដោតទៅលើឪពុកនិងកូនប្រុសក៏ដោយ តែគោលការណ៍ក្នុងអត្ថបទនេះក៏អាចប្រើសម្រាប់ឪពុកនិងកូនស្រីដែរ។