ការគោរពនិងសេចក្ដីថ្លៃថ្នូរក្រោមការយកចិត្តទុកដាក់របស់ព្រះ
ពេលនៅផែនដី លោកយេស៊ូបានបង្ហាញអំពីគុណសម្បត្តិនិងការប្រព្រឹត្តរបស់បិតានៅស្ថានសួគ៌បានយ៉ាងល្អឥតខ្ចោះ។ លោកមានប្រសាសន៍ថា៖«ខ្ញុំមិនធ្វើអ្វីសោះដោយគំនិតរបស់ខ្ញុំផ្ទាល់ឡើយ ប៉ុន្តែខ្ញុំនិយាយអ្វីៗដែលបិតានៅស្ថានសួគ៌បានបង្រៀនខ្ញុំ . . . ខ្ញុំតែងតែធ្វើអ្វីដែលលោកពេញចិត្ត»។ (យ៉ូហាន ៨:២៨, ២៩; កូឡុស ១:១៥) ដូច្នេះ បើយើងពិចារណាមើលអំពីរបៀបដែលលោកយេស៊ូប្រព្រឹត្តចំពោះស្ត្រី និងទស្សនៈរបស់លោកចំពោះពួកគាត់ នោះយើងក៏អាចយល់អំពីទស្សនៈរបស់ព្រះចំពោះស្ត្រី និងអ្វីដែលលោកតម្រូវពីពួកគាត់ដែរ។
យោងទៅតាមអ្វីដែលបានកត់ទុកក្នុងសៀវភៅដំណឹងល្អ បណ្ឌិតមួយចំនួនបានទទួលស្គាល់ថាទស្សនៈរបស់លោកយេស៊ូចំពោះស្ត្រី គឺខុសគ្នាស្រឡះពីទស្សនៈរបស់មនុស្សទូទៅនៅសម័យនោះ។ តើខុសគ្នាយ៉ាងណា? សំខាន់ជាងនោះទៅទៀត តើសេចក្ដីបង្រៀនរបស់លោកនៅតែអាចជួយស្ត្រីនៅសព្វថ្ងៃនេះឬទេ?
របៀបដែលលោកយេស៊ូប្រព្រឹត្តចំពោះស្ត្រី
លោកយេស៊ូមិនដែលមើលស្ត្រីក្នុងលក្ខណៈមិនសមរម្យឬប្រាសចាសសីលធម៌ឡើយ។ ពួកអ្នកដឹកនាំសាសនាយូដាយល់ថា ការប្រាស្រ័យទាក់ទងជាមួយស្ត្រីអាចបង្កឲ្យមានតែអំពើប្រាសចាកសីលធម៌ប៉ុណ្ណោះ។ ពួកគេខ្លាចថាស្ត្រីនឹងល្បួងលួងលោមបុរស ហេតុនេះហើយបានជាពួកគេហាមស្ត្រីមិនឲ្យនិយាយជាមួយបុរសនៅទីសាធារណៈ ឬចេញក្រៅដោយមិនពាក់ស្បៃនោះឡើយ។ ផ្ទុយទៅវិញ លោកយេស៊ូបានជូនឱវាទដល់ពួកបុរសឲ្យគ្រប់គ្រងទៅលើសេចក្ដីប៉ងប្រាថ្នាខាងរូបកាយរបស់ខ្លួន ហើយឲ្យពួកគេប្រព្រឹត្តដោយថ្លៃថ្នូរចំពោះស្ត្រី ជាជាងទុកស្ត្រីឲ្យនៅក្រៅសង្គម។—ម៉ាថាយ ៥:២៨
លោកយេស៊ូក៏មានប្រសាសន៍ដែរថា៖«អ្នកណាដែលលែងលះប្រពន្ធ រួចរៀបការជាមួយនឹងស្ត្រីម្នាក់ទៀត អ្នកនោះផិតក្បត់ប្រពន្ធហើយ»។ (ម៉ាកុស ១០:១១, ១២) ដូច្នេះ លោកយេស៊ូបានបដិសេធសេចក្ដីបង្រៀនដ៏ពេញនិយមរបស់ពួកអ្នកដឹកនាំសាសនាយូដា ដែលអនុញ្ញាតឲ្យបុរសលែងលះប្រពន្ធ«ដោយមូលហេតុអ្វីក៏ដោយ»។ (ម៉ាថាយ ១៩:៣, ៩) គំនិតដែលថាការផិតក្បត់គឺជាការធ្វើខុសចំពោះប្រពន្ធ វាជារឿងថ្មីសម្រាប់ជនជាតិយូដាភាគច្រើន។ ហេតុអ្វី? ដោយសារពួកអ្នកដឹកនាំសាសនាបានបង្រៀនថាប្ដីមិនដែលផិតក្បត់ប្រពន្ធឡើយ មានតែស្ត្រីប៉ុណ្ណោះដែលមិនស្មោះត្រង់! សៀវភៅមួយដែលពន្យល់អំពីគម្ពីរ បានរៀបរាប់ថា៖«ការដែលលោកយេស៊ូលើកឡើងថាប្ដីក៏មានកាតព្វកិច្ចធ្វើតាមខ្នាតតម្រាសីលធម៌ដូចប្រពន្ធដែរ នោះបង្ហាញថាលោកលើកស្ទួយឋានៈនិងភាពថ្លៃថ្នូររបស់ស្ត្រី»។
តើសេចក្ដីបង្រៀនរបស់លោកយេស៊ូមានឥទ្ធិពលយ៉ាងណានៅសព្វថ្ងៃនេះ? នៅក្នុងក្រុមជំនុំគ្រិស្តសាសនិករបស់សាក្សីព្រះយេហូវ៉ា ស្ត្រីអាចនិយាយដោយសេរីជាមួយបុរសនៅកិច្ចប្រជុំ។ ពួកគាត់មិនចាំបាច់ខ្លាចថាបុរសជាគ្រិស្តសាសនិកនឹងមើលមកពួកគាត់ដោយក្រសែភ្នែកមិនល្អ ឬប្រព្រឹត្តដោយឥតសមរម្យចំពោះពួកគាត់ឡើយ ដោយសារបុរសជាគ្រិស្តសាសនិកតែងតែប្រព្រឹត្តឬនិយាយជាមួយនឹង«ស្ត្រីវ័យចាស់ ដូចនិយាយជាមួយនឹងម្ដាយ និយាយជាមួយនឹងស្ត្រីវ័យក្មេង ដូចនិយាយជាមួយនឹងបងប្អូនស្រី ដោយសេចក្ដីបរិសុទ្ធគ្រប់ជំពូក»។—ធីម៉ូថេទី១ ៥:២
លោកយេស៊ូចំណាយពេលដើម្បីបង្រៀនស្ត្រី។ ផ្ទុយពីទស្សនៈទូទៅរបស់ពួកអ្នកដឹកនាំសាសនាដែលរារាំងមិនឲ្យស្ត្រីទទួលការអប់រំ លោកយេស៊ូបានបង្រៀនស្ត្រី ហើយលើកទឹកចិត្តពួកគាត់ឲ្យបញ្ចេញមតិយោបល់។ ជាឧទាហរណ៍ លោកយេស៊ូបានឲ្យម៉ារៀអង្គុយស្ដាប់ ពេលលោកកំពុងបង្រៀន។ លោកបានបង្ហាញថាស្ត្រីមិនចាំបាច់នៅតែក្នុងចង្ក្រានបាយទេ។ (លូកា ១០:៣៨-៤២) ម៉ាថាដែលជាបងស្រីរបស់ម៉ារៀក៏បានទទួលប្រយោជន៍ពីសេចក្ដីបង្រៀនរបស់លោកយេស៊ូដែរ ដូចដែលយើងបានឃើញតាមរយៈពាក្យសម្ដីដែលនាងនិយាយទៅកាន់លោក ក្រោយពីឡាសាស្លាប់។—យ៉ូហាន ១១:២១-២៧
លោកយេស៊ូយកចិត្តទុកដាក់ស្ដាប់យោបល់របស់ស្ត្រី។ នៅសម័យនោះ ស្ត្រីជនជាតិយូដាភាគច្រើនគិតថាអ្វីដែលធ្វើឲ្យពួកគេមានសុភមង្គលគឺការមានកូនប្រុសដ៏ស័ក្ដិសមមួយរូប បើអាចគឺកូនដែលជាអ្នកប្រកាសទំនាយម្នាក់។ មានពេលមួយ ស្ត្រីម្នាក់បន្លឺសំឡេងថា៖«ស្ត្រីដែលបានរក្សាលោកក្នុងផ្ទៃ . . . មានសុភមង្គលហើយ!»។ ឮដូច្នេះ លោកយេស៊ូបានប្រើឱកាសនោះដើម្បីបង្រៀនគាត់អំពីអ្វីដែលសំខាន់ជាង។ (លូកា ១១:២៧, ២៨) ពេលលោកយេស៊ូមានប្រសាសន៍ថាការស្ដាប់បង្គាប់ព្រះគឺសំខាន់ជាង នោះលោកកំពុងបញ្ជាក់ប្រាប់ស្ត្រីនោះថា តួនាទីរបស់ស្ត្រីមិនគ្រាន់តែធ្វើតាមទំនៀមទម្លាប់ប៉ុណ្ណោះទេ។—យ៉ូហាន ៨:៣២
តើសេចក្ដីបង្រៀនរបស់លោកយេស៊ូមានឥទ្ធិពលយ៉ាងណានៅសព្វថ្ងៃនេះ? គ្រិស្តសាសនិកដែលនាំមុខក្នុងការបង្រៀននៅឯក្រុមជំនុំ រីករាយស្ដាប់ចម្លើយរបស់ស្ត្រីដែលចូលរួមកិច្ចប្រជុំ។ ពួកគាត់គោរពស្ត្រីដែលមានភាពចាស់ទុំ ព្រោះស្ត្រីទាំងនេះ«បង្រៀនអំពីអ្វីដែលល្អ»ទាំងការផ្ដល់យោបល់ទាំងការទុកគំរូល្អ។ (ទីតុស ២:៣) ម្យ៉ាងទៀត ស្ត្រីក៏ទទួលបាននូវការទុកចិត្តឲ្យប្រកាសប្រាប់ដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះដែរ (សូមមើលប្រអប់ «តើសាវ័កប៉ូលហាមស្ត្រីមិនឲ្យនិយាយឬទេ?»)។—ចម្រៀងសរសើរព្រះ ៦៨:១១
លោកយេស៊ូយកចិត្តទុកដាក់ចំពោះស្ត្រី។ នៅសម័យគម្ពីរ មនុស្សមិនសូវចាត់ទុកកូនស្រីថាមានតម្លៃដូចកូនប្រុសទេ។ សៀវភៅមួយឈ្មោះថាលមូដ បានឆ្លុះបញ្ចាំងនូវទស្សនៈនេះដោយសរសេរថា៖«មានសុភមង្គលហើយ អស់អ្នកដែលមានកូនប្រុស ហើយវេទនាដល់អស់អ្នកដែលមានកូនស្រី»។ ឪពុកម្ដាយខ្លះចាត់ទុកកូនស្រីថាជាបន្ទុកធ្ងន់ជាងកូនប្រុស ព្រោះពួកគេត្រូវរកប្ដីឲ្យកូនស្រី ព្រមទាំងត្រូវបង់ថ្លៃបណ្ណាការដែរ។ ម្យ៉ាងទៀត ពេលឪពុកម្ដាយចាស់ទៅ ពួកគេមិនអាចពឹងផ្អែកឲ្យកូនស្រីចិញ្ចឹមពួកគេទេ។
លោកយេស៊ូបានបង្ហាញថាជីវិតរបស់ក្មេងស្រីមានតម្លៃដូចជីវិតក្មេងប្រុសដែរ។ ជាឧទាហរណ៍ លោកបានប្រោសកូនស្រីរបស់យ៉ែរ៉ូសឲ្យរស់ឡើងវិញ ដូចលោកបានប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយនៅក្រុងណេអ៊ីន។ (ម៉ាកុស ៥:៣៥, ៤១, ៤២; លូកា ៧:១១-១៥) ក្រោយពីលោកបានជួយស្ត្រីម្នាក់ដែល«ឈឺអស់១៨ឆ្នាំ ដោយសារឥទ្ធិពលនៃវិញ្ញាណកំណាច» លោកយេស៊ូបានហៅនាងថា«កូនចៅអាប្រាហាំ» នេះជាពាក្យដែលកម្រឃើញនៅក្នុងសំណេររបស់ជនជាតិយូដា។ (លូកា ១៣:១០-១៦) លោកយេស៊ូបានប្រើពាក្យសប្បុរសនិងពាក្យគួរសមចំពោះនាង នេះបញ្ជាក់ថាលោកចាត់ទុកនាងថាមានតម្លៃដូចមនុស្សឯទៀតដែរ ព្រមទាំងទទួលស្គាល់ថានាងមានជំនឿយ៉ាងខ្លាំង។—លូកា ១៩:៩; កាឡាទី ៣:៧
តើសេចក្ដីបង្រៀនរបស់លោកយេស៊ូមានឥទ្ធិពលយ៉ាងណានៅសព្វថ្ងៃនេះ? មានសុភាសិតអាស៊ីមួយថា៖«ការចិញ្ចឹមកូនស្រីប្រៀបដូចជាការស្រោចដំណាំឲ្យអ្នកជិតខាង»។ ឪពុកជាគ្រិស្តសាសនិកដែលមានសេចក្ដីស្រឡាញ់នឹងមិនគិតដូច្នេះឡើយ ប៉ុន្តែគាត់នឹងមើលថែកូនគ្រប់រូបឲ្យបានល្អមិនថាកូនប្រុសឬកូនស្រីទេ។ ឪពុកម្ដាយជាគ្រិស្តសាសនិកនឹងធ្វើឲ្យប្រាកដថាកូនៗទាំងអស់របស់ពួកគេទទួលបាននូវការអប់រំសមល្មមនិងមានសុខភាពល្អ។
លោកយេស៊ូទុកចិត្តស្ត្រី។ នៅក្នុងតុលាការជនជាតិយូដា គេចាត់ទុកសម្ដីរបស់ស្ត្រីដែលជាសាក្សីថាមានតម្លៃតិចដូចជាសម្ដីរបស់ទាសករ។ យ៉ូសេហ្វឺសដែលជាប្រវត្តិវិទូនៅសតវត្សរ៍ទី១ បាននិយាយថា៖«កុំទទួលយកសក្ខីភាពរបស់មនុស្សស្រីឡើយ ព្រោះធម្មជាតិរបស់ពួកគេច្រើនតែប្រើអារម្មណ៍ជាជាងប្រើហេតុផល»។
ផ្ទុយទៅវិញ លោកយេស៊ូបានជ្រើសរើសស្ត្រីឲ្យធ្វើជាសាក្សីបញ្ជាក់ថា លោកបានត្រូវប្រោសឲ្យរស់ឡើងវិញ។ (ម៉ាថាយ ២៨:១, ៨-១០) ពួកសាវ័កមិនជឿសម្ដីរបស់ស្ត្រីស្មោះត្រង់ទាំងនេះទេ ទោះជាពួកគាត់ដឹងថាស្ត្រីទាំងនេះបានឃើញអំពីអ្វីដែលកើតឡើងចំពោះលោកយេស៊ូពេលដែលគេប្រហារជីវិតលោក និងពេលដែលគេបញ្ចុះសពលោកក្ដី។ (ម៉ាថាយ ២៧:៥៥, ៥៦, ៦១; លូកា ២៤:១០, ១១) ទោះជាយ៉ាងនោះក៏ដោយ បន្ទាប់ពីលោកយេស៊ូគ្រិស្តបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានបង្ហាញខ្លួនឲ្យស្ត្រីឃើញមុនគេ នោះបញ្ជាក់ថាលោកចាត់ទុកពួកគាត់ថាសមនឹងធ្វើជាសាក្សីដែលអាចជឿបានដូចអ្នកកាន់តាមលោកដទៃទៀតដែរ។—សកម្មភាព ១:៨, ១៤
តើសេចក្ដីបង្រៀនរបស់លោកយេស៊ូមានឥទ្ធិពលយ៉ាងណានៅសព្វថ្ងៃនេះ? នៅក្រុមជំនុំរបស់សាក្សីព្រះយេហូវ៉ា បុរសដែលមានភារកិច្ចតែងតែបង្ហាញការយកចិត្តទុកដាក់ចំពោះស្ត្រីដោយស្ដាប់អ្វីដែលពួកគាត់ប្រាប់។ ចំណែកប្ដីដែលជាគ្រិស្តសាសនិកវិញ ពួកគាត់«ឲ្យកិត្តិយស»ដល់ប្រពន្ធ ដោយស្ដាប់យោបល់របស់នាង។—ពេត្រុសទី១ ៣:៧; ដើមកំណើត ២១:១២
គោលការណ៍គម្ពីរជួយស្ត្រីឲ្យមានសុភមង្គល
ពេលបុរសយកតម្រាប់គ្រិស្ត នាំឲ្យស្ត្រីទទួលបានការគោរពនិងសេរីភាពដូចគោលបំណងដែលព្រះមានចំពោះស្ត្រីតាំងពីដំបូង។ (ដើមកំណើត ១:២៧, ២៨) ជាជាងគាំទ្រគំនិតដែលថាបុរសពូកែជាងស្ត្រី នោះប្ដីដែលជាគ្រិស្តសាសនិកធ្វើតាមគោលការណ៍គម្ពីរដើម្បីផ្ដល់សុភមង្គលកាន់តែច្រើនដល់ប្រពន្ធ។—អេភេសូរ ៥:២៨, ២៩
ពេលបងស្រីយេលអ៊ីណាចាប់ផ្ដើមសិក្សាគម្ពីរ នាងត្រូវប្ដីវាយដំច្រំធាក់ដោយគ្មានអ្នកណាដឹង។ ប្ដីរបស់នាងធំឡើងក្នុងតំបន់ដែលប្រើអំពើហិង្សា ហើយការចាប់ស្ត្រីមកធ្វើជាប្រពន្ធនិងវាយធ្វើបាបនាង គឺជាទម្លាប់ធម្មតារបស់អ្នករស់នៅតំបន់នោះ។ បងយេលអ៊ីណាបាននិយាយថា៖«អ្វីដែលខ្ញុំរៀនពីគម្ពីរបានផ្ដល់កម្លាំងដល់ខ្ញុំ។ ខ្ញុំយល់ថាមានបុគ្គលម្នាក់ដែលស្រឡាញ់ខ្ញុំយ៉ាងខ្លាំង ព្រមទាំងឲ្យតម្លៃនិងយកចិត្តទុកដាក់ចំពោះខ្ញុំ។ ខ្ញុំក៏ដឹងដែរថា ប្រសិនបើប្ដីរបស់ខ្ញុំរៀនគម្ពីរ គាត់អាចផ្លាស់ប្ដូរទង្វើនិងទស្សនៈដែលគាត់មានចំពោះខ្ញុំ»។ ទីបំផុត ក្ដីសុបិនរបស់នាងបានក្លាយជាការពិត ពេលដែលប្ដីនាងយល់ព្រមរៀនគម្ពីរ ហើយក្រោយមកទទួលការជ្រមុជទឹកទៅជាសាក្សីព្រះយេហូវ៉ា។ បងយេលអ៊ីណានិយាយបន្ដទៀតថា៖«គាត់បានទៅជាគំរូក្នុងការចេះទប់ចិត្តនិងចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួន។ យើងបានរៀនឲ្យចេះអភ័យទោសឲ្យគ្នាដោយគ្មានល័ក្ខខ័ណ្ឌ»។ ចុងក្រោយនាងនិយាយថា៖«គោលការណ៍គម្ពីរពិតជាបានជួយខ្ញុំមែន គឺជួយខ្ញុំឲ្យដឹងថាខ្ញុំមានតម្លៃនិងទទួលបាននូវការការពារពីប្ដីរបស់ខ្ញុំ»។—កូឡុស ៣:១៣, ១៨, ១៩
តាមពិតមានបទពិសោធន៍របស់មនុស្សជាច្រើនទៀត មិនគ្រាន់តែបទពិសោធន៍របស់បងយេលអ៊ីណាប៉ុណ្ណោះទេ។ ស្ត្រីគ្រិស្តសាសនិករាប់លាននាក់មានសុភមង្គល ដោយសារពួកគាត់និងប្ដីខំព្យាយាមធ្វើតាមគោលការណ៍គម្ពីរក្នុងចំណងអាពាហ៍ពិពាហ៍។ ពួកគាត់បានទទួលនូវការគោរព ការសម្រាលទុក្ខ និងសេរីភាពក្នុងចំណោមរាស្ត្ររបស់ព្រះ។—យ៉ូហាន ១៣:៣៤, ៣៥
ទាំងបុរសទាំងស្ត្រីជាគ្រិស្តសាសនិកទទួលស្គាល់ថា ពួកគាត់មានភាពខុសឆ្គងនិងមិនល្អឥតខ្ចោះ ពួកគាត់ជាផ្នែកមួយនៃការបង្កើតរបស់ព្រះ ដែល«ស្ថិតក្នុងសភាពអសារឥតការ»។ ប៉ុន្តែ កាលដែលពួកគាត់ចូលទៅជិតព្រះយេហូវ៉ាដែលជាបិតាពោរពេញដោយសេចក្ដីស្រឡាញ់ នោះនាំឲ្យពួកគាត់មានសេចក្ដីសង្ឃឹម«រួចពីចំណងនៃការខូចរលួយ» និងមាន«សេរីភាពដ៏រុងរឿងជាកូនព្រះ»។ នេះពិតជាអស្ចារ្យណាស់ សម្រាប់បុរសនិងស្ត្រីដែលនៅក្រោមការយកចិត្តទុកដាក់របស់ព្រះ!—រ៉ូម ៨:២០, ២១