លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការគ្រប់គ្រងរបស់ព្រះយេហូវ៉ានិងរាជ្យរបស់ទ្រង់

ការគ្រប់គ្រងរបស់ព្រះយេហូវ៉ានិងរាជ្យរបស់ទ្រង់

ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា​និង​រាជ្យ​របស់​ទ្រង់

​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ភាព​ដ៏​ធំ​នឹង​ព្រះ​ចេស្ដា សិរី​ល្អ ជ័យ​ជំនះ​នឹង​តេជានុភាព នោះ​សុទ្ធតែ​ជា​របស់​ផង​ទ្រង់ . . . រាជ្យ​នេះ​ក៏​ជា​របស់​ផង​ទ្រង់​ដែរ​»។—របាក្សត្រទី១ ២៩​:១១

១​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​គ្រប់គ្រង​លើ​សកល​លោក​ទាំង​មូល?

 «ព្រះ​យេហូវ៉ា​ទ្រង់​បាន​តាំង​បល្ល័ង្ក​ទ្រង់​នៅ​លើ​ស្ថានសួគ៌ ហើយ​រាជ្យ​ទ្រង់​ក៏​គ្រប់គ្រង​លើ​ទាំង​អស់​»។ (​ទំនុកដំកើង ១០៣:១៩​) ពេល​អ្នក​តែង​បទ​ទំនុកដំកើង​បាន​ពោល​ពាក្យ​ទាំង​នេះ គាត់​បញ្ជាក់​ហេតុ​ការណ៍​ពិត​ស្តី​អំពី​ការ​គ្រប់គ្រង។ ដោយសារ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​បាន​បង្កើត​របស់​សព្វសារពើ ទ្រង់​មាន​សិទ្ធិ​គ្រប់គ្រង​លើ​សកល​លោក​ទាំង​មូល។

២​. តើ​ដានីយ៉ែល​បាន​រៀប​រាប់​យ៉ាង​ណា​អំពី​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​ឯ​ស្ថានសួគ៌?

ប៉ុន្តែ ស្តេច​ត្រូវ​ការ​រាស្ត្រ ទើប​អាច​ហៅ​ថា​ជា​អ្នក​គ្រប់គ្រង​មែន។ កាល​ដំបូង ព្រះ​យេហូវ៉ា​បាន​គ្រប់គ្រង​លើ​ទេវតា​ដែល​ទ្រង់​បង្កើត​មក ចាប់​ពី​បុត្រ​តែ​មួយ​គត់​ដែល​ទ្រង់​បង្កើត​ផ្ទាល់ រហូត​ដល់​ទេវតា​រាប់​សិប​ម៉ឺន​ផង។ (​កូល៉ុស ១:១៥​-​១៧​) ច្រើន​ឆ្នាំ​ក្រោយ​មក លោក​ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ បាន​ឃើញ​ក្នុង​គំនិត​នូវ​ព្រឹត្ដិការណ៍​ដែល​កើត​មាន​ឡើង​នៅ​ឯ​ស្ថានសួគ៌។ ដានីយ៉ែល​បាន​រាយ​ការណ៍​ថា​៖ ​«​ខ្ញុំ​ក៏​គន់​មើល​ទាល់តែ​មាន​គេ​យក​បល្ល័ង្ក​មក​តាំង ហើយ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​ចាស់​បុរាណ​ទ្រង់​ក៏​គង់​លើ . . . មាន​ទាំង​ពាន់​ទាំង​ពាន់​ដែល​គោរព​ដល់​ទ្រង់ ហើយ​ទាំង​ម៉ឺន​ទាំង​សែន​ក៏​ឈរ​នៅ​ចំពោះ​ទ្រង់​»។ (​ដានីយ៉ែល ៧:៩, ១០​) អស់​រាប់​សិប​លាន​ឆ្នាំ ព្រះ​យេហូវ៉ា​ដែល​ជា​«​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​ចាស់​បុរាណ​»​ បាន​គ្រប់គ្រង​លើ​ពួក​ទេវតា​ដែល​ជា​ក្រុម​គ្រួសារ​របស់​ទ្រង់​ដែល​មាន​គ្នា​ច្រើន​កកកុញ។ ពួក​គេ​ទាំង​អស់​គ្នា​ក៏​មាន​របៀប​រៀប​រយ​ក្នុង​ការ​បំពេញ​ភារកិច្ច​ជា​«​ពួក​អ្នក​បំរើ​»​ដែល​ធ្វើ​តាម​ឆន្ទៈ​របស់​ព្រះ​យេហូវ៉ា។—ទំនុកដំកើង ១០៣:២០, ២១

៣​. តើ​ព្រះ​យេហូវ៉ា​គ្រប់គ្រង​សកលលោក​យ៉ាង​ដូច​ម្ដេច?

នៅ​ទីបំផុត ព្រះ​យេហូវ៉ា​បាន​បង្កើត​សកលលោក​ដ៏​ធំធេង​និង​ស្មុគស្មាញ រួម​ទាំង​ផែនដី​ផង ហើយ​ទ្រង់​ក៏​គ្រប់គ្រង​លើ​អ្វី​ៗ​ទាំង​អស់​នេះ​ដែរ។ (​យ៉ូប ៣៨:៤,​) ពេល​មនុស្ស​នៅ​ផែនដី​មើល​ភព​ផ្កាយ​នានា​ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុង​លំហ​អាកាស ទាំង​អស់​នេះ​មាន​របៀប​រៀប​រយ​យ៉ាង​អស្ចារ្យ​ដល់​ម្ល៉េះ​បាន​ជា​មើល​ទៅ​ដូច​ជា​គ្មាន​នរណា​គ្រប់គ្រង​ឬ​ត្រួត​លើ​ធម្មជាតិ​ទេ។ ប៉ុន្តែ អ្នក​តែង​បទ​ទំនុកដំកើង​បាន​លាន់​មាត់​ថា​៖ ​«​[​ព្រះ​យេហូវ៉ា​]​បាន​ចេញ​បង្គាប់ ហើយ​របស់​ទាំង​នោះ​បាន​កើត​មក។ ទ្រង់​បាន​តាំង​របស់​ទាំង​នោះ​ឲ្យ​នៅ​អស់កល្ប​ជា​និច្ច ទ្រង់​បាន​ដាក់​ច្បាប់​ហើយ ជា​ច្បាប់​ដែល​របស់​ទាំង​នោះ​នឹង​មិន​ប្រព្រឹត្ត​រំលង​ឡើយ​»។ (​ទំនុកដំកើង ១៤៨:៥, ៦​) តាំង​ពី​ដើម​មក ព្រះ​យេហូវ៉ា​បាន​គ្រប់គ្រង​លើ​របស់​ទាំង​អស់ ដោយ​កែ​ច្នៃ ដឹក​នាំ​នឹង​ត្រួតត្រា​លើ​ធម្មជាតិ​និង​អស់​ទាំង​ទេវតា​នៅ​ស្ថានសួគ៌។—នេហេមា ៩:៦

៤​. តើ​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា​លើ​មនុស្ស​ជាតិ​មាន​លក្ខណៈ​បែប​ណា?

ពេល​ដែល​ព្រះ​យេហូវ៉ា​បង្កើត​មនុស្ស​ពីរ​នាក់​ដំបូង ការ​គ្រប់គ្រង​របស់​ទ្រង់​ក៏​មាន​លក្ខណៈ​ថ្មី​មួយ​ទៀត។ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ប្រទាន​អ្វី​ៗ​ដែល​មនុស្ស​ត្រូវ​ការ​ដើម្បី​ឲ្យ​មាន​ជីវិត​ដែល​គាប់​ចិត្ត​និង​មាន​ន័យ​ខ្លឹមសារ​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ក៏​ប្រគល់​ឲ្យ​ពួក​គេ​មាន​អំណាច​លើ​សត្វ​ទាំង​ឡាយ ដែល​មាន​ន័យ​ថា ទ្រង់​ផ្ទេរ​សិទ្ធិ​ឲ្យ​ពួក​គេ​គ្រប់គ្រង​ផង​ដែរ។ (​លោកុប្បត្តិ ១:២៦​-​២៨; ២:៨, ៩​) អាស្រ័យ​ហេតុ​នេះ យើង​ឃើញ​ច្បាស់​ថា ពេល​ព្រះ​យេហូវ៉ា​គ្រប់គ្រង ទ្រង់​មិន​គ្រាន់​តែ​បង្ហាញ​ចិត្ត​សទ្ធា​និង​ចិត្ត​សប្បុរស​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ក៏​លើក​កិត្ដិយស​រាស្ត្រ​ទ្រង់​ដោយ​ចាត់​ទុក​ពួក​គេ​ជា​អ្នក​ដែល​មាន​តម្លៃ។ ដរាប​ណា​អ័ដាម​និង​អេវ៉ា​ចុះ​ចូល​ចំពោះ​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា ដរាប​នោះ​ពួក​គេ​អាច​រស់​ជា​រៀង​រហូត​ក្នុង​សួនមនោរម​នៅ​ផែនដី។—លោកុប្បត្តិ ២:១៥​-​១៧

៥​. តើ​យើង​អាច​យល់​យ៉ាង​ណា​អំពី​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា?

តើ​ហេតុ​ការណ៍​ទាំង​អស់​នេះ​បង្ហាញ​យ៉ាង​ណា​អំពី​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា? ទី​មួយ ហេតុ​ការណ៍​ទាំង​នេះ​បង្ហាញ​ថា តាំង​ពី​ដើម​មក ព្រះ​យេហូវ៉ា​បាន​គ្រប់គ្រង​លើ​អ្វី​ៗ​ទាំង​អស់​ដែល​ទ្រង់​បង្កើត​មក។ ទីពីរ ហេតុ​ការណ៍​ទាំង​នេះ​បង្ហាញ​ថា ពេល​ព្រះ​យេហូវ៉ា​គ្រប់គ្រង ទ្រង់​តែង​តែ​ឲ្យ​តម្លៃ​ចំពោះ​រាស្ត្រ​ទ្រង់ ព្រម​ទាំង​លើក​កិត្ដិយស​ពួក​គេ​ផង។ ទី​បី ហេតុ​ការណ៍​ទាំង​នេះ​បង្ហាញ​ថា ពេល​មនុស្ស​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​និង​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ទ្រង់ ពួក​គេ​អាច​ទទួល​ពរ​ជា​រៀង​រហូត​បាន។ យ៉ាង​នេះ ពុំ​មែន​ជា​ការ​ចម្លែក​អ្វី​ឡើយ ដែល​ស្តេច​ដាវីឌ​របស់​ពួក​អ៊ីស្រាអែល​ពី​បុរាណ​មាន​ចិត្ត​ជំរុញ​ឲ្យ​ប្រកាស​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ភាព​ដ៏​ធំ​នឹង​ព្រះ​ចេស្ដា សិរី​ល្អ ជ័យ​ជំនះ​នឹង​តេជានុភាព នោះ​សុទ្ធតែ​ជា​របស់​ផង​ទ្រង់ ដ្បិត​គ្រប់​ទាំង​អស់​ដែល​នៅ​លើ​មេឃ​នឹង​នៅ​ផែនដី ជា​របស់​ផង​ទ្រង់។ ឱ​ព្រះ​យេហូវ៉ា​អើយ! រាជ្យ​នេះ​ក៏​ជា​របស់​ផង​ទ្រង់​ដែរ ហើយ​ទ្រង់​បាន​ដំកើង​ឡើង​ជា​ប្រធាន​លើ​ទាំង​អស់​»។—របាក្សត្រទី១ ២៩:១១

ម្ដេច​ក៏​ចាំបាច់​ម្ល៉េះ​ឲ្យ​មាន​រាជ្យ​ថ្មី​មួយ​ទៀត?

៦​. តើ​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា​និង​រាជ្យ​របស់​ទ្រង់​មាន​ទំនាក់ទំនង​នឹង​គ្នា​យ៉ាង​ណា?

បើ​ព្រះ​យេហូវ៉ា​ជា​មហាក្សត្រ​នៃ​សកលលោក​ទាំង​មូល ព្រម​ទាំង​មាន​អំណាច​ខ្លាំង​ក្លា​ក្នុង​ការ​គ្រប់គ្រង​តាំង​ពី​ដើម​មក ម្ដេច​ក៏​ចាំបាច់​ម្ល៉េះ​ឲ្យ​ទ្រង់​មាន​រាជ្យ​ថ្មី​មួយ​ទៀត? តាម​ធម្មតា ស្តេច​នានា​គ្រប់គ្រង​លើ​រាស្ត្រ​ទាំង​ឡាយ​តាម​រយៈ​រាជ​រដ្ឋាភិបាល​ដែល​បាន​តែងតាំង​ឡើង។ បើ​ដូច្នេះ រាជ្យ​របស់​ព្រះ​យេហូវ៉ា​ជា​រាជ​រដ្ឋាភិបាល​ដែល​ទ្រង់​ប្រើ​ក្នុង​នាម​ជា​មហាក្សត្រ​នៃ​សកលលោក​ទាំង​មូល ដើម្បី​គ្រប់គ្រង​លើ​រាស្ត្រ​ទាំង​ឡាយ។

៧​. ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​កែ​ប្រែ​របៀប​គ្រប់គ្រង​របស់​ទ្រង់?

នៅ​គ្រា​នីមួយ​ៗ ព្រះ​យេហូវ៉ា​បាន​គ្រប់គ្រង​ដោយ​របៀប​ផ្សេង​ៗ។ ដូច្នេះ ពេល​កាលៈទេសៈ​ប្រែប្រួល ព្រះ​យេហូវ៉ា​ក៏​កែ​ប្រែ​របៀប​គ្រប់គ្រង​របស់​ទ្រង់​ដែរ។ ជា​ពិសេស នេះ​បាន​កើត​ឡើង​ពេល​ដែល​ទេវតា​មួយ​រូប​នៅ​ស្ថានសួគ៌ គឺ​សាតាំង​ដែល​ជា​បុត្រ​របស់​ព្រះ​យេហូវ៉ា​ដែរ បាន​ប្រឆាំង​នឹង​ទ្រង់​ដោយ​ញុះញង់​អ័ដាម​ព្រម​ទាំង​អេវ៉ា​ឲ្យ​បះបោរ​នឹង​ការ​គ្រប់គ្រង​របស់​ព្រះ។ ការ​បះបោរ​នោះ នាំ​ឲ្យ​មាន​ការ​សង្ស័យ​ស្តី​អំពី​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា។ តើ​មាន​ការ​សង្ស័យ​យ៉ាង​ដូច​ម្ដេច? សាតាំង​បាន​ប្រាប់​អេវ៉ា​ថា នាង​នឹង‹មិន​ស្លាប់​ទេ› ពេល​បរិភោគ​ផ្លែ​ឈើ​ដែល​ស្ថិត​ក្រោម​បម្រាម​របស់​ព្រះ​យេហូវ៉ា។ ពាក្យ​របស់​សាតាំង​បង្កប់​អត្ថន័យ​ថា ព្រះ​យេហូវ៉ា​បាន​កុហក​ពួក​គេ ដូច្នេះ​មិន​គប្បី​ឲ្យ​ពួក​គេ​ទុក​ចិត្ត​ទៅ​លើ​ទ្រង់​ទៀត​ឡើយ។ សាតាំង​ក៏​និយាយ​ប្រាប់​អេវ៉ា​ទៀត​ថា​៖ ​«​ព្រះ​ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង​»។ ពាក្យ​ទាំង​នោះ​ក៏​បង្កប់​អត្ថន័យ​ដែរ ថា​អ័ដាម​និង​អេវ៉ា​អាច​ទទួល​ប្រយោជន៍​ច្រើន​ជាង បើ​ពួក​គេ​ធ្វើ​តាម​ចិត្ត​គំនិត​របស់​ខ្លួន ហើយ​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ (​លោកុប្បត្តិ ៣:១​-​៦​) ពាក្យ​ដែល​សាតាំង​ពោល​នោះ នាំ​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​សិទ្ធិ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា។ តើ​នេះ​ជំរុញ​ព្រះ​យេហូវ៉ា​ឲ្យ​ធ្វើ​អ្វី?

៨, ៩​. (​ក​) បើ​រាស្ត្រ​មួយ​ចំនួន​ធំ​បះបោរ​នឹង​ស្តេច តើ​លោក​នឹង​ធ្វើ​អ្វី? (​ខ​) ពេល​មាន​ការ​បះបោរ​ក្នុង​សួនច្បារ​អេដែន តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី?

បើ​រាស្ត្រ​មួយ​ចំនួន​ធំ​បះបោរ​នឹង​ស្តេច តើ​លោក​នឹង​ធ្វើ​អ្វី? បើ​គិត​ពី​ប្រវត្ដិសាស្ត្រ យើង​ប្រហែល​ជា​អាច​នឹក​ចាំ​គ្រា​ផ្សេង​ៗ​ដែល​មាន​ព្រឹត្ដិការណ៍​បែប​នេះ​មែន។ ជាជាង​ធ្វើ​ព្រងើយ​កន្តើយ​នឹង​ការ​បះបោរ​នោះ សូម្បី​តែ​ស្តេច​ដែល​មាន​ចិត្ត​ល្អ​ក្ដី ក៏​នឹង​កាត់​ទោស​អ្នក​បះបោរ​ហើយ​ចាត់​ទុក​ពួក​គេ​ជា​អ្នក​ប្រឆាំង​ដែល​គួរ​នឹង​ទទួល​ទោស។ រួច​មក ស្តេច​នោះ​ប្រហែល​ជា​ប្រគល់​អំណាច​ឲ្យ​នរណា​ម្នាក់​ដើម្បី​បង្ក្រាប​ពួក​អ្នក​បះបោរ និង​ស្ថាបនា​ឲ្យ​មាន​ភាព​សុខសាន្ត​ឡើង​វិញ។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ភ្លាម​ៗ ដោយ​កាត់​ទោស​អ្នក​បះបោរ​ទាំង​បី​រូប​នោះ ហើយ​នេះ​បង្ហាញ​ថា ទ្រង់​នៅ​តែ​មាន​អំណាច​លើ​ពួក​គេ។ ព្រះ​យេហូវ៉ា​កាត់​ទោស​អ័ដាម​និង​អេវ៉ា ដោយ​ដេញ​ពួក​គេ​ចេញ​ពី​សួនច្បារ​អេដែន ព្រម​ទាំង​ដក​សិទ្ធិ​រស់​រហូត​ចេញ​ពី​ពួក​គេ។—លោកុប្បត្តិ ៣:១៦​-​១៩, ២២​-​២៤

ពេល​ព្រះ​យេហូវ៉ា​ដាក់​ទោស​សាតាំង ទ្រង់​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​អំពី​របៀប​គ្រប់គ្រង​ថ្មី​ដែរ គឺ​រាជ​រដ្ឋាភិបាល​ដែល​ទ្រង់​នឹង​ប្រើ​ដើម្បី​នាំ​ឲ្យ​មាន​របៀប​រៀប​រយ​និង​ភាព​សុខសាន្ត​ម្ដង​ទៀត។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​សាតាំង​ថា​៖ ​«​អញ​នឹង​ធ្វើ​ឲ្យ​ឯង​ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា។ ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ​»។ (​លោកុប្បត្តិ ៣:១៥​) យ៉ាង​នេះ ព្រះ​យេហូវ៉ា​បើក​សម្ដែង​ឲ្យ​ដឹង​អំពី​គោល​បំណង​របស់​ទ្រង់ ថា​ទ្រង់​នឹង​ប្រគល់​អំណាច​ឲ្យ​«​ពូជ​»​មួយ ដែល​នឹង​បំផ្លាញ​សាតាំង​និង​គ្នីគ្នា​របស់​វា​ចោល ហើយ​ទង្វើ​នេះ​នឹង​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ពិត​ជា​គ្រប់គ្រង​យ៉ាង​ល្អ​មែន។—ទំនុកដំកើង ២:៧​-​៩; ១១០:១, ២

១០​. (​ក​) តើ​អ្នក​ណា​ខ្លះ​រួម​គ្នា​ជា​«​ពូជ​»​សន្យា? (​ខ​) តើ​ប៉ុល​បាន​រៀប​រាប់​យ៉ាង​ណា​អំពី​ការ​សម្រេច​នៃ​បទ​ទំនាយ​ទី​មួយ?

១០ ក្រោយ​ៗ​មក ព្រះ​យេស៊ូ​គ្រិស្ត​និង​មនុស្ស​មួយ​ចំនួន​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​ទ្រង់​បាន​សម្គាល់​ជា​«​ពូជ​»​នោះ​ឯង។ ពួក​គាត់​រួម​គ្នា​ជា​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ក្រោម​អំណាច​នៃ​ព្រះ​មេស្ស៊ី។ (​ដានីយ៉ែល ៧:១៣, ១៤, ២៧; ម៉ាថាយ ១៩:២៨; លូកា ១២:៣២; ២២:២៨​-​៣០​) ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​បើក​សម្ដែង​ឲ្យ​ដឹង​ចំណុច​ល្អិតល្អន់​ទាំង​អស់​ភ្លាម​ៗ​ទេ។ តាម​ពិត ការ​សម្រេច​នៃ​បទ​ទំនាយ​មុន​គេ​បង្អស់​នោះ ជា​«​ការ​អាថ៌កំបាំង​ដែល​បាន​លាក់​ទុក​នៅ​អស់​ទាំង​កល្ប​រៀង​មក​»។ (​រ៉ូម ១៦:២៥​) អស់​រាប់​រយ​ឆ្នាំ មនុស្ស​ដែល​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​បាន​រង់ចាំ​គ្រា​ដែល​ទ្រង់​នឹង​បើក​សម្ដែង​ឲ្យ​ពួក​គេ​យល់​នូវ​«​ការ​អាថ៌កំបាំង​»​ ជា​គ្រា​ដែល​ទ្រង់​នឹង​បំពេញ​តាម​ទំនាយ​ទី​មួយ​របស់​ទ្រង់ ដើម្បី​បង្ហាញ​មួយ​ដង​ជា​សម្រេច​ថា ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​ត្រឹម​ត្រូវ​មែន។—រ៉ូម ៨:១៩​-​២១

ព្រះ​យេហូវ៉ា​បើក​សម្ដែង​ជា​បណ្ដើរ​ៗ​ពី​«​ការ​អាថ៌​កំបាំង​»​

១១​. តើ​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ​អ័ប្រាហាំ​មាន​ការ​យល់​ដឹង​អំពី​អ្វី?

១១ បន្ដិច​ម្ដង​ៗ​ ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​ឲ្យ​មនុស្ស​យល់​នូវ​«​ការ​អាថ៌កំបាំង​»​ស្តី​អំពី​«​នគរ​»​ឬ​«​រាជ្យ​របស់​»​ទ្រង់។ (​ម៉ាកុស ៤:​១១; ខ.ស.​) លោក​អ័ប្រាហាំ​ជា​«​សំឡាញ់​របស់​[​ព្រះ​យេហូវ៉ា​]​»​ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ទ្រង់​ប្រគល់​ឲ្យ​មាន​ការ​យល់​ដឹង​បន្ដិច​បន្តួច​អំពី​រាជ្យ​នោះ។ (​យ៉ាកុប ២:២៣​) ព្រះ​យេហូវ៉ា​សន្យា​ដល់​អ័ប្រាហាំ​ថា ទ្រង់​នឹង​បង្កើត​«​នគរ​១​យ៉ាង​ធំ​»​ពី​គាត់​មក។ ក្រោយ​មក​ទៀត ព្រះ​យេហូវ៉ា​ជម្រាប​ដល់​អ័ប្រាហាំ​ថា គាត់​នឹង‹មាន​ស្តេច​ជា​ច្រើន​កើត​ចេញ​ពី›គាត់ ហើយ​«​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយសារ​ពូជ​»​របស់​គាត់​ដែរ។—លោកុប្បត្តិ ១២:២, ៣; ១៧:៦; ២២:​១៧, ១៨

១២​. ក្រោយ​ទឹក​ជំនន់​នៅ​សម័យ​ណូអេ តើ​អ្នក​ណា​ខ្លះ​បាន​សម្ដែង​ខ្លួន​ជា​ពូជ​របស់​សាតាំង?

១២ មុន​សម័យ​អ័ប្រាហាំ មនុស្ស​ខ្លះ​ធ្លាប់​លើក​ខ្លួន​ជា​អ្នក​គ្រប់គ្រង​ដែរ ដោយ​មាន​បំណង​ចង់​កាន់​អំណាច​លើ​អ្នក​ដទៃ។ ជា​ឧទាហរណ៍ គម្ពីរ​រៀប​រាប់​អំពី​ចៅទួត​របស់​លោក​ណូអេ ឈ្មោះ​នីមរ៉ុឌ ថា​៖ ​«​អ្នក​នោះ​ចាប់​តាំង​មាន​អំណាច​នៅ​ផែនដី។ គាត់​ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ​នៅ​ចំពោះ​[​ឬ​«​ប្រឆាំង​នឹង​»​]​ព្រះ​យេហូវ៉ា​»។ (​លោកុប្បត្តិ ១០:៨, ៩; ព.ថ.​) គឺ​ច្បាស់​ហើយ​ថា នីមរ៉ុឌ​និង​មនុស្ស​ឯ​ទៀត​ដែល​បាន​លើក​ខ្លួន​ជា​អ្នក​គ្រប់គ្រង​នោះ សុទ្ធតែ​ជា​ដៃ​ជើង​របស់​សាតាំង។ អ្នក​ទាំង​នោះ​និង​អស់​អ្នក​ដែល​ពួត​ដៃ​គ្នា​ជា​មួយ​ពួក​គេ បាន​រួម​ចំណែក​ជា​ពូជ​របស់​សាតាំង។—យ៉ូហានទី១ ៥:១៩

១៣​. តាម​រយៈ​យ៉ាកុប តើ​ព្រះ​យេហូវ៉ា​បើក​សម្ដែង​អំពី​នរណា?

១៣ ទោះ​ជា​សាតាំង​ប៉ុនប៉ង​លើក​មនុស្ស​ខ្លះ​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ក្ដី ព្រះ​យេហូវ៉ា​នៅ​តែ​ធ្វើ​តាម​បំណង​ចិត្ត​របស់​ទ្រង់​នៅ​ឡើយ។ តាម​រយៈ​ចៅ​របស់​អ័ប្រាហាំ ឈ្មោះ​យ៉ាកុប ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​ថា​៖ ​«​ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ឬ​អំណាច​គ្រប់គ្រង​ពី​ជើង​វា​ឡើយ ដរាប​ដល់​ស៊ីឡូរ​បាន​មក​ដល់ នោះ​បណ្ដាជន​ទាំង​ឡាយ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់​»។ (​លោកុប្បត្តិ ៤៩:១០​) ពាក្យ​«​ស៊ីឡូរ​»​មាន​ន័យ​ថា ​«​ជា​របស់​ផង​គាត់​»​ឬ​ក៏​«​ជា​កម្មសិទ្ធិ​របស់​គាត់​»។ ដូច្នេះ ពាក្យ​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​យ៉ាកុប​ជា​ទំនាយ​ដែល​បង្ហាញ​ថា មនុស្ស​ម្នាក់​ដែល​មាន​សិទ្ធិ​ពេញ​ច្បាប់ នឹង​ទទួល​«​ដំបង​រាជ្យ​»​ ដែល​តំណាង​សិទ្ធិ​គ្រប់គ្រង ហើយ​គាត់​នឹង​មាន​«​អំណាច​គ្រប់គ្រង​»​លើ​«​បណ្ដាជន​[​ឬ​មនុស្ស​លោក​]​ទាំង​ឡាយ​»។ តើ​នរណា​ដែល​មាន​សិទ្ធិ​ពេញ​ច្បាប់?

«​ដរាប​ដល់​ស៊ីឡូរ​បាន​មក​ដល់​»​

១៤​. តើ​ព្រះ​យេហូវ៉ា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​អ្វី​នឹង​ដាវីឌ?

១៤ កូន​របស់​លោក​អ៊ី​សាយ ឈ្មោះ​ដាវីឌ គ្រាន់​តែ​ជា​អ្នក​ឃ្វាល​ចៀម​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ គាត់​ជា​កូន​ចៅ​មុន​គេ​បង្អស់​របស់​លោក​យូដា ដែល​ព្រះ​យេហូវ៉ា​បាន​តែងតាំង​ជា​ស្តេច​លើ​រាស្ត្រ​ទ្រង់។ a (​សាំយូអែលទី១ ១៦:១​-​១៣​) ទោះ​ជា​ដាវីឌ​មាន​បាប​ហើយ​ភ្លាត់​ធ្វើ​ខុស​ម្ដង​ម្កាល​ក្ដី ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ចំពោះ​គាត់​ពីព្រោះ​គាត់​មាន​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់គ្រង។ ព្រះ​យេហូវ៉ា​ក៏​បើក​សម្ដែង​ឲ្យ​យល់​កាន់​តែ​ច្បាស់​នូវ​ទំនាយ​ដែល​ទ្រង់​ថ្លែង​ក្នុង​សួនច្បារ​អេដែន ពេល​ទ្រង់​ចុះ​កិច្ច​ព្រម​ព្រៀង​នឹង​ដាវីឌ​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​អញ​នឹង​តាំង​ពូជ​ពង្ស​ដែល​កើត​ពី​ឯង​មក​ឲ្យ​សោយ​រាជ្យ​ឡើង​ជំនួស​ឯង ហើយ​អញ​នឹង​តាំង​រាជ្យ​វា​ឲ្យ​ខ្ជាប់ខ្ជួន​ឡើង​»។ ទោះ​បើ​សាឡូម៉ូន​ជា​បុត្រ​និង​ជា​អ្នក​ស្នង​រាជ្យ​ពី​ដាវីឌ​ក្ដី កិច្ច​សន្យា​នោះ​មិន​សំដៅ​ទៅ​លើ​សាឡូម៉ូន​ប៉ុណ្ណោះ​ទេ ពីព្រោះ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ទៀត​ថា​៖ ​«​អញ​នឹង​តាំង​បល្ល័ង្ក​នៃ​រាជ្យ​វា​ឲ្យ​នៅ​ស្ថិតស្ថេរ​ជា​ដរាប​ទៅ​»។ កិច្ច​ព្រម​ព្រៀង​នោះ​ដែល​ព្រះ​យេហូវ៉ា​ចុះ​នឹង​ដាវីឌ បើក​សម្ដែង​ឲ្យ​យល់​ច្បាស់​ថា ​«​ពូជ​»​សន្យា​ដែល​នឹង​ទទួល​អំណាច​គ្រប់គ្រង​នោះ ត្រូវ​តែ​កើត​ចេញ​ពី​ខ្សែ​ស្រ​ឡាយ​របស់​ដាវីឌ។—សាំយូអែលទី២ ៧:​១២, ១៣

១៥​. ម្ដេច​ក៏​រាជាណាចក្រ​យូដា​ពី​បុរាណ​អាច​តំណាង​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​នៅ​ឯ​ស្ថានសួគ៌?

១៥ ចាប់​ពី​ដាវីឌ​ត​មក សម្ដេច​សង្ឃ​បាន​តែងតាំង​ស្តេច​នានា​ដែល​ស្នង​រាជ្យ​ត​ៗ​គ្នា ដោយ​ចាក់​ប្រេង​បរិសុទ្ធ​ទៅ​លើ​ក្បាល​ស្តេច​ថ្មី​នីមួយ​ៗ។ អាស្រ័យ​ហេតុ​នេះ ស្តេច​ទាំង​នោះ​ជា​អ្នក​តែងតាំង ឬ​តាម​ភាសា​ដើម ជា​មេស្ស៊ី​ម្នាក់​ៗ​ដែរ។ (​សាំយូអែលទី១ ១៦:១៣; សាំយូអែល​ទី២ ២:៤; ៥:៣; ពង្សាវតារក្សត្រទី១ ១:៣៩​) គម្ពីរ​រៀប​រាប់​អំពី​ស្តេច​ទាំង​នោះ​ថា ពួក​គាត់​ជា​អ្នក​ដែល​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​របស់​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​ជា​ស្តេច​ថ្វាយ​ទ្រង់​នៅ​ឯ​ទី​ក្រុង​យេរូសាឡិម។ (​របាក្សត្រ​ទី២ ៩:៨​) យ៉ាង​នេះ រាជាណាចក្រ​យូដា​ពី​បុរាណ​តំណាង​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​នៅ​ឯ​ស្ថានសួគ៌ ហើយ​ក៏​ជា​ខ្សែ​រយៈ​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ​ដើម្បី​គ្រប់គ្រង​លើ​រាស្ត្រ​ទ្រង់។

១៦​. តើ​ការ​គ្រប់គ្រង​នៃ​ស្តេច​នានា​របស់​រាជាណាចក្រ​យូដា​នាំ​ឲ្យ​មាន​លទ្ធផល​យ៉ាង​ណា?

១៦ ពេល​ដែល​ស្តេច​នានា​របស់​រាជាណាចក្រ​យូដា​និង​បណ្ដាជន​ទាំង​ឡាយ​បាន​ចុះ​ចូល​ចំពោះ​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់គ្រង ទ្រង់​ក៏​បាន​ការ​ពារ​និង​ប្រទាន​ពរ​ទៅ​លើ​ពួក​គេ។ ការ​គ្រប់គ្រង​របស់​ស្តេច​សាឡូម៉ូន​បាន​នាំ​ឲ្យ​មាន​ភាព​សុខសាន្ត ហើយ​ជា​គ្រា​ចម្រុង​ចម្រើន​ជាង​គ្រា​ណា​ៗ​ទៀត។ ដូច្នេះ ការ​គ្រប់គ្រង​របស់​សាឡូម៉ូន​សម​ជា​គំរូ​ពី​ស្ថានភាព​ដែល​នឹង​មាន​ក្រោម​ការ​គ្រប់គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា ពេល​សាតាំង​លែង​មាន​ឥទ្ធិពល​លើ​មនុស្ស​ជាតិ​ទៀត និង​មនុស្ស​ទាំង​អស់​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​សិទ្ធិ​គ្រប់គ្រង។ (​ពង្សាវតារក្សត្រទី១ ៤:​២០, ២៥​) ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​ណាស់ ដែល​ស្តេច​ភាគ​ច្រើន​ក្នុង​ខ្សែ​ស្រ​ឡាយ​ដាវីឌ មិន​បាន​ធ្វើ​តាម​តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា ហើយ​រាស្ត្រ​របស់​ទ្រង់​បែរ​ជា​ថ្វាយ​បង្គំ​រូប​ព្រះ​និង​ធ្វើ​អំពើ​ប្រាស​ចាក​សីលធម៌។ នៅ​ទីបំផុត ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​ពួក​បាប៊ីឡូន​រំលំ​ចោល​រាជាណាចក្រ​យូដា គឺ​នៅ​ឆ្នាំ​៦០៧ មុន​គ.ស.។ កាល​នោះ មើល​ទៅ​ដូច​ជា​សាតាំង​មាន​ជោគ​ជ័យ​ក្នុង​ការ​បង្អាប់​ដល់​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា។

១៧​. ទោះ​ជា​រាជាណាចក្រ​ដែល​ធ្លាប់​តែ​មាន​កូន​ចៅ​របស់​ដាវីឌ​គ្រប់គ្រង​បាន​រលំ​ហើយ​ក៏​ដោយ តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​នៅ​តែ​មាន​អំណាច​គ្រប់គ្រង​នៅ​ឡើយ?

១៧ ការ​រំលំ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​នៃ​រាជាណាចក្រ​យូដា ហើយ​ក្រោយ​មក​ការ​រំលំ​រាជាណាចក្រ​យូដា​ដែល​ធ្លាប់​តែ​មាន​កូន​ចៅ​របស់​ដាវីឌ​គ្រប់គ្រង​នោះ មិន​មែន​ផ្ដល់​ទី​សំអាង​ថា ព្រះ​យេហូវ៉ា​គ្មាន​សិទ្ធិ​ឬ​គ្មាន​សមត្ថភាព​គ្រប់គ្រង​ឡើយ។ ផ្ទុយ​ទៅ​វិញ ការ​រំលំ​រាជាណាចក្រ​ទាំង​ពីរ បង្ហាញ​ពី​លទ្ធផល​អាក្រក់​ពេល​មនុស្ស​ចុះ​ញ៉ម​នឹង​ឥទ្ធិពល​របស់​សាតាំង ព្រម​ទាំង​ប្រកាន់​យក​តែ​គំនិត​ខ្លួន​ឯង​ជាជាង​ចុះ​ចូល​ចំពោះ​ព្រះ​យេហូវ៉ា។ (​សុភាសិត ១៦:២៥; យេរេមា ១០:២៣​) ដើម្បី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​នៅ​តែ​មាន​អំណាច​គ្រប់គ្រង​នៅ​ឡើយ ទ្រង់​មាន​ប្រសាសន៍​តាម​រយៈ​លោក​អេសេគាល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ថា​៖ ​«​ចូរ​ដោះ​ក្បាំង ដោះ​មកុដ​ចេញ។ . . . អញ​នឹង​ធ្វើ​ឲ្យ​ត្រឡប់ត្រឡិន ត្រឡប់ត្រឡិន​ទៅ។ នេះ​ក៏​មិន​នៅ​ទៀត​ដែរ ដរាប​ដល់​អ្នក​នោះ​កើត​ឡើង​ដែល​មាន​ច្បាប់​ទទួល រួច​អញ​នឹង​ប្រគល់​ដល់​អ្នក​នោះ​»។ (​អេសេគាល ២១:២៦, ២៧​) ពាក្យ​ទាំង​នេះ​បញ្ជាក់​ថា ​«​ពូជ​»​សន្យា​«​ដែល​មាន​ច្បាប់​ទទួល​»​អំណាច​គ្រប់គ្រង មិន​ទាន់​លេច​មក​នៅ​ឡើយ។

១៨​. តើ​ទេវតា​កាព្រីយ៉ែល​បាន​ប្រកាស​អ្វី​ដល់​ម៉ារា?

១៨ សូម​គិត​អំពី​គ្រា​ក្រោយ​ៗ​មក​ទៀត ប្រហែល​ជា​នៅ​ឆ្នាំ​២ មុន​គ.ស.។ ព្រះ​យេហូវ៉ា​ចាត់​ទេវតា​ឈ្មោះ​កាព្រីយ៉ែល ឲ្យ​ទៅ​ជួប​នាង​ក្រមុំ​ម្នាក់​ឈ្មោះ​ម៉ារា ដែល​រស់​នៅ​ក្រុង​ណាសារ៉ែត នា​ស្រុក​កាលីឡេ នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ប៉ាឡេស្ទីន។ ទេវតា​កាព្រីយ៉ែល​បាន​ប្រកាស​ដល់​នាង​ថា​៖ ​«​មើល! នាង​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ​នាម​ថា ‹យេស៊ូ​វ›។ បុត្រ​នោះ​នឹង​បាន​ជា​ធំ​ឧត្តម ហើយ​គេ​នឹង​ហៅ​ទ្រង់​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត។ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​នឹង​ប្រទាន​រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​ឰយុកោ​ទ្រង់​ថ្វាយ​ទ្រង់​សោយ។ ទ្រង់​នឹង​សោយ​រាជ្យ លើ​ពួក​វង្ស​របស់​យ៉ាកុប​នៅ​អស់កល្ប​រៀង​ទៅ ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ផុត​ឡើយ​»។—លូកា ១:៣១​-​៣៣

១៩​. ពេល​ព្រះ​យេស៊ូ​ចាប់​កំណើត​មក តើ​គ្រា​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​អ្វី​បាន​មក​ដល់?

១៩ គ្រា​ដែល​ព្រះ​យេហូវ៉ា​នឹង​បើក​សម្ដែង​ឲ្យ​មនុស្ស​យល់​ច្បាស់​អំពី​«​ការ​អាថ៌កំបាំង​»​របស់​ទ្រង់ បាន​មក​ដល់​ហើយ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​នោះ តួ​អង្គ​សំខាន់​បំផុត​នៃ​«​ពូជ​»​សន្យា​បាន​លេច​មក។ (​កាឡាទី ៤:៤; ធីម៉ូថេទី១ ៣:១៦​) រួច​មក សាតាំង​បាន​ចឹក​កែង​ជើង​ពូជ​សន្យា តែ​ក្រោយ​មក​ទៀត​«​ពូជ​»​នោះ​នឹង​កិន​ក្បាល​សាតាំង ដោយ​ដក​វា​និង​គ្នីគ្នា​របស់​វា​ចេញ​ទាំង​អស់។ ពូជ​នោះ​បាន​ផ្សព្វផ្សាយ​ឲ្យ​មនុស្ស​ទាំង​អស់​ដឹង​ថា រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​ការ​របស់​សាតាំង ហើយ​រៀបចំ​ទាំង​អស់​ឲ្យ​បាន​ថ្មី​ឡើង​វិញ ព្រម​ទាំង​បង្ហាញ​ថា ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា​ពិត​ជា​ល្អ​មែន! (​ហេព្រើរ ២:១៤; យ៉ូហានទី១ ៣:៨​) តើ​ព្រះ​យេស៊ូ​បំពេញ​កិច្ចការ​ទាំង​អស់​នេះ​យ៉ាង​ដូច​ម្ដេច? តើ​ព្រះ​ទ្រង់​តាំង​គំរូ​អ្វី​ឲ្យ​យើង​យក​តម្រាប់​តាម? អត្ថបទ​ជា​បន្ទាប់​នឹង​ឆ្លើយ​សំណួរ​ទាំង​នេះ។

[កំណត់​សម្គាល់]

a សូល​ជា​ស្តេច​ទី​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​តែងតាំង​ឲ្យ​គ្រប់គ្រង​លើ​ជនជាតិ​អ៊ីស្រាអែល តែ​គាត់​មក​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន។—សាំយូអែលទី១ ៩:១៥, ១៦; ១០:១

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

• ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​គ្រប់គ្រង​លើ​សកល​លោក​ទាំង​មូល?

• ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​មាន​បំណង​បង្កើត​រាជាណាចក្រ​ថ្មី​មួយ​ទៀត?

• តើ​ព្រះ​យេហូវ៉ា​បើក​សម្ដែង​ឲ្យ​មនុស្ស​យល់​ពី​«​ការ​អាថ៌កំបាំង​»​បន្ដិច​ម្ដង​ៗ​យ៉ាង​ដូច​ម្ដេច?

• ទោះ​ជា​រាជាណាចក្រ​ដែល​ធ្លាប់​តែ​មាន​កូន​ចៅ​របស់​ដាវីឌ​គ្រប់គ្រង​បាន​រលំ​ហើយ តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​នៅ​តែ​មាន​អំណាច​គ្រប់គ្រង​នៅ​ឡើយ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​៥]

តាម​រយៈ​លោក​អ័ប្រាហាំ តើ​ព្រះ​យេហូវ៉ា​បើក​សម្ដែង​ឲ្យ​មនុស្ស​យល់​អំពី​អ្វី?

[រូបភាព​នៅ​ទំព័រ​៧]

ពេល​រាជាណាចក្រ​ដែល​ធ្លាប់​តែ​មាន​កូន​ចៅ​របស់​ដាវីឌ​គ្រប់គ្រង​បាន​រលំ​ទៅ​នោះ ម្ដេច​ក៏​នេះ​មិន​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​ខ្វះ​សមត្ថភាព​គ្រប់គ្រង?