លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គោលសំខាន់ៗពីសៀវភៅម៉ាឡាគី

គោលសំខាន់ៗពីសៀវភៅម៉ាឡាគី

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់​ៗ​ពី​សៀវភៅ​ម៉ាឡាគី

អស់​រយៈ​ពេល​ជាង​៧០​ឆ្នាំ​បាន​កន្លង​ផុត​ទៅ តាំង​ពី​បណ្ដាជន​យូដា​បាន​បង្ហើយ​កិច្ចការ​កសាង​វិហារ​ឡើង​វិញ​នៅ​ឯ​ទី​ក្រុង​យេរូសាឡិម។ ប៉ុន្តែ ក្នុង​អំឡុង​ពេល​នោះ ចំណង​មេត្រីភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ស្ទើរតែ​មិន​មាន​នៅ​សេស​សល់​អ្វី​បន្ដិច​ឡើយ។ សូម្បី​តែ​ពួក​សង្ឃ​ក៏​សុទ្ធតែ​លង់​ទៅ​ដោយ​សេចក្ដី​លោភ។ តើ​នរណា​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​ពី​ស្ថានភាព​ពិត​របស់​ខ្លួន ហើយ​ព្យាយាម​ជួយ​ពួក​គេ​ដើម្បី​ឲ្យ​មាន​ចំណង​មេត្រីភាព​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឡើង​វិញ? ព្រះ​យេហូវ៉ា​ប្រគល់​ភារកិច្ច​នេះ​ទៅ​ឲ្យ​លោក​ម៉ាឡាគី​ដែល​ជា​អ្នក​ប្រកាស​ទំនាយ។

សៀវភៅ​ម៉ាឡាគី​ជា​សៀវភៅ​ចុង​ក្រោយ​បំផុត​ក្នុង​បទ​គម្ពីរ​ភាសា​ហេព្រើរ ហើយ​ម៉ាឡាគី​បាន​សរសេរ​ពាក្យ​ទំនាយ​របស់​ព្រះ​យេហូវ៉ា​តាម​របៀប​ដ៏​ម៉ឺងម៉ាត់។ បើ​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ដែល​ម៉ាឡាគី​សរសេរ​ជា​ទំនាយ​នោះ នេះ​អាច​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​«​ថ្ងៃ​ដ៏​ធំ​ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​»​ ពោល​គឺ អវសាន​កាល​នៃ​ពិភព​លោក​ដ៏​អាក្រក់​នេះ។—ម៉ាឡាគី ៤:៥

ពួក​សង្ឃ​«​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជំពប់​ដួល ​»​

(​ម៉ាឡាគី ១:១​–​២:១៧)

ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ជនជាតិ​អ៊ីស្រាអែល​ថា​៖ ​«​អញ​បាន​ស្រឡាញ់​ឯង​រាល់​គ្នា​»។ ក៏​ប៉ុន្តែ ពួក​សង្ឃ​បាន​មើល​ងាយ​ឈ្មោះ​របស់​ទ្រង់​ទៅ​វិញ។ តើ​ពួក​គេ​បាន​មើលងាយ​ឈ្មោះ​របស់​ទ្រង់​តាម​របៀប​ណា? គឺ​ដោយ​«​ថ្វាយ​នំប៉័ង​ដែល​មិន​បរិសុទ្ធ​»​ហើយ​«​ថ្វាយ​សត្វ​ខ្ញើច​នឹង​សត្វ​ដែល​ឈឺ​»​ជា​គ្រឿង​បូជា។—ម៉ាឡាគី ១:២, ៦​-​៨

ពួក​សង្ឃ​«​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជំពប់​ដួល​ក្នុង​ក្រិត្យ​វិន័យ​ដែរ​»។ បណ្ដាជន​បាន‹ប្រព្រឹត្ត​ដោយ​ក្បត់​ចំពោះ​បង​ប្អូន​រៀង​ខ្លួន›។ អ្នក​ខ្លះ​បាន​យក​ស្ត្រី​ដែល​មិន​មែន​ជា​ជនជាតិ​យូដា​មក​ធ្វើ​ជា​ភរិយា។ អ្នក​ខ្លះ​ទៀត​ប្រព្រឹត្ត​ក្បត់​នឹង​«​ប្រពន្ធ​ដែល​បាន​គ្នា​ពី​កាល​[​ពួក​គេ​]​នៅ​ក្រមុំ​កំឡោះ​»។—ម៉ាឡាគី ២:៨, ១០, ១១, ១៤​-​១៦

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ :

២:២—តើ​ព្រះ​យេហូវ៉ា​បាន​ដាក់​«​បណ្ដាសា​ដល់​ពរ ​»​នៃ​ពួក​សង្ឃ​ដែល​មិន​ព្រម​ប្រព្រឹត្ត​តាម​ក្រឹត្យ​វិន័យ​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច? ព្រះ​យេហូវ៉ា​បាន​ដាក់​«​បណ្ដាសា​ដល់​ពរ​»​នៃ​ពួក​សង្ឃ​ដោយ​ធ្វើ​ឲ្យ​ពរ​ដែល​ពួក​គេ​សូម​ពី​ទ្រង់​ក្លាយ​ទៅ​ជា​បណ្ដាសា​វិញ។

២:៣—តើ​ការ​«​ជះ​លា​មក ​»​ទៅ​លើ​មុខ​ពួក​សង្ឃ​បង្កប់​អត្ថន័យ​អ្វី? យោង​ទៅ​តាម​ក្រឹត្យ​វិន័យ លា​មក​របស់​សត្វ​ទាំង​ឡាយ​ដែល​បណ្ដាជន​យក​ជា​តង្វាយ ត្រូវ​យក​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ហើយ​ដុត​ចោល។ (​លេវីវិន័យ ១៦:២៧​) ការ​ជះ​លា​មក​ទៅ​លើ​មុខ​របស់​ពួក​សង្ឃ​មាន​ន័យ​ថា ព្រះ​យេហូវ៉ា​មិន​ព្រម​ទទួល​តង្វាយ​ទាំង​នោះ ហើយ​ទ្រង់​ក៏​ស្អប់​ខ្ពើម​អស់​អ្នក​ដែល​ថ្វាយ​តង្វាយ​ទាំង​នោះ​ផង។

២:១៣—តើ​ទឹក​ភ្នែក​របស់​អ្នក​ណា​ដែល​បាន​គ្រប​បាំង​អាសនា​នៃ​ព្រះ​យេហូវ៉ា? ទឹក​ភ្នែក​ទាំង​នេះ​ជា​របស់​ផង​ស្ត្រី​ទាំង​ឡាយ​ដែល​បាន​មក​ឯ​វិហារ​ដើម្បី​ទូល​អង្វរ​ព្រះ​យេហូវ៉ា​ដោយ​អស់​ពី​ចិត្ត។ តើ​អ្វី​ដែល​បណ្ដាល​ឲ្យ​ពួក​គេ​សោក​សង្រេង​ដល់​ម្ល៉េះ? ស្វាមី​របស់​ពួក​គេ​ដែល​ជា​ជនជាតិ​យូដា​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​លែង​លះ​ពួក​នាង​ដោយ​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ ដូច្នេះ​បុរស​ទាំង​នោះ​បាន​ចេញ​ចោល​នាង។ តាម​មើល​ទៅ ពួក​គេ​ទំនង​ជា​មាន​បំណង​រៀប​ការ​ជា​មួយ​ស្ត្រី​ជនជាតិ​ដទៃ​ដែល​មាន​អាយុ​ក្មេង​ជាង​ភរិយា​របស់​ខ្លួន។

មេ​រៀន​សម្រាប់​យើង:

១:១០: ព្រះ​យេហូវ៉ា​មិន​គាប់​ចិត្ត​នឹង​តង្វាយ​របស់​ពួក​សង្ឃ​ដែល​សុទ្ធ​តែ​លង់​ទៅ​ដោយ​សេចក្ដី​លោភ ដែល​ហ៊ាន​គិត​ថ្លៃ​សូម្បី​តែ​ពី​កិច្ចការ​តូច​តាច ដូច​ជា​បិទ​ទ្វារ​ឬ​ក៏​បង្កាត់​ភ្លើង​អាសនា​ជា​ដើម។ ការ​ប្រព្រឹត្ត​របស់​យើង​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ពិត​ជា​សំខាន់​មែន! អ្វី​ៗ​ដែល​យើង​ធ្វើ​ក្នុង​កិច្ច​បម្រើ​ជា​គ្រិស្ត​សា​សនិក មិន​មែន​ដើម្បី​ចំណេញ​ប្រាក់​ទេ តែ​ត្រូវ​ជំរុញ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​អ្នក​ជិត​ខាង ហើយ​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ។—ម៉ាថាយ ២២:៣៧​-​៣៩; កូរិនថូស​ទី២ ១១:៧

១:១៤; ២:១៧ : ព្រះ​យេហូវ៉ា​មិន​ត្រាប្រណី​ចំពោះ​អំពើ​ពុត​ត្បុត​សោះ​ឡើយ។

២:៧​-​៩ : អស់​អ្នក​ដែល​មាន​ភារកិច្ច​បង្រៀន​នៅ​ក្នុង​ក្រុម​ជំនុំ​ត្រូវ​តែ​ប្រយ័ត្ន​ថា អ្វី​ដែល​ពួក​គាត់​បង្រៀន​គឺ​សម​ស្រប​នឹង​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​ក្នុង​គម្ពីរ​បរិសុទ្ធ ហើយ​សម​ស្រប​នឹង​សៀវភៅ​នានា​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​គម្ពីរ ដែល​«​នាយ​ដំរួត​ការ​ដែល​ស្មោះ​ត្រង់​»​ផ្ដល់​ឲ្យ។—លូកា ១២:៤២; យ៉ាកុប ៣:១១

២:១០, ១១ : ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​អ្នក​ថ្វាយ​បង្គំ​ទ្រង់​គិត​ឲ្យ​បាន​ហ្មត់​ចត់​អំពី​ដំបូន្មាន​ដែល​ថា ពួក​គេ​គួរ​តែ​រៀប​ការ​«​ក្នុង​ព្រះ​អម្ចាស់​»​តែ​ប៉ុណ្ណោះ។—កូរិនថូសទី១ ៧:៣៩

២:១៥, ១៦ : អ្នក​ថ្វាយ​បង្គំ​ព្រះ​ពិត​ចាត់​ទុក​ចំណង​អាពាហ៍ពិពាហ៍​ជា​មួយ​ភរិយា​ដែល​បាន​គ្នា​ពី​កាល​នៅ​ក្រមុំ​កំលោះ ជា​អ្វី​ដែល​មាន​តម្លៃ។

‹ព្រះ​អម្ចាស់​នឹង​មក​ដល់​វិហារ​របស់​ទ្រង់ ›

(​ម៉ាឡាគី ៣:១​–​៤:៦)

​«​ព្រះ​អម្ចាស់​[​ព្រះ​យេហូវ៉ា​]​លោតែ​មក​ដល់​ព្រះ​វិហារ​របស់​ទ្រង់​ភ្លាម​»​ជា​មួយ​«​ទូត​[​គឺ​ព្រះ​យេស៊ូ​គ្រិស្ត​]​ដែល​នាំ​សេចក្ដី​សញ្ញា​មក​»។ ព្រះ​យេហូវ៉ា​«​នឹង​មក​ជិត​[​រាស្ត្រ​ទ្រង់​]​ដើម្បី​នឹង​សំរេច​តាម​សេចក្ដី​យុត្ដិធម៌​»​ ហើយ​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​រហ័ស​ទាស់​នឹង​មនុស្ស​ទុច្ចរិត​គ្រប់​ជំពូក រួច​មាន​«​សៀវភៅ​រំឭក​»​បាន​កត់​ទុក​សម្រាប់​ពួក​អ្នក​ដែល​កោត​ខ្លាច​ទ្រង់។—ម៉ាឡាគី ៣:១, ៣, ៥, ១៦

ថ្ងៃ​ដែល​«​ឆេះ​ធ្លោ​ដូច​ជា​គុក​ភ្លើង​»​នឹង​មក​ដល់ ហើយ​នឹង​ឆេះ​បន្សុស​មនុស្ស​ទុច្ចរិត​ទាំង​អស់។ មុន​ដែល​ថ្ងៃ​នោះ​មក​ដល់ ព្រះ​យេហូវ៉ា​នឹង​ចាត់​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ដើម្បី​«​បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន នឹង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ​»។—ម៉ាឡាគី ៤:១, ៥, ៦

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ :

៣:១​-​៣—តើ​«​ព្រះ​អម្ចាស់ ​»​និង​«​ទូត​ដែល​នាំ​សេចក្ដី​សញ្ញា​មក ​»​បាន​មក​ដល់​វិហារ​នៅ​ឆ្នាំ​ណា? តើ​ទ្រង់​ចាត់​អ្នក​ណា​ឲ្យ​ទៅ​មុន​ពួក​គាត់​ទាំង​ពីរ? ព្រះ​យេហូវ៉ា​បាន​ទៅ​និង​សម្រិតសម្រាំង​វិហារ​របស់​ទ្រង់​តាម​រយៈ​អ្នក​តំណាង​មួយ​រូប។ នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី១០ ខែ​ណែសាន ឆ្នាំ​៣៣ គ.ស. ពេល​ព្រះ​យេស៊ូ​បាន​ចូល​ទៅ​ក្នុង​វិហារ ហើយ​ដេញ​អស់​អ្នក​ដែល​លក់ដូរ​ក្នុង​វិហារ​ចេញ។ (​ម៉ាកុស ១១:​១៥​) នេះ​គឺ​បី​ឆ្នាំ​កន្លះ​ក្រោយ​ព្រះ​យេស៊ូ​បាន​តែងតាំង​ឲ្យ​ឡើង​សោយ​រាជ្យ​ជា​ស្តេច។ ដូច​គ្នា​ដែរ តាម​មើល​ទៅ បី​ឆ្នាំ​កន្លះ​ក្រោយ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ចាប់​ផ្ដើម​គ្រប់គ្រង​នៅ​ឯ​ស្ថាន​សួគ៌ ទ្រង់​បាន​មក​ជា​មួយ​ព្រះ​យេហូវ៉ា​ដើម្បី​ពិនិត្យ​មើល​ការ​ថ្វាយ​បង្គំ​ពិត​ដែល​ប្រៀប​ដូច​ជា​វិហារ ហើយ​ក៏​ឃើញ​ថា​ទ្រង់​ត្រូវ​តែ​សម្អាត​ឬ​ក៏​សម្រិតសម្រាំង​រាស្ត្រ​របស់​ទ្រង់។ នៅ​សតវត្សរ៍​ទី​មួយ ព្រះ​យេហូវ៉ា​បាន​ចាត់​លោក​យ៉ូហាន​ដែល​ជ្រមុជ​ទឹក​ឲ្យ​គេ​មក​មុន ដើម្បី​ជួយ​ឲ្យ​ជនជាតិ​យូដា​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ព្រះ​គ្រិស្ត។ នៅ​សម័យ​នេះ មាន​អ្នក​នាំ​សារ​ដែល​បាន​ចាត់​មក​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ត្រៀម​ខ្លួន​រង់ចាំ​ទទួល​ព្រះ​យេហូវ៉ា មុន​ទ្រង់​មក​ពិនិត្យ​មើល​ការ​ថ្វាយ​បង្គំ​ដែល​ប្រៀប​ដូច​ជា​វិហារ។ មុន​ឆ្នាំ​១៨៩០ មនុស្ស​មួយ​ក្រុម​ដែល​ចូល​ចិត្ត​សិក្សា​គម្ពីរ​បាន​មូល​គ្នា​ដើម្បី​ប្រកាស​ឲ្យ​អ្នក​ដទៃ​ស្គាល់​នូវ​សេចក្ដី​បង្រៀន​ពិត​ដ៏​សំខាន់​ៗ​ដល់​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ។

៣:១០—តើ​ការ​នាំ​យក​ឬ​ការ​ថ្វាយ​«​១​ភាគ​ក្នុង​១០​ទាំង​អស់​»​មាន​ន័យ​ថា យើង​ថ្វាយ​អ្វី​ៗ​ទាំង​អស់​ដល់​ព្រះ​យេហូវ៉ា​ទេ? ពេល​ព្រះ​យេស៊ូ​ទទួល​មរណភាព ក្រឹត្យ​វិន័យ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​តាម​រយៈ​លោក​ម៉ូសេ​បាន​បំបាត់​ចោល​ហើយ។ ដូច្នេះ ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​យើង​ថ្វាយ​មួយ​ភាគ​ក្នុង​១០​ទៀត​ទេ។ ក៏​ប៉ុន្តែ យើង​អាច​ថ្វាយ​មួយ​ភាគ​ក្នុង​១០​ដោយ​ន័យ​ធៀប​ទៅ​វិញ។ (​អេភេសូរ ២:១៥​) ការ​ថ្វាយ​មួយ​ភាគ​ក្នុង​១០​មិន​មាន​ន័យ​ថា យើង​ថ្វាយ​អ្វី​ៗ​ទាំង​អស់​ទេ។ មួយ​ឆ្នាំ​ម្ដង​ៗ​ បណ្ដាជន​អ៊ីស្រាអែល​បាន​នាំ​យក​មួយ​ភាគ​ក្នុង​១០​មក​ថ្វាយ​ព្រះ​យេហូវ៉ា ប៉ុន្តែ យើង​ថ្វាយ​អ្វី​ៗ​ទាំង​អស់​មួយ​ដង​ជា​សម្រេច ពេល​ដែល​យើង​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា និង​បង្ហាញ​ពី​ការ​សម្រេច​ចិត្ត​នោះ​ដោយ​ទទួល​ការ​ជ្រមុជ​ទឹក។ ចាប់​តាំង​ពី​ពេល​នោះ​មក អ្វី​ៗ​ដែល​យើង​មាន​បាន​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​របស់​ព្រះ​យេហូវ៉ា​វិញ។ ក៏​ប៉ុន្តែ ទ្រង់​អនុញ្ញាត​ឲ្យ​យើង​យក​មួយ​ចំណែក​ពី​អ្វី​ដែល​យើង​មាន ហាក់​ដូច​ជា​យើង​យក​មួយ​ភាគ​ទៅ​ចំណាយ​ក្នុង​កិច្ច​បម្រើ​ទ្រង់។ មួយ​ភាគ​ដែល​យើង​ថ្វាយ​នោះ គឺ​ស្រប​ទៅ​តាម​កាលៈទេសៈ​និង​ចិត្ត​ដែល​ជំរុញ​ឲ្យ​យើង​ចំណាយ​នៅ​ក្នុង​កិច្ច​បម្រើ​ទ្រង់។ តង្វាយ​ដែល​យើង​ថ្វាយ​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​ពេល​វេលា កម្លាំង និង​ធនធាន​ដែល​យើង​ចំណាយ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​អំពី​រាជាណាចក្រ​របស់​ទ្រង់ និង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។ តង្វាយ​នោះ​ក៏​រួម​បញ្ចូល​ពេល​ដែល​យើង​ចំណាយ​ក្នុង​ការ​ចូល​រួម​កិច្ច​ប្រជុំ​របស់​ពួក​គ្រិស្ត​សា​សនិក ពេល​ទៅ​សួរ​សុខ​ទុក្ខ​បងប្អូន​ដែល​ឈឺ​និង​មាន​វ័យ​ចាស់ ហើយ​ពេល​ដែល​យើង​ធ្វើ​វិភាគទាន​ដើម្បី​គាំទ្រ​ការ​ថ្វាយ​បង្គំ​ពិត។

៤:៣—តើ​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​«​ជាន់ឈ្លី​ពួក​អាក្រក់ ​»​ក្នុង​ន័យ​អ្វី? រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​ផែនដី​នឹង​មិន​«​ជាន់ឈ្លី​ពួក​អាក្រក់​»​ក្នុង​ន័យ​ចំ​ៗ​ដោយ​រួម​ចំណែក​ក្នុង​ការ​កាត់​ទោស​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​នៅ​ផែនដី​នឹង​ធ្វើ​ការ​នោះ​ក្នុង​ន័យ​ធៀប ដោយ​ចូល​រួម​យ៉ាង​អស់​ពី​ចិត្ត​ក្នុង​ការ​ជប់លៀង​អបអរ​ជ័យ​ជំនះ ដែល​នឹង​មាន​ក្រោយ​ពេល​ដែល​ពិភព​លោក​របស់​សាតាំង​បាន​បំផ្លាញ​ចោល។—ទំនុកដំកើង ១៤៥:២០; វិវរណៈ ២០:១​-​៣

៤:៤—ហេតុ​អ្វី​បាន​ជា​យើង​គួរ​តែ​«​នឹក​ចាំ​ពី​ក្រិត្យ​វិន័យ​របស់​លោក​ម៉ូសេ ​»​? ទោះ​ជា​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​មិន​មាន​សុពល​ភាព​ចំពោះ​គ្រិស្ត​សា​សនិក​ក្ដី ក្រឹត្យ​វិន័យ​នោះ​ប្រៀប​ដូច​ជា​«​ស្រមោល​ពី​សេចក្ដី​ល្អ​ដែល​ត្រូវ​មក​»។ (​ហេព្រើរ ១០:១​) អាស្រ័យ​ហេតុ​នេះ ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​អាច​ជួយ​យើង​ឲ្យ​ឃើញ​នូវ​ការ​សម្រេច​នៃ​សេចក្ដី​ដែល​បាន​ចែង​ទុក​ក្នុង​ក្រឹត្យ​វិន័យ​ទាំង​ប៉ុន្មាន​នោះ។ (​លូកា ២៤:៤៤, ៤៥​) បន្ថែម​ទៅ​ទៀត ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​ក៏​បាន​ចែង​អំពី​«​គំរូ​ពី​របស់​នៅ​ស្ថានសួគ៌​»​ដែរ។ ការ​សិក្សា​គំរូ​ទាំង​នោះ​ជា​ការ​ចាំបាច់​ណាស់ បើ​យើង​ចង់​យល់​ធ្លុះ​នូវ​សេចក្ដី​បង្រៀន​របស់​ព្រះ​គ្រិស្ត និង​ចង់​ដឹង​អំពី​កិរិយា​ប្រព្រឹត្ត​ដែល​គប្បី​សម្រាប់​គ្រិស្ត​សា​សនិក។—ហេព្រើរ ៩:២៣

៤:៥, ៦—តើ​«​អេលីយ៉ា ​»​តំណាង​អ្នក​ណា? ទំនាយ​នេះ​បង្ហាញ​ថា ​«​អេលីយ៉ា​»​នឹង​ជួយ​បណ្ដាជន​ឲ្យ​ត្រៀម​ខ្លួន។ នា​សតវត្សរ៍​ទី​មួយ គ.ស. ព្រះ​យេស៊ូ​គ្រិស្ត​បាន​សម្គាល់​យ៉ូហាន​បាទីស្ទ ឬ​យ៉ូហាន​ដែល​ជ្រមុជ​ទឹក​ឲ្យ​បណ្ដាជន ថា​ជា​«​អេលីយ៉ា​»។ (​ម៉ាថាយ ១១:១២​-​១៤; ម៉ាកុស ៩:១១​-​១៣​) នៅ​សព្វ​ថ្ងៃ​នេះ​ក៏​មាន​«​អេលីយ៉ា​»​មួយ​ទៀត​ដែរ ដែល​ព្រះ​យេហូវ៉ា​ចាត់​មក​«​មុន​ដែល​ថ្ងៃ​ដ៏​ធំ​ហើយ​គួរ​ស្ញែង​ខ្លាច​របស់​[​ទ្រង់​]​បាន​មក​ដល់​»។ នៅ​សម័យ​នេះ អេលីយ៉ា​តំណាង‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។ (​ម៉ាថាយ ២៤:៤៥​) ច្រើន​ឆ្នាំ​មក​ហើយ ពួក​គ្រិស្ត​សា​សនិក​មួយ​ក្រុម​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌ បាន​ជួយ​មនុស្ស​ដោយ​ចិត្ត​ខ្នះខ្នែង ដើម្បី​ឲ្យ​មាន​ចំណង​មេត្រីភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។

មេ​រៀន​សម្រាប់​យើង :

៣:១០ : បើ​យើង​មិន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​សមត្ថភាព យើង​ក៏​មិន​អាច​ទទួល​ពរ​ពី​ទ្រង់​ឡើយ។

៣:១៤, ១៥ : ដោយសារ​ពួក​សង្ឃ​បាន​តាំង​គំរូ​មិន​ល្អ​ឲ្យ​ជនជាតិ​យូដា បណ្ដាជន​ទាំង​នោះ​ចាប់​ផ្ដើម​មាន​ទស្សនៈ​ថា កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​គ្មាន​តម្លៃ​ទេ។ អស់​អ្នក​ដែល​មាន​ភារកិច្ច​ដឹក​នាំ​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក​ក៏​គួរ​តែ​តាំង​គំរូ​ល្អ​ឲ្យ​បងប្អូន​ដែរ។—ពេត្រុសទី១ ៥:១​-​៣

៣:១៦ : ព្រះ​យេហូវ៉ា​បាន​កត់​ទុក​ឈ្មោះ​របស់​អស់​អ្នក​ដែល​ស្មោះ​ត្រង់​និង​កោត​ខ្លាច​ទ្រង់។ ព្រះ​យេហូវ៉ា​នឹក​ចាំ​ពួក​គាត់ ហើយ​នឹង​ជួយ​ពួក​គាត់​ឲ្យ​រួច​រស់​ជីវិត​នៅ​ពេល​ដែល​ទ្រង់​បំផ្លាញ​ចោល​ពិភព​លោក​ដ៏​អាក្រក់​របស់​សាតាំង។ ដូច្នេះ​ហើយ កុំ​ឲ្យ​យើង​រសាយ​ចិត្ត​ព្យាយាម​ក្នុង​ការ​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា​ឲ្យ​សោះ។—យ៉ូប ២៧:៥

៤:១ : នៅ​ថ្ងៃ​ជំនុំ​ជម្រះ​របស់​ព្រះ​យេហូវ៉ា ទាំង​«​មែក​»​ទាំង​«​ឫស​»​នឹង​ទទួល​លទ្ធផល​ដូច​គ្នា ពោល​គឺ ព្រះ​យេហូវ៉ា​នឹង​កាត់​ទោស​កូន​ៗ​ដែល​នៅ​ក្មេង​ឲ្យ​ស្មើ​នឹង​មាតា​បិតា​របស់​ខ្លួន។ ដូច្នេះ មាតា​បិតា​ទាំង​ឡាយ​ពិត​ជា​មាន​ភារកិច្ច​ធ្ងន់ធ្ងរ​មែន! ចំពោះ​កូន​ដែល​មិន​ទាន់​ពេញ​វ័យ។ មាតា​បិតា​ទាំង​ឡាយ​ដែល​ជា​គ្រិស្ត​សា​សនិក​ត្រូវ​តែ​ខំ​ព្យាយាម​ជានិច្ច ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​គាប់​ចិត្ត​នឹង​ពួក​គាត់ ព្រម​ទាំង​រក្សា​ឲ្យ​មាន​ជំហរ​រឹង​មាំ​ជា​រៀង​រហូត​ផង​ដែរ។—កូរិនថូសទី១ ៧:១៤

«​ចូរ​កោត​ខ្លាច​ដល់​ព្រះ ​»​

តើ​អ្នក​ណា​ខ្លះ​ដែល​នឹង​រួច​រស់​ជីវិត​នៅ​«​ថ្ងៃ​ដ៏​ធំ​ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​»​? (​ម៉ាឡាគី ៤:៥​) ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ព្រះ​អាទិត្យ​នៃ​សេចក្ដី​សុចរិត​នឹង​រះ​ឡើង មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា​នៅ​ក្នុង​ចំអេង​ស្លាប​សំរាប់​ឯង​រាល់​គ្នា​ដែល​កោត​ខ្លាច​ដល់​ឈ្មោះ​អញ។ នោះ​ឯង​រាល់​គ្នា​នឹង​ចេញ​ទៅ​លោត​កញ្ឆេង​ដូច​ជា​កូន​គោ​ដែល​លែង​ចេញ​ពី​ក្រោល​»។—ម៉ាឡាគី ៤:២

​«​ព្រះ​អាទិត្យ​នៃ​សេចក្ដី​សុចរិត​»​តំណាង​ព្រះ​យេស៊ូ​គ្រិស្ត ហើយ​ទ្រង់​រះ​បំភ្លឺ​មក​លើ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ឈ្មោះ​ព្រះ​យេហូវ៉ា​ក្នុង​ន័យ​ថា ទ្រង់​ផ្ដល់​ហេតុ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ពួក​គេ។ (​យ៉ូហាន ៨:១២​) ព្រះ​យេស៊ូ​ក៏​មាន‹អំណាច​នៅ​ក្នុង​ចំអេង​ស្លាប ដើម្បី​ប្រោស​មនុស្ស​ឲ្យ​ជា›។ នេះ​មាន​ន័យ​ថា ព្រះ​យេស៊ូ​អាច​ជួយ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ឲ្យ​មាន​ចំណង​មេត្រីភាព​ល្អ​ជា​មួយ​នឹង​ទ្រង់​នៅ​ពេល​ឥឡូវ​នេះ ហើយ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ ទ្រង់​នឹង​ប្រោស​រូប​កាយ​របស់​ពួក​គេ​ឲ្យ​ជា ហើយ​ពួក​គេ​នឹង​លែង​មាន​ជំងឺ​សរសៃ​ប្រសាទ​និង​ជំងឺ​ខាង​ផ្លូវ​ចិត្ត​ទៀត​ដែរ។ (​វិវរណៈ ២២:១, ២​) ស្ថានភាព​នោះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយ​និង​រំភើប​ចិត្ត​ពន់ពេក​ដល់​ម្ល៉េះ​បាន​ជា​ពួក​គេ​នឹង​លោត​កញ្ឆេង​«​ដូច​ជា​កូន​គោ​»។ ដោយ​ដឹង​ថា​យើង​អាច​ទទួល​ពរ​ដ៏​អស្ចារ្យ​ទាំង​នេះ​បាន ចូរ​ឲ្យ​យើង​ធ្វើ​តាម​ដំបូន្មាន​របស់​ស្តេច​សាឡូម៉ូន​ដែល​ដាស់​តឿន​ថា​៖ ​«​ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ! ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ​»។—សាស្ដា ១២:១៣

[រូបភាព​នៅ​ទំព័រ​៣០]

លោក​ម៉ាឡាគី​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​ស្មោះ​ត្រង់​និង​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា

[រូបភាព​នៅ​ទំព័រ​៣២]

អ្វី​ដែល​យើង​បង្រៀន​ត្រូវ​តែ​មាន​មូលដ្ឋាន​ពី​បទ​គម្ពីរ

[រូបភាព​នៅ​ទំព័រ​៣២]

អស់​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា តែង​តែ​ចាត់​ទុក​ចំណង​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​មាន​តម្លៃ