លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ចាំមើលសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា!»

«ចាំមើលសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា!»

«​ចាំ​មើល​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​យេហូវ៉ា!​»​

​«​ព្រះ​យេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំ​ៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ! តើ​មនុស្ស​អាច​នឹង​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?​»។—ទំនុកដំកើង ១១៨:៦

១​. បន្ដិច​ទៀត​នេះ តើ​មនុស្ស​ជាតិ​ត្រូវ​ប្រឈម​មុខ​នឹង​ព្រឹត្ដិការណ៍​ដ៏​សំខាន់​ៗ​អ្វី​ខ្លះ?

 នៅ​បន្ដិច​ទៀត មនុស្ស​ជាតិ​ត្រូវ​ប្រឈម​មុខ​នឹង​ព្រឹត្ដិការណ៍​យ៉ាង​អស្ចារ្យ ដល់​ម្ល៉េះ​បាន​ជា​មិន​ធ្លាប់​មាន​ពី​មុន​ឡើយ។ ព្រះ​យេស៊ូ​បាន​ថ្លែង​ទំនាយ​អំពី​ព្រឹត្ដិការណ៍​ទាំង​នោះ​ដែល​នឹង​កើត​ឡើង​នៅ​សម័យ​នេះ ហើយ​ទ្រង់​បាន​ព្រមាន​អ្នក​កាន់​តាម​ទ្រង់​ថា​៖ ​«​នៅ​គ្រា​នោះ​នឹង​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់ ដល់​ម្ល៉េះ​បាន​ជា​តាំង​ពី​ដើម​កំណើត​លោកីយ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ។ បើ​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ចុះ នោះ​គ្មាន​មនុស្ស​ណា​នឹង​បាន​សង្គ្រោះ​ទេ។ ប៉ុន្តែ ថ្ងៃ​ទាំង​នោះ​នឹង​ត្រូវ​បន្ថយ​ទៅ ដោយ​យល់​ដល់​ពួក​រើស​តាំង​»។—ម៉ាថាយ ២៤:​២១, ២២

២​. ម្ដេច​ក៏​សេចក្ដី​វេទនា​ជា​ខ្លាំង​មិន​ទាន់​ផ្ទុះ​ឡើង?

សព្វ​ថ្ងៃ​នេះ ទេវតា​ដែល​យើង​មិន​អាច​ឃើញ​នៅ​ឯ​ស្ថានសួគ៌ កំពុង​ទប់​សេចក្ដី​វេទនា​ជា​ខ្លាំង​កុំ​ឲ្យ​ផ្ទុះ​ឡើង។ ព្រះ​យេស៊ូ​បាន​ប្រទាន​ឲ្យ​សាវ័ក​យ៉ូហាន​មាន​ឯកសិទ្ធិ​ឃើញ​ក្នុង​គំនិត​នូវ​មូលហេតុ​ដែល​សេចក្ដី​វេទនា​នោះ​មិន​ទាន់​ផ្ទុះ​ឡើង​នៅ​ឡើយ។ យ៉ូហាន​ពិពណ៌នា​អំពី​អ្វី​ដែល​គាត់​ឃើញ​ដោយ​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​ឃើញ​ទេវតា​៤​រូប​ឈរ​នៅ​ជ្រុង​ផែនដី​ទាំង​៤ ទាំង​ទប់​ខ្យល់​នៅ​ផែនដី​ទាំង​៤​ទិស . . . រួច​ខ្ញុំ​ឃើញ​ទេវតា​១​ទៀត​ដែល​ឡើង​មក​ពី​ទិស​ថ្ងៃ​រះ មាន​ទាំង​ត្រា​របស់​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់។ ទេវតា​នោះ​ក៏​បន្លឺ​សំឡេង​ទៅ​ទេវតា​ទាំង​៤​នោះ . . . ថា​៖ ‹កុំ​ឲ្យ​ធ្វើ​ទុក្ខ​ផែនដី​ឬ​សមុទ្រ​ឬ​ដើម​ឈើ​ណា​ក្ដី ទាល់តែ​បោះត្រា​នៅ​ត្រង់​ថ្ងាស​នៃ​ពួក​បាវ​បំរើ​របស់​ព្រះ​នៃ​យើង​សិន› ​»។—វិវរណៈ ៧:១​-​៣

៣​. ពេល​សេចក្ដី​វេទនា​ជា​ខ្លាំង​ផ្ទុះ​ឡើង តើ​អ្វី​នឹង​កើត​ឡើង​មុន​គេ?

ការ​បោះត្រា​«​ពួក​បាវ​បំរើ​របស់​ព្រះ​នៃ​យើង​»​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌ គឺ​ជិត​ចប់​ហើយ។ ទេវតា​ទាំង​បួន​រូប​ក៏​ហៀប​នឹង​លែង​ទប់​ខ្យល់​ទាំង​នោះ​ដែល​នឹង​បំផ្លាញ​ពិភព​លោក​នេះ។ ពេល​ទេវតា​លែង​ទប់ តើ​អ្វី​នឹង​កើត​ឡើង​មុន​គេ? ទេវតា​មួយ​រូប​ឆ្លើយ​សំណួរ​នេះ​ដោយ​ប្រាប់​ថា​៖ ​«​ទី​ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ​នឹង​ត្រូវ​បោះ​ទំលាក់​ទៅ​ដោយ​គំហុក​យ៉ាង​ដូច្នេះ គេ​នឹង​រក​ទៀត​មិន​ឃើញ​ឡើយ​»។ (​វិវរណៈ ១៨:២១​) ពេល​សាសនា​មិន​ពិត​ទាំង​ឡាយ ដែល​ប្រៀប​ដូច​ជា​ចក្រភព​មួយ បាន​បំផ្លាញ​ចោល​នោះ ទេវតា​គ្រប់​រូប​នៅ​ឯ​ស្ថានសួគ៌​នឹង​អបអរ​សាទរ​មែន!—វិវរណៈ ១៩:១, ២

៤​. តើ​នឹង​មាន​ព្រឹត្ដិការណ៍​អ្វី​ខ្លះ​ទៀត​នៅ​ខាង​មុខ​យើង?

មុន​សេចក្ដី​វេទនា​នោះ គ្រប់​ទាំង​ប្រជាជាតិ​នៅ​ផែនដី​នឹង​ពួត​ដៃ​គ្នា​ដើម្បី​ប្រឆាំង​នឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ តើ​ប្រជាជាតិ​ទាំង​ឡាយ​អាច​បំផ្លាញ​ចោល​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​ទាំង​អស់​បាន​ទេ? គឺ​ច្បាស់​ជា​មើល​ទៅ​ហាក់​ដូច​ជា​ពួក​គេ​មាន​សមត្ថភាព​ធ្វើ​ដូច្នេះ​មែន! ប៉ុន្តែ សូម​កត់​សម្គាល់​ថា ពល​ទ័ព​នៅ​ឯ​ស្ថានសួគ៌​ដែល​កាន់​តាម​ព្រះ​គ្រិស្ត​យេស៊ូ នឹង​ចាត់​វិធានការ​ដើម្បី​បំផ្លាញ​កង​កម្លាំង​របស់​ប្រជាជាតិ​ទាំង​ឡាយ។ (​វិវរណៈ ១៩:១៩​-​២១​) នៅ​ទីបំផុត ព្រះ​យេស៊ូ​នឹង​ឃុំ​ទុក​សាតាំង​និង​ទេវតា​របស់​វា​លែង​ឲ្យ​មាន​សកម្មភាព​ទៀត ហាក់​ដូច​ជា​បាន​ទម្លាក់​ទៅ​ក្នុង​ជង្ហុក​ធំ។ ពួក​វា​មិន​អាច​នាំ​មនុស្ស​ឲ្យ​វង្វេង​ទៀត ពីព្រោះ​នឹង​ត្រូវ​ឃុំ​ទុក​អស់​រយៈ​ពេល​១.០០០​ឆ្នាំ។ មនុស្ស​ច្រើន​នាក់​នឹង​រួច​រស់​ជីវិត ហើយ​ពួក​គេ​ច្បាស់​ជា​នឹង​មាន​អារម្មណ៍​ធូរ​ស្រាល​មែន!—វិវរណៈ ៧:៩, ១០, ១៤; ២០:១​-​៣

៥​. តើ​អ្វី​ដែល​បណ្ដាល​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា​បាន​ទទួល​អំណរ?

មិន​យូរ​ប៉ុន្មាន​ទៀត យើង​នឹង​ឆ្លង​កាត់​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​អស្ចារ្យ​និង​ស្ញប់ស្ញែង។ ព្រឹត្ដិការណ៍​ទាំង​អស់​នោះ​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​លើក​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​សិទ្ធិ​គ្រប់គ្រង​លើ​សកល​លោក​ទាំង​មូល។ សូម​គិត​អំពី​ចំណុច​មួយ​នេះ​ទៀត​ដែរ បើ​យើង​មាន​ចិត្ត​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ទ្រង់ យើង​ក៏​នឹង​មាន​ឯកសិទ្ធិ​លើក​ឈ្មោះ​ទ្រង់​ឲ្យ​បាន​បរិសុទ្ធ ព្រម​ទាំង​រួម​ចំណែក​ក្នុង​ការ​សម្រេច​នៃ​គោល​បំណង​របស់​ទ្រង់។ ឯកសិទ្ធិ​នេះ​ពិត​ជា​ផ្ដល់​ហេតុ​ឲ្យ​មាន​អំណរ​យ៉ាង​ខ្លាំង!

៦​. ដោយ​គិត​ពី​ព្រឹត្ដិការណ៍​ដែល​កៀក​ណាស់​ហើយ​នោះ តើ​យើង​នឹង​ពិនិត្យ​មើល​អ្វី​ខ្លះ?

មុន​ព្រឹត្ដិការណ៍​ដ៏​សំខាន់​ទាំង​នោះ​កើត​ឡើង តើ​យើង​បាន​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ឬ​នៅ? តើ​យើង​មាន​ជំនឿ​ថា ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​យើង​មែន​ទេ? តើ​យើង​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ភ្លាម​ៗ ពេល​ដែល​យើង​ត្រូវ​ការ​ជំនួយ​ទេ? តើ​យើង​ទុក​ចិត្ត​ថា វិធី​ដែល​ទ្រង់​នឹង​ជួយ​យើង​នោះ គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​ឬ? ពេល​ឆ្លើយ​សំណួរ​ទាំង​នេះ ចូរ​ឲ្យ​យើង​ម្នាក់​ៗ​នឹក​ចាំ​ពាក្យ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ចំពោះ​គ្រិស្ត​សាសនិក​គ្នីគ្នា​របស់​គាត់​នៅ​ទី​ក្រុង​រ៉ូម។ គាត់​សរសេរ​ថា​៖ ​«​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​សង្ឃឹម ដោយ​សេចក្ដី​អត់ធន់​នឹង​សេចក្ដី​កំសាន្ត​ចិត្ត ដោយសារ​គម្ពីរ​»។ (​រ៉ូម ១៥:៤​) សេចក្ដី​ដែល​បាន​ចែង​ទុក​ដើម្បី​បង្រៀន កម្សាន្ត​ចិត្ត​ឬ​សម្រាល​ទុក្ខ​និង​ផ្ដល់​សេចក្ដី​សង្ឃឹម​ឲ្យ​យើង ក៏​រួម​បញ្ចូល​កំណត់​ហេតុ​អំពី​គ្រា​ដែល​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​ពួក​អ៊ីស្រាអែល​ចេញ​ពី​ដៃ​ដ៏​ធ្ងន់​របស់​ពួក​អេស៊ីប ដែល​បាន​សង្កត់​លើ​ពួក​គេ​យ៉ាង​ខ្លាំង។ ការ​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​នូវ​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​អស្ចារ្យ​ទាំង​នោះ នឹង​បញ្ជាក់​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ដើម្បី​សង្គ្រោះ​កូន​ចៅ​អ៊ីស្រាអែល ហើយ​ក៏​អាច​លើក​ទឹក​ចិត្ត​យើង​ច្រើន​ណាស់ ពេល​យើង​ទន្ទឹង​ចាំ​សេចក្ដី​វេទនា​ជា​ខ្លាំង​ដែល​កៀក​ណាស់​ហើយ!

ព្រះ​យេហូវ៉ា​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់

៧​. នៅ​ឆ្នាំ​១៥១៣ មុន​គ.ស. ម្ដេច​ក៏​ស្តេច​ស្រុក​អេស៊ីប​ខឹង​ខ្លាំង​ម្ល៉េះ?

នៅ​ឆ្នាំ​១៥១៣ មុន​គ.ស. ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ជនជាតិ​អេស៊ីប​រង​ទុក្ខ​វេទនា​១០​ប្រការ។ ក្រោយ​ទុក្ខ​វេទនា​ទី៩ ផារ៉ោន​ដែល​ជា​ស្តេច​របស់​ពួក​អេស៊ីប​បាន​ដេញ​លោក​ម៉ូសេ​ចេញ ទាំង​គំរាម​កំហែង​ថា​៖ ​«​ថយ​ចេញ​ពី​អញ​ទៅ! ចូរ​ប្រយ័ត កុំ​ឲ្យ​មក​នៅ​មុខ​អញ​ទៀត​ឡើយ! ដ្បិត​បើ​ថ្ងៃ​ណា​ដែល​ឯង​មក​នៅ​មុខ​អញ នោះ​ឯង​នឹង​ត្រូវ​ស្លាប់​»។ ម៉ូសេ​បាន​ឆ្លើយ​តប​ថា​៖ ​«​ទូល​បង្គំ​លែង​មក​គាល់​ទ្រង់​ទៀត​ហើយ​»។—និក្ខមនំ ១០:២៨, ២៩

៨​. តើ​ព្រះ​យេហូវ៉ា​បង្គាប់​ពួក​អ៊ីស្រាអែល​ឲ្យ​ធ្វើ​អ្វី​ដើម្បី​រួច​រស់​ជីវិត? តើ​មាន​លទ្ធផល​អ្វី?

បន្ទាប់​មក ព្រះ​យេហូវ៉ា​ជម្រាប​ដល់​ម៉ូសេ​ថា ទ្រង់​មាន​បំណង​ដាក់​សេចក្ដី​វេទនា​តែ​មួយ​គត់​ទៀត​ទៅ​លើ​ផារ៉ោន​និង​ពួក​អេស៊ីប។ នៅ​ថ្ងៃ​ទី១៤ ខែ​អាប៊ិប (​ហៅ​ថា ណែសាន​ក៏​បាន ដែល​ប្រហាក់​ប្រហែល​នឹង​ខែ​ចេត្រ​) អស់​ទាំង​កូន​ប្រុស​ច្បង​របស់​ពួក​អេស៊ីប ព្រម​ទាំង​កូន​ច្បង​នៃ​អស់​ទាំង​សត្វ​ត្រូវ​ស្លាប់។ ប៉ុន្តែ ពួក​ជនជាតិ​អ៊ីស្រាអែល​អាច​រួច​រស់​ជីវិត ដោយ​ធ្វើ​តាម​ការ​ណែនាំ​ដែល​ម៉ូសេ​បាន​ទទួល​ពី​ព្រះ​យេហូវ៉ា។ ពួក​អ៊ីស្រាអែល​ត្រូវ​យក​ឈាម​របស់​កូន​ចៀម​ឈ្មោល​ទៅ​ប្រឡាក់​នៅ​លើ​ធ្នឹម​ទ្វារ​និង​ក្រប​ទ្វារ​ទាំង​សង​ខាង​នៃ​ផ្ទះ​របស់​ខ្លួន ហើយ​ពួក​គេ​មិន​គួរ​ចេញ​ពី​ផ្ទះ​ឡើយ។ នៅ​រាត្រី​នោះ តើ​អ្វី​បាន​កើត​ឡើង? ម៉ូសេ​រៀប​រាប់​ថា​៖ ​«​នៅ​កណ្ដាល​អធ្រាត្រ​ក្នុង​យប់​នោះ ព្រះ​យេហូវ៉ា​ទ្រង់​ក៏​វាយ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ​»។ ភ្លាម​ៗ​ផារ៉ោន​ហៅ​ម៉ូសេ​និង​អើរ៉ុន​ឲ្យ​មក​ជួប ទាំង​បង្គាប់​ថា​៖ ​«​ចូរ​ឯង​រាល់​គ្នា​ក្រោក​ឡើង​នាំ​គ្នា​ចេញ​ពី​កណ្ដាល​រាស្ត្រ​អញ​នេះ​ទៅ . . . ចូរ​ទៅ​ថ្វាយ​បង្គំ​ដល់​ព្រះ​យេហូវ៉ា ដូច​ជា​ឯង​រាល់​គ្នា​បាន​សូម​នោះ​ចុះ!​»។ រួច​មក ពួក​អ៊ីស្រាអែល​បាន​នាំ​គ្នា​ចេញ​ទៅ​ជា​ប្រញាប់! ពួក​គេ​ប្រហែល​ជា​មាន​គ្នា​ជាង​បី​លាន​នាក់ ហើយ​«​មនុស្ស​សន្ធឹក​គ្រប់​បែប​»​ដែល​មិន​មែន​ជា​ជនជាតិ​អ៊ីស្រាអែល ក៏​បាន​ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ដែរ។—និក្ខមនំ ១២:១​-​៧, ២៩, ៣១, ៣៧, ៣៨

៩​. តើ​ព្រះ​យេហូវ៉ា​នាំ​ជនជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប​ទៅ​តាម​ផ្លូវ​មួយ​ណា? ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ជ្រើសរើស​ផ្លូវ​នោះ?

ផ្លូវ​ជិត​ជាង​គេ គឺ​ផ្លូវ​ក្បែរ​សមុទ្រ​មេឌីទែរ៉ានេ​ដែល​កាត់​ស្រុក​ភីលីស្ទីន ជា​ផ្លូវ​លឿន​ជាង​គេ​ទៅ​ដល់​ស្រុក​សន្យា។ ប៉ុន្តែ ពួក​ភីលីស្ទីន​ជា​ខ្មាំង​សត្រូវ​របស់​ពួក​អ៊ីស្រាអែល។ ដូច្នេះ ព្រះ​យេហូវ៉ា​នាំ​រាស្ត្រ​ទ្រង់​ឲ្យ​ដើរ​កាត់​ទី​រហោឋាន​នៅ​ក្បែរ​សមុទ្រ​ក្រហម​វិញ ប្រហែល​ជា​ដោយសារ​ទ្រង់​មិន​ចង់​ឲ្យ​ពួក​គេ​ធ្វើ​សង្គ្រាម។ ទោះ​ជា​មាន​គ្នា​ប៉ុន្មាន​លាន​នាក់​ក៏​ដោយ ពួក​គេ​មាន​របៀប​រៀប​រយ​ដែរ។ កំណត់​ហេតុ​ក្នុង​គម្ពីរ​ចែង​ថា​៖ ​«​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ទាំង​កាន់​គ្រឿង​សស្ដ្រាវុធ​»​ឬ​«​មាន​ទំនង​ដូច​ជា​កងទ័ព​»។—និក្ខមនំ ១៣:​១៧, ១៨; ព.ថ.

«​មើល​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​យេហូវ៉ា ​»​

១០​. ម្ដេច​ក៏​ព្រះ​យេហូវ៉ា​បង្គាប់​ជនជាតិ​អ៊ីស្រាអែល​ឲ្យ​ដំឡើង​ត្រសាល​នៅ​មុខ​ពី​ហាហីរ៉ុថ?

១០ ក្រោយ​មក ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​អ្វី​ដែល​ប្លែក​បន្ដិច។ ទ្រង់​បង្គាប់​ម៉ូសេ​ថា​៖ ​«​ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​គេ​បែរ​ទៅ​ដំឡើង​ត្រសាល​នៅ​ឯ​មុខ​ពី​ហាហីរ៉ុថ ត្រង់​កណ្ដាល​ស្រុក​មីកដុល​ហើយ​នឹង​សមុទ្រ ទល់​មុខ​នឹង​បាល​សេផុន​វិញ​»។ ពេល​ជនជាតិ​អ៊ីស្រាអែល​ធ្វើ​តាម​បង្គាប់​នេះ ភ្នំ​ក៏​ស្ទាក់​ផ្លូវ​ម្ខាង ហើយ​ដៃ​សមុទ្រ​ក្រហម​ក៏​ស្ទាក់​ផ្លូវ​ម្ខាង​ទៀត។ ដូច្នេះ មើល​ទៅ​ដូច​ជា​អត់​មាន​ផ្លូវ​ទៅ​មុខ​ទៀត។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នេះ​ដោយ​ចេតនា។ ទ្រង់​ជម្រាប​ដល់​ម៉ូសេ​ថា​៖ ​«​អញ​នឹង​បណ្ដាល​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង​ទទឹង​ឡើង ហើយ​ទ្រង់​នឹង​ដេញ​តាម តែ​អញ​នឹង​បាន​កិត្ដិសព្ទ​ដោយសារ​ផារ៉ោន​នឹង​ពួក​ទ័ព​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា អញ​ជា​ព្រះ​យេហូវ៉ា​ពិត​»។—និក្ខមនំ ១៤:១​-​៤

១១​. (​ក​) តើ​ផារ៉ោន​សម្រេច​ចិត្ត​ធ្វើ​អ្វី? តើ​បណ្ដាជន​អ៊ីស្រាអែល​មាន​អារម្មណ៍​យ៉ាង​ណា? (​ខ​) ពេល​បណ្ដាជន​ស្រែក​ដាក់​ម៉ូសេ តើ​គាត់​ឆ្លើយ​តប​យ៉ាង​ណា?

១១ ផារ៉ោន​ស្ដាយ​ក្រោយ​ដោយសារ​គាត់​បាន​អនុញ្ញាត​ឲ្យ​ពួក​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប ដូច្នេះ​គាត់​ជ្រើសរើស​រទេះ​ចម្បាំង​៦០០​គ្រឿង ហើយ​ដេញ​តាម​ពួក​គេ​ជា​ប្រញាប់។ ពេល​ពួក​អ៊ីស្រាអែល​ឃើញ​ពល​ទ័ព​អេស៊ីប​ឈាន​មក ពួក​គេ​ចាប់​ផ្ដើម​ភ័យ​ស្លុត​ជា​ខ្លាំង ហើយ​ស្រែក​ដាក់​ម៉ូសេ​ថា​៖ ​«​តើ​ដោយ​ព្រោះ​តែ​គ្មាន​ផ្នូរ​នៅ​ស្រុក​អេស៊ីព្ទ​ឬ​អី បាន​ជា​អ្នក​នាំ​យើង​រាល់​គ្នា​មក​ឲ្យ​ត្រូវ​ស្លាប់​នៅ​ទី​រហោ​ស្ថាន​នេះ​ដូច្នេះ?​»។ ដោយសារ​ម៉ូសេ​ទុក​ចិត្ត​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​ពួក​គេ គាត់​ឆ្លើយ​តប​នឹង​បណ្ដាជន​ថា​៖ ​«​កុំ​ខ្លាច​អី! ឈប់​សិន! ចាំ​មើល​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​យេហូវ៉ា ដែល​ទ្រង់​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។ . . . ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ឯ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​ស្ងៀម​វិញ​»។—និក្ខមនំ ១៤:៥​-​១៤

១២​. តើ​ព្រះ​យេហូវ៉ា​សង្គ្រោះ​រាស្ត្រ​ទ្រង់​ដោយ​របៀប​ណា?

១២ សម​ស្រប​នឹង​ពាក្យ​របស់​ម៉ូសេ ព្រះ​យេហូវ៉ា​ចាត់​វិធានការ​ភ្លាម​ដើម្បី​ច្បាំង​ជំនួស​ពួក​អ៊ីស្រាអែល។ ពី​មុន ព្រះ​យេហូវ៉ា​បាន​នាំ​មុខ​បណ្ដាជន​អ៊ីស្រាអែល​ដោយ​ពពក​ដែល​មាន​រាង​ដូច​ជា​បង្គោល ប៉ុន្តែ​ដល់​ពេល​នេះ ទ្រង់​ធ្វើ​អព្ភូតហេតុ​ហើយ​ទេវតា​របស់​ទ្រង់​ក៏​នាំ​បង្គោល​ពពក​ទៅ​ក្រោយ​បណ្ដាជន​វិញ។ ដោយសារ​បង្គោល​ពពក​នោះ ពួក​អេស៊ីប​បាន​ស្ថិត​ក្នុង​ភាព​ងងឹត តែ​ខាង​ឯ​ពួក​អ៊ីស្រាអែល​វិញ មាន​ពន្លឺ​ភ្លឺ​ដូច​ជា​ថ្ងៃ។ (​និក្ខមនំ ១៣:២១, ២២; ១៤:១៩, ២០​) រួច​មក ម៉ូសេ​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​លើក​ដៃ​ទៅ​លើ​សមុទ្រ។ កំណត់​ហេតុ​ក្នុង​គម្ពីរ​រៀប​រាប់​ទៀត​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​ច្រាន​ផាត់​សមុទ្រ​ចេញ​ដោយ​កំឡាំង​ខ្យល់​ពី​ខាង​កើត ដែល​បក់​យ៉ាង​ខ្លាំង​ពេញ​១​យប់​នោះ . . . ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​ក៏​ចូល​ទៅ​នា​កណ្ដាល​សមុទ្រ​តាម​ដី​គោក ហើយ​មាន​ទឹក​ជា​កំផែង​នៅ​ខាង​ស្ដាំ​នឹង​ខាង​ឆ្វេង​គេ​»។ ពល​ទ័ព​អេស៊ីប​ដេញ​តាម​ពួក​អ៊ីស្រាអែល ប៉ុន្តែ​ព្រះ​យេហូវ៉ា​គាំទ្រ​រាស្ត្រ​ទ្រង់។ ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​ពល​ទ័ព​អេស៊ីប​កោលាហល​ឡើង រួច​មក​បង្គាប់​ដល់​ម៉ូសេ​ថា​៖ ​«​ចូរ​ឯង​លើក​ដៃ​ទៅ​លើ​សមុទ្រ​ទៅ ដើម្បី​ឲ្យ​ទឹក​បាន​ហូរ​ត្រឡប់​គ្រប​ទៅ​លើ​ពួក​សាសន៍​អេស៊ីព្ទ ព្រម​ទាំង​រទេះ​នឹង​ពួក​ទ័ព​សេះ​គេ​ផង​»។ ពល​ទ័ព​របស់​ផារ៉ោន​វិនាស​ទៅ​ទាំង​ស្រុង! សូម្បី​តែ​ទ័ព​ម្នាក់​គត់​ក៏​គ្មាន​សល់​ឡើយ!—និក្ខមនំ ១៤:២១​-​២៨; ទំនុកដំកើង ១៣៦:១៥

សេចក្ដី​សង្គ្រោះ​របស់​ពួក​អ៊ីស្រាអែលតើ​ផ្ដល់​មេ​រៀន​អ្វី?

១៣​. ពេល​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​កូន​ចៅ​អ៊ីស្រាអែល តើ​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ណា?

១៣ ពេល​ព្រះ​យេហូវ៉ា​ធ្វើ​អព្ភូតហេតុ​ដើម្បី​សង្គ្រោះ​រាស្ត្រ​ទ្រង់ តើ​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ណា? ភ្លាម​ៗ​នោះ ម៉ូសេ​និង​កូន​ចៅ​អ៊ីស្រាអែល​បាន​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា! ពួក​គេ​នាំ​គ្នា​ច្រៀង​ថា​៖ ​«​ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ​យេហូវ៉ា ដ្បិត​ទ្រង់​មាន​ជ័យ​ជំនះ​យ៉ាង​ឧត្តម។ . . . ព្រះ​យេហូវ៉ា ទ្រង់​នឹង​សោយ​រាជ្យ​ជា​រៀង​រាប​ត​ទៅ អស់​កល្ប​ជា​និច្ច​»។ (​និក្ខមនំ ១៥:១, ១៨​) ត្រូវ​មែន ពួក​គេ​មាន​ចិត្ត​ជំរុញ​ឲ្យ​លើក​តម្កើង​ព្រះ​យេហូវ៉ា​ភ្លាម។ ក្នុង​ករណី​នេះ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​ទ្រង់​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​មែន!

១៤​. (​ក​) តើ​បទ​ពិសោធន៍​របស់​បណ្ដាជន​អ៊ីស្រាអែល​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា? (​ខ​) តើ​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០០៨ ដាស់​តឿន​យើង​យ៉ាង​ណា?

១៤ តើ​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​ទាំង​នោះ​បង្រៀន ព្រម​ទាំង​សម្រាល​ទុក្ខ​និង​ផ្ដល់​សេចក្ដី​សង្ឃឹម​អ្វី​ខ្លះ? ព្រឹត្ដិការណ៍​ទាំង​នោះ​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​យេហូវ៉ា​អាច​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់​ពី​គ្រប់​កាលៈទេសៈ​ទាំង​អស់។ មិន​ថា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជួប​ប្រទះ​ការ​ពិបាក​អ្វី​ក៏​ដោយ ទ្រង់​អាច​ការពារ​ពួក​គេ​បាន។ ពេល​ព្រះ​យេហូវ៉ា​ផាត់​សមុទ្រ​ដោយ​ខ្យល់​ដ៏​ខ្លាំង​ពី​ទិស​ខាង​កើត នោះ​សមុទ្រ​ក្រហម​លែង​ស្ទាក់​ផ្លូវ​ជនជាតិ​អ៊ីស្រាអែល​ទៀត។ រួច​មក ព្រះ​យេហូវ៉ា​ទម្លាក់​ទឹក​សមុទ្រ​ក្រហម​នោះ ហាក់​ដូច​ជា​កប់​សព​ពល​ទ័ព​ផារ៉ោន​ក្នុង​ផ្នូរ។ ពេល​ដែល​យើង​រំពឹង​គិត​អំពី​ព្រឹត្ដិការណ៍​ទាំង​នោះ យើង​ក៏​អាច​មាន​ទស្សនៈ​ដូច​អ្នក​តែង​បទ​ទំនុកដំកើង​ដែល​បាន​លាន់​មាត់​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំ​ៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ! តើ​មនុស្ស​អាច​នឹង​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?​»។ (​ទំនុកដំកើង ១១៨:៦​) ពាក្យ​របស់​ប៉ុល​ក្នុង​សៀវភៅ​រ៉ូម ៨:៣១ ក៏​អាច​សម្រាល​ទុក្ខ​យើង​ដែរ។ គាត់​សរសេរ​ថា​៖ ​«​បើសិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន?​»។ ពាក្យ​ទាំង​នេះ​ដែល​ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​ប៉ុល​សរសេរ​នោះ ពិត​ជា​ផ្ដល់​ហេតុ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​មែន! ដោយសារ​ពាក្យ​ទាំង​នោះ គ្មាន​ហេតុ​អ្វី​សោះ​ឲ្យ​យើង​ព្រួយ​និង​សង្ស័យ​ថា សត្រូវ​របស់​យើង​អាច​ឈ្នះ​លើ​យើង​បាន​ឡើយ។ ណា​មួយ​ទៀត ពាក្យ​ទាំង​នោះ​ផ្ដល់​ហេតុ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ផង។ បើ​ដូច្នេះ គប្បី​ណាស់​ដែល​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០០៨ ដាស់​តឿន​ថា​៖ ​«​ចាំ​មើល​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​យេហូវ៉ា!​»។—និក្ខមនំ ១៤:១៣

១៥​. តើ​ការ​ស្ដាប់​បង្គាប់​មាន​តួ​នាទី​សំខាន់​ប៉ុណ្ណា​ចំពោះ​ពួក​អ៊ីស្រាអែល ពេល​ដែល​ពួក​គេ​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ពី​ស្រុក​អេស៊ីប? តើ​ការ​ស្ដាប់​បង្គាប់​មាន​តួ​នាទី​សំខាន់​ប៉ុណ្ណា​ចំពោះ​យើង​នៅ​សម័យ​នេះ?

១៥ តើ​យើង​អាច​រៀន​អ្វី​ទៀត​ពី​ព្រឹត្ដិការណ៍​ដែល​ទាក់ទង​នឹង​ដំណើរ​របស់​ជនជាតិ​អ៊ីស្រាអែល ពេល​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប? យើង​រៀន​ថា យើង​ត្រូវ​តែ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា មិន​ថា​ទ្រង់​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ក៏​ដោយ។ ពេល​ពួក​អ៊ីស្រាអែល​បាន​រៀបចំ​អ្វី​ៗ​ដើម្បី​ឲ្យ​ទេវតា​ហោះ​រំលង​ផ្ទះ​របស់​ខ្លួន ពួក​គេ​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដិត​ដល់។ នៅ​ថ្ងៃ​ទី១៤ ខែ​ណែសាន​នោះ ពួក​គេ​មិន​បាន​ចេញ​ពី​ផ្ទះ​សោះ ស្រប​ទៅ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា។ នៅ​ទីបំផុត ពេល​ពួក​គេ​បាន​ចេញ​ដំណើរ​ពី​ស្រុក​អេស៊ីប ពួក​គេ​ក៏​«​មាន​ទំនង​ដូច​ជា​កងទ័ព​»​ដែរ។ (​និក្ខមនំ ១៣:១៨, ព.ថ.​) នៅ​សម័យ​នេះ គឺ​សំខាន់​ចាំបាច់​ណាស់! ឲ្យ​យើង​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​តាម​រយៈ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។ (​ម៉ាថាយ ២៤:៤៥​) បើ‹កាល​ណា​យើង​ហៀប​នឹង​បែរ​ទៅ​ខាង​ស្ដាំ​ឬ​ខាង​ឆ្វេង› យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ពី​ក្រោយ​យើង​ដែល​ថា​៖ ​«​គឺ​ផ្លូវ​នេះ​ទេ! ចូរ​ដើរ​តាម​នេះ​វិញ​»។ (​អេសាយ ៣០:២១​) ពេល​ដែល​សេចក្ដី​វេទនា​ជា​ខ្លាំង​ជិត​ផ្ទុះ​ឡើង​នោះ យើង​ប្រហែល​ជា​នឹង​ទទួល​ការ​ណែនាំ​ដ៏​ល្អិតល្អន់​ថែម​ទៀត។ បើ​យើង​ចង់​ឆ្លង​កាត់​គ្រា​វេទនា​នោះ​ដោយ​សុវត្ថិភាព យើង​ក៏​ត្រូវ​តែ​ពួត​ដៃ​គ្នា​ជា​មួយ​អ្នក​បម្រើ​ឯ​ទៀត​ដែល​មាន​ចិត្ត​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា។

១៦​. តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​រៀប​ផ្លូវ​ដើម្បី​សង្គ្រោះ​ពួក​អ៊ីស្រាអែល?

១៦ សូម​ចាំ​កុំ​ភ្លេច ថា​ព្រះ​យេហូវ៉ា​បាន​នាំ​ផ្លូវ​បណ្ដាជន​អ៊ីស្រាអែល​ឲ្យ​ចូល​កន្លែង​ដែល​មើល​ទៅ​ដូច​ជា​មាន​ភ្នំ​និង​សមុទ្រ​ក្រហម​ស្ទាក់​ផ្លូវ។ មុន​ដំបូង ការ​ណែនាំ​នោះ​មើល​ទៅ​ដូច​ជា​មិន​ល្អ​ទេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នេះ​ដោយ​ចេតនា។ ទ្រង់​បាន​សម្រេច​ការ​ដែល​លើក​តម្កើង​ទ្រង់​ផង ហើយ​បាន​សង្គ្រោះ​រាស្ត្រ​ទ្រង់​ផង​ដែរ។ នៅ​សព្វ​ថ្ងៃ​នេះ ជួន​កាល​យើង​ក៏​ប្រហែល​ជា​មិន​យល់​ច្បាស់​ពី​មូលហេតុ​ដែល​អង្គការ​របស់​ព្រះ​យេហូវ៉ា​ធ្វើ​នេះ​ឬ​ធ្វើ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គប្បី​ឲ្យ​យើង​ទុក​ចិត្ត​ទៅ​លើ​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា ដែល​ទ្រង់​ប្រទាន​មក​តាម​ខ្សែ​រយៈ​ដ៏​ស្មោះ​ត្រង់។ ជួន​កាល អាច​មើល​ទៅ​ដូច​ជា​ខ្មាំង​សត្រូវ​កំពុង​មាន​ជ័យ​ជម្នះ​លើ​យើង ប៉ុន្តែ​សូម​ចាំ​ថា យើង​មិន​យល់​អ្វី​ៗ​ទាំង​អស់​ទេ។ ទោះ​ជា​មាន​ស្ថានការណ៍​បែប​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​អាច​កែ​ប្រែ​កាលៈទេសៈ​តាម​ត្រូវ​ពេល ដូច​ទ្រង់​បាន​ធ្វើ​ចំពោះ​កូន​ចៅ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ។—សុភាសិត ៣:៥

ចូរ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ចុះ!

១៧​. ហេតុ​អ្វី​បាន​ជា​យើង​អាច​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា?

១៧ សូម​គិត​ទៅ​មើល ពេល​បណ្ដាជន​អ៊ីស្រាអែល​នឹក​គិត​ពី​បង្គោល​ដែល​ក្លាយ​ជា​ពពក​នៅ​ពេល​ថ្ងៃ តែ​ជា​ភ្លើង​នៅ​ពេល​យប់​វិញ តើ​នេះ​បាន​ពង្រឹង​ទំនុក​ចិត្ត​ពួក​គេ​យ៉ាង​ណា? បង្គោល​នោះ​ផ្ដល់​ទី​សំអាង​ថា ​«​ទេវតា​នៃ​ព្រះ​»​ពិត​ជា​នាំ​ផ្លូវ​ពួក​គេ​មែន! (​និក្ខមនំ ១៣:២១, ២២; ១៤:១៩​) នៅ​សម័យ​នេះ យើង​ក៏​អាច​មាន​ទំនុក​ចិត្ត​ដែរ ថា​ព្រះ​យេហូវ៉ា​កំពុង​ណែនាំ​និង​ការពារ​រាស្ត្រ​ទ្រង់​ដើម្បី​សង្គ្រោះ​ពួក​គេ។ គប្បី​ឲ្យ​យើង​ចាំ​មិន​ភ្លេច​នូវ​សេចក្ដី​សន្យា​ដែល​ថា​៖ ​«​[​ព្រះ​យេហូវ៉ា​]​មិន​ដែល​បោះបង់​ចោល​ពួក​បរិសុទ្ធ​របស់​ទ្រង់​ឡើយ ទ្រង់​ថែរក្សា​គេ​អស់កល្ប​ជានិច្ច​»។ (​ទំនុកដំកើង ៣៧:២៨​) កុំ​ភ្លេច​ដែរ ថា​ពួក​ទេវតា​រួម​គ្នា​ជា​កង​កម្លាំង​ដ៏​ខ្លាំង​ពូកែ​ដែល​គាំទ្រ​អស់​ទាំង​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ។ ដោយ​មាន​ជំនួយ​ពី​ទេវតា​ទាំង​នោះ យើង​អាច​«​ចាំ​មើល​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​យេហូវ៉ា​»​មែន!—និក្ខមនំ ១៤:១៣

១៨​. ម្ដេច​ក៏​ចាំបាច់​ម្ល៉េះ​ឲ្យ​យើង‹ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ›?

១៨ តើ​អ្វី​នឹង​ជួយ​យើង​រក្សា​ឲ្យ​មាន​ជំនឿ​រឹង​មាំ ពេល​«​ចាំ​»​ទទួល​សេចក្ដី​សង្គ្រោះ? ក្នុង​សំបុត្រ​ដែល​ប៉ុល​បាន​សរសេរ​ចំពោះ​ពួក​គ្រិស្ត​សាសនិក​នៅ​ទី​ក្រុង​អេភេសូរ គាត់​រៀប​រាប់​អំពី​លក្ខណៈ​សំខាន់​ៗ​ដែល​យើង​ត្រូវ​ការ ប្រៀប​ដូច​ជា​យើង​ពាក់​គ្រឿង​សឹក​ដែល​អាច​ការពារ​យើង។ ការ​ប្រដាប់​ខ្លួន​ដោយ​លក្ខណៈ​ទាំង​នោះ​អាច​ជួយ​យើង​រក្សា​ឲ្យ​មាន​ជំនឿ​មាំមួន​បាន។ សូម​កត់​សម្គាល់​ថា ប៉ុល​ដាស់​តឿន​យើង​ឲ្យ‹ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ›។ តើ​យើង​កំពុង​ប្រដាប់​ខ្លួន​ដោយ​លក្ខណៈ​ទាំង​អស់​នោះ​ឬ​ទេ? ក្នុង​អំឡុង​ពេល​មួយ​ឆ្នាំ​ទៅ​មុខ​នេះ យក​ល្អ​ឲ្យ​យើង​ម្នាក់​ៗ​ពិនិត្យ​មើល​ខ្លួន​ឯង ដើម្បី​ឲ្យ​ដឹង​ថា​មាន​គ្រប់​លក្ខណៈ​ទាំង​អស់​នោះ ហើយ​កំពុង​ធ្វើ​តាម​យ៉ាង​ដិត​ដល់​ឬ​ក៏​អត់។ ខ្មាំង​សត្រូវ​របស់​យើង គឺ​សាតាំង​ដែល​ជា​មេ​កំណាច វា​ដឹង​អំពី​លក្ខណៈ​ខ្សោយ​របស់​យើង ហើយ​វា​ខិតខំ​ជញ្ជក់​យក​ប្រយោជន៍​ពី​ភាព​ខ្សោយ​ទាំង​នោះ។ ទោះ​ជា​យើង​ត្រូវ​តែ​«​តយុទ្ធ​»​នឹង​ពួក​ទេវតា​អាក្រក់​ក៏​ដោយ ព្រះ​យេហូវ៉ា​បន្ថែម​កម្លាំង​ឲ្យ​យើង​ដើម្បី​មាន​ជ័យ​ជម្នះ​មែន!—អេភេសូរ ៦:១១​-​១៨; សុភាសិត ២៧:១១

១៩​. បើ​យើង​ស៊ូទ្រាំ តើ​យើង​អាច​មាន​ឯកសិទ្ធិ​អ្វី?

១៩ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​ទ្រង់​ថា បើ​ពួក​គេ​«​មាន​ចិត្ត​ខ្ជាប់ខ្ជួន​»​ឬ​«​ស៊ូទ្រាំ​»​ នោះ​ពួក​គេ​«​នឹង​បាន​ជីវិត​គង់​នៅ​»។ (​លូកា ២១:១៩; ខ.ស.​) ចូរ​ឲ្យ​យើង​មាន​ចិត្ត​ស្មោះ​និង​ស៊ូទ្រាំ​ទុក្ខ​លំបាក​ទាំង​ឡាយ ដើម្បី​ទទួល​ប្រយោជន៍​ពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា ហើយ​មាន​ឯកសិទ្ធិ​«​ចាំ​មើល​សេចក្ដី​សង្គ្រោះ​របស់​[​ទ្រង់​]!​»។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• នៅ​ខាង​មុខ​យើង តើ​នឹង​មាន​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​អស្ចារ្យ​អ្វី​ខ្លះ?

• នៅ​ឆ្នាំ​១៥១៣​មុន​គ.ស. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដែល​បង្ហាញ​ថា​ទ្រង់​មាន​អំណាច​ដើម្បី​សង្គ្រោះ​រាស្ត្រ​ទ្រង់?

• ត​ទៅ​មុខ​ទៀត តើ​អ្នក​បាន​តាំង​ចិត្ត​ដើម្បី​ធ្វើ​អ្វី?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២២]

បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០០៨ ដាស់​តឿន​ថា​៖ ​«​ចាំ​មើល​សេចក្ដី​សង្គ្រោះ ​របស់​ព្រះ​យេហូវ៉ា!​»។—និក្ខមនំ ១៤:១៣

[រូបភាព​នៅ​ទំព័រ​១៩]

​«​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា​»​

[រូបភាព​នៅ​ទំព័រ​២០]

ចិត្ត​រឹងរូស​របស់​ផារ៉ោន ​បាន​នាំ​ឲ្យ​ជន​ជាតិ​អេស៊ីប​រង​ទុក្ខ​វេទនា

[រូបភាព​នៅ​ទំព័រ​២១]

បណ្ដាជន​អ៊ីស្រាអែល​បាន​រួច​រស់​ជីវិត ពីព្រោះ​ពួក​គេ​បាន​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា