ចូរប្រុងប្រៀបខ្លួនមុនថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា!
ចូរប្រុងប្រៀបខ្លួនមុនថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា!
«ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់ គឺបានមកជិតហើយ ក៏ប្រញឹកណាស់ដែរ»។—សេផានា ១:១៤
១-៣. (ក) តើគម្ពីររៀបរាប់យ៉ាងណាអំពីថ្ងៃរបស់ព្រះយេហូវ៉ា? (ខ) តើ«ថ្ងៃ»មួយណា«របស់ព្រះយេហូវ៉ា»ដែលជិតមកដល់ហើយ?
ថ្ងៃរបស់ព្រះយេហូវ៉ាមិនសំដៅទៅលើថ្ងៃណាមួយដែលមានរយៈពេល២៤ម៉ោងនោះទេ។ ថ្ងៃរបស់ព្រះយេហូវ៉ាជាគ្រាដែលទ្រង់កាត់ទោសមនុស្សអាក្រក់។ មនុស្សអាក្រក់ច្បាស់ជាមានហេតុភ័យព្រួយអំពីថ្ងៃរបស់ព្រះយេហូវ៉ាមែន ពីព្រោះថ្ងៃនោះជាថ្ងៃនៃសេចក្ដីក្រោធហើយងងឹតផង ទាំងនាំឲ្យមានទុក្ខវេទនាមុនទ្រង់បំផ្លាញគេចោល។ (អេសាយ ១៣:៩; អេម៉ុស ៥:១៨-២០; សេផានា ១:១៥) លោកយ៉ូអែលបានសរសេរទំនាយថា៖ «វរហើយថ្ងៃនោះ! ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ។ ថ្ងៃនោះនឹងមកដូចជាការបំផ្លាញពីព្រះដ៏មានគ្រប់ព្រះចេស្ដា»។ (យ៉ូអែល ១:១៥) ក៏ប៉ុន្តែ នៅថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា ទ្រង់នឹងសង្គ្រោះមនុស្សដែល«មានចិត្តទៀងត្រង់»ទៅវិញ។—ទំនុកដំកើង ៧:១០
២ ពាក្យ«ថ្ងៃរបស់ព្រះយេហូវ៉ា» សំដៅទៅលើគ្រាផ្សេងៗដែលទ្រង់បានកាត់ទោសមនុស្ស។ ជាឧទាហរណ៍ នៅឆ្នាំ៦០៧ មុនគ.ស. «ថ្ងៃនៃព្រះយេហូវ៉ា»បានមកដល់ចំពោះពួកអ្នកទីក្រុងយេរូសាឡិម ពេលពួកបាប៊ីឡូនបានបំផ្លាញទីក្រុងនោះចោល។ (សេផានា ១:៤-៧) នៅឆ្នាំ៧០ គ.ស. ព្រះយេហូវ៉ាក៏បានកាត់ទោសជនជាតិយូដាដែលមិនព្រមទទួលស្គាល់បុត្រទ្រង់ ដោយអនុញ្ញាតឲ្យពួករ៉ូមបំផ្លាញទីក្រុងយេរូសាឡិមចោលម្ដងទៀត។ (ដានីយ៉ែល ៩:២៤-២៧; យ៉ូហាន ១៩:១៥) ទំនាយក្នុងគម្ពីរក៏សំដៅទៅលើ«ថ្ងៃនៃព្រះយេហូវ៉ា»មួយទៀត ជាគ្រាដែលទ្រង់នឹង‹ចេញទៅច្បាំងនឹងអស់ទាំងសាសន៍›។ (សាការី ១៤:១-៣) ព្រះយេហូវ៉ាក៏បានបណ្ដាលឲ្យសាវ័កប៉ុលសរសេរអំពីថ្ងៃនោះដែរ ថាជាប់ទាក់ទងនឹងការយាងមកឬវត្តមានរបស់ព្រះគ្រិស្ត ដែលបានចាប់ផ្ដើមនៅឆ្នាំ១៩១៤ ពេលទ្រង់ឡើងសោយរាជ្យនៅឯស្ថានសួគ៌។ (ថែស្សាឡូនីចទី២ ២:១, ២) ដោយសារថ្ងៃរបស់ព្រះយេហូវ៉ាកៀកណាស់ហើយ ដូចជាឃើញស្រមោលស្ទុងៗ នោះខគម្ពីរដែលស្មរបន្ទាល់ព្រះយេហូវ៉ាបានយកជាបទគម្ពីរប្រចាំឆ្នាំ២០០៧ គឺសមគួរណាស់! បទគម្ពីរនោះមកពីសៀវភៅសេផានា ១:១៤ ដែលថា៖ «ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់»។
៣ ដោយសារថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់ គប្បីឲ្យយើងប្រុងប្រៀបខ្លួនជានិច្ច។ តើយើងអាចប្រុងប្រៀបខ្លួនដោយរបៀបណា? មុនថ្ងៃរបស់ព្រះយេហូវ៉ាមកដល់ តើយើងគួរយកចិត្តទុកដាក់ឲ្យបានដិតដល់ជាងចំពោះអ្វីខ្លះ ទើបបញ្ជាក់ថាយើងបានប្រុងប្រៀបខ្លួនជាស្រេច?
ចូរប្រុងប្រៀបខ្លួន តាមគំរូរបស់ព្រះយេស៊ូ
៤. តើព្រះយេស៊ូបានប្រុងប្រៀបខ្លួនដើម្បីធ្វើអ្វី?
៤ ពេលព្រះយេស៊ូគ្រិស្តបានថ្លែងទំនាយអំពីបំផុតកល្បឬគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក ទ្រង់បានដាស់តឿនសិស្សទ្រង់ឲ្យ«ប្រុងប្រៀបខ្លួន»។ (ម៉ាថាយ ២៤:៤៤) ពេលព្រះយេស៊ូមានប្រសាសន៍ ដូច្នេះ ទ្រង់ក៏បានប្រុងប្រៀបខ្លួនជាស្រេច ដើម្បីរក្សាភាពស្មោះត្រង់ក្រោមការល្បងល រហូតដល់ទីមរណៈជាការបូជាលោះ។ (ម៉ាថាយ ២០:២៨) តើយើងអាចទាញយកមេរៀនអ្វីពីរបៀបដែលព្រះយេស៊ូបានប្រុងប្រៀបខ្លួន?
៥, ៦. (ក) មុនថ្ងៃរបស់ព្រះយេហូវ៉ាមកដល់ តើសេចក្ដីស្រឡាញ់ចំពោះទ្រង់និងមនុស្សដទៃអាចជួយយើងឲ្យប្រុងប្រៀបខ្លួនយ៉ាងដូចម្ដេច? (ខ) តើព្រះយេស៊ូបានតាំងគំរូល្អអ្វីក្នុងការបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សដទៃ?
៥ ព្រះយេស៊ូស្រឡាញ់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត ព្រមទាំងស្រឡាញ់គោលការណ៍សីលធម៌របស់បិតាទ្រង់ដែលតម្រូវឲ្យមនុស្សប្រព្រឹត្តដោយសុចរិត។ សៀវភៅហេព្រើរ ១:៩ រៀបរាប់អំពីព្រះយេស៊ូថា៖ «ទ្រង់បានស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់ការទទឹងច្បាប់។ ហេតុនោះបានជាព្រះ គឺជាព្រះនៃទ្រង់ បានចាក់ប្រេងថ្វាយទ្រង់ជាប្រេងនៃសេចក្ដីត្រេកអរសាទរ លើសជាងពួកសំឡាញ់នៃទ្រង់»។ ដោយសារព្រះយេស៊ូស្រឡាញ់ព្រះយេហូវ៉ា នេះបានជំរុញទ្រង់ឲ្យមានចិត្តស្មោះជានិច្ចចំពោះលោកដែលជាបិតានៅស្ថានសួគ៌។ បើយើងស្រឡាញ់ព្រះយេហូវ៉ា ព្រមទាំងបំពេញតាមតម្រូវការរបស់ទ្រង់ នោះទ្រង់នឹងការពារយើង។ (ទំនុកដំកើង ៣១:២៣) ពេលយើងស្រឡាញ់ព្រះយេហូវ៉ានិងស្ដាប់បង្គាប់ទ្រង់ នេះក៏ជួយយើងឲ្យប្រុងប្រៀបខ្លួនមុនថ្ងៃដ៏ធំរបស់ទ្រង់មកដល់។
៦ លក្ខណៈមួយរបស់ព្រះយេស៊ូដែលលេចធ្លោជាងគេ គឺសេចក្ដីស្រឡាញ់ដែលទ្រង់មានចំពោះមនុស្សដទៃ។ ប្រាកដហើយ ព្រះយេស៊ូ«មានព្រះហឫទ័យក្ដួលអាណិតដល់គេ ដ្បិតគេល្វើយហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀមដែលឥតអ្នកគង្វាល»។ (ម៉ាថាយ ៩:៣៦) ជាលទ្ធផល ព្រះយេស៊ូបានផ្សាយដំណឹងល្អដល់ពួកគេ។ ដូចគ្នាដែរ សេចក្ដីស្រឡាញ់ក៏ជំរុញចិត្តយើងឲ្យប្រកាសសារដល់អ្នកជិតខាងរបស់យើង ស្តីអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា។ ក្នុងនាមជាគ្រិស្តសាសនិក យើងតែងតែជាប់រវល់ក្នុងកិច្ចការផ្សព្វផ្សាយ ពីព្រោះយើងស្រឡាញ់ព្រះយេហូវ៉ានិងមនុស្សដទៃ ហើយនេះក៏ជួយយើងឲ្យប្រុងប្រៀបខ្លួនមុនថ្ងៃដ៏ធំរបស់ទ្រង់មកដល់។—ម៉ាថាយ ២២:៣៧-៣៩
៧. ពេលរង់ចាំថ្ងៃរបស់ព្រះយេហូវ៉ា តើអ្វីនាំយើងឲ្យមានអំណរ?
៧ ព្រះយេស៊ូមានអំណរនិងពេញចិត្តធ្វើតាមឆន្ទៈរបស់ព្រះយេហូវ៉ា។ (ទំនុកដំកើង ៤០:៨) បើយើងមានចិត្តគំនិតដូចព្រះយេស៊ូ យើងក៏នឹងមានអំណរក្នុងកិច្ចបម្រើព្រះយេហូវ៉ាដែរ។ យ៉ាងនេះ យើងមិនគិតដល់ប្រយោជន៍ខ្លួនឯង តែយើងឲ្យដល់អ្នកដទៃតាមគំរូរបស់ព្រះយេស៊ូ ហើយនេះនាំឲ្យមានពរនិងសុភមង្គលពិត។ (កិច្ចការ ២០:៣៥) ពិតមែនហើយ «អំណរ[«ដែលមកពី»]ព្រះយេហូវ៉ាជាកំឡាំងនៃ[យើង]រាល់គ្នា»។ អំណរនោះក៏នឹងជួយយើងឲ្យប្រុងប្រៀបខ្លួនមុនថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាមកដល់។—នេហេមា ៨:១០; ខ.ស.
៨. ហេតុអ្វីក៏គប្បីឲ្យយើងចូលកាន់តែជិតស្និទ្ធនឹងព្រះយេហូវ៉ាតាមរយៈការអធិស្ឋាន?
៨ ការអធិស្ឋានអស់ពីដួងចិត្ត ក៏បានជួយព្រះយេស៊ូដែរ ឲ្យប្រុងប្រៀបខ្លួនដើម្បីរក្សាភាពស្មោះត្រង់ក្រោមការល្បងល។ ពេលលោកយ៉ូហានបានជ្រមុជទឹកឲ្យព្រះយេស៊ូ ទ្រង់កំពុងអធិស្ឋាន។ មុនព្រះយេស៊ូជ្រើសរើសសាវ័ករបស់ទ្រង់ ទ្រង់ក៏បានអធិស្ឋានអស់មួយយប់ដែរ។ (លូកា ៦:១២-១៦) ណាមួយទៀត ពាក្យដែលព្រះយេស៊ូបានអធិស្ឋានអស់ពីដួងចិត្តនៅរាត្រីមុនទ្រង់ទទួលមរណភាព ក៏មានឥទ្ធិពលលើអ្នកដែលអានគម្ពីរដែរ មែនទេ? (ម៉ាកុស ១៤:៣២-៤២; យ៉ូហាន ១៧:១-២៦) តើយើងអធិស្ឋានជារឿយៗតាមគំរូរបស់ព្រះយេស៊ូឬទេ? ចូរឲ្យយើងចំណាយពេលយូរបន្ដិចក្នុងការអធិស្ឋានយ៉ាងឥតឈប់ឈរ ទាំងសុំការណែនាំពីព្រះយេហូវ៉ាតាមរយៈសកម្មពលទ្រង់។ រួចមក ពេលឃើញថាព្រះយេហូវ៉ាកំពុងផ្ដល់ការណែនាំនោះ ចូរធ្វើតាមភ្លាមចុះ! ចំណងមិត្តភាពរឹងមាំជាមួយនឹងបិតារបស់យើងនៅស្ថានសួគ៌ គឺចាំបាច់ណាស់ពេលឥឡូវនេះ ដែលជាគ្រាបន្ទាន់ ពីព្រោះថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់ហើយ! បើដូច្នេះ ចូរយើងបណ្ដុះឲ្យមានមិត្តភាពកាន់តែជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា តាមរយៈការអធិស្ឋាន។—យ៉ាកុប ៤:៨
៩. តើក្ដីប្រាថ្នាចង់លើកតម្កើងឈ្មោះរបស់ព្រះយេហូវ៉ាមានសារៈប្រយោជន៍អ្វី?
៩ ដោយសារព្រះយេស៊ូមិនចង់ឲ្យនរណាមើលងាយឈ្មោះបរិសុទ្ធរបស់ព្រះយេហូវ៉ា នេះក៏បានជួយទ្រង់ឲ្យប្រុងប្រៀបខ្លួនដើម្បីរក្សាភាពស្មោះត្រង់ក្រោមការល្បងល។ តាមការពិត ព្រះយេស៊ូបានបង្រៀនអស់អ្នកដែលកាន់តាមទ្រង់ថា ពេលអធិស្ឋាន ពួកគេក៏គួរតែ«សូមឲ្យព្រះនាម[ព្រះយេហូវ៉ា]បានបរិសុទ្ធ»។ (ម៉ាថាយ ៦:៩) បើយើងពិតជាចង់លើកតម្កើងឈ្មោះរបស់ព្រះយេហូវ៉ា ដើម្បីជួយមនុស្សឲ្យទទួលស្គាល់ឈ្មោះទ្រង់ជាអ្វីដែលពិសេស នោះយើងនឹងខំជៀសវាងទង្វើណាក៏ដោយដែលអាចនាំឲ្យអ្នកដទៃមើលងាយឈ្មោះទ្រង់។ ជាលទ្ធផល នេះនឹងជួយយើងឲ្យប្រុងប្រៀបខ្លួនមុនថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាមកដល់។
តើមានអ្វីខ្លះដែលគួរយកចិត្តទុកដាក់ឲ្យបានដិតដល់ជាង?
១០. ម្ដេចក៏គប្បីឲ្យយើងពិនិត្យមើលយ៉ាងដិតដល់នូវរបៀបរស់នៅរបស់យើង?
១០ ប្រសិនបើថ្ងៃរបស់ព្រះយេហូវ៉ាមកដល់នៅថ្ងៃស្អែក តើអ្នកបានប្រុងប្រៀបខ្លួនជាស្រេចឬនៅ? គប្បីឲ្យយើងម្នាក់ៗពិនិត្យមើលរបៀបរស់នៅរបស់ខ្លួន ដើម្បីឲ្យដឹងថា តើយើងគួរមានចិត្តគំនិតនិងអាកប្បកិរិយាប្រសើរជាងឬយ៉ាងណា? ដោយសារជីវិតមនុស្សខ្លីណាស់ ហើយ យើងមិនដឹងថាអាចមានគ្រោះថ្នាក់ដល់ស្លាប់នៅថ្ងៃណាទេ នោះគប្បីឲ្យយើងម្នាក់ៗយកចិត្តទុកដាក់ឲ្យបានដិតដល់នឹងចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ (សាស្ដា ៩:១១, ១២; យ៉ាកុប ៤:១៣-១៥) បើដូច្នេះ សូមឲ្យយើងពិនិត្យមើលលក្ខណៈសំខាន់ៗនៃជីវិត ដែលគប្បីឲ្យយើងយកចិត្តទុកដាក់ឲ្យបានដិតដល់។
១១. តើអ្នកមានគោលដៅអ្វីក្នុងការអានគម្ពីរ?
១១ លក្ខណៈមួយនៃជីវិតដែលមានសារៈសំខាន់នោះ គឺការធ្វើតាមយោបល់របស់«អ្នកបំរើស្មោះត្រង់»ដែលដាស់តឿនយើងឲ្យអានគម្ពីររាល់ថ្ងៃ។ (ម៉ាថាយ ២៤:៤៥) ប្រហែលជាយើងអាចមានគោលដៅអានគម្ពីរទាំងមូល ពីសៀវភៅលោកុប្បត្តិរហូតដល់សៀវភៅវិវរណៈ មួយឆ្នាំម្ដង។ បើយើងអានរៀងរាល់ថ្ងៃប្រមាណតែបួនជំពូកប៉ុណ្ណោះ យើងអាចអានទាំង១.១៨៩ជំពូកឲ្យអស់ក្នុងរយៈពេលតែមួយឆ្នាំ។ ចំពោះស្តេចនីមួយៗដែលគ្រប់គ្រងនៅស្រុកអ៊ីស្រាអែលពីបុរាណ ព្រះយេហូវ៉ាតម្រូវឲ្យពួកគាត់អានក្រឹត្យវិន័យរបស់ទ្រង់«រាល់តែថ្ងៃជានិច្ច អស់១ជីវិត»។ តាមមើលទៅ លោកយ៉ូស្វេក៏បានធ្វើដូច្នេះដែរ។ (ចោទិយកថា ១៧:១៤-២០; យ៉ូស្វេ ១:៧, ៨) គឺចាំបាច់ណាស់! ឲ្យអ្នកចាស់ទុំទាំងឡាយអានបណ្ដាំរបស់ព្រះយេហូវ៉ារៀងរាល់ថ្ងៃដែរ ពីព្រោះនេះនឹងជួយពួកគាត់ឲ្យ‹បង្រៀនយ៉ាងត្រឹមត្រូវ›ពេលឃ្វាលក្រុមជំនុំ។—ទីតុស ២:១
១២. ដោយសារយើងដឹងថា ថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់ហើយ តើនេះគួរជំរុញយើងឲ្យធ្វើអ្វី?
១២ ដោយសារយើងដឹងថា ថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់ នេះគួរជំរុញយើងឲ្យចូលរួមកិច្ចប្រជុំជាមួយគ្រិស្តសាសនិកគ្នីគ្នារបស់យើងជាទៀងទាត់ ព្រមទាំងរួមចំណែកក្នុងកម្មវិធីទាំងនោះយ៉ាងពេញលេញ។ (ហេព្រើរ ១០:២៤, ២៥) បើយើងធ្វើដូច្នេះ នេះនឹងជួយយើងបង្កើនសមត្ថភាពជាអ្នកផ្សព្វផ្សាយដែលប្រកាសសារស្តីអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា និងមានបំណងចង់រកអស់អ្នកដែលសមទទួលជីវិតដែលគ្មានទីបញ្ចប់។ (កិច្ចការ ១៣:៤៨) ប្រហែលជាយើងអាចមានសកម្មភាពកាន់តែច្រើនក្នុងក្រុមជំនុំ ដោយជួយបងៗវ័យចាស់ និងលើកទឹកចិត្តប្អូនៗយុវវ័យជាដើម។ ទង្វើបែបនេះតែងតែនាំឲ្យមានចិត្តស្កប់ស្កល់!
របៀបប្រាស្រ័យទាក់ទងគ្នា
១៣. តើយើងអាចសួរខ្លួនឯងសំណួរអ្វីខ្លះ ស្តីអំពីការបណ្ដុះឲ្យមានលក្ខណៈល្អៗ ហាក់ដូចជាបានក្លាយទៅជាមនុស្សថ្មី?
១៣ ថ្ងៃរបស់ព្រះយេហូវ៉ាកៀកណាស់ហើយ! ដូច្នេះ តើយើងគួរព្យាយាមឲ្យបានច្រើនថែមទៀត ដើម្បី«ប្រដាប់ខ្លួនដោយមនុស្សថ្មី»ឬ? តើយើងនៅតែខ្វះលក្ខណៈខ្លះៗ‹ដែលសុចរិតនិងបរិសុទ្ធតាមភាពព្រះ›ឬទេ? (អេភេសូរ ៤:២០-២៤) ពេលយើងខំបណ្ដុះឲ្យមានលក្ខណៈដូចព្រះយេហូវ៉ា មនុស្សដទៃមុខជានឹងកត់សម្គាល់ថា យើងកំពុង‹ដើរក្នុងវិញ្ញាណ›ឬមានរបៀប‹រស់នៅស្របតាម›សកម្មពលរបស់ទ្រង់ ទាំងមានផលផ្លែឬលក្ខណៈសមស្របនឹងសកម្មពលនោះ។ (កាឡាទី ៥:១៦, ២២-២៥; ខ.ស.) តើយើងអាចរៀបរាប់អំពីទង្វើខ្លះៗរបស់ខ្លួននិងក្រុមគ្រួសាររបស់យើងដែលបង្ហាញថា យើងពិតជាបានប្រដាប់ខ្លួនឬបណ្ដុះឲ្យមានលក្ខណៈល្អៗ ហាក់ដូចជាបានក្លាយទៅជាមនុស្សថ្មីឬទេ? (កូល៉ុស ៣:៩, ១០) ជាឧទាហរណ៍ តើយើងមានកេរ្ដិ៍ឈ្មោះជាអ្នកដែលធ្វើល្អដល់បងប្អូនរួមជំនឿនិងអ្នកឯទៀតឬ? (កាឡាទី ៦:១០) កម្មវិធីសិក្សាគម្ពីរជាទៀងទាត់នឹងជួយយើងបណ្ដុះឲ្យមានលក្ខណៈដូចព្រះយេហូវ៉ា ហើយនេះក៏នឹងជួយយើងឲ្យប្រុងប្រៀបខ្លួនមុនថ្ងៃរបស់ទ្រង់មកដល់។
១៤. ពេលខំរៀនឲ្យចេះទប់ចិត្ត ម្ដេចក៏ចាំបាច់ឲ្យយើងសូមសកម្មពលរបស់ព្រះយេហូវ៉ា?
១៤ ចុះយ៉ាងណាបើយើងមានលក្ខណៈឆាប់ខឹង ហើយទទួលស្គាល់ ថាយើងត្រូវរៀនឲ្យចេះទប់ចិត្តច្រើនជាង? ការដឹងខ្នាតឬចេះទប់ចិត្តជាលក្ខណៈមួយដែលយើងអាចមានពេលសកម្មពលរបស់ព្រះយេហូវ៉ាមានឥទ្ធិពលលើយើង។ បើដូច្នេះ ចូរអធិស្ឋានសូមឲ្យសកម្មពលរបស់ព្រះយេហូវ៉ាមកសណ្ឋិតលើយើង សមស្របនឹងយោបល់របស់ព្រះយេស៊ូដែលមានប្រសាសន៍ថា៖ «ចូរសូម នោះតែងនឹងឲ្យមកអ្នក។ ចូររក នោះតែងនឹងឃើញ។ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក។ . . . បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតាដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធមកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត?»។—លូកា ១១:៩-១៣
១៥. បើយើងមានទំនាក់ទំនងប្រេះឆានឹងអ្នកជឿគ្នីគ្នាម្នាក់ តើយើងគួរធ្វើអ្វី?
១៥ ចុះយ៉ាងណាបើមានរឿង ហើយយើងនិងអ្នកជឿគ្នីគ្នាម្នាក់មានទំនាក់ទំនងប្រេះឆាវិញ? បើដូច្នេះ ចូរឲ្យយើងចាត់វិធានការដើម្បីឲ្យជានានឹងគ្នា។ យ៉ាងនេះ យើងផ្ដល់ហេតុដើម្បីឲ្យមានចិត្តព្រមព្រៀងឬសាមគ្គីភាពនិងភាពសុខសាន្តក្នុងក្រុមជំនុំ។ (ទំនុកដំកើង ១៣៣:១-៣) ចូរឲ្យយើងធ្វើតាមឱវាទរបស់ព្រះយេស៊ូក្នុងសៀវភៅម៉ាថាយ ៥:២៣, ២៤ និងម៉ាថាយ ១៨:១៥-១៧។ បើយើងធ្លាប់ចងគំនុំនិងមានកំហឹងដរាបដល់ថ្ងៃលិច កុំឡើយ! ចូរចាត់វិធានការភ្លាមៗដើម្បីឲ្យជានានឹងគ្នាចុះ! តាមធម្មតា ចាំបាច់ឲ្យយើងសុខចិត្តអត់ទោសឲ្យពួកគេតែប៉ុណ្ណោះ។ ប៉ុលសរសេរថា៖ «ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្ដោស ហើយអត់ទោសគ្នាដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នាដោយព្រះគ្រីស្ទដែរ»។—អេភេសូរ ៤:២៥, ២៦, ៣២
១៦. តើគូស្វាមីភរិយាគួរបង្ហាញចិត្តសន្ដោសចំពោះគ្នាទៅវិញទៅមកក្នុងករណីអ្វីខ្លះ?
១៦ គូស្វាមីភរិយាត្រូវតែស្រឡាញ់និងមានចិត្តសន្ដោសចំពោះគ្នាជានិច្ច ព្រមទាំងអត់ទោសគ្នាទៅវិញទៅមកដែរ។ បើយើងទទួលស្គាល់ថា យើងគួរតែបង្ហាញសេចក្ដីស្រឡាញ់និងចិត្តសន្ដោសឲ្យបានច្រើនថែមទៀតចំពោះគូអាពាហ៍ពិពាហ៍របស់ខ្លួន ចូរព្យាយាមធ្វើដូច្នេះចុះ! ព្រះយេហូវ៉ានិងការណែនាំក្នុងបណ្ដាំរបស់ទ្រង់អាចជួយយើងឲ្យបំពេញគោលដៅនេះបាន។ តើយើងគួរយកចិត្តទុកដាក់ឲ្យបានដិតដល់ជាង ចំពោះគោលការណ៍ក្នុងសៀវភៅកូរិនថូសទី១ ៧:១-៥ ហើយមានភាពកាន់តែជិតស្និទ្ធជាមួយនឹងគូរបស់ខ្លួន ដើម្បីបង្ការហេតុដែលអាចនាំឲ្យប្រព្រឹត្តអំពើកំផិតឬទេ? ក្នុងករណីនេះ គូស្វាមីភរិយាគួរបង្ហាញ«ចិត្តទន់សន្ដោស»ចំពោះគ្នាមែន។
១៧. បើយើងបានធ្វើអំពើបាបធ្ងន់ធ្ងរ តើយើងគួរធ្វើអ្វីខ្លះ?
១៧ ចុះយ៉ាងណាបើយើងបានធ្វើអំពើបាបធ្ងន់ធ្ងរ? ចូរចាត់វិធានការភ្លាមៗ ដើម្បីកែប្រែវិញចុះ! ចូររកជំនួយពីគ្រិស្តសាសនិកដែលជាអ្នកចាស់ទុំ។ ពេលគាត់អធិស្ឋានឲ្យយើង នេះនឹងជួយផ្សះផ្សាចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាឡើងវិញ។ (យ៉ាកុប ៥:១៣-១៦) ចូរអធិស្ឋានខ្លួនឯង ដើម្បីបង្ហាញចំពោះព្រះយេហូវ៉ាថា យើងបានប្រែចិត្តហើយ។ បើមិនធ្វើដូច្នេះ យើងនឹងមានវិប្បដិសារី ព្រមទាំងចិត្តដែលវិនិច្ឆ័យថាខ្លួនមានទោស។ ស្តេចដាវីឌធ្លាប់មានចិត្តគំនិតបែបនេះ ប៉ុន្តែគាត់មានអារម្មណ៍ធូរស្រាលវិញ ពេលគាត់រ៉ាយរ៉ាប់ឬសារភាពកំហុសរបស់ខ្លួនចំពោះព្រះយេហូវ៉ា។ ដាវីឌបានសរសេរថា៖ «មានពរហើយ មនុស្សណាដែលការរំលងច្បាប់របស់ខ្លួនបានអត់ទោសឲ្យ គឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ។ មានពរហើយ មនុស្សណាដែលព្រះយេហូវ៉ាមិនរាប់ថា ជាអ្នកមានទោស ជាអ្នកដែលគ្មានកលឧបាយនៅក្នុងចិត្តសោះ»។ (ទំនុកដំកើង ៣២:១-៥) ព្រះយេហូវ៉ារមែងអត់ទោសឲ្យអ្នកដែលធ្វើអំពើបាប ឲ្យតែពួកគេប្រែចិត្តយ៉ាងស្មោះ។—ទំនុកដំកើង ១០៣:៨-១៤; សុភាសិត ២៨:១៣
រក្សាខ្លួនដោយឡែកពីពិភពលោក
១៨. តើយើងគួរមានទស្សនៈយ៉ាងណាចំពោះពិភពលោកនេះ?
១៨ យើងម្នាក់ៗច្បាស់ជារង់ចាំដោយរីករាយនូវពិភពលោកថ្មីដ៏អស្ចារ្យ ដែលបិតារបស់យើងនៅស្ថានសួគ៌បានសន្យាឲ្យ។ បើដូច្នេះ តើយើងមានទស្សនៈយ៉ាងណាចំពោះសង្គមមនុស្សទុច្ចរិតនាសម័យនេះ ដែលចេះតែឃ្លាតចេញពីព្រះ? ក្នុងនាមជា«ចៅហ្វាយរបស់លោកីយនេះ» សាតាំងគ្មានអំណាចអ្វីសោះលើព្រះយេស៊ូគ្រិស្ត។ (យ៉ូហាន ១២:៣១; ១៤:៣០) ដូចគ្នាដែរ យើងប្រាកដជាមិនចង់ឲ្យសាតាំងនិងពិភពលោករបស់វាមានអំណាចលើយើងទេ។ ដូច្នេះ ចូរធ្វើតាមដំបូន្មានរបស់សាវ័កយ៉ូហានដែលទូន្មានថា៖ «កុំឲ្យស្រឡាញ់លោកីយឬរបស់អ្វីដែលនៅក្នុងលោកីយនេះឲ្យសោះ»។ នេះពិតជាយោបល់ល្អមែន! ពីព្រោះ«លោកីយនេះនឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។—យ៉ូហានទី១ ២:១៥-១៧
១៩. តើគប្បីឲ្យប្អូនៗគ្រិស្តសាសនិកមានគោលដៅបែបណាខ្លះ?
១៩ ចុះយ៉ាងណាចំពោះកូនរបស់ខ្លួន? តើយើងផ្ដល់ជំនួយចំពោះកូនដើម្បី«រក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយនេះ»ឬទេ? (យ៉ាកុប ១:២៧) សាតាំងមានគោលដៅដាក់នុយដើម្បីទាក់ទាញចិត្តកូនរបស់យើងឲ្យជាប់ដូចជាត្រីជាប់សន្ទូច។ ក្រុមយុវជនយុវនារីនិងសមាគមផ្សេងៗដែលរៀបចំកម្មវិធីសម្រាប់ពួកយុវវ័យ សុទ្ធតែមានគោលដៅចង់ជួយប្អូនៗទាំងឡាយឲ្យចេះរស់នៅក្នុងពិភពលោកនេះ។ ប៉ុន្តែ អ្នកបម្រើព្រះយេហូវ៉ាបានចូលរួមជាមួយអង្គការតែមួយគត់រួចទៅហើយ ដែលនឹងរួចរស់ជីវិតពេលពិភពលោកដ៏អាក្រក់នេះកន្លងផុតទៅ។ ដូច្នេះ គប្បីឲ្យយើងលើកទឹកចិត្តប្អូនៗយុវវ័យទាំងឡាយដែលជាគ្រិស្តសាសនិក ឲ្យ«ធ្វើការព្រះអម្ចាស់ឲ្យបរិបូរជាដរាបចុះ!»។ (កូរិនថូសទី១ ១៥:៥៨) មាតាបិតាទាំងឡាយដែលស្រឡាញ់ព្រះយេហូវ៉ា ត្រូវតែជួយកូនៗឲ្យជ្រើសរើសគោលដៅដែលនាំឲ្យមានសុភមង្គល ផ្ដល់ឲ្យបានជីវិតដែលមានន័យខ្លឹមសារ ហើយក៏លើកកិត្ដិយសព្រះយេហូវ៉ាផងដែរ។ មានតែគោលដៅបែបនេះទេ ដែលនឹងជួយកូនៗឲ្យប្រុងប្រៀបខ្លួនមុនថ្ងៃរបស់ព្រះយេហូវ៉ាមកដល់។
ចូរស្រមៃគិតអំពីជីវិតបន្ទាប់ពីថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា
២០. ហេតុអ្វីក៏មានប្រយោជន៍ឲ្យយើងស្រមៃគិតអំពីជីវិតដែលគ្មានទីបញ្ចប់?
២០ ការស្រមៃគិតអំពីជីវិតដែលគ្មានទីបញ្ចប់ នឹងជួយយើងឲ្យមានចិត្តស្ងប់ពេលទន្ទឹងចាំថ្ងៃរបស់ព្រះយេហូវ៉ា។ (យូដាស ២០, ២១) យើងចេះតែរង់ចាំថ្ងៃដែលយើងអាចសប្បាយនឹងជីវិតក្នុងសួនមនោរមជារៀងរហូត។ នៅគ្រានោះ យើងនឹងមានកម្លាំងហើយលែងមានជរាភាពទៀត ក៏នឹងមានពេលបំពេញគោលដៅល្អៗទាំងឡាយ ព្រមទាំងរៀនឲ្យបានច្រើនថែមទៀតអំពីព្រះយេហូវ៉ា។ តាមការពិត យើងនឹងរៀនរហូតអំពីព្រះយេហូវ៉ា ពីព្រោះឥឡូវនេះយើងស្គាល់តែ«កិច្ចខាងក្រៅ»ឬ«បន្ដិចបន្តួចប៉ុណ្ណោះ»អំពីទ្រង់។ (យ៉ូប ២៦:១៤; ខ.ស.) គឺច្បាស់ហើយថា ពេលយើងរស់ជារៀងរហូតនោះ យើងនឹងមានឱកាសរៀននិងធ្វើអ្វីៗដ៏អស្ចារ្យមែន!
២១, ២២. ក្នុងសួនមនោរម តើមនុស្សដែលរស់ឡើងវិញអាចជួយលើកទឹកចិត្តយើងយ៉ាងណា? តើយើងនឹងជួយពួកគេយ៉ាងដូចម្ដេច?
២១ ពេលយើងរស់នៅក្នុងសួនមនោរមនោះ មនុស្សដែលរស់ឡើងវិញអាចជួយពន្យល់ល្អិតល្អន់អំពីអ្វីៗដែលបានកើតឡើងនៅសម័យបុរាណ។ យើងនឹងជួបលោកហេណុកដែលអាចពន្យល់អំពីហេតុដែលគាត់មានចិត្តក្លាហានក្នុងការប្រកាសសាររបស់ព្រះយេហូវ៉ាទៅកាន់មនុស្សទមិឡល្មើសនៅសម័យគាត់។ (យូដាស ១៤, ១៥) លោក ណូអេក៏ច្បាស់ជានឹងរៀបរាប់អំពីកិច្ចការកសាងទូកធំរបស់គាត់។ លោកអ័ប្រាហាំនិងនាងសារ៉ាអាចប្រាប់យើងអំពីអារម្មណ៍ដែលពួកគាត់មានពេលទទួលបង្គាប់ថា ត្រូវលះចោលជីវិតស្រណុកស្រួលក្នុងទីក្រុងអ៊ើរ ហើយទៅយកត្រសាលជាទីលំនៅវិញ! សូមគិតអំពីពេលដែលយើងជួបជាមួយនាងអេសធើរ ហើយស្ដាប់នាងពន្យល់អំពីរបៀបដែលនាងបានធ្វើអន្តរាគមន៍ដើម្បីជួយជនជាតិអ៊ីស្រាអែលគ្នីគ្នា ព្រមទាំងរារាំងផែនការរបស់លោកហាម៉ាន។ (នាងអេសធើរ ៧:១-៦) ចុះយ៉ាងណាពេលស្ដាប់លោកយ៉ូណាសរៀបរាប់អំពីបីថ្ងៃដែលគាត់ចំណាយក្នុងពោះត្រីធំនោះ? ឬមួយក៏ ពេលស្ដាប់លោកយ៉ូហានប្រាប់អំពីអារម្មណ៍ដែលគាត់មានពេលជ្រមុជទឹកឲ្យព្រះយេស៊ូ? (លូកា ៣:២១, ២២; ៧:២៨) គួរឲ្យចង់ដឹងណាស់! នូវចំណុចល្អិតល្អន់ទាំងនេះ។
២២ ពេលព្រះយេស៊ូសោយរាជ្យមួយពាន់ឆ្នាំ យើងប្រហែលជានឹងមានឯកសិទ្ធិជួយមនុស្សដែលរស់ឡើងវិញ ឲ្យ«ស្គាល់ដល់ព្រះអង្គ»ព្រះយេហូវ៉ា។ (សុភាសិត ២:១-៦) សូម្បីតែនៅសព្វថ្ងៃនេះ យើងក៏មានចិត្តរីករាយដែរ ពេលឃើញមនុស្សរៀនអំពីព្រះយេហូវ៉ានិងធ្វើតាមចំណេះនោះ! ដូច្នេះ សូមគិតអំពីអារម្មណ៍រំភើបដែលយើងនឹងមាននាអនាគតកាល ពេលព្រះយេហូវ៉ាប្រទានពរថែមទៀតមកលើយើង ក្នុងការបង្ហាត់បង្រៀនមនុស្សពីសម័យបុរាណ ហើយពេលដែលពួកគេក្លាយទៅជាកូនកតញ្ញូដោយធ្វើតាមការណែនាំពីព្រះ!
២៣. តើគប្បីឲ្យយើងតាំងចិត្តដើម្បីធ្វើអ្វី?
២៣ នៅសម័យនេះ រាស្ត្ររបស់ព្រះយេហូវ៉ាទទួលប្រយោជន៍ច្រើនណាស់! ប៉ុន្តែ ដោយសារយើងជាមនុស្សដែលគ្មានភាពល្អឥតខ្ចោះ យើងគណនាពុំបានអំពីប្រយោជន៍ទាំងអស់នោះឡើយ។ (ទំនុកដំកើង ៤០:៥) សំខាន់បំផុត យើងត្រេកអរណាស់ ចំពោះអ្វីៗដែលព្រះយេហូវ៉ាប្រទានមកដើម្បីជួយយើងក្នុងកិច្ចបម្រើទ្រង់។ (អេសាយ ៤៨:១៧, ១៨) មិនថាយើងមានកាលៈទេសៈបែបណាក៏ដោយក្នុងជីវិត ចូរឲ្យយើងបម្រើព្រះយេហូវ៉ាតទៅទៀតយ៉ាងអស់ពីចិត្ត ទាំងទន្ទឹងចាំថ្ងៃដ៏ធំរបស់ទ្រង់ចុះ!
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើ«ថ្ងៃរបស់ព្រះយេហូវ៉ា»សំដៅទៅលើអ្វី?
• តើយើងអាចប្រុងប្រៀបខ្លួនមុនថ្ងៃរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
• ដោយសារថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់ តើយើងគួរយកចិត្តទុកដាក់នឹងអ្វីខ្លះឲ្យបានដិតដល់ជាង?
• បន្ទាប់ពីថ្ងៃរបស់ព្រះយេហូវ៉ា តើអ្នកចង់ធ្វើអ្វីខ្លះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៥]
ព្រះយេស៊ូបានប្រុងប្រៀបខ្លួនជាស្រេច ដើម្បីរក្សាភាពស្មោះត្រង់ក្រោមការល្បងល
[រូបភាពនៅទំព័រ១៧]
គួរឲ្យរីករាយណាស់! ពេលមានឯកសិទ្ធិជួយមនុស្សដែលរស់ឡើងវិញឲ្យស្គាល់ព្រះយេហូវ៉ា