លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកលើកតម្កើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ាទេ?

តើអ្នកលើកតម្កើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ាទេ?

តើ​អ្នក​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា​ទេ?

​«​ចូរ​ពោល​នៅ​កណ្ដាល​អស់​ទាំង​សាសន៍​ថា​៖ ‹ព្រះ​យេហូវ៉ា​ទ្រង់​គ្រប់គ្រង› ​»។—ទំនុកដំកើង ៩៦:១០

១, ២​. (​ក​) ប្រហែល​ជា​នៅ​ខែ​តុលា ឆ្នាំ​២៩ គ.ស. តើ​មាន​ព្រឹត្ដិការណ៍​អ្វី​ដ៏​អស្ចារ្យ​បាន​កើត​ឡើង? (​ខ​) តើ​ព្រឹត្ដិការណ៍​នោះ​បាន​សម្គាល់​ព្រះ​យេស៊ូ​ជា​អ្នក​ណា?

 ប្រហែល​ជា​នៅ​ខែ​តុលា ឆ្នាំ​២៩ គ.ស. មាន​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​មួយ​បាន​កើត​ឡើង ជា​ព្រឹត្ដិការណ៍​ដែល​មិន​ធ្លាប់​មាន​នៅ​ផែនដី។ លោក​ម៉ាថាយ​ដែល​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ​មួយ​បាន​រាយ​ការណ៍​ថា​៖ ​«​កាល​ព្រះ​យេស៊ូ​វ​បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ទ្រង់​យាង​ឡើង​ពី​ទឹក​ភ្លាម ស្រាប់​តែ​មេឃ​ក៏​របើក​ឡើង​»។ រួច​មក លោក​យ៉ូហាន​ដែល​ជ្រមុជ​ទឹក​ឲ្យ​ព្រះ​យេស៊ូ​បាន​«​ឃើញ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​យាង​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ក៏​សណ្ឋិត​លើ​ទ្រង់ [​ហើយ​]​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា​៖ ‹នេះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់!› ​»។ កម្រ​ណាស់​ដែល​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន​នាក់​សរសេរ​អំពី​ព្រឹត្ដិការណ៍​ដូច​ៗ​គ្នា ប៉ុន្តែ​នេះ​ជា​ព្រឹត្ដិការណ៍​មួយ​ដែល​ពួក​គេ​ទាំង​បួន​នាក់​បាន​សរសេរ​មែន!—ម៉ាថាយ ៣:១៦, ១៧; ម៉ាកុស ១:៩​-​១១; លូកា ៣:២១, ២២; យ៉ូហាន ១:៣២​-​៣៤

ពេល​យ៉ូហាន​ឃើញ​វិញ្ញាណ​ឬ​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​ចុះ​មក​លើ​ព្រះ​យេស៊ូ នេះ​បាន​សម្គាល់​ទ្រង់​ជា​អ្នក​តែងតាំង​មួយ​រូប ដែល​ភាសា​ដើម​ហៅ​ថា មេស្ស៊ី​ឬ​គ្រិស្ត។ (​យ៉ូហាន ១:៣៣​) នៅ​ទីបំផុត ​«​ពូជ​»​សន្យា​បាន​លេច​មក​ហើយ! អ្នក​ដែល​ឈរ​នៅ​ចំពោះ​មុខ​យ៉ូហាន គឺ​ជា​អ្នក​ដែល​សាតាំង​ត្រូវ​ចឹក​កែង​ជើង។ ក្រោយ​មក អ្នក​នោះ​នឹង​កិន​ក្បាល​សាតាំង​ដែល​ជា​មេស​ត្រូវ​របស់​ព្រះ​យេហូវ៉ា ដោយ​ព្រោះ​វា​បាន​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​ទ្រង់។ (​លោកុប្បត្តិ ៣:​១៥​) ចាប់​ពី​ពេល​នោះ​មក ព្រះ​យេស៊ូ​ជ្រាប​យ៉ាង​ជាក់​ថា ទ្រង់​ត្រូវ​តែ​ព្យាយាម​ធ្វើ​តាម​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​រាជ្យ​និង​ការ​គ្រប់គ្រង​របស់​ទ្រង់។

៣​. ដើម្បី​បំពេញ​ភារកិច្ច​ជា​អ្នក​ដែល​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា តើ​ព្រះ​យេស៊ូ​បាន​ត្រៀម​ខ្លួន​យ៉ាង​ណា?

ក្រោយ​ព្រះ​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក ‹ទ្រង់​បាន​ពេញ​ទៅ​ដោយ​វិញ្ញាណ​បរិសុទ្ធ ក៏​ចេញ​ពី​ទន្លេ​យ័រដាន់ ហើយ​វិញ្ញាណ​របស់​ព្រះ​បាន​នាំ​ទ្រង់​ទៅ​ឯ​ទី​រហោ​ស្ថាន›ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ភារកិច្ច​ដែល​ទ្រង់​ត្រូវ​បំពេញ។ (​លូកា ៤:១; ម៉ាកុស ១:១២​) ពេល​នៅ​ក្នុង​ទី​រហោ​ឋាន​អស់​៤០​ថ្ងៃ ព្រះ​យេស៊ូ​មាន​ឱកាស​រំពឹង​គិត​អំពី​ការ​សង្ស័យ​ដែល​សាតាំង​បាន​បង្ក​ឡើង ស្តី​អំពី​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា។ ព្រះ​យេស៊ូ​ក៏​មាន​ឱកាស​គិត​វែង​ឆ្ងាយ​អំពី​អ្វី​ដែល​ទ្រង់​ត្រូវ​ធ្វើ​ដើម្បី​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា។ តាម​ការ​ពិត មនុស្ស​គ្រប់​រូប​និង​ទេវតា​ទាំង​ឡាយ​ត្រូវ​តែ​សម្រេច​ចិត្ត​រៀង​ៗ​ខ្លួន ថា​នឹង​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា ឬ​ប្រឆាំង​នឹង​ទ្រង់។ ដូច្នេះ យក​ល្អ​ឲ្យ​យើង​ពិនិត្យ​មើល​គន្លង​ជីវិត​របស់​ព្រះ​យេស៊ូ​ដែល​រមែង​តែ​ស្មោះ​ត្រង់ ហើយ​គិត​ពិចារណា​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​បង្ហាញ​ថា យើង​ចង់​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា ដូច​ព្រះ​យេស៊ូ​បាន​ធ្វើ​ដែរ។—យ៉ូប ១:៦​-​១២; ២:២​-​៦

សាតាំង​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ស្តី​អំពី​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា

៤​. តើ​សាតាំង​បាន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​សិទ្ធិ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា?

ជា​ការ​ពិត​មែន! ដែល​សាតាំង​បាន​ឃើញ​ព្រឹត្ដិការណ៍​ទាំង​អស់​នោះ​ដែរ។ ដោយ​មិន​បង្អែបង្អង់ សាតាំង​បាន​ចុះ​មក​ភ្លាម​ៗ​ដើម្បី​ពាធា​«​ពូជ​»​នៃ​«​ស្ត្រី​»​របស់​ព្រះ​យេហូវ៉ា។ (​លោកុប្បត្តិ ៣:១៥​) អស់​បី​ដង សាតាំង​បាន​ល្បួង​ព្រះ​យេស៊ូ ដោយ​ខំ​ញុះញង់​ទ្រង់​ឲ្យ​ធ្វើ​អ្វី​ដែល​អាច​នាំ​ឲ្យ​បាន​ប្រយោជន៍​ខ្លួន​ឯង​ជាជាង​គាប់​ចិត្ត​បិតា​ទ្រង់។ ជា​ពិសេស សេចក្ដី​ល្បួង​ទី​បី​បាន​លើក​សំណួរ​ឡើង​ថា តើ​ព្រះ​យេហូវ៉ា​ពិត​ជា​មាន​សិទ្ធិ​តម្រូវ​ឲ្យ​មនុស្ស​ចុះ​ចូល​ចំពោះ​ការ​គ្រប់គ្រង​របស់​ទ្រង់​ឬ​ទេ? សាតាំង​បាន​«​បង្ហាញ​អស់​ទាំង​នគរ​ក្នុង​លោកីយ នឹង​សិរី​លំអ​របស់​នគរ​ទាំង​នោះ​»​ដល់​ព្រះ​យេស៊ូ ហើយ​វា​ក៏​និយាយ​ត្រង់​ទៅ​កាន់​ព្រះ​យេស៊ូ​ថា​៖ ​«​បើសិន​ជា​អ្នក​ក្រាប​ថ្វាយ​បង្គំ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ឲ្យ​របស់​ទាំង​នេះ​ដល់​អ្នក​»។ ព្រះ​យេស៊ូ​ជ្រាប​ថា សាតាំង​មាន​អំណាច​លើ​«​អស់​ទាំង​នគរ​ក្នុង​លោកីយ​»​មែន ដូច្នេះ​ទ្រង់​បង្ហាញ​ថា​ទ្រង់​បាន​សម្រេច​ចិត្ត​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា​ដោយ​ឆ្លើយ​តប​នឹង​សាតាំង​ថា​៖ ​«​នែ សាតាំង ចូរ​ឯង​ថយ​ចេញ​ពី​អញ​ទៅ! ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា​៖ ‹ឯង​ត្រូវ​ថ្វាយ​បង្គំ​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ› ​»។—ម៉ាថាយ ៤:៨​-​១០

៥​. តើ​ព្រះ​យេស៊ូ​មាន​ភារកិច្ច​អ្វី​ដែល​ពិបាក​បំពេញ?

របៀប​រស់​នៅ​របស់​ព្រះ​យេស៊ូ​បង្ហាញ​យ៉ាង​ច្បាស់​ថា ទ្រង់​ចង់​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា ហើយ​នេះ​ជា​គោល​បំណង​ចម្បង​ក្នុង​ជីវិត​ទ្រង់។ ស្រប​ទៅ​តាម​ទំនាយ​ដែល​ទាយ​ថា សាតាំង​នឹង​ចឹក​កែង​ជើង​«​ពូជ​»​ស្ត្រី​នោះ ព្រះ​យេស៊ូ​ជ្រាប​ថា ទ្រង់​ត្រូវ​តែ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​រហូត​ដល់​ពេល​ដែល​សាតាំង​ធ្វើ​គុត​ទ្រង់។ យ៉ាង​នេះ ព្រះ​យេស៊ូ​បញ្ជាក់​ថា ទ្រង់​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ពិត​ជា​មាន​សិទ្ធិ​គ្រប់គ្រង​មែន។ (​ម៉ាថាយ ១៦:២១; ១៧:១២​) ព្រះ​យេស៊ូ​ក៏​មាន​ភារកិច្ច​ប្រកាស​ឲ្យ​មនុស្ស​យល់​ថា រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ជា​រាជ​រដ្ឋាភិបាល​ដែល​ទ្រង់​នឹង​ប្រើ​ដើម្បី​បង្ក្រាប​សាតាំង​ដែល​ជា​មេ​បះបោរ ហើយ​នាំ​ឲ្យ​សកលលោក​ទាំង​មូល​មាន​ភាព​សុខសាន្ត​និង​របៀប​រៀប​រយ​ម្ដង​ទៀត។ (​ម៉ាថាយ ៦:៩, ១០​) តើ​ព្រះ​យេស៊ូ​បាន​បំពេញ​ភារកិច្ច​ដ៏​ពិបាក​នេះ​យ៉ាង​ដូច​ម្ដេច?

‹រាជ្យ​របស់​ព្រះ​ជិត​មក​ដល់ ›

៦​. ដើម្បី​ឲ្យ​មនុស្ស​ដឹង​ថា ព្រះ​យេហូវ៉ា​នឹង​«​បំផ្លាញ​ការ​របស់​អារក្ស​ចេញ​»​ដោយ​រាជ្យ​របស់​ទ្រង់ តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​អ្វី?

ព្រះ​យេស៊ូ​ចាប់​ផ្ដើម​ចូល​ទៅ​«​ក្នុង​ស្រុក​កាលីឡេ​»​ ហើយ​នៅ​ទី​នោះ​ទ្រង់​«​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​[​ឬ​«​រាជ្យ​របស់​»​]​ព្រះ​ថា​៖ ‹ពេល​វេលា​បាន​សំ​រេច​ហើយ នគរ​[​ឬ​«​រាជ្យ​របស់​»​]​ព្រះ​ជិត​មក​ដល់› ​»។ (​ម៉ាកុស ១:១៤, ១៥; ខ.ស.​) តាម​ការ​ពិត ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ត្រូវ​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​[​ឬ​«​រាជ្យ​របស់​»​]​ព្រះ​ដល់​អស់​ទាំង​ស្រុក​ឯ​ទៀត​ដែរ គឺ​ហេតុ​នោះ​បាន​ជា​ព្រះ​វរបិតា​ចាត់​ឲ្យ​ខ្ញុំ​មក​»។ (​លូកា ៤:១៨​-​២១, ៤៣; ខ.ស.​) ព្រះ​យេស៊ូ​បាន​ទៅ​ជួប​មនុស្ស​នៅ​គ្រប់​ទិស​ទី​នៃ​ប្រទេស​អ៊ីស្រាអែល ទាំង​«​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​[​ឬ​«​រាជ្យ​របស់​»​]​ព្រះ​»។ (​លូកា ៨:១; ខ.ស.​) ព្រះ​យេស៊ូ​ក៏​បាន​ធ្វើ​អព្ភូតហេតុ​ដ៏​អស្ចារ្យ ដោយ​ផ្ដល់​អាហារ​ដល់​មនុស្ស​ដែល​មាន​គ្នា​យ៉ាង​ច្រើន ទ្រង់​ក៏​បង្ក្រាប​ធម្មជាតិ ប្រោស​មនុស្ស​ឈឺ​ឲ្យ​ជា និង​អ្នក​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ ពេល​ព្រះ​យេស៊ូ​ធ្វើ​អព្ភូតហេតុ​ទាំង​នោះ ទ្រង់​ផ្ដល់​ទី​សំអាង​ថា ព្រះ​យេហូវ៉ា​អាច​បំបាត់​ចោល​ការ​អាក្រក់​និង​ទុក្ខ​លំបាក​ទាំង​ឡាយ ដែល​ជា​ផលវិបាក​ពី​ការ​បះបោរ​ក្នុង​សួនច្បារ​អេដែន។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​នឹង​«​បំផ្លាញ​ការ​របស់​អារក្ស​ចេញ​»។—យ៉ូហាន​ទី១ ៣:៨

៧​. តើ​ព្រះ​យេស៊ូ​បង្គាប់​សិស្ស​ទ្រង់​ឲ្យ​ធ្វើ​កិច្ចការ​អ្វី? តើ​មាន​លទ្ធផល​យ៉ាង​ណា?

ព្រះ​យេស៊ូ​ក៏​បាន​ប្រមូល​សិស្ស​ស្មោះ​ត្រង់​មួយ​ចំនួន​ដែរ ហើយ​បាន​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ ដើម្បី​ប្រកាស​ដំណឹង​ល្អ​អំពី​រាជ្យ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្រើន​បំផុត។ មុន​ដំបូង ព្រះ​យេស៊ូ​ប្រគល់​សិទ្ធិ​ឲ្យ​សាវ័ក​១២​នាក់​របស់​ទ្រង់ ហើយ​«​ចាត់​គេ​ឲ្យ​ទៅ​ប្រកាស​ប្រាប់​ពី​នគរ​[​ឬ​«​រាជ្យ​របស់​»​]​ព្រះ​»។ (​លូកា ៩:១, ២; ខ.ស.​) រួច​មក ព្រះ​យេស៊ូ​បាន​ចាត់​៧០​នាក់​ទៀត​ឲ្យ​ប្រកាស​សារ​ដែល​ថា​៖ ​«​នគរ​[​ឬ​«​រាជ្យ​របស់​»​]​ព្រះ​ជិត​មក​ដល់​អ្នក​រាល់​គ្នា​ហើយ​»។ (​លូកា ១០:១, ៨, ៩; ខ.ស.​) ពេល​សិស្ស​ទាំង​នោះ​បាន​វិល​មក​ឯ​ព្រះ​យេស៊ូ​វិញ និង​រៀប​រាប់​ពី​លទ្ធផល​ល្អ​ដែល​ពួក​គេ​មាន​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ ទ្រង់​បាន​ឆ្លើយ​តប​ថា​៖ ​«​ខ្ញុំ​បាន​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​លើ​មេឃ​មក ដូច​ជា​ផ្លេកបន្ទោរ​»។—លូកា ១០:​១៧, ១៨

៨​. តើ​របៀប​រស់​នៅ​របស់​ព្រះ​យេស៊ូ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​អ្វី?

ព្រះ​យេស៊ូ​បាន​ព្យាយាម​ប្រឹងប្រែង ព្រម​ទាំង​ឆ្លៀត​គ្រប់​ឱកាស​ដើម្បី​ផ្សព្វផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា។ ព្រះ​យេស៊ូ​ធ្វើ​ការ​នោះ​ដោយ​ឥត​ឈប់ឈរ ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ទោះ​បើ​ទ្រង់​អត់​មាន​អ្វី​ៗ​ដែល​មនុស្ស​យើង​ចាត់​ទុក​ជា​របស់​ចាំបាច់​ក្ដី ទ្រង់​នៅ​តែ​ស្កប់​ចិត្ត។ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មាន​សំបុក​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ​»។ (​លូកា ៩:៥៨; ម៉ាកុស ៦:៣១; យ៉ូហាន ៤:៣១​-​៣៤​) មិន​យូរ​ប៉ុន្មាន​មុន​ព្រះ​យេស៊ូ​បាន​ទទួល​មរណភាព ទ្រង់​ជម្រាប​ដល់​លោក​ប៉ុនទាស​ពីឡាត់​ថា​៖ ​«​ខ្ញុំ​បាន​កើត​មក​ហើយ​ក៏​ចូល​ក្នុង​លោកីយ​នេះ​សំរាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​»​ឬ​«​ផ្ដល់​សក្ខីភាព​អំពី​សេចក្ដី​ពិត​»។ (​យ៉ូហាន ១៨:៣៧; ខ.ស.​) របៀប​រស់​នៅ​ទាំង​ស្រុង​របស់​ព្រះ​យេស៊ូ​បង្ហាញ​ថា ទ្រង់​ចាប់​កំណើត​នៅ​ផែនដី មិន​មែន​ដោយ​មាន​បំណង​ចង់​បាន​កេរ្ដិ៍​ឈ្មោះ​ជា​គ្រូ​ដែល​ពូកែ​បង្រៀន ជា​អ្នក​ដែល​ចេះ​ធ្វើ​អព្ភូតហេតុ ឬ​ជា​អ្នក​សង្គ្រោះ​ដែល​សុខ​ចិត្ត​លះបង់​ប្រយោជន៍​ខ្លួន​ទេ តែ​ទ្រង់​មក​ដើម្បី​ធ្វើ​តាម​ឆន្ទៈ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ផ្ដល់​ទី​សំអាង​ថា ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​បំពេញ​តាម​បំណង​របស់​ទ្រង់ តាម​រយៈ​រាជ្យ​របស់​ទ្រង់។—យ៉ូហាន ១៤:៦

«​ការ​ស្រេច​ហើយ!​»​

៩​. នៅ​ទីបំផុត តើ​សាតាំង​បាន​ចឹក​កែង​ជើង​«​ពូជ​»​នៃ​ស្ត្រី​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

សាតាំង​មិន​ពេញ​ចិត្ត​សោះ ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​ក្នុង​ការ​លើក​តម្កើង​រាជ្យ​របស់​ព្រះ​យេហូវ៉ា។ ម្ដង​ហើយ​ម្ដង​ទៀត សាតាំង​បាន​ប្រើ​«​ពូជ​»​របស់​វា​នៅ​ឯ​ផែនដី រួម​ទាំង​អ្នក​ធំ​ខាង​សាសនា​និង​ខាង​នយោបាយ​ផង ដើម្បី​ធ្វើ​គុត​ដល់​«​ពូជ​»​នៃ​ស្ត្រី​របស់​ព្រះ​យេហូវ៉ា។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​កើត​មក រហូត​ដល់​ថ្ងៃ​ដែល​ទ្រង់​ផុត​ដង្ហើម​ទៅ សាតាំង​និង​គ្នីគ្នា​របស់​វា​មាន​គោល​ដៅ​បំបាត់​ទ្រង់​ចោល។ នៅ​ឆ្នាំ​៣៣ គ.ស. គ្រា​បាន​មក​ដល់​ឲ្យ​គេ​បញ្ជូន​ព្រះ​យេស៊ូ​ដែល​ជា​កូន​មនុស្ស​ទៅ​ដល់​មេ​ស​ត្រូវ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ឲ្យ​វា​ចឹក​កែង​ជើង។ (​ម៉ាថាយ ២០:១៨, ១៩; លូកា ១៨:៣១​-​៣៣​) ព័ត៌​មាន​ក្នុង​សៀវភៅ​ដំណឹង​ល្អ​នីមួយ​ៗ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​របៀប​ដែល​សាតាំង​បាន​ញុះញង់​មនុស្ស​ផ្សេង​ៗ​ ដូច​ជា​យូដាស​អ៊ីស្ការីយ៉ុត និង​ពួក​សង្គ្រាជ ពួក​អាចារ្យ ពួក​ផារិស៊ី​ហើយ​ជនជាតិ​រ៉ូម​ខ្លះ​ៗ​ដែរ ឲ្យ​កាត់​ទោស​ព្រះ​យេស៊ូ ព្រម​ទាំង​ធ្វើ​បាប​ទ្រង់​យ៉ាង​ឈឺ​ចាប់​នៅ​លើ​បង្គោល​ទារុណកម្ម​រហូត​ដល់​ទី​មរណៈ។—កិច្ចការ ២:២២, ២៣

១០​. ពេល​ព្រះ​យេស៊ូ​ផុត​ដង្ហើម​នៅ​លើ​បង្គោល​ទារុណកម្ម តើ​ទ្រង់​បាន​សម្រេច​ការ​អ្វី​ជា​ចម្បង?

១០ ពេល​គិត​អំពី​ព្រះ​យេស៊ូ​នៅ​លើ​បង្គោល​ទារុណកម្ម ដែល​កំពុង​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ទាំង​យូរ​ផង តើ​នេះ​នាំ​ឲ្យ​អ្នក​នឹក​ចាំ​អំពី​អ្វី? ប្រហែល​ជា​អ្នក​នឹក​គិត​អំពី​ការ​បូជា​លោះ​របស់​ព្រះ​យេស៊ូ ដែល​ទ្រង់​សុខ​ចិត្ត​ផ្ដល់​ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​ដែល​មាន​បាប។ (​ម៉ាថាយ ២០:២៨; យ៉ូហាន ១៥:១៣​) ឬ​មួយ​ក៏​អ្នក​ប្រហែល​ជា​កោត​ស្ងើច​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ទ្រង់​សុខ​ចិត្ត​បូជា​បុត្រ​របស់​ទ្រង់។ (​យ៉ូហាន ៣:១៦​) ប្រហែល​ជា​អ្នក​មាន​អារម្មណ៍​ដូច​មេទ័ព​ជនជាតិ​រ៉ូម​ដែល​មាន​ចិត្ត​ជំរុញ​ឲ្យ​និយាយ​ថា​៖ ​«​នេះ​ពិត​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​មែន!​»។ (​ម៉ាថាយ ២៧:៥៤​) ទស្សនៈ​បែប​នេះ​ពិត​ជា​ត្រឹម​ត្រូវ​ណាស់! ប៉ុន្តែ ម្យ៉ាង​វិញ​ទៀត សូម​គិត​អំពី​ពាក្យ​ដែល​ព្រះ​យេស៊ូ​បាន​ពោល​មួយ​រំពេច​មុន​ទ្រង់​ផុត​ដង្ហើម​នៅ​លើ​បង្គោល​ទារុណកម្ម។ ទ្រង់​បាន​លាន់​មាត់​ថា​៖ ​«​ការ​ស្រេច​ហើយ!​»។ (​យ៉ូហាន ១៩:​៣០​) តើ​អ្វី​បាន​សម្រេច​រួច​ជា​ស្រេច​នៅ​ពេល​នោះ? ទោះ​បើ​ជីវិត​របស់​ព្រះ​យេស៊ូ និង​មរណភាព​របស់​ទ្រង់​បាន​សម្រេច​កិច្ចការ​ជា​ច្រើន​ក្ដី គោល​បំណង​ចម្បង​របស់​ទ្រង់​ក្នុង​ការ​ចាប់​កំណើត​នៅ​ឯ​ផែនដី គឺ​ដើម្បី​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា មែន​ទេ? ណា​មួយ​ទៀត ទំនាយ​បាន​បង្ហាញ​ថា សាតាំង​នឹង​ធ្វើ​បាប​ដល់​ព្រះ​យេស៊ូ​ជា​«​ពូជ​»​សន្យា រហូត​ដល់​ទី​មរណៈ មែន​ទេ? ហើយ​ព្រះ​យេស៊ូ​សុខ​ចិត្ត​រង​ទុក្ខ​បែប​នេះ ដើម្បី​កុំ​ឲ្យ​នរណា​មាន​ហេតុ​តិះដៀល​ព្រះ​យេហូវ៉ា​ទៀត។ (​អេសាយ ៥៣:៣​-​៧​) ព្រះ​យេស៊ូ​ពិត​ជា​មាន​ភារកិច្ច​ធ្ងន់ធ្ងរ​មែន! ហើយ​ទ្រង់​បាន​សម្រេច​កិច្ចការ​នោះ​ទាំង​អស់។ នេះ​ហើយ​ជា​ការ​សម្រេច​ដ៏​អស្ចារ្យ​ណាស់!

១១​. តើ​ព្រះ​យេស៊ូ​នឹង​ធ្វើ​អ្វី​ដើម្បី​សម្រេច​មួយ​ដង​ជា​ស្រេច​នូវ​ទំនាយ​ដែល​បាន​ពោល​មក​ក្នុង​សួនច្បារ​អេដែន?

១១ ដោយសារ​ព្រះ​យេស៊ូ​ស្មោះ​ត្រង់​និង​មាន​ភក្ដីភាព​រហូត​ដល់​ទី​មរណៈ ព្រះ​យេហូវ៉ា​បាន​ប្រោស​ទ្រង់​ឲ្យ​រស់​ឡើង​វិញ មិន​មែន​ជា​មនុស្ស​ម្ដង​ទៀត​ទេ តែ​«​ជា​វិញ្ញាណ​»។ (​កូរិនថូសទី១ ១៥:៤៥​) ក្រោយ​ព្រះ​យេហូវ៉ា​បាន​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​ឡើង​ទៅ​ស្ថានសួគ៌ ទ្រង់​សន្យា​ដល់​បុត្រ​របស់​ទ្រង់​ថា​៖ ​«​ចូរ​ឲ្យ​ឯង​អង្គុយ​នៅ​ខាង​ស្ដាំ​អញ ទាល់តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង​ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង​»។ (​ទំនុកដំកើង ១១០:១​) ​«​ពួក​ខ្មាំង​សត្រូវ​»​ទាំង​នោះ​រួម​បញ្ចូល​សាតាំង​ជា​មេ​បះបោរ និង​អស់​អ្នក​ដែល​រួម​គ្នា​ជា​«​ពូជ​»​របស់​វា។ ពេល​ព្រះ​យេស៊ូ​មាន​មុខ​តំណែង​ជា​ស្តេច​ក្នុង​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​ប្រគល់​ឲ្យ​បុត្រ​ទ្រង់​ជា​មេស្ស៊ី​នោះ ព្រះ​គ្រិស្ត​នឹង​ចាត់​វិធានការ​ដើម្បី​បំផ្លាញ​ចោល​អស់​ទាំង​អ្នក​បះបោរ​នៅ​ឯ​ស្ថានសួគ៌​និង​នៅ​ផែនដី។ (​វិវរណៈ ១២:៧​-​៩; ១៩:១១​-​១៦; ២០:១​-​៣, ១០​) ពេល​នោះ​ហើយ បទ​ទំនាយ​ក្នុង​សៀវភៅ​លោកុប្បត្តិ ៣:១៥ នឹង​បាន​សម្រេច​រួច​ជា​ស្រេច ហើយ​ពាក្យ​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​សិស្ស​ទ្រង់ ស្តី​អំពី​របៀប​អធិស្ឋាន ក៏​នឹង​បាន​សម្រេច​ដែរ ពោល​គឺ​៖ ​«​សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំ​រេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ​»។—ម៉ាថាយ ៦:១០; ភីលីព ២:៨​-​១១

ព្រះ​យេស៊ូ​ទុក​តម្រាប់​ឲ្យ​យើង

១២, ១៣​. (​ក​) សព្វ​ថ្ងៃ​នេះ តើ​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? (​ខ​) តើ​សំណួរ​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​សួរ​ខ្លួន​ឯង​ស្តី​អំពី​ការ​យក​តម្រាប់​តាម​ព្រះ​យេស៊ូ?

១២ សព្វ​ថ្ងៃ​នេះ ដំណឹង​ល្អ​អំពី​នគរ រាជ្យ រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា កំពុង​ផ្សព្វផ្សាយ​នៅ​ច្រើន​ប្រទេស ដូច​ព្រះ​យេស៊ូ​បាន​ទាយ​ទុក​ជា​មុន។ (​ម៉ាថាយ ២៤:១៤​) ជា​លទ្ធផល មនុស្ស​រាប់​លាន​នាក់​បាន​ថ្វាយ​ខ្លួន​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ អ្នក​ទាំង​នោះ​មាន​ចិត្ត​រំភើប​រីករាយ​ពេល​គិត​អំពី​ប្រយោជន៍​ជា​ច្រើន​ដែល​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​នឹង​នាំ​មក។ ពួក​គាត់​រង់ចាំ​គ្រា​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ទាំង​មាន​សន្ដិសុខ​និង​ភាព​សុខសាន្ត​ក្នុង​សួនមនោរម​ដែល​មាន​ទូទាំង​ផែនដី។ ដូច្នេះ កូន​កតញ្ញូ​ទាំង​នេះ​មាន​អំណរ​ក្នុង​កិច្ចការ​ប្រកាស​ប្រាប់​ដល់​អ្នក​ដទៃ​អំពី​សេចក្ដី​សង្ឃឹម​នោះ។ (​ទំនុកដំកើង ៣៧:១១; ពេត្រុសទី២ ៣:១៣​) តើ​អ្នក​កំពុង​ផ្សាយ​ប្រកាស​សារ​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ទេ? គួរ​ឲ្យ​សរសើរ​ណាស់ បើ​អ្នក​កំពុង​ធ្វើ​កិច្ចការ​នេះ​មែន! ប៉ុន្តែ មាន​ចំណុច​មួយ​ទៀត​ដែល​យើង​រាល់​គ្នា​ត្រូវ​តែ​យក​មក​ពិចារណា​ដែរ។

១៣ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ ​«​ព្រះ​គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​ដំ​រាប់​ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់​»។ (​ពេត្រុសទី១ ២:២១​) សូម​កត់​សម្គាល់​ថា ក្នុង​ខ​នេះ​ពេត្រុស​មិន​បាន​សំដៅ​ទៅ​លើ​ចិត្ត​ខ្នះខ្នែង​របស់​ព្រះ​យេស៊ូ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ ឬ​សមត្ថភាព​របស់​ទ្រង់​ក្នុង​ការ​បង្រៀន​ទេ តែ​គាត់​បញ្ជាក់​ពី​ការ​រង​ទុក្ខ​របស់​ទ្រង់​ទៅ​វិញ។ ពេត្រុស​ធ្លាប់​នៅ​ជា​មួយ​ព្រះ​យេស៊ូ ដូច្នេះ​គាត់​យល់​ច្បាស់​ថា សូម្បី​តែ​ពេល​ដែល​ទ្រង់​រង​ទុក្ខ​លំបាក​ច្រើន​ក្ដី ទ្រង់​នៅ​តែ​សុខ​ចិត្ត​ចុះ​ចូល​ចំពោះ​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា ដោយ​មាន​បំណង​ចង់​ផ្ដល់​ទី​សំអាង​ថា សាតាំង​ជា​អ្នក​ភូត​កុហក។ បើ​ដូច្នេះ តើ​យើង​អាច​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច​ខ្លះ? យើង​ត្រូវ​តែ​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​សុខ​ចិត្ត​រង​ទុក្ខ​ច្រើន​ប៉ុណ្ណា​ដើម្បី​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា និង​លើក​កិត្ដិយស​ទ្រង់? តើ​របៀប​រស់​នៅ​របស់​ខ្ញុំ និង​កិច្ចការ​ផ្សព្វផ្សាយ​របស់​ខ្ញុំ​បង្ហាញ​ថា ការ​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា​មាន​អាទិ​ភាព​ក្នុង​ជីវិត​របស់​ខ្ញុំ​ឬ​ទេ?›។—កូល៉ុស ៣:១៧

១៤, ១៥​. (​ក​) ពេល​អ្នក​ដទៃ​ជូន​យោបល់​ឬ​សូម​ឲ្យ​ព្រះ​យេស៊ូ​ធ្វើ​អ្វី​ដែល​មិន​គប្បី តើ​ទ្រង់​មាន​ប្រតិកម្ម​យ៉ាង​ណា? ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​ឆ្លើយ​តប​យ៉ាង​នោះ? (​ខ​) តើ​អ្វី​គួរ​មាន​អាទិ​ភាព​ក្នុង​ជីវិត? (​សូម​លើក​បញ្ជាក់​ចំណុច​ខ្លះ​ៗ​ពី​ព័ត៌មាន​ក្នុង​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​គាំទ្រ​ព្រះ​យេហូវ៉ា​ចុះ!​»។​)

១៤ រៀង​រាល់​ថ្ងៃ​យើង​ជួប​ប្រទះ​ស្ថានការណ៍​ដែល​ល្បួង​យើង ហើយ​យើង​ក៏​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ខ្លះ​ៗ មិន​ថា​ជា​រឿង​តូចតាច​ឬ​ធំដុំ​ក្ដី។ តើ​អ្វី​អាច​ជួយ​យើង​ដើម្បី​ទប់ទល់​នឹង​ការ​ល្បួង ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ល្អ? ឧបមា​ថា ពេល​យើង​ជួប​ប្រទះ​កាលៈទេសៈ​ដែល​ល្បួង​ចិត្ត​ឲ្យ​ធ្វើ​អ្វី​ដែល​ប្រាស​ចាក​គោលការណ៍​ក្នុង​គម្ពីរ តើ​យើង​ប្រព្រឹត្ត​យ៉ាង​ណា? ពេល​ពេត្រុស​បាន​លើក​ទឹក​ចិត្ត​ព្រះ​យេស៊ូ​ឲ្យ​ប្រណី​អង្គ​ទ្រង់ តើ​ទ្រង់​ឆ្លើយ​តប​យ៉ាង​ដូច​ម្ដេច? ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​សាតាំង​អើយ! ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ . . . ព្រោះ​[​ឯង​]​មិន​ចេះ​គិត​តាម​គំនិត​នៃ​ព្រះ​សោះ គឺ​គិត​តាម​តែ​គំនិត​របស់​មនុស្ស​លោក​វិញ​»។ (​ម៉ាថាយ ១៦:​២១​-​២៣​) ណា​មួយ​ទៀត បើ​យើង​មាន​ឱកាស​ប្រកប​មុខ​របរ​ល្អ​ជាង ដែល​មាន​ប្រាក់​ខែ​ច្រើន​ជាង តែ​រំខាន​ដល់​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​វិញ តើ​យើង​ធ្វើ​ដូច​ព្រះ​យេស៊ូ​ឬ​ទេ? ពេល​ព្រះ​យេស៊ូ​យល់​ថា មនុស្ស​ដែល​ឃើញ​ទ្រង់​ធ្វើ​អព្ភូតហេតុ​ចង់‹ចាប់​ទ្រង់​ដើម្បី​នឹង​តាំង​ឡើង​ជា​ស្តេច› នោះ​ទ្រង់​បាន​ថយ​ចេញ​ពី​ពួក​គេ​ភ្លាម​ៗ។—យ៉ូហាន ៦:១៥

១៥ ក្នុង​ករណី​ទាំង​នេះ និង​ករណី​ច្រើន​ឯ​ទៀត​ដែរ ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​មាន​ប្រតិកម្ម​ខ្លាំង​ដល់​ម្ល៉េះ? គឺ​ពីព្រោះ​ទ្រង់​ជ្រាប​ថា ស្ថានការណ៍​ទាំង​នោះ​អាច​ប៉ះ​ពាល់​ដល់​អ្វី​ដែល​សំខាន់​ជាង​សុវត្ថិភាព​និង​ប្រយោជន៍​ដែល​ទ្រង់​អាច​ទទួល​ផ្ទាល់។ ព្រះ​យេស៊ូ​ប្រាថ្នា​ចង់​ធ្វើ​តាម​ឆន្ទៈ​នៃ​បិតា​ទ្រង់ ហើយ​ក៏​ចង់​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា​លើស​ជាង​អ្វី​ៗ​ទាំង​អស់។ (​ម៉ាថាយ ២៦:៥០​-​៥៤​) បើ​យើង​មិន​យក​តម្រាប់​តាម​ព្រះ​យេស៊ូ ហើយ​មិន​នឹក​ចាំ​ពី​រឿង​ដែល​សំខាន់​ចម្បង យើង​អាច​រង​គ្រោះ​ថ្នាក់​វិញ ដោយ​ខាន​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ ឬ​រហូត​ដល់​លះ​ចោល​គោលការណ៍​ក្នុង​គម្ពីរ​ទៀត​ផង។ ម្ដេច​ក៏​យើង​ងាយ​រង​គ្រោះ​ម្ល៉េះ? គឺ​ពីព្រោះ​សាតាំង​ពូកែ​ប្រើ​ល្បិច​ដែល​ធ្វើ​ឲ្យ​ការ​អាក្រក់​មើល​ទៅ​ដូច​ជា​ការ​ល្អ ហើយ​គួរ​ឲ្យ​ចង់​បាន ដូច​វា​បាន​ធ្វើ​ចំពោះ​នាង​អេវ៉ា។—កូរិនថូសទី២ ១១:១៤; ធីម៉ូថេទី១ ២:១៤

១៦​. ពេល​ជួយ​អ្នក​ដទៃ តើ​អ្វី​ជា​គោល​បំណង​ចម្បង​របស់​យើង?

១៦ ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង យើង​មាន​គោល​បំណង​ចង់​យល់​អំពី​កង្វល់​របស់​មនុស្ស ដើម្បី​បង្ហាញ​ដល់​ពួក​គេ​នូវ​ការ​ណែនាំ​ដែល​មាន​ក្នុង​គម្ពីរ។ នេះ​ជា​វិធី​ល្អ​មួយ​ដែល​យើង​អាច​ទាក់​ចិត្ត​ទាញ​អារម្មណ៍​ពួក​គេ​ឲ្យ​ចង់​សិក្សា​គម្ពីរ។ ក៏​ប៉ុន្តែ យើង​មិន​គ្រាន់​តែ​មាន​គោល​បំណង​ចង់​ជួយ​ពួក​គេ​ឲ្យ​យល់​នូវ​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ និង​ដឹង​អំពី​ប្រយោជន៍​ដែល​មក​ពី​រាជាណាចក្រ​របស់​ព្រះ​ប៉ុណ្ណោះ​ទេ។ យើង​ក៏​ត្រូវ​តែ​ជួយ​ពួក​គេ​ឲ្យ​យល់​អំពី​សារៈ​សំខាន់​នៃ​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា។ តើ​ពួក​គេ​សុខ​ចិត្ត​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក​ពិត​ដែល​រង​ទុក្ខ​លំបាក ហាក់​ដូច​ជា​លី​បង្គោល​ទារុណកម្ម ដោយ​ព្រោះ​ពួក​គេ​ជា​រាស្ត្រ​នៃ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? (​ម៉ាកុស ៨:៣៤​) តើ​ពួក​គេ​មាន​កម្លាំង​ចិត្ត​ល្មម​នឹង​ផ្ដល់​ទី​សំអាង​ថា សាតាំង​ជា​អ្នក​ភូត​កុហក​ដែល​ចេះ​តែ​និយាយ​បង្កាច់​បង្ខូច ដោយ​រួម​ចំណែក​ជា​មួយ​អស់​អ្នក​ដែល​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា​ឬ? (​សុភាសិត ២៧:១១​) យើង​មាន​ឯកសិទ្ធិ​ជួយ​មនុស្ស​ដទៃ​ឲ្យ​ធ្វើ​ដូច្នេះ​មែន ដំណាល​គ្នា​នឹង​ការ​ជួយ​ខ្លួន​ឯង​ផង។—ធីម៉ូថេ​ទី១ ៤:១៦

ពេល​ព្រះ​«​គ្រង​រាជ្យ​លើ​អ្វី​ៗ​ទាំង​អស់​»​

១៧, ១៨​. បើ​យើង​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា តើ​យើង​អាច​រស់​នៅ​គ្រា​ណា​មួយ​ជា​គ្រា​ដែល​មាន​ពរ​ពិត?

១៧ គប្បី​ឲ្យ​យើង​ខិតខំ​បង្ហាញ​យ៉ាង​អស់​ពី​សមត្ថភាព ថា​យើង​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា មិន​ថា​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង ឬ​ដោយសារ​កិរិយា​ប្រព្រឹត្ត​របស់​យើង​ក្ដី។ បើ​ដូច្នេះ យើង​អាច​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​គ្រា​ដែល​ព្រះ​យេស៊ូ​គ្រិស្ត​«​ប្រគល់​នគរ​[​ឬ​«​រាជ្យ​»​]​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​ទៅ​វិញ​»។ តើ​ព្រះ​យេស៊ូ​នឹង​ប្រគល់​រាជ្យ​ថ្វាយ​ព្រះ​យេហូវ៉ា​នៅ​ពេល​ណា? សាវ័ក​ប៉ុល​ពន្យល់​ថា​៖ ​«​ក្រោយ​ដែល​ទ្រង់​បាន​ទំលាក់​អស់​ទាំង​រាជ្យ​នឹង​អំណាច ហើយ​នឹង​ឥទ្ធិឫទ្ធិ​ទាំង​ប៉ុន្មាន​ចេញ ដ្បិត​គួរ​ឲ្យ​ទ្រង់​បាន​សោយ​រាជ្យ​ទាល់តែ​ដាក់​អស់​ទាំង​ខ្មាំង​សត្រូវ​នៅ​ក្រោម​ព្រះ​បាទ​ទ្រង់។ [​រួច​មក​]​រាជ​បុត្រា​នោះ​ឯង​ក៏​នឹង​ត្រូវ​ក្រាប​ក្រោម​ព្រះ​ដែល​បាន​បង្ក្រាប​គ្រប់​ទាំង​អស់​នៅ​ក្រោម​ទ្រង់​ដែរ ដើម្បី​ឲ្យ​ព្រះ​បាន​ធ្វើ​ជា​គ្រប់​ទាំង​អស់​ក្នុង​គ្រប់​ទាំង​អស់​»​ឬ​«​គ្រង​រាជ្យ​លើ​អ្វី​ៗ​ទាំង​អស់​ក្នុង​គ្រប់​ប្រការ​ទាំង​អស់​»។—កូរិនថូសទី១ ១៥:២៤, ២៥, ២៨; ខ.ស.

១៨ គ្រា​ដែល​ព្រះ​យេហូវ៉ា​«​គ្រង​រាជ្យ​លើ​អ្វី​ៗ​ទាំង​អស់​ក្នុង​គ្រប់​ប្រការ​ទាំង​អស់​»​ ពិត​ជា​នឹង​នាំ​ឲ្យ​មាន​ពរ​មែន! មក​ដល់​គ្រា​នោះ គោល​ដៅ​ទាំង​អស់​នៃ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា នឹង​បាន​សម្រេច​ហើយ។ អស់​អ្នក​ដែល​ប្រឆាំង​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា នឹង​លែង​មាន​ទៀត​ដែរ។ សកលលោក​ទាំង​មូល​នឹង​ពេញ​ទៅ​ដោយ​ភាព​សុខសាន្ត​ហើយ​មាន​របៀប​រៀប​រយ​ម្ដង​ទៀត។ មនុស្ស​និង​ទេវតា​គ្រប់​រូប​នឹង​នាំ​គ្នា​ច្រៀង​ចម្រៀង​សម​ស្រប​នឹង​អ្វី​ដែល​អ្នក​តែង​បទ​ទំនុកដំកើង​បាន​សរសេរ​៖ ​«​ចូរ​ថ្លែង​ប្រាប់​ពី​ព្រះ​យេហូវ៉ា​ថា ព្រះ​នាម​ទ្រង់​មាន​សិរី​ល្អ . . . ចូរ​ពោល​នៅ​កណ្ដាល​អស់​ទាំង​សាសន៍​ថា​៖ ‹ព្រះ​យេហូវ៉ា​ទ្រង់​គ្រប់គ្រង​[​ហើយ!​]› ​»។—ទំនុកដំកើង ៩៦:៨, ១០

តើ​អ្នក​អាច​ឆ្លើយ​បាន​ទេ?

• តើ​ព្រះ​យេស៊ូ​បាន​ទុក​ការ​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា​ជា​អាទិ​ភាព​យ៉ាង​ដូច​ម្ដេច?

• តើ​មរណភាព​និង​កិច្ច​បម្រើ​ផ្សាយ​របស់​ព្រះ​យេស៊ូ​បាន​សម្រេច​ការ​អ្វី​ជា​ចម្បង?

• ដើម្បី​បង្ហាញ​ថា​យើង​ជា​អ្នក​ដែល​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា តើ​យើង​អាច​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​ដោយ​របៀប​ណា​ខ្លះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ប្រអប់​នៅ​ទំព័រ​១១]

ចូរ​គាំទ្រ​ព្រះ​យេហូវ៉ា​ចុះ!

បង​ប្អូន​ជា​ច្រើន​នៅ​ប្រទេស​កូរ៉េ​និង​ប្រទេស​ឯ​ទៀត​ជ្រាប​ថា ពេល​គ្រិស្ត​សាសនិក​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង គប្បី​ឲ្យ​ពួក​គេ​នឹក​ចាំ​ពី​មូលហេតុ​នៃ​ការ​ពិបាក​ទាំង​នោះ។

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​ដែល​ធ្លាប់​ជាប់​គុក​ក្នុង​អំឡុង​ពេល​ដែល​អតីត​សហ​ភាព​សូវៀត​មាន​អំណាច​នោះ គាត់​មាន​ប្រសាសន៍​ថា​៖ ​«​អ្វី​ដែល​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​បាន គឺ​ដោយ​យល់​យ៉ាង​ច្បាស់​ពី​រឿង​សំខាន់​ដែល​ចាប់​ផ្ដើម​មាន​ឡើង​នៅ​ក្នុង​សួនច្បារ​អេដែន ស្តី​អំពី​សិទ្ធិ​គ្រប់គ្រង​របស់​ព្រះ។ . . . យើង​ជ្រាប​ថា យើង​មាន​ឱកាស​គាំទ្រ​ព្រះ​យេហូវ៉ា​និង​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ទ្រង់។ . . . ការ​យល់​ដឹង​បែប​នេះ​បាន​ពង្រឹង​កម្លាំង​យើង ទាំង​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ស្មោះ​ត្រង់​រហូត​»។

ស្មរបន្ទាល់​ម្នាក់​ក៏​ពន្យល់​អំពី​អ្វី​ដែល​បាន​ជួយ​ពង្រឹង​កម្លាំង​គាត់​និង​ស្មរបន្ទាល់​ម្នាក់​ទៀត ពេល​ដែល​ពួក​គាត់​ទាំង​ពីរ​នាក់​ជាប់​នៅ​ជំរំ​ឃុំ​ឃាំង​ដែល​គេ​បង្ខំ​ឲ្យ​ពួក​គាត់​ធ្វើ​ពល​កម្ម​ជា​ទម្ងន់។ គាត់​មាន​ប្រសាសន៍​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​បន្ថែម​កម្លាំង​ឲ្យ​យើង។ ទោះ​ជា​មាន​សភាព​ការណ៍​ដ៏​លំបាក​ក្ដី យើង​មិន​អនុញ្ញាត​ឲ្យ​អ្វី​ក៏​ដោយ​មក​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​ចុះ​ខ្សោយ​បាន​ឡើយ។ យើង​តែង​តែ​លើក​ទឹក​ចិត្ត​និង​រំលឹក​គ្នា​ទៅ​វិញ​ទៅ​មក​ថា យើង​បាន​គាំទ្រ​ព្រះ​យេហូវ៉ា​ដោយ​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ទ្រង់​»។

[រូបភាព​នៅ​ទំព័រ​៨]

ពេល​សាតាំង​បាន​ល្បួង​ព្រះ​យេស៊ូ តើ​ទ្រង់​លើក​តម្កើង​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

[រូបភាព​នៅ​ទំព័រ​១០]

តើ​មរណភាព​របស់​ព្រះ​យេស៊ូ​បាន​សម្រេច​ការ​អ្វី?