លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សស្ដ្រាវុធទាស់នឹងយើង គ្មានប្រសិទ្ធភាពអ្វីឡើយ!

សស្ដ្រាវុធទាស់នឹងយើង គ្មានប្រសិទ្ធភាពអ្វីឡើយ!

សស្ដ្រាវុធ​ទាស់​នឹង​យើង គ្មាន​ប្រសិទ្ធភាព​អ្វី​ឡើយ!

​«​គ្រឿង​សស្ដ្រាវុធ​ណា​ដែល​គេ​ធ្វើ​ឡើង នោះ​គ្មាន[​«​ប្រសិទ្ធភាព​អ្វី​»​]​ឡើយ​»។—អេសាយ ៥៤:១៧; ខ.ស.

១, ២​. តើ​បទ​ពិសោធន៍​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​អាល់បានី​ផ្ដល់​ទី​សំអាង​បែប​ណា​ដែល​បញ្ជាក់​ថា​ពាក្យ​ក្នុង​អេសាយ ៥៤:១៧ ជា​ការ​ពិត?

 ជាង​៤០​ឆ្នាំ​មុន គ្រិស្ត​សាសនិក​មួយ​ក្រុម​នា​ប្រទេស​មួយ​ដែល​សម្បូរ​ភ្នំ​ហើយ​ស្ថិត​នៅ​ទិស​អាគ្នេយ៍​នា​ទ្វីប​អឺរ៉ុប បាន​បង្ហាញ​ថា​ពួក​គេ​មិន​ខ្លាច​អ្វី​ឡើយ។ រដ្ឋាភិបាល​កុម្មុយនីស្ត​ដែល​មិន​ជឿ​ថា​មាន​ព្រះ​សោះ បាន​ព្យាយាម​បំបាត់​ចោល​គ្រិស្ត​សាសនិក​មួយ​ក្រុម​នេះ យ៉ាង​អស់​ពី​សមត្ថភាព។ ទោះ​បើ​រដ្ឋាភិបាល​ធ្វើ​បាប​ពួក​គេ បញ្ជូន​ពួក​គេ​ទៅ​ធ្វើ​ពល​កម្ម​ជា​ទម្ងន់​ក្នុង​ជំរំ​ឃុំ​ឃាំង​ផ្សេង​ៗ​ ព្រម​ទាំង​ផ្សាយ​រឿង​មិន​ពិត​ដ៏​អាក្រក់​ៗ​ពី​ពួក​គេ​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​ស្ថិតស្ថេរ​នៅ​ឡើយ។ តើ​គ្រិស្ត​សាសនិក​ទាំង​នោះ​ជា​នរណា? តើ​ពួក​គេ​រស់​នៅ​ប្រទេស​ណា? ក្រុម​ពួក​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​ទាំង​នោះ គឺ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​អាល់បានី។ ទោះ​ជា​ពួក​គេ​ស្ថិត​ក្រោម​កាលៈទេសៈ​ដ៏​ពិបាក​ណាស់​ក្ដី ពួក​គេ​បាន​ខំ​តស៊ូ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​និង​ការ​ប្រជុំ​គ្នា​ជិត​៥០​ឆ្នាំ​ហើយ។ ភាព​ស្មោះ​ត្រង់​របស់​ពួក​គេ​បាន​លើក​តម្កើង​ជំនឿ​របស់​ពួក​គេ​ជា​គ្រិស្ត​សាសនិក ថា​មាន​តម្លៃ​មែន ហើយ​ក៏​បាន​សរសើរ​ឈ្មោះ​ព្រះ​យេហូវ៉ា​ផង​ដែរ។ នៅ​ឆ្នាំ​២០០៦ ពេល​មាន​កម្មវិធី​សម្ពោធន៍​ការិយាល័យ​សាខា​ថ្មី​នៅ​ប្រទេស​អាល់បានី ស្មរបន្ទាល់​ម្នាក់​ដែល​ធ្លាប់​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​យូរ​មាន​ប្រសាសន៍​ថា​៖ ​«​ទោះ​បើ​សាតាំង​ព្យាយាម​យ៉ាង​ខ្លាំង​ក៏​ដោយ វា​តែង​តែ​ចាញ់ ហើយ​ព្រះ​យេហូវ៉ា​តែង​តែ​ឈ្នះ​ទៅ​វិញ!​»។

ប្រវត្ដិសាស្ត្រ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​អាល់បានី​ផ្ដល់​ទី​សំអាង​ថា ព្រះ​យេហូវ៉ា​ពិត​ជា​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់​ដែល​មាន​ក្នុង​សៀវភៅ​អេសាយ ៥៤:១៧ ដែល​ចែង​ថា​៖ ​«​ឯ​គ្រឿង​សស្ដ្រាវុធ​ណា​ដែល​គេ​ធ្វើ​ឡើង នោះ​គ្មាន​ណា​មួយ​នឹង​អាច​ទាស់​នឹង​ឯង​បាន​ឡើយ ហើយ​អស់​ទាំង​អណ្ដាត​ណា​ដែល​កំរើក​ទាស់​នឹង​ឯង​ក្នុង​រឿង​ក្ដី នោះ​ឯង​នឹង​កាត់​ទោស​ឲ្យ​វិញ​»។ ក្នុង​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ ខ​នេះ​បាន​បកប្រែ​ថា​៖ ​«​គ្រឿង​សព្វាវុធ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​បង្កើត​ដើម្បី​វាយ​ប្រហារ​អ្នក នឹង​គ្មាន​ប្រសិទ្ធភាព​អ្វី​ឡើយ ចំពោះ​គូវិវាទ​ដែល​ប្ដឹង​ចោទ​ប្រកាន់​អ្នក អ្នក​នឹង​ធ្វើ​អោយ​គេ​ទទួល​ទោស​វិញ​»។ ប្រវត្ដិសាស្ត្រ​ថ្កោល​ទោស​ថា ទោះ​ជា​មនុស្ស​ក្នុង​ពិភព​លោក​របស់​សាតាំង​ធ្វើ​អ្វី​ក៏​ដោយ ពួក​គេ​នៅ​តែ​មិន​អាច​ទប់​ស្កាត់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដែល​បាន​ថ្វាយ​ខ្លួន​ជា​អ្នក​ថ្វាយ​បង្គំ​ទ្រង់​នៅ​ឡើយ។

សស្ដ្រាវុធ​របស់​សាតាំង គ្មាន​ប្រសិទ្ធភាព

៣, ៤​. (​ក​) តើ​សស្ដ្រាវុធ​របស់​សាតាំង​រួម​មាន​អ្វី​ខ្លះ? (​ខ​) តើ​អ្វី​ដែល​បង្ហាញ​ថា សស្ដ្រាវុធ​របស់​សាតាំង​គ្មាន​ប្រសិទ្ធភាព?

សស្ដ្រាវុធ​ដែល​សាតាំង​ធ្លាប់​ប្រើ​ទាស់​នឹង​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​ពិត គឺ​រួម​មាន​បម្រាម អំពើ​ហិង្សា​ពី​មនុស្ស​ដែល​ពួត​ដៃ​គ្នា​ដើម្បី​ធ្វើ​បាប​ពួក​គេ ការ​ចាប់​ដាក់​គុក​និង​ការ‹បង្កើត​ប្រទូសរ៉ាយ​ដោយ​អាង​មាត្រា​ច្បាប់›ជា​ដើម។ (​ទំនុកដំកើង ៩៤:២០​) តាម​ការ​ពិត សូម្បី​តែ​ពេល​ឥឡូវ​នេះ​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​រួម​គ្នា​ដើម្បី​សិក្សា​អត្ថបទ​នេះ សាតាំង​កំពុង​«​ល្បងល​»​គ្រិស្ត​សាសនិក​ពិត​នៅ​ប្រទេស​ផ្សេង​ៗ ដើម្បី​បង្ហាញ​ថា​តើ​ពួក​គេ​នឹង​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​ចំពោះ​ព្រះ​ឬ​យ៉ាង​ណា?—វិវរណៈ ២:១០

ជា​ឧទាហរណ៍ ការិយាល័យ​សាខា​មួយ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​រាយ​ការណ៍​ថា ក្នុង​អំឡុង​ពេល​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ មាន​៣២​លើក​ដែល​មនុស្ស​ដទៃ​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​បម្រើ​ព្រះ ពេល​ពួក​គេ​កំពុង​ផ្សព្វផ្សាយ។ បន្ថែម​ទៅ​ទៀត អស់​៥៩​ដង នគរ​បាល​បាន​ចាប់​ស្មរបន្ទាល់ ទាំង​ចាស់​ទាំង​ក្មេង ទាំង​ប្រុស​ទាំង​ស្រី ដែល​កំពុង​ផ្សព្វផ្សាយ​ជា​សាធារណៈ។ នគរ​បាល​បាន​ថត​រូប​និង​បង្ខំ​ស្មរបន្ទាល់​ខ្លះ​ឲ្យ​ផ្ដិត​ដៃ ហើយ​ក្រោយ​មក​យក​ទៅ​ដាក់​គុក​ជា​ឧក្រិដ្ឋ​ជន។ ក្នុង​ករណី​ឯ​ទៀត អ្នក​ដទៃ​បាន​គំរាម​កំហែង​វាយ​ស្មរបន្ទាល់​ម្នាក់​ៗ​ដែរ។ នៅ​ប្រទេស​មួយ​ទៀត ជាង​១.១០០​ដង ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ត្រូវ​គេ​ផាក​ពិន័យ វាយ​និង​ឃាត់​ខ្លួន។ ជាង​២០០​ដង នេះ​បាន​កើត​ឡើង​ក្នុង​ថ្ងៃ​ដដែល គឺ​នៅ​ថ្ងៃ​ដែល​ស្មរបន្ទាល់​បាន​ជួបជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​រំលឹក​ពី​មរណកាល​របស់​ព្រះ​យេស៊ូ។ ទោះ​ជា​មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​លទ្ធភាព​បន្ដិច​សោះ សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​បាន​ជួយ​រាស្ត្រ​របស់​ទ្រង់​ឲ្យ​រួច​រស់​ជីវិត​នៅ​ប្រទេស​ទាំង​នោះ និង​ប្រទេស​ឯ​ទៀត​ផង​ដែរ។ (​សាការី ៤:៦​) សូម្បី​តែ​ពេល​ដែល​ពួក​ខ្មាំង​ទាំង​នោះ​ពាធា​យ៉ាង​ខ្លាំង​ក្ដី ពួក​គេ​មិន​អាច​បំបិទ​មាត់​ពួក​អ្នក​ដែល​សរសើរ​ព្រះ​យេហូវ៉ា​បាន​ឡើយ។ ពិត​មែន​ហើយ យើង​ទុក​ចិត្ត​ថា សស្ដ្រាវុធ​ណា​ដែល​ទាស់​នឹង​យើង មិន​អាច​រារាំង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ទាល់តែ​សោះ!

អណ្ដាត​ណា​ដែល​ប្ដឹង​ចោទ​យើង ត្រូវ​កាត់​ទោស

៥​. នៅ​សតវត្សរ៍​ទី​មួយ តើ​អណ្ដាត​ណា​ខ្លះ​ដែល​ប្ដឹង​ចោទ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា?

អេសាយ​បាន​ទាយ​ថា រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​កាត់​ទោស​អណ្ដាត​ណា​ដែល​ប្ដឹង​ចោទ​ពួក​គេ។ នៅ​សតវត្សរ៍​ទី​មួយ មនុស្ស​ជា​ច្រើន​បាន​និយាយ​ដើម​ពួក​គ្រិស្ត​សាសនិក ដោយ​មាន​បំណង​បង្អាប់​ពួក​គេ​ថា​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។ សៀវភៅ​កិច្ចការ ១៦:២០, ២១ រៀប​រាប់​ពី​ពាក្យ​បង្អាប់​ដែល​គេ​និយម​ប្រើ​នៅ​សម័យ​នោះ​ថា​៖ ​«​[​អ្នក​]​ទាំង​នេះ​នាំ​ឲ្យ​ទី​ក្រុង​យើង​កើត​វឹកវរ​ជា​ខ្លាំង​ណាស់! គេ​ប្រកាស​ប្រាប់​ពី​ទំនៀម​ទំ​លាប់​ដែល​យើង​ខ្ញុំ​ជា​សាសន៍​រ៉ូម​គ្មាន​ច្បាប់​ទទួល​ឬ​កាន់​តាម​ឡើយ​»។ មាន​កាលៈទេសៈ​មួយ​ទៀត ពេល​អ្នក​ប្រកាន់​សាសនា​បាន​ខំ​ញុះញង់​ចៅហ្វាយ​ក្រុង​ឲ្យ​ចាត់​វិធានការ​ប្រឆាំង​នឹង​គ្រិស្ត​សាសនិក​នៅ​ទី​នោះ ដោយ​និយាយ​ថា​៖ ​«​ពួក​ដែល​នាំ​ឲ្យ​ក្រឡាប់​ផែនដី​នោះ បាន​មក​ទី​នេះ​ហើយ . . . ពួក​នោះ​ប្រព្រឹត្ត​សុទ្ធតែ​ខុស​នឹង​បញ្ញត្ត​របស់​សេសារ​»។ (​កិច្ចការ ១៧:៦, ៧​) ណា​មួយ​ទៀត ធ្លាប់​មាន​គេ​ហៅ​សាវ័ក​ប៉ុល​ថា​ជា​«​មនុស្ស​ចង្រៃ​»​ ព្រម​ទាំង​ចោទ​ថា​គាត់​ជា​មេ​និកាយ​ដែល​ញុះញង់​បណ្ដាជន​«​ទាំង​អស់​នៅ​លោកីយ​នេះ​»​ឲ្យ​បះបោរ​នឹង​រដ្ឋាភិបាល។—កិច្ចការ ២៤:២​-​៥

៦, ៧​. តើ​គ្រិស្ត​សាសនិក​ពិត​កាត់​ទោស​អណ្ដាត​ដែល​ប្ដឹង​ចោទ​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

អាស្រ័យ​ហេតុ​នេះ យើង​មិន​ភ្ញាក់​ផ្អើល​ទេ ពេល​មនុស្ស​និយាយ​ដើម មួល​បង្កាច់​និង​បង្អាប់​យើង​ជា​គ្រិស្ត​សាសនិក​ពិត។ តើ​យើង​កាត់​ទោស​អណ្ដាត​បែប​នោះ​ដែល​ប្ដឹង​ចោទ​យើង​យ៉ាង​ដូច​ម្ដេច?—អេសាយ ៥៤:១៧

ម្ដង​ហើយ​ម្ដង​ទៀត កិរិយា​ល្អ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​របស់​អ្នក​ប្រឆាំង​ដែល​ផ្សាយ​ទូទៅ​នោះ គ្មាន​សច្ចភាព​ឡើយ។ (​ពេត្រុសទី១ ២:១២​) ពេល​គ្រិស្ត​សាសនិក​ធ្វើ​តាម​ច្បាប់​រដ្ឋ មាន​សីលធម៌​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ នេះ​បង្ហាញ​ថា បណ្ដឹង​របស់​អ្នក​ចោទ​ប្រឆាំង​មិន​ជា​ការ​ពិត​ទេ។ អាកប្បកិរិយា​ល្អ​របស់​យើង​ផ្ដល់​ទី​សំអាង​ថា យើង​ជា​មនុស្ស​សុចរិត។ ជួន​កាល ពេល​អ្នក​ដទៃ​ឃើញ​ការ​ល្អ​ដែល​យើង​ធ្វើ នេះ​ក៏​ជំរុញ​ពួក​គេ​ឲ្យ​សរសើរ​បិតា​របស់​យើង​នៅ​ឯ​ស្ថានសួគ៌ ព្រម​ទាំង​ទទួល​ស្គាល់​ថា របៀប​រស់​នៅ​របស់​រាស្ត្រ​ទ្រង់​ពិត​ជា​ប្រសើរ​ជាង​របៀប​រស់​នៅ​របស់​មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ។—អេសាយ ៦០:១៤; ម៉ាថាយ ៥:១៤​-​១៦

៨​. (​ក​) ជួន​កាល តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ថា​ទង្វើ​របស់​យើង​មាន​មូលដ្ឋាន​លើ​គម្ពីរ? (​ខ​) ស្រប​ទៅ​តាម​គំរូ​របស់​ព្រះ​យេស៊ូ តើ​យើង​កាត់​ទោស​អណ្ដាត​ដែល​ប្ដឹង​ចោទ​យើង​យ៉ាង​ដូច​ម្ដេច?

បន្ថែម​ទៅ​លើ​កិរិយា​ល្អ​ជា​គ្រិស្ត​សាសនិក ជួន​កាល​យើង​ក៏​ត្រូវ​តែ​មាន​ចិត្ត​មោះ​មុត​ក្នុង​ការ​បង្ហាញ​ថា ទង្វើ​របស់​យើង​មាន​មូលដ្ឋាន​លើ​គម្ពីរ។ វិធី​មួយ​ដែល​យើង​ធ្វើ​ដូច្នេះ គឺ​ដោយ​ស្នើ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​និង​តុលាការ​នានា។ (​នាងអេសធើរ ៨:៣; កិច្ចការ ២២:២៥​-​២៩; ២៥:១០​-​១២​) ពេល​នៅ​ផែនដី ម្ដង​ម្កាល​ព្រះ​យេស៊ូ​ក៏​បាន​និយាយ​ស្តី​ដោយ​ចំហ តប​ត​នឹង​ការ​ចោទ​ប្រកាន់​មិន​ពិត​របស់​គូវិវាទ។ (​ម៉ាថាយ ១២:៣៤​-​៣៧; ១៥:១​-​១១​) ដូច​ព្រះ​យេស៊ូ យើង​ក៏​សប្បាយ​ចិត្ត​ដែរ ពេល​មាន​ឱកាស​ដើម្បី​ពន្យល់​យ៉ាង​ច្បាស់​អំពី​ជំនឿ​ស៊ប់​ក្នុង​ចិត្ត​យើង។ (​ពេត្រុសទី១ ៣:១៥​) បើ​មិត្ត​រួម​ថ្នាក់ អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​នឹង​យើង ហើយ​ញាតិ​សន្ដាន​ចំអក​មើល​ងាយ​ជំនឿ​របស់​យើង កុំ​ឲ្យ​ការ​ទាំង​នោះ​ផ្ដល់​ហេតុ​បន្លាច​យើង​ឲ្យ​ឈប់​ប្រកាស​សារ​អំពី​សេចក្ដី​ពិត​ក្នុង​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ឡើយ។—ពេត្រុសទី២ ៣:៣, ៤

ក្រុង​យេរូសាឡិម​ប្រៀប​ដូច​ជា​«​ថ្ម​ដែល​សង្កត់​លើ​»​គេ

៩​. ក្នុង​សាការី ១២:៣ តើ​«​ថ្ម​ដែល​សង្កត់​លើ​»​គេ សំដៅ​ទៅ​លើ​ក្រុង​យេរូសាឡិម​មួយ​ណា? នៅ​ឯ​ផែនដី តើ​អ្នក​ណា​ជា​អ្នក​តំណាង​ក្រុង​យេរូសាឡិម​នោះ?

ទំនាយ​របស់​លោក​សាការី​ក៏​ជួយ​បំភ្លឺ​ឲ្យ​យើង​យល់​នូវ​មូលហេតុ​ដែល​គ្រប់​ទាំង​ប្រជាជាតិ​ប្រឆាំង​ពួក​គ្រិស្ត​សាសនិក​ពិត។ សូម​កត់​សម្គាល់​អ្វីដែល​ចែង​ទុក​ក្នុង​សៀវភៅ​សាការី ១២:៣ ដែល​ថា​៖ ​«​អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូសាឡិម​ទៅ​ជា​ថ្ម​ដែល​សង្កត់​លើ​អស់​ទាំង​សាសន៍​»។ តើ​ក្រុង​យេរូសាឡិម​ក្នុង​បទ​ទំនាយ​នេះ​សំដៅ​ទៅ​លើ​អ្វី? ទំនាយ​របស់​សាការី​អំពី​ទី​ក្រុង​យេរូសាឡិម សំដៅ​ទៅ​លើ​«​ក្រុង​យេរូសាឡិម​នៃ​ស្ថានសួគ៌​»​ ពោល​គឺ រាជាណាចក្រ​របស់​ព្រះ​នៅ​ឯ​ស្ថានសួគ៌ ដែល​រួម​បញ្ចូល​គ្រិស្ត​សាសនិក​មួយ​ចំនួន​ដែល​ទ្រង់​បាន​តែងតាំង​ឲ្យ​គ្រប់គ្រង​នៅ​ទី​នោះ។ (​ហេព្រើរ ១២:២២​) មួយ​ចំនួន​តូច​នៃ​អស់​អ្នក​ដែល​នឹង​គ្រប់គ្រង​ជា​មួយ​ព្រះ​មេស្ស៊ី មិន​ទាន់​ឡើង​ទៅ​ស្ថានសួគ៌​ទេ។ ពួក​គាត់​រួម​ដៃ​ជា​មួយ​គូកន​ទាំង​ឡាយ​នៅ​ផែនដី ដែល​ជា​ពួក​«​ចៀម​ឯ​ទៀត​»​ ក្នុង​ការ​ជំរុញ​ចិត្ត​មនុស្ស​នៅ​គ្រា​នេះ​ដែល​មាន​ឱកាស​នៅ​ឡើយ ឲ្យ​ក្លាយ​ទៅ​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ (​យ៉ូហាន ១០:១៦; វិវរណៈ ១១:​១៥​) តើ​ប្រជាជាតិ​ជា​ច្រើន​សុខ​ចិត្ត​ក្លាយ​ទៅ​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទេ? នៅ​សព្វ​ថ្ងៃ​នេះ តើ​ព្រះ​យេហូវ៉ា​គាំទ្រ​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ទ្រង់​យ៉ាង​ដូច​ម្ដេច? យើង​អាច​រក​ចម្លើយ​បាន ពេល​ពិនិត្យ​មើល​ខ្លឹមសារ​នៃ​សៀវភៅ​សាការី ជំពូក​១២ ឲ្យ​បាន​ដិត​ដល់។ នេះ​នឹង​ជួយ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា ‹គ្រឿង​សស្ដ្រាវុធ​ដែល​គេ​ធ្វើ›ទាស់​នឹង​អស់​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​តែងតាំង​ឲ្យ​គ្រប់គ្រង​នៅ​ស្ថានសួគ៌ ហើយ​ទាស់​នឹង​គូកន​របស់​ពួក​គាត់​ដែល​បាន​ថ្វាយ​ខ្លួន​ចំពោះ​ទ្រង់​ដែរ ‹នោះ​គ្មាន​ប្រសិទ្ធភាព​អ្វី​ឡើយ›។

១០​. (​ក​) ម្ដេច​ក៏​ប្រជាជាតិ​ទាំង​ឡាយ​ប្រឆាំង​នឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា? (​ខ​) ចំពោះ​អស់​អ្នក​ដែល​ខំ​យក​«​ថ្ម​ដែល​សង្កត់​លើ​»​គេ​ចេញ តើ​មាន​លទ្ធផល​អ្វី?

១០ សៀវភៅ​សាការី ១២:៣ រៀប​រាប់​ថា គ្រប់​ប្រជាជាតិ​នៅ​ផែនដី​នឹង​រង​«​របួស​ជា​ធ្ងន់​»។ តើ​នេះ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? ដោយសារ​ព្រះ​យេហូវ៉ា​មាន​គោល​បំណង​ឲ្យ​មនុស្ស​ឮ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ទ្រង់ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចាត់​ទុក​កិច្ចការ​ផ្សព្វផ្សាយ​ជា​ភារកិច្ច​ដ៏​សំខាន់​ចម្បង។ ប៉ុន្តែ ពេល​ដែល​ពួក​គេ​ប្រកាស​សារ​ដែល​ថា រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ជា​ដំណោះ​ស្រាយ​តែ​មួយ​គត់​ចំពោះ​បញ្ហា​របស់​មនុស្ស​ជាតិ សារ​នោះ​ប្រៀប​ដូច​ជា​«​ថ្ម​ដែល​សង្កត់​លើ​»​អស់​ទាំង​ប្រជាជាតិ​វិញ។ ពួក​គេ​ខំ​ទប់​ស្កាត់​អ្នក​ដែល​ប្រកាស​សារ​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា ហាក់​ដូច​ជា​ចង់​យក​ថ្ម​ជា​បន្ទុក​នោះ​ចេញ។ ពេល​ដែល​ប្រជាជាតិ​ទាំង​ឡាយ​ខំ​រារាំង​កិច្ចការ​ផ្សព្វផ្សាយ​នោះ ពួក​គេ​រង​«​របួស​ជា​ធ្ងន់​»។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង ពួក​គេ​ក៏​បាក់​មុខ​ផង​ដែរ ពេល​គម្រោង​អាក្រក់​របស់​ពួក​គេ​បាន​បរាជ័យ។ ប្រជាជាតិ​ទាំង​ឡាយ​មិន​អាច​បំបិទ​មាត់​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​ពិត​ទេ ពីព្រោះ​ពួក​គេ​ចាត់​ទុក​កិច្ចការ​ប្រកាស​ផ្សាយ​នេះ​ជា​ឯកសិទ្ធិ​ពិសេស ហើយ​ពួក​គេ​ចង់​ប្រាប់​ឲ្យ​មនុស្ស​ឮ​«​ដំណឹង​ល្អ​ដ៏​នៅ​អស់កល្ប​ជានិច្ច​»​អំពី​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី មុន​អវសាន​កាល​នៃ​ពិភព​លោក​នេះ។ (​វិវរណៈ ១៤:៦​) ពេល​អ្នក​យាម​គុក​ម្នាក់​នៅ​ប្រទេស​មួយ​នា​ទ្វីប​អាហ្វ្រិក​បាន​ឃើញ​គេ​ធ្វើ​បាប​អ្នក​បម្រើ​ព្រះ​យេហូវ៉ា គាត់​មាន​ប្រសាសន៍​ថា​៖ ‹ធ្វើ​បាប​មនុស្ស​ទាំង​នេះ គ្មាន​ប្រយោជន៍​ទេ។ គេ​មិន​ឈប់​បម្រើ​ព្រះ​ឡើយ។ គេ​ចេះ​តែ​ចម្រើន​ឡើង​ទៅ​វិញ›។

១១​. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ទ្រង់​ដែល​មាន​ក្នុង​សាការី ១២:៤ យ៉ាង​ដូច​ម្ដេច?

១១ សូម​អាន សាការី ១២:៤ ព្រះ​យេហូវ៉ា​សន្យា​ថា អស់​អ្នក​ដែល​ប្រឆាំង​នឹង​រាស្ត្រ​ដ៏​ក្លាហាន​របស់​ទ្រង់​ដែល​កំពុង​ប្រកាស​សារ​អំពី​រាជាណាចក្រ ក្នុង​ន័យ​ធៀប​ទ្រង់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​ខ្វាក់​ភ្នែក ព្រម​ទាំង​មាន​អារម្មណ៍​«​ស្លុត​ស្លាំង​»​ផង។ ព្រះ​យេហូវ៉ា​បាន​បំពេញ​តាម​ពាក្យ​សន្យា​នេះ​មែន! ជា​ឧទាហរណ៍ នៅ​ប្រទេស​មួយ​ដែល​មាន​បម្រាម​លើ​ការ​ថ្វាយ​បង្គំ​ពិត រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​តែ​អាច​ទទួល​សៀវភៅ​ផ្សេង​ៗ​ពី​អង្គការ​របស់​ទ្រង់ ទោះ​ជា​មាន​អ្នក​ប្រឆាំង​ច្រើន​ក៏​ដោយ។ សារ​ព័ត៌មាន​មួយ​ក៏​មាន​អត្ថបទ​ដែល​អះអាង​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចង​សៀវភៅ​ភ្ជាប់​ទៅ​នឹង​ប៉េង​ប៉ោង ហើយ​បង្ហោះ​ឲ្យ​ចូល​ទៅ​ក្នុង​ប្រទេស​នោះ! ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​ពាក្យ​សន្យា​ដែល​ទ្រង់​ស្បថ​ចំពោះ​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ទ្រង់​មែន! ទ្រង់​សន្យា​ថា​៖ ​«​អញ​នឹង​បើក​ភ្នែក​មើល . . . ហើយ​នឹង​វាយ​អស់​ទាំង​សេះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ឲ្យ​ខ្វាក់​ភ្នែក​»។ អស់​អ្នក​ដែល​ប្រឆាំង​នឹង​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ចេះ​តែ​ទាល់​គំនិត ហាក់​ដូច​ជា​ខ្វាក់​ភ្នែក ហើយ​ដូច្នេះ​ក៏​មាន​ចិត្ត​មួម៉ៅ​ផង។ រីឯ​យើង​វិញ យើង​ជឿ​ស៊ប់​ថា ព្រះ​យេហូវ៉ា​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រាស្ត្រ​ទ្រង់ ហើយ​បន្ថែម​កម្លាំង​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​នៅ​ស្ថិតស្ថេរ​រហូត។—ពង្សាវតារក្សត្រទី២ ៦:១៥​-​១៩

១២​. (​ក​) ពេល​នៅ​ផែនដី តើ​ព្រះ​យេស៊ូ​បាន​បង្កាត់​ភ្លើង​យ៉ាង​ធំ​ក្នុង​ន័យ​អ្វី? (​ខ​) តើ​អ្នក​ដែល​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​បាន​អុជ​អាល​បណ្ដាល​ឲ្យ​កើត​វិវាទ​ដោយ​ធ្វើ​អ្វី? តើ​មាន​លទ្ធផល​យ៉ាង​ណា?

១២ សូម​អាន សាការី ១២:៥, ៦ ​«​ពួក​ចៅហ្វាយ​នៃ​សាសន៍​យូដា​»​សំដៅ​ទៅ​លើ​អស់​អ្នក​ដែល​មាន​ភារកិច្ច​ត្រួត​ពិនិត្យ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​ការ​បំពេញ​ភារកិច្ច​ផ្សេង​ៗ​នៅ​ផែនដី ដែល​លើក​តម្កើង​រាជាណាចក្រ​របស់​ទ្រង់ ប្រៀប​ដូច​ជា​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ។ មាន​គ្រា​មួយ​ដែល​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​សិស្ស​ទ្រង់​ថា​៖ ​«​ខ្ញុំ​បាន​មក​ដើម្បី​នឹង​បោះ​ភ្លើង​នៅ​លើ​ផែនដី​»។ (​លូកា ១២:៤៩​) ក្នុង​ន័យ​ធៀប ព្រះ​យេស៊ូ​បាន​បង្កាត់​ភ្លើង​យ៉ាង​ធំ​មែន! ទ្រង់​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​ដោយ​ខ្នះខ្នែង ហើយ​នេះ​បាន​ជំរុញ​មនុស្ស​ឲ្យ​គិត​អំពី​សារៈ​សំខាន់​នៃ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា។ ជា​លទ្ធផល នេះ​បាន​អុជ​អាល​បណ្ដាល​ឲ្យ​ជនជាតិ​យូដា​ឈ្លោះ​គ្នា​ពី​រឿង​នោះ។ (​ម៉ាថាយ ៤:១៧, ២៥; ១០:៥​-​៧, ១៧​-​២០​) ស្រដៀង​គ្នា​ដែរ អ្នក​ដែល​កាន់​តាម​ព្រះ​យេស៊ូ​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ប្រៀប​«​ដូច​ជា​ជើង​ក្រាន​មាន​ភ្លើង​ឆេះ​នៅ​កណ្ដាល​ឧស ហើយ​ដូច​ជា​ចន្លុះ​ឆេះ​នៅ​កណ្ដាល​កណ្ដាប់​ស្រូវ​»​ក្នុង​ន័យ​ថា អុជ​អាល​បណ្ដាល​ឲ្យ​កើត​វិវាទ។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៩១៧ អង្គការ​របស់​ព្រះ​យេហូវ៉ា​បាន​បោះ​ពុម្ព​សៀវភៅ​មួយ​ដែល​បក​អាក្រាត​អំពើ​ពុត​ត្បុត​របស់​ពិភព​គ្រិស្ត​សាសនា។ a ជា​លទ្ធផល អ្នក​ធំ​ក្នុង​ពិភព​គ្រិស្ត​សាសនា​មាន​កំហឹង​យ៉ាង​ខ្លាំង។ ហើយ​ពេល​ថ្មី​ៗ​នេះ ខិត្តប័ណ្ណ​ដំណឹង​ព្រះ​រាជាណាចក្រ លេខ​៣៧ ដែល​មាន​ចំណង​ជើង​ថា ​«​សាសនា​មិន​ពិត​ជិត​ត្រូវ​បំផ្លាញ​ហើយ!​»​ បាន​ជំរុញ​មនុស្ស​ជា​ច្រើន​ឲ្យ​សម្រេច​ចិត្ត​លើក​តម្កើង​ឬ​ក៏​ប្រឆាំង​រាជាណាចក្រ​របស់​ព្រះ។

ព្រះ​យេហូវ៉ា​ជួយ​សង្គ្រោះ‹ទីលំនៅ​របស់​ពួក​យូដា›

១៣​. តើ‹ទីលំនៅ​របស់​ពួក​យូដា›បង្កប់​អត្ថន័យ​អ្វី? ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ជួយ​សង្គ្រោះ​ពួក​គាត់​ជា​មុន?

១៣ សូម​អាន សាការី ១២:៧, ៨ ពាក្យ​ភាសា​ដើម​ដែល​បកប្រែ​ថា ​«​ទីលំនៅ​»​ក្នុង​ខ​ទាំង​នេះ សំដៅ​ទៅ​លើ‹ត្រសាល›។ ត្រសាល​ជា​«​ទីលំនៅ​»​ធម្មតា​នៅ​ប្រទេស​អ៊ីស្រាអែល​សម័យ​បុរាណ ពីព្រោះ​អ្នក​ឃ្វាល​សត្វ​និង​ពួក​កសិករ​មាន​ទម្លាប់​ដំឡើង​ត្រសាល​នៅ​ឯ​វាល។ ក្នុង​ករណី​ដែល​ជនជាតិ​ដទៃ​ចង់​ដណ្ដើម​យក​ទី​ក្រុង​យេរូសាឡិម អ្នក​ដែល​មាន​ទីលំនៅ​នា​កណ្ដាល​វាល​នឹង​ឃើញ​កងទ័ព​របស់​ពួក​ខ្មាំង​មុន​គេ ហើយ​ក៏​ត្រូវ​ការ​ជំនួយ​មុន​គេ​ផង​ដែរ។ ដូច្នេះ ពាក្យ​«​ទីលំនៅ​ទាំង​ប៉ុន្មាន​របស់​ពួក​យូដា​»​បង្កប់​អត្ថន័យ​ថា គ្រិស្ត​សាសនិក​នៅ​ផែនដី​សព្វ​ថ្ងៃ​នេះ​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថានសួគ៌​នៅ​ឡើយ មើល​ទៅ​ដូច​ជា​ងាយ​រង​គ្រោះ ហាក់​ដូច​ជា​គ្មាន​នរណា​ការពារ​ពួក​គាត់។ យ៉ាង​ណា​ក៏​ដោយ ពួក​គាត់​កាន់​ជំហរ​រឹង​មាំទាំង​ក្លាហាន​ផង ក្នុង​ការ​លើក​តម្កើង​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី។ ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​នឹង​ជួយ​សង្គ្រោះ​«​ទីលំនៅ​ទាំង​ប៉ុន្មាន​របស់​ពួក​យូដា​ជា​មុន​»​ ពីព្រោះ​សាតាំង​ពាធា​ពួក​គេ​ជា​មុន​ផង។

១៤​. ចំពោះ​ពួក​អ្នក​ដែល​ប្រៀប​ដូច​ជា​ស្នាក់​នៅ​ក្នុង‹ទីលំនៅ​របស់​ពួក​យូដា› តើ​ព្រះ​យេហូវ៉ា​ការពារ​ពួក​គាត់​ដើម្បី​មិន​ឲ្យ​ចុះ​«​ខ្សោយ​»​យ៉ាង​ដូច​ម្ដេច?

១៤ ប្រាកដ​ហើយ ប្រវត្ដិសាស្ត្រ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​បាន​ការ​ពារ​គ្រិស្ត​សាសនិក​នៅ​ផែនដី​ដែល​នឹង​គ្រប់គ្រង​ក្នុង​រាជាណាចក្រ​របស់​ទ្រង់។ ទ្រង់​ធ្វើ​ដូច្នេះ​នៅ​ពេល​ឥឡូវ​នេះ ដោយ​ព្រោះ​ពួក​គាត់​ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​មើល​ទៅ​ហាក់​ដូច​ជា​ពួក​គាត់​ស្នាក់​នៅ​ក្នុង​«​ទីលំនៅ​»​នា​កណ្ដាល​វាល។ b ព្រះ​យេហូវ៉ា​ជួយ​ការពារ​កុំ​ឲ្យ​ពួក​គាត់​ចុះ​«​ខ្សោយ​»​ក្នុង​ន័យ​ថា ទ្រង់​បន្ថែម​កម្លាំង​ឲ្យ​ពួក​គាត់​មាន​ចិត្ត​ក្លាហាន​ដូច​ស្តេច​ដាវីឌ​ពី​បុរាណ​ដែល​ពូកែ​ធ្វើ​សឹក​សង្គ្រាម។

១៥​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​មាន​បំណង​«​បំផ្លាញ​អស់​ទាំង​សាសន៍​»​? តើ​ព្រះ​យេហូវ៉ា​នឹង​«​បំផ្លាញ​អស់​ទាំង​សាសន៍​»​នៅ​ពេល​ណា?

១៥ សូម​អាន សាការី ១២:៩ ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​មាន​បំណង​«​បំផ្លាញ​អស់​ទាំង​សាសន៍​»​? នេះ​គឺ​ដោយសារ​ពួក​គេ​ចេះ​តែ​ប្រឆាំង​នឹង​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី។ ដោយសារ​ប្រជាជាតិ​ទាំង​ឡាយ​បាន​បៀតបៀន​និង​ធ្វើ​បាប​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ទ្រង់​នឹង​កាត់​ទោស​ពួក​គេ។ មិន​យូរ​ប៉ុន្មាន​ទៀត មនុស្ស​ដែល​ជា​ដៃ​ជើង​របស់​សាតាំង​នឹង​ពាធា​អ្នក​ថ្វាយ​បង្គំ​ព្រះ​ពិត​ជា​លើក​ចុង​ក្រោយ​បង្អស់។ ការ​ពាធា​នោះ​នឹង​នាំ​ឲ្យ​មាន​អ្វី​ដែល​គម្ពីរ​ហៅ​ថា អើម៉ាគេដូន។ (​វិវរណៈ ១៦:១៣​-​១៦​) ព្រះ​យេហូវ៉ា​ដែល​ជា​ចៅក្រម​ដ៏​ខ្ពស់​បំផុត​នឹង​តប​ត​នឹង​គេ ព្រម​ទាំង​ការពារ​អ្នក​បម្រើ​ទ្រង់ ហើយ​លើក​តម្កើង​ឈ្មោះ​ទ្រង់​នៅ​មុខ​ប្រជាជាតិ​ទាំង​ឡាយ ថា​ជា​ឈ្មោះ​បរិសុទ្ធ។—អេសេគាល ៣៨:​១៤​-​១៨, ២២, ២៣

១៦, ១៧​. (​ក​) តើ​«​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​»​ទទួល​«​មរ​ដក​»​អ្វី​ពី​ទ្រង់? (​ខ​) ពេល​យើង​ស៊ូទ្រាំ​ការ​ពាធា​របស់​សាតាំង តើ​នេះ​ជា​ភ័ស្តុតាង​ដែល​បង្ហាញ​អំពី​អ្វី?

១៦ សស្ដ្រាវុធ​ទាំង​ឡាយ​ដែល​សាតាំង​ប្រើ​ទាស់​នឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទូទាំង​ពិភព​លោក មិន​អាច​ធ្វើ​ឲ្យ​ជំនឿ​និង​ចិត្ត​ខ្នះខ្នែង​របស់​ពួក​គេ​រសាយ​បាត់​ទៅ​ឡើយ។ អារម្មណ៍​សុខ​ស្រួល​ដែល​យើង​មាន​ដោយ​ព្រោះ​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​អំណាច​សង្គ្រោះ​យើង នោះ​ហើយ​ជា​«​មរ​ដក​»​ដែល​«​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​»​ទទួល​ពី​ទ្រង់។ (​អេសាយ ៥៤:១៧​) ដោយសារ​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ឲ្យ​យើង ហេតុ​នេះ​គ្មាន​នរណា​អាច​ដក​ចិត្ត​ស្ងប់​ចេញ​ពី​យើង​បាន​ឡើយ។ (​ទំនុកដំកើង ១១៨:៦​) សាតាំង​នឹង​អុជ​អាល​បណ្ដាល​ឲ្យ​មាន​ការ​ប្រឆាំង​ត​ទៅ​ទៀត ថែម​ទាំង​នាំ​ឲ្យ​យើង​មាន​ទុក្ខ​មែន។ ប៉ុន្តែ ដោយសារ​យើង​មាន​ចិត្ត​ស្មោះ​និង​ចេះ​ស៊ូទ្រាំ​ពេល​ដែល​គេ​តិះដៀល​យើង នេះ​ជា​ភ័ស្តុតាង​ដែល​បង្ហាញ​ថា សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​សណ្ឋិត​លើ​យើង​មែន! (​ពេត្រុសទី១ ៤:១៤​) ទូទាំង​ពិភព​លោក រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​កំពុង​ប្រកាស​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ដែល​ទ្រង់​បាន​បង្កើត​ឡើង​រួច​ទៅ​ហើយ។ ទោះ​បើ​មាន​ការ​ប្រឆាំង​ជា​ច្រើន ដែល​ប្រៀប​ដូច​ជា​«​គ្រាប់​ក្រួស​ដែល​បាញ់​មក​»​ទាស់​នឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ក៏​ដោយ ទ្រង់​បាន​បន្ថែម​កម្លាំង​ឲ្យ​អ្នក​បម្រើ​ទ្រង់ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ឈ្នះ​លើ​ឧបសគ្គ​ទាំង​នោះ។ (​សាការី ៩:១៥​) គ្មាន​នរណា​អាច​ទប់​ស្កាត់​ទាំង​ស្រុង​នូវ​សកម្មភាព​របស់​គ្រិស្ត​សាសនិក​មួយ​ចំនួន​តូច​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថានសួគ៌ និង​គូកន​ដ៏​ស្មោះ​ត្រង់​របស់​ពួក​គាត់​ឡើយ!

១៧ យើង​ចេះ​តែ​ទន្ទឹង​រង់ចាំ​គ្រា​ដែល​ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ការ​ពាធា​របស់​សាតាំង។ ទំរាំ​ដល់​ពេល​នោះ សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ជួយ​សម្រាល​ទុក្ខ​យើង ពីព្រោះ​ទ្រង់​ធានា​ថា​៖ ‹គ្រឿង​សស្ដ្រាវុធ​ណា​ដែល​គេ​ធ្វើ​ឡើង នោះ​គ្មាន​ប្រសិទ្ធភាព​អ្វី​ឡើយ! ហើយ​អស់​ទាំង​អណ្ដាត​ដែល​ប្ដឹង​ចោទ​ប្រកាន់​យើង នោះ​យើង​នឹង​កាត់​ទោស​ទៅ​វិញ!›។

[កំណត់​សម្គាល់]

a សៀវភៅ​The Finished Mystery​ធ្លាប់​បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តែ​ឥឡូវ​លែង​បោះ​ពុម្ព​ទៀត។

b បើ​ចង់​ដឹង​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ការ​ពារ​រាស្ត្រ​ទ្រង់ សូម​អាន​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ចុះ​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០០០ នៅ​ទំព័រ​១៣​-​១៨

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​អ្វី​ដែល​បង្ហាញ​ថា សស្ដ្រាវុធ​របស់​សាតាំង​គ្មាន​ប្រសិទ្ធភាព​សោះ?

• តើ​ក្រុង​យេរូសាឡិម​នៃ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​«​ថ្ម​ដែល​សង្កត់​លើ​»​គេ​យ៉ាង​ដូច​ម្ដេច?

• តើ​ព្រះ​យេហូវ៉ា​សង្គ្រោះ‹ទីលំនៅ​របស់​ពួក​យូដា›ដោយ​របៀប​ណា?

• ពេល​ឥឡូវ​នេះ​ដែល​អើម៉ាគេដូន​កៀក​ណាស់​ហើយ តើ​អ្នក​មាន​ទំនុក​ចិត្ត​យ៉ាង​ណា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៤]

ទោះ​បើ​សាតាំង​បាន​ពាធា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ​នៅ​ប្រទេស​អាល់បានី​ក៏​ដោយ ពួក​គេ​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​នៅ​ឡើយ

[រូបភាព​នៅ​ទំព័រ​២៥]

ព្រះ​យេស៊ូ​បាន​តប​ត​នឹង​ការ​ចោទ​ប្រកាន់​មិន​ពិត

[រូបភាព​នៅ​ទំព័រ​២៦]

សស្ដ្រាវុធ​ទាស់​នឹង​អស់​អ្នក​ដែល​ប្រកាស​ដំណឹង​ល្អ គ្មាន​ប្រសិទ្ធភាព​អ្វី​ឡើយ!