លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទី២២

«ចូរគោរពប្រណិប័តន៍ព្រះ»

«ចូរគោរពប្រណិប័តន៍ព្រះ»

ការ​បើក​បង្ហាញ ២២:៩

គោល​ចំណុច: ការ​សា​ឡើង​វិញ​នូវ​គោល​រឿង​សំខាន់​ៗ​ពី​សៀវភៅ​អេសេគាល និង​អំពី​របៀប​ដែល​គោល​រឿង​ទាំង​នោះ​ទាក់​ទង​នៅ​សព្វ​ថ្ងៃ​និង​នៅ​អនាគត

១, ២. ​(​ក​) តើ​យើង​ទាំង​អស់​គ្នា​ត្រូវ​សម្រេច​ចិត្ត​អ្វី? (​ខ​) តើ​ទេវតា​ស្មោះ​ត្រង់​មួយ​រូប​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​ទទួល​ការ​គោរព​ប្រណិប័តន៍?

យើង​ម្នាក់​ៗ​ត្រូវ​ឆ្លើយ​សំណួរ​សំខាន់​មួយ​គឺ​ថា តើ​យើង​នឹង​គោរព​ប្រណិប័តន៍​អ្នក​ណា? មនុស្ស​ជា​ច្រើន​ប្រហែល​ជា​និយាយ​ថា​សំណួរ​នេះ​ពិបាក​ឆ្លើយ​និង​មាន​ជម្រើស​ជា​ច្រើន។ ប៉ុន្តែ​តាម​ពិត យើង​មាន​ជម្រើស​តែ​ពីរ​ប៉ុណ្ណោះ គឺ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ឬ​គោរព​ប្រណិប័តន៍​មេ​កំណាច​សាថាន។

សាថាន​ចង់​ឲ្យ​គេ​គោរព​ប្រណិប័តន៍​វា​ខ្លាំង​ណាស់។ យើង​បាន​ដឹង​យ៉ាង​ច្បាស់​អំពី​រឿង​នេះ​ពេល​ដែល​វា​ល្បួង​លោក​យេស៊ូ។ ដូច​បាន​រៀប​រាប់​ក្នុង​ជំពូក​ទី​១​នៃ​សៀវភៅ​នេះ សាថាន​ស្នើ​ផ្ដល់​ឲ្យ​លោក​យេស៊ូ​នូវ​អ្វី​មួយ​ដ៏​អស្ចារ្យ គឺ​អំណាច​គ្រប់​គ្រង​លើ​រាជាណាចក្រ​ទាំង​អស់​នៅ​ផែនដី។ តើ​មេ​កំណាច​ចង់​បាន​អ្វី​មក​វិញ? សាថាន​បាន​និយាយ​ទៅ​កាន់​លោក​យេស៊ូ​ថា​៖ ‹ចូរ​ក្រាប​ប្រណិប័តន៍​ខ្ញុំ​ម្ដង›។ (​ម៉ាថ. ៤:៩​) ខុស​ពី​សាថាន ទេវតា​ដែល​បាន​ផ្ដល់​ការ​បើក​បង្ហាញ​ដល់​សាវ័ក​យ៉ូហាន បដិសេធ​មិន​ព្រម​ទទួល​ការ​គោរព​ប្រណិប័តន៍​ទេ។ (​សូម​អាន ការ​បើក​បង្ហាញ ២២:៨, ៩) ពេល​យ៉ូហាន​លំឱន​កាយ​គោរព​ប្រណិប័តន៍​ទេវតា​ដែល​ជា​កូន​ព្រះ ទេវតា​នោះ​និយាយ​ថា​៖ ​«​កុំ​ធ្វើ​ដូច្នេះ!​»។ ហេតុ​នេះ ជា​ជាង​និយាយ​ថា​៖ ‹ចូរ​គោរព​ប្រណិប័តន៍​ខ្ញុំ› ទេវតា​ដែល​មាន​ចិត្ត​រាប​ទាប​នោះ​និយាយ​ថា​៖ ​«​ចូរ​គោរព​ប្រណិប័តន៍​ព្រះ​»​វិញ។

៣. ​(​ក​) តើ​អ្វី​ជា​គោល​បំណង​នៃ​សៀវភៅ​នេះ? (​ខ​) ឥឡូវ តើ​យើង​នឹង​ពិចារណា​អំពី​អ្វី?

គោល​បំណង​នៃ​សៀវភៅ​នេះ​គឺ​ពង្រឹង​ការ​តាំង​ចិត្ត​របស់​យើង​ឲ្យ​ធ្វើ​អ្វី​ដូច​ដែល​ទេវតា​នោះ​បាន​ប្រាប់ គឺ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ។ (​បច. ១០:២០; ម៉ាថ. ៤:១០​) សូម​ឲ្យ​យើង​សា​ឡើង​វិញ​យ៉ាង​សង្ខេប​នូវ​អ្វី​ដែល​យើង​បាន​រៀន​អំពី​ការ​គោរព​ប្រណិប័តន៍​ពិត​ពី​ទំនាយ​អេសេគាល​និង​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត។ បន្ទាប់​មក យើង​នឹង​ប្រើ​បទ​គម្ពីរ​ដើម្បី​ពិនិត្យ​មើល​គ្រា​នៅ​អនាគត ពេល​ដែល​មនុស្ស​គ្រប់​រូប​នៅ​ផែនដី​នឹង​ជួប​ការ​ល្បង​ល​ចុង​ក្រោយ។ តាម​រយៈ​ការ​ល្បង​ល​នោះ យើង​នឹង​ដឹង​ថា​អ្នក​ណា​នឹង​បន្ត​រស់ ហើយ​ឃើញ​ការ​គោរព​ប្រណិប័តន៍​ពិត​ដល់​ព្រះ​យេហូវ៉ា​ត្រូវ​រៀបចំ​ឡើង​វិញ​ទាំង​ស្រុង​និង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។

គោល​រឿង​បី​ក្នុង​សៀវភៅ​អេសេគាល

៤. តើ​មាន​គោល​រឿង​បី​អ្វី​ខ្លះ​ដែល​បាន​ត្រូវ​បញ្ជាក់​ក្នុង​សៀវភៅ​អេសេគាល?

សៀវភៅ​អេសេគាល​បង្រៀន​យើង​ថា​ការ​គោរព​ប្រណិប័តន៍​ពិត គឺ​មិន​គ្រាន់​តែ​ជា​សកម្មភាព​ដែល​ធ្វើ​ឡើង​ជា​ទម្លាប់​នោះ​ទេ។ ការ​គោរព​ប្រណិប័តន៍​ពិត​តម្រូវ​ឲ្យ​យើង (​១​) គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ផ្ដាច់​មុខ (​២​) រក្សា​សាមគ្គីភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​ដ៏​ស្អាត​ស្អំ និង​(​៣​) បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ឯ​ទៀត។ សូម​ពិចារណា​អំពី​របៀប​ដែល​ទំនាយ​និង​ការ​បើក​បង្ហាញ​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​នេះ លើក​បញ្ជាក់​គោល​រឿង​ទាំង​បី​នោះ។

គោល​រឿង​ទី​១: គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ផ្ដាច់​មុខ

៥​-​៩. តើ​យើង​បាន​រៀន​អ្វី​អំពី​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ផ្ដាច់​មុខ?

ជំពូក​ទី​៣: * ការ​បើក​បង្ហាញ​ដ៏​អស្ចារ្យ​អំពី​ព្រះ​យេហូវ៉ា​ដែល​មាន​ឥន្ទធនូ​នៅ​ជុំ​វិញ​និង​កំពុង​ជិះ​នៅ​លើ​បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា បញ្ជាក់​ប្រាប់​យើង​នូវ​សេចក្ដី​ពិត​ដ៏​សំខាន់​មួយ​ថា មាន​តែ​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​បំផុត​ប៉ុណ្ណោះ ដែល​សម​នឹង​ទទួល​ការ​គោរព​ប្រណិប័តន៍​ពី​យើង។—អេគ. ១:៤, ១៥​-​២៨

ជំពូក​ទី​៥: គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់​ពេល​ឃើញ​ក្នុង​ការ​បើក​បង្ហាញ​ថា​វិហារ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ធ្វើ​ឲ្យ​ស្មោក​គ្រោក។ ការ​បើក​បង្ហាញ​នោះ​បញ្ជាក់​ថា​គ្មាន​អ្វី​លាក់​កំបាំង​ពី​ព្រះ​យេហូវ៉ា​បាន​ទេ។ លោក​ឃើញ​ការ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​របស់​រាស្ត្រ​លោក សូម្បី​តែ​គ្មាន​មនុស្ស​ណា​ម្នាក់​មើល​ឃើញ​ក៏​ដោយ។ ជា​ឧទាហរណ៍ ពេល​ពួក​គេ​គោរព​បូជា​រូប​ព្រះ លោក​ឃើញ​សកម្មភាព​របស់​ពួក​គេ។ ការ​នោះ​ធ្វើ​ឲ្យ​លោក​ឈឺ​ចិត្ត​ខ្លាំង​ណាស់ ហើយ​លោក​ដាក់​ទោស​ពួក​គេ​ចំពោះ​ទង្វើ​ទាំង​នោះ។—អេគ. ៨:១​-​១៨

ជំពូក​ទី​៧: ការ​វិនិច្ឆ័យ​ទោស​ទៅ​លើ​ប្រជា​ជាតិ​នានា​នៅ​ជុំ​វិញ​ដែល​«​ចំអក​មើល​ងាយ​»​ប្រជា​ជាតិ​អ៊ីស្រាអែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​មិន​លើក​លែង​ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​បាប​រាស្ត្រ​លោក​ឡើយ។ (​អេគ. ២៥:៦​) ប៉ុន្តែ យើង​ក៏​ទាញ​មេ​រៀន​មួយ​ទៀត​អំពី​ទំនាក់​ទំនង​រវាង​ប្រជា​ជាតិ​អ៊ីស្រាអែល​និង​ប្រជា​ជាតិ​ទាំង​នោះ​ដែរ គឺ​យើង​ត្រូវ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​មុន​គេ។ យើង​មិន​ត្រូវ​បន្ទាប​ខ្នាត​តម្រា​របស់​យើង​ដើម្បី​បំពេញ​ចិត្ត​សាច់​ញាតិ​ដែល​មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ឡើយ។ យើង​មិន​ត្រូវ​ទុក​ចិត្ត​ទ្រព្យ​សម្បត្តិ​ឬ​លែង​កាន់​ជំហរ​អព្យាក្រឹត ដោយ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​រដ្ឋាភិបាល​មនុស្ស​ជា​ជាង​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ទេ ព្រោះ​មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​សម​នឹង​ទទួល​ភក្ដី​ភាព​ពី​យើង។

ជំពូក​ទី​១៣និង​១៤: ការ​បើក​បង្ហាញ​អំពី​វិហារ​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​បង្រៀន​យើង​ថា​យើង​ត្រូវ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា ហើយ​ទទួល​ស្គាល់​ថា​លោក​ខ្ពង់​ខ្ពស់​ជាង​ព្រះ​ឯ​ទៀត។—អេគ. ៤០:១–៤៨:៣៥

ជំពូក​ទី​១៥: ទំនាយ​ដែល​ប្រៀប​ប្រដូច​អ៊ីស្រាអែល​និង​យូដា​ទៅ​នឹង​ស្រី​ពេស្យា រំលឹក​យើង​ថា​ការ​ក្បត់​ព្រះ​យេហូវ៉ា​ទៅ​គោរព​បូជា​ព្រះ​ដទៃ គឺ​ជា​អ្វី​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ណាស់​ចំពោះ​លោក។—អេគ. ជំ. ១៦, ២៣

គោល​រឿង​ទី​២: រក្សា​សាមគ្គីភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​ដ៏​ស្អាត​ស្អំ

១០​-​១៤. តើ​ការ​រក្សា​សាមគ្គីភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​ដ៏​ស្អាត​ស្អំ​គឺ​សំខាន់​យ៉ាង​ណា?

១០ ជំពូក​ទី​៨: ទំនាយ​ដែល​សន្យា​ថា​ព្រះ​យេហូវ៉ា​នឹង​តែង​តាំង​«​គង្វាល​មួយ​»​ឲ្យ​មើល​ថែ​រាស្ត្រ​របស់​លោក បញ្ជាក់​ថា​យើង​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​និង​សេចក្ដី​សុខ​សាន្ត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​យេស៊ូ។—អេគ. ៣៤:២៣, ២៤; ៣៧:២៤​-​២៨

១១ ជំពូក​ទី​៩: ទំនាយ​អេសេគាល​អំពី​ការ​ដោះ​លែង​រាស្ត្រ​របស់​ព្រះ​ពី​ការ​ជាប់​ជា​ឈ្លើយ​ក្រោម​បាប៊ីឡូន​និង​នាំ​ពួក​គេ​ទៅ​ស្រុក​កំណើត​វិញ មាន​ដំណឹង​មួយ​សម្រាប់​ពួក​អ្នក​ដែល​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នៅ​សព្វ​ថ្ងៃ​នេះ។ អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដ៏​ស្អាត​ស្អំ ត្រូវ​ជៀស​ចេញ​ពី​ឥទ្ធិពល​នៃ​សាសនា​មិន​ពិត ហើយ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ​ជា​និច្ច។ ទោះ​ជា​យើង​មក​ពី​សាសនា​ផ្សេង​ៗ មាន​ឬ​ក្រ ឬ​មក​ពី​ជាតិ​សាសន៍​ណា​ក៏​ដោយ យើង​ត្រូវ​រក្សា​សាមគ្គីភាព​ដែល​សម្គាល់​យើង​ជា​រាស្ត្រ​ពិត​របស់​ព្រះ។—អេគ. ១១:១៧, ១៨; ១២:២៤; យ៉ូន. ១៧:២០​-​២៣

១២ ជំពូក​ទី​១០: គោល​រឿង​អំពី​សាមគ្គីភាព​បាន​ត្រូវ​បញ្ជាក់​ក្នុង​ការ​បើក​បង្ហាញ​អំពី​ឆ្អឹង​ស្ងួត​ហែង​មាន​ជីវិត​ឡើង​វិញ។ ការ​រួម​ចំណែក​ជា​មួយ​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្អាត​ស្អំ​និង​បាន​ត្រូវ​រៀបចំ​សា​ជា​ថ្មី ហើយ​សហការ​គ្នា​ជា​កង​ទ័ព​តែ​មួយ គឺ​ពិត​ជា​ឯកសិទ្ធិ​ណាស់!—អេគ. ៣៧:១​-​១៤

១៣ ជំពូក​ទី​១២: សាមគ្គីភាព​បាន​ត្រូវ​បញ្ជាក់​ជា​ពិសេស​ក្នុង​ទំនាយ​អំពី​ឈើ​ពីរ​ភ្ជាប់​គ្នា​ទៅ​ជា​ឈើ​តែ​មួយ។ ការ​ឃើញ​ពួក​អ្នក​រើស​តាំង​និង​ចៀម​ឯ​ទៀត​រួប​រួម​គ្នា​ដូច​ដែល​បាន​ចែង​ទុក​ក្នុង​ទំនាយ​នោះ ពិត​ជា​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​កាន់​តែ​រឹង​មាំ! ទោះ​ជា​យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​បែក​បាក់​គ្នា​ដោយ​សារ​សាសនា​និង​ការ​ស្អប់​គ្នា​ខាង​នយោបាយ​ក៏​ដោយ យើង​នៅ​តែ​មាន​សាមគ្គីភាព​ដោយ​សារ​យើង​មាន​សេចក្ដី​ស្រឡាញ់​និង​ភក្ដី​ភាព។—អេគ. ៣៧:១៥​-​២៣

១៤ ជំពូក​ទី​១៦: ការ​បើក​បង្ហាញ​អំពី​បុរស​ដែល​មាន​ប្រដាប់​ដាក់​ទឹក​ខ្មៅ​និង​ពួក​បុរស​ដែល​កាន់​អាវុធ​សម្រាប់​ប្រហារ មាន​ការ​ព្រមាន​ដ៏​សំខាន់​មួយ។ ពេល​«​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​»​ចាប់​ផ្ដើម គឺ​មាន​តែ​ពួក​អ្នក​ដែល​បង្ហាញ​ថា​ខ្លួន​ជា​ពួក​អ្នក​គោរព​ប្រណិប័តន៍​ពិត​រួច​ហើយ ទើប​អាច​ទទួល​សញ្ញា​សម្គាល់​សម្រាប់​រួច​រស់​ជីវិត។—ម៉ាថ. ២៤:២១; អេគ. ៩:១​-​១១

គោល​រឿង​ទី​៣: បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ឯ​ទៀត

១៥​-​១៨. ហេតុ​អ្វី​យើង​ត្រូវ​បន្ដ​បង្ហាញ​សេចក្ដី​ស្រឡាញ់? ហើយ​តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ដូច្នេះ?

១៥ ជំពូក​ទី​៤: ការ​បើក​បង្ហាញ​អំពី​បុគ្គល​វិញ្ញាណ​ទាំង​បួន បង្រៀន​យើង​អំពី​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា ហើយ​គុណ​សម្បត្តិ​ដ៏​សំខាន់​បំផុត​គឺ​សេចក្ដី​ស្រឡាញ់។ ពេល​យើង​និយាយ​ស្ដី​និង​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់ យើង​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង។—អេគ. ១:៥​-​១៤; ១​យ៉ូន. ៤:៨

១៦ ជំពូក​ទី​៦និង​១១: សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជំរុញ​ចិត្ត​លោក​ឲ្យ​តែង​តាំង​អ្នក​ចាំ​យាម ដូច​ជា​អេសេគាល​ជា​ដើម។ ដោយ​សារ​ព្រះ​ជា​សេចក្ដី​ស្រឡាញ់ លោក​មិន​ចង់​ឲ្យ​អ្នក​ណា​ត្រូវ​បំផ្លាញ​ចោល​ទេ នៅ​ពេល​ដែល​លោក​បំបាត់​ចោល​ការ​គ្រប់​គ្រង​របស់​សាថាន​នៅ​ផែនដី។ (​២​ពេ. ៣:៩​) យើង​មាន​ឯកសិទ្ធិ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ដោយ​បំពេញ​ភារកិច្ច​របស់​យើង​ក្នុង​ការ​គាំទ្រ​កិច្ច​ការ​របស់​អ្នក​ចាំ​យាម​នៅ​សព្វ​ថ្ងៃ​នេះ។—អេគ. ៣៣:១​-​៩

១៧ ជំពូក​ទី​១៧និង​១៨: ព្រះ​យេហូវ៉ា​ដឹង​ថា​មនុស្ស​ជា​ច្រើន​នឹង​មិន​ព្រម​ទទួល​សេចក្ដី​មេត្តា​ករុណា​របស់​លោក​ទេ ហើយ​ពួក​គេ​នឹង​ព្យាយាម​បំផ្លាញ​ពួក​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​លោក។ ដោយ​សារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​រាស្ត្រ​ដ៏​ស្មោះ​ត្រង់​របស់​លោក នោះ​លោក​នឹង​ការ​ពារ​ពួក​គេ​ពេល​ដែល​«​កូក​នៃ​ស្រុក​ម៉ាកូក​»​ចាប់​ផ្ដើម​វាយ​ប្រហារ​ទៅ​លើ​ពួក​គេ។ ដោយ​សារ​យើង​ស្រឡាញ់​អ្នក​ឯ​ទៀត នោះ​យើង​នឹង​ព្រមាន​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត​ថា​ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​អស់​អ្នក​ដែល​គាប​សង្កត់​រាស្ត្រ​របស់​លោក។—អេគ. ៣៨:១–៣៩:២០; ២​ថែ. ១:៦, ៧

១៨ ជំពូក​ទី​១៩ ២០និង​២១: ការ​បើក​បង្ហាញ​អំពី​អូរ​ដែល​មាន​ទឹក​ដែល​ផ្ដល់​ជីវិត​និង​ការ​បែង​ចែក​ដី​ធ្លី បញ្ជាក់​យ៉ាង​ច្បាស់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស។ ការ​បើក​បង្ហាញ​នោះ​រៀប​រាប់​អំពី​ប្រយោជន៍​ដែល​មក​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​ព្រះ​យេហូវ៉ា គឺ​ការ​ឲ្យ​ជីវិត​បុត្រ​ច្បង​របស់​លោក​ដើម្បី​យើង​អាច​ទទួល​ការ​អភ័យ​ទោស​ពី​អំពើ​ខុស​ឆ្គង​របស់​យើង និង​មាន​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​ក្នុង​ក្រុម​គ្រួសារ​របស់​ព្រះ។ វិធី​មួយ​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស គឺ​ប្រាប់​ពួក​គេ​អំពី​អនាគត​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​បាន​រៀបចំ​សម្រាប់​ពួក​អ្នក​ដែល​មាន​ជំនឿ​លើ​បុត្រ​របស់​លោក។—អេគ. ៤៥:១​-​៧; ៤៧:១–៤៨:៣៥; បប. ២១:១​-​៤; ២២:១៧

ការ​ប្រព្រឹត្ត​ដោយ​ចិត្ត​រាប​ទាប​ដ៏​អស្ចារ្យ​ក្រោយ​ពី​គ្រា​គ្រប់​គ្រង​១.០០០​ឆ្នាំ

១៩. តើ​លោក​យេស៊ូ​នឹង​ធ្វើ​អ្វី​ក្នុង​អំឡុង​គ្រា​គ្រប់​គ្រង​១.០០០​ឆ្នាំ? (​សូម​មើល​ប្រអប់​«​ការ​ល្បង​ល​ចុង​ក្រោយ​»​)

១៩ ក្នុង​អំឡុង​គ្រា​គ្រប់​គ្រង​១.០០០​ឆ្នាំ លោក​យេស៊ូ​នឹង​ប្រោស​មនុស្ស​រាប់​ពាន់​លាន​នាក់ឲ្យ​មាន​ជីវិត​ឡើង​វិញ ហើយ​លោក​នឹង​បំបាត់​ការ​ឈឺ​ចាប់​ដែល​មក​ពី​«​សេចក្ដី​ស្លាប់​»​ដែល​ជា​«​សត្រូវ​»​របស់​យើង។ (​១​កូ. ១៥:២៦; ម៉ាក. ៥:៣៨​-​៤២; សកម្ម. ២៤:១៥​) ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ពោរ​ពេញ​ទៅ​ដោយ​រឿង​ខ្លោច​ផ្សា​និង​ការ​ព្រាត់​ប្រា​ស​គ្នា។ ប៉ុន្តែ មនុស្ស​មួយ​ជំនាន់​ៗ​ដែល​លោក​យេស៊ូ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ភ្លេច​រឿង​ខ្លោច​ផ្សា​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​ធ្លាប់​ឆ្លង​កាត់ រួច​លោក​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​បង្កើត​អនុស្សាវរីយ៍​ល្អ​ៗ។ ដោយ​ផ្អែក​លើ​គ្រឿង​បូជា​លោះ​របស់​លោក លោក​នឹង​បំបាត់​ចោល​នូវ​ផល​អាក្រក់​ដែល​បណ្ដាល​មក​ពី​ជំងឺ សង្គ្រាម រោគ​រាត​ត្បាត និង​ការ​អត់​ឃ្លាន។ សំខាន់​ជាង​នោះ​ទៅ​ទៀត លោក​នឹង​ជួយ​យើង​ដក​រំលើង​ឫសគល់​នៃ​ការ​ឈឺ​ចាប់​ទាំង​ឡាយ ពោល​គឺ​ភាព​ខុស​ឆ្គង​ដែល​យើង​ទទួល​ពី​អាដាម។ (​រ៉ូម ៥:១៨, ១៩​) លោក​យេស៊ូ​នឹង​«​បំផ្លាញ​ស្នា​ដៃ​របស់​មេ​កំណាច​»​ទាំង​ស្រុង។ (​១​យ៉ូន. ៣:៨​) បន្ទាប់​មក តើ​នឹង​មាន​អ្វី​កើត​ឡើង?

ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នឹង​មាន​ឱកាស​បង្កើត​អនុស្សាវរីយ៍​ល្អ​ៗ​

២០. តើ​តាម​របៀប​ណា​លោក​យេស៊ូ​និង​ពួក​១៤៤.០០០​នាក់​បង្ហាញ​ចិត្ត​រាប​ទាប​ដ៏​អស្ចារ្យ? សូម​ពន្យល់។ (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

២០ សូម​អាន កូរិនថូស​ទី​១ ១៥:២៤​-​២៨ពេល​ដែល​មនុស្សជាតិ​ទាំង​អស់​បាន​ទៅ​ជា​ល្អ​ឥត​ខ្ចោះ ហើយ​ផែនដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន​ដូច​គោល​បំណង​ដើម​របស់​ព្រះ​យេហូវ៉ា នោះ​លោក​យេស៊ូ​និង​ពួក​១៤៤.០០០​នាក់​ដែល​គ្រប់​គ្រង​ជា​មួយ​លោក នឹង​បង្ហាញ​ចិត្ត​រាប​ទាប​ដ៏​អស្ចារ្យ គឺ​ពួក​គាត់​នឹង​ប្រគល់​រាជាណាចក្រ​ជូន​ព្រះ​យេហូវ៉ា​វិញ។ ពួក​គាត់​នឹង​ពេញ​ចិត្ត​លា​លែង​ពី​អំណាច​គ្រប់​គ្រង​ដែល​ពួក​គាត់​មាន​អស់​១.០០០​ឆ្នាំ។ អ្វី​ៗ​ទាំង​អស់​ដែល​រាជាណាចក្រ​របស់​ព្រះ​បាន​ស​ម្រេច​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។

ការ​ល្បង​ល​ចុង​ក្រោយ

២១, ២២. ​(​ក​) នៅ​ដំណាច់​១.០០០​ឆ្នាំ តើ​ផែនដី​នឹង​មាន​ស្ថានភាព​យ៉ាង​ណា? (​ខ​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​នឹង​ដោះ​លែង​សាថាន​និង​ពួក​វិញ្ញាណ​កំណាច?

២១ បន្ទាប់​មក ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​មួយ​ដែល​បង្ហាញ​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​រាស្ត្រ​របស់​លោក​នៅ​ផែនដី។ លោក​នឹង​ដោះ​លែង​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ពី​ទី​ជ្រៅ​បំផុត ជា​កន្លែង​ដែល​ពួក​វា​ជាប់​ឃុំ​អស់​រយៈ​ពេល​១.០០០​ឆ្នាំ។ (​សូម​អាន ការ​បើក​បង្ហាញ ២០:១​-​៣) ពួក​វា​នឹង​ឃើញ​ថា​ពិភព​លោក​ពី​មុន​និង​ពិភព​លោក​ឥឡូវ​ខុស​គ្នា​ឆ្ងាយ​ណាស់។ មុន​សង្គ្រាម​អាម៉ាគេដូន មនុស្ស​ភាគ​ច្រើន​បាន​ត្រូវ​បំភាន់​ដោយ​សាថាន ហើយ​ពួក​គេ​បាក់​បែក​គ្នា​ដោយ​សារ​ការ​ស្អប់​និង​ការ​រើស​អើង។ (​បប. ១២:៩​) ប៉ុន្តែ នៅ​ដំណាច់​១.០០០​ឆ្នាំ មនុស្ស​ទាំង​អស់​នឹង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​សាមគ្គីភាព​ជា​ក្រុម​គ្រួសារ​តែ​មួយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ ផែនដី​នឹង​ទៅ​ជា​សួន​ឧទ្យាន​ដ៏​សុខ​សាន្ត។

២២ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​នឹង​ដោះ​លែង​ឧក្រិដ្ឋ​ជន​ដូច​ជា​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ឲ្យ​ចូល​ក្នុង​បរិយាកាស​ដ៏​សុខ​សាន្ត​ដូច្នេះ? ពីព្រោះ​មនុស្ស​ភាគ​ច្រើន​ដែល​រស់​នៅ​ដំណាច់​១.០០០​ឆ្នាំ ពួក​គេ​មិន​ដែល​ត្រូវ​ល្បង​ល​ភក្ដី​ភាព​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ម្ដង​ឡើយ។ មនុស្ស​ភាគ​ច្រើន​មុន​ពួក​គេ​ស្លាប់​មិន​បាន​ស្គាល់​ព្រះ​យេហូវ៉ា​ទេ ហើយ​ពួក​គេ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ក្នុង​សួន​ឧទ្យាន។ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ផ្ដល់​ជីវិត​ដល់​ពួក​គេ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ផ្ដល់​អ្វី​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​ការ​ទាំង​ខាង​រូប​កាយ​ទាំង​ខាង​ជំនឿ។ ពួក​គេ​នឹង​មិន​ដែល​ទទួល​ឥទ្ធិពល​អាក្រក់​ទេ មាន​តែ​ឥទ្ធិពល​ល្អ​ប៉ុណ្ណោះ។ នៅ​ជុំ​វិញ​ពួក​គេ​មាន​តែ​មនុស្ស​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​បម្រើ​លោក។ សាថាន​អាច​ចោទ​ប្រកាន់​ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដូច​អ្វី​ដែល​វា​បាន​ចោទ​ប្រកាន់​យ៉ូប​ដែរ គឺ​ពួក​គេ​បម្រើ​ព្រះ​ដោយ​សារ​តែ​លោក​ការ​ពារ​និង​ឲ្យ​ពរ​ពួក​គេ​ប៉ុណ្ណោះ។ (​យ៉ូប ១:៩, ១០​) ដូច្នេះ មុន​ព្រះ​យេហូវ៉ា​សរសេរ​ឈ្មោះ​យើង​ទុក​ជាប់​នៅ​ក្នុង​សៀវភៅ​ជីវិត លោក​នឹង​អនុញ្ញាត​ឲ្យ​យើង​បង្ហាញ​ភ័ស្តុតាង​ជាក់​ច្បាស់​ថា​យើង​មាន​ភក្ដី​ភាព​ចំពោះ​លោក​ជា​បិតា​របស់​យើង និង​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត។—បប. ២០:១២, ១៥

២៣. តើ​បុគ្គល​ម្នាក់​ៗ​នឹង​ស​ម្រេច​ចិត្ត​អ្វី?

២៣ មួយ​រយៈ​ពេល​ខ្លី សាថាន​នឹង​មាន​ឱកាស​ល្បួង​មនុស្ស​ឲ្យ​ឈប់​បម្រើ​ព្រះ​យេហូវ៉ា។ តើ​ការ​ល្បួង​នោះ​ជា​អ្វី? បុគ្គល​ម្នាក់​ៗ​ច្បាស់​ជា​ជួប​ការ​ល្បួង​ដូច​អ្វី​ដែល​អាដាម​និង​អេវ៉ា​បាន​ជួប​ដែរ គឺ​តើ​ពួក​គេ​ព្រម​ទទួល​យក​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា គាំទ្រ​ការ​គ្រប់​គ្រង​របស់​លោក និង​គោរព​ប្រណិប័តន៍​លោក ឬ​ក៏​ពួក​គេ​នឹង​បះ​បោរ​ប្រឆាំង​នឹង​លោក ហើយ​គាំទ្រ​សាថាន​វិញ។

២៤. ហេតុ​អ្វី​អស់​អ្នក​ដែល​បះ​បោរ​ប្រឆាំង​បាន​ត្រូវ​ហៅ​ថា​កូក​និង​ម៉ាកូក?

២៤ សូម​អាន ការ​បើក​បង្ហាញ ២០:៧​-​១០គួរ​ឲ្យ​ចាប់​អារម្មណ៍ អស់​អ្នក​ដែល​បះ​បោរ​នៅ​ចុង​គ្រា​១.០០០​ឆ្នាំ បាន​ត្រូវ​ហៅ​ថា​កូក​និង​ម៉ាកូក។ ពួក​គេ​បង្ហាញ​លក្ខណៈ​ដូច​ពួក​អ្នក​បះ​បោរ​ដែល​អេសេគាល​បាន​ប្រាប់​ទុក​ជា​មុន​ដែល​ថា​នឹង​វាយ​ប្រហារ​ទៅ​លើ​រាស្ត្រ​របស់​ព្រះ​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ អ្នក​បះ​បោរ​មួយ​ក្រុម​មុន​នោះ​បាន​ត្រូវ​ហៅ​ថា​«​កូក​នៃ​ស្រុក​ម៉ាកូក​»។ ពួក​គេ​មក​ពី​ប្រជា​ជាតិ​នានា​ដែល​ប្រឆាំង​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ (​អេគ. ៣៨:២​) ស្រដៀង​គ្នា​ដែរ អស់​អ្នក​ដែល​បះ​បោរ​នៅ​ចុង​គ្រា​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​គ្រិស្ត បាន​ត្រូវ​រៀប​រាប់​ថា​ជា​«​ប្រជា​ជាតិ​នានា​»។ ពាក្យ​នេះ​គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន។ ហេតុ​អ្វី? ព្រោះ​ក្នុង​អំឡុង​គ្រា​គ្រប់​គ្រង​១.០០០​ឆ្នាំ គ្មាន​ការ​បែង​ចែក​ជាតិ​សាសន៍​ទៀត​ទេ។ មនុស្ស​ទាំង​អស់​នឹង​ទៅ​ជា​រាស្ត្រ​ក្រោម​រដ្ឋាភិបាល​មួយ គឺ​រាជាណាចក្រ​ព្រះ។ យើង​នឹង​ទៅ​ជា​ប្រជា​ជាតិ​តែ​មួយ។ ដោយ​សារ​ទំនាយ​នោះ​ហៅ​ពួក​អ្នក​បះ​បោរ​ថា​កូក​និង​ម៉ាកូក ហើយ​រៀប​រាប់​ថា​ពួក​គេ​ជា​«​ប្រជា​ជាតិ​នានា​»​ នេះ​បញ្ជាក់​ថា​សាថាន​នឹង​បាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​រាស្ត្រ​ខ្លះ​របស់​ព្រះ​បាក់​បែក​គ្នា។ ពេល​នោះ នឹង​គ្មាន​អ្នក​ណា​ត្រូវ​បង្ខំ​ឲ្យ​ចូល​ខាង​សាថាន​ទេ។ បុគ្គល​ល្អ​ឥត​ខ្ចោះ​ម្នាក់​ៗ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។

អស់​អ្នក​ដែល​បះ​បោរ​ប្រឆាំង បាន​ត្រូវ​ហៅ​ថា​កូក​និង​ម៉ាកូក (សូម​មើល​វគ្គ​២៤)

២៥, ២៦. តើ​នឹង​មាន​មនុស្ស​ច្រើន​ប៉ុន​ណា​ចូល​ខាង​សាថាន? ហើយ​តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ពួក​គេ?

២៥ តើ​នឹង​មាន​មនុស្ស​ច្រើន​ប៉ុន​ណា​ចូល​ខាង​សាថាន? ចំនួន​អ្នក​បះ​បោរ​ទាំង​នេះ​គឺ​«​ដូច​ខ្សាច់​នៅ​ក្នុង​សមុទ្រ​»។ ឃ្លា​នេះ​មិន​មាន​ន័យ​ថា​មនុស្ស​ជា​ច្រើន​នឹង​បះ​បោរ​ប្រឆាំង​នោះ​ទេ។ តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​សេចក្ដី​សន្យា​ចំពោះ​អាប្រាហាំ។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​កូន​ចៅ​របស់​អាប្រាហាំ នឹង​មាន​ចំនួន​ច្រើន​ដូច​«​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​»។ (​ដក. ២២:១៧, ១៨​) ប៉ុន្តែ តាម​ពិត​ចំនួន​កូន​ចៅ​របស់​គាត់​មាន​តែ​១៤៤.០០១​នាក់​ប៉ុណ្ណោះ។ (​កាឡ. ៣:១៦, ២៩​) ទោះ​ជា​ចំនួន​នេះ​មើល​ទៅ​ច្រើន​ក៏​ដោយ តែ​បើ​ប្រៀប​នឹង​ចំនួន​មនុស្សជាតិ​ទាំង​អស់ ចំនួន​នេះ​គឺ​តិច​ណាស់។ ស្រដៀង​គ្នា​ដែរ ចំនួន​ពួក​អ្នក​ដែល​ចូល​ខាង​សាថាន​ប្រហែល​ជា​ច្រើន​មែន តែ​ចំនួន​នេះ​មិន​ច្រើន​ក្រៃ​លែង​ទេ។ ដូច្នេះ ពួក​អ្នក​បះ​បោរ​ទាំង​នោះ​នឹង​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ឡើយ។

២៦ អស់​អ្នក​ដែល​ចូល​រួម​ក្នុង​ការ​បះ​បោរ​នឹង​ត្រូវ​បំផ្លាញ​ចោល​ភ្លាម​ៗ។ ពួក​គេ​នឹង​សាប​សូន្យ​ទៅ​ជា​មួយ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច ហើយ​គ្មាន​សេចក្ដី​សង្ឃឹម​រស់​ឡើង​វិញ​ឡើយ។ ពេល​នោះ​មាន​តែ​ការ​សម្រេច​ចិត្ត​ខុស​របស់​ពួក​គេ និង​លទ្ធផល​ដែល​មក​ពី​ការ​សម្រេច​ចិត្ត​ទាំង​នោះ​ប៉ុណ្ណោះ នឹង​ត្រូវ​នឹក​ចាំ​ជា​រៀង​រហូត។—បប. ២០:១០

២៧​-​២៩. តើ​អស់​អ្នក​ដែល​ឈ្នះ​ការ​ល្បង​ល​ចុង​ក្រោយ​នឹង​ទទួល​ពរ​អ្វី?

២៧ ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​ឈ្នះ​ការ​ល្បង​ល​ចុង​ក្រោយ ឈ្មោះ​របស់​ពួក​គេ​នឹង​ត្រូវ​ចារ​ទុក​ជា​រៀង​រហូត​នៅ​ក្នុង​«​សៀវភៅ​ជីវិត​»។ (​បប. ២០:១៥​) រួច​មក ពួក​គេ​នឹង​ទៅ​ជា​កូន​ប្រុស​ស្រី​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ក្នុង​ក្រុម​គ្រួសារ​តែ​មួយ​ដែល​មាន​សាមគ្គីភាព ហើយ​ពួក​គេ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ។ នេះ​ជា​អ្វី​ដែល​លោក​សម​នឹង​ទទួល។

២៨ សូម​គិត​អំពី​អនាគត​ដ៏​អស្ចារ្យ​នោះ។ នៅ​គ្រា​នោះ ជីវិត​របស់​អ្នក​នឹង​ពោរ​ពេញ​ទៅ​ដោយ​កិច្ចការ​ដែល​អ្នក​ពេញ​ចិត្ត ហើយ​នឹង​មាន​ចំណង​មិត្តភាព​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​គ្នា។ អ្នក​និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​នឹង​លែង​ឈឺ​ចាប់​ទៀត​ហើយ។ ម្យ៉ាង​ទៀត ដោយ​សារ​អ្នក​លែង​មាន​ភាព​ខុស​ឆ្គង​ទៀត អ្នក​ផ្ទាល់​នឹង​ទៅ​ជា​មនុស្ស​សុចរិត​ចំពោះ​ព្រះ​យេហូវ៉ា។ មនុស្ស​គ្រប់​រូប​នឹង​មាន​ចំណង​មិត្តភាព​ដ៏​ជិត​ស្និទ្ធ​ដោយ​ផ្ទាល់​ជា​មួយ​នឹង​ព្រះ។ សំខាន់​បំផុត ការ​គោរព​ប្រណិប័តន៍​ពិត​ដែល​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី​នឹង​ត្រូវ​ធ្វើ​ឡើង​យ៉ាង​ល្អ​ឥត​ខ្ចោះ។ ពេល​នោះ ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​ត្រូវ​រៀបចំ​ឡើង​វិញ​ទាំង​ស្រុង!

ពេល​អ្នក​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ និង​លែង​មាន​ភាព​ខុស​ឆ្គង អ្នក​ផ្ទាល់​នឹង​ទៅ​ជា​មនុស្ស​សុចរិត នៅ​ចំពោះ​ព្រះ​យេហូវ៉ា (សូម​មើល​វគ្គ​២៨)

២៩ តើ​អ្នក​នឹង​នៅ​ទី​នោះ ហើយ​ឃើញ​គ្រា​ដ៏​អស្ចារ្យ​នេះ​ទេ? អ្នក​អាច​នៅ​ទី​នោះ បើ​អ្នក​បន្ត​អនុវត្ត​ចំណុច​សំខាន់​បី​ពី​សៀវភៅ​អេសេគាល គឺ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ផ្ដាច់​មុខ រក្សា​សាមគ្គីភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​ដ៏​ស្អាត​ស្អំ និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ឯ​ទៀត។ ទំនាយ​អេសេគាល​មាន​មេ​រៀន​ចុង​ក្រោយ​មួយ​ដ៏​សំខាន់។ តើ​នោះ​ជា​អ្វី?

សូម​ស្រមៃ​ថា​នឹង​មាន​អំណរ​យ៉ាង​ណា​ពេល​ដែល​បុគ្គល​គ្រប់​រូប​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី​ចូល​រួម​ការ​គោរព​ប្រណិប័តន៍​ពិត​ដោយ​សាមគ្គីភាព (សូម​មើល​វគ្គ​២៧​-​២៩)

​«​ពួក​គេ​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា​»​

៣០, ៣១. តើ​ការ​ប្រកាស​«​ពួក​គេ​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា​»​នឹង​មាន​ន័យ​យ៉ាង​ណា (​ក​) ចំពោះ​សត្រូវ​របស់​ព្រះ? (​ខ​) ចំពោះ​រាស្ត្រ​របស់​ព្រះ?

៣០ ក្នុង​សៀវភៅ​អេសេគាល​ទាំង​មូល មាន​ការ​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ដែល​ថា​៖ ​«​ពួក​គេ​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា​»។ (​អេគ. ៦:១០; ៣៩:២៨​) ចំពោះ​សត្រូវ​របស់​ព្រះ ការ​ប្រកាស​នោះ​នឹង​មាន​ន័យ​ថា​សង្គ្រាម​និង​សេចក្ដី​ស្លាប់។ នៅ​ពេល​នោះ ពួក​គេ​នឹង​ត្រូវ​បង្ខំ​ឲ្យ​ទទួល​ស្គាល់​ថា​មាន​ព្រះ​យេហូវ៉ា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​នឹង​ត្រូវ​បង្ខំ​ឲ្យ​ទទួល​ស្គាល់​នាម​ដ៏​ឧត្តម​របស់​លោក គឺ​«​លោក​ធ្វើ​ឲ្យ​ក្លាយ​ជា​»​ឬ​«​លោក​ធ្វើ​ឲ្យ​កើត​មក​»។ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​»​ នឹង​ក្លាយ​ទៅ​ជា​«​អ្នក​ចម្បាំង​ដ៏​អង់អាច​ខ្លាំង​ក្លា​»​ដែល​នឹង​ច្បាំង​នឹង​ពួក​គេ។ (​១​សាំ. ១៧:៤៥; ដច. ១៥:៣​) គឺ​ហួស​ពេល​ហើយ ពេល​ដែល​ពួក​គេ​យល់​សេចក្ដី​ពិត​ដ៏​សំខាន់​អំពី​ព្រះ​យេហូវ៉ា​ដែល​ថា​គ្មាន​អ្វី​ណា​អាច​បញ្ឈប់​លោក​ពី​ការ​សម្រេច​តាម​បំណង​ប្រាថ្នា​របស់​លោក។

៣១ ចំពោះ​រាស្ត្រ​របស់​ព្រះ ការ​ប្រកាស​ថា​៖ ​«​ពួក​គេ​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា​»​ នឹង​មាន​ន័យ​ថា​សន្តិភាព​និង​ជីវិត។ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​យើង​ក្លាយ​ទៅ​ជា​កូន​ប្រុស​កូន​ស្រី​ដែល​បង្ហាញ​គុណ​សម្បត្តិ​របស់​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ ដូច​គោល​បំណង​ដើម​របស់​លោក។ (​ដក. ១:២៦​) តាម​ការ​ពិត ព្រះ​យេហូវ៉ា​បាន​ក្លាយ​ទៅ​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​ជា​គង្វាល​ដែល​ថែ​រក្សា​ការ​ពារ​យើង​រួច​ហើយ។ ប៉ុន្តែ​បន្តិច​ទៀត លោក​នឹង​ក្លាយ​ទៅ​ជា​ស្ដេច​របស់​យើង​ដែល​មាន​ជ័យ​ជម្នះ។ មុន​នឹង​ថ្ងៃ​នោះ​មក​ដល់ សូម​ឲ្យ​យើង​ចាំ​ជាប់​ក្នុង​ចិត្ត​នូវ​ដំណឹង​ពី​អេសេគាល។ រៀង​រាល់​ថ្ងៃ សូម​ឲ្យ​យើង​បង្ហាញ​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ថា​យើង​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់​និង​ស្គាល់​ថា​លោក​ជា​ព្រះ​បែប​ណា។ ដូច្នេះ ពេល​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម យើង​នឹង​មិន​ភ័យ​ខ្លាច​ទេ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​ងើប​មុខ​ឡើង ព្រោះ​សេចក្ដី​សង្គ្រោះ​របស់​យើង​គឺ​ជិត​ដល់​ហើយ។ (​លូក. ២១:២៨​) ប៉ុន្តែ មុន​ពេល​នោះ​មក​ដល់ សូម​ឲ្យ​យើង​ជួយ​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​មក​ស្គាល់​និង​ស្រឡាញ់​ព្រះ​តែ​មួយ​គត់​ដែល​សម​នឹង​ទទួល​ការ​គោរព​ប្រណិប័តន៍ គឺ​ព្រះ​ដែល​មាន​នាម​ដ៏​ឧត្តម​បំផុត​គឺ​ព្រះ​យេហូវ៉ា។—អេគ. ២៨:២៦

^ វគ្គ 5 លេខ​ជំពូក​សំដៅ​ទៅ​លើ​ជំពូក​ក្នុង​សៀវភៅ​នេះ។