លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទី២១

«គេនឹងហៅក្រុងនោះថាព្រះយេហូវ៉ាស្ថិតនៅទីនោះ»

«គេនឹងហៅក្រុងនោះថាព្រះយេហូវ៉ាស្ថិតនៅទីនោះ»

អេសេគាល ៤៨:៣៥

គោល​ចំណុច: អត្ថន័យ​នៃ​ក្រុង​និង​ដី​វិភាគទាន

១, ២. ​(​ក​) តើ​ចំណែក​ដី​ពិសេស​អ្វី​ដែល​បាន​ត្រូវ​ញែក​ទុក​ជា​បរិសុទ្ធ? (​សូម​មើល​រូប​ភាព​នៅ​ក្រប​ខាង​ក្រោយ​នៃ​សៀវភៅ​នេះ​) (​ខ​) តើ​ការ​បើក​បង្ហាញ​នេះ​ផ្ដល់​ទំនុក​ចិត្ត​អ្វី​ដល់​ជន​និរទេស?

ក្នុង​ការ​បើក​បង្ហាញ​ចុង​ក្រោយ​ដែល​អេសេគាល​បាន​ឃើញ គាត់​បាន​ឃើញ​ដី​មួយ​ចំណែក​ដែល​បាន​ត្រូវ​ញែក​ទុក​សម្រាប់​គោល​បំណង​ពិសេស។ ដី​មួយ​ចំណែក​នេះ​មិន​មែន​ទុក​ឲ្យ​កុលសម្ព័ន្ធ​ណា​មួយ​នៃ​ប្រជា​ជាតិ​អ៊ីស្រាអែល​ជា​មត៌ក​ទេ តែ​ទុក​ជា​វិភាគទាន​ដល់​ព្រះ​យេហូវ៉ា​វិញ។ អេសេគាល​ក៏​ឃើញ​ក្រុង​ដ៏​អស្ចារ្យ​មួយ ដែល​មាន​ឈ្មោះ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ផ្នែក​នេះ​នៃ​ការ​បើក​បង្ហាញ​ផ្ដល់​ទំនុក​ចិត្ត​ខ្លាំង​បំផុត​ដល់​ជន​និរទេស គឺ​ថា​ព្រះ​យេហូវ៉ា​នឹង​នៅ​ជា​មួយ​នឹង​ពួក​គេ​ពេល​ដែល​ពួក​គេ​ត្រឡប់​ទៅ​ស្រុក​កំណើត​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​វិញ។

អេសេគាល​បាន​ពណ៌នា​យ៉ាង​ល្អិត​ល្អន់​អំពី​ដី​វិភាគទាន​នោះ។ សូម​ឲ្យ​យើង​ពិចារណា​កំណត់​ហេតុ​នេះ ដែល​មាន​មេ​រៀន​ជា​ច្រើន​សម្រាប់​យើង​ជា​អ្នក​គោរព​ប្រណិប័តន៍​ពិត​ដល់​ព្រះ​យេហូវ៉ា។

‹វិភាគទាន​បរិសុទ្ធ​និង​ក្រុង›

៣. តើ​មាន​ផ្ទៃ​ដី​ប្រាំ​កន្លែង​អ្វី​ខ្លះ​ក្នុង​ទឹក​ដី​ដែល​ព្រះ​យេហូវ៉ា​បាន​ញែក​ទុក? ហើយ​តើ​ផ្ទៃ​ដី​ទាំង​នោះ​ទុក​សម្រាប់​គោល​បំណង​អ្វី​ខ្លះ? (​សូម​មើល​ប្រអប់​‹អ្នក​រាល់​គ្នា​ត្រូវ​ញែក​ដី​ទុក​ជា​វិភាគទាន​ដល់​ព្រះ›​)

ផ្ទៃ​ដី​ដែល​ជា​ចំណែក​ពិសេស​មាន​ប្រវែង​២៥.០០០​ហត្ថ​(​១៣​គីឡូ​ម៉ែត្រ​)​ពី​ទិស​ខាង​ជើង​ដល់​ទិស​ខាង​ត្បូង ហើយ​ក៏​មាន​ប្រវែង​២៥.០០០​ហត្ថ​ដែរ ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច។ ផ្ទៃ​ដី​ដែល​មាន​រាង​ការ៉េ​នេះ​បាន​ត្រូវ​ហៅ​ថា​«​វិភាគទាន​ទាំង​មូល​»​ ហើយ​បាន​ត្រូវ​បែង​ចែក​ជា​បី​ផ្នែក។ ផ្ទៃ​ដី​ផ្នែក​ខាង​លើ​ទុក​សម្រាប់​ពួក​លេវី ហើយ​ផ្ទៃ​ដី​ផ្នែក​កណ្ដាល​ទុក​សម្រាប់​ពួក​សង្ឃ​និង​វិហារ​ព្រះ។ ផ្ទៃ​ដី​ទាំង​ពីរ​ផ្នែក​នេះ​បាន​ត្រូវ​ហៅ​ថា​«​វិភាគទាន​បរិសុទ្ធ​»។ រីឯ​ផ្ទៃ​ដី​ផ្នែក​ខាង​ក្រោម​ដែល​តូច​ជាង​ឬ​«​ដី​នៅ​សល់​»​ទុក​«​សម្រាប់​ប្រើ​ជា​ដី​ក្រុង​»។—អេគ. ៤៨:១៥, ២០

៤. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​កំណត់​ហេតុ​អំពី​វិភាគទាន​ជូន​ព្រះ​យេហូវ៉ា?

តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​កំណត់​ហេតុ​អំពី​វិភាគទាន​ជូន​ព្រះ​យេហូវ៉ា? ដំបូង ព្រះ​យេហូវ៉ា​ញែក​ដី​ទុក​សម្រាប់​វិភាគទាន​ពិសេស ហើយ​បន្ទាប់​មក​បែង​ចែក​ដី​ធ្លី​សម្រាប់​កុលសម្ព័ន្ធ​នីមួយ​ៗ។ ហេតុ​នេះ ព្រះ​យេហូវ៉ា​បញ្ជាក់​ថា​រាស្ត្រ​របស់​លោក​ត្រូវ​ផ្ដោត​សំខាន់​ទៅ​លើ​មណ្ឌល​នៃ​ការ​គោរព​ប្រណិប័តន៍​លោក។ (​អេគ. ៤៥:១​) ការ​បែង​ចែក​ទឹក​ដី​ដូច្នេះ ច្បាស់​ជា​ផ្ដល់​មេ​រៀន​ជា​ច្រើន​ដល់​ជន​និរទេស។ ពួក​គេ​ត្រូវ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត។ ស្រដៀង​គ្នា​ដែរ​សព្វ​ថ្ងៃ​នេះ យើង​ចាត់​ទុក​សកម្មភាព​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​អ្វី​សំខាន់​បំផុត។ សកម្មភាព​ទាំង​នោះ​មាន​ដូច​ជា ការ​សិក្សា​បណ្ដាំ​របស់​ព្រះ ការ​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក និង​ការ​ចូល​រួម​កិច្ច​បម្រើ​ផ្សាយ​ជា​ដើម។ ពេល​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​អំពី​ការ​កំណត់​ថា​អ្វី​ជា​អាទិភាព នោះ​យើង​តែង​តែ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​លោក​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។

​«​ក្រុង​នោះ​នឹង​ស្ថិត​នៅ​កណ្ដាល​ផ្ទៃ​ដី​នោះ​»​

៥, ៦. ​(​ក​) តើ​ក្រុង​នោះ​ជា​កម្មសិទ្ធិ​របស់​អ្នក​ណា? (​ខ​) តើ​ក្រុង​នោះ​មិន​សំដៅ​ទៅ​លើ​អ្វី? ហើយ​ហេតុ​អ្វី?

សូម​អាន អេសេគាល ៤៨:១៥តើ​«​ក្រុង​នោះ​»​និង​ដី​ធ្លី​ជុំ​វិញ​មាន​លក្ខណៈ​សំខាន់​អ្វី? (​អេគ. ៤៨:១៦​-​១៨​) ក្នុង​ការ​បើក​បង្ហាញ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេសេគាល​ថា​៖ ​«​ដី​ធ្លី​ក្រុង . . . នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​ពូជ​ពង្ស​អ៊ីស្រាអែល​ទាំង​អស់​»។ (​អេគ. ៤៥:៦, ៧​) ហេតុ​នេះ ក្រុង​និង​ដី​ធ្លី​នៅ​ជុំ​វិញ​មិន​មែន​ជា​ផ្នែក​នៃ​«​វិភាគទាន​បរិសុទ្ធ​»​ដែល​បាន​ត្រូវ​«​ញែក​ទុក​ជូន​ព្រះ​យេហូវ៉ា​»​ទេ។ (​អេគ. ៤៨:៩​) ដោយ​គិត​អំពី​ចំណុច​នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​អំពី​ការ​រៀបចំ​នៃ​ក្រុង​នោះ ដែល​អាច​បង្រៀន​យើង​នៅ​សព្វ​ថ្ងៃ។

ដើម្បី​ដឹង​ថា​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​ក្រុង​នោះ ដំបូង​យើង​ត្រូវ​ដឹង​ថា​ក្រុង​នោះ​មិន​សំដៅ​ទៅ​លើ​អ្វី។ ក្រុង​នោះ​មិន​អាច​សំដៅ​ទៅ​លើ​ក្រុង​យេរូសាឡិម​និង​វិហារ​ដែល​បាន​ត្រូវ​សង់​ឡើង​វិញ​ទេ។ ហេតុ​អ្វី? ព្រោះ​ក្រុង​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត គ្មាន​វិហារ​ក្នុង​ក្រុង​នោះ​ឡើយ។ បន្ថែម​ទៅ​ទៀត ក្រុង​នោះ​ក៏​មិន​សំដៅ​ទៅ​លើ​ក្រុង​ណា​ផ្សេង​ទៀត​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ដែល​បាន​ត្រូវ​រៀបចំ​ឡើង​វិញ​ដែរ។ ហេតុ​អ្វី? ព្រោះ​គ្មាន​ក្រុង​ណា​ដែល​មាន​រចនា​ប្លង់​ដូច​ដែល​បាន​រៀប​រាប់​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ បាន​ត្រូវ​សង់​ឡើង​វិញ​ដោយ​ជន​និរទេស​ឬ​កូន​ចៅ​របស់​ពួក​គេ​ទេ។ ម្យ៉ាង​ទៀត ក្រុង​នោះ​មិន​អាច​សំដៅ​ទៅ​លើ​ក្រុង​នៅ​ស្ថាន​សួគ៌​ឡើយ។ ហេតុ​អ្វី? ព្រោះ​ក្រុង​នោះ​បាន​ត្រូវ​សង់​ឡើង​លើ​ដី​«​មិន​បរិសុទ្ធ​»​ ខុស​ពី​សំណង់​វិហារ​ដែល​បាន​ត្រូវ​សង់​ឡើង​នៅ​លើ​ដី​ដែល​បាន​ត្រូវ​ញែក​ទុក​ជា​ពិសិដ្ឋ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត។—អេគ. ៤២:២០

៧. តើ​ក្រុង​ដែល​អេសេគាល​បាន​ឃើញ​ជា​អ្វី? ហើយ​តាម​មើល​ទៅ តើ​ក្រុង​នោះ​តំណាង​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

តើ​ក្រុង​ដែល​អេសេគាល​ឃើញ​ជា​អ្វី? សូម​ចាំ​ថា​គាត់​បាន​ឃើញ​ក្រុង​នោះ​នៅ​ក្នុង​ការ​បើក​បង្ហាញ​ដូច​គ្នា​ដែល​គាត់​បាន​ឃើញ​អំពី​ស្រុក។ (​អេគ. ៤០:២; ៤៥:១,​) បណ្ដាំ​របស់​ព្រះ​បញ្ជាក់​ថា​ស្រុក​នោះ​សំដៅ​ទៅ​លើ​ស្រុក​ក្នុង​ន័យ​ធៀប។ ដូច្នេះ ក្រុង​នោះ​ច្បាស់​ជា​សំដៅ​ទៅ​លើ​ក្រុង​ក្នុង​ន័យ​ធៀប​ដែរ។ ជា​ទូទៅ តើ​ពាក្យ​«​ក្រុង​»​សំដៅ​ទៅ​លើ​អ្វី? ពាក្យ​ក្រុង​សំដៅ​ទៅ​លើ​មនុស្ស​រស់​នៅ​ជា​ក្រុម​ដែល​មាន​ការ​រៀបចំ​ល្អ​និង​មាន​របៀប​រៀប​រយ។ ហេតុ​នេះ ក្រុង​ដែល​មាន​សណ្ដាប់​ធ្នាប់​និង​មាន​ផ្ទៃ​ដី​រាង​ការ៉េ​ដែល​អេសេគាល​បាន​ឃើញ តាម​មើល​ទៅ​តំណាង​ឲ្យ​អង្គការ​មួយ​ដែល​មាន​សណ្ដាប់​ធ្នាប់​និង​មាន​របៀប​រៀប​រយ។

៨. តើ​អង្គការ​នេះ​ធ្វើ​អ្វី​ខ្លះ? ហើយ​ហេតុ​អ្វី?

តើ​អង្គការ​នេះ​ធ្វើ​អ្វី​ខ្លះ? ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត បង្ហាញ​ថា​ក្រុង​នេះ​ចាត់​ចែង​កិច្ច​ការ​ក្នុង​ស្រុក​ក្នុង​ន័យ​ធៀប។ ម្ល៉ោះ​ហើយ សព្វ​ថ្ងៃ​អង្គការ​នេះ​ចាត់​ចែង​គ្រប់​កិច្ច​ការ​របស់​រាស្ត្រ​ព្រះ។ តើ​ការ​ដែល​ក្រុង​សង់​ឡើង​នៅ​លើ​ទឹក​ដី​មិន​បរិសុទ្ធ​បញ្ជាក់​អំពី​អ្វី? នេះ​រំលឹក​យើង​ថា​ក្រុង​នោះ​មិន​សំដៅ​ទៅ​លើ​អង្គការ​ផ្នែក​នៅ​ស្ថាន​សួគ៌​ទេ តែ​សំដៅ​ទៅ​លើ​អង្គការ​ផ្នែក​នៅ​ផែនដី​វិញ។ អង្គការ​ផ្នែក​នៅ​ផែនដី​នេះ​ចាត់​ចែង​កិច្ច​ការ​សម្រាប់​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​សួន​ឧទ្យាន​ក្នុង​ន័យ​ធៀប។

៩. ​(​ក​) សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​រួម​ចំណែក​ក្នុង​ការ​ចាត់​ចែង​អង្គការ​ផ្នែក​នៅ​ផែនដី? (​ខ​) តើ​លោក​យេស៊ូ​នឹង​ធ្វើ​អ្វី​ក្នុង​អំឡុង​គ្រា​គ្រប់​គ្រង​១.០០០​ឆ្នាំ?

តើ​អ្នក​ណា​រួម​ចំណែក​ក្នុង​ការ​ចាត់​ចែង​អង្គការ​ផ្នែក​នៅ​ផែនដី? ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត បុគ្គល​ដែល​នាំ​មុខ​ក្នុង​ការ​គ្រប់​គ្រង​ក្រុង​បាន​ត្រូវ​ហៅ​ថា​«​មេ​ដឹក​នាំ​»។ (​អេគ. ៤៥:៧​) គាត់​ជា​អ្នក​ត្រួត​ពិនិត្យ​លើ​បណ្ដា​ជន តែ​គាត់​មិន​មែន​ជា​សង្ឃ​ឬ​ពួក​លេវី​ទេ។ មេ​ដឹក​នាំ​នេះ​ធ្វើ​ឲ្យ​យើង​គិត​ទៅ​ដល់​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ​សព្វ​ថ្ងៃ​ដែល​មិន​មែន​ជា​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង។ ពួក​គាត់​ជា​គង្វាល​ដែល​មាន​ទស្សនៈ​ដូច​ព្រះ​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចៀម​របស់​លោក។ ពួក​គាត់​មក​ពី​ចំណោម​«​ចៀម​ឯ​ទៀត​»​ ហើយ​ពួក​គាត់​បម្រើ​រដ្ឋាភិបាល​របស់​គ្រិស្ត​ដែល​នៅ​ស្ថាន​សួគ៌​ដោយ​ចិត្ត​រាប​ទាប។ (​យ៉ូន. ១០:១៦​) ក្នុង​អំឡុង​គ្រា​១.០០០​ឆ្នាំ​នៅ​ថ្ងៃ​ខាង​មុខ លោក​យេស៊ូ​នឹង​ជ្រើស​រើស ហើយ​តែង​តាំង​ពួក​អ្នក​ចាស់​ទុំ​ឬ​«​អ្នក​នាំ​មុខ​»​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​«​នៅ​ទូទាំង​ផែនដី​»។ (​ចសព. ៤៥:១៦​) ក្រោម​ការ​ដឹក​នាំ​នៃ​រាជាណាចក្រ​ស្ថាន​សួគ៌ ពួក​គាត់​នឹង​មើល​ថែ​រក្សា​រាស្ត្រ​របស់​ព្រះ​ក្នុង​អំឡុង​គ្រា​១.០០០​ឆ្នាំ។

​«​ព្រះ​យេហូវ៉ា​ស្ថិត​នៅ​ទី​នោះ​»​

១០. តើ​ក្រុង​នោះ​មាន​ឈ្មោះ​អ្វី? ហើយ​តើ​នេះ​ផ្ដល់​ការ​ធានា​អ្វី?

១០ សូម​អាន អេសេគាល ៤៨:៣៥ក្រុង​នោះ​មាន​ឈ្មោះ​ថា​«​ព្រះ​យេហូវ៉ា​ស្ថិត​នៅ​ទី​នោះ​»។ ឈ្មោះ​នេះ​ផ្ដល់​ការ​ធានា​ថា ព្រះ​យេហូវ៉ា​មាន​វត្តមាន​នៅ​ក្រុង​នោះ។ ដោយ​បង្ហាញ​អេសេគាល​នូវ​ក្រុង​ដែល​មាន​ទី​តាំង​នៅ​ចំ​កណ្ដាល ក្នុង​ន័យ​ម្យ៉ាង​ព្រះ​យេហូវ៉ា​ប្រាប់​ជន​និរទេស​ថា​៖ ‹ខ្ញុំ​នឹង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ម្ដង​ទៀត!›។ នេះ​ជា​ការ​ធានា​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​មែន!

១១. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ អំពី​ក្រុង​និង​ឈ្មោះ​នៃ​ក្រុង​នោះ?

១១ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​ផ្នែក​នេះ​នៃ​ទំនាយ​អេសេគាល? ឈ្មោះ​នៃ​ក្រុង​នេះ​ផ្ដល់​ការ​ធានា​ដល់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ​ថា លោក​នៅ​ជា​មួយ​ពួក​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​លោក​នៅ​ផែនដី​នៅ​ឥឡូវ​នេះ​និង​ជា​រៀង​រហូត។ បន្ថែម​ទៅ​ទៀត ឈ្មោះ​ដ៏​មាន​ន័យ​ខ្លឹម​សារ​នេះ​ក៏​បញ្ជាក់​សេចក្ដី​ពិត​ដ៏​សំខាន់​មួយ​ថា​ក្រុង​នេះ​បាន​ត្រូវ​ស្ថាបនា​ឡើង មិន​មែន​ដើម្បី​ឲ្យ​មនុស្ស​ណា​ម្នាក់​កាន់​អំណាច​ទេ តែ​ដើម្បី​ធ្វើ​តាម​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា​ដែល​សម​ហេតុ​សម​ផល​និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​មិន​បាន​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ពួក​អ្នក​ចាត់​ចែង​អង្គការ​នេះ​ឲ្យ​បែង​ចែក​ដី​ធ្លី​តាម​តែ​ពួក​គេ​យល់​ថា​ត្រឹម​ត្រូវ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ពួក​អ្នក​ចាត់​ចែង​ទាំង​នោះ​ប្រគល់​ដី​ធ្លី​ឬ​ឯកសិទ្ធិ​ដែល​លោក​ផ្ទាល់​ប្រគល់​ឲ្យ​ដល់​ពួក​អ្នក​បម្រើ​លោក រួម​ទាំង​មនុស្ស​«​ទន់​ទាប​»​ផង​ដែរ។—សុភ. ១៩:១៧; អេគ. ៤៦:១៨; ៤៨:២៩

១២. ​(​ក​) តើ​អ្វី​ជា​លក្ខណៈ​ពិសេស​នៃ​ក្រុង​នេះ ហើយ​តើ​នេះ​បញ្ជាក់​អំពី​អ្វី? (​ខ​) តើ​ផ្នែក​នេះ​នៃ​ការ​បើក​បង្ហាញ​ផ្ដល់​ការ​រំលឹក​ដ៏​សំខាន់​អ្វី​ដល់​អ្នក​ត្រួត​ពិនិត្យ​ជា​គ្រិស្ត​សាសនិក?

១២ តើ​ក្រុង​ដែល​មាន​ឈ្មោះ​ថា​«​ព្រះ​យេហូវ៉ា​ស្ថិត​នៅ​ទី​នោះ​»​មាន​លក្ខណៈ​ពិសេស​មួយ​ទៀត​អ្វី? បណ្ដា​ក្រុង​នៅ​សម័យ​បុរាណ​មាន​កំពែង​ការ​ពារ ហើយ​មិន​សូវ​មាន​ខ្លោង​ទ្វារ​ច្រើន​ទេ តែ​ក្រុង​នេះ​មាន​ខ្លោង​ទ្វារ​ដល់​ទៅ​១២! (​អេគ. ៤៨:៣០​-​៣៤​) នៅ​ទិស​នីមួយ​ៗ​នៃ​ក្រុង​នោះ​មាន​ខ្លោង​ទ្វារ​បី។ ខ្លោង​ទ្វារ​ទាំង​នោះ​បញ្ជាក់​ថា​ពួក​អ្នក​ចាត់​ចែង​ក្រុង គឺ​ជា​មនុស្ស​ដែល​ស្រួល​ទាក់​ទង ហើយ​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​ជួយ​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ។ បន្ថែម​ទៅ​ទៀត ខ្លោង​ទ្វារ​១២​បង្ហាញ​ថា​ក្រុង​នេះ​បាន​ត្រូវ​បើក​ស្វាគមន៍​ដល់​មនុស្ស​គ្រប់​រូប គឺ​«​ពូជ​ពង្ស​អ៊ីស្រាអែល​ទាំង​អស់​»។ (​អេគ. ៤៥:៦​) ការ​ដែល​ក្រុង​នេះ​មាន​ខ្លោង​ទ្វារ​ច្រើន​និង​ស្រួល​ចូល ផ្ដល់​ការ​រំលឹក​ដ៏​សំខាន់​ដល់​អ្នក​ត្រួត​ពិនិត្យ​ជា​គ្រិស្ត​សាសនិក គឺ​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​គេ​ទៅ​ជា​មនុស្ស​រួស​រាយ​រាក់​ទាក់ ហើយ​ស្រួល​ទាក់​ទង​សម្រាប់​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​សួន​ឧទ្យាន​ក្នុង​ន័យ​ធៀប។

អ្នក​ត្រួត​ពិនិត្យ​ជា​គ្រិស្ត​សាសនិក រួស​រាយ​រាក់​ទាក់ ហើយ​ស្រួល​ទាក់​ទង (សូម​មើល​វគ្គ​១២)

រាស្ត្រ​របស់​ព្រះ​«​ចូល​ទៅ​គោរព​ប្រណិប័តន៍​»​ ហើយ​«​មាន​ភារកិច្ច​បម្រើ​នៅ​ក្រុង​នោះ​»​

១៣. តើ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​កិច្ច​បម្រើ​ផ្សេង​ៗ​ដែល​បណ្ដា​ជន​នឹង​ធ្វើ?

១៣ សូម​ឲ្យ​យើង​ស្រមៃ​គិត​ទៅ​ដល់​គ្រា​របស់​អេសេគាល​ម្ដង​ទៀត ហើយ​ស្វែង​យល់​ព័ត៌មាន​ល្អិត​ល្អន់ ដែល​គាត់​បាន​កត់​ទុក​អំពី​ការ​បែង​ចែក​ដី​ធ្លី​ដែល​គាត់​បាន​ឃើញ​យ៉ាង​ជាក់​លាក់​ក្នុង​គំនិត។ ព្រះ​យេហូវ៉ា​រៀប​រាប់​អំពី​អស់​អ្នក​ដែល​រួម​ចំណែក​ក្នុង​កិច្ច​បម្រើ​ផ្សេង​ៗ។ ពួក​សង្ឃ​ដែល​មាន​‹ភារកិច្ច​ចូល​ទៅ​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ឯ​វិហារ› ត្រូវ​ជូន​គ្រឿង​បូជា​ដល់​លោក។ រីឯ​ពួក​លេវី​ដែល​«​បម្រើ​នៅ​វិហារ​»​ ពួក​គេ​មាន​«​ភារកិច្ច​មើល​ថែ​វិហារ​និង​បំពេញ​កិច្ច​ការ​បន្ទាប់​បន្សំ​»​វិញ។ (​អេគ. ៤៤:១៤​-​១៦; ៤៥:៤, ៥​) បន្ថែម​ទៅ​ទៀត នៅ​ក្បែរ​ក្រុង​ក៏​មាន​អ្នក​ធ្វើ​ការ​យ៉ាង​សកម្ម​ដែរ។ តើ​ពួក​គេ​ជា​អ្នក​ណា?

១៤. តើ​ពួក​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្បែរ​ក្រុង​រំលឹក​យើង​អំពី​អ្វី?

១៤ ពួក​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្បែរ​ក្រុង​មក​ពី​«​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល​»។ ពួក​គេ​មាន​តួ​នាទី​ជួយ​ទំនុក​បម្រុង។ ភារកិច្ច​របស់​ពួក​គេ​គឺ​ភ្ជួរ​រាស់​ដាំ​ដុះ ដើម្បី​ផ្គត់​ផ្គង់​«​អាហារ​ដល់​ពួក​អ្នក​ដែល​បម្រើ​នៅ​ក្នុង​ក្រុង​»។ (​អេគ. ៤៨:១៨, ១៩​) តើ​ការ​រៀបចំ​នេះ​រំលឹក​យើង​អំពី​ឯកសិទ្ធិ​មួយ​ដែល​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ​ទេ? ពិត​ជា​រំលឹក​មែន។ សព្វ​ថ្ងៃ​នេះ អស់​អ្នក​ដែល​រស់​នៅ​ក្នុង​សួន​ឧទ្យាន​ក្នុង​ន័យ​ធៀប មាន​ឯកសិទ្ធិ​គាំទ្រ​កិច្ច​បម្រើ​របស់​អ្នក​រើស​តាំង​ដែល​ជា​បង​ប្អូន​គ្រិស្ត និង​កិច្ច​បម្រើ​របស់​ពួក​អ្នក​ដែល​មក​ពី​«​មនុស្ស​មួយ​ក្រុម​ធំ​»​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ឲ្យ​នាំ​មុខ។ (​បប. ៧:៩, ១០​) វិធី​សំខាន់​មួយ​ដែល​យើង​គាំទ្រ​ពួក​គាត់ គឺ​ធ្វើ​តាម​ការ​ណែនាំ​ពី​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​យ៉ាង​អស់​ពី​ចិត្ត។

១៥, ១៦. ​(​ក​) តើ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​មាន​ព័ត៌មាន​អ្វី​ទៀត​ដែល​យើង​អាច​ទាញ​មេ​រៀន? (​ខ​) តើ​យើង​មាន​ឱកាស​រួម​ចំណែក​ក្នុង​សកម្មភាព​អ្វី​ខ្លះ​ដែល​ស្រដៀង​នឹង​នោះ?

១៥ ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ មាន​ព័ត៌មាន​ល្អិត​ល្អន់​មួយ​ទៀត ដែល​យើង​អាច​ទាញ​មេ​រៀន​ស្ដី​អំពី​កិច្ច​បម្រើ​ផ្សាយ។ តើ​ព័ត៌មាន​នោះ​ជា​អ្វី? ព្រះ​យេហូវ៉ា​រៀប​រាប់​ថា​សមាជិក​មក​ពី​កុលសម្ព័ន្ធ​ទាំង​១២​ដែល​មិន​មែន​ជា​ពួក​លេវី នឹង​មាន​សកម្មភាព​នៅ​ទី​តាំង​ពីរ​កន្លែង គឺ​ក្នុង​ទី​ធ្លា​វិហារ និង​នៅ​លើ​ដី​ក្បែរ​ក្រុង។ តើ​ពួក​គេ​ធ្វើ​អ្វី​នៅ​ទី​តាំង​នីមួយ​ៗ​? នៅ​ទី​ធ្លា​វិហារ កុលសម្ព័ន្ធ​ទាំង​អស់​«​ចូល​ទៅ​គោរព​ប្រណិប័តន៍​»​ព្រះ​យេហូវ៉ា​ដោយ​ជូន​គ្រឿង​បូជា​ដល់​លោក។ (​អេគ. ៤៦:៩, ២៤​) នៅ​លើ​ដី​ក្បែរ​ក្រុង សមាជិក​នៃ​កុលសម្ព័ន្ធ​ទាំង​អស់​ចូល​ទៅ​ទំនុក​បម្រុង​ក្រុង​ដោយ​ភ្ជួរ​រាស់​ដាំ​ដុះ​នៅ​លើ​ដី​នោះ។ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​គំរូ​របស់​ពួក​គេ?

១៦ សព្វ​ថ្ងៃ​នេះ សមាជិក​នៃ​មនុស្ស​មួយ​ក្រុម​ធំ មាន​ឱកាស​រួម​ចំណែក​ក្នុង​សកម្មភាព​ផ្សេង​ៗ​ដែល​ស្រដៀង​នឹង​សកម្មភាព​របស់​ពួក​អ្នក​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ។ ពួក​គេ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​«​ក្នុង​វិហារ​របស់​លោក​»​ ដោយ​ជូន​លោក​នូវ​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា។ (​បប. ៧:៩​-​១៥​) ពួក​គេ​ធ្វើ​ដូច្នេះ​ដោយ​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ ហើយ​បង្ហាញ​ជំនឿ​ដោយ​ចូល​រួម​ឆ្លើយ​ក្នុង​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក។ ពួក​គេ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ដូច​នោះ ជា​ភារកិច្ច​ដ៏​សំខាន់​បំផុត។ (​១​ប្រ. ១៦:២៩​) បន្ថែម​ទៅ​ទៀត រាស្ត្រ​ជា​ច្រើន​របស់​ព្រះ​អាច​គាំទ្រ​អង្គការ​របស់​លោក តាម​របៀប​ផ្សេង​ៗ​ទៀត។ ជា​ឧទាហរណ៍ ពួក​គេ​ជួយ​សាង​សង់​និង​ថែ​ទាំ​សាល​ប្រជុំ និង​អគារ​ការិយាល័យ​សាខា។ ពួក​គេ​ក៏​ជួយ​ក្នុង​គម្រោង​ផ្សេង​ៗ​ទៀត​របស់​អង្គការ​ព្រះ​យេហូវ៉ា​ដែរ ហើយ​បង​ប្អូន​ឯ​ទៀត​ជួយ​គាំទ្រ​គម្រោង​ទាំង​នោះ​ដោយ​ជូន​វិភាគទាន។ កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​បាន​ធ្វើ ប្រៀប​ដូច​ជា​ពួក​គេ​ភ្ជួរ​រាស់​ដាំ​ដុះ​លើ​ដី​ក្រុង​ដើម្បី​ឲ្យ​«​ព្រះ​ទទួល​ការ​សរសើរ​តម្កើង​»។ (​១​កូ. ១០:៣១​) ពួក​គេ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដោយ​ខ្នះ​ខ្នែង​និង​ដោយ​អំណរ ព្រោះ​ពួក​គេ​ដឹង​ថា​ព្រះ​យេហូវ៉ា​«​ពេញ​ចិត្ត​គ្រឿង​បូជា​បែប​នេះ​»។ (​ហេ. ១៣:១៦​) តើ​អ្នក​កំពុង​ចាប់​យក​ឱកាស​ទាំង​នោះ​យ៉ាង​ពេញ​លេញ​ទេ?

តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​ការ​ពណ៌នា​របស់​អេសេគាល​អំពី​សកម្មភាព​ផ្សេង​ៗ​នៅ​ក្បែរ​ខ្លោង​ទ្វារ​ក្រុង? (សូម​មើល​វគ្គ​១៤​-​១៦)

​«​យើង​កំពុង​ទន្ទឹង​រង់​ចាំ​មេឃ​ថ្មី​និង​ផែនដី​ថ្មី​»​

១៧. ​(​ក​) ស្ដី​អំពី​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ តើ​នឹង​មាន​ការ​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង​អ្វី​ដែល​យើង​នឹង​ឃើញ​នៅ​ថ្ងៃ​អនាគត? (​ខ​) ក្នុង​អំឡុង​គ្រា​គ្រប់​គ្រង​១.០០០​ឆ្នាំ តើ​អ្នក​ណា​នឹង​ទទួល​ប្រយោជន៍​ពី​អង្គការ​ផ្នែក​នៅ​ផែនដី?

១៧ នៅ​ថ្ងៃ​អនាគត តើ​យើង​នឹង​ឃើញ​ការ​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង​នៃ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​អំពី​ដី​វិភាគទាន​ឬ​ទេ? ពិត​ជា​នឹង​ឃើញ​មែន! សូម​គិត​អំពី​ចំណុច​នេះ អេសេគាល​បាន​ឃើញ​ដី​មួយ​ចំណែក​ដែល​ហៅ​ថា​«​វិភាគទាន​បរិសុទ្ធ​»​ ហើយ​ដី​នោះ​មាន​ទី​តាំង​នៅ​ចំ​កណ្ដាល​តែ​ម្ដង។ (​អេគ. ៤៨:១០​) ស្រដៀង​គ្នា​ដែរ ក្រោយ​សង្គ្រាម​អាម៉ាគេដូន ទោះ​ជា​យើង​រស់​នៅ​កន្លែង​ណា​ក៏​ដោយ​នៅ​ផែនដី ព្រះ​យេហូវ៉ា​នឹង​នៅ​ជា​មួយ​យើង។ (​បប. ២១:៣​) ក្នុង​អំឡុង​គ្រា​១.០០០​ឆ្នាំ អង្គការ​ផ្នែក​នៅ​ផែនដី​នឹង​ត្រូវ​ចាត់​ចែង​ដោយ​អស់​អ្នក​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​មើល​ថែ​រាស្ត្រ​របស់​ព្រះ។ ពួក​គេ​នឹង​ចាត់​ចែង​កិច្ច​ការ​នៅ​ទូទាំង​ផែនដី ដោយ​ផ្ដល់​ការ​ណែនាំ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដល់​ពួក​អ្នក​ដែល​រួម​ចំណែក​ជា​«​ផែនដី​ថ្មី​»​ឬ​សង្គម​មនុស្ស​ថ្មី។—២​ពេ. ៣:១៣

១៨. ​(​ក​) ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​អង្គការ​ផ្នែក​នៅ​ផែនដី​នឹង​ដំណើរ​ការ​ស្រប​តាម​ការ​គ្រប់​គ្រង​របស់​ព្រះ? (​ខ​) តើ​ឈ្មោះ​នៃ​ក្រុង​នោះ​ផ្ដល់​ការ​ធានា​អ្វី​ដល់​យើង?

១៨ ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​អង្គការ​ផ្នែក​នៅ​ផែនដី​នឹង​បន្ត​ដំណើរ​ការ​ស្រប​តាម​ការ​គ្រប់​គ្រង​របស់​ព្រះ​ទាំង​ស្រុង? ពីព្រោះ​បណ្ដាំ​របស់​ព្រះ​ចែង​យ៉ាង​ច្បាស់​ថា ក្រុង​នៅ​ផែនដី​ដែល​មាន​ខ្លោង​ទ្វារ​១២ ឆ្លុះ​បញ្ចាំង​អំពី​ក្រុង​នៅ​ស្ថាន​សួគ៌​ដែល​មាន​ខ្លោង​ទ្វារ​១២ ពោល​គឺ​ក្រុង​យេរូសាឡិម​ថ្មី​ដែល​មាន​១៤៤.០០០​នាក់​គ្រប់​គ្រង​ជា​មួយ​គ្រិស្ត។ (​បប. ២១:២, ១២, ២១​-​២៧​) នេះ​បញ្ជាក់​ថា​អង្គការ​ផ្នែក​នៅ​ផែនដី​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ទាំង​អស់​ស្រប​តាម​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌ ហើយ​នឹង​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​ទាំង​នោះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ឈ្មោះ​នៃ​ក្រុង​ដែល​ថា​«​ព្រះ​យេហូវ៉ា​ស្ថិត​នៅ​ទី​នោះ​»​ ផ្ដល់​ការ​ធានា​ដល់​យើង​ម្នាក់​ៗ​ថា​ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​រីក​ដុះ​ដាល ហើយ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន។ នោះ​ជា​អនាគត​ដ៏​អស្ចារ្យ​ណាស់​សម្រាប់​យើង!