លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទី១៩

«នៅកន្លែងណាដែលទឹកនេះហូរកាត់ នឹងមានជីវិតនៅកន្លែងនោះ»

«នៅកន្លែងណាដែលទឹកនេះហូរកាត់ នឹងមានជីវិតនៅកន្លែងនោះ»

អេសេគាល ៤៧:៩

គោល​ចំណុច: របៀប​ដែល​ការ​បើក​បង្ហាញ​អំពី​ទន្លេ​ដែល​ហូរ​ចេញ​ពី​វិហារ កើត​ឡើង​នៅ​សម័យ​បុរាណ នៅ​សម័យ​យើង និង​នៅ​ថ្ងៃ​អនាគត

១, ២. យោង​ទៅ​តាម​អេសេគាល ៤៧:១​-​១២ តើ​អេសេគាល​បាន​ឃើញ​និង​រៀន​អំពី​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ក្នុង​ការ​បើក​បង្ហាញ​អំពី​វិហារ អេសេគាល​បាន​ឃើញ​អ្វី​មួយ​ទៀត​ដ៏​អស្ចារ្យ គឺ​មាន​អូរ​មួយ​ហូរ​ចេញ​ពី​សំណង់​ដ៏​ពិសិដ្ឋ​នេះ​តែ​ម្ដង! សូម​ស្រមៃ​គិត​ថា​គាត់​កំពុង​មើល​ខ្សែ​ទឹក​ដ៏​ថ្លា​ឆ្វង់​នោះ។ (​សូម​អាន អេសេគាល ៤៧:១​-​១២) ដំបូង ទឹក​នោះ​ហូរ​រិញ​ៗ​ចេញ​ពី​កំណល់​ទ្វារ​នៃ​ទី​បរិសុទ្ធ ហើយ​ហូរ​ចេញ​ពី​សំណង់​វិហារ​ក្បែរ​ខ្លោង​ទ្វារ​ខាង​កើត។ បន្ទាប់​មក ទេវតា​នាំ​អេសេគាល​ដើរ​ចេញ​ពី​វិហារ ទាំង​ដើរ​បណ្ដើរ​វាស់​ចម្ងាយ​បណ្ដើរ។ ម្ដង​ហើយ​ម្ដង​ទៀត ទេវតា​នោះ​ឲ្យ​អេសេគាល​ដើរ​ឆ្លង​កាត់​ទឹក ហើយ​រាល់​លើក​អេសេគាល​ឃើញ​ថា​ទឹក​នោះ​កាន់​តែ​ជ្រៅ​ទៅ​ៗ។ ទឹក​នោះ​ក្លាយ​ទៅ​ជា​ទន្លេ ហើយ​ហូរ​ខ្លាំង​ឡើង​ៗ រហូត​ដល់​គាត់​ត្រូវ​ហែល​ឆ្លង​កាត់ ព្រោះ​មិន​អាច​ដើរ​លុយ​បាន​ទេ។

អេសេគាល​ឃើញ​ថា​ទឹក​ទន្លេ​នោះ​ហូរ​ចូល​ក្នុង​សមុទ្រ​ស្លាប់ ហើយ​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​នោះ​ទៅ​ជា​ទឹក​សាប​វិញ ទី​ណា​ដែល​ទឹក​នោះ​ហូរ​ទៅ​ដល់ ទី​នោះ​មាន​ត្រី​ច្រើន​ឥត​គណនា។ នៅ​តាម​ដង​ទន្លេ គាត់​ឃើញ​ដើម​ឈើ​គ្រប់​ប្រភេទ​ដុះ​ឡើង។ ជា​រៀង​រាល់​ខែ ដើម​ឈើ​ទាំង​នោះ​បង្កើត​ផល​ផ្លែ​ដែល​មាន​ជីវជាតិ ហើយ​មាន​ស្លឹក​ដែល​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ។ ពេល​អេសេគាល​ឃើញ​អ្វី​ទាំង​នេះ គាត់​ច្បាស់​ជា​មាន​សេចក្ដី​សង្ឃឹម​និង​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត។ ស្ដី​អំពី​ផ្នែក​ដ៏​អស្ចារ្យ​នេះ​នៃ​ការ​បើក​បង្ហាញ​អំពី​វិហារ តើ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​គាត់​និង​ជន​និរទេស​ឯ​ទៀត? ហើយ​តើ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង​សព្វ​ថ្ងៃ?

តើ​ការ​បើក​បង្ហាញ​អំពី​ទន្លេ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ជន​និរទេស?

៣. ហេតុ​អ្វី​ពួក​យូដា​នៅ​សម័យ​បុរាណ​មិន​យល់​ថា​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​ជា​ទន្លេ​មែន​ទែន?

ជន​ជាតិ​យូដា​សម័យ​បុរាណ ច្បាស់​ជា​មិន​យល់​ថា​ទន្លេ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត គឺ​ជា​ទន្លេ​មែន​ទែន​ទេ។ ផ្ទុយ​ទៅ​វិញ កំណត់​ហេតុ​នេះ​ទំនង​ជា​រំលឹក​ពួក​គេ​អំពី​ទំនាយ​មួយ​ទៀត​អំពី​ការ​រៀបចំ​ឡើង​វិញ ដែល​បាន​ត្រូវ​កត់​ទុក​ដោយ​យ៉ូអែល​ជា​អ្នក​ប្រកាស​ទំនាយ​ប្រហែល​ជាង​ពីរ​សតវត្សរ៍​មុន។ (​សូម​អាន យ៉ូអែល ៣:១៨) ពេល​ជន​និរទេស​ទាំង​នោះ​អាន​ទំនាយ​ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​យ៉ូអែល​កត់​ទុក ពួក​គេ​មិន​រំពឹង​ថា​នឹង​មាន​‹ស្រា​ផ្អែម​ស្រក់​ចេញ›​ពី​តំបន់​ភ្នំ ឬ​‹ទឹក​ដោះ​ហូរ​ចេញ›​ពី​ទី​ទួល​ទេ ហើយ​ក៏​មិន​រំពឹង​ថា​នឹង​មាន​ប្រភព​ទឹក​«​ផុស​ចេញ​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា​»​ដែរ។ ស្រដៀង​គ្នា​ដែរ ជនជាតិ​យូដា​ដែល​ជា​ជន​និរទេស​ប្រហែល​ជា​មិន​យល់​ថា​ព័ត៌មាន​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ទាក់​ទង​នឹង​ទន្លេ​មែន​ទែន​ឡើយ។ * ដូច្នេះ តើ​ព្រះ​យេហូវ៉ា​ចង់​ប្រាប់​ព័ត៌មាន​អ្វី? គម្ពីរ​ជួយ​យើង​ឲ្យ​យល់​អត្ថន័យ​នៃ​ផ្នែក​ខ្លះ​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ។ ប៉ុន្តែ ជា​ទូទៅ​យើង​នឹង​ពិចារណា​ការ​ធានា​ដ៏​កក់​ក្ដៅ​បី​យ៉ាង​ដែល​យើង​អាច​រៀន​ពី​កំណត់​ហេតុ​នេះ។

៤. ​(​ក​) តើ​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត នាំ​ឲ្យ​ពួក​យូដា​រំពឹង​ថា​ពួក​គេ​នឹង​ទទួល​បាន​ពរ​អ្វី​ខ្លះ​ពី​ព្រះ​យេហូវ៉ា? (​ខ​) តើ​តាម​របៀប​ណា​ពាក្យ​«​ទន្លេ​»​និង​«​ទឹក​»​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ដល់​រាស្ត្រ​លោក? (​សូម​មើល​ប្រអប់​«​ទន្លេ​ដែល​ផ្ដល់​ពរ​ពី​ព្រះ​យេហូវ៉ា​»​)

ទន្លេ​ដែល​ផ្ដល់​ពរ​ជា​ច្រើន។ ជា​ញឹក​ញយ​ក្នុង​គម្ពីរ ពាក្យ​ទន្លេ​និង​ទឹក​គឺ​ប្រើ​សម្រាប់​រៀប​រាប់​អំពី​ពរ​ដ៏​ហូរ​ហៀរ​ពី​ព្រះ​យេហូវ៉ា។ អេសេគាល​បាន​ឃើញ​ទន្លេ​ដូច​នោះ​ហូរ​ចេញ​ពី​វិហារ​ព្រះ។ ដូច្នេះ នេះ​ច្បាស់​ជា​នាំ​ឲ្យ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​រំពឹង​ថា​ពួក​គេ​នឹង​ទទួល​ពរ​ពី​លោក​យ៉ាង​ហូរ​ហៀរ បើ​ពួក​គេ​កាន់​តាម​ការ​គោរព​ប្រណិប័តន៍​ពិត។ តើ​មាន​ពរ​អ្វី​ខ្លះ? ពួក​គេ​នឹង​ទទួល​ការ​ណែនាំ​ម្ដង​ទៀត​ពី​ព្រះ​តាម​រយៈ​ពួក​សង្ឃ។ ដោយ​សារ​មាន​ការ​ជូន​គ្រឿង​បូជា​ឡើង​វិញ​នៅ​ឯ​វិហារ ពួក​គេ​អាច​មាន​ទំនុក​ចិត្ត​ថា​ពួក​គេ​នឹង​ទទួល​ការ​ជម្រះ​ភាព​ខុស​ឆ្គង។ (​អេគ. ៤៤:១៥, ២៣; ៤៥:១៧​) ហេតុ​នេះ ពួក​គេ​នឹង​ស្អាត​បរិសុទ្ធ​ម្ដង​ទៀត ប្រៀប​ដូច​ជា​បាន​ត្រូវ​លាង​សម្អាត​ដោយ​ទឹក​បរិសុទ្ធ​ដែល​ហូរ​ចេញ​ពី​វិហារ។

៥. តើ​តាម​របៀប​ណា​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ ជួយ​រាស្ត្រ​ព្រះ​ឲ្យ​មាន​ទំនុក​ចិត្ត​ថា​នឹង​មាន​ពរ​គ្រប់​គ្រាន់​សម្រាប់​ពួក​គេ​ទាំង​អស់​គ្នា?

តើ​នឹង​មាន​ពរ​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​ទាំង​អស់​ឬ? ពិត​ជា​មាន​មែន។ ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​អំពី​អូរ​ច្បាស់​ជា​ជួយ​ពួក​យូដា​ឲ្យ​មាន​ទំនុក​ចិត្ត​ថា​នឹង​មាន​ពរ​ជា​បរិបូរ​សម្រាប់​គ្រប់​គ្នា! ព្រោះ​អូរ​នោះ​បាន​រីក​ធំ​អស្ចារ្យ​ទៅ​ជា​ទន្លេ​ដ៏​ធំ​ក្នុង​ចម្ងាយ​ប្រមាណ​ពីរ​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ។ (​អេគ. ៤៧:៣​-​៥​) ចំនួន​ជនជាតិ​យូដា​ដែល​បាន​ត្រឡប់​មក​ស្រុក​កំណើត​របស់​ខ្លួន​វិញ ប្រហែល​ជា​កើន​ឡើង តែ​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ដល់​ពួក​គេ​គ្រប់​គ្នា​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ។ ហេតុ​នេះ ទន្លេ​បញ្ជាក់​អំពី​ភាព​សម្បូរ​ហូរ​ហៀរ!

៦. ​(​ក​) ស្ដី​អំពី​ទឹក​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត តើ​មាន​សេចក្ដី​សន្យា​អ្វី​ដែល​ពង្រឹង​កម្លាំង​ចិត្ត? (​ខ​)  ប៉ុន្តែ តើ​ការ​បើក​បង្ហាញ​នេះ​មាន​ការ​ព្រមាន​អ្វី? (​សូម​មើល​កំណត់​សម្គាល់​)

ទឹក​ដែល​ផ្ដល់​ជីវិត។ នៅ​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ ទន្លេ​នោះ​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​ស្លាប់ នាំ​ឲ្យ​អ្វី​ៗ​នៅ​ក្នុង​នោះ​មាន​ជីវិត។ សូម​កត់​សម្គាល់​ថា​ទឹក​ទន្លេ​នោះ​ធ្វើ​ឲ្យ​មាន​ត្រី​គ្រប់​ប្រភេទ ដូច​ត្រី​ដែល​មាន​នៅ​ក្នុង​សមុទ្រ​ធំ​ឬ​សមុទ្រ​មេឌីទែរ៉ានេ។ បន្ថែម​ទៅ​ទៀត មាន​ការ​នេសាទ​ជា​ច្រើន​នៅ​តាម​ឆ្នេរ​សមុទ្រ​ស្លាប់ ដែល​នៅ​រវាង​ក្រុង​ពីរ​ដែល​តាម​មើល​ទៅ​នៅ​ដាច់​ឆ្ងាយ​ពី​គ្នា។ ទេវតា​និយាយ​ថា​៖ ​«​នៅ​កន្លែង​ណា​ដែល​ទឹក​នេះ​ហូរ​កាត់ នឹង​មាន​ជីវិត​នៅ​កន្លែង​នោះ​»។ តើ​នេះ​មាន​ន័យ​ថា​ទឹក​ដែល​ហូរ​ចេញ​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា​បាន​ទៅ​ដល់​គ្រប់​ផ្នែក​នៃ​សមុទ្រ​ស្លាប់​ឬ? មិន​មែន​ទេ។ ទេវតា​នោះ​ពន្យល់​ថា​ទឹក​ដែល​ផ្ដល់​ជីវិត​នោះ មិន​បាន​ហូរ​ចូល​ត្រពាំង​បឹង​បួ​ខ្លះ​ដែល​នៅ​ក្បែរ​សមុទ្រ​ស្លាប់​នោះ​ទេ។ នៅ​កន្លែង​ទាំង​នោះ​«​នៅ​ពេញ​ដោយ​ជាតិ​អំបិល​ដដែល​»។ * (​អេគ. ៤៧:៨​-​១១​) ដូច្នេះ ការ​បើក​បង្ហាញ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​មាន​សេចក្ដី​សន្យា​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត ដែល​ថា​ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​ជីវិត​ឡើង​វិញ ហើយ​មាន​សេចក្ដី​ចម្រើន​កើន​ឡើង។ ប៉ុន្តែ មាន​ការ​ព្រមាន​មួយ គឺ​មិន​មែន​មនុស្ស​ទាំង​អស់​នឹង​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា ឬ​នឹង​ត្រូវ​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​ឡើយ។

៧. តើ​ដើម​ឈើ​នៅ​តាម​ដង​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត ផ្ដល់​សេចក្ដី​សង្ឃឹម​អ្វី​ដល់​ជនជាតិ​យូដា​ដែល​ជា​ជន​និរទេស?

ដើម​ឈើ​សម្រាប់​ជា​អាហារ​និង​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ។ ចុះ​យ៉ាង​ណា​ដើម​ឈើ​ដែល​ដុះ​នៅ​តាម​ដង​ទន្លេ? ដើម​ឈើ​ទាំង​នោះ​ធ្វើ​ឲ្យ​មាន​ទិដ្ឋភាព​ស្រស់បំព្រង ហើយ​ក៏​ជួយ​បញ្ជាក់​អត្ថន័យ​នៃ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ដែរ។ អេសេគាល​និង​ជន​រួម​ជាតិ​គាត់​ច្បាស់​ជា​សប្បាយ​ចិត្ត​គិត​អំពី​ផល​ផ្លែ​ឆ្ងាញ់​ៗ​ដែល​ដើម​ឈើ​ទាំង​នោះ​ផ្ដល់​ឲ្យ​ជា​រៀង​រាល់​ខែ! ទិដ្ឋភាព​ដែល​ទាក់​ទាញ​ចិត្ត​នោះ​ច្បាស់​ជា​ផ្ដល់​សេចក្ដី​សង្ឃឹម​ថែម​ទៀត​ដល់​ពួក​គេ ដែល​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ការ​ណែនាំ​ដែល​ជួយ​ពួក​គេ​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។ តើ​មាន​អ្វី​ទៀត? សូម​កត់​សម្គាល់​ថា​ស្លឹក​ពី​ដើម​ឈើ​ទាំង​នោះ​«​សម្រាប់​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​»។ (​អេគ. ៤៧:១២​) សំខាន់​ជាង​គេ​បំផុត ព្រះ​យេហូវ៉ា​បាន​ដឹង​ថា​ជន​និរទេស​ដែល​ត្រឡប់​មក​ស្រុក​កំណើត​របស់​ខ្លួន​វិញ ត្រូវ​ការ​ការ​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​ក្នុង​ន័យ​ធៀប ហើយ​លោក​បាន​សន្យា​ថា​លោក​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ​មែន។ យើង​បាន​រៀន​អំពី​របៀប​ដែល​លោក​ធ្វើ​ដូច្នោះ​ក្នុង​ទំនាយ​អំពី​ការ​រៀបចំ​ឡើង​វិញ​ក្នុង​ជំពូក​ទី​៩​នៃ​សៀវភៅ​នេះ។

៨. តើ​អ្វី​បង្ហាញ​ថា​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​មាន​ការ​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង?

ដូច​យើង​បាន​ពិចារណា​ក្នុង​ជំពូក​ទី​៩ ជន​និរទេស​ដែល​ត្រឡប់​មក​វិញ​ឃើញ​ទំនាយ​ដូច​នោះ​កើត​ឡើង​ក្នុង​មួយ​កម្រិត​ប៉ុណ្ណោះ តែ​គឺ​បណ្ដា​ជន​ទាំង​នោះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​ទំនាយ​នោះ​កើត​ឡើង​តែ​មួយ​កម្រិត។ តើ​ឲ្យ​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​យ៉ាង​ពេញ​លេញ​ដល់​ពួក​គេ​ម្ដេច​នឹង​បាន បើ​ពួក​គេ​ក្បត់​សេចក្ដី​សន្យា​របស់​ខ្លួន មិន​ស្ដាប់​បង្គាប់​លោក ហើយ​មិន​អើពើ​នឹង​ការ​គោរព​ប្រណិប័តន៍​ពិត​ម្ដង​ហើយ​ម្ដង​ទៀត​ដូច្នេះ? ជនជាតិ​យូដា​ដ៏​ស្មោះ​ត្រង់​បាន​ខក​ចិត្ត​និង​ឈឺ​ចិត្ត​ជា​ខ្លាំង ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​ជន​រួម​ជាតិ​ខ្លួន។ ប៉ុន្តែ អ្នក​ដែល​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ភក្ដី​របស់​ព្រះ​យេហូវ៉ា​ដឹង​ថា​សេចក្ដី​សន្យា​របស់​លោក​នឹង​ស​ម្រេច គឺ​តែង​តែ​ក្លាយ​ជា​ការ​ពិត។ (​សូម​អាន យ៉ូស្វេ ២៣:១៤) ដូច្នេះ នៅ​ថ្ងៃ​ណា​មួយ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត នឹង​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង​ជា​មិន​ខាន។ ប៉ុន្តែ តើ​នៅ​ពេល​ណា?

ទន្លេ​ហូរ​នៅ​សព្វ​ថ្ងៃ!

៩. តើ​ពេល​ណា​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​អំពី​វិហារ​មាន​ការ​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង?

ដូច​យើង​បាន​រៀន​ហើយ​នៅ​ជំពូក​ទី​១៤​នៃ​សៀវភៅ​នេះ ការ​បើក​បង្ហាញ​អំពី​វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង​ក្នុង​អំឡុង​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ ជា​គ្រា​ដែល​ការ​គោរព​ប្រណិប័តន៍​ពិត​ត្រូវ​លើក​តម្កើង​ខ្ពង់​ខ្ពស់​បំផុត។ នេះ​ជា​អ្វី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ។ (​អេ. ២:២​) ផ្នែក​នេះ​នៃ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ។ តើ​ក្នុង​ន័យ​អ្វី?

១០, ១១. ​(​ក​) នៅ​សព្វ​ថ្ងៃ តើ​យើង​ទទួល​ពរ​ជា​ច្រើន​អ្វី​ខ្លះ​ដូច​ជា​ទឹក​ទន្លេ? (​ខ​) តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​កាន់​តែ​ច្រើន​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​រាស្ត្រ​លោក​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ?

១០ ទន្លេ​ដែល​ផ្ដល់​ពរ​ជា​ច្រើន។ តើ​ទឹក​ដែល​ហូរ​ចេញ​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា​រំលឹក​យើង​អំពី​ពរ​អ្វី​ខ្លះ​នៅ​សព្វ​ថ្ងៃ? យើង​បាន​ត្រូវ​រំលឹក​អំពី​អ្វី​ៗ​ជា​ច្រើន​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ សំខាន់​បំផុត​គឺ​គ្រឿង​បូជា​លោះ​របស់​គ្រិស្ត​ដែល​លាង​ជម្រះ​ភាព​ខុស​ឆ្គង​របស់​យើង ហើយ​នាំ​ឲ្យ​យើង​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា។ បន្ថែម​ទៅ​ទៀត សេចក្ដី​ពិត​ដ៏​បរិសុទ្ធ​ពី​បណ្ដាំ​របស់​ព្រះ គឺ​ប្រៀប​ដូច​ជា​ទឹក​ដែល​ផ្ដល់​ជីវិត ហើយ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ភាព​ស្អាត​ស្អំ​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ​និង​ខាង​សីលធម៌។ (​អេភ. ៥:២៥​-​២៧​) តើ​តាម​របៀប​ណា​ពរ​ទាំង​នោះ​មាន​ហូរ​ហៀរ​នៅ​សម័យ​យើង?

១១ នៅ​ឆ្នាំ​១៩១៩ មាន​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​តែ​ប៉ុន្មាន​ពាន់​នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​រំភើប​ចិត្ត​ទទួល​អ្វី​ដែល​ពួក​គេ​ពិត​ជា​ត្រូវ​ការ គឺ​សេចក្ដី​បង្រៀន​ពី​ព្រះ​ដែល​ប្រៀប​ដូច​ជា​អាហារ។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​មក ពួក​គេ​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង។ នៅ​សព្វ​ថ្ងៃ​នេះ រាស្ត្រ​របស់​ព្រះ​មាន​ចំនួន​ជាង​៨​លាន​នាក់។ តើ​ទឹក​ដ៏​បរិសុទ្ធ​នៃ​សេចក្ដី​ពិត​បាន​ហូរ​ទាន់​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ឬ​ទេ? ពិត​ជា​ហូរ​ទាន់​មែន! យើង​មាន​សេចក្ដី​ពិត​ពី​ព្រះ​ច្រើន​ហូរ​ហៀរ។ ក្នុង​១០០​ឆ្នាំ​កន្លង​មក រាស្ត្រ​របស់​ព្រះ​ទទួល​បាន​គម្ពីរ សៀវភៅ ទស្សនាវដ្ដី​រាប់​ពាន់​លាន​ក្បាល និង​ខិត្តប័ណ្ណ​រាប់​ពាន់​លាន​ច្បាប់។ ដូច​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត ក្នុង​ន័យ​ធៀប​សេចក្ដី​ពិត​ដ៏​បរិសុទ្ធ​បាន​រីក​ធំ​ឡើង​និង​ហូរ​យ៉ាង​លឿន ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​នៅ​ទូទាំង​ផែនដី​ដែល​ស្រេក​ឃ្លាន​ការ​ណែនាំ​ពី​ព្រះ។ តាំង​ពី​យូរ​មក​ហើយ យើង​មាន​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ជា​ឯកសារ​បោះ​ពុម្ព ហើយ​ឥឡូវ​តាម​រយៈ​គេហទំព័រ​jw.org យើង​មាន​សៀវភៅ​ផ្សេង​ៗ​ជា​ឯកសារ​អេឡិចត្រូនិក​ជាង​៩០០​ភាសា។ តើ​តាម​របៀប​ណា​ទឹក​នៃ​សេចក្ដី​ពិត​ទាំង​នេះ​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ?

១២. ​(​ក​) តើ​តាម​របៀប​ណា​ដំណឹង​នៃ​សេចក្ដី​ពិត​បាន​ជួយ​មនុស្ស​ឲ្យ​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា? (​ខ​) តើ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ ផ្ដល់​ការ​ព្រមាន​អ្វី​ដែល​ចំ​ពេល​ដល់​យើង​នៅ​សព្វ​ថ្ងៃ? (​សូម​មើល​កំណត់​សម្គាល់​)

១២ ទឹក​ដែល​ផ្ដល់​ជីវិត។ អេសេគាល​បាន​ត្រូវ​ប្រាប់​ថា​៖ ​«​នៅ​កន្លែង​ណា​ដែល​ទឹក​នេះ​ហូរ​កាត់ នឹង​មាន​ជីវិត​នៅ​កន្លែង​នោះ​»។ សូម​គិត​អំពី​របៀប​ដែល​ដំណឹង​នៃ​សេចក្ដី​ពិត​បាន​ហូរ​ទៅ​ដល់​អស់​អ្នក​ដែល​ចូល​ស្រុក​ក្នុង​ន័យ​ធៀប​ដែល​បាន​ត្រូវ​រៀបចំ​ឡើង​វិញ។ សេចក្ដី​ពិត​ពី​គម្ពីរ​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​មនុស្ស​រាប់​លាន​នាក់ ហើយ​ជួយ​ពួក​គេ​ឲ្យ​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ការ​បើក​បង្ហាញ​នោះ​ក៏​ផ្ដល់​ការ​ព្រមាន​ចំ​ពេល​ដែរ គឺ​មិន​មែន​មនុស្ស​ទាំង​អស់​នឹង​បន្ត​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​ទេ។ ដូច​ត្រពាំង​បឹង​បួ​ដែល​នៅ​ក្បែរ​សមុទ្រ​ស្លាប់​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ មាន​មនុស្ស​ដែល​មាន​ចិត្ត​រឹង​មិន​ព្រម​ទទួល​សេចក្ដី​ពិត ហើយ​មិន​អនុវត្ត​សេចក្ដី​ពិត​នោះ​ទេ។ * សូម​កុំ​ឲ្យ​យើង​ធ្វើ​ដូច​នោះ​ឡើយ!—សូម​អាន ការ​បំភ្លឺ​ច្បាប់ ១០:១៦​-​១៨

១៣. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​ដើម​ឈើ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត?

១៣ ដើម​ឈើ​សម្រាប់​ជា​អាហារ​និង​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ។ តើ​ដើម​ឈើ​នៅ​តាម​ដង​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត ផ្ដល់​មេ​រៀន​ដែល​លើក​ទឹក​ចិត្ត​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ទេ? ពិត​ជា​ផ្ដល់​មែន! សូម​ចាំ​ថា​ដើម​ឈើ​ទាំង​នោះ​បង្កើត​ផល​ផ្លែ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជា​រៀង​រាល់​ខែ ហើយ​ស្លឹក​ពី​ដើម​ទាំង​នោះ​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​ឡើង​វិញ។ (​អេគ. ៤៧:១២​) ហេតុ​នេះ ដើម​ឈើ​ទាំង​នោះ​រំលឹក​យើង​ថា​យើង​បម្រើ​ព្រះ​ដែល​ផ្គត់​ផ្គង់​យើង​ដោយ​ចិត្ត​ទូលាយ ហើយ​សំខាន់​បំផុត​ធ្វើ​ឲ្យ​យើង​ជា​សះ​ស្បើយ ពោល​គឺ​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក។ សព្វ​ថ្ងៃ​នេះ មនុស្ស​ទូទៅ​មិន​យល់​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ទេ។ ផ្ទុយ​ទៅ​វិញ សូម​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​រាស្ត្រ​លោក។ ក្រោយ​ពី​អាន​អត្ថបទ​ណា​មួយ ច្រៀង​ចម្រៀង​បញ្ចប់​នៅ​ឯ​សន្និបាត​ឬ​មហា​សន្និបាត ឬ​ក្រោយ​ពី​មើល​វីដេអូ​ណា​មួយ ឬ​មើល​កម្ម​វិធី​jw​ទូរទស្សន៍ អ្នក​ច្បាស់​ជា​មាន​អំណរ​គុណ​ដែល​បាន​ទទួល​សេចក្ដី​បង្រៀន​ពី​ព្រះ​ជា​បរិបូរ មែន​ទេ? យើង​ពិត​ជា​ទទួល​បាន​ការ​បំពាក់​បំប៉ន​យ៉ាង​ល្អ​ណាស់។ (​អេ. ៦៥:១៣, ១៤​) តើ​សេចក្ដី​បង្រៀន​ពី​ព្រះ​នឹង​ជួយ​យើង​ឲ្យ​មាន​របៀប​រស់​នៅ​ដ៏​មាន​ន័យ​ខ្លឹម​សារ ហើយ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ឬ​ទេ? ឱវាទ​ល្អ​ៗ​ដែល​យើង​ទទួល​មាន​មូលដ្ឋាន​ពី​បណ្ដាំ​របស់​ព្រះ។ ឱវាទ​ទាំង​នោះ​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​អំពើ​ខុស​ឆ្គង​ដូច​ជា អំពើ​ប្រា​ស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ការ​មាន​ចិត្ត​លោភ​លន់ និង​ការ​ខ្វះ​ជំនឿ។ បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​រៀបចំ​ដើម្បី​ជួយ​គ្រិស្ត​សាសនិក​ដែល​បាន​ធ្វើ​ខុស​ធ្ងន់​ធ្ងរ​ឲ្យ​ជា​សះ​ស្បើយ​ឡើង​វិញ។ (​សូម​អាន យ៉ាកុប ៥:១៤) យើង​ពិត​ជា​បាន​ទទួល​ពរ​ជា​ច្រើន​ដូច​ដែល​បាន​ពណ៌នា​អំពី​ដើម​ឈើ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត។

១៤, ១៥. ​(​ក​) ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​អំពី​ត្រពាំង​បឹង​បួ​ដែល​មិន​បាន​ប្រែ​ទៅ​ជា​ទឹក​សាប តើ​យើង​បាន​ទាញ​មេ​រៀន​អ្វី? (​ខ​) តើ​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ ផ្ដល់​ប្រយោជន៍​ដល់​យើង​នៅ​សព្វ​ថ្ងៃ​យ៉ាង​ដូច​ម្ដេច?

១៤ នៅ​ដំណាល​គ្នា​នោះ យើង​អាច​ទាញ​មេ​រៀន​ពី​ត្រពាំង​បឹង​បួ​ដែល​មិន​បាន​ប្រែ​ជា​ទឹក​សាប។ យើង​ច្បាស់​ជា​មិន​ចង់​រា​រាំង​ពរ​ពី​ព្រះ​យេហូវ៉ា​ដែល​ហូរ​ចូល​ក្នុង​ជីវិត​យើង​ឡើយ។ បើ​យើង​នៅ​តែ​មិន​ទាន់​ជា​សះ​ស្បើយ​ខាង​ជំនឿ​ដូច​មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​ដែល​ឃ្លាត​ឆ្ងាយ​ពី​ព្រះ គឺ​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់។ (​ម៉ាថ. ១៣:១៥​) ផ្ទុយ​ទៅ​វិញ យើង​រីករាយ​ទទួល​ប្រយោជន៍​ពី​ទន្លេ​ដែល​ផ្ដល់​ពរ​ជា​ច្រើន។ ពេល​យើង​ផឹក​ទឹក​ដ៏​បរិសុទ្ធ​នៃ​សេចក្ដី​ពិត​ពី​បណ្ដាំ​របស់​ព្រះ និង​ពេល​យើង​ចែក​រំលែក​សេចក្ដី​ពិត​ដល់​អ្នក​ឯ​ទៀត​តាម​រយៈ​កិច្ច​ការ​ផ្សព្វ​ផ្សាយ យើង​ប្រហែល​ជា​គិត​ដល់​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត។ ពេល​យើង​ទទួល​ដំបូន្មាន ការ​សម្រាល​ទុក្ខ និង​ជំនួយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពី​ពួក​អ្នក​ចាស់​ទុំ​ដែល​បាន​ត្រូវ​បង្ហាត់​បង្រៀន​ដោយ​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់ នោះ​យើង​ក៏​ប្រហែល​ជា​គិត​ដល់​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​ដែរ។ ទី​ណា​ដែល​ទន្លេ​នោះ​ហូរ​កាត់ ទី​នោះ​នឹង​មាន​ជីវិត​និង​ការ​ជា​សះ​ស្បើយ!

១៥ ទំនាយ​អំពី​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត ក៏​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​ដែរ។ យើង​នឹង​ឃើញ​ថា​ទន្លេ​នោះ​នឹង​ហូរ​ខ្លាំង​បំផុត​នៅ​ក្នុង​សួន​ឧទ្យាន​នៅ​ថ្ងៃ​ខាង​មុខ។

ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​នឹង​កើត​ឡើង​ក្នុង​សួន​ឧទ្យាន

១៦, ១៧. ​(​ក​) តើ​តាម​របៀប​ណា​ទឹក​ដែល​ផ្ដល់​ជីវិត​នឹង​មាន​កាន់​តែ​ច្រើន​ក្នុង​សួន​ឧទ្យាន? (​ខ​) តើ​តាម​របៀប​ណា​យើង​នឹង​ទទួល​ប្រយោជន៍​ពី​ទន្លេ​ដែល​ផ្ដល់​ពរ​ក្នុង​សួន​ឧទ្យាន?

១៦ តើ​អ្នក​អាច​ស្រមៃ​ឃើញ​ខ្លួន​អ្នក​នៅ​ក្នុង​សួន​ឧទ្យាន កំពុង​អរ​សប្បាយ​នឹង​ជីវិត​យ៉ាង​ពេញ​លេញ​ជា​មួយ​នឹង​មិត្ត​ភក្តិ​និង​ក្រុម​គ្រួសារ​ឬ​ទេ? ការ​រៀន​អំពី​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត អាច​ជួយ​អ្នក​ឲ្យ​កាន់​តែ​ឃើញ​ទិដ្ឋភាព​នោះ​យ៉ាង​រស់​រវើក។ តើ​តាម​របៀប​ណា? សូម​ពិចារណា​ម្ដង​ទៀត​នូវ​ចំណុច​បី​យ៉ាង​ដែល​ច្បាស់​និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ក្នុង​ការ​បើក​បង្ហាញ​នោះ។

១៧ ទន្លេ​ដែល​ផ្ដល់​ពរ។ ក្នុង​ន័យ​ម្យ៉ាង ទន្លេ​នោះ​នឹង​ហូរ​ខ្លាំង​ជាង​នៅ​ក្នុង​សួន​ឧទ្យាន ព្រោះ​វា​មិន​គ្រាន់​តែ​ផ្ដល់​ប្រយោជន៍​ខាង​ជំនឿ​ទេ តែ​ក៏​ផ្ដល់​ប្រយោជន៍​ខាង​រូប​កាយ​ដែរ។ ក្នុង​អំឡុង​គ្រា​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​លោក​យេស៊ូ រាជាណាចក្រ​ព្រះ​នឹង​ជួយ​មនុស្ស​ស្មោះ​ត្រង់​ឲ្យ​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ថ្លៃ​លោះ​របស់​លោក​យេស៊ូ។ បន្តិច​ម្ដង​ៗ ពួក​គេ​នឹង​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ! នៅ​ពេល​នោះ នឹង​លែង​មាន​ជំងឺ គ្រូ​ពេទ្យ គិលានុបដ្ឋាក មន្ទីរ​ពេទ្យ និង​ប័ណ្ណ​ធានា​រ៉ាប់​រង​ទៀត​ហើយ។ ទឹក​ដែល​ផ្ដល់​ជីវិត​នោះ​នឹង​ហូរ​ទៅ​ដល់​មនុស្ស​រាប់​លាន​នាក់ ដែល​បាន​រួច​រស់​ជីវិត​ពី​សង្គ្រាម​អាម៉ាគេដូន គឺ​ជា​«​មនុស្ស​មួយ​ក្រុម​ធំ​»​ដែល​ចេញ​ផុត​ពី​«​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​»។ (​បប. ៧:៩, ១៤​) ប៉ុន្តែ ទោះ​ជា​នៅ​ដើម​ដំបូង​ទន្លេ​ដែល​ផ្ដល់​ពរ​ហូរ​យ៉ាង​អស្ចារ្យ​ក៏​ដោយ តែ​នោះ​គ្រាន់​តែ​ជា​ការ​ហូរ​រិញ​ៗ​ប៉ុណ្ណោះ បើ​ប្រៀប​ធៀប​នឹង​អ្វី​ដែល​នឹង​កើត​ឡើង​ក្រោយ​មក។ ដូច​បាន​បញ្ជាក់​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត ទន្លេ​នោះ​នឹង​រីក​កាន់​តែ​ធំ ហើយ​ហូរ​កាន់​តែ​លឿន​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​ជា​ច្រើន។

ក្នុង​សួន​ឧទ្យាន ទន្លេ​ដែល​ផ្ដល់​ពរ នឹង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ទៅ​ជា​ក្មេង​វិញ ហើយ​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ (សូម​មើល​វគ្គ​១៧)

១៨. តើ​ទន្លេ​ដែល​មាន​«​ទឹក​ដែល​ផ្ដល់​ជីវិត​»​នឹង​ក្លាយ​ទៅ​ជា​ទន្លេ​ដ៏​ធំ​នៅ​គ្រា​១.០០០​ឆ្នាំ​ក្នុង​ន័យ​អ្វី?

១៨ ទឹក​ដែល​ផ្ដល់​ជីវិត។ ក្នុង​អំឡុង​គ្រា​១.០០០​ឆ្នាំ ​«​ទន្លេ​ដែល​មាន​ទឹក​ដែល​ផ្ដល់​ជីវិត​»​ នឹង​ក្លាយ​ទៅ​ជា​ទន្លេ​ដ៏​ធំ។ (​បប. ២២:១​) មនុស្ស​រាប់​ពាន់​លាន​នាក់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ទទួល​ឱកាស​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន។ ហេតុ​នេះ ពរ​ពី​ព្រះ​យេហូវ៉ា​តាម​រយៈ​រាជាណាចក្រ​របស់​លោក នឹង​រួម​បញ្ចូល​ការ​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​រាប់​មិន​អស់​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ មាន​ជីវិត​ឡើង​វិញ។ (​អេ. ២៦:១៩​) ប៉ុន្តែ តើ​អស់​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​រស់​ជា​រៀង​រហូត​ឬ?

១៩. ​(​ក​) តើ​អ្វី​បញ្ជាក់​ថា​នឹង​មាន​ទឹក​ថ្មី​នៃ​សេចក្ដី​ពិត​ក្នុង​សួន​ឧទ្យាន? (​ខ​) នៅ​ថ្ងៃ​អនាគត តើ​អ្នក​ខ្លះ​នឹង​«​ពេញ​ដោយ​ជាតិ​អំបិល​»​ក្នុង​ន័យ​អ្វី?

១៩ បុគ្គល​ម្នាក់​ៗ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត។ នៅ​គ្រា​នោះ រមូរ​ថ្មី​នឹង​ត្រូវ​បើក​ឡើង។ ដូច្នេះ ទឹក​ដែល​ផ្ដល់​កម្លាំង​ចិត្ត​ពី​ព្រះ​យេហូវ៉ា​នឹង​រួម​បញ្ចូល​សេចក្ដី​ពិត​ថ្មី គឺ​ការ​ណែនាំ​ថ្មី​ពី​លោក។ ពេល​គិត​អំពី​នោះ​គឺ​ពិត​ជា​គួរ​ឲ្យ​រំភើប​ចិត្ត​ណាស់ មែន​ទេ? ទោះ​ជា​យ៉ាង​ណា​ក្ដី មនុស្ស​ខ្លះ​នឹង​មិន​ព្រម​ទទួល​ពរ​នោះ​ទេ ហើយ​ស​ម្រេច​ចិត្ត​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ក្នុង​អំឡុង​គ្រា​១.០០០​ឆ្នាំ បុគ្គល​ខ្លះ​ប្រហែល​ជា​បះ​បោរ​ប្រឆាំង។ ប៉ុន្តែ ពួក​គេ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បង្ខូច​បរិយាកាស​នៅ​ក្នុង​សួន​ឧទ្យាន​ទេ។ (​អេ. ៦៥:២០​) យើង​ប្រហែល​ជា​នឹក​គិត​អំពី​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ ហើយ​គិត​អំពី​ត្រពាំង​បឹង​បួ​ដែល​«​នៅ​ពេញ​ទៅ​ដោយ​អំបិល​ដដែល​»។ អស់​អ្នក​ដែល​មាន​ចិត្ត​រឹង​ចចេស ហើយ​មិន​ព្រម​ផឹក​ទឹក​ដែល​ផ្ដល់​ជីវិត គឺ​ពិត​ជា​ល្ងី​ល្ងើ​ណាស់! ក្រោយ​គ្រា​១.០០០​ឆ្នាំ ក្រុម​មនុស្ស​បះ​បោរ​នឹង​ចូល​ខាង​សាថាន។ អស់​អ្នក​ដែល​មិន​ព្រម​ចុះ​ចូល​ក្រោម​ការ​គ្រប់​គ្រង​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា នឹង​ទទួល​លទ្ធផល​ដូច​សាថាន​ដែរ គឺ​សេចក្ដី​ស្លាប់​ជា​រៀង​រហូត។—បប. ២០:៧​-​១២

២០. ក្នុង​អំឡុង​គ្រា​១.០០០​ឆ្នាំ តើ​នឹង​មាន​ការ​រៀបចំ​អ្វី​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង​ដែល​រំលឹក​យើង​អំពី​ដើម​ឈើ​ដែល​អេសេគាល​បាន​ឃើញ?

២០ ដើម​ឈើ​សម្រាប់​ជា​អាហារ​និង​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ។ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​យើង​ណា​ម្នាក់​បាត់​បង់​ឱកាស​រស់​ជា​រៀង​រហូត​ឡើយ។ ដើម្បី​ជួយ​យើង​ឲ្យ​ចាប់​យ៉ាង​ជាប់​នូវ​ឱកាស​ដ៏​អស្ចារ្យ​នោះ ព្រះ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​មាន​ការ​រៀបចំ​មួយ​ដូច​អ្វី​ដែល​អេសេគាល​បាន​ឃើញ​អំពី​ដើម​ឈើ។ ប៉ុន្តែ​ក្នុង​សួន​ឧទ្យាន ប្រយោជន៍​ដែល​យើង​ទទួល​បាន​ពី​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ខាង​រូប​កាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ខាង​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក​ដែរ។ នៅ​ស្ថាន​សួគ៌ លោក​យេស៊ូ​គ្រិស្ត​និង​ពួក​១៤៤.០០០​នាក់ នឹង​គ្រប់​គ្រង​ជា​មួយ​លោក​ជា​ស្ដេច​អស់​រយៈ​ពេល​១.០០០​ឆ្នាំ។ ក្នុង​នាម​ជា​សង្ឃ ពួក​១៤៤.០០០​នាក់​នឹង​ជួយ​មនុស្ស​ស្មោះ​ត្រង់​ឲ្យ​ទទួល​ប្រយោជន៍​ពី​គ្រឿង​បូជា​លោះ​របស់​គ្រិស្ត ព្រម​ទាំង​ជួយ​ពួក​គេ​ឲ្យ​ទៅ​ជា​ល្អ​ឥត​ខ្ចោះ។ (​បប. ២០:៦​) ការ​រៀបចំ​ដែល​ផ្ដល់​ប្រយោជន៍​ខាង​រូប​កាយ​និង​ខាង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ រំលឹក​យើង​អំពី​ដើម​ឈើ​តាម​ដង​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ។ ដើម​ឈើ​ទាំង​នោះ​មាន​ផ្លែ​ដែល​មាន​ជីវជាតិ និង​មាន​ស្លឹក​ដែល​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ។ ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​ស្រដៀង​នឹង​ការ​បើក​បង្ហាញ​ដែល​សាវ័ក​យ៉ូហាន​បាន​ឃើញ​និង​កត់​ទុក​ដែរ។ (​សូម​អាន ការ​បើក​បង្ហាញ ២២:១, ២) ស្លឹក​ពី​ដើម​ឈើ​ដែល​យ៉ូហាន​បាន​ឃើញ គឺ​«​សម្រាប់​ធ្វើ​ឲ្យ​ប្រជា​ជាតិ​នានា​ជា​សះ​ស្បើយ​»។ ហេតុ​នេះ មនុស្ស​ស្មោះ​ត្រង់​ច្រើន​ឥត​គណនា​នឹង​ទទួល​ប្រយោជន៍​ពី​កិច្ច​បម្រើ​ជា​សង្ឃ​របស់​ពួក​១៤៤.០០០​នាក់។

២១. តើ​ការ​រំពឹង​គិត​អំពី​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​អ្នក? ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​ជំពូក​បន្ទាប់? (​សូម​មើល​ប្រអប់​«​ទឹក​ហូរ​រិញ​ៗ​បាន​ទៅ​ជា​ទន្លេ​ដ៏​ធំ!​»​)​

២១ កាល​ដែល​អ្នក​បាន​រំពឹង​គិត​អំពី​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ ចិត្ត​របស់​អ្នក​ច្បាស់​ជា​ពេញ​ទៅ​ដោយ​សេចក្ដី​សុខ​សាន្ត​និង​សេចក្ដី​សង្ឃឹម មែន​ទេ? នៅ​ថ្ងៃ​ខាង​មុខ ជា​គ្រា​ដ៏​អស្ចារ្យ​ណាស់! សូម​គិត​ទៅ​មើល​តាំង​ពី​ប៉ុន្មាន​ពាន់​ឆ្នាំ​មុន ព្រះ​យេហូវ៉ា​បាន​ពណ៌នា​យ៉ាង​ល្អិត​ល្អន់​ក្នុង​ទំនាយ​ផ្សេង​ៗ ដើម្បី​ជួយ​យើង​ឲ្យ​ឃើញ​ទិដ្ឋភាព​ដ៏​រស់​រវើក​អំពី​សួន​ឧទ្យាន។ ដោយ​ចិត្ត​អត់​ធ្មត់ លោក​អញ្ជើញ​យើង​ឲ្យ​ចូល​សួន​ឧទ្យាន​ដើម្បី​ឃើញ​សេចក្ដី​សន្យា​ក្នុង​ទំនាយ​ទាំង​នោះ​ក្លាយ​ជា​ការ​ពិត។ តើ​អ្នក​នឹង​នៅ​ទី​នោះ​ឬ​ទេ? អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​តើ​ពិត​ជា​នឹង​មាន​កន្លែង​មួយ​សម្រាប់​អ្នក​នៅ​ក្នុង​សួន​ឧទ្យាន​ឬ​ទេ? នៅ​ជំពូក​បន្ទាប់ សូម​ឲ្យ​យើង​ពិចារណា​ផ្នែក​ចុង​ក្រោយ​នៃ​ទំនាយ​អេសេគាល ហើយ​នេះ​នឹង​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង។

^ វគ្គ 3 បន្ថែម​ទៅ​ទៀត ជនជាតិ​យូដា​ដែល​ជា​ជន​និរទេស​ដែល​ចាំ​អំពី​ភូមិសាស្ត្រ​នៃ​ស្រុក​កំណើត​ខ្លួន ដឹង​ថា​គ្មាន​ទន្លេ​ណា​អាច​ហូរ​ចេញ​ពី​ក្រុង​យេរូសាឡិម​ចូល​ទៅ​ក្នុង​សមុទ្រ​ស្លាប់​បាន​ទេ ព្រោះ​មាន​តំបន់​ខ្ពស់​ៗ​ជា​ច្រើន​ដែល​ទឹក​មិន​អាច​ហូរ​ឡើង​បាន​ឡើយ។

^ វគ្គ 6 អ្នក​ខ្លះ​គិត​ថា​ឃ្លា​នេះ​សំដៅ​លើ​អ្វី​ល្អ។ ពួក​គេ​វែក​ញែក​ថា​ការ​ធ្វើ​អំបិល​យក​មក​ប្រើ​ប្រាស់ គឺ​ជា​អាជីវកម្ម​ទទួល​បាន​កម្រៃ​ច្រើន​ដែល​មាន​តាំង​ពី​យូរ​មក​ហើយ​នៅ​តំបន់​សមុទ្រ​ស្លាប់។ ប៉ុន្តែ សូម​កត់​សម្គាល់​ថា​កំណត់​ហេតុ​គម្ពីរ​ចែង​ចំ​ៗ​ថា​ត្រពាំង​បឹង​បួ​នៅ​ក្បែរ​នោះ​«​នឹង​មិន​ប្រែ​ទៅ​ជា​ទឹក​សាប​ទេ​»។ កន្លែង​ទាំង​នោះ​គ្មាន​ជីវិត ព្រោះ​ទឹក​ដែល​ផ្ដល់​ជីវិត​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា​មិន​បាន​ហូរ​ទៅ​ដល់​ទី​នោះ​ឡើយ។ ដូច្នេះ ក្នុង​ករណី​នេះ​តាម​មើល​ទៅ ការ​ដែល​ត្រពាំង​បឹង​បួ​ទាំង​នោះ​ពេញ​ទៅ​ដោយ​អំបិល គឺ​សំដៅ​លើ​អ្វី​អាក្រក់​វិញ។—ចសព. ១០៧:៣៣, ៣៤; យេ. ១៧:៦

^ វគ្គ 12 ស្រដៀង​គ្នា​ដែរ សូម​ពិចារណា​អំពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​អួន។ ត្រី​ជា​ច្រើន​ជាប់​អួន តែ​មិន​មែន​ត្រី​ទាំង​អស់​ជា​«​ត្រី​ល្អ​»​ឡើយ។ ត្រី​ដែល​មិន​អាច​បរិភោគ​បាន​នឹង​ត្រូវ​បោះ​ចោល។ យ៉ាង​នេះ លោក​យេស៊ូ​ព្រមាន​ថា​មនុស្ស​មួយ​ចំនួន​ដែល​ចូល​មក​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា ប្រហែល​ជា​លែង​ស្មោះ​ត្រង់​ក្រោយ​មក។—ម៉ាថ. ១៣:៤៧​-​៥០; ២​ធី. ២:២០, ២១