លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទី១២

«ខ្ញុំនឹងបង្រួបបង្រួមពួកគេឲ្យទៅជាប្រជាជាតិតែមួយ»

«ខ្ញុំនឹងបង្រួបបង្រួមពួកគេឲ្យទៅជាប្រជាជាតិតែមួយ»

អេសេគាល ៣៧:២២

គោល​ចំណុច: ទំនាយ​អំពី​ឈើ​ពីរ​ប្រាប់​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្រួប​បង្រួម​រាស្ត្រ​របស់​លោក

១, ២. ​(​ក​) តើ​អ្វី​ប្រហែល​ជា​ធ្វើ​ឲ្យ​ជន​និរទេស​ភ្ញាក់​ផ្អើល? (​ខ​) តើ​ពួក​គេ​បាន​ឮ​ដំណឹង​អ្វី​ដែល​ពួក​គេ​នឹក​ស្មាន​មិន​ដល់? (​គ​) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

ក្រោម​ការ​ដឹក​នាំ​ពី​ព្រះ អេសេគាល​បាន​សម្ដែង​ទំនាយ​មួយ​ចំនួន​ឲ្យ​ជន​និរទេស​នៅ​បាប៊ីឡូន​បាន​ឃើញ។ ទំនាយ​ទី​១​ដែល​អេសេគាល​បាន​សម្ដែង​មាន​ដំណឹង​អំពី​ការ​វិនិច្ឆ័យ ទំនាយ​ទី២ ទី​៣ និង​បន្ត​បន្ទាប់​ទៀត ក៏​មាន​ដំណឹង​វិនិច្ឆ័យ​ដែរ។ (​អេគ. ៣:២៤​-​២៦; ៤:១​-​៧; ៥:១; ១២:៣​-​៦​) តាម​ពិត ទំនាយ​ទាំង​អស់​ដែល​គាត់​បាន​សម្ដែង បាន​បញ្ជាក់​អំពី​ដំណឹង​វិនិច្ឆ័យ​ដ៏​ខ្លាំង​ទៅ​លើ​ជនជាតិ​យូដា។

ដូច្នេះ សូម​ស្រមៃ​គិត​ថា​ជន​និរទេស​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ណា​ពេល​ឃើញ​អេសេគាល​មក​ឈរ​នៅ​មុខ​ពួក​គេ ហើយ​ត្រៀម​ខ្លួន​ធ្វើ​ការ​សម្ដែង​អំពី​ទំនាយ​មួយ​ទៀត។ ពួក​គេ​ច្បាស់​ជា​គិត​ថា​‹តើ​លើក​នេះ​នឹង​មាន​ដំណឹង​អំពី​ការ​វិនាស​អ្វី​ទៅ?›។ ប៉ុន្តែ ពួក​គេ​នឹង​ឮ​ដំណឹង​ដែល​ពួក​គេ​នឹក​ស្មាន​មិន​ដល់។ លើក​នេះ ទំនាយ​ដែល​អេសេគាល​ហៀប​នឹង​សម្ដែង​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់។ ទំនាយ​នេះ​មិន​មែន​ជា​ការ​វិនិច្ឆ័យ​ទេ តែ​ជា​សេចក្ដី​សន្យា​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម​វិញ។ (​អេគ. ៣៧:២៣​) តើ​អេសេគាល​មាន​ដំណឹង​អ្វី​បង្ហាញ​ជន​និរទេស? តើ​ដំណឹង​នេះ​មាន​ន័យ​ដូច​ម្ដេច? តើ​ដំណឹង​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​បម្រើ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ? សូម​ឲ្យ​យើង​ស្វែង​រក​ចម្លើយ។

«​ឈើ​ទាំង​ពីរ​នោះ​នឹង​ទៅ​ជា​ឈើ​តែ​មួយ​ក្នុង​ដៃ​ខ្ញុំ​»​

៣. ​(​ក​) តើ​«​ឈើ​នៃ​យូដា​»​តំណាង​ឲ្យ​អ្វី? (​ខ​) ហេតុ​អ្វី​‹ឈើ​នៃ​អេប្រាអ៊ីម›​តំណាង​ឲ្យ​រាជាណាចក្រ​ដែល​មាន​កុល​សម្ព័ន្ធ​១០?

ព្រះ​យេហូវ៉ា​បាន​បង្គាប់​ឲ្យ​អេសេគាល​យក​ឈើ​ពីរ​មក ហើយ​ចារ​លើ​ឈើ​មួយ​ថា​«​ឈើ​នៃ​យូដា​»​ ហើយ​លើ​ឈើ​មួយ​ទៀត​ថា​«​ឈើ​នៃ​យ៉ូសែប​ដែល​ជា​តំណាង​អេប្រាអ៊ីម​»។ (​សូម​អាន អេសេគាល ៣៧:១៥, ១៦) តើ​ឈើ​ទាំង​ពីរ​នេះ​តំណាង​ឲ្យ​អ្វី? ឈើ​«​នៃ​យូដា​»​តំណាង​ឲ្យ​រាជាណាចក្រ​ដែល​មាន​កុល​សម្ព័ន្ធ​ពីរ គឺ​យូដា​និង​បេនយ៉ាមីន។ បណ្ដា​ស្ដេច​ពី​ពូជ​ពង្ស​យូដា​បាន​គ្រប់​គ្រង​លើ​កុល​សម្ព័ន្ធ​ពីរ​នោះ។ បន្ថែម​ទៅ​ទៀត រាជាណាចក្រ​នោះ​មាន​ពួក​សង្ឃ ព្រោះ​ពួក​គេ​បម្រើ​នៅ​ឯ​វិហារ​ក្នុង​ក្រុង​យេរូសាឡិម។ (​២​ប្រ. ១១:១៣, ១៤; ៣៤:៣០​) ហេតុ​នេះ រាជាណាចក្រ​យូដា​មាន​បណ្ដា​ស្ដេច​មក​ពី​វង្ស​ត្រកូល​ដាវីឌ និង​មាន​ពួក​សង្ឃ​មក​ពី​ពូជ​ពង្ស​លេវី។ ចំណែក​‹ឈើ​នៃ​អេប្រាអ៊ីម›​តំណាង​ឲ្យ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុល​សម្ព័ន្ធ​១០។ តើ​ឈើ​នោះ​ជាប់​ទាក់​ទង​នឹង​អេប្រាអ៊ីម​យ៉ាង​ដូច​ម្ដេច? ស្ដេច​ដំបូង​នៃ​រាជាណាចក្រ​ដែល​មាន​កុល​សម្ព័ន្ធ​១០ គឺ​ស្ដេច​យេរ៉ូបោម។ គាត់​មក​ពី​កុល​សម្ព័ន្ធ​អេប្រាអ៊ីម។ ក្រោយ​មក កុល​សម្ព័ន្ធ​អេប្រាអ៊ីម​បាន​ក្លាយ​ទៅ​ជា​កុល​សម្ព័ន្ធ​ធំ​ជាង​គេ​នៅ​ស្រុក​អ៊ីស្រាអែល។ (​បច. ៣៣:១៧; ១​បស. ១១:២៦​) សូម​កត់​សម្គាល់​ថា​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុល​សម្ព័ន្ធ​១០ មិន​មាន​ស្ដេច​មក​ពី​វង្ស​ត្រកូល​ដាវីឌ ឬ​ពួក​សង្ឃ​មក​ពី​ពូជ​ពង្ស​លេវី​ទេ។

៤. តើ​ការ​សម្ដែង​បន្ទាប់​របស់​អេសេគាល​ដោយ​ប្រើ​ឈើ​ពីរ​បញ្ជាក់​អំពី​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

បន្ថែម​ទៅ​ទៀត អេសេគាល​បាន​ទទួល​ការ​ណែនាំ​ឲ្យ​យក​ឈើ​ទាំង​ពីរ​នោះ​មក​ភ្ជាប់​គ្នា​«​ឲ្យ​ទៅ​ជា​ឈើ​តែ​មួយ​»។ កាល​ដែល​ជន​និរទេស​សម្លឹង​មើល​ទៅ​អេសេគាល​ទាំង​អារម្មណ៍​អន្ទះសា ពួក​គេ​សួរ​គាត់​ថា​៖ ​«​សូម​ប្រាប់​យើង​មក តើ​ការ​ទាំង​នេះ​មាន​ន័យ​យ៉ាង​ណា?​»។ គាត់​ឆ្លើយ​ថា​ការ​សម្ដែង​នេះ​បញ្ជាក់​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ផ្ទាល់​នឹង​ធ្វើ។ ស្ដី​អំពី​ឈើ​ទាំង​ពីរ​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​យក​ឈើ . . . ទាំង​ពីរ​នោះ​»​ភ្ជាប់​គ្នា ឲ្យ​«​ទៅ​ជា​ឈើ​តែ​មួយ​ក្នុង​ដៃ​ខ្ញុំ​»។—អេគ. ៣៧:១៧​-​១៩

៥. តើ​ការ​សម្ដែង​របស់​អេសេគាល​មាន​ន័យ​យ៉ាង​ណា? (​សូម​មើល​ប្រអប់​«​ការ​ភ្ជាប់​ឈើ​ពីរ​»​)

បន្ទាប់​មក ព្រះ​យេហូវ៉ា​ពន្យល់​អំពី​អត្ថន័យ​នៃ​ការ​ភ្ជាប់​ឈើ​ទាំង​ពីរ​នោះ។ (​សូម​អាន អេសេគាល ៣៧:២១, ២២) ជន​និរទេស​ដែល​មក​ពី​រាជាណាចក្រ​យូដា​ដែល​មាន​កុល​សម្ព័ន្ធ​២ និង​ជន​និរទេស​ដែល​មក​ពី​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុល​សម្ព័ន្ធ​១០​(​អេប្រាអ៊ីម​) នឹង​ត្រូវ​នាំ​មក​ទឹក​ដី​អ៊ីស្រាអែល​វិញ ហើយ​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​«​ប្រជា​ជាតិ​តែ​មួយ​»។—យេ. ៣០:១​-​៣; ៣១:២​-​៩; ៣៣:៧

៦. តើ​មាន​ទំនាយ​អ្វី​ខ្លះ​ដែល​ទាក់​ទង​គ្នា​នៅ​អេសេគាល​ជំពូក​ទី​៣៧?

ស្ដី​អំពី​ការ​រៀបចំ​ឡើង​វិញ មាន​ទំនាយ​ដ៏​អស្ចារ្យ​ខ្លះ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​អេសេគាល​ជំពូក​ទី​៣៧។ ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​ថា លោក​មិន​គ្រាន់​តែ​ជា​ព្រះ​ដែល​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ​ប៉ុណ្ណោះ​ទេ​(​ខ​១​-​១៤​) តែ​លោក​ក៏​ជា​ព្រះ​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​ដែរ​(​ខ​១៥​-​២៨​)។ ដំណឹង​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​អំពី​ទំនាយ​ទាំង​ពីរ​នេះ​គឺ​ថា​សេចក្ដី​ស្លាប់​ទៅ​ជា​ការ​មាន​ជីវិត ហើយ​ការ​បាក់​បែក​គ្នា​ទៅ​ជា​ការ​រួប​រួម​គ្នា​វិញ។

តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​«​ប្រមូល​ពួក​គេ​»​?

៧. តើ​តាម​របៀប​ណា​កំណត់​ហេតុ​នៅ​ប្រវត្តិហេតុ​ទី​១ ៩:២, ៣ បញ្ជាក់​ថា​«​ព្រះ​អាច​សម្រេច​គ្រប់​ការ​ទាំង​អស់​បាន​»​?

តាម​ទស្សនៈ​មនុស្ស មើល​ទៅ​ជន​និរទេស​នឹង​មិន​ត្រូវ​ដោះ​លែង ហើយ​នឹង​មិន​ត្រូវ​បង្រួប​បង្រួម​បាន​ទាល់​តែ​សោះ។ * ប៉ុន្តែ ​«​ព្រះ​អាច​សម្រេច​គ្រប់​ការ​ទាំង​អស់​បាន​»។ (​ម៉ាថ. ១៩:២៦​) ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក ព្រោះ​ការ​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន​បាន​ចប់​នៅ​ឆ្នាំ​៥៣៧ មុន​គ.ស. ហើយ​ក្រោយ​មក​រាស្ត្រ​របស់​ព្រះ​ដែល​មក​ពី​រាជាណាចក្រ​ទាំង​ពីរ​បាន​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ ដើម្បី​ជួយ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​សា​ជា​ថ្មី។ កំណត់​ហេតុ​ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​សរសេរ បញ្ជាក់​អំពី​រឿង​នេះ​ថា​៖ ​«​ក៏​មាន​កូន​ចៅ​មួយ​ចំនួន​ពី​កុល​សម្ព័ន្ធ​យូដា កុល​សម្ព័ន្ធ​បេនយ៉ាមីន កុល​សម្ព័ន្ធ​អេប្រាអ៊ីម និង​កុល​សម្ព័ន្ធ​ម៉ាណាសេ​ដែរ។ ពួក​គេ​បាន​មក​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡិម​»។ (​១​ប្រ. ៩:២, ៣; អែស. ៦:១៧​) ពិត​ណាស់ ដូច​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ទុក​ជា​មុន ពួក​អ្នក​ដែល​មក​ពី​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុល​សម្ព័ន្ធ​១០ បាន​ត្រូវ​បង្រួប​បង្រួម​ជា​មួយ​នឹង​ពួក​អ្នក​ដែល​មក​ពី​រាជាណាចក្រ​យូដា​ដែល​មាន​កុល​សម្ព័ន្ធ​២។

៨. ​(​ក​) តើ​អេសាយ​បាន​ប្រាប់​ទុក​ជា​មុន​អំពី​អ្វី? (​ខ​) តើ​មាន​លក្ខណៈ​សំខាន់​ពីរ​យ៉ាង​អ្វី​នៅ​អេសេគាល ៣៧:២១?

ប្រហែល​២០០​ឆ្នាំ​មុន អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ប្រាប់​ទុក​ជា​មុន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​អ៊ីស្រាអែល​និង​យូដា​ក្រោយ​ពី​ការ​ជាប់​ជា​ឈ្លើយ។ គាត់​បាន​ប្រាប់​ថា​ព្រះ​យេហូវ៉ា​នឹង​ចាប់​ផ្ដើម​ប្រមូល​«​ពួក​អ៊ីស្រាអែល​ដែល​បាន​បែក​ខ្ញែក​»​ និង​«​ពួក​យូដា​ដែល​បាន​ខ្ចាត់​ខ្ចាយ​ទៅ​ទិស​ទាំង​បួន​នៃ​ផែនដី​»​ រួម​ទាំង​ពួក​អ្នក​ដែល​«​ចេញ​ពី​ស្រុក​អាស៊ីរី​»​ផង​ដែរ។ (​អេ. ១១:១២, ១៣, ១៦​) ពិត​ណាស់ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ទុក​ជា​មុន លោក​បាន​យក​«​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​នានា​»។ (​អេគ. ៣៧:២១​) សូម​កត់​សម្គាល់​លក្ខណៈ​សំខាន់​ពីរ។ ទី​១ នៅ​ពេល​នេះ​ព្រះ​យេហូវ៉ា​លែង​ហៅ​ជន​និរទេស​ថា​ជា​«​យូដា​»​និង​«​អេប្រាអ៊ីម​»​ទៀត​ហើយ តែ​លោក​ហៅ​ពួក​គេ​ថា​«​ជន​ជាតិ​អ៊ីស្រាអែល​»​ គឺ​លោក​ចាត់​ទុក​ពួក​គេ​ជា​ក្រុម​តែ​មួយ។ ទី​២ ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​រៀប​រាប់​ថា​នឹង​មក មិន​មែន​មក​ពី​ប្រជា​ជាតិ​បាប៊ីឡូន​តែ​មួយ​ទេ តែ​មក​ពី​ប្រជា​ជាតិ​ផ្សេង​ៗ ពោល​គឺ​«​ពី​គ្រប់​ទិស​ទី​»។

៩. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​ជួយ​ជន​និរទេស​ដែល​ត្រឡប់​មក​វិញ​ឲ្យ​មាន​សាមគ្គីភាព?

ក្រោយ​ជន​និរទេស​ត្រឡប់​មក​ស្រុក​អ៊ីស្រាអែល​វិញ តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គេ​ឲ្យ​មាន​សាមគ្គីភាព? លោក​បាន​ផ្ដល់​គង្វាល​ដ៏​ល្អ​ដែល​មាន​ទស្សនៈ​ដូច​លោក។ គង្វាល​ទាំង​នោះ​មាន​ដូច​ជា​សេរ៉ូបាបិល សម្ដេច​សង្ឃ​យ៉ូស្វេ អែសរ៉ា និង​នេហេមា​ជា​ដើម។ បន្ថែម​ទៅ​ទៀត លោក​បាន​តែង​តាំង​ពួក​អ្នក​ប្រកាស​ទំនាយ​គឺ​ហាកាយ សាការី និង​ម៉ាឡាគី។ ពួក​បុរស​ស្មោះ​ត្រង់​ទាំង​នេះ​បាន​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​លើក​ទឹក​ចិត្ត​ប្រជា​ជាតិ​អ៊ីស្រាអែល​ឲ្យ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ។ (​នេហ. ៨:២, ៣​) មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព្រះ​យេហូវ៉ា​បាន​ការ​ពារ​ប្រជា​ជាតិ​អ៊ីស្រាអែល ដោយ​បំផ្លាញ​គម្រោង​ការ​របស់​ពួក​សត្រូវ​ដែល​ចង់​បំផ្លាញ​រាស្ត្រ​ទាំង​អស់​របស់​លោក។—អេធ. ៩:២៤, ២៥; សាក. ៤:៦

ព្រះ​យេហូវ៉ា​បាន​ផ្ដល់​គង្វាល​ដើម្បី​ជួយ​រាស្ត្រ​របស់​លោក​ឲ្យ​មាន​សាមគ្គីភាព (សូម​មើល​វគ្គ​៩)

១០. នៅ​ទី​បំផុត តើ​សាថាន​បាន​ជោគ​ជ័យ​ក្នុង​រឿង​អ្វី?

១០ ទោះ​ជា​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​មាន​ការ​រៀបចំ​ដ៏​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ទាំង​នេះ​ក៏​ដោយ ជន​ជាតិ​អ៊ីស្រាអែល​ភាគ​ច្រើន​មិន​បាន​ធ្វើ​តាម​ការ​គោរព​ប្រណិប័តន៍​ពិត​ទេ។ ការ​ប្រព្រឹត្ត​របស់​ពួក​គេ​បាន​ត្រូវ​កត់​ទុក​នៅ​ក្នុង​សៀវភៅ​គម្ពីរ។ សៀវភៅ​ទាំង​នោះ​បាន​ត្រូវ​សរសេរ​ក្រោយ​ពី​ពួក​គេ​ត្រឡប់​មក​ស្រុក​កំណើត​វិញ។ (​អែស. ៩:១​-​៣; នេហ. ១៣:១, ២, ១៥​) តាម​ពិត គ្រាន់​តែ​១០០​ឆ្នាំ​ក្រោយ​មក ជន​ជាតិ​អ៊ីស្រាអែល​បាន​ឃ្លាត​ចេញ​យ៉ាង​ឆ្ងាយ​ពី​ការ​គោរព​ប្រណិប័តន៍​ពិត។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ត​ពួក​គេ​ថា​៖ ​«​ចូរ​ត្រឡប់​មក​រក​ខ្ញុំ​វិញ​»។ (​ម៉ាឡ. ៣:៧​) នៅ​ពេល​ដែល​លោក​យេស៊ូ​មក​ផែនដី សាសនា​យូដា​បាន​បែក​ខ្ញែក​ទៅ​ជា​និកាយ​ផ្សេង​ៗ ហើយ​ដឹក​នាំ​ដោយ​គង្វាល​មិន​ស្មោះ​ត្រង់។ (​ម៉ាថ. ១៦:៦; ម៉ាក. ៧:៥​-​៨​) សាថាន​បាន​ជោគ​ជ័យ​ក្នុង​ការ​រា​រាំង​រាស្ត្រ​របស់​ព្រះ​មិន​ឲ្យ​មាន​សាមគ្គីភាព​ពេញ​លេញ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​អំពី​ការ​បង្រួប​បង្រួម​រាស្ត្រ​លោក​នឹង​កើត​ឡើង​ជា​មិន​ខាន។ តើ​តាម​របៀប​ណា?

​«​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ​នឹង​ទៅ​ជា​ស្ដេច​របស់​ពួក​គេ​»​

១១. ​(​ក​) ស្ដី​អំពី​ទំនាយ​នៃ​ការ​បង្រួប​បង្រួម តើ​ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​អំពី​អ្វី? (​ខ​) ក្រោយ​ពី​សាថាន​បាន​ត្រូវ​បោះ​ទម្លាក់​ពី​ស្ថាន​សួគ៌ តើ​វា​ខំ​ព្យាយាម​ធ្វើ​អ្វី​ម្ដង​ទៀត?

១១ សូម​អាន អេសេគាល ៣៧:២៤ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ថា​ទំនាយ​អំពី​ការ​បង្រួប​បង្រួម​រាស្ត្រ​របស់​លោក​នឹង​កើត​ឡើង​ទាំង​ស្រុង​ក្រោយ​ពី​«​ដាវីឌ​ជា​អ្នក​បម្រើ​»​លោក ពោល​គឺ​លោក​យេស៊ូ​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច។ នេះ​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩១៤។ * (​២សាំ. ៧:១៦; លូក. ១:៣២​) រហូត​មក​ដល់​ពេល​នោះ ប្រជា​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​ជំនួស​ដោយ​អ៊ីស្រាអែល​នៃ​ព្រះ​ដែល​ជា​អ្នក​រើស​តាំង។ (​យេ. ៣១:៣៣; កាឡ. ៣:២៩​) សាថាន​ខំ​ព្យាយាម​ម្ដង​ទៀត​ដើម្បី​បំផ្លាញ​សាមគ្គីភាព​របស់​រាស្ត្រ​ព្រះ ជា​ពិសេស​ក្រោយ​ពី​វា​បាន​ត្រូវ​បោះ​ទម្លាក់​ពី​ស្ថាន​សួគ៌។ (​បប. ១២:៧​-​១០​) ជា​ឧទាហរណ៍ ក្រោយ​ពី​បង​រ៉ាសិល​បាន​ស្លាប់​នៅ​ឆ្នាំ​១៩១៦ សាថាន​ឆ្លៀត​ឱកាស​បំបាក់​បំបែក​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង តាម​រយៈ​សកម្មភាព​របស់​ពួក​អ្នក​ក្បត់​ជំនឿ។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ពួក​អ្នក​ក្បត់​ជំនឿ​ទាំង​នោះ​បាន​ចាក​ចេញ​ពី​អង្គការ​របស់​ព្រះ។ ម្យ៉ាង​ទៀត សាថាន​ក៏​បាន​ជោគ​ជ័យ​ក្នុង​ការ​បណ្ដាល​ឲ្យ​គេ​ចាប់​បង​ប្រុស​ៗ​ដែល​កំពុង​នាំ​មុខ​ដាក់​គុក។ ទោះ​ជា​មាន​ព្រឹត្តិការណ៍​នោះ​ក៏​ដោយ ក៏​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មិន​បាន​សាប​សូន្យ​ទេ។ ពួក​អ្នក​រើស​តាំង​ដែល​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ពួក​គេ​នៅ​តែ​មាន​សាមគ្គីភាព​ជា​និច្ច។

១២. ហេតុ​អ្វី​សាថាន​មិន​អាច​បំបាក់​បំបែក​អ៊ីស្រាអែល​នៃ​ព្រះ?

១២ ផ្ទុយ​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល អ៊ីស្រាអែល​នៃ​ព្រះ​បាន​យក​ឈ្នះ​គម្រោង​របស់​សាថាន​ក្នុង​ការ​បំបាក់​បំបែក​ពួក​គេ។ ហេតុ​អ្វី​គម្រោង​ការ​របស់​សាថាន​បាន​បរាជ័យ? ពីព្រោះ​ពួក​អ្នក​រើស​តាំង​បាន​ខំ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ ជា​លទ្ធផល ពួក​គេ​បាន​ទទួល​ការ​ការ​ពារ​ពី​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្ដេច​របស់​ពួក​គេ និង​ជា​អ្នក​ដែល​កំពុង​មាន​ជ័យ​ជម្នះ​លើ​សាថាន។—បប. ៦:២

ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក​ទៅ​ជា​«​តែ​មួយ​»​

១៣. ស្ដី​អំពី​ទំនាយ​នៃ​ការ​ភ្ជាប់​ឈើ​ពីរ តើ​យើង​ទាញ​មេ​រៀន​អ្វី​ពី​សេចក្ដី​ពិត​ដ៏​សំខាន់​ក្នុង​ទំនាយ​នោះ?

១៣ ស្ដី​អំពី​ទំនាយ​នៃ​ការ​ភ្ជាប់​ឈើ​ពីរ តើ​មាន​ន័យ​យ៉ាង​ណា​នៅ​គ្រា​របស់​យើង? សូម​ចាំ​ថា​ចំណុច​សំខាន់​នៃ​ទំនាយ​គឺ​ដើម្បី​បញ្ជាក់​អំពី​របៀប​ដែល​ក្រុម​ទាំង​ពីរ​នឹង​រួប​រួម​គ្នា។ សំខាន់​បំផុត​ទំនាយ​នេះ​បង្ហាញ​ថា​សាមគ្គីភាព​របស់​ពួក​គេ​អាច​មាន​ឡើង​ដោយ​សារ​ព្រះ​យេហូវ៉ា។ ដូច្នេះ ស្ដី​អំពី​ទំនាយ​នៃ​ការ​ភ្ជាប់​ឈើ​ពីរ តើ​នោះ​បញ្ជាក់​សេចក្ដី​ពិត​ដ៏​សំខាន់​អ្វី​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ពិត? បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​យេហូវ៉ា​ផ្ទាល់​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក​ទៅ​ជា​«​តែ​មួយ​»។—អេគ. ៣៧:១៩

១៤. តាំង​ពី​ឆ្នាំ​១៩១៩ តើ​តាម​របៀប​ណា​ទំនាយ​អំពី​ការ​ភ្ជាប់​ឈើ​ពីរ​បាន​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង?

១៤ តាំង​ពី​ឆ្នាំ​១៩១៩ គឺ​ក្រោយ​ពី​រាស្ត្រ​របស់​ព្រះ​បាន​ត្រូវ​សម្អាត​ខាង​ជំនឿ ហើយ​ចាប់​ផ្ដើម​ចូល​ក្នុង​សួន​ឧទ្យាន​ក្នុង​ន័យ​ធៀប ទំនាយ​អំពី​ការ​ភ្ជាប់​ឈើ​ពីរ​បាន​ចាប់​ផ្ដើម​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង។ នៅ​គ្រា​នោះ អស់​អ្នក​ដែល​បាន​ត្រូវ​បង្រួប​បង្រួម ភាគ​ច្រើន​មាន​សេចក្ដី​សង្ឃឹម​ក្លាយ​ទៅ​ជា​ស្ដេច​និង​ជា​សង្ឃ​នៅ​ស្ថាន​សួគ៌។ (​បប. ២០:៦​) ក្នុង​ន័យ​ធៀប ពួក​អ្នក​រើស​តាំង​ប្រៀប​ដូច​ជា​ឈើ​«​នៃ​យូដា​»​ ពោល​គឺ​ប្រជា​ជាតិ​មួយ​ដែល​មាន​បណ្ដា​ស្ដេច​មក​ពី​វង្ស​ត្រកូល​ដាវីឌ និង​ពួក​សង្ឃ​ដែល​មក​ពី​ពូជ​ពង្ស​លេវី។ ប៉ុន្តែ កាល​ដែល​ពេល​វេលា​កន្លង​ទៅ អស់​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​នៅ​ផែនដី​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង ហើយ​ចូល​រួម​ជា​មួយ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង។ អស់​អ្នក​ទាំង​នោះ​ប្រៀប​ដូច​ជា​‹ឈើ​នៃ​អេប្រាអ៊ីម› ពោល​គឺ​ប្រជា​ជាតិ​មួយ​ដែល​មិន​មាន​បណ្ដា​ស្ដេច​មក​ពី​វង្ស​ត្រកូល​ដាវីឌ និង​ពួក​សង្ឃ​ដែល​មក​ពី​ពូជ​ពង្ស​លេវី​ទេ។ ក្រុម​ទាំង​ពីរ​បម្រើ​ដោយ​មាន​សាមគ្គីភាព​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ក្រោម​ការ​គ្រប់​គ្រង​ពី​ស្ដេច​តែ​មួយ​គឺ​លោក​យេស៊ូ​គ្រិស្ត។—អេគ. ៣៧:២៤

​«​ពួក​គេ​នឹង​ទៅ​ជា​រាស្ត្រ​របស់​ខ្ញុំ​»​

១៥. តើ​ទំនាយ​នៅ​អេសេគាល ៣៧:២៦, ២៧ កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

១៥ ទំនាយ​អេសេគាល​បាន​រៀប​រាប់​ថា មនុស្ស​ជា​ច្រើន​នឹង​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ចូល​រួម​ជា​មួយ​នឹង​ពួក​អ្នក​រើស​តាំង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​អំពី​រាស្ត្រ​របស់​លោក​ថា​៖ ​«​ខ្ញុំ​នឹង . . . ធ្វើ​ឲ្យ​ពួក​គេ​មាន​គ្នា​ជា​ច្រើន​»​ ហើយ​«​ត្រសាល​ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​ពួក​គេ​»។ (​អេគ. ៣៧:២៦, ២៧​) ពាក្យ​ទាំង​នេះ​នាំ​ឲ្យ​យើង​នឹក​ឃើញ​ដល់​អ្វី​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​ដល់​សាវ័ក​យ៉ូហាន​ប្រហែល​៧០០​ឆ្នាំ​ក្រោយ​ពី​សម័យ​អេសេគាល គឺ​ថា​«​លោក​ដែល​អង្គុយ​លើ​បល្ល័ង្ក​នឹង​រៀបចំ​ត្រសាល​មួយ​»​ដើម្បី​ការ​ពារ​«​មនុស្ស​មួយ​ក្រុម​ធំ​»។ (​បប. ៧:៩, ១៥​) សព្វ​ថ្ងៃ​នេះ ពួក​អ្នក​រើស​តាំង​និង​មនុស្ស​មួយ​ក្រុម​ធំ​រស់​នៅ​ជា​មួយ​គ្នា​ជា​ប្រជា​ជាតិ​មួយ ជា​រាស្ត្រ​របស់​ព្រះ​ដែល​នៅ​ក្រោម​ត្រសាល​ជា​ទី​ការ​ពារ​របស់​លោក។

១៦. ស្ដី​អំពី​ការ​បង្រួប​បង្រួម​អ៊ីស្រាអែល​នៃ​ព្រះ​ជា​មួយ​នឹង​អស់​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី តើ​សាការី​បាន​ប្រកាស​ទុក​ជា​មុន​អំពី​អ្វី?

១៦ ការ​រួប​រួម​គ្នា​រវាង​ពួក​អ្នក​រើស​តាំង​និង​អស់​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​នៅ​ផែនដី ក៏​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​ដោយ​សាការី​ដែរ។ គាត់​ជា​ជន​និរទេស​ដែល​បាន​ត្រឡប់​មក​វិញ។ គាត់​បាន​ប្រាប់​ថា​៖ ​«​មនុស្ស​១០​នាក់​ពី . . . គ្រប់​ប្រជា​ជាតិ​»​នឹង​«​ចាប់​កាន់​ជាយ​អាវ​របស់​យូដា​ម្នាក់ គឺ​នឹង​ចាប់​យ៉ាង​ជាប់​»​ ហើយ​និយាយ​ថា​៖ ​«​យើង​ចង់​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ព្រោះ​យើង​បាន​ឮ​ថា​ព្រះ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​»។ (​សាក. ៨:២៣​) ពាក្យ​«​យូដា​ម្នាក់​»​មិន​មែន​សំដៅ​ទៅ​លើ​មនុស្ស​តែ​ម្នាក់​ទេ តែ​សំដៅ​ទៅ​លើ​មនុស្ស​មួយ​ក្រុម ហើយ​ពាក្យ​«​អ្នក​រាល់​គ្នា​»​ នៅ​សព្វ​ថ្ងៃ​នេះ​តំណាង​ឲ្យ​ពួក​អ្នក​រើស​តាំង​ដែល​នៅ​សល់។ (​រ៉ូម ២:២៨, ២៩​) រីឯ​«​មនុស្ស​១០​នាក់​»​ តំណាង​ឲ្យ​អស់​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​នៅ​ផែនដី។ ពួក​គេ​«​ចាប់​»​ពួក​អ្នក​រើស​តាំង​«​យ៉ាង​ជាប់​»​ ហើយ​«​ទៅ​ជា​មួយ​នឹង​»​ពួក​គេ​ដែរ។ (​អេ. ២:២, ៣; ម៉ាថ. ២៥:៤០​) ឃ្លា​«​ចាប់​យ៉ាង​ជាប់​»​និង​«​ទៅ​ជា​មួយ​នឹង​អ្នក​»​ បញ្ជាក់​យ៉ាង​ច្បាស់​ថា​ក្រុម​ទាំង​ពីរ​បាន​បង្រួប​បង្រួម​គ្នា​ទាំង​ស្រុង​ជា​ក្រុម​តែ​មួយ។

១៧. តើ​លោក​យេស៊ូ​បាន​រៀប​រាប់​យ៉ាង​ណា​អំពី​សាមគ្គីភាព​ដែល​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ?

១៧ ពេល​ដែល​លោក​យេស៊ូ​រៀប​រាប់​ថា​ខ្លួន​លោក​ជា​គង្វាល ហើយ​បង្រួប​បង្រួម​ចៀម​របស់​លោក​(​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​) និង​«​ចៀម​ឯ​ទៀត​»​(​អស់​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​នៅ​ផែនដី​)​ឲ្យ​ទៅ​ជា​«​ហ្វូង​តែ​មួយ​»​ លោក​ទំនង​ជា​គិត​អំពី​ទំនាយ​នៃ​ការ​បង្រួប​បង្រួម​ដែល​អេសេគាល​បាន​ប្រកាស​ទុក​ជា​មុន។ (​យ៉ូន. ១០:១៦; អេគ. ៣៤:២៣; ៣៧:២៤, ២៥​) មិន​ថា​យើង​មាន​សេចក្ដី​សង្ឃឹម​បែប​ណា​ក៏​ដោយ ពាក្យ​របស់​លោក​យេស៊ូ​និង​ពួក​អ្នក​ប្រកាស​ទំនាយ​នៅ​សម័យ​បុរាណ រៀប​រាប់​យ៉ាង​ត្រឹម​ត្រូវ​នូវ​សាមគ្គីភាព​ដ៏​អស្ចារ្យ​ដែល​យើង​មាន​ក្នុង​ចំណោម​រាស្ត្រ​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ។ កាល​ដែល​សាសនា​មិន​ពិត​បាន​បែក​ខ្ញែក​ទៅ​ជា​ក្រុម​ជា​ច្រើន​រាប់​មិន​អស់ យើង​មាន​សាមគ្គីភាព​ដ៏​អស្ចារ្យ​ណាស់។

សព្វ​ថ្ងៃ​នេះ ពួក​អ្នក​រើស​តាំង​និង​«​ចៀម​ឯ​ទៀត​»​ គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​សាមគ្គីភាព​ជា​«​ហ្វូង​តែ​មួយ​»​ (សូម​មើល​វគ្គ​១៧)

‹ទី​បរិសុទ្ធ​របស់​ខ្ញុំ​នៅ​ស្ថិត​ស្ថេរ​ក្នុង​ចំណោម​រាស្ត្រ​ខ្ញុំ›

១៨. ដូច​បាន​ចែង​ទុក​នៅ​អេសេគាល ៣៧:២៨ ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​រាស្ត្រ​របស់​ព្រះ​«​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​»​?

១៨ ពាក្យ​ចុង​ក្រោយ​នៃ​ទំនាយ​អេសេគាល​ស្ដី​អំពី​ការ​បង្រួប​បង្រួម បញ្ជាក់​អំពី​អ្វី​ដែល​នឹង​ពង្រឹង​សាមគ្គីភាព​របស់​យើង​ឲ្យ​នៅ​ស្ថិត​ស្ថេរ។ (​សូម​អាន អេសេគាល ៣៧:២៨) រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​សាមគ្គីភាព​ដោយ​សារ​ទី​បរិសុទ្ធ​របស់​លោក ពោល​គឺ​ការ​គោរព​ប្រណិប័តន៍​ពិត​នៅ​«​ក្នុង​ចំណោម​»​ពួក​គេ។ ទី​បរិសុទ្ធ​របស់​លោក​បន្ត​នៅ​ក្នុង​ចំណោម​ពួក​គេ ដរាប​ណា​ពួក​គេ​ញែក​ខ្លួន​ឲ្យ​បាន​ស្អាត​បរិសុទ្ធ​ពី​ពិភព​លោក​របស់​សាថាន។ (​១​កូ. ៦:១១; បប. ៧:១៤​) លោក​យេស៊ូ​បាន​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការ​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​នេះ។ ហេតុ​នេះ ក្នុង​សេចក្ដី​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត​ឲ្យ​អ្នក​កាន់​តាម​លោក លោក​បាន​អធិដ្ឋាន​ថា​៖ ​«​បិតា​បរិសុទ្ធ​អើយ សូម​ការ​ពារ​ពួក​គាត់ . . . ដើម្បី​ឲ្យ​ពួក​គាត់​រួម​គ្នា​តែ​មួយ។ . . . ពួក​គាត់​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ។ . . . សូម​ញែក​ពួក​គាត់​ចេញ​ជា​បរិសុទ្ធ តាម​រយៈ​សេចក្ដី​ពិត​»។ (​យ៉ូន. ១៧:១១, ១៦, ១៧​) សូម​កត់​សម្គាល់​ថា​លោក​យេស៊ូ​ពន្យល់​ថា​ការ​រួម​គ្នា​«​តែ​មួយ​»​គឺ​ជាប់​ទាក់​ទង​នឹង​ការ​«​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​»។

១៩. ​(​ក​) តើ​តាម​របៀប​ណា​យើង​បង្ហាញ​ថា​យើង​«​យក​តម្រាប់​ព្រះ​»​? (​ខ​) នៅ​ល្ងាច​ចុង​ក្រោយ​មុន​លោក​យេស៊ូ​ស្លាប់ តើ​លោក​បាន​បញ្ជាក់​សេចក្ដី​ពិត​ដ៏​សំខាន់​អ្វី​ស្ដី​អំពី​សាមគ្គីភាព?

១៩ នេះ​ជា​កំណត់​ហេតុ​តែ​មួយ​គត់​ដែល​លោក​យេស៊ូ​ហៅ​ព្រះ​ថា​«​បិតា​បរិសុទ្ធ​»។ ព្រះ​យេហូវ៉ា​បរិសុទ្ធ​ក្រៃ​លែង ហើយ​សុចរិត​បំផុត។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ ព្រោះ​ខ្ញុំ​បរិសុទ្ធ​»។ (​ចល. ១១:៤៥​) ក្នុង​នាម​ជា​អ្នក​«​យក​តម្រាប់​ព្រះ​»​ យើង​ចង់​ធ្វើ​តាម​បង្គាប់​នេះ​ក្នុង​គ្រប់​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​យើង។ (​អេភ. ៥:១; ១​ពេ. ១:១៤, ១៥​) ពេល​និយាយ​សំដៅ​ទៅ​លើ​មនុស្ស ពាក្យ​«​បរិសុទ្ធ​»​មាន​ន័យ​ថា​«​ញែក​ដោយ​ឡែក​»។ ហេតុ​នេះ នៅ​ល្ងាច​មុន​លោក​យេស៊ូ​ស្លាប់ លោក​បាន​បញ្ជាក់​ថា​ពួក​អ្នក​កាន់​តាម​លោក​នឹង​រក្សា​សាមគ្គីភាព ដរាប​ណា​ពួក​គេ​បន្ត​ញែក​ខ្លួន​ចេញ​ពី​ពិភព​លោក​នេះ​និង​ចិត្ត​គំនិត​បាក់​បែក​គ្នា​ក្នុង​ពិភព​លោក​នេះ។

​«​សុំ​លោក​ការ​ពារ​ពួក​គាត់ ឲ្យ​រួច​ពី​មេ​កំណាច​»​

២០, ២១. (​ក​) តើ​អ្វី​ធ្វើ​ឲ្យ​យើង​កាន់​តែ​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ការ​ពារ​យើង? (​ខ​) តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

២០ សាមគ្គីភាព​ដ៏​រឹង​មាំ​ក្នុង​ចំណោម​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ទូទាំង​ពិភព​លោក បង្ហាញ​ថា​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​នឹង​ការ​អង្វរ​សុំ​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​សុំ​លោក​ការ​ពារ​ពួក​គាត់ ឲ្យ​រួច​ពី​មេ​កំណាច​»។ (​សូម​អាន យ៉ូហាន ១៧:១៤, ១៥) ពិត​ណាស់ ពេល​ឃើញ​សាថាន​បាន​បរាជ័យ​ក្នុង​ការ​បំផ្លាញ​សាមគ្គីភាព​ក្នុង​ចំណោម​រាស្ត្រ​ព្រះ យើង​កាន់​តែ​ទុក​ចិត្ត​ទៅ​លើ​ការ​ការ​ពារ​ពី​លោក។ ក្នុង​ទំនាយ​អេសេគាល​ព្រះ​យេហូវ៉ា​ប្រាប់​ថា​ឈើ​ទាំង​ពីរ​បាន​ភ្ជាប់​គ្នា​ទៅ​ជា​ឈើ​តែ​មួយ​ក្នុង​ដៃ​របស់​លោក។ ដូច្នេះ ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​បង្រួប​បង្រួម​រាស្ត្រ​របស់​លោក​យ៉ាង​អស្ចារ្យ ក្រោម​ការ​ការ​ពារ​របស់​លោក ហើយ​សាថាន​មិន​អាច​បំផ្លាញ​សាមគ្គីភាព​នោះ​បាន​ឡើយ។

២១ ម្ល៉ោះ​ហើយ តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី? យើង​បន្ត​ព្យាយាម​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​សាមគ្គីភាព​ដ៏​មាន​តម្លៃ​របស់​យើង​កាន់​តែ​រឹង​មាំ។ តើ​យើង​ម្នាក់​ៗ​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ណា? គឺ​ដោយ​ចូល​រួម​យ៉ាង​ទៀង​ទាត់​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត​នៅ​ឯ​វិហារ​ក្នុង​ន័យ​ធៀប​របស់​ព្រះ​យេហូវ៉ា។ តើ​ការ​គោរព​ប្រណិប័តន៍​នោះ​រួម​បញ្ចូល​អ្វី​ខ្លះ? យើង​នឹង​ពិចារណា​នៅ​ជំពូក​បន្ត​បន្ទាប់។

^ វគ្គ 7 ប្រហែល​ពីរ​សតវត្សរ៍​មុន​អេសេគាល​បាន​ទទួល​ទំនាយ​នេះ បណ្ដា​ជន​នៅ​រាជាណាចក្រ​ដែល​មាន​កុល​សម្ព័ន្ធ​១០​(​‹ឈើ​នៃ​អេប្រាអ៊ីម›​) បាន​ត្រូវ​ពួក​អាស៊ីរី​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។—២​បស. ១៧:២៣

^ វគ្គ 11 ទំនាយ​នេះ​បាន​ត្រូវ​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​ក្នុង​ជំពូក​ទី​៨​នៃ​សៀវភៅ​នេះ។