លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទី១៤

«នេះហើយជាច្បាប់វិហារ»

«នេះហើយជាច្បាប់វិហារ»

អេសេគាល ៤៣:១២

គោល​ចំណុច: វិហារ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​ផ្ដល់​មេ​រៀន​នៅ​សម័យ​អេសេគាល​និង​នៅ​សម័យ​យើង

១, ២. ​(​ក​) នៅ​ជំពូក​មុន តើ​យើង​បាន​រៀន​អ្វី​អំពី​វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត? (​ខ​) នៅ​ជំពូក​នេះ តើ​យើង​នឹង​ពិចារណា​សំណួរ​ពីរ​អ្វី?

អេសេគាល​មិន​បាន​ឃើញ​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​ដែល​សាវ័ក​ប៉ូល​បាន​រៀប​រាប់​ច្រើន​សតវត្សរ៍​ក្រោយ​មក​នោះ​ទេ។ យើង​បាន​រៀន​អំពី​នេះ​នៅ​ជំពូក​មុន។ បន្ថែម​ទៅ​ទៀត យើង​បាន​រៀន​ថា​គោល​បំណង​នៃ​ការ​បើក​បង្ហាញ​នោះ​គឺ​ដើម្បី​បង្រៀន​រាស្ត្រ​របស់​ព្រះ​អំពី​សារៈ​សំខាន់​នៃ​ខ្នាត​តម្រា​របស់​លោក​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត។ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​អាច​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក​ឡើង​វិញ លុះ​ត្រា​តែ​ពួក​គេ​ធ្វើ​តាម​ខ្នាត​តម្រា​ទាំង​នោះ។ ហេតុ​នេះ យើង​អាច​ឃើញ​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បញ្ជាក់​នូវ​គំនិត​ដ៏​សំខាន់​នេះ​ពីរ​ដង​ក្នុង​ខ​តែ​មួយ គឺ​ថា​«​នេះ​ហើយ​ជា​ច្បាប់​វិហារ​»។—សូម​អាន អេសេគាល ៤៣:១២

ឥឡូវ​យើង​ត្រូវ​ពិចារណា​សំណួរ​ពីរ​ថែម​ទៀត។ សំណួរ​ទី​១ ស្ដី​អំពី​វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត តើ​ពួក​យូដា​នៅ​សម័យ​គាត់​បាន​ទាញ​មេ​រៀន​អ្វី​ខ្លះ​អំពី​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត? ចម្លើយ​ចំពោះ​សំណួរ​នេះ​នឹង​ជួយ​យើង​ឆ្លើយ​សំណួរ​ទី​២ គឺ​តើ​ការ​បើក​បង្ហាញ​នេះ​មាន​ន័យ​យ៉ាង​ណា​សម្រាប់​យើង​នៅ​គ្រា​ដ៏​ពិបាក​នេះ?

តើ​ការ​បើក​បង្ហាញ​នោះ​ផ្ដល់​មេ​រៀន​អ្វី​ខ្លះ​នៅ​សម័យ​បុរាណ?

៣. វិហារ​ដែល​អេសេគាល​បាន​ឃើញ​ស្ថិត​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់ តើ​តាម​របៀប​ណា​ចំណុច​នេះ​ប្រហែល​ជា​នាំ​ឲ្យ​បណ្ដា​ជន​រអៀស​ខ្លួន?

ដើម្បី​ឆ្លើយ​សំណួរ​ទី​១ សូម​ឲ្យ​យើង​ផ្ដោត​ទៅ​លើ​លក្ខណៈ​ពិសេស​ខ្លះ​ៗ​នៃ​វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត។ ភ្នំ​ដ៏​ខ្ពស់។ បណ្ដា​ជន​ទំនង​ជា​ឃើញ​ថា​អ្វី​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត ទាក់​ទង​នឹង​ទំនាយ​ដ៏​កក់​ក្ដៅ​ស្ដី​អំពី​ការ​រៀបចំ​ឡើង​វិញ​ដែល​អេសាយ​បាន​ប្រាប់។ (​អេ. ២:២​) ប៉ុន្តែ តើ​ការ​ឃើញ​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​បង្រៀន​ពួក​គេ​អំពី​អ្វី? គឺ​បង្រៀន​ពួក​គេ​ថា​ការ​គោរព​ប្រណិប័តន៍​ពិត​ត្រូវ​តែ​លើក​តម្កើង​ឲ្យ​ខ្ពស់​ជាង​អ្វី​ៗ​ទាំង​អស់។ ពិត​ណាស់ ការ​គោរព​ប្រណិប័តន៍​ពិត​ធម្មតា​ខ្ពង់​ខ្ពស់​រួច​ហើយ ព្រោះ​នេះ​ជា​ការ​រៀបចំ​ពី​ព្រះ​ដែល​«​បាន​ត្រូវ​លើក​តម្កើង​ខ្ពស់​លើស​អស់​ទាំង​ព្រះ​»។ (​ចសព. ៩៧:៩​) ប៉ុន្តែ បណ្ដា​ជន​មិន​បាន​បំពេញ​តួ​នាទី​របស់​ខ្លួន​ស្ដី​អំពី​រឿង​នេះ​ទេ។ អស់​ជា​ច្រើន​សតវត្សរ៍ ម្ដង​ហើយ​ម្ដង​ទៀត ពួក​គេ​បណ្ដាល​ឲ្យ​ការ​គោរព​ប្រណិប័តន៍​ពិត​អាប់​ឱន​និង​ស្មោក​គ្រោក ហើយ​ពួក​គេ​ថែម​ទាំង​បោះ​បង់​ចោល​ការ​គោរព​ប្រណិប័តន៍​នោះ​ទៀត​ផង។ ប៉ុន្តែ ពេល​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ ឃើញ​វិហារ​ដ៏​បរិសុទ្ធ​របស់​ព្រះ​បាន​ត្រូវ​លើក​តម្កើង ព្រម​ទាំង​ឲ្យ​តម្លៃ​និង​ទទួល​សិរី​រុង​រឿង​ដូច​នេះ ពួក​គេ​ច្បាស់​ជា​មាន​អារម្មណ៍​រអៀស​ខ្លួន​ខ្លាំង​ណាស់។

៤, ៥. តើ​អ្នក​ដែល​ស្ដាប់​អេសេគាល​ប្រហែល​ជា​ទាញ​មេ​រៀន​អ្វី​ពី​ខ្លោង​ទ្វារ​ដ៏​ខ្ពស់​នៃ​វិហារ?

ខ្លោង​ទ្វារ​ខ្ពស់។ នៅ​ផ្នែក​ដំបូង​នៃ​ការ​បើក​បង្ហាញ អេសេគាល​មើល​ទេវតា​ដែល​នាំ​ផ្លូវ​គាត់​កំពុង​វាស់​ខ្លោង​ទ្វារ​វិហារ។ ខ្លោង​ទ្វារ​ទាំង​នោះ​មាន​កម្ពស់​ប្រហែល​៣០​ម៉ែត្រ។ (​អេគ. ៤០:១៤​) ក្នុង​ខ្លោង​ទ្វារ​ទាំង​នោះ​មាន​បន្ទប់​អ្នក​យាម។ ចំពោះ​អ្នក​ដែល​សិក្សា​ប្លង់​វិហារ តើ​អ្វី​ទាំង​នេះ​បង្រៀន​ពួក​គេ​អំពី​អ្វី? ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេសេគាល​ថា​៖ ​«​ចូរ​សង្កេត​មើល​ច្រក​ចូល​វិហារ​»។ ហេតុ​អ្វី? ពីព្រោះ បណ្ដា​ជន​បាន​នាំ​មនុស្ស​ដែល​«​មិន​បាន​កាត់​ចុង​ស្បែក​និង​មាន​ចិត្ត​មិន​ស្អាត​ស្អំ​»​ចូល​ក្នុង​វិហារ​ពិសិដ្ឋ​របស់​ព្រះ ជា​វិហារ​ដែល​ទុក​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត។ តើ​មាន​លទ្ធផល​យ៉ាង​ណា? ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ពួក​គេ​បាន​ធ្វើ​ឲ្យ​វិហារ​របស់​ខ្ញុំ​លែង​បរិសុទ្ធ​ទៀត​»។—អេគ. ៤៤:៥,

ពួក​អ្នក​ដែល​«​មិន​បាន​កាត់​ចុង​ស្បែក​»​ មិន​បាន​ធ្វើ​តាម​បង្គាប់​ចំ​ៗ​របស់​ព្រះ​ដែល​លោក​បាន​ឲ្យ​តាំង​ពី​សម័យ​អាប្រាហាំ​ទេ។ (​ដក. ១៧:៩, ១០; ចល. ១២:១​-​៣​) ប៉ុន្តែ ពួក​អ្នក​ដែល​«​មាន​ចិត្ត​មិន​ស្អាត​ស្អំ​»​ មាន​បញ្ហា​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត។ ពួក​គេ​ជា​មនុស្ស​បះ​បោរ​ប្រឆាំង​ដ៏​រឹង​ចចេស ហើយ​មិន​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​ទេ។ មនុស្ស​ដូច​នោះ​មិន​គួរ​អនុញ្ញាត​ឲ្យ​ចូល​វិហារ​ដ៏​ពិសិដ្ឋ​របស់​ព្រះ​យេហូវ៉ា​ឡើយ។ ព្រះ​យេហូវ៉ា​ស្អប់​ការ​លាក់​ពុត​ណាស់! តែ​រាស្ត្រ​របស់​លោក​បាន​បណ្ដោយ​ឲ្យ​មនុស្ស​លាក់​ពុត​កាន់​តែ​ច្រើន​ចូល​ក្នុង​វិហារ​លោក។ ហេតុ​នេះ ខ្លោង​ទ្វារ​និង​បន្ទប់​អ្នក​យាម​ក្នុង​វិហារ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត បញ្ជាក់​មេ​រៀន​យ៉ាង​ច្បាស់​ថា​នឹង​លែង​មាន​ការ​បំពាន​ដូច​នោះ​ទៀត​ហើយ! រាស្ត្រ​របស់​ព្រះ​ត្រូវ​រក្សា​ខ្នាត​តម្រា​ខ្ពង់​ខ្ពស់​ដើម្បី​ចូល​វិហារ​របស់​លោក។ លុះ​ត្រា​តែ​ពួក​គេ​ធ្វើ​ដូច្នោះ ទើប​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​លើ​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ។

៦, ៧. ​(​ក​) តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​លើក​ឡើង​អំពី​កំពែង​ជុំ​វិញ​វិហារ​ដើម្បី​បង្រៀន​រាស្ត្រ​លោក​នូវ​មេ​រៀន​មួយ? (​ខ​) តើ​ពេល​មុន​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​វិហារ​របស់​លោក? (​សូម​មើល​កំណត់​សម្គាល់​)

កំពែង​ព័ទ្ធ​ជុំ​វិញ។ លក្ខណៈ​ពិសេស​មួយ​ទៀត​នៃ​វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត គឺ​កំពែង​ព័ទ្ធ​ជុំ​វិញ​បរិវេណ​វិហារ​ទាំង​មូល។ អេសេគាល​ប្រាប់​ថា​នៅ​ទិស​នីមួយ​ៗ កំពែង​នោះ​មាន​ប្រវែង​៥០០​ដើម​ត្រែង​ឬ​១.៥៥៥​ម៉ែត្រ គឺ​ជិត​១,៦​គីឡូ​ម៉ែ​ត​(​មួយ​ម៉ៃល៍​)។ (​អេគ. ៤២:១៥​-​២០​) ប៉ុន្តែ អគារ​វិហារ​និង​ទី​ធ្លា​មាន​ផ្ទៃ​ដី​តែ​៥០០​ហត្ថ​ឬ​២៥៩​ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ។ ដូច្នេះ ចាប់​ពី​វិហារ​ទៅ​ដល់​កំពែង​ខាង​ក្រៅ​ជុំ​វិញ​មាន​បរិវេណ​ធំ​ណាស់។ * តើ​សម្រាប់​គោល​បំណង​អ្វី?

ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ឥឡូវ ចូរ​ឲ្យ​ពួក​គេ​ឈប់​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​នឹង​ខ្ញុំ ហើយ​ឈប់​គោរព​បូជា​រូប​ព្រះ​របស់​ពួក​គេ​ដូច​ជា​ស្ដេច​ទៀត​ទៅ។ បើ​ពួក​គេ​ធ្វើ​ដូច្នោះ ខ្ញុំ​នឹង​នៅ​ជា​មួយ​ពួក​គេ​ជា​រៀង​រហូត​»។ (​អេគ. ៤៣:៩​) ដូច្នេះ ក្នុង​ន័យ​ម្យ៉ាង​ព្រះ​យេហូវ៉ា​ប្រើ​បរិវេណ​ដ៏​ធំ​ទូលាយ​ព័ទ្ធ​ដោយ​កំពែង​ជុំ​វិញ​ដើម្បី​ប្រាប់​រាស្ត្រ​លោក​ថា​«​ចូរ​បោះ​បង់​ចោល​អំពើ​ស្មោក​គ្រោក​ទាំង​នេះ​ឲ្យ​ឆ្ងាយ។ ចូរ​កុំ​នាំ​យក​ការ​ប្រព្រឹត្ត​ស្មោក​គ្រោក​ចូល​មក​ជិត​វិហារ​ខ្ញុំ​ឲ្យ​សោះ​»។ ដូច្នេះ បើ​ពួក​គេ​រក្សា​ការ​គោរព​ប្រណិប័តន៍​ពិត​ឲ្យ​ស្អាត​ស្អំ នោះ​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ពួក​គេ​តាម​រយៈ​វត្តមាន​របស់​លោក។

៨, ៩. តើ​បណ្ដា​ជន​ប្រហែល​ជា​ទាញ​មេ​រៀន​អ្វី​ពី​ឱវាទ​ដ៏​ចំ​ៗ​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​ពួក​អ្នក​ដែល​មើល​ខុស​ត្រូវ​រាស្ត្រ​លោក?

ឱវាទ​ចំ​ៗ​ទៅ​កាន់​ពួក​អ្នក​ដែល​មើល​ខុស​ត្រូវ​រាស្ត្រ​ព្រះ។ ព្រះ​យេហូវ៉ា​ក៏​បាន​ឲ្យ​ឱវាទ​ចំ​ៗ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ទៅ​កាន់​ពួក​បុរស​ដែល​មាន​ភារកិច្ច​សំខាន់​ក្នុង​ចំណោម​រាស្ត្រ​លោក។ លោក​បាន​ប្រៀន​ប្រដៅ​ពួក​លេវី​ដែល​ឃ្លាត​ឆ្ងាយ​ពី​លោក កាល​ដែល​បណ្ដា​ជន​ចាប់​ផ្ដើម​គោរព​បូជា​រូប​ព្រះ​ម្ដង​ទៀត។ ប៉ុន្តែ​នៅ​ដំណាល​គ្នា​នោះ លោក​បាន​សរសើរ​កូន​ចៅ​សេដុក​ដែល​«​បំពេញ​ភារកិច្ច​របស់​ខ្លួន​នៅ​ទី​បរិសុទ្ធ​របស់​[​លោក​] ក្នុង​គ្រា​ដែល​ពួក​អ៊ីស្រាអែល​បែរ​ចេញ​ពី​[​លោក​]​»។ លោក​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ និង​ដោយ​មេត្តា​កុរ​ណា​ទៅ​លើ​ក្រុម​នីមួយ​ៗ​ស្រប​ទៅ​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។ (​អេគ. ៤៤:១០, ១២​-​១៦​) ស្រដៀង​គ្នា​ដែរ ពួក​មេ​ដឹក​នាំ​អ៊ីស្រាអែល​បាន​ទទួល​ការ​ប្រៀន​ប្រដៅ​យ៉ាង​ខ្លាំង។—អេគ. ៤៥:៩

ដូច្នេះ ព្រះ​យេហូវ៉ា​បង្ហាញ​យ៉ាង​ច្បាស់​ថា​ពួក​បុរស​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​និង​មាន​មុខ​នាទី​សំខាន់ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​របៀប​ដែល​ពួក​គេ​បំពេញ​ភារកិច្ច​របស់​ខ្លួន។ ពួក​គេ​មិន​ទទួល​ការ​លើក​លែង​ពី​ឱវាទ ការ​កែ​តម្រង់ និង​ការ​ប្រៀន​ប្រដៅ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ត្រូវ​នាំ​មុខ​ក្នុង​ការ​លើក​ស្ទួយ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា!

១០, ១១. តើ​មាន​ភ័ស្តុតាង​អ្វី​ដែល​បញ្ជាក់​ថា​ជន​និរទេស​ខ្លះ​ដែល​ត្រឡប់​មក​វិញ​បាន​ទាញ​មេ​រៀន​ពី​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ?

១០ តើ​ជន​និរទេស​ដែល​ត្រឡប់​មក​វិញ​បាន​ទាញ​មេ​រៀន​ពី​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ឬ​ទេ? ជា​ការ​ពិត​ណាស់ យើង​មិន​អាច​ដឹង​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​បុរស​ស្ត្រី​ដ៏​ស្មោះ​ត្រង់​នៅ​គ្រា​នោះ​បាន​គិត​អំពី​ការ​បើក​បង្ហាញ​នេះ​ទេ។ ប៉ុន្តែ បណ្ដាំ​របស់​ព្រះ​បាន​ប្រាប់​យើង​យ៉ាង​ច្រើន អំពី​អ្វី​ដែល​ជន​និរទេស​ដែល​ត្រឡប់​មក​វិញ​នោះ​បាន​ធ្វើ និង​ទស្សនៈ​ដែល​ពួក​គេ​មាន​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ តើ​ពួក​គេ​បាន​ធ្វើ​តាម​គោល​ការណ៍​ដែល​បាន​ត្រូវ​បញ្ជាក់​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ឬ​ទេ? ការ​ពិត ពួក​គេ​ក៏​បាន​ធ្វើ​តាម​ខ្លះ​ដែរ ជា​ពិសេស​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ពួក​បុព្វ​បុរស​ដ៏​រឹង​ចចេស​របស់​ពួក​គេ​ដែល​ជាប់​ជា​ឈ្លើយ​នៅ​បាប៊ីឡូន។

១១ ពួក​បុរស​ស្មោះ​ត្រង់​ទាំង​នោះ​មាន​ដូច​ជា ហាកាយ​និង​សាការី​ដែល​ជា​អ្នក​ប្រកាស​ទំនាយ អែសរ៉ា​ជា​សង្ឃ​និង​ជា​អ្នក​ចម្លង​ច្បាប់ រួម​ទាំង​អភិបាល​នេហេមា​ផង​ដែរ។ ពួក​គេ​ទាំង​អស់​ខំ​ព្យាយាម​បង្រៀន​បណ្ដា​ជន​អំពី​គោល​ការណ៍​ផ្សេង​ៗ​ដូច​បាន​ត្រូវ​បញ្ជាក់​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ស្ដី​អំពី​វិហារ។ (​អែស. ៥:១, ២​) ពួក​គេ​បាន​បង្រៀន​បណ្ដា​ជន​ថា​ការ​គោរព​ប្រណិប័តន៍​ពិត​ត្រូវ​លើក​តម្កើង ហើយ​ត្រូវ​មាន​អាទិភាព​ជាង​ការ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​និង​ប្រយោជន៍​ផ្ទាល់​ខ្លួន។ (​ហាក. ១:៣, ៤​) ពួក​គេ​ដាស់​តឿន​បណ្ដា​ជន​ថា​ត្រូវ​គោរព​ខ្នាត​តម្រា​របស់​ព្រះ​សម្រាប់​ការ​ចូល​រួម​ការ​គោរព​ប្រណិប័តន៍​ពិត។ ឧទាហរណ៍ អែសរ៉ា​និង​នេហេមា​បាន​ទូន្មាន​ប្រដៅ​បណ្ដា​ជន​ឲ្យ​បណ្ដេញ​ប្រពន្ធ​របស់​ពួក​គេ​ដែល​ជា​ជន​បរទេស ព្រោះ​ប្រពន្ធ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ចុះ​ខ្សោយ។ (​សូម​អាន អែសរ៉ា ១០:១០, ១១; នេហ. ១៣:២៣​-​២៧, ៣០​) ចុះ​យ៉ាង​ណា​ចំពោះ​ការ​គោរព​បូជា​រូប​ព្រះ? តាម​មើល​ទៅ​ក្រោយ​ពី​បាន​ត្រូវ​និរទេស នៅ​ទី​បំផុត​ប្រជា​ជាតិ​អ៊ីស្រាអែល​បាន​បណ្ដុះ​ចិត្ត​ស្អប់​ចំពោះ​ការ​គោរព​បូជា​រូប​ព្រះ ដែល​ជា​អន្ទាក់​ដល់​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ។ ចុះ​យ៉ាង​ណា​ចំពោះ​ពួក​សង្ឃ ពួក​មេ​ដឹក​នាំ និង​ពួក​អ្នក​គ្រប់​គ្រង? ដូច​បាន​បញ្ជាក់​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត ពួក​គេ​ក៏​បាន​ទទួល​ឱវាទ​និង​ការ​កែ​តម្រង់​ពី​ព្រះ​យេហូវ៉ា​ដែរ។ (​នេហ. ១៣:២២, ២៨​) ពួក​គេ​ជា​ច្រើន​បាន​ធ្វើ​តាម​ដំបូន្មាន​នោះ​ដោយ​ចិត្ត​រាប​ទាប។—អែស. ១០:៧​-​៩, ១២​-​១៤; នេហ. ៩:១​-​៣, ៣៨

នេហេមា​បាន​បង្រៀន​បណ្ដា​ជន​អំពី​ការ​គោរព​ប្រណិប័តន៍​ពិត​កាល​ដែល​គាត់​ធ្វើ​ការ​ជា​មួយ​ពួក​គេ (សូម​មើល​វគ្គ​១១)

១២. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​ជន​និរទេស​ក្រោយ​ពី​ពួក​គេ​ត្រឡប់​មក​ស្រុក​កំណើត​វិញ?

១២ ម្ល៉ោះ​ហើយ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​រាស្ត្រ​លោក។ ជា​លទ្ធផល ទឹក​ដី​របស់​ពួក​គេ​បង្កើត​ភោគ​ផល​ជា​បរិបូរ ហើយ​ពួក​គេ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ ព្រម​ទាំង​រស់​នៅ​ដោយ​សុខ​សាន្ត​ជា​អ្វី​ដែល​ពួក​គេ​ខាន​ពិសោធ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ (​អែស. ៦:១៩​-​២២; នេហ. ៨:៩​-​១២; ១២:២៧​-​៣០, ៤៣​) ហេតុ​អ្វី? ព្រោះ​បណ្ដា​ជន​បាន​ចាប់​ផ្ដើម​ធ្វើ​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត។ មេ​រៀន​ពី​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​អំពី​វិហារ ច្បាស់​ជា​ជំរុញ​ចិត្ត​មនុស្ស​ជា​ច្រើន​ឲ្យ​ប្រែ​ចិត្ត។ បើ​និយាយ​ជា​សង្ខេប ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​អំពី​វិហារ ផ្ដល់​ប្រយោជន៍​ឲ្យ​ជន​និរទេស​តាម​របៀប​ដ៏​សំខាន់​ពីរ​យ៉ាង។ (​១​) នោះ​បាន​បង្រៀន​ពួក​គេ​នូវ​មេ​រៀន​សំខាន់​អំពី​ខ្នាត​តម្រា​របស់​ព្រះ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត និង​អំពី​របៀប​ដែល​ពួក​គេ​អាច​លើក​ស្ទួយ​ខ្នាត​តម្រា​ទាំង​នោះ។ (​២​) ការ​បើក​បង្ហាញ​នោះ​ពង្រឹង​ទំនុក​ចិត្ត​ពួក​គេ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ។ ការ​បើក​បង្ហាញ​នោះ​ប្រាប់​ទុក​ជា​មុន​ថា ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​ត្រូវ​រៀបចំ​ឡើង​វិញ ហើយ​ក៏​ប្រាប់​ទុក​ជា​មុន​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​រាស្ត្រ​របស់​លោក​បើ​ពួក​គេ​គោរព​ប្រណិប័តន៍​លោក។ ប៉ុន្តែ នៅ​សព្វ​ថ្ងៃ​នេះ​យើង​ចង់​ដឹង​ថា តើ​ការ​បើក​បង្ហាញ​នេះ​ទាក់​ទង​នឹង​យើង​ទេ?

ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ផ្ដល់​មេ​រៀន​ដល់​យើង​សព្វ​ថ្ងៃ

១៣, ១៤. ​(​ក​) តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​អំពី​វិហារ​បាន​កើត​ឡើង​នៅ​សម័យ​យើង? (​ខ​) តើ​ការ​បើក​បង្ហាញ​នោះ​ផ្ដល់​ប្រយោជន៍​ដល់​យើង​តាម​របៀប​ពីរ​យ៉ាង​អ្វី? (​សូម​មើល​ប្រអប់​១៣​ក​«​វិហារ​ផ្សេង​គ្នា មេ​រៀន​ផ្សេង​គ្នា​»​)

១៣ តើ​យើង​អាច​ប្រាកដ​ថា​ការ​បើក​បង្ហាញ​ដែល​អេសេគាល​ឃើញ​ទាក់​ទង​នឹង​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ទេ? ពិត​ជា​ទាក់​ទង​មែន! តើ​អ្នក​ចាំ​អំពី​ភាព​ស្រដៀង​គ្នា​រវាង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​និង​ទំនាយ​អេសាយ​ទេ? អេសេគាល​បាន​ឃើញ​វិហារ​ដ៏​ពិសិដ្ឋ​របស់​ព្រះ​នៅ​លើ​«​ភ្នំ​ដ៏​ខ្ពស់​មួយ​»​ ហើយ​អេសាយ​បាន​ចែង​ថា​៖ ​«​ភ្នំ​ដែល​មាន​វិហារ​របស់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​តាំង​ឡើង​យ៉ាង​មាំ​នៅ​លើ​ភ្នំ​ទាំង​អស់​»។ អេសាយ​បាន​ប្រាប់​យ៉ាង​ជាក់​លាក់​ថា​ទំនាយ​ដែល​គាត់​ប្រកាស​ទុក​ជា​មុន​នឹង​កើត​ឡើង​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»។ (​អេគ. ៤០:២; អេ. ២:២​-​៤; សូម​ពិនិត្យ​បន្ថែម មីកា ៤:១​-​៤​) ទំនាយ​ទាំង​នោះ​ទាក់​ទង​នឹង​គ្រា​ចុង​ក្រោយ​បង្អស់ គឺ​ពេល​ដែល​ការ​គោរព​ប្រណិប័តន៍​ពិត​បាន​ត្រូវ​រៀបចំ​ឡើង​វិញ ហើយ​បាន​ត្រូវ​លើក​តម្កើង​ដែល​ប្រៀប​ដូច​ជា​ដាក់​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​មួយ ហើយ​នោះ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩១៩។ *

១៤ ដូច្នេះ ដោយ​គ្មាន​មន្ទិល​សង្ស័យ​សោះ ការ​បើក​បង្ហាញ​ដែល​បាន​អេសេគាល​ឃើញ​ក្នុង​គំនិត​ពិត​ជា​ជាប់​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ពិត​នៅ​សព្វ​ថ្ងៃ​នេះ​មែន។ ដូច​ដែល​ការ​បើក​បង្ហាញ​នេះ​ផ្ដល់​ប្រយោជន៍​ដល់​ជនជាតិ​យូដា​ដែល​ជា​ជន​និរទេស​នៅ​សម័យ​បុរាណ ការ​បើក​បង្ហាញ​នេះ​ក៏​ផ្ដល់​ប្រយោជន៍​ដល់​យើង​នៅ​សព្វ​ថ្ងៃ​នេះ​តាម​របៀប​ពីរ​យ៉ាង​ដែរ។ (​១​) នោះ​ផ្ដល់​មេ​រៀន​អំពី​របៀប​ដែល​យើង​អាច​លើក​ស្ទួយ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត។ (​២​) នោះ​ជួយ​យើង​ឲ្យ​មាន​ទំនុក​ចិត្ត​ថា​ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​ត្រូវ​រៀបចំ​ឡើង​វិញ​ទាំង​ស្រុង ហើយ​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ជា​ច្រើន។

ខ្នាត​តម្រា​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត​នៅ​សព្វ​ថ្ងៃ

១៥. ពេល​យើង​ទាញ​មេ​រៀន​ពី​វិហារ​ដែល​អេសេគាល​បាន​ឃើញ តើ​យើង​គួរ​ចាំ​អំពី​អ្វី?

១៥ ឥឡូវ សូម​ឲ្យ​យើង​ពិចារណា​លក្ខណៈ​ពិសេស​ខ្លះ​នៃ​វិហារ​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ។ សូម​ស្រមៃ​ថា​យើង​កំពុង​ដើរ​មើល​វិហារ​ជា​មួយ​អេសេគាល​ក្នុង​ការ​បើក​បង្ហាញ​អំពី​វិហារ​ដ៏​អស្ចារ្យ​នោះ។ សូម​ចាំ​ថា យើង​មិន​ឃើញ​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​គ្រាន់​តែ​ទាញ​មេ​រៀន​សម្រាប់​ការ​គោរព​ប្រណិប័តន៍​នៅ​សព្វ​ថ្ងៃ​នេះ។ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ?

១៦. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​រង្វាស់​រង្វាល់​ដែល​អេសេគាល​បាន​ឃើញ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

១៦ យើង​ប្រហែល​ឆ្ងល់​ថា​ហេតុ​អ្វី​មាន​ការ​វាស់​វែង​ច្រើន​ម្ល៉េះ? កាល​ដែល​អេសេគាល​កំពុង​មើល នោះ​ទេវតា​ដែល​មាន​សណ្ឋាន​ដូច​ស្ពាន់​ចាប់​ផ្ដើម​វាស់​វិហារ រួម​ទាំង​កំពែង ខ្លោង​ទ្វារ បន្ទប់​អ្នក​យាម ទី​ធ្លា និង​ទី​បូជា។ ការ​វាស់​វែង​នោះ​មាន​ព័ត៌មាន​ល្អិត​ល្អន់​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​អាន​មាន​អារម្មណ៍​ស្មុគ​ស្មាញ។ (​អេគ. ៤០:១–៤២:២០; ៤៣:១៣, ១៤​) ប៉ុន្តែ សូម​គិត​អំពី​មេ​រៀន​សំខាន់​ៗ​ដែល​យើង​អាច​ទាញ​ពី​ព័ត៌មាន​ទាំង​នោះ។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​សារៈ​សំខាន់​នៃ​ខ្នាត​តម្រា​របស់​លោក។ ព្រោះ​លោក​ជា​អ្នក​កំណត់​ខ្នាត​តម្រា​ទាំង​នោះ មិន​មែន​មនុស្ស​ទេ។ អស់​អ្នក​ដែល​អះអាង​ថា​ការ​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ណា​គឺ​មិន​សំខាន់​ទេ ពួក​គេ​យល់​ច្រឡំ​ធំ​ហើយ។ បន្ថែម​ទៅ​ទៀត តាម​រយៈ​ការ​វាស់​វិហារ​យ៉ាង​ហ្មត់​ចត់ ព្រះ​យេហូវ៉ា​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​កា​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ នឹង​កើត​ឡើង​ជាក់​ជា​ពុំ​ខាន។ ដូច​ការ​វាស់​វែង​ដ៏​ហ្មត់​ចត់​ទាំង​នោះ សេចក្ដី​សន្យា​របស់​ព្រះ​នឹង​កើត​ឡើង​យ៉ាង​ល្អិត​ល្អន់។ ហេតុ​នេះ អេសេគាល​បញ្ជាក់​ថា ការ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ នឹង​កើត​ឡើង​ពិត​ប្រាកដ!

តើ​អ្នក​ទាញ​មេ​រៀន​អ្វី​ពី​ការ​វាស់​វែង​វិហារ​យ៉ាង​ហ្មត់​ចត់? (សូម​មើល​វគ្គ​១៦)

១៧. តើ​កំពែង​ជុំ​វិញ​វិហារ​ប្រហែល​ជា​រំលឹក​យើង​អំពី​អ្វី​នៅ​សព្វ​ថ្ងៃ​នេះ?

១៧ កំពែង​ជុំ​វិញ។ ដូច​យើង​បាន​រៀន​ហើយ អេសេគាល​បាន​ឃើញ​កំពែង​ព័ទ្ធ​ជុំ​វិញ​បរិវេណ​វិហារ​ទាំង​មូល។ កំពែង​ជុំ​វិញ​នោះ​គឺ​ជា​ការ​រំលឹក​យ៉ាង​ម៉ឺង​ម៉ាត់​ថា រាស្ត្រ​របស់​ព្រះ​ត្រូវ​បោះ​បង់​ចោល​ភាព​មិន​ស្អាត​ស្អំ​ទាំង​អស់​ខាង​សាសនា​ចេញ​ឲ្យ​ឆ្ងាយ​ពី​ការ​គោរព​ប្រណិប័តន៍​ពិត ដើម្បី​មិន​នាំ​ឲ្យ​វិហារ​របស់​ព្រះ​ស្មោក​គ្រោក។ (​សូម​អាន អេសេគាល ៤៣:៧​-​៩) យើង​ក៏​ត្រូវ​ការ​ដំបូន្មាន​ដូច​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ! ក្រោយ​ពី​រាស្ត្រ​របស់​ព្រះ​បាន​ត្រូវ​ដោះ​លែង​ពី​ការ​ជាប់​ជា​ឈ្លើយ​ក្រោម​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​អស់​ជា​ច្រើន​សតវត្សរ៍ គ្រិស្ត​បាន​តែង​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​នៅ​ឆ្នាំ​១៩១៩។ ជា​ពិសេស ចាប់​ពី​ពេល​នោះ​មក​រាស្ត្រ​របស់​ព្រះ​ខំ​ព្យាយាម​បោះ​បង់​ចោល​លទ្ធិ​ផ្សេង​ៗ​និង​ទំនៀម​ទម្លាប់​ដែល​លាយ​ឡំ​ជា​មួយ​នឹង​ការ​គោរព​បូជា​រូប​ព្រះ​និង​សាសនា​មិន​ពិត។ យើង​ខំ​ព្យាយាម​អស់​ពី​សមត្ថភាព​យក​អ្វី​ដែល​ស្មោក​គ្រោក​ចេញ​ឲ្យ​ឆ្ងាយ​ពី​ការ​គោរព​ប្រណិប័តន៍​ពិត។ យើង​ថែម​ទាំង​មិន​រក​ស៊ីក្នុង​សាល​ប្រជុំ ហើយ​យើង​ទុក​រឿង​មិន​សូវ​សំខាន់​ដូច​នោះ​ដោយ​ឡែក​ពី​ការ​គោរព​ប្រណិប័តន៍​របស់​យើង។—ម៉ាក. ១១:១៥, ១៦

១៨, ១៩. ​(​ក​) ស្ដី​អំពី​ខ្លោង​ទ្វារ​ខ្ពស់​ៗ​ក្នុង​វិហារ​ដែល​អេសេគាល​បាន​ឃើញ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី? (​ខ​) តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អស់​អ្នក​ដែល​ព្យាយាម​បន្ទាប​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា? សូម​ឲ្យ​ឧទាហរណ៍​មួយ។

១៨ ខ្លោង​ទ្វារ​ខ្ពស់​ៗ។ ពេល​យើង​រំពឹង​គិត​អំពី​ខ្លោង​ទ្វារ​ដែល​អេសេគាល​បាន​ឃើញ តើ​យើង​ទាញ​មេ​រៀន​អ្វី​ខ្លះ? ផ្នែក​នេះ​នៃ​វិហារ​ច្បាស់​ជា​បង្រៀន​ជនជាតិ​យូដា​ដែល​ជា​ជន​និរទេស​ថា ព្រះ​យេហូវ៉ា​មាន​ខ្នាត​តម្រា​សីលធម៌​ដ៏​ខ្ពង់​ខ្ពស់​ណាស់។ បើ​នេះ​ជា​ការ​ពិត​នៅ​សម័យ​បុរាណ ចុះ​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ? យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​ក្នុង​វិហារ​ដ៏​រុង​រឿង​របស់​លោក។ ដូច្នេះ ការ​ប្រព្រឹត្ត​សុចរិត​និង​មិន​លាក់​ពុត គឺ​ពិត​ជា​សំខាន់​ជាង​នោះ​ទៅ​ទៀត​នៅ​ឥឡូវ​នេះ មែន​ទេ? (​រ៉ូម ១២:៩; ១​ពេ. ១:១៤, ១៥​) ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ បន្តិច​ម្ដង​ៗ​ព្រះ​យេហូវ៉ា​បាន​ណែនាំ​រាស្ត្រ​របស់​លោក​ឲ្យ​ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌​របស់​លោក​ឲ្យ​បាន​ដិត​ដល់។ * ជា​ឧទាហរណ៍ អ្នក​ប្រព្រឹត្ត​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត​នឹង​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ។ (​១​កូ. ៥:១១​-​១៣​) បន្ថែម​ទៅ​ទៀត បន្ទប់​អ្នក​យាម​ក្នុង​ខ្លោង​ទ្វារ​ទាំង​នោះ ប្រហែល​រំលឹក​យើង​ថា​នៅ​សព្វ​ថ្ងៃ​នេះ អស់​អ្នក​ដែល​គ្មាន​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា មិន​អាច​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក​ទេ។ ជា​ឧទាហរណ៍ បុគ្គល​ដែល​មាន​មុខ​ពីរ អាច​ចូល​សាល​ប្រជុំ តែ​គាត់​មិន​អាច​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​បាន​ឡើយ លុះ​ត្រា​តែ​គាត់​ធ្វើ​តាម​តម្រូវ​ការ​របស់​លោក។ (​យ៉ា. ៤:៨​) នៅ​ក្នុង​គ្រា​ដែល​មាន​សីលធម៌​អន់​ថយ​នេះ ការ​គោរព​ប្រណិប័តន៍​ពិត​បាន​ទទួល​ការ​ការ​ពារ​យ៉ាង​អស្ចារ្យ!

១៩ គម្ពីរ​ប្រកាស​ទុក​ជា​មុន​ថា មុន​ទី​បញ្ចប់​មក​ដល់ ខ្នាត​តម្រា​នៃ​ពិភព​លោក​នេះ​កាន់​តែ​អន់​ថយ​ទៅ​ៗ។ គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​ទុច្ចរិត​និង​ជន​បោក​ប្រាស់​នឹង​មាន​ការ​ប្រព្រឹត្ត​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង​ៗ ពួក​គេ​នឹង​បំភាន់​អ្នក​ឯ​ទៀត ហើយ​ក៏​ត្រូវ​គេ​បំភាន់​ដែរ​»។ (​២​ធី. ៣:១៣​) សព្វ​ថ្ងៃ​នេះ មនុស្ស​កាន់​តែ​ច្រើន​បាន​ត្រូវ​បំភាន់​ឲ្យ​គិត​ថា​ខ្នាត​តម្រា​ដ៏​ខ្ពស់​របស់​ព្រះ​យេហូវ៉ា តឹង​រ៉ឹង​ពេក ហួស​សម័យ ឬ​មិន​ត្រឹម​ត្រូវ។ តើ​អ្នក​នឹង​ត្រូវ​គេ​បំភាន់​ដែរ​ឬ​ទេ? ជា​ឧទាហរណ៍ បើ​អ្នក​ណា​ម្នាក់​ព្យាយាម​បញ្ចុះ​បញ្ចូល​អ្នក​ឲ្យ​ជឿ​ថា​ខ្នាត​តម្រា​របស់​ព្រះ​ស្ដី​អំពី​ការ​រួម​ភេទ​ជា​មួយ​នឹង​មនុស្ស​ភេទ​ដូច​គ្នា គឺ​មិន​សម​ហេតុ​សម​ផល តើ​អ្នក​នឹង​យល់​ស្រប​ជា​មួយ​គាត់​ទេ? ឬ​ក៏​អ្នក​នឹង​យល់​ស្រប​ជា​មួយ​ព្រះ​យេហូវ៉ា​វិញ? ព្រោះ​បណ្ដាំ​របស់​លោក​បញ្ជាក់​យ៉ាង​ច្បាស់​ថា​អស់​អ្នក​ដែល​មាន​ការ​ប្រព្រឹត្ត​ដូច​នោះ​កំពុង​«​ប្រព្រឹត្ត​អំពើ​អាស​អាភាស​»​ហើយ។ ព្រះ​ព្រមាន​យើង​កុំ​ឲ្យ​យល់​ស្រប​នឹង​ការ​ប្រព្រឹត្ត​ដែល​ប្រាស​ចាក​សីលធម៌។ (​រ៉ូម ១:២៤​-​២៧, ៣២​) ពេល​ប្រឈម​មុខ​នឹង​រឿង​ដូច​នោះ យើង​ត្រូវ​គិត​អំពី​ខ្លោង​ទ្វារ​ខ្ពស់​ៗ​នៃ​វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត ហើយ​ចាំ​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​បន្ទាប​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​លោក​ឡើយ ទោះ​ជា​មាន​ការ​បង្ខិត​បង្ខំ​ពី​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ​ក៏​ដោយ។ តើ​យើង​យល់​ស្រប​នឹង​បិតា​ស្ថាន​សួគ៌​របស់​យើង ហើយ​លើក​ស្ទួយ​អ្វី​ដែល​ត្រឹម​ត្រូវ​ឬ​ទេ?

យើង​ជូន​ព្រះ​«​នូវ​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា​»​ ពេល​យើង​ចូល​រួម​ការ​គោរព​ប្រណិប័តន៍​ពិត

២០. តើ​«​មនុស្ស​មួយ​ក្រុម​ធំ​»​បាន​ទទួល​ការ​រំលឹក​អ្វី​ខ្លះ​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ពី​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ?

២០ ទី​ធ្លា។ ពេល​អេសេគាល​ឃើញ​ទី​ធ្លា​ដ៏​ធំ​ទូលាយ​នៃ​វិហារ គាត់​ច្បាស់​ជា​រំភើប​ចិត្ត ហើយ​គិត​អំពី​ចំនួន​មនុស្ស​ជា​ច្រើន​ដែល​រីករាយ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​អាច​ចូល​រួម​ជា​មួយ​គ្នា​នៅ​ទី​នោះ។ សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនិក​ពិត​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា នៅ​កន្លែង​ដែល​ពិសិដ្ឋ​ជាង​នោះ​ទៅ​ទៀត។ ​«​មនុស្ស​មួយ​ក្រុម​ធំ​»​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​ទី​ធ្លា​ខាង​ក្រៅ​នៃ​វិហារ​ដ៏​រុង​រឿង​របស់​លោក ទទួល​ការ​រំលឹក​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ពី​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត។ (​បប. ៧:៩, ១០, ១៤, ១៥​) នៅ​ក្នុង​ទី​ធ្លា អេសេគាល​បាន​ឃើញ​បន្ទប់​សម្រាប់​បរិភោគ​អាហារ ដែល​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​អាច​បរិភោគ​ពី​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដែល​ពួក​គេ​យក​មក​ជូន។ (​អេគ. ៤០:១៧​) ក្នុង​ន័យ​ម្យ៉ាង ពួក​គេ​អាច​បរិភោគ​អាហារ​ជា​មួយ​ព្រះ​យេហូវ៉ា។ នេះ​ជា​សញ្ញា​សម្គាល់​នៃ​ការ​មាន​ចំណង​មិត្តភាព​ដ៏​សុខ​សាន្ត​ជា​មួយ​លោក។ សព្វ​ថ្ងៃ​នេះ យើង​មិន​ជូន​គ្រឿង​បូជា​ដូច​ដែល​ជនជាតិ​យូដា​បាន​ធ្វើ​ក្រោម​ក្រឹត្យ​វិន័យ​ម៉ូសេ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ជូន​ព្រះ​«​នូវ​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា​»​ ពេល​យើង​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត ដូច​ជា​ការ​ឆ្លើយ​នៅ​កិច្ច​ប្រជុំ និង​ការ​ប្រាប់​អំពី​ជំនឿ​របស់​យើង​នៅ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ (​ហេ. ១៣:១៥​) យើង​ក៏​បាន​ត្រូវ​បំពាក់​បំប៉ន​ដោយ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​អារម្មណ៍​ដូច​កូន​ចៅ​កូរ៉ា​ដែល​បាន​ច្រៀង​ជូន​ព្រះ​យេហូវ៉ា​ថា​៖ ​«​មួយ​ថ្ងៃ​នៅ​ក្នុង​ទី​ធ្លា​របស់​លោក ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ នៅ​កន្លែង​ផ្សេង​ទៀត!​»។—ចសព. ៨៤:១០

២១. តើ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ប្រហែល​ជា​ទាញ​មេ​រៀន​អ្វី​ពី​កិច្ច​បម្រើ​ជា​សង្ឃ​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ?

២១ កិច្ច​បម្រើ​ជា​សង្ឃ។ អេសេគាល​បាន​ឃើញ​ខ្លោង​ទ្វារ​ដែល​ពួក​សង្ឃ​និង​ពួក​លេវី​ប្រើ ដើម្បី​ចូល​ទី​ធ្លា​ខាង​ក្នុង។ ខ្លោង​ទ្វារ​នោះ​ស្រដៀង​នឹង​អស់​អ្នក​ដែល​មិន​មែន​ជា​សង្ឃ​ប្រើ ដើម្បី​ចូល​ទី​ធ្លា​ខាង​ក្រៅ។ នេះ​ជា​វិធី​ដ៏​ល្អ​ដើម្បី​រំលឹក​ពួក​បុរស​ដែល​មាន​ភារកិច្ច​ជា​សង្ឃ​ថា​ពួក​គេ​ក៏​ត្រូវ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត​ដែរ។ ចុះ​យ៉ាង​ណា​សព្វ​ថ្ងៃ? សព្វ​ថ្ងៃ​នេះ ក្នុង​ចំណោម​ពួក​អ្នក​បម្រើ​ព្រះ​គ្មាន​ការ​ស្នង​តំណែង​ជា​សង្ឃ​ទេ តែ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង បាន​ត្រូវ​ប្រាប់​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​‹ជន​ជាតិ​ដែល​បាន​ត្រូវ​ជ្រើស​រើស និង​ជា​សង្ឃ​ដែល​មាន​តំណែង​ជា​ស្ដេច›​»។ (​១​ពេ. ២:៩​) ពួក​សង្ឃ​នៅ​អ៊ីស្រាអែល​សម័យ​បុរាណ គោរព​ប្រណិប័តន៍​ព្រះ​នៅ​ទី​ធ្លា​មួយ​ដោយ​ឡែក។ សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​មិន​គោរព​ប្រណិប័តន៍​លោក ដោយ​ឡែក​ពី​អ្នក​គោរព​ប្រណិប័តន៍​ឯ​ទៀត​ដែល​ជា​បង​ប្អូន​រួម​ជំនឿ​របស់​ពួក​គេ​ទេ។ ប៉ុន្តែ ពួក​គេ​មាន​ចំណង​មិត្តភាព​ពិសេស​ជា​មួយ​ព្រះ​យេហូវ៉ា​ក្នុង​នាម​ជា​កូន​របស់​លោក។ (​កាឡ. ៤:៤​-​៦​) នៅ​ដំណាល​គ្នា​នោះ ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​អាច​ទទួល​ការ​រំលឹក​ដែល​មាន​ប្រយោជន៍​ពី​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត។ ជា​ឧទាហរណ៍ ពួក​គេ​បាន​កត់​សម្គាល់​ថា​ពួក​សង្ឃ​ក៏​ត្រូវ​ទទួល​ដំបូន្មាន​និង​ការ​ប្រៀន​ប្រដៅ​ដែរ។ រីឯ​គ្រិស្ត​សាសនិក​ទាំង​អស់​វិញ ជា​ការ​ល្អ​ឲ្យ​យើង​ចាំ​ថា​យើង​ទាំង​អស់​គ្នា​ជា​«​ហ្វូង​តែ​មួយ​»​ ហើយ​បម្រើ​ព្រះ​ក្រោម​«​គង្វាល​តែ​ម្នាក់​»។—សូម​អាន យ៉ូហាន ១០:១៦

២២, ២៣. ​(​ក​) តើ​ពួក​អ្នក​ចាស់​ទុំ​នៅ​សព្វ​ថ្ងៃ​នេះ​អាច​ទាញ​មេ​រៀន​អ្វី​ពី​មេ​ដឹក​នាំ​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ? (​ខ​) នៅ​ថ្ងៃ​ខាង​មុខ តើ​ប្រហែល​ជា​មាន​អ្វី​កើត​ឡើង?

២២ មេ​ដឹក​នាំ។ ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត មេ​ដឹក​នាំ​គឺ​ជា​បុគ្គល​សំខាន់​ម្នាក់។ គាត់​មិន​មាន​ពូជ​ពង្ស​ជា​សង្ឃ​ទេ ហើយ​ក្នុង​វិហារ គាត់​ច្បាស់​ជា​ចុះ​ចូល​ក្រោម​ការ​ដឹក​នាំ​របស់​ពួក​សង្ឃ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី គាត់​មាន​ភារកិច្ច​ជា​អ្នក​ត្រួត​ពិនិត្យ​លើ​បណ្ដា​ជន ហើយ​ជួយ​ពួក​គេ​ដោយ​មើល​ការ​ខុស​ត្រូវ​លើ​ការ​ជូន​គ្រឿង​បូជា។ (​អេគ. ៤៤:២, ៣; ៤៥:១៦, ១៧; ៤៦:២​) ដូច្នេះ គាត់​ជា​គំរូ​ល្អ​សម្រាប់​បុរស​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ ដែល​មាន​ភារកិច្ច​មួយ​ចំនួន​ក្នុង​ក្រុម​ជំនុំ។ បន្ថែម​ទៅ​ទៀត ពួក​អ្នក​ចាស់​ទុំ​ក៏​រួម​បញ្ចូល​ពួក​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ដែរ ហើយ​ពួក​គាត់​ត្រូវ​បន្ត​ចុះ​ចូល​នឹង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ដែល​ព្រះ​បាន​តែង​តាំង។ (​ហេ. ១៣:១៧​) ពួក​អ្នក​ចាស់​ទុំ​ខំ​ព្យាយាម​ជួយ​រាស្ត្រ​របស់​ព្រះ​ឲ្យ​ជូន​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា​នៅ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក និង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ (​អេភ. ៤:១១, ១២​) ម្យ៉ាង​ទៀត ពួក​អ្នក​ចាស់​ទុំ​ប្រហែល​កត់​សម្គាល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ស្ដី​បន្ទោស​ពួក​មេ​ដឹក​នាំ​អ៊ីស្រាអែល​ដែល​បាន​ប្រើ​អំណាច​របស់​ខ្លួន​តាម​របៀប​មិន​ត្រឹម​ត្រូវ។ (​អេគ. ៤៥:៩​) ដូច​គ្នា​ដែរ ពួក​អ្នក​ចាស់​ទុំ​មិន​គួរ​គិត​ថា​ពួក​គេ​មិន​ត្រូវ​ការ​ដំបូន្មាន​ឬ​ការ​កែ​តម្រង់​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ចាប់​យក​គ្រប់​ឱកាស​ទទួល​ការ​សម្រិត​សម្រាំង​ពី​ព្រះ​យេហូវ៉ា ដើម្បី​ពួក​គេ​អាច​ក្លាយ​ទៅ​ជា​អ្នក​ត្រួត​ពិនិត្យ​និង​ជា​គង្វាល​ដែល​ល្អ​ប្រសើរ​ជាង។—សូម​អាន ពេត្រុស​ទី​១ ៥:១​-​៣

២៣ ព្រះ​យេហូវ៉ា​នឹង​បន្ត​ផ្ដល់​អ្នក​ត្រួត​ពិនិត្យ​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ នៅ​ក្នុង​សួន​ឧទ្យាន​ដែល​នឹង​មាន​នា​ពេល​ខាង​មុខ។ ក្នុង​ន័យ​ម្យ៉ាង អ្នក​ចាស់​ទុំ​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ កំពុង​ទទួល​ការ​បង្ហាត់​បង្រៀន​ដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ជួយ​រាស្ត្រ​របស់​ព្រះ​នៅ​ក្នុង​សួន​ឧទ្យាន។ (​ចសព. ៤៥:១៦​) ពេល​រំពឹង​គិត​អំពី​របៀប​ដែល​ពួក​បុរស​ទាំង​នោះ​បង្ហាញ​ថា​ពួក​គាត់​ជា​អំណោយ​ពី​ព្រះ​នៅ​ក្នុង​ពិភព​លោក​ថ្មី យើង​ពិត​ជា​រំភើប​ចិត្ត​ណាស់ មែន​ទេ? ដូច​ទំនាយ​ផ្សេង​ៗ​អំពី​ការ​រៀបចំ​ឡើង​វិញ ការ​យល់​ដឹង​របស់​យើង​ចំពោះ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ ប្រហែល​អាច​យល់​កាន់​តែ​ច្បាស់​នៅ​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា។ ម្ល៉ោះ​ហើយ នៅ​ពេល​អនាគត​យើង​ប្រហែល​ទាញ​មេ​រៀន​ពី​ផ្នែក​ខ្លះ​ទៀត​នៃ​ការ​បើក​បង្ហាញ​នោះ។ នេះ​ជា​អ្វី​ដែល​យើង​មិន​អាច​យល់​នៅ​គ្រា​នេះ​ទេ។ ចាំ​ដល់​ពេល​នោះ​ទើប​យើង​ដឹង។

តើ​ខ្លោង​ទ្វារ​ខ្ពស់​ៗ​និង​ទី​ធ្លា​វិហារ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ការ​គោរព​ប្រណិប័តន៍​របស់​យើង? (សូម​មើល​វគ្គ​១៨​-​២១)

ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​ពិត

២៤, ២៥. តើ​តាម​របៀប​ណា​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​រៀប​រាប់​អំពី​ពរ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​រាស្ត្រ​លោក កាល​ដែល​ពួក​គេ​កាន់​តាម​ការ​គោរព​ប្រណិប័តន៍​ពិត?

២៤ សរុប​សេចក្ដី​មក សូម​ឲ្យ​យើង​រំលឹក​អំពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​ឃើញ។ ព្រះ​យេហូវ៉ា​ចូល​មក​ក្នុង​វិហារ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត ហើយ​លោក​សន្យា​ដល់​រាស្ត្រ​របស់​លោក​ថា លោក​នឹង​បន្ត​នៅ​ទី​នោះ ដរាប​ណា​ពួក​គេ​កាន់​តាម​ខ្នាត​តម្រា​របស់​លោក​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត​យ៉ាង​ស្មោះ​ត្រង់។ (​អេគ. ៤៣:៤​-​៩​) តើ​វត្តមាន​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​រាស្ត្រ​របស់​លោក​និង​ស្រុក​របស់​ពួក​គេ?

២៥ ការ​បើក​បង្ហាញ​នេះ​រៀប​រាប់​អំពី​ពរ​ពី​ព្រះ ដោយ​ប្រើ​ទំនាយ​ពីរ​ដែល​ពង្រឹង​ទំនុក​ចិត្ត។ ទំនាយ​ទាំង​នោះ​មាន​ទិដ្ឋភាព​ដូច​ត​ទៅ​៖ (​១​) អូរ​ហូរ​ចេញ​ពី​ទី​បរិសុទ្ធ​នៃ​វិហារ ដែល​ធ្វើ​ឲ្យ​មាន​ការ​រស់​រាន​មាន​ជីវិត និង​ធ្វើ​ឲ្យ​ដី​មាន​ជី​ជាតិ ហើយ​ (​២​) ទឹក​ដី​បាន​ត្រូវ​បែង​ចែក​យ៉ាង​មាន​របៀប​រៀប​រយ​និង​យ៉ាង​ត្រឹម​ត្រូវ ដោយ​មាន​វិហារ​និង​ទី​ធ្លា​វិហារ​នៅ​ចំ​កណ្ដាល។ នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​យល់​យ៉ាង​ណា​ចំពោះ​ទិដ្ឋភាព​ទាំង​ពីរ​នោះ? យើង​រស់​នៅ​ក្នុង​គ្រា​ដែល​ព្រះ​យេហូវ៉ា​ចូល​វិហារ​ដ៏​រុង​រឿង​របស់​លោក ជា​វិហារ​ដែល​បាន​ត្រូវ​សម្រិត​សម្រាំង​និង​ជា​របៀប​គោរព​ប្រណិប័តន៍​ដ៏​ពិសិដ្ឋ​ដែល​លោក​ពេញ​ចិត្ត។ (​ម៉ាឡ. ៣:១​-​៤​) យើង​នឹង​ពិចារណា​ទំនាយ​ទាំង​ពីរ​នោះ​នៅ​ជំពូក​ទី​១៩​ដល់​២១​ក្នុង​សៀវភៅ​នេះ។

^ វគ្គ 6 ដូច្នេះ​ព្រះ​យេហូវ៉ា​កំពុង​រៀប​រាប់​អំពី​ភាព​ផ្ទុយ​គ្នា ស្ដី​អំពី​របៀប​ដែល​រាស្ត្រ​របស់​លោក​ធ្លាប់​ប្រព្រឹត្ត​ទៅ​លើ​វិហារ​ដ៏​បរិសុទ្ធ​របស់​លោក។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ពួក​គេ​បាន​ដាក់​កំណល់​ទ្វារ​របស់​ពួក​គេ​ជិត​កំណល់​ទ្វារ​របស់​ខ្ញុំ ព្រម​ទាំង​ដាក់​បង្គោល​ទ្វារ​របស់​ពួក​គេ​ក្បែរ​បង្គោល​ទ្វារ​របស់​ខ្ញុំ ដោយ​គ្រាន់​តែ​ខណ្ឌ​ជញ្ជាំង​មួយ​រវាង​ខ្ញុំ​និង​ពួក​គេ​ប៉ុណ្ណោះ។ ពួក​គេ​ថែម​ទាំង​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ផង​ដែរ។ ការ​ទាំង​នោះ​ធ្វើ​ឲ្យ​នាម​ដ៏​បរិសុទ្ធ​របស់​ខ្ញុំ​លែង​បរិសុទ្ធ​ទៀត​»។ (​អេគ. ៤៣:៨​) នៅ​ក្រុង​យេរូសាឡិម​សម័យ​បុរាណ មាន​តែ​ជញ្ជាំង​វិហារ​ប៉ុណ្ណោះ​ដែល​ខណ្ឌ​វិហារ​របស់​ព្រះ​យេហូវ៉ា​ដោយ​ឡែក​ពី​ផ្ទះ​របស់​បណ្ដា​ជន។ ហេតុ​នេះ ពេល​ដែល​បណ្ដា​ជន​លែង​កាន់​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា ពួក​គេ​ប្រព្រឹត្ត​អំពើ​ស្មោក​គ្រោក​និង​គោរព​បូជា​រូប​ព្រះ​នៅ​ក្បែរ​វិហារ​ព្រះ​យេហូវ៉ា​តែ​ម្ដង។ ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​ការ​ប្រព្រឹត្ត​នោះ​មាន​រហូត​ឡើយ!

^ វគ្គ 13 វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត ក៏​ជាប់​ទាក់​ទង​នឹង​ទំនាយ​ផ្សេង​ទៀត​អំពី​ការ​រៀបចំ​ឡើង​វិញ​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់។ ជា​ឧទាហរណ៍ សូម​កត់​សម្គាល់​ភាព​ស្រដៀង​គ្នា​រវាង​អេសេគាល ៤៣:១​-​៩ និង​ម៉ាឡាគី ៣:១​-​៥; អេសេគាល ៤៧:១​-​១២ និង​យ៉ូអែល ៣:១៨

^ វគ្គ 18 វិហារ​ដ៏​រុង​រឿង​មាន​ឡើង​នៅ​ឆ្នាំ​២៩ គ.ស. ពេល​ដែល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ចាប់​ផ្ដើម​បំពេញ​ភារកិច្ច​របស់​លោក​ជា​សម្ដេច​សង្ឃ។ ប៉ុន្តែ​ជា​ទូទៅ ការ​គោរព​ប្រណិប័តន៍​ពិត​នៅ​ផែនដី​បាន​ត្រូវ​ទុក​ចោល​អស់​ជា​ច្រើន​សតវត្សរ៍​ក្រោយ​ពី​ពួក​សាវ័ក​របស់​លោក​យេស៊ូ​បាន​ស្លាប់។ ទោះ​ជា​យ៉ាង​នោះ​ក្ដី នៅ​ឆ្នាំ​១៩១៩ ការ​គោរព​ប្រណិប័តន៍​ពិត​បាន​ត្រូវ​លើក​តម្កើង​ឡើង​វិញ។