លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទី១០

«អ្នករាល់គ្នានឹងរស់ឡើងវិញ»

«អ្នករាល់គ្នានឹងរស់ឡើងវិញ»

អេសេគាល ៣៧:៥

គោល​ចំណុច: ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​អំពី​«​ឆ្អឹង​ស្ងួត​ហែង​»​មាន​ជីវិត​ឡើង​វិញ និង​ការ​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង

១​-​៣. តើ​អ្វី​បាន​បណ្ដាល​ឲ្យ​ជនជាតិ​យូដា​នៅ​បាប៊ីឡូន​ធ្លាក់​ទឹក​ចិត្ត​ជា​ខ្លាំង? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ជនជាតិ​យូដា​នៅ​ស្រុក​បាប៊ីឡូន​បាន​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង! អស់​ប្រហែល​ប្រាំ​ឆ្នាំ អេសេគាល​បាន​ប្រកាស​ទុក​ជា​មុន​ថា​ក្រុង​យេរូសាឡិម​នឹង​ត្រូវ​បំផ្លាញ​ចោល។ ប៉ុន្តែ បណ្ដា​ជន​ដែល​ជា​ជន​និរទេស​មិន​ជឿ​គាត់​ទេ។ ទោះ​ជា​គាត់​ធ្វើ​ការ​សម្ដែង លើក​ឧទាហរណ៍​ចំ​ៗ និង​ប្រកាស​ដំណឹង​ពី​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត​ក៏​ដោយ ក៏​បណ្ដា​ជន​មិន​ព្រម​ជឿ​ថា ព្រះ​យេហូវ៉ា​នឹង​បណ្ដោយ​ឲ្យ​ក្រុង​យេរូសាឡិម​ត្រូវ​បំផ្លាញ​នោះ​ឡើយ។ សូម្បី​តែ​ពេល​ពួក​គេ​ដឹង​ថា ក្រុង​យេរូសាឡិម​បាន​ត្រូវ​ឡោម​ព័ទ្ធ​ដោយ​ទ័ព​បាប៊ីឡូន ក៏​ពួក​គេ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​អ្នក​ក្រុង​នោះ​នឹង​មាន​សុវត្ថិភាព។

ប៉ុន្តែ ឥឡូវ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​ហើយ​ក្រោយ​ពី​ការ​ឡោម​ព័ទ្ធ។ ថ្ងៃ​មួយ មាន​ជន​ភៀស​ខ្លួន​ម្នាក់​ពី​ក្រុង​យេរូសាឡិម​មក​ដល់​បាប៊ីឡូន គាត់​រាយ​ការណ៍​ដំណឹង​មួយ​ថា​៖ ​«​ក្រុង​យេរូសាឡិម​បាន​ត្រូវ​ផ្ដួល​រំលំ​ហើយ!​»។ ដំណឹង​នោះ​ធ្វើ​ឲ្យ​ជន​និរទេស​ឈឺ​ចិត្ត​ជា​ខ្លាំង។ ពួក​គេ​ពិបាក​ទទួល​យក​អ្វី​ដែល​បាន​កើត​ឡើង​នេះ​ណាស់។ មិន​គួរ​ឲ្យ​ជឿ​សោះ​ថា​ក្រុង​ជា​ទី​ស្រឡាញ់ វិហារ​បរិសុទ្ធ និង​ស្រុក​កំណើត​របស់​ពួក​គេ​បាន​ត្រូវ​បំផ្លាញ​ចោល​ទាំង​អស់! សេចក្ដី​សង្ឃឹម​ដែល​ពួក​គេ​បាន​សន្សំ​ទុក​ជា​យូរ​មក​ហើយ បាន​រលាយ​សាប​សូន្យ។—អេគ. ២១:៧; ៣៣:២១

នៅ​គ្រា​ដ៏​ពិបាក​នេះ អេសេគាល​បាន​ទទួល​ការ​បើក​បង្ហាញ​ដ៏​អស្ចារ្យ​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម។ តើ​ការ​បើក​បង្ហាញ​នេះ​មាន​ដំណឹង​អ្វី​សម្រាប់​ជន​និរទេស​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ? តើ​ការ​បើក​បង្ហាញ​នេះ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​រាស្ត្រ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ? ហើយ​តើ​តាម​របៀប​ណា​យើង​ផ្ទាល់​អាច​ទទួល​ប្រយោជន៍​ពី​ការ​បើក​បង្ហាញ​នេះ? ដើម្បី​រក​ចម្លើយ សូម​យើង​ពិចារណា​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ដល់​អេសេគាល។

​«​ចូរ​ប្រកាស​ទំនាយ​អំពី​ឆ្អឹង​ទាំង​នេះ​»​ ហើយ​«​ចូរ​ប្រកាស​ប្រាប់​ខ្យល់​ទៅ!​»​

៤. ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត តើ​អ្វី​លេច​ធ្លោ​ជាង​គេ?

សូម​អាន អេសេគាល ៣៧:១​-​១០ក្នុង​ការ​បើក​បង្ហាញ​នោះ អេសេគាល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ត្រូវ​យក​ទៅ​ដាក់​នៅ​ជ្រលង​មួយ​ដែល​មាន​ពេញ​ទៅ​ដោយ​ឆ្អឹង​សាក​សព។ តាម​មើល​ទៅ ដើម្បី​ប្រាកដ​ថា​អេសេគាល​យល់​ការ​បើក​បង្ហាញ​នោះ​យ៉ាង​ពេញ​លេញ ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់​ឲ្យ​«​ដើរ​កាត់​ឆ្អឹង​ទាំង​នោះ​»។ កាល​ដែល​គាត់​ដើរ​ក្នុង​ជ្រលង​ភ្នំ គាត់​ឃើញ​អ្វី​ពីរ​យ៉ាង​ដែល​លេច​ធ្លោ​ទាក់​ទង​នឹង​ឆ្អឹង​ទាំង​នោះ គឺ​ចំនួន​ឆ្អឹង​និង​ស្ថានភាព​ឆ្អឹង។ គាត់​រៀប​រាប់​ថា​ខ្ញុំ​ឃើញ​«​មាន​ឆ្អឹង​សាក​សព​ជា​ច្រើន​ដែល​ស្ងួត​ហែង​»។

៥. តើ​បង្គាប់​ពីរ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដល់​អេសេគាល? ហើយ​ក្រោយ​ពី​គាត់​ធ្វើ​តាម​បង្គាប់​ទាំង​នោះ តើ​មាន​អ្វី​កើត​ឡើង?

បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ឲ្យ​អេសេគាល​នូវ​បង្គាប់​ពីរ​ដែល​ជា​ទី​ចាប់​ផ្ដើម​នៃ​ការ​រៀបចំ​ឡើង​វិញ​បន្តិច​ម្ដង​ៗ។ បង្គាប់​ទី​១ គឺ​«​ចូរ​ប្រកាស​ទំនាយ​អំពី​ឆ្អឹង​ទាំង​នេះ​»​ហើយ​ប្រាប់​ឆ្អឹង​ទាំង​នេះ​ឲ្យ​«​រស់​រាន​មាន​ជីវិត​»។ (​អេគ. ៣៧:៤​-​៦​) ក្រោយ​ប្រកាស​រួច ភ្លាម​នោះ​«​ឮ​សូរ​សំឡេង​គ្រឹក​ៗ ហើយ​ឆ្អឹង​ចាប់​ផ្ដើម​ផ្គុំ​គ្នា​»។ បន្ទាប់​មក ឃើញ​មាន​«​សរសៃ​និង​សាច់​ដុះ​ឡើង ហើយ​ក៏​មាន​ស្បែក​គ្រប​ពី​លើ​ដែរ​»។ (​អេគ. ៣៧:៧, ៨​) បង្គាប់​ទី​២ គឺ​«​ចូរ​ប្រកាស​ប្រាប់​ខ្យល់​ទៅ!​»​ ហើយ​បង្គាប់​ខ្យល់​ឲ្យ​«​បក់​»​ទៅ​លើ​សាក​សព​ទាំង​នេះ។ ពេល​អេសេគាល​ធ្វើ​តាម​បង្គាប់​ព្រះ ​«​ខ្យល់​ដង្ហើម​បាន​ចូល​ក្នុង​សាក​សព​ទាំង​នោះ ហើយ​ពួក​គេ​ក៏​មាន​ជីវិត រួច​ក្រោក​ឈរ​ឡើង ទៅ​ជា​កង​ទ័ព​ដ៏​ធំ​មួយ​»។—អេគ. ៣៧:៩, ១០

​«​ឆ្អឹង​របស់​យើង​ស្ងួត​ហែង ហើយ​យើង​ក៏​គ្មាន​សេចក្ដី​សង្ឃឹម​ដែរ​»​

៦. តើ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​ដើម្បី​ជួយ​អេសេគាល​ឲ្យ​យល់​ការ​បើក​បង្ហាញ​នេះ?

បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​អេសេគាល​យល់​ពី​អត្ថន័យ​នៃ​ការ​បើក​បង្ហាញ​នេះ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ឆ្អឹង​ទាំង​នេះ​គឺ​ជា​ពូជ​ពង្ស​អ៊ីស្រាអែល​ទាំង​មូល​»។ ពិត​ណាស់ ក្រោយ​ពី​ជន​និរទេស​ឮ​ថា​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​ចោល ពួក​គេ​មាន​អារម្មណ៍​ដូច​ជា​ស្លាប់​ទាំង​រស់។ ហេតុ​នេះ ពួក​គេ​ទួញ​យំ​ថា​៖ ​«​ឆ្អឹង​របស់​យើង​ស្ងួត​ហែង ហើយ​យើង​ក៏​គ្មាន​សេចក្ដី​សង្ឃឹម​ដែរ គឺ​យើង​វិនាស​ទាំង​ស្រុង​ហើយ​»។ (​អេគ. ៣៧:១១; យេ. ៣៤:២០​) ដើម្បី​សម្រាល​ទុក្ខ​ពួក​គេ​ព្រះ​យេហូវ៉ា​បង្ហាញ​ថា ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​អំពី​ឆ្អឹង​សាក​សព រួម​បញ្ចូល​ដំណឹង​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល។

៧. ដូច​បាន​កត់​ទុក​ក្នុង​អេសេគាល ៣៧:១២​-​១៤ តើ​ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​អ្វី​ដល់​អេសេគាល? ហើយ​តើ​នេះ​ផ្ដល់​ទំនុក​ចិត្ត​យ៉ាង​ណា​ដល់​ជន​និរទេស​ដែល​ជា​រាស្ត្រ​លោក?

សូម​អាន អេសេគាល ៣៧:១២​-​១៤តាម​រយៈ​ការ​បើក​បង្ហាញ​នេះ ព្រះ​យេហូវ៉ា​បាន​ពង្រឹង​ទំនុក​ចិត្ត​ជន​និរទេស​ថា​លោក​នឹង​ធ្វើ​ឲ្យ​ពួក​គេ​រស់​រាន​មាន​ជីវិត​ឡើង​វិញ ដោយ​នាំ​ពួក​គេ​ទៅ​ស្រុក​កំណើត​ខ្លួន ហើយ​រស់​នៅ​ទី​នោះ។ បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​ហៅ​ពួក​គេ​ម្ដង​ទៀត​ថា​៖ ​«​រាស្ត្រ​ខ្ញុំ​»។ ប្រសាសន៍​របស់​ព្រះ​ច្បាស់​ជា​លើក​ទឹក​ចិត្ត​ជន​និរទេស​ដែល​កំពុង​រង​ទុក្ខ​ទាំង​នេះ​ណាស់! ហេតុ​អ្វី​ពួក​គេ​អាច​ជឿ​ជាក់​ថា​សេចក្ដី​សន្យា​អំពី​ការ​រៀបចំ​ឡើង​វិញ​នឹង​ក្លាយ​ជា​ការ​ពិត? ពីព្រោះ​ព្រះ​យេហូវ៉ា​បាន​សន្យា​ដោយ​ផ្ទាល់។ លោក​ប្រកាស​ថា​៖ ​«​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា ខ្ញុំ​ផ្ទាល់​បាន​ចេញ​វាចា​ហើយ គឺ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​កើត​ឡើង​មែន​»។

៨. ​(​ក​) តើ​តាម​របៀប​ណា​«​ពូជ​ពង្ស​អ៊ីស្រាអែល​ទាំង​មូល​»​ប្រៀប​ដូច​ជា​ស្លាប់? (​ខ​) តើ​តាម​របៀប​ណា​អេសេគាល ៣៧:៩ បញ្ជាក់​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​ពួក​គេ​ស្លាប់​ក្នុង​ន័យ​ធៀប? (​សូម​មើល​កំណត់​សម្គាល់​)

ផ្នែក​មួយ​នៃ​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​ដែល​រៀប​រាប់​អំពី​ស្ថានភាព​ដ៏​គួរ​ឲ្យ​អស់​សង្ឃឹម បាន​កើត​ឡើង​ទៅ​លើ​ប្រជាជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ។ តើ​តាម​របៀប​ណា? ការ​ស្លាប់​ក្នុង​ន័យ​ធៀប​របស់​ប្រជាជាតិ​អ៊ីស្រាអែល​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​៧៤០ មុន​គ.ស. គឺ​ពេល​ដែល​រាជាណាចក្រ​ដែល​មាន​កុល​សម្ព័ន្ធ​១០​បាន​ត្រូវ​ផ្ដួល​រំលំ ហើយ​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ត្រូវ​និរទេស។ ប្រហែល​១៣០​ឆ្នាំ​ក្រោយ​មក បណ្ដា​ជន​យូដា​ក៏​បាន​ត្រូវ​និរទេស​ដែរ។ នេះ​មាន​ន័យ​ថា​«​ពូជ​ពង្ស​អ៊ីស្រាអែល​ទាំង​មូល​»​បាន​ជាប់​ជា​ឈ្លើយ។ (​អេគ. ៣៧:១១​) ក្នុង​ន័យ​ធៀប​ជន​និរទេស​ទាំង​អស់​ប្រៀប​ដូច​ជា​ឆ្អឹង​សាក​សព​ដែល​អេសេគាល​ឃើញ​ក្នុង​ការ​បើក​បង្ហាញ។ * បន្ថែម​ទៅ​ទៀត អេសេគាល​មិន​គ្រាន់​តែ​ឃើញ​ឆ្អឹង​សាក​សព​ប៉ុណ្ណោះ​ទេ តែ​គាត់​ឃើញ​«​ឆ្អឹង​ស្ងួត​ហែង​»​ នេះ​បញ្ជាក់​ថា​ការ​ស្លាប់​របស់​ពួក​គេ​បាន​បន្ត​អស់​រយៈ​ពេល​យ៉ាង​យូរ។ នេះ​ជា​ការ​ពិត​មែន ព្រោះ​រយៈ​ពេល​បូក​បញ្ចូល​គ្នា​នៃ​ការ​ស្លាប់​ក្នុង​ន័យ​ធៀប​របស់​អ៊ីស្រាអែល​និង​យូដា​គឺ​ជាង​២០០​ឆ្នាំ ចាប់​ពី​ឆ្នាំ​៧៤០​ដល់​ឆ្នាំ​៥៣៧ មុន​គ.ស.។—យេ. ៥០:៣៣

៩. តើ​ប្រជាជាតិ​អ៊ីស្រាអែល​និង​«​អ៊ីស្រាអែល​នៃ​ព្រះ​»​មាន​បទ​ពិសោធន៍​អ្វី​ខ្លះ​ដែល​ស្រដៀង​គ្នា?

ទំនាយ​អំពី​ការ​រៀបចំ​ឡើង​វិញ​ទាក់​ទង​នឹង​អ៊ីស្រាអែល​ដែល​អេសេគាល​បាន​រៀប​រាប់ មាន​ការ​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង។ (​សកម្ម ៣:២១​) ប្រជាជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​បាន​ត្រូវ​«​សម្លាប់​»​ក្នុង​ន័យ​ធៀប ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ប្រៀប​ដូច​ជា​ស្លាប់​អស់​រយៈ​ពេល​យូរ។ ដូច​គ្នា​ដែរ ​«​អ៊ីស្រាអែល​នៃ​ព្រះ​»​ជា​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​ព្រះ​រើស​តាំង​បាន​ត្រូវ​សម្លាប់​ក្នុង​ន័យ​ធៀប ហើយ​ជាប់​ជា​ឈ្លើយ​ដែល​ប្រៀប​ដូច​ជា​ស្លាប់​អស់​រយៈ​ពេល​ជា​យូរ។ (​កាឡ. ៦:១៦​) តាម​ពិត ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ជាប់​ជា​ឈ្លើយ​អស់​រយៈ​ពេល​យូរ រហូត​ដល់​ពួក​គេ​លែង​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ ដែល​ប្រៀប​ដូច​ជា​ឆ្អឹង​«​ស្ងួត​ហែង​»។ (​អេគ. ៣៧:២​) ដូច​យើង​បាន​រៀន​នៅ​ជំពូក​មុន ការ​ជាប់​ជា​ឈ្លើយ​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​ព្រះ​រើស​តាំង បាន​ចាប់​ផ្ដើម​ក្នុង​សតវត្សរ៍​ទី​២ គ.ស. ហើយ​បន្ត​អស់​ជា​ច្រើន​សតវត្សរ៍​ទៀត។ នេះ​បាន​កើត​ឡើង​ដូច​អ្វី​ដែល​លោក​យេស៊ូ​រៀប​រាប់​ក្នុង​ឧទាហរណ៍​អំពី​ស្រូវ​សាលី​និង​ស្រងែ។—ម៉ាថ. ១៣:២៤​-​៣០

​«​ឆ្អឹង​ស្ងួត​ហែង​»​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​តំណាង​ឲ្យ​ការ​ជាប់​ជា​ឈ្លើយ​អស់​រយៈ​ពេល​ជា​យូរ​របស់​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង (សូម​មើល​វគ្គ​៨, ៩)

​«​ឆ្អឹង​ចាប់​ផ្ដើម​ផ្គុំ​គ្នា​»​

១០. ​(​ក​) ដូច​បាន​ប្រកាស​ទុក​ជា​មុន​នៅ​អេសេគាល ៣៧:៧, ៨ តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​រាស្ត្រ​របស់​ព្រះ? (​ខ​) តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​បាន​ជួយ​ជន​និរទេស​ដែល​កោត​ខ្លាច​ព្រះ​ឲ្យ​មាន​ជំនឿ​ឡើង​វិញ​បន្តិច​ម្ដង​ៗ​?

១០ នៅ​សម័យ​បុរាណ​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​ថា រាស្ត្រ​របស់​លោក​នឹង​ចាប់​ផ្ដើម​មាន​ជីវិត​បន្តិច​ម្ដង​ៗ។ (​អេគ. ៣៧:៧, ៨​) ជន​និរទេស​ដែល​កោត​ខ្លាច​ព្រះ បាន​បាត់​បង់​សេចក្ដី​សង្ឃឹម​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ។ តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ជួយ​ពួក​គេ​ឲ្យ​មាន​ជំនឿ​បន្តិច​ម្ដង​ៗ​ទៅ​លើ​សេចក្ដី​សង្ឃឹម​នោះ​ឡើង​វិញ? ប្រភព​មួយ​នៃ​សេចក្ដី​សង្ឃឹម​នោះ ច្បាស់​ជា​មក​ពី​ពាក្យ​ដែល​អ្នក​ប្រកាស​ទំនាយ​នៅ​សម័យ​បុរាណ​បាន​ប្រកាស​ទុក​ជា​មុន។ ជា​ឧទាហរណ៍ អេសាយ​បាន​ប្រកាស​ទុក​ជា​មុន​ថា​ពួក​អ្នក​ដែល​នៅ​សល់​ដែល​ជា​«​ពូជ​បរិសុទ្ធ​»​នឹង​ត្រឡប់​មក​ស្រុក​របស់​ពួក​គេ​វិញ។ (​អេ. ៦:១៣; កំ.ស.; យ៉ូប ១៤:៧​-​៩​) បន្ថែម​ទៅ​ទៀត ទំនាយ​ជា​ច្រើន​នៃ​ការ​រៀបចំ​ឡើង​វិញ ដែល​អេសេគាល​បាន​កត់​ទុក ច្បាស់​ជា​ធ្វើ​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម។ ប្រភព​មួយ​ទៀត​ដែល​ជួយ​ពួក​គេ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម គឺ​ដោយ​សារ​មាន​បុរស​ស្មោះ​ត្រង់​នៅ​ស្រុក​បាប៊ីឡូន​ជា​មួយ​ពួក​គេ។ បុរស​ទាំង​នោះ​ក៏​រួម​មាន​ដានីយ៉ែល​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ជន​និរទេស​កាន់​តែ​មាន​សេចក្ដី​សង្ឃឹម​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ពេល​ដែល​ឃើញ​ក្រុង​បាប៊ីឡូន​ត្រូវ​ផ្ដួល​រំលំ​នៅ​ឆ្នាំ​៥៣៩ មុន​គ.ស.។

១១, ១២. ​(​ក​) តើ​ការ​រៀបចំ​ឡើង​វិញ​ក្នុង​ចំណោម​«​អ៊ីស្រាអែល​នៃ​ព្រះ​»​បាន​កើត​ឡើង​បន្តិច​ម្ដង​ៗ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​ប្រអប់​«​ការ​គោរព​ប្រណិប័តន៍​ពិត​បាន​ត្រូវ​រៀបចំ​ឡើង​វិញ​បន្តិច​ម្ដង​ៗ​»​) (​ខ​) តើ​ពាក្យ​នៅ​ក្នុង​អេសេគាល ៣៧:១០ នាំ​ឲ្យ​មាន​សំណួរ​អ្វី?

១១ ស្រដៀង​គ្នា​ដែរ ​«​អ៊ីស្រាអែល​នៃ​ព្រះ​»​ជា​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​ព្រះ​រើស​តាំង បាន​ត្រូវ​រៀបចំ​ឡើង​វិញ​បន្តិច​ម្ដង​ៗ។ តើ​តាម​របៀប​ណា? ក្នុង​អំឡុង​ពេល​ជាប់​ជា​ឈ្លើយ​អស់​ជា​ច្រើន​សតវត្សរ៍ មាន​«​ឮ​សូរ​សំឡេង​គ្រឹក​ៗ​»​ កាល​ដែល​ពួក​អ្នក​កោត​ខ្លាច​ព្រះ​ក្រោក​ឡើង​ការពារ​ការ​គោរព​ប្រណិប័តន៍​ពិត។ ជា​ឧទាហរណ៍ នៅ​សតវត្សរ៍​ទី​១៦ វីល្លាម ធីនដេល​បាន​បក​ប្រែ​គម្ពីរ​ជា​ភាសា​អង់គ្លេស។ ពួក​បព្វជិត​សាសនា​កាតូលិក​រ៉ូម​ខឹង​យ៉ាង​ខ្លាំង ដែល​គម្ពីរ​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​សាមញ្ញ​ដែល​មនុស្ស​ទូទៅ​អាច​អាន​បាន។ ក្រោយ​មក ធីនដេល​បាន​ត្រូវ​គេ​ប្រហារ​ជីវិត។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​ឯ​ទៀត​ដែល​មាន​ចិត្ត​ក្លាហាន​បាន​បន្ត​បក​ប្រែ​គម្ពីរ​ទៅ​ជា​ភាសា​ផ្សេង​ៗ ហើយ​ពន្លឺ​នៃ​សេចក្ដី​ពិត​បាន​ភ្លឺ​បន្តិច​ម្ដង​ៗ​ពេញ​ពិភព​លោក​ដ៏​ងងឹត។

១២ ក្រោយ​មក ពេល​បង​ឆាល រ៉ាសិល​និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់​ស្វែង​រក​សេចក្ដី​ពិត​ក្នុង​គម្ពីរ​យ៉ាង​ខ្នះ​ខ្នែង នោះ​ប្រៀប​ដូច​ជា​«​សរសៃ​និង​សាច់​ដុះ​ឡើង​»​ជាប់​ឆ្អឹង។ ទស្សនាវដ្ដី​ប៉ម​យាម​នៃ​ភ្នំ​ស៊ីយ៉ូន​និង​សៀវភៅ​ផ្សេង​ៗ​ទៀត បាន​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ឲ្យ​រក​ឃើញ​សេចក្ដី​ពិត​ក្នុង​គម្ពីរ ហើយ​សេចក្ដី​ពិត​ទាំង​នោះ​ជំរុញ​ពួក​គេ​ឲ្យ​ចូល​រួម​ជា​មួយ​នឹង​ក្រុម​អ្នក​បម្រើ​ដែល​ព្រះ​បាន​រើស​តាំង។ នៅ​ដើម​ទសវត្សរ៍​១៩០០ រាស្ត្រ​ដែល​ព្រះ​បាន​រើស​តាំង​បាន​ទទួល​កម្លាំង​ចិត្ត​ថែម​ទៀត ពី​ឧបករណ៍​ផ្សេង​ៗ​ដូច​ជា​«​ល្ខោន​រូប​ភាព​នៃ​ការ​បង្កើត​»​ និង​សៀវភៅ​ការ​បញ្ចប់​សេចក្ដី​អាថ៌​កំបាំង។ មិន​យូរ​ក្រោយ​មក គឺ​ដល់​ពេល​ដែល​ព្រះ​ឲ្យ​រាស្ត្រ​របស់​លោក​«​ក្រោក​ឈរ​ឡើង​»។ (​អេគ. ៣៧:១០​) តើ​នោះ​កើត​ឡើង​នៅ​ពេល​ណា? ហើយ​តាម​របៀប​ណា? ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​បាប៊ីឡូន​សម័យ​បុរាណ​ជួយ​យើង​ឆ្លើយ​សំណួរ​ទាំង​នេះ។

​«​ពួក​គេ​ក៏​មាន​ជីវិត រួច​ក្រោក​ឈរ​ឡើង​»​

១៣. ​(​ក​) នៅ​ដើម​ឆ្នាំ​៥៣៧ មុន​គ.ស. តើ​ពាក្យ​នៅ​អេសេគាល ៣៧:១០, ១៤ បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​មាន​បទ​គម្ពីរ​អ្វី​ខ្លះ​ដែល​បញ្ជាក់​ថា​បណ្ដា​ជន​មួយ​ចំនួន​ដែល​មក​ពី​រាជាណាចក្រ​ដែល​មាន​កុល​សម្ព័ន្ធ​១០ បាន​ត្រឡប់​ទៅ​អ៊ីស្រាអែល​វិញ?

១៣ នៅ​ដើម​ឆ្នាំ​៥៣៧ មុន​គ.ស. ជនជាតិ​យូដា​នៅ​បាប៊ីឡូន​បាន​ឃើញ​ថា​អ្វី​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​បាន​កើត​ឡើង​មែន។ តើ​តាម​របៀប​ណា? ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ពួក​គេ​រស់​រាន​មាន​ជីវិត ហើយ​«​ក្រោក​ឈរ​ឡើង​»​ គឺ​ដោយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​ការ​ជាប់​ជា​ឈ្លើយ ហើយ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ។ ជន​ជាតិ​អ៊ីស្រាអែល​ចំនួន​៤២.៣៦០​នាក់ និង​ជន​ជាតិ​ដទៃ​ប្រហែល​៧.០០០​នាក់​បាន​ចាក​ចេញ​ពី​បាប៊ីឡូន ត្រឡប់​ទៅ​អ៊ីស្រាអែល ដើម្បី​សង់​ក្រុង​យេរូសាឡិម និង​វិហារ​ឡើង​វិញ ព្រម​ទាំង​តាំង​លំនៅ​នៅ​ទី​នោះ។ (​អែស. ១:១​-​៤; ២:៦៤, ៦៥; អេគ. ៣៧:១៤​) ប្រហែល​៧០​ឆ្នាំ​ក្រោយ​មក ជន​និរទេស​ប្រមាណ​១.៧៥០​នាក់​បាន​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ​ជា​មួយ​នឹង​អែសរ៉ា។ (​អែស. ៨:១​-​២០​) ដូច្នេះ សរុប​ទាំង​អស់​ទៅ មាន​ជនជាតិ​យូដា​ជាង​៤៤.០០០​នាក់​បាន​ត្រឡប់​មក​វិញ។ ពិត​ណាស់ ពួក​គេ​ប្រៀប​ដូច​ជា​«​កង​ទ័ព​ដ៏​ធំ​»។ (​អេគ. ៣៧:១០​) បន្ថែម​ទៅ​ទៀត បណ្ដាំ​របស់​ព្រះ​បញ្ជាក់​ថា​បណ្ដា​ជន​ពី​រាជាណាចក្រ​ដែល​មាន​កុល​សម្ព័ន្ធ​១០ ក៏​ត្រឡប់​មក​ស្រុក​អ៊ីស្រាអែល​ដើម្បី​ជួយ​សង់​វិហារ​ឡើង​វិញ​ដែរ។ បុព្វ​បុរស​របស់​អស់​អ្នក​ទាំង​នោះ​បាន​ត្រូវ​ពួក​អាស៊ីរី​ចាប់​យក​ទៅ ក្នុង​អំឡុង​សតវត្សរ៍​ទី​៨ មុន​គ.ស.។—១​ប្រ. ៩:៣; អែស. ៦:១៧; យេ. ៣៣:៧; អេគ. ៣៦:១០

១៤. ​(​ក​) តើ​តាម​របៀប​ណា​ពាក្យ​នៅ​ក្នុង​អេសេគាល ៣៧:២៤ ជួយ​យើង​ឲ្យ​ដឹង​អំពី​ពេល​នៃ​ការ​កើត​ឡើង​ដ៏​សំខាន់​នៃ​ទំនាយ​អំពី​ការ​រៀបចំ​ឡើង​វិញ? (​ខ​) តើ​អ្វី​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩១៩? (​សូម​មើល​ប្រអប់​«​តើ​‹ឆ្អឹង​ស្ងួត​ហែង›​និង​‹សាក្សី​ពីរ​នាក់›​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ណា?​»​)

១៤ តើ​តាម​របៀប​ណា​ផ្នែក​នេះ​នៃ​ទំនាយ​អេសេគាល​បាន​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង? ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​អេសេគាល​ឃើញ​ក្នុង​គំនិត​នូវ​ទំនាយ​មួយ​ទៀត​ដែល​ទាក់​ទង​នឹង​ទំនាយ​នេះ។ ទំនាយ​នេះ​ជួយ​យើង​ឲ្យ​យល់​ថា​ការ​សម្រេច​ដ៏​សំខាន់​នៃ​ទំនាយ​អំពី​ការ​រៀបចំ​ឡើង​វិញ នឹង​កើត​ឡើង​ក្រោយ​ពី​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ដាវីឌ​ដ៏​ឧត្តម ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច។ * (​អេគ. ៣៧:២៤​) ពិត​ណាស់ នៅ​ឆ្នាំ​១៩១៩ ព្រះ​យេហូវ៉ា​បាន​ចាក់​ឫទ្ធានុភាព​ទៅ​លើ​រាស្ត្រ​របស់​លោក។ ជា​លទ្ធផល ពួក​គេ​«​មាន​ជីវិត​ឡើង​វិញ​»​ ហើយ​បាន​ត្រូវ​ដោះ​លែង​ពី​ការ​ជាប់​ជា​ឈ្លើយ​ក្រោម​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ (​អេ. ៦៦:៨​) ក្រោយ​នោះ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​សង់​ទី​លំនៅ​លើ​«​ស្រុក​ទេស​»​របស់​ពួក​គេ​វិញ ពោល​គឺ​បរិយាកាស​សុខ​សាន្ត​ក្នុង​ចំណោម​រាស្ត្រ​ព្រះ​ប្រៀប​ដូច​ជា​សួន​ឧទ្យាន។ ប៉ុន្តែ តើ​តាម​របៀប​ណា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ​ក្លាយ​ទៅ​ជា​«​កង​ទ័ព​ដ៏​ធំ​»​?

១៥, ១៦. ​(​ក​) តើ​តាម​របៀប​ណា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ​ក្លាយ​ទៅ​ជា​«​កង​ទ័ព​ដ៏​ធំ​»​? (​ខ​) តើ​តាម​របៀប​ណា​ទំនាយ​នេះ​ក្នុង​សៀវភៅ​អេសេគាល​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ពិបាក​ក្នុង​ជីវិត? (​សូម​មើល​ប្រអប់​«​ជំនួយ​ដែល​ជួយ​យើង​ឲ្យ​ក្រោក​ឈរ​»​)

១៥ មិន​យូរ​ក្រោយ​ពី​គ្រិស្ត​បាន​តែង​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​នៅ​ឆ្នាំ​១៩១៩ អ្នក​បម្រើ​របស់​ព្រះ​បាន​ឃើញ​ការ​ពិត​នូវ​អ្វី​ដែល​សាការី​បាន​ប្រកាស​ទុក​ជា​មុន​ថា​៖ ​«​ជន​ជាតិ​ជា​ច្រើន ព្រម​ទាំង​ប្រជាជាតិ​នានា​ដែល​ខ្លាំង​ក្លា នឹង​នាំ​គ្នា​មក . . . បម្រើ​ព្រះ​យេហូវ៉ា​»។ សាការី​បម្រើ​ជា​អ្នក​ប្រកាស​ទំនាយ​ក្នុង​ចំណោម​ជន​និរទេស​ដែល​ត្រឡប់​មក​វិញ។ គាត់​បាន​រៀប​រាប់​អំពី​អស់​អ្នក​ដែល​មក​បម្រើ​ព្រះ​យេហូវ៉ា​ថា​ជា​«​មនុស្ស​១០​នាក់​ពី​គ្រប់​ភាសា​គ្រប់​ប្រជាជាតិ​»។ ពួក​គេ​នឹង​ចាប់​តោង​ជន​ជាតិ​«​យូដា​ម្នាក់​»​ដែល​តំណាង​ឲ្យ​អ៊ីស្រាអែល​នៃ​ព្រះ ដោយ​និយាយ​ថា​៖ ​«​យើង​ចង់​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ព្រោះ​យើង​បាន​ឮ​ថា​ព្រះ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​»។—សាក. ៨:២០​-​២៣

១៦ សព្វ​ថ្ងៃ​នេះ អ៊ីស្រាអែល​នៃ​ព្រះ​(​អ្នក​រើស​តាំង​ដែល​នៅ​សល់​) ហើយ​«​មនុស្ស​១០​នាក់​»​(​ចៀម​ឯ​ទៀត​) ពួក​គេ​រួម​គ្នា​ជា​«​កង​ទ័ព​ដ៏​ធំ​»​ដែល​មាន​ចំនួន​រាប់​លាន​នាក់។ (​អេគ. ៣៧:១០​) ក្នុង​នាម​ជា​ទ័ព​របស់​គ្រិស្ត​ដែល​មាន​ចំនួន​កាន់​តែ​ច្រើន យើង​ដើរ​តាម​លោក​យេស៊ូ​ដែល​ជា​ស្ដេច​របស់​យើង​យ៉ាង​ដិត​ដល់ ហើយ​យើង​នឹង​ទទួល​ពរ​ជា​បរិបូរ​នៅ​ថ្ងៃ​ខាង​មុខ។—ចសព. ៣៧:២៩; អេគ. ៣៧:២៤; ភី. ២:២៥; ១​ថែ. ៤:១៦, ១៧

១៧. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​ជំពូក​បន្ទាប់?

១៧ ការ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ​នេះ នឹង​នាំ​ឲ្យ​រាស្ត្រ​របស់​ព្រះ​មាន​ភារកិច្ច​ដ៏​សំខាន់​មួយ។ តើ​ភារកិច្ច​នោះ​ជា​អ្វី? ដើម្បី​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​នេះ យើង​ត្រូវ​ពិចារណា​អំពី​ភារកិច្ច​ដែល​អេសេគាល​បាន​ទទួល​ពី​ព្រះ​យេហូវ៉ា​មុន​ក្រុង​យេរូសាឡិម​ត្រូវ​បំផ្លាញ។ យើង​នឹង​ពិចារណា​ចំណុច​នេះ​នៅ​ជំពូក​បន្ទាប់។

^ វគ្គ 8 ឆ្អឹង​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​មិន​មែន​ជា​ឆ្អឹង​របស់​មនុស្ស​ដែល​ស្លាប់​តាម​ធម្មតា​ទេ តែ​ជា​ឆ្អឹង​របស់​«​មនុស្ស​ដែល​គេ​បាន​សម្លាប់​»។ (​អេ​គ. ៣៧:៩​) ​«​ពូជ​ពង្ស​អ៊ីស្រាអែល​ទាំង​មូល​»​ត្រូវ​គេ​សម្លាប់​ក្នុង​ន័យ​ធៀប ពេល​ដែល​បណ្ដា​ជន​មក​ពី​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុល​សម្ព័ន្ធ​១០​បាន​ត្រូវ​ពួក​អាស៊ីរី​ចាប់​យក​ធ្វើ​ជា​ឈ្លើយ និង​ពេល​ដែល​បណ្ដា​ជន​មក​ពី​រាជាណាចក្រ​យូដា​ដែល​មាន​កុល​សម្ព័ន្ធ​២​បាន​ត្រូវ​ពួក​បាប៊ីឡូន​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។

^ វគ្គ 14 ទំនាយ​អំពី​មេស្ស៊ី​បាន​ត្រូវ​រៀប​រាប់​ក្នុង​ជំពូក​៨​នៃ​សៀវភៅ​នេះ។