លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទី៩

«ខ្ញុំនឹងឲ្យពួកគេមានចិត្តតែមួយ»

«ខ្ញុំនឹងឲ្យពួកគេមានចិត្តតែមួយ»

អេសេគាល ១១:១៩

គោល​ចំណុច: គោល​រឿង​អំពី​ការ​រៀបចំ​ឡើង​វិញ និង​របៀប​ដែល​គោល​រឿង​នេះ​បាន​ត្រូវ​បក​ស្រាយ​ក្នុង​ទំនាយ​អេសេគាល

១​-​៣. តើ​ពួក​បាប៊ីឡូន​បាន​ចំអក​មើល​ងាយ​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី?

សូម​ស្រមៃ​គិត​ថា​អ្នក​ជា​ជនជាតិ​យូដា​ស្មោះ​ត្រង់​ដែល​កំពុង​រស់​នៅ​ក្នុង​ក្រុង​បាប៊ីឡូន។ អ្នក​និង​ជន​រួម​ជាតិ​បាន​ត្រូវ​និរទេស​ទៅ​ទី​នោះ​អស់​រយៈ​ពេល​ប្រហែល​៥០​ឆ្នាំ​មក​ហើយ។ ដូច​ទម្លាប់​រាល់​ដង​នៅ​ថ្ងៃ​ឈប់​សម្រាក អ្នក​កំពុង​ធ្វើ​ដំណើរ​ទៅ​ជួប​បង​ប្អូន​រួម​ជំនឿ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ កាល​ដែល​អ្នក​ដើរ​តាម​ផ្លូវ​ដែល​មាន​មនុស្ស​អ៊ូអរ អ្នក​ឃើញ​វិហារ​ធំ​ៗ​និង​ទី​បូជា​រាប់​មិន​អស់។ មនុស្ស​ម្នា​មូល​គ្នា​ទៅ​ទី​នោះ ដើម្បី​ជូន​គ្រឿង​បូជា​និង​ច្រៀង​ជូន​ព្រះ​ផ្សេង​ៗ ដូច​ជា​ព្រះ​ម៉ាឌូក​ជា​ដើម។

ពេល​អ្នក​ជួប​បង​ប្អូន​មួយ​ក្រុម​តូច​ដែល​នៅ​ដាច់​ឡែក​ពី​គេ អ្នក​និង​ពួក​គេ​ខំ​រក​កន្លែង​ស្ងាត់ ប្រហែល​នៅ​តាម​ដង​ព្រែក​ដើម្បី​អធិដ្ឋាន ច្រៀង​ចម្រៀង​សរសើរ​ព្រះ និង​រំពឹង​គិត​អំពី​បណ្ដាំ​របស់​លោក​ជា​មួយ​គ្នា។ * កាល​ដែល​អ្នក​កំពុង​អធិដ្ឋាន អ្នក​ឮ​សំឡេង​ទូក​ផ្សេង​ៗ​កំពុង​ចូល​ទៅ​ចត​តាម​មាត់​ព្រែក។ នៅ​ទី​នោះ អ្នក​មាន​អារម្មណ៍​ធូរ​ចិត្ត​បន្តិច។ អ្នក​សង្ឃឹម​ថា​មនុស្ស​នៅ​ម្ដុំ​នោះ​នឹង​មិន​ឃើញ​អ្នក ហើយ​មក​រំខាន​កិច្ច​ប្រជុំ​ដូច​ដែល​គេ​ធ្លាប់​ធ្វើ​នោះ​ទេ។ ហេតុ​អ្វី​មនុស្ស​ទាំង​នោះ​ចូល​ចិត្ត​ធ្វើ​ដូច្នេះ?

បាប៊ីឡូន​មាន​ប្រវត្តិ​ឈ្នះ​សង្គ្រាម​ជា​ច្រើន ហើយ​ជន​ជាតិ​បាប៊ីឡូន​គិត​ថា​ពួក​គេ​ខ្លាំង​ក្លា ដោយ​សារ​មាន​ជំនួយ​ពី​ព្រះ​របស់​ពួក​គេ។ ចំពោះ​ជន​ជាតិ​បាប៊ីឡូន ការ​បំផ្លាញ​ក្រុង​យេរូសាឡិម​បង្ហាញ​ថា​ព្រះ​ម៉ាឌូក​របស់​ពួក​គេ​ខ្លាំង​ក្លា​ជាង​ព្រះ​យេហូវ៉ា! ម្ល៉ោះ​ហើយ ពួក​គេ​ចំអក​មើល​ងាយ​ព្រះ​របស់​អ្នក​និង​រាស្ត្រ​របស់​លោក។ ពេល​ខ្លះ​ពួក​គេ​ចំអក​ឡកឡឺយ​ថា​៖ ​«​ចូរ​ច្រៀង​ចម្រៀង​របស់​ស៊ីយ៉ូន​ឲ្យ​យើង​ស្ដាប់​មួយ​បទ​មក​»​! (​ចសព. ១៣៧:៣​) ព្រោះ​ចម្រៀង​ជា​ច្រើន​អបអរ​ជ័យ​ជម្នះ​របស់​ស៊ីយ៉ូន​ទៅ​លើ​សត្រូវ​របស់​ព្រះ​យេហូវ៉ា។ ម្ល៉ោះ​ហើយ ពួក​បាប៊ីឡូន​ប្រហែល​ជា​ចូល​ចិត្ត​ចំអក​មើល​ងាយ​ចម្រៀង​បែប​នោះ។ ប៉ុន្តែ ក៏​មាន​ចម្រៀង​ដែល​រៀប​រាប់​អំពី​ពួក​បាប៊ីឡូន​ដែរ។ ជា​ឧទាហរណ៍ ចម្រៀង​មួយ​ច្រៀង​ថា​៖ ​«​ពួក​គេ​បាន​បំផ្លាញ​ក្រុង​យេរូសាឡិម​ឲ្យ​ទៅ​ជា​សំណង់​បាក់​បែក . . . មនុស្ស​នៅ​ជុំ​វិញ​យើង​ចំអក​មើល​ងាយ​និង​ឡកឡឺយ​ឲ្យ​យើង​»។—ចសព. ៧៩:១, ៣, ៤

៤, ៥. តើ​ទំនាយ​អេសេគាល​ផ្ដល់​សេចក្ដី​សង្ឃឹម​អ្វី? ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​ជំពូក​នេះ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

បន្ថែម​ទៅ​ទៀត ក៏​មាន​ពួក​យូដា​ដែល​ក្បត់​ជំនឿ​ចាំ​សើច​ចំអក​ឲ្យ​អ្នក ព្រោះ​អ្នក​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​អ្នក​ប្រកាស​ទំនាយ​របស់​លោក។ ទោះ​បី​ជា​យ៉ាង​នោះ​ក៏​ដោយ ការ​គោរព​ប្រណិប័តន៍​ពិត​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​អ្នក​និង​ក្រុម​គ្រួសារ​អ្នក។ អ្នក​មាន​អារម្មណ៍​សប្បាយ​រីករាយ ដោយ​សារបាន​អធិដ្ឋាន​និង​ច្រៀង​ចម្រៀង​សរសើរ​ព្រះ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។ ការ​អាន​បណ្ដាំ​របស់​ព្រះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​ណាស់។ (​ចសព. ៩៤:១៩; រ៉ូម ១៥:៤​) សូម​ស្រមៃ​ថា​នៅ​ថ្ងៃ​នេះ មាន​បង​ប្អូន​រួម​ជំនឿ​ម្នាក់​យក​អ្វី​ពិសេស​មួយ​មក​កិច្ច​ប្រជុំ។ អ្វី​នោះ​គឺ​ជា​រមូរ​ដែល​មាន​ទំនាយ​របស់​អេសេគាល។ អ្នក​ចូល​ចិត្ត​ស្ដាប់​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ថា លោក​នឹង​នាំ​រាស្ត្រ​របស់​លោក​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ។ ពេល​គេ​អាន​ទំនាយ​ដូច​នោះ​ឮ​ៗ អ្នក​ពិត​ជា​រំភើប​ចិត្ត​ណាស់ ហើយ​អ្នក​រំពឹង​គិត​អំពី​សេចក្ដី​សង្ឃឹម​នោះ គឺ​ថា​នៅ​ថ្ងៃ​ណា​មួយ​អ្នក​និង​ក្រុម​គ្រួសារ​អ្នក​អាច​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ហើយ​ជួយ​ក្នុង​ការ​រៀបចំ​ឡើង​វិញ ជា​កិច្ច​ការ​ដ៏​គួរ​ឲ្យ​រំភើប!

ទំនាយ​របស់​អេសេគាល​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​សេចក្ដី​សន្យា​នៃ​ការ​រៀបចំ​ឡើង​វិញ។ សូម​យើង​ពិចារណា​សេចក្ដី​សន្យា​ទាំង​នោះ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​សង្ឃឹម។ តើ​តាម​របៀប​ណា​សេចក្ដី​សន្យា​ទាំង​នោះ​បាន​កើត​ឡើង​ចំពោះ​ជន​និរទេស? តើ​ទំនាយ​ទាំង​នោះ​មាន​ន័យ​យ៉ាង​ណា​នៅ​សម័យ​យើង? ចំពោះ​ទំនាយ​ខ្លះ យើង​ក៏​នឹង​ពិចារណា​អំពី​ការ​កើត​ឡើង​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​អនាគត​ដែរ។

​«​ពួក​គេ​នឹង​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ ហើយ​នឹង​ត្រូវ​និរទេស​»​

៦. តើ​តាម​របៀប​ណា​ព្រះ​ព្រមាន​រាស្ត្រ​លោក​ដែល​បះ​បោរ​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត?

តាម​រយៈ​អេសេគាល ព្រះ​យេហូវ៉ា​បាន​ប្រាប់​រាស្ត្រ​របស់​លោក​យ៉ាង​ចំ​ៗ​នូវ​របៀប​ដែល​លោក​នឹង​ដាក់​ទោស​ពួក​គេ​ចំពោះ​ការ​បះ​បោរ​ប្រឆាំង។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ពួក​គេ​នឹង​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ ហើយ​នឹង​ត្រូវ​និរទេស​»។ (​អេគ. ១២:១១​) ដូច​យើង​បាន​រៀន​នៅ​ជំពូក​ទី​៦ អេសេគាល​ថែម​ទាំង​បាន​ធ្វើ​ការ​សម្ដែង​អំពី​ការ​ដាក់​ទោស​នោះ​ទៀត​ផង។ ប៉ុន្តែ នោះ​មិន​មែន​ជា​ការ​ព្រមាន​លើក​ដំបូង​ទេ។ តាំង​ពី​សម័យ​ម៉ូសេ ជិត​១.០០០​ឆ្នាំ​មុន​ព្រះ​យេហូវ៉ា​បាន​ព្រមាន​រាស្ត្រ​លោក​ថា បើ​ពួក​គេ​នៅ​តែ​បះ​បោរ​ប្រឆាំង ពួក​គេ​នឹង​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។ (​បច. ២៨:៣៦, ៣៧​) ពួក​អ្នក​ប្រកាស​ទំនាយ ដូច​ជា​អេសាយ​និង​យេរេមា ក៏​បាន​ប្រាប់​ការ​ព្រមាន​ស្រដៀង​គ្នា​ដែរ។—អេ. ៣៩:៥​-​៧; យេ. ២០:៣​-​៦

៧. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​រាស្ត្រ​របស់​លោក?

ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ណាស់ ពួក​គេ​ភាគ​ច្រើន​មិន​បាន​អើពើ​នឹង​ការ​ព្រមាន​ទាំង​នោះ​ទេ។ ក្រោយ​មក ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង ដោយ​សារ​រាស្ត្រ​របស់​លោក​បាន​បះ​បោរ​ប្រឆាំង គោរព​បូជា​រូប​ព្រះ ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់ ហើយ​ទៅ​ជា​ខូច​អាក្រក់​ក្រោម​ឥទ្ធិពល​របស់​គង្វាល​ដ៏​ទុច្ចរិត។ ហេតុ​នេះ ព្រះ​អនុញ្ញាត​ឲ្យ​ពួក​គេ​រង​ការ​អត់​ឃ្លាន​ដែល​ជា​អន្តរាយ​ដ៏​ធំ​និង​នាំ​ឲ្យ​មាន​ការ​អាម៉ាស់ ព្រោះ​ស្រុក​ពួក​គេ​«​ជា​ស្រុក​ដែល​សម្បូរ​ទឹក​ដោះ​និង​ទឹក​ឃ្មុំ​ហូរ​ហៀរ​»។ (​អេគ. ២០:៦, ៧​) បន្ទាប់​មក ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​យូរ​មក​ហើយ លោក​អនុញ្ញាត​ឲ្យ​រាស្ត្រ​ដ៏​វៀច​វេរ​របស់​លោក​ត្រូវ​និរទេស។ នៅ​ឆ្នាំ​៦០៧ មុន​គ.ស. នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​វាយ​ប្រហារ​ជា​លើក​ចុង​ក្រោយ ហើយ​បំផ្លាញ​ក្រុង​យេរូសាឡិម​និង​វិហារ។ ជនជាតិ​យូដា​រាប់​ពាន់​នាក់​ដែល​នៅ​រស់ បាន​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​បាប៊ីឡូន។ នៅ​ទី​នោះ ពួក​គេ​រង​ការ​ប្រឆាំង​និង​ការ​ចំអក​មើល​ងាយ ដូច​ដែល​បាន​រៀប​រាប់​នៅ​ដើម​ជំពូក​នេះ។

៨, ៩. តើ​តាម​របៀប​ណា​ព្រះ​បាន​ផ្ដល់​ការ​ព្រមាន​ដល់​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​អំពី​ការ​ក្បត់​ជំនឿ?

ស្ដី​អំពី​ការ​ជាប់​ជា​ឈ្លើយ​នៅ​បាប៊ីឡូន តើ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ជួប​នឹង​ស្ថានភាព​ស្រដៀង​នោះ​ឬ​ទេ? ពិត​ជា​ជួប​មែន! ដូច​ពួក​យូដា​នៅ​សម័យ​បុរាណ​ពួក​អ្នក​កាន់​តាម​គ្រិស្ត ក៏​ទទួល​ការ​ព្រមាន​ទុក​ជា​មុន​ដែរ។ នៅ​ដើម​កិច្ច​បម្រើ​របស់​លោក​យេស៊ូ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ប្រយ័ត្ន​ចំពោះ​ពួក​អ្នក​ប្រកាស​ទំនាយ​មិន​ពិត ដែល​មក​ឯ​អ្នក​រាល់​គ្នា​ដោយ​ក្លែង​ខ្លួន​ជា​សត្វ​ចៀម។ ប៉ុន្តែ​តាម​ពិត ពួក​គេ​ជា​ឆ្កែ​ចចក​ដែល​ស្រេក​ឃ្លាន​ជា​ខ្លាំង​»។ (​ម៉ាថ. ៧:១៥​) ច្រើន​ឆ្នាំ​ក្រោយ​មក ព្រះ​បាន​ដឹក​នាំ​សាវ័ក​ប៉ូល​ឲ្យ​កត់​ទុក​ការ​ព្រមាន​ស្រដៀង​គ្នា ដែល​ថា​៖ ​«​ខ្ញុំ​ដឹង​ថា ក្រោយ​ពី​ខ្ញុំ​ចាក​ចេញ​ទៅ​នឹង​មាន​មនុស្ស​ខ្លះ​ដែល​ប្រៀប​ដូច​ជា​ឆ្កែ​ចចក​ដ៏​សាហាវ ចូល​មក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ពួក​គេ​នឹង​មិន​ប្រព្រឹត្ត​ដោយ​ស្លូត​បូត​ចំពោះ​ហ្វូង​ចៀម​ទេ ហើយ​ពី​ចំណោម​អ្នក​រាល់​គ្នា​នឹង​មាន​អ្នក​ខ្លះ​ក្រោក​ឡើង​និយាយ​បង្ខុស​សេចក្ដី​ពិត ដើម្បី​អូស​ទាញ​ពួក​អ្នក​កាន់​តាម​ឲ្យ​ទៅ​តាម​ពួក​គេ​វិញ​»។—សកម្ម. ២០:២៩, ៣០

គ្រិស្ត​សាសនិក​បាន​រៀន​អំពី​របៀប​សម្គាល់​បុរស​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ទាំង​នោះ ហើយ​បាន​ជៀស​ចេញ​ពី​ពួក​គេ។ ពួក​បុរស​ចាស់​ទុំ​គ្រិស្ត​សាសនិក​បាន​ទទួល​ការ​ណែនាំ​ឲ្យ​ដក​ពួក​អ្នក​ក្បត់​ជំនឿ​ចេញ​ពី​ក្រុម​ជំនុំ។ (​១​ធី. ១:១៩; ២​ធី. ២:១៦​-​១៩; ២​ពេ. ២:១​-​៣; ២យ៉ូន. ១០​) ទោះ​ជា​យ៉ាង​ណា​ក្ដី ដូច​ពួក​អ៊ីស្រាអែល​និង​ពួក​យូដា​នៅ​សម័យ​បុរាណ បន្តិច​ម្ដង​ៗ​គ្រិស្ត​សាសនិក​ជា​ច្រើន​លែង​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ព្រមាន​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ទៀត។ រហូត​ដល់​ចុង​សតវត្សរ៍​ទី​១ ការ​ក្បត់​ជំនឿ​បាន​ជ្រៀត​ចូល​ក្នុង​ក្រុម​ជំនុំ។ នៅ​ពេល​នោះ យ៉ូហាន​ដែល​ជា​សាវ័ក​ចុង​ក្រោយ គាត់​នៅ​រស់​នៅ​ឡើយ។ គាត់​សង្កេត​ឃើញ​ថា​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ចាប់​ផ្ដើម​ខូច​អាក្រក់ និង​ពេញ​ទៅ​ដោយ​ការ​បះ​បោរ​ប្រឆាំង។ យ៉ូហាន​ជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​នៅ​សល់ គាត់​បាន​ជួយ​ទប់​ស្កាត់​ឥទ្ធិពល​ដ៏​អាក្រក់​នោះ។ (​២ថែ. ២:៦​-​៨; ១​យ៉ូន. ២:១៨​) ចុះ​ក្រោយ​ពី​យ៉ូហាន​ស្លាប់ តើ​មាន​អ្វី​កើត​ឡើង?

១០, ១១. ស្ដី​អំពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​ស្រូវ​សាលី​និង​ស្រងែ តើ​មាន​អ្វី​កើត​ឡើង​ចាប់​ពី​សតវត្សរ៍​ទី​២ គ.ស.?

១០ ក្រោយ​ពី​យ៉ូហាន​ស្លាប់ រឿង​ប្រៀប​ប្រដូច​របស់​លោក​យេស៊ូ​អំពី​ស្រូវ​សាលី​និង​ស្រងែ​ចាប់​ផ្ដើម​កើត​ឡើង។ (​សូម​អាន ម៉ាថាយ ១៣:២៤​-​៣០) ដូច​លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន សាថាន​បាន​លួច​សាប​ព្រោះ​«​ស្រងែ​»​ឬ​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​ទៅ​ក្នុង​ក្រុម​ជំនុំ។ យ៉ាង​នេះ ក្រុម​ជំនុំ​បាន​ត្រូវ​បង្ខូច​យ៉ាង​លឿន។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​ឈឺ​ចិត្ត​ខ្លាំង​ណាស់ ពេល​ឃើញ​ក្រុម​ជំនុំ​ដែល​បុត្រ​របស់​លោក​បាន​ស្ថាបនា​ក្លាយ​ទៅ​ជា​ខូច​អាក្រក់​ដោយ​ការ​គោរព​បូជា​រូប​ព្រះ និង​ពិធី​បុណ្យ​មក​ពី​ទំនៀម​ទម្លាប់​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​សាសនា​មិន​ពិត ព្រម​ទាំង​សេចក្ដី​បង្រៀន​មិន​ពិត​ដែល​មក​ពី​ទស្សនវិទូ និង​សាសនា​របស់​សាថាន! តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី? ដូច​លោក​បាន​ធ្វើ​ចំពោះ​ពួក​អ៊ីស្រាអែល​ដែល​មិន​ស្មោះ​ត្រង់ លោក​បណ្ដោយ​ឲ្យ​ពួក​គេ​ជាប់​ជា​ឈ្លើយ។ ចាប់​ពី​សតវត្សរ៍​ទី​២ គ.ស. គឺ​ពិបាក​សម្គាល់​គ្រិស្ត​សាសនិក​ដែល​ប្រៀប​ដូច​ជា​ស្រូវ​សាលី ព្រោះ​មាន​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​ជា​ច្រើន។ ហេតុ​នេះ ក្នុង​ន័យ​ម្យ៉ាង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត​ជាប់​ជា​ឈ្លើយ​ក្រោម​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ជា​ចក្រភព​សាសនា​មិន​ពិត។ នៅ​ដំណាល​គ្នា​នោះ គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​ក៏​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​ចក្រភព​ដ៏​ខូច​អាក្រក់​នេះ​ដែរ។ ដូច្នេះ ពេល​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​មាន​គ្នា​កាន់​តែ​ច្រើន​ឡើង​ៗ ពិភព​គ្រិស្ត​សាសនា​បាន​លេច​មក។

១១ ទោះ​ជា​នៅ​គ្រា​ងងឹត​ក្រោម​ការ​កាន់​កាប់​របស់​ពិភព​គ្រិស្ត​សាសនា​អស់​ជា​ច្រើន​សតវត្សរ៍​ក៏​ដោយ ក៏​មាន​គ្រិស្ត​សាសនិក​ពិត​ខ្លះ​ប្រៀប​ដូច​ជា​«​ស្រូវ​សាលី​»​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​លោក​យេស៊ូ​ដែរ។ ដូច​ជនជាតិ​យូដា​ជា​ជន​និរទេស​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​អេសេគាល ៦:៩ គ្រិស្ត​សាសនិក​ពិត​បាន​នឹក​ចាំ​ព្រះ​ពិត។ ពួក​គេ​ខ្លះ​បាន​បង្ហាញ​ចិត្ត​ក្លាហាន​ប្រឆាំង​នឹង​លទ្ធិ​មិន​ពិត​ពី​ពិភព​គ្រិស្ត​សាសនា។ ជា​លទ្ធផល ពួក​គេ​រង​ការ​ប្រមាថ​មើល​ងាយ​និង​ការ​បៀត​បៀន​ជា​ខ្លាំង។ តើ​ព្រះ​យេហូវ៉ា​មាន​បំណង​បោះ​បង់​ចោល​រាស្ត្រ​របស់​លោក​ឲ្យ​នៅ​ក្នុង​ស្ថានភាព​ងងឹត​នេះ​រហូត​ឬ? មិន​មែន​ទេ! ដូច​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ទៅ​លើ​ពួក​អ៊ីស្រាអែល​សម័យ​បុរាណ លោក​មិន​ចេះ​តែ​ខឹង​រហូត​ទេ ហើយ​លោក​ដាក់​ទោស​ពួក​គេ​ស្រប​តាម​កំហុស​របស់​ពួក​គេ។ (​យេ. ៤៦:២៨​) បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​មិន​ទុក​ឲ្យ​រាស្ត្រ​របស់​លោក​អស់​សង្ឃឹម​ទេ។ សូម​យើង​គិត​ម្ដង​ទៀត​អំពី​ជនជាតិ​យូដា​ដែល​ជាប់​ជា​ឈ្លើយ​នៅ​បាប៊ីឡូន​សម័យ​បុរាណ ហើយ​សូម​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​ពួក​គេ គឺ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​ការ​ជាប់​ជា​ឈ្លើយ។

អស់​ជា​ច្រើន​សតវត្សរ៍ គ្រិស្ត​សាសនិក​ពិត​បាន​រង​ការ​បៀត​បៀន​ពី​សំណាក់​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា (សូម​មើល​វគ្គ​១០, ១១)

​«​ខ្ញុំ​នឹង​ឈប់​ខឹង​ពួក​គេ​»​

១២, ១៣. នៅ​ទី​បំផុត ហេតុ​អ្វី​កំហឹង​របស់​ព្រះ​យេហូវ៉ា​ទាស់​នឹង​រាស្ត្រ​របស់​លោក​ដែល​ជា​ជន​និរទេស​នៅ​សម័យ​អេសេគាល​បាន​រសាយ​ទៅ?

១២ ព្រះ​យេហូវ៉ា​បង្ហាញ​ច្បាស់​ថា​លោក​ខឹង​នឹង​រាស្ត្រ​លោក តែ​លោក​ក៏​បាន​ជួយ​ពួក​គេ​ឲ្យ​មាន​ទំនុក​ចិត្ត​ថា​កំហឹង​ដ៏​សុចរិត​របស់​លោក​នឹង​មិន​មាន​ជា​រៀង​រហូត​ទេ។ ជា​ឧទាហរណ៍ សូម​កត់​សម្គាល់​ពាក្យ​ដូច​ត​ទៅ​៖ ​«​ខ្ញុំ​នឹង​ឈប់​ខឹង​ពួក​គេ ហើយ​កំហឹង​របស់​ខ្ញុំ​នឹង​រសាយ​ទៅ រួច​ខ្ញុំ​នឹង​ស្ងប់​ចិត្ត។ ក្រោយ​ពី​ខ្ញុំ​បញ្ចេញ​កំហឹង​ដ៏​ខ្លាំង​ក្រៃ​លែង​ទាស់​នឹង​ពួក​គេ ពួក​គេ​នឹង​ដឹង​ច្បាស់​ថា ខ្ញុំ​យេហូវ៉ា​បាន​និយាយ​ទៅ​ពួក​គេ​ដើម្បី​បញ្ជាក់​ថា ខ្ញុំ​តម្រូវ​ឲ្យ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​»។ (​អេគ. ៥:១៣​) នៅ​ទី​បំផុត ហេតុ​អ្វី​កំហឹង​របស់​ព្រះ​បាន​រសាយ​ទៅ?

១៣ ជនជាតិ​យូដា​ដែល​ស្មោះ​ត្រង់​ក៏​បាន​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​ជា​មួយ​នឹង​ជនជាតិ​យូដា​ដែល​មិន​ស្មោះ​ត្រង់​ដែរ។ បន្ថែម​ទៅ​ទៀត តាម​រយៈ​អេសេគាល​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​ថា រាស្ត្រ​ខ្លះ​របស់​លោក​ដែល​កំពុង​ជាប់​ជា​ឈ្លើយ​នឹង​ប្រែ​ចិត្ត។ អស់​អ្នក​ដែល​ប្រែ​ចិត្ត​នឹង​រំពឹង​គិត​អំពី​ទង្វើ​ដ៏​គួរ​ឲ្យ​ខ្មាស​ដែល​ពួក​គេ​បាន​ធ្វើ​ទាស់​នឹង​ព្រះ​យេហូវ៉ា ហើយ​ពួក​គេ​នឹង​អង្វរ​សុំ​ការ​ពេញ​ចិត្ត​និង​ការ​អភ័យ​ទោស​ពី​លោក។ (​អេគ. ៦:៨​-​១០; ១២:១៦​) អេសេគាល​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​ស្មោះ​ត្រង់​ឯ​ទៀត រួម​មាន​ដានីយ៉ែល​និង​មិត្ត​ភក្ដិ​បី​នាក់​របស់​គាត់។ តាម​ពិត ដានីយ៉ែល​រស់​នៅ​ជា​យូរ​អង្វែង ហើយ​គាត់​បាន​ឃើញ​ការ​ចាប់​ផ្ដើម​និង​ទី​បញ្ចប់​នៃ​ការ​ជាប់​ជា​ឈ្លើយ។ គាត់​បាន​អធិដ្ឋាន​អស់​ពី​ចិត្ត​អំពី​ការ​សោក​ស្ដាយ​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ជនជាតិ​អ៊ីស្រាអែល។ សេចក្ដី​អធិដ្ឋាន​របស់​គាត់​បាន​ត្រូវ​កត់​ទុក​នៅ​ក្នុង​ដានីយ៉ែល​ជំពូក​ទី​៩។ អារម្មណ៍​របស់​គាត់​ច្បាស់​ជា​ដូច​អារម្មណ៍​របស់​ជនជាតិ​យូដា​រាប់​ពាន់​នាក់​ដែល​ជាប់​ជា​ឈ្លើយ ដែល​ចង់​ទទួល​ការ​អភ័យ​ទោស​និង​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា។ ដូច្នេះ សេចក្ដី​សន្យា​របស់​ព្រះ​អំពី​ការ​ដោះ​លែង​និង​ការ​រៀបចំ​ឡើង​វិញ​ក្នុង​សៀវភៅ​អេសេគាល ពិត​ជា​គួរ​ឲ្យ​រំភើប​ចិត្ត​ណាស់!

១៤. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​នាំ​រាស្ត្រ​របស់​លោក​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ?

១៤ ប៉ុន្តែ មាន​មូលហេតុ​សំខាន់​ជាង​ក្នុង​ការ​ដោះ​លែង​និង​រៀបចំ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ឡើង​វិញ។ ការ​ជាប់​ជា​ឈ្លើយ​អស់​រយៈ​ពេល​ជា​យូរ​បាន​ត្រូវ​បញ្ចប់ មិន​មែន​ដោយ​សារ​តែ​រាស្ត្រ​របស់​លោក​សម​នឹង​ទទួល​នោះ​ទេ តែ​ដោយ​សារ​ជា​ពេល​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​នៅ​ចំពោះ​មុខ​ប្រជាជាតិ​ទាំង​ឡាយ។ (​អេគ. ៣៦:២២​) ពេល​នោះ ពួក​បាប៊ីឡូន​នឹង​ដឹង​ច្បាស់​ថា​ព្រះ​ទាំង​អស់​របស់​ពួក​គេ រួម​ទាំង​ព្រះ​ម៉ាឌូក មិន​អាច​តតាំង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​បាន​ទេ។ សូម​ពិចារណា​អំពី​សេចក្ដី​សន្យា​ប្រាំ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​អេសេគាល​ប្រាប់​ដល់​ជន​រួម​ជាតិ​របស់​គាត់​ដែល​ជា​ជន​និរទេស។ ដំបូង សូម​ឲ្យ​យើង​ពិចារណា​អំពី​សេចក្ដី​សន្យា​នីមួយ​ៗ​ថា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ជនជាតិ​យូដា​ដែល​ស្មោះ​ត្រង់។ បន្ទាប់​មក យើង​នឹង​ពិនិត្យ​មើល​អំពី​របៀប​ដែល​សេចក្ដី​សន្យា​ទាំង​នោះ​បាន​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង។

១៥. ចំពោះ​ពួក​អ្នក​ដែល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ តើ​ពួក​គេ​ត្រូវ​ផ្លាស់​ប្ដូរ​អ្វី​ខ្លះ​ដែល​ទាក់​ទង​នឹង​ទំនៀម​ទម្លាប់​សាសនា?

១៥ សេចក្ដី​សន្យា​ទី​១: លែង​មាន​ការ​គោរព​បូជា​រូប​ព្រះ​ឬ​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​ទាក់​ទង​នឹង​សាសនា​មិន​ពិត។ (​សូម​អាន អេសេគាល ១១:១៨; ១២:២៤) ដូច​យើង​បាន​ពិចារណា​រួច​ហើយ​នៅ​ក្នុង​ជំពូក​ទី​៥ ក្រុង​យេរូសាឡិម​និង​វិហារ​បាន​ត្រូវ​ធ្វើ​ឲ្យ​ស្មោក​គ្រោក​ដោយ​ទំនៀម​ទម្លាប់​សាសនា​មិន​ពិត ដូច​ជា​ការ​គោរព​បូជា​រូប​ព្រះ​ជា​ដើម។ ដូច្នេះ បណ្ដា​ជន​បាន​ទៅ​ជា​ខូច​អាក្រក់ ហើយ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា។ តាម​រយៈ​អេសេគាល ព្រះ​យេហូវ៉ា​បាន​ប្រាប់​ទុក​ជា​មុន​ថា​រាស្ត្រ​របស់​លោក​ដែល​ជា​ជន​និរទេស អាច​ទន្ទឹង​ចាំ​គ្រា​ដែល​ពួក​គេ​អាច​រួម​ចំណែក​ម្ដង​ទៀត​ក្នុង​ការ​គោរព​ប្រណិប័តន៍​ដែល​ស្អាត​ស្អំ​និង​បរិសុទ្ធ។ ចំណែក​ពរ​ឯ​ទៀត​នៃ​ការ​ស្ថាបនា​ឡើង​វិញ​អាស្រ័យ​ទៅ​លើ​កត្តា​ដ៏​សំខាន់​នេះ គឺ​ការ​រៀបចំ​ឡើង​វិញ​របស់​ព្រះ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត។

១៦. ស្ដី​អំពី​ស្រុក​កំណើត​របស់​រាស្ត្រ​លោក តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​អ្វី?

១៦ សេចក្ដី​សន្យា​ទី​២: ការ​ត្រឡប់​មក​ស្រុក​កំណើត​វិញ។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ជន​និរទេស​ថា​៖ ​«​ខ្ញុំ​នឹង​ប្រគល់​ស្រុក​អ៊ីស្រាអែល​ឲ្យ​អ្នក​រាល់​គ្នា​»។ (​អេគ. ១១:១៧​) នេះ​គឺ​ជា​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​ណាស់ ព្រោះ​ពួក​បាប៊ីឡូន​ដែល​ចំអក​មើល​ងាយ​រាស្ត្រ​របស់​ព្រះ ច្បាស់​ជា​មិន​ឲ្យ​ពួក​គេ​មាន​សង្ឃឹម​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ​ឡើយ។ (​អេ. ១៤:៤, ១៧​) ដរាប​ណា​ពួក​អ្នក​ដែល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​បន្ត​ស្មោះ​ត្រង់ ដរាប​នោះ​ទឹក​ដី​របស់​ពួក​គេ​នឹង​មាន​ជី​ជាតិ ហើយ​បង្កើត​ផល​ជា​បរិបូរ​ដើម្បី​ផ្គត់​ផ្គង់​ពួក​គេ និង​នាំ​ឲ្យ​ពួក​គេ​មាន​ការ​ងារ​ដ៏​គាប់​ចិត្ត។ ពួក​គេ​នឹង​លែង​នឹក​ចាំ​ការ​អាម៉ាស់​និង​ទុក្ខ​លំបាក​ដែល​មក​ពី​ការ​អត់​ឃ្លាន​ទៀត​ហើយ។—សូម​អាន អេសេគាល ៣៦:៣០

១៧. តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​គ្រឿង​បូជា​សម្រាប់​ជូន​ព្រះ​យេហូវ៉ា?

១៧ សេចក្ដី​សន្យា​ទី​៣: ការ​ជូន​គ្រឿង​បូជា​នៅ​លើ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា​នឹង​មាន​ឡើង​វិញ។ ដូច​យើង​បាន​រៀន​នៅ​ជំពូក​ទី​២ ក្រោម​ច្បាប់​ម៉ូសេ ការ​ជូន​គ្រឿង​បូជា​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត។ ដរាប​ណា​ជន​និរទេស​ដែល​ត្រឡប់​មក​វិញ​បន្ត​ស្ដាប់​បង្គាប់​និង​មាន​ភាព​ស្អាត​ស្អំ​ខាង​ជំនឿ ដរាប​នោះ​ព្រះ​យេហូវ៉ា​នឹង​ព្រម​ទទួល​គ្រឿង​បូជា​របស់​ពួក​គេ។ ដូច្នេះ ពួក​គេ​អាច​ទទួល​ការ​ជម្រះ​ភាព​ខុស​ឆ្គង ហើយ​រក្សា​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ។ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​៖ ​«​ពូជ​ពង្ស​អ៊ីស្រាអែល​ទាំង​មូល​នឹង​គោរព​ប្រណិប័តន៍​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ពេញ​ចិត្ត​ពួក​គេ។ នៅ​ទី​នោះ​ហើយ​ដែល​អ្នក​រាល់​គ្នា​នឹង​ជូន​វិភាគទាន​និង​គ្រឿង​បូជា​ដ៏​ល្អ​បំផុត​ដល់​ខ្ញុំ ពោល​គឺ​អ្វី​ៗ​ទាំង​អស់​ដែល​បរិសុទ្ធ​»។ (​អេគ. ២០:៤០​) ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​ត្រូវ​រៀបចំ​ឡើង​វិញ​ជា​ប្រាកដ ហើយ​នាំ​ឲ្យ​រាស្ត្រ​របស់​ព្រះ​ទទួល​ពរ​យ៉ាង​បរិបូរ។

១៨. តើ​ព្រះ​យេហូវ៉ា​នឹង​ឃ្វាល​រាស្ត្រ​លោក​យ៉ាង​ដូច​ម្ដេច?

១៨ សេចក្ដី​សន្យា​ទី​៤: គង្វាល​អាក្រក់​នឹង​ត្រូវ​ដក​ចេញ។ មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​រាស្ត្រ​ព្រះ​ធ្វើ​ខុស​យ៉ាង​ធ្ងន់​ធ្ងរ គឺ​ដោយ​សារ​ឥទ្ធិពល​អាក្រក់​ពី​ពួក​បុរស​ដែល​នាំ​មុខ។ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​លោក​នឹង​ផ្លាស់​ប្ដូរ​ស្ថានភាព​នេះ។ ស្ដី​អំពី​គង្វាល​ដ៏​អាក្រក់​ទាំង​នោះ ព្រះ​បាន​សន្យា​ថា​៖ ​«​ខ្ញុំ​ឈប់​ឲ្យ​ពួក​គេ​ឃ្វាល​ចៀម​ខ្ញុំ​ទៀត... ខ្ញុំ​នឹង​សង្គ្រោះ​ចៀម​ខ្ញុំ​ពី​មាត់​ពួក​គេ​»។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ធានា​ដល់​រាស្ត្រ​ដ៏​ស្មោះ​ត្រង់​របស់​លោក​ថា​៖ ​«​ខ្ញុំ​នឹង​ថែ​រក្សា​ចៀម​ខ្ញុំ​»។ (​អេគ. ៣៤:១០, ១២​) តើ​លោក​នឹង​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? លោក​នឹង​តែង​តាំង​ពួក​បុរស​ស្មោះ​ភក្ដី​ឲ្យ​ធ្វើ​ជា​គង្វាល​ជំនួស​ពួក​គេ​វិញ។

១៩. ស្ដី​អំពី​សាមគ្គីភាព តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​អ្វី?

១៩ សេចក្ដី​សន្យា​ទី​៥: សាមគ្គីភាព​ក្នុង​ចំណោម​ពួក​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ សូម​ស្រមៃ​គិត​ថា​មុន​ការ​និរទេស ពួក​អ្នក​គោរព​ប្រណិប័តន៍​ស្មោះ​ត្រង់​កើត​ទុក្ខ​ខ្លាំង​យ៉ាង​ណា ពេល​ឃើញ​រាស្ត្រ​របស់​ព្រះ​បាក់​បែក​គ្នា។ ដោយ​សារ​ទទួល​ឥទ្ធិពល​អាក្រក់​ពី​ពួក​អ្នក​ប្រកាស​ទំនាយ​ក្លែង​ក្លាយ​និង​គង្វាល​ទុច្ចរិត នោះ​បណ្ដា​ជន​បាន​បះ​បោរ​ប្រឆាំង​នឹង​ពួក​អ្នក​ប្រកាស​ទំនាយ​ស្មោះ​ត្រង់​ដែល​ជា​តំណាង​ព្រះ​យេហូវ៉ា។ បណ្ដា​ជន​ថែម​ទាំង​បែក​ទៅ​ជា​ក្រុម​ផ្សេង​ៗ ហើយ​ប្រឆាំង​គ្នា​ទៀត​ផង។ ដូច្នេះ ផ្នែក​មួយ​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ត​នៃ​ការ​រៀបចំ​ឡើង​វិញ គឺ​សេចក្ដី​សន្យា​តាម​រយៈ​អេសេគាល ដែល​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត​តែ​មួយ ហើយ​ខ្ញុំ​នឹង​ដាក់​ចិត្ត​គំនិត​ថ្មី​ក្នុង​ពួក​គេ​»។ (​អេគ. ១១:១៩​) ដរាប​ណា​ជនជាតិ​យូដា​ដែល​ត្រឡប់​មក​វិញ​រក្សា​សាមគ្គីភាព​ជា​មួយ​ព្រះ​យេហូវ៉ា​និង​ជន​រួម​ជាតិ​របស់​ខ្លួន ដរាប​នោះ​សត្រូវ​មិន​អាច​យក​ឈ្នះ​ពួក​គេ​បាន​ឡើយ។ ដោយ​រួប​រួម​គ្នា​ជា​ប្រជាជាតិ​តែ​មួយ ពួក​គេ​អាច​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង​ម្ដង​ទៀត ជា​ជាង​ឲ្យ​លោក​រង​ការ​ប្រមាថ​មើល​ងាយ​និង​អាប់​ឱន​កិត្តិយស។

២០, ២១. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក​ចំពោះ​ជន​និរទេស​ដែល​ត្រឡប់​មក​វិញ?

២០ តើ​ព្រះ​យេហូវ៉ា​បាន​សម្រេច​សេចក្ដី​សន្យា​ទាំង​ប្រាំ​ចំពោះ​ជនជាតិ​យូដា​ដែល​ត្រឡប់​មក​វិញ​ទេ? ជា​ការ​ល្អ​ឲ្យ​យើង​ចាំ​ពាក្យ​របស់​យ៉ូស្វេ​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​នៅ​សម័យ​បុរាណ ដែល​ថា​៖ ​«​សេចក្ដី​សន្យា​ដ៏​ប្រសើរ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​អ្នក​រាល់​គ្នា គ្មាន​ប្រសាសន៍​ណា​មួយ​ដែល​មិន​កើត​ឡើង​ឡើយ។ សេចក្ដី​សន្យា​ទាំង​អស់​បាន​សម្រេច គ្មាន​ពាក្យ​ណា​មួយ​ដែល​មិន​ក្លាយ​ជា​ការ​ពិត​ទេ​»។ (​យ៉ូស. ២៣:១៤​) ដូច​នៅ​សម័យ​យ៉ូស្វេ ព្រះ​យេហូវ៉ា​ច្បាស់​ជា​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក​ចំពោះ​ជនជាតិ​យូដា​ដែល​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ដែរ។

២១ ពួក​យូដា​ទាំង​នោះ​បាន​ឈប់​គោរព​បូជា​រូប​ព្រះ ហើយ​ឈប់​ធ្វើ​តាម​ទំនៀម​ទម្លាប់​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ពី​សាសនា​មិន​ពិត​ដែល​នាំ​ឲ្យ​ពួក​គេ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា។ ទោះ​ជា​មាន​ស្ថានភាព​យ៉ាប់​យ៉ឺន​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​បន្ត​រស់​នៅ​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន។ ពួក​គេ​ខំ​សាប​ព្រោះ​ដាំ​ដុះ ហើយ​រីករាយ​នឹង​ជីវិត​នៅ​ទី​នោះ។ ក្នុង​ចំណោម​កិច្ច​ការ​ដំបូង​ដែល​ពួក​គេ​បាន​ធ្វើ គឺ​សង់​ទី​បូជា​របស់​ព្រះ​យេហូវ៉ា​ឡើង​វិញ​ក្នុង​ក្រុង​យេរូសាឡិម រួច​ជូន​គ្រឿង​បូជា​នៅ​លើ​ទី​បូជា​នោះ។ (​អែស. ៣:២​-​៦​) ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពួក​គេ​នូវ​គង្វាល​ល្អ​ដែល​មាន​ទស្សនៈ​ដូច​លោក។ គង្វាល​ទាំង​នោះ​មាន​អែសរ៉ា​ជា​សង្ឃ​ដ៏​ស្មោះ​ត្រង់​និង​ជា​អ្នក​ចម្លង​ឯកសារ រួម​ទាំង​អភិបាល​នេហេមា អភិបាល​សេរ៉ូបាបិល និង​សម្ដេច​សង្ឃ​យ៉ូស្វេ។ គង្វាល​ទាំង​នោះ​ក៏​រួម​មាន​អ្នក​ប្រកាស​ទំនាយ​ដ៏​ក្លាហាន ដូច​ជា​ហាកាយ សាការី និង​ម៉ាឡាគី​ផង​ដែរ។ ដរាប​ណា​បណ្ដា​ជន​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ ដរាប​នោះ​ពួក​គេ​មាន​សាមគ្គីភាព​ដែល​ពួក​គេ​ខាន​ពិសោធ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។—អេ. ៦១:១​-​៤; សូម​អាន យេរេមា ៣:១៥

២២. តើ​តាម​របៀប​ណា​យើង​ដឹង​ថា​ទំនាយ​អំពី​ការ​រៀបចំ​ឡើង​វិញ​នឹង​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង?

២២ ការ​ដែល​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​អំពី​ការ​រៀបចំ​ឡើង​វិញ​បាន​កើត​ឡើង​នៅ​លើក​ដំបូង ពិត​ជា​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ណាស់! ការ​កើត​ឡើង​នោះ​បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​នូវ​អ្វី​ដ៏​អស្ចារ្យ​ជាង​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ។ ហេតុ​អ្វី​យើង​ដឹង? ព្រោះ​សេចក្ដី​សន្យា​ទាំង​នោះ​មាន​ល័ក្ខខ័ណ្ឌ​គឺ​ថា​លោក​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក​ដរាប​ណា​រាស្ត្រ​របស់​លោក​បន្ត​ស្ដាប់​បង្គាប់។ គួរ​ឲ្យ​ស្ដាយ​ណាស់ ពួក​យូដា​លែង​ស្ដាប់​បង្គាប់​ព្រះ រួច​បះ​បោរ​ប្រឆាំង​លោក។ ប៉ុន្តែ​ដូច​យ៉ូស្វេ​ប្រាប់ ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​តែង​តែ​ក្លាយ​ជា​ការ​ពិត។ ដូច្នេះ សេចក្ដី​សន្យា​របស់​ព្រះ​នឹង​កើត​ឡើង​ម្ដង​ទៀត​អស្ចារ្យ​ជាង​និង​យូរ​អង្វែង​ជាង។ សូម​យើង​ពិចារណា​នូវ​របៀប​ដែល​សេចក្ដី​សន្យា​ទាំង​នោះ​បាន​កើត​ឡើង។

​«​ខ្ញុំ​នឹង​ពេញ​ចិត្ត​អ្នក​រាល់​គ្នា​»​

២៣, ២៤. តើ​«​គ្រា​ដែល​លោក​ធ្វើ​អ្វី​ៗ​ទាំង​អស់​ជា​ថ្មី​ឡើង​វិញ​»​ចាប់​ផ្ដើម​នៅ​ពេល​ណា ហើយ​តាម​របៀប​ណា?

២៣ ក្នុង​នាម​ជា​សិស្ស​គម្ពីរ យើង​ដឹង​ថា​របៀប​របប​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ​បាន​ចូល​ដល់​គ្រា​ចុង​ក្រោយ​បង្អស់​នៅ​ឆ្នាំ​១៩១៤។ ប៉ុន្តែ ចំពោះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា គ្រា​នេះ​មិន​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ចិត្ត​ទេ។ តាម​ពិត គម្ពីរ​បញ្ជាក់​ថា​ឆ្នាំ​១៩១៤​ជា​ទី​ចាប់​ផ្ដើម​នៃ​គ្រា​ដ៏​គួរ​ឲ្យ​រំភើប ពោល​គឺ​«​គ្រា​ដែល​លោក​ធ្វើ​អ្វី​ៗ​ទាំង​អស់​ជា​ថ្មី​ឡើង​វិញ​»។ (​សកម្ម. ៣:២១​) ហេតុ​អ្វី​យើង​ដឹង? តើ​មាន​អ្វី​កើត​ឡើង​នៅ​ស្ថាន​សួគ៌​ក្នុង​ឆ្នាំ​១៩១៤? នៅ​ឆ្នាំ​នោះ លោក​យេស៊ូ​ដែល​ជា​មេស្ស៊ី​បាន​ត្រូវ​តែង​តាំង​ជា​ស្ដេច! តើ​ព្រឹត្តិការណ៍​នេះ​ទាក់​ទង​យ៉ាង​ណា​នឹង​គ្រា​ធ្វើ​អ្វី​ៗ​ទាំង​អស់​ជា​ថ្មី? សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​ដាវីឌ​ថា ស្ដេច​ដែល​មក​ពី​វង្ស​ត្រកូល​របស់​គាត់​នឹង​គ្រប់​គ្រង​ជា​រៀង​រហូត។ (​១​ប្រ. ១៧:១១​-​១៤​) ប៉ុន្តែ ពេល​បាប៊ីឡូន​បំផ្លាញ​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៦០៧ មុន​គ.ស. ការ​គ្រប់​គ្រង​ដែល​មក​ពី​វង្ស​ត្រកូល​ដាវីឌ​បាន​ត្រូវ​បង្អាក់។

២៤ លោក​យេស៊ូ​ជា​«​កូន​មនុស្ស​»​និង​ជា​ពូជ​ពង្ស​ដាវីឌ ដូច្នេះ​លោក​មាន​សិទ្ធិ​ស្នង​រាជ្យ​ពី​ស្ដេច​ដាវីឌ។ (​ម៉ាថ. ១:១; ១៦:១៣​-​១៦; លូក. ១:៣២, ៣៣​) នៅ​ឆ្នាំ​១៩១៤ ពេល​ព្រះ​យេហូវ៉ា​តែង​តាំង​លោក​យេស៊ូ​ឲ្យ​ធ្វើ​ជា​ស្ដេច​នៅ​ស្ថាន​សួគ៌ ‹គ្រា​ធ្វើ​អ្វី​ៗ​ទាំង​អស់​ជា​ថ្មី›​បាន​ចាប់​ផ្ដើម។ នេះ​បើក​ឱកាស​ឲ្យ​ព្រះ​យេហូវ៉ា​បន្ត​កិច្ច​ការ​រៀបចំ​ឡើង​វិញ តាម​រយៈ​ស្ដេច​ដ៏​ល្អ​ឥត​ខ្ចោះ។

២៥, ២៦. ​(​ក​) តើ​ពេល​ណា​ការ​ជាប់​ជា​ឈ្លើយ​ក្រោម​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​បាន​ដល់​ទី​បញ្ចប់? ហើយ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​ប្រអប់​«​ហេតុ​អ្វី​នៅ​ឆ្នាំ​១៩១៩?​»​) (​ខ​) ចាប់​ពី​ឆ្នាំ​១៩១៩ តើ​ទំនាយ​អំពី​អ្វី​បាន​ចាប់​ផ្ដើម​កើត​ឡើង?

២៥ ក្នុង​ចំណោម​កិច្ច​ការ​ដំបូង​ដែល​លោក​យេស៊ូ​ធ្វើ​ក្នុង​នាម​ជា​ស្ដេច លោក​សហការ​ជា​មួយ​បិតា​ក្នុង​ការ​ពិនិត្យ​មើល​ការ​គោរព​ប្រណិប័តន៍​ពិត​របស់​រាស្ត្រ​ព្រះ។ (​ម៉ាឡ. ៣:១​-​៥​) ដូច​លោក​យេស៊ូ​ប្រកាស​ទុក​ជា​មុន​ក្នុង​ឧទាហរណ៍​អំពី​ស្រូវ​សាលី​និង​ស្រងែ អស់​រយៈ​ពេល​ជា​យូរ​យើង​ពិបាក​សម្គាល់​គ្រិស្ត​សាសនិក​ពិត​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ប្រៀប​ដូច​ជា​ស្រូវ​សាលី និង​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​ដែល​ប្រៀប​ដូច​ជា​ស្រងែ។ * ប៉ុន្តែ រដូវ​ច្រូត​កាត់​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤ ពេល​នោះ​យើង​អាច​សម្គាល់​ក្រុម​ទាំង​ពីរ​យ៉ាង​ច្បាស់។ អស់​ជា​ច្រើន​ទសវត្សរ៍​មុន​ឆ្នាំ​១៩១៤ និស្សិត​គម្ពីរ​ដ៏​ស្មោះ​ត្រង់​បាន​បក​អាក្រាត​កំហុស​ឆ្គង​ដ៏​ធ្ងន់​ធ្ងរ​របស់​ពិភព​គ្រិស្ត​សាសនា ហើយ​ចាប់​ផ្ដើម​ញែក​ខ្លួន​ពី​អង្គការ​សាសនា​ដ៏​ខូច​អាក្រក់​នោះ។ នោះ​ជា​គ្រា​ដែល​ព្រះ​យេហូវ៉ា​រៀបចំ​រាស្ត្រ​លោក​ឡើង​វិញ​ទាំង​ស្រុង។ ដូច្នេះ ពីរ​បី​ឆ្នាំ​ក្រោយ​«​រដូវ​ច្រូត​កាត់​»​ គឺ​នៅ​ដើម​ឆ្នាំ​១៩១៩ រាស្ត្រ​របស់​ព្រះ​មាន​សេរី​ភាព​យ៉ាង​ពេញ​លេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ (​ម៉ាថ. ១៣:៣០​) ពួក​គេ​លែង​ជាប់​ជា​ឈ្លើយ​ទៀត​ហើយ!

២៦ ទំនាយ​អំពី​ការ​រៀបចំ​ឡើង​វិញ​ក្នុង​សៀវភៅ​អេសេគាល បាន​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង​អ្វី​ដែល​រាស្ត្រ​របស់​ព្រះ​នៅ​សម័យ​បុរាណ​បាន​ពិសោធ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​របៀប​ដែល​សេចក្ដី​សន្យា​ទាំង​ប្រាំ​ដែល​យើង​បាន​ពិចារណា​រួច​ហើយ បាន​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង។

២៧. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​សម្អាត​រាស្ត្រ​របស់​លោក​ពី​ការ​គោរព​បូជា​រូប​ព្រះ?

២៧ សេចក្ដី​សន្យា​ទី​១: លែង​មាន​ការ​គោរព​បូជា​រូប​ព្រះ​និង​ទំនៀម​ទម្លាប់​សាសនា​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម។ នៅ​ចុង​សតវត្សរ៍​ទី​១៩ និង​ដើម​សតវត្សរ៍​ទី​២០ គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​បាន​ជួប​ជុំ​គ្នា​ជា​ក្រុម​តូច​ៗ ហើយ​ចាប់​ផ្ដើម​បោះ​បង់​ចោល​ទំនៀម​ទម្លាប់​សាសនា​មិន​ពិត។ លទ្ធិ​ផ្សេង​ៗ​ដូច​ជា​ព្រះ​បី​អង្គ​រួម​តែ​មួយ ព្រលឹង​អមតៈ និង​ភ្លើង​នរក បាន​ត្រូវ​ដក​ចេញ​ពី​សេចក្ដី​បង្រៀន​របស់​ពួក​គេ ដោយ​សារ​គ្មាន​មូលដ្ឋាន​ក្នុង​គម្ពីរ​និង​មាន​ប្រភព​មក​ពី​សាសនា​មិន​ពិត។ គ្រិស្ត​សាសនិក​ពិត​បាន​យល់​យ៉ាង​ច្បាស់​ថា​ការ​ប្រើ​រូប​ផ្សេង​ៗ​ក្នុង​ការ​គោរព​ប្រណិប័តន៍ គឺ​ជា​ការ​គោរព​បូជា​រូប​ព្រះ។ រីឯ​ការ​ប្រើ​ឈើ​ឆ្កាង​វិញ បន្តិច​ម្ដង​ៗ​រាស្ត្រ​របស់​ព្រះ​ក៏​យល់​ឃើញ​ថា​ជា​ការ​គោរព​បូជា​រូប​ព្រះ​ដែរ។—អេគ. ១៤:៦

២៨. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​នាំ​ទៅ​ស្រុក​កំណើត​វិញ​ក្នុង​ន័យ​អ្វី?

២៨ សេចក្ដី​សន្យា​ទី​២: រាស្ត្រ​របស់​ព្រះ​បាន​ត្រូវ​នាំ​ទៅ​ស្រុក​កំណើត​វិញ​ក្នុង​ន័យ​ធៀប។ ក្រោយ​ពី​បោះ​បង់​ចោល​សាសនា​ដែល​មក​ពី​បាប៊ីឡូន គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​បាន​ត្រឡប់​ទៅ​ស្រុក​របស់​ពួក​គេ​ក្នុង​ន័យ​ថា​ពួក​គេ​អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​បរិសុទ្ធ។ ពួក​គេ​បាន​ទទួល​ពរ​ពី​ព្រះ ហើយ​លែង​ខ្វះ​ចំណេះ​ពី​លោក​ទៀត។ (​សូម​អាន អេសេគាល ៣៤:១៣, ១៤) ក្នុង​ជំពូក​ទី​១៩ យើង​នឹង​រៀន​ថែម​ទៀត​ថា​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​រាស្ត្រ​លោក ដោយ​ផ្ដល់​សេចក្ដី​បង្រៀន​ជា​បរិបូរ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​លោក។—អេគ. ១១:១៧

២៩. នៅ​ឆ្នាំ​១៩១៩ តើ​តាម​របៀប​ណា​កិច្ច​ផ្សព្វ​ផ្សាយ​បាន​រីក​ចម្រើន​យ៉ាង​លឿន?

២៩ សេចក្ដី​សន្យា​ទី​៣: ការ​ជូន​គ្រឿង​បូជា​នៅ​លើ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា​មាន​ឡើង​វិញ។ នៅ​សតវត្សរ៍​ទី​១ គ.ស. គ្រិស្ត​សាសនិក​បាន​រៀន​ថា​ពួក​គេ​ត្រូវ​ជូន​គ្រឿង​បូជា​ដល់​ព្រះ តែ​មិន​មែន​ជូន​សត្វ​ជា​គ្រឿង​បូជា​ទេ គឺ​ជូន​ពាក្យ​សរសើរ​ដល់​ព្រះ​យេហូវ៉ា ហើយ​ផ្សព្វ​ផ្សាយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​លោក។ នេះ​មាន​តម្លៃ​ជាង​ជូន​សត្វ​ជា​គ្រឿង​បូជា​ឆ្ងាយ​ណាស់។ (​ហេ. ១៣:១៥​) ក្នុង​អំឡុង​ការ​ជាប់​ជា​ឈ្លើយ​អស់​ជា​ច្រើន​សតវត្សរ៍ គ្មាន​ការ​រៀបចំ​ជូន​គ្រឿង​បូជា​ដូច​នោះ​ទេ។ ប៉ុន្តែ នៅ​ដំណាច់​នៃ​ការ​ជាប់​ជា​ឈ្លើយ រាស្ត្រ​របស់​ព្រះ​បាន​ជូន​លោក​នូវ​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា។ ពួក​គេ​ជាប់​រវល់​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ និង​សរសើរ​ព្រះ​ដោយ​អំណរ​នៅ​កិច្ច​ប្រជុំ។ ចាប់​ពី​ឆ្នាំ​១៩១៩ ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​បាន​ផ្ដោត​អារម្មណ៍​កាន់​តែ​ខ្លាំង​ទៅ​លើ​កិច្ច​ផ្សព្វ​ផ្សាយ ហើយ​បាន​រៀបចំ​កិច្ច​ការ​នោះ​ឲ្យ​ដំណើរ​ការ​យ៉ាង​រលូន។ (​ម៉ាថ. ២៤:៤៥​-​៤៧​) ម្ល៉ោះ​ហើយ ទី​បូជា​របស់​ព្រះ​យេហូវ៉ា​ពោរ​ពេញ​ទៅ​ដោយ​គ្រឿង​បូជា​របស់​ពួក​អ្នក​ដែល​សរសើរ​តម្កើង​នាម​បរិសុទ្ធ​របស់​លោក។ ពួក​អ្នក​ទាំង​នោះ​មាន​ចំនួន​កើន​ឡើង​ជា​និច្ច។

៣០. តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ដើម្បី​ផ្ដល់​គង្វាល​ល្អ​ដែល​ចៀម​របស់​លោក​ត្រូវ​ការ?

៣០ សេចក្ដី​សន្យា​ទី​៤: ការ​ដក​គង្វាល​អាក្រក់​ចេញ។ គ្រិស្ត​បាន​រំដោះ​រាស្ត្រ​ព្រះ​ចេញ​ពី​កណ្ដាប់​ដៃ​គង្វាល​ក្លែង​ក្លាយ​នៃ​ពិភព​គ្រិស្ត​សាសនា​ដែល​លាក់​ពុត​និង​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ក្រោម​ការ​ដឹក​នាំ​របស់​គ្រិស្ត អ្នក​នាំ​មុខ​ដែល​ប្រព្រឹត្ត​ដូច​គង្វាល​ក្លែង​ក្លាយ​ទាំង​នោះ​បាន​ត្រូវ​ដក​ចេញ​ពី​មុខ​ងារ​របស់​ខ្លួន។ (​អេគ. ២០:៣៨​) ក្នុង​នាម​ជា​គង្វាល​ដ៏​ល្អ​ប្រសើរ លោក​យេស៊ូ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ចៀម​របស់​លោក​បាន​ទទួល​ការ​ថែ​ទាំ​យ៉ាង​ល្អ។ នៅ​ឆ្នាំ​១៩១៩ លោក​បាន​តែង​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា។ ក្រុម​តូច​នេះ​គឺ​ជា​គ្រិស្ត​សាសនិក​ស្មោះ​ភក្ដី​ដែល​ព្រះ​បាន​រើស​តាំង។ ពួក​គេ​នាំ​មុខ​ក្នុង​ការ​ផ្ដល់​សេចក្ដី​បង្រៀន​ពី​ព្រះ​ដែល​ប្រៀប​ដូច​ជា​អាហារ។ ដូច្នេះ រាស្ត្រ​របស់​ព្រះ​បាន​ទទួល​ការ​មើល​ថែ​ទាំ​យ៉ាង​ល្អ។ ក្រោយ​មក ពួក​អ្នក​ចាស់​ទុំ​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ដើម្បី​ជួយ​ថែ​រក្សា​«​ហ្វូង​ចៀម​របស់​ព្រះ​»។ (​១​ពេ. ៥:១, ២​) ពាក្យ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​អេសេគាល​កត់​ទុក​នៅ​អេសេគាល ៣៤:១៥, ១៦ ជា​ញឹក​ញយ​បាន​ត្រូវ​ប្រើ​ដើម្បី​រំលឹក​គង្វាល​ជា​គ្រិស្ត​សាសនិក​ពី​ខ្នាត​តម្រា​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​តម្រូវ​ពី​ពួក​គង្វាល។

៣១. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ទំនាយ​នៅ​អេសេគាល ១១:១៩ កើត​ឡើង?

៣១ សេចក្ដី​សន្យា​ទី​៥: សាមគ្គីភាព​ក្នុង​ចំណោម​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ប៉ុន្មាន​សតវត្សរ៍​កន្លង​ទៅ​នេះ ពិភព​គ្រិស្ត​សាសនា​បាន​បែង​ចែក​ទៅ​ជា​រាប់​ម៉ឺន​ក្រុម ថែម​ទាំង​និកាយ​ច្រើន​រាប់​មិន​អស់​ដែល​តែង​តែ​ខ្វែង​គំនិត​គ្នា។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​មួយ​ដ៏​អស្ចារ្យ​ចំពោះ​រាស្ត្រ​លោក​ដែល​បាន​ត្រូវ​រៀបចំ​ឡើង​វិញ។ ពាក្យ​សន្យា​របស់​លោក​តាម​រយៈ​អេសេគាល ដែល​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត​តែ​មួយ​»​ បាន​កើត​ឡើង​យ៉ាង​អស្ចារ្យ។ (​អេគ. ១១:១៩​) នៅ​ទូទាំង​ពិភព​លោក គ្រិស្ត​មាន​អ្នក​កាន់​តាម​ពិត​រាប់​លាន​នាក់​ដែល​មក​ពី​គ្រប់​កុល​សម្ព័ន្ធ គ្រប់​សាសនា គ្រប់​ឋានៈ និង​គ្រប់​មជ្ឈដ្ឋាន។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​បាន​រៀន​សេចក្ដី​ពិត​ដូច​គ្នា និង​បំពេញ​កិច្ច​ការ​សំខាន់​ដូច​គ្នា​ដោយ​មាន​សាមគ្គីភាព។ នៅ​យប់​ចុង​ក្រោយ​ដែល​លោក​យេស៊ូ​រស់​នៅ​ផែនដី លោក​បាន​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត​សូម​ឲ្យ​អ្នក​កាន់​តាម​លោក​មាន​សាមគ្គីភាព។ (​សូម​អាន យ៉ូហាន ១៧:១១, ២០​-​២៣) នៅ​សម័យ​យើង ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​យេស៊ូ​តាម​របៀប​ដ៏​អស្ចារ្យ​បំផុត។

៣២. ស្ដី​អំពី​ការ​សម្រេច​នៃ​ទំនាយ​អំពី​ការ​រៀបចំ​ឡើង​វិញ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? (​សូម​មើល​ប្រអប់​«​ទំនាយ​អំពី​ការ​ជាប់​ជា​ឈ្លើយ​និង​ការ​រៀបចំ​ឡើង​វិញ​»​)

៣២ អ្នក​ពិត​ជា​រីករាយ​រស់​នៅ​ក្នុង​អំឡុង​គ្រា​រៀបចំ​ឡើង​វិញ​ដ៏​គួរ​ឲ្យ​រំភើប​នេះ មែន​ទេ? នៅ​សព្វ​ថ្ងៃ​នេះ យើង​ឃើញ​ទំនាយ​អេសេគាល​បាន​កើត​ឡើង​ក្នុង​គ្រប់​ផ្នែក​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​យើង។ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​រាស្ត្រ​របស់​លោក ដូច​ដែល​លោក​បាន​ប្រាប់​ទុក​ជា​មុន​តាម​រយៈ​អេសេគាល​ថា​៖ ​«​ខ្ញុំ​នឹង​ពេញ​ចិត្ត​អ្នក​រាល់​គ្នា​»។ (​អេគ. ២០:៤១​) អ្នក​អាច​រួម​ចំណែក​ជា​មួយ​ក្រុម​មនុស្ស​ដែល​មាន​សាមគ្គីភាព​និង​បាន​ត្រូវ​បំពាក់​បំប៉ន​យ៉ាង​ល្អ ដែល​កំពុង​សរសើរ​ព្រះ​យេហូវ៉ា​នៅ​ទូទាំង​ផែនដី។ នេះ​ពិត​ជា​ឯកសិទ្ធិ​ពិសេស​ណាស់ មែន​ទេ? ពួក​គេ​បាន​ត្រូវ​ដោះ​លែង​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ក្រោយ​ពី​បាន​ជាប់​ជា​ឈ្លើយ​អស់​ជា​ច្រើន​សតវត្សរ៍។ ប៉ុន្តែ ទំនាយ​ខ្លះ​អំពី​ការ​រៀបចំ​ឡើង​វិញ​នឹង​កើត​ឡើង​យ៉ាង​អស្ចារ្យ​ជាង​នៅ​ពេល​ខាង​មុខ។

​«​ដូច​ជា​សួន​អេដែន​»​

៣៣​-​៣៥. ​(​ក​) តើ​ទំនាយ​នៅ​អេសេគាល ៣៦:៣៥ មាន​ន័យ​យ៉ាង​ណា​ចំពោះ​ជនជាតិ​យូដា​ដែល​ជាប់​ជា​ឈ្លើយ? (​ខ​) តើ​ទំនាយ​នោះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​រាស្ត្រ​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ? (​សូម​មើល​ប្រអប់​«​គ្រា​ដែល​លោក​ធ្វើ​អ្វី​ៗ​ទាំង​អស់​ជា​ថ្មី​ឡើង​វិញ​»​)

៣៣ ដូច​យើង​បាន​ឃើញ​រួច​ហើយ ‹គ្រា​ធ្វើ​អ្វី​ៗ​ទាំង​អស់​ជា​ថ្មី›​បាន​ចាប់​ផ្ដើម​ពេល​ដែល​វង្ស​ត្រកូល​ដាវីឌ​បាន​ត្រូវ​ស្ថាបនា​ឡើង​វិញ គឺ​ពេល​ដែល​លោក​យេស៊ូ​បាន​ត្រូវ​តែង​តាំង​ជា​ស្ដេច​នៅ​ឆ្នាំ​១៩១៤។ (​អេគ. ៣៧:២៤​) បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អំណាច​ឲ្យ​គ្រិស្ត​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ​ក្នុង​ចំណោម​រាស្ត្រ​របស់​លោក ក្រោយ​ពី​បាន​ជាប់​ជា​ឈ្លើយ​ក្រោម​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​អស់​ជា​ច្រើន​សតវត្សរ៍។ ប៉ុន្តែ តើ​ការ​រៀបចំ​របស់​គ្រិស្ត​បាន​ចប់​នៅ​ពេល​នោះ​ឬ? មិន​មែន​ទេ! កិច្ច​ការ​នោះ​នឹង​បន្ត​តាម​របៀប​ដ៏​អស្ចារ្យ​នៅ​ថ្ងៃ​អនាគត ហើយ​ទំនាយ​អេសេគាល​ផ្ដល់​ព័ត៌មាន​ល្អិត​ល្អន់​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត។

៣៤ ជា​ឧទាហរណ៍ សូម​ពិចារណា​ពាក្យ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​កត់​ទុក​ដូច​ត​ទៅ​៖ ​«​បណ្ដា​ជន​នឹង​និយាយ​ថា​៖ ‹មើល​ហ្ន៎! ស្រុក​សូន្យ​ស្ងាត់​នោះ ឥឡូវ​ស្អាត​ដូច​ជា​សួន​អេដែន›​»។ (​អេគ. ៣៦:៣៥​) តើ​សេចក្ដី​សន្យា​នោះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អេសេគាល​និង​ជន​រួម​ជាតិ​របស់​គាត់​ដែល​ជា​ជន​និរទេស? ពួក​គេ​ច្បាស់​ជា​មិន​រំពឹង​ថា​ទំនាយ​នឹង​កើត​ឡើង​យ៉ាង​ពេញ​លេញ​ក្នុង​ន័យ​ត្រង់​នោះ​ទេ គឺ​ពួក​គេ​មិន​បាន​យល់​ច្រឡំ​ថា​ស្រុក​របស់​ពួក​គេ​នឹង​ប្រែ​ក្លាយ​ទៅ​ជា​សួន​អេដែន​ជា​សួន​ដែល​ព្រះ​យេហូវ៉ា​បាន​រៀបចំ​ដោយ​ផ្ទាល់​នោះ​ឡើយ។ (​ដក. ២:៨​) ផ្ទុយ​ទៅ​វិញ ពួក​គេ​ប្រាកដ​ជា​យល់​ថា​ព្រះ​យេហូវ៉ា​កំពុង​ពង្រឹង​ទំនុក​ចិត្ត​ពួក​គេ​ថា​ទឹក​ដី​ដែល​ពួក​គេ​ត្រឡប់​ទៅ​វិញ​នោះ​នឹង​មាន​ភាព​ស្រស់​ស្អាត ហើយ​មាន​ភោគ​ផល​ជា​ច្រើន។

៣៥ តើ​សេចក្ដី​សន្យា​នោះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង​នៅ​សព្វ​ថ្ងៃ​នេះ? យើង​មិន​រំពឹង​ថា​ទំនាយ​នោះ​នឹង​កើត​ឡើង​ក្នុង​ន័យ​ត្រង់​នៅ​ឥឡូវ​នេះ​ទេ ព្រោះ​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​មេ​កំណាច​សាថាន។ ប៉ុន្តែ យើង​យល់​ថា​ពាក្យ​ទាំង​នោះ​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​ក្នុង​ន័យ​ធៀប។ ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា យើង​រស់​នៅ​លើ​ទឹក​ដី​ដែល​បាន​ត្រូវ​រៀបចំ​ឡើង​វិញ​ក្នុង​ន័យ​ធៀប គឺ​ក្នុង​ស្ថានភាព​មួយ​ដែល​យើង​អាច​បម្រើ​ព្រះ​យ៉ាង​ខ្នះ​ខ្នែង ហើយ​ចាត់​ទុក​កិច្ច​បម្រើ​ពិសិដ្ឋ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ បន្តិច​ម្ដង​ៗ ទឹក​ដី​នេះ​នឹង​កាន់​តែ​មាន​បរិយាកាស​ដូច​ជា​សួន​ឧទ្យាន។ ប៉ុន្តែ ចុះ​យ៉ាង​ណា​នៅ​ថ្ងៃ​អនាគត?

៣៦, ៣៧. នៅ​ក្នុង​សួន​ឧទ្យាន​នា​ថ្ងៃ​អនាគត តើ​សេចក្ដី​សន្យា​អ្វី​ខ្លះ​នឹង​កើត​ឡើង?

៣៦ ក្រោយ​សង្គ្រាម​អាម៉ាគេដូន លោក​យេស៊ូ​នឹង​ពង្រីក​កិច្ច​ការ​រៀបចំ​ឡើង​វិញ​ក្នុង​កម្រិត​ធំ​ជាង ហើយ​ការ​រៀបចំ​នោះ​ក៏​រួម​បញ្ចូល​ផែនដី​ផង​ដែរ។ ក្នុង​អំឡុង​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ លោក​នឹង​ណែនាំ​មនុស្សជាតិ​ឲ្យ​រៀបចំ​ផែនដី​ទាំង​មូល​ទៅ​ជា​សួន​អេដែន ដូច​គោល​បំណង​ដើម​របស់​ព្រះ​យេហូវ៉ា។ (​លូក. ២៣:៤៣​) នៅ​ពេល​នោះ មនុស្ស​ទាំង​អស់​នឹង​មាន​សាមគ្គីភាព ហើយ​ចេះ​ថែ​រក្សា​ផែនដី និង​ស្រឡាញ់​ធម្មជាតិ។ នៅ​គ្រប់​ទី​កន្លែង គ្មាន​គ្រោះ​ថ្នាក់​និង​ការ​ភ័យ​ខ្លាច​ទាល់​តែ​សោះ។ សូម​ស្រមៃ​គិត​អំពី​ពេល​ដែល​សេចក្ដី​សន្យា​នេះ​នឹង​កើត​ឡើង ដែល​ថា​៖ ​«​ខ្ញុំ​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជា​មួយ​នឹង​ពួក​គេ ហើយ​ខ្ញុំ​នឹង​បណ្ដេញ​សត្វ​សាហាវ​ទាំង​ប៉ុន្មាន​ឲ្យ​អស់​ពី​ស្រុក​នោះ ដើម្បី​ឲ្យ​ពួក​គេ​អាច​រស់​នៅ​ដោយ​សុខ​សាន្ត​នៅ​តំបន់​ស្ងាត់​ជ្រងំ ហើយ​ដេក​ដោយ​សុខ​ស្រួល​នៅ​ក្នុង​ព្រៃ​»។—អេគ. ៣៤:២៥

៣៧ តើ​អ្នក​អាច​ស្រមៃ​ឃើញ​ទិដ្ឋភាព​ដូច​ត​ទៅ​នេះ​ទេ? អ្នក​អាច​ធ្វើ​ដំណើរ​ទៅ​លេង​កន្លែង​ផ្សេង​ៗ​នៅ​ផែនដី​ដ៏​ធំ​ទូលាយ​នេះ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។ គ្មាន​សត្វ​ណា​មួយ​មក​ពាធា​អ្នក​ឡើយ។ គ្មាន​អ្វី​មក​រំខាន​សេចក្ដី​សុខ​សាន្ត​របស់​អ្នក​ទេ។ អ្នក​អាច​ដើរ​ទៅ​ក្នុង​ព្រៃ​តែ​ម្នាក់​ឯង ហើយ​គយ​គន់​ទេសភាព​ដ៏​ស្រស់បំព្រង​និង​អស្ចារ្យ ថែម​ទាំង​អាច​គេង​ស្កប់​ស្កល់​នៅ​ទី​នោះ​ដោយ​គ្មាន​គ្រោះ​ថ្នាក់​ទៀត​ផង!

សូម​ស្រមៃ​គិត​គ្រា​ដែល​អ្នក​អាច​«​ដេក​ដោយ​សុខ​ស្រួល​នៅ​ក្នុង​ព្រៃ​»​ដោយ​គ្មាន​គ្រោះ​ថ្នាក់ (សូម​មើល​វគ្គ​៣៦, ៣៧)

៣៨. ស្ដី​អំពី​សេចក្ដី​សន្យា​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ក្នុង​អេសេគាល ២៨:២៦ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដែល​សេចក្ដី​សន្យា​នោះ​បាន​កើត​ឡើង?

៣៨ យើង​នឹង​ឃើញ​សេចក្ដី​សន្យា​នេះ​កើត​ឡើង​ផង​ដែរ គឺ​«​ពួក​គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក​នោះ​ដោយ​សុវត្ថិភាព ហើយ​សង់​ផ្ទះ និង​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ។ ពួក​គេ​នឹង​រស់​នៅ​ដោយ​សុខ​សាន្ត ពេល​ខ្ញុំ​កាត់​ទោស​ប្រជាជាតិ​នៅ​ជុំ​វិញ​ដែល​មាក់ងាយ​ពួក​គេ។ ពេល​នោះ ពួក​គេ​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ​»។ (​អេគ. ២៨:២៦​) ក្រោយ​ពី​សត្រូវ​របស់​ព្រះ​យេហូវ៉ា​លែង​មាន​ទៀត យើង​នឹង​មាន​សេចក្ដី​សុខ​សាន្ត​និង​សន្តិភាព​នៅ​ទូទាំង​ផែនដី។ យើង​មិន​គ្រាន់​តែ​ថែ​រក្សា​ផែនដី​ប៉ុណ្ណោះ​ទេ យើង​ក៏​នឹង​ថែ​រក្សា​ខ្លួន​យើង​ផ្ទាល់ និង​អ្នក​ជា​ទី​ស្រឡាញ់​របស់​យើង​ផង​ដែរ។ យើង​អាច​សង់​ផ្ទះ​ដែល​ស្រួល​រស់​នៅ ព្រម​ទាំង​ដាំ​ចម្ការ​ផ្សេង​ៗ ហើយ​បរិភោគ​ផល​ពី​ចម្ការ​ទាំង​នោះ។

៣៩. ហេតុ​អ្វី​អ្នក​អាច​ជឿ​ជាក់​ថា​ទំនាយ​ក្នុង​សៀវភៅ​អេសេគាល​អំពី​សួន​ឧទ្យាន​នឹង​ក្លាយ​ជា​ការ​ពិត?

៣៩ ចំពោះ​អ្នក តើ​សេចក្ដី​សន្យា​ទាំង​នោះ​ជា​ការ​ស្រមើ​ស្រមៃ​ឬ? សូម​ចាំ​អំពី​អ្វី​ដែល​អ្នក​បាន​ឃើញ​រួច​ហើយ​ក្នុង​អំឡុង​‹គ្រា​ធ្វើ​អ្វី​ៗ​ទាំង​អស់​ជា​ថ្មី›។ ទោះ​ជា​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​សាថាន​ក៏​ដោយ លោក​យេស៊ូ​បាន​ទទួល​អំណាច​ដើម្បី​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ ក្នុង​អំឡុង​គ្រា​ដ៏​ងងឹត​បំផុត​នៃ​ពិភព​លោក​នេះ។ នោះ​ជា​ភ័ស្តុតាង​យ៉ាង​ជាក់​លាក់​ដែល​ថា​សេចក្ដី​សន្យា​ទាំង​អស់​របស់​ព្រះ​តាម​រយៈ​អេសេគាល​នឹង​ក្លាយ​ជា​ការ​ពិត!

^ វគ្គ 2 ជនជាតិ​យូដា​ភាគ​ច្រើន​ដែល​ជាប់​ជា​ឈ្លើយ រស់​នៅ​តាម​ភូមិ​ឆ្ងាយ​ពី​ក្រុង​បាប៊ីឡូន។ ជា​ឧទាហរណ៍ អេសេគាល​រស់​នៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​ក្បែរ​ទន្លេ​កេបា។ (​អេគ. ៣:១៥​) ប៉ុន្តែ មាន​ជនជាតិ​យូដា​មួយ​ចំនួន​តូច​រស់​នៅ​ក្នុង​ក្រុង​បាប៊ីឡូន។ ពួក​គេ​ទាំង​នោះ​រួម​មាន​«​ពួក​អ្នក​ដែល​មក​ពី​វង្ស​ត្រកូល​ស្ដេច​និង​ពួក​អ្នក​ដែល​មាន​ត្រកូល​ខ្ពស់​»។—ដាន. ១:៣, ៦; ២​បស. ២៤:១៥

^ វគ្គ 25 ជា​ឧទាហរណ៍ យើង​មិន​អាច​សន្មត​យ៉ាង​ច្បាស់​ថា​គ្រិស្ត​សាសនិក​ណា​ម្នាក់​ដែល​រស់​នៅ​សតវត្សរ៍​ទី​១៦ ជា​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​នោះ​ទេ។