ប្រអប់ការពន្យល់បន្ថែម ៤ក
«ខ្ញុំកំពុងមើលបុគ្គលវិញ្ញាណ»
អេសេគាលច្បាស់ជាបានឃើញរូបចម្លាក់ធំសម្បើម ដែលគេដាក់ឈរយាមនៅមុខវិមាននិងវិហារនានា។ រូបចម្លាក់ទាំងនោះមានខ្លួនជាគោឬតោ ហើយមានក្បាលជាមនុស្ស ថែមទាំងមានស្លាបទៀតផង។ រូបចម្លាក់ទាំងនោះមាននៅទូទាំងស្រុកអាស៊ីរីនិងបាប៊ីឡូននៅសម័យបុរាណ។ ដូចអ្នកឯទៀតដែរ គាត់ច្បាស់ជាសម្លឹងមើលរូបចម្លាក់ទាំងនោះដោយកោតស្ងើចក្នុងចិត្ត ព្រោះរូបចម្លាក់ខ្លះមានកម្ពស់ជិត៦ម៉ែត្រ។ ទោះជារូបចម្លាក់ទាំងនោះមើលទៅខ្លាំងក្លាក៏ដោយ តែពួកវាគ្មានជីវិតទេ គ្រាន់តែឆ្លាក់ពីថ្មប៉ុណ្ណោះ។
ផ្ទុយទៅវិញ បុគ្គលវិញ្ញាណទាំងបួនដែលអេសេគាលបានឃើញក្នុងគំនិត ខុសពីនោះឆ្ងាយណាស់! ព្រោះពួកគេមានជីវិត។ នេះច្បាស់ជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអេសេគាល។ ហេតុនេះហើយបានជាគាត់លើកឡើងអំពីបុគ្គលវិញ្ញាណទាំងនោះអស់១១ដង នៅក្នុងសេចក្ដីផ្ដើមនៃទំនាយរបស់គាត់។ (អេគ. ១:៥-២២) ការឃើញបុគ្គលវិញ្ញាណទាំងបួនធ្វើដំណើរស្របគ្នាក្រោមបល្ល័ង្ករបស់ព្រះ ច្បាស់ជាធ្វើឲ្យអេសេគាលចងចាំមិនភ្លេចថា ព្រះយេហូវ៉ាគ្រប់គ្រងទាំងស្រុងទៅលើអ្វីៗទាំងអស់ដែលលោកបានបង្កើត។ សព្វថ្ងៃនេះ ការបើកបង្ហាញដែលអេសេគាលបានឃើញ ធ្វើឲ្យយើងកោតស្ងើចនឹងភាពឧត្តុង្គឧត្តមនិងឫទ្ធានុភាពរបស់ព្រះយេហូវ៉ា ព្រមទាំងភាពអស្ចារ្យនៃការគ្រប់គ្រងរបស់លោក។—១ប្រ. ២៩:១១