ប្រអប់ការពន្យល់បន្ថែម ១ក
តើការគោរពប្រណិប័តន៍ជាអ្វី?
អត្ថន័យនៃការគោរពប្រណិប័តន៍អាចមានន័យថា«ការបង្ហាញការគោរពនិងសេចក្ដីស្រឡាញ់ចំពោះព្រះ»។ ក្នុងគម្ពីរ ពាក្យភាសាដើមដែលបានត្រូវបកប្រែថា«ការគោរពប្រណិប័តន៍» អាចមានន័យថាបុគ្គលម្នាក់បង្ហាញការគោរពយ៉ាងជ្រាលជ្រៅ ឬបង្ហាញការចុះចូលនឹងការបង្កើត។ (ម៉ាថ. ២៨:៩) ពាក្យទាំងនោះក៏អាចត្រូវរៀបរាប់អំពីសកម្មភាពណាមួយជូនព្រះក្នុងទំនៀមទម្លាប់សាសនា។ (យ៉ូន. ៤:២៣, ២៤) ហេតុនេះ បរិបទនឹងបញ្ជាក់អំពីអត្ថន័យនៃពាក្យទាំងនោះ។
មានតែព្រះយេហូវ៉ាប៉ុណ្ណោះ ដែលសមនឹងទទួលភក្ដីភាពផ្ដាច់មុខពីយើង ព្រោះលោកជាអ្នកបង្កើតនិងជាមហាក្សត្រសកលលោកទាំងមូល។ (បប. ៤:១០, ១១) យើងគោរពប្រណិប័តន៍ព្រះយេហូវ៉ា ដោយបង្ហាញការគោរពចំពោះសិទ្ធិគ្រប់គ្រងរបស់លោក ហើយលើកកិត្តិយសនាមលោក។ (ចសព. ៨៦:៩; ម៉ាថ. ៦:៩, ១០) គោលរឿងសំខាន់ពីរក្នុងសៀវភៅអេសេគាល គឺសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ានិងនាមរបស់លោក។ ឃ្លា«ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»មាន២១៧ដងក្នុងសៀវភៅអេសេគាលប៉ុណ្ណោះ ហើយឃ្លា«អ្នកនឹងដឹងច្បាស់ថាខ្ញុំនេះហើយជាយេហូវ៉ា»មាន៥៥ដង។—អេគ. ២:៤; ៦:៧
ការគោរពប្រណិប័តន៍របស់យើង មិនគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះទេ តែជាការគោរពប្រណិប័តន៍ដ៏ស្មោះអស់ពីចិត្ត ដែលរួមបញ្ចូលការប្រព្រឹត្តផងដែរ។ (យ៉ា. ២:២៦) ពេលយើងប្រគល់ខ្លួនជូនព្រះយេហូវ៉ា យើងស្បថថាយើងនឹងស្ដាប់បង្គាប់លោកជាមហាក្សត្ររបស់យើងគ្រប់កាលៈទេសៈក្នុងជីវិត ហើយបង្ហាញការគោរពយ៉ាងជ្រាលជ្រៅចំពោះនាមរបស់លោក។ តើអ្នកចាំទេ? ពេលលោកយេស៊ូតបឆ្លើយទៅនឹងការល្បួងទី៣ លោកបានបញ្ជាក់អំពីទំនាក់ទំនងរវាងការគោរពប្រណិប័តន៍ទៅនឹង«កិច្ចបម្រើពិសិដ្ឋ»។ (ម៉ាថ. ៤:១០) ក្នុងនាមជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា យើងពេញចិត្តបម្រើលោកដោយចិត្តខ្នះខ្នែង។ * (បច. ១០:១២) យើងបំពេញកិច្ចបម្រើពិសិដ្ឋជូនព្រះរបស់យើង ពេលយើងចូលរួមក្នុងសកម្មភាពដែលជាប់ទាក់ទងនឹងការគោរពប្រណិប័តន៍របស់យើង និងដែលតម្រូវឲ្យយើងលះបង់ប្រយោជន៍ខ្លួន។ តើសកម្មភាពទាំងនោះមានអ្វីខ្លះ?
កិច្ចបម្រើពិសិដ្ឋមានជាច្រើនផ្នែក ហើយផ្នែកទាំងអស់មានតម្លៃចំពោះព្រះយេហូវ៉ា។ យើងបំពេញកិច្ចបម្រើពិសិដ្ឋ ពេលយើងផ្សព្វផ្សាយដល់អ្នកឯទៀត ពេលរួមចំណែកក្នុងកិច្ចប្រជុំយ៉ាងសកម្ម ពេលសាងសង់និងថែទាំសាលប្រជុំ។ បន្ថែមទៅទៀត យើងបំពេញកិច្ចបម្រើពិសិដ្ឋ ពេលយើងគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ផ្ដល់ជំនួយដល់បងប្អូនដែលខ្វះខាត ស្ម័គ្រចិត្តជួយនៅមហាសន្និបាត ឬបម្រើនៅបេតអែល។ (ហេ. ១៣:១៦; យ៉ា. ១:២៧) ពេលយើងចាត់ទុកការគោរពប្រណិប័តន៍ពិតជាអ្វីសំខាន់បំផុតក្នុងចិត្តនិងគំនិតយើង នោះយើងនឹងបំពេញ«កិច្ចបម្រើពិសិដ្ឋជូនលោកទាំងយប់ទាំងថ្ងៃ»។ យើងរីករាយគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាព្រះរបស់យើង!—បប. ៧:១៥