លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រអប់ការពន្យល់បន្ថែម ១៩​ក

ទន្លេដែលផ្ដល់ពរពីព្រះយេហូវ៉ា

ទន្លេដែលផ្ដល់ពរពីព្រះយេហូវ៉ា

សូម​គិត​ពិចារណា​អំពី​បទ​គម្ពីរ​មួយ​ចំនួន​ដែល​ប្រើ​ពាក្យ​«​ទន្លេ​»​និង​«​ទឹក​»​ដើម្បី​រៀប​រាប់​អំពី​ពរ​ពី​ព្រះ​យេហូវ៉ា។ ពេល​យើង​អាន​បទ​គម្ពីរ​ទាំង​នោះ យើង​ទទួល​ការ​លើក​ទឹក​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​រៀន​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ដល់​យើង។ តើ​តាម​របៀប​ណា?

យ៉ូអែល ៣:១៨ ទំនាយ​នេះ​បង្ហាញ​អំពី​ប្រភព​ទឹក​មួយ​ដែល​ហូរ​ចេញ​ពី​ទី​បរិសុទ្ធ​នៃ​វិហារ​របស់​ព្រះ ហើយ​ហូរ​ទៅ​ស្រោច​ស្រព​«​ជ្រលង​ដើម​អាកាស្យា​»​ដែល​ស្ងួត​ហែង។ ដូច្នេះ យ៉ូអែល​និង​អេសេគាល​បាន​ឃើញ​ទន្លេ​មួយ​ដែល​នាំ​ឲ្យ​កន្លែង​ដែល​គ្មាន​ជីវិត​ទៅ​ជា​មាន​ជីវិត​ឡើង​វិញ។ ក្នុង​ទំនាយ​ទាំង​ពីរ ទឹក​ទន្លេ​នោះ​មាន​ប្រភព​មក​ពី​វិហារ​ព្រះ​យេហូវ៉ា។

សាការី ១៤:៨ សាការី​ជា​អ្នក​ប្រកាស​ទំនាយ​ឃើញ​«​ទឹក​ដែល​ផ្ដល់​ជីវិត​»​ហូរ​ចេញ​ពី​ក្រុង​យេរូសាឡិម។ ទឹក​នោះ​ពាក់​កណ្ដាល​ហូរ​ទៅ​សមុទ្រ​ខាង​កើត​ឬ​សមុទ្រ​ស្លាប់ ហើយ​ពាក់​កណ្ដាល​ទៀត​ហូរ​ទៅ​សមុទ្រ​ខាង​លិច​ឬ​សមុទ្រ​មេឌីទែរ៉ានេ។ ក្រុង​យេរូសាឡិម​ជា​«​ក្រុង​របស់​ស្ដេច​ដ៏​ឧត្ដុង្គ​ឧត្ដម​»​គឺ​ព្រះ​យេហូវ៉ា។ (​ម៉ាថ. ៥:៣៥​) ការ​រៀប​រាប់​របស់​សាការី​អំពី​ក្រុង​នោះ​រំលឹក​យើង​ថា​ព្រះ​យេហូវ៉ា​នឹង​គ្រប់​គ្រង​ទូទាំង​ផែនដី​នៅ​គ្រា​ខាង​មុខ។ តាំង​ពី​យូរ​មក​ហើយ យើង​យល់​ថា​ទឹក​ក្នុង​ទំនាយ​សាការី​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ដល់​មនុស្ស​ស្មោះ​ត្រង់​ពីរ​ក្រុម​ក្នុង​សួន​ឧទ្យាន។ ក្រុម​មួយ​គឺ​អស់​អ្នក​ដែល​រួច​ជីវិត​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង និង​ក្រុម​មួយ​ទៀត​គឺ​អស់​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្រោយ​មក។

ការ​បើក​បង្ហាញ ២២:១, ២ សាវ័ក​យ៉ូហាន​បាន​ឃើញ​ទន្លេ​មួយ​ដែល​ស្រដៀង​នឹង​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ។ ប៉ុន្តែ ទន្លេ​នោះ​មិន​ហូរ​ចេញ​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា​ទេ តែ​ហូរ​ចេញ​ពី​បល្ល័ង្ក​របស់​លោក​វិញ។ ដូច្នេះ ដូច​ការ​បើក​បង្ហាញ​ដែល​សាការី​បាន​ឃើញ​ដែរ តាម​មើល​ទៅ​នោះ​បញ្ជាក់​អំពី​ពរ​ដែល​មក​ពី​ការ​គ្រប់​គ្រង​របស់​ព្រះ​ក្នុង​អំឡុង​១.០០០​ឆ្នាំ។

តាម​ពិត មាន​ភាព​ខុស​គ្នា​តែ​បន្តិច​ប៉ុណ្ណោះ​រវាង​ពរ​ដែល​មក​ពី​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា និង​ពរ​ដែល​បាន​ត្រូវ​តំណាង​ដោយ​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត។ ពរ​ទាំង​អស់​នោះ​សុទ្ធ​តែ​មក​ពី​ព្រះ​យេហូវ៉ា ហើយ​លោក​ផ្ដល់​ឲ្យ​មនុស្ស​ស្មោះ​ត្រង់​ទាំង​អស់។

ចម្រៀង​សរសើរ​ព្រះ ៤៦:៤ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​ខ​នេះ​ទំនង​ជា​បញ្ជាក់​អំពី​ចំណុច​ពីរ​យ៉ាង គឺ​ការ​គោរព​ប្រណិប័តន៍​និង​ការ​គ្រប់​គ្រង។ ក្នុង​ខ​នេះ យើង​ឃើញ​ទន្លេ​មួយ​ដែល​នាំ​សេចក្ដី​រីករាយ​ទៅ​ដល់​«​ក្រុង​របស់​ព្រះ​»​ដែល​តាម​មើល​ទៅ​សំដៅ​ទៅ​លើ​រាជាណាចក្រ​និង​ការ​គ្រប់​គ្រង។ ទន្លេ​នោះ​ក៏​នាំ​សេចក្ដី​រីករាយ​ទៅ​ដល់​«​ត្រសាល​ឧត្ដម​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​»​ដែរ ដែល​តាម​មើល​ទៅ​សំដៅ​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​ពិត។

បទ​គម្ពីរ​ទាំង​នេះ​ជួយ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ដល់​មនុស្ស​ស្មោះ​ត្រង់​តាម​របៀប​ពីរ​យ៉ាង។ ទី​១ យើង​នឹង​ទទួល​ប្រយោជន៍​ជា​រៀង​រហូត​ពី​ការ​គ្រប់​គ្រង​របស់​លោក។ ទី​២ យើង​នឹង​ទទួល​ប្រយោជន៍​ជា​និរន្តរ៍​ពី​ការ​រៀបចំ​របស់​លោក​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត។ ដូច្នេះ នៅ​ឥឡូវ​នេះ​សូម​ឲ្យ​យើង​តាំង​ចិត្ត​បន្ត​ទទួល​«​ទឹក​ដែល​ផ្ដល់​ជីវិត​»​ពី​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក។ ទឹក​នោះ​ជា​ការ​រៀបចំ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដើម្បី​ឲ្យ​យើង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់!—យេ. ២:១៣; យ៉ូន. ៤:១០