ប្រអប់ការពន្យល់បន្ថែម ១ខ
សេចក្ដីសង្ខេបនៃសៀវភៅអេសេគាល
ជាទូទៅ សៀវភៅអេសេគាលអាចត្រូវបែងចែកដូចតទៅ៖
ជំពូក១ដល់៣
នៅឆ្នាំ៦១៣ មុនគ.ស. កាលដែលអេសេគាលរស់នៅស្រុកបាប៊ីឡូនជាមួយនឹងជនជាតិយូដាដែលជាប់ជាឈ្លើយ ព្រះយេហូវ៉ាបានឲ្យគាត់ឃើញក្នុងគំនិត ហើយតែងតាំងគាត់ឲ្យធ្វើជាអ្នកប្រកាសទំនាយដល់ជនជាតិយូដាដែលរស់នៅក្បែរទន្លេកេបា។
ជំពូក៤ដល់២៤
រវាងឆ្នាំ៦១៣និង៦០៩ មុនគ.ស. អេសេគាលប្រកាសដំណឹងពីព្រះដល់ជនជាតិយូដា ហើយព័ត៌មានចម្បងក្នុងដំណឹងនោះ គឺការវិនិច្ឆ័យទោសក្រុងយេរូសាឡិម ព្រមទាំងការវិនិច្ឆ័យទោសអ្នកក្រុងនោះដែលបះបោរប្រឆាំងនិងគោរពបូជារូបព្រះ។
ជំពូក២៥ដល់៣២
នៅដើមឆ្នាំ៦០៩ មុនគ.ស. ជាឆ្នាំចុងក្រោយដែលពួកបាប៊ីឡូនមកឡោមព័ទ្ធក្រុងយេរូសាឡិម។ ពេលនោះ អេសេគាលលែងប្រកាសដំណឹងវិនិច្ឆ័យទៅលើក្រុងយេរូសាឡិមទៀត តែប្រកាសទៅលើប្រជាជាតិនានាដែលជាសត្រូវនៅជុំវិញ គឺអាំម៉ូន អេដំ អេហ្ស៊ីប ម៉ូអាប់ ភីលីស្ទីន ស៊ីដូន និងទីរ៉ុស។
ជំពូក៣៣ដល់៤៨
នៅដើមឆ្នាំ៦០៦ មុនគ.ស. កាលដែលក្រុងយេរូសាឡិមនិងវិហារបាក់បែកខ្ទេចខ្ទីនៅឡើយ អេសេគាលដែលរស់នៅរាប់រយគីឡូម៉ែត្រឆ្ងាយពីទីនោះ បានប្រកាសដំណឹងដ៏គួរឲ្យរំភើបដែលផ្ដល់សេចក្ដីសង្ឃឹម ពោលគឺការរៀបចំការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាឡើងវិញ។
សៀវភៅអេសេគាលបានត្រូវរៀបចំតាមលំដាប់ពេលនិងតាមប្រធានបទ។ ទំនាយអំពីការបំផ្លាញក្រុងយេរូសាឡិមនិងវិហារបានត្រូវកត់ទុកមុនទំនាយជាច្រើនអំពីការរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញ។ នេះសមហេតុសមផល ព្រោះទំនាយអំពីការរៀបចំឡើងវិញបង្ហើបឲ្យដឹងថាការគោរពប្រណិប័តន៍នៅឯវិហារនឹងលែងមានទៀត។
បន្ថែមទៅទៀត ទំនាយអេសេគាលទាស់នឹងប្រជាជាតិដែលជាសត្រូវនៅជុំវិញ(ជំពូក២៥ដល់៣២) បានត្រូវកត់ទុកនៅចន្លោះដំណឹងវិនិច្ឆ័យទៅលើក្រុងយេរូសាឡិម និងទំនាយអំពីការរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញ។ ស្ដីអំពីដំណឹងវិនិច្ឆ័យទៅលើប្រជាជាតិនានា បណ្ឌិតម្នាក់បានយល់ថា៖ «ការកត់ទុកដំណឹងវិនិច្ឆ័យទាំងនោះ នៅចន្លោះដំណឹងវិនិច្ឆ័យទៅលើរាស្ដ្ររបស់ព្រះ និងទំនាយអំពីការបង្ហាញសេចក្ដីមេត្តាករុណាទៅលើពួកគេ គឺត្រឹមត្រូវណាស់ ព្រោះការវិនិច្ឆ័យទោសសត្រូវរបស់រាស្ត្រព្រះ ក៏ជាផ្នែកនៃការសង្គ្រោះរាស្ត្រលោកដែរ»។