ប្រអប់ការពន្យល់បន្ថែម ១៥ក
ស្ដ្រីពេស្យាពីរនាក់បងប្អូន
ក្នុងអេសេគាលជំពូកទី២៣ យើងឃើញការវិនិច្ឆ័យចំៗទៅលើរាស្ត្រព្រះចំពោះភាពមិនស្មោះត្រង់របស់ពួកគេ។ ចំណុចជាច្រើនក្នុងជំពូកនេះ ស្រដៀងនឹងជំពូកទី១៦។ ដូចព័ត៌មានក្នុងជំពូកទី១៦ដែរ ជំពូកទី២៣ប្រើឧទាហរណ៍អំពីអំពើពេស្យាចារ។ យេរូសាឡិមបានត្រូវរៀបរាប់ថាជាប្អូនស្រី ហើយសាម៉ារីជាបងស្រី។ ជំពូកទាំងពីរនេះបង្ហាញអំពីរបៀបដែលប្អូនស្រីប្រព្រឹត្តអំពើពេស្យាចារតាមគន្លងរបស់បងស្រីខ្លួន មិនត្រឹមតែប៉ុណ្ណោះនាងប្រព្រឹត្តអាក្រក់ជាងបងស្រីនាងទៅទៀត។ នៅជំពូកទី២៣ ព្រះយេហូវ៉ាដាក់ឈ្មោះឲ្យបងប្អូនស្រីទាំងពីរនាក់នោះថាអូហូឡានិងអូហូលីបា។ អូហូឡាជាបងស្រី គឺសាម៉ារីជារាជធានីរបស់រាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១០ និងអូហូលីបាជាប្អូនស្រី គឺយេរូសាឡិមជារាជធានីនៃស្រុកយូដា។ *—អេគ. ២៣:១-៤
ជំពូកទាំងពីរនោះមានចំណុចស្រដៀងគ្នាថែមទៀត។ តាមមើលទៅចំណុចដែលស្រដៀងគ្នាបំផុត គឺស្ត្រីពេស្យាទាំងពីរនោះធ្លាប់ធ្វើជាប្រពន្ធរបស់ព្រះយេហូវ៉ា តែក្រោយមកក្បត់លោក។ បន្ថែមទៅទៀត ក៏មានសេចក្ដីសន្យាអំពីសេចក្ដីសង្ឃឹមដែរ។ ជំពូកទី២៣ មិនចែងចំៗអំពីសេចក្ដីសង្ឃឹមនៃការលោះទេ តែមានចំណុចដូចគ្នានៅក្នុងជំពូកទី១៦ ពេលដែលព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ឯអំពើអាសអាភាសនិងអំពើពេស្យាចារដែលនាងផ្ដើមធ្វើ . . . ខ្ញុំនឹងបំបាត់ចោលឲ្យអស់»។—អេគ. ១៦:១៦, ២០, ២១, ៣៧, ៣៨, ៤១, ៤២; ២៣:៤, ១១, ២២, ២៣, ២៧, ៣៧
តើពួកគេតំណាងឲ្យពិភពគ្រិស្តសាសនាឬ?
ពេលមុនសៀវភៅរបស់យើងធ្លាប់ចែងថាអូហូឡានិងអូហូលីបាតំណាងឲ្យពិភពគ្រិស្តសាសនា ជាពិសេសនិកាយពីរ គឺកាតូលិកនិងប្រូតេស្តង់។ ប៉ុន្តែ ក្រោយពីបានអធិដ្ឋាន ពិចារណា និងស្រាវជ្រាវថែមទៀត នាំឲ្យយើងមានសំណួរមួយចំនួន។ តើពិភពគ្រិស្តសាសនាធ្លាប់ធ្វើជាប្រពន្ធព្រះយេហូវ៉ាឬទេ? តើនាងធ្លាប់ធ្វើកិច្ចព្រមព្រៀងជាមួយនឹងលោកឬទេ? គឺមិនដែលទាល់តែសោះ។ ពេលលោកយេស៊ូសម្រុះសម្រួល«កិច្ចព្រមព្រៀងថ្មី»ជាមួយអ៊ីស្រាអែលនៃព្រះ មិនទាន់មានពិភពគ្រិស្តសាសនាទេ ហើយពិភពគ្រិស្តសាសនាក៏គ្មានចំណែកក្នុងប្រជាជាតិដែលមានគ្រិស្តសាសនិកដែលព្រះបានរើសតាំងដែរ។ (យេ. ៣១:៣១; លូក. ២២:២០) អស់រយៈជាយូរក្រោយពីពួកសាវ័កស្លាប់ ទើបមានពិភពគ្រិស្តសាសនាលេចឡើង។ នៅសតវត្សរ៍ទី៤ គ.ស. នាងបានចាប់ផ្ដើមទៅជាអង្គការមួយ ដែលក្បត់ជំនឿនិងខូចអាក្រក់ ហើយមាន«ស្រងែ»ដែលជាគ្រិស្តសាសនិកក្លែងក្លាយ ដូចដែលលោកយេស៊ូបានរៀបរាប់ក្នុងឧទាហរណ៍អំពីស្រូវសាលីនិងស្រងែ។—ម៉ាថ. ១៣:២៤-៣០
ចំណុចមួយទៀតដែលខុសគ្នា គឺព្រះយេហូវ៉ាផ្ដល់សេចក្ដីសង្ឃឹមអំពីការលោះដល់យេរូសាឡិមនិងសាម៉ារីដែលមិនស្មោះត្រង់។ (អេគ. ១៦:៤១, ៤២, ៥៣-៥៥) តើលោកផ្ដល់សេចក្ដីសង្ឃឹមដូចគ្នាដល់ពិភពគ្រិស្តសាសនាដែរឬ? អត់ទេ! ដូចបាប៊ីឡូនដ៏ខ្លាំងក្លា ពិភពគ្រិស្តសាសនាគ្មានសេចក្ដីសង្ឃឹមទាល់តែសោះ។
ដូច្នេះ អូហូឡានិងអូហូលីបាមិនមែនតំណាងឲ្យពិភពគ្រិស្តសាសនាទេ។ ទោះជាយ៉ាងនោះក៏ដោយ ស្ត្រីពេស្យាទាំងពីរជួយឲ្យយើងយល់អំពីអ្វីដែលសំខាន់ជាង គឺយល់អារម្មណ៍របស់ព្រះយេហូវ៉ាចំពោះអស់អ្នកដែលធ្វើឲ្យនាមបរិសុទ្ធរបស់លោកអាប់ឱន និងបំពានខ្នាតតម្រារបស់លោកស្ដីអំពីការគោរពប្រណិប័តន៍ពិត។ ស្ដីអំពីរឿងនេះ ពិភពគ្រិស្តសាសនាមានទោសធ្ងន់ធ្ងរជាងគេ ពីព្រោះវិហារទាំងឡាយនៅក្នុងពិភពគ្រិស្តសាសនាអះអាងថាជាតំណាងព្រះនៃគម្ពីរ។ បន្ថែមទៅទៀត ពួកគេអះអាងថាលោកយេស៊ូគ្រិស្តដែលជាបុត្រជាទីស្រឡាញ់របស់ព្រះយេហូវ៉ា គឺជាអ្នកដឹកនាំពួកគេ។ ប៉ុន្តែ ពួកគេមិនធ្វើស្របតាមការអះអាងរបស់ខ្លួនទេ ព្រោះពួកគេចាត់ទុកលោកយេស៊ូ ជាផ្នែកមួយនៃព្រះបីរួមគ្នាជាព្រះតែមួយ ហើយពួកគេមិនធ្វើតាមបង្គាប់ចំៗរបស់លោកយេស៊ូដែលថា«មិនរួមចំណែកក្នុងពិភពលោក»ទេ។ (យ៉ូន. ១៥:១៩) ដោយបន្តគោរពបូជារូបព្រះនិងរួមចំណែកក្នុងរឿងនយោបាយ ពិភពគ្រិស្តសាសនាបង្ហាញយ៉ាងច្បាស់ថានាងជាផ្នែកដ៏សំខាន់នៃ«មេស្ត្រីពេស្យា»។ (បប. ១៧:១) ហេតុនេះហើយ នាងប្រាកដជានឹងត្រូវបំផ្លាញដូចចក្រភពសាសនាមិនពិតដែរ!
^ វគ្គ 3 ឈ្មោះទាំងពីរនោះមានអត្ថន័យជ្រាលជ្រៅ។ អូហូឡាមានន័យថា«ត្រសាល[នៃការគោរពប្រណិប័តន៍]នាង» តាមមើលទៅសំដៅទៅលើការដែលអ៊ីស្រាអែលរៀបចំការគោរពប្រណិប័តន៍ដោយខ្លួនឯង ជាជាងប្រើវិហាររបស់ព្រះយេហូវ៉ានៅក្រុងយេរូសាឡិម។ ឯអូហូលីបាមានន័យថា«ត្រសាល[នៃការគោរពប្រណិប័តន៍]ខ្ញុំនៅក្នុងនាង»។ ក្រុងយេរូសាឡិមជាទីតាំងនៃវិហាររបស់ព្រះយេហូវ៉ាសម្រាប់ការគោរពប្រណិប័តន៍។