លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទី២

«ព្រះពេញចិត្ត»អំណោយរបស់ពួកគេ

«ព្រះពេញចិត្ត»អំណោយរបស់ពួកគេ

ហេប្រឺ ១១:៤

គោល​ចំណុច: ប្រវត្តិ​នៃ​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត

១​-​៣. (ក) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ? (ខ) ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត តើ​មាន​ចំណុច​សំខាន់​បួន​យ៉ាង​អ្វី​ខ្លះ? (សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ)

អេបិល​កំពុង​ពិនិត្យ​មើល​ហ្វូង​ចៀម​របស់​គាត់​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ គាត់​បាន​ចិញ្ចឹម​ពួក​វា​តាំង​ពី​តូច​ៗ​ដោយ​សេចក្ដី​ស្រឡាញ់។ ឥឡូវ​គាត់​បាន​ជ្រើស​រើស​ពួក​វា​ខ្លះ រួច​យក​មក​សម្លាប់​ជូន​ជា​គ្រឿង​បូជា​និង​ជា​អំណោយ​ដល់​ព្រះ។ ការ​ជូន​គ្រឿង​បូជា​នេះ​ជា​ការ​គោរព​ប្រណិប័តន៍។ តើ​ព្រះ​យេហូវ៉ា​ព្រម​ទទួល​គ្រឿង​បូជា​ពី​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ឬ​ទេ?

សាវ័ក​ប៉ូល​បាន​ត្រូវ​ដឹក​នាំ​ឲ្យ​សរសេរ​អំពី​អេបិល​ថា​៖ ​«​លោក​ពេញ​ចិត្ត​អំណោយ​របស់​គាត់​»។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​ព្រម​ទទួល​គ្រឿង​បូជា​របស់​កាអ៊ីន​ទេ។ (​សូម​អាន ហេប្រឺ ១១:៤) នេះ​នាំ​ឲ្យ​មាន​សំណួរ​ដែល​យើង​ត្រូវ​ពិចារណា។ ហេតុ​អ្វី​ព្រះ​ព្រម​ទទួល​ការ​គោរព​ប្រណិប័តន៍​ពី​អេបិល តែ​មិន​ព្រម​ទទួល​ពី​កាអ៊ីន? តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​គំរូ​របស់​កាអ៊ីន និង​អេបិល និង​ពី​អ្នក​ឯ​ទៀត​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ហេប្រឺ​ជំពូក​ទី​១១? ចម្លើយ​នៃ​សំណួរ​ទាំង​នេះ​នឹង​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​អ្វី​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ពិត។

ពេល​យើង​ពិនិត្យ​មើល​ត្រួស​ៗ​នៃ​កំណត់​ហេតុ​ពី​សម័យ​អេបិល​ដល់​សម័យ​អេសេគាល សូម​កត់​សម្គាល់​នូវ​ចំណុច​សំខាន់​បួន​យ៉ាង​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់ ដើម្បី​ឲ្យ​ព្រះ​ព្រម​ទទួល​ការ​គោរព​ប្រណិប័តន៍​ពី​យើង។ ទី​១ អ្នក​ទទួល​ត្រូវ​តែ​ជា​ព្រះ​យេហូវ៉ា។ ទី​២ គុណ​ភាព​ត្រូវ​តែ​ល្អ​បំផុត។ ទី​៣ គឺ​ត្រូវ​ជូន​តាម​របៀប​ដែល​ព្រះ​ពេញ​ចិត្ត។ ទី​៤ បំណង​ចិត្ត​របស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​ត្រូវ​តែ​បរិសុទ្ធ។

ហេតុ​អ្វី​ព្រះ​មិន​ព្រម​ទទួល​ការ​គោរព​ប្រណិប័តន៍​ពី​កាអ៊ីន?

៤, ៥. តើ​អ្វី​នាំ​ឲ្យ​កាអ៊ីន​សន្និដ្ឋាន​ថា​អ្នក​ទទួល​អំណោយ​របស់​គាត់​គឺ​ព្រះ​យេហូវ៉ា?

សូម​អាន ដើម​កំណើត ៤:២​-​៥កាអ៊ីន​បាន​ដឹង​ថា​អ្នក​ទទួល​អំណោយ​របស់​គាត់ គឺ​ជា​ព្រះ​យេហូវ៉ា។ កាអ៊ីន​មាន​ពេល​និង​ឱកាស​ជា​ច្រើន​ដើម្បី​រៀន​អំពី​ព្រះ​យេហូវ៉ា។ គាត់​និង​អេបិល​ប្អូន​គាត់​ប្រហែល​មាន​អាយុ​ជិត​១០០​ឆ្នាំ នៅ​ពេល​ដែល​ពួក​គាត់​ជូន​អំណោយ​ដល់​ព្រះ។ * កាល​ដែល​ពួក​គាត់​ធំ​ឡើង ពួក​គាត់​ច្បាស់​ជា​ស្គាល់​សួន​អេដែន ហើយ​ប្រហែល​ជា​បាន​ឃើញ​សួន​ដ៏​ស្រស់​ស្អាត​នោះ​ពី​ចម្ងាយ។ ពួក​គាត់​ច្បាស់​ជា​បាន​ឃើញ​ចេរូប៊ីន​ឈរ​ការ​ពារ​ច្រក​ចូល​សួន។ (​ដក. ៣:២៤​) ឪពុក​ម្ដាយ​របស់​ពួក​គាត់​ច្បាស់​ជា​បាន​ប្រាប់​ពួក​គាត់​ថា​ព្រះ​យេហូវ៉ា​បាន​បង្កើត​ជីវិត​ទាំង​ឡាយ ហើយ​ក៏​បាន​ប្រាប់​អំពី​គោល​បំណង​ដើម​របស់​ព្រះ​សម្រាប់​មនុស្សជាតិ ដែល​មាន​ស្ថានភាព​ខុស​គ្នា​ឆ្ងាយ​ពី​អ្វី​ដែល​ពួក​គាត់​កំពុង​ជួប​ប្រទះ ពោល​គឺ​ទៅ​ជា​ចាស់​ជរា ហើយ​ក្រោយ​មក​ស្លាប់។ (​ដក. ១:២៤​-​២៨​) ការ​ដឹង​អំពី​រឿង​នេះ ប្រហែល​ជា​នាំ​ឲ្យ​កាអ៊ីន​សន្និដ្ឋាន​ថា​គាត់​គួរ​ជូន​អំណោយ​ដល់​ព្រះ។

តើ​មាន​មូលហេតុ​អ្វី​ទៀត​ដែល​បាន​ជំរុញ​កាអ៊ីន​ឲ្យ​ជូន​គ្រឿង​បូជា​ដល់​ព្រះ? ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​ថា​នឹង​មាន​«​ពូជ​»​មួយ​កើត​មក។ ពូជ​នោះ​នឹង​កិន​ក្បាល​«​សត្វ​ពស់​»​ដែល​បាន​ល្បួង​អេវ៉ា​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​មាន​លទ្ធផល​ខ្លោច​ផ្សា។ (​ដក. ៣:៤​-​៦, ១៤, ១៥​) ដោយ​សារ​កាអ៊ីន​ជា​កូន​ច្បង គាត់​ប្រហែល​ជា​គិត​ថា​គាត់​ជា​«​ពូជ​»​ដែល​បាន​ត្រូវ​សន្យា​នោះ។ (​ដក. ៤:១​) បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​មិន​បាន​ឈប់​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​មនុស្ស​ដែល​មាន​ភាព​ខុស​ឆ្គង​ទេ។ ទោះ​ជា​ក្រោយ​ពី​អាដាម​បាន​ធ្វើ​ខុស​ក៏​ដោយ ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់ តាម​មើល​ទៅ​តាម​រយៈ​ទេវតា​មួយ​រូប។ (​ដក. ៣:៨​-​១០​) ព្រះ​យេហូវ៉ា​ក៏​បាន​មាន​ប្រសាសន៍​ទៅ​កាន់​កាអ៊ីន​ក្រោយ​ពី​គាត់​ជូន​គ្រឿង​បូជា​ដែរ។ (​ដក. ៤:៦​) ដោយ​គ្មាន​ការ​សង្ស័យ កាអ៊ីន​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​សម​នឹង​ទទួល​ការ​គោរព​ប្រណិប័តន៍។

៦, ៧. តើ​គុណ​ភាព​នៃ​គ្រឿង​បូជា និង​របៀប​ដែល​កាអ៊ីន​ជូន​គ្រឿង​បូជា​គឺ​មិន​ត្រឹម​ត្រូវ​ឬ? សូម​ពន្យល់។

បើ​ដូច្នេះ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​នឹង​គ្រឿង​បូជា​របស់​កាអ៊ីន? តើ​គ្រឿង​បូជា​របស់​គាត់​មិន​មាន​គុណ​ភាព​ល្អ​ឬ? គម្ពីរ​មិន​បាន​រៀប​រាប់​អំពី​រឿង​នេះ​ទេ។ គម្ពីរ​គ្រាន់​តែ​ចែង​ថា​កាអ៊ីន​បាន​យក​«​ភោគ​ផល​ខ្លះ​ពី​ចម្ការ​»។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​នៅ​ក្នុង​ច្បាប់​ដែល​លោក​បាន​ឲ្យ​ដល់​ម៉ូសេ​ថា​លោក​ពេញ​ចិត្ត​គ្រឿង​បូជា​បែប​នោះ​ដែរ។ (​ជប. ១៥:៨, ៩​) បន្ថែម​ទៅ​ទៀត សូម​គិត​អំពី​ស្ថានភាព​នៅ​ដើម​ប្រវត្តិ​សាស្ត្រ​មនុស្សជាតិ។ នៅ​ពេល​នោះ មនុស្ស​បរិភោគ​តែ​បន្លែ​និង​រុក្ខជាតិ​ប៉ុណ្ណោះ។ (​ដក. ១:២៩​) ដោយ​សារ​ដី​នៅ​ខាង​ក្រៅ​សួន​អេដែន​បាន​រង​បណ្ដាសា​ពី​ព្រះ នោះ​កាអ៊ីន​ត្រូវ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ដើម្បី​បាន​ភោគ​ផល​ជូន​ជា​គ្រឿង​បូជា។ (​ដក. ៣:១៧​-​១៩​) ដូច្នេះ គាត់​បាន​ជូន​គ្រឿង​បូជា​ជា​ភោគ​ផល​ដែល​ទ្រ​ទ្រង់​ជីវិត និង​ដែល​មក​ពី​ការ​នឿយ​ហត់​របស់​គាត់! ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​មិន​បាន​ពេញ​ចិត្ត​នឹង​គ្រឿង​បូជា​របស់​កាអ៊ីន​ទេ។

តើ​របៀប​ដែល​កាអ៊ីន​ជូន​គ្រឿង​បូជា​គឺ​មិន​ត្រឹម​ត្រូវ​ឬ? តើ​គាត់​មិន​បាន​ជូន​តាម​របៀប​ដែល​ព្រះ​ពេញ​ចិត្ត​ឬ? តាម​មើល​ទៅ មិន​មែន​ដូច្នោះ​ទេ។ ហេតុ​អ្វី? ព្រោះ​ពេល​ព្រះ​យេហូវ៉ា​មិន​ព្រម​ទទួល​គ្រឿង​បូជា​របស់​កាអ៊ីន លោក​មិន​បាន​បន្ទោស​ថា​គាត់​ជូន​តាម​របៀប​ដែល​មិន​ត្រឹម​ត្រូវ​ឡើយ។ តាម​ការ​ពិត គម្ពីរ​មិន​បាន​ចែង​អំពី​របៀប​ដែល​កាអ៊ីន​និង​អេបិល​ជូន​គ្រឿង​បូជា​នោះ​ទេ។ បើ​ដូច្នេះ តើ​មាន​បញ្ហា​អ្វី?

កាអ៊ីន​មាន​បំណង​ចិត្ត​មិន​ត្រឹម​ត្រូវ (សូម​មើល​វគ្គ​៨, ៩)

៨, ៩. (ក)ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​នឹង​កាអ៊ីន ឬ​គ្រឿង​បូជា​របស់​គាត់? (ខ) ស្ដី​អំពី​អ្វី​ដែល​គម្ពីរ​ចែង​អំពី​កាអ៊ីន​និង​អេបិល តើ​អ្នក​បាន​រក​ឃើញ​ចំណុច​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍?

ពាក្យ​ដែល​ព្រះ​ដឹក​នាំ​សាវ័ក​ប៉ូល​ឲ្យ​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ បង្ហាញ​ថា​ពេល​កាអ៊ីន​ជូន​គ្រឿង​បូជា​ទៅ​ព្រះ គាត់​គ្មាន​បំណង​ចិត្ត​បរិសុទ្ធ​ទេ។ កាអ៊ីន​ខ្វះ​ជំនឿ។ (​ហេ. ១១:៤; ១​យ៉ូន. ៣:១១, ១២​) ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​កាអ៊ីន មិន​គ្រាន់​តែ​គ្រឿង​បូជា​របស់​គាត់​ប៉ុណ្ណោះ​ទេ។ (​ដក. ៤:៥​-​៨​) ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ ដូច្នេះ លោក​ព្យាយាម​កែ​តម្រង់​កាអ៊ីន​ដែល​ជា​កូន​របស់​លោក​ដោយ​សប្បុរស។ ប៉ុន្តែ កាអ៊ីន​មិន​ព្រម​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ទេ។ ចិត្ត​របស់​កាអ៊ីន​ពេញ​ទៅ​ដោយ​ការ​ប្រព្រឹត្ត​ដែល​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង ពោល​គឺ​«​ការ​ស្អប់​គ្នា ការ​ឈ្លោះ​ប្រកែក​គ្នា ការ​ច្រណែន​»។ (​កាឡ. ៥:១៩, ២០​) ចិត្ត​អាក្រក់​របស់​កាអ៊ីន ធ្វើ​ឲ្យ​ចំណុច​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​របស់​គាត់​ទៅ​ជា​ឥត​ប្រយោជន៍។ គំរូ​របស់​គាត់​បង្រៀន​យើង​ថា​ការ​គោរព​ប្រណិប័តន៍​ពិត មិន​គ្រាន់​តែ​ជា​ការ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ស្មោះ​អស់​ពី​ចិត្ត។

គម្ពីរ​រៀប​រាប់​ប្រាប់​យើង​ជា​ច្រើន​អំពី​កាអ៊ីន យើង​អាច​អាន​អំពី​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​គាត់ និង​អំពី​ចម្លើយ​របស់​គាត់។ យើង​ថែម​ទាំង​ស្គាល់​ឈ្មោះ​កូន​ៗ​របស់​គាត់ និង​ដឹង​អំពី​អ្វី​ៗ​ដែល​ពួក​គេ​បាន​ធ្វើ។ (​ដក. ៤:១៧​-​២៤​) ចំណែក​ឯ​អេបិល​វិញ គម្ពីរ​មិន​បាន​រៀប​រាប់​អំពី​កូន​ៗ​របស់​គាត់ និង​អ្វី​ដែល​គាត់​បាន​និយាយ​ឡើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ការ​ប្រព្រឹត្ត​របស់​អេបិល​នៅ​តែ​ផ្ដល់​មេ​រៀន​ដល់​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ តើ​តាម​របៀប​ណា?

អេបិល​ទុក​គំរូ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត

១០. តើ​តាម​របៀប​ណា​អេបិល​បាន​ទុក​គំរូ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត?

១០ អេបិល​បាន​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា ដោយ​ដឹង​ថា​មាន​តែ​លោក​ប៉ុណ្ណោះ​សម​នឹង​ទទួល។ គ្រឿង​បូជា​របស់​គាត់​មាន​គុណ​ភាព​ល្អ​បំផុត ព្រោះ​គាត់​បាន​យក​«​កូន​សត្វ​ដំបូង​មួយ​ចំនួន​ពី​ហ្វូង​សត្វ​របស់​គាត់​»។ គម្ពីរ​មិន​បាន​ចែង​ថា​គាត់​បាន​ជូន​គ្រឿង​បូជា​នៅ​លើ​ទី​បូជា​ឬ​នៅ​កន្លែង​ណា​មួយ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី យើង​ដឹង​ថា​របៀប​ដែល​គាត់​ជូន​គ្រឿង​បូជា​ច្បាស់​ជា​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។ ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​គ្រឿង​បូជា​របស់​គាត់​ពិសេស គឺ​បំណង​ចិត្ត​របស់​គាត់ ហើយ​សូម្បី​តែ​ជាង​៦.០០០​ឆ្នាំ​ក្រោយ​មក ក៏​គំរូ​របស់​គាត់​នៅ​តែ​ផ្ដល់​មេ​រៀន​ដល់​យើង​នៅ​សព្វ​ថ្ងៃ​ដែរ។ អ្វី​ដែល​ជំរុញ​ចិត្ត​គាត់ គឺ​ជំនឿ​លើ​ព្រះ​យេហូវ៉ា​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​លោក។ ហេតុ​អ្វី​យើង​ដឹង?

អេបិល​បាន​ទុក​គំរូ​ល្អ​អំពី​តម្រូវ​ការ​បួន​យ៉ាង​ស្ដី​អំពី​ការ​គោរព​ប្រណិប័តន៍​ពិត (សូម​មើល​វគ្គ​១០)

១១. ហេតុ​អ្វី​លោក​យេស៊ូ​រៀប​រាប់​ថា​អេបិល​ជា​មនុស្ស​សុចរិត?

១១ ដំបូង សូម​ពិចារណា​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​អេបិល​ជា​បុរស​ដែល​លោក​ស្គាល់​យ៉ាង​ច្បាស់។ ពេល​អេបិល​នៅ​រស់ លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌។ លោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​កូន​ប្រុស​ម្នាក់​នេះ​របស់​អាដាម។ (​សុភ. ៨:២២, ៣០, ៣១; យ៉ូន. ៨:៥៨; កូឡ. ១:១៥, ១៦​) ដូច្នេះ លោក​យេស៊ូ​អាច​និយាយ​ថា​អេបិល​ជា​មនុស្ស​សុចរិត ដោយ​សារ​លោក​ជា​សាក្សី​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក។ (​ម៉ាថ. ២៣:៣៥​) មនុស្ស​សុចរិត​គឺ​ជា​អ្នក​ដែល​ទទួល​ស្គាល់​ថា ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​កំណត់​ខ្នាត​តម្រា​ស្ដី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​បង្ហាញ​ដោយ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ដែល​ថា​គាត់​យល់​ស្រប​នឹង​ខ្នាត​តម្រា​ទាំង​នោះ។ (​សូម​ពិនិត្យ​បន្ថែម លូកា ១:៥, ៦​) ដើម្បី​មាន​កេរ្តិ៍​ឈ្មោះ​ជា​មនុស្ស​សុចរិត គឺ​ត្រូវ​ការ​ពេល​វេលា។ ដូច្នេះ មុន​អេបិល​ជូន​គ្រឿង​បូជា​ដល់​ព្រះ គាត់​មាន​ទម្លាប់​រួច​ហើយ​ក្នុង​ការ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ ការ​ធ្វើ​ដូច្នោះ​មិន​មែន​ស្រួល​ទេ។ គាត់​ប្រហែល​ជា​មិន​បាន​ទទួល​ឥទ្ធិពល​ល្អ​ពី​កាអ៊ីន​ដែល​ជា​បង​ប្រុស​របស់​គាត់​ទេ ព្រោះ​ចិត្ត​របស់​កាអ៊ីន​បាន​ទៅ​ជា​អាក្រក់។ (​១​យ៉ូន. ៣:១២​) ឯ​ម្ដាយ​របស់​គាត់​វិញ មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ទេ ហើយ​ឪពុក​គាត់​ក៏​បាន​បះ​បោរ​ប្រឆាំង​នឹង​លោក​ដែរ ព្រោះ​គាត់​ចង់​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​អំពី​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់។ (​ដក. ២:១៦,១៧; ៣:៦​) អេបិល​ពិត​ជា​ក្លាហាន​មែន ដែល​បាន​ជ្រើស​រើស​គន្លង​ជីវិត​ខុស​ពី​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​ស្រុង!

១២. តើ​កាអ៊ីន​និង​អេបិល​ខុស​គ្នា​ត្រង់​ណា?

១២ បន្ទាប់​មក សូម​កត់​សម្គាល់​នូវ​របៀប​ដែល​សាវ័ក​ប៉ូល បញ្ជាក់​អំពី​ទំនាក់​ទំនង​រវាង​ជំនឿ​និង​សេចក្ដី​សុចរិត។ ប៉ូល​សរសេរ​ថា​៖ ​«​ដោយ​សារ​ជំនឿ​អេបិល​បាន​ជូន​គ្រឿង​បូជា​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គ្រឿង​បូជា​របស់​កាអ៊ីន ហើយ​ដោយ​សារ​ជំនឿ ព្រះ​បាន​បញ្ជាក់​ថា​គាត់​ជា​មនុស្ស​សុចរិត​»។ (​ហេ. ១១:៤​) ពាក្យ​របស់​ប៉ូល​បញ្ជាក់​ថា​អេបិល​ខុស​ពី​កាអ៊ីន គឺ​ដោយ​សារ​គាត់​មាន​ជំនឿ​ដ៏​ស្មោះ​ចំពោះ​ព្រះ​យេហូវ៉ា និង​ស្រឡាញ់​របៀប​ដែល​លោក​ប្រព្រឹត្ត​តាំង​ពី​យូរ​មក​ហើយ។ អ្វី​ទាំង​នោះ​បាន​ជំរុញ​ចិត្ត​របស់​គាត់។

១៣. តើ​គំរូ​របស់​អេបិល​បង្រៀន​យើង​អ្វី​ខ្លះ?

១៣ គំរូ​របស់​អេបិល​បង្រៀន​យើង​ថា​ការ​គោរព​ប្រណិប័តន៍​ពិត អាច​មាន​លុះ​ត្រា​តែ​ផុស​ចេញ​ពី​បំណង​ចិត្ត​បរិសុទ្ធ គឺ​ចិត្ត​ដែល​ពេញ​ទៅ​ដោយ​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា និង​ការ​យល់​ស្រប​ទាំង​ស្រុង​នឹង​ខ្នាត​តម្រា​សុចរិត​របស់​លោក។ បន្ថែម​ទៅ​ទៀត យើង​រៀន​ថា​ការ​គោរព​ប្រណិប័តន៍​ពិត មិន​គ្រាន់​តែ​ជា​ការ​បង្ហាញ​ភក្ដី​ភាព​តែ​ម្ដង​ប៉ុណ្ណោះ​ទេ តែ​មាន​ច្រើន​ជាង​នោះ​ទៅ​ទៀត ពោល​គឺ​ទាក់​ទង​នឹង​ការ​ប្រព្រឹត្ត​និង​ជីវិត​របស់​យើង។

អ្នក​បម្រើ​ព្រះ​នៅ​សម័យ​បុរាណ​បំពេញ​តាម​ចំណុច​សំខាន់​ទាំង​បួន

១៤. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ព្រម​ទទួល​គ្រឿង​បូជា​របស់​ណូអេ អាប្រាហាំ និង​យ៉ាកុប?

១៤ អេបិល​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ទី​១​ដែល​គោរព​ប្រណិប័តន៍​ពិត​ដល់​ព្រះ​យេហូវ៉ា តែ​គាត់​មិន​មែន​ជា​បុគ្គល​ចុង​ក្រោយ​ទេ។ សាវ័ក​ប៉ូល​បាន​រៀប​រាប់​អំពី​អ្នក​ឯ​ទៀត​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត ដូច​ជា​ណូអេ អាប្រាហាំ និង​យ៉ាកុប។ (​សូម​អាន ហេប្រឺ ១១:៧, ៨, ១៧​-​២១) ពួក​គាត់​ម្នាក់​ៗ​បាន​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​នៅ​ពេល​ណា​មួយ​ក្នុង​ជីវិត​របស់​ពួក​គាត់ ហើយ​ព្រះ​បាន​ពេញ​ចិត្ត​អំណោយ​របស់​ពួក​គាត់។ ហេតុ​អ្វី? ពីព្រោះ​ពួក​គាត់​មិន​គ្រាន់​តែ​បង្ហាញ​ភក្ដី​ភាព​តាម​ទម្លាប់​នោះ​ទេ តែ​ពួក​គាត់​បំពេញ​តាម​តម្រូវ​ការ​ទាំង​បួន​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត។ សូម​ពិចារណា​គំរូ​របស់​ពួក​គាត់។

គ្រឿង​បូជា​របស់​ណូអេ​បង្ហាញ​ច្បាស់​ថា​គាត់​បំពេញ​តាម​តម្រូវ​ការ​ទាំង​បួន (សូម​មើល​វគ្គ​១៥, ១៦)

១៥, ១៦. តើ​តាម​របៀប​ណា​ណូអេ​បំពេញ​តាម​តម្រូវ​ការ​ទាំង​បួន​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត?

១៥ ក្រោយ​អាដាម​ស្លាប់​អស់​រយៈ​ពេល​១២៦​ឆ្នាំ ណូអេ​បាន​កើត​មក។ ប៉ុន្តែ គាត់​ធំ​ឡើង​នៅ​ក្នុង​ពិភព​លោក​ដែល​ពេញ​ទៅ​ដោយ​ការ​គោរព​ប្រណិប័តន៍​មិន​ពិត។ * (​ដក. ៦:១១​) ក្នុង​ចំណោម​ក្រុម​គ្រួសារ​ទាំង​អស់​ដែល​រស់​នៅ​ផែនដី​មុន​ទឹក​ជំនន់ មាន​តែ​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​ប៉ុណ្ណោះ ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត។ (​២​ពេ. ២:៥​) ក្រោយ​រួច​ជីវិត​ពី​ទឹក​ជំនន់ ណូអេ​បាន​បង្ហាញ​ចិត្ត​កតញ្ញូ​ដោយ​សង់​ទី​បូជា​មួយ។ នោះ​គឺ​ជា​ទី​បូជា​ដំបូង​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ។ ក្រោយ​សង់​រួច គាត់​បាន​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា។ តាម​រយៈ​ទង្វើ​ដ៏​ស្មោះ​អស់​ពី​ចិត្ត​នេះ ណូអេ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ដល់​ក្រុម​គ្រួសារ​គាត់ និង​មនុស្សជាតិ​ដែល​ជា​កូន​ចៅ​របស់​គាត់​ថា ព្រះ​យេហូវ៉ា​គឺ​ជា​បុគ្គល​តែ​មួយ​គត់​ដែល​សម​នឹង​ទទួល​ការ​គោរព​ប្រណិប័តន៍។ ក្នុង​ចំណោម​សត្វ​ទាំង​អស់​ដែល​ណូអេ​មាន​សម្រាប់​ជូន​ជា​គ្រឿង​បូជា គាត់​បាន​យក​«​សត្វ​ស្លាប​ខ្លះ និង​សត្វ​ឯ​ទៀត​ដែល​ស្អាត​បរិសុទ្ធ​»​ទៅ​ជូន​ជា​គ្រឿង​បូជា។ (​ដក. ៨:២០​) សត្វ​ទាំង​នោះ​មាន​គុណ​ភាព​ល្អ​បំផុត ព្រោះ​ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​ប្រកាស​ថា​ស្អាត​បរិសុទ្ធ។—ដក. ៧:២

១៦ ណូអេ​បាន​ដុត​គ្រឿង​បូជា​ទាំង​នេះ​លើ​ទី​បូជា​ដែល​គាត់​បាន​សង់។ តើ​ព្រះ​ពេញ​ចិត្ត​នឹង​របៀប​ដែល​គាត់​គោរព​ប្រណិប័តន៍​ដូច​នេះ​ទេ? ពិត​ជា​ពេញ​ចិត្ត។ កំណត់​ហេតុ​គម្ពីរ​រៀប​រាប់​ថា ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ក្លិន​ឈ្ងុយ​ពី​គ្រឿង​បូជា​នោះ ហើយ​លោក​បាន​ឲ្យ​ពរ​ណូអេ​និង​កូន​ប្រុស​ៗ​របស់​គាត់។ (​ដក. ៨:២១; ៩:១​) ប៉ុន្តែ ជា​ចម្បង​ព្រះ​យេហូវ៉ា​ទទួល​គ្រឿង​បូជា​នោះ ដោយ​សារ​ណូអេ​មាន​បំណង​ចិត្ត​ល្អ។ គ្រឿង​បូជា​ទាំង​នោះ​គឺ​ជា​ការ​បញ្ជាក់​មួយ​ទៀត ដែល​ថា​ណូអេ​មាន​ជំនឿ​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​គាត់​ស្រឡាញ់​របៀប​ដែល​លោក​ប្រព្រឹត្ត។ ដោយ​សារ​ណូអេ​តែង​តែ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​លើក​តម្កើង​ខ្នាត​តម្រា​របស់​លោក គម្ពីរ​ចែង​ថា​គាត់​បាន​«​ដើរ​ជា​មួយ​នឹង​ព្រះ​ពិត​»។ ជា​លទ្ធផល ណូអេ​មាន​កេរ្តិ៍​ឈ្មោះ​ជា​មនុស្ស​សុចរិត​ជា​រៀង​រហូត។—ដក. ៦:៩; អេ​គ. ១៤:១៤; ហេ. ១១:៧

១៧, ១៨. តើ​តាម​របៀប​ណា​អាប្រាហាំ​បំពេញ​តាម​តម្រូវ​ការ​ទាំង​បួន​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត?

១៧ នៅ​ជុំ​វិញ​អាប្រាហាំ​ពោរ​ពេញ​ទៅ​ដោយ​ការ​គោរព​ប្រណិប័តន៍​មិន​ពិត។ អាប្រាហាំ​រស់​នៅ​ក្រុង​អឺ​ជា​ក្រុង​ដែល​មាន​វិហារ​មួយ​សម្រាប់​គោរព​បូជា​ព្រះ​ចន្ទ ហៅ​ថា​ណាណា។ * នៅ​ពេល​មួយ សូម្បី​តែ​ឪពុក​របស់​អាប្រាហាំ​ក៏​គោរព​បូជា​ព្រះ​មិន​ពិត​ដែរ។ (​យ៉ូស. ២៤:២​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អាប្រាហាំ​បាន​សម្រេច​ចិត្ត​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ គាត់​ទំនង​ជា​បាន​រៀន​អំពី​ព្រះ​ពិត តាម​រយៈ​សិម​ជា​បុព្វ​បុរស​របស់​គាត់​ដែល​ជា​កូន​របស់​ណូអេ។ ពួក​គាត់​រស់​នៅ​គ្រា​ដំណាល​គ្នា​អស់​រយៈ​ពេល​១៥០​ឆ្នាំ។

១៨ ក្នុង​មួយ​ជីវិត​ដ៏​វែង​របស់​អាប្រាហាំ គាត់​បាន​ជូន​គ្រឿង​បូជា​ជា​ច្រើន។ ប៉ុន្តែ គាត់​តែង​តែ​ជូន​គ្រឿង​បូជា​ទាំង​នោះ​ដល់​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ ព្រោះ​លោក​ជា​បុគ្គល​ដែល​សម​នឹង​ទទួល។ គ្រឿង​បូជា​ទាំង​នោះ​ជា​ផ្នែក​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត។ (​ដក. ១២:៨; ១៣:១៨; ១៥:៨​-​១០​) តើ​អាប្រាហាំ​សុខ​ចិត្ត​ជូន​ព្រះ​យេហូវ៉ា​នូវ​គ្រឿង​បូជា​ដែល​មាន​គុណ​ភាព​ល្អ​បំផុត​ឬ​ទេ? យើង​នឹង​ឃើញ​ច្បាស់​ថា​អាប្រាហាំ​សុខ​ចិត្ត​ធ្វើ​ដូច្នេះ​មែន ពេល​គាត់​សុខ​ចិត្ត​ជូន​អ៊ីសាក​ជា​កូន​ជា​ទី​ស្រឡាញ់​របស់​គាត់​ជា​គ្រឿង​បូជា។ នៅ​ពេល​នោះ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​យ៉ាង​ជាក់​លាក់​អំពី​របៀប​ដែល​អាប្រាហាំ​ត្រូវ​ជូន​អ៊ីសាក​ជា​គ្រឿង​បូជា។ (​ដក. ២២:១, ២​) អាប្រាហាំ​សុខ​ចិត្ត​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដិត​ដល់ តែ​ព្រះ​យេហូវ៉ា​ជា​អ្នក​បញ្ឈប់​អាប្រាហាំ​ពី​ការ​សម្លាប់​អ៊ីសាក​កូន​គាត់។ (​ដក. ២២:៩​-​១២​) ព្រះ​យេហូវ៉ា​ព្រម​ទទួល​ការ​គោរព​ប្រណិប័តន៍​របស់​អាប្រាហាំ ដោយ​សារ​អាប្រាហាំ​បាន​ជូន​គ្រឿង​បូជា​ដោយ​បំណង​ចិត្ត​បរិសុទ្ធ។ ប៉ូល​បាន​សរសេរ​ថា​«​អាប្រាហាំ​បាន​ជឿ​ព្រះ​យេហូវ៉ា​»​ ​«​ហើយ​គាត់​បាន​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​សុចរិត​»។—រ៉ូម ៤:៣

យ៉ាកុប​បាន​ទុក​គំរូ​ល្អ​ដល់​ក្រុម​គ្រួសារ​របស់​គាត់ (សូម​មើល​វគ្គ​១៩, ២០)

១៩, ២០. តើ​តាម​របៀប​ណា​យ៉ាកុប​បំពេញ​តាម​តម្រូវ​ការ​ទាំង​បួន​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត?

១៩ ក្នុង​ជីវិត​របស់​យ៉ាកុប គាត់​ច្រើន​តែ​រស់​នៅ​ស្រុក​កាណាន ជា​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ឲ្យ​អាប្រាហាំ​និង​កូន​ចៅ​របស់​គាត់។ (​ដក. ១៧:១,​) ស្រុក​នោះ​គឺ​ពោរ​ពេញ​ទៅ​ដោយ​ការ​គោរព​ប្រណិប័តន៍​មិន​ពិត​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ស្រុក​នោះ​នឹង​ខ្ជាក់​ពួក​គេ​ចេញ​»។ (​ចល. ១៨:២៤, ២៥​) ពេល​យ៉ាកុប​អាយុ​៧៧​ឆ្នាំ គាត់​បាន​ចាក​ចេញ​ពី​ស្រុក​កាណាន ហើយ​រៀប​ការ ក្រោយ​មក​ត្រឡប់​មក​វិញ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​ដ៏​ធំ។ (​ដក. ២៨:១, ២; ៣៣:១៨​) ប៉ុន្តែ សមាជិក​ខ្លះ​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទទួល​ឥទ្ធិពល​ពី​ការ​គោរព​ប្រណិប័តន៍​មិន​ពិត។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពេល​ព្រះ​យេហូវ៉ា​ប្រាប់​យ៉ាកុប​ឲ្យ​ទៅ​បេតអែល ហើយ​សង់​ទី​បូជា​នៅ​ទី​នោះ យ៉ាកុប​បាន​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់។ ដំបូង​គាត់​បាន​ប្រាប់​ក្រុម​គ្រួសារ​គាត់​ថា​៖ ​«​ចូរ​ប្រមូល​រូប​ព្រះ​របស់​ជន​ជាតិ​ដទៃ​យក​ទៅ​បោះ​ចោល រួច​សម្អាត​ខ្លួន​»។ បន្ទាប់​មក គាត់​បាន​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យ៉ាង​ស្មោះ​ត្រង់។—ដក. ៣៥:១​-​៧

២០ យ៉ាកុប​បាន​សង់​ទី​បូជា​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​ដែល​ព្រះ​បាន​សន្យា តែ​អ្នក​ដែល​ទទួល​ការ​គោរព​ប្រណិប័តន៍​ពី​គាត់ គឺ​តែង​តែ​ព្រះ​យេហូវ៉ា​ជា​និច្ច។ (​ដក. ៣៥:១៤; ៤៦:១​) គុណ​ភាព​នៃ​គ្រឿង​បូជា​របស់​គាត់​គឺ​ល្អ​បំផុត របៀប​ដែល​គាត់​គោរព​ប្រណិប័តន៍​លោក​គឺ​ត្រឹម​ត្រូវ ហើយ​បំណង​ចិត្ត​របស់​គាត់​គឺ​បរិសុទ្ធ។ មូលហេតុ​ដែល​យើង​ដឹង​ដូច្នេះ គឺ​ដោយ​សារ​គម្ពីរ​ចែង​អំពី​យ៉ាកុប​ថា គាត់​ជា​«​មនុស្ស​ដែល​គ្មាន​កន្លែង​បន្ទោស​»។ នេះ​ជា​ពាក្យ​ដែល​រៀប​រាប់​អំពី​ពួក​អ្នក​ដែល​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ (​ដក. ២៥:២៧; កំ.ស.​) តាម​រយៈ​របៀប​រស់​នៅ​ពេញ​មួយ​ជីវិត​របស់​គាត់ យ៉ាកុប​បាន​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ដែល​នឹង​កើត​ពី​គាត់​ក្រោយ​មក។—ដក. ៣៥:៩​-​១២

២១. តាម​រយៈ​គំរូ​របស់​ពួក​អ្នក​បម្រើ​ស្មោះ​ត្រង់​នៅ​សម័យ​បុរាណ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ពិត?

២១ តាម​រយៈ​គំរូ​របស់​ពួក​អ្នក​បម្រើ​ព្រះ​នៅ​សម័យ​បុរាណ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ពិត? ដូច​ពួក​គាត់​ដែរ នៅ​ជុំ​វិញ​យើង​មាន​មនុស្ស​ដែល​អាច​បង្វែរ​យើង​ពី​ការ​បង្ហាញ​ភក្ដី​ភាព​ផ្ដាច់​មុខ​ដល់​ព្រះ​យេហូវ៉ា សូម្បី​តែ​សមាជិក​ក្រុម​គ្រួសារ​យើង​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ។ ដើម្បី​យក​ឈ្នះ​ការ​បង្ខិត​បង្ខំ​បែប​នេះ​យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ជំនឿ​រឹង​មាំ​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​ជឿ​ជាក់​ថា​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​លោក​គឺ​ល្អ​បំផុត។ យើង​បង្ហាញ​ជំនឿ​ដោយ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា និង​ដោយ​ចំណាយ​ពេល​វេលា កម្លាំង ព្រម​ទាំង​ធន​ធាន​របស់​យើង​ដើម្បី​បម្រើ​លោក។ (​ម៉ាថ. ២២:៣៧​-​៤០; ១​កូ. ១០:៣១​) ពេល​យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព​តាម​របៀប​ដែល​លោក​តម្រូវ និង​ដោយ​បំណង​ចិត្ត​ដ៏​បរិសុទ្ធ នោះ​លោក​ចាត់​ទុក​យើង​ជា​មនុស្ស​សុចរិត។ ការ​ដឹង​ដូច្នេះ ពិត​ជា​លើក​ទឹក​ចិត្ត​យើង​ណាស់!—សូម​អាន យ៉ាកុប ២:១៨​-​២៤

ប្រជាជាតិ​ដែល​លើក​ស្ទួយ​ការ​គោរព​ប្រណិប័តន៍​ពិត

២២​-​២៤. ស្ដី​អំពី​គ្រឿង​បូជា​របស់​ជន​ជាតិ​អ៊ីស្រាអែល តើ​ច្បាប់​ម៉ូសេ​បញ្ជាក់​ចំៗ​យ៉ាង​ណា​អំពី​អ្នក​ទទួល អំពី​គុណ​ភាព និង​អំពី​របៀប​ជូន?

២២ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ច្បាប់​និង​បញ្ញត្តិ​ដល់​កូន​ចៅ​របស់​យ៉ាកុប ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ច្បាស់​អំពី​អ្វី​ដែល​លោក​តម្រូវ​ពី​ពួក​គេ។ បើ​ពួក​គេ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ពួក​គេ​នឹង​ក្លាយ​ជា​«​ទ្រព្យ​វិសេស​»​ និង​ទៅ​ជា​«​ប្រជាជាតិ​បរិសុទ្ធ​របស់​លោក​»។ (​ដច. ១៩:៥, ៦​) សូម​កត់​សម្គាល់​អំពី​របៀប​ដែល​ច្បាប់​ម៉ូសេ​លើក​បញ្ជាក់​អំពី​ចំណុច​សំខាន់​បួន​យ៉ាង​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត។

២៣ ព្រះ​យេហូវ៉ា​ប្រាប់​យ៉ាង​ច្បាស់​ថា​អ្នក​ណា​គួរ​ទទួល​ការ​គោរព​ប្រណិប័តន៍​ពី​បណ្ដា​ជន​អ៊ីស្រាអែល។ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​គោរព​ប្រណិប័តន៍​ព្រះ​ផ្សេង​ទៀត​ក្រៅ​ពី​ខ្ញុំ​ទេ​»។ (​ដច. ២០:៣​-​៥​) គ្រឿង​បូជា​ដែល​ពួក​គេ​ជូន​លោក​ត្រូវ​តែ​មាន​គុណ​ភាព​ខ្ពស់​បំផុត។ ជា​ឧទាហរណ៍ សត្វ​ជា​គ្រឿង​បូជា​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ​និង​មាន​កាយ​សម្បទា​ពេញ​លក្ខណៈ។ (​ចល. ១:៣; បច. ១៥:២១; សូម​ពិនិត្យ​បន្ថែម ម៉ាឡាគី ១:៦​-​៨​) ពួក​លេវី​បាន​ទទួល​ប្រយោជន៍​ពី​អំណោយ​ដែល​បណ្ដា​ជន​យក​មក​ជូន​ព្រះ​យេហូវ៉ា តែ​ពួក​គេ​ផ្ទាល់​ក៏​ត្រូវ​ជូន​គ្រឿង​បូជា​ដែរ។ អ្វី​ដែល​ពួក​គេ​ជូន​ត្រូវ​តែ​មក​ពី​«​ចំណែក​ដែល​ល្អ​បំផុត​»​ដែល​ពួក​គេ​បាន​ទទួល។ (​ជប. ១៨:២៩​) ស្ដី​អំពី​របៀប​គោរព​ប្រណិប័តន៍ បណ្ដា​ជន​អ៊ីស្រាអែល​បាន​ទទួល​ការ​ណែនាំ​ចំ​ៗ​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ជូន ទី​កន្លែង​ដែល​ជូន និង​របៀប​ដែល​ត្រូវ​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា។ ពួក​គេ​បាន​ទទួល​ច្បាប់​ជាង​៦០០​ប្រការ​ដើម្បី​ណែនាំ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ ហើយ​ពួក​គេ​បាន​ត្រូវ​រំលឹក​ថា​ចូរ​«​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ដិត​ដល់ ហើយ​មិន​ត្រូវ​បែរ​ទៅ​ខាង​ឆ្វេង​ឬ​ខាង​ស្ដាំ​ឡើយ​»។—បច. ៥:៣២

២៤ តើ​កន្លែង​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ជូន​គ្រឿង​បូជា​គឺ​ពិត​ជា​សំខាន់​ឬ? ពិត​ជា​សំខាន់​មែន។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​រាស្ត្រ​របស់​លោក​ឲ្យ​សង់​ត្រសាល​មួយ ហើយ​ត្រសាល​នោះ​បាន​ក្លាយ​ទៅ​ជា​កន្លែង​សំខាន់​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត។ (​ដច. ៤០:១​-​៣, ២៩, ៣៤​) នៅ​គ្រា​នោះ បើ​បណ្ដា​ជន​អ៊ីស្រាអែល​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​គ្រឿង​បូជា​របស់​ពួក​គេ ពួក​គេ​ត្រូវ​យក​ទៅ​ជូន​នៅ​ត្រសាល​នោះ។ *បច. ១២:១៧, ១៨

២៥. ស្ដី​អំពី​គ្រឿង​បូជា តើ​អ្វី​សំខាន់​បំផុត? សូម​ពន្យល់។

២៥ ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​នោះ​ទៅ​ទៀត គឺ​ជា​បំណង​ចិត្ត​របស់​បណ្ដា​ជន​អ៊ីស្រាអែល​ក្នុង​ការ​ជូន​អំណោយ​ជា​គ្រឿង​បូជា! បុគ្គល​នោះ​ត្រូវ​ជូន​ដោយ​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​អស់​ពី​ដួង​ចិត្ត​ចំពោះ​ព្រះ​យេហូវ៉ា និង​ចំពោះ​ខ្នាត​តម្រា​របស់​លោក។ (​សូម​អាន ការ​បំភ្លឺ​ច្បាប់ ៦:៤​-​៦) ពេល​បណ្ដា​ជន​អ៊ីស្រាអែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ការ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ នោះ​ព្រះ​យេហូវ៉ា​មិន​ទទួល​គ្រឿង​បូជា​របស់​ពួក​គេ​ទេ។ (​អេ. ១:១០​-​១៣​) តាម​រយៈ​អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ ព្រះ​យេហូវ៉ា​បង្ហាញ​ថា​មនុស្ស​មិន​អាច​បញ្ឆោត​លោក​ដោយ​បង្ហាញ​ភក្ដី​ភាព​មិន​ស្មោះ​នោះ​ទេ ព្រោះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​បណ្ដា​ជន​នេះ . . . គោរព​ខ្ញុំ​តែ​បបូរ​មាត់​ទេ តែ​ចិត្ត​របស់​ពួក​គេ​បាន​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ​វិញ​»។—អេ. ២៩:១៣

ការ​គោរព​ប្រណិប័តន៍​នៅ​ឯ​វិហារ

២៦. នៅ​ដើម​ដំបូង តើ​វិហារ​ដែល​សាឡូម៉ូន​បាន​សាង​សង់​ទាក់​ទង​យ៉ាង​ណា​នឹង​ការ​គោរព​ប្រណិប័តន៍​ពិត?

២៦ អស់​ជា​ច្រើន​សតវត្សរ៍​ក្រោយ​ពី​បណ្ដា​ជន​អ៊ីស្រាអែល​បាន​រស់​នៅ​លើ​ទឹក​ដី​ដែល​ព្រះ​បាន​សន្យា ស្ដេច​សាឡូម៉ូន​បាន​សង់​កន្លែង​គោរព​ប្រណិប័តន៍​ពិត​ដែល​ប្រសើរ​ជាង​ត្រសាល​ជំនុំ​នោះ​ឆ្ងាយ​ណាស់។ (​១​បស. ៧:៥១; ២​ប្រ. ៣:១, ៦, ៧​) អ្នក​ដែល​ទទួល​គ្រឿង​បូជា​ដែល​ត្រូវ​ជូន​នៅ​ឯ​វិហារ គឺ​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ។ សាឡូម៉ូន​និង​រាស្ត្រ​របស់​គាត់​បាន​ជូន​គ្រឿង​បូជា​យ៉ាង​ច្រើន​ដែល​មាន​គុណ​ភាព​ខ្ពស់ ហើយ​បាន​ជូន​តាម​របៀប​ដែល​មាន​ក្នុង​ការ​ណែនាំ​ពី​ច្បាប់​របស់​ព្រះ។ (​១​បស. ៨:៦៣​) វិហារ​នេះ​បាន​ត្រូវ​សាង​សង់​ដោយ​ប្រើ​ធន​ធាន​ច្រើន​ក្រៃ​លែង ហើយ​ក៏​បាន​ត្រូវ​ជូន​គ្រឿង​បូជា​យ៉ាង​ច្រើន​សន្ធឹក។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នេះ​មិន​មែន​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​គោរព​ប្រណិប័តន៍​នៅ​ឯ​វិហារ​នោះ​ទេ។ អ្វី​ដែល​សំខាន់​ចំពោះ​លោក​គឺ​ជា​បំណង​ចិត្ត​របស់​អ្នក​ដែល​ជូន​គ្រឿង​បូជា​នោះ។ សាឡូម៉ូន​បាន​បញ្ជាក់​អំពី​ចំណុច​នោះ​នៅ​ឯ​ពិធី​សម្ពោធន៍​វិហារ។ គាត់​បាន​ប្រាប់​ថា​៖ ​«​សូម​អ្នក​រាល់​គ្នា​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​[​ឬ​ចិត្ត​ស្មោះ​]​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង ដោយ​កាន់​តាម​ច្បាប់​និង​បញ្ញត្តិ​របស់​លោក ដូច​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​នៅ​ថ្ងៃ​នេះ​ដែរ​»។—១​បស. ៨:៥៧​-​៦១

២៧. តើ​បណ្ដា​ស្ដេច​អ៊ីស្រាអែល​និង​រាស្ត្រ​របស់​ពួក​គេ​បាន​ធ្វើ​អ្វី? ហើយ​តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​យ៉ាង​ណា?

២៧ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ បណ្ដា​ជន​អ៊ីស្រាអែល​មិន​បាន​បន្ត​ធ្វើ​តាម​ឱវាទ​ដ៏​ប្រកប​ដោយ​ប្រាជ្ញា​របស់​ស្ដេច​សាឡូម៉ូន​ទេ។ ពួក​គេ​មិន​បាន​បំពេញ​តាម​តម្រូវ​ការ​ណា​មួយ ឬ​តម្រូវ​ការ​ផ្សេង​ទៀត​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើយ។ បណ្ដា​ស្ដេច​អ៊ីស្រាអែល​និង​រាស្ត្រ​របស់​ពួក​គេ បាន​បណ្ដាល​ឲ្យ​ចិត្ត​របស់​ខ្លួន​ទៅ​ជា​ខូច​អាក្រក់។ ពួក​គេ​លែង​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា ហើយ​បោះ​បង់​ចោល​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​លោក។ ប៉ុន្តែ ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​បាន​ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​លោក​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ទៅ​កែ​តម្រង់​ពួក​គេ ហើយ​ព្រមាន​ពួក​គេ​អំពី​ផល​ពិបាក​ដែល​មក​ពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន។ (​យេ. ៧:១៣​-​១៥, ២៣​-​២៦​) ក្នុង​ចំណោម​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​នោះ មាន​អេសេគាល​ជា​អ្នក​ប្រកាស​ទំនាយ​ដ៏​ស្មោះ​ត្រង់។ គាត់​បាន​រស់​នៅ​គ្រា​ដ៏​ពិបាក​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត។

អេសេគាល​ឃើញ​ការ​គោរព​ប្រណិប័តន៍​ពិត​បាន​ត្រូវ​បង្ខូច

២៨, ២៩. តើ​យើង​ដឹង​អ្វី​ខ្លះ​អំពី​អេសេគាល? (សូម​មើល​ប្រអប់​«ជីវិត​របស់​អេសេគាល​និង​គ្រា​ដែល​គាត់​រស់​នៅ»)

២៨ អេសេគាល​បាន​ស្គាល់​យ៉ាង​ច្បាស់​អំពី​ការ​គោរព​ប្រណិប័តន៍​នៅ​ឯ​វិហារ​ដែល​សាឡូម៉ូន​បាន​សាង​សង់ ព្រោះ​ឪពុក​របស់​គាត់​ជា​សង្ឃ ហើយ​ទំនង​ជា​មាន​វេន​បម្រើ​នៅ​ឯ​វិហារ។ (​អេ​គ. ១:៣​) នៅ​គ្រា​ដែល​អេសេគាល​នៅ​ក្មេង គាត់​ប្រហែល​ជា​សប្បាយ​ណាស់។ ឪពុក​របស់​គាត់​ច្បាស់​ជា​បង្រៀន​គាត់​អំពី​ព្រះ​យេហូវ៉ា​និង​ច្បាប់​ម៉ូសេ។ ការ​ពិត ប្រហែល​នៅ​ពេល​អេសេគាល​កើត​មក ​«​សៀវភៅ​ច្បាប់​»​បាន​ត្រូវ​រក​ឃើញ​នៅ​ក្នុង​វិហារ។ * នៅ​គ្រា​នោះ យ៉ូសៀស​ជា​ស្ដេច​ល្អ​កំពុង​គ្រប់​គ្រង។ ក្រោយ​ពី​យ៉ូសៀស​បាន​ឮ​ពាក្យ​នៅ​ក្នុង​សៀវភៅ​ច្បាប់​នោះ គាត់​បាន​ត្រូវ​ជំរុញ​ចិត្ត​ឲ្យ​លើក​ស្ទួយ​ការ​គោរព​ប្រណិប័តន៍​ពិត​ថែម​ទៀត។—២​បស. ២២:៨​-​១៣

ឪពុក​របស់​អេសេគាល​ច្បាស់ជា​បង្រៀន​គាត់​អំពី​ព្រះ​យេហូវ៉ា​និង​ច្បាប់​ម៉ូសេ (សូម​មើល​វគ្គ​២៨)

២៩ ដូច​ពួក​បុរស​ស្មោះ​ត្រង់​ដែល​រស់​នៅ​មុន​គាត់ អេសេគាល​បាន​បំពេញ​តាម​តម្រូវ​ការ​ទាំង​បួន​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត។ សៀវភៅ​អេសេគាល​បង្ហាញ​ថា​គាត់​បាន​បម្រើ​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ ហើយ​គាត់​តែង​តែ​បម្រើ​លោក​អស់​ពី​សមត្ថភាព ព្រម​ទាំង​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា​ជា​និច្ច​តាម​របៀប​ដែល​លោក​តម្រូវ។ អេសេគាល​បាន​ធ្វើ​ដូច​នេះ ដោយ​សារ​គាត់​មាន​ជំនឿ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ប៉ុន្តែ មនុស្ស​នៅ​ជំនាន់​គាត់ ភាគ​ច្រើន​ធ្វើ​ផ្ទុយ​ពី​គាត់។ កាល​ដែល​គាត់​ធំ​ឡើង គាត់​ក៏​ធ្លាប់​ស្ដាប់​ទំនាយ​ដែល​យេរេមា​បាន​ប្រកាស​ទុក​ជា​មុន​ដែរ។ យេរេមា​បាន​ចាប់​ផ្ដើម​កិច្ច​បម្រើ​របស់​គាត់​នៅ​ឆ្នាំ​៦៤៧ មុន​គ.ស ហើយ​គាត់​បាន​ព្រមាន​យ៉ាង​ខ្នះ​ខ្នែង​នូវ​ការ​វិនិច្ឆ័យ​ពី​ព្រះ​យេហូវ៉ា​ដែល​នឹង​មក​នៅ​ថ្ងៃ​ខាង​មុខ។

៣០. (ក) តើ​ទំនាយ​ក្នុង​សៀវភៅ​អេសេគាល​បើក​បង្ហាញ​អំពី​អ្វី​ខ្លះ? (ខ) តើ​ទំនាយ​មាន​ន័យ​អ្វី? ហើយ​តើ​យើង​គួរ​យល់​យ៉ាង​ណា​អំពី​លក្ខណៈ​នៃ​សៀវភៅ​អេសេគាល? (សូម​មើល​ប្រអប់​«ការ​ពន្យល់​ទំនាយ​អេសេគាល»)

៣០ អ្វី​ដែល​ព្រះ​បាន​ដឹក​នាំ​អេសេគាល​ឲ្យ​សរសេរ​បង្ហាញ​ថា​រាស្ត្រ​របស់​ព្រះ​បាន​ឃ្លាត​ឆ្ងាយ​យ៉ាង​ណា​ពី​ការ​បម្រើ​លោក។ (​សូម​អាន អេសេគាល ៨:៦) ពេល​ដែល​ព្រះ​យេហូវ៉ា​ប្រៀន​ប្រដៅ​ជន​ជាតិ​យូដា អេសេគាល​ក៏​បាន​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​បាប៊ីឡូន​ដែរ។ (​២​បស. ២៤:១១​-​១៧​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នេះ​មិន​មែន​មាន​ន័យ​ថា​ព្រះ​ដាក់​ទោស​គាត់​ទេ ព្រោះ​ព្រះ​យេហូវ៉ា​មាន​ភារកិច្ច​ឲ្យ​គាត់​ធ្វើ ដើម្បី​បង្ហាញ​រាស្ត្រ​របស់​លោក​ដែល​បាន​ត្រូវ​និរទេស។ ការ​បើក​បង្ហាញ​ដ៏​អស្ចារ្យ​និង​ទំនាយ​ផ្សេង​ៗ​ដែល​អេសេគាល​បាន​កត់​ទុក បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​របៀប​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​ត្រូវ​រៀបចំ​ឡើង​វិញ​នៅ​ក្រុង​យេរូសាឡិម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​បើក​បង្ហាញ​និង​ទំនាយ​ទាំង​នោះ ជួយ​យើង​ឲ្យ​ដឹង​ទុក​ជា​មុន​អំពី​របៀប​ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​ត្រូវ​រៀបចំ​ឡើង​វិញ​ទាំង​ស្រុង​សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា។

៣១. តើ​សៀវភៅ​នេះ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​អ្វី?

៣១ នៅ​ក្នុង​ផ្នែក​បន្ត​បន្ទាប់​នៃ​សៀវភៅ​នេះ យើង​នឹង​ឃើញ​មួយ​ផ្នែក​តូច​នៃ​ស្ថាន​សួគ៌​ដែល​ជា​លំនៅ​របស់​ព្រះ​យេហូវ៉ា ហើយ​ស្វែង​យល់​អំពី​របៀប​ដែល​ការ​គោរព​ប្រណិប័តន៍​ពិត​លែង​បរិសុទ្ធ ព្រម​ទាំង​រៀន​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ការ​ពារ​រាស្ត្រ​របស់​លោក និង​រៀបចំ​ពួក​គេ​ឡើង​វិញ ហើយ​ឃើញ​ទុក​ជា​មុន​អំពី​ពេល​ដែល​មនុស្ស​ទាំង​អស់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ក្នុង​ជំពូក​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​ជា​លើក​ដំបូង​ដែល​អេសេគាល​បាន​កត់​ទុក នោះ​នឹង​ជួយ​យើង​ឲ្យ​ស្រមៃ​គិត​អំពី​ព្រះ​យេហូវ៉ា​និង​អង្គការ​ផ្នែក​នៅ​ស្ថាន​សួគ៌​របស់​លោក ដោយ​បញ្ជាក់​ថា​មាន​តែ​លោក​ប៉ុណ្ណោះ ដែល​សម​ទទួល​ការ​គោរព​ប្រណិប័តន៍​ពិត។

^ វគ្គ 4 តាម​មើល​ទៅ មិន​យូរ​ក្រោយ​ពី​អាដាម​និង​អេវ៉ា​បាន​ត្រូវ​បណ្ដេញ​ពី​សួន​អេដែន អេវ៉ា​បាន​ពពោះ​អេបិល។ (ដក. ៤:១, ២) ដើម​កំណើត ៤:២៥​ចែង​ថា ព្រះ​បាន​ប្រគល់​សេត​«ជំនួស​អេបិល»។ ក្រោយ​ពី​អេបិល​បាន​ត្រូវ​សម្លាប់​យ៉ាង​ឃោរ​ឃៅ អាដាម​មាន​កូន​ម្នាក់​ទៀត​ឈ្មោះ​សេត ហើយ​ពេល​នោះ​គាត់​មាន​អាយុ​១៣០​ឆ្នាំ។ (ដក. ៥:៣) ដូច្នេះ អេបិល​ប្រហែល​ជា​មាន​អាយុ​១០០​ឆ្នាំ ពេល​កាអ៊ីន​បាន​សម្លាប់​គាត់។

^ វគ្គ 15 ដើម​កំណើត ៤:២៦​ចែង​ថា នៅ​គ្រា​អេណុស​ដែល​ជា​ចៅ​អាដាម​«បណ្ដា​ជន​ចាប់​ផ្ដើម​ហៅ​នាម​ព្រះ​យេហូវ៉ា»។ ប៉ុន្តែ តាម​មើល​ទៅ​ពួក​គេ​ធ្វើ​ដូច្នេះ​តាម​របៀប​ដែល​មិន​គោរព​ទេ ហើយ​ប្រហែល​ប្រើ​នាម​ព្រះ​យេហូវ៉ា​ទាក់​ទង​នឹង​រូប​ព្រះ​មិន​ពិត។

^ វគ្គ 17 ព្រះ​ណាណា​ក៏​មាន​ឈ្មោះ​ថា ស៊ីន​ដែរ គេ​ជឿ​ថា​ព្រះ​នោះ​មាន​ភេទ​ប្រុស។ ទោះ​ជា​អ្នក​ក្រុង​អឺ បាន​គោរព​បូជា​ព្រះ​ជា​ច្រើន​ក៏​ដោយ វិហារ​និង​ទី​បូជា​ផ្សេងៗ​នៅ​ក្នុង​ក្រុង​នោះ​បាន​ត្រូវ​ធ្វើ​ឡើង​ជា​ចម្បង​សម្រាប់​ជូន​ដល់​ព្រះ​ណាណា។

^ វគ្គ 24 ក្រោយ​ពី​ហឹប​ពិសិដ្ឋ​បាន​ត្រូវ​យក​ចេញ​ពី​ត្រសាល​ជំនុំ តាម​មើល​ទៅ​ព្រះ​យេហូវ៉ា​ព្រម​ទទួល​គ្រឿង​បូជា​ដែល​បាន​ត្រូវ​ជូន​នៅ​កន្លែង​ផ្សេងៗ​ទៀត​ដែរ។—១​សាំ. ៤:៣, ១១; ៧:៧​-​៩; ១០:៨; ១១:១៤, ១៥; ១៦:៤, ៥; ១​ប្រ. ២១:២៦​-​៣០

^ វគ្គ 28 តាម​មើល​ទៅ​អេសេគាល​មាន​អាយុ​៣០ឆ្នាំ ពេល​ដែល​គាត់​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ​នៅ​ឆ្នាំ​៦១៣ មុន​គ.ស.។ ដូច្នេះ គាត់​ប្រហែល​ជា​បាន​កើត​នៅ​ឆ្នាំ​៦៤៣ មុន​គ.ស.។ (អេគ. ១:១) យ៉ូសៀស​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ឆ្នាំ​៦៥៩ មុន គ.ស. ហើយ​សៀវភៅ​ច្បាប់​(ប្រហែល​ជា​ច្បាប់​ដើម)​បាន​ត្រូវ​រក​ឃើញ​ទំនង​ជា​នៅ​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​របស់​គាត់ ឬ​ប្រហែល​ជា​រវាង​ឆ្នាំ​៦៤២​ដល់​៦៤១ មុន​គ.ស.។