លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទី១៥

«ខ្ញុំនឹងបញ្ឈប់អំពើពេស្យាចាររបស់អ្នក»

«ខ្ញុំនឹងបញ្ឈប់អំពើពេស្យាចាររបស់អ្នក»

អេសេគាល ១៦:៤១

គោល​ចំណុច: អ្វី​ដែល​យើង​អាច​រៀន​ពី​ការ​ពណ៌នា​អំពី​ស្ត្រី​ពេស្យា​ក្នុង​សៀវភៅ​អេសេគាល​និង​សៀវភៅ​ការ​បើក​បង្ហាញ

១, ២. តើ​ស្រី​ពេស្យា​បែប​ណា​ជា​ស្រី​ពេស្យា​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត?

ពេល​ឮ​ថា​ស្ត្រី​ម្នាក់​បាន​ក្លាយ​ទៅ​ជា​ស្រី​ពេស្យា គឺ​គួរ​ឲ្យ​ស្ដាយ​ណាស់! យើង​ប្រហែល​ជា​ឆ្ងល់​ថា តើ​មាន​កាលៈទេសៈ​អ្វី​ខ្លះ​ដែល​បាន​ជំ​រុញ​នាង​ឲ្យ​មាន​គន្លង​ជីវិត​ដ៏​ស្មោក​គ្រោក​បែប​នេះ? តើ​ដោយ​សារ​អំពើ​ហិង្សា​ឬ​ការ​ធ្វើ​បាប​ពី​សមាជិក​ណា​ម្នាក់​ក្នុង​គ្រួសារ​របស់​នាង ជំរុញ​នាង​ឲ្យ​ធ្វើ​ជា​ស្រី​ពេស្យា​តាំង​ពី​ក្មេង​ឬ? ឬ​តើ​ភាព​ក្រី​ក្រ​តោកយ៉ាក​បាន​ជំ​រុញ​នាង​ឲ្យ​ធ្វើ​ជា​ស្រី​បម្រើ​ខាង​ផ្លូវ​ភេទ​ឬ? តើ​នាង​កំពុង​គេច​ខ្លួន​ពី​ប្ដី​ដ៏​សាហាវ​ព្រៃ​ផ្សៃ​ឬ? ជា​ញឹក​ញយ រឿង​ដ៏​ខ្លោច​ផ្សា​ដូច​នេះ​កើត​ឡើង​ក្នុង​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​យេស៊ូ​ប្រព្រឹត្ត​យ៉ាង​សប្បុរស​ចំពោះ​ស្ត្រី​ដូច​នោះ។ លោក​យេស៊ូ​បាន​បញ្ជាក់​ថា អស់​អ្នក​ដែល​ប្រែ​ចិត្ត ហើយ​ផ្លាស់​ប្ដូរ​គន្លង​ជីវិត​របស់​ខ្លួន អាច​ទទួល​បាន​ជីវិត​ប្រសើរ​ជាង។—ម៉ាថ. ២១:២៨​-​៣២; លូក. ៧:៣៦​-​៥០

ប៉ុន្តែ សូម​ឲ្យ​យើង​ពិចារណា​អំពី​ស្ត្រី​ពេស្យា​មួយ​ប្រភេទ​ទៀត។ សូម​ស្រមៃ​គិត​ស្ត្រី​ម្នាក់​ជ្រើស​រើស​គន្លង​ជីវិត​នោះ​ដោយ​ចេតនា។ នាង​មិន​គិត​ថា​ជីវិត​ជា​ស្រី​ពេស្យា​ជា​អ្វី​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទេ! តែ​នាង​មាន​មោទនភាព​ចំពោះ​ជីវិត​បែប​នោះ​ទៅ​វិញ។ នាង​ស្រឡាញ់​ប្រាក់ និង​មុខ​មាត់​ដែល​មក​ពី​អាជីព​នោះ។ អាក្រក់​ជាង​នោះ​ទៅ​ទៀត បើ​នាង​មាន​ប្ដី​ដ៏​ល្អ​និង​ស្មោះ​ត្រង់ តែ​នាង​បែរ​ជា​ក្បត់​គាត់​ដើម្បី​ធ្វើ​ជា​ស្រី​ពេស្យា យើង​ច្បាស់​ជា​មាន​អារម្មណ៍​ខ្ពើម​រអើម​ចំពោះ​ស្ត្រី​ដូច​នោះ​និង​គន្លង​ជីវិត​ដែល​នាង​បាន​ជ្រើស​រើស មែន​ទេ? ព្រះ​យេហូវ៉ា​ក៏​មាន​អារម្មណ៍​ដូច​នោះ​ដែរ។ នេះ​ជា​មូលហេតុ​មួយ​ដែល​លោក​ប្រើ​ការ​ពណ៌នា​អំពី​ស្រី​ពេស្យា​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​បញ្ជាក់​នូវ​អារម្មណ៍​របស់​លោក​ចំពោះ​សាសនា​មិន​ពិត។

៣. ក្នុង​ជំពូក​នេះ តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​ខ្លះ?

ក្នុង​សៀវភៅ​អេសេគាល​មាន​ពីរ​ជំពូក​ដែល​រៀប​រាប់​អំពី​អំពើ​ពេស្យាចារ ហើយ​នេះ​បញ្ជាក់​អំពី​ភាព​មិន​ស្មោះ​ត្រង់​របស់​រាស្ត្រ​ព្រះ​នៅ​ស្រុក​អ៊ីស្រាអែល​និង​ស្រុក​យូដា។ (​អេគ. ជំ.១៦ និង​២៣​) ប៉ុន្តែ មុន​យើង​ពិចារណា​នៅ​ជំពូក​ទាំង​ពីរ​នោះ ជា​ការ​ល្អ​ឲ្យ​យើង​គិត​អំពី​ស្ត្រី​ពេស្យា​មួយ​ដែល​ជា​និមិត្តរូប។ ស្ត្រី​ពេស្យា​នេះ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​តាំង​ពី​យូរ​មុន​សម័យ​អេសេគាល ថែម​ទាំង​មុន​ប្រជា​ជាតិ​អ៊ីស្រាអែល​កើត​ឡើង​ទៅ​ទៀត។ រហូត​មក​ដល់​សព្វ​ថ្ងៃ ក៏​នៅ​តែ​មាន​អំពើ​ពេស្យាចារ​នេះ​ដែរ។ សៀវភៅ​ការ​បើក​បង្ហាញ​ដែល​ជា​សៀវភៅ​ចុង​ក្រោយ​ក្នុង​គម្ពីរ​ប្រាប់​អំពី​អត្តសញ្ញាណ​របស់​ស្ត្រី​ពេស្យា​នេះ។

​«​ម្ដាយ​នៃ​ស្រី​ពេស្យា​ទាំង​ឡាយ​»​

៤, ៥. តើ​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»​ជា​អ្វី? ហើយ​ហេតុ​អ្វី​យើង​សន្និដ្ឋាន​ដូច្នេះ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

នៅ​ចុង​សតវត្សរ៍​ទី​១ ក្នុង​ការ​បើក​បង្ហាញ​ដែល​លោក​យេស៊ូ​ផ្ដល់​ឲ្យ​សាវ័ក​យ៉ូហាន មាន​បុគ្គល​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មួយ​រូប។ នាង​បាន​ត្រូវ​ហៅ​ថា​៖ ​«​មេ​ស្ត្រី​ពេស្យា​»​និង​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ដែល​ជា​ម្ដាយ​នៃ​ស្រី​ពេស្យា​ទាំង​ឡាយ​»។ (​បប. ១៧:១,​) អស់​ជា​ច្រើន​សតវត្សរ៍ អត្តសញ្ញាណ​ពិត​របស់​នាង​បាន​ត្រូវ​លាក់​កំបាំង​ពី​ពួក​អ្នក​ដឹក​នាំ​សាសនា​និង​បណ្ឌិត​គម្ពីរ។ ពួក​គេ​និយាយ​ខុស​ៗ​គ្នា​ថា នាង​តំណាង​ឲ្យ​បាប៊ីឡូន រ៉ូម ឬ​វិហារ​កាតូលិក។ ប៉ុន្តែ អស់​ជា​ច្រើន​ទសវត្សរ៍​សាក្សី​ព្រះ​យេហូវ៉ា​ស្គាល់​អត្តសញ្ញាណ​ពិត​របស់​«​មេ​ស្ត្រី​ពេស្យា​»​នេះ គឺ​នាង​តំណាង​ឲ្យ​ចក្រភព​សាសនា​មិន​ពិត។ ហេតុ​អ្វី​ក៏​យើង​សន្និដ្ឋាន​ដូច្នេះ?

ស្រី​ពេស្យា​នេះ​បាន​ត្រូវ​វិនិច្ឆ័យ​ទោស ដោយ​សារបាន​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​ជា​មួយ​នឹង​«​ស្ដេច​នានា​នៅ​ផែនដី​»​ ពោល​គឺ​អំណាច​ខាង​យោ​បាយ។ ដូច្នេះ នាង​ច្បាស់​ជា​មិន​តំណាង​ឲ្យ​អំណាច​ខាង​នយោបាយ​ទេ។ បន្ថែម​ទៅ​ទៀត សៀវភៅ​ការ​បើក​បង្ហាញ​បញ្ជាក់​ថា​«​ពួក​អ្នក​ជួញ​ដូរ​នៅ​ផែនដី​»​ឬ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ក្នុង​ពិភព​លោក កើត​ទុក្ខ​ដោយ​សារ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​បាន​ត្រូវ​បំផ្លាញ។ ហេតុ​នេះ បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​មិន​អាច​តំណាង​ឲ្យ​ប្រព័ន្ធ​ពាណិជ្ជកម្ម​បាន​ទេ។ ចុះ​នាង​តំណាង​អ្វី? ការ​ប្រព្រឹត្ត​របស់​នាង​ជាប់​ទាក់​ទង​នឹង​«​ពួក​វិញ្ញាណ​អាក្រក់​»​ គឺ​ការ​គោរព​បូជា​រូប​ព្រះ​និង​ការ​បោក​បញ្ឆោត។ អ្វី​ទាំង​នេះ​ច្បាស់​ជា​សំដៅ​ទៅ​លើ​អង្គការ​សាសនា​នានា​ដ៏​ខូច​អាក្រក់​ក្នុង​ពិភព​លោក​នេះ មែន​ទេ? សូម​កត់​សម្គាល់​ដែរ​ថា ស្រី​ពេស្យា​នេះ​បាន​ត្រូវ​រៀប​រាប់​ថា​នាង​អង្គុយ​លើ​ឬ​មាន​ឥទ្ធិពល​មួយ​កម្រិត​ទៅ​លើ​ប្រព័ន្ធ​នយោបាយ​នៅ​ទូទាំង​ផែនដី។ នាង​ក៏​បៀត​បៀន​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ផង​ដែរ។ (​បប. ១៧:២, ៣; ១៨:១១, ២៣, ២៤​) នេះ​ហើយ​ជា​អ្វី​ដែល​សាសនា​មិន​ពិត​បាន​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ មែន​ទេ?

ប៉ម​បាបិល​នៅ​សម័យ​បុរាណ​ដែល​ក្រោយ​មក​បាន​ត្រូវ​ហៅ​ថា​បាប៊ីឡូន ជា​ដើម​កំណើត​នៃ​លទ្ធិ​និង​ទំនៀម​ទម្លាប់​សាសនា​មិន​ពិត ព្រម​ទាំង​អង្គការ​សាសនា​មិន​ពិត​ផង​ដែរ (សូម​មើល​វគ្គ​៦)

៦. តើ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ជា​«​ម្ដាយ​នៃ​ស្រី​ពេស្យា​ទាំង​ឡាយ​»​ក្នុង​ន័យ​អ្វី?

បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​មិន​គ្រាន់​តែ​បាន​ត្រូវ​ហៅ​ថា​«​មេ​ស្ត្រី​ពេស្យា​»​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ត្រូវ​ហៅ​ថា​«​ម្ដាយ​នៃ​ស្រី​ពេស្យា​ទាំង​ឡាយ​»​ដែរ។ ហេតុ​អ្វី? សាសនា​មិន​ពិត​មាន​ច្រើន​រាប់​មិន​អស់។ បន្ថែម​ទៅ​ទៀត សាសនា​មិន​ពិត​បាន​ត្រូវ​បែង​ចែក​ជា​ក្រុម​និង​និកាយ​ផ្សេង​ៗ​ជា​ច្រើន​ឥត​គណនា។ ចាប់​តាំង​ពី​គ្រា​ដែល​ភាសា​បាន​ត្រូវ​បំភាន់​នៅ​ប៉ម​បាបិល​ឬ​បាប៊ីឡូន​សម័យ​បុរាណ លទ្ធិ​សាសនា​មិន​ពិត​សព្វ​បែប​យ៉ាង​បាន​រីក​រាល​ដាល​ទៅ​កន្លែង​ផ្សេង​ៗ​ពេញ​ផែនដី។ នេះ​បណ្ដាល​ឲ្យ​មាន​សាសនា​ខុស​ៗ​គ្នា​ជា​ច្រើន​ក្រៃ​លែង។ ដូច្នេះ ជា​ការ​ត្រឹម​ត្រូវ​ដែល​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»​ បាន​ត្រូវ​ដាក់​ឈ្មោះ​តាម​ក្រុង​បាប៊ីឡូន​ជា​ដើម​កំណើត​នៃ​សាសនា​មិន​ពិត​ទាំង​ឡាយ! (​ដក. ១១:១​-​៩​) ហេតុ​នេះ សាសនា​ទាំង​ឡាយ​អាច​ត្រូវ​ចាត់​ទុក​ជា​«​កូន​ស្រី​ៗ​»​របស់​អង្គការ​មួយ​ឬ​មេ​ស្ត្រី​ពេស្យា។ ជា​ញឹក​ញយ សាថាន​ប្រើ​សាសនា​ដូច​នោះ​ដើម្បី​ទាក់​ទាញ​មនុស្ស​ឲ្យ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច និង​គោរព​បូជា​រូប​ព្រះ ព្រម​ទាំង​មាន​ជំនឿ​និង​ទំនៀម​ទម្លាប់​ដែល​មិន​លើក​កិត្តិយស​ព្រះ។ ហេតុ​នេះ​ហើយ​រាស្ត្រ​របស់​ព្រះ​បាន​ត្រូវ​ព្រមាន​ស្ដី​អំពី​អង្គការ​ដ៏​ខូច​អាក្រក់​នៅ​ទូទាំង​ផែនដី​នោះ​ថា​៖ ​«​រាស្ដ្រ​ខ្ញុំ​អើយ ចូរ​ចេញ​ពី​ក្រុង​នោះ​មក ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ចង់​មាន​ចំណែក​ក្នុង​អំពើ​ខុស​ឆ្គង​របស់​នាង​»​!—សូម​អាន ការ​បើក​បង្ហាញ ១៨:៤, ៥

៧. ហេតុ​អ្វី​យើង​ត្រូវ​ធ្វើ​តាម​ការ​ព្រមាន​ឲ្យ​«​ចេញ​»​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា?

តើ​អ្នក​បាន​ធ្វើ​តាម​ការ​ព្រមាន​នោះ​ទេ? សូម​ចាំ​ថា គឺ​ជា​ព្រះ​យេហូវ៉ា​ផ្ទាល់​ដែល​បង្កើត​មនុស្សជាតិ​ឲ្យ​ចេះ​«​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ​»។ (​ម៉ាថ. ៥:៣​) មាន​វិធី​តែ​មួយ​ប៉ុណ្ណោះ​ដែល​មនុស្ស​អាច​បំពេញ​ការ​ស្រេក​ឃ្លាន​នោះ គឺ​តាម​រយៈ​ការ​គោរព​ប្រណិប័តន៍​ពិត​ដល់​ព្រះ​យេហូវ៉ា។ តាម​ធម្មតា អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ចង់​នៅ​ឲ្យ​ឆ្ងាយ​បំផុត​ពី​ការ​គោរព​ប្រណិប័តន៍​មិន​ពិត។ ប៉ុន្តែ មេ​កំណាច​សាថាន​មាន​គោល​ដៅ​ផ្ទុយ​ពី​នេះ គឺ​វា​ចូល​ចិត្ត​ទាក់​ទាញ​រាស្ត្រ​របស់​ព្រះ​ឲ្យ​ចូល​អន្ទាក់​នៃ​សាសនា​មិន​ពិត ហើយ​ជា​ញឹក​ញយ​វា​បាន​ជោគ​ជ័យ។ រហូត​មក​ដល់​សម័យ​អេសេគាល រាស្ត្រ​របស់​ព្រះ​មាន​ប្រវត្តិ​ជាប់​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​មិន​ពិត​រួច​ទៅ​ហើយ។ យើង​គួរ​ពិនិត្យ​មើល​ប្រវត្តិសាស្ត្រ​នោះ ព្រោះ​នោះ​អាច​បង្រៀន​យើង​ជា​ច្រើន​អំពី​ខ្នាត​តម្រា យុត្តិធម៌ និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​យេហូវ៉ា។

​«​អ្នក​ក៏​តាំង​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​»​

៨​-​១០. តើ​ការ​គោរព​ប្រណិប័តន៍​ពិត​មាន​តម្រូវ​ការ​ដ៏​សំខាន់​អ្វី​ដែល​ជួយ​យើង​ឲ្យ​យល់​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ទាក់​ទង​នឹង​សាសនា​មិន​ពិត? សូម​លើក​ឧទាហរណ៍។

ក្នុង​សៀវភៅ​អេសេគាល ព្រះ​យេហូវ៉ា​បាន​ប្រើ​ឧទាហរណ៍​អំពី​ស្រី​ពេស្យា​ដើម្បី​បញ្ជាក់​អារម្មណ៍​របស់​លោក។ អេសេគាល​បាន​ត្រូវ​ដឹក​នាំ​ឲ្យ​កត់​កំណត់​ហេតុ​ដ៏​រស់​រវើក​ពីរ ដែល​រៀប​រាប់​អំពី​ការ​ឈឺ​ចាប់​របស់​ព្រះ​យេហូវ៉ា ដោយ​សារ​រាស្ត្រ​របស់​លោក​បាន​ក្បត់​លោក ហើយ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ។ ហេតុ​អ្វី​លោក​ប្រៀប​ប្រដូច​ពួក​គេ​ទៅ​នឹង​ស្រី​ពេស្យា?

ដើម្បី​ដឹង​ចម្លើយ ដំបូង​យើង​ត្រូវ​រំលឹក​អំពី​តម្រូវ​ការ​សំខាន់​មួយ​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត ដែល​យើង​បាន​ពិចារណា​នៅ​ជំពូក​ទី​៥​ក្នុង​សៀវភៅ​នេះ។ ក្នុង​ក្រឹត្យ​វិន័យ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល លោក​បាន​ប្រាប់​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​គោរព​ប្រណិប័តន៍​ព្រះ​ផ្សេង​ទៀត​ក្រៅ​ពី​ខ្ញុំ​ទេ។ . . . ខ្ញុំ​ជា​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ខ្ញុំ​តម្រូវ​ឲ្យ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​»។ (​ដច. ២០:៣,​) ក្រោយ​មក លោក​បាន​បញ្ជាក់​ម្ដង​ទៀត​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ក្រាប​គោរព​ព្រះ​ណា​ទៀត​ឡើយ ព្រោះ​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​គោរព​ប្រណិប័តន៍​លោក​តែ​មួយ​ប៉ុណ្ណោះ។ អ្នក​ណា​ក៏​ដឹង​ដែរ​ថា​លោក​ជា​ព្រះ​ដែល​តម្រូវ​ឲ្យ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​»។ (​ដច. ៣៤:១៤​) ដូច្នេះ ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​រឿង​នេះ។ យើង​មិន​អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត​បាន​ទេ លុះ​ត្រា​តែ​យើង​គោរព​ប្រណិប័តន៍​លោក​ផ្ដាច់​មុខ។

១០ ជា​ឧទាហរណ៍ សូម​ស្រមៃ​គិត​អំពី​ប្ដី​ប្រពន្ធ​មួយ​គូ។ ទាំង​ប្ដី​ទាំង​ប្រពន្ធ​មាន​សិទ្ធិ​តម្រូវ​ឲ្យ​គូ​របស់​ខ្លួន​ស្មោះ​ត្រង់​ជា​និច្ច។ បើ​ប្ដី​ឬ​ប្រពន្ធ​មាន​អារម្មណ៍​ស្នេហា​ឬ​មាន​ចំណង់​ផ្លូវ​ភេទ​ជា​មួយ​បុគ្គល​ផ្សេង​ទៀត នោះ​ជា​ការ​ត្រឹម​ត្រូវ​ដែល​គូ​របស់​ខ្លួន​មាន​ចិត្ត​ប្រច័ណ្ឌ​និង​ឈឺ​ចាប់​ជា​ខ្លាំង។ (​សូម​អាន ហេប្រឺ ១៣:៤) ស្រដៀង​គ្នា​ដែរ ស្ដី​អំពី​ការ​គោរព​ប្រណិប័តន៍ គឺ​ជា​ការ​ត្រឹម​ត្រូវ​ដែល​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​ឈឺ​ចិត្ត ពេល​រាស្ត្រ​ដែល​ប្រគល់​ខ្លួន​ផ្ដាច់​មុខ​ជូន​លោក បែរ​ជា​គោរព​ប្រណិប័តន៍​ព្រះ​មិន​ពិត​ទៅ​វិញ។ លោក​បញ្ជាក់​អំពី​អារម្មណ៍​ឈឺ​ចាប់​ដែល​មក​ពី​ការ​ក្បត់​នៅ​អេសេគាល​ជំពូក​ទី​១៦

១១. តើ​ព្រះ​យេហូវ៉ា​រៀប​រាប់​យ៉ាង​ណា​អំពី​យេរូសាឡិម​និង​ដើម​កំណើត​របស់​នាង?

១១ ក្នុង​សៀវភៅ​អេសេគាល​ទាំង​មូល ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​វែង​ជាង​គេ​នៅ​ជំពូក​ទី​១៦ ហើយ​ប្រសាសន៍​នេះ​ជា​ការ​ប្រកាស​ទុក​ជា​មុន​ដ៏​វែង​មួយ​ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ។ ព្រះ​យេហូវ៉ា​ផ្ដោត​ទៅ​លើ​ក្រុង​យេរូសាឡិម ដែល​តំណាង​ឲ្យ​ពួក​យូដា​ដែល​មិន​ស្មោះ​ត្រង់។ លោក​រៀប​រាប់​អំពី​ប្រវត្តិ​កម្សត់​របស់​នាង និង​រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​តក់​ស្លុត​ស្ដី​អំពី​ការ​ក្បត់​របស់​នាង។ ពេល​នាង​កើត​មក នាង​បាន​ត្រូវ​គេ​បោះ​បង់​ចោល ហើយ​គ្មាន​អ្នក​ណា​មើល​ថែ​ទេ។ ឪពុក​ម្ដាយ​នាង​ជា​ជន​ជាតិ​កាណាន​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ ពួក​គេ​គោរព​បូជា​ព្រះ​មិន​ពិត (​តាំង​ពី​យូរ​មក​ហើយ ក្រុង​យេរូសាឡិម​បាន​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​កុលសម្ព័ន្ធ​យេប៊ូស​ដែល​ជា​ជន​ជាតិ​កាណាន តែ​ក្រោយ​មក​ដាវីឌ​បាន​ចាប់​យក​ក្រុង​នោះ​)។ ពេល​ព្រះ​យេហូវ៉ា​ឃើញ​ទារក​នោះ លោក​មាន​ចិត្ត​អាណិត​អាសូរ​ជា​ខ្លាំង។ លោក​ក៏​យក​នាង​មក​សម្អាត ហើយ​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​នាង។ ក្រោយ​មក ពេល​នាង​ពេញ​វ័យ នាង​ក៏​បាន​ក្លាយ​ទៅ​ជា​ប្រពន្ធ​របស់​លោក។ តាម​ពិត ជន​ជាតិ​អ៊ីស្រាអែល​ដែល​ក្រោយ​មក​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡិម ពួក​គេ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​តាំង​ពី​ពួក​គេ​ស្ម័គ្រ​ចិត្ត​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​លោក​នៅ​សម័យ​ម៉ូសេ។ (​ដច. ២៤:៧, ៨​) ក្រោយ​ពី​ក្រុង​យេរូសាឡិម​ក្លាយ​ជា​រាជធានី ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​នាង​មាន​ភាព​ចម្រុង​ចម្រើន និង​សោភ័ណ​ភាព​ស្រស់​ស្អាត ដូច​ជា​ប្ដី​ដែល​មាន​ស្ដុក​ស្ដម្ភ​និង​មាន​អំណាច ស្រឡាញ់​ប្រពន្ធ​ខ្លួន ហើយ​ផ្ដល់​គ្រឿង​លម្អ​ប្រណីត​ៗ​ដល់​នាង។—អេគ. ១៦:១​-​១៤

សាឡូម៉ូន​បាន​ទទួល​ឥទ្ធិពល​ពី​ប្រពន្ធ​ជា​ច្រើន​របស់​គាត់​ដែល​ជា​ជន​ជាតិ​ដទៃ ហើយ​បាន​បណ្ដាល​ឲ្យ​ក្រុង​យេរូសាឡិម​ពេញ​ទៅ​ដោយ​ការ​គោរព​បូជា​រូប​ព្រះ (សូម​មើល​វគ្គ​១២)

១២. តើ​តាម​របៀប​ណា​អ្នក​ក្រុង​យេរូសាឡិម​ចាប់​ផ្ដើម​មិន​ស្មោះ​ត្រង់?

១២ សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​បន្ទាប់​មក។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ដោយ​អាង​ថា​ខ្លួន​ស្រស់​ស្អាត​និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ អ្នក​ក៏​តាំង​ប្រព្រឹត្ត​អំពើ​ពេស្យាចារ។ អ្នក​បាន​ប្រព្រឹត្ត​អំពើ​នោះ​ដោយ​ឥត​អៀន​ខ្មាស​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ដើរ​ឆ្លង​កាត់។ ទី​បំផុត ភាព​ស្រស់​ស្អាត​របស់​អ្នក​បាន​ទៅ​ជា​របស់​គេ​វិញ​»។ (​អេគ. ១៦:១៥​) នៅ​គ្រា​សាឡូម៉ូន ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​និង​ធ្វើ​ឲ្យ​អ្នក​ក្រុង​យេរូសាឡិម មាន​ភាព​ចម្រុង​ចម្រើន​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ក្រុង​នោះ​ទៅ​ជា​ក្រុង​ដ៏​ល្បី​ល្បាញ​មួយ ហើយ​មាន​កេរ្តិ៍​ឈ្មោះ​រន្ទឺ​សុសសាយ​នៅ​សម័យ​នោះ។ (​១​បស. ១០:២៣, ២៧​) ប៉ុន្តែ បន្តិច​ម្ដង​ៗ​អ្នក​ក្រុង​នោះ​លែង​ស្មោះ​ត្រង់​នឹង​លោក។ ជា​ឧទាហរណ៍ សាឡូម៉ូន​មាន​ប្រពន្ធ​ជា​ច្រើន​ជា​ជន​ជាតិ​ដទៃ ហើយ​ដោយ​សារ​គាត់​ចង់​បំពេញ​ចិត្ត​ប្រពន្ធ​ទាំង​នោះ គាត់​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូសាឡិម​ពេញ​ទៅ​ដោយ​ការ​គោរព​បូជា​រូប​ព្រះ។ (​១​បស. ១១:១​-​៨​) ស្ដេច​ខ្លះ​បន្ទាប់​ពី​គាត់​បាន​ធ្វើ​អាក្រក់​ជាង​នោះ​ទៅ​ទៀត ដោយ​នាំ​ឲ្យ​មាន​ការ​គោរព​ប្រណិប័តន៍​មិន​ពិត​នៅ​ពេញ​ទូទាំង​ស្រុក។ តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អំពើ​ក្បត់​និង​អំពើ​ពេស្យាចារ​ដូច​នោះ? លោក​មាន​ប្រសាសន៍​ថា​៖ ​«​រឿង​នោះ​មិន​គួរ​មាន​ឬ​កើត​ឡើង​ទាល់​តែ​សោះ​»។ (​អេគ. ១៦:១៦​) ប៉ុន្តែ រាស្ត្រ​មិន​ស្មោះ​ត្រង់​របស់​លោក​បាន​ធ្លាក់​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​អំពើ​ស្មោក​គ្រោក​ទាំង​នោះ!

ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​ដុត​កូន​របស់​ពួក​គេ​ជូន​ព្រះ​មិន​ពិត ដូច​ជា​ដល់​ព្រះ​ម៉ូឡេក​ជា​ដើម

១៣. តើ​រាស្ត្រ​របស់​ព្រះ​នៅ​ក្រុង​យេរូសាឡិម​មាន​ទោស​ចំពោះ​អំពើ​ដ៏​អាក្រក់​អ្វី?

១៣ សូម​ស្រមៃ​ថា​ព្រះ​យេហូវ៉ា​ឈឺ​ចាប់​និង​ខ្ពើម​រអើម​យ៉ាង​ណា​ពេល​ដែល​លោក​បក​អាក្រាត​អំពើ​ទុច្ចរិត​របស់​រាស្ត្រ​ដែល​លោក​បាន​ជ្រើស​រើស​ថា​៖ ​«​អ្នក​បាន​យក​កូន​ប្រុស​កូន​ស្រី​ដែល​អ្នក​បាន​បង្កើត​ឲ្យ​ខ្ញុំ ទៅ​ដុត​ជូន​ជា​គ្រឿង​បូជា​ដល់​រូប​ព្រះ​ទាំង​នោះ។ អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​ប៉ុណ្ណឹង​ហើយ តើ​នៅ​មិន​ល្មម​គ្រប់​គ្រាន់​ឬ? អ្នក​បាន​សម្លាប់​កូន​ប្រុស​ៗ​របស់​ខ្ញុំ ហើយ​ដុត​ពួក​គេ​ជា​គ្រឿង​បូជា​»។ (​អេគ. ១៦:២០, ២១​) អំពើ​អាក្រក់​ជួជាតិ​ដែល​អ្នក​ក្រុង​យេរូសាឡិម​បាន​ធ្វើ បញ្ជាក់​ថា​សាថាន​គឺ​អាក្រក់​យ៉ាង​ណា។ សាថាន​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ក្នុង​ការ​ទាក់​ទាញ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ដូច​នោះ! ប៉ុន្តែ ព្រះ​យេហូវ៉ា​មើល​ឃើញ​អ្វី​ៗ​ទាំង​អស់ លោក​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ដ៏​សាហាវ​ព្រៃ​ផ្សៃ​ដែល​មក​ពី​សាថាន​ទៅ​ជា​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​វិញ ហើយ​លោក​នឹង​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។—សូម​អាន យ៉ូប ៣៤:២៤

១៤. ក្នុង​ឧទាហរណ៍​របស់​ព្រះ​យេហូវ៉ា តើ​អ្នក​ណា​ជា​បង​ប្អូន​ស្រី​ពីរ​នាក់​របស់​យេរូសាឡិម? ហើយ​ក្នុង​ចំណោម​បី​នាក់​នោះ តើ​អ្នក​ណា​អាក្រក់​ជាង​គេ?

១៤ ប៉ុន្តែ យេរូសាឡិម​មិន​ស្អប់​ខ្ពើម​ចំពោះ​ការ​ប្រព្រឹត្ត​ដ៏​ទុច្ចរិត​របស់​ខ្លួន​ទេ ហើយ​នាង​នៅ​តែ​បន្ត​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​នោះ​ត​ទៅ​ទៀត។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា នាង​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាស​ខ្លាំង​ជាង​ស្ត្រី​ពេស្យា​ឯ​ទៀត ព្រោះ​នាង​បង់​ប្រាក់​ឲ្យ​គេ​មក​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​មួយ​នាង! (​អេគ. ១៦:៣៤​) ព្រះ​បាន​ប្រាប់​ថា​យេរូសាឡិម​បាន​ប្រព្រឹត្ត​ដូច​«​ម្ដាយ​»​នាង ជា​កុលសម្ព័ន្ធ​ដែល​គោរព​បូជា​ព្រះ​មិន​ពិត​និង​ដែល​ធ្លាប់​កាន់​កាប់​ទឹក​ដី​នោះ។ (​អេគ. ១៦:៤៤, ៤៥​) ក្នុង​ឧទាហរណ៍​ដដែល​នោះ ព្រះ​បាន​បញ្ជាក់​ថា​បង​ស្រី​របស់​យេរូសាឡិម​គឺ​សាម៉ារី ដែល​បាន​គោរព​បូជា​ព្រះ​មិន​ពិត​មុន​នាង​ទៅ​ទៀត។ បន្ថែម​ទៅ​ទៀត ព្រះ​បាន​រៀប​រាប់​ថា​យេរូសាឡិម​មាន​ប្អូន​ស្រី គឺ​សូដុម។ ឈ្មោះ​សូដុម​រំលឹក​មនុស្ស​ទាំង​អស់​ថា ក្រុង​នេះ​នៅ​សម័យ​បុរាណ​បាន​ត្រូវ​បំផ្លាញ ដោយ​សារ​ការ​មាន​អំណួត​និង​អំពើ​ដ៏​អាក្រក់​ជួជាតិ​របស់​ក្រុង​នេះ។ ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ថា យេរូសាឡិម​បាន​ប្រព្រឹត្ត​អាក្រក់​ជាង​បង​ប្អូន​ស្រី​របស់​នាង គឺ​សាម៉ារី​និង​សូដុម​ទៅ​ទៀត! (​អេគ. ១៦:៤៦​-​៥០​) រាស្ត្រ​របស់​ព្រះ​មិន​អើពើ​នឹង​ការ​ព្រមាន​ច្រើន​រាប់​មិន​អស់​ពី​លោក ហើយ​បន្ត​ដើរ​តាម​គន្លង​ជីវិត​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម។

១៥. តើ​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​ទោស​យេរូសាឡិម​ក្នុង​គោល​បំណង​អ្វី? ហើយ​នេះ​ផ្ដល់​សេចក្ដី​សង្ឃឹម​អ្វី?

១៥ តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី? ព្រះ​យេហូវ៉ា​ប្រាប់​យេរូសាឡិម​ថា​៖ ​«​ខ្ញុំ​នឹង​ប្រមូល​គូ​ស្នេហ៍​ទាំង​អស់​ដែល​អ្នក​ធ្លាប់​រួម​ដំណេក​ជា​មួយ​»​ ហើយ​«​ខ្ញុំ​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​គូ​ស្នេហ៍​របស់​អ្នក​»។ អតីត​សម្ព័ន្ធមិត្ត​របស់​រាស្ត្រ​លោក​ដែល​គោរព​បូជា​ព្រះ​មិន​ពិត នឹង​បំផ្លាញ​យេរូសាឡិម គឺ​បំផ្លាញ​សម្រស់​របស់​នាង​និង​ដក​ហូត​ទ្រព្យ​សម្បត្តិ​ពី​នាង។ ព្រះ​មាន​ប្រសាសន៍​ថា​៖ ​«​ពួក​គេ​នឹង​គប់​ដុំ​ថ្ម​ទៅ​លើ​អ្នក រួច​នឹង​សម្លាប់​អ្នក​ដោយ​ដាវ​»។ តើ​ព្រះ​យេហូវ៉ា​ធ្វើ​ការ​វិនិច្ឆ័យ​នេះ​ក្នុង​បំណង​អ្វី? ការ​វិនិច្ឆ័យ​នេះ​មិន​មែន​ក្នុង​បំណង​បំផ្លាញ​រាស្ត្រ​លោក​ឲ្យ​សាប​សូន្យ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​ប្រាប់​អំពី​បំណង​របស់​លោក​ថា​៖ ​«​ខ្ញុំ​នឹង​បញ្ឈប់​អំពើ​ពេស្យាចារ​របស់​អ្នក​»។ ព្រះ​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​ខ្ញុំ​នឹង​អន់​ខឹង​នឹង​អ្នក ហើយ​កំហឹង​របស់​ខ្ញុំ​នឹង​រសាយ​ទៅ ហើយ​ខ្ញុំ​នឹង​ស្ងប់​ចិត្ត​លែង​ខឹង​នឹង​អ្នក​ទៀត​»។ ដូច​យើង​បាន​រៀន​នៅ​ជំពូក​ទី​៩ គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ថ្ងៃ​អនាគត គឺ​សង្គ្រោះ​រាស្ត្រ​របស់​លោក​ឲ្យ​រួច​ពី​ការ​ជាប់​ជា​ឈ្លើយ ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​ស្រុក​កំណើត​វិញ។ ហេតុ​អ្វី? លោក​មាន​ប្រសាសន៍​ថា​៖ ​«​រូប​ខ្ញុំ​ផ្ទាល់​នឹង​ចង​ចាំ​នូវ​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​នឹង​អ្នក​នៅ​គ្រា​ដែល​អ្នក​នៅ​ក្មេង​»។ (​អេគ. ១៦:៣៧​-​៤២, ៦០​) ខុស​ពី​រាស្ត្រ​របស់​លោក ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​ភក្ដី​ភាព​យ៉ាង​ល្អ​ឥត​ខ្ចោះ!—សូម​អាន ការ​បើក​បង្ហាញ ១៥:៤

១៦, ១៧. ​(​ក​) ហេតុ​អ្វី​យើង​លែង​និយាយ​ថា​អូហូឡា​និង​អូហូលីបា​តំណាង​ឲ្យ​ពិភព​គ្រិស្ត​សាសនា​ទៀត? (​សូម​មើល​ប្រអប់​«​ស្ត្រី​ពេស្យា​ពីរ​នាក់​បង​ប្អូន​»​) (​ខ​) តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​អេសេគាល​ជំពូក​ទី​១៦​និង​២៣?

១៦ ប្រសាសន៍​ចំ​ៗ​និង​ដ៏​វែង​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​អេសេគាល​ជំពូក​ទី​១៦ បង្រៀន​យើង​យ៉ាង​ច្រើន​អំពី​ខ្នាត​តម្រា​សុចរិត យុត្តិធម៌ និង​សេចក្ដី​មេត្តា​ករុណា​ដ៏​លើស​លប់​របស់​លោក។ ប្រសាសន៍​របស់​លោក​នៅ​អេសេគាល​ជំពូក​ទី​២៣ ក៏​បង្រៀន​ចំណុច​ដូច​គ្នា​ដែរ។ គ្រិស្ត​សាសនិក​ពិត​នៅ​សម័យ​នេះ​ចាំ​មិន​ភ្លេច​នូវ​ប្រសាសន៍​ត្រង់​ៗ​របស់​ព្រះ​យេហូវ៉ា អំពី​អំពើ​ពេស្យាចារ​របស់​រាស្ត្រ​លោក។ យើង​ពិត​ជា​មិន​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត​ដូច​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ដែល​បាន​ធ្វើ​ឲ្យ​លោក​ឈឺ​ចិត្ត​នោះ​ទេ! ដូច្នេះ យើង​ចង់​ជៀស​ឲ្យ​ឆ្ងាយ​ពី​ការ​គោរព​បូជា​រូប​ព្រះ​គ្រប់​បែប​យ៉ាង។ ការ​គោរព​បូជា​រូប​ព្រះ​ក៏​រួម​បញ្ចូល​ចិត្ត​លោភ​លន់​និង​ការ​ស្រឡាញ់​ទ្រព្យ​សម្បត្តិ​ផង​ដែរ។ (​ម៉ាថ. ៦:២៤; កូឡ. ៣:៥​) យើង​បន្ត​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដែល​បាន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា ហើយ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។ បន្ថែម​ទៅ​ទៀត យើង​ដឹង​គុណ​លោក ព្រោះ​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​ការ​គោរព​ប្រណិប័តន៍​ពិត​ទៅ​ជា​ស្មោក​គ្រោក​ម្ដង​ទៀត​ឡើយ! លោក​បាន​ធ្វើ​«​កិច្ច​ព្រម​ព្រៀង​ដ៏​ស្ថិត​ស្ថេរ​»​ជា​មួយ​នឹង​អ៊ីស្រាអែល​នៃ​ព្រះ ជា​កិច្ច​ព្រម​ព្រៀង​ដែល​មិន​ត្រូវ​លុប​ចោល ដោយ​ការ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ឬ​អំពើ​ពេស្យាចារ​ឡើយ។ (​អេគ. ១៦:៦០​) ហេតុ​នេះ សូម​យើង​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​ដែល​យើង​មាន ក្នុង​ការ​រួម​ចំណែក​ជា​មួយ​នឹង​រាស្ត្រ​ដ៏​ស្អាត​ស្អំ​របស់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ។

១៧ តើ​ប្រសាសន៍​ព្រះ​យេហូវ៉ា​ប្រឆាំង​នឹង​ស្ត្រី​ពេស្យា​ដែល​បាន​រៀប​រាប់​នៅ​អេសេគាល​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​«​មេ​ស្ត្រី​ពេស្យា​»​ដែល​ជា​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា? សូម​ឲ្យ​យើង​ពិចារណា។

‹គ្មាន​អ្នក​ណា​នឹង​ប្រទះ​ឃើញ​នាង​ម្ដង​ទៀត​ទេ›

១៨, ១៩. តើ​ស្ត្រី​ពេស្យា​ក្នុង​សៀវភៅ​អេសេគាល​និង​ស្ត្រី​ពេស្យា​នៅ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ​ទទួល​លទ្ធផល​ស្រដៀង​គ្នា​យ៉ាង​ណា?

១៨ ព្រះ​យេហូវ៉ា​មិន​ប្រែ​ប្រួល​ឡើយ។ (​យ៉ា. ១:១៧​) តាំង​ពី​មាន​មេ​ស្ត្រី​ពេស្យា​នោះ​មក អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ចំពោះ​សាសនា​មិន​ពិត​នៅ​តែ​ដដែល។ ដូច្នេះ យើង​មិន​ភ្ញាក់​ផ្អើល​ទេ ពេល​ដឹង​ថា​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​ស្ត្រី​ពេស្យា​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​អេសេគាល ដូច​ដែល​លោក​វិនិច្ឆ័យ​«​មេ​ស្ត្រី​ពេស្យា​»​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ​ដែរ។

១៩ ជា​ឧទាហរណ៍ សូម​កត់​សម្គាល់​ថា​ព្រះ​យេហូវ៉ា​មិន​បាន​វិនិច្ឆ័យ​ស្ត្រី​ពេស្យា​ក្នុង​ទំនាយ​អេសេគាល​ដោយ​ផ្ទាល់​ទេ តែ​លោក​ប្រើ​ប្រជា​ជាតិ​នានា​ដែល​រាស្ត្រ​មិន​ស្មោះ​ត្រង់​របស់​លោក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​ជា​មួយ ឲ្យ​វិនិច្ឆ័យ​ពួក​គេ​វិញ។ ស្រដៀង​គ្នា​ដែរ ចក្រភព​សាសនា​មិន​ពិត​ទូទាំង​ផែនដី​បាន​ត្រូវ​វិនិច្ឆ័យ ដោយ​សារ​ការ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​ជា​មួយ​នឹង​«​ស្ដេច​នានា​នៅ​ផែនដី​»។ ដូច្នេះ តើ​អ្នក​ណា​វិនិច្ឆ័យ​ទោស​នាង? យើង​បាន​រៀន​ថា​ស្ថាប័ន​នយោបាយ​«​នឹង​ស្អប់​ស្ត្រី​ពេស្យា​នោះ ហើយ​នឹង​បំផ្លាញ​នាង ព្រម​ទាំង​ធ្វើ​ឲ្យ​នាង​នៅ​អាក្រាត ក៏​នឹង​ស៊ី​សាច់​នាង ហើយ​ដុត​នាង​ចោល​ក្នុង​ភ្លើង​»។ ហេតុ​អ្វី​រដ្ឋាភិបាល​មនុស្ស​នឹង​ធ្វើ​អ្វី​ដែល​ហួស​ពី​ការ​នឹក​ស្មាន​ដូច្នេះ? ព្រោះ​ព្រះ​នឹង​បណ្ដាល​«​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​តាម​គំនិត​របស់​លោក​»។—បប. ១៧:១​-​៣, ១៥​-​១៧

២០. តើ​អ្វី​បង្ហាញ​ថា​ការ​វិនិច្ឆ័យ​ទៅ​លើ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​នឹង​ធ្វើ​ឡើង​ម្ដង​ជា​ការ​ស្រេច?

២០ ដូច្នេះ ព្រះ​យេហូវ៉ា​នឹង​ប្រើ​ប្រជា​ជាតិ​នានា ដើម្បី​វិនិច្ឆ័យ​សាសនា​មិន​ពិត​ទាំង​អស់ រួម​ទាំង​ពិភព​គ្រិស្ត​សាសនា​ផង​ដែរ។ ការ​វិនិច្ឆ័យ​នេះ​នឹង​ធ្វើ​ឡើង​ម្ដង​ជា​ការ​ស្រេច នឹង​គ្មាន​ការ​លើក​លែង​ទោស នឹង​គ្មាន​ឱកាស​ទុក​ឲ្យ​នាង​កែ​ប្រែ​ត​ទៅ​ទៀត​ឡើយ។ សៀវភៅ​ការ​បើក​បង្ហាញ​បញ្ជាក់​ថា​៖ ​«​គ្មាន​អ្នក​ណា​នឹង​ប្រទះ​ឃើញ​[​បាប៊ីឡូន​]​ម្ដង​ទៀត​ទេ​»។ (​បប. ១៨:២១​) ទេវតា​របស់​ព្រះ​នឹង​អរ​សប្បាយ​ចំពោះ​ការ​បំផ្លាញ​នាង ដោយ​ស្រែក​ឡើង​ថា​៖ ​«​ចូរ​សរសើរ​យ៉ា! ចូរ​ឲ្យ​ផ្សែង​ពី​ការ​ដុត​នាង​ហុយ​ឡើង​ជា​រៀង​រហូត​»។ (​បប. ១៩:៣​) ការ​វិនិច្ឆ័យ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ម្ដង​ជា​ការ​ស្រេច។ ដូច្នេះ នឹង​លែង​មាន​សាសនា​មិន​ពិត​លេច​ឡើង​មក​បង្ខូច​ការ​គោរព​ប្រណិប័តន៍​ពិត​ទៀត​ហើយ។ ក្នុង​ន័យ​ធៀប ផ្សែង​ដែល​មក​ពី​ការ​វិនិច្ឆ័យ​និង​ការ​បំផ្លាញ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា នឹង​ហុយ​ឡើង​ជា​រៀង​រហូត។

ប្រជា​ជាតិ​នានា​ដែល​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​បាន​ល្បួង​លួង​លោម​និង​មាន​ឥទ្ធិពល​មក​លើ​ជា​យូរ​មក​ហើយ បន្តិច​ទៀត​ប្រជា​ជាតិ​ទាំង​នោះ​នឹង​ក្បត់​នាង ហើយ​បំផ្លាញ​នាង (សូម​មើល​វគ្គ​១៩, ២០)

២១. តើ​ការ​បំផ្លាញ​សាសនា​មិន​ពិត​ជា​ទី​ចាប់​ផ្ដើម​នៃ​គ្រា​អ្វី? ហើយ​តើ​តាម​របៀប​ណា​គ្រា​នោះ​នឹង​ដល់​ទី​បញ្ចប់?

២១ ពេល​រដ្ឋាភិបាល​នៃ​ពិភព​លោក​នេះ​បំផ្លាញ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ពួក​គេ​នឹង​កាត់​ទោស​ស្រប​តាម​ការ​វិនិច្ឆ័យ​របស់​ព្រះ។ នោះ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​សម្បើម​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ នេះ​ជា​សញ្ញា​សម្គាល់​នៃ​ទី​ចាប់​ផ្ដើម​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង គឺ​ជា​គ្រា​ច្របូក​ច្របល់​បំផុត។ (​ម៉ាថ. ២៤:២១​) នៅ​ចុង​បញ្ចប់​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នឹង​មាន​សង្គ្រាម​អាម៉ាគេដូន គឺ​ជា​សង្គ្រាម​របស់​ព្រះ​យេហូវ៉ា​ទាស់​នឹង​របៀប​របប​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ។ (​បប. ១៦:១៤, ១៦​) នៅ​ជំពូក​បន្ត​បន្ទាប់ នឹង​រៀប​រាប់​ថែម​ទៀត​ពី​សៀវភៅ​អេសេគាល ហើយ​ជួយ​យើង​ឲ្យ​យល់​ថា​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នឹង​មាន​ស្ថានភាព​យ៉ាង​ណា។ ប៉ុន្តែ តើ​មាន​មេ​រៀន​អ្វី​ខ្លះ​ពី​សៀវភៅ​អេសេគាល​ជំពូក​ទី​១៦​និង​២៣ ដែល​យើង​ចង់​ចាំ​ទុក ហើយ​យក​មក​អនុវត្ត?

រដ្ឋាភិបាល​របស់​ពិភព​លោក​នេះ​នឹង​បំផ្លាញ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ស្រប​តាម​ការ​វិនិច្ឆ័យ​របស់​ព្រះ (សូម​មើល​វគ្គ​២១)

២២, ២៣. តើ​ការ​សិក្សា​អំពី​ស្ត្រី​ពេស្យា​នៅ​ក្នុង​សៀវភៅ​អេសេគាល​និង​សៀវភៅ​ការ​បើក​បង្ហាញ ប្រហែល​ជា​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង កាល​ដែល​យើង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ?

២២ សាថាន​ចូល​ចិត្ត​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​ពិត​ទៅ​ជា​ខូច​អាក្រក់។ គ្មាន​អ្វី​ធ្វើ​ឲ្យ​វា​សប្បាយ​ជាង​ការ​មាន​ឱកាស​បង្វែរ​យើង​ចេញ​ពី​ការ​គោរព​ប្រណិប័តន៍​ពិត ហើយ​មាន​គន្លង​ជីវិត​ដូច​ស្ត្រី​ពេស្យា​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​អេសេគាល​នោះ​ទេ។ យើង​ត្រូវ​ចាំ​ថា​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​រាស្ត្រ​លោក​បង្ហាញ​ភក្ដី​ភាព​ចំពោះ​លោក និង​គោរព​ប្រណិប័តន៍​លោក​តែ​មួយ​ប៉ុណ្ណោះ។ (​ជប. ២៥:១១​) យើង​ត្រូវ​ប្រយ័ត្ន ហើយ​ជៀស​ឲ្យ​ឆ្ងាយ​ពី​សាសនា​មិន​ពិត ព្រម​ទាំង​មិន​«​ប៉ះ​ពាល់​របស់​របរ​»​ដែល​ព្រះ​ចាត់​ទុក​ថា​«​មិន​ស្អាត​បរិសុទ្ធ​»។ (​អេ. ៥២:១១​) បន្ថែម​ទៅ​ទៀត យើង​កាន់​ជំហរ​អព្យាក្រឹត​ដោយ​មិន​រួម​ចំណែក ក្នុង​ជម្លោះ​និង​ការ​ឈ្លោះ​ប្រកែក​ខាង​នយោបាយ​ក្នុង​ពិភព​លោក​ដ៏​បាក់​បែក​គ្នា​នេះ។ (​យ៉ូន. ១៥:១៩​) យើង​ចាត់​ទុក​ជាតិ​និយម​ជា​សាសនា​មិន​ពិត​មួយ​ដែល​សាថាន​លើក​ស្ទួយ។ ហេតុ​នេះ យើង​មិន​ចង់​មាន​ចិត្ត​គំនិត​ជាតិ​និយម​ទាល់​តែ​សោះ។

២៣ សំខាន់​បំផុត សូម​ឲ្យ​យើង​ចាំ​ថា​គឺ​ជា​ឯកសិទ្ធិ​ណាស់ ដែល​យើង​អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ក្នុង​វិហារ​ដ៏​រុង​រឿង​និង​ស្អាត​បរិសុទ្ធ​របស់​លោក។ យើង​ពិត​ជា​ឲ្យ​តម្លៃ​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ សូម​ឲ្យ​យើង​តាំង​ចិត្ត​កាន់​តែ​មុត​មាំ ជៀស​ចេញ​ពី​អ្វី​ក៏​ដោយ​ដែល​ទាក់​ទង​នឹង​សាសនា​មិន​ពិត ព្រម​ទាំង​ជៀស​ចេញ​ពី​អំពើ​ពេស្យាចារ​របស់​នាង!