លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទី១៨

«កំហឹងដ៏ខ្លាំងរបស់ខ្ញុំនឹងឆួលឡើង»

«កំហឹងដ៏ខ្លាំងរបស់ខ្ញុំនឹងឆួលឡើង»

អេសេគាល ៣៨:១៨

គោល​ចំណុច: ការ​វាយ​ប្រហារ​របស់​កូក​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង​យ៉ាង​ខ្លាំង ហើយ​ព្រះ​យេហូវ៉ា​ការ​ពារ​រាស្ត្រ​របស់​លោក​ក្នុង​អំឡុង​សង្គ្រាម​អាម៉ាគេដូន

១​-​៣. ​(​ក​) តើ​«​កំហឹង​ដ៏​ខ្លាំង​»​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​លទ្ធផល​យ៉ាង​ណា? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) ក្នុង​ជំពូក​នេះ តើ​យើង​នឹង​ពិចារណា​អំពី​អ្វី?

បុរស​ស្ត្រី​និង​ក្មេង​ៗ​កំពុង​ឈរ​ច្រៀង​ចម្រៀង​រាជាណាចក្រ​ជា​មួយ​គ្នា។ បន្ទាប់​មក អ្នក​ចាស់​ទុំ​ម្នាក់​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ការ​ពារ​ពួក​គេ។ ក្រុម​ជំនុំ​ទាំង​មូល​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​ពួក​គេ តែ​ពួក​គេ​នៅ​តែ​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ​និង​ការ​ពង្រឹង​ទំនុក​ចិត្ត។ ចំណែក​ឯ​ខាង​ក្រៅ​វិញ មាន​ឮ​សំឡេង​សង្គ្រាម​ផ្ទុះ​ឡើង។ សង្គ្រាម​អាម៉ាគេដូន​បាន​ចាប់​ផ្ដើម​ហើយ!—បប. ១៦:១៤, ១៦

ក្នុង​អំឡុង​សង្គ្រាម​អាម៉ាគេដូន ព្រះ​យេហូវ៉ា​មាន​«​កំហឹង​ដ៏​ខ្លាំង​»​ ហើយ​លោក​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស តែ​មិន​មែន​ដោយ​មិន​រើស​មុខ​នោះ​ទេ។ (​សូម​អាន អេសេគាល ៣៨:១៨) លោក​នឹង​បញ្ចេញ​កំហឹង​របស់​លោក មិន​មែន​ទៅ​លើ​កង​ទ័ព​មួយ​ឬ​ប្រជា​ជាតិ​មួយ​ឡើយ តែ​ទៅ​លើ​មនុស្ស​ជា​ច្រើន​ឥត​គណនា​ទូទាំង​ផែនដី។ នៅ​ថ្ងៃ​នោះ សាក​សព​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​ប្រហារ​«​នឹង​មាន​ច្រើន​ត្រៀប​ត្រា​ពី​ចុង​ផែនដី​ម្ខាង​ទៅ​ចុង​ផែនដី​ម្ខាង​»។—យេ. ២៥:២៩, ៣៣

ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ ហើយ​ប្រកប​ដោយ​«​សេចក្ដី​មេត្តា​ករុណា​និង​សេចក្ដី​អាណិត​អាសូរ​»​ ព្រម​ទាំង​«​យឺត​នឹង​ខឹង​»។ តើ​អ្វី​បណ្ដាល​ឲ្យ​ព្រះ​យេហូវ៉ា​មាន​«​កំហឹង​ដ៏​ខ្លាំង​»​រហូត​ដល់​ចាត់​វិធានការ​បែប​នោះ? (​ដច. ៣៤:៦; ១​យ៉ូន. ៤:១៦​) ចម្លើយ​ចំពោះ​សំណួរ​នេះ​អាច​ផ្ដល់​ការ​សម្រាល​ទុក្ខ និង​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន ហើយ​ជំរុញ​ចិត្ត​យើង​ឲ្យ​បន្ត​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង​នៅ​សព្វ​ថ្ងៃ​នេះ។

តើ​អ្វី​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​«​កំហឹង​ដ៏​ខ្លាំង​»​?

៤, ៥. តើ​កំហឹង​របស់​ព្រះ​ខុស​គ្នា​យ៉ាង​ណា​ពី​កំហឹង​របស់​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ?

ដំបូង យើង​ត្រូវ​ដឹង​ថា​កំហឹង​របស់​ព្រះ​យេហូវ៉ា មិន​ដូច​កំហឹង​របស់​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ទេ។ ពេល​ដែល​មនុស្ស​មាន​កំហឹង​កាន់​តែ​ខ្លាំង​ឡើង​ៗ ពួក​គេ​បញ្ចេញ​កំហឹង​នោះ​ដោយ​ធ្វើ​អ្វី​មួយ​ដែល​នាំ​ឲ្យ​ស្ដាយ​ក្រោយ។ លទ្ធផល​ពី​កំហឹង​របស់​ពួក​គេ​មិន​ដែល​ល្អ​ទេ។ ជា​ឧទាហរណ៍ កាអ៊ីន​ជា​កូន​ច្បង​របស់​អាដាម​បាន​«​ខឹង​យ៉ាង​ខ្លាំង​»​ដោយ​សារ​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​គ្រឿង​បូជា​របស់​គាត់ តែ​លោក​ពេញ​ចិត្ត​នឹង​គ្រឿង​បូជា​របស់​អេបិល​វិញ។ តើ​មាន​លទ្ធផល​យ៉ាង​ណា? កាអ៊ីន​បាន​សម្លាប់​ប្អូន​ប្រុស​គាត់​ដែល​ជា​មនុស្ស​សុចរិត។ (​ដក. ៤:៣​-​៨; ហេ. ១១:៤​) ឧទាហរណ៍​មួយ​ទៀត​គឺ​អំពី​ដាវីឌ គាត់​បាន​ត្រូវ​រៀប​រាប់​ថា​ជា​មនុស្ស​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ (​សកម្ម. ១៣:២២​) ទោះ​ជា​ដាវីឌ​ជា​មនុស្ស​ល្អ​ក៏​ដោយ ក៏​គាត់​ហៀប​នឹង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដ៏​ធ្ងន់​ធ្ងរ​ដែរ។ ពេល​ដាវីឌ​បាន​ឮ​ថា​ណាបាល​ដែល​ជា​អ្នក​មាន​ស្ដុក​ស្ដម្ភ ជេរ​ប្រមាថ​គាត់​និង​ពួក​បុរស​របស់​គាត់ ដាវីឌ​ខឹង​ជា​ខ្លាំង។ ភ្លាម​នោះ ដាវីឌ​និង​ពួក​បុរស​របស់​គាត់​«​ប្រដាប់​ដាវ​រៀង​ៗ​ខ្លួន​»​ក្នុង​បំណង​ទៅ​ប្រហារ​បុរស​ទាំង​អស់​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ណាបាល មិន​គ្រាន់​តែ​ចង់​សម្លាប់​ណាបាល​ជា​មនុស្ស​រមិល​គុណ​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ អាប៊ីកែល​ដែល​ជា​ប្រពន្ធ​របស់​ណាបាល​បាន​និយាយ​វែក​ញែក​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​ប្ដូរ​ចិត្ត ហើយ​លែង​សង​សឹក​ទៀត។ (​១​សាំ. ២៥:៩​-​១៤, ៣២, ៣៣​) ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​យ៉ាកុប​ឲ្យ​សរសេរ​ថា​៖ ​«​កំហឹង​របស់​មនុស្ស​មិន​នាំ​ឲ្យ​ធ្វើ​អ្វី​ត្រឹម​ត្រូវ​ដែល​ព្រះ​ពេញ​ចិត្ត​ទេ​»។—យ៉ា. ១:២០

ព្រះ​យេហូវ៉ា​តែង​តែ​ទប់​កំហឹង ហើយ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​លោក​ខឹង

ផ្ទុយ​ពី​មនុស្ស​ដែល​ខឹង​សម្បារ​ឥត​រើស​មុខ ព្រះ​យេហូវ៉ា​តែង​តែ​ចេះ​ទប់​កំហឹង ហើយ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​លោក​ខឹង។ ទោះ​ជា​ព្រះ​យេហូវ៉ា​ខឹង​យ៉ាង​ខ្លាំង​ក៏​ដោយ លោក​តែង​តែ​ប្រព្រឹត្ត​ដោយ​សុចរិត។ ពេល​លោក​ច្បាំង​នឹង​សត្រូវ​ណា​មួយ លោក​មិន​ដែល​បំផ្លាញ​«​មនុស្ស​សុចរិត​ជា​មួយ​នឹង​មនុស្ស​ទុច្ចរិត​»​ទេ។ (​ដក. ១៨:២២​-​២៥​) បន្ថែម​ទៅ​ទៀត កំហឹង​របស់​ព្រះ​យេហូវ៉ា​ឆួល​ឡើង​ដោយ​មាន​មូលហេតុ​ត្រឹម​ត្រូវ។ សូម​ឲ្យ​យើង​ពិចារណា​មូលហេតុ​ពីរ​យ៉ាង និង​មេ​រៀន​ដែល​យើង​អាច​រៀន​ពី​នោះ។

៦. តើ​ព្រះ​យេហូវ៉ា​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​ដែល​នាម​របស់​លោក​ត្រូវ​គេ​ប្រមាថ​មើល​ងាយ?

មូលហេតុ: នាម​របស់​ព្រះ​យេហូវ៉ា​ត្រូវ​គេ​ប្រមាថ​មើល​ងាយ។ អស់​អ្នក​ដែល​អះអាង​ថា​ពួក​គេ​តំណាង​ឲ្យ​ព្រះ​យេហូវ៉ា តែ​បែរ​ជា​ប្រព្រឹត្ត​អាក្រក់ អ្នក​ទាំង​នោះ​នាំ​ឲ្យ​កិត្តិនាម​របស់​ព្រះ​យេហូវ៉ា​អាប់​ឱន ហើយ​នាំ​ឲ្យ​លោក​មាន​ហេតុ​ត្រឹម​ត្រូវ​ខឹង​នឹង​ពួក​គេ។ (​អេគ. ៣៦:២៣​) ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​ជំពូក​មុន​ៗ​ក្នុង​សៀវភៅ​នេះ ប្រជា​ជាតិ​អ៊ីស្រាអែល​បាន​នាំ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​អាប់​ឱន។ ជា​លទ្ធផល ការ​ប្រព្រឹត្ត​និង​ចិត្ត​គំនិត​របស់​ពួក​គេ បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង។ ប៉ុន្តែ លោក​តែង​តែ​គ្រប់​គ្រង​កំហឹង​របស់​លោក​ជា​និច្ច។ លោក​ដាក់​ទោស​រាស្ត្រ​របស់​លោក​ស្រប​តាម​កម្រិត​នៃ​កំហុស​ឆ្គង​របស់​ពួក​គេ លោក​មិន​ដែល​ដាក់​ទោស​ហួស​ពី​កម្រិត​នោះ​ឡើយ។ (​យេ. ៣០:១១​) ក្រោយ​ពី​លោក​ដាក់​ទោស​ពួក​គេ កំហឹង​របស់​លោក​ក៏​រសាយ​ទៅ ហើយ​លោក​នឹង​មិន​បន្ត​ខឹង​នឹង​ពួក​គេ​រហូត​ទេ។—ចសព. ១០៣:៩

៧, ៨. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ទៅ​លើ​ជន​ជាតិ​អ៊ីស្រាអែល?

មេ​រៀន: របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ទៅ​លើ​ជន​ជាតិ​អ៊ីស្រាអែល ផ្ដល់​ការ​ព្រមាន​ចំ​ៗ​ដល់​យើង។ ដូច​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ យើង​មាន​ឯកសិទ្ធិ​តំណាង​នាម​ព្រះ​យេហូវ៉ា ក្នុង​នាម​ជា​សាក្សី​របស់​លោក។ (​អេ. ៤៣:១០​) ការ​ប្រព្រឹត្ត​និង​ពាក្យ​សម្ដី​របស់​យើង​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​នាម​របស់​លោក។ ដូច្នេះ យើង​មិន​ចង់​មាន​ការ​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង ហើយ​នាំ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​អាប់​ឱន​សោះ​ឡើយ។ ការ​មាន​របៀប​រស់​នៅ​ដែល​លាក់​ពុត​បែប​នោះ នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង ហើយ​មិន​យូរ​មិន​ឆាប់ លោក​នឹង​ចាត់​វិធានការ​ដើម្បី​ការ​ពារ​កិត្តិនាម​របស់​លោក។—ហេ. ៣:១៣, ១៥; ២​ពេ. ២:១, ២

តើ​ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​អាច​មាន​«​កំហឹង​ដ៏​ខ្លាំង​»​ រា​រាំង​យើង​មិន​ឲ្យ​ចូល​ទៅ​ជិត​លោក​ឬ? មិន​មែន​ទេ។ យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​ចិត្ត​អត់​ធ្មត់ ហើយ​ចេះ​អភ័យ​ទោស។ (​អេ. ៥៥:៧; រ៉ូម ២:៤​) ប៉ុន្តែ យើង​ក៏​ទទួល​ស្គាល់​ថា​លោក​មិន​បង្ហាញ​មនោសញ្ចេតនា​ជ្រុល​ហួស​ហេតុ​ពេក​នោះ​ដែរ។ ការ​ពិត យើង​គោរព​លោក​កាន់​តែ​ខ្លាំង​ឡើង ពេល​យើង​ដឹង​ថា​លោក​នឹង​បញ្ចេញ​កំហឹង​ទៅ​លើ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​និង​មិន​ព្រម​កែ​ប្រែ។ បន្ថែម​ទៅ​ទៀត យើង​កាន់​តែ​គោរព​លោក ពេល​យើង​ដឹង​ថា​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​ពួក​អ្នក​ទាំង​នោះ​បន្ត​នៅ​ក្នុង​ចំណោម​រាស្ត្រ​លោក​ទៀត​ឡើយ។ (​១​កូ. ៥:១១​-​១៣​) ព្រះ​យេហូវ៉ា​ប្រាប់​យើង​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ខឹង។ ហេតុ​នេះ យើង​ត្រូវ​ជៀស​វាង​ពី​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​ដែល​បណ្ដាល​ឲ្យ​លោក​ខឹង។—យ៉ូន. ៣:៣៦; រ៉ូម ១:២៦​-​៣២; យ៉ា. ៤:៨

៩, ១០. តើ​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ពេល​ដែល​រាស្ត្រ​ស្មោះ​ត្រង់​របស់​លោក​ត្រូវ​គេ​គំរាម​កំហែង? សូម​ឲ្យ​ឧទាហរណ៍។

មូលហេតុ: រាស្ត្រ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ត្រូវ​គេ​គំរាម​កំហែង។ ព្រះ​យេហូវ៉ា​ខឹង​ជា​ខ្លាំង ពេល​ដែល​សត្រូវ​វាយ​ប្រហារ​អស់​អ្នក​ស្មោះ​ត្រង់​ដែល​យក​លោក​ជា​ទី​ពឹង​ជ្រក​និង​ជា​ទី​ការ​ពារ។ ជា​ឧទាហរណ៍ ក្រោយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប ផារ៉ូ​និង​ទ័ព​ខ្លាំង​ក្លា​របស់​គាត់​បាន​ដេញ​តាម​ប្រហារ​បណ្ដា​ជន​ដែល​មើល​ទៅ​គ្មាន​ការ​ការ​ពារ ដែល​កំពុង​ជាប់​នៅ​ឆ្នេរ​សមុទ្រ​ក្រហម។ ប៉ុន្តែ ពេល​កង​ទ័ព​អេហ្ស៊ីប​ដ៏​ខ្លាំង​ក្លា​ដេញ​តាម​ជន​ជាតិ​អ៊ីស្រាអែល​ដែល​កំពុង​ដើរ​កាត់​បាត​សមុទ្រ នោះ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​រទេះ​ចម្បាំង​របស់​ពួក​អេហ្ស៊ីប​របូត​កង់ ហើយ​លោក​រលាស់​ពួក​គេ​ទៅ​ក្នុង​សមុទ្រ។ ពេល​នោះ​«​គ្មាន​ទាហាន​អេហ្ស៊ីប​ណា​ម្នាក់​រួច​ជីវិត​ឡើយ​»។ (​ដច. ១៤:២៥​-​២៨​) ព្រះ​យេហូវ៉ា​បាន​បញ្ចេញ​កំហឹង​ដ៏​ខ្លាំង​ទៅ​លើ​ពួក​អេហ្ស៊ីប ព្រោះ​លោក​មាន​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​ចំពោះ​រាស្ត្រ​លោក។—សូម​អាន ដំណើរ​ចាក​ចេញ ១៥:៩​-​១៣

ដូច​នៅ​សម័យ​ហេសេគា ទេវតា​បាន​ការ​ពារ​រាស្ត្រ​របស់​ព្រះ​ពី​ពួក​អាស៊ីរី នោះ​ទេវតា​នឹង​ការ​ពារ​យើង​ដែរ (សូម​មើល​វគ្គ​១០, ២៣)

១០ ស្រដៀង​គ្នា​ដែរ នៅ​សម័យ​ស្ដេច​ហេសេគា ព្រះ​យេហូវ៉ា​ក៏​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​រាស្ត្រ​លោក ដោយ​ចាត់​វិធានការ​ជួយ​សង្គ្រោះ​ពួក​គេ​ដែរ។ នៅ​គ្រា​នោះ ទ័ព​អាស៊ីរី​ដ៏​ខ្លាំង​ក្លា​និង​សាហាវ​ព្រៃ​ផ្សៃ បាន​ទៅ​ដល់​ក្រុង​យេរូសាឡិម ហើយ​ត្រៀម​វាយ​ប្រហារ​ក្រុង​នោះ។ អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ប្រឈម​មុខ​នឹង​ការ​ឡោម​ព័ទ្ធ​ដែល​នាំ​ទៅ​ដល់​ការ​រង​ទុក្ខ​វេទនា​បន្តិច​ម្ដង​ៗ ហើយ​ស្លាប់​យ៉ាង​អាណោចអាធ័ម។ (​២​បស. ១៨:២៧​) ព្រះ​យេហូវ៉ា​បាន​ធ្វើ​អន្តរាគមន៍​ដោយ​ចាត់​ទេវតា​មួយ​រូប ឲ្យ​ទៅ​ប្រហារ​ទ័ព​អាស៊ីរី​ចំនួន​១៨៥.០០០​នាក់ ក្នុង​រយៈ​ពេល​តែ​មួយ​យប់​ប៉ុណ្ណោះ! (​២​បស. ១៩:៣៤, ៣៥​) សូម​ស្រមៃ​គិត​ទិដ្ឋភាព​ក្នុង​ជំរំ​ទ័ព​អាស៊ីរី​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។ អាវុធ​របស់​ពួក​គេ​ដូច​ជា​លំពែង ខែល និង​ដាវ មិន​បាន​ត្រូវ​ប្រើ​ទេ។ គ្មាន​សំឡេង​ត្រែ​ណា​ដែល​អាច​ដាស់​ពួក​គេ ហើយ​ក៏​គ្មាន​បញ្ជា​ណា​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​តម្រៀប​ទ័ព​ដែរ ព្រោះ​ជំរំ​របស់​ពួក​គេ​ស្ងាត់​ច្រៀប មាន​តែ​សាក​សព​ដេក​ស្លាប់​ត្រៀប​ត្រា។

១១. ស្ដី​អំពី​កំណត់​ហេតុ​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​រាស្ត្រ​លោក តើ​អាច​ជួយ​ឲ្យ​យើង​ទទួល​ការ​សម្រាល​ទុក្ខ​និង​មាន​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច?

១១ មេ​រៀន: កំណត់​ហេតុ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​រាស្ត្រ​លោក ពេល​ដែល​ពួក​គេ​ត្រូវ​សត្រូវ​គំរាម​កំហែង ផ្ដល់​ការ​ព្រមាន​យ៉ាង​ខ្លាំង​ដល់​សត្រូវ​របស់​យើង​ថា​៖ ​«​ការ​ធ្លាក់​ចូល​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ជា​អ្វី​ដែល​គួរ​ឲ្យ​រន្ធត់​ណាស់​»​ ពេល​កំហឹង​របស់​លោក​ផ្ទុះ​ឡើង។ (​ហេ. ១០:៣១​) សម្រាប់​យើង កំណត់​ហេតុ​ទាំង​នោះ​ផ្ដល់​ការ​សម្រាល​ទុក្ខ​និង​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន។ យើង​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា​សាថាន​ជា​សត្រូវ​ចម្បង​របស់​យើង នឹង​មិន​ទទួល​ជ័យ​ជម្នះ​ទេ។ មិន​យូរ​ទៀត ‹ពេល​បន្តិច​បន្តួច›​នៃ​ការ​គ្រប់​គ្រង​របស់​វា នឹង​អស់​ហើយ! (​បប. ១២:១២​) ប៉ុន្តែ នៅ​ឥឡូវ​នេះ​យើង​អាច​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ក្លាហាន ហើយ​មាន​ទំនុក​ចិត្ត​ថា​គ្មាន​អ្នក​ណា​ម្នាក់ អង្គការ​ណា​ឬ​រដ្ឋាភិបាល​ណា អាច​រា​រាំង​យើង​ពី​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ឡើយ។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១១៨:៦​-​៩) ក្រោម​ការ​ដឹក​នាំ​ពី​ព្រះ សាវ័ក​ប៉ូល​បាន​បញ្ជាក់​អំពី​ការ​ជឿ​ជាក់​របស់​យើង​ថា​៖ ​«​ប្រសិន​បើ​ព្រះ​គាំទ្រ​យើង តើ​អ្នក​ណា​នឹង​ប្រឆាំង​យើង​បាន?​»។—រ៉ូម ៨:៣១

១២. ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង តើ​អ្វី​នឹង​ធ្វើ​ឲ្យ​កំហឹង​របស់​ព្រះ​យេហូវ៉ា​ឆួល​ឡើង?

១២ ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នៅ​ថ្ងៃ​ខាង​មុខ ព្រះ​យេហូវ៉ា​នឹង​ចាត់​វិធានការ​ដើម្បី​ការ​ពារ​យើង ដូច​ដែល​លោក​បាន​ធ្វើ​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ទ័ល​ច្រក​ពេល​ដែល​ទ័ព​អេហ្ស៊ីប​ដេញ​តាម និង​ដូច​ដែល​លោក​បាន​ធ្វើ​ចំពោះ​ជនជាតិ​យូដា​ក្នុង​ក្រុង​យេរូសាឡិម​ដែល​បាន​ត្រូវ​ឡោម​ព័ទ្ធ​ដោយ​ទ័ព​អាស៊ីរី។ ពេល​សត្រូវ​របស់​យើង​ព្យាយាម​បំផ្លាញ​យើង កំហឹង​របស់​ព្រះ​យេហូវ៉ា​នឹង​ឆួល​ឡើង ដោយ​សារ​លោក​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង។ អស់​អ្នក​ដែល​វាយ​ប្រហារ​យើង ពួក​គេ​ពិត​ជា​ល្ងង់​ខ្លៅ​ណាស់ ព្រោះ​ពួក​គេ​ដូច​ជា​ពាល់​ប្រស្រី​ភ្នែក​របស់​ព្រះ​យេហូវ៉ា។ លោក​នឹង​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​និង​យ៉ាង​រហ័ស។ (​សាក. ២:៨, ៩​) ការ​បំផ្លិច​បំផ្លាញ​នោះ​នឹង​ខ្លាំង​ដល់​ម្ល៉េះ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ។ ប៉ុន្តែ គ្មាន​ហេតុ​ឲ្យ​សត្រូវ​របស់​ព្រះ​ភ្ញាក់​ផ្អើល​ឡើយ ពេល​ដែល​លោក​បញ្ចេញ​កំហឹង​ទៅ​លើ​ពួក​គេ។ ហេតុ​អ្វី?

តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​ព្រមាន​អ្វី​ខ្លះ?

១៣. តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​ព្រមាន​អ្វី​ខ្លះ?

១៣ ព្រះ​យេហូវ៉ា​«​យឺត​នឹង​ខឹង​»​ ហើយ​លោក​បាន​ផ្ដល់​ការ​ព្រមាន​ទុក​ជា​មុន​ថា​លោក​នឹង​បំផ្លាញ​ពួក​អ្នក​ដែល​ប្រឆាំង​នឹង​លោក និង​គំរាម​កំហែង​រាស្ត្រ​របស់​លោក។ (​ដច. ៣៤:៦, ៧​) ព្រះ​យេហូវ៉ា​បាន​ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ​ដូច​ជា យេរេមា អេសេគាល ដានីយ៉ែល លោក​យេស៊ូ​គ្រិស្ត ហើយ​លោក​ប្រើ​ពួក​សាវ័ក​ដូច​ជា ពេត្រុស ប៉ូល និង​យ៉ូហាន ឲ្យ​ទៅ​ព្រមាន​មនុស្ស​អំពី​សង្គ្រាម​ផ្ដាច់​ព្រ័ត្រ​ដ៏​ធំ​ក្រៃ​លែង (​សូម​មើល​ប្រអប់​«​ព្រះ​យេហូវ៉ា​ព្រមាន​អំពី​សង្គ្រាម​ដ៏​ធំ​នៅ​ថ្ងៃ​ខាង​មុខ​»​)។

១៤, ១៥. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី? ហើយ​ហេតុ​អ្វី?

១៤ ព្រះ​យេហូវ៉ា​បាន​ឲ្យ​អ្នក​បម្រើ​លោក​កត់​ទុក​ការ​ព្រមាន​ទាំង​នោះ​នៅ​ក្នុង​គម្ពីរ​ជា​បណ្ដាំ​របស់​លោក។ បន្ថែម​ទៅ​ទៀត លោក​ធ្វើ​ឲ្យ​ប្រាកដ​ថា​គម្ពីរ​បាន​ត្រូវ​បក​ប្រែ​ជា​ច្រើន​ភាសា ហើយ​ចែក​ចាយ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ នៅ​ទូទាំង​ផែនដី លោក​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​ដែល​ប្រៀប​ដូច​ជា​កង​ទ័ព ហើយ​លោក​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ជួយ​អ្នក​ឯ​ទៀត រៀន​អំពី​របៀប​ដែល​ពួក​គេ​អាច​មាន​សន្តិភាព​ជា​មួយ​នឹង​លោក ហើយ​ព្រមាន​មនុស្ស​អំពី​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​»​ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ខាង​មុខ។ (​សេផ. ១:១៤; ចសព. ២:១០​-​១២; ១១០:៣​) លោក​បាន​ជំរុញ​ចិត្ត​រាស្ត្រ​របស់​លោក​ឲ្យ​បក​ប្រែ​សៀវភៅ​ផ្សេង​ៗ​សម្រាប់​សិក្សា​គម្ពីរ​ទៅ​ជា​រាប់​រយ​ភាសា ហើយ​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ចំណាយ​ពេល​រាប់​រយ​លាន​ម៉ោង​រៀង​រាល់​ឆ្នាំ ប្រាប់​មនុស្ស​អំពី​សេចក្ដី​សន្យា​និង​ការ​ព្រមាន​ដែល​មាន​ក្នុង​គម្ពីរ។

១៥ ព្រះ​យេហូវ៉ា​បាន​ឲ្យ​រាស្ត្រ​លោក​បំពេញ​កិច្ចការ​ទាំង​នោះ ​«​ព្រោះ​លោក​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ត្រូវ​បំផ្លាញ​ចោល​ឡើយ តែ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ឱកាស​ប្រែ​ចិត្ត​»។ (​២​ពេ. ៣:៩​) យើង​ពិត​ជា​មាន​ឯកសិទ្ធិ​ណាស់​ដែល​អាច​តំណាង​ឲ្យ​ព្រះ​របស់​យើង​ដែល​មាន​ចិត្ត​អត់​ធ្មត់​និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់! ហើយ​យើង​ក៏​មាន​ឯកសិទ្ធិ​ដែរ ដែល​អាច​រួម​ចំណែក​ក្នុង​ការ​ប្រកាស​ដំណឹង​ពី​លោក! ប៉ុន្តែ មិន​យូរ​ទៀត ពេល​វេលា​សម្រាប់​ពួក​អ្នក​ដែល​មិន​អើពើ​នឹង​ការ​ព្រមាន​នោះ នឹង​អស់​ហើយ។

តើ​ពេល​ណា​កំហឹង​របស់​ព្រះ​យេហូវ៉ា​នឹង​«​ឆួល​ឡើង​»​?

១៦, ១៧. តើ​ព្រះ​យេហូវ៉ា​បាន​កំណត់​ថ្ងៃ​សម្រាប់​សង្គ្រាម​ចុង​ក្រោយ​ឬ​ទេ? សូម​ពន្យល់។

១៦ ព្រះ​យេហូវ៉ា​បាន​កំណត់​ថ្ងៃ​សម្រាប់​សង្គ្រាម​ចុង​ក្រោយ​រួច​ហើយ។ លោក​ដឹង​ទុក​ជា​មុន​ថា​ពេល​ណា​ពួក​សត្រូវ​នឹង​វាយ​ប្រហារ​មក​លើ​រាស្ត្រ​លោក។ (​ម៉ាថ. ២៤:៣៦​) តើ​ព្រះ​យេហូវ៉ា​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ពេល​ណា​ពួក​សត្រូវ​នឹង​វាយ​ប្រហារ?

១៧ ដូច​យើង​បាន​រៀន​ក្នុង​ជំពូក​មុន​នៃ​សៀវភៅ​នេះ ព្រះ​យេហូវ៉ា​ប្រាប់​កូក​ថា​៖ ​«​ខ្ញុំ​នឹង . . . ដាក់​តម្ពក់​នៅ​ថ្គាម​អ្នក​»។ លោក​នឹង​នាំ​ប្រជា​ជាតិ​នានា​ឲ្យ​មក​ធ្វើ​សង្គ្រាម​ផ្ដាច់​ព្រ័ត្រ​ជា​មួយ​លោក។ (​អេគ. ៣៨:៤​) នេះ​មិន​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្ដើម​ធ្វើ​សង្គ្រាម​នោះ​ទេ ហើយ​ក៏​មិន​មាន​ន័យ​ថា​លោក​មិន​ឲ្យ​ពួក​អ្នក​ប្រឆាំង​លោក​ប្រើ​ចិត្ត​សេរី​របស់​ពួក​គេ​ដែរ។ ផ្ទុយ​ទៅ​វិញ នេះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​អាច​មើល​ឃើញ​ចិត្ត​របស់​ពួក​សត្រូវ ហើយ​ដឹង​អំពី​ប្រតិកម្ម​របស់​ពួក​គេ​ក្នុង​ស្ថានភាព​ណា​មួយ។—ចសព. ៩៤:១១; អេ. ៤៦:៩, ១០; យេ. ១៧:១០

១៨. ហេតុ​អ្វី​មនុស្ស​ហ៊ាន​ច្បាំង​នឹង​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​បំផុត?

១៨ បើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​បំផុត មិន​មែន​ជា​អ្នក​ផ្ដើម​ធ្វើ​សង្គ្រាម​ឬ​បង្ខំ​សត្រូវ​របស់​លោក​ឲ្យ​ធ្វើ​សង្គ្រាម​ទេ ហេតុ​អ្វី​មនុស្ស​ហ៊ាន​ផ្ដើម​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​លោក​ដូច្នេះ? មូលហេតុ​មួយ គឺ​នៅ​គ្រា​នោះ​ពួក​គេ​ប្រហែល​ជឿ​ជាក់​ថា​គ្មាន​ព្រះ​ទេ ឬ​ថា​លោក​មិន​ខ្វល់​ខ្វាយ​នឹង​រឿង​ផ្ទៃ​ក្នុង​របស់​មនុស្ស​ឡើយ។ ពួក​គេ​ប្រហែល​ជា​គិត​ដូច្នេះ ដោយ​សារ​ពួក​គេ​ទើប​តែ​បំផ្លាញ​អង្គការ​សាសនា​មិន​ពិត​ទាំង​អស់​នៅ​លើ​ផែនដី។ ហេតុ​នេះ ពួក​គេ​ទំនង​ជា​វែក​ញែក​ថា​បើ​មាន​ព្រះ​មែន លោក​ច្បាស់​ជា​ការ​ពារ​អង្គការ​សាសនា​ទាំង​នោះ​ដែល​អះអាង​ថា​តំណាង​លោក​មិន​ខាន។ ប៉ុន្តែ ពួក​គេ​មិន​ដឹង​ថា​គឺ​ជា​ព្រះ​ទេ ដែល​បាន​បណ្ដាល​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​តាម​គំនិត​របស់​លោក​ក្នុង​ការ​បំផ្លាញ​សាសនា​មិន​ពិត​ដែល​បាន​ធ្វើ​ឲ្យ​នាម​របស់​លោក​អាប់​ឱន​យ៉ាង​ខ្លាំង។—បប. ១៧:១៦, ១៧

១៩. ក្រោយ​ពី​បំផ្លាញ​សាសនា​មិន​ពិត តើ​ប្រហែល​ជា​មាន​អ្វី​កើត​ឡើង?

១៩ នៅ​ពេល​មួយ​ក្រោយ​ពី​បំផ្លាញ​សាសនា​មិន​ពិត ព្រះ​យេហូវ៉ា​ប្រហែល​ជា​ឲ្យ​រាស្ត្រ​របស់​លោក​ប្រកាស​ដំណឹង​ដ៏​ធ្ងន់ ដែល​សៀវភៅ​ការ​បើក​បង្ហាញ​ប្រៀប​ប្រដូច​ទៅ​នឹង​ដុំ​ព្រិល​ដែល​មាន​ទម្ងន់​ប្រហែល​ជា​២០​គីឡូ​ក្រាម។ (​បប. ១៦:២១, កំ.ស.​) ដំណឹង​នេះ​ប្រហែល​ជា​ការ​ប្រកាស​ថា​ប្រព័ន្ធ​នយោបាយ​និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ហៀប​នឹង​រលំ​ហើយ អ្នក​ដែល​ឮ​ដំណឹង​នេះ​ខឹង​យ៉ាង​ខ្លាំង​រហូត​ដល់​ប្រមាថ​មើល​ងាយ​ព្រះ។ តាម​មើល​ទៅ ដំណឹង​នេះ​ធ្វើ​ឲ្យ​ប្រជា​ជាតិ​នានា​មក​វាយ​ប្រហារ​ទៅ​លើ​រាស្ត្រ​ព្រះ​យ៉ាង​ពេញ​ទំហឹង​ដើម្បី​បំបិទ​មាត់​ពួក​គេ​ម្ដង​ជា​ការ​ស្រេច។ ពួក​គេ​នឹង​គិត​ថា​រាស្ត្រ​របស់​ព្រះ​គ្មាន​អ្វី​ការ​ពារ​ទេ គឺ​ងាយ​បំផ្លាញ​ចោល​ណាស់។ ពួក​គេ​ច្បាស់​ជា​ច្រឡំ​ធំ​ហើយ!

តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​នឹង​បញ្ចេញ​កំហឹង​លោក?

២០, ២១. តើ​កូក​ជា​អ្នក​ណា? ហើយ​តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​កូក?

២០ ដូច​យើង​បាន​រៀន​ក្នុង​ជំពូក​ទី​១៧​នៃ​សៀវភៅ​នេះ អេសេគាល​បាន​ប្រើ​ឈ្មោះ​«​កូក​នៃ​ស្រុក​ម៉ាកូក​»​ដើម្បី​សម្គាល់​ប្រជា​ជាតិ​ដែល​ចង​សម្ព័ន្ធភាព​ជា​មួយ​គ្នា​ដែល​មក​វាយ​ប្រហារ​យើង។ (​អេគ. ៣៨:២​) ប៉ុន្តែ ប្រជា​ជាតិ​ទាំង​នោះ​មិន​សូវ​មាន​សាមគ្គីភាព​គ្នា​ទេ។ ទោះ​ជា​មើល​ទៅ​ប្រជា​ជាតិ​ទាំង​នោះ​សហការ​គ្នា​ក៏​ពិត​មែន តែ​ពួក​គេ​នៅ​តែ​មាន​ចិត្ត​គំនិត​ប្រកួត​ប្រជែង​គ្នា ជាតិ​និយម និង​អំណួត​ដដែល។ ដូច្នេះ គឺ​ងាយ​ស្រួល​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ពួក​គេ​«​វាយ​ប្រហារ​គ្នា​ឯង​»។ (​អេគ. ៣៨:២១​) ប៉ុន្តែ ការ​បំផ្លាញ​ប្រជា​ជាតិ​ទាំង​នោះ​នឹង​មិន​បណ្ដាល​មក​ពី​មនុស្ស​ទេ។

២១ មុន​ពួក​សត្រូវ​របស់​យើង​ត្រូវ​បំផ្លាញ​ចោល ពួក​គេ​នឹង​ឃើញ​សញ្ញា​សម្គាល់​នៃ​កូន​មនុស្ស ដែល​ទំនង​ជា​ការ​អស្ចារ្យ​ដែល​បង្ហាញ​ពី​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ ពួក​អ្នក​ប្រឆាំង​នឹង​ឃើញ​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​កើត​ទុក្ខ​ជា​ខ្លាំង។ ដូច​លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន​ថា​៖ ​«​មនុស្ស​នឹង​សន្លប់​បាត់​ស្មារតី​ដោយ​សារ​ភ័យ​ខ្លាច​និង​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​ជិត​កើត​ឡើង​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី​»។ (​លូក. ២១:២៥​-​២៧​) ពួក​គេ​នឹង​ភ័យ​រន្ធត់​ណាស់ ពេល​ដឹង​ថា​ពួក​គេ​គិត​ខុស​ទាំង​ស្រុង ដែល​ពួក​គេ​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ ពួក​គេ​នឹង​ត្រូវ​បង្ខំ​ឲ្យ​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​និង​ជា​មេ​បញ្ជាការ​លើ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ (​ចសព. ៤៦:៦​-​១១; អេគ. ៣៨:២៣​) ព្រះ​យេហូវ៉ា​ច្បាស់​ជា​ប្រើ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​កម្លាំង​ធម្មជាតិ​តាម​របៀប​មួយ​ដែល​បំផ្លាញ​តែ​ពួក​សត្រូវ​របស់​លោក​ប៉ុណ្ណោះ ហើយ​លោក​ការ​ពារ​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​លោក។—សូម​អាន ពេត្រុស​ទី​២ ២:៩

ពេល​ពួក​សត្រូវ​គំរាម​កំហែង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា លោក​នឹង​ប្រើ​បណ្ដា​កង​ទ័ព​នៅ​ស្ថាន​សួគ៌​បំផ្លាញ​ពួក​គេ (សូម​មើល​វគ្គ​២១)

២២, ២៣. តើ​អ្នក​ណា​នឹង​ការ​ពារ​រាស្ត្រ​របស់​ព្រះ? ហើយ​តើ​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ភារកិច្ច​របស់​ពួក​គេ?

តើ​ការ​ដឹង​អំពី​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី?

២២ សូម​ស្រមៃ​គិត​ថា​លោក​យេស៊ូ​ពេញ​ចិត្ត​យ៉ាង​ណា​ក្នុង​ការ​នាំ​មុខ​ច្បាំង​នឹង​សត្រូវ​របស់​ព្រះ ហើយ​ការ​ពារ​អស់​អ្នក​ដែល​ស្រឡាញ់​និង​បម្រើ​បិតា​លោក។ សូម​ស្រមៃ​គិត​ផង​ដែរ​អំពី​អារម្មណ៍​របស់​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​មាន​នៅ​ពេល​នោះ។ នៅ​ពេល​មួយ​មុន​សង្គ្រាម​អាម៉ាគេដូន​ផ្ទុះ​ឡើង ពួក​អ្នក​រើស​តាំង​ដែល​នៅ​សល់​លើ​ផែនដី នឹង​ទទួល​ជីវិត​ជា​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌ ដើម្បី​បង្គ្រប់​ចំនួន​១៤៤.០០០​នាក់ ហើយ​ចូល​រួម​ច្បាំង​ជា​មួយ​លោក​យេស៊ូ។ (​បប. ១៧:១២​-​១៤​) ពួក​អ្នក​រើស​តាំង​ជា​ច្រើន​ច្បាស់​ជា​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ចៀម​ឯ​ទៀត កាល​ដែល​ពួក​គេ​សហការ​គ្នា​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់។ នៅ​ពេល​នោះ ពួក​អ្នក​រើស​តាំង​នឹង​មាន​ឫទ្ធានុភាព​និង​អំណាច​ដើម្បី​ការ​ពារ​ពួក​អ្នក​ដែល​គាំទ្រ​ពួក​គេ​យ៉ាង​ស្មោះ​ត្រង់​នៅ​គ្រា​ដែល​ពួក​គេ​រង​ការ​ពិបាក។—ម៉ាថ. ២៥:៣១​-​៤០

២៣ បណ្ដា​ទេវតា​ក៏​រួម​ចំណែក​ក្នុង​កង​ទ័ព​នៅ​ស្ថាន​សួគ៌​របស់​លោក​យេស៊ូ​ដែរ។ (​២​ថែ. ១:៧; បប. ១៩:១៤​) ពួក​គេ​ធ្លាប់​ជួយ​លោក​យេស៊ូ​បណ្ដេញ​សាថាន​និង​ពួក​ទេវតា​អាក្រក់​ចេញ​ពី​ស្ថាន​សួគ៌។ (​បប. ១២:៧​-​៩​) បន្ថែម​ទៅ​ទៀត ពួក​គេ​រួម​ចំណែក​ក្នុង​ការ​ប្រមូល​ពួក​អ្នក​នៅ​ផែនដី​ដែល​ចង់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ (​បប. ១៤:៦, ៧​) ដូច្នេះ គឺ​ជា​ការ​ត្រឹម​ត្រូវ​ណាស់​ដែល​ព្រះ​យេហូវ៉ា​ប្រើ​បណ្ដា​ទេវតា​ដើម្បី​ការ​ពារ​ពួក​អ្នក​ស្មោះ​ត្រង់​ទាំង​នោះ! សំខាន់​បំផុត បុគ្គល​វិញ្ញាណ​ទាំង​អស់​ក្នុង​កង​ទ័ព​របស់​ព្រះ​យេហូវ៉ា នឹង​មាន​អារម្មណ៍​ថា​ពួក​គេ​មាន​កិត្តិយស​ណាស់​ដែល​អាច​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ ហើយ​លើក​តម្កើង​កិត្តិនាម​របស់​លោក​ដោយ​ជួយ​បំផ្លាញ​សត្រូវ​របស់​លោក។—ម៉ាថ. ៦:៩, ១០

២៤. តើ​មនុស្ស​មួយ​ក្រុម​ធំ​នៃ​ចៀម​ឯ​ទៀត​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា?

២៤ ដោយ​មាន​កង​ទ័ព​មោះ​មុត​ខ្លាំង​ក្លា​ការ​ពារ​ពួក​គេ មនុស្ស​មួយ​ក្រុម​ធំ​នៃ​ចៀម​ឯ​ទៀត​គ្មាន​ហេតុ​ភ័យ​ខ្លាច​ឡើយ។ តាម​ពិត មនុស្ស​មួយ​ក្រុម​នោះ​នឹង​«​ឈរ​ឲ្យ​ត្រង់​ខ្លួន ហើយ​ងើប​មុខ​ឡើង ព្រោះ​សេចក្ដី​សង្គ្រោះ​របស់​[​ពួក​គេ​]​គឺ​ជិត​ដល់​ហើយ​»។ (​លូក. ២១:២៨​) ហេតុ​នេះ គឺ​ជា​ការ​សំខាន់​ណាស់​មុន​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​មក​ដល់ យើង​ចង់​ជួយ​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត​ឲ្យ​មក​ស្គាល់​និង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្តា​ករុណា​និង​ជា​ទី​ការ​ពារ​របស់​យើង។—សូម​អាន សេផានា ២:២, ៣

ក្នុង​អំឡុង​សង្គ្រាម​អាម៉ាគេដូន រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​មិន​ច្បាំង​ទេ។ ពួក​ទេវតា​នឹង​ការ​ពារ​ពួក​គេ កាល​ដែល​សត្រូវ​ប្រហារ​គ្នា​ឯង។—អេគ. ៣៨:២១ (សូម​មើល​វគ្គ​២២​-​២៤)

២៥. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​ជំពូក​បន្ទាប់?

២៥ លទ្ធផល​ដែល​មក​ពី​សង្គ្រាម​របស់​មនុស្ស គឺ​ភាព​ច្របូក​ច្របល់​និង​ទុក្ខ​វេទនា។ ផ្ទុយ​ទៅ​វិញ លទ្ធផល​ដែល​មក​ពី​សង្គ្រាម​អាម៉ាគេដូន​នឹង​មាន​របៀប​រៀប​រយ​និង​សេចក្ដី​សុខ​សាន្ត។ ពេល​ដែល​កំហឹង​របស់​ព្រះ​យេហូវ៉ា​រសាយ​ទៅ តើ​នឹង​មាន​ស្ថានភាព​យ៉ាង​ណា? ពេល​ដែល​ទ័ព​របស់​លោក​ស៊ក​ដាវ​ក្នុង​ស្រោម​វិញ និង​ពេល​ដែល​សំឡេង​ចម្បាំង​បាត់​អស់​ទៅ តើ​នឹង​មាន​ស្ថានភាព​បែប​ណា? នៅ​ជំពូក​បន្ទាប់ យើង​នឹង​រៀន​អំពី​អនាគត​ដ៏​អស្ចារ្យ​នោះ។