លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីសង្ខេបនៃការយល់ដឹងថ្មី

សេចក្ដីសង្ខេបនៃការយល់ដឹងថ្មី

អស់​ជា​ច្រើន​ឆ្នាំ ទស្សនាវដ្ដី​ប៉ម​យាម​បាន​កែ​ប្រែ​ការ​យល់​ដឹង​របស់​យើង​អំពី​ផ្នែក​មួយ​ចំនួន​នៃ​ទំនាយ​អេសេគាល។ សៀវភៅ​ការ​គោរព​ប្រណិប័តន៍​ពិត​ដល់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​រៀបចំ​ឡើង​វិញ​ហើយ! មាន​ការ​យល់​ដឹង​ថ្មី​មួយ​ចំនួន។ ឥឡូវ​សូម​មើល​ថា​តើ​អ្នក​អាច​ឆ្លើយ​សំណួរ​ទាំង​នេះ​ឬ​យ៉ាង​ណា។

តើ​មុខ​ទាំង​បួន​របស់​បុគ្គល​វិញ្ញាណ​តំណាង​អ្វី?

ការ​យល់​ដឹង​ពី​មុន: មុខ​ទាំង​បួន​របស់​បុគ្គល​វិញ្ញាណ​ឬ​ចេរូប៊ីន​តំណាង​ឲ្យ​គុណ​សម្បត្តិ​ដ៏​សំខាន់​បួន​របស់​ព្រះ​យេហូវ៉ា។ គឺ​មុខ​មួយ​តំណាង​ឲ្យ​គុណ​សម្បត្តិ​មួយ។

ការ​យល់​ដឹង​ថ្មី: ពិត​មែន​ថា​មុខ​ទាំង​បួន​របស់​ចេរូប៊ីន​តំណាង​ឲ្យ​គុណ​សម្បត្តិ​ដ៏​សំខាន់​បួន​របស់​ព្រះ​យេហូវ៉ា តែ​បើ​និយាយ​ជា​រួម មុខ​ទាំង​បួន​នោះ​តំណាង​ឲ្យ​គុណ​សម្បត្តិ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​មាន។ បន្ថែម​ទៅ​ទៀត មុខ​ទាំង​បួន​នោះ​បញ្ជាក់​ប្រាប់​យើង​នូវ​ភាព​អស្ចារ្យ​ក្រៃ​លែង​នៃ​ឫទ្ធានុភាព​និង​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា។

មូលហេតុ​ដែល​មាន​ការ​យល់​ដឹង​ថ្មី: ក្នុង​បណ្ដាំ​ព្រះ ជា​ញឹក​ញយ​លេខ​បួន​បាន​ត្រូវ​ប្រើ​ដើម្បី​បញ្ជាក់​អំពី​ភាព​ពេញ​លេញ ឬ​ការ​រួម​បញ្ចូល​អ្វី​ៗ​ទាំង​អស់។ ដូច្នេះ ពេល​មុខ​ទាំង​បួន​នោះ​រួម​បញ្ចូល​គ្នា គឺ​មិន​គ្រាន់​តែ​បញ្ជាក់​អំពី​គុណ​សម្បត្តិ​ទាំង​បួន​របស់​ព្រះ​យេហូវ៉ា​ទេ តែ​ជា​មូលដ្ឋាន​នៃ​បុគ្គលិក​លក្ខណៈ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា។ បន្ថែម​ទៅ​ទៀត មុខ​នីមួយ​ៗ​ជា​មុខ​មនុស្ស មុខ​តោ មុខ​គោ និង​មុខ​ឥន្ទ្រី សុទ្ធ​តែ​ជា​ស្នា​ដៃ​ដែល​ព្រះ​បាន​បង្កើត ដែល​តំណាង​ឲ្យ​ភាព​អស្ចារ្យ កម្លាំង និង​ថាមពល។ យ៉ាង​ណា​ក្ដី ការ​បង្កើត​ដ៏​អស្ចារ្យ​ទាំង​បួន​ដែល​តំណាង​ឲ្យ​មុខ​ទាំង​បួន​របស់​ចេរូប៊ីន​ស្ថិត​នៅ​ក្រោម​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា។ នេះ​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ជា​មហា​ក្សត្រ​ដ៏​ឧត្តម​បំផុត​នៅ​លើ​សកល​លោក​ទាំង​មូល។

តើ​បុរស​ដែល​មាន​ប្រដាប់​ដាក់​ទឹក​ខ្មៅ​របស់​លេខាធិការ​តំណាង​ឲ្យ​អ្នក​ណា?

ការ​យល់​ដឹង​ពី​មុន: បុរស​ដែល​មាន​ប្រដាប់​ដាក់​ទឹក​ខ្មៅ​តំណាង​ឲ្យ​ពួក​អ្នក​រើស​តាំង​ដែល​នៅ​សល់។ តាម​រយៈ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត ពួក​អ្នក​រើស​តាំង​កំពុង​គូស​សញ្ញា​សម្គាល់​ក្នុង​ន័យ​ធៀប​នៅ​លើ​ថ្ងាស​របស់​អស់​អ្នក​ដែល​រួម​ចំណែក​ក្នុង​«​មនុស្ស​មួយ​ក្រុម​ធំ​»។—បប. ៧:៩

ការ​យល់​ដឹង​ថ្មី: បុរស​ដែល​មាន​ប្រដាប់​ដាក់​ទឹក​ខ្មៅ​របស់​លេខាធិការ​តំណាង​ឲ្យ​លោក​យេស៊ូ​គ្រិស្ត។ លោក​នឹង​គូស​សញ្ញា​សម្គាល់​លើ​ថ្ងាស​មនុស្ស​មួយ​ក្រុម​ធំ ពេល​ដែល​លោក​វិនិច្ឆ័យ​ពួក​គេ​ថា​ជា​ចៀម​ក្នុង​អំឡុង​គ្រា​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»។—ម៉ាថ. ២៤:២១

មូលហេតុ​ដែល​មាន​ការ​យល់​ដឹង​ថ្មី: ព្រះ​យេហូវ៉ា​បាន​ប្រគល់​ភារកិច្ច​ជា​អ្នក​វិនិច្ឆ័យ​ដល់​បុត្រ​របស់​លោក។ (​យ៉ូន. ៥:២២, ២៣​) យោង​ទៅ​តាម​ម៉ាថាយ ២៥:៣១​-​៣៣ លោក​យេស៊ូ​នឹង​ធ្វើ​ការ​វិនិច្ឆ័យ​ចុង​ក្រោយ​ថា​អ្នក​ណា​ជា​«​ចៀម​»​និង​អ្នក​ណា​ជា​«​ពពែ​»។

តើ​អូហូឡា​និង​អូហូលីបា​ដែល​ជា​ស្រី​ពេស្យា​តំណាង​ឲ្យ​និកាយ​កាតូលិក​និង​និកាយ​ប្រូតេស្តង់​ក្នុង​ពិភព​គ្រិស្ត​សាសនា​ឬ?

ការ​យល់​ដឹង​ពី​មុន: អូហូឡា​(​សាម៉ារី​ជា​រាជធានី​នៃ​អ៊ីស្រាអែល​)​ដែល​ជា​បង​ស្រី តំណាង​ឲ្យ​និកាយ​កាតូលិក។ អូហូលីបា​(​យេរូសាឡិម​ជា​រាជធានី​នៃ​យូដា​)​ដែល​ជា​ប្អូន​ស្រី តំណាង​ឲ្យ​និកាយ​ប្រូតេស្តង់។

ការ​យល់​ដឹង​ថ្មី: ស្រី​ពេស្យា​ពីរ​នាក់​បង​ប្អូន​មិន​មែន​តំណាង​ឲ្យ​ផ្នែក​ណា​មួយ​នៃ​ពិភព​គ្រិស្ត​សាសនា​ឡើយ។ ផ្ទុយ​ទៅ​វិញ ស្រី​ពេស្យា​ទាំង​ពីរ​នោះ​បង្រៀន​យើង​អំពី​អារម្មណ៍​ដែល​ព្រះ​យេហូវ៉ា​មាន ពេល​ដែល​ពួក​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​លោក​ក្បត់​លោក​ទៅ​គោរព​បូជា​ព្រះ​ដទៃ។ លោក​នៅ​តែ​មាន​អារម្មណ៍​ដូច​នោះ​ចំពោះ​សាសនា​មិន​ពិត​ទាំង​អស់។

មូលហេតុ​ដែល​មាន​ការ​យល់​ដឹង​ថ្មី: គ្មាន​បទ​គម្ពីរ​ដែល​បញ្ជាក់​ថា​អូហូឡា​និង​អូហូលីបា​តំណាង​ឲ្យ​ពិភព​គ្រិស្ត​សាសនា​ទេ។ ពេល​មុន អ៊ីស្រាអែល​និង​យូដា​ប្រៀប​ដូច​ជា​ប្រពន្ធ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា តែ​ពិភព​គ្រិស្ត​សាសនា​មិន​ដែល​មាន​ចំណង​មិត្តភាព​ដូច​នោះ​ជា​មួយ​នឹង​លោក​ឡើយ។ បន្ថែម​ទៅ​ទៀត ក្នុង​ជំពូក​ទី​១៦​និង​២៣​នៃ​សៀវភៅ​អេសេគាល​ប្រៀប​ធៀប​រាស្ត្រ​មិន​ស្មោះ​ត្រង់​របស់​ព្រះ​ទៅ​នឹង​ស្រី​ពេស្យា ហើយ​ផ្ដល់​សេចក្ដី​សង្ឃឹម​អំពី​ការ​រៀបចំ​ឡើង​វិញ។ ផ្ទុយ​ទៅ​វិញ ពិភព​គ្រិស្ត​សាសនា​ដែល​ជា​ផ្នែក​នៃ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​គ្មាន​សេចក្ដី​សង្ឃឹម​ដូច​នោះ​ទាល់​តែ​សោះ។

តើ​ពិភព​គ្រិស្ត​សាសនា​បាន​ត្រូវ​តំណាង​ដោយ​យេរូសាឡិម​ដែល​ក្បត់​ជំនឿ​នៅ​សម័យ​បុរាណ​ឬ?

ការ​យល់​ដឹង​ពី​មុន: យេរូសាឡិម​ដែល​មិន​ស្មោះ​ត្រង់​គឺ​តំណាង​ឲ្យ​ពិភព​គ្រិស្ត​សាសនា។ ហេតុ​នេះ ការ​បំផ្លាញ​ក្រុង​យេរូសាឡិម​ប្រាប់​ទុក​ជា​មុន​អំពី​ការ​បំផ្លាញ​ពិភព​គ្រិស្ត​សាសនា។

ការ​យល់​ដឹង​ថ្មី: ក្នុង​ក្រុង​យេរូសាឡិម​មិន​ស្មោះ​ត្រង់​មាន​ស្ថានភាព ដូច​ជា​ការ​គោរព​បូជា​រូប​ព្រះ និង​ការ​ខូច​អាក្រក់​គ្រប់​បែប​យ៉ាង។ នេះ​រំលឹក​យើង​អំពី​ពិភព​គ្រិស្ត​សាសនា។ ប៉ុន្តែ យើង​លែង​ចាត់​ទុក​ថា​ពិភព​គ្រិស្ត​សាសនា​តំណាង​ដោយ​យេរូសាឡិម​ទៀត​ហើយ។

មូលហេតុ​ដែល​មាន​ការ​យល់​ដឹង​ថ្មី: ពិភព​គ្រិស្ត​សាសនា​តំណាង​ដោយ​យេរូសាឡិម​គឺ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​នៅ​ក្នុង​គម្ពីរ​ទេ។ ផ្ទុយ​ពី​យេរូសាឡិម​នៅ​សម័យ​បុរាណ ពិភព​គ្រិស្ត​សាសនា​មិន​ដែល​មាន​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើយ។ យេរូសាឡិម​បាន​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា តែ​ពិភព​គ្រិស្ត​សាសនា​គ្មាន​សង្ឃឹម​ទទួល​ការ​អភ័យ​ទោស​ពី​លោក​ទាល់​តែ​សោះ។

តើ​ការ​បើក​បង្ហាញ​អំពី​ជ្រលង​ដែល​មាន​ឆ្អឹង​ស្ងួត​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?

ការ​យល់​ដឹង​ពី​មុន: នៅ​ឆ្នាំ​១៩១៨ ពួក​អ្នក​រើស​តាំង​បាន​រង​ការ​បៀត​បៀន ហើយ​បាន​ត្រូវ​ជាប់​ជា​ឈ្លើយ​ក្រោម​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា នេះ​បណ្ដាល​ឲ្យ​ពួក​គេ​មាន​ស្ថានភាព​ដូច​ស្លាប់។ ការ​ជាប់​ជា​ឈ្លើយ​មួយ​រយៈ​ពេល​ខ្លី​នោះ​បាន​ចប់​នៅ​ឆ្នាំ​១៩១៩ ពេល​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ពួក​គេ​មាន​ជីវិត​ឡើង​វិញ​ក្នុង​ន័យ​ធៀប ហើយ​បំពេញ​ភារកិច្ច​ជា​អ្នក​ប្រកាស​អំពី​រាជាណាចក្រ​លោក។

ការ​យល់​ដឹង​ថ្មី: ការ​ជាប់​ជា​ឈ្លើយ​ក្នុង​ន័យ​ធៀប​ដែល​មាន​ស្ថានភាព​ដូច​ស្លាប់​មាន​រយៈ​ពេល​យូរ ហើយ​ចាប់​ផ្ដើម​យូរ​មុន​ឆ្នាំ​១៩១៨​ទៅ​ទៀត។ រយៈ​ពេល​នោះ​បាន​ចាប់​ផ្ដើម​នៅ​សតវត្សរ៍​ទី​២ គ.ស. ហើយ​ចប់​នៅ​ឆ្នាំ​១៩១៩ គ.ស.។ រយៈ​ពេល​នោះ​ស្រប​នឹង​រដូវ​លូត​លាស់​ដែល​មាន​រយៈ​ពេល​យូរ ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​ស្រូវ​សាលី​និង​ស្រងែ។

មូលហេតុ​ដែល​មាន​ការ​យល់​ដឹង​ថ្មី: ប្រជា​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​បាន​ជាប់​ជា​ឈ្លើយ​អស់​រយៈ​ពេល​យូរ គឺ​ចាប់​ពី​ឆ្នាំ​៧៤០ មុន​គ.ស. រហូត​ដល់​ឆ្នាំ​៥៣៧ មុន​គ.ស.។ ទំនាយ​អេសេគាល​រៀប​រាប់​ថា​ឆ្អឹង​សាក​សព​«​ស្ងួត​»​ឬ​«​ស្ងួត​ហែង​»​ នេះ​បញ្ជាក់​ថា​អស់​អ្នក​ដែល​បាន​ត្រូវ​តំណាង​ដោយ​ឆ្អឹង​សាក​សព​បាន​ស្លាប់​ក្នុង​ន័យ​ធៀប​អស់​រយៈ​ពេល​យ៉ាង​យូរ។ បន្ថែម​ទៅ​ទៀត ទំនាយ​អេសេគាល​រៀប​រាប់​ថា​ឆ្អឹង​សាក​សព​មាន​ជីវិត​ឡើង​វិញ​បន្តិច​ម្ដង​ៗ។ ហេតុ​នេះ​ហើយ​ត្រូវ​ការ​រយៈ​ពេល​យូរ។

តើ​ការ​ភ្ជាប់​ឈើ​ពីរ​ឲ្យ​ទៅ​ជា​ឈើ​តែ​មួយ​មាន​ន័យ​យ៉ាង​ណា?

ការ​យល់​ដឹង​ពី​មុន: ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​១ ពួក​អ្នក​រើស​តាំង​ស្មោះ​ត្រង់​ដែល​នៅ​សល់​បាន​បាត់​បង់​សាមគ្គីភាព​មួយ​រយៈ​ពេល​ខ្លី តែ​ក្រោយ​មក​ពួក​គេ​មាន​សាមគ្គីភាព​ឡើង​វិញ​នៅ​ឆ្នាំ​១៩១៩។

ការ​យល់​ដឹង​ថ្មី: ទំនាយ​អេសេគាល​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​គោរព​ប្រណិប័តន៍​លោក​រួម​គ្នា​តែ​មួយ។ ក្រោយ​ឆ្នាំ​១៩១៩ ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង ហើយ​បាន​ចូល​រួម​ជា​មួយ​អ្នក​រើស​តាំង​ដែល​នៅ​សល់។ ក្រុម​ទាំង​ពីរ​កំពុង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា​ជា​ក្រុម​តែ​មួយ​ដោយ​មាន​សាមគ្គីភាព។

មូលហេតុ​ដែល​មាន​ការ​យល់​ដឹង​ថ្មី: ទំនាយ​អេសេគាល​មិន​បាន​រៀប​រាប់​ថា​ឈើ​មួយ​បាន​ត្រូវ​ពុះ​ជា​ពីរ ហើយ​ក្រោយ​មក​បាន​ត្រូវ​ភ្ជាប់​ជា​ឈើ​តែ​មួយ​នោះ​ទេ។ ហេតុ​នេះ ទំនាយ​អេសេគាល​មិន​បាន​រៀប​រាប់​អំពី​ក្រុម​មួយ​ដែល​បាន​ត្រូវ​បែក​ខ្ញែក ហើយ​ក្រោយ​មក​បាន​ត្រូវ​បង្រួប​បង្រួម​ជា​ក្រុម​តែ​មួយ​វិញ​ឡើយ។ ផ្ទុយ​ទៅ​វិញ ទំនាយ​នេះ​រៀប​រាប់​អំពី​របៀប​ដែល​ក្រុម​ពីរ​ផ្សេង​គ្នា​នឹង​ក្លាយ​ទៅ​ជា​ក្រុម​តែ​មួយ។

តើ​កូក​នៃ​ស្រុក​ម៉ាកូក​ជា​អ្នក​ណា?

ការ​យល់​ដឹង​ពី​មុន: កូក​នៃ​ស្រុក​ម៉ាកូក​គឺ​ជា​ឈ្មោះ​របស់​សាថាន​ក្រោយ​ពី​វា​បាន​ត្រូវ​ទម្លាក់​ពី​ស្ថាន​សួគ៌។

ការ​យល់​ដឹង​ថ្មី: កូក​នៃ​ស្រុក​ម៉ាកូក​សំដៅ​ទៅ​លើ​ប្រជា​ជាតិ​នានា​ដែល​ចង​សម្ព័ន្ធ​នឹង​គ្នា ហើយ​វាយ​ប្រហារ​អ្នក​គោរព​ប្រណិប័តន៍​ពិត​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។

មូលហេតុ​ដែល​មាន​ការ​យល់​ដឹង​ថ្មី: ទំនាយ​ក្នុង​គម្ពីរ​រៀប​រាប់​ថា​សាកសព​កូក​នឹង​ទៅ​ជា​ចំណី​ដល់​សត្វ​ស្លាប​នៅ​លើ​មេឃ ហើយ​កូក​ទទួល​ទី​បញ្ចុះ​សព​នៅ​ផែនដី។ នេះ​បញ្ជាក់​ថា​កូក​មិន​មែន​ជា​បុគ្គល​វិញ្ញាណ​ទេ។ បន្ថែម​ទៅ​ទៀត ការ​វាយ​ប្រហារ​ពី​កូក​ស្រប​គ្នា​នឹង​អ្វី​ដែល​បាន​ត្រូវ​ចែង​ទុក​ក្នុង​សៀវភៅ​ដានីយ៉ែល​និង​សៀវភៅ​ការ​បើក​បង្ហាញ អំពី​ការ​វាយ​ប្រហារ​ពី​ប្រជា​ជាតិ​នានា​ទៅ​លើ​រាស្ត្រ​របស់​ព្រះ។—ដាន. ១១:៤០, ៤៤, ៤៥; បប. ១៧:១៤; ១៩:១៩

តើ​អេសេគាល​បាន​ឃើញ​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​ដែល​សាវ័ក​ប៉ូល​បាន​ពន្យល់​ក្រោយ​មក​ឬ​ទេ?

ការ​យល់​ដឹង​ពី​មុន: វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត គឺ​ដូច​គ្នា​នឹង​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​ដែល​សាវ័ក​ប៉ូល​បាន​ពន្យល់។

ការ​យល់​ដឹង​ថ្មី: អេសេគាល​មិន​បាន​ឃើញ​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​ដែល​មាន​ឡើង​នៅ​ឆ្នាំ​២៩ គ.ស.​ទេ។ ប៉ុន្តែ គាត់​បាន​ឃើញ​អំពី​របៀប​ដែល​ការ​គោរព​ប្រណិប័តន៍​ពិត​ដែល​ចែង​ទុក​ក្នុង​ច្បាប់​ម៉ូសេ នឹង​ត្រូវ​ស្ថាបនា​ឡើង​វិញ​ក្រោយ​ពី​រាស្ត្រ​របស់​ព្រះ​បាន​ត្រូវ​និរទេស។ ប៉ូល​បាន​ត្រូវ​ដឹក​នាំ​ឲ្យ​ពន្យល់​អំពី​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ ហើយ​គាត់​ផ្ដោត​ទៅ​លើ​កិច្ចការ​ដែល​លោក​យេស៊ូ​ជា​សម្ដេច​សង្ឃ​ដ៏​ឧត្តម បាន​ស​ម្រេច​ចាប់​ពី​ឆ្នាំ​២៩​ដល់​ឆ្នាំ​៣៣ គ.ស.។ រីឯ​វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត មិន​បាន​រៀប​រាប់​អំពី​សម្ដេច​សង្ឃ​ទេ តែ​ផ្ដោត​ទៅ​លើ​ការ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ​ចាប់​ពី​ឆ្នាំ​១៩១៩ គ.ស.។ ហេតុ​នេះ យើង​មិន​ចាត់​ទុក​ថា​ខ្នាត​ប្រវែង​និង​ផ្នែក​ផ្សេង​ៗ​នៃ​វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត តំណាង​ឲ្យ​អ្វី​ណា​មួយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​មេ​រៀន​ដែល​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត បង្រៀន​យើង​អំពី​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត។

មូលហេតុ​ដែល​មាន​ការ​យល់​ដឹង​ថ្មី: វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​ខុស​គ្នា​ពី​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ។ ជា​ឧទាហរណ៍ វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត មាន​ការ​ជូន​សត្វ​ជា​គ្រឿង​បូជា​ច្រើន​ដង តែ​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​មាន​ការ​ជូន​គ្រឿង​បូជា​«​មួយ​ដង​ជា​ការ​ស្រេច​»។ (​ហេ. ៩:១១, ១២​) ក្នុង​អំឡុង​រាប់​រយ​ឆ្នាំ​មុន​គ្រិស្ត​លេច​មក គឺ​មិន​មែន​ជា​ពេល​ដែល​ព្រះ​យេហូវ៉ា​បើក​បង្ហាញ​សេចក្ដី​ពិត​ដ៏​ជ្រាល​ជ្រៅ​អំពី​វិហារ​ដ៏​រុង​រឿង​របស់​លោក​ទេ។